សំបុត្រទីពីរជូនចំពោះគ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិច
១ ពីខ្ញុំ ប៉ូល ស៊ីលវេនុស និងធីម៉ូថេ ជូនចំពោះក្រុមជំនុំនៅក្រុងថែស្សាឡូនិចដែលរួបរួមជាមួយនឹងព្រះដែលជាបិតារបស់យើង ព្រមទាំងជាមួយនឹងលោកម្ចាស់យេស៊ូគ្រិស្ត៖*
២ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏វិសេសលើសលប់និងសេចក្ដីសុខសាន្តពីព្រះដែលជាបិតា និងពីលោកម្ចាស់យេស៊ូគ្រិស្ត។
៣ បងប្អូនអើយ យើងត្រូវអរគុណព្រះជានិច្ចដោយសារអ្នករាល់គ្នា។ យើងធ្វើដូច្នោះគឺត្រឹមត្រូវ ពីព្រោះជំនឿរបស់អ្នករាល់គ្នាកំពុងចម្រើនកាន់តែច្រើនឡើង ហើយអ្នកទាំងអស់គ្នាស្រឡាញ់គ្នាទៅវិញទៅមកកាន់តែខ្លាំងឡើង។ ៤ ហេតុនេះ យើងមានមោទនភាពចំពោះអ្នករាល់គ្នាក្នុងចំណោមក្រុមជំនុំទាំងឡាយរបស់ព្រះ ដោយសារការស៊ូទ្រាំនិងជំនឿរបស់អ្នករាល់គ្នានៅចំពោះមុខការបៀតបៀននិងទុក្ខវេទនាទាំងអស់ដែលអ្នករាល់គ្នាកំពុងឆ្លងកាត់។ ៥ នេះជាភ័ស្តុតាងដែលបញ្ជាក់ថាព្រះវិនិច្ឆ័យដោយសុចរិតយុត្ដិធម៌ ហើយដោយសារការនោះ អ្នករាល់គ្នាបានត្រូវចាត់ទុកថាជាអ្នកដែលសមនឹងទទួលរាជាណាចក្រនៃព្រះ ជាហេតុដែលអ្នករាល់គ្នាកំពុងរងទុក្ខ។
៦ ព្រោះពិតជាការសុចរិតដែលព្រះសងទុក្ខវេទនាដល់ពួកអ្នកដែលធ្វើឲ្យអ្នករាល់គ្នាមានទុក្ខវេទនា ៧ ប៉ុន្តែចំណែកអ្នករាល់គ្នាដែលរងទុក្ខវេទនា លោកនឹងធ្វើឲ្យធូរស្បើយជាមួយនឹងយើង ពេលដែលលោកម្ចាស់យេស៊ូលេចមក* ពីស្ថានសួគ៌ជាមួយនឹងបណ្ដាទេវតាខ្លាំងក្លារបស់លោក ៨ ក្នុងអណ្ដាតភ្លើង ពេលដែលលោកសងសឹកពួកអ្នកដែលមិនស្គាល់ព្រះ និងពួកអ្នកដែលមិនស្ដាប់តាមដំណឹងល្អអំពីលោកយេស៊ូជាម្ចាស់របស់យើង។ ៩ អ្នកទាំងនោះនឹងត្រូវកាត់ទោសឲ្យទទួលសេចក្ដីហិនវិនាសជារៀងរហូត ហើយបាត់ពីមុខលោកម្ចាស់និងឫទ្ធានុភាពដ៏រុងរឿងរបស់លោក ១០ នៅពេលដែលលោកមកដើម្បីទទួលសិរីរុងរឿងជាមួយនឹងពួកអ្នកបរិសុទ្ធរបស់លោក ហើយដើម្បីឲ្យអស់អ្នកដែលបានបង្ហាញជំនឿកោតស្ងើចលោកនៅថ្ងៃនោះ ពីព្រោះអ្នករាល់គ្នាបានជឿសក្ខីភាពរបស់យើង។
១១ ហេតុនោះ យើងតែងតែអធិដ្ឋានឲ្យអ្នករាល់គ្នា ដោយសូមឲ្យព្រះរបស់យើងចាត់ទុកថា អ្នករាល់គ្នាគឺសមនឹងការដែលលោកហៅ ហើយសូមឲ្យលោកបំពេញការល្អទាំងអស់ដែលលោកពេញចិត្ត ដោយឫទ្ធានុភាពរបស់លោក ព្រមទាំងធ្វើឲ្យអ្នករាល់គ្នាទទួលជោគជ័យក្នុងការដែលអ្នករាល់គ្នាធ្វើដោយជំនឿ ១២ ដើម្បីឲ្យនាមរបស់លោកយេស៊ូជាម្ចាស់របស់យើងទទួលការលើកតម្កើងតាមរយៈអ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នាទទួលសិរីរុងរឿងដោយរួបរួមជាមួយនឹងលោក ស្របតាមគុណដ៏វិសេសលើសលប់នៃព្រះរបស់យើងនិងលោកម្ចាស់យេស៊ូគ្រិស្ត។
២ បងប្អូនអើយ ប៉ុន្តែបើនិយាយអំពីវត្តមានរបស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង និងការប្រមូលយើងមកឯលោក យើងសុំប្រាប់ថា ២ កុំឲ្យវិចារណញ្ញាណរបស់អ្នករាល់គ្នាឆាប់រង្គោះរង្គើ ហើយកុំឆាប់ជ្រួលច្របល់ក្នុងចិត្តដោយសារមានការអះអាងថាថ្ងៃរបស់ព្រះយេហូវ៉ាបានមកដល់ហើយ ទោះជាការអះអាងនោះមកតាមរយៈទំនាយ ពាក្យសម្ដី ឬសំបុត្រណាមួយដែលហាក់ដូចជាមកពីយើងក៏ដោយ។
៣ កុំឲ្យអ្នកណាល្បួងលួងលោមអ្នករាល់គ្នាឲ្យសោះ ពីព្រោះលុះត្រាតែការក្បត់ជំនឿកើតឡើងជាមុនសិន ហើយបុរសប្រឆាំងច្បាប់ ពោលគឺកូននៃសេចក្ដីហិនវិនាសត្រូវបង្ហាញឲ្យឃើញ ទើបថ្ងៃនោះមកដល់។ ៤ អ្នកនោះជាអ្នកប្រឆាំង និងលើកខ្លួនខ្ពស់ជាងអស់អ្នកណាដែលគេហៅថា«ព្រះ» ឬខ្ពស់ជាងអ្វីដែលមនុស្សគោរពបូជា ហើយដូច្នេះ អ្នកនោះអង្គុយក្នុងវិហាររបស់ព្រះ ដោយបង្ហាញជាសាធារណៈថាខ្លួនជាព្រះមួយ។ ៥ តើអ្នករាល់គ្នាមិនចាំទេថា ខ្ញុំធ្លាប់ប្រាប់អ្នករាល់គ្នាអំពីការទាំងនេះ ពេលដែលខ្ញុំនៅជាមួយ?
៦ ម្ល៉ោះហើយ ឥឡូវអ្នករាល់គ្នាដឹងអ្វីដែលឃាត់ឃាំងបុរសប្រឆាំងច្បាប់ ដើម្បីឲ្យអ្នកនោះអាចត្រូវបង្ហាញឲ្យឃើញនៅពេលកំណត់របស់ខ្លួន។ ៧ ពិតមែនតែអាថ៌កំបាំងអំពីការប្រឆាំងច្បាប់នេះកំពុងមានសកម្មភាពហើយ ប៉ុន្តែអាថ៌កំបាំងនោះនៅតែជាអាថ៌កំបាំង រហូតដល់លែងមានអ្នកឃាត់ឃាំង។ ៨ បន្ទាប់មក អ្នកប្រឆាំងច្បាប់នោះនឹងត្រូវបង្ហាញឲ្យឃើញពិតមែន គឺអ្នកដែលលោកម្ចាស់យេស៊ូនឹងបំបាត់ចោលដោយសកម្មពល* ចេញពីមាត់លោក ក៏នឹងធ្វើឲ្យសាបសូន្យទៅពេលដែលវត្តមានរបស់លោកត្រូវបង្ហាញឲ្យឃើញ។ ៩ ប៉ុន្តែវត្តមានរបស់អ្នកប្រឆាំងច្បាប់នោះមានតាមរយៈសកម្មភាពរបស់សាថាន* ហើយប្រកបដោយគ្រប់ការអស្ចារ្យ សញ្ញាសម្គាល់ក្លែងក្លាយ ការដែលប្រកបដោយឫទ្ធានុភាព ១០ និងដោយប្រើការមិនសុចរិតគ្រប់បែបយ៉ាងដើម្បីបោកបញ្ឆោតពួកអ្នកដែលកំពុងវិនាស ជាការសងសឹក ពីព្រោះពួកគេមិនព្រមស្រឡាញ់សេចក្ដីពិតដើម្បីទទួលសេចក្ដីសង្គ្រោះ។ ១១ នោះជាមូលហេតុដែលព្រះអនុញ្ញាតឲ្យឥទ្ធិពលដែលបោកបញ្ឆោតមានអានុភាពលើពួកគេ ឲ្យពួកគេជឿការភូតភរ ១២ ដើម្បីឲ្យពួកគេទាំងអស់គ្នាទទួលការផ្ដន្ទាទោស ពីព្រោះពួកគេមិនបានជឿសេចក្ដីពិត តែបានពេញចិត្តនឹងអ្វីដែលមិនសុចរិត។
១៣ ប៉ុន្តែបងប្អូន ជាអ្នកដែលព្រះយេហូវ៉ាស្រឡាញ់អើយ យើងត្រូវអរគុណព្រះជានិច្ចដោយសារអ្នករាល់គ្នា ពីព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាតាំងពីដំបូងឲ្យបានសេចក្ដីសង្គ្រោះដោយញែកអ្នករាល់គ្នាជាបរិសុទ្ធ ដោយសកម្មពលរបស់លោក និងដោយជំនឿរបស់អ្នករាល់គ្នាលើសេចក្ដីពិត។ ១៤ លោកបានហៅអ្នករាល់គ្នាក្នុងបំណងនេះ តាមរយៈដំណឹងល្អដែលយើងប្រកាស ដើម្បីទទួលសិរីរុងរឿងរបស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង។ ១៥ បងប្អូនអើយ ដូច្នេះ ចូរកាន់ជំហរមាំមួន ហើយកាន់ខ្ជាប់តាមទំនៀមទម្លាប់ដែលអ្នកបានរៀន ទោះជាបានរៀនតាមរយៈពាក្យសម្ដី ឬសំបុត្ររបស់យើងក៏ដោយ។ ១៦ ម្យ៉ាងទៀត លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើងនិងព្រះដែលជាបិតារបស់យើង ដែលបានស្រឡាញ់យើងព្រមទាំងផ្ដល់ឲ្យមានការសម្រាលទុក្ខជារៀងរហូតនិងសេចក្ដីសង្ឃឹមដ៏អស្ចារ្យ តាមរយៈគុណដ៏វិសេសលើសលប់ ១៧ សូមឲ្យលោកសម្រាលទុក្ខអ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នាមាំមួនឡើងក្នុងគ្រប់ពាក្យសម្ដីល្អនិងការល្អទាំងអស់។
៣ បងប្អូនអើយ ក្រោយបង្អស់ ចូរបន្តអធិដ្ឋានឲ្យយើង ដើម្បីឲ្យបណ្ដាំរបស់ព្រះយេហូវ៉ាបន្តផ្សាយចេញយ៉ាងលឿន ហើយទទួលការលើកតម្កើងដូចដែលកំពុងទទួលពីចំណោមអ្នករាល់គ្នា ២ ហើយអធិដ្ឋានឲ្យយើងបានរួចពីមនុស្សទុច្ចរិតនិងមនុស្សដែលធ្វើឲ្យអន្តរាយ ព្រោះមិនមែនមនុស្សទាំងអស់មានជំនឿទេ។ ៣ ប៉ុន្តែលោកម្ចាស់ស្មោះត្រង់ ហើយលោកនឹងធ្វើឲ្យអ្នករាល់គ្នាមាំមួន ព្រមទាំងការពារពីមេកំណាច។ ៤ ម្យ៉ាងទៀត ក្នុងនាមជាអ្នកកាន់តាមលោកម្ចាស់ យើងជឿជាក់ថាអ្នករាល់គ្នាកំពុងធ្វើអ្វីដែលយើងបានបង្គាប់ ហើយនឹងធ្វើការទាំងនោះតទៅទៀត។ ៥ សូមឲ្យលោកម្ចាស់បន្តទទួលជោគជ័យក្នុងការដឹកនាំចិត្តរបស់អ្នករាល់គ្នាឲ្យស្រឡាញ់ព្រះនិងស៊ូទ្រាំដើម្បីគ្រិស្ត។
៦ បងប្អូនអើយ ឥឡូវយើងបង្គាប់អ្នករាល់គ្នាក្នុងនាមលោកម្ចាស់យេស៊ូគ្រិស្ត ឲ្យដកខ្លួនចេញពីបងប្អូនណាដែលមានរបៀបរស់នៅខុសគន្លង មិនស្របតាមទំនៀមទម្លាប់ដែលអ្នករាល់គ្នាបានទទួលពីយើង។ ៧ ព្រោះអ្នករាល់គ្នាដឹងរបៀបដែលអ្នករាល់គ្នាត្រូវយកតម្រាប់តាមយើង ពីព្រោះយើងមិនបានប្រព្រឹត្តខុសគន្លងក្នុងចំណោមអ្នករាល់គ្នាទេ ៨ យើងក៏មិនបានបរិភោគអាហាររបស់អ្នកណាទទេដែរ។ ផ្ទុយទៅវិញ យើងធ្វើការយ៉ាងនឿយហត់ទាំងយប់ទាំងថ្ងៃដើម្បីកុំឲ្យអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាអស់ប្រាក់ច្រើន។ ៩ មិនមែនដោយសារយើងគ្មានសិទ្ធិអំណាចទេ ប៉ុន្តែដើម្បីធ្វើជាគំរូឲ្យអ្នករាល់គ្នាយកតម្រាប់តាម។ ១០ ម្យ៉ាងទៀត ពេលដែលយើងនៅជាមួយនឹងអ្នករាល់គ្នា យើងតែងបង្គាប់ថា៖ «ប្រសិនបើមានអ្នកណាដែលមិនចង់ធ្វើការ អ្នកនោះមិនត្រូវបរិភោគឡើយ»។ ១១ ព្រោះយើងបានឮថា ក្នុងចំណោមអ្នករាល់គ្នា មានអ្នកខ្លះដែលមានរបៀបរស់នៅខុសគន្លង ពួកគេមិនធ្វើការសោះ ប៉ុន្តែចេះតែជ្រៀតជ្រែកក្នុងរឿងដែលមិនទាក់ទងនឹងពួកគេទៅវិញ។ ១២ យើងបង្គាប់ហើយដាស់តឿនពួកមនុស្សបែបនោះក្នុងនាមលោកម្ចាស់យេស៊ូគ្រិស្តថា ពួកគេត្រូវធ្វើការដោយស្ងប់ស្ងៀម ហើយបរិភោគអាហារដែលពួកគេបានមកពីការខំប្រឹងរបស់ខ្លួន។
១៣ បងប្អូនអើយ ចំណែកអ្នករាល់គ្នា កុំឈប់តស៊ូធ្វើអ្វីដែលត្រឹមត្រូវ។ ១៤ ប៉ុន្តែប្រសិនបើមានអ្នកណាដែលមិនស្ដាប់តាមពាក្យរបស់យើងក្នុងសំបុត្រនេះ ចូរចំណាំអ្នកនោះ ហើយឈប់សេពគប់ជាមួយ ដើម្បីឲ្យគាត់អៀនខ្មាស។ ១៥ ប៉ុន្តែទោះជាយ៉ាងនោះក៏ដោយ កុំចាត់ទុកគាត់ជាសត្រូវ តែចូរបន្តដាស់តឿនគាត់ជាបងប្អូន។
១៦ សូមឲ្យលោកម្ចាស់នៃសេចក្ដីសុខសាន្តផ្ដល់សេចក្ដីសុខសាន្តគ្រប់យ៉ាងដល់អ្នករាល់គ្នាជានិច្ច។ សូមឲ្យលោកម្ចាស់នៅជាមួយនឹងអ្នករាល់គ្នា។
១៧ ខ្ញុំ ប៉ូល សរសេរពាក្យសួរសុខទុក្ខនេះដោយដៃខ្ញុំផ្ទាល់ នេះជាអក្សរដែលសម្គាល់គ្រប់សំបុត្រទាំងអស់របស់ខ្ញុំ។ នេះជារបៀបដែលខ្ញុំសរសេរ។
១៨ សូមឲ្យគុណដ៏វិសេសលើសលប់របស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង នៅជាមួយនឹងអ្នករាល់គ្នា។
[កំណត់សម្គាល់]
មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៤
ឬ«នឹងត្រូវសម្ដែង»
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
ភាសាក្រិច«សាថាណាស»។ មានន័យថា«អ្នកប្រឆាំង»ឬ«សត្រូវ»