បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bi7 យ៉ូហានទី១ ១:១-៥:២១
  • យ៉ូហានទី១

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យ៉ូហានទី១
  • សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
យ៉ូហានទី១

សំបុត្រ​ទី​មួយ​របស់​យ៉ូហាន

១ យើង​កំពុង​សរសេរ​មក​កាន់​អ្នក​រាល់​គ្នា អំពី​អ្នក​ដែល​មាន​នៅ​កាល​ពី​ដើម​ដំបូង គឺជា​អ្នក​នាំ​ពាក្យ​ដែល​ផ្ដល់​ជីវិត ជា​អ្នក​ដែល​យើង​បាន​ឮ​និង​ឃើញ​ផ្ទាល់​នឹង​ភ្នែក ថែម​ទាំង​បាន​សង្កេត​មើល​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​ក៏​បាន​ពាល់​ដោយ​ដៃ​យើង​ផ្ទាល់​ផង។ ២ (ជីវិត​នេះ​បាន​ត្រូវ​សម្ដែង​ឲ្យ​ឃើញ​ពិត​មែន។ យើង​បាន​ឃើញ ហើយ​ជា​សាក្សី​អំពី​រឿង​នេះ ក៏​កំពុង​ប្រាប់​អ្នក​រាល់​គ្នា​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ដែល​បាន​មក​ពី​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ ហើយ​ដែល​បាន​ត្រូវ​បើក​សម្ដែង​ឲ្យ​យើង​ឃើញ)។ ៣ យើង​កំពុង​ប្រាប់​អ្នក​រាល់​គ្នា​អំពី​អ្វី​ដែល​យើង​បាន​ឃើញ​និង​ឮ ដើម្បី​ឲ្យ​អ្នក​អាច​រួម​ចំណែក​ជា​មួយ​នឹង​យើង​ដែរ។ ដោយ​ធ្វើ​ដូច្នេះ យើង​ទាំង​អស់​គ្នា​ក៏​រួម​ចំណែក​ជា​មួយ​នឹង​លោក​យេស៊ូ​គ្រិស្ត* និង​បិតា​របស់​លោក។ ៤ នេះ​ជា​មូលហេតុ​ដែល​យើង​សរសេរ​រឿង​ទាំង​នេះ គឺ​ដើម្បី​ឲ្យ​អំណរ​របស់​យើង​ទាំង​អស់​គ្នា​បាន​ពេញ​លេញ។

៥ ម្ល៉ោះ​ហើយ នេះ​ជា​បណ្ដាំ​ដែល​យើង​បាន​ឮ​ពី​លោក ហើយ​កំពុង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ​គឺជា​ពន្លឺ ហើយ​គ្មាន​ភាព​ងងឹត​នៅ​ក្នុង​ព្រះ​ឡើយ។ ៦ ប្រសិនបើ​យើង​និយាយ​ថា​«យើង​កំពុង​រួម​ចំណែក​ជា​មួយ​នឹង​ព្រះ» ប៉ុន្តែ​យើង​នៅ​តែ​ដើរ​ក្នុង​ភាព​ងងឹត​ត​ទៅ​ទៀត នោះ​មាន​ន័យ​ថា​យើង​ជា​អ្នក​ភូតភរ ហើយ​ក៏​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​ដែរ។ ៧ ក៏​ប៉ុន្តែ ប្រសិនបើ​យើង​ដើរ​ក្នុង​ពន្លឺ ដូច​ព្រះ​នៅ​ក្នុង​ពន្លឺ នោះ​យើង​កំពុង​រួម​ចំណែក​ជា​មួយ​គ្នា​មែន ហើយ​ឈាម​របស់​លោក​យេស៊ូ​ជា​បុត្រ​របស់​ព្រះ​ក៏​សម្អាត​យើង​ពី​ភាព​ខុស​ឆ្គង* ទាំង​អស់។

៨ ប្រសិនបើ​យើង​និយាយ​ថា​«យើង​គ្មាន​ភាព​ខុស​ឆ្គង​ទេ» នោះ​យើង​កំពុង​បញ្ឆោត​ខ្លួន​ហើយ ឯ​សេចក្ដី​ពិត​ក៏​មិន​នៅ​ក្នុង​យើង​ដែរ។ ៩ ក៏​ប៉ុន្តែ បើ​យើង​ទទួល​សារភាព​ការ​ខុស​ឆ្គង​របស់​យើង នោះ​ព្រះ​នឹង​អភ័យទោស​ចំពោះ​ការ​ខុស​ឆ្គង​ទាំង​នោះ ហើយ​សម្អាត​យើង​ឲ្យ​អស់​លក្ខណៈ​មិន​សុចរិត ពីព្រោះ​លោក​ស្មោះ​ត្រង់ ហើយ​សុចរិត។ ១០ ប្រសិនបើ​យើង​និយាយ​ថា​«យើង​មិន​ធ្លាប់​ធ្វើ​ខុស* ទេ» នោះ​ដូច​ជា​យើង​ចោទ​ថា ព្រះ​ជា​អ្នក​កុហក។ មិន​តែ​ប៉ុណ្ណោះ បណ្ដាំ​របស់​ព្រះ​ក៏​មិន​នៅ​ក្នុង​យើង​ដែរ។

២ កូនៗ​អើយ! ខ្ញុំ​សរសេរ​រឿង​ទាំង​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​អ្នក​ធ្វើ​ខុស​អ្វី​មួយ​ឡើយ។ ក៏​ប៉ុន្តែ ប្រសិនបើ​មាន​អ្នក​ណា​ភ្លាត់​ធ្វើ​ខុស​អ្វី​មួយ នោះ​លោក​យេស៊ូ​គ្រិស្ត​ដែល​នៅ​ជា​មួយ​នឹង​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ និង​ជា​អ្នក​សុចរិត នឹង​ជួយ​យើង។ ២ លោក​បាន​ធ្វើ​ជា​គ្រឿង​បូជា​សម្រាប់​ផ្សះ​ផ្សា​ចំណង​មិត្តភាព​រវាង​យើង​និង​ព្រះ ហើយ​លោះ​យើង​ពី​ការ​ខុស​ឆ្គង មិន​គ្រាន់តែ​ការ​ខុស​ឆ្គង​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​ការ​ខុស​ឆ្គង​របស់​មនុស្ស​ក្នុង​ពិភព​លោក​ទាំង​មូល​ដែរ។ ៣ បន្ថែម​ទៅ​ទៀត ប្រសិនបើ​យើង​ប្រព្រឹត្ត​តាម​បញ្ញត្ដិ​របស់​លោក​ជា​និច្ច នោះ​យើង​ដឹង​ថា​យើង​ស្គាល់​លោក​មែន។ ៤ អ្នក​ណា​ដែល​និយាយ​ថា​«ខ្ញុំ​ស្គាល់​លោក​ហើយ» តែ​មិន​ប្រព្រឹត្ត​តាម​បញ្ញត្ដិ​របស់​លោក អ្នក​នោះ​ជា​អ្នក​ភូតភរ ហើយ​សេចក្ដី​ពិត​មិន​នៅ​ក្នុង​អ្នក​នោះ​ទេ។ ៥ ក៏​ប៉ុន្តែ អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​បណ្ដាំ​របស់​លោក អ្នក​នោះ​ពិត​ជា​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ពេញ​លក្ខណៈ​ចំពោះ​ព្រះ។ នេះ​បង្ហាញ​ឲ្យ​យើង​ដឹង​ថា យើង​រួប​រួម​ជា​មួយ​នឹង​លោក​ហើយ។ ៦ អ្នក​ណា​ដែល​និយាយ​ថា​ខ្លួន​រួប​រួម​ជា​មួយ​នឹង​លោក​ហើយ អ្នក​នោះ​ក៏​មាន​កាតព្វកិច្ច​រក្សា​របៀប​រស់​នៅ ដូច​លោក​យេស៊ូ​ធ្លាប់​មាន​ដែរ។*

៧ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ! ខ្ញុំ​មិន​មែន​សរសេរ​បញ្ញត្ដិ​ថ្មី​មក​ឲ្យ​អ្នក​រាល់​គ្នា​ទេ តែ​គឺជា​បញ្ញត្ដិ​ចាស់​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ពី​ដើម​ដំបូង។ បញ្ញត្ដិ​ចាស់​នេះ​គឺជា​បណ្ដាំ​ដែល​អ្នក​ធ្លាប់​ឮ។ ៨ ទោះ​បី​ជា​ដូច្នេះ​ក៏​ដោយ ខ្ញុំ​កំពុង​សរសេរ​បញ្ញត្ដិ​ថ្មី​មក​ឲ្យ​អ្នក​រាល់​គ្នា គឺជា​បញ្ញត្ដិ​ដែល​លោក​បាន​កាន់​តាម ហើយ​អ្នក​ក៏​បាន​កាន់​តាម​ដែរ ពីព្រោះ​ភាព​ងងឹត​កំពុង​បាត់​សូន្យ​ទៅ ហើយ​ពន្លឺ​ដ៏​ពិត​កំពុង​ភ្លឺ​ឡើង។

៩ អ្នក​ណា​ដែល​និយាយ​ថា ខ្លួន​នៅ​ក្នុង​ពន្លឺ តែ​ស្អប់​បង​ប្អូន​ខ្លួន អ្នក​នោះ​ជា​អ្នក​នៅ​ក្នុង​ភាព​ងងឹត​រហូត​មក​ដល់​ឥឡូវ​នេះ។ ១០ អ្នក​ណា​ដែល​ស្រឡាញ់​បង​ប្អូន​ខ្លួន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​ពន្លឺ ហើយ​ក្នុង​ករណី​របស់​អ្នក​នោះ គ្មាន​ហេតុ​ដែល​បណ្ដាល​ឲ្យ​ជំពប់​ដួល* ឡើយ។ ១១ ប៉ុន្តែ​អ្នក​ណា​ដែល​ស្អប់​បង​ប្អូន​ខ្លួន អ្នក​នោះ​នៅ​ក្នុង​ភាព​ងងឹត ហើយ​កំពុង​ដើរ​ក្នុង​ភាព​ងងឹត។ អ្នក​នោះ​ថែម​ទាំង​មិន​ដឹង​ថា​ខ្លួន​កំពុង​ទៅ​ឯ​ណា​ផង ពីព្រោះ​ភាព​ងងឹត​បាន​ធ្វើ​ឲ្យ​គាត់​មើល​មិន​ឃើញ។

១២ កូនៗ​អើយ! ខ្ញុំ​កំពុង​សរសេរ​មក​កាន់​អ្នក​រាល់​គ្នា ពីព្រោះ​ព្រះ​បាន​អភ័យទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​អ្នក ដើម្បី​នាម​របស់​លោក។* ១៣ ឪពុក​ទាំង​ឡាយ​អើយ! ខ្ញុំ​សរសេរ​ទៅ​កាន់​អ្នក​រាល់​គ្នា ពីព្រោះ​អ្នក​រាល់​គ្នា​ស្គាល់​លោក​ដែល​មាន​នៅ​កាល​ពី​ដើម​ដំបូង។ យុវជន​ទាំង​ឡាយ​អើយ! ខ្ញុំ​សរសេរ​ទៅ​កាន់​អ្នក​រាល់​គ្នា ពីព្រោះ​អ្នក​រាល់​គ្នា​បាន​ឈ្នះ​មេកំណាច។ កូន​ទាំង​ឡាយ​អើយ! ខ្ញុំ​សរសេរ​ទៅ​កាន់​អ្នក​រាល់​គ្នា ពីព្រោះ​អ្នក​រាល់​គ្នា​ស្គាល់​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌។ ១៤ ឪពុក​ទាំង​ឡាយ​អើយ! ខ្ញុំ​កំពុង​សរសេរ​ទៅ​កាន់​អ្នក​រាល់​គ្នា ពីព្រោះ​អ្នក​រាល់​គ្នា​ស្គាល់​លោក​ដែល​មាន​នៅ​កាល​ពី​ដើម​ដំបូង។ យុវជន​ទាំង​ឡាយ​អើយ! ខ្ញុំ​កំពុង​សរសេរ​ទៅ​កាន់​អ្នក​រាល់​គ្នា ពីព្រោះ​អ្នក​រាល់​គ្នា​មាន​ភាព​រឹង​មាំ ថែម​ទាំង​បាន​ឈ្នះ​មេកំណាច ហើយ​បណ្ដាំ​របស់​ព្រះ​ក៏​នៅ​ជាប់​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា។

១៥ កុំ​ស្រឡាញ់​ពិភព​លោក​នេះ ឬ​អ្វីៗ​ក្នុង​ពិភព​លោក​នេះ​ឡើយ។ ប្រសិនបើ​អ្នក​ណា​ស្រឡាញ់​ពិភព​លោក​នេះ អ្នក​នោះ​មិន​ស្រឡាញ់​បិតា​ដែល​ស្ថិត​នៅ​ស្ថានសួគ៌​ឡើយ។ ១៦ ពីព្រោះ​អ្វីៗ​ក្នុង​ពិភព​លោក​នេះ ពោល​គឺ​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង ការ​ចង់​បាន​អ្វី​ដែល​ទាក់​ទាញ​ភ្នែក និង​ការ​អួត​សម្ញែង​ភាព​មាន​បាន​របស់​ខ្លួន នោះ​មិន​មែន​មក​ពី​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ឡើយ តែ​មក​ពី​ពិភព​លោក​នេះ​វិញ។ ១៧ ម្យ៉ាង​ទៀត ពិភព​លោក​នេះ និង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​វា កំពុង​ឈាន​ទៅ​រក​ការ​សាប​សូន្យ ប៉ុន្តែ​អ្នក​ណា​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ អ្នក​នោះ​នឹង​នៅ​ជាប់​ជា​រៀង​រហូត​វិញ។

១៨ កូនៗ​អើយ! នេះ​គឺជា​ពេល​វេលា​ចុង​ក្រោយ ហើយ​អ្នក​បាន​ឮ​ថា​សត្រូវ​របស់​គ្រិស្ត​នឹង​មក។ សូម្បី​តែ​ឥឡូវ​នេះ សត្រូវ​របស់​គ្រិស្ត​បាន​លេច​មក​ជា​ច្រើន។ ហេតុ​ដូច្នេះ​យើង​ដឹង​ថា នេះ​ជា​ពេល​វេលា​ចុង​ក្រោយ។ ១៩ ពួក​គេ​បាន​ចេញ​ពី​ចំណោម​យើង​ទៅ តែ​ពួក​គេ​មិន​មែន​ជា​គ្នា​យើង​ទេ ពីព្រោះ​បើ​ជា​គ្នា​យើង​មែន នោះ​ពួក​គេ​នឹង​នៅ​ជាប់​ជា​មួយ​នឹង​យើង។ ប៉ុន្តែ​ពួក​គេ​បាន​ចេញ​ពី​ចំណោម​យើង​ទៅ នេះ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា មិន​មែន​អ្នក​ដែល​នៅ​ក្នុង​ចំណោម​យើង ជា​គ្នា​យើង​ទាំង​អស់​ទេ។ ២០ បន្ថែម​ទៅ​ទៀត ព្រះ​ដ៏​បរិសុទ្ធ​បាន​រើស​តាំង​អ្នក​រាល់​គ្នា ហើយ​អ្នក​ក៏​មាន​ចំណេះ។ ២១ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា មិន​មែន​ដោយ​សារ​អ្នក​រាល់​គ្នា​មិន​ស្គាល់​សេចក្ដី​ពិត​នោះ​ទេ។ តែ​ខ្ញុំ​សរសេរ​ពីព្រោះ​អ្នក​រាល់​គ្នា​ស្គាល់​សេចក្ដី​ពិត ហើយ​ពីព្រោះ​គ្មាន​សេចក្ដី​ភូតភរ​ណា​អាច​កើត​ពី​សេចក្ដី​ពិត​បាន​ឡើយ។

២២ តើ​អ្នក​ណា​ជា​អ្នក​កុហក បើ​មិន​មែន​អ្នក​ដែល​មិន​ព្រម​ទទួល​ស្គាល់​លោក​យេស៊ូ​ថា​ជា​គ្រិស្ត? អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​និង​បុត្រ​របស់​លោក អ្នក​នោះ​គឺជា​សត្រូវ​របស់​គ្រិស្ត។ ២៣ អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​បុត្រ​របស់​ព្រះ អ្នក​នោះ​មិន​ធ្វើ​ឲ្យ​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ពេញ​ចិត្ត​ឡើយ។ តែ​អ្នក​ណា​ដែល​ទទួល​ស្គាល់​បុត្រ​របស់​ព្រះ អ្នក​នោះ​ធ្វើ​ឲ្យ​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ពេញ​ចិត្ត​វិញ។ ២៤ ចំណែក​អ្នក​រាល់​គ្នា ចូរ​រក្សា​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​ដំបូង​ឲ្យ​នៅ​ជាប់​ក្នុង​ចិត្ត​ចុះ! ប្រសិនបើ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​ដំបូង​នៅ​ជាប់​ក្នុង​ចិត្ត​នោះ អ្នក​នឹង​រួប​រួម​ជា​មួយ​នឹង​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​និង​បុត្រ​របស់​លោក។ ២៥ ម្យ៉ាង​ទៀត នេះ​ជា​សេចក្ដី​សន្យា​របស់​លោក​ថា យើង​នឹង​រស់​ជា​រៀង​រហូត។

២៦ ខ្ញុំ​សរសេរ​រឿង​ទាំង​នេះ​អំពី​ពួក​អ្នក​ដែល​ខំ​បំភាន់​អ្នក​រាល់​គ្នា។ ២៧ ចំណែក​អ្នក​រាល់​គ្នា​វិញ ព្រះ​បាន​រើស​តាំង* អ្នក​ដោយ​សកម្មពល* របស់​លោក ហើយ​សកម្មពល​នោះ​នៅ​ក្នុង​អ្នក អ្នក​ក៏​មិន​ត្រូវ​ការ​អ្នក​ណា​បង្រៀន​អ្នក​ឡើយ។ ប៉ុន្តែ​ការរើស​តាំង​ដាយ​សកម្មពល​របស់​លោក​គឺជា​សេចក្ដី​ពិត មិន​មែន​ជា​សេចក្ដី​ភូត​ភរ​ទេ ហើយ​កំពុង​បង្រៀន​អ្នក​អំពី​អ្វីៗ​ទាំង​អស់។ ចូរ​រួប​រួម​ជា​មួយ​នឹង​លោក​ជារៀង​រហូត​ត​ទៅ ដូច​សកម្មពល​របស់​លោក​បាន​បង្រៀន​អ្នក។ ២៨ ឥឡូវ កូនៗ​អើយ! ចូរ​រួប​រួម​ជា​មួយ​នឹង​លោក​ជា​រៀង​រហូត​ត​ទៅ។ យ៉ាង​នោះ យើង​អាច​និយាយ​ដោយ​ក្លាហាន ពេល​ដែល​លោក​ត្រូវ​សម្ដែង​ឲ្យ​ឃើញ​ក្នុង​អំឡុង​វត្តមាន​របស់លោក ហើយ​យើង​មិន​ត្រូវ​ចេញ​ពី​មុខ​លោក ដោយ​ទទួល​សេចក្ដី​អាម៉ាស់​ខ្មាស​ឡើយ។ ២៩ ប្រសិនបើ​អ្នក​រាល់​គ្នា​ដឹង​ថា​លោក​សុចរិត អ្នក​ក៏​ដឹង​ដែរ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​សុចរិត នោះ​កើត​មក​ពី​លោក។

៣ ចូរ​គិត​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ ដែល​បិតា​នៅ​ស្ថាន​សួគ៌​មាន​ចំពោះ​យើង ដោយ​ចាត់​ទុក​យើង​ជា​កូន។ យើង​ជា​កូន​ព្រះ​មែន ហើយ​នេះ​ជា​មូលហេតុ​ដែល​ពិភព​លោក​នេះ​មិន​ស្គាល់​យើង ពីព្រោះ​ពួក​គេ​មិន​ស្គាល់​ព្រះ។ ២ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ! យើង​ជា​កូន​ព្រះ ប៉ុន្តែ​ព្រះ​មិន​ទាន់​បង្ហាញ​ឲ្យ​យើង​ដឹង​ថា យើង​នឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ឡើយ។ អ្វី​ដែល​យើង​ដឹង​គឺ យើង​នឹង​បាន​ដូច​ព្រះ ពេល​ដែល​ព្រះ​បង្ហាញ​ឲ្យ​យើង​ឃើញ​លោក ពីព្រោះ​ព្រះ​គឺ​យ៉ាង​ណា យើង​នឹង​ឃើញ​លោក​យ៉ាង​នោះ។ ៣ ហើយ​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​សង្ឃឹម​នេះ​ដែល​មាន​មូលដ្ឋាន​លើ​លោក អ្នក​នោះ​សម្អាត​ខ្លួន​ឲ្យ​បរិសុទ្ធ ដូច​លោក​បរិសុទ្ធ​ដែរ។

៤ អ្នក​ណា​ដែល​ប្រព្រឹត្ត* អំពើ​ខុស​ឆ្គង មាន​ន័យ​ថា​ប្រព្រឹត្ត​ប្រឆាំង​ច្បាប់។ ដូច្នេះ អំពើ​ខុស​ឆ្គង​គឺជា​អំពើ​ប្រឆាំង​ច្បាប់។ ៥ អ្នក​ក៏​ដឹង​ដែរ​ថា លោក​យេស៊ូ​បាន​មក​ដើម្បី​ដក​យក​ការ​ខុស​ឆ្គង​របស់​យើង​ចេញ ហើយ​លោក​គ្មាន​ភាព​ខុស​ឆ្គង​សោះ​ឡើយ។ ៦ អ្នក​ណា​ដែល​រួប​រួម​ជា​មួយ​នឹង​លោក មិន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ទេ។ អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង អ្នក​នោះ​មិន​ធ្លាប់​ឃើញ​លោក​ឡើយ ហើយ​ក៏​មិន​ស្គាល់​លោក​ដែរ។ ៧ កូនៗ​អើយ! កុំ​ឲ្យ​អ្នក​ណា​បំភាន់​អ្នក​ឡើយ។ អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​សុចរិត អ្នក​នោះ​ក៏​សុចរិត ដូច​លោក​ដែរ។ ៨ អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង អ្នក​នោះ​មក​ពី​មេកំណាច* ពីព្រោះ​មេកំណាច​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​តាំង​ពី​ដើម​ដំបូង។ នេះ​ជា​មូលហេតុ​ដែល​បុត្រ​របស់​ព្រះ​បាន​មក ពោល​គឺ​ដើម្បី​បំផ្លាញ​ស្នា​ដៃ​របស់​មេកំណាច។

៩ អ្នក​ណា​ដែល​កើត​មក​ពី​ព្រះ មិន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឡើយ ពីព្រោះ​ពូជ​របស់​លោក​នៅ​ជាប់​ក្នុង​អ្នក​នោះ ហើយ​អ្នក​នោះ​មិន​អាច​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​បាន​ឡើយ ពីព្រោះ​អ្នក​នោះ​បាន​កើត​មក​ពី​ព្រះ។ ១០ យើង​អាច​សម្គាល់​កូន​របស់​ព្រះ និង​កូន​របស់​មេកំណាច​បាន ដោយ​សេចក្ដី​នេះ​ឯង គឺ​អ្នក​ណា​ដែល​មិន​ប្រព្រឹត្ត​អំពើ​សុចរិត ឬ​មិន​ស្រឡាញ់​បង​ប្អូន​ខ្លួន អ្នក​នោះ​មិន​កើត​មក​ពី​ព្រះ​ទេ។ ១១ ព្រោះ​ថា នេះ​ជា​បណ្ដាំ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​ដំបូង​ថា យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ ១២ យើង​មិន​ត្រូវ​ប្រព្រឹត្ត​ដូច​កាអ៊ីន​ដែល​កើត​មក​ពី​មេកំណាច ហើយ​បាន​សម្លាប់​ប្អូន​ខ្លួន​យ៉ាង​សាហាវ​នោះ​ឡើយ។ ហេតុ​អ្វី​បាន​ជា​គាត់​សម្លាប់​ប្អូន​ដូច្នេះ? ពីព្រោះ​អំពើ​ដែល​គាត់​ធ្លាប់​ធ្វើ​សុទ្ធតែ​ទុច្ចរិត ប៉ុន្តែ​អំពើ​ដែល​ប្អូន​របស់​គាត់​ធ្លាប់​ធ្វើ​សុទ្ធតែ​សុចរិត។

១៣ បង​ប្អូន​អើយ! សូម​កុំ​ឆ្ងល់​ឡើយ ពេល​ដែល​ពិភព​លោក​នេះ​ស្អប់​អ្នក​រាល់​គ្នា។ ១៤ ដោយ​សារ​យើង​ស្រឡាញ់​បង​ប្អូន នោះ​យើង​ដឹង​ថា យើង​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​មក​កាន់​ជីវិត​ហើយ។ អ្នក​ណា​ដែល​មិន​ស្រឡាញ់​បង​ប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ស្លាប់​នៅ​ឡើយ។ ១៥ អ្នក​ណា​ដែល​ស្អប់​បង​ប្អូន​ខ្លួន អ្នកនោះ​ជាឃាតករ ហើយ​អ្នក​ដឹង​ថា​គ្មាន​ឃាតករ​ណា​មាន​ជីវិត​រស់​នៅ​ជា​រៀង​រហូត​ស្ថិត​នៅ​ក្នុង​ខ្លួន​ឡើយ។ ១៦ យើង​ស្គាល់​សេចក្ដី​ស្រឡាញ់ ដោយ​សារ​សេចក្ដី​នេះ​ឯង គឺ​ពីព្រោះ​លោក​បាន​លះ​បង់​ជីវិត* ដើម្បី​យើង ម្ល៉ោះ​ហើយ​យើង​ក៏​មាន​កាតព្វកិច្ច​លះ​បង់​ជីវិត​ដើម្បី​បង​ប្អូន​យើង​ដែរ។ ១៧ ប្រសិនបើ​អ្នក​ណា​មាន​ធនធាន​សម្រាប់​ចិញ្ចឹម​ជីវិត ហើយ​សង្កេត​ឃើញ​បង​ប្អូន​ខ្លួន​ខ្វះ​ខាត តែ​បែរ​ជា​មិន​ព្រម​អាណិត​មេត្ដា​ទៅ​វិញ តើ​អ្នក​នោះ​អាច​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ដូច​ម្ដេច​បាន? ១៨ កូនៗ​អើយ! យើង​មិន​ត្រូវ​ស្រឡាញ់​តែ​មាត់ ឬ​ដោយ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​ស្រឡាញ់​ដោយ​ការ​ប្រព្រឹត្ត និង​ដោយ​សេចក្ដី​ពិត​វិញ។

១៩ គឺ​សេចក្ដី​នោះ​ឯង​ដែល​ឲ្យ​យើង​ដឹង​ថា​យើង​កើត​មក​ពី​សេចក្ដី​ពិត។ ម្ល៉ោះ​ហើយ នៅ​ចំពោះ​លោក យើង​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង ២០ ក្នុង​រឿង​អ្វី​ក៏​ដោយ​ដែល​ចិត្ត​របស់​យើង​ផ្ដន្ទា​ទោស​យើង ពីព្រោះ​ព្រះ​ធំ​ជាង​ចិត្ត​របស់​យើង ហើយ​ក៏​ជ្រាប​គ្រប់​ទាំង​អស់។ ២១ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ! បើ​ចិត្ត​របស់​យើង​មិន​ផ្ដន្ទា​ទោស​យើង​ទេ នោះ​យើង​អាច​និយាយ​ដោយ​ក្លាហាន​នៅ​ចំពោះ​ព្រះ ២២ ហើយ​អ្វី​ក៏​ដោយ​ដែល​យើង​សុំ​ពី​ព្រះ យើង​នឹង​ទទួល ពីព្រោះ​យើង​កាន់​តាម​បញ្ញត្ដិ​របស់​លោក ថែម​ទាំង​កំពុង​ធ្វើ​អ្វីៗ​ដែល​លោក​ពេញ​ចិត្ត​ផង។ ២៣ ឯ​បញ្ញត្ដិ​របស់​លោក​គឺ​ឲ្យ​យើង​មាន​ជំនឿ​លើ​នាម​របស់​លោក​យេស៊ូ​គ្រិស្ត ជា​បុត្រ​របស់​លោក ព្រម​ទាំង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​លោក​បាន​បង្គាប់​យើង។ ២៤ ម្យ៉ាង​ទៀត អ្នក​ណា​ដែល​កាន់​តាម​បញ្ញត្ដិ​របស់​លោក អ្នក​នោះ​រួប​រួម​ជា​មួយ​នឹង​លោក ហើយ​លោក​ក៏​រួប​រួម​ជា​មួយ​នឹង​អ្នក​នោះ​ដែរ។ ម្ល៉ោះ​ហើយ យើង​ដឹង​ថា​លោក​រួប​រួម​ជា​មួយ​នឹង​យើង​ជា​រៀង​រហូត​ត​ទៅ ដោយ​សារ​សកម្មពល* របស់​លោក​ដែល​យើង​បាន​ទទួល។

៤ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ! កុំ​ជឿ​គ្រប់​ទាំង​បណ្ដាំ* ដែល​ហាក់​ដូច​ជា​មក​ពី​ព្រះ​ឡើយ។ ប៉ុន្តែ ចូរ​ពិសោធ​មើល​ថា តើ​បណ្ដាំ​នោះ​មក​ពី​ព្រះ​ឬ​មិន​មែន ពីព្រោះ​ក្នុង​ពិភព​លោក​នេះ មាន​អ្នក​ប្រកាស​ទំនាយ​មិន​ពិត​ជា​ច្រើន​ដែល​បាន​លេច​មក។

២ អ្នក​អាច​សម្គាល់​បណ្ដាំ​ដែល​មក​ពី​ព្រះ​ដោយ​សេចក្ដី​នេះ​ឯង គឺ​បណ្ដាំ​ណា​ដែល​បញ្ជាក់​ថា លោក​យេស៊ូ​គ្រិស្ត​ធ្លាប់​បាន​មក​កើត​ជា​មនុស្ស បណ្ដាំ​នោះ​មក​ពី​ព្រះ។ ៣ ក៏​ប៉ុន្តែ បណ្ដាំ​ណា​ដែល​មិន​បញ្ជាក់​ដូច្នេះ​អំពី​លោក​យេស៊ូ បណ្ដាំ​នោះ​មិន​មែន​មក​ពី​ព្រះ​ទេ។ ម្យ៉ាង​ទៀត បណ្ដាំ​នោះ​មក​ពី​សត្រូវ​របស់​គ្រិស្ត និង​ជា​បណ្ដាំ​ដែល​អ្នក​បាន​ឮ​ថា​នឹង​មក​ដល់។ ឥឡូវ​នេះ​បណ្ដាំ​នោះ​នៅ​ក្នុង​ពិភព​លោក​ហើយ។

៤ កូនៗ​អើយ! អ្នក​រាល់​គ្នា​មក​ពី​ព្រះ ហើយ​អ្នក​បាន​ឈ្នះ​អ្នក​ទាំង​នោះ ពីព្រោះ​លោក​ដែល​គាំទ្រ​អ្នក​រាល់​គ្នា​គឺ​ធំ​ជាង​អ្នក​ដែល​គាំទ្រ​ពិភព​លោក​នេះ។ ៥ ពួក​គេ​មក​ពី​ពិភព​លោក​នេះ។ ដូច្នេះ​អ្វី​ដែល​ពួក​គេ​និយាយ​ក៏​មក​ពី​ពិភព​លោក​នេះ​ដែរ ហើយ​ពិភព​លោក​នេះ​ស្ដាប់​ពួក​គេ។ ៦ យើង​មក​ពី​ព្រះ។ អ្នក​ណា​ដែល​មាន​ចំណេះ​អំពី​ព្រះ អ្នក​នោះ​ស្ដាប់​យើង។ អ្នក​ណា​ដែល​មិន​មែន​មក​ពី​ព្រះ អ្នក​នោះ​មិន​ស្ដាប់​យើង​ទេ។ គឺ​យ៉ាង​នេះ​ហើយ​ដែល​យើង​អាច​សម្គាល់​បណ្ដាំ​ដែល​ពិត​និង​បណ្ដាំ​បោក​បញ្ឆោត​បាន។

៧ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ! យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​និច្ច ពីព្រោះ​សេចក្ដី​ស្រឡាញ់​គឺ​មក​ពី​ព្រះ ហើយ​អ្នក​ណា​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​កើត​មក​ពី​ព្រះ ថែម​ទាំង​មាន​ចំណេះ​អំពី​ព្រះ។ ៨ អ្នក​ណា​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​មិន​ស្គាល់​ព្រះ​ទេ ពីព្រោះ​ព្រះ​គឺជា​សេចក្ដី​ស្រឡាញ់។ ៩ សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន​ត្រូវ​សម្ដែង​ចំពោះ​យើង ពីព្រោះ​ព្រះ​បាន​ចាត់​បុត្រ​តែ​មួយ* របស់​លោក​ឲ្យ​មក​ក្នុង​ពិភព​លោក​នេះ ដើម្បី​ឲ្យ​យើង​អាច​បាន​ជីវិត​តាម​រយៈ​បុត្រ​នោះ។ ១០ សេចក្ដី​ស្រឡាញ់​នៅ​ត្រង់​កន្លែង​នេះ គឺ​មិន​មែន​យើង​ទេ​ដែល​បាន​ស្រឡាញ់​ព្រះ តែ​គឺ​លោក​ដែល​បាន​ស្រឡាញ់​យើង ដោយ​ចាត់​បុត្រ​របស់​លោក ឲ្យ​ធ្វើ​ជា​គ្រឿង​បូជា​សម្រាប់​ផ្សះ​ផ្សា​ចំណង​មិត្តភាព​រវាង​យើង​និង​ព្រះ។

១១ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ! ប្រសិនបើ​ព្រះ​បាន​ស្រឡាញ់​យើង​យ៉ាង​នេះ យើង​ទាំង​អស់​គ្នា​ក៏​មាន​កាតព្វកិច្ច​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ១២ គ្មាន​អ្នក​ណា​ធ្លាប់​ឃើញ​ព្រះ​សោះ​ឡើយ។ ប្រសិនបើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​និច្ច នោះ​ព្រះ​នៅ​ជា​មួយ​នឹង​យើង ហើយ​សេចក្ដី​ស្រឡាញ់​របស់​លោក​នៅ​ក្នុង​យើង​បាន​ពេញ​លក្ខណៈ។ ១៣ យើង​ដឹង​ថា​យើង​កំពុង​រួប​រួម​ជា​មួយ​នឹង​លោក ហើយ​លោក​រួប​រួម​ជា​មួយ​នឹង​យើង ដោយ​សារ​សេចក្ដី​នេះ​ឯង ពោល​គឺ​លោក​បាន​ឲ្យ​សកម្មពល* របស់​លោក​មក​យើង។ ១៤ បន្ថែម​ទៅ​ទៀត យើង​បាន​ឃើញ​ដោយ​ផ្ទាល់​ហើយ​កំពុង​បញ្ជាក់​ថា បិតា​ដែល​នៅ​ស្ថាន​សួគ៌​បាន​ចាត់​បុត្រ​របស់​លោក​ឲ្យ​មក​សង្គ្រោះ​ពិភព​លោក។ ១៥ អ្នក​ណា​ដែល​ប្រកាស​ដោយ​ជំនឿ​ថា លោក​យេស៊ូ​គ្រិស្ត​ជា​បុត្រ​ព្រះ អ្នក​នោះ​រួប​រួម​ជា​មួយ​នឹង​ព្រះ ហើយ​ព្រះ​ក៏​រួប​រួម​ជា​មួយ​នឹង​អ្នក​នោះ​ដែរ។ ១៦ ម្យ៉ាង​ទៀត យើង​បាន​ស្គាល់ ហើយ​បាន​ជឿ​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​មាន​ចំពោះ​យើង។

ព្រះ​គឺជា​សេចក្ដី​ស្រឡាញ់។ អ្នក​ណា​ដែល​ស្ថិត​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​នៅ​រួប​រួម​ជា​មួយ​នឹង​ព្រះ ហើយ​ព្រះ​នៅ​រួប​រួម​ជា​មួយ​នឹង​អ្នក​នោះ។ ១៧ គឺ​យ៉ាង​នេះ​ហើយ​ដែល​យើង​មាន​សេចក្ដី​ស្រឡាញ់​ពេញ​លក្ខណៈ ដើម្បី​ឲ្យ​យើង​អាច​និយាយ​ដោយ​ក្លាហាន​នៅ​ថ្ងៃ​វិនិច្ឆ័យ​សេចក្ដី ពីព្រោះ​លោក​យេស៊ូ​គ្រិស្ត​គឺ​យ៉ាង​ណា យើង​ក៏​ដូច​លោក​យ៉ាង​នោះ​ដែរ នៅ​ក្នុង​ពិភព​លោក​នេះ។ ១៨ គ្មាន​ការ​ភ័យ​ខ្លាច​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ទេ។ ប៉ុន្តែ សេចក្ដី​ស្រឡាញ់​ដែល​ពេញ​លក្ខណៈ​បំបាត់​ការ​ភ័យ​ខ្លាច ពីព្រោះ​ការ​ភ័យ​ខ្លាច​តែង​តែ​រារាំង។ អ្នក​ណា​ដែល​ភ័យ​ខ្លាច អ្នក​នោះ​មិន​ទាន់​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ពេញ​លក្ខណៈ​ឡើយ។ ១៩ ចំណែក​យើង​វិញ យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់ ពីព្រោះ​ព្រះ​បាន​ស្រឡាញ់​យើង​ជា​មុន។

២០ បើ​អ្នក​ណា​និយាយ​ថា​«ខ្ញុំ​ស្រឡាញ់​ព្រះ» តែ​ស្អប់​បង​ប្អូន​ខ្លួន អ្នក​នោះ​និយាយ​កុហក ព្រោះ​ថា​អ្នក​ណា​ដែល​មិន​ស្រឡាញ់​បង​ប្អូន​ដែល​ខ្លួន​មើល​ឃើញ អ្នក​នោះមិន​អាច​ស្រឡាញ់​ព្រះ​ដែល​ខ្លួន​មើល​មិន​ឃើញ​ឡើយ។ ២១ នេះ​ជា​បញ្ញត្ដិ​ដែលយើង​បាន​ទទួល​ពី​លោក​គឺថា អ្នក​ណា​ដែល​ស្រឡាញ់​ព្រះ ក៏​ត្រូវ​ស្រឡាញ់​បង​ប្អូន​ខ្លួន​ដែរ។

៥ អ្នក​ណា​ដែល​ជឿ​ថា​លោក​យេស៊ូ​ជា​គ្រិស្ត អ្នក​នោះ​បាន​កើត​មក​ពី​ព្រះ ហើយ​អ្នក​ណា​ដែល​ស្រឡាញ់​បិតា​នៅ​ស្ថាន​សួគ៌​ដែល​ផ្ដល់​កំណើត​ឲ្យ​នោះ ក៏​ស្រឡាញ់​អស់​អ្នក​ដែល​កើត​មក​ពី​ព្រះ​ដែរ។ ២ យើង​ដឹង​ថា​យើង​ស្រឡាញ់​កូន​ព្រះ ដោយ​សេចក្ដី​នេះ​ឯង គឺ​យើង​ស្រឡាញ់​ព្រះ និង​កាន់​តាម​បញ្ញត្ដិ​របស់​លោក។ ៣ ពីព្រោះ​ការ​ស្រឡាញ់​ព្រះ មាន​ន័យ​ថា យើង​កាន់​តាម​បញ្ញត្ដិ​របស់​លោក ហើយ​បញ្ញត្ដិ​របស់​លោក​មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ។ ៤ ពីព្រោះ​អ្វីៗ​ដែល​កើត​មក​ពី​ព្រះ សុទ្ធតែ​ឈ្នះ​ពិភព​លោក​នេះ ហើយ​ជ័យ​ជម្នះ​លើ​ពិភព​លោក​នេះ គឺ​ដោយ​សារ​ជំនឿ​របស់​យើង។

៥ តើ​អ្នក​ណា​ជា​អ្នក​ដែល​បាន​ឈ្នះ​ពិភព​លោក​នេះ បើ​មិន​មែន​ជា​អ្នក​ដែល​មាន​ជំនឿ​ថា លោក​យេស៊ូ​ជា​បុត្រ​ព្រះ? ៦ គឺ​លោក​យេស៊ូ​គ្រិស្ត​ហើយ ដែល​បាន​មក​តាម​រយៈ​ទឹក​និង​ឈាម។ មិន​គ្រាន់តែ​ទឹក​ប៉ុណ្ណោះ​ទេ តែ​ដោយ​ទឹក​និង​ឈាម។ ម្យ៉ាង​ទៀត សកម្មពល* របស់​ព្រះ​កំពុង​តែ​ធ្វើ​ជា​សាក្សី​អំពី​រឿង​នោះ ពីព្រោះ​សកម្មពល​របស់​ព្រះ​ជា​សេចក្ដី​ពិត។ ៧ ព្រោះ​ថា​មាន​សាក្សី​បី ៨ គឺ​សកម្មពល​របស់​ព្រះ ទឹក និង​ឈាម ហើយ​សេចក្ដី​បញ្ជាក់​នៃ​សាក្សី​ទាំង​បី​នេះ​គឺ​ស្រប​គ្នា។

៩ ប្រសិនបើ​យើង​ព្រម​ទទួល​ស្គាល់​សេចក្ដី​បញ្ជាក់​របស់​សាក្សី​ជា​មនុស្ស សេចក្ដី​បញ្ជាក់​របស់​ព្រះ​មាន​តម្លៃ​ជាង​នោះ​ទៅ​ទៀត ពីព្រោះ​ព្រះ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​បុត្រ​របស់​លោក។ ១០ អ្នក​ណា​ដែល​មាន​ជំនឿ​លើ​បុត្រ​របស់​ព្រះ អ្នក​នោះ​បាន​ទទួល​សេចក្ដី​បញ្ជាក់​របស់​ព្រះ​ដោយ​ផ្ទាល់។ អ្នក​ណា​ដែល​គ្មាន​ជំនឿ​លើ​ព្រះ អ្នក​នោះ​ហាក់​ដូច​ជា​ចោទ​ព្រះ​ថា​ជា​អ្នក​កុហក ពីព្រោះ​អ្នក​នោះ​មិន​ជឿ​សេចក្ដី​បញ្ជាក់​របស់​ព្រះ​ដែល​ធ្វើ​ជា​សាក្សី​អំពី​បុត្រ​លោក។ ១១ អ្វី​ដែល​បាន​ត្រូវ​បញ្ជាក់​គឺថា ព្រះ​បាន​ផ្ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ឲ្យ​យើង ហើយ​យើង​បាន​ជីវិត​នោះ ដោយ​សារ​បុត្រ​របស់​លោក។ ១២ អ្នក​ណា​ដែល​ទទួល​ស្គាល់​បុត្រ​របស់​ព្រះ អ្នក​នោះ​មាន​ជីវិត​រស់​នៅ​ជា​រៀង​រហូត តែ​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​បុត្រ​របស់​ព្រះ អ្នក​នោះ​មិន​មាន​ជីវិត​រស់​នៅ​ជា​រៀង​រហូត​ទេ។

១៣ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដែល​ជឿ​លើ​នាម​របស់​បុត្រ​ព្រះ ដឹង​ថា​ខ្លួន​មាន​ជីវិត​រស់​នៅ​ជា​រៀង​រហូត។ ១៤ ហើយ​យើង​មាន​ទំនុក​ចិត្ត​ថា អ្វី​ក៏​ដោយ​ដែល​យើង​អធិដ្ឋាន​សុំ ដែល​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ នោះ​ព្រះ​នឹង​ស្ដាប់​យើង។ ១៥ ម្ល៉ោះ​ហើយ បើ​យើង​ដឹង​ថា ព្រះ​នឹង​ស្ដាប់​នូវ​អ្វី​ក៏​ដោយ​ដែល​យើង​សុំ យើង​ដឹង​ថា​យើង​នឹង​ទទួល ពីព្រោះ​យើង​បាន​សុំ​ពី​លោក។

១៦ ប្រសិនបើ​អ្នក​ណា​ម្នាក់​ប្រទះ​ឃើញ​បង​ប្អូន​ខ្លួន​ធ្វើ​ខុស​អ្វី​មួយ ដែល​មិន​នាំ​ឲ្យ​មាន​ទោស​ដល់​ស្លាប់ អ្នក​នោះ​ត្រូវ​អធិដ្ឋាន​អង្វរ​ព្រះ ហើយ​ព្រះ​នឹង​ឲ្យ​ជីវិត​ដល់​បង​ប្អូន​នោះ បើ​ពួក​គាត់​មិន​បាន​ធ្វើ​ខុស​អ្វី​មួយ​ដែល​នាំ​ឲ្យ​មាន​ទោស​ដល់​ស្លាប់​ទេ។ មាន​ការ​ខុស​ឆ្គង​មួយ​ដែល​នាំ​ឲ្យ​មាន​ទោស​ដល់​ស្លាប់​មែន តែ​ខ្ញុំ​មិន​ប្រាប់​ឲ្យ​អធិដ្ឋាន​ដើម្បី​អ្នក​ដែល​ធ្វើ​ខុស​បែប​នោះ​ឡើយ។ ១៧ ការ​ទាំង​អស់​ដែល​មិន​សុចរិត ជា​ការ​ខុស​ឆ្គង។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ មាន​ការ​ខុស​ឆ្គង​មួយ​ដែល​មិន​មាន​ទោស​ដល់​ស្លាប់​ឡើយ។

១៨ យើង​ដឹង​ថា​អ្នក​ណា​ដែល​កើត​មក​ពី​ព្រះ អ្នក​នោះ​មិន​ប្រព្រឹត្ត* អំពើ​ខុស​ឆ្គង​ឡើយ ហើយ​លោក​ដែល​បាន​កើត​មក​ពី​ព្រះ* មើល​ថែ​រក្សា​អ្នក​នោះ។ ម្យ៉ាង​ទៀត​មេកំណាច​មិន​អាច​ប៉ះពាល់​អ្នក​នោះ​ឡើយ។ ១៩ យើង​ដឹង​ថា​យើង​មក​ពី​ព្រះ តែ​ពិភព​លោក​ទាំង​មូល​នៅ​ក្រោម​អំណាច​របស់​មេកំណាច។ ២០ ប៉ុន្តែ​យើង​ដឹង​ថា​បុត្រ​ព្រះ​បាន​មក ហើយ​លោក​បាន​ធ្វើ​ឲ្យ​យើង​មាន​សមត្ថភាព​យល់​ដឹង ដើម្បី​ឲ្យ​យើង​អាច​ទទួល​ចំណេះ​អំពី​ព្រះ​ពិត។ បន្ថែម​ទៅ​ទៀត យើង​កំពុង​រួប​រួម​ជា​មួយ​នឹង​ព្រះ​ពិត តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត​ជា​បុត្រ​របស់​លោក។ លោក​ជា​ព្រះ​ពិត ហើយ​ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ២១ កូនៗ​អើយ! ចូរ​ជៀស​ចេញ​ពី​រូប​ព្រះ។

[កំណត់​សម្គាល់]

មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៤

មើល​កំណត់​សម្គាល់​រ៉ូម ៥:១២

មើល​កំណត់​សម្គាល់​ខ​៧

ន័យ​ត្រង់​«ដើរ​ជា​និច្ច​ដូច​អ្នក​នោះ​បាន​ដើរ»

មើល​កំណត់​សម្គាល់​ម៉ាថ ៥:២៩

សំដៅ​ទៅ​លោក​យេស៊ូ

ន័យ​ត្រង់​តាម​ភាសា​ក្រិច ពាក្យ​នេះ​សំដៅ​ទៅ​ការ​ដាក់​ឬ​ចាក់​ប្រេង​ទៅ​លើ

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

សំដៅ​ទៅ​ការ​ប្រព្រឹត្ត​ជា​ទម្លាប់

ភាសា​ក្រិច​«ឌីអាបូឡូស»។ មាន​ន័យ​ថា​«អ្នក​បង្កាច់​បង្ខូច»

ភាសា​ក្រិច​«ផ្ស៊ីគី»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ក

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ន័យ​ត្រង់​«កូន​តែ​មួយ​ដែល​ព្រះ​បាន​បង្កើត​ដោយ​ផ្ទាល់»

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

សំដៅ​ទៅការ​ប្រព្រឹត្ត​ជា​ទម្លាប់

«លោក​ដែល​បាន​កើត​មក​ពី​ព្រះ» គឺ​លោក​យេស៊ូ​គ្រិស្ត​បុត្រ​របស់​ព្រះ ដូច​បញ្ជាក់​ក្នុង​១​យ៉ូន ៥:១

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក