បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bi7 ភីលេម៉ូន ១-២៥
  • ភីលេម៉ូន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ភីលេម៉ូន
  • សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
ភីលេម៉ូន

ជូន​ចំពោះ​ភីលេម៉ូន

១ ពី​ខ្ញុំ ប៉ូល ជា​អ្នក​ទោស​ដើម្បី​គ្រិស្ត* យេស៊ូ និង​ពី​ធីម៉ូថេ ជា​ប្អូន​ប្រុស​របស់​យើង ជូន​ចំពោះ​ភីលេម៉ូន​ជា​ទី​ស្រឡាញ់​និង​ជា​អ្នក​រួម​ការងារ​ជា​មួយ​នឹងយើង ២ ហើយ​ជូន​ចំពោះ​អាប់ភា ជា​បង​ស្រី​របស់​យើង អាឃីប៉ុស​ដែល​ជា​អ្នក​ធ្វើ​ទាហាន​ជា​មួយ​នឹង​យើង និង​ចំពោះ​ក្រុម​ជំនុំ​ដែល​ជួប​ជុំ​នៅ​ផ្ទះ​របស់​អ្នក៖

៣ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​គុណ​ដ៏​វិសេស​លើស​លប់ និង​សេចក្ដី​សុខ​សាន្ត​ពី​ព្រះ​ដែល​ជា​បិតា និង​ពី​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត។

៤ ខ្ញុំ​អរគុណ​ព្រះ​របស់​ខ្ញុំ​ជា​និច្ច ពេល​ដែល​ខ្ញុំ​អធិដ្ឋាន​អំពី​អ្នក ៥ ព្រោះ​យើង​តែង​តែ​ឮ​អំពី​ជំនឿ​និង​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​មាន​ចំពោះ​លោក​ម្ចាស់​យេស៊ូ និង​ចំពោះ​ពួក​អ្នក​បរិសុទ្ធ​ទាំង​អស់ ៦ ដើម្បី​ឲ្យ​ជំនឿ​ដែល​អ្នក​បង្ហាញ​មាន​សកម្មភាព ពីព្រោះ​អ្នក​ទទួល​ស្គាល់​ថា យើង​បាន​ទទួល​អ្វីៗ​ដ៏​ល្អ​ជា​ច្រើន​ដោយ​សារ​មាន​សាមគ្គី​ភាព​ជា​មួយ​នឹង​គ្រិស្ត។ ៧ ព្រោះ​ខ្ញុំ​បាន​ទទួល​ការ​សម្រាល​ទុក្ខ​និង​អំណរ​ជា​ច្រើន​ដោយ​សារ​សេចក្ដី​ស្រឡាញ់​របស់​អ្នក ពីព្រោះ​ប្អូន​ប្រុស​អើយ តាម​រយៈ​អ្នក ពួក​អ្នក​បរិសុទ្ធ​មាន​អារម្មណ៍​កក់​ក្ដៅ​ក្នុង​ចិត្ត​ឡើង​វិញ។

៨ ហេតុ​នេះ ក្នុង​នាម​ជា​សាវ័ក* របស់​គ្រិស្ត ទោះ​ជា​ខ្ញុំ​មាន​សេរីភាព​ពេញ​លេញ​ដើម្បី​បង្គាប់​អ្នក​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ក៏​ដោយ ៩ ក៏​ខ្ញុំ​កំពុង​បំផុស​ទឹក​ចិត្ត​អ្នក​ដោយ​ផ្អែក​លើ​សេចក្ដី​ស្រឡាញ់ ដោយ​ហេតុ​ថា​ខ្ញុំ ប៉ូល ជា​មនុស្ស​វ័យ​ចាស់ ហើយ​ឥឡូវ​ជា​អ្នក​ទោស​ដើម្បី​គ្រិស្ត​យេស៊ូ ១០ ខ្ញុំ​កំពុង​បំផុស​ទឹក​ចិត្ត​អ្នក​ស្តី​អំពី​កូន​របស់​ខ្ញុំ ពោល​គឺ អូណេស៊ីម។ ពេល​ដែល​ខ្ញុំ​ជាប់​ចំណង ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​ឪពុក​របស់​គាត់។ ១១ ពី​មុន គាត់​គ្មាន​ប្រយោជន៍​ចំពោះ​អ្នក​សោះ តែ​ឥឡូវ​គាត់​មាន​ប្រយោជន៍​ចំពោះ​អ្នក​និង​ខ្ញុំ​ដែរ។ ១២ ខ្ញុំ​ចាត់​គាត់ ដែល​ជា​ដួង​ចិត្ត​របស់​ខ្ញុំ ឲ្យ​មក​ឯ​អ្នក​វិញ។

១៣ ខ្ញុំ​ចង់​ទុក​គាត់​ឲ្យ​នៅ​ជា​មួយ​នឹង​ខ្ញុំ ដើម្បី​គាត់​អាច​បន្ត​បម្រើ​ខ្ញុំ​ជំនួស​អ្នក ពេល​ដែល​ខ្ញុំ​នៅ​ជាប់​ចំណង​ដើម្បី​ដំណឹង​ល្អ។ ១៤ ប៉ុន្តែ បើ​គ្មាន​ការ​យល់​ព្រម​ពី​អ្នក ខ្ញុំ​មិនចង់ធ្វើ​អ្វីឡើយ ដើម្បី​ឲ្យ​អ្នក​ធ្វើ​ការ​ដ៏​ល្អ​នោះ​ស្ម័គ្រ​ពី​ចិត្ត មិន​មែន​ដោយ​មាន​ការ​បង្ខំទេ។ ១៥ ប្រហែល​នេះ​ជា​មូលហេតុ​ដែល​គាត់​បាន​ចាក​ចេញ​មួយ​រយៈ​ពេល គឺ​ដើម្បី​ឲ្យ​អ្នក​បាន​គាត់​មក​វិញ​ជា​រៀង​រហូត ១៦ មិន​មែន​ក្នុង​ឋានៈ​ជា​ខ្ញុំ​បម្រើ​ទៀត​ទេ តែ​លើស​ពី​នោះ​ទៅ​ទៀត​គឺ​ទទួល​គាត់​ជា​បង​ប្អូន​ជា​ទី​ស្រឡាញ់ ជា​ពិសេស​គាត់​គឺជា​ទី​ស្រឡាញ់​របស់ខ្ញុំ ប៉ុន្តែ​គាត់​គឺជា​ទី​ស្រឡាញ់​ច្រើន​ជាង​នោះ​ទៅ​ទៀត​ចំពោះ​អ្នក ជា​ខ្ញុំ​បម្រើ​និង​ជា​បង​ប្អូន​ក្នុង​លោក​ម្ចាស់។ ១៧ ដូច្នេះ ប្រសិនបើ​អ្នក​ចាត់​ទុក​ខ្ញុំ​ជា​អ្នក​រួម​ចំណែក សូម​ទទួល​គាត់​ដោយ​ចិត្ត​សប្បុរស ដូច​ជា​ទទួល​ខ្ញុំ​ដែរ។ ១៨ ម្យ៉ាង​ទៀត ប្រសិនបើ​គាត់​បាន​ធ្វើ​ខុស​នឹង​អ្នក​ក្នុង​រឿង​ណា​មួយ​ឬ​ជំពាក់​អ្នក​អ្វី​មួយ ខ្ញុំ​សូម​ទទួល​ខុស​ត្រូវ។ ១៩ ខ្ញុំ ប៉ូល សរសេរ​សេចក្ដី​នេះ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់៖ ខ្ញុំ​នឹង​សង​អ្នក​វិញ ហើយ​ខ្ញុំ​មិន​ចាំ​បាច់​ប្រាប់​អ្នក​ទេ​ថា អ្នក​ជំពាក់​ខ្ញុំ​ទាំង​ជីវិត​អ្នក​ទៀត ២០ ប្អូន​ប្រុស​អើយ ដោយ​សារ​យើង​ទាំង​ពីរ​នាក់​ជា​អ្នក​កាន់​តាម​លោក​ម្ចាស់៖ សូម​ឲ្យ​ខ្ញុំ​ទទួល​ផល​ប្រយោជន៍​ពី​អ្នក ដោយ​សូម​អ្នក​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​កក់​ក្ដៅ​ឡើង​វិញ​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត។

២១ ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា​អ្នក​នឹង​ធ្វើ​តាម​មិន​ខាន ហេតុ​នេះ ខ្ញុំ​សរសេរ​ទៅ​កាន់​អ្នក ដោយ​ដឹង​ថា​អ្នក​នឹង​ធ្វើ​លើស​ពី​អ្វី​ដែល​ខ្ញុំ​ប្រាប់​ទៅ​ទៀត។ ២២ ប៉ុន្តែ​ព្រម​ជា​មួយ​នឹង​ការ​នោះ សូម​រៀប​ចំ​កន្លែង​មួយ​ឲ្យ​ខ្ញុំ​ស្នាក់​នៅ ព្រោះ​ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​ត្រូវ​រំដោះ​ឲ្យ​មាន​សេរីភាព​ដោយ​សារ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​រាល់​គ្នា ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា។

២៣ អេប៉ាប្រាស​ដែល​ជា​អ្នក​ជាប់​គុក​ជា​មួយ​នឹង​ខ្ញុំ​ដោយ​សារ​គ្រិស្ត​យេស៊ូ សូម​ផ្ដាំ​សួរ​សុខទុក្ខ ២៤ ហើយ​ម៉ាកុស អារីស្ដាក ដេម៉ាស និង​លូកា ដែល​ជា​អ្នក​រួម​ការងារ​ជា​មួយ​នឹង​ខ្ញុំ​ក៏​ផ្ដាំ​សួរ​សុខទុក្ខ​ដែរ។

២៥ សូម​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ពីព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​គំនិត* ត្រឹម​ត្រូវ។

[កំណត់​សម្គាល់]

មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៤

ភាសា​ក្រិច​«អាប៉ូស្តូឡូស»។ មាន​ន័យ​ថា​«អ្នក​ដែល​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ»

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក