បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bi7 ភីលីព ១:១-៤:២៣
  • ភីលីព

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ភីលីព
  • សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
ភីលីព

ជូន​ចំពោះ​គ្រិស្ត​សាសនិក​នៅ​ក្រុង​ភីលីព

១ ពីខ្ញុំ ប៉ូល និង​ធីម៉ូថេ ជា​ខ្ញុំ​បម្រើ​របស់​គ្រិស្ត* យេស៊ូ ជូន​ចំពោះ​ពួក​អ្នក​បរិសុទ្ធ​ទាំង​ឡាយ​ដែល​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ ព្រម​ទាំង​ពួក​អ្នក​ត្រួត​ពិនិត្យ​និង​ពួក​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​នៅ​ក្រុង​ភីលីព៖

២ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកបដោយ​គុណ​ដ៏​វិសេស​លើស​លប់​និង​សេចក្ដី​សុខ​សាន្ត​ពីព្រះ ជា​បិតា​របស់​យើង និង​ពី​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត។

៣ រាល់​ដង ពេល​ដែល​ខ្ញុំ​នឹក​ឃើញ​អ្នក​រាល់​គ្នា ខ្ញុំ​តែង​អធិដ្ឋាន​អរគុណ​ព្រះ​របស់​ខ្ញុំ ៤ ហើយ​ខ្ញុំ​តែង​អធិដ្ឋាន​អង្វរ​អំពី​អ្នក​រាល់​គ្នា​ដោយ​អំណរ ៥ ដោយ​សារ​អ្នក​រាល់​គ្នា​បាន​ចូល​រួម​មួយ​ចំណែក​ធំ​ក្នុង​ការ​ជួយ​ឲ្យ​ដំណឹង​ល្អ​ជឿន​ទៅ​មុខ ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ដំណឹង​នោះ រហូត​មក​ដល់​ឥឡូវ​នេះ។ ៦ ព្រោះ​ខ្ញុំ​ជឿ​ជាក់​ថា លោក​ដែល​បាន​ផ្ដើម​ការ​ល្អ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នឹង​បង្ហើយ​ការ​នោះ​រហូត​ដល់​ថ្ងៃ​លោក​យេស៊ូ​គ្រិស្ត។ ៧ ជា​ការ​ត្រឹម​ត្រូវ​ណាស់​ដែល​ខ្ញុំ​មាន​គំនិត​បែប​នេះ​អំពី​អ្នក​ទាំង​អស់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ចិត្ត​ខ្ញុំ ដោយ​សារ​អ្នក​ទាំង​អស់​គ្នា​រួម​ចំណែក​ជា​មួយ​នឹង​ខ្ញុំ​ក្នុង​គុណ​ដ៏​វិសេស​លើស​លប់ នៅ​ពេល​ដែល​ខ្ញុំ​ជាប់​ចំណង ព្រម​ទាំង​ក្នុង​ការ​ការពារ​និង​ការ​ធ្វើ​ឲ្យ​ដំណឹង​ល្អ​មាន​ការ​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់។

៨ ព្រោះ​ព្រះ​ជា​សាក្សី​ថា​ខ្ញុំ​ចង់​ជួប​អ្នក​រាល់​គ្នា​ខ្លាំង​ណាស់ ដោយ​មាន​មនោសញ្ចេតនា​ជ្រាល​ជ្រៅ​ដូច​គ្រិស្ត​យេស៊ូ។ ៩ ហើយ​ខ្ញុំ​បន្ត​អធិដ្ឋាន​សូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ឡើង ព្រម​ជា​មួយ​នឹង​ចំណេះ​ត្រឹម​ត្រូវ​និង​សមត្ថភាព​វែក​ញែក​ដ៏​ពេញ​លេញ ១០ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​កំហុស ហើយ​មិន​ធ្វើ​ឲ្យ​អ្នក​ណា​ជំពប់ដួល* រហូត​ដល់​ថ្ងៃ​របស់​គ្រិស្ត ១១ ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពោរ​ពេញ​ទៅ​ដោយ​ផល​ដ៏​សុចរិត តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត ដើម្បី​ឲ្យ​ព្រះ​ទទួល​ការ​លើក​តម្កើង​និង​សេចក្ដី​សរសើរ។

១២ បង​ប្អូន​អើយ ឥឡូវ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា​អ្វីៗ​ដែល​បាន​កើត​ឡើង​ដល់​ខ្ញុំ បាន​ជួយ​ធ្វើ​ឲ្យ​ដំណឹង​ល្អ​ជឿន​ទៅ​មុខ​វិញ ១៣ ម្ល៉ោះ​ហើយ ពួក​អង្គរក្សរបស់អធិរាជ​និង​អ្នក​ឯ​ទៀត​ទាំង​ប៉ុន្មាន​ដឹង​ជា​ទូទៅ​ថា ខ្ញុំ​ជាប់​ចំណង​ដោយ​សារ​កាន់​តាម​គ្រិស្ត ១៤ ហើយ​ការ​ដែល​ខ្ញុំ​ជាប់​ចំណង​បាន​ធ្វើ​ឲ្យ​បង​ប្អូន​ភាគ​ច្រើន​ក្នុង​កិច្ច​បម្រើ​លោក​ម្ចាស់​មាន​ទំនុក​ចិត្ត ហើយ​ឥឡូវ​ពួក​គាត់​មាន​ចិត្ត​ក្លាហាន​ជាង​មុន ដើម្បី​ប្រកាស​បណ្ដាំ​របស់​ព្រះ​ដោយ​ចិត្ត​អង់អាច។

១៥ ពិត​មែន​តែ​អ្នក​ខ្លះ​កំពុង​ផ្សព្វ​ផ្សាយ​អំពី​គ្រិស្ត​ដោយ​សារ​មាន​ចិត្ត​ច្រណែន​ហើយ​ចង់​ឈ្នានីស ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​ផ្សព្វ​ផ្សាយ​ដោយ​មាន​បំណង​ល្អ ១៦ ពួក​គាត់​ប្រកាស​អំពី​គ្រិស្ត​ដោយ​សារ​មាន​សេចក្ដី​ស្រឡាញ់ ព្រោះ​ពួក​គាត់​ដឹង​ថា​ខ្ញុំ​បាន​ត្រូវ​តម្រូវ​ឲ្យ​នៅ​ទី​នេះ​ដើម្បី​ការពារ​ដំណឹង​ល្អ ១៧ ប៉ុន្តែ​ពួក​អ្នក​ដែល​មាន​ចិត្ត​ច្រណែន​ហើយ​ខំឈ្នានីស ផ្សព្វ​ផ្សាយ​ដើម្បី​ធ្វើ​ឲ្យ​មាន​ទំនាស់ មិន​មែន​ដោយ​ចិត្ត​បរិសុទ្ធ​ទេ ព្រោះ​ពួក​គេ​ចង់​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សេចក្ដី​វេទនា​កាល​ដែល​ជាប់​ចំណង។ ១៨ បើ​ដូច្នេះ តើ​មាន​លទ្ធផល​យ៉ាង​ណា? ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លទ្ធផល​គឺ គ្រិស្ត​កំពុង​ត្រូវ​ផ្សព្វ​ផ្សាយ ទោះ​ជា​ដោយ​ក្លែង​បន្លំ ឬ​ដោយ​សេចក្ដី​ពិត​ក្ដី ហើយ​ការ​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ត្រេក​អរ ហើយ​ខ្ញុំ​នឹង​បន្ត​ត្រេក​អរ ១៩ ព្រោះ​ខ្ញុំ​ដឹង​ថា​ការ​នោះ​នឹង​នាំ​ឲ្យ​ខ្ញុំ​ទទួល​សេចក្ដី​សង្គ្រោះ​តាម​រយៈ​ការ​អធិដ្ឋាន​អង្វរ​របស់​អ្នក​រាល់​គ្នា ហើយ​ដោយ​ទទួល​សកម្មពល* របស់​លោក​យេស៊ូ​គ្រិស្ត ២០ ស្រប​តាម​អ្វី​ដែល​ខ្ញុំ​កំពុង​ទន្ទឹង​រង់​ចាំ​យ៉ាង​រំភើប ហើយ​ស្រប​តាម​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​ថា ខ្ញុំ​នឹង​មិន​អៀន​ខ្មាស​សោះ តែ​ខ្ញុំ​នឹង​និយាយ​ដោយ​ក្លាហាន​បំផុត ដើម្បី​ឲ្យ​គ្រិស្ត​ទទួល​ការ​លើក​តម្កើង​ដូច​ដែល​លោក​តែង​តែ​ទទួល​ពី​មុន តាម​រយៈ​រូប​កាយ​ខ្ញុំ ទោះ​ជា​ខ្ញុំ​ស្លាប់​ឬ​រស់​ក្ដី។

២១ ព្រោះ​ក្នុង​ករណី​របស់​ខ្ញុំ បើ​រស់ ខ្ញុំ​រស់​ដើម្បី​គ្រិស្ត ហើយ​បើ​ស្លាប់ នោះ​មាន​ផល​ប្រយោជន៍​ដល់​ខ្ញុំ។ ២២ ប្រសិនបើ​ខ្ញុំ​រស់​នៅ​ក្នុង​រូប​កាយ​នេះ​ត​ទៅ​ទៀត នោះ​ជា​ផល​នៃ​កិច្ចការ​របស់​ខ្ញុំ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​មិន​ប្រាប់​ថា​ខ្ញុំ​ជ្រើស​រើស​មួយ​ណា​ទេ។ ២៣ ជម្រើស​ទាំង​ពីរ​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ជ្រើស​រើស។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ប្រាថ្នា​ចង់​បាន​គឺ​ការ​រំដោះ​ដើម្បី​នៅ​ជា​មួយ​នឹង​គ្រិស្ត ពីព្រោះ​ការ​នេះ​ពិត​ជា​ល្អ​ជាង​ឆ្ងាយ​ណាស់។ ២៤ ក៏​ប៉ុន្តែ គឺជា​ការ​ចាំ​បាច់​ដែល​ខ្ញុំ​រស់​ជា​មនុស្ស​ត​ទៅ​ទៀត ដើម្បី​អ្នក​រាល់​គ្នា។ ២៥ ដូច្នេះ ដោយ​ជឿ​ជាក់​លើ​ការ​នោះ ខ្ញុំ​នឹង​រស់​ត​ទៅ​ទៀត ហើយ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជឿន​ទៅ​មុខ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ប្រកបដោយ​អំណរ​ដែល​មាន​ជា​មួយ​នឹង​ជំនឿ​របស់​អ្នក​រាល់​គ្នា ២៦ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រេក​អរ​ក្រៃ​លែង ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត ដោយ​សារ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ម្ដង​ទៀត។

២៧ ចូរ​ប្រព្រឹត្ត​ឲ្យ​សម​នឹង​ដំណឹង​ល្អ​អំពី​គ្រិស្ត ដើម្បី​ពេល​ដែល​ខ្ញុំ​ទៅ​ជួប​អ្នក​រាល់​គ្នា ឬ​ពេល​ខ្ញុំ​មិន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ខ្ញុំ​នឹង​ឮ​ដំណឹង​អំពី​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​កំពុង​កាន់​ជំហរ​មាំ​មួន​ដោយ​មាន​គំនិត* ឯកភាព ហើយ​រួម​ចិត្ត* តែ​មួយ តស៊ូ​ជា​មួយ​គ្នា​ដើម្បី​ជំនឿ​ដែល​មក​ពី​ដំណឹង​ល្អ ២៨ ដោយ​មិន​ខ្លាច​អ្នក​ដែល​ប្រឆាំង​អ្នក​រាល់​គ្នា​ឡើយ។ ការ​នោះ​ឯង​ជា​ភ័ស្តុតាង​ថា ពួក​គេ​នឹង​ត្រូវ​បំផ្លាញ​ចោល តែ​គឺ​ជា​ភ័ស្តុតាង​ថា​អ្នក​រាល់​គ្នា​នឹង​ទទួល​សេចក្ដី​សង្គ្រោះ ហើយ​សញ្ញា​សម្គាល់​នេះ​មក​ពី​ព្រះ ២៩ ពីព្រោះ​អ្នក​រាល់​គ្នា​បាន​ទទួល​សិទ្ធិ​ពិសេស មិន​មែន​ជា​ការ​ជឿ​លើ​គ្រិស្ត​តែ​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​រង​ទុក្ខ​ដើម្បី​លោក។ ៣០ ព្រោះ​អ្នក​រាល់​គ្នា​ត្រូវ​តស៊ូ​នឹង​អ្វី​ដែល​អ្នក​រាល់​គ្នា​ឃើញ​ខ្ញុំ​តស៊ូ និង​ដូច​អ្នក​រាល់​គ្នា​ឮ​អំពី​ខ្ញុំ​ថា ខ្ញុំ​នៅ​តស៊ូ​នៅ​ឡើយ។

២ ដូច្នេះ ប្រសិនបើ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មាន​ការ​លើក​ទឹក​ចិត្ត​ដោយ​សារ​រួប​រួម​ជា​មួយ​នឹង​គ្រិស្ត ការ​សម្រាល​ទុក្ខ​ដែល​ប្រកបដោយ​សេចក្ដី​ស្រឡាញ់ ការ​យក​ចិត្ត* ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​មាន​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​និង​សេចក្ដី​មេត្ដា​ករុណា ២ នោះ​ចូរ​ធ្វើ​ឲ្យ​អំណរ​របស់​ខ្ញុំ​បាន​ពេញ​លេញ ដោយ​អ្នក​រាល់​គ្នា​មាន​គំនិត​ដូច​គ្នា​ទាំង​អស់ និង​មាន​សេចក្ដី​ស្រឡាញ់​ដូច​គ្នា​ទាំង​អស់ ហើយ​រួម​ចិត្ត​តែ​មួយ ដោយ​រក្សា​ឲ្យ​មាន​គំនិត​តែ​មួយ ៣ មិន​ធ្វើ​អ្វី​ក្នុង​បំណង​ទាស់​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ឬ​លើក​ខ្លួន​ហួស​ប្រមាណ ប៉ុន្តែ​បន្ទាប​ខ្លួន​ដោយ​ចាត់​ទុក​អ្នក​ឯ​ទៀត​ថា​ប្រសើរ​ជាង​ខ្លួន ៤ បន្ត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត មិន​ត្រូវ​គិត​អំពី​រឿង​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ​ទេ។

៥ ចូរ​រក្សា​ឲ្យ​មាន​ចិត្ត​គំនិត​បែប​នេះ​ជា​និច្ច គឺ​ចិត្ត​គំនិត​ដូច​គ្រិស្ត​យេស៊ូ។ ៦ ទោះ​ជា​លោក​ធ្លាប់​មាន​សណ្ឋាន​ដូច​ព្រះ លោក​មិន​ដែល​គិត​អំពី​ការ​ដណ្ដើម​យក​ឋានៈ​របស់​ព្រះ ពោល​គឺ​ការ​តាំង​ខ្លួន​ឲ្យ​ស្មើ​ព្រះ​នោះ​ទេ។ ៧ លោក​មិន​បាន​ធ្វើ​ដូច្នេះ​ទេ តែ​លោក​បាន​លះ​បង់​អ្វីៗ​ទាំង​អស់ ហើយ​យក​សណ្ឋាន​ជា​ខ្ញុំ​បម្រើ រួច​ក្លាយ​ទៅ​ជា​មនុស្ស​ជាតិ។ ៨ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពេល​ដែល​លោក​ឃើញ​ថា​លោក​មាន​ភាព​ជា​មនុស្ស​ជាតិ លោក​ក៏​បាន​បន្ទាប​ខ្លួន ហើយ​ចុះ​ចូល​ស្ដាប់បង្គាប់​រហូត​ដល់​ត្រូវ​ស្លាប់ គឺ​ស្លាប់​លើ​បង្គោល​ទារុណកម្ម។* ៩ ដោយ​ហេតុ​នោះ​ដែរ ព្រះ​បាន​លើក​តម្កើង​លោក​ឲ្យ​មាន​ឋានៈ​ខ្ពស់​ជាង​មុន ក៏​បាន​មេត្ដា​ឲ្យ​នាម​ដល់​លោក​ដែល​ជា​នាម​ប្រសើរ​ជាង​នាម​ឯ​ទៀត​ទាំង​អស់ ១០ ដើម្បី​ឲ្យ​អ្នក​នៅ​ស្ថាន​សួគ៌ អ្នក​នៅ​ផែនដី និង​អ្នក​នៅ​ក្រោម​ដី លុត​ជង្គង់​ដោយ​សារ​នាម​យេស៊ូ ១១ ហើយ​ដើម្បី​ឲ្យ​គ្រប់​អណ្ដាត​ប្រកាស​ទទួល​ស្គាល់​ជា​សាធារណៈ​ថា លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់ ដើម្បី​សរសើរ​តម្កើង​ព្រះ​ដែល​ជា​បិតា។

១២ ដូច្នេះ អ្នក​រាល់​គ្នា​ជា​ទី​ស្រឡាញ់​អើយ ដូច​អ្នក​រាល់​គ្នា​តែង​ស្ដាប់បង្គាប់​ពី​មុន មិន​គ្រាន់តែ​ពេល​ដែល​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​ទេ តែ​ឥឡូវ​នេះ​ពេល​ដែល​ខ្ញុំ​មិន​នៅ​ជា​មួយ សូម​បន្ត​ធ្វើ​ឲ្យ​សេចក្ដី​សង្គ្រោះ​របស់​ខ្លួន​បាន​សម្រេច ដោយ​កោត​ខ្លាច​ញាប់​ញ័រ ១៣ ព្រោះ​ព្រះ​គឺជា​អ្នក​ដែល​កំពុង​មាន​សកម្មភាព​ក្នុង​អ្នក​រាល់​គ្នា​តាម​ដែល​លោក​ពេញ​ចិត្ត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​បំណង​ប្រាថ្នា​និង​មាន​ការ​ប្រព្រឹត្ត។ ១៤ ចូរបន្ត​ធ្វើ​អ្វីៗ​ទាំង​អស់​ដោយ​មិន​ត្អូញត្អែរ​ឬ​ឈ្លោះ​គ្នា​ឡើយ ១៥ ដើម្បី​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​គ្មាន​កន្លែង​បន្ទោស មាន​ចិត្ត​បរិសុទ្ធ និង​ជា​កូន​ព្រះ​ដែល​ឥត​សៅហ្មង​ក្នុង​ចំណោម​ជំនាន់​មនុស្ស​ខូច​និង​វៀចវេរ។ ក្នុង​ពិភព​លោក​នេះ អ្នក​រាល់​គ្នា​ជា​ពន្លឺ​ដែល​កំពុង​ភ្លឺ ១៦ កាល​ដែល​អ្នក​រាល់​គ្នា​បន្ត​កាន់​ខ្ជាប់​នូវ​បណ្ដាំ​នៃ​ជីវិត ដើម្បី​ឲ្យ​ខ្ញុំ​មាន​ហេតុ​ត្រេក​អរ​នៅ​ថ្ងៃ​របស់​គ្រិស្ត ព្រោះ​ខ្ញុំ​មិន​បាន​រត់​ឥត​ប្រយោជន៍ ឬ​ធ្វើ​ការ​នឿយ​ហត់​ឥត​ប្រយោជន៍​ទេ។ ១៧ ទោះ​ជា​ខ្ញុំ​ប្រគល់​ខ្លួន​ខ្ញុំ​ដូច​គ្រឿង​បូជា​ជា​ស្រា​ដែល​ត្រូវ​ច្រួច​ទៅ​លើ​គ្រឿង​បូជា​និង​កិច្ច​បម្រើ​សាធារណៈ​ដែល​ជំនឿ​បាន​នាំ​ឲ្យ​អ្នក​រាល់​គ្នា​បំពេញ​ក៏​ដោយ ខ្ញុំ​នៅ​តែ​សប្បាយ​ចិត្ត ហើយ​ក៏​ត្រេក​អរ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។ ១៨ ឥឡូវ ចូរ​អ្នក​រាល់​គ្នា​សប្បាយ​ចិត្ត ហើយ​ត្រេក​អរ​ជា​មួយ​នឹង​ខ្ញុំ​ដូច្នេះ​ដែរ។

១៩ ឯ​ខ្ញុំ​សង្ឃឹម​លើ​លោក​ម្ចាស់​យេស៊ូ​ថា បន្ដិច​ទៀត ខ្ញុំ​អាច​ចាត់​ធីម៉ូថេ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា ដើម្បី​ខ្ញុំ​អាច​រីករាយ​ពេល​ដែល​ទទួល​ដំណឹង​អំពី​អ្នក​រាល់គ្នា។ ២០ ព្រោះ​ខ្ញុំ​គ្មាន​អ្នក​ណា​ទៀត​ដែល​មាន​ចិត្ត​គំនិត​ដូច​គាត់ ដែល​ពិត​ជា​នឹង​យក​ចិត្ត​ទុកដាក់​ចំពោះ​អ្នក​រាល់​គ្នា។ ២១ ព្រោះ​អ្នក​ឯ​ទៀត​ទាំង​អស់​កំពុង​រក​អ្វី​ដែល​ផ្ដល់​ផល​ប្រយោជន៍​សម្រាប់​ខ្លួន​គេ មិន​មែន​រក​អ្វី​ដែល​ជា​ផល​ប្រយោជន៍​ដល់​គ្រិស្ត​ទេ។ ២២ ប៉ុន្តែ​អ្នក​រាល់​គ្នា​ដឹង​របៀប​ដែល​គាត់​បាន​ស​ឲ្យ​ឃើញ​អំពី​លក្ខណៈ​របស់​គាត់ គឺ​ដូច​កូន​ធ្វើ​ការ​ជា​មួយ​នឹង​ឪពុក គាត់​បាន​រួម​ធ្វើ​ការ​ជា​មួយ​នឹង​ខ្ញុំ​ដូច​ខ្ញុំ​បម្រើ ក្នុង​ការ​ធ្វើ​ឲ្យ​ដំណឹង​ល្អ​ជឿន​ទៅ​មុខ។ ២៣ ដូច្នេះ គឺ​បុរស​នេះ​ហើយ​ដែល​ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​ចាត់​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា បន្ទាប់​ពី​ខ្ញុំ​ឃើញ​ថា​រឿង​របស់​ខ្ញុំ​នឹង​ទៅ​ជា​យ៉ាង​ណា​វិញ។ ២៤ ខ្ញុំ​ជឿ​ជាក់​លើ​លោក​ម្ចាស់​ថា បន្ដិច​ទៀត ខ្ញុំ​នឹង​មក​ដែរ។

២៥ ក៏​ប៉ុន្តែ​ខ្ញុំ​គិត​ថា​ខ្ញុំ​ត្រូវ​ចាត់​អេប៉ាប្រូឌីត​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា​ដែរ។ គាត់​ជា​បង​ប្រុស ជា​អ្នក​រួម​ការងារ និង​ជា​អ្នក​ធ្វើ​ទាហាន​ជា​មួយ​នឹង​ខ្ញុំ ប៉ុន្តែ​គាត់​ជា​អ្នក​នាំ​សារ​និង​អ្នក​បម្រើ​ផ្ទាល់​ខ្លួន​របស់​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​បាន​ចាត់​ឲ្យ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ ២៦ ដោយ​សារ​គាត់​ចង់​ឃើញ​អ្នក​រាល់​គ្នា​ខ្លាំង​ណាស់ ហើយ​ដោយ​សារ​គាត់​ធ្លាក់​ទឹក​ចិត្ត​ពីព្រោះ​អ្នក​រាល់​គ្នា​បាន​ឮ​ថា​គាត់​ឈឺ។ ២៧ គាត់​បាន​ធ្លាក់​ខ្លួន​ឈឺ​មែន រហូត​ដល់​ជិត​ស្លាប់ ប៉ុន្តែ​ព្រះ​បាន​មេត្ដា​ដល់​គាត់ តាម​ពិត លោក​មិន​គ្រាន់តែ​បាន​មេត្ដា​ដល់​គាត់​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​មេត្ដា​ដល់​ខ្ញុំ​ដែរ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មាន​ទុក្ខ​ត្រួត​ពី​លើ​ទុក្ខ។ ២៨ ដូច្នេះ ខ្ញុំ​នឹង​ចាត់​គាត់​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា​ជា​ប្រញាប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រេក​អរ​ពេល​ដែល​ឃើញ​គាត់​ម្ដង​ទៀត ហើយ​ខ្ញុំ​អាច​រួច​ពី​ទុក្ខ​បន្ដិច។ ២៩ ម្ល៉ោះ​ហើយ ចូរ​ស្វាគមន៍​គាត់​តាម​របៀប​ដែល​អ្នក​រាល់​គ្នា​ស្វាគមន៍​អស់​អ្នក​កាន់​តាម​លោក​ម្ចាស់​ដោយ​មាន​អំណរ​ដ៏​ពោរ​ពេញ ហើយ​ចូរ​រក្សា​ឲ្យ​មាន​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​បង​ប្រុស​បែប​នោះ ៣០ ពីព្រោះ​គាត់​ជិត​បាត់បង់​ជីវិត​ដោយ​សារ​កិច្ចការ​របស់​លោក​ម្ចាស់ ក៏​បាន​ប្រថុយ​ជីវិត* ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់ ដើម្បី​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ជំនួយ​ដែល​អ្នក​រាល់​គ្នា​ផ្ដល់​មិន​បាន។

៣ ក្រោយ​បង្អស់ បង​ប្អូន​ខ្ញុំ​អើយ ចូរ​បន្ត​អរ​សប្បាយ​ដោយ​សារ​លោក​ម្ចាស់។ ពិត​មែន​តែ​ខ្ញុំ​សរសេរ​សេចក្ដី​ដដែល​ទៅ​កាន់​អ្នក​រាល់​គ្នា ប៉ុន្តែ​នេះ​មិន​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ទេ ផ្ទុយ​ទៅ​វិញ គឺ​ជួយ​ការពារ​អ្នក​រាល់​គ្នា។

២ ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ពួក​ឆ្កែ ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​អន្តរាយ ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ពួក​អ្នក​ដែល​កាត់​សាច់។* ៣ ព្រោះ​យើង​ជា​អ្នក​ដែល​បាន​ទទួល​ការ​កាត់​ចុង​ស្បែក* ពិត​ប្រាកដ និង​កំពុង​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ដោយ​សកម្មពល* របស់​ព្រះ ហើយ​យើង​មាន​មោទនភាព​អំពី​គ្រិស្ត ក៏​មិន​ជឿ​ជាក់​ទៅ​លើ​អ្វីៗ​ដែល​មក​ពី​មនុស្ស​ឡើយ។ ៤ ប៉ុន្តែ​បើ​ចង់​និយាយ​អំពី​ការ​ជឿ​ជាក់​លើ​អ្វីៗ​ដែល​មក​ពី​មនុស្ស ខ្ញុំ​មាន​ហេតុ​ជឿ​ជាក់​ច្រើន​ជាង​អ្នក​ឯ​ទៀត។

បើ​បុរស​ណា​ផ្សេង​ទៀត​នឹក​ស្មានថា​គាត់​មាន​ហេតុ​ជឿ​ជាក់​លើ​អ្វីៗ​ដែល​មក​ពី​មនុស្ស ខ្ញុំ​មាន​ហេតុ​ច្រើន​ជាង​គាត់​ទៅ​ទៀត៖ ៥ ខ្ញុំ​បាន​ទទួល​ការ​កាត់​ចុង​ស្បែក​នៅ​ថ្ងៃ​ទី​ប្រាំបី បាន​កើត​មក​ជា​ជន​ជាតិ​អ៊ីស្រាអែល​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន មាន​ដើម​កំណើត​ជា​ហេប្រឺ ហើយ​ឪពុក​ម្ដាយ​មាន​ដើម​កំណើត​ជា​ហេប្រឺ​ដែរ។ បើ​ចង់​និយាយ​អំពី​ច្បាប់ ខ្ញុំ​ជា​ផារិស៊ី* ៦ បើ​ចង់​និយាយ​អំពី​ចិត្ត​ខ្នះខ្នែង ខ្ញុំ​បាន​បៀតបៀន​ក្រុម​ជំនុំ បើ​ចង់​និយាយ​អំពី​ការ​ធ្វើ​ជា​មនុស្ស​សុចរិត​តាម​រយៈ​ច្បាប់ ខ្ញុំ​គ្មាន​កន្លែង​បន្ទោស​សោះ។ ៧ ក៏​ប៉ុន្តែ​អ្វីៗ​ដែល​ធ្លាប់​មាន​ប្រយោជន៍​ចំពោះ​ខ្ញុំ ខ្ញុំ​ចាត់​ទុក​ថា​ខាត​ដោយ​សារ​គ្រិស្ត។ ៨ ខ្ញុំ​ចាត់​ទុក​អ្វីៗ​ទាំង​អស់​ថា​ខាត ដោយ​សារ​តម្លៃ​លើស​លប់​នៃ​ចំណេះ​អំពី​គ្រិស្ត​យេស៊ូ​ជា​ម្ចាស់​របស់​ខ្ញុំ។ ដោយ​សារ​លោក ខ្ញុំ​បាន​សុខ​ចិត្ត​ខាត​បង់​អ្វីៗ​ទាំង​អស់ ហើយ​ក៏​ចាត់​ទុក​ជា​សំរាម ដើម្បី​ខ្ញុំ​អាច​បាន​គ្រិស្ត ៩ ហើយ​ស​ឲ្យ​ឃើញ​ថា​ខ្ញុំ​រួប​រួម​ជា​មួយ​នឹង​លោក ដោយ​មាន​ភាព​សុចរិត​ដែល​មក​តាម​រយៈ​ជំនឿ​លើ​គ្រិស្ត គឺ​ភាព​សុចរិត​ដែល​មក​ពី​ព្រះ​ដោយ​មាន​មូលដ្ឋាន​លើ​ជំនឿ មិន​មែន​ដោយ​មាន​ភាព​សុចរិត​របស់​ខ្លួន ដែល​មក​ពី​ច្បាប់​ទេ។ ១០ ដើម្បី​ខ្ញុំ​អាច​ស្គាល់​លោក និង​ឫទ្ធានុភាព​នៃ​ការ​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ ព្រម​ទាំង​រួម​ចំណែក​ក្នុង​ទុក្ខវេទនា​របស់​លោក ដោយ​ព្រម​ស្លាប់​ដូច​លោក ១១ ដើម្បី​មើល​ថា​តើ​ខ្ញុំ​អាច​នៅ​ក្នុង​ចំណោម​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​មុន​គេ។

១២ មិន​មែន​មាន​ន័យ​ថា​ខ្ញុំ​បាន​ទទួល​រង្វាន់ ឬ​បាន​ត្រូវ​ធ្វើ​ឲ្យ​ទៅ​ជា​ល្អ​ឥត​ខ្ចោះ​ហើយ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​កំពុង​ព្យាយាម​ដើម្បី​មើល​ថា​តើ​ខ្ញុំ​ពិត​ជា​អាច​ចាប់​ឲ្យ​បាន​អ្វី​ដែល​ជា​មូលហេតុ​ដែល​គ្រិស្ត​យេស៊ូ​បាន​ចាប់​ខ្ញុំ​នោះ។ ១៣ បង​ប្អូន​អើយ ខ្ញុំ​មិន​ទាន់​ចាត់​ទុក​ថា​ខ្ញុំ​បាន​ទទួល​រង្វាន់​នោះ​ហើយ​ទេ។ ប៉ុន្តែ​មាន​អ្វី​មួយ​ដែល​ខ្ញុំ​ធ្វើ គឺ​ខ្ញុំ​កំពុង​បំភ្លេច​អ្វីៗ​ដែល​នៅ​ខាង​ក្រោយ ហើយ​កំពុង​ប្រឹង​រត់​សំដៅ​ទៅ​អ្វីៗ​នៅ​ខាង​មុខ ១៤ ខ្ញុំ​កំពុង​រត់​ដោយ​មាន​គោលដៅ​ទទួល​រង្វាន់ ពោល​គឺ ព្រះ​បាន​ហៅ​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌​តាម​រយៈ​គ្រិស្ត​យេស៊ូ។ ១៥ ដូច្នេះ ចូរ​យើង​ដែល​មាន​ភាព​ចាស់​ទុំ មាន​ចិត្ត​គំនិត​នេះ ហើយ​ប្រសិនបើ​អ្នក​រាល់​គ្នា​មាន​គំនិត​ផ្សេង​អំពី​អ្វី​មួយ ព្រះ​នឹង​បើក​បង្ហាញ​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ដល់​អ្នក​រាល់​គ្នា។ ១៦ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្វី​ដែល​យើង​បាន​ធ្វើ​ដើម្បី​ឲ្យ​ជឿន​ទៅ​មុខ​ដល់​កម្រិត​នេះ ចូរ​បន្ត​ជឿន​ទៅ​មុខ​ដោយ​ធ្វើ​ដូច្នោះ​ត​ទៅ​ទៀត។

១៧ បង​ប្អូន​អើយ ចូរ​អ្នក​ទាំង​អស់​គ្នា​យក​តម្រាប់​តាម​ខ្ញុំ ហើយ​សង្កេត​មើល​អស់​អ្នក​ដែល​កំពុង​ប្រព្រឹត្ត​សម​ស្រប​តាម​គំរូ​ដែល​យើង​បាន​ទុក​ឲ្យ​អ្នក​រាល់​គ្នា។ ១៨ ព្រោះ​មាន​មនុស្ស​ជា​ច្រើន​កំពុង​ប្រព្រឹត្ត​ជា​សត្រូវ​នៃ​បង្គោល​ទារុណកម្ម* របស់​គ្រិស្ត។ ខ្ញុំ​ធ្លាប់​និយាយ​អំពី​អ្នក​ទាំង​នោះ​ជា​ច្រើន​ដង តែ​ឥឡូវ​ខ្ញុំ​និយាយ​អំពី​ពួក​គេ​ទាំង​ស្រក់​ទឹក​ភ្នែក។ ១៩ ចុង​បញ្ចប់​របស់​អ្នក​ទាំង​នោះ​ជា​សេចក្ដី​ហិន​វិនាស ហើយ​ព្រះ​របស់​អ្នក​ទាំង​នោះ ជា​ក្រពះ​របស់​ពួក​គេ ហើយ​ពួក​គេ​មាន​មោទនភាព​អំពី​អ្វី​ដែល​គួរ​ធ្វើ​ឲ្យ​ពួក​គេ​អៀន​ខ្មាស ហើយ​ពួក​គេ​គិតតែ​អំពី​អ្វី​នៅ​ផែនដី។ ២០ ចំណែក​យើងវិញ យើង​ជា​ពល​រដ្ឋ​ស្ថាន​សួគ៌ ហើយ​យើង​កំពុង​ទន្ទឹង​រង់​ចាំ​អ្នក​សង្គ្រោះ​ដែល​នៅស្ថាន​នោះ ពោល​គឺ​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត ២១ ដែល​មាន​ឫទ្ធានុភាព​ដើម្បី​ធ្វើ​ឲ្យ​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​លោក។ ដោយ​ប្រើ​ឫទ្ធានុភាព​នេះ លោក​នឹង​ធ្វើ​ឲ្យ​រូប​កាយ​ឱនថយ​របស់​យើង​មាន​លក្ខណៈ​ស្រប​តាម​រូប​កាយ​រុងរឿង​របស់​លោក។

៤ ដូច្នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ដែល​ខ្ញុំ​ចង់​ឃើញ​ខ្លាំង​ណាស់ ដែល​ជា​អំណរ និង​ជា​មកុដ​របស់​ខ្ញុំ ចូរ​កាន់​ជំហរ​មាំ​មួន​តាម​របៀប​នោះ ក្នុង​នាម​ជា​អ្នក​កាន់​តាម​លោក​ម្ចាស់។

២ ខ្ញុំ​សូម​ដាស់​តឿន​អឺរ៉ូឌា​និង​ស៊ីនទីច​ឲ្យ​មាន​គំនិត​ស្រប​គ្នា​ក្នុង​កិច្ច​បម្រើ​លោក​ម្ចាស់។ ៣ ចំណែក​អ្នក​វិញ ដែល​ជា​អ្នក​រួម​ការងារ​យ៉ាង​ស្មោះ​ជា​មួយ​នឹង​ខ្ញុំ ខ្ញុំ​ក៏​សូម​អ្នក​បន្ត​ជួយ​ស្ត្រី​ទាំង​ពីរ​នេះ ដែល​បាន​រួម​ជា​មួយ​នឹង​ខ្ញុំ​ក្នុង​ការ​តស៊ូ​ដើម្បី​ជា​ប្រយោជន៍​ដល់​ដំណឹង​ល្អ ជា​មួយ​នឹង​ក្លេមេន​និង​អ្នក​ឯ​ទៀត​ទាំង​ប៉ុន្មាន​ដែល​ជា​អ្នក​រួម​ការងារ​ជា​មួយ​នឹង​ខ្ញុំ និង​ដែល​មាន​ឈ្មោះ​ក្នុង​សៀវភៅ​ជីវិត។

៤ ចូរ​អរ​សប្បាយ​ដោយ​សារ​លោក​ម្ចាស់​ជា​និច្ច។ ខ្ញុំ​សូម​និយាយ​ម្ដង​ទៀត​ថា ចូរ​អរ​សប្បាយ​ចុះ! ៥ ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​គ្នា​ឃើញ​ថា​អ្នក​រាល់​គ្នា​ជា​មនុស្ស​សម​ហេតុ​ផល។ លោក​ម្ចាស់​នៅ​ជិត។ ៦ កុំ​ខ្វល់​ចិត្ត​អំពី​អ្វី​ឡើយ តែ​ដោយ​អធិដ្ឋាន អង្វរ​សុំ ព្រម​ទាំង​ថ្លែង​អំណរ​គុណ ចូរ​ជម្រាប​ព្រះ​អំពី​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា ក្នុង​គ្រប់​ការ​ទាំង​អស់ ៧ ហើយ​សេចក្ដី​សុខសាន្ត​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន នឹង​ការពារ​ចិត្ត​និង​សមត្ថភាព​រិះ​គិត​របស់​អ្នក​រាល់​គ្នា តាម​រយៈ​គ្រិស្ត​យេស៊ូ។

៨ ក្រោយ​បង្អស់ បង​ប្អូន​អើយ អ្វីៗ​ដែល​ពិត អ្វីៗ​ដែល​ថ្លៃ​ថ្នូរ អ្វីៗ​ដែល​សុចរិត អ្វីៗ​ដែល​បរិសុទ្ធ អ្វីៗ​ដែល​គួរ​ឲ្យ​ស្រឡាញ់ អ្វីៗ​ដែល​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ អ្វី​ដែល​ប្រកបដោយ​គុណធម៌ និង​អ្វី​ដែល​គួរ​ឲ្យ​សរសើរ ចូរ​បន្ត​ពិចារណា​អ្វីៗ​ទាំង​នោះ។ ៩ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​បាន​រៀន ឃើញ ឮ និង​ទទួល​ពី​ខ្ញុំ ចូរ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នោះ ហើយ​ព្រះ​នៃ​សេចក្ដី​សុខសាន្ត​នឹង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។

១០ ខ្ញុំ​អរ​សប្បាយ​យ៉ាង​ខ្លាំង​ក្នុង​នាម​ជា​អ្នក​បម្រើ​លោក​ម្ចាស់ ព្រោះ​នៅ​ទី​បំផុត​ខ្ញុំ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ចាប់​ផ្ដើម​គិត​អំពី​ខ្ញុំ​ម្ដង​ទៀត។ អ្នក​រាល់​គ្នា​ពិត​ជា​បាន​គិត​អំពី​ផល​ប្រយោជន៍​របស់​ខ្ញុំ តែ​មិន​មាន​ឱកាស​បង្ហាញ​ឲ្យ​ឃើញ។ ១១ ខ្ញុំ​មិន​មែន​និយាយ​អំពី​ការ​ខ្វះ​ខាត​ទេ ព្រោះ​ខ្ញុំ​បាន​រៀន​ឲ្យ​ចេះ​ស្កប់​ចិត្ត ទោះ​ជា​ខ្ញុំ​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។ ១២ ខ្ញុំ​ចេះ​រស់​នៅ​ដោយ​មាន​តែ​បន្ដិច​បន្តួច ខ្ញុំ​ចេះ​រស់​នៅ​ដោយ​មាន​បរិបូរ។ ខ្ញុំ​បាន​រៀន​អាថ៌​កំបាំង​អំពី​របៀប​ស្កប់​ចិត្ត​ក្នុង​គ្រប់​ការ​ទាំង​អស់​និង​នៅ​គ្រប់​កាលៈទេសៈ​ទាំង​អស់ ទោះ​ជា​ឆ្អែត ឬ​ឃ្លាន​ក្ដី ទោះ​ជា​មាន​បរិបូរ ឬ​ខ្វះ​ខាត​ក្ដី។ ១៣ ខ្ញុំ​មាន​កម្លាំង​សម្រាប់​អ្វីៗ​ទាំង​អស់ ដោយ​សារ​លោក​ដែល​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ។

១៤ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អ្នក​រាល់​គ្នា​បាន​ធ្វើ​ល្អ ដោយ​រួម​ចំណែក​ក្នុង​សេចក្ដី​វេទនា​របស់​ខ្ញុំ។ ១៥ តាម​ការ​ពិត អ្នក​រាល់​គ្នា​នៅ​ក្រុង​ភីលីព​ក៏​ដឹង​ថា នៅ​ពេល​ដែល​ចាប់​ផ្ដើម​ប្រកាស​ដំណឹង​ល្អ ពេល​ដែល​ខ្ញុំ​ចាក​ចេញ​ពី​តំបន់​ម៉ាសេដូន គ្មាន​ក្រុម​ជំនុំ​ណា​មួយ​រួម​ចំណែក​ជា​មួយ​នឹង​ខ្ញុំ​ក្នុង​ការ​ឲ្យ​និង​ការ​ទទួល​ឡើយ មាន​តែ​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ ១៦ ពីព្រោះ​សូម្បី​តែ​នៅ​ក្រុង​ថែស្សាឡូនិច​ក៏​ដោយ អ្នក​រាល់​គ្នា​បាន​ផ្ញើ​ជំនួយ​ទៅ​ឲ្យ​ខ្ញុំ​ពីរ​ដង ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ។ ១៧ ខ្ញុំ​មិន​មែន​ខំ​ស្វែងរក​អំណោយ​ពី​អ្នក​រាល់​គ្នា​ទេ ប៉ុន្តែ​ខ្ញុំ​ខំ​ស្វែងរក​ផល​ដែល​បង្កើន​កម្រៃ​ដល់​អ្នក​រាល់​គ្នា។ ១៨ ក៏​ប៉ុន្តែ​ខ្ញុំ​មាន​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​ត្រូវ​ការ ក៏​មាន​ជា​បរិបូរ។ ខ្ញុំ​ស្កប់​ស្កល់​ហើយ ព្រោះ​ឥឡូវ​ខ្ញុំ​បាន​ទទួល​ពី​អេប៉ាប្រូឌីត​នូវ​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ផ្ញើ​ឲ្យ នោះ​គឺ​ដូច​ជា​ក្លិន​ក្រអូប ជា​គ្រឿង​បូជា​ដែល​សមរម្យ និង​ធ្វើ​ឲ្យ​ព្រះ​គាប់​ចិត្ត។ ១៩ ជា​លទ្ធផល ព្រះ​របស់​ខ្ញុំ​ដែល​មាន​ទ្រព្យ​រុងរឿង​នឹង​ផ្ដល់​អ្វីៗ​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ តាម​រយៈ​គ្រិស្ត​យេស៊ូ។ ២០ សូម​ឲ្យ​ព្រះ​ដែល​ជា​បិតា​របស់​យើង​ប្រកបដោយ​សិរី​រុងរឿង​ជា​រៀង​រហូត​ត​រៀង​ទៅ។ អាមេន។

២១ ខ្ញុំ​សូម​ផ្ដាំ​សួរ​សុខទុក្ខ​ពួក​អ្នក​បរិសុទ្ធ​ទាំង​អស់​គ្នា​ដែល​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ។ បង​ប្អូន​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ​ក៏​ផ្ដាំ​សួរ​សុខទុក្ខ​ដែរ។ ២២ ពួក​អ្នក​បរិសុទ្ធ​ទាំង​អស់​គ្នា ជា​ពិសេស​អស់​អ្នក​ដែល​ជា​អ្នក​ផ្ទះ​របស់​សេសារ* សូម​ផ្ដាំ​សួរ​សុខទុក្ខ។

២៣ សូម​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ពីព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​គំនិត* ត្រឹម​ត្រូវ។

[កំណត់​សម្គាល់]

មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៤

មើល​កំណត់​សម្គាល់​ម៉ាថ ៥:២៩

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​ខ​១៩

ន័យ​ត្រង់​«ព្រលឹង​តែ​មួយ»

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៥

ភាសា​ក្រិច​«ផ្ស៊ីគី»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ក

សំដៅ​ទៅ​អ្នក​ដែល​កាត់​ចុង​ស្បែក

មើល​កំណត់​សម្គាល់​លូក ១:៥៩

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦ខ

មើល​កំណត់​សម្គាល់​ម៉ាថ ៣:៧

មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៥

ន័យ​ត្រង់​«អធិរាជ»

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក