បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bi7 យ៉ាកុប ១:១-៥:២០
  • យ៉ាកុប

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យ៉ាកុប
  • សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
យ៉ាកុប

សំបុត្រ​របស់​យ៉ាកុប

១ ពីខ្ញុំ យ៉ាកុប ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ​និង​របស់​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត* ជូន​ចំពោះ​កុលសម្ព័ន្ធ​ទាំង​ដប់​ពីរ​ដែល​បែកខ្ញែក​គ្នា​ទៅ​កន្លែង​ផ្សេងៗ​៖

ជម្រាប​សួរ!

២ បង​ប្អូន​ខ្ញុំ​អើយ ពេល​ដែល​ជួប​នឹង​ទុក្ខ​លំបាក​ផ្សេងៗ ចូរ​ចាត់​ទុក​ការ​នោះ​ជា​អំណរ​សុទ្ធសាធ ៣ ព្រោះ​អ្នក​រាល់​គ្នា​ដឹង​ថា កា​រសាក​ល្បង​ជំនឿ​របស់​អ្នក​រាល់​គ្នា​យ៉ាង​នេះ ធ្វើ​ឲ្យ​ចេះ​ស៊ូ​ទ្រាំ។ ៤ ក៏​ប៉ុន្តែ ចូរ​ឲ្យ​ការ​ស៊ូ​ទ្រាំ​សម្រេច​គោល​បំណង​របស់​វា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពេញ​លក្ខណៈ គ្មាន​គុណ​វិបត្ដិ ហើយ​ឥត​ខ្វះ​គុណ​សម្បត្ដិ​ណា​មួយ​សោះ​ឡើយ។

៥ ដូច្នេះ ប្រសិនបើ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​អ្នក​ណា​ម្នាក់​ខ្វះ​ប្រាជ្ញា ចូរ​ឲ្យ​អ្នក​នោះ​សុំ​ព្រះ​ម្ដង​ហើយ​ម្ដង​ទៀត​ចុះ ព្រោះ​លោក​ឲ្យ​ដោយ​ចិត្ត​ទូលាយ​ដល់​មនុស្ស​ទាំង​អស់ ហើយ​លោក​មិន​ស្តីបន្ទោស​ឡើយ។ ធ្វើ​ដូច្នេះ អ្នក​នោះ​នឹង​ទទួល​ប្រាជ្ញា​មែន។ ៦ ប៉ុន្តែ​ចូរ​ឲ្យ​អ្នក​នោះ​បន្ត​សុំ​ដោយ​មាន​ជំនឿ ហើយ​ដោយ​មិន​សង្ស័យ​សោះ ព្រោះ​អ្នក​ដែល​សង្ស័យ​គឺ​ដូច​រលក​សមុទ្រ​ដែល​រំពើក​ចុះ​ឡើង​ទៅ​តាម​ខ្យល់។ ៧ តាម​ពិត អ្នក​នោះ​មិន​គួរ​គិត​ថា​ខ្លួន​នឹង​ទទួល​អ្វី​ពី​ព្រះ​យេហូវ៉ា​ឡើយ ៨ អ្នក​នោះ​មាន​ចិត្ត​ពីរ ហើយ​ក៏​មិន​នឹងនរ​ក្នុង​គ្រប់​ការ​ទាំង​អស់។

៩ ប៉ុន្តែ​ចូរ​ឲ្យ​បង​ប្អូន​ក្រី​ក្រ​បាន​រីករាយ​ដោយ​សារបាន​ត្រូវ​លើក​តម្កើង ១០ ហើយ​ចូរ​ឲ្យ​អ្នក​មាន​បាន​រីករាយ​ដោយ​សារបាន​ត្រូវ​បន្ទាប ពីព្រោះ​អ្នក​មាន​នឹង​រោយ​ទៅ​ដូច​ផ្កា​នៅ​ឯ​វាល។ ១១ ព្រោះ​ថ្ងៃ​រះ​ឡើង​មាន​កម្ដៅ​ក្ដៅ​ក្រៃ​លែង ធ្វើ​ឲ្យ​រុក្ខជាតិ​ស្លោក ផ្កា​វា​ក៏​ជ្រុះ ហើយ​លម្អ​នៃ​រុក្ខជាតិ​នោះ​ក៏​បាត់​សូន្យ​ទៅ។ ដូច​គ្នា​ដែរ របៀប​រស់​នៅ​របស់​អ្នក​មាន​នឹង​ឱនថយ​ហើយ​បាត់​សូន្យ​ទៅ។

១២ អ្នក​ណា​ដែល​បន្ត​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក អ្នក​នោះ​មាន​សុភមង្គល ពីព្រោះ​ពេល​ដែល​ព្រះ​ពេញ​ចិត្ត​នឹង​អ្នក​នោះ អ្នក​នោះ​នឹង​ទទួល​មកុដ​ជីវិត ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​ឲ្យ​ដល់​ពួក​អ្នក​ដែល​រក្សា​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក។ ១៣ ពេល​ដែល​ជួប​ទុក្ខ​លំបាក កុំ​ឲ្យ​អ្នក​ណា​និយាយ​ថា៖ «ព្រះ​កំពុង​ល្បង​ល​ខ្ញុំ»។ ព្រោះ​គ្មាន​អ្នក​ណា​អាច​ល្បង​ល​ព្រះ​ដោយ​សេចក្ដី​អាក្រក់​ឡើយ ហើយ​ព្រះ​ក៏​មិន​ល្បង​ល​អ្នក​ណា​ដោយ​សេចក្ដី​អាក្រក់​ដែរ។ ១៤ ប៉ុន្តែ​មនុស្ស​ទាំង​អស់​ត្រូវ​ល្បង​ល​ដោយ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ទាក់​ទាញ​និង​ល្បួង​លួង​លោម។ ១៥ រួច​មក ពេល​ដែល​សេចក្ដី​ប៉ង​ប្រាថ្នា​នោះ​ចាប់​មាន​គភ៌ នោះ​ក៏​សម្រាល​ចេញ​ជា​អំពើ​ខុស​ឆ្គង* កាល​ណា​អំពើ​ខុស​ឆ្គង​បាន​សម្រេច​ហើយ នោះ​នាំ​ឲ្យ​ស្លាប់។

១៦ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ កុំ​ភាន់​ច្រឡំ​ឡើយ។ ១៧ ព្រោះ​គ្រប់​ទាំង​របស់​ល្អ​និង​អំណោយ​ដ៏​ល្អ​ឥត​ខ្ចោះ សុទ្ធតែ​មក​ពី​ស្ថាន​លើ ព្រោះ​របស់​ទាំង​នោះ​មក​ពី​បិតា​នៃ​ពន្លឺ​នានា​នៅ​លើ​មេឃ ហើយ​លោក​មិន​ប្រែ​ប្រួល​ដូច​ស្រមោល​ឡើយ។ ១៨ ដោយ​សារ​ជា​បំណង​ប្រាថ្នា​របស់​លោក នោះ​លោក​បាន​នាំ​យើង​មក​ដោយ​បណ្ដាំ​នៃ​សេចក្ដី​ពិត។ លោក​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​យើង​ធ្វើ​ជា​ផល​ដំបូង​នៃ​អ្វី​ដែល​លោក​បង្កើត។

១៩ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​ដឹង​ថា មនុស្ស​ម្នាក់ៗ​ត្រូវ​រហ័ស​ស្ដាប់ មិន​រហ័ស​និយាយ មិន​រហ័ស​ខឹង ២០ ព្រោះ​កំហឹង​របស់​មនុស្ស​មិន​នាំ​ឲ្យ​បាន​សេចក្ដី​សុចរិត​របស់​ព្រះ​ទេ។ ២១ ដូច្នេះ ចូរ​លះ​ចោល​អ្វីៗ​ទាំង​អស់​ដែល​កខ្វក់ និង​អ្វី​ដែល​អសារ​ឥត​ការ ពោល​គឺ​សេចក្ដី​អាក្រក់ ហើយ​ចូរ​ទទួល​ដោយ​ចិត្ត​ស្លូតបូត​នូវ​ការដាំ​បណ្ដាំ​របស់​ព្រះ​ក្នុង​អ្នក​រាល់​គ្នា ជា​បណ្ដាំ​ដែល​អាច​សង្គ្រោះ​ជីវិត* របស់​អ្នក​រាល់​គ្នា។

២២ ក៏​ប៉ុន្តែ ចូរ​អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​អ្នក​ដែល​ប្រព្រឹត្ត​តាម​បណ្ដាំ​របស់​ព្រះ មិន​គ្រាន់តែ​ជា​អ្នក​ដែល​ឮ​បណ្ដាំ​របស់​ព្រះ ដោយ​បញ្ឆោត​ខ្លួន​តាម​ការ​វែក​ញែក​ខុស​នោះ​ទេ។ ២៣ ព្រោះ​ប្រសិនបើ​អ្នក​ណា​ជា​អ្នក​ដែល​ឮ​បណ្ដាំ​របស់​ព្រះ តែ​មិន​មែន​ជា​អ្នក​ប្រព្រឹត្ត​តាម​បណ្ដាំ​នោះ អ្នក​នោះ​គឺ​ដូច​ជា​មនុស្ស​ម្នាក់​ដែល​ឆ្លុះ​មុខ* ក្នុង​កញ្ចក់។ ២៤ ព្រោះ​គាត់​ឆ្លុះ​មុខ​ខ្លួន​ឯង រួច​ចេញ​ទៅ​ភ្លេច​ភ្លាម​ថា ខ្លួន​គាត់​ជា​មនុស្ស​បែប​ណា។ ២៥ ប៉ុន្តែ​អ្នក​ដែល​ពិនិត្យ​មើល​ច្បាប់​ល្អ​ឥត​ខ្ចោះ​ដែល​នាំ​ឲ្យ​មាន​សេរីភាព ហើយ​ព្យាយាម​ធ្វើ​នោះ​ជានិច្ច អ្នក​នោះ​នឹង​មាន​សុភមង្គល​ក្នុង​ការ​នោះ ពីព្រោះ​អ្នក​នោះ​បាន​ក្លាយ​ទៅ​ជា​អ្នក​ដែល​ធ្វើ​ការ​នោះ មិន​មែន​ជា​អ្នក​ដែល​ឮ​រួច​ភ្លេច​ទៅ​វិញ​ទេ។

២៦ ប្រសិនបើ​អ្នក​ណា​ចាត់​ទុក​ខ្លួន​ជា​អ្នក​គោរព​ប្រណិប័តន៍​តាម​របៀប​ត្រឹម​ត្រូវ តែ​មិន​ទប់​អណ្ដាត​ខ្លួន ប៉ុន្តែ​ចេះ​តែ​បញ្ឆោត​ចិត្ត​ខ្លួន នោះ​របៀប​ដែល​អ្នក​នោះ​គោរព​ប្រណិប័តន៍​គឺ​គ្មាន​ប្រយោជន៍​ទេ។ ២៧ តាម​ទស្សនៈ​របស់​លោក​ដែល​ជា​ព្រះ​និង​ជា​បិតា​របស់​យើង របៀប​គោរព​ប្រណិប័តន៍​ដែល​ស្អាត​ស្អំ​និង​ឥត​សៅហ្មង​នោះ​គឺ៖ ថែ​រក្សា​កូន​កំព្រា​និង​ស្ត្រី​មេម៉ាយ​ដែល​កំពុង​រង​ទុក្ខវេទនា ហើយ​រក្សា​ខ្លួន​មិន​ឲ្យ​ប្រឡូកប្រឡាក់​នឹង​ពិភព​លោក​នេះ។

២ បង​ប្អូន​ខ្ញុំ​អើយ តើ​អ្នក​រាល់​គ្នា​កំពុង​បង្ហាញ​ជំនឿ​ទៅ​លើ​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង ដែល​ជា​សិរី​រុងរឿង​របស់​យើង ហើយ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត​ដោយ​រើស​មុខ​នៅ​ដំណាល​គ្នា​ឬ? ២ ព្រោះ​ប្រសិនបើ​មាន​បុរស​ម្នាក់​ចូល​មក​ពេល​ដែល​អ្នក​រាល់​គ្នា​ប្រជុំ ហើយ​បុរស​នោះ​ពាក់​ចិញ្ចៀន​មាស​និង​សម្លៀក​បំពាក់​ល្អ​ប្រណីត រួច​មាន​បុរស​ក្រី​ក្រ​ម្នាក់​ដែល​មាន​សម្លៀក​បំពាក់​កខ្វក់​ចូល​មក​ដែរ ៣ តែ​អ្នក​រាល់​គ្នា​មើល​ទៅ​អ្នក​ដែល​មាន​សម្លៀក​បំពាក់​ល្អ​ប្រណីត​ដោយ​ពេញ​ចិត្ត ហើយ​និយាយ​ថា៖ «សូម​អង្គុយ​កន្លែង​ល្អ​នេះ» រួច​អ្នក​និយាយ​ទៅ​អ្នក​ក្រី​ក្រ​នោះ​ថា៖ «ចូរ​ឈរ​ត​ទៅ​ទៀត»​ឬ​«ចូរ​អង្គុយ​ទី​នោះ នៅ​ជិត​កំណល់​កល់​ជើង​ខ្ញុំ» ៤ នោះ​អ្នក​រាល់​គ្នា​បែងចែក​វណ្ណៈ ហើយ​បាន​ក្លាយ​ទៅ​ជា​ចៅ​ក្រម​ដែល​កាត់​ក្ដី​ដោយ​ទុច្ចរិត មែន​ទេ?

៥ បង​ប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ សូម​ស្ដាប់។ ព្រះ​បាន​ជ្រើស​រើស​អ្នក​ក្រ​ក្នុង​ពិភព​លោក​នេះ ដើម្បី​ឲ្យ​ធ្វើ​ជា​អ្នក​មាន​ខាង​ជំនឿ ហើយ​ទទួល​រាជាណាចក្រ​ជា​មត៌ក ជា​អ្វី​ដែល​លោក​បាន​សន្យា​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​លោក មែន​ទេ? ៦ ក៏ប៉ុន្តែ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​អ្នក​ក្រ​អាប់​ឱន​កិត្ដិយស។ ពួក​អ្នក​មាន​ជិះ​ជាន់​អ្នក​រាល់​គ្នា ហើយ​អូស​អ្នក​រាល់​គ្នា​ទៅ​តុលាការ មែន​ទេ? ៧ ពួក​គេ​ប្រមាថ​នាម​ល្អ​ប្រសើរ​ដែល​អ្នក​រាល់​គ្នា​ជា​តំណាង មែន​ទេ? ៨ ឥឡូវ ប្រសិនបើ​អ្នក​រាល់​គ្នា​ព្យាយាម​ប្រព្រឹត្ត​តាម​ច្បាប់​របស់​ស្តេច​ស្រប​តាម​បទ​គម្ពីរ​ដែល​ថា៖ «អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក» នោះ​អ្នក​រាល់​គ្នា​កំពុង​ប្រព្រឹត្ត​ល្អ​មែន។ ៩ ប៉ុន្តែ​ប្រសិនបើ​អ្នក​រាល់​គ្នា​ចេះ​តែ​រើស​មុខ នោះ​អ្នក​រាល់​គ្នា​កំពុង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ហើយ ព្រោះ​ច្បាប់​នេះ​ស​ឲ្យ​ឃើញ​ថា​អ្នក​រាល់​គ្នា​ជា​អ្នក​រំលង​ច្បាប់។

១០ ព្រោះ​អ្នក​ណា​ដែល​ធ្វើ​តាម​ច្បាប់* ទាំង​មូល តែ​បាន​ល្មើស​ប្រការ​ណា​មួយ អ្នក​នោះ​បាន​ល្មើស​ច្បាប់​ទាំង​មូល​ហើយ។ ១១ ព្រោះ​លោក​ដែល​មាន​ប្រសាសន៍​ថា៖ «អ្នក​មិន​ត្រូវ​ធ្វើ​ឃាតកម្ម​ឲ្យ​សោះ» ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា៖ «អ្នក​មិន​ត្រូវ​ផិត​ក្បត់​ឲ្យ​សោះ»។ ឥឡូវ ប្រសិនបើ​អ្នក​រាល់​គ្នា​មិន​ផិត​ក្បត់ តែ​ធ្វើ​ឃាតកម្ម នោះ​អ្នក​រាល់​គ្នា​បាន​ក្លាយ​ទៅ​ជា​អ្នក​រំលង​ច្បាប់​ហើយ។ ១២ ចូរ​បន្ត​និយាយ​និង​ប្រព្រឹត្ត​ដូច​អ្នក​ដែល​នឹង​ត្រូវ​វិនិច្ឆ័យ​ដោយ​ផ្អែក​លើ​ច្បាប់​របស់​មនុស្ស​ដែល​មាន​សេរីភាព។ ១៣ ព្រោះ​អ្នក​ណា​ដែល​មិន​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា អ្នក​នោះ​ក៏​នឹង​ត្រូវ​វិនិច្ឆ័យ​ដោយ​គ្មាន​សេចក្ដី​មេត្ដា​ករុណា​ដែរ។ សេចក្ដី​មេត្ដា​ករុណា​ឈ្នះ​ការ​វិនិច្ឆ័យ។

១៤ បង​ប្អូន​ខ្ញុំ​អើយ ប្រសិនបើ​អ្នក​ណា​ម្នាក់​និយាយ​ថា​ខ្លួន​មាន​ជំនឿ តែ​អ្នក​នោះ​គ្មាន​ការ​ប្រព្រឹត្ត តើ​មាន​ប្រយោជន៍​អ្វី? ជំនឿ​របស់​អ្នក​នោះ​មិន​អាច​សង្គ្រោះ​អ្នក​នោះ​បាន​ឡើយ មែន​ទេ? ១៥ ប្រសិនបើ​បង​ប្រុស​ឬ​បង​ស្រី​ណា​ម្នាក់​គ្មាន​សម្លៀក​បំពាក់ ឬ​អាហារ​គ្រប់​គ្រាន់​សម្រាប់​ថ្ងៃ​នេះ ១៦ តែ​អ្នក​រាល់​គ្នា​ណា​ម្នាក់​និយាយ​ទៅ​អ្នក​នោះ​ថា៖ «សូម​អញ្ជើញ​ទៅ​ឲ្យ​បាន​សេចក្ដី​សុខ ហើយ​សូម​ឲ្យ​ខ្លួន​ប្រាណ​បាន​កក់​ក្ដៅ និង​ឆ្អែត​ស្កប់​ស្កល់​ចុះ» ប៉ុន្តែ​អ្នក​រាល់​គ្នា​មិន​ឲ្យ​អ្វី​ដែល​ពួក​គាត់​ត្រូវ​ការ​សម្រាប់​រូប​កាយ តើ​មាន​ប្រយោជន៍​អ្វី? ១៧ ដូច​គ្នា​ដែរ ប្រសិនបើ​ជំនឿ​គ្មាន​ការ​ប្រព្រឹត្ត ជំនឿ​នោះ​គឺ​ស្លាប់​ហើយ។

១៨ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ នឹង​មាន​អ្នក​ណា​ម្នាក់​និយាយ​ថា៖ «អ្នក​មាន​ជំនឿ ហើយ​ខ្ញុំ​មាន​ការ​ប្រព្រឹត្ត។ ចូរ​បង្ហាញ​ជំនឿ​របស់​អ្នក​ឲ្យ​ខ្ញុំ​ឃើញ​ដោយ​គ្មាន​ការ​ប្រព្រឹត្ត ហើយ​ខ្ញុំ​នឹង​បង្ហាញ​ជំនឿ​របស់​ខ្ញុំ​ឲ្យ​អ្នក​ឃើញ តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ»។ ១៩ តើ​អ្នក​ជឿ​ថា​មាន​ព្រះ​តែ​មួយ​ឬ? នោះ​ល្អ​ហើយ។ តែ​ពួក​វិញ្ញាណ​កំណាច* ក៏​ជឿ​ហើយ​ញ័រ​រន្ធត់។ ២០ មនុស្ស​គំនិត​រាក់​កំភែល​អើយ តើ​អ្នក​ចង់​ដឹង​ទេ​ឬ​ថា ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត នោះ​មិន​បង្កើត​ផល​ឡើយ? ២១ អាប្រាហាំ​ដែល​ជា​ឪពុក​របស់​យើង បាន​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត​ដោយ​សារ​ការ​ប្រព្រឹត្ត បន្ទាប់​ពី​គាត់​បាន​បូជា​អ៊ីសាក​ជា​កូន​លើ​ទី​បូជា មែន​ទេ? ២២ អ្នក​រាល់​គ្នា​ឃើញ​ថា ជំនឿ​របស់​គាត់​បាន​សហការ​ជា​មួយ​នឹង​ការ​ប្រព្រឹត្ត​របស់​គាត់ ហើយ​ជំនឿ​របស់​គាត់​បាន​ត្រូវ​ធ្វើ​ឲ្យ​ល្អ​ឥត​ខ្ចោះ​ដោយ​សារ​ការ​ប្រព្រឹត្ត​របស់​គាត់ ២៣ ហើយ​បទ​គម្ពីរ​បាន​ត្រូវ​សម្រេច​ដែល​ថា៖ «អាប្រាហាំ​បាន​ជឿ​ព្រះ​យេហូវ៉ា ហើយ​គាត់​បាន​ត្រូវ​ចាត់​ទុក​ថា​ជា​មនុស្ស​សុចរិត» ហើយ​គាត់​បាន​ត្រូវ​ហៅ​ថា​«សម្លាញ់​របស់​ព្រះ​យេហូវ៉ា»។

២៤ អ្នក​ឃើញ​ថា​មនុស្ស​ម្នាក់​នឹង​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត​ដោយ​សារ​ការ​ប្រព្រឹត្ត មិន​គ្រាន់តែ​ដោយ​សារ​ជំនឿ​ប៉ុណ្ណោះ​ទេ។ ២៥ ដូច​គ្នា​ដែរ រ៉ាហាប​ដែល​ជា​ស្រី​ពេស្យា បាន​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត​ដោយ​សារ​ការ​ប្រព្រឹត្ត បន្ទាប់​ពី​នាង​បាន​ទទួល​អ្នក​នាំ​សារ​យ៉ាង​រាក់​ទាក់ រួច​បាន​ឲ្យ​ពួក​គេ​ចេញ​ទៅ​តាម​ផ្លូវ​ផ្សេង មែន​ទេ? ២៦ ពិត​មែន​ហើយ ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត​គឺ​ស្លាប់​ហើយ ដូច​រូប​កាយ​ដែល​គ្មាន​កម្លាំង​ជីវិត* ក៏​ស្លាប់​ដែរ។

៣ បង​ប្អូន​ខ្ញុំ​អើយ មិន​គួរ​ឲ្យ​អ្នក​រាល់​គ្នា​ជា​ច្រើន​នាក់​ធ្វើ​ជា​អ្នក​បង្រៀន​ឡើយ ពីព្រោះ​អ្នក​រាល់​គ្នា​ដឹង​ថា​យើង​នឹង​ទទួល​ការ​វិនិច្ឆ័យ​ដ៏​ម៉ឺង​ម៉ាត់​ជាង។ ២ ព្រោះ​យើង​ទាំង​អស់​គ្នា​ជំពប់​ដួល* ជា​ញឹក​ញយ។ ប្រសិនបើ​អ្នក​ណា​មិន​ដែល​ជំពប់​ដួល​ខាង​ពាក្យ​សម្ដី អ្នក​នោះ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ហើយ​អាច​កាន់កាប់​រូប​កាយ​ទាំង​មូល​របស់​ខ្លួន។ ៣ ប្រសិនបើ​យើង​ដាក់​បង្ហៀរ​នៅ​មាត់​សេះ​ដើម្បី​ធ្វើ​ឲ្យ​វា​ស្ដាប់​បង្គាប់​យើង នោះ​យើង​ក៏​កាន់កាប់​រូប​កាយ​ទាំង​មូល​របស់​វា​ដែរ។ ៤ មើល! សំពៅ​ក៏​ដូច្នេះ​ដែរ វា​ជា​របស់​ធំ​ណាស់ ហើយ​ក៏​ត្រូវ​រុញច្រាន​ដោយ​ខ្យល់​ដែល​បក់​បោកយ៉ាង​ខ្លាំង ប៉ុន្តែ​អ្នក​បើក​សំពៅ​ធ្វើ​ឲ្យ​វា​ទៅ​កន្លែង​ណា​ក៏​បាន​តាម​ចិត្ត​គាត់​ចង់ ដោយ​ប្រើ​ចង្កូត​តូច​មួយ។

៥ ដូច​គ្នា​ដែរ អណ្ដាត​ជា​សរីរាង្គ​ដ៏​តូច​មួយ តែ​វា​អួត​ខ្លាំង​ណាស់។ មើល! គ្រាន់តែ​អណ្ដាត​ភ្លើង​ដ៏​តូច​មួយ​ធ្វើ​ឲ្យ​ព្រៃ​ធំ​ឆេះ! ៦ ឯ​អណ្ដាត​ជា​ភ្លើង។ អណ្ដាត​ជា​សរីរាង្គ​រូប​កាយ​យើង ដែល​ពេញ​ទៅ​ដោយ​ភាព​មិន​សុចរិត ព្រោះ​វា​ធ្វើ​ឲ្យ​រូប​កាយ​ទាំង​មូល​ប្រឡាក់ ហើយ​អាច​បំផ្លាញ​ជីវិត​របស់​មនុស្ស ហើយ​ដូច​ជ្រលង​ភ្នំ​ហ៊ីណុំ* វា​នាំ​ឲ្យ​វិនាស។ ៧ ព្រោះ​សត្វ​ព្រៃ សត្វ​ស្លាប សត្វ​លូន​វារ និង​សត្វ​សមុទ្រ​គ្រប់​ពូជ​អាច​ផ្សាំង​បាន ក៏​បាន​ត្រូវ​មនុស្ស​ជាតិ​ផ្សាំង​ហើយ​ដែរ។ ៨ តែ​អណ្ដាត​វិញ គ្មាន​មនុស្ស​ណា​ម្នាក់​អាច​ផ្សាំង​បាន​ទេ។ វា​ជា​របស់​មួយ​ដែល​ធ្វើ​ឲ្យ​អន្តរាយ ក៏​ពោរ​ពេញ​ទៅ​ដោយ​ពិសពុល​ដែល​នាំ​ឲ្យ​ស្លាប់។ ៩ យើង​ប្រើ​អណ្ដាត​ដើម្បី​សរសើរ​ព្រះ​យេហូវ៉ា ដែល​ជា​បិតា​របស់​យើង តែ​យើង​ក៏​ប្រើ​អណ្ដាត​ដើម្បី​ដាក់​បណ្ដាសា​មនុស្ស​ជាតិ​ដែល​កើ​តម​ក​«មាន​ភាព​ដូច​ព្រះ»។ ១០ មាន​សេចក្ដី​សរសើរ​និង​បណ្ដាសា​ចេញ​ពី​មាត់​តែ​មួយ។

បង​ប្អូន​ខ្ញុំ​អើយ មិន​គួរ​ឲ្យ​ការ​នោះ​កើត​ឡើង​ដូច្នេះ​ត​ទៅ​ទៀត​ទេ។ ១១ ទឹក​ភ្លាវ​និង​ទឹក​សាប​មិន​ផុស​ចេញ​ពី​រន្ធ​ទឹក​តែ​មួយ​ទេ មែន​ទេ? ១២ បង​ប្អូន​ខ្ញុំ​អើយ ដើម​ល្វា​តូច​មិន​អាច​បង្កើត​ផល​ជា​ផ្លែ​អូលីវ​ទេ ហើយ​វល្លិ​ទំពាំង​បាយ​ជូរ​ក៏​មិន​អាច​បង្កើត​ផល​ជា​ផ្លែ​ល្វា​តូច​ដែរ មែន​ទេ? ហើយ​ទឹក​ប្រៃ​និង​ទឹក​សាប​ក៏​មិន​អាច​ផុស​ចេញ​ពី​រន្ធ​ទឹក​តែ​មួយ​បាន​ដែរ។

១៣ ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​អ្នក​ណា​មាន​ប្រាជ្ញា​និង​ការ​យល់​ដឹង? អ្នក​នោះ​ត្រូវ​មាន​ការ​ប្រព្រឹត្ត​ដ៏​ល្អ​ប្រសើរ​ដែល​បង្ហាញ​ថា​គាត់​ធ្វើ​អ្វីៗ​ទាំង​អស់​ដោយ​ចិត្ត​ស្លូតបូត​ដែល​មក​ពី​ប្រាជ្ញា។ ១៤ ប៉ុន្តែ​ប្រសិនបើ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ច្រណែន​ជូរ​ចត់​និង​មាន​ចិត្ត​ចង់​បង្ក​ទំនាស់ នោះ​កុំ​អួតអាង​ហើយ​កុហក​ទាស់​នឹង​សេចក្ដី​ពិត។ ១៥ ការ​នោះ​មិន​មែន​ជា​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ​ទេ តែ​ជា​ប្រាជ្ញា​ដែល​មក​ពី​ពិភព​លោក​នេះ ក៏​ដូច​តិរច្ឆាន និង​ដូច​ពួក​វិញ្ញាណ​កំណាច។ ១៦ ព្រោះ​កន្លែង​ណា​មាន​ចិត្ត​ច្រណែន​និង​ចិត្ត​ចង់​បង្ក​ទំនាស់ កន្លែង​នោះ​មាន​ភាព​ច្របូកច្របល់ ហើយ​មាន​អំពើ​អាក្រក់​គ្រប់​យ៉ាង។

១៧ ប៉ុន្តែ​ប្រាជ្ញា​ពី​ស្ថាន​លើ​វិញ ដំបូង​បង្អស់​គឺ​បរិសុទ្ធ រួច​ធ្វើ​ឲ្យ​មាន​សន្ដិភាព សម​ហេតុ​ផល រង់​ចាំ​ធ្វើ​តាម​បង្គាប់ ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​មេត្ដា​ករុ​ណា​និង​ផល​ល្អ មិន​លម្អៀង* ហើយ​គ្មាន​ពុត​ត្បុត។ ១៨ ម្យ៉ាង​ទៀត សេចក្ដី​សុចរិត​ជា​ផល​ដែល​ត្រូវ​សាប​ព្រោះ​ក្នុង​ស្ថានភាព​ដែល​មាន​សន្ដិភាព ដើម្បី​ជា​ប្រយោជន៍​ដល់​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្ដិភាព។

៤ តើ​អ្វី​បណ្ដាល​ឲ្យ​ឈ្លោះ​ប្រកែក​និង​កើត​មាន​វិវាទ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា? ការ​ទាំង​នោះ​បណ្ដាល​មក​ពី​អ្នក​រាល់​គ្នា​មាន​តណ្ហា​ដែល​មិន​ចេះ​ឆ្អែតឆ្អន់ ជា​តណ្ហា​ដែល​កំពុង​ប្រយុទ្ធ​ក្នុង​រូប​កាយ​អ្នក​រាល់​គ្នា មែន​ទេ? ២ អ្នក​រាល់​គ្នា​ចង់​បាន តែ​មិន​បាន​ទទួល​ទេ។ អ្នក​រាល់​គ្នា​ចេះ​តែ​សម្លាប់​និង​ប៉ង​ប្រាថ្នា​ចង់​បាន​របស់​អ្នក​ឯ​ទៀត តែ​មិន​អាច​ទទួល​បាន​ទេ។ អ្នក​រាល់​គ្នា​ចេះ​តែ​កើត​វិវាទ​នឹង​គ្នា ហើយ​ឈ្លោះ​ប្រកែក​គ្នា។ អ្នក​រាល់​គ្នា​មិន​បាន​ទទួល​ដោយ​សារ​មិន​បាន​សុំ។ ៣ ពេល​ដែល​អ្នក​រាល់​គ្នា​សុំ នោះ​មិន​បាន​ទទួល​ទេ ពីព្រោះ​អ្នក​រាល់​គ្នា​សុំ​ដោយ​មាន​បំណង​អាក្រក់ ពោល​គឺ ចង់​សុំ​អ្វី​ដែល​ចម្អែត​តណ្ហា​របស់​អ្នក​រាល់​គ្នា។

៤ មនុស្ស​ផិត​ក្បត់​អើយ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា ការ​ធ្វើ​ជា​មិត្ត​របស់​ពិភព​លោក​នេះ មាន​ន័យ​ថា​ធ្វើ​ជា​សត្រូវ​របស់​ព្រះ? ដូច្នេះ អ្នក​ណា​ដែល​ចង់​ធ្វើ​ជា​មិត្ត​របស់​ពិភព​លោក​នេះ អ្នក​នោះ​តាំង​ខ្លួន​ជា​សត្រូវ​របស់​ព្រះ​ហើយ។ ៥ ឬ​តើ​អ្នក​រាល់​គ្នា​គិត​ថា​បទ​គម្ពីរ​ចែង​ឥត​ប្រយោជន៍​ថា៖ «ដោយ​សារ​យើង​មាន​ភាព​ទោរ​ទន់ទៅ​រកការ​ច្រណែន នោះ​យើង​តែង​តែ​ប៉ង​ប្រាថ្នា​ចង់​បាន​អ្វី​ផ្សេងៗ»? ៦ ក៏​ប៉ុន្តែ​គុណ​ដ៏​វិសេស​លើស​លប់​ដែល​ព្រះ​ផ្ដល់​ឲ្យ គឺ​ខ្លាំង​ជាង។ ដូច្នេះ បទ​គម្ពីរ​ចែង​ថា៖ «ព្រះ​ប្រឆាំង​មនុស្ស​ក្រអឺតក្រទម តែ​លោក​ផ្ដល់​គុណ​ដ៏​វិសេស​លើស​លប់​ដល់​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប»។

៧ ហេតុ​នេះ ចូរ​ចុះ​ចូល​នឹង​ព្រះ តែ​ចូរ​តស៊ូ​នឹង​មេកំណាច* រួច​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា។ ៨ ចូរ​ចូល​ទៅ​ជិត​ព្រះ ហើយ​លោក​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ។ ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​អើយ ចូរ​សម្អាត​ដៃ​អ្នក​រាល់​គ្នា ហើយ​ពួក​អ្នក​ដែល​មាន​ចិត្ត​ពីរ​អើយ ចូរ​សម្អាត​ចិត្ត​អ្នក​រាល់​គ្នា។ ៩ ចូរ​កើត​ទុក្ខ ហើយ​យំ​សោក​ចុះ។ ចូរ​ឲ្យ​សំណើច​របស់​អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​ការ​យំ​សោក ហើយ​អំណរ​ក្លាយ​ទៅ​ជា​ការ​ព្រួយ​ចិត្ត​វិញ។ ១០ ចូរ​បន្ទាប​ខ្លួន​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​ចុះ ហើយ​លោក​នឹង​តម្កើង​អ្នក​រាល់​គ្នា។

១១ បង​ប្អូន​អើយ ឈប់​និយាយ​អាក្រក់​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​ណា​ដែល​និយាយ​អាក្រក់​អំពី​បង​ប្អូន​ឬ​វិនិច្ឆ័យ​បង​ប្អូន អ្នក​នោះ​និយាយ​អាក្រក់​អំពី​ច្បាប់ ហើយ​វិនិច្ឆ័យ​ច្បាប់។ ឥឡូវ ប្រសិនបើ​អ្នក​វិនិច្ឆ័យ​ច្បាប់ អ្នក​មិន​មែន​ជា​អ្នក​ប្រព្រឹត្ត​តាម​ច្បាប់​ទេ តែ​ជា​ចៅ​ក្រម​វិញ។ ១២ លោក​ដែល​បង្កើត​ច្បាប់​និង​ជា​ចៅ​ក្រម​មាន​តែ​មួយ​ទេ គឺ​លោក​ដែល​អាច​សង្គ្រោះ​និង​អាច​បំផ្លាញ។ ប៉ុន្តែ​អ្នក​វិញ តើ​អ្នក​ជា​អ្នក​ណា​បាន​ជា​វិនិច្ឆ័យ​អ្នក​ជិត​ខាង​របស់​ខ្លួន?

១៣ ឯ​អ្នក​រាល់​គ្នា​ដែល​និយាយ​ថា៖ «ថ្ងៃ​នេះ​ឬ​ថ្ងៃ​ស្អែក យើង​នឹង​ទៅ​ក្រុង​នេះ​ឬ​ក្រុង​នោះ រួច​ស្នាក់​នៅ​ទី​នោះ​មួយ​ឆ្នាំ ហើយ​រក​ស៊ី​បាន​ចំណេញ» សូម​គិត​ទៅ​មើល ១៤ អ្នក​រាល់​គ្នា​មិន​ដឹង​ថា​ជីវិត​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​យ៉ាង​ណា​ទេ​នៅ​ថ្ងៃ​ស្អែក។ ព្រោះ​អ្នក​រាល់​គ្នា​ជា​អ័ព្ទ​ដែល​នៅ​តែ​មួយ​រយៈ​ពេល​ខ្លី រួច​បាត់​ទៅ។ ១៥ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​គួរ​និយាយ​ថា៖ «ប្រសិនបើជា​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា យើង​នឹង​រស់ ហើយ​ធ្វើ​ការ​នេះ​ឬ​ការ​នោះ»។ ១៦ ប៉ុន្តែ​ឥឡូវ​នេះ​អ្នក​រាល់​គ្នា​មាន​មោទនភាព​ដោយ​សារ​ការ​អួតអាង​របស់​អ្នក​រាល់​គ្នា។ មោទនភាព​ទាំង​អស់​បែប​នេះ​គឺ​ទុច្ចរិត។ ១៧ ដូច្នេះ ប្រសិនបើ​អ្នក​ណា​ចេះ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ តែ​បែរ​ជា​មិន​ធ្វើ​ទៅ​វិញ នោះ​ជា​ការ​ខុស​ឆ្គង​ហើយ។

៥ ឯអ្នក​រាល់​គ្នា​ជា​អ្នក​មាន ចូរ​ស្រែក​យំ​ដោយ​សារទុក្ខ​លំបាក​ដែល​នឹង​កើត​ឡើង​ដល់​អ្នក​រាល់​គ្នា។ ២ ទ្រព្យ​របស់​អ្នក​រាល់​គ្នា​បាន​រលួយ​ហើយ សត្វ​ល្អិត​បាន​ស៊ី​បំផ្លាញ​សម្លៀក​បំពាក់​ក្រៅ​របស់​អ្នក​រាល់​គ្នា។ ៣ មាស​និង​ប្រាក់​របស់​អ្នក​រាល់​គ្នា​បាន​ត្រូវ​ច្រែះ​ស៊ី​ធ្លុះ​អស់​ហើយ ឯ​ច្រែះ​នោះ​នឹង​ធ្វើ​ជា​សាក្សី​ប្រឆាំង​អ្នក​រាល់​គ្នា ហើយ​នឹង​ស៊ី​សាច់​អ្នក​រាល់​គ្នា។ អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ប្រមូល​ទុក​សម្រាប់​គ្រា​ចុង​ក្រោយ​បង្អស់ គឺជា​អ្វី​ដែល​ដូច​ភ្លើង។ ៤ មើល! ប្រាក់​ឈ្នួល​ដែល​អ្នក​មិន​បើក​ឲ្យ​កម្មករ​ដែល​បាន​ប្រមូល​ផល​ពី​ស្រែ​ចម្ការ​របស់​អ្នក​រាល់​គ្នា ចេះ​តែ​ស្រែក​ឡើង ហើយ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​ឮ​ពួក​អ្នក​ច្រូត​កាត់​ស្រែក​សុំ​ជំនួយ។ ៥ អ្នក​រាល់​គ្នា​បាន​រស់​នៅ​ផែនដី​យ៉ាង​សម្បូណ៌​សប្បាយ ហើយ​បាន​បណ្ដែត​បណ្ដោយ​ទៅ​តាម​តណ្ហា​របស់​ខ្លួន។ ចិត្ត​របស់​អ្នក​រាល់​គ្នា​គឺ​ប្រៀប​ដូច​ជា​សត្វ​ដែល​គេ​បំប៉ន​ឲ្យ​ធំ​ធាត់ រហូត​ដល់​ថ្ងៃ​គេ​សម្លាប់។ ៦ អ្នក​រាល់​គ្នា​បាន​ផ្ដន្ទា​ទោស​និង​ធ្វើ​ឃាត​អ្នក​សុចរិត។ អ្នក​នោះ​កំពុង​ប្រឆាំង​អ្នក​រាល់​គ្នា មែន​ទេ?

៧ ដូច្នេះ បង​ប្អូន​អើយ ចូរ​មាន​ចិត្ត​អត់​ធ្មត់​រហូត​ដល់​លោក​ម្ចាស់​មាន​វត្តមាន។ មើល! កសិករ​មាន​ចិត្ត​អត់​ធ្មត់​កាល​ដែល​រង់​ចាំ​ភោគផល​វិសេស​ពី​ផែនដី រហូត​ដល់​រដូវ​ភ្លៀង​ដើម​ឆ្នាំ​និង​រដូវ​ភ្លៀង​ចុង​ឆ្នាំ​មក​ដល់។* ៨ ចូរ​អ្នក​រាល់​គ្នា​មាន​ចិត្ត​អត់​ធ្មត់​ដែរ ហើយ​តាំង​ចិត្ត​រឹង​មាំ ពីព្រោះ​គ្រា​នៃ​វត្តមាន​របស់​លោក​ម្ចាស់​គឺ​ជិត​ដល់​ហើយ។

៩ បង​ប្អូន​អើយ កុំ​ថ្ងូរ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ការ​វិនិច្ឆ័យ។ មើល! ចៅ​ក្រម​កំពុង​ឈរ​នៅ​មាត់​ទ្វារ​ហើយ។ ១០ បង​ប្អូន​អើយ ចូរ​ទុក​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​បាន​និយាយ​តាង​នាម​ព្រះ​យេហូវ៉ា ជា​គំរូ​ពី​ការ​រង​សេចក្ដី​អាក្រក់​និង​ការ​បង្ហាញ​ចិត្ត​អត់​ធ្មត់។ ១១ មើល! យើង​ចាត់​ទុក​ពួក​អ្នក​ដែល​បាន​ស៊ូ​ទ្រាំ​ថា​ជា​អ្នក​មាន​សុភមង្គល។ អ្នក​រាល់​គ្នា​ធ្លាប់​ឮ​អំពី​ការ​ស៊ូ​ទ្រាំ​របស់​យ៉ូប ក៏​ដឹង​អំពី​ពរ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ ហើយ​តាម​រយៈ​ការ​នោះ​អ្នក​ឃើញ​ថា​ព្រះ​យេហូវ៉ា​មាន​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ ហើយ​ក៏​ពេញ​ទៅ​ដោយ​សេចក្ដី​មេត្ដា​ករុណា។

១២ តែ​បង​ប្អូន​ខ្ញុំ​អើយ ជា​ពិសេស ឈប់​ស្បថ ទោះ​ជា​ស្បថ​ដោយ​យក​ស្ថាន​សួគ៌ ផែនដី ឬ​អ្វី​ផ្សេង​ទៀត​ជា​សាក្សី​ក្ដី។ ប៉ុន្តែ​ចូរ​រក្សា​សម្ដី បើ​ថា​«មែន» គឺ​មែន បើ​ថា​«ទេ» គឺ​ទេ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ការ​វិនិច្ឆ័យ។

១៣ ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​កំពុង​រង​នូវ​សេចក្ដី​អាក្រក់​ទេ? ចូរ​ឲ្យ​អ្នក​នោះ​បន្ត​អធិដ្ឋាន។ តើ​អ្នក​ណា​មាន​អារម្មណ៍​ល្អ​ទេ? ចូរ​ឲ្យ​អ្នក​នោះ​ច្រៀង​ទំនុក​តម្កើង។ ១៤ តើ​មាន​អ្នក​ណា​ឈឺ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ? ចូរ​ឲ្យ​អ្នក​នោះ​ហៅ​បុរស​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​មក ហើយ​ឲ្យ​ពួក​គាត់​អធិដ្ឋាន​ឲ្យ​អ្នក​នោះ ដោយ​លាប​ប្រេង​ក្នុង​នាម​ព្រះ​យេហូវ៉ា។ ១៥ រួច​សេចក្ដី​អធិដ្ឋាន​ដែល​បាន​ត្រូវ​ពោល​ដោយ​ជំនឿ​នឹង​ធ្វើ​ឲ្យ​អ្នក​ដែល​មិន​ស្រួល​ខ្លួន​បាន​ជា​សះ​ស្បើយ ហើយ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នក​នោះ​មាន​សុខភាព​ល្អ​ឡើង​វិញ។ ម្យ៉ាង​ទៀត ប្រសិនបើ​អ្នក​នោះ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង អ្នក​នោះ​នឹង​ទទួល​ការ​អភ័យទោស។

១៦ ដូច្នេះ ចូរ​សារភាព​ការ​ខុស​ឆ្គង​របស់​ខ្លួន​ដោយ​ចំហ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អធិដ្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជា​សះ​ស្បើយ។ សេចក្ដី​អធិដ្ឋាន​អង្វរ​របស់​មនុស្ស​សុចរិត​មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់ ពេល​ដែល​សេចក្ដី​អធិដ្ឋាន​នោះ​ទទួល​ចម្លើយ។ ១៧ អេលីយ៉ា​ចេះ​មាន​អារម្មណ៍​ដូច​យើង​ដែរ តែ​គាត់​អធិដ្ឋាន​អស់ពី​ចិត្ត​សូម​កុំ​ឲ្យ​ភ្លៀង​ធ្លាក់​មក រួច​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​ស្រុក​នោះ​អស់​បី​ឆ្នាំ​ប្រាំមួយ​ខែ។ ១៨ ហើយ​គាត់​អធិដ្ឋាន​ម្ដង​ទៀត មេឃ​ក៏​បង្អុរ​ភ្លៀង​មក ហើយ​ដី​បង្កើត​ភោគផល។

១៩ បង​ប្អូន​ខ្ញុំ​អើយ ប្រសិនបើ​អ្នក​រាល់​គ្នា​ណា​ម្នាក់​ត្រូវ​បង្វែរ​ចេញ​ពី​សេចក្ដី​ពិត ហើយ​អ្នក​ណា​ម្នាក់​ទៀត​ជួយ​នាំ​អ្នក​នោះ​មក​វិញ ២០ ចូរ​ដឹង​ថា អ្នក​ណា​ដែល​ជួយ​នាំ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​មក​ពី​ផ្លូវ​អាក្រក់​វិញ អ្នក​នោះ​នឹង​សង្គ្រោះ​ជីវិត* អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ហើយ​គ្រប​បាំង​អំពើ​ខុស​ឆ្គង​ជា​ច្រើន។

[កំណត់​សម្គាល់]

មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៤

មើល​កំណត់​សម្គាល់​រ៉ូម ៥:១២

ភាសា​ក្រិច​«ផ្ស៊ីគី»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ក

ន័យ​ត្រង់​«មុខ​របស់​គាត់​ពី​កំណើត»

មើល​កំណត់​សម្គាល់​ម៉ាថ ៥:១៧

ភាសា​ក្រិច​«ដាយម៉ូនីអន»។ សំដៅ​ទៅ​ពួក​ទេវតា​អាក្រក់

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​ម៉ាថ ៥:២៩

ភាសា​ក្រិច​«ហ្គេហេណា»។ សំដៅ​ទៅ​កន្លែង​ដុត​សំរាម​ខាង​ក្រៅ​ក្រុង​យេរូសាឡិម។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៨

ឬ​«មិន​រើស​មុខ»

ភាសា​ក្រិច​«ឌីអាបូឡូស»។ មាន​ន័យ​ថា​«អ្នក​បង្កាច់​បង្ខូច»

រដូវ​ភ្លៀង​ដើម​ឆ្នាំ​ចាប់​ផ្ដើម​ពាក់​កណ្ដាល​ខែ​តុលា។ រដូវ​ភ្លៀង​ចុង​ឆ្នាំ​ចាប់​ផ្ដើម​ពាក់​កណ្ដាល​ខែ​មេ​សា។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​១១

ភាសា​ក្រិច​«ផ្ស៊ីគី»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ក

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក