បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bi7 ពេត្រុសទី២ ១:១-៣:១៨
  • ពេត្រុសទី២

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពេត្រុសទី២
  • សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
ពេត្រុសទី២

សំបុត្រ​ទី​ពីរ​របស់​ពេត្រុស

១ ពីខ្ញុំ ស៊ីម៉ូន​ពេត្រុស ដែល​ជា​ខ្ញុំ​បម្រើ​និង​ជា​សាវ័ក* របស់​លោក​យេស៊ូ​គ្រិស្ត* ជូន​ចំពោះ​ពួក​អ្នក​ដែល​បាន​ទទួល​ជំនឿ​ដែល​មាន​កិត្ដិយស​ស្មើ​នឹង​ជំនឿ​របស់​យើង ដោយ​សារ​សេចក្ដី​សុចរិត​នៃ​ព្រះ​របស់​យើង និង​លោក​យេស៊ូ​ដែល​ជា​អ្នក​សង្គ្រោះ៖

២ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​គុណ​ដ៏​វិសេស​លើស​លប់​កាន់​តែ​បរិបូរ​ឡើង តាម​រយៈ​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ និង​អំពី​លោក​យេស៊ូ​ដែល​ជា​ម្ចាស់​របស់​យើង ៣ ពីព្រោះ​អ្វីៗ​ទាំង​អស់​ដែល​ទាក់​ទង​នឹង​ជីវិត​និង​ភក្ដីភាព​ចំពោះ​ព្រះ បាន​ត្រូវ​ផ្ដល់​ឲ្យ​យើង​ជា​អំណោយ ដោយ​សារ​ឫទ្ធានុភាព​របស់​ព្រះ តាម​រយៈ​ចំណេះ​ត្រឹម​ត្រូវ​អំពី​លោក​ដែល​បាន​ហៅ​យើង​ដោយ​សិរី​រុងរឿង​និង​គុណធម៌។ ៤ តាម​រយៈ​ការ​ទាំង​នោះ លោក​បាន​ឲ្យ​សេចក្ដី​សន្យា​ថ្លៃ​វិសេស​និង​អស្ចារ្យ​ក្រៃ​លែង​ជា​អំណោយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ជា​វិញ្ញាណ* ដូច​ព្រះ ដោយ​បាន​រួច​ផុត​ពី​សេចក្ដី​ខូច​អាក្រក់​ដែល​ផ្ដើម​ចេញ​ពី​តណ្ហា​ដែល​មាន​ក្នុង​ពិភព​លោក។

៥ ហេតុ​នេះ ចូរ​អ្នក​រាល់​គ្នា​តប​ស្នង​សង​គុណ​លោក ដោយ​ខំ​ប្រឹង​យ៉ាង​ស្មោះ​អស់ពី​ចិត្ត​ដើម្បី​បន្ថែម​គុណធម៌​ទៅ​លើ​ជំនឿ​របស់​អ្នក​រាល់​គ្នា បន្ថែម​ចំណេះ​ទៅ​លើ​គុណធម៌​របស់​អ្នក​រាល់​គ្នា ៦ បន្ថែម​ការ​ទប់​ចិត្ត​ទៅ​លើ​ចំណេះ​របស់​អ្នក​រាល់​គ្នា បន្ថែម​ការ​ស៊ូ​ទ្រាំ​ទៅ​លើ​ការ​ទប់​ចិត្ត បន្ថែម​ភក្ដីភាព​ចំពោះ​ព្រះ​ទៅ​លើ​ការ​ស៊ូ​ទ្រាំ ៧ បន្ថែម​ការ​រាប់​អាន​គ្នា​ជា​បង​ប្អូន​ទៅ​លើ​ភក្ដីភាព​ចំពោះ​ព្រះ បន្ថែម​សេចក្ដី​ស្រឡាញ់​ទៅលើ​ការ​រាប់​អាន​គ្នា​ជា​បង​ប្អូន។ ៨ ព្រោះ​ប្រសិនបើ​អ្នក​រាល់​គ្នា​មាន​លក្ខណៈ​ទាំង​នោះ​ជា​បរិបូរ លក្ខណៈ​ទាំង​នោះ​នឹង​ការពារ​មិន​ឲ្យ​អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​អ​សកម្ម​ទេ ឬ​ឥត​ផល​ក្នុង​របៀប​ដែល​អ្នក​រាល់​គ្នា​ប្រើ​ចំណេះ​ត្រឹម​ត្រូវ​អំពី​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ម្ចាស់​របស់​យើង។

៩ ព្រោះ​ប្រសិនបើ​អ្នក​ណា​គ្មាន​លក្ខណៈ​ទាំង​នោះ អ្នក​នោះ​ងងឹត​ភ្នែក ហើយ​កំពុង​បិទ​ភ្នែក​មិន​ឲ្យ​ឃើញ​ពន្លឺ ក៏​បាន​ភ្លេច​ការ​ខុស​ឆ្គង​របស់​ខ្លួន​ពី​អតីតកាល​ដែល​បានត្រូវសម្អាត​ហើយ។ ១០ ដូច្នេះ បង​ប្អូន​អើយ ចូរ​ព្យាយាម​អស់ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា អ្នក​រាល់​គ្នា​ស្មោះ​ត្រង់​ជា​និច្ច ដើម្បី​រក្សា​ខ្លួន​ឲ្យ​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​ព្រះ​បាន​ហៅ​និង​ជ្រើស​រើស ពីព្រោះ​ប្រសិនបើ​អ្នក​រាល់​គ្នា​ធ្វើ​ការ​ទាំង​នេះ​ជា​និច្ច នោះ​អ្នក​រាល់​គ្នា​នឹង​មិន​ដួល​ឡើយ។ ១១ តាម​ពិត ដោយ​ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ទទួល​ពរ​ដ៏​វិសេស គឺ​អ្នក​រាល់​គ្នា​នឹង​ទទួល​ការ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​រាជាណាចក្រ​ដែល​ស្ថិតស្ថេរ​ជា​និរន្តរ៍​របស់​លោក​យេស៊ូ​គ្រិស្ត ដែល​ជា​អ្នក​សង្គ្រោះ​និង​ជា​ម្ចាស់​របស់​យើង។

១២ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រុង​ប្រៀប​រំលឹក​អ្នក​រាល់​គ្នា​អំពី​ការ​ទាំង​នេះ​ជា​និច្ច ទោះ​ជា​អ្នក​រាល់​គ្នា​ដឹង​ការ​ទាំង​នេះ ហើយ​ក៏​បាន​តាំង​ខ្លួន​មាំ​មួន​ក្នុង​សេចក្ដី​ពិត​ដែល​អ្នក​រាល់​គ្នា​ស្គាល់។ ១៣ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ជា​ការ​ត្រឹម​ត្រូវ​ដែល​ខ្ញុំ​ដាស់​តឿន​អ្នក​រាល់​គ្នា​ដោយ​ការ​រំលឹក ដរាប​ណា​ដែល​ខ្ញុំ​នៅ​ក្នុង​ត្រ​សាល* នេះ ១៤ ដោយ​ដឹង​ថា មិន​យូរ​ទៀត​ខ្ញុំ​ត្រូវ​លះ​ចោល​ត្រ​សាល​នេះ ដូច​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង​ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​ខ្ញុំ។ ១៥ ដូច្នេះ ខ្ញុំ​នឹង​ខំ​ប្រឹង​អស់ពី​សមត្ថភាព។ យ៉ាង​នោះ ក្រោយ​ពី​ខ្ញុំ​បាន​ចាក​ចេញ​ហើយ អ្នក​រាល់​គ្នា​អាច​រំលឹក​គ្នា​អំពី​ការ​ទាំង​នេះ​គ្រប់​ពេល​វេលា។

១៦ យើង​មិន​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​អំពី​ឫទ្ធានុភាព​និង​វត្តមាន​របស់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង ដោយ​ផ្អែក​លើ​រឿង​មិន​ពិត​ដែល​មនុស្ស​បាន​ប្រឌិត​ឡើង​យ៉ាង​ប៉ិន​ប្រសប់​នោះ​ទេ ប៉ុន្តែ​គឺ​ដោយ​សារ​យើង​ជា​សាក្សី​ផ្ទាល់​ភ្នែក​អំពី​ភាព​រុង​រឿង​របស់​លោក។ ១៧ ព្រោះ​លោក​បាន​ទទួល​កិត្ដិយស​និង​សិរី​រុងរឿង​ពី​ព្រះ​ដែលជា​បិតា ពេល​ដែល​មាន​សំឡេង​បន្លឺ​ពី​រស្មី​រុងរឿង​មក​កាន់​លោក​ថា៖ «នេះ​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ដែល​ខ្ញុំ​ពេញ​ចិត្ត»។ ១៨ ពាក្យ​សម្ដី​នេះ​យើង​បាន​ឮ​បន្លឺ​ពី​លើ​មេឃ​មក កាល​ដែល​យើង​នៅ​ភ្នំ​បរិសុទ្ធ​ជា​មួយ​នឹង​លោក។

១៩ ហេតុ​នេះ ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​ទំនាយ​បាន​ត្រូវ​ពង្រឹង​ថែម​ទៀត ហើយ​ជា​ការ​ល្អ​ដែល​អ្នក​រាល់​គ្នា​កំពុង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ទំនាយ​នោះ ដូច​ចង្កៀង​មួយ​ដែល​ភ្លឺ​នៅ​កន្លែង​ងងឹត​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា រហូត​ដល់​ព្រឹក​ព្រលឹម ហើយ​ផ្កាយ​ព្រឹក​រះ​ឡើង។ ២០ ព្រោះ​អ្នក​រាល់​គ្នា​ដឹង​មុន​ថា គ្មាន​ទំនាយ​ណា​មួយ​ក្នុង​បទ​គម្ពីរ​ដែល​ផ្ដើម​ចេញ​ពី​ការ​បក​ស្រាយ​ផ្ទាល់​ខ្លួន​របស់​អ្នក​ណា​ម្នាក់​ទេ។ ២១ ព្រោះ​ទំនាយ​មិន​ដែល​កើត​ចេញ​ពី​បំណង​ប្រាថ្នា​របស់​មនុស្ស​ទេ តែ​មនុស្ស​បាន​និយាយ​អ្វី​ដែល​មក​ពី​ព្រះ ដោយ​មាន​សកម្មពល* បរិសុទ្ធ​ដឹក​នាំ​ពួក​គេ។

២ ក៏ប៉ុន្តែ​ពួក​អ្នក​ប្រកាស​ទំនាយ​មិន​ពិត​ក៏​បាន​លេច​មក​ក្នុង​ចំណោម​បណ្ដា​ជន ដូច​គ្រូ​ក្លែង​ក្លាយ​នឹង​លេច​មក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែរ។ អ្នក​ទាំង​នោះ​នឹង​លួច​បង្កើត​និកាយ​ដែល​នាំ​ឲ្យ​អន្តរាយ ក៏​នឹង​បោះបង់​ចោល​ម្ចាស់​ដែល​បាន​ទិញ​ពួក​គេ​មក ហើយ​យ៉ាង​នេះ​ពួក​គេ​នាំ​ឲ្យ​ខ្លួន​ទទួល​សេចក្ដី​ហិន​វិនាស​យ៉ាង​ឆាប់​រហ័ស។ ២ ម្យ៉ាង​ទៀត មនុស្ស​ជា​ច្រើន​នឹង​ប្រព្រឹត្ត​ដោយ​មាន​សីលធម៌​ធូរ​រលុង* តាម​ពួក​គេ​ដែរ ហើយ​ដោយ​សារ​អ្នក​ទាំង​នោះ មាគ៌ា​នៃ​សេចក្ដី​ពិត​នឹង​ត្រូវ​គេ​និយាយ​ប្រមាថ។ ៣ ពួក​គេ​ក៏​នឹង​ប្រើ​ពាក្យ​បោក​បញ្ឆោត​ដើម្បី​ជញ្ជក់​យក​ផល​ប្រយោជន៍​ពី​អ្នក​រាល់​គ្នា​ដោយ​មាន​ចិត្ត​លោភ។* តែ​ទោស​ដែល​បាន​ត្រូវ​កំណត់​ពី​សម័យ​បុរាណ​សម្រាប់​ពួក​គេ​នឹង​មក​ដោយ​ឥត​បង្អែ​បង្អង់​ឡើយ ហើយ​សេចក្ដី​ហិន​វិនាស​របស់​ពួក​គេ​នឹង​មក​ជាក់​ជា​ពុំ​ខាន។

៤ ព្រះ​ប្រាកដជា​មិន​បាន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ពួក​ទេវតា​ដែល​បាន​ធ្វើ​អំពើ​ខុស​ឆ្គង​ទេ តែ​ផ្ទុយ​ទៅ​វិញ លោក​ដាក់​ពួក​គេ​ក្នុង​រណ្ដៅ​ដែល​មាន​ភាព​ងងឹត​សូន្យសុង ដើម្បី​ទទួល​ការ​វិនិច្ឆ័យ​ទោស ដោយ​បោះ​ពួក​គេ​ទៅ​ក្នុង​ឋាឋារ៉ុស។* ៥ លោក​ក៏​មិន​បាន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ពិភព​លោក​នៅ​សម័យ​បុរាណ​ដែរ លោក​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ពិភព​លោក​នៃ​មនុស្ស​ទុច្ចរិត​ទាំង​នោះ តែ​បាន​ការពារ​ណូអេ ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​អំពី​សេចក្ដី​សុចរិត និង​មនុស្ស​ប្រាំពីរ​នាក់​ទៀត។ ៦ ម្យ៉ាង​ទៀត លោក​ផ្ដន្ទា​ទោស​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា​ដោយ​បំផ្លាញ​ក្រុង​ទាំង​នោះ​ឲ្យ​ទៅ​ជា​ផេះ ក៏​បាន​ទុក​គំរូ​ពី​អ្វី​ដែល​នឹង​កើត​ឡើង​ដល់​មនុស្ស​ទុច្ចរិត​នៅ​ថ្ងៃ​មុខ ៧ ហើយ​លោកសង្គ្រោះ​ឡុត​ជា​មនុស្ស​សុចរិត ដែល​បាន​កើត​ទុក្ខ​យ៉ាង​ខ្លាំង​ដោយ​សារ​ពួក​អ្នក​បំពាន​ច្បាប់​ដែល​បណ្ដែត​បណ្ដោយ​ខ្លួន​ទៅ​តាម​សីលធម៌​ធូរ​រលុង។ ៨ ព្រោះ​បុរស​សុចរិត​នោះ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ជា​រៀង​រាល់​ថ្ងៃ ដោយ​សារ​អ្វី​ដែល​គាត់​ឃើញ​និង​ឮ កាល​ដែល​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ ហើយ​ដោយ​សារ​ការ​ប្រព្រឹត្ត​របស់​ពួក​អ្នក​ប្រឆាំង​ច្បាប់។ ៩ អាស្រ័យ​ហេតុ​នោះ ព្រះ​យេហូវ៉ា​ចេះ​សង្គ្រោះ​មនុស្ស​ដែល​មាន​ភក្ដីភាព​ចំពោះ​លោក​ឲ្យ​រួច​ពី​ទុក្ខ​លំបាក តែ​ទុក​មនុស្ស​មិន​សុចរិត​ដោយ​ឡែក​ដើម្បី​ឲ្យទទួល​សេចក្ដី​ហិន​វិនាស​នៅ​ថ្ងៃ​វិនិច្ឆ័យ​ទោស ១០ ជា​ពិសេស​ពួក​អ្នក​ដែល​រួម​ដំណេក​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​មិន​ស្អាត​បរិសុទ្ធ។ ពួក​គេ​ក៏​មើល​ងាយ​អ្នក​ដែល​មាន​អំណាច​លើ​ពួក​គេ​ដែរ។

អ្នក​ទាំង​នោះ​ជា​មនុស្ស​ហ៊ាន និង​ប្រកាន់​តែ​គំនិត​ខ្លួន ហើយ​មិន​កោត​ខ្លាច​ញាប់​ញ័រ​ចំពោះ​ពួក​អ្នក​ដែល​ព្រះ​បាន​ផ្ដល់​កិត្ដិយស​ឲ្យ តែ​ពួក​គេ​និយាយ​ប្រមាថ​អ្នក​ទាំងនោះវិញ ១១ រីឯ​ពួក​ទេវតា ទោះ​ជា​មាន​សមត្ថភាព​និង​កម្លាំង​ខ្លាំង​ជាង​ក៏​ដោយ ក៏​មិនចោទ​ប្រកាន់​ពួក​គេ​ដោយ​ប្រើ​ពាក្យ​ប្រមាថ​ឡើយ ដោយ​សារ​គោរព​ព្រះ​យេហូវ៉ា។ ១២ តែ​បុរស​ទាំង​នេះ និយាយ​ប្រមាថ​អ្វី​ដែល​ពួក​គេ​មិន​ស្គាល់។ ពួក​គេ​នឹង​ទទួល​សេចក្ដី​ហិន​វិនាស​ក្នុង​ផ្លូវ​ទុច្ចរិត​របស់​ខ្លួន ដូច​សត្វ​ឥត​វិចារណញ្ញាណ​ដែល​កើត​មក​ដើម្បី​ឲ្យ​គេ​ចាប់ រួច​បំផ្លាញ​ចោល ១៣ ដោយ​ធ្វើ​ឲ្យ​ខ្លួន​អន្តរាយ​ទុក​ជា​រង្វាន់​ពី​អំពើ​ខុស​ឆ្គង។

ពួក​គេ​ពេញ​ចិត្ត​នឹង​ការ​រស់​នៅ​យ៉ាង​សម្បូណ៌​សប្បាយ នៅ​ពេល​ថ្ងៃ។ ពួក​គេ​ប្រៀប​ដូច​ជា​ស្នាម​ប្រឡាក់ ហើយ​ត្រេក​ត្រអាល​នឹង​សេចក្ដី​បង្រៀន​បោក​បញ្ឆោត​របស់​ខ្លួន កាល​ដែល​ពួក​គេ​ជប់​លៀង​សំណេះសំណាល​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។ ១៤ ពួក​គេ​មាន​ភ្នែក​ពោរ​ពេញ​ទៅ​ដោយ​ការ​ផិត​ក្បត់ ហើយ​មិន​អាច​ឈប់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឡើយ។ ពួក​គេ​ទាក់​ទាញ​ចិត្ត​ពួក​អ្នក* ដែល​មិន​មាំ​មួន។ ចិត្ត​របស់​ពួក​គេ​បាន​ត្រូវ​បង្ហាត់​ខាង​សេចក្ដី​លោភ។* ពួក​គេ​ជា​កូន​ដែល​ត្រូវ​បណ្ដាសា។ ១៥ ពួក​គេ​បាន​បោះបង់​ចោល​ផ្លូវ​ត្រង់ ហើយ​បាន​ត្រូវ​បំភាន់។ ពួក​គេ​ដើរ​តាម​គន្លង​របស់​បាឡាម ជា​កូន​បេអ័រ ដែល​បាន​ស្រឡាញ់​រង្វាន់​ដែល​មក​ពី​អំពើ​ខុស​ឆ្គង ១៦ ប៉ុន្តែ​គាត់​បាន​ត្រូវ​ប្រដៅ​តម្រង់​ដោយ​សារ​គាត់​រំលោភ​ច្បាប់។ សត្វ​អូស​ទាញ​ដែល​មិន​ចេះ​និយាយ បាន​និយាយ​ដោយ​សំឡេង​មនុស្ស​ដើម្បី​ឃាត់​អ្នក​ប្រកាស​ទំនាយ​មិន​ឲ្យ​ធ្វើ​អំពើ​ឆ្កួត។

១៧ អ្នក​ទាំង​នោះ​គឺ​ដូច​ជា​រន្ធ​ទឹក​ស្ងួត ហើយ​ដូច​ជា​អ័ព្ទ​ដែល​ត្រូវ​បក់​ផាត់​ដោយ​ព្យុះ​សង្ឃរា។ ភាព​ងងឹត​សូន្យ​បាន​ត្រូវ​បម្រុង​ទុក​សម្រាប់​ពួក​គេ។ ១៨ ពួក​គេ​និយាយ​អួត​ឥត​ប្រយោជន៍ ហើយ​តាម​រយៈ​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង​និង​សីលធម៌​ធូរ​រលុង ពួក​គេ​ទាក់​ទាញ​ចិត្ត​ពួក​អ្នក​ដែល​ទើប​តែ​គេច​រួច​ពី​មនុស្ស​ដែល​ធ្វើ​ខុស។ ១៩ ពួក​គេសន្យា​ថា​នឹង​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​មាន​សេរីភាព តែ​ពួក​គេ​ជា​ខ្ញុំ​បម្រើ​នៃ​សេចក្ដី​ខូច​អាក្រក់។ ព្រោះ​បុគ្គល​ណា​ម្នាក់​ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​ដែល​មាន​អំណាច​លើ​ខ្លួន។ ២០ ប្រសិនបើ​ពួក​គេ​បាន​រួច​ពី​ភក់​ជ្រាំ​នៃ​អំពើ​ខុស​ឆ្គង​ក្នុង​ពិភព​លោក​នេះ តាម​រយៈ​ចំណេះ​ត្រឹម​ត្រូវ​អំពី​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ម្ចាស់​និង​ជា​អ្នក​សង្គ្រោះ តែ​បែរ​ជា​ជាប់​ជំពាក់​នឹង​ការ​ទាំង​នេះ​ម្ដង​ទៀត ហើយ​ការ​ទាំង​នេះ​ចាប់​ផ្ដើម​មាន​អំណាច​លើ​អ្នក​នោះ ស្ថានភាព​ចុង​ក្រោយ​របស់​ពួក​គេ​គឺ​អាក្រក់​ជាង​ស្ថានភាព​ដំបូង។ ២១ ព្រោះ​ប្រសិនបើ​ពួក​គេ​មិន​បាន​ស្គាល់​ច្បាស់​នូវ​ផ្លូវ​នៃ​សេចក្ដី​សុចរិត នោះ​ប្រសើរ​ជាងបាន​ស្គាល់​ច្បាស់ រួច​បែរ​ចេញ​ពី​បញ្ញត្ដិ​បរិសុទ្ធ​ដែល​ពួក​គេ​បាន​ទទួល។ ២២ ពួកគេ​បាន​ធ្វើ​អ្វី​ដែល​សុភាសិត​ដ៏​ពិត​នោះ​ចែង​ថា៖ «ឆ្កែ​បាន​ត្រឡប់​ទៅ​ឯ​កម្អួត​របស់​វា ហើយ​ជ្រូក​ដែល​គេ​បាន​លាង​សម្អាត​បាន​ត្រឡប់​ទៅ​ននៀល​ក្នុង​ភក់»។

៣ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ នេះ​ជា​សំបុត្រ​ទី​ពីរ​ដែល​ខ្ញុំ​សរសេរ​ទៅ​កាន់​អ្នក​រាល់​គ្នា ហើយ​ក្នុង​សំបុត្រ​នេះ ដូច​ក្នុង​សំបុត្រ​ទី​មួយ​របស់​ខ្ញុំ ខ្ញុំ​កំពុង​ជំរុញ​សមត្ថភាព​រិះ​គិត​ច្បាស់​លាស់​របស់​អ្នក​រាល់​គ្នា​ដោយ​ការ​រំលឹក ២ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​នឹក​ឃើញ​អ្វី​ដែល​ពួក​អ្នក​ប្រកាស​ទំនាយ​បរិសុទ្ធ​បាន​ប្រាប់ ហើយ​នឹក​ឃើញ​បញ្ញត្ដិ​ដែល​លោក​ជា​ម្ចាស់​និង​ជា​អ្នក​សង្គ្រោះ​បាន​ឲ្យ​តាម​រយៈ​បណ្ដា​សាវ័ក​នៃ​អ្នក​រាល់​គ្នា។ ៣ ព្រោះ​អ្នក​រាល់​គ្នា​ដឹង​ជា​មុន​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នឹង​មាន​ពួក​អ្នក​ចំអក ដែល​បណ្ដែត​បណ្ដោយ​ទៅ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន មក​ចំអក ៤ ហើយ​និយាយ​ថា៖ «លោក​សន្យា​ថា​នឹង​មក* តែ​តើ​លោក​នៅ​ឯ​ណា? ចាប់​ពី​ថ្ងៃ​ដែល​ពួក​បុព្វបុរស​របស់​យើង​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់ អ្វីៗ​ទាំង​អស់​នៅ​ដដែល តាំង​ពី​ពេល​ចាប់​ផ្ដើម​បង្កើត​ពិភព​លោ​កម​ក»។

៥ ព្រោះ​ពួក​គេ​ចង់​បំភ្លេច​ការ​ពិត​ដូច​ត​ទៅ​នេះ​ថា ដោយ​សារ​ប្រសាសន៍​របស់​ព្រះ នោះ​កើត​មាន​មេឃ​នៅ​សម័យ​បុរាណ និង​មាន​ផែនដី​ដែល​រឹង​ផុស​ឡើង​ពី​ទឹក ក៏​នៅ​កណ្ដាល​ទឹក ៦ ហើយ​ដោយ​ការ​ទាំង​នោះ ពិភព​លោក​នៅ​សម័យ​នោះ​បាន​ត្រូវ​បំផ្លាញ​ចោល ពេល​ដែល​មាន​ទឹក​ជំនន់។ ៧ ក៏​ប៉ុន្តែ ដោយ​សារ​ប្រសាសន៍​ដដែល​នោះ មេឃ​និង​ផែនដី​ដែល​មាន​ឥឡូវ​នេះ​បាន​ត្រូវ​ទុក​ដោយ​ឡែក​សម្រាប់​ឲ្យ​ភ្លើង​ឆេះ ហើយ​បាន​ត្រូវ​ទុក​សម្រាប់​ថ្ងៃ​វិនិច្ឆ័យ​ទោស​មនុស្ស​ទុច្ចរិត​ហើយ​បំផ្លាញ​ពួក​គេ​ចោល។

៨ ក៏​ប៉ុន្តែ​បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ កុំ​ភ្លេច​ការ​ពិត​ដូច​ត​ទៅ​នេះ​ថា ចំពោះ​ព្រះ​យេហូវ៉ា មួយ​ថ្ងៃ​គឺ​ស្មើ​មួយ​ពាន់​ឆ្នាំ ហើយ​មួយ​ពាន់​ឆ្នាំ​គឺ​ស្មើ​មួយ​ថ្ងៃ។ ៩ ព្រះ​យេហូវ៉ា​មិន​យឺត​ក្នុង​ការ​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក ដូច​មនុស្ស​ខ្លះ​គិត​ថា​យឺត​នោះទេ ប៉ុន្តែ​លោក​អត់​ធ្មត់​នឹង​យើង ពីព្រោះ​លោក​មិន​ចង់​ឲ្យ​អ្នក​ណា​ត្រូវ​បំផ្លាញ​ចោល​ឡើយ តែ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ឱកាស​ប្រែ​ចិត្ត។ ១០ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​នឹង​មក​ដូច​ជា​ចោរ ហើយ​នៅ​ពេល​នោះ​មេឃ​និង​បាត់​ទៅ​យ៉ាង​លឿន​ដោយ​សំឡេង​លាន់​ឮ​រំពង ប៉ុន្តែ​ធាតុ​នានា​នឹង​ក្ដៅ​ក្រៃ​លែង​ហើយ​នឹង​រលាយ​សាប​សូន្យ​ទៅ ឯ​ផែនដី​និង​អ្វីៗ​នៅ​លើ​ផែនដី​នឹង​ត្រូវ​រក​ឃើញ។*

១១ ដូច្នេះ ដោយ​សារ​ការ​ទាំង​អស់​នោះ​នឹង​ត្រូវ​រំលាយ​សាប​សូន្យ​ទៅ ចូរ​ពិចារណា​ថា អ្នក​រាល់​គ្នា​គួរ​ជា​មនុស្ស​ប្រភេទ​ណា។ អ្នក​រាល់​គ្នា​គួរ​ជា​មនុស្ស​ដែល​មាន​ការ​ប្រព្រឹត្ត​បរិសុទ្ធ ហើយ​ធ្វើ​ការ​អ្វី​ដែល​បង្ហាញ​ពី​ភក្ដីភាព​ចំពោះ​ព្រះ ១២ ដោយ​ទន្ទឹង​ហើយ​ចាំ​ជាប់​ជា​និច្ច​នូវ​ការ​មក​ដល់​នៃ​ថ្ងៃ* របស់​ព្រះ​យេហូវ៉ា។ តាម​រយៈ​ថ្ងៃ​នោះ មេឃ​នឹង​ត្រូវ​ភ្លើង​ឆេះ​រលាយ​សាប​សូន្យ ឯ​ធាតុ​នានា​នឹង​ក្ដៅ​ក្រៃ​លែង​ហើយ​រលាយ​បាត់​ទៅ! ១៣ ប៉ុន្តែ​យើង​កំពុង​ទន្ទឹង​រង់​ចាំ​មេឃ​ថ្មី​និង​ផែនដី​ថ្មី ស្រប​តាម​សេចក្ដី​សន្យា​របស់​លោក ហើយ​ទី​នោះ សេចក្ដី​សុចរិត​នឹង​ស្ថិតស្ថេរ​ជា​ដរាប។

១៤ ដូច្នេះ បង​ប្អូន​ទី​ស្រឡាញ់​អើយ ដោយ​សារ​អ្នក​រាល់​គ្នា​កំពុង​ទន្ទឹង​ការ​ទាំង​នេះ ចូរ​ខំ​អស់ពី​សមត្ថភាព ដើម្បី​នៅ​ទី​បំផុត​លោក​នឹង​ឃើញ​ថា អ្នក​រាល់​គ្នា​គឺ​ឥត​ស្នាម​ប្រឡាក់ ស្អាត​ស្អំ ហើយ​មាន​សន្ដិភាព។ ១៥ ម្យ៉ាង​ទៀត ចូរ​ចាត់​ទុក​ចិត្ត​អត់​ធ្មត់​របស់​លោក​ម្ចាស់​យើង​ថា​ជា​សេចក្ដី​សង្គ្រោះ ដូច​ប៉ូល បង​ប្រុស​ជា​ទី​ស្រឡាញ់​របស់​យើង​បាន​សរសេរ​ទៅ​កាន់​អ្នក​រាល់​គ្នា​ស្រប​តាម​ប្រាជ្ញា​ដែល​គាត់​បាន​ទទួល។ ១៦ តាម​ពិត គាត់​និយាយ​អំពី​ការ​ទាំង​នេះ​ក្នុង​សំបុត្រ​ទាំង​អស់​របស់​គាត់។ ក៏​ប៉ុន្តែ​ក្នុង​សំបុត្រ​ទាំង​នោះ​មាន​សេចក្ដី​ខ្លះ​ដែល​ពិបាក​យល់ ហើយ​ពួក​អ្នក​ដែល​មិន​បាន​ទទួល​ការ​បង្រៀន និង​ពួក​អ្នក​ដែល​មិន​មាំ​មួន បង្ខុស​អត្ថន័យ​នៃ​សេចក្ដី​នោះ ដូច​ពួក​គេ​បង្ខុស​អត្ថន័យ​នៃ​បទ​គម្ពីរ​ទាំង​ប៉ុន្មាន​ទៀត ហើយ​នាំ​ឲ្យ​ខ្លួន​ទទួល​សេចក្ដី​ហិន​វិនាស។

១៧ ដូច្នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ដោយ​សារ​អ្នក​រាល់​គ្នា​ដឹង​អំពី​ការ​ទាំង​នេះ​ជា​មុន ចូរ​ប្រុង​ប្រយ័ត្ន ដើម្បី​កុំ​ឲ្យ​ពួក​អ្នក​បំពាន​ច្បាប់​ទាំង​នោះ នាំ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ដោយ​ការ​បោក​បញ្ឆោត​របស់​ពួក​គេ ហើយ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​បាត់បង់​ភាព​មាំ​មួន។ ១៨ ផ្ទុយ​ទៅ​វិញ ចូរ​បន្ត​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​និង​ចំណេះ​ពី​លោក​យេស៊ូ​គ្រិស្ត ដែល​ជា​ម្ចាស់​និង​ជា​អ្នក​សង្គ្រោះ​របស់​យើង។ សូម​ឲ្យ​លោក​ប្រកប​ដោយ​សិរី​រុងរឿង​ឥឡូវ​នេះ និង​ជា​រៀង​រហូត​ត​ទៅ។

[កំណត់​សម្គាល់]

ភាសា​ក្រិច​«អាប៉ូស្តូឡូស»។ មាន​ន័យ​ថា​«អ្នក​ដែល​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ»

មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៤

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ឬ​«រូប​កាយ​នៅ​ផែនដី»

មើល​កំណត់​សម្គាល់​ខ​៤

មើល​កំណត់​សម្គាល់​កា​ឡ ៥:១៩

ឬ​«ច្រណែន​ចង់​បាន​របស់​អ្នក​ដទៃ»

ឋាឋារ៉ុស​សំដៅ​ទៅ​ស្ថានភាព​ដ៏​ទាប​ថោក​ដែល​ប្រៀប​ដូច​ជា​គុក​ដែល​ព្រះ​ដាក់​ពួក​ទេវតា​មិន​ស្ដាប់​បង្គាប់​នៅ​សម័យ​ណូអេ

ភាសា​ក្រិច​«ផ្ស៊ីគី»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ក

មើល​កំណត់​សម្គាល់​ខ​៣

ន័យ​ត្រង់​«វត្តមាន»

ក្នុង​ន័យ​ថា​ភ្លើង​នឹង​រត់​ទៅ​រក

ន័យ​ត្រង់​«វត្តមាន​នៃ​ថ្ងៃ»

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក