សំបុត្រទីមួយជូនចំពោះធីម៉ូថេ
១ ពីខ្ញុំ ប៉ូល ដែលជាសាវ័ក* របស់គ្រិស្ត* យេស៊ូ ក្រោមបង្គាប់របស់ព្រះជាអ្នកសង្គ្រោះយើង និងរបស់គ្រិស្តយេស៊ូ ជាសេចក្ដីសង្ឃឹមរបស់យើង ២ ជូនចំពោះធីម៉ូថេ ជាកូនពិតប្រាកដក្នុងជំនឿ៖
សូមឲ្យអ្នកបានប្រកបដោយគុណដ៏វិសេសលើសលប់ សេចក្ដីមេត្ដាករុណា និងសេចក្ដីសុខសាន្តពីព្រះដែលជាបិតា និងពីគ្រិស្តយេស៊ូជាម្ចាស់របស់យើង។
៣ ឥឡូវ ខ្ញុំសូមលើកទឹកចិត្តអ្នកឲ្យនៅក្រុងអេភេសូរតទៅទៀត ដូចខ្ញុំបានលើកទឹកចិត្តអ្នកពីមុន ពេលដែលខ្ញុំហៀបនឹងទៅតំបន់ម៉ាសេដូន ដើម្បីឲ្យអ្នកបង្គាប់អ្នកខ្លះនៅទីនោះកុំឲ្យផ្សាយសេចក្ដីបង្រៀនមិនពិត ៤ ឬស្ដាប់រឿងមិនពិត ឬគិតអំពីពង្សាវតារ ព្រោះការនោះគ្មានប្រយោជន៍ទេ តែផ្ទុយទៅវិញ ការនោះនាំឲ្យធ្វើការស្រាវជ្រាវដែលចំណាយពេលវេលាច្រើន ជាជាងផ្ដល់អ្វីដែលមកពីព្រះ ដើម្បីពង្រឹងជំនឿ។ ៥ គោលបំណងនៃបង្គាប់នេះ គឺដើម្បីឲ្យយើងមានសេចក្ដីស្រឡាញ់ផុសចេញពីចិត្តបរិសុទ្ធ ផុសចេញពីជំនឿដែលគ្មានពុតត្បុត និងពីសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស។ ៦ ដោយងាកចេញពីការទាំងនោះ អ្នកខ្លះបានបែរទៅនិយាយឥតបានការ ៧ ពួកគេចង់ធ្វើជាអ្នកបង្រៀនច្បាប់ តែមិនយល់អ្វីដែលខ្លួនគេនិយាយ ឬអ្វីដែលខ្លួនគេអះអាងយ៉ាងម៉ឺងម៉ាត់នោះទេ។
៨ យើងដឹងថាច្បាប់* គឺប្រសើរ ឲ្យតែប្រើច្បាប់នោះស្របច្បាប់ ៩ ដោយដឹងថា គេមិនបង្កើតច្បាប់សម្រាប់មនុស្សសុចរិតទេ តែសម្រាប់មនុស្សដែលប្រឆាំងច្បាប់ ពិបាកគ្រប់គ្រង ទុច្ចរិត និងមនុស្សដែលប្រព្រឹត្តអំពើខុសឆ្គង* គ្មានសេចក្ដីស្រឡាញ់ស្មោះត្រង់ មិនគោរពអ្វីដែលបរិសុទ្ធ សម្លាប់ឪពុក សម្លាប់ម្ដាយ ជាឃាតករ ១០ អ្នកប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* បុរសដែលរួមដំណេកជាមួយនឹងបុរសឯទៀត អ្នកចាប់ជំរឹត អ្នកភូតភរ អ្នកស្បថបំពាន និងការអ្វីទៀតដែលប្រឆាំងសេចក្ដីបង្រៀនដែលមានប្រយោជន៍* ១១ ស្របតាមដំណឹងល្អដ៏រុងរឿងរបស់ព្រះដែលមានសេចក្ដីសប្បាយ ជាដំណឹងល្អដែលលោកបានផ្ញើទុកនឹងខ្ញុំ។
១២ ខ្ញុំមានអំណរគុណចំពោះគ្រិស្តយេស៊ូជាម្ចាស់របស់យើង ជាអ្នកដែលបានផ្ដល់កម្លាំងឲ្យខ្ញុំ ពីព្រោះលោកបានចាត់ទុកខ្ញុំជាមនុស្សស្មោះត្រង់ ដោយចាត់តាំងខ្ញុំឲ្យបំពេញកិច្ចបម្រើ ១៣ ទោះបីខ្ញុំធ្លាប់ជាអ្នកប្រមាថព្រះ ជាអ្នកបៀតបៀនរាស្ត្ររបស់លោក និងជាមនុស្សព្រហើនក៏ដោយ។ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំបានទទួលសេចក្ដីមេត្ដាករុណា ពីព្រោះខ្ញុំធ្លាប់ល្ងង់ខ្លៅ ហើយបានប្រព្រឹត្តដោយគ្មានជំនឿ។ ១៤ ប៉ុន្តែពេលនោះ គុណដ៏វិសេសលើសលប់របស់លោកម្ចាស់យើងមានជាបរិបូរចំពោះរូបខ្ញុំ ជាមួយនឹងជំនឿនិងសេចក្ដីស្រឡាញ់ក្នុងគ្រិស្តយេស៊ូ។ ១៥ ពាក្យតទៅនេះគឺពិត ហើយគួរឲ្យជឿជាក់ ពោលគឺ គ្រិស្តយេស៊ូបានចូលក្នុងពិភពលោកដើម្បីសង្គ្រោះអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង ក្នុងចំណោមអ្នកទាំងនោះ ខ្ញុំខុសធ្ងន់ជាងគេ។ ១៦ ទោះជាយ៉ាងនោះក៏ដោយ មូលហេតុដែលខ្ញុំបានទទួលសេចក្ដីមេត្ដាករុណាគឺដើម្បីគ្រិស្តយេស៊ូអាចបង្ហាញថាលោកមានចិត្តធ្ងន់ប៉ុណ្ណា ដោយប្រើខ្ញុំដែលជាអ្នកប្រព្រឹត្តខុសធ្ងន់ជាងគេ ជាគំរូសម្រាប់ពួកអ្នកដែលនឹងសាងជំនឿលើលោកដើម្បីឲ្យបានជីវិតដែលគ្មានទីបញ្ចប់។
១៧ ឯស្តេចដែលរស់ជារៀងរហូត ដែលមិនអាចខូចទៅ ហើយដែលមនុស្សមើលមិនឃើញ ពោលគឺព្រះតែមួយ សូមឲ្យលោកប្រកបដោយកិត្ដិយសនិងសិរីរុងរឿងជារៀងរហូតតទៅ។ អាមេន។
១៨ ធីម៉ូថេ កូនអើយ ខ្ញុំសូមផ្ញើសេចក្ដីបង្គាប់នេះទុកនឹងអ្នក ស្របតាមទំនាយដែលបានចង្អុលបញ្ជាក់អំពីអ្នក ដើម្បីអ្នកអាចបន្តការតយុទ្ធយ៉ាងប្រសើរក្នុងសង្គ្រាមនេះ ដោយសារទំនាយទាំងនោះ ១៩ ដោយរក្សាឲ្យមានជំនឿនិងសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស ជាអ្វីដែលអ្នកខ្លះបានបោះបង់ចោល ហើយជំនឿរបស់ពួកគេបានខូចទៅ ដូចសំពៅដែលលិចលង់។ ២០ ក្នុងចំណោមអ្នកទាំងនោះ មានហែមេនាសនិងអាឡិចសង់។ ខ្ញុំបានប្រគល់ពួកគាត់ទៅសាថាន* ដើម្បីប្រដៅពួកគាត់ឲ្យរៀនកុំឲ្យប្រមាថព្រះ។
២ ម្ល៉ោះហើយ មុនបង្អស់ ខ្ញុំសូមបំផុសទឹកចិត្តឲ្យស្នើសុំព្រះឲ្យអ្នកឯទៀត អង្វរសូមព្រះ អធិដ្ឋាន និងអរគុណព្រះដើម្បីមនុស្សគ្រប់ប្រភេទ ២ ដើម្បីស្តេចនានា និងអស់អ្នកដែលមានឋានៈខ្ពង់ខ្ពស់ ដើម្បីយើងអាចរក្សាឲ្យមានជីវិតស្ងៀមស្ងាត់ ដោយមានភាពនឹងធឹងនិងភក្ដីភាពចំពោះព្រះគ្រប់ជំពូក។ ៣ ព្រះដែលជាអ្នកសង្គ្រោះយើងចាត់ទុកការនោះជាការប្រសើរ ហើយក៏ពេញចិត្តនឹងការនោះ ៤ ហើយលោកមានបំណងប្រាថ្នាឲ្យមនុស្សគ្រប់ប្រភេទទទួលសេចក្ដីសង្គ្រោះ ហើយមានចំណេះត្រឹមត្រូវអំពីសេចក្ដីពិត។ ៥ ព្រោះមានព្រះតែមួយ និងអ្នកសម្រុះសម្រួលតែមួយរវាងព្រះនិងមនុស្សជាតិ គឺបុរសម្នាក់ គ្រិស្តយេស៊ូ ៦ ដែលបានប្រគល់ខ្លួនជាថ្លៃលោះ* មនុស្សទាំងអស់។ ការនោះនឹងត្រូវបញ្ជាក់នៅពេលកំណត់របស់វា។ ៧ ដើម្បីធ្វើជាសាក្សីដែលបញ្ជាក់អំពីការនោះ ខ្ញុំបានទទួលការតែងតាំងជាអ្នកផ្សព្វផ្សាយនិងជាសាវ័ក គឺអ្នកបង្រៀនប្រជាជាតិនានាអំពីជំនឿនិងសេចក្ដីពិត។ ខ្ញុំកំពុងប្រាប់ការពិត ខ្ញុំមិនកុហកទេ។
៨ ដូច្នេះ ខ្ញុំចង់ឲ្យបុរសនៅគ្រប់ទីកន្លែងអធិដ្ឋានតទៅទៀត ដោយលើកដៃឡើងទាំងមានភក្ដីភាព ប្រាសចាកកំហឹងនិងការជជែកតវ៉ា។ ៩ ដូចគ្នាដែរ ខ្ញុំមិនចង់ឲ្យស្ត្រីទាំងឡាយតែងខ្លួនដោយក្រងសក់របៀបពិសេស ដោយពាក់មាស ឬគជ់ខ្យង ឬសម្លៀកបំពាក់ថ្លៃក្រៃលែងឡើយ តែចង់ឲ្យតែងខ្លួនដោយសម្លៀកបំពាក់រៀបរយ បែបរមទម និងដោយមានគំនិតសមហេតុសមផល ១០ តាមរបៀបសមនឹងស្ត្រីដែលអះអាងថាខ្លួនគោរពប្រណិប័តន៍ព្រះ ពោលគឺដោយធ្វើការល្អ។
១១ ចូរឲ្យស្ត្រីនៅស្ងៀមពេលដែលរៀន ដោយចុះចូលទាំងស្រុង។ ១២ ខ្ញុំមិនអនុញ្ញាតឲ្យស្ត្រីបង្រៀន ឬមានអំណាចលើបុរសទេ ប៉ុន្តែឲ្យនៅស្ងៀមវិញ។ ១៣ ព្រោះអាដាមបានត្រូវបង្កើតមុន រួចមកអេវ៉ា។ ១៤ ម្យ៉ាងទៀត អាដាមមិនបានត្រូវបោកបញ្ឆោតទេ តែស្ត្រីបានចាញ់បោកទាំងស្រុង រួចបានប្រព្រឹត្តបទរំលង។ ១៥ ក៏ប៉ុន្តែការបង្កើតកូននឹងរក្សាការពារស្ត្រី ឲ្យតែនាងរក្សាឲ្យមានជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីបរិសុទ្ធ ព្រមទាំងដឹងខុសត្រូវ។
៣ ពាក្យនេះគឺជាពាក្យពិត៖
ប្រសិនបើបុរសណាកំពុងព្យាយាមឲ្យបានមុខងារជាអ្នកត្រួតពិនិត្យ គាត់ចង់បានកិច្ចការដ៏ល្អប្រសើរ។ ២ ដូច្នេះ អ្នកត្រួតពិនិត្យត្រូវជាអ្នកដែលគ្មានកន្លែងបន្ទោស មានប្រពន្ធតែមួយ ប្រព្រឹត្តដោយមានតុល្យភាព ដឹងខុសត្រូវ មានសណ្ដាប់ធ្នាប់ ចេះទទួលអ្នកឯទៀតដោយរាក់ទាក់ មានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីបង្រៀន ៣ មិនមែនជាអ្នកប្រមឹកស្រា ឬអ្នកវាយតប់ តែជាមនុស្សសមហេតុផល មិនមែនជាអ្នកដែលចូលចិត្តឈ្លោះប្រកែក មិនស្រឡាញ់ប្រាក់ ៤ កំពុងដឹកនាំពួកអ្នកផ្ទះរបស់ខ្លួនយ៉ាងល្អប្រសើរ មានកូនដែលចុះចូល ថែមទាំងមានភាពនឹងធឹងគ្រប់ជំពូក ៥ (ប្រសិនបើអ្នកណាម្នាក់មិនចេះដឹកនាំពួកអ្នកផ្ទះរបស់ខ្លួន តើអ្នកនោះអាចថែរក្សាក្រុមជំនុំរបស់ព្រះយ៉ាងដូចម្ដេចបាន?) ៦ មិនមែនជាអ្នកដែលទើបនឹងជឿថ្មី ក្រែងលោគាត់បែរជាក្រអឺតក្រអោង រួចទទួលការផ្ដន្ទាទោសដូចមេកំណាច* បានទទួល។ ៧ ម្យ៉ាងទៀត គាត់ត្រូវមានឈ្មោះល្អក្នុងចំណោមអ្នកក្រៅ ដើម្បីកុំឲ្យគាត់ទទួលការតិះដៀល ហើយធ្លាក់ចូលអន្ទាក់របស់មេកំណាច។
៨ ជំនួយការខាងកិច្ចបម្រើត្រូវជាមនុស្សនឹងធឹង មិននិយាយសម្ដីពីរ មិនពិសាស្រាច្រើន មិនលោភដោយខំរកប្រយោជន៍ផ្ទាល់ខ្លួនតាមរបៀបមិនទៀងត្រង់ ៩ កាន់ខ្ជាប់នឹងអាថ៌កំបាំងដ៏ពិសិដ្ឋនៃជំនឿដោយមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស។
១០ ម្យ៉ាងទៀត ចូរល្បងមើលអ្នកទាំងនោះឲ្យដឹងថាសមនឹងទទួលឯកសិទ្ធិនេះ ឬក៏មិនសម រួចចូរឲ្យពួកគាត់ធ្វើជាអ្នកបម្រើ ដោយសារពួកគាត់គ្មានកន្លែងចាប់កំហុសបាន។
១១ ដូចគ្នាដែរ ស្ត្រីត្រូវមានភាពនឹងធឹង មិនមែនជាអ្នកបង្កាច់បង្ខូច តែប្រព្រឹត្តដោយមានតុល្យភាព ហើយស្មោះត្រង់ក្នុងគ្រប់ការទាំងអស់។
១២ ជំនួយការខាងកិច្ចបម្រើត្រូវមានប្រពន្ធតែមួយ ហើយដឹកនាំកូននិងពួកអ្នកផ្ទះរបស់ខ្លួនយ៉ាងល្អប្រសើរ។ ១៣ ព្រោះបុរសដែលបំពេញកិច្ចបម្រើយ៉ាងល្អប្រសើរទទួលបានកេរ្ដិ៍ឈ្មោះល្អ ហើយអាចនិយាយដោយសេរីអំពីជំនឿដែលទាក់ទងនឹងគ្រិស្តយេស៊ូ។
១៤ ទោះជាខ្ញុំសង្ឃឹមថាខ្ញុំនឹងមកឯអ្នកឆាប់ៗក៏ដោយ ក៏ខ្ញុំសរសេរការទាំងនេះទៅកាន់អ្នកដែរ ១៥ ក្រែងលោខ្ញុំក្រមក ដើម្បីឲ្យអ្នកដឹងរបៀបដែលអ្នកត្រូវប្រព្រឹត្តក្នុងក្រុមគ្រួសាររបស់ព្រះ ជាក្រុមជំនុំរបស់ព្រះដែលមានជីវិតរស់នៅ ជាសសរទ្រូង និងជាកំពែងការពារសេចក្ដីពិត។ ១៦ អាថ៌កំបាំងដ៏ពិសិដ្ឋអំពីភក្ដីភាពចំពោះព្រះ ពិតជាអស្ចារ្យមែន៖ ‹លោកបានលេចមកជាមនុស្ស បានត្រូវប្រកាសថាសុចរិតក្នុងវិញ្ញាណ* បានលេចមកជួបបណ្ដាទេវតា បានត្រូវគេផ្សព្វផ្សាយដល់ប្រជាជាតិនានា បានត្រូវគេជឿក្នុងពិភពលោក បានត្រូវយកឡើងទៅលើមេឃដោយមានសិរីរុងរឿង›។
៤ ក៏ប៉ុន្តែបណ្ដាំពីសកម្មពល* របស់ព្រះថា នៅអនាគតប្រាកដជាមានគ្រាដែលអ្នកខ្លះនឹងបោះបង់ជំនឿ ដោយស្ដាប់តាមបណ្ដាំមិនពិតដែលហាក់ដូចជាមកពីព្រះ ព្រមទាំងស្ដាប់តាមសេចក្ដីបង្រៀនរបស់ពួកវិញ្ញាណកំណាច* ២ ហើយដោយសារពុតត្បុតរបស់មនុស្សដែលនិយាយកុហក និងដែលមានសមត្ថភាពវិនិច្ឆ័យស្ពឹកដូចស្បែកដែលរលាកដោយដែកដុត។ ៣ ពួកគេហាមមិនឲ្យរៀបការ ក៏បង្គាប់មិនឲ្យបរិភោគអាហារខ្លះដែលព្រះបានបង្កើតសម្រាប់ឲ្យអ្នកដែលមានជំនឿនិងស្គាល់សេចក្ដីពិតយ៉ាងច្បាស់ បរិភោគដោយអរគុណ។ ៤ ពីព្រោះអ្វីៗទាំងអស់ដែលព្រះបានបង្កើតគឺល្អប្រសើរ ហើយគ្មានអ្វីដែលគួរនឹងបដិសេធទេ ប្រសិនបើបរិភោគដោយអរគុណ ៥ ព្រោះអ្វីៗទាំងនោះបានត្រូវធ្វើឲ្យបរិសុទ្ធដោយបណ្ដាំរបស់ព្រះនិងការអធិដ្ឋាន។
៦ ដោយផ្ដល់ឱវាទនេះដល់បងប្អូន អ្នកនឹងធ្វើជាអ្នកបម្រើគ្រិស្តដ៏ល្អប្រសើរ ពោលគឺអ្នកបម្រើដែលបានត្រូវបំប៉នដោយពាក្យនៃជំនឿរបស់យើង និងនៃសេចក្ដីបង្រៀនដ៏ល្អប្រសើរដែលអ្នកបានកាន់តាមយ៉ាងដិតដល់។ ៧ ប៉ុន្តែចូរបដិសេធរឿងមិនពិតដែលមិនស្របតាមអ្វីដែលបរិសុទ្ធ និងជារឿងដែលស្ត្រីចាស់ៗប្រាប់។ ផ្ទុយទៅវិញ ចូរបង្ហាត់បង្រៀនខ្លួនអ្នកក្នុងគោលដៅរក្សាភក្ដីភាពចំពោះព្រះ។ ៨ ព្រោះការហ្វឹកហាត់ខ្លួនប្រាណមានប្រយោជន៍បន្ដិចបន្តួច ប៉ុន្តែភក្ដីភាពចំពោះព្រះមានប្រយោជន៍សម្រាប់គ្រប់ការទាំងអស់ ព្រោះនោះរួមបញ្ចូលសេចក្ដីសន្យាឲ្យបានជីវិតនៅបច្ចុប្បន្ននិងនៅអនាគត។ ៩ ពាក្យទាំងនេះគឺពិត ហើយគួរឲ្យជឿជាក់។ ១០ ព្រោះយើងកំពុងធ្វើការនឿយហត់ ហើយខំប្រឹងព្យាយាម ពីព្រោះយើងសង្ឃឹមលើព្រះដែលមានជីវិតរស់នៅ ដែលសង្គ្រោះមនុស្សគ្រប់ប្រភេទ ជាពិសេសមនុស្សស្មោះត្រង់។
១១ ចូរបន្តបង្គាប់ឲ្យធ្វើការទាំងនេះ ថែមទាំងបង្រៀនសេចក្ដីទាំងនេះ។ ១២ កុំឲ្យអ្នកណាមើលងាយអ្នកដោយសារអ្នកនៅក្មេងឡើយ។ ផ្ទុយទៅវិញ ក្នុងការនិយាយ ការប្រព្រឹត្ត សេចក្ដីស្រឡាញ់ ជំនឿ និងសេចក្ដីបរិសុទ្ធ ចូរធ្វើជាគំរូល្អដល់ពួកអ្នកស្មោះត្រង់។ ១៣ ចូរបន្តព្យាយាមក្នុងការអានឲ្យអ្នកឯទៀតស្ដាប់ ការបំផុសទឹកចិត្ត និងការបង្រៀនដរាបដល់ខ្ញុំមក។ ១៤ កុំធ្វេសប្រហែសនឹងអំណោយដែលនៅក្នុងអ្នក ដែលអ្នកបានទទួលតាមរយៈទំនាយ និងនៅពេលដែលក្រុមបុរសចាស់ទុំបានដាក់ដៃលើអ្នក។ ១៥ ចូរសញ្ជឹងគិតអំពីការទាំងនេះ ចូរជក់ចិត្តគំនិតនឹងការទាំងនេះ ដើម្បីឲ្យមនុស្សទាំងអស់ឃើញថាអ្នកមានជំនឿន។ ១៦ ចូរប្រុងប្រយ័ត្នជានិច្ចនឹងខ្លួនអ្នក និងសេចក្ដីបង្រៀនរបស់អ្នក។ ចូរកាន់ខ្ជាប់នឹងការទាំងនេះ ព្រោះដោយធ្វើដូច្នេះ អ្នកនឹងសង្គ្រោះទាំងខ្លួនអ្នក ទាំងពួកអ្នកដែលស្ដាប់អ្នក។
៥ កុំរិះគន់បុរសវ័យចាស់ខ្លាំងពេក។ ផ្ទុយទៅវិញ ចូរអង្វរគាត់ ដូចអង្វរឪពុក ហើយអង្វរបុរសវ័យក្មេង ដូចអង្វរបងប្រុស ២ អង្វរស្ត្រីវ័យចាស់ ដូចអង្វរម្ដាយ អង្វរស្ត្រីវ័យក្មេង ដូចអង្វរបងស្រី ដោយសេចក្ដីបរិសុទ្ធគ្រប់ជំពូក។
៣ ចូរឲ្យកិត្ដិយសនិងយកចិត្តទុកដាក់ចំពោះស្ត្រីមេម៉ាយដែលពិតជាខ្វះខាត។ ៤ ប៉ុន្តែប្រសិនបើស្ត្រីមេម៉ាយណាមានកូន ឬមានចៅ ចូរឲ្យកូនចៅទាំងនោះរៀនបង្ហាញភក្ដីភាពចំពោះព្រះក្នុងក្រុមគ្រួសាររបស់ខ្លួនមុនសិន ហើយបន្តសងគុណឪពុកម្ដាយនិងជីដូនជីតា ព្រោះព្រះពេញចិត្តនឹងការនោះ។ ៥ ឯស្ត្រីដែលពិតជាខ្វះខាតហើយគ្មានទីពឹង នាងបានសង្ឃឹមលើព្រះ ហើយអធិដ្ឋាននិងអង្វរសុំឥតឈប់ទាំងយប់ទាំងថ្ងៃ។ ៦ ប៉ុន្តែស្ត្រីដែលខំឲ្យបានតែការសប្បាយ គឺប្រៀបដូចជាស្លាប់ ទោះជានាងនៅរស់ក៏ដោយ។ ៧ ចូរបន្តបង្គាប់ឲ្យធ្វើការទាំងនេះ ដើម្បីឲ្យពួកគាត់គ្មានកន្លែងបន្ទោស។ ៨ ជាការប្រាកដណាស់ថា ប្រសិនបើមានអ្នកណាដែលមិនទំនុកបម្រុងពួកអ្នកនៅក្នុងបន្ទុកខ្លួន ជាពិសេសសមាជិកក្រុមគ្រួសាររបស់ខ្លួន អ្នកនោះបានលះបង់ជំនឿ ហើយក៏អាក្រក់ជាងអ្នកដែលមិនជឿទៅទៀត។
៩ ស្ត្រីមេម៉ាយដែលអាចត្រូវរាប់បញ្ចូលក្នុងបញ្ជីបាន ត្រូវមានអាយុចាប់ពីហុកសិបឆ្នាំឡើងទៅ មានប្ដីតែមួយ ១០ ដោយមានសាក្សីបញ្ជាក់ថានាងបានធ្វើការល្អ ដូចជាបានចិញ្ចឹមអប់រំកូន ទទួលអ្នកដែលនាងមិនស្គាល់ដោយរាក់ទាក់ ប្រសិនបើនាងបានលាងជើងរបស់ពួកអ្នកបរិសុទ្ធ បានជួយអ្នកដែលមានទុក្ខវេទនា ហើយបានព្យាយាមធ្វើការល្អគ្រប់យ៉ាង។
១១ ក៏ប៉ុន្តែមិនត្រូវរាប់បញ្ចូលស្ត្រីមេម៉ាយវ័យក្មេងក្នុងបញ្ជីឡើយ ព្រោះពេលដែលចំណង់ផ្លូវភេទរបស់នាងទៅជាឧបសគ្គចំពោះចំណងមិត្តភាពរបស់នាងជាមួយនឹងគ្រិស្ត នោះនាងចង់រៀបការ ១២ ហើយនាងទទួលការផ្ដន្ទាទោស ដោយសារនាងមិនបានគោរពតាមពាក្យដែលនាងបានពោលកាលពីដើមស្តីអំពីជំនឿ។ ១៣ នៅដំណាលគ្នានោះ នាងក្លាយទៅជាមនុស្សទម្លាប់ទំនេរដៃ ដើរពីផ្ទះមួយទៅផ្ទះមួយ។ មិនត្រឹមតែទំនេរដៃប៉ុណ្ណោះទេ តែនាងក៏និយាយដើមគេហើយជ្រៀតជ្រែកក្នុងរឿងអ្នកដទៃ ព្រមទាំងនិយាយអំពីអ្វីដែលនាងមិនគួរនិយាយ។ ១៤ ដូច្នេះ ខ្ញុំចង់ឲ្យស្ត្រីមេម៉ាយវ័យក្មេងរៀបការ មានកូន និងចាត់ចែងកិច្ចការផ្ទះ ដើម្បីកុំឲ្យអ្នកប្រឆាំងមានហេតុជេរប្រមាថយើង។ ១៥ តាមពិត មានស្ត្រីមេម៉ាយខ្លះបានបែរទៅតាមសាថាន* រួចហើយ។ ១៦ ប្រសិនបើស្ត្រីណាម្នាក់ដែលជាអ្នកជឿ មានសមាជិកក្រុមគ្រួសារដែលជាស្ត្រីមេម៉ាយ ចូរឲ្យនាងជួយស្ត្រីមេម៉ាយទាំងនោះ ហើយកុំដាក់បន្ទុកលើក្រុមជំនុំ។ យ៉ាងនោះ ក្រុមជំនុំអាចជួយស្ត្រីមេម៉ាយដែលខ្វះខាតពិតប្រាកដ។
១៧ ត្រូវចាត់ទុកបុរសចាស់ទុំដែលដឹកនាំយ៉ាងល្អប្រសើរថា គួរនឹងទទួលកិត្ដិយសមួយជាពីរ ជាពិសេសអ្នកដែលធ្វើការនឿយហត់ក្នុងការនិយាយនិងការបង្រៀនអំពីបណ្ដាំរបស់ព្រះ។ ១៨ ព្រោះបទគម្ពីរចែងថា៖ «អ្នកមិនត្រូវឃ្លុំមាត់គោឈ្មោល ពេលដែលវាបញ្ជាន់ស្រូវ» ហើយ «កម្មករសមនឹងទទួលថ្លៃឈ្នួល»។ ១៩ កុំទទួលពាក្យចោទប្រកាន់បុរសចាស់ទុំពីអ្នកណាម្នាក់ លុះត្រាតែមានការបញ្ជាក់ពីសាក្សីពីរឬបីនាក់។ ២០ ចូរប្រដៅតម្រង់ពួកអ្នកដែលធ្វើខុសជាទម្លាប់ នៅមុខអស់អ្នកដែលនៅទីនោះ ដើម្បីឲ្យអ្នកឯទៀតខ្លាចដែរ។ ២១ នៅចំពោះមុខព្រះ និងគ្រិស្តយេស៊ូ ព្រមទាំងបណ្ដាទេវតាដែលលោកបានជ្រើសរើស ខ្ញុំសុំបង្គាប់អ្នកជាផ្លូវការឲ្យធ្វើការទាំងនេះដោយមិនប្រកាន់ចិត្តទុកជាមុន ហើយមិនធ្វើអ្វីដោយមានចិត្តល្អៀងទាល់តែសោះ។
២២ កុំឆាប់ដាក់ដៃលើបុរសណាម្នាក់ឡើយ ហើយកុំរួមចំណែកក្នុងការខុសឆ្គង* របស់អ្នកឯទៀត ចូររក្សាខ្លួនឲ្យបរិសុទ្ធ។
២៣ កុំពិសាទឹកទៀត តែចូរពិសាស្រាបន្ដិចបន្តួចដើម្បីក្រពះរបស់អ្នក ហើយដោយសារជំងឺដែលអ្នកមានជាញឹកញយ។
២៤ ការខុសឆ្គងរបស់មនុស្សខ្លះនឹងត្រូវសឲ្យឃើញជាសាធារណៈ ហើយនេះនាំឲ្យពួកគេទទួលការផ្ដន្ទាទោសភ្លាម តែការខុសឆ្គងរបស់មនុស្សឯទៀត នឹងត្រូវសឲ្យឃើញក្រោយមក។ ២៥ ដូចគ្នាដែរ ការល្អខ្លះនឹងត្រូវសឲ្យឃើញជាសាធារណៈ ឯការល្អដែលមិនបានត្រូវសឲ្យឃើញ នោះមិនអាចត្រូវលាក់រហូតបានឡើយ។
៦ ចូរឲ្យអស់អ្នកណាដែលជាខ្ញុំបម្រើ បន្តចាត់ទុកម្ចាស់របស់ខ្លួនថា គួរនឹងទទួលកិត្ដិយសពេញលេញ ដើម្បីកុំឲ្យអ្នកណានិយាយប្រមាថនាមព្រះ ឬសេចក្ដីបង្រៀនរបស់លោកឡើយ។ ២ ម្យ៉ាងទៀត អ្នកណាដែលមានម្ចាស់ជាអ្នកជឿ មិនត្រូវមើលងាយម្ចាស់ខ្លួនដោយសារពួកគាត់ជាបងប្អូនរួមជំនឿទេ។ ផ្ទុយទៅវិញ ខ្ញុំបម្រើទាំងនោះត្រូវខំបម្រើលើសពីធម្មតា ពីព្រោះអ្នកដែលកំពុងទទួលប្រយោជន៍ពីកិច្ចបម្រើដ៏ល្អរបស់ពួកគេ គឺជាអ្នកជឿ និងជាបងប្អូនជាទីស្រឡាញ់។
ចូរបន្តបង្រៀនសេចក្ដីទាំងនេះ ហើយបំផុសទឹកចិត្តឲ្យធ្វើការទាំងនេះ។ ៣ ប្រសិនបើអ្នកណាផ្សាយសេចក្ដីបង្រៀនមិនពិត ហើយមិនយល់ស្របនឹងសេចក្ដីបង្រៀនដែលមានប្រយោជន៍* ពោលគឺសេចក្ដីបង្រៀនរបស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង ថែមទាំងមិនយល់ស្របនឹងសេចក្ដីបង្រៀនដែលស្របនឹងភក្ដីភាពចំពោះព្រះ ៤ អ្នកនោះក្រអឺតក្រអោង ហើយមិនយល់អ្វីសោះ តែអ្នកនោះឆ្កួតនឹងសំណួរនិងការជជែកតវ៉ាអំពីពាក្យ។ ការទាំងនេះបណ្ដាលឲ្យមានការឈ្នានីស ទំនាស់ ការជេរប្រមាថ ការសង្ស័យក្នុងផ្លូវអាក្រក់ ៥ ការឈ្លោះប្រកែកដាច់អហង្ការអំពីរឿងតូចតាច ដោយមនុស្សដែលគំនិតរបស់ពួកគេបានទៅជាខូចនិងប្រាសចាកសេចក្ដីពិត ពួកគេគិតថាភក្ដីភាពចំពោះព្រះជាវិធីឲ្យបានផលប្រយោជន៍ផ្ទាល់ខ្លួន។ ៦ តាមការពិត ភក្ដីភាពចំពោះព្រះ ជាមួយនឹងការស្កប់ចិត្ត នាំឲ្យបានផលប្រយោជន៍ច្រើនក្រៃលែងមែន។ ៧ ព្រោះយើងមិនបានយកអ្វីចូលមកក្នុងពិភពលោកទេ ហើយក៏មិនអាចយកអ្វីចេញទៅជាមួយបានដែរ។ ៨ ដូច្នេះ យើងនឹងស្កប់ចិត្តហើយ ដោយមានអាហារបរិភោគ សម្លៀកបំពាក់ និងជម្រក។
៩ ក៏ប៉ុន្តែ អ្នកដែលតាំងចិត្តធ្វើជាអ្នកមាន ជួបប្រទះនឹងសេចក្ដីល្បួង ហើយក៏ធ្លាក់ចូលអន្ទាក់ ថែមទាំងចាប់ផ្ដើមមានសេចក្ដីប៉ងប្រាថ្នាជាច្រើនដែលផ្ដេសផ្ដាស និងនាំឲ្យមានទុក្ខលំបាក ជាសេចក្ដីប៉ងប្រាថ្នាដែលធ្វើឲ្យមនុស្សលិចលង់ទៅក្នុងសេចក្ដីវិនាសអន្តរាយ។ ១០ ព្រោះការស្រឡាញ់ប្រាក់ជាឫសគល់មួយនៃអំពើអាក្រក់សព្វបែបយ៉ាង ហើយដោយបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់បែបនោះ អ្នកខ្លះបានត្រូវបង្វែរចេញពីជំនឿ ហើយបានចាក់ទម្លុះខ្លួនគ្រប់កន្លែងដោយទុក្ខវេទនាជាច្រើន។
១១ ចំណែកអ្នកវិញ អ្នកបម្រើព្រះអើយ ចូររត់ចេញពីការទាំងនោះ។ តែចូរព្យាយាមឲ្យមានភាពសុចរិត ភក្ដីភាពចំពោះព្រះ ជំនឿ សេចក្ដីស្រឡាញ់ ការស៊ូទ្រាំ និងចិត្តស្លូតបូតជានិច្ច។ ១២ តស៊ូយ៉ាងប្រសើរដើម្បីជំនឿ ចូរចាប់ឲ្យជាប់នូវជីវិតដែលគ្មានទីបញ្ចប់ដែលអ្នកបានត្រូវហៅឲ្យទទួល ហើយដែលអ្នកបានប្រកាសយ៉ាងប្រសើរជាសាធារណៈនៅមុខសាក្សីជាច្រើន។
១៣ នៅចំពោះមុខព្រះ ដែលរក្សាការពារជីវិតអ្វីៗទាំងអស់ ហើយនៅចំពោះមុខគ្រិស្តយេស៊ូ ដែលបានធ្វើជាសាក្សី ប្រកាសយ៉ាងប្រសើរនៅមុខប៉ុនទាសពីឡាត ខ្ញុំបង្គាប់អ្នក ១៤ ឲ្យកាន់តាមបញ្ញត្ដិដោយគ្មានកន្លែងបន្ទោសបាន និងដោយបរិសុទ្ធ ដរាបដល់លោកយេស៊ូគ្រិស្ត ជាម្ចាស់របស់យើងបង្ហាញខ្លួន។ ១៥ នៅពេលកំណត់ អ្នកមានអំណាចខ្លាំងក្លាដែលមានសេចក្ដីសប្បាយ ហើយជាអ្នកមានអំណាចខ្លាំងក្លាតែមួយ នឹងបង្ហាញខ្លួន។ លោកជាស្តេចលើអស់អ្នកដែលគ្រប់គ្រងជាស្តេច និងជាម្ចាស់លើអស់អ្នកដែលគ្រប់គ្រងជាម្ចាស់ ១៦ គឺលោកតែមួយដែលមានជីវិតអមតៈ លោកនៅក្នុងពន្លឺដែលគ្មានអ្នកណាអាចចូលទៅជិតបាន គ្មានមនុស្សណាម្នាក់ធ្លាប់ឃើញលោក ឬអាចមើលលោកឃើញឡើយ។ សូមឲ្យលោកប្រកបដោយកិត្ដិយស និងឫទ្ធានុភាពខ្លាំងក្លាជានិរន្តរ៍។ អាមេន។
១៧ ចូរបង្គាប់ពួកអ្នកដែលជាអ្នកមានក្នុងរបៀបរបបពិភពលោកនេះ កុំឲ្យក្រអឺតក្រអោង ហើយបង្គាប់ឲ្យពួកគេមានសង្ឃឹម មិនមែនលើទ្រព្យដែលមិនទៀង តែមានសង្ឃឹមលើព្រះ ដែលផ្គត់ផ្គង់អ្វីៗទាំងអស់ដល់យើង ដើម្បីឲ្យយើងបានសប្បាយ ១៨ ហើយប្រាប់ពួកគេឲ្យព្យាយាមធ្វើអំពើល្អ ហើយធ្វើជាអ្នកមានខាងការល្អប្រសើរ ដោយប្រុងប្រៀបចែករំលែកជានិច្ច ១៩ ហើយរក្សាគ្រឹះដ៏ល្អមួយសម្រាប់អនាគតខ្លួន ទុកជាទ្រព្យសម្បត្ដិ។ ធ្វើដូច្នេះ ពួកគេនឹងចាប់យ៉ាងជាប់នូវជីវិតដ៏ពិតប្រាកដ។
២០ ធីម៉ូថេអើយ ចូររក្សាការពារអ្វីដែលបានត្រូវផ្ញើទុកនឹងអ្នក ដោយជៀសចេញពីសម្ដីអសារឥតការដែលមិនស្របតាមអ្វីដែលបរិសុទ្ធ ហើយពីភាពមិនស្របគ្នានៃអ្វីដែលគេហៅខុសថា«ចំណេះ»។ ២១ ព្រោះអ្នកខ្លះបានបែរចេញពីជំនឿ ដោយសារបង្អួតចំណេះបែបនោះ។
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏វិសេសលើសលប់។
[កំណត់សម្គាល់]
ភាសាក្រិច«អាប៉ូស្តូឡូស»។ មានន័យថា«អ្នកដែលត្រូវគេចាត់ឲ្យទៅ»
មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៤
មើលកំណត់សម្គាល់ម៉ាថ ៥:១៧
មើលកំណត់សម្គាល់រ៉ូម ៥:១២
មើលកំណត់សម្គាល់ម៉ាថ ៥:៣២
ន័យត្រង់«ធ្វើឲ្យមានសុខភាពល្អ»
ភាសាក្រិច«សាថាណាស»។ មានន័យថា«អ្នកប្រឆាំង»ឬ«សត្រូវ»
សំដៅទៅតម្លៃដែលស្មើនឹងអ្វីដែលបានបាត់បង់
ភាសាក្រិច«ឌីអាបូឡូស»។ មានន័យថា«អ្នកបង្កាច់បង្ខូច»
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
ភាសាក្រិច«ដាយម៉ូនីអន»។ សំដៅទៅពួកទេវតាអាក្រក់
ភាសាក្រិច«សាថាណាស»។ មានន័យថា«អ្នកប្រឆាំង»ឬ«សត្រូវ»
មើលកំណត់សម្គាល់រ៉ូម ៥:១២
ន័យត្រង់«ធ្វើឲ្យមានសុខភាពល្អ»