បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bi7 ពេត្រុសទី១ ១:១-៥:១៤
  • ពេត្រុសទី១

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពេត្រុសទី១
  • សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
ពេត្រុសទី១

សំបុត្រ​ទី​មួយ​របស់​ពេត្រុស

១ ពីខ្ញុំ ពេត្រុស ដែល​ជា​សាវ័ក* របស់​លោក​យេស៊ូ​គ្រិស្ត* ជូន​ចំពោះ​ពួក​អ្នកស្នាក់​នៅ​បណ្ដោះ​អាសន្ន​ដែល​នៅ​បែកខ្ញែក​នា​តំបន់​ប៉ុនតុស ខេត្ត​កាឡាទី តំបន់​កាប៉ាដូគា តំបន់​អាស៊ី* និង​ខេត្ត​ប៊ីធូនា ពោល​គឺ​ពួក​អ្នក​ដែល​បាន​ត្រូវ​ជ្រើស​រើស ២ សម​ស្រប​តាម​អ្វី​ដែល​ព្រះ​ជា​បិតា​បាន​ជ្រាប​ទុក​ជា​មុន ហើយ​ដែល​ជា​អ្នក​បាន​ត្រូវ​ញែក​ចេញ​ជា​បរិសុទ្ធ​តាម​រយៈ​សកម្មពល* របស់​លោក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ស្ដាប់​បង្គាប់ ហើយ​ទទួល​ការ​ប្រោះ​ដោយ​ឈាម​របស់​លោក​យេស៊ូ​គ្រិស្ត៖ 

សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​គុណ​ដ៏​វិសេស​លើស​លប់​កាន់​តែ​បរិបូរ​ឡើង។

៣ សូម​សរសើរ​លោក​ដែល​ជា​ព្រះ​និង​ជា​បិតា​របស់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង ព្រោះ​ដោយ​សេចក្ដី​មេត្ដា​ករុណា​ដ៏​ជ្រាល​ជ្រៅ​របស់​លោក លោក​បាន​ធ្វើ​ឲ្យ​យើង​កើត​ជា​ថ្មី ដើម្បី​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ដែល​ស្ថិតស្ថេរ តាម​រយៈ​ការ​ប្រោស​លោក​យេស៊ូ​គ្រិស្ត​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ ៤ ព្រម​ទាំង​ទទួល​មត៌ក​ដែល​មិន​អាច​ខូច​ទៅ ដែល​ឥត​សៅហ្មង ហើយ​ដែល​ស្ថិតស្ថេរ​ជា​និរន្តរ៍។ មត៌ក​នោះ​បាន​ត្រូវ​បម្រុង​ទុក​នៅ​ស្ថាន​សួគ៌​សម្រាប់​អ្នក​រាល់​គ្នា ៥ ដែល​កំពុង​ទទួល​ការ​រក្សា​ការពារ​ដោយ​ឫទ្ធានុភាព​របស់​ព្រះ តាម​រយៈ​ជំនឿ ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ​ដែល​នឹង​ត្រូវ​បើក​បង្ហាញ​ឲ្យ​ឃើញ​នៅ​គ្រា​ចុង​ក្រោយ។ ៦ ដោយ​សារ​ការ​ទាំង​នោះ អ្នក​រាល់​គ្នា​កំពុង​ត្រេក​អរ​យ៉ាង​ខ្លាំង ទោះ​បី​ជា​អ្នក​រាល់​គ្នា​ត្រូវតែ​ព្រួយ​ចិត្ត ដោយ​សារទុក្ខ​លំបាក​ផ្សេងៗ​នៅ​គ្រា​ឥឡូវ​នេះ​ក្ដី ៧ យ៉ាង​នេះ ជំនឿ​របស់​អ្នក​រាល់​គ្នា​ដែល​បាន​ត្រូវ​សាក​ល្បង ហើយ​មាន​តម្លៃ​ថ្លៃ​ជាង​មាស​ដែល​វិនាស​ទៅ ទោះ​ជា​វា​បាន​ត្រូវ​សាក​ល្បង​ដោយ​ភ្លើង​ក៏​ដោយ ជា​ហេតុ​ឲ្យ​ទទួល​សេចក្ដី​សរសើរ សិរី​រុងរឿង និង​កិត្ដិយស​ពេល​ដែល​លោក​យេស៊ូ​គ្រិស្ត​នឹង​ត្រូវ​សម្ដែង។ ៨ ទោះ​ជា​អ្នក​រាល់​គ្នា​មិន​ដែល​ឃើញ​លោក​ក៏​ដោយ ក៏​អ្នក​រាល់​គ្នា​ស្រឡាញ់​លោក។ ទោះ​ជា​ឥឡូវ​នេះ​អ្នក​រាល់​គ្នា​មិន​ឃើញ​លោក​ក៏​ដោយ ក៏​អ្នក​រាល់​គ្នា​បង្ហាញ​ជំនឿ​លើ​លោក ហើយ​កំពុង​ត្រេក​អរ​យ៉ាង​ខ្លាំង ដោយ​មាន​អំណរ​រក​ពណ៌​នា​ពុំ​បាន ៩ ពេល​ដែល​អ្នក​រាល់​គ្នា​ទទួល​លទ្ធផល​ពី​ជំនឿ​របស់​អ្នក​រាល់​គ្នា ពោល​គឺ​ជីវិត​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​សង្គ្រោះ។

១០ ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​បាន​ប្រកាស​អំពី​គុណ​ដ៏​វិសេស​លើ​ល​លប់​ដែល​ទុក​សម្រាប់​អ្នក​រាល់​គ្នា បាន​ព្យាយាម​សួរ​ឲ្យ​ដឹង ហើយ​បាន​ស្រាវជ្រាវ​យ៉ាង​ហ្មត់​ចត់​អំពី​សេចក្ដី​សង្គ្រោះ​នោះ​ឯង។ ១១ ពួក​គេ​បាន​ខំ​ស្វែងរក​យល់​ជា​និច្ច​ថា សកម្មពល​ដែល​ស្ថិត​ក្នុង​ពួក​គេ​កំពុង​សំដៅ​ទៅ​គ្រា​មួយ​ណា ឬ​គ្រា​បែប​ណា​ស្តី​អំពី​គ្រិស្ត។ សកម្មពល​នោះ​បញ្ជាក់​ទុក​ជា​មុន​អំពី​ទុក្ខ​លំបាក​ដែល​គ្រិស្ត​នឹង​ត្រូវ​រង និង​សេចក្ដី​រុងរឿង​ដែល​នឹង​មាន​បន្ទាប់​ពី​នោះ។ ១២ សកម្មពល​នោះ​បាន​បើក​បង្ហាញ​ឲ្យ​ពួក​គេ​ដឹង​ថា ការ​ទាំង​នោះ​មិន​មែន​សម្រាប់​ពួក​គេ​នោះ​ទេ តែ​ពួក​គេ​កំពុង​បម្រើ​អ្នក​រាល់​គ្នា ដោយ​ផ្ដល់​អ្វី​ដែល​បាន​ត្រូវ​ប្រាប់​ដល់​អ្នក​រាល់​គ្នា​តាម​រយៈ​ពួក​អ្នក​ដែល​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ដោយ​សកម្មពល​បរិសុទ្ធ​ដែល​បាន​ត្រូវ​ចាត់​ពី​ស្ថាន​សួគ៌។ បណ្ដា​ទេវតា​ប៉ង​ប្រាថ្នា​ពិនិត្យ​មើល​ការ​នោះ​ឯង។

១៣ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រៀប​គំនិត* ដើម្បី​ធ្វើ​សកម្មភាព ចូរ​ដឹង​ខ្លួន​ក្នុង​គ្រប់​ការ​ទាំង​អស់ ចូរ​សង្ឃឹម​លើ​គុណ​ដ៏​វិសេស​លើស​លប់​ដែល​អ្នក​រាល់​គ្នា​នឹង​ទទួល​ពេល​ដែល​លោក​យេស៊ូ​គ្រិស្ត​នឹង​ត្រូវ​សម្ដែង។ ១៤ ក្នុង​នាម​ជា​កូន​ដែល​ស្ដាប់​បង្គាប់ ចូរ​ឈប់​បណ្ដោយ​ខ្លួន​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​មាន​កាល​នៅ​ល្ងង់​នៅ​ឡើយ ១៥ ប៉ុន្តែ​ចូរ​ក្លាយ​ទៅ​ជា​មនុស្ស​បរិសុទ្ធ​ក្នុង​ការ​ប្រព្រឹត្ត​ទាំង​អស់ ដូច​ព្រះ​ដ៏​បរិសុទ្ធ​ដែល​បាន​ហៅ​អ្នក​រាល់​គ្នា ១៦ ពីព្រោះ​បទ​គម្ពីរ​ចែង​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​តែ​បរិសុទ្ធ ពីព្រោះ​ខ្ញុំ​បរិសុទ្ធ»។

១៧ ម្យ៉ាង​ទៀត ប្រសិនបើ​អ្នក​រាល់​គ្នា​កំពុង​ហៅ​រក​បិតា​ដែល​វិនិច្ឆ័យ​មនុស្ស​សម​ស្រប​តាម​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​រៀង​ខ្លួន​ដោយ​ឥត​លម្អៀង នោះ​ចូរ​ប្រព្រឹត្ត​ដោយ​កោត​ខ្លាច​ក្នុង​អំឡុង​ពេល​ដែល​អ្នក​រាល់​គ្នា​ស្នាក់​នៅ​ជា​បណ្ដោះ​អាសន្ន។ ១៨ ព្រោះ​អ្នក​រាល់​គ្នា​ដឹង​ថា ពេល​ដែល​អ្នក​រាល់​គ្នា​ទទួល​ការ​រំដោះ​ពី​ការ​ប្រព្រឹត្ត​ឥត​ប្រយោជន៍​របស់​ខ្លួន ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ពី​ពួក​បុព្វបុរស​មក នោះ​មិន​មែន​ដោយ​សារ​របស់​ដែល​អាច​ខូច​ទៅ ដូច​មាស​ឬ​ប្រាក់​នោះ​ទេ។ ១៩ ប៉ុន្តែ​គឺ​ដោយ​សារ​ឈាម​ដ៏​ថ្លៃ​វិសេស ដូច​ឈាម​របស់​ចៀម​ដែល​គ្មាន​ស្នាម គ្មាន​ប្រឡាក់ ពោល​គឺ​ឈាម​របស់​គ្រិស្ត។ ២០ ពិត​មែន​តែ​ព្រះ​បាន​ជ្រើស​រើស​លោក​មុន​កំណើត​ពិភព​លោក ប៉ុន្តែ​លោក​បាន​ត្រូវ​សម្ដែង​ឲ្យ​ឃើញ​នៅ​ចុង​បញ្ចប់​នៃ​គ្រា​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា ២១ ដែល​ជឿ​ព្រះ​ដោយ​សារ​លោក គឺ​ព្រះ​ដែល​បាន​ប្រោស​លោក​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​បាន​ឲ្យ​សិរី​រុងរឿង​ដល់​លោក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​និង​សង្ឃឹម​លើ​ព្រះ។

២២ ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​សម្អាត​ខ្លួន* ដោយ​ស្ដាប់​បង្គាប់​សេចក្ដី​ពិត ហើយ​ជា​លទ្ធផល​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​ដោយ​គ្មាន​ពុត​ត្បុត នោះ​ចូរ​ស្រឡាញ់​គ្នា​ឲ្យ​ខ្លាំង​ដោយ​ស្មោះ​ពី​ចិត្ត។ ២៣ ព្រោះ​អ្នក​រាល់​គ្នា​បាន​ត្រូវ​ធ្វើ​ឲ្យ​កើត​ជា​ថ្មី មិន​មែន​ដោយ​ពូជ​ដែល​អាច​ខូច​ទៅ​នោះ​ទេ តែ​ដោយ​ពូជ​ដែល​មិន​អាច​ខូច តាម​រយៈ​បណ្ដាំ​របស់​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​ជា​និរន្តរ៍។ ២៤ ព្រោះ​«មនុស្ស​ទាំង​អស់​គឺ​ដូចជា​ស្មៅ ហើយ​ភាព​រុងរឿង​ទាំង​អស់​របស់​ពួក​គេ​គឺ​ដូច​ជា​ផ្កា​ស្មៅ។ ស្មៅ​នោះ​ក្រៀម​ស្វិត ហើយ​ផ្កា​ក៏​រុះ​រោយ​ទៅ ២៥ ប៉ុន្តែ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ស្ថិតស្ថេរ​ជា​រៀង​រហូត»។ គឺ​«ប្រសាសន៍»​នេះ​ឯង​ដែល​បាន​ត្រូវ​ប្រកាស​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ជា​ដំណឹង​ល្អ។

២ ដូច្នេះ ចូរ​លះ​ចោល​អស់​ទាំង​ការ​អាក្រក់ និង​អស់​ទាំង​ការ​បោក​បញ្ឆោត ពុត​ត្បុត ចិត្ត​ច្រណែន និង​ការ​តិះ​ដៀល​គ្រប់​យ៉ាង ២ ហើយ​ដូច​ទារក​ដែល​ទើប​នឹង​កើត ចូរ​បណ្ដុះ​ឲ្យ​មាន​ការ​ស្រេក​ឃ្លាន​ចង់​បាន​ទឹក​ដោះ​សុទ្ធ​ដែល​មក​ពី​បណ្ដាំ​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ធំ​លូត​លាស់​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ​តាម​រយៈ​ទឹក​ដោះ​នោះ ៣ ព្រោះ​អ្នក​រាល់​គ្នា​បាន​ភ្លក់​សេចក្ដី​សប្បុរស​របស់​លោក​ម្ចាស់​ហើយ។

៤ ដោយ​អ្នក​រាល់​គ្នា​មក​ឯ​លោក ដូច​មក​ឯ​ថ្ម​ដែល​មាន​ជីវិត​រស់​នៅ ពិត​មែន​តែ​មនុស្ស​មិន​ព្រម​យក ប៉ុន្តែ​ព្រះ​ជ្រើស​រើស​ហើយ​ចាត់​ទុក​ថា​ថ្លៃ​វិសេស ៥ អ្នក​រាល់​គ្នា​ជា​ថ្ម​ដែល​មាន​ជីវិត​រស់​នៅ​ដែរ ហើយ​កំពុង​ត្រូវ​សង់​ឡើង​ជា​ផ្ទះ​មួយ​តាម​រយៈ​សកម្មពល* របស់​ព្រះ ដើម្បី​ធ្វើ​ជា​ពួក​សង្ឃ​បរិសុទ្ធ​ដើម្បី​ជូន​គ្រឿង​បូជា​ដែល​ព្រះ​ពេញ​ចិត្ត ក្រោម​ការ​ដឹក​នាំ​នៃ​សកម្មពល​របស់​លោក តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត។ ៦ ព្រោះ​បទ​គម្ពីរ​ចែង​ថា៖ «មើល! នៅ​ស៊ីយ៉ូន​ខ្ញុំ​នឹង​ដាក់​ថ្ម​មួយ ជា​ថ្ម​គ្រឹះ​សំខាន់​ជាង​គេ ជា​ថ្ម​ដែល​បាន​ត្រូវ​ជ្រើស​រើស ហើយ​ថ្លៃ​វិសេស។ អស់​អ្នក​ណា​ដែល​បង្ហាញ​ជំនឿ​លើ​ថ្ម​នោះ នឹង​មិន​ខក​ចិត្ត​ឡើយ»។

៧ ដូច្នេះ គឺ​អ្នក​រាល់​គ្នា​ដែល​ចាត់​ទុក​ថា​លោក​ថ្លៃ​វិសេស ពីព្រោះ​អ្នក​រាល់​គ្នា​ជា​អ្នក​ជឿ ប៉ុន្តែ​ចំពោះ​អ្នក​មិន​ជឿ​វិញ «ថ្ម​នោះ​ឯង​ដែល​អ្នក​សាងសង់​មិន​ព្រម​យក បាន​ទៅ​ជា​ថ្ម​នៅ​លើ​គេ​បំផុត​នៅ​ជ្រុង​ជញ្ជាំង»* ៨ ហើយ​ជា​«ថ្ម​មួយ​ដែល​នាំ​ឲ្យ​ជំពប់​ជើង​ដួល និង​ផ្ទាំង​ថ្ម​មួយ​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​ល្មើស»។ អ្នក​ទាំង​នោះ​ជំពប់​ដួល* ពីព្រោះ​ពួក​គេ​មិន​ធ្វើ​តាម​បណ្ដាំ​របស់​ព្រះ។ ពួក​គេ​បាន​ត្រូវ​កំណត់​ឲ្យ​ធ្វើ​ដូច្នេះ។ ៩ ប៉ុន្តែ​អ្នក​រាល់​គ្នា​ជា​«ពូជ​សាសន៍​ដែល​បាន​ត្រូវ​ជ្រើស​រើស និង​ជា​សង្ឃ​ដែល​មាន​តំណែង​ជា​ស្តេច ក៏​ជា​ជន​ជាតិ​បរិសុទ្ធ និង​រាស្ត្រ​ដែល​ជា​សម្បត្ដិ​ពិសេស ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រកាស​នៅ​ទី​ជិត​ឆ្ងាយ​អំពី​គុណ​សម្បត្ដិ​ប្រសើរ​ថ្លៃ​ថ្លា»​របស់​លោក​ដែល​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្ដី​ងងឹត​ឲ្យ​ចូល​ក្នុង​ពន្លឺ​ដ៏​អស្ចារ្យ​របស់​លោក។ ១០ ព្រោះ​ពី​មុន អ្នក​រាល់​គ្នា​មិន​មែន​ជា​រាស្ត្រ​របស់​ព្រះ​ទេ ប៉ុន្តែ​ឥឡូវ​នេះ​អ្នក​រាល់​គ្នា​ជា​រាស្ត្រ​របស់​ព្រះ។ ពី​មុន​អ្នក​រាល់​គ្នា​ធ្លាប់​ជា​អ្នក​ដែល​មិន​ទទួល​សេចក្ដី​មេត្ដា​ករុណា ប៉ុន្តែ​ឥឡូវ​អ្នក​រាល់​គ្នា​ជា​អ្នក​ដែល​បាន​ទទួល​សេចក្ដី​មេត្ដា​ករុណា​ហើយ។

១១ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ខ្ញុំ​សូម​បំផុស​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​ដែល​ជា​ជន​បរទេស​និង​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ក្នុង​ពិភព​លោក​នេះ កុំ​ឲ្យ​បណ្ដោយ​ខ្លួន​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ ជា​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​ចេះ​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា។* ១២ ចូរ​ប្រព្រឹត្ត​ល្អ​ប្រសើរ​ជា​និច្ច​ក្នុង​ចំណោម​មនុស្ស​ខាង​ពិភព​លោក​នេះ។ យ៉ាង​នោះ ទោះ​ជា​ពួក​គេ​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា​ថា​ជា​អ្នក​ប្រព្រឹត្ត​អាក្រក់​ក៏​ដោយ ក៏​ពួក​គេ​នឹង​បែរ​ជា​សរសើរ​ព្រះ​នៅ​ថ្ងៃ​ដែល​លោក​ធ្វើ​ការ​ត្រួត​ពិនិត្យ ដោយ​សារ​ពួក​គេ​ជា​សាក្សី​អំពី​ការ​ប្រព្រឹត្ត​ដ៏​ល្អ​ប្រសើរ​របស់​អ្នក​រាល់​គ្នា។

១៣ ដើម្បី​លោក​ម្ចាស់ ចូរ​ចុះ​ចូល​នឹង​ស្ថាប័ន​ទាំង​អស់​ដែល​មនុស្ស​បាន​បង្កើត៖ ទោះ​បី​ជា​ចុះ​ចូល​នឹង​ស្តេច ជា​អ្នក​មាន​ឋានៈ​ខ្ពស់​ជាង​ខ្លួន ១៤ ឬ​អភិបាល​ដែល​ស្តេច​ចាត់​ឲ្យ​ដាក់​ទោស​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ តែ​ឲ្យ​សរសើរ​មនុស្ស​ដែល​ប្រព្រឹត្ត​ល្អ។ ១៥ ព្រោះ​នេះ​ជា​បំណង​ប្រាថ្នា​របស់​ព្រះ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ល្អ ដើម្បី​ឃ្លុំ​មាត់​មនុស្ស​ឥត​សម​ហេតុ​ផល​ដែល​និយាយ​បែប​ល្ងង់​ខ្លៅ។ ១៦ ចូរ​រស់​នៅ​ជា​មនុស្ស​មាន​សេរីភាព តែ​កុំ​ប្រើ​សេរីភាព​របស់​អ្នក​រាល់​គ្នា​ជា​វិធី​បិទ​បាំង​អំពើ​អាក្រក់​ឡើយ តែ​ចូរ​ប្រើ​សេរីភាព​នោះ​ឲ្យ​សម​នឹង​ឋានៈ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ។ ១៧ ចូរ​គោរព​មនុស្ស​គ្រប់​ប្រភេទ ចូរ​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ​ទាំង​អស់​គ្នា ចូរ​កោត​ខ្លាច​ព្រះ ចូរ​គោរព​ស្តេច។

១៨ ចូរ​ឲ្យ​អ្នក​បម្រើ​ក្នុង​ផ្ទះ​ចុះ​ចូល​នឹង​ម្ចាស់​ខ្លួន​ដោយ​គោរព​កោត​ខ្លាច​ទាំង​ស្រុង មិន​គ្រាន់តែ​ចុះ​ចូល​នឹង​ម្ចាស់​ដែល​មាន​ចិត្ត​ល្អ​និង​ជា​មនុស្ស​សម​ហេតុ​ផល​ប៉ុណ្ណោះ​ទេ តែ​ចុះ​ចូល​នឹង​ម្ចាស់​ដែល​ពិបាក​ផ្គាប់​ចិត្ត​ដែរ។ ១៩ ពីព្រោះ​ប្រសិនបើ​អ្នក​ណា​ស៊ូ​ទ្រាំ​ការ​លំបាក​ហើយ​រង​ទុក្ខ​ដោយ​អយុត្ដិធម៌ ដើម្បី​កុំ​ឲ្យ​សមត្ថភាព​វិនិច្ឆ័យ​ផ្ដន្ទា​ទោស​ខ្លួន​នៅ​ចំពោះ​មុខ​ព្រះ នោះ​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។ ២០ ព្រោះ​ប្រសិនបើ​អ្នក​រាល់​គ្នា​ធ្វើ​អំពើ​ខុស​ឆ្គង ហើយ​ត្រូវ​គេ​ទះ​កំផ្លៀង តើ​មាន​គុណ​បំណាច់​អ្វី​បើ​អ្នក​ស៊ូ​ទ្រាំ​ឲ្យ​គេ​ទះ​កំផ្លៀង​នោះ? ប៉ុន្តែ​ប្រសិនបើ​អ្នក​រាល់​គ្នា​ធ្វើ​អំពើ​ល្អ​ហើយ​រង​ទុក្ខ តែ​អ្នក​រាល់​គ្នា​ស៊ូ​ទ្រាំ នោះ​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត។

២១ តាម​ពិត អ្នក​រាល់​គ្នា​បាន​ត្រូវ​ហៅ​ឲ្យ​មាន​វិថី​ជីវិត​បែប​នេះ ពីព្រោះ​គ្រិស្ត​បាន​រង​ទុក្ខ​ដើម្បី​អ្នក​រាល់​គ្នា ហើយ​ទុក​គំរូ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ខំ​ដើរ​តាម​លំ​អាន​ដាន​របស់​លោក​ឲ្យ​បាន​ដិត​ដល់។ ២២ លោក​មិន​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​សោះ ហើយ​មិន​ដែល​មាន​ពាក្យ​បោក​បញ្ឆោត​ចេញ​ពី​មាត់​លោក​ឡើយ។ ២៣ ពេល​ដែល​លោក​ត្រូវ​គេ​ជេរ​ប្រមាថ លោក​មិន​បាន​ជេរ​ប្រមាថ​គេ​វិញ​ទេ។ ពេល​ដែល​លោក​រង​ទុក្ខ នោះ​លោក​មិន​បាន​គំរាម​កំហែង​គេ​ឡើយ ប៉ុន្តែ​លោក​តែង​តែ​ផ្ញើ​ខ្លួន​ទៅ​លើ​ព្រះ​ដែល​វិនិច្ឆ័យ​ដោយ​សុចរិត​យុត្ដិធម៌។ ២៤ លោក​បាន​ផ្ទុក​ការ​ខុស​ឆ្គង​របស់​យើង​ក្នុង​រូប​កាយ​របស់​លោក​លើ​បង្គោល​ឈើ ដើម្បី​យើង​អាច​ត្រូវ​រំដោះ​ឲ្យ​រួច​ពី​ការ​ខុស​ឆ្គង ហើយ​រស់​នៅ​ដើម្បី​ធ្វើ​អ្វី​ដែល​សុចរិត។ ហើយ​«របួស​របស់​លោក​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ជា​សះ​ស្បើយ»។ ២៥ ព្រោះ​ពី​មុន អ្នក​រាល់​គ្នា​ដូច​ចៀម​ដែល​វង្វេង ប៉ុន្តែ​ឥឡូវ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​មក​ឯ​គង្វាល​ដែល​រក្សា​ការពារ​ជីវិត* របស់​អ្នក​រាល់​គ្នា។*

៣ តាម​របៀប​ដូច​គ្នា​នោះ ចូរ​អ្នក​រាល់​គ្នា​ដែល​ជា​ប្រពន្ធ​ចុះ​ចូល​នឹង​ប្ដី​ខ្លួន ដើម្បី​ឲ្យ​ប្ដី​ណា​ដែល​មិន​ធ្វើ​តាម​បណ្ដាំ​របស់​ព្រះ ក្លាយ​ទៅ​ជា​អ្នក​ដែល​ធ្វើ​តាមវិញ តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​អ្នក​រាល់​គ្នា​ដែល​ជា​ប្រពន្ធ ដោយ​មិន​ចាំ​បាច់​ឲ្យ​អ្នក​រាល់​គ្នា​បញ្ចេញ​ពាក្យ​សម្ដី​មួយ​ម៉ាត់​ឡើយ ២ ពីព្រោះ​ពួក​គេ​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ការ​ប្រព្រឹត្ត​ដ៏​បរិសុទ្ធ​របស់​អ្នក​រាល់​គ្នា គួប​ផ្សំ​ជា​មួយ​នឹង​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ។ ៣ ហើយ​កុំ​ឲ្យ​សម្រស់​របស់​អ្នក​រាល់​គ្នា​ជា​សម្រស់​សម្បក​ក្រៅ​ឡើយ ពោល​គឺ​ការ​ក្រង​សក់ ពាក់​គ្រឿង​អលង្ការ​មាស ឬ​ពាក់​សម្លៀក​បំពាក់​ក្រៅ ៤ តែ​ចូរ​ឲ្យ​សម្រស់​របស់​អ្នក​រាល់​គ្នា​ជា​អ្វី​ក្នុង​ចិត្ត​វិញ គឺ​សម្លៀក​បំពាក់​ដែល​មិន​អាច​ខូច​ទៅបាន ពោល​គឺចិត្ត* ស្ងៀម​ស្ងាត់​និង​ស្លូតបូត ជា​អ្វី​ដែល​មាន​តម្លៃ​ថ្លៃ​ណាស់​ចំពោះ​ព្រះ។ ៥ ព្រោះ​នៅ​សម័យ​មុន ពួក​ស្ត្រី​បរិសុទ្ធ​ដែល​សង្ឃឹម​លើ​ព្រះ​ក៏​បាន​តុបតែង​ខ្លួន​ដូច្នេះ​ដែរ ដោយ​ចុះ​ចូល​នឹង​ប្ដី​ខ្លួន ៦ ដូច​សារ៉ា​ធ្លាប់​ស្ដាប់​បង្គាប់​អាប្រាហាំ ហើយ​ហៅ​គាត់​ថា​«ម្ចាស់»។ ហើយ​អ្នក​រាល់​គ្នា​បាន​ក្លាយ​ទៅ​ជា​កូន​របស់​នាង ឲ្យ​តែ​អ្នក​រាល់​គ្នា​បន្ត​ធ្វើ​អំពើ​ល្អ ហើយ​មិន​ភ័យ​ខ្លាច​ចំពោះ​អ្វី​ដែល​គួរ​ឲ្យ​រន្ធត់​ឡើយ។

៧ តាម​របៀប​ដូច​គ្នា​ដែរ ចូរ​អ្នក​រាល់​គ្នា​ដែល​ជា​ប្ដី បន្ត​រួម​រស់​ជា​មួយ​នឹង​ប្រពន្ធ​ដោយ​ស្គាល់​ចិត្ត​នាង​ច្បាស់ ហើយ​ដោយ​ឲ្យ​កិត្ដិយស​ដល់​នាង​ជា​ភាជនៈ​ខ្សោយ​ជាង ជា​ស្ត្រីភេទ ពីព្រោះ​អ្នក​រាល់​គ្នា​ក៏​ជា​អ្នក​ទទួល​ជីវិត​ជា​មត៌ក​រួម​ជា​មួយ​នឹង​នាង ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ។ ពុំ​នោះ​សោត សេចក្ដី​អធិដ្ឋាន​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​រារាំង។

៨ ក្រោយ​បង្អស់ ចូរ​អ្នក​ទាំង​អស់​គ្នា​មាន​ចិត្ត​គំនិត​តែ​មួយ ចូរ​កើត​ទុក្ខ​ជា​មួយ​គ្នា ស្រឡាញ់​រាប់​អាន​គ្នា​ជា​បង​ប្អូន មាន​ចិត្ត​អាណិត​មេត្ដា មាន​ចិត្ត​រាប​ទាប ៩ មិន​មែន​ដោយ​ធ្វើ​អំពើ​អាក្រក់​សង​អ្នក​ដែល​ធ្វើ​អំពើ​អាក្រក់​មក​លើ​ខ្លួន ឬ​ជេរ​ប្រមាថ​សង​អ្នក​ដែល​ជេរ​ប្រមាថ​ខ្លួន​ឡើយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ចូរ​ឲ្យ​ពរ ពីព្រោះ​អ្នក​រាល់​គ្នា​បាន​ត្រូវ​ហៅ​ឲ្យ​មាន​វិថី​ជីវិត​នេះ ដើម្បី​ឲ្យ​ទទួល​ពរ​ជា​មត៌ក។

១០ ព្រោះ​«អ្នក​ណា​ដែល​ស្រឡាញ់​ជីវិត ហើយ​ចង់​រស់​នៅ​ដោយ​មាន​សុភមង្គល អ្នក​នោះ​ត្រូវ​ទប់​អណ្ដាត កុំ​ឲ្យ​និយាយ​អ្វី​ដែល​អាក្រក់ ហើយ​ឃាត់​បបូរ​មាត់ កុំ​ឲ្យ​ពោល​ពាក្យ​បោក​បញ្ឆោត ១១ តែ​អ្នក​នោះ​ត្រូវ​ជៀស​ចេញ​ពី​អ្វី​ដែល​អាក្រក់ ហើយ​ធ្វើ​អ្វី​ដែល​ល្អ​វិញ។ អ្នក​នោះ​ត្រូវ​ខំ​ប្រឹង​ឲ្យ​មាន​សន្ដិភាព​ជា​និច្ច។ ១២ ព្រោះ​ភ្នែក​ព្រះ​យេហូវ៉ា​មើល​ពួក​អ្នក​សុចរិត ហើយ​ត្រចៀក​របស់​លោក​ស្ដាប់​ការ​អង្វរ​របស់​ពួក​គេ តែ​ព្រះ​យេហូវ៉ា* ប្រឆាំង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់»។

១៣ តើ​អ្នក​ណា​នឹង​ធ្វើ​បាប​អ្នក​រាល់​គ្នា បើ​អ្នក​រាល់​គ្នា​ខ្នះខ្នែង​ធ្វើ​អំពើ​ល្អ? ១៤ ប៉ុន្តែ​ទោះ​ជា​អ្នក​រាល់​គ្នា​រង​ទុក្ខ​ដោយ​សារ​សេចក្ដី​សុចរិត​ក៏​ដោយ ក៏​អ្នក​រាល់​គ្នា​មាន​សុភមង្គល​ដែរ។ ក៏​ប៉ុន្តែ​កុំ​ខ្លាច​អ្វី​ដែល​មនុស្ស​ឯ​ទៀត​ខ្លាច​ឡើយ ហើយ​កុំ​ព្រួយ​បារម្ភ។ ១៥ ប៉ុន្តែ ចូរ​ទទួល​ស្គាល់​គ្រិស្ត​ជា​ម្ចាស់​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ហើយ​ប្រុង​ប្រៀប​ជា​និច្ច​ដើម្បី​និយាយ​ការពារ​សេចក្ដី​សង្ឃឹម​ដែល​នៅ​ក្នុង​អ្នក​រាល់​គ្នា នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​ដែល​ទាម​ទារ​ឲ្យ​អ្នក​រាល់​គ្នា​ប្រាប់​អំពី​មូលហេតុ​ដែល​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្ឃឹម​នោះ តែ​ចូរ​ធ្វើ​ដូច្នេះ​ដោយ​ចិត្ត​ស្លូតបូត​និង​ដោយ​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ។

១៦ កុំ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​សមត្ថភាព​វិនិច្ឆ័យ​ផ្ដន្ទា​ទោស​ឡើយ យ៉ាង​នោះ ទោះ​ជា​ពួក​គេ​និយាយ​ប្រឆាំង​អ្នក​រាល់​គ្នា​ក្ដី នោះ​ពួក​អ្នក​ដែល​និយាយ​អាក្រក់​អំពី​ការ​ល្អ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត នឹង​អៀន​ខ្មាស។ ១៧ ព្រោះ គឺ​ប្រសើរ​ជាង​បើ​អ្នក​រាល់​គ្នា​រង​ទុក្ខ​ដោយ​សារ​ធ្វើ​អំពើ​ល្អ (ប្រសិនបើជា​បំណង​ប្រាថ្នា​របស់​ព្រះ) ជា​ជាង​រង​ទុក្ខ​ដោយ​សារ​ធ្វើ​អំពើ​អាក្រក់។ ១៨ សូម្បី​តែ​គ្រិស្ត ដែល​ជា​មនុស្ស​សុចរិត ក៏​បាន​ស្លាប់​មួយ​ដង​ជា​ការ​ស្រេច ដើម្បី​មនុស្ស​មិន​សុចរិត ហើយ​បាន​រំដោះ​ពួក​គេ​ពី​ការ​ខុស​ឆ្គង។ លោក​បាន​ធ្វើ​ដូច្នោះ​ដើម្បី​នាំអ្នក​រាល់​គ្នា​ទៅ​ឯ​ព្រះ។ ពេល​ដែល​គេ​សម្លាប់​លោក លោក​ជា​មនុស្ស តែ​លោកបាន​ត្រូវ​ប្រោស​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ​ជា​វិញ្ញាណ។* ១៩ ពេល​នោះ​លោក​បាន​ទៅ​ផ្សព្វ​ផ្សាយ​ដល់​ពួក​វិញ្ញាណ​ដែល​ជាប់​ឃុំឃាំង ២០ ជា​ពួក​វិញ្ញាណ​ដែល​មិន​បាន​ស្ដាប់​បង្គាប់ ពេល​ដែល​ព្រះ​កំពុង​រង់​ចាំ​ដោយ​អត់​ធ្មត់​នៅ​សម័យ​ណូអេ ខណៈ​ដែល​គាត់​កំពុង​សង់​ទូក​ធំ ដែល​ក្នុង​នោះ​មនុស្ស​តែ​ប៉ុន្មាន​នាក់​បាន​ត្រូវ​នាំ​កាត់​ទឹក​ដោយ​សុវត្ថិភាព គឺ​មនុស្ស* ប្រាំបី​នាក់។

២១ ព្រឹត្ដិការណ៍​នោះ​ជា​និមិត្តរូប​នៃ​អ្វី​ដែល​កំពុង​សង្គ្រោះ​អ្នក​រាល់​គ្នា​ឥឡូវ​នេះ ពោល​គឺ​ការ​ជ្រមុជ​ទឹក (មិន​មែន​ជា​ការ​ជម្រះ​រូប​កាយ​ឲ្យ​អស់​ភាព​កខ្វក់​ទេ ប៉ុន្តែ​ជា​ការ​សុំ​ព្រះ​ផ្ដល់​នូវ​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស) តាម​រយៈ​ការ​ប្រោស​លោក​យេស៊ូ​គ្រិស្ត​ឲ្យ​រស់​ឡើង​វិញ។ ២២ ព្រោះ​លោក​បាន​ទៅ​ស្ថាន​សួគ៌ ហើយ​ឥឡូវ​លោក​នៅ​ខាង​ស្ដាំ​ព្រះ ក្រោយ​មក ទេវតា អំណាច និង​អាជ្ញាធរ​នានា​បាន​ត្រូវ​ដាក់​ឲ្យ​នៅ​ក្រោម​អំណាច​របស់​លោក។

៤ ដូច្នេះ ដោយ​សារ​គ្រិស្ត​បាន​រង​ទុក្ខ​ពេល​ដែល​លោក​ជា​មនុស្ស ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រៀប​ខ្លួន​ដោយ​មាន​ចិត្ត​គំនិត​ដូច​លោក​ដែរ ពីព្រោះ​អ្នក​ណា​ដែល​បាន​រង​ទុក្ខ​ក្នុង​សាច់​ឈាម អ្នក​នោះ​បាន​លះ​ចោល​ការ​ខុស​ឆ្គង​ហើយ ២ ក្នុង​បំណង​រស់​នៅ​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ក្នុង​អំឡុង​ពេល​ដែល​អ្នក​នោះ​មាន​ជីវិត​ជា​មនុស្ស មិន​មែន​រស់​នៅ​ដើម្បី​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​មនុស្ស​ទៀត​ទេ។ ៣ ព្រោះ​វេលា​ដែល​អ្នក​រាល់​គ្នា​បាន​ចំណាយ​ក្នុង​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ពិភព​លោកនេះ​គឺល្មម​ហើយ ជា​វេលា​ដែល​អ្នក​រាល់​គ្នា​បាន​ដើរ​ក្នុង​ផ្លូវ​សីលធម៌​ធូរ​រលុង* តណ្ហា​ក្រាស់ ការ​ផឹក​ស្រា​ច្រើន​ហួស​ប្រមាណ ការ​ជប់​លៀង​សប្បាយ​ឥត​បើ​គិត ការ​ប្រកួត​គ្នា​ផឹក​ស្រា ហើយ​ការ​គោរព​បូជា​រូប​ព្រះ​ខុស​ច្បាប់។ ៤ ដោយ​សារ​អ្នក​រាល់​គ្នា​បាន​ឈប់​រត់​តាម​ពួក​គេ​ទៅ​ននៀល​ក្នុង​ភក់​ជ្រាំ​នៃ​អបាយមុខ នោះ​ពួក​គេ​ងឿង​ឆ្ងល់ ហើយ​ចេះ​តែ​និយាយ​ប្រមាថ​អ្នក​រាល់​គ្នា។ ៥ ប៉ុន្តែ​មនុស្ស​ទាំង​នោះ​នឹង​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​លោក​ដែល​បាន​ប្រុង​ប្រៀប​វិនិច្ឆ័យ​មនុស្ស​រស់​និង​មនុស្ស​ស្លាប់។ ៦ តាម​ពិត ហេតុ​នេះ​ហើយ​បាន​ជា​ដំណឹង​ល្អ​ក៏​បាន​ត្រូវ​ប្រកាស​ប្រាប់​ដល់​មនុស្ស​ស្លាប់* ដែរ ដើម្បី​ឲ្យ​មនុស្ស​វិនិច្ឆ័យ​ពួក​គេ​តាម​សម្បក​ក្រៅ តែ​ឲ្យ​ព្រះ​ចាត់​ទុក​ពួក​គេ​ជា​អ្នក​ដែល​មាន​ជីវិត​រស់​នៅ ក្រោម​ការ​ដឹក​នាំ​នៃ​សកម្មពល* របស់​លោក។

៧ ប៉ុន្តែ​ទី​បញ្ចប់​នៃ​អ្វីៗ​ទាំង​អស់​គឺ​ជិត​ដល់​ហើយ។ ដូច្នេះ ចូរ​ដឹង​ខុស​ត្រូវ​ជា​និច្ច ហើយ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​អធិដ្ឋាន។ ៨ ជា​ពិសេស ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​ខ្លាំង ពីព្រោះ​សេចក្ដី​ស្រឡាញ់​គ្រប​បាំង​ការ​ខុស​ឆ្គង​ជា​ច្រើន។ ៩ ចូរ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​រាក់​ទាក់ ហើយ​ដោយ​មិន​រអ៊ូ​រទាំ។ ១០ ក្នុង​នាម​ជា​អ្នក​បម្រើ* ល្អ​ប្រសើរ​ដែល​បាន​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​ដែល​បាន​ត្រូវ​ផ្ដល់​ឲ្យ​តាម​របៀប​ផ្សេងៗ នោះ​ចូរ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​អំណោយ​ដែល​អ្នក​រាល់​គ្នា​ម្នាក់ៗ​បាន​ទទួល។ ១១ ប្រសិនបើ​អ្នក​ណា​និយាយ អ្នក​នោះ​ត្រូវ​និយាយ​អំពី​ប្រសាសន៍​ដ៏​ពិសិដ្ឋ​របស់​ព្រះ បើ​អ្នក​ណា​បំពេញ​កិច្ច​បម្រើ អ្នក​នោះ​ត្រូវ​បំពេញ​កិច្ច​បម្រើ​ដោយ​ពឹង​ផ្អែក​លើ​កម្លាំង​ដែល​ព្រះ​ផ្ដល់​ឲ្យ ដើម្បី​ឲ្យ​ព្រះ​ទទួល​ការ​លើក​តម្កើង​ក្នុង​គ្រប់​ការ​ទាំង​អស់ តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត។ សិរី​រុងរឿង​និង​កម្លាំង​ខ្លាំងក្លា​ជា​របស់​លោក​ជា​រៀង​រហូត​ត​ទៅ។ អាមេន។

១២ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ កុំ​ឆ្ងល់​អំពី​ភ្លើង​ដែល​កំពុង​ឆេះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហាក់​ដូច​ជា​មាន​អ្វី​ចម្លែក​កំពុង​កើត​ឡើង​ដល់​អ្នក​រាល់​គ្នា​ឡើយ ព្រោះ​ភ្លើង​នោះ​កំពុង​កើត​ឡើង​ដើម្បី​ល្បង​ល​អ្នក​រាល់​គ្នា។ ១៣ ក៏​ប៉ុន្តែ ចូរ​អរ​សប្បាយ​ដោយ​សារ​អ្នក​រាល់​គ្នា​រួម​ចំណែក​ក្នុង​ទុក្ខ​លំបាក​របស់​គ្រិស្ត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អរ​សប្បាយ ហើយ​ត្រេក​អរ​ឲ្យ​ខ្លាំង ពេល​ដែល​សិរី​រុងរឿង​របស់​លោក​នឹង​ត្រូវ​សម្ដែង។ ១៤ ប្រសិនបើ​គេជេរ​ប្រមាថ​អ្នក​រាល់​គ្នា​ដោយ​សារ​នាម​របស់​គ្រិស្ត នោះ​អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ ពីព្រោះ​សកម្មពល​ដ៏​រុងរឿង​របស់​ព្រះ​សណ្ឋិត​លើ​អ្នក​រាល់​គ្នា។

១៥ ក៏​ប៉ុន្តែ​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ណា​ម្នាក់​រង​ទុក្ខ​ដោយ​សារ​ជា​ឃាតករ ឬ​ជា​ចោរ ឬ​ជា​អ្នក​ធ្វើ​អំពើ​អាក្រក់ ឬ​ជា​អ្នក​ដែល​ជ្រៀត​ជ្រែក​ក្នុង​រឿង​អ្នក​ឯ​ទៀត។ ១៦ ប៉ុន្តែ​ប្រសិនបើ​អ្នក​ណា​រង​ទុក្ខ​ដោយ​សារ​ជា​គ្រិស្ត​សាសនិក អ្នក​នោះ​មិន​ត្រូវ​ខ្មាស​ឡើយ តែ​ត្រូវ​បន្ត​លើក​តម្កើង​ព្រះ ក្នុង​នាម​នោះ។ ១៧ ព្រោះ​នេះ​ជា​ពេល​កំណត់​ឲ្យ​ការ​វិនិច្ឆ័យ​ចាប់​ផ្ដើម ពី​ផ្ទះរបស់​ព្រះ។ ប្រសិនបើ​ការ​វិនិច្ឆ័យ​ចាប់​ផ្ដើម​ពី​យើង​មុន​គេ តើ​អ្វី​នឹង​កើត​ឡើង​ដល់​ពួក​អ្នក​ដែល​មិន​ស្ដាប់​តាម​ដំណឹង​ល្អ​របស់​ព្រះ? ១៨ «ហើយ​ប្រសិនបើ​មនុស្ស​សុចរិត​នឹង​ត្រូវ​សង្គ្រោះ​ទាំង​លំបាក ចុះ​តើ​មនុស្ស​ទុច្ចរិត​និង​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នឹង​ទៅ​ជា​យ៉ាង​ណា​វិញ?»។ ១៩ ដូច្នេះ ពួក​អ្នក​ដែល​កំពុង​រង​ទុក្ខ​ដោយ​សារ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ ត្រូវ​បន្ត​ផ្ញើ​ជីវិត​នឹង​អ្នក​បង្កើត​ដ៏​ស្មោះ​ត្រង់​នោះ កាល​ដែល​ពួក​គេ​កំពុង​ធ្វើ​ការ​ល្អ។

៥ ដូច្នេះ ខ្ញុំ​សូម​បំផុស​ទឹក​ចិត្ត​បុរស​ចាស់​ទុំ​ទាំង​ឡាយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ព្រោះ​ខ្ញុំ​ក៏​ជា​បុរស​ចាស់​ទុំ​រួម​ជា​មួយ​នឹង​ពួក​គេ​ដែរ ក៏​ជា​សាក្សី​អំពី​ទុក្ខ​លំបាក​របស់​គ្រិស្ត និង​ជា​អ្នក​រួម​ចំណែក​ក្នុង​សិរី​រុងរឿង​ដែល​នឹង​ត្រូវ​បើក​បង្ហាញ៖ ២ ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ​ដែល​នៅ​ក្រោម​ការ​ថែ​ទាំ​របស់​អ្នក​រាល់​គ្នា មិន​មែន​ឃ្វាល​ដោយ​បង្ខំ​ចិត្ត​ទេ តែ​ដោយ​ស្ម័គ្រ​ចិត្ត ហើយ​មិន​មែន​ដោយ​ចង់​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ តែ​ដោយ​ស្មោះ​អស់ពី​ចិត្ត ៣ ក៏​មិន​មែន​ដោយ​ធ្វើ​ជា​ចៅហ្វាយ​លើ​ពួក​អ្នក​ដែល​ជា​មត៌ក​របស់​ព្រះ​ដែរ តែ​ដោយ​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម។ ៤ ហើយ​ពេល​ដែល​មេ​គង្វាល​នឹង​ត្រូវ​សម្ដែង​ឲ្យ​ឃើញ នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​មកុដ​នៃ​សិរី​រុង​រឿង​ដែល​មិន​អាច​សាប​សូន្យ​បាន​ឡើយ។

៥ តាម​របៀប​ដូច​គ្នា ចូរ​អ្នក​រាល់​គ្នា​ដែល​ជា​យុវជន ចុះ​ចូល​នឹង​បុរស​ចាស់​ទុំ។ ប៉ុន្តែ​ចូរ​អ្នក​ទាំង​អស់​គ្នា​ក្រវាត់​ខ្លួន​ដោយ​ចិត្ត​រាប​ទាប​ក្នុង​របៀប​ដែល​ប្រព្រឹត្ត​ចំពោះគ្នា​ទៅ​វិញ​ទៅ​មក ពីព្រោះ​ព្រះ​ប្រឆាំង​មនុស្ស​ក្រអឺតក្រទម តែ​លោក​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​ដល់​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប។

៦ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន​ក្រោម​ដៃ​ដ៏​ខ្លាំងក្លា​របស់​ព្រះ ដើម្បី​ឲ្យ​លោក​តម្កើង​អ្នក​រាល់​គ្នា​នៅ​ពេល​កំណត់ ៧ កាល​ដែល​អ្នក​រាល់​គ្នា​ផ្ទេរ​កង្វល់​ទាំង​អស់​ទៅ* ព្រះ ពីព្រោះ​លោក​រមែង​គិត​អំពី​អ្នក​រាល់​គ្នា។ ៨ ចូរ​ដឹង​ខ្លួន​ជា​និច្ច ហើយ​ប្រុង​ប្រយ័ត្ន​ចុះ។ មេកំណាច* ដែល​ជា​សត្រូវ​របស់​អ្នក​រាល់​គ្នា ដើរ​ក្រវែល​ដូច​តោ​ដែល​កំពុង​គ្រហឹម​រក​លេប​ត្របាក់​អ្នក​ណា​ម្នាក់។ ៩ ប៉ុន្តែ​ចូរ​តតាំង​នឹង​វា ដោយ​មាន​ជំនឿ​មាំ​មួន ហើយ​ដោយ​ដឹង​ថា​បង​ប្អូន​ទាំង​អស់​របស់​អ្នក​រាល់​គ្នា​ពេញ​ពិភព​លោក​កំពុង​ឆ្លង​កាត់​ទុក្ខ​លំបាក​ដូច​គ្នា​ដែរ។ ១០ ក៏​ប៉ុន្តែ​ក្រោយ​ពី​អ្នក​រាល់​គ្នា​បាន​រង​ទុក្ខ​មួយ​រយៈ​ពេល​ខ្លី ព្រះ​ដែល​ផ្ដល់​គុណ​ដ៏​វិសេស​លើស​លប់​គ្រប់​យ៉ាង ដែល​បាន​ហៅ​អ្នក​រាល់​គ្នា​ទៅ​ឯ​សិរី​រុងរឿង​របស់​លោក​ដែល​ស្ថិតស្ថេរ​ជា​និរន្តរ៍​តាម​រយៈ​គ្រិស្ត នឹង​បង្គ្រប់​ការ​ហ្វឹកហ្វឺន​របស់​អ្នក​រាល់​គ្នា។ លោក​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាំ​មួន​ហើយ​ខ្លាំងក្លា​ឡើង។ ១១ សូម​ឲ្យ​លោក​ប្រកប​ដោយ​កម្លាំង​ខ្លាំងក្លា​ជា​រៀង​រហូត។ អាមេន។

១២ ខ្ញុំ​បាន​សរសេរ​ទៅ​កាន់​អ្នក​រាល់​គ្នា​យ៉ាង​ខ្លី តាម​រយៈ​ស៊ីលវេនុស ដែល​ខ្ញុំ​ចាត់​ទុក​ជា​បង​ប្រុស​ស្មោះ​ត្រង់ ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​រាល់​គ្នា ហើយ​បញ្ជាក់​យ៉ាង​ស្មោះ​អស់ពី​ចិត្ត​ថា នេះ​ហើយ​ជា​គុណ​ដ៏​វិសេស​លើស​លប់​ដ៏​ពិត​របស់​ព្រះ។ ចូរ​កាន់​ជំហរ​មាំ​មួន​ក្នុង​គុណ​ដ៏​វិសេស​នេះ។ ១៣ ស្ត្រី* ដែល​នៅ​ក្រុង​បាប៊ីឡូន ដែល​បាន​ត្រូវ​ជ្រើស​រើស​ដូច​អ្នក​រាល់​គ្នា ផ្ដាំ​សួរ​សុខទុក្ខ ហើយ​ម៉ាកុស ជា​កូន​របស់​ខ្ញុំ ក៏​ផ្ដាំ​សួរ​សុខទុក្ខ​ដែរ។ ១៤ ចូរ​សួរ​សុខទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ការ​ថើប​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន។

សូម​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ដែល​ជា​អ្នក​កាន់​តាម​គ្រិស្ត​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត។

[កំណត់​សម្គាល់]

ភាសា​ក្រិច​«អាប៉ូស្តូឡូស»។ មាន​ន័យ​ថា​«អ្នក​ដែល​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ»

មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៤

មើល​កំណត់​សម្គាល់​សកម្ម ២:៩

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ន័យ​ត្រង់​«ចូរ​ក្រវាត់​គំនិត​របស់​អ្នក​រាល់​គ្នា​ឲ្យ​មាំ​មួន»

ភាសា​ក្រិច​«ផ្ស៊ីគី»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ក

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​ម៉ាថ ២១:៤២

មើល​កំណត់​សម្គាល់​ម៉ាថ ៥:២៩

ភាសា​ក្រិច​«ផ្ស៊ីគី»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ក

ឬ​«លោក​ដែល​ជា​គង្វាល​និង​អ្នក​ត្រួត​ពិនិត្យ​ជីវិត​របស់​អ្នក​រាល់​គ្នា»

មើល​កំណត់​សម្គាល់​ខ​១១

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ឬ​«មុខ​របស់​ព្រះ​យេហូវ៉ា»

មើល​កំណត់​សម្គាល់​ខ​៤

ភាសា​ក្រិច​«ផ្ស៊ីគី»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ក

មើល​កំណត់​សម្គាល់​កា​ឡ ៥:១៩

តាម​មើល​ទៅ នេះ​សំដៅ​ទៅ​អ្នក​ដែល​ប្រៀប​ដូច​ជា​បាន​ស្លាប់ ដោយ​សារ​ការ​ខុស​ឆ្គង​របស់​ខ្លួន។ មើល​អេភ ២:១

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ឬ​«អ្នក​ចាត់​ចែង​កិច្ចការ​ផ្ទះ»

ន័យ​ត្រង់​«ផ្ទុក​កង្វល់​ទាំង​អស់​ទៅ​លើ»

ភាសា​ក្រិច​«ឌីអាបូឡូស»។ មាន​ន័យ​ថា​«អ្នក​បង្កាច់​បង្ខូច»

«ស្ត្រី»​អាច​សំដៅ​ទៅ​ក្រុម​ជំនុំ​មួយ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក