សំបុត្រទីពីរជូនចំពោះធីម៉ូថេ
១ ពីខ្ញុំ ប៉ូល សាវ័ក* របស់គ្រិស្ត* យេស៊ូដោយបំណងប្រាថ្នារបស់ព្រះ ស្របតាមសេចក្ដីសន្យាអំពីជីវិត ដែលមកពីការធ្វើជាអ្នកកាន់តាមគ្រិស្តយេស៊ូ ២ ជូនចំពោះធីម៉ូថេ កូនជាទីស្រឡាញ់៖
សូមឲ្យអ្នកបានប្រកបដោយគុណដ៏វិសេសលើសលប់ សេចក្ដីមេត្ដាករុណា និងសេចក្ដីសុខសាន្តពីព្រះដែលជាបិតា និងពីគ្រិស្តយេស៊ូជាម្ចាស់របស់យើង។
៣ ខ្ញុំអរគុណព្រះ ដែលខ្ញុំបំពេញកិច្ចបម្រើពិសិដ្ឋជូនដូចបុព្វបុរសរបស់ខ្ញុំ ដោយមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស ហើយទាំងយប់ទាំងថ្ងៃ ខ្ញុំតែងតែនឹកឃើញអំពីអ្នកជានិច្ច ពេលដែលខ្ញុំអធិដ្ឋានអង្វរ ៤ ហើយពេលដែលខ្ញុំនឹកឃើញទឹកភ្នែករបស់អ្នក ខ្ញុំចង់ឃើញអ្នកយ៉ាងខ្លាំង ដើម្បីឲ្យខ្ញុំមានអំណរដ៏ពោរពេញ។ ៥ ព្រោះខ្ញុំចាំអំពីជំនឿរបស់អ្នកដែលប្រាសចាកពុតត្បុត ជាជំនឿដែលឡូអ៊ីស ជាជីដូនរបស់អ្នក និងអឺនីស ជាម្ដាយរបស់អ្នកមានមុន ហើយក៏ជាជំនឿដែលខ្ញុំជឿជាក់ថាអ្នកមានដែរ។
៦ ហេតុនេះ ខ្ញុំសូមរំលឹកអ្នកថា ចូរធ្វើឲ្យអំណោយដែលអ្នកបានទទួលពីព្រះពេលដែលខ្ញុំដាក់ដៃលើអ្នក មានសកម្មភាពជានិច្ច ដូចភ្លើងដែលឆេះសន្ធោសន្ធៅ។ ៧ ព្រោះសកម្មពលបរិសុទ្ធ* ដែលព្រះផ្ដល់ឲ្យយើង មិនធ្វើឲ្យយើងមានចិត្តកំសាកទេ ប៉ុន្តែធ្វើឲ្យយើងមានកម្លាំង សេចក្ដីស្រឡាញ់ និងការដឹងខុសត្រូវ។ ៨ ដូច្នេះ កុំអៀនខ្មាសក្នុងការផ្សព្វផ្សាយអំពីលោកម្ចាស់របស់យើង ឬដោយសារខ្ញុំ ដែលជាអ្នកទោសដើម្បីលោក តែចូរទទួលចំណែករបស់ខ្លួនក្នុងការរងទុក្ខលំបាកដើម្បីដំណឹងល្អ តាមរយៈឫទ្ធានុភាពរបស់ព្រះ។ ៩ លោកបានសង្គ្រោះយើង ហើយបានហៅយើងមក ដើម្បីឲ្យធ្វើជាអ្នកបរិសុទ្ធ មិនមែនដោយសារការប្រព្រឹត្តរបស់យើងទេ ប៉ុន្តែដោយសារគោលបំណងនិងគុណដ៏វិសេសលើសលប់របស់លោក។ គុណដ៏វិសេសលើសលប់នេះបានត្រូវផ្ដល់ឲ្យយើងក្នុងគ្រិស្តយេស៊ូតាំងពីយូរលង់ណាស់មកហើយ ១០ តែបានត្រូវសឲ្យឃើញច្បាស់ ដោយគ្រិស្តយេស៊ូ ជាអ្នកសង្គ្រោះយើង បានលេចមក ហើយលោកបានបំផ្លាញសេចក្ដីស្លាប់ឲ្យសាបសូន្យ តែបានបំភ្លឺអំពីជីវិតដែលមិនអាចខូចបង់នោះ តាមរយៈដំណឹងល្អ ១១ ដែលជាមូលហេតុដែលខ្ញុំបានត្រូវតែងតាំងជាអ្នកផ្សព្វផ្សាយ ជាសាវ័ក និងជាអ្នកបង្រៀន។
១២ ខ្ញុំកំពុងរងទុក្ខដូច្នេះដើម្បីការនោះឯង ប៉ុន្តែខ្ញុំមិនអៀនខ្មាសទេ។ ព្រោះខ្ញុំស្គាល់លោកដែលខ្ញុំបានជឿ ហើយខ្ញុំជឿជាក់ថាលោកអាចរក្សាការពារអ្វីដែលខ្ញុំបានផ្ញើទុកនឹងលោកដរាបដល់ថ្ងៃនោះ។ ១៣ ចូរកាន់ខ្ជាប់គំរូនៃពាក្យដែលមានប្រយោជន៍* ដែលអ្នកបានឮពីខ្ញុំដោយមានជំនឿនិងសេចក្ដីស្រឡាញ់ដែលទាក់ទងនឹងគ្រិស្តយេស៊ូ។ ១៤ ចូររក្សាការពារបញ្ញើដ៏ល្អប្រសើរនេះតាមរយៈសកម្មពលបរិសុទ្ធដែលស្ថិតនៅក្នុងយើង។
១៥ អ្នកដឹងថា បុរសទាំងអស់នៅតំបន់អាស៊ី* បានបែរចេញពីខ្ញុំហើយ។ ភីកេឡឺសនិងហ៊ើម៉ាជិនីសនៅក្នុងចំណោមអ្នកទាំងនោះ។ ១៦ សូមឲ្យលោកម្ចាស់បង្ហាញសេចក្ដីមេត្ដាករុណាដល់អូណេស៊ិភ័រនិងពួកអ្នកផ្ទះរបស់គាត់ ពីព្រោះជាច្រើនដងគាត់បានធ្វើឲ្យខ្ញុំមានកម្លាំងចិត្តឡើងវិញ ហើយគាត់មិនដែលអៀនខ្មាសដោយសារខ្ញុំជាប់ច្រវាក់ទេ។ ១៧ ផ្ទុយទៅវិញ ពេលដែលគាត់នៅក្រុងរ៉ូម គាត់ខំប្រឹងរកខ្ញុំទាល់តែឃើញ។ ១៨ សូមឲ្យលោកម្ចាស់អនុគ្រោះឲ្យគាត់ទទួលសេចក្ដីមេត្ដាករុណាពីព្រះយេហូវ៉ានៅថ្ងៃនោះ។ អ្នកដឹងច្បាស់អំពីជំនួយទាំងអស់ដែលគាត់បានផ្ដល់នៅក្រុងអេភេសូរ។
២ ដូច្នេះ កូនអើយ ចំណែកអ្នកវិញ ចូរមានកម្លាំងកាន់តែខ្លាំងឡើងៗ ដោយសារគុណដ៏វិសេសលើសលប់ដែលមកពីការរួបរួមជាមួយនឹងគ្រិស្តយេស៊ូ ២ ហើយសេចក្ដីដែលអ្នកបានឮពីខ្ញុំដោយមានការបញ្ជាក់របស់សាក្សីជាច្រើន ចូរផ្ញើទុកនឹងបុរសស្មោះត្រង់ រួចពួកគាត់នឹងមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីបង្រៀនសេចក្ដីនោះដល់អ្នកឯទៀត។ ៣ ក្នុងនាមជាទាហានល្អប្រសើររបស់គ្រិស្តយេស៊ូ ចូរទទួលចំណែករបស់អ្នកក្នុងការរងការអាក្រក់។ ៤ គ្មានទាហានណាម្នាក់ចូលប្រឡូកក្នុងជំនួញរបស់ជនស៊ីវិលទេ ព្រោះគាត់ចង់ធ្វើឲ្យអ្នកដែលបានចុះឈ្មោះគាត់ជាទាហានពេញចិត្តនឹងគាត់។ ៥ ម្យ៉ាង ទៀត សូម្បីតែអ្នកប្រកួតកីឡាក៏មិនទទួលមកុដដែរ លុះត្រាតែគាត់បានប្រកួតតាមច្បាប់។ ៦ រីឯកសិករដែលខំប្រឹងធ្វើការយ៉ាងនឿយហត់ ត្រូវបរិភោគផលមុនគេ។ ៧ ចូរគិតជានិច្ចអំពីអ្វីដែលខ្ញុំកំពុងប្រាប់។ លោកម្ចាស់ពិតជានឹងធ្វើឲ្យអ្នកមានសមត្ថភាពវែកញែកយល់ដឹងគ្រប់ការទាំងអស់។
៨ សូមចាំថា លោកយេស៊ូគ្រិស្តបានត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញ ហើយជាពូជពង្សរបស់ដាវីឌ ស្របទៅតាមដំណឹងល្អដែលខ្ញុំផ្សព្វផ្សាយ ៩ ជាហេតុដែលខ្ញុំកំពុងរងការអាក្រក់ រហូតដល់ត្រូវជាប់ចំណងជាអ្នកប្រព្រឹត្តអំពើអាក្រក់។ ទោះជាយ៉ាងនោះក៏ដោយ ក៏បណ្ដាំរបស់ព្រះមិនជាប់ចំណងទេ។ ១០ ហេតុនេះ ខ្ញុំបន្តស៊ូទ្រាំគ្រប់ការទាំងអស់ដើម្បីពួកអ្នករើសតាំង ដើម្បីឲ្យពួកគាត់ទទួលសេចក្ដីសង្គ្រោះដោយរួបរួមជាមួយនឹងគ្រិស្តយេស៊ូដែរ ព្រមទាំងទទួលសិរីរុងរឿងដែលស្ថិតស្ថេរជារៀងរហូត។ ១១ ពាក្យតទៅនេះគឺជាពាក្យគួរឲ្យទុកចិត្តថា ប្រសិនបើយើងបានស្លាប់ជាមួយនឹងលោក យើងប្រាកដជានឹងរស់ជាមួយនឹងលោក ១២ ប្រសិនបើយើងបន្តស៊ូទ្រាំ យើងនឹងគ្រប់គ្រងជាស្តេចជាមួយនឹងលោក ប្រសិនបើយើងបដិសេធមិនទទួលស្គាល់លោក លោកក៏នឹងបដិសេធមិនទទួលស្គាល់យើងដែរ ១៣ ប្រសិនបើយើងមិនស្មោះត្រង់ លោកនៅតែស្មោះត្រង់ ព្រោះលោកមិនអាចបដិសេធខ្លួនលោកផ្ទាល់បានឡើយ។
១៤ ចូររំលឹកពួកគេអំពីការទាំងនេះម្ដងហើយម្ដងទៀត ដោយបង្គាប់ពួកគេនៅចំពោះមុខព្រះជាសាក្សី កុំឲ្យឈ្លោះប្រកែកគ្នាអំពីពាក្យ ជាការដែលគ្មានប្រយោជន៍សោះ ពីព្រោះការនោះធ្វើឲ្យពួកអ្នកដែលស្ដាប់ជួបអន្តរាយ។ ១៥ ចូរខំប្រឹងអស់ពីសមត្ថភាពដើម្បីបង្ហាញខ្លួនអ្នកនៅចំពោះមុខព្រះ ជាមនុស្សដែលលោកពេញចិត្ត ជាអ្នកធ្វើការដែលគ្មានហេតុអៀនខ្មាស និងជាអ្នកដែលបង្រៀននិងពន្យល់បណ្ដាំនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ។ ១៦ ប៉ុន្តែ ចូរបដិសេធសម្ដីអសារឥតការដែលមិនស្របតាមអ្វីដែលបរិសុទ្ធ ព្រោះអ្នកដែលនិយាយដូច្នេះ នឹងមិនគោរពព្រះកាន់តែខ្លាំងឡើងៗ ១៧ ហើយពាក្យរបស់ពួកគេនឹងរាលដាលដូចដំបៅរលួយ។ ហែមេនាសនិងភីឡេតូសគឺនៅក្នុងចំណោមអ្នកទាំងនោះ។ ១៨ បុរសទាំងនោះបានងាកចេញពីសេចក្ដីពិត ដោយនិយាយថាការប្រោសឲ្យរស់ឡើងវិញបានកើតឡើងរួចហើយ ហើយពួកគេកំពុងបំផ្លាញជំនឿរបស់អ្នកខ្លះ។ ១៩ ទោះជាយ៉ាងនោះក៏ដោយ ក៏គ្រឹះរឹងមាំដែលព្រះបានចាក់នៅស្ថិតស្ថេរនៅឡើយ ហើយគ្រឹះនោះបានត្រូវបិទត្រាដោយពាក្យតទៅនេះ៖ «ព្រះយេហូវ៉ាស្គាល់ពួកអ្នកដែលជារបស់លោក» ហើយ៖ «ចូរអស់អ្នកដែលហៅរកនាមព្រះយេហូវ៉ា លះចោលអ្វីដែលមិនសុចរិត»។
២០ ឥឡូវ ក្នុងផ្ទះធំមួយមានភាជនៈធ្វើពីមាសឬប្រាក់ ហើយក៏មានភាជនៈធ្វើពីឈើឬដី។ ភាជនៈខ្លះសម្រាប់ការដែលប្រកបដោយកិត្ដិយស ឯភាជនៈខ្លះទៀតសម្រាប់ការដែលមិនប្រកបដោយកិត្ដិយស។ ២១ ដូច្នេះ ប្រសិនបើអ្នកណាជៀសឆ្ងាយពីភាជនៈសម្រាប់ការដែលមិនប្រកបដោយកិត្ដិយស អ្នកនោះនឹងធ្វើជាភាជនៈសម្រាប់ការដែលប្រកបដោយកិត្ដិយស ក៏នឹងត្រូវញែកជាបរិសុទ្ធ ហើយមានប្រយោជន៍ចំពោះម្ចាស់ខ្លួន ព្រមទាំងត្រៀមខ្លួនជាស្រេចដើម្បីធ្វើការល្អគ្រប់យ៉ាង។ ២២ ដូច្នេះ ចូររត់ចេញពីសេចក្ដីប៉ងប្រាថ្នាដែលកើតមានក្នុងភាពជាយុវវ័យ តែចូរស្វែងរកសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត ជាមួយនឹងពួកអ្នកដែលហៅរកលោកម្ចាស់ដោយចិត្តបរិសុទ្ធ។
២៣ ម្យ៉ាងទៀត ចូរបដិសេធសំណួរផ្ដេសផ្ដាស និងល្ងង់ខ្លៅ ដោយដឹងថាសំណួរទាំងនោះនាំឲ្យឈ្លោះប្រកែកគ្នា។ ២៤ ប៉ុន្តែ ខ្ញុំបម្រើរបស់លោកម្ចាស់មិនចាំបាច់ឈ្លោះប្រកែកទេ តែត្រូវប្រព្រឹត្តដោយសុភាពចំពោះមនុស្សទាំងអស់ មានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីបង្រៀន ចេះទប់ចិត្តពេលដែលរងការអាក្រក់ ២៥ ហើយបង្ហាញចិត្តស្លូតបូតពេលណែនាំពួកអ្នកដែលមិនយល់ស្របនឹងអ្វីដែលអ្នកបង្រៀន។ ព្រោះប្រហែលជាព្រះនឹងឲ្យពួកគេប្រែចិត្ត រួចទទួលចំណេះត្រឹមត្រូវអំពីសេចក្ដីពិត ២៦ ហើយពួកគេអាចភ្ញាក់ខ្លួន ហើយចេញពីអន្ទាក់របស់មេកំណាច* ដោយឃើញថា មេកំណាចបានចាប់ពួកគេទាំងរស់ដើម្បីឲ្យបំពេញបំណងប្រាថ្នារបស់វា។
៣ ប៉ុន្តែ ចូរដឹងថា គ្រាចុងក្រោយបង្អស់នឹងលំបាកណាស់។ ២ ព្រោះមនុស្សនឹងស្រឡាញ់តែខ្លួនឯង ស្រឡាញ់ប្រាក់ អួតបំប៉ោង ក្រអឺតក្រទម ជាអ្នកជេរប្រមាថ មិនស្ដាប់បង្គាប់ឪពុកម្ដាយ រមិលគុណ មិនស្មោះត្រង់ ៣ គ្មានសេចក្ដីស្រឡាញ់តាមធម្មជាតិជាមនុស្ស មិនព្រមស្រុះស្រួលគ្នា ជាអ្នកបង្កាច់បង្ខូច មិនចេះទប់ចិត្ត កាចសាហាវ មិនស្រឡាញ់គុណធម៌ ៤ ជាអ្នកក្បត់ ធ្វើតាមទំនើងចិត្ត មានមោទនភាពហួសហេតុពេក ស្រឡាញ់ការសប្បាយជាជាងស្រឡាញ់ព្រះ ៥ ធ្វើឫកពាជាមនុស្សមានភក្ដីភាពចំពោះព្រះ ប៉ុន្តែពួកគេមិនព្រមទទួលឥទ្ធិពលពីភក្ដីភាពនោះទេ។ ចូរជៀសចេញពីមនុស្សទាំងនោះ។ ៦ ព្រោះនឹងមានបុរសពីចំណោមអ្នកទាំងនោះប្រើស្នៀតដើម្បីបោកបញ្ឆោតពួកអ្នកផ្ទះផ្សេងៗបន្ដិចម្ដងៗ ហើយចាប់ស្ត្រីខ្សោយៗជាឈ្លើយ ជាស្ត្រីផ្ទុកធ្ងន់ដោយការខុសឆ្គង* ហើយបណ្ដោយខ្លួនទៅតាមសេចក្ដីប៉ងប្រាថ្នាផ្សេងៗ ៧ ពួកគេតែងតែរៀន តែមិនអាចទទួលចំណេះត្រឹមត្រូវអំពីសេចក្ដីពិតបានឡើយ។
៨ ដូចយ៉ានីសនិងយ៉ាមប្រេសបានប្រឆាំងម៉ូសេ អ្នកទាំងនោះចេះតែប្រឆាំងសេចក្ដីពិត ពួកគេជាបុរសដែលគំនិតរបស់ពួកគេបានទៅជាខូចទាំងស្រុង ហើយខាងជំនឿគ្រិស្តសាសនិក ពួកគេមិនទទួលការពេញចិត្តពីព្រះទេ។ ៩ ទោះជាយ៉ាងនោះក៏ដោយ ពួកគេនឹងមិនជឿនទៅមុខតទៅទៀតទេ ព្រោះមនុស្សទាំងអស់នឹងឃើញច្បាស់ថាពួកគេជាមនុស្សឆ្កួត ដូចបុរសទាំងពីរនាក់នោះបានសឲ្យឃើញច្បាស់ថាពួកគេជាមនុស្សឆ្កួតដែរ។ ១០ ប៉ុន្តែអ្នកបានយកចិត្តទុកដាក់យ៉ាងដិតដល់នឹងសេចក្ដីបង្រៀនរបស់ខ្ញុំ របៀបរស់នៅ គោលបំណង ជំនឿ ចិត្តធ្ងន់ សេចក្ដីស្រឡាញ់ ការស៊ូទ្រាំ ១១ ការបៀតបៀន ការរងទុក្ខវេទនា អ្វីៗដែលបានកើតឡើងចំពោះខ្ញុំនៅក្រុងអាន់ទីយ៉ូក អ៊ីកូនាម និងលីស្ដ្រា ហើយការបៀតបៀនផ្សេងៗដែលខ្ញុំបានទទួល។ ទោះជាយ៉ាងនោះក៏ដោយ លោកម្ចាស់បានសង្គ្រោះខ្ញុំឲ្យរួចពីការទាំងអស់នោះ។ ១២ តាមការពិត អស់អ្នកណាដែលចង់រស់នៅដោយបង្ហាញភក្ដីភាពចំពោះព្រះក្នុងនាមជាអ្នកកាន់តាមគ្រិស្តយេស៊ូ នឹងទទួលការបៀតបៀន។ ១៣ ប៉ុន្តែមនុស្សទុច្ចរិតព្រមទាំងជនបោកប្រាស់នឹងកាន់តែអាក្រក់ទៅៗ ដោយបំភាន់អ្នកឯទៀត ព្រមទាំងត្រូវគេបំភាន់ដែរ។
១៤ ក៏ប៉ុន្តែ ចំណែកអ្នកវិញ ចូរបន្តប្រព្រឹត្តតាមអ្វីៗដែលអ្នកបានរៀន និងដែលបានត្រូវនាំឲ្យជឿជាក់ ដោយដឹងថាអ្នកបានរៀនអ្វីៗទាំងនោះពីអ្នកណា ១៥ ហើយថា តាំងពីអ្នកជាទារកនៅឡើយ អ្នកបានស្គាល់ឯកសារបរិសុទ្ធនានាដែលអាចធ្វើឲ្យអ្នកមានប្រាជ្ញាដើម្បីទទួលសេចក្ដីសង្គ្រោះ តាមរយៈជំនឿដែលទាក់ទងនឹងគ្រិស្តយេស៊ូ។ ១៦ គ្រប់ទាំងបទគម្ពីរបានត្រូវសរសេរក្រោមការដឹកនាំ* របស់ព្រះ ហើយមានប្រយោជន៍សម្រាប់បង្រៀន កែតម្រង់ ធ្វើឲ្យត្រឹមត្រូវឡើងវិញ និងប្រដៅក្នុងផ្លូវសុចរិត ១៧ ដើម្បីឲ្យអ្នកបម្រើរបស់ព្រះមានសមត្ថភាពពេញលេញ និងត្រៀមលក្ខណៈសព្វគ្រប់ដើម្បីធ្វើការល្អគ្រប់យ៉ាង។
៤ នៅចំពោះមុខព្រះនិងគ្រិស្តយេស៊ូ ជាអ្នកដែលត្រូវវិនិច្ឆ័យមនុស្សរស់និងមនុស្សស្លាប់ ហើយដោយការលេចមករបស់លោក និងរាជាណាចក្ររបស់លោក ខ្ញុំសុំបង្គាប់អ្នកជាផ្លូវការឲ្យ ២ ប្រកាសបណ្ដាំរបស់ព្រះ ចូរប្រកាសជាបន្ទាន់* នៅពេលដែលមានអំណោយផល នៅពេលដែលមានការលំបាក ចូរប្រដៅតម្រង់ ស្តីបន្ទោស បំផុសទឹកចិត្ត ដោយមានចិត្តធ្ងន់គ្រប់យ៉ាង និងការប៉ិនប្រសប់សព្វគ្រប់ក្នុងការបង្រៀន។ ៣ ព្រោះនឹងមានគ្រាដែលពួកគេនឹងមិនទ្រាំស្ដាប់សេចក្ដីបង្រៀនដែលមានប្រយោជន៍ទេ ប៉ុន្តែស្របតាមសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន នោះពួកគេនឹងប្រមូលអ្នកបង្រៀនសម្រាប់ខ្លួន ដើម្បីឮអ្វីដែលពួកគេពេញចិត្តស្ដាប់ ៤ ហើយពួកគេនឹងឈប់ស្ដាប់សេចក្ដីពិត រួចបែរទៅស្ដាប់រឿងមិនពិតវិញ។ ៥ ប៉ុន្តែ ចំណែកអ្នកវិញ ចូរដឹងខ្លួនជានិច្ចក្នុងគ្រប់ការទាំងអស់ រងការអាក្រក់ បំពេញកិច្ចការជាអ្នកផ្សព្វផ្សាយដំណឹងល្អ ហើយបំពេញកិច្ចបម្រើរបស់អ្នកគ្រប់ជំពូក។
៦ ខ្ញុំកំពុងត្រូវច្រួចចេញដូចស្រាជាគ្រឿងបូជា ហើយពេលកំណត់ដែលខ្ញុំត្រូវរំដោះ គឺជិតដល់ហើយ។ ៧ ខ្ញុំបានតស៊ូយ៉ាងប្រសើរ ខ្ញុំបានរត់ប្រណាំងដល់ទីដៅ ខ្ញុំបានកាន់តាមជំនឿគ្រិស្តសាសនិក។ ៨ ចាប់ពីពេលនេះទៅ មកុដនៃសេចក្ដីសុចរិតនឹងត្រូវទុកឲ្យខ្ញុំ គឺមកុដដែលលោកម្ចាស់ជាចៅក្រមដ៏សុចរិតនឹងឲ្យខ្ញុំជារង្វាន់នៅថ្ងៃនោះ មិនមែនឲ្យតែខ្ញុំប៉ុណ្ណោះទេ តែឲ្យអស់អ្នកដែលប៉ងប្រាថ្នាឲ្យលោកលេចមកដែរ។
៩ ចូរខំអស់ពីសមត្ថភាពដើម្បីមកឯខ្ញុំយ៉ាងឆាប់។ ១០ ព្រោះដេម៉ាសបានបោះបង់ចោលខ្ញុំ ដោយសារគាត់ស្រឡាញ់របៀបរបបពិភពលោកនាបច្ចុប្បន្ននេះ ហើយគាត់បានទៅក្រុងថែស្សាឡូនិច ឯក្រេសេនគាត់បានទៅខេត្តកាឡាទី ហើយទីតុសបានទៅតំបន់ដាល់ម៉ាទា។ ១១ មានតែលូកាម្នាក់ប៉ុណ្ណោះដែលនៅជាមួយនឹងខ្ញុំ។ ចូរយកម៉ាកុសមកជាមួយនឹងអ្នក ព្រោះគាត់មានប្រយោជន៍ចំពោះខ្ញុំសម្រាប់កិច្ចបម្រើ។ ១២ ចំណែកទីឃីកុសវិញ ខ្ញុំបានចាត់គាត់ឲ្យទៅក្រុងអេភេសូរ។ ១៣ នៅពេលដែលអ្នកមក ចូរយកសំពត់ដណ្ដប់ដែលខ្ញុំបានផ្ញើកាប៉ុសនៅក្រុងត្រូអាស ហើយចូរយករមូរក្រដាសដែរ ជាពិសេសរមូរស្បែក។
១៤ អាឡិចសង់ជាជាងស្ពាន់បានធ្វើទុក្ខខ្ញុំច្រើនណាស់។ ព្រះយេហូវ៉ានឹងតបស្នងទៅគាត់វិញតាមការដែលគាត់បានប្រព្រឹត្ត។ ១៥ ចូរអ្នកប្រុងប្រយ័ត្ននឹងគាត់ដែរ ព្រោះគាត់បានប្រឆាំងពាក្យសម្ដីរបស់យើងយ៉ាងខ្លាំងក្រៃលែង។
១៦ ពេលដែលខ្ញុំត្រូវនិយាយការពារខ្លួនជាលើកទីមួយ គ្មានអ្នកណាមកគាំទ្រខាងខ្ញុំទេ ពួកគាត់ទាំងអស់គ្នាបានបោះបង់ចោលខ្ញុំ។ សូមព្រះកុំប្រកាន់ទោសពួកគាត់ក្នុងរឿងនេះ ១៧ ប៉ុន្តែលោកម្ចាស់បានឈរក្បែរខ្ញុំ ហើយពង្រឹងកម្លាំងខ្ញុំ ដើម្បីឲ្យខ្ញុំផ្សព្វផ្សាយយ៉ាងសព្វគ្រប់ និងដើម្បីឲ្យប្រជាជាតិទាំងអស់ឮការផ្សព្វផ្សាយ ហើយខ្ញុំបានត្រូវសង្គ្រោះឲ្យរួចពីមាត់តោ។ ១៨ លោកម្ចាស់នឹងសង្គ្រោះខ្ញុំឲ្យរួចពីការអាក្រក់គ្រប់យ៉ាង ព្រមទាំងរក្សាការពារខ្ញុំសម្រាប់រាជាណាចក្ររបស់លោកនៅស្ថានសួគ៌។ សូមឲ្យលោកបានប្រកបដោយសិរីរុងរឿងជារៀងរហូតតទៅ។ អាមេន។
១៩ សូមផ្ដាំសួរសុខទុក្ខព្រីស្កានិងអាគីឡា ព្រមទាំងពួកអ្នកផ្ទះរបស់អូណេស៊ិភ័រ។
២០ អេរ៉ាស្ទុសនៅក្រុងកូរិនថូសនៅឡើយ ប៉ុន្តែខ្ញុំបានទុកត្រូភីមនៅក្រុងមីលេត ព្រោះគាត់ឈឺ។ ២១ ចូរខំអស់ពីសមត្ថភាពដើម្បីមកមុនរដូវត្រជាក់។
អឺប៊ូលូសផ្ដាំសួរសុខទុក្ខ ហើយភូដេន ឡែណុស ក្លូឌា និងបងប្អូនទាំងអស់ផ្ដាំសួរសុខទុក្ខដែរ។
២២ សូមឲ្យលោកម្ចាស់នៅជាមួយនឹងអ្នកដោយសារចិត្តគំនិត* ដែលអ្នកបង្ហាញ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏វិសេសលើសលប់របស់លោក។
[កំណត់សម្គាល់]
ភាសាក្រិច«អាប៉ូស្តូឡូស»។ មានន័យថា«អ្នកដែលត្រូវគេចាត់ឲ្យទៅ»
មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៤
ឬ«ចិត្តគំនិត»។ ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
ន័យត្រង់«ធ្វើឲ្យមានសុខភាពល្អ»
មើលកំណត់សម្គាល់សកម្ម ២:៩
ភាសាក្រិច«ឌីអាបូឡូស»។ មានន័យថា«អ្នកបង្កាច់បង្ខូច»
មើលកំណត់សម្គាល់រ៉ូម ៥:១២
មានន័យថាបានត្រូវសរសេរក្រោមឥទ្ធិពលនៃសកម្មពលរបស់ព្រះ
ឬ«ប្រកាសដោយខ្នះខ្នែង»
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ