សំបុត្រទីមួយជូនចំពោះគ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិច
១ ពីខ្ញុំ ប៉ូល ស៊ីលវេនុស* និងធីម៉ូថេ ជូនចំពោះក្រុមជំនុំនៅក្រុងថែស្សាឡូនិចដែលរួបរួមជាមួយនឹងព្រះដែលជាបិតាព្រមទាំងជាមួយនឹងលោកម្ចាស់យេស៊ូគ្រិស្ត៖*
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏វិសេសលើសលប់និងសេចក្ដីសុខសាន្ត។
២ យើងតែងតែអរគុណព្រះ ពេលដែលយើងអធិដ្ឋានអំពីអ្នកទាំងអស់គ្នា ៣ ព្រោះយើងតែងនឹកឃើញកិច្ចការដែលអ្នករាល់គ្នាធ្វើដោយជំនឿ ហើយការខំប្រឹងព្យាយាមដែលផុសចេញពីសេចក្ដីស្រឡាញ់ ថែមទាំងរបៀបដែលអ្នករាល់គ្នាស៊ូទ្រាំដោយសារមានសេចក្ដីសង្ឃឹមលើលោកម្ចាស់យេស៊ូគ្រិស្តជាម្ចាស់របស់យើងនៅចំពោះមុខព្រះដែលជាបិតារបស់យើង។ ៤ បងប្អូនដែលព្រះស្រឡាញ់អើយ ព្រោះយើងដឹងថាលោកបានជ្រើសរើសអ្នករាល់គ្នា ៥ ពីព្រោះដំណឹងល្អដែលយើងផ្សាយមិនបានមកឯអ្នករាល់គ្នាដោយពាក្យសម្ដីប៉ុណ្ណោះទេ តែដោយមានឥទ្ធិពលខ្លាំង ដោយសកម្មពល* បរិសុទ្ធ និងដោយជំនឿរឹងមាំ។ ហើយអ្នករាល់គ្នាដឹងថាយើងបានក្លាយទៅជាមនុស្សបែបណាដើម្បីផ្ដល់ប្រយោជន៍ដល់អ្នករាល់គ្នា ៦ ហើយអ្នករាល់គ្នាបានយកតម្រាប់តាមយើងនិងលោកម្ចាស់ ព្រោះទោះបីមានសេចក្ដីវេទនាជាច្រើនក៏ដោយ អ្នករាល់គ្នាបានទទួលបណ្ដាំរបស់ព្រះដោយអំណរដែលមកពីសកម្មពលបរិសុទ្ធ ៧ ហេតុនេះ អ្នករាល់គ្នាជាគំរូសម្រាប់អ្នកជឿទាំងឡាយនៅតំបន់ម៉ាសេដូននិងខេត្តអាខេយ៉ា។
៨ តាមការពិត អ្នករាល់គ្នាមិនត្រឹមតែធ្វើឲ្យបណ្ដាំរបស់ព្រះយេហូវ៉ាលាន់ឮនៅតំបន់ម៉ាសេដូននិងខេត្តអាខេយ៉ាប៉ុណ្ណោះទេ តែជំនឿរបស់អ្នករាល់គ្នាទៅលើព្រះបានសុសសាយដល់គ្រប់ទិសទី ម្ល៉ោះហើយ យើងមិនចាំបាច់និយាយអ្វីទេ។ ៩ ព្រោះអ្នកជឿទាំងនោះបានរៀបរាប់ឥតឈប់អំពីរបៀបដែលយើងបានជួបអ្នករាល់គ្នានៅដើមដំបូង ហើយរបៀបដែលអ្នករាល់គ្នាបានបែរមកគោរពប្រណិប័តន៍ព្រះ ដោយលះចោលរូបព្រះផ្សេងៗដើម្បីខំប្រឹងព្យាយាមបម្រើព្រះដ៏ពិតនិងជាព្រះដែលមានជីវិតរស់នៅ ១០ ហើយរង់ចាំបុត្ររបស់លោកមកពីស្ថានសួគ៌ ជាបុត្រដែលលោកបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ គឺលោកយេស៊ូ ដែលសង្គ្រោះយើងពីកំហឹងដែលនឹងមក។
២ បងប្អូនអើយ អ្នករាល់គ្នាដឹងច្បាស់ថា ការដែលយើងបានមកឯអ្នករាល់គ្នា នោះមិនមែនជាការឥតប្រយោជន៍ទេ ២ តែក្រោយពីយើងបានរងទុក្ខ ហើយត្រូវគេប្រព្រឹត្តដោយព្រហើនមកលើយើងនៅក្រុងភីលីព (ដូចអ្នករាល់គ្នាដឹងហើយ) នោះយើងបានតាំងចិត្តក្លាហានដោយសារព្រះរបស់យើង ដើម្បីប្រាប់ដំណឹងល្អរបស់ព្រះដល់អ្នករាល់គ្នា ដោយខំតស៊ូយ៉ាងខ្លាំង។ ៣ ព្រោះការដាស់តឿនរបស់យើង មិនមែនផុសចេញពីគំនិតខុស បំណងចិត្តមិនបរិសុទ្ធ ឬការបោកបញ្ឆោតឡើយ ៤ ប៉ុន្តែព្រះបានពិនិត្យយើងយ៉ាងល្អិតល្អន់ហើយឃើញថា យើងសមនឹងទទួលភារកិច្ចប្រកាសដំណឹងល្អ ដូច្នេះ យើងមិនមែននិយាយដើម្បីធ្វើឲ្យមនុស្សពេញចិត្តទេ តែដើម្បីធ្វើឲ្យព្រះពេញចិត្ត គឺព្រះដែលពិនិត្យមើលចិត្តរបស់យើង។
៥ តាមពិត យើងមិនដែលមកឯអ្នករាល់គ្នាដោយប្រើពាក្យបញ្ចើចបញ្ចើ (ដូចអ្នករាល់គ្នាដឹងហើយ) ឬដោយពុតត្បុតព្រោះច្រណែនចង់បានរបស់អ្នករាល់គ្នាទេ ហើយព្រះជាសាក្សី! ៦ យើងក៏មិនបានរកកិត្ដិយសពីមនុស្សដែរ ទោះជាពីអ្នករាល់គ្នាឬពីអ្នកឯទៀត ហើយទោះជាយើងអាចធ្វើឲ្យអ្នករាល់គ្នាចំណាយប្រាក់ច្រើនដោយសារយើងជាសាវ័ក* របស់គ្រិស្តក៏ដោយ។ ៧ ផ្ទុយទៅវិញ យើងបានប្រព្រឹត្តដោយស្លូតបូតចំពោះអ្នករាល់គ្នា ដូចម្ដាយដែលបំបៅកូន ស្រឡាញ់ថ្នាក់ថ្នមកូន។ ៨ ដូច្នេះ ដោយមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះអ្នករាល់គ្នា យើងសប្បាយចិត្តផ្ដល់ឲ្យ មិនត្រឹមតែដំណឹងល្អរបស់ព្រះប៉ុណ្ណោះទេ តែថែមទាំងជីវិត* យើងទៀតផង ពីព្រោះអ្នករាល់គ្នាគឺជាទីស្រឡាញ់របស់យើង។
៩ បងប្អូនអើយ អ្នករាល់គ្នាប្រាកដជាចាំអំពីការនឿយហត់របស់យើង។ យើងបានផ្សាយដំណឹងល្អរបស់ព្រះដល់អ្នករាល់គ្នាដោយធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យអ្នករាល់គ្នាត្រូវចំណាយប្រាក់ច្រើន។ ១០ អ្នករាល់គ្នាជាសាក្សី ហើយព្រះក៏ជាសាក្សីដែរ អំពីរបៀបដែលយើងបានប្រព្រឹត្តចំពោះអ្នករាល់គ្នាដែលជាអ្នកជឿ ពោលគឺ យើងបានប្រព្រឹត្តដោយសុចរិត ដោយមានភក្ដីភាព និងដោយគ្មានកន្លែងបន្ទោសបាន។ ១១ អ្នករាល់គ្នាក៏ដឹងដែរថា យើងបានព្យាយាមបំផុសទឹកចិត្តអ្នករាល់គ្នាម្នាក់ៗ ហើយសម្រាលទុក្ខនិងដាស់តឿនអ្នករាល់គ្នា ដូចឪពុកប្រព្រឹត្តចំពោះកូន ១២ ដើម្បីឲ្យអ្នករាល់គ្នាប្រព្រឹត្តសមនឹងព្រះដែលហៅអ្នករាល់គ្នាទៅឯរាជាណាចក្រនិងសិរីរុងរឿងរបស់លោក។
១៣ ហេតុនេះ យើងពិតជាអរគុណព្រះជានិច្ច ពីព្រោះពេលដែលអ្នករាល់គ្នាទទួលបណ្ដាំរបស់ព្រះ គឺជាបណ្ដាំដែលអ្នករាល់គ្នាបានឮពីយើង អ្នករាល់គ្នាមិនបានទទួលទុកជាបណ្ដាំរបស់មនុស្សទេ ប៉ុន្តែបានទទួលតាមភាពពិតនៃបណ្ដាំនោះ ពោលគឺទទួលទុកជាបណ្ដាំរបស់ព្រះ ជាបណ្ដាំដែលកំពុងមានឥទ្ធិពលទៅលើអ្នករាល់គ្នាដែលជាអ្នកជឿ។ ១៤ បងប្អូនអើយ ព្រោះអ្នករាល់គ្នាបានធ្វើតាមគំរូរបស់ក្រុមជំនុំនានារបស់ព្រះនៅតំបន់យូឌា ដែលរួបរួមជាមួយនឹងគ្រិស្តយេស៊ូ ពីព្រោះអ្នករាល់គ្នាក៏ចាប់ផ្ដើមរងទុក្ខក្នុងកណ្ដាប់ដៃជនរួមជាតិរបស់អ្នករាល់គ្នា ដូចអ្វីដែលបងប្អូននៅតំបន់យូឌារងទុក្ខក្នុងកណ្ដាប់ដៃជនជាតិយូដា ១៥ ដែលបានសម្លាប់ទាំងលោកម្ចាស់យេស៊ូនិងពួកអ្នកប្រកាសទំនាយ ហើយបានបៀតបៀនពួកយើងដែរ។ ម្យ៉ាងទៀត ពួកគេមិនមែនធ្វើឲ្យព្រះពេញចិត្តទេ តែពួកគេធ្វើឲ្យមនុស្សទាំងអស់បង់ប្រយោជន៍ ១៦ ពេលដែលពួកគេខំប្រឹងឃាត់ឃាំងយើងមិនឲ្យផ្សព្វផ្សាយដល់ជនជាតិដទៃដើម្បីអ្នកទាំងនោះអាចទទួលសេចក្ដីសង្គ្រោះ។ ជាលទ្ធផល ពួកគេតែងតែធ្វើឲ្យការខុសឆ្គង* របស់ពួកគេបានពេញកម្រិត។ ប៉ុន្តែនៅទីបំផុត កំហឹងរបស់លោក* បានមកលើពួកគេ។
១៧ បងប្អូនអើយ ចំណែកយើងវិញ ពេលដែលយើងបានត្រូវពង្រាត់ចេញពីអ្នករាល់គ្នាតែមួយរយៈពេលខ្លីប៉ុណ្ណោះ គឺឃ្លាតកាយ តែមិនឃ្លាតចិត្តទេ នោះយើងបានខំប្រឹងខ្លាំងជាងធម្មតាដោយប៉ងប្រាថ្នាចង់ឃើញមុខអ្នករាល់គ្នាខ្លាំងណាស់។ ១៨ ហេតុនេះ យើងចង់មកឯអ្នករាល់គ្នា ហើយមានពីរដងដែលខ្ញុំ ប៉ូល ចង់មកឯអ្នករាល់គ្នា តែសាថាន* បានស្កាត់ផ្លូវយើង។ ១៩ ព្រោះតើអ្វីជាសេចក្ដីសង្ឃឹម ឬអំណរ ឬមកុដនៃមោទនភាពរបស់យើងនៅចំពោះមុខលោកយេស៊ូជាម្ចាស់របស់យើងក្នុងអំឡុងវត្តមានរបស់លោក? គឺជាអ្នករាល់គ្នា មែនទេ? ២០ អ្នករាល់គ្នាពិតជាធ្វើឲ្យយើងមានមោទនភាពនិងអំណរមែន។
៣ ដូច្នេះ ពេលដែលយើងមិនអាចទ្រាំតទៅទៀត យើងសម្រេចចិត្តថា នៅក្រុងអាថែនម្នាក់ឯងល្អជាង ២ ហើយយើងបានចាត់ធីម៉ូថេ ជាប្អូនប្រុសនិងជាអ្នកបម្រើរបស់ព្រះក្នុងការប្រកាសដំណឹងល្អអំពីគ្រិស្ត ដើម្បីធ្វើឲ្យអ្នករាល់គ្នាមាំមួនឡើងនិងសម្រាលទុក្ខអ្នករាល់គ្នា ដើម្បីជាប្រយោជន៍ដល់ជំនឿរបស់អ្នករាល់គ្នា ៣ ដើម្បីកុំឲ្យជំនឿរបស់អ្នកណារង្គោះរង្គើដោយសារសេចក្ដីវេទនានោះ។ ព្រោះអ្នករាល់គ្នាដឹងថា យើងបានត្រូវកំណត់ឲ្យរងការនោះឯង។ ៤ ម្យ៉ាងទៀត ពេលដែលយើងនៅជាមួយនឹងអ្នករាល់គ្នា យើងធ្លាប់ប្រាប់អ្នករាល់គ្នាទុកជាមុនថា យើងត្រូវរងទុក្ខលំបាក ដូចអ្នករាល់គ្នាដឹងថាយើងបានរងទុក្ខរួចហើយ។ ៥ ហេតុនេះ ពេលដែលខ្ញុំមិនអាចទ្រាំតទៅទៀត ខ្ញុំបានចាត់គាត់ ដើម្បីឲ្យខ្ញុំដឹងអំពីសេចក្ដីស្មោះត្រង់របស់អ្នករាល់គ្នា ក្រែងលោមេល្បួងបានល្បួងអ្នករាល់គ្នា ហើយការនឿយហត់របស់យើងបានទៅជាឥតប្រយោជន៍ទទេ។
៦ ប៉ុន្តែធីម៉ូថេទើបនឹងមកពីទីនោះ ហើយបានប្រាប់ដំណឹងល្អដល់យើងអំពីសេចក្ដីស្មោះត្រង់និងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា ក៏បានប្រាប់ថា អ្នករាល់គ្នានឹករឭកដល់យើង ហើយចង់ឃើញមុខយើងយ៉ាងខ្លាំង ដូចយើងចង់ឃើញអ្នករាល់គ្នាដែរ។ ៧ បងប្អូនអើយ ហេតុនេះ ទោះជាយើងខ្វះខាតហើយមានសេចក្ដីវេទនាក៏ដោយ ក៏យើងបានទទួលការសម្រាលទុក្ខអំពីស្ថានភាពអ្នករាល់គ្នា តាមរយៈសេចក្ដីស្មោះត្រង់របស់អ្នករាល់គ្នា ៨ ពីព្រោះឥឡូវនេះ យើងហាក់ដូចជារស់ម្ដងទៀត ប្រសិនបើអ្នករាល់គ្នាកាន់ជំហរមាំមួនក្នុងនាមជាអ្នកកាន់តាមលោកម្ចាស់។ ៩ ព្រោះតើយើងអាចអរគុណព្រះអំពីអ្នករាល់គ្នាយ៉ាងដូចម្ដេច ឲ្យសមនឹងអំណរខ្លាំងក្រៃលែងដែលយើងមាននៅចំពោះមុខព្រះដោយសារអ្នករាល់គ្នា? ១០ ម្យ៉ាងទៀត យើងអធិដ្ឋានអង្វរសុំអស់ពីចិត្តទាំងយប់ទាំងថ្ងៃឲ្យបានឃើញមុខអ្នករាល់គ្នា ហើយបានបំពេញអ្វីដែលអ្នករាល់គ្នាខ្វះខាតក្នុងជំនឿ។
១១ សូមឲ្យព្រះដែលជាបិតារបស់យើង និងលោកយេស៊ូជាម្ចាស់របស់យើងដឹកនាំផ្លូវរបស់យើងឲ្យមកឯអ្នករាល់គ្នាដោយជោគជ័យ។ ១២ ម្យ៉ាងទៀត សូមឲ្យលោកម្ចាស់ធ្វើឲ្យអ្នករាល់គ្នាចម្រើនឡើង គឺធ្វើឲ្យមានសេចក្ដីស្រឡាញ់ជាបរិបូរចំពោះគ្នាទៅវិញទៅមក ដូចសេចក្ដីស្រឡាញ់ដែលយើងមានចំពោះអ្នករាល់គ្នា ១៣ ដើម្បីលោកអាចពង្រឹងកម្លាំងចិត្តរបស់អ្នករាល់គ្នា ហើយធ្វើឲ្យបរិសុទ្ធដោយគ្មានកន្លែងបន្ទោសនៅចំពោះមុខព្រះដែលជាបិតារបស់យើង ក្នុងអំឡុងវត្តមានរបស់លោកយេស៊ូជាម្ចាស់របស់យើងជាមួយនឹងពួកអ្នកបរិសុទ្ធទាំងអស់របស់លោក។
៤ ក្រោយបង្អស់ បងប្អូនអើយ យើងបានណែនាំអ្នករាល់គ្នាអំពីរបៀបដែលត្រូវប្រព្រឹត្ត ហើយធ្វើឲ្យព្រះពេញចិត្ត ហើយអ្នករាល់គ្នាកំពុងប្រព្រឹត្តដូច្នោះមែន។ ឥឡូវ យើងចង់បំផុសទឹកចិត្តអ្នករាល់គ្នានិងសុំអ្នករាល់គ្នាក្នុងនាមលោកម្ចាស់យេស៊ូ ឲ្យបន្តធ្វើដូច្នោះឲ្យកាន់តែប្រសើរឡើងថែមទៀត។ ២ ព្រោះអ្នករាល់គ្នាដឹងអ្វីដែលយើងបានបង្គាប់អ្នករាល់គ្នាដោយអំណាចរបស់លោកម្ចាស់យេស៊ូ។
៣ ព្រោះនេះជាបំណងប្រាថ្នារបស់ព្រះ គឺឲ្យអ្នករាល់គ្នាបានបរិសុទ្ធ ឲ្យជៀសចេញពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* ៤ ហើយឲ្យអ្នករាល់គ្នាម្នាក់ៗចេះគ្រប់គ្រងរូបកាយរបស់ខ្លួនដោយសេចក្ដីបរិសុទ្ធនិងកិត្ដិយស ៥ មិនមែនដោយលោភលន់ក្នុងចំណង់ផ្លូវភេទ ដូចជនជាតិដទៃដែលមិនស្គាល់ព្រះឡើយ ៦ ដើម្បីកុំឲ្យអ្នកណាម្នាក់ធ្វើបាបបងប្អូនខ្លួនហើយបំពានលើសិទ្ធិរបស់គាត់ក្នុងរឿងនោះ ពីព្រោះព្រះយេហូវ៉ានឹងដាក់ទោសអស់អ្នកដែលធ្វើការទាំងអស់នោះ ដូចយើងបានប្រាប់អ្នករាល់គ្នាពីមុន ហើយក៏បានពន្យល់យ៉ាងច្បាស់ដែរ។ ៧ ព្រោះព្រះមិនបានហៅយើងដោយអនុញ្ញាតឲ្យប្រព្រឹត្តអំពើស្មោកគ្រោកឡើយ ប៉ុន្តែបានហៅយើងដើម្បីឲ្យបានបរិសុទ្ធ។ ៨ ដូច្នេះ អ្នកណាដែលមិនព្រមអើពើចំពោះសេចក្ដីបង្រៀននេះ អ្នកនោះមិនអើពើ មិនមែនចំពោះមនុស្សទេ តែចំពោះព្រះដែលដាក់សកម្មពល* បរិសុទ្ធរបស់លោកនៅក្នុងអ្នករាល់គ្នា។
៩ ក៏ប៉ុន្តែ បើនិយាយអំពីការស្រឡាញ់រាប់អានគ្នាជាបងប្អូន អ្នករាល់គ្នាមិនត្រូវការឲ្យយើងសរសេរទៅកាន់អ្នករាល់គ្នាទេ ព្រោះព្រះបង្រៀនអ្នករាល់គ្នាឲ្យស្រឡាញ់គ្នាទៅវិញទៅមក ១០ ហើយតាមការពិត អ្នករាល់គ្នាកំពុងធ្វើដូច្នោះចំពោះបងប្អូនទាំងអស់នៅតំបន់ម៉ាសេដូន។ ប៉ុន្តែបងប្អូនអើយ យើងសូមបំផុសទឹកចិត្តអ្នករាល់គ្នាឲ្យធ្វើដូច្នោះឲ្យកាន់តែប្រសើរថែមទៀត ១១ និងខំប្រឹងរស់នៅយ៉ាងស្ងៀមស្ងាត់ មិនជ្រៀតជ្រែកក្នុងរឿងអ្នកដទៃ ហើយធ្វើការដោយដៃរបស់ខ្លួន ដូចយើងបានបង្គាប់អ្នករាល់គ្នា ១២ ដើម្បីឲ្យអ្នករាល់គ្នាមានរបៀបរស់នៅសមរម្យចំពោះពួកអ្នកក្រៅ ហើយមិនខ្វះអ្វីសោះ។
១៣ បងប្អូនអើយ ម្យ៉ាងទៀត យើងចង់ឲ្យអ្នករាល់គ្នាយល់អំពីពួកអ្នកដែលកំពុងដេកលក់ក្នុងសេចក្ដីស្លាប់ ដើម្បីកុំឲ្យអ្នករាល់គ្នាកើតទុក្ខដូចពួកអ្នកដទៃដែលគ្មានសេចក្ដីសង្ឃឹម។ ១៤ ព្រោះប្រសិនបើយើងមានជំនឿថា លោកយេស៊ូបានស្លាប់ ហើយរស់ឡើងវិញ នោះយើងក៏មានជំនឿថាពួកអ្នកដែលបានដេកលក់ក្នុងសេចក្ដីស្លាប់តាមរយៈលោកយេស៊ូ ព្រះនឹងនាំមកជាមួយនឹងលោក។ ១៥ ព្រោះយើងសូមប្រាប់អ្នករាល់គ្នាស្របតាមបណ្ដាំរបស់ព្រះយេហូវ៉ាថា យើងដែលរស់នៅក្នុងអំឡុងវត្តមានរបស់លោកម្ចាស់ នឹងមិនទៅមុនពួកអ្នកដែលបានដេកលក់ក្នុងសេចក្ដីស្លាប់ទេ ១៦ ពីព្រោះលោកម្ចាស់នឹងចុះពីស្ថានសួគ៌មក ដោយស្រែកបញ្ជា ដោយមានសំឡេងមហាទេវតា ហើយដោយកាន់ត្រែរបស់ព្រះ រួចពួកអ្នកស្លាប់ដែលបានកាន់តាមគ្រិស្តនឹងរស់ឡើងវិញមុនគេបង្អស់។ ១៧ ក្រោយមក យើងដែលនៅរស់ នឹងត្រូវកញ្ឆក់យកទៅក្នុងពពកជាមួយនឹងពួកគាត់ដើម្បីជួបនឹងលោកម្ចាស់នៅលើមេឃ រួចយើងនឹងនៅជាមួយនឹងលោកម្ចាស់ជារៀងរហូតតទៅ។ ១៨ ម្ល៉ោះហើយ ចូរបន្តលើកទឹកចិត្តគ្នាទៅវិញទៅមកដោយប្រើសម្ដីទាំងនេះ។
៥ ឥឡូវ បើនិយាយអំពីគ្រានិងពេលកំណត់វិញ អ្នករាល់គ្នាមិនត្រូវការឲ្យអ្នកណាសរសេរទៅកាន់អ្នករាល់គ្នាឡើយ។ ២ ព្រោះអ្នករាល់គ្នាដឹងច្បាស់ថា ថ្ងៃរបស់ព្រះយេហូវ៉ានឹងមកដូចជាចោរមកនៅពេលយប់។ ៣ នៅពេលដែលពួកគេនិយាយថា៖ «មានសន្ដិភាពនិងសន្ដិសុខហើយ!» នោះស្រាប់តែសេចក្ដីហិនវិនាសនឹងកើតមានដល់ពួកគេភ្លាម ដូចជាការឈឺចាប់របស់ស្ត្រីដែលហៀបនឹងសម្រាលកូន។ ពួកគេនឹងគេចមិនផុតឡើយ។ ៤ ប៉ុន្តែបងប្អូនអើយ អ្នករាល់គ្នាមិននៅក្នុងភាពងងឹតទេ ដូច្នេះ ថ្ងៃនោះនឹងមិនមកដោយអ្នករាល់គ្នាមិនដឹងខ្លួន ដូចជាពន្លឺថ្ងៃមកដោយពួកចោរមិនដឹងខ្លួននោះទេ ៥ ព្រោះអ្នករាល់គ្នាជាកូននៃពន្លឺ និងជាកូននៃថ្ងៃ។ យើងមិនមែននៅខាងយប់ឬភាពងងឹតឡើយ។
៦ ដូច្នេះ កុំឲ្យយើងដេកលង់លក់ដូចអ្នកឯទៀត តែចូរឲ្យយើងភ្ញាក់ហើយដឹងខ្លួនជានិច្ច។ ៧ ព្រោះអ្នកដែលដេក ធ្លាប់តែដេកនៅពេលយប់ ហើយអ្នកដែលផឹកស្រាស្រវឹងច្រើនតែស្រវឹងនៅពេលយប់។ ៨ ប៉ុន្តែចំណែកយើងដែលនៅខាងថ្ងៃវិញ ចូរឲ្យយើងដឹងខ្លួនជានិច្ច ហើយពាក់ជំនឿនិងសេចក្ដីស្រឡាញ់ជាអាវការពារដើមទ្រូង ថែមទាំងពាក់សេចក្ដីសង្ឃឹមលើសេចក្ដីសង្គ្រោះជាមួកការពារក្បាល ៩ ពីព្រោះព្រះបានជ្រើសរើសយើង មិនមែនដើម្បីឲ្យយើងទទួលកំហឹងរបស់លោក ប៉ុន្តែដើម្បីឲ្យយើងទទួលសេចក្ដីសង្គ្រោះតាមរយៈលោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង។ ១០ លោកបានស្លាប់ដើម្បីឲ្យយើងអាចរស់ជាមួយនឹងលោក ទោះជាយើងបានដេកលក់ឬភ្ញាក់រហូតក៏ដោយ។ ១១ ដូច្នេះ ចូរបន្តសម្រាលទុក្ខគ្នាទៅវិញទៅមក ហើយពង្រឹងកម្លាំងគ្នាទៅវិញទៅមក ដូចអ្នករាល់គ្នាកំពុងធ្វើ។
១២ បងប្អូនអើយ ឥឡូវយើងសុំអ្នករាល់គ្នាគោរពពួកអ្នកដែលធ្វើការនឿយហត់ក្នុងចំណោមអ្នករាល់គ្នា ព្រមទាំងដឹកនាំអ្នករាល់គ្នាក្នុងកិច្ចបម្រើលោកម្ចាស់ ហើយដាស់តឿនអ្នករាល់គ្នា ១៣ ហើយឲ្យតម្លៃខ្ពស់ដល់ពួកគាត់ដោយសេចក្ដីស្រឡាញ់ ដោយសារកិច្ចការរបស់ពួកគាត់។ ចូរធ្វើឲ្យមានសន្ដិភាពរវាងគ្នានឹងគ្នា។ ១៤ ម្យ៉ាងទៀត យើងសូមបំផុសទឹកចិត្តអ្នករាល់គ្នាឲ្យមានចិត្តធ្ងន់ចំពោះមនុស្សទាំងអស់ ដាស់តឿនពួកអ្នកដែលប្រព្រឹត្តខុសគន្លង និយាយសម្រាលទុក្ខពួកអ្នកដែលធ្លាក់ទឹកចិត្ត ហើយគាំពារពួកអ្នកដែលខ្សោយ។ ១៥ កុំឲ្យអ្នកណាធ្វើអំពើអាក្រក់តបស្នងនឹងអំពើអាក្រក់ឡើយ ប៉ុន្តែចូររកវិធីធ្វើអំពើល្អចំពោះគ្នាទៅវិញទៅមកនិងចំពោះអ្នកឯទៀតជានិច្ច។
១៦ ចូរអរសប្បាយជានិច្ច។ ១៧ ចូរអធិដ្ឋានឥតឈប់។ ១៨ ចូរថ្លែងអំណរគុណសម្រាប់អ្វីៗទាំងអស់។ ព្រោះនេះជាបំណងប្រាថ្នារបស់ព្រះចំពោះអ្នករាល់គ្នាដោយសារគ្រិស្តយេស៊ូ។ ១៩ កុំរារាំងឥទ្ធិពលនៃសកម្មពល* របស់ព្រះ។ ២០ កុំមើលងាយទំនាយ។ ២១ ចូរពិចារណាអ្វីៗទាំងអស់ឲ្យប្រាកដថាត្រឹមត្រូវ ចូរកាន់ខ្ជាប់តាមអ្វីដែលប្រសើរ។ ២២ ចូរចៀសចេញពីអំពើទុច្ចរិតគ្រប់យ៉ាង។
២៣ សូមឲ្យព្រះនៃសេចក្ដីសុខសាន្តធ្វើឲ្យអ្នករាល់គ្នាបរិសុទ្ធទាំងស្រុង។ សូមឲ្យចិត្តគំនិត* ជីវិតនិងរូបកាយរបស់បងប្អូនបានត្រូវរក្សាការពារមិនឲ្យមានកន្លែងបន្ទោស និងមានគ្រប់លក្ខណៈក្នុងអំឡុងវត្តមានរបស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង។ ២៤ លោកដែលកំពុងហៅអ្នករាល់គ្នាគឺស្មោះត្រង់ ហើយលោកនឹងធ្វើការនោះ។
២៥ បងប្អូនអើយ សូមបន្តអធិដ្ឋានឲ្យយើង។
២៦ សូមសួរសុខទុក្ខបងប្អូនទាំងអស់គ្នា ដោយការថើបដែលប្រកបដោយសេចក្ដីស្រឡាញ់ជាបងប្អូន។
២៧ ខ្ញុំបង្គាប់អ្នករាល់គ្នាក្នុងនាមលោកម្ចាស់ ឲ្យអានសំបុត្រនេះជូនបងប្អូនទាំងអស់ស្ដាប់។
២៨ សូមឲ្យគុណដ៏វិសេសលើសលប់របស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើងនៅជាមួយនឹងអ្នករាល់គ្នា។
[កំណត់សម្គាល់]
ឬ«ស៊ីឡាស»
មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៤
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
ភាសាក្រិច«អាប៉ូស្តូឡូស»។ មានន័យថា«អ្នកដែលត្រូវគេចាត់ឲ្យទៅ»
ភាសាក្រិច«ផ្ស៊ីគី»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ក
មើលកំណត់សម្គាល់រ៉ូម ៥:១២
ឬ«ព្រះ»
ភាសាក្រិច«សាថាណាស»។ មានន័យថា«អ្នកប្រឆាំង»ឬ«សត្រូវ»
មើលកំណត់សម្គាល់ម៉ាថ ៥:៣២
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
មើលកំណត់សម្គាល់ខ១៩