ខែវិច្ឆិកា
ថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា
លោកបានធ្វើឲ្យពាក្យសរសើរចេញពីមាត់កូនក្មេងនិងទារក។—ម៉ាថ. ២១:១៦
បើអ្នកជាឪពុកឬម្ដាយ សូមជួយកូនតូចៗរបស់អ្នកឲ្យរៀបចំចម្លើយដែលសមនឹងអាយុរបស់ពួកគេ។ ជួនកាល រឿងធ្ងន់ធ្ងរដូចជាបញ្ហាជីវិតគូប្ដីប្រពន្ធឬរឿងសីលធម៌បានត្រូវពិចារណាក្នុងអំឡុងពេលសិក្សា ប៉ុន្តែទំនងជានឹងមានវគ្គមួយឬពីរដែលកូនក្មេងអាចឆ្លើយ។ ម្យ៉ាងទៀត សូមជួយកូនរបស់អ្នកឲ្យយល់អំពីមូលហេតុដែលពួកគេទំនងជានឹងមិនបានត្រូវហៅរាល់ដងពេលដែលពួកគេលើកដៃ។ ការពន្យល់អំពីមូលហេតុនេះអាចការពារមិនឲ្យពួកគេខកចិត្ត ពេលដែលអ្នកឯទៀតបានត្រូវជ្រើសរើស ជាជាងពួកគេ។ (១ធី. ៦:១៨) យើងទាំងអស់គ្នាអាចរៀបចំចម្លើយដែលលើកកិត្តិយសព្រះយេហូវ៉ានិងលើកទឹកចិត្តបងប្អូនរួមជំនឿ។ (សុភ. ២៥:១១) យូរៗម្ដង យើងប្រហែលជាឆ្លើយយ៉ាងខ្លីអំពីបទពិសោធន៍ផ្ទាល់ខ្លួន តែយើងគួរជៀសវាងពីការនិយាយច្រើនពេកអំពីខ្លួនឯង។ (សុភ. ២៧:២; ២កូ. ១០:១៨) ផ្ទុយទៅវិញ យើងព្យាយាមបន្តផ្ដោតអារម្មណ៍ទៅលើព្រះយេហូវ៉ា បណ្ដាំរបស់លោក និងរាស្ត្ររបស់លោកទាំងអស់។—បប. ៤:១១ w២៣.០៤ ទំ.២៤-២៥ វ.១៧-១៨
ថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា
កុំឲ្យយើងដេកលង់លក់ដូចអ្នកឯទៀត តែចូរឲ្យយើងភ្ញាក់ហើយដឹងខ្លួនជានិច្ច។—១ថែ. ៥:៦
សេចក្ដីស្រឡាញ់គឺសំខាន់ចាំបាច់ដើម្បីឲ្យនៅភ្ញាក់ជានិច្ច។ (ម៉ាថ. ២២:៣៧-៣៩) សេចក្ដីស្រឡាញ់ចំពោះព្រះជួយយើងឲ្យស៊ូទ្រាំក្នុងកិច្ចការផ្សព្វផ្សាយ ទោះជានោះអាចនាំឲ្យយើងមានបញ្ហាណាក៏ដោយ។ (២ធី. ១:៧, ៨) ដោយសារយើងក៏មានសេចក្ដីស្រឡាញ់ចំពោះពួកអ្នកដែលមិនបម្រើព្រះយេហូវ៉ា យើងបន្តផ្សព្វផ្សាយនៅតំបន់ផ្សាយរបស់យើង ហើយថែមទាំងផ្សព្វផ្សាយតាមទូរស័ព្ទនិងដោយសរសេរសំបុត្រ។ យើងសង្ឃឹមជានិច្ចថា នៅថ្ងៃណាមួយមនុស្សនឹងកែប្រែ ហើយចាប់ផ្ដើមធ្វើអ្វីដែលត្រឹមត្រូវ។ (អេគ. ១៨:២៧, ២៨) សេចក្ដីស្រឡាញ់របស់យើងចំពោះអ្នកជិតខាង រួមបញ្ចូលបងប្អូនរួមជំនឿផងដែរ។ យើងបង្ហាញសេចក្ដីស្រឡាញ់បែបនេះដោយ«លើកទឹកចិត្តគ្នាទៅវិញទៅមក ហើយពង្រឹងកម្លាំងគ្នាទៅវិញទៅមក»។ (១ថែ. ៥:១១) ដូចទាហានរួមដៃគ្នាក្នុងចម្បាំង យើងលើកទឹកចិត្តគ្នាទៅវិញទៅមក។ យើងនឹងមិនបញ្ឈឺចិត្តបងប្អូនរបស់យើងដោយចេតនា ឬមិនធ្វើអំពើអាក្រក់តបស្នងអំពើអាក្រក់ឡើយ។ (១ថែ. ៥:១៣, ១៥) យើងក៏បង្ហាញសេចក្ដីស្រឡាញ់របស់យើងដោយគោរពបងប្អូនប្រុសៗដែលកំពុងដឹកនាំក្រុមជំនុំ។—១ថែ. ៥:១២ w២៣.០៦ ទំ.១០ វ.៦; ទំ.១១ វ.១០-១១
ថ្ងៃច័ន្ទ ទី៣ ខែវិច្ឆិកា
ពេល[ព្រះយេហូវ៉ា]មានប្រសាសន៍អ្វីមួយ លោកនឹងធ្វើឲ្យកើតឡើង មែនទេ?—ជប. ២៣:១៩
របៀបទី១ដែលយើងអាចពង្រឹងជំនឿរបស់យើងគឺដោយរំពឹងគិតអំពីថ្លៃលោះ។ ថ្លៃលោះពង្រឹងទំនុកចិត្តរបស់យើងថាសេចក្ដីសន្យារបស់ព្រះនឹងក្លាយជាការពិត។ ពេលយើងគិតយ៉ាងយកចិត្តទុកដាក់អំពីមូលហេតុដែលព្រះផ្ដល់ថ្លៃលោះ និងការលះបង់ជាច្រើនរបស់ព្រះយេហូវ៉ា យើងពង្រឹងជំនឿរបស់យើងថាសេចក្ដីសន្យារបស់ព្រះអំពីជីវិតដែលគ្មានទីបញ្ចប់ក្នុងពិភពលោកដែលល្អប្រសើរជាង នឹងសម្រេចជាមិនខាន។ ហេតុអ្វីយើងអាចនិយាយដូច្នេះ? ស្ដីអំពីថ្លៃលោះ តើព្រះយេហូវ៉ាបានលះបង់អ្វី? លោកបានចាត់បុត្រជាទីស្រឡាញ់តែមួយគត់របស់លោកដែលជាដៃគូដ៏ជិតស្និទ្ធបំផុតពីស្ថានសួគ៌ ដើម្បីកើតជាមនុស្សល្អឥតខ្ចោះ។ ពេលនៅផែនដី លោកយេស៊ូបានស៊ូទ្រាំនឹងការពិបាកគ្រប់សព្វ។ បន្ទាប់មក លោកបានរងទុក្ខនិងស្លាប់ទាំងឈឺចាប់។ ព្រះយេហូវ៉ាបានបង់តម្លៃដ៏ខ្ពស់! ព្រះរបស់យើងដែលប្រកបដោយសេចក្ដីស្រឡាញ់នឹងមិនអនុញ្ញាតឲ្យបុត្ររបស់លោករងទុក្ខនិងស្លាប់ គ្រាន់តែដើម្បីឲ្យយើងអាចមានជីវិតល្អប្រសើរជាងសម្រាប់តែមួយរយៈពេលខ្លីប៉ុណ្ណោះទេ។ (យ៉ូន. ៣:១៦; ១ពេ. ១:១៨, ១៩) ដោយសារព្រះយេហូវ៉ាបានឲ្យបុត្រដ៏មានតម្លៃរបស់លោកដើម្បីជួយយើង លោកនឹងធ្វើឲ្យប្រាកដថាយើងអាចរស់ជារៀងរហូតក្នុងពិភពលោកថ្មី។ w២៣.០៤ ទំ.២៧ វ.៨-៩
ថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា
ឱសេចក្ដីស្លាប់អើយ! តើទ្រនិចរបស់អ្នកនៅឯណា?—ហូ. ១៣:១៤
តើព្រះយេហូវ៉ាមានបំណងប្រាថ្នាប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញឬទេ? លោកច្បាស់ជាមាន! លោកបានបណ្ដាលឲ្យអ្នកសរសេរគម្ពីរមួយចំនួនកត់ទុកនូវពាក្យសន្យារបស់លោកអំពីការប្រោសឲ្យរស់ឡើងវិញនៅថ្ងៃអនាគត។ (អេ. ២៦:១៩; បប. ២០:១១-១៣) ម្យ៉ាងទៀត ពេលព្រះយេហូវ៉ាសន្យាអ្វីណាមួយ លោកតែងតែធ្វើតាម។ (យ៉ូស. ២៣:១៤) តាមពិត ព្រះយេហូវ៉ាចង់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ សូមគិតអំពីអ្វីដែលយ៉ូបបាននិយាយ។ គាត់ជឿជាក់ថាបើគាត់ស្លាប់ ព្រះយេហូវ៉ាចង់ឲ្យគាត់រស់ម្ដងទៀត។ (យ៉ូប ១៤:១៤, ១៥) ព្រះយេហូវ៉ាក៏មានអារម្មណ៍ដូចគ្នាចំពោះអ្នកគោរពប្រណិប័តន៍លោកទាំងអស់ដែលបានស្លាប់។ លោកចង់ប្រោសពួកគេឲ្យរស់ឡើងវិញដោយមានចិត្តសប្បាយរីករាយនិងសុខភាពល្អ។ ចុះយ៉ាងណាមនុស្សរាប់ពាន់លាននាក់ទៀតដែលបានស្លាប់ដោយគ្មានឱកាសរៀនអំពីព្រះយេហូវ៉ា? ព្រះរបស់យើងដែលប្រកបដោយសេចក្ដីស្រឡាញ់ក៏ចង់ប្រោសពួកគេឲ្យរស់ឡើងវិញដែរ។ (សកម្ម. ២៤:១៥) លោកចង់ឲ្យពួកគេមានឱកាសទៅជាមិត្តសម្លាញ់របស់លោកនិងរស់ជារៀងរហូតនៅផែនដី។—យ៉ូន. ៣:១៦ w២៣.០៤ ទំ.៩ វ.៥-៦
ថ្ងៃពុធ ទី៥ ខែវិច្ឆិកា
យើងនឹងទទួលកម្លាំងឡើងវិញពីព្រះ។—ចសព. ១០៨:១៣
តើអ្នកអាចពង្រឹងសេចក្ដីសង្ឃឹមរបស់អ្នកតាមរបៀបណា? ជាឧទាហរណ៍ បើអ្នកមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅលើផែនដី សូមអាននិងរំពឹងគិតអំពីអ្វីដែលគម្ពីររៀបរាប់អំពីសួនឧទ្យាន។ (អេ. ២៥:៨; ៣២:១៦-១៨) សូមស្រមៃគិតថាជីវិតក្នុងពិភពលោកថ្មីគឺយ៉ាងណា។ សូមស្រមៃឃើញខ្លួនអ្នកនៅទីនោះ។ បើយើងលៃទុកពេលជាទៀងទាត់ដើម្បីស្រមៃគិតអំពីសេចក្ដីសង្ឃឹមអំពីពិភពលោកថ្មី បញ្ហារបស់យើងនឹង«មានតែមួយរយៈពេលខ្លី ហើយស្រាល»។ (២កូ. ៤:១៧) សេចក្ដីសង្ឃឹមដែលព្រះយេហូវ៉ាផ្ដល់ឲ្យអ្នកអាចជួយអ្នកឲ្យស៊ូទ្រាំនឹងទុក្ខលំបាក។ លោកបានផ្ដល់រួចហើយនូវអ្វីដែលអ្នកត្រូវការដើម្បីទទួលកម្លាំងពីលោក។ ដូច្នេះ ពេលអ្នកត្រូវការជំនួយដើម្បីបំពេញភារកិច្ច ស៊ូទ្រាំនឹងទុក្ខលំបាក ឬរក្សាអំណររបស់អ្នក សូមអធិដ្ឋានអស់ពីចិត្តទៅព្រះយេហូវ៉ា និងស្វែងរកការណែនាំពីលោកតាមរយៈការសិក្សាផ្ទាល់ខ្លួន។ សូមទទួលយកការលើកទឹកចិត្តពីបងប្អូនគ្រិស្តសាសនិករបស់អ្នក។ សូមលៃទុកពេលជាទៀងទាត់ដើម្បីគិតអំពីសេចក្ដីសង្ឃឹមរបស់អ្នកសម្រាប់ថ្ងៃអនាគត។ យ៉ាងនេះ អ្នកនឹង‹ទទួលកម្លាំងខ្លាំងក្លាពីឫទ្ធានុភាពរុងរឿងរបស់ព្រះ ដើម្បីអ្នកអាចស៊ូទ្រាំនឹងការទាំងអស់ ដោយចិត្តអត់ធ្មត់និងមានអំណរ›។—កូឡ. ១:១១ w២៣.១០ ទំ.១៧ វ.១៩-២០
ថ្ងៃព្រហស្បតិ៍ ទី៦ ខែវិច្ឆិកា
ចូរថ្លែងអំណរគុណសម្រាប់អ្វីៗទាំងអស់។—១ថែ. ៥:១៨
យើងមានមូលហេតុជាច្រើនឲ្យអរគុណព្រះយេហូវ៉ាក្នុងសេចក្ដីអធិដ្ឋាន។ យើងអាចអរគុណលោកសម្រាប់អ្វីល្អណាក៏ដោយដែលយើងមាន ដោយសារគ្រប់ទាំងរបស់ល្អមកពីលោក។ (យ៉ា. ១:១៧) ជាឧទាហរណ៍ យើងអាចអរគុណលោកចំពោះផែនដីដ៏ស្រស់ស្អាតនិងអ្វីៗដ៏អស្ចារ្យដែលលោកបានបង្កើត។ យើងក៏អាចប្រាប់លោកអំពីចិត្តកតញ្ញូរបស់យើងចំពោះជីវិត ក្រុមគ្រួសារ មិត្តភក្ដិ និងសេចក្ដីសង្ឃឹម។ ម្យ៉ាងទៀត យើងចង់អរគុណព្រះយេហូវ៉ាដែលលោកឲ្យយើងមានឯកសិទ្ធិធ្វើជាមិត្តរបស់លោក។ យើងប្រហែលជាត្រូវខំប្រឹងជាខ្លាំងដើម្បីគិតអំពីមូលហេតុដែលយើងផ្ទាល់គួរមានចិត្តកតញ្ញូចំពោះព្រះយេហូវ៉ា។ យើងរស់នៅក្នុងពិភពលោកដែលរមិលគុណ។ មនុស្សច្រើនតែផ្ដោតអារម្មណ៍ទៅលើអ្វីដែលពួកគេចង់បាន ជាជាងទៅលើអ្វីដែលពួកគេអាចធ្វើដើម្បីបង្ហាញចិត្តកតញ្ញូចំពោះអ្វីដែលពួកគេមាន។ បើយើងចាប់ផ្ដើមទទួលឥទ្ធិពលពីចិត្តគំនិតនេះ ការអធិដ្ឋានរបស់យើងអាចមានតែសំណូមពរប៉ុណ្ណោះ។ ដើម្បីការពារមិនឲ្យនេះកើតឡើង យើងត្រូវបន្ដបណ្ដុះឲ្យមានចិត្តកតញ្ញូ ហើយអរគុណព្រះយេហូវ៉ាចំពោះអ្វីទាំងអស់ដែលលោកធ្វើសម្រាប់យើង។—លូក. ៦:៤៥ w២៣.០៥ ទំ.៤ វ.៨-៩
ថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា
ចូរ . . . បន្តសុំដោយមានជំនឿ និងដោយមិនសង្ស័យសោះ។—យ៉ា. ១:៦
ក្នុងនាមជាបិតាដែលស្រឡាញ់យើង ព្រះយេហូវ៉ាមិនចង់ឃើញយើងឈឺចាប់ទេ។ (អេ. ៦៣:៩) ទោះជាយ៉ាងនោះក៏ដោយ លោកមិនការពារយើងពីទុក្ខលំបាកទាំងអស់ដែលអាចប្រៀបដូចជាទន្លេឬភ្លើងទេ។ (អេ. ៤៣:២) ប៉ុន្តែ លោកសន្យាថាលោកនឹងជួយយើងឲ្យ«ឆ្លងកាត់»ទុក្ខលំបាកទាំងនោះ។ ម្យ៉ាងទៀត មិនថាយើងមានទុក្ខលំបាកអ្វីនៅឥឡូវនេះក្ដី លោកនឹងធ្វើឲ្យប្រាកដថាយើងតែងតែអាចរក្សាចំណងមិត្តភាពជាមួយលោកឲ្យរឹងមាំ។ ព្រះយេហូវ៉ាក៏ឲ្យយើងនូវឫទ្ធានុភាពបរិសុទ្ធដ៏ខ្លាំងក្លារបស់លោកដើម្បីជួយយើងឲ្យស៊ូទ្រាំ។ (លូក. ១១:១៣; ភី. ៤:១៣) ជាលទ្ធផល យើងអាចមានទំនុកចិត្តថាយើងនឹងតែងតែមានអ្វីដែលយើងត្រូវការដើម្បីស៊ូទ្រាំ ហើយរក្សាភាពស្មោះត្រង់ចំពោះលោក។ ព្រះយេហូវ៉ាតម្រូវឲ្យយើងទុកចិត្តលោក។ (ហេ.១១:៦) ជួនកាល យើងប្រហែលជាមានអារម្មណ៍ថាបញ្ហារបស់យើងគឺហួសពីសមត្ថភាពរបស់យើង។ យើងប្រហែលជាថែមទាំងចាប់ផ្ដើមសង្ស័យថា តើព្រះយេហូវ៉ានឹងជួយយើងឬក៏យ៉ាងណា។ ប៉ុន្តែ គម្ពីរពង្រឹងទំនុកចិត្តយើងថាដោយឫទ្ធានុភាពរបស់ព្រះ យើងអាច«លោតរំលងកំពែងបាន»។ (ចសព. ១៨:២៩) ដូច្នេះជាជាងបន្តមានការសង្ស័យ យើងគួរអធិដ្ឋានដោយមានជំនឿនិងការទុកចិត្តទាំងស្រុងថាព្រះយេហូវ៉ានឹងតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើង។—យ៉ា. ១:៦, ៧ w២៣.១១ ទំ.២២ វ.៨-៩
ថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា
សេចក្ដីស្រឡាញ់ប្រៀបបាននឹងអណ្ដាតភ្លើងដែលឆេះសន្ធោសន្ធៅ ដូចជាអណ្ដាតភ្លើងដែលមកពីយ៉ា។ រលកបោកបក់មិនអាចពន្លត់សេចក្ដីស្រឡាញ់បានទេ ហើយទឹកទន្លេក៏មិនអាចបំផ្លាញសេចក្ដីស្រឡាញ់បានដែរ។—សាឡូ. ៨:៦, ៧
នេះជាការពណ៌នាដ៏ពីរោះអំពីសេចក្ដីស្រឡាញ់ពិត! ពាក្យទាំងនេះលើកទឹកចិត្តគូប្ដីប្រពន្ធថា អ្នកអាចមានសេចក្ដីស្រឡាញ់មិនចេះសាបសូន្យចំពោះគ្នាទៅវិញទៅមកបាន។ គឺត្រូវការការខំព្យាយាមដើម្បីឲ្យប្ដីប្រពន្ធស្រឡាញ់គ្នាទៅវិញទៅមកពេញមួយជីវិត។ ជាឧទាហរណ៍ ភ្នក់ភ្លើងអាចនៅឆេះបាន លុះត្រាតែបុគ្គលណាម្នាក់បន្តដាក់អុស។ បើគ្មាននរណាធ្វើដូច្នេះទេ ភ្លើងនោះនឹងរលត់ទៅ។ ស្រដៀងគ្នាដែរ សេចក្ដីស្រឡាញ់រវាងប្ដីនិងប្រពន្ធអាចនៅគង់វង្សជានិច្ចបាន លុះត្រាតែពួកគេពង្រឹងចំណងអាពាហ៍ពិពាហ៍របស់ពួកគេ។ ជួនកាល ប្ដីប្រពន្ធប្រហែលជាមានអារម្មណ៍ថាសេចក្ដីស្រឡាញ់របស់ពួកគេកំពុងរសាយទៅ ជាពិសេសពេលពួកគេជួបបញ្ហាលុយកាក់ បញ្ហាសុខភាព ឬការពិបាកក្នុងការចិញ្ចឹមអប់រំកូន។ ដូច្នេះ ដើម្បីធ្វើឲ្យ«អណ្ដាតភ្លើងដែលមកពីយ៉ា»ឆេះជានិច្ច ទាំងប្ដីទាំងប្រពន្ធគួរខំឲ្យមានចំណងមិត្តភាពរឹងមាំជាមួយព្រះយេហូវ៉ា។ w២៣.០៥ ទំ.២០-២១ វ.១-៣
ថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា
កុំភ័យខ្លាចឡើយ។—ដាន. ១០:១៩
តើយើងត្រូវធ្វើអ្វីដើម្បីបណ្ដុះឲ្យមានចិត្តក្លាហាន? ឪពុកម្ដាយរបស់យើងប្រហែលជាលើកទឹកចិត្តយើងឲ្យមានចិត្តក្លាហាន។ ប៉ុន្តែពួកគេមិនអាចផ្ទេរគុណសម្បត្តិនេះមកឲ្យយើង ហាក់ដូចជាមត៌កក្រុមគ្រួសារឡើយ។ ការបណ្ដុះឲ្យមានចិត្តក្លាហានគឺដូចជាការរៀនជំនាញថ្មី។ របៀបមួយដែលយើងអាចចេះជំនាញនោះគឺដោយមើលការប្រព្រឹត្តរបស់អ្នកបង្រៀនយ៉ាងដិតដល់ ហើយក្រោយមកធ្វើតាមគំរូរបស់គាត់។ ស្រដៀងគ្នាដែរ យើងរៀនឲ្យមានចិត្តក្លាហានដោយមើលយ៉ាងដិតដល់អំពីរបៀបដែលអ្នកឯទៀតបង្ហាញគុណសម្បត្តិនេះ ហើយក្រោយមកធ្វើតាមគំរូរបស់ពួកគេ។ ដូចដានីយ៉ែល យើងត្រូវស្គាល់បណ្ដាំព្រះឲ្យបានច្បាស់។ យើងត្រូវមានចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ា ដោយនិយាយទៅលោកយ៉ាងអស់ពីចិត្តនិងជារឿយៗ។ ម្យ៉ាងទៀត យើងត្រូវទុកចិត្តព្រះយេហូវ៉ា ដោយជឿជាក់ថាយើងមានការគាំទ្រពីលោក។ យ៉ាងនេះ ពេលជំនឿរបស់យើងបានត្រូវសាកល្បង យើងនឹងមានចិត្តក្លាហាន។ មនុស្សដែលមានចិត្តក្លាហានច្រើនតែទទួលការគោរពពីអ្នកឯទៀត។ ពួកគេក៏អាចជួយអ្នកខ្លះឲ្យស្គាល់ព្រះយេហូវ៉ាដែរ។ ច្បាស់ណាស់ យើងមានមូលហេតុល្អឲ្យបណ្ដុះចិត្តក្លាហាន។ w២៣.០៨ ទំ.២ វ.២; ទំ.៤ វ.៨-៩
ថ្ងៃច័ន្ទ ទី១០ ខែវិច្ឆិកា
ចូរពិចារណាអ្វីៗទាំងអស់ឲ្យប្រាកដថាត្រឹមត្រូវ។—១ថែ. ៥:២១
ពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«ពិចារណា . . . ឲ្យប្រាកដថាត្រឹមត្រូវ»បានត្រូវប្រើដើម្បីរៀបរាប់អំពីរបៀបដែលមនុស្សពិសោធមើលលោហៈដូចជាមាសឬប្រាក់ ដើម្បីប្រាកដថាវាសុទ្ធឬមិនសុទ្ធ។ ដូច្នេះ យើងត្រូវពិសោធមើលអ្វីដែលយើងឮឬអ្វីដែលយើងអាន ដើម្បីដឹងថានោះគឺពិតឬយ៉ាងណា។ នេះគឺរឹតតែសំខាន់ចំពោះយើងកាលដែលគ្រាទុក្ខវេទនាជាខ្លាំងមកដល់។ ជាជាងជឿគ្រប់ពាក្យទាំងអស់ដែលយើងអានឬដែលយើងឮ យើងប្រើសមត្ថភាពរិះគិតរបស់យើងដើម្បីប្រៀបធៀបអ្វីទាំងនោះ ទៅនឹងអ្វីដែលគម្ពីរនិងអង្គការរបស់ព្រះយេហូវ៉ាប្រាប់។ ដោយធ្វើដូច្នេះ យើងនឹងមិនចាញ់បោកការឃោសនាឬកលល្បិចណារបស់ពួកវិញ្ញាណកំណាចទេ។ (សុភ. ១៤:១៥; ១ធី. ៤:១) យើងដឹងថារាស្ត្ររបស់ព្រះយេហូវ៉ាជាក្រុមនឹងរួចជីវិតពីគ្រាទុក្ខវេទនាជាខ្លាំង។ ប៉ុន្តែ យើងម្នាក់ៗមិនដឹងថាថ្ងៃស្អែកនឹងទៅជាយ៉ាងណាទេ។ (យ៉ា. ៤:១៤) តែមិនថាយើងឆ្លងកាត់គ្រាទុក្ខវេទនាជាខ្លាំងឬស្លាប់មុនពេលនោះក្ដី យើងនឹងទទួលរង្វាន់ជាជីវិតដែលគ្មានទីបញ្ចប់បើយើងរក្សាភាពស្មោះត្រង់។ សូមឲ្យយើងទាំងអស់គ្នាផ្ដោតអារម្មណ៍ទៅលើសេចក្ដីសង្ឃឹមដ៏អស្ចារ្យរបស់យើង ហើយត្រៀមខ្លួនជានិច្ចសម្រាប់ថ្ងៃរបស់ព្រះយេហូវ៉ា! w២៣.០៦ ទំ.១៣ វ.១៥-១៦
ថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា
លោកបើកបង្ហាញរឿងអាថ៌កំបាំងរបស់លោក ដល់ពួកអ្នក . . . បម្រើលោក។—អេម. ៣:៧
យើងមិនដឹងរបៀបដែលទំនាយខ្លះក្នុងគម្ពីរនឹងត្រូវសម្រេចទេ។ (ដាន. ១២:៨, ៩) ប៉ុន្តែ ការដែលយើងមិនដឹងច្បាស់អំពីរបៀបដែលទំនាយណាមួយនឹងត្រូវសម្រេច មិនមានន័យថាទំនាយនោះនឹងមិនកើតឡើងឡើយ។ យើងអាចប្រាកដថាព្រះយេហូវ៉ានឹងជួយយើងឲ្យយល់អ្វីដែលយើងត្រូវដឹងនៅពេលត្រឹមត្រូវដូចដែលលោកបានធ្វើនៅអតីតកាល។ ប្រជាជាតិនានានឹងប្រកាសថា៖ «មានសន្តិភាពនិងសន្តិសុខហើយ»។ (១ថែ. ៥:៣) បន្ទាប់មក រដ្ឋាភិបាលក្នុងពិភពលោកនេះនឹងវាយប្រហារសាសនាមិនពិត ហើយបំផ្លាញចោល។ (បប. ១៧:១៦, ១៧) រួចមក ពួកគេនឹងវាយប្រហាររាស្ត្ររបស់ព្រះ។ (អេគ. ៣៨:១៨, ១៩) ព្រឹត្តិការណ៍ទាំងនេះនឹងនាំទៅដល់សង្គ្រាមអាម៉ាគេដូនដែលជាសង្គ្រាមចុងក្រោយ។ (បប. ១៦:១៤, ១៦) យើងអាចប្រាកដថាព្រឹត្តការណ៍ទាំងនេះនឹងកើតឡើងមិនយូរទៀត។ រហូតដល់ពេលនោះ សូមយើងបន្តបង្ហាញចិត្តដឹងគុណចំពោះបិតារបស់យើងនៅស្ថានសួគ៌ដែលស្រឡាញ់យើង ដោយយកចិត្តទុកដាក់ចំពោះទំនាយក្នុងគម្ពីរនិងដោយជួយអ្នកឯទៀតឲ្យធ្វើដូច្នេះដែរ។ w២៣.០៨ ទំ.១៣ វ.១៩-២០
ថ្ងៃពុធ ទី១២ ខែវិច្ឆិកា
ចូរយើងបន្តស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច ពីព្រោះសេចក្ដីស្រឡាញ់គឺមកពីព្រះ។—១យ៉ូន. ៤:៧
ពេលសាវ័កប៉ូលនិយាយអំពីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ គាត់បញ្ចប់ដោយនិយាយថា៖ «ក្នុងចំណោម[គុណសម្បត្តិ]ទាំងបីយ៉ាងនេះ សេចក្ដីស្រឡាញ់គឺសំខាន់បំផុត»។ (១កូ. ១៣:១៣) ហេតុអ្វីប៉ូលអាចនិយាយដូច្នេះ? ពីព្រោះនៅថ្ងៃអនាគត យើងនឹងលែងត្រូវការជំនឿលើសេចក្ដីសន្យារបស់ព្រះអំពីពិភពលោកថ្មី ឬសង្ឃឹមថាសេចក្ដីសន្យាទាំងនោះនឹងសម្រេច ដោយសារនោះបានក្លាយជាការពិតរួចហើយ។ ប៉ុន្តែ យើងនឹងតែងតែត្រូវមានសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានិងមនុស្ស។ តាមពិត សេចក្ដីស្រឡាញ់របស់យើងចំពោះលោកនិងមនុស្សនឹងបន្តកើនឡើងជារៀងរហូត។ ម្យ៉ាងទៀត សេចក្ដីស្រឡាញ់ជាលក្ខណៈសម្គាល់ថាយើងជាគ្រិស្តសាសនិកពិត។ លោកយេស៊ូបានប្រាប់ពួកសាវ័ករបស់លោកថា៖ «យ៉ាងនេះ មនុស្សគ្រប់គ្នានឹងដឹងថាអ្នករាល់គ្នាជាអ្នកកាន់តាមខ្ញុំ បើអ្នករាល់គ្នាស្រឡាញ់គ្នា»។ (យ៉ូន. ១៣:៣៥) ការមានសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកក៏ជួយយើងឲ្យរក្សាសាមគ្គីភាពដែរ។ ប៉ូលបានហៅសេចក្ដីស្រឡាញ់ថាជា«ចំណងដែលធ្វើឲ្យមានសាមគ្គីភាពល្អឥតខ្ចោះ»។ (កូឡ. ៣:១៤) សាវ័កយ៉ូហានបានសរសេរទៅកាន់បងប្អូនរួមជំនឿថា៖ «អ្នកណាដែលស្រឡាញ់ព្រះ អ្នកនោះក៏ត្រូវស្រឡាញ់បងប្អូនខ្លួនដែរ»។ (១យ៉ូន. ៤:២១) ពេលយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក យើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះ។ w២៣.១១ ទំ.៨ វ.១, ៣
ថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា
ចូរ . . . ចោលអ្វីៗទាំងអស់ដែលធ្ងន់។—ហេ. ១២:១
គម្ពីរបានប្រដូចជីវិតរបស់យើងជាគ្រិស្តសាសនិកទៅនឹងការរត់ប្រណាំង។ អ្នករត់ដល់ទីផ្ដាច់ព្រ័ត្រនឹងទទួលរង្វាន់ជាជីវិតដែលគ្មានទីបញ្ចប់។ (២ធី. ៤:៧, ៨) យើងត្រូវខំអស់ពីសមត្ថភាពដើម្បីរត់ទៅមុខទៀត ជាពិសេសដោយសារទីផ្ដាច់ព្រ័ត្រគឺកាន់តែកៀកណាស់ហើយ។ សាវ័កប៉ូលបានលើកឡើងអំពីអ្វីដែលនឹងជួយយើងឲ្យទទួលជ័យជម្នះក្នុងការរត់ប្រណាំង។ គាត់បានប្រាប់យើងឲ្យ«ចោលអ្វីៗទាំងអស់ដែលធ្ងន់ និង . . . រត់ដោយស៊ូទ្រាំក្នុងការប្រណាំងដែលព្រះបានកំណត់ឲ្យយើង»។ តើប៉ូលចង់មានន័យថាគ្រិស្តសាសនិកមិនគួររែកពុនអ្វីសោះឬ? មិនមែនទេ។ ផ្ទុយទៅវិញ គាត់ចង់មានន័យថាយើងត្រូវលះចោលអ្វីៗដ៏ធ្ងន់ដែលមិនចាំបាច់។ អ្វីនោះអាចធ្វើឲ្យយើងបន្ថយល្បឿននិងស៊ីកម្លាំងយើង។ ដើម្បីស៊ូទ្រាំ យើងត្រូវឆាប់កត់សម្គាល់ថាយើងកំពុងរែកពុនអ្វីដ៏ធ្ងន់បែបនេះឬយ៉ាងណា ហើយលះចោលវាភ្លាមៗ។ ប៉ុន្តែនៅដំណាលគ្នានោះ យើងមិនចង់លះចោលភារៈដែលយើងគួររែកពុនឡើយ។ បើដូច្នេះ យើងអាចត្រូវដកចេញពីទីប្រណាំង។—២ធី. ២:៥ w២៣.០៨ ទំ.២៦ វ.១-២
ថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា
កុំឲ្យសម្រស់របស់អ្នករាល់គ្នាជាសម្រស់ខាងក្រៅឡើយ។—១ពេ. ៣:៣
ភាពសមហេតុសមផលជួយយើងឲ្យគោរពទស្សនៈរបស់អ្នកឯទៀត។ ជាឧទាហរណ៍ បងប្អូនស្រីខ្លះចូលចិត្តផាត់មុខ ប៉ុន្តែបងប្អូនស្រីខ្លះទៀតមិនចូលចិត្តទេ។ គ្រិស្តសាសនិកខ្លះចូលចិត្តផឹកស្រាដោយចេះប្រមាណ ប៉ុន្តែអ្នកឯទៀតសម្រេចចិត្តមិនផឹកទាល់តែសោះ។ មួយវិញទៀត គ្រិស្តសាសនិកទាំងអស់ចង់មានសុខភាពល្អ តែជ្រើសរើសវិធីថែទាំសុខភាពខុសៗគ្នា។ បើយើងគិតថាយើងត្រូវរហូត ហើយយើងព្យាយាមបញ្ចុះបញ្ចូលបងប្អូនឲ្យធ្វើតាមយើង នោះយើងអាចធ្វើឲ្យអ្នកឯទៀតជំពប់ដួល ហើយនាំឲ្យមានការបែកបាក់គ្នា។ (១កូ. ៨:៩; ១០:២៣, ២៤) ជាឧទាហរណ៍ ព្រះយេហូវ៉ាមិនប្រាប់យើងថាយើងគួរស្លៀកពាក់បែបណាទេ ប៉ុន្តែលោកបានឲ្យយើងនូវគោលការណ៍។ យើងត្រូវស្លៀកពាក់តាមរបៀបសមជាអ្នកបម្រើព្រះ ដោយបង្ហាញភាពសមហេតុសមផល «ដឹងខុសត្រូវ» ហើយបែបរម្យទម។ (១ធី. ២:៩, ១០) ដូច្នេះ យើងមិនចង់ស្លៀកពាក់តាមរបៀបដែលធ្វើឲ្យអ្នកឯទៀតចាប់អារម្មណ៍ខ្លាំងពេកមកលើអាការក្រៅរបស់យើងឡើយ។ គោលការណ៍គម្ពីរក៏នឹងជួយពួកអ្នកចាស់ទុំឲ្យជៀសវាងពីការបង្កើតច្បាប់ដោយខ្លួនឯងស្ដីអំពីសម្លៀកបំពាក់និងម៉ូដសក់។ w២៣.០៧ ទំ.២៣-២៤ វ.១៣-១៤
ថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា
ចូរយកចិត្តទុកដាក់ស្ដាប់ខ្ញុំ ហើយបរិភោគអាហារដ៏ល្អប្រសើរទៅ នោះអ្នកនឹងមានអំណរជាខ្លាំងដោយសារបានអាហារដែលមានជីវជាតិ។—អេ. ៥៥:២
ព្រះយេហូវ៉ាបង្ហាញយើងអំពីរបៀបមានអនាគតដ៏សប្បាយ។ ពួកអ្នកដែលព្រមទទួលការអញ្ជើញពី«ស្ត្រីល្ងីល្ងើ» ព្យាយាមស្វែងរកការសប្បាយពីអំពើប្រាសចាកសីលធម៌។ ជាលទ្ធផល ពួកគេនឹង«នៅក្នុងទីបញ្ចុះសព»។ (សុភ. ៩:១៣, ១៧, ១៨) គឺខុសគ្នាឆ្ងាយណាស់ចំពោះពួកអ្នកដែលព្រមទទួលការអញ្ជើញពី«ប្រាជ្ញាពិត»! (សុភ. ៩:១) យើងកំពុងរៀនស្រឡាញ់អ្វីដែលព្រះយេហូវ៉ាស្រឡាញ់ និងស្អប់អ្វីដែលលោកស្អប់។ (ចសព. ៩៧:១០) ម្យ៉ាងទៀត យើងសប្បាយចិត្តដោយសារយើងអាចអញ្ជើញអ្នកឯទៀតឲ្យរៀនពី«ប្រាជ្ញាពិត»។ គឺហាក់ដូចជាយើង«ប្រកាសពីទីខ្ពស់នៅក្នុងក្រុងថា៖ ‹អ្នកណាដែលខ្វះបទពិសោធន៍ ចូរឲ្យអ្នកនោះចូលមកទីនេះ›»។ យើងនិងពួកអ្នកដែលទទួលការអញ្ជើញនេះ មិនគ្រាន់តែទទួលប្រយោជន៍ឥឡូវនេះប៉ុណ្ណោះទេ តែប្រយោជន៍នោះនឹងនៅស្ថិតស្ថេរ ហើយនឹងឲ្យយើងមាន«ជីវិតរស់នៅ»ជារៀងរហូត កាលដែលយើង«ដើរទៅមុខតាមផ្លូវនៃការយល់ដឹង»។—សុភ. ៩:៣, ៤, ៦ w២៣.០៦ ទំ.២៤ វ.១៧-១៨
ថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា
មនុស្សដែលមិនរហ័សខឹង នោះប្រសើរជាងមនុស្សខ្លាំងពូកែ ចំណែកឯអ្នកដែលចេះទប់អារម្មណ៍ នោះប្រសើរជាងអ្នកដែលវាយយកបានក្រុងទាំងមូលទៅទៀត។—សុភ. ១៦:៣២
តើអ្នកមានអារម្មណ៍យ៉ាងណាពេលអ្នករួមការងារឬសិស្សរួមថ្នាក់ សួរអ្នកអំពីជំនឿរបស់អ្នក? តើអ្នកភ័យខ្លាចទេ? យើងភាគច្រើនមានអារម្មណ៍ដូចនេះ។ ប៉ុន្តែ សំណួរបែបនេះអាចជួយយើងឲ្យយល់អ្វីដែលបុគ្គលនោះពិតជាជឿឬរបៀបគិតគូររបស់គាត់ ហើយផ្ដល់ឱកាសឲ្យយើងប្រាប់ដំណឹងល្អ។ តែជួនកាល បុគ្គលណាម្នាក់ប្រហែលជាលើកសំណួរដោយសារគាត់មិនយល់ស្របនឹងយើង ឬចង់ឈ្លោះប្រកែកជាមួយយើង។ នេះមិនគួរធ្វើឲ្យយើងភ្ញាក់ផ្អើលឡើយ ដោយសារអ្នកខ្លះបានឮព័ត៌មានមិនត្រឹមត្រូវអំពីជំនឿរបស់យើង។ (សកម្ម. ២៨:២២) បន្ថែមទៅទៀត យើងកំពុងរស់នៅ«គ្រាចុងក្រោយបង្អស់» ជាគ្រាដែលមនុស្សជាច្រើន«មិនព្រមស្រុះស្រួលគ្នា» ហើយថែមទាំង«កាចសាហាវ»ផងដែរ។ (២ធី. ៣:១, ៣) អ្នកប្រហែលជាឆ្ងល់ថា ‹តើខ្ញុំអាចរក្សាចិត្តស្ងប់និងមិនធ្វើឲ្យអ្នកឯទៀតទើសចិត្តយ៉ាងដូចម្ដេច ពេលមើលទៅគេចង់ឈ្លោះប្រកែកជាមួយខ្ញុំអំពីជំនឿរបស់ខ្ញុំ?›។ តើអ្វីនឹងជួយអ្នក? គឺចិត្តស្លូតបូត។ បុគ្គលដែលមានចិត្តស្លូតបូតអាចរក្សាចិត្តស្ងប់ពេលគេធ្វើអ្វីដែលអាចនាំឲ្យគាត់ខឹង ឬពេលគាត់មិនដឹងតបឆ្លើយយ៉ាងណា។ w២៣.០៩ ទំ.១៤ វ.១-២
ថ្ងៃច័ន្ទ ទី១៧ ខែវិច្ឆិកា
អ្នកនឹងតែងតាំងពួកគេឲ្យធ្វើជាអ្នកនាំមុខនៅទូទាំងផែនដី។—ចសព. ៤៥:១៦
នៅពេលខ្លះ យើងទទួលការណែនាំពីអង្គការព្រះដែលការពារយើង។ ជាឧទាហរណ៍ យើងទទួលការព្រមានអំពីការស្រឡាញ់ប្រាក់ និងការធ្វើអ្វីដែលអាចនាំឲ្យយើងបំពានច្បាប់របស់ព្រះ។ ក្នុងរឿងទាំងនេះ យើងនឹងទទួលប្រយោជន៍ពេលយើងធ្វើតាមការណែនាំពីព្រះយេហូវ៉ា។ (អេ. ៤៨:១៧, ១៨; ១ធី. ៦:៩, ១០) ព្រះយេហូវ៉ាប្រាកដជានឹងបន្តប្រើមនុស្សដើម្បីផ្ដល់ការណែនាំក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំងនិងក្នុងការគ្រប់គ្រងមួយពាន់ឆ្នាំ។ តើយើងនឹងបន្តធ្វើតាមការណែនាំនោះឬទេ? នេះប្រហែលជានឹងអាស្រ័យលើប្រតិកម្មរបស់យើងចំពោះការណែនាំដែលយើងទទួលពីព្រះយេហូវ៉ានៅឥឡូវនេះ។ ដូច្នេះ សូមយើងតែងតែធ្វើតាមការណែនាំពីព្រះយេហូវ៉ា រួមទាំងការណែនាំដែលយើងទទួលពីបុរសដែលបានត្រូវតែងតាំងឲ្យថែរក្សាយើង។ (អេ. ៣២:១, ២; ហេ. ១៣:១៧) កាលដែលយើងធ្វើដូច្នេះ យើងមានហេតុឲ្យទុកចិត្តព្រះយេហូវ៉ាដែលជាអ្នកណែនាំរបស់យើង ដោយសារលោកនាំយើងឲ្យជៀសចេញពីអ្វីដែលអាចបង្ខូចចំណងមិត្តភាពរបស់យើងជាមួយលោក ហើយនាំយើងឆ្ពោះទៅដល់ជីវិតដែលគ្មានទីបញ្ចប់ក្នុងពិភពលោកថ្មី។ w២៤.០២ ទំ.២៥ វ.១៧-១៨
ថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា
អ្នករាល់គ្នាបានត្រូវសង្គ្រោះដោយសារគុណដ៏វិសេសលើសលប់របស់លោក។—អេភ. ២:៥
សាវ័កប៉ូលសប្បាយចិត្តបម្រើព្រះយេហូវ៉ា ប៉ុន្តែគាត់ត្រូវយកឈ្នះការពិបាកជាច្រើន។ ប៉ូលច្រើនតែធ្វើដំណើរឆ្ងាយ ហើយការធ្វើដំណើរនៅសម័យនោះមិនស្រួលទេ។ ពេលប៉ូលធ្វើដំណើរ ជួនកាលគាត់បានប្រឈមមុខនឹង«គ្រោះថ្នាក់នៅទន្លេ» និង«គ្រោះថ្នាក់ពីចោរចាំស្ទាក់ប្លន់»។ មានពេលខ្លះដែលសត្រូវរបស់គាត់ថែមទាំងវាយគាត់ទៀតផង។ (២កូ. ១១:២៣-២៧) ម្យ៉ាងទៀត បងប្អូនគ្រិស្តសាសនិកមិនតែងតែបង្ហាញអំណរគុណចំពោះការខំប្រឹងដ៏ស្មោះរបស់ប៉ូលដើម្បីជួយពួកគេទេ។ (២កូ. ១០:១០; ភី. ៤:១៥) តើអ្វីបានជួយប៉ូលឲ្យបន្តបម្រើព្រះយេហូវ៉ា? ប៉ូលបានរៀនច្រើនអំពីបុគ្គលិកលក្ខណៈរបស់ព្រះយេហូវ៉ាពីបទគម្ពីរនិងពីបទពិសោធន៍របស់គាត់ផ្ទាល់។ ប៉ូលបានជឿជាក់ថាព្រះយេហូវ៉ាស្រឡាញ់គាត់។ (រ៉ូម ៨:៣៨, ៣៩; អេភ. ២:៤, ៥) ម្យ៉ាងទៀត គាត់ស្រឡាញ់ព្រះយេហូវ៉ាខ្លាំងណាស់។ ប៉ូលបានបង្ហាញសេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះយេហូវ៉ាដោយ‹បម្រើពួកអ្នកបរិសុទ្ធ ហើយបម្រើពួកគាត់ជានិច្ច›។—ហេ. ៦:១០ w២៣.០៧ ទំ.៩ វ.៥-៦
ថ្ងៃពុធ ទី១៩ ខែវិច្ឆិកា
ចូរ . . . ចុះចូលនឹងពួកអាជ្ញាធរ។—រ៉ូម ១៣:១
មនុស្សជាច្រើនទទួលស្គាល់ថាយើងត្រូវការពួកអាជ្ញាធរ ហើយថាយើងគួរធ្វើតាមច្បាប់ខ្លះដែលបានកំណត់ពី«ពួកអាជ្ញាធរ»ទាំងនោះ។ ប៉ុន្តែ មនុស្សទាំងនោះប្រហែលជាស្ទាក់ស្ទើរក្នុងការធ្វើតាមច្បាប់ដែលមើលទៅអយុត្តិធម៌ឬតម្រូវច្រើនពេក។ គម្ពីរទទួលស្គាល់ថារដ្ឋាភិបាលរបស់មនុស្សនៅក្រោមការគ្រប់គ្រងរបស់សាថាន នាំឲ្យមានទុក្ខវេទនា ហើយមិនយូរទៀតនឹងត្រូវបំផ្លាញចោល។ (ចសព. ១១០:៥, ៦; អទ. ៨:៩; លូក. ៤:៥, ៦) គម្ពីរក៏ប្រាប់ដែរថា៖ «អ្នកណាដែលប្រឆាំងអំណាចនោះ អ្នកនោះកំពុងតតាំងនឹងការរៀបចំរបស់ព្រះ»។ ឥឡូវ ព្រះយេហូវ៉ាអនុញ្ញាតឲ្យពួកអាជ្ញាធរគ្រប់គ្រងដើម្បីរក្សាសណ្ដាប់ធ្នាប់ ហើយលោកតម្រូវឲ្យយើងស្ដាប់បង្គាប់ពួកគេ។ ដូច្នេះ យើងត្រូវ«ជូនពួកគេទាំងអស់គ្នានូវអ្វីដែលពួកគេគួរទទួល»រួមមានពន្ធ ការគោរព និងការស្ដាប់បង្គាប់។ (រ៉ូម ១៣:១-៧) យើងប្រហែលជាចាត់ទុកច្បាប់ណាមួយថាអយុត្តិធម៌ តម្រូវឲ្យបង់លុយច្រើន ឬមិនស្រួលធ្វើតាម។ ប៉ុន្តែ យើងស្ដាប់បង្គាប់ពួកអាជ្ញាធរទាំងនេះ ដោយសារព្រះយេហូវ៉ាប្រាប់យើងឲ្យធ្វើដូច្នេះ ដរាបណាពួកគេមិនសុំយើងឲ្យធ្វើអ្វីដែលបំពានបញ្ញត្តិរបស់លោក។—សកម្ម. ៥:២៩ w២៣.១០ ទំ.៨ វ.៩-១០
ថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា
ឫទ្ធានុភាពរបស់ព្រះយេហូវ៉ាមានឥទ្ធិពលលើសាំសុន។—អសក. ១៥:១៤
ពេលសាំសុនកើតមក ពួកភីលីស្ទីនកំពុងគ្រប់គ្រងលើប្រជាជាតិអ៊ីស្រាអែល និងសង្កត់សង្កិនពួកគេ។ (អសក. ១៣:១) ការគ្រប់គ្រងដ៏ឃោរឃៅរបស់ពួកភីលីស្ទីនបាននាំឲ្យមានទុក្ខវេទនាជាច្រើនដល់ជនជាតិអ៊ីស្រាអែល។ ព្រះយេហូវ៉ាបានជ្រើសរើសសាំសុនឲ្យ«ជួយសង្គ្រោះជនជាតិអ៊ីស្រាអែលឲ្យរួចពីកណ្ដាប់ដៃរបស់ពួកភីលីស្ទីន»។ (អសក. ១៣:៥) ដើម្បីសម្រេចភារកិច្ចពិបាកនេះ សាំសុនត្រូវពឹងផ្អែកលើព្រះយេហូវ៉ា។ នៅពេលមួយ កងទ័ពភីលីស្ទីនបានមកចាប់សាំសុននៅឯលេហ៊ី ដែលទំនងជានៅទឹកដីយូដា។ ពួកបុរសពីកុលសម្ព័ន្ធយូដាភ័យខ្លាច ដូច្នេះពួកគេសម្រេចចិត្តប្រគល់សាំសុនទៅឲ្យពួកសត្រូវ។ ជនរួមជាតិរបស់សាំសុនបានយកខ្សែពួរពីរមកចងគាត់ឲ្យតឹង ហើយនាំគាត់ទៅឯពួកភីលីស្ទីន។ (អសក. ១៥:៩-១៣) ប៉ុន្តែ«ឫទ្ធានុភាពរបស់ព្រះយេហូវ៉ាមានឥទ្ធិពលលើសាំសុន» ហើយគាត់បានរួចពីចំណងខ្សែពួរនោះ។ បន្ទាប់មក គាត់«ក្រឡេកទៅឃើញឆ្អឹងថ្គាមមួយរបស់សត្វលាដែលទើបនឹងស្លាប់» រួចគាត់យកឆ្អឹងថ្គាមនោះមកសម្លាប់ពួកបុរសភីលីស្ទីនអស់១.០០០នាក់!—អសក. ១៥:១៤-១៦ w២៣.០៩ ទំ.២-៣ វ.៣-៤
ថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា
នេះស្របតាមគោលបំណងដែលមានជារៀងរហូត ដែលលោកបានគ្រោងទុកទាក់ទងនឹងគ្រិស្តយេស៊ូជាម្ចាស់របស់យើង។—អេភ. ៣:១១
ព្រះយេហូវ៉ាបានបើកបង្ហាញបន្តិចម្ដងៗក្នុងគម្ពីរអំពី«គោលបំណង[របស់លោក]ដែលមានជារៀងរហូត»។ ព្រះយេហូវ៉ាអាចជ្រើសរើសផ្លូវផ្សេងៗដើម្បីសម្រេចគោលបំណងរបស់លោក ហើយលោកតែងតែទទួលជោគជ័យ ដោយសារលោក«ធ្វើឲ្យអ្វីៗទាំងអស់ស្របទៅតាមគោលបំណងរបស់លោក»។ (សុភ. ១៦:៤) ម្យ៉ាងទៀត លទ្ធផលនៃអ្វីដែលព្រះយេហូវ៉ាធ្វើនឹងស្ថិតស្ថេរជារៀងរហូត។ តើគោលបំណងរបស់ព្រះយេហូវ៉ាគឺជាអ្វី ហើយតើលោកបានធ្វើការផ្លាស់ប្ដូរអ្វីដើម្បីសម្រេចគោលបំណងនោះ? ព្រះបានប្រាប់មនុស្សដំបូងអំពីអ្វីដែលជាគោលបំណងរបស់លោកចំពោះពួកគេ។ ពួកគេត្រូវ‹បង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដី ហើយគ្រប់គ្រងផែនដី ព្រមទាំងកាន់កាប់លើសត្វទាំងឡាយដែលនៅផែនដី›។ (ដក. ១:២៨) ទោះជាអាដាមនិងអេវ៉ាបានបះបោរ ហើយនាំមកនូវការខុសឆ្គងចូលក្នុងក្រុមគ្រួសារមនុស្សក្ដី នេះមិនអាចបញ្ឈប់ព្រះយេហូវ៉ាពីការសម្រេចគោលបំណងរបស់លោកឡើយ។ លោកបានផ្លាស់ប្ដូររបៀបដែលលោកនឹងសម្រេចគោលបំណងនោះ។ ភ្លាមៗនោះ លោកបានសម្រេចចិត្តថាលោកនឹងតាំងរាជាណាចក្រមួយឡើងនៅស្ថានសួគ៌ ដែលនឹងសម្រេចគោលបំណងដើមរបស់លោកចំពោះមនុស្សជាតិនិងផែនដី។—ម៉ាថ. ២៥:៣៤ w២៣.១០ ទំ.១៩-២០ វ.៦-៧
ថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា
ប្រសិនបើព្រះយេហូវ៉ាមិនបានជួយខ្ញុំនៅពេលនោះទេ ខ្ញុំមុខជាវិនាសបាត់ទៅហើយ។—ចសព. ៩៤:១៧
ព្រះយេហូវ៉ាអាចជួយយើងឲ្យតស៊ូ។ នេះប្រហែលជាមិនតែងតែស្រួលទេ ជាពិសេសបើយើងកំពុងតយុទ្ធនឹងភាពទន់ខ្សោយណាមួយជាយូរមកហើយ។ ជួនកាល ភាពទន់ខ្សោយរបស់យើងប្រហែលជាមើលទៅពិបាកជាងភាពទន់ខ្សោយដែលសាវ័កពេត្រុសមាន។ ប៉ុន្តែ ព្រះយេហូវ៉ាអាចផ្ដល់កម្លាំងឲ្យយើងដើម្បីមិនឈប់ព្យាយាម។ (ចសព. ៩៤:១៨, ១៩) ជាឧទាហរណ៍ បងប្រុសម្នាក់ធ្លាប់ស្រឡាញ់ភេទដូចគ្នាអស់ជាច្រើនឆ្នាំមុនរៀនសេចក្ដីពិត។ គាត់បានកែប្រែជីវិតរបស់គាត់ទាំងស្រុង ហើយក្រោយមករស់នៅស្របតាមសេចក្ដីបង្រៀនក្នុងគម្ពីរ។ ប៉ុន្តែ ម្ដងម្កាល គាត់ត្រូវតយុទ្ធនឹងបំណងប្រាថ្នាមិនត្រឹមត្រូវ។ តើអ្វីបានជួយគាត់ឲ្យតស៊ូ? គាត់ពន្យល់ថា៖ «ព្រះយេហូវ៉ាពង្រឹងកម្លាំងខ្ញុំ»។ គាត់បន្ថែមថា៖ «ដោយមានជំនួយពីឫទ្ធានុភាពរបស់ព្រះយេហូវ៉ា . . . ខ្ញុំបានរៀនថាយើងអាច[បន្ត]មានរបៀបរស់នៅដែលព្រះយេហូវ៉ាពេញចិត្ត។ . . . ព្រះយេហូវ៉ាបានប្រើខ្ញុំ ហើយទោះជាខ្ញុំជាមនុស្សមិនល្អឥតខ្ចោះក្ដី លោកបន្តពង្រឹងកម្លាំងខ្ញុំ»។ w២៣.០៩ ទំ.២៣ វ.១២
ថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា
ចិត្តរាបទាបនិងការកោតខ្លាចព្រះយេហូវ៉ា នាំឲ្យបានទ្រព្យសម្បត្តិ កិត្តិសព្ទ និងជីវិត។—សុភ. ២២:៤
ប្អូនប្រុសវ័យក្មេងទាំងឡាយ ប្អូនត្រូវខំប្រឹងព្យាយាមដើម្បីទៅជាបុរសគ្រិស្តសាសនិកដែលមានភាពចាស់ទុំ។ ប្អូនត្រូវជ្រើសរើសគំរូល្អដើម្បីយកតម្រាប់ បណ្ដុះសមត្ថភាពរិះគិត ធ្វើជាមនុស្សដែលអាចពឹងពាក់បាន បណ្ដុះបណ្ដាលជំនាញដែលមានប្រយោជន៍សម្រាប់ជីវិតប្អូន ហើយត្រៀមខ្លួនសម្រាប់តួនាទីនៅថ្ងៃក្រោយ។ ពេលប្អូនគិតអំពីអ្វីទាំងអស់ដែលប្អូនត្រូវធ្វើនៅថ្ងៃខាងមុខ ប្អូនប្រហែលជាមានអារម្មណ៍ថានោះគឺពិបាកពេក។ ប៉ុន្តែ ប្អូនអាចធ្វើបាន! សូមចាំថា ព្រះយេហូវ៉ាពិតជាចង់ជួយប្អូន។ (អេ. ៤១:១០, ១៣) បងប្អូនក្នុងក្រុមជំនុំនឹងជួយប្អូនដែរ។ ពេលប្អូនទៅជាបុរសដែលព្រះយេហូវ៉ាចង់ឲ្យប្អូនក្លាយទៅជា ជីវិតរបស់ប្អូននឹងអរសប្បាយ ហើយស្កប់ចិត្ត។ ប្អូនប្រុសវ័យក្មេងទាំងឡាយ យើងស្រឡាញ់ប្អូន! សូមឲ្យព្រះយេហូវ៉ាផ្ដល់ពរជាបរិបូរដល់ប្អូន កាលដែលប្អូនខំប្រឹងនៅឥឡូវនេះដើម្បីទៅជាបុរសគ្រិស្តសាសនិកដែលមានភាពចាស់ទុំ។ w២៣.១២ ទំ.២៩ វ.១៩-២០
ថ្ងៃច័ន្ទ ទី២៤ ខែវិច្ឆិកា
[កុំ]ប្រកាន់ទោស។—សុភ. ១៩:១១
សូមស្រមៃគិតថា អ្នកនៅក្នុងចំណោមបងប្អូនមួយក្រុមដែលជួបជុំគ្នា។ អ្នកមានពេលដ៏សប្បាយរីករាយ ហើយអ្នកថតរូបជុំគ្នា។ តាមពិត អ្នកថតរូបពីរទៀតក្រែងលោរូបថតទី១មិនស្អាត។ ដូច្នេះ អ្នកមានរូបថតបី។ ប៉ុន្តែអ្នកកត់សម្គាល់ឃើញថា ក្នុងរូបថតមួយបងប្រុសម្នាក់មិនញញឹមទេ។ ដូច្នេះអ្នកលុបវាចេញ ដោយសារអ្នកមានរូបថតពីរទៀតដែលគ្រប់គ្នាក្នុងក្រុម រួមទាំងបងប្រុសនោះញញឹម។ តាមធម្មតា យើងមានអនុស្សាវរីយ៍ល្អៗជាមួយបងប្អូន។ ប៉ុន្តែ ប្រហែលជាមានពេលមួយដែលបងប្អូនណាម្នាក់និយាយឬធ្វើអ្វីដែលមិនសប្បុរស។ តើយើងគួរធ្វើអ្វីចំពោះការនឹកចាំនោះ? យើងគួរព្យាយាមបំភ្លេចវា ដូចយើងលុបរូបថតមួយនោះចេញ។ (អេភ. ៤:៣២) យើងអាចបំភ្លេចបាន ដោយសារយើងមានអនុស្សាវរីយ៍ល្អៗជាច្រើនជាមួយបងប្អូននោះ។ អ្វីនោះគឺជាការចងចាំដែលយើងចង់រក្សាទុកនិងឲ្យតម្លៃ។ w២៣.១១ ទំ.១២-១៣ វ.១៦-១៧
ថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា
ស្ត្រីទាំងឡាយ . . . គួរតែងខ្លួនដោយសម្លៀកបំពាក់រៀបរយ . . . តាមរបៀបសមនឹងស្ត្រីដែលអះអាងថាខ្លួនគោរពប្រណិប័តន៍ព្រះ។—១ធី. ២:៩, ១០
ពាក្យភាសាក្រិចដែលគាត់បានប្រើនៅទីនេះ បង្ហាញថាស្ត្រីជាគ្រិស្តសាសនិកនឹងស្លៀកពាក់តាមបែបសមរម្យ ហើយនឹងបង្ហាញថាគាត់ចេះគិតអំពីអារម្មណ៍និងទស្សនៈរបស់អ្នកឯទៀត។ យើងពិតជាកោតស្ងើចបងប្អូនស្រីដែលមានភាពចាស់ទុំ ចំពោះការស្លៀកពាក់តាមបែបរមទម។ សមត្ថភាពវែកញែកគឺជាគុណសម្បត្តិមួយទៀតដែលបងប្អូនស្រីទាំងអស់ត្រូវមានដើម្បីទៅជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំ។ តើសមត្ថភាពវែកញែកគឺជាអ្វី? វាគឺជាសមត្ថភាពដើម្បីដឹងអ្វីដែលខុសនិងអ្វីដែលត្រូវ រួចមកសម្រេចចិត្តធ្វើអ្វីដែលត្រឹមត្រូវ។ សូមពិចារណាអំពីគំរូរបស់អាប៊ីកែល។ ប្ដីគាត់បានធ្វើការសម្រេចចិត្តមិនល្អដែលនឹងជះឥទ្ធិពលទៅលើពួកអ្នកផ្ទះទាំងមូល។ អាប៊ីកែលបានចាត់វិធានការភ្លាមៗ។ ដោយសារគាត់មានសមត្ថភាពវែកញែក គាត់បានសង្គ្រោះជីវិតរបស់ពួកអ្នកផ្ទះគាត់។ (១សាំ. ២៥:១៤-២៣, ៣២-៣៥) សមត្ថភាពវែកញែកក៏ជួយយើងឲ្យដឹងថាពេលណាគួរនិយាយនិងពេលណាគួរនៅស្ងៀម។ ម្យ៉ាងទៀត វាជួយយើងឲ្យមានតុល្យភាពពេលយកចិត្តទុកដាក់ចំពោះអ្នកឯទៀត។—១ថែ. ៤:១១ w២៣.១២ ទំ.២០ វ.៨-៩
ថ្ងៃពុធ ទី២៦ ខែវិច្ឆិកា
ដោយមានសេចក្ដីសង្ឃឹមទទួលសិរីរុងរឿងពីព្រះ ចូរយើងត្រេកអរ។—រ៉ូម ៥:២
សាវ័កប៉ូលបានសរសេរពាក្យទាំងនេះទៅកាន់ក្រុមជំនុំនៅក្រុងរ៉ូម។ បងប្អូននៅទីនោះបានរៀនអំពីព្រះយេហូវ៉ានិងលោកយេស៊ូ បានបង្ហាញជំនឿ និងបានទៅជាគ្រិស្តសាសនិក។ ដូច្នេះ ព្រះបាន«ប្រកាសថា[ពួកគេ]ជាមនុស្សសុចរិតដោយសារជំនឿ» ហើយលោកបានរើសតាំងពួកគេដោយឫទ្ធានុភាពបរិសុទ្ធ។ (រ៉ូម ៥:១) ពួកគេអាចទន្ទឹងរង់ចាំរង្វាន់ដ៏អស្ចារ្យ ហើយពួកគេអាចប្រាកដថាពួកគេនឹងទទួលរង្វាន់នោះ។ ក្រោយមក ប៉ូលបានសរសេរទៅកាន់គ្រិស្តសាសនិកដែលបានត្រូវរើសតាំងនៅក្រុងអេភេសូរអំពីសេចក្ដីសង្ឃឹមដែលពួកគេបានទទួលពីព្រះ។ សេចក្ដីសង្ឃឹមនោះរួមមានការទទួល«ទ្រព្យ . . . ដែលលោកបានសន្យាឲ្យដល់ពួកអ្នកបរិសុទ្ធ»។ (អេភ. ១:១៨) ម្យ៉ាងទៀត ប៉ូលក៏បានបញ្ជាក់ដល់បងប្អូននៅក្រុងកូឡុសអំពីទីកន្លែងដែលពួកគេនឹងទទួលសេចក្ដីសង្ឃឹមរបស់ពួកគេ។ គាត់បានហៅនោះថា៖ «សេចក្ដីសង្ឃឹមទទួលអ្វីដែលបានត្រូវបម្រុងទុកឲ្យអ្នករាល់គ្នានៅស្ថានសួគ៌»។ (កូឡ. ១:៤, ៥) ដូច្នេះ សេចក្ដីសង្ឃឹមរបស់គ្រិស្តសាសនិកដែលបានត្រូវរើសតាំង គឺថាពួកគេនឹងត្រូវប្រោសឲ្យរស់ឡើងវិញឲ្យមានជីវិតដែលគ្មានទីបញ្ចប់នៅស្ថានសួគ៌ ជាកន្លែងដែលពួកគេនឹងគ្រប់គ្រងជាមួយគ្រិស្ត។—១ថែ. ៤:១៣-១៧; បប. ២០:៦ w២៣.១២ ទំ.៩ វ.៤-៥
ថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា
សេចក្ដីសុខសាន្តរបស់ព្រះដែលហួសពីការនឹកស្មាន នឹងការពារចិត្តនិងសមត្ថភាពរិះគិតរបស់អ្នករាល់គ្នា។—ភី. ៤:៧
ពាក្យ«ការពារ»ជាភាសាដើមគឺជាពាក្យយោធាដែលបានត្រូវប្រើដើម្បីសំដៅលើទាហានដែលរក្សាការពារក្រុងឲ្យមានសុវត្ថិភាពពីការវាយប្រហារ។ បណ្ដាជននៅក្នុងក្រុងដែលមានទាហានការពារ ដេកលក់យ៉ាងមានសេចក្ដីសុខដោយដឹងថាមានអ្នកយាមនៅខ្លោងទ្វារក្រុង។ ស្រដៀងគ្នាដែរ ពេលសេចក្ដីសុខសាន្តរបស់ព្រះការពារចិត្តនិងគំនិតរបស់យើង យើងមានអារម្មណ៍ស្ងប់ដោយដឹងថាយើងមានសុវត្ថិភាព។ (ចសព. ៤:៨) ដូចក្នុងករណីរបស់ហាណា យើងនៅតែអាចមានសេចក្ដីសុខសាន្ត ទោះជាស្ថានភាពរបស់យើងមិនផ្លាស់ប្ដូរភ្លាមៗក្ដី។ (១សាំ. ១:១៦-១៨) ម្យ៉ាងទៀត ពេលយើងមានអារម្មណ៍ស្ងប់ យើងច្រើនតែងាយស្រួលជាងឲ្យគិតយ៉ាងច្បាស់ និងធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។ តើយើងអាចធ្វើអ្វី? ពេលអ្នកពិបាកចិត្ត សូមស្រែករកការការពារ។ តើតាមរបៀបណា? សូមអធិដ្ឋានរហូតដល់អ្នកមានអារម្មណ៍ថាទទួលសេចក្ដីសុខសាន្តរបស់ព្រះ។ (លូក. ១១:៩; ១ថែ. ៥:១៧) បើអ្នកកំពុងជួបបញ្ហាណាមួយ សូមតស៊ូក្នុងការអធិដ្ឋាន ហើយអ្នកនឹងពិសោធសេចក្ដីសុខសាន្តរបស់ព្រះយេហូវ៉ា កាលដែលនោះការពារចិត្តនិងគំនិតរបស់អ្នក។—រ៉ូម ១២:១២ w២៤.០១ ទំ.២១ វ.៥-៦
ថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា
ឱបិតារបស់យើងដែលនៅស្ថានសួគ៌អើយ សូមឲ្យនាមរបស់លោកបានបរិសុទ្ធ។—ម៉ាថ. ៦:៩
ដើម្បីធ្វើឲ្យនាមរបស់បិតាលោកបានបរិសុទ្ធ លោកយេស៊ូបានស៊ូទ្រាំនឹងការឈឺចាប់ ការប្រមាថ និងការបង្កាច់បង្ខូចសព្វបែបយ៉ាងដែលកើតមានមកលើលោក។ លោកដឹងថាលោកបានស្ដាប់បង្គាប់បិតាលោកក្នុងគ្រប់ការទាំងអស់ ហើយថាលោកគ្មានហេតុអាម៉ាស់ខ្មាសទាល់តែសោះ។ (ហេ. ១២:២) លោកក៏បានដឹងថាសាថានវាយប្រហារយ៉ាងចំៗមកលើលោកក្នុងគ្រាដ៏ពិបាកនោះ។ (លូក. ២២:២-៤; ២៣:៣៣, ៣៤) សាថានប្រាកដជាសង្ឃឹមថាវាអាចធ្វើឲ្យលោកយេស៊ូលែងមានចិត្តស្មោះឥតងាករេ ប៉ុន្តែសាថានបរាជ័យទាំងស្រុង! លោកយេស៊ូបានបង្ហាញយ៉ាងច្បាស់ថាសាថានគឺជាអ្នកភូតភរដ៏សាហាវ ហើយថាព្រះយេហូវ៉ាមានអ្នកបម្រើដ៏ស្មោះភក្ដីដែលរក្សាចិត្តស្មោះឥតងាករេ ទោះជាឆ្លងកាត់ការល្បងលដ៏ខ្លាំងបំផុតក្ដី! តើអ្នកចង់ធ្វើឲ្យស្ដេចរបស់អ្នកដែលកំពុងគ្រងរាជ្យពេញចិត្តឬទេ? បើដូច្នេះ សូមបន្តសរសើរដល់នាមរបស់ព្រះយេហូវ៉ា ដោយជួយអ្នកឯទៀតឲ្យដឹងថាព្រះរបស់យើងពិតជាព្រះបែបណា។ ពេលអ្នកធ្វើដូច្នេះ អ្នកកំពុងធ្វើតាមគំរូរបស់លោកយេស៊ូ។ (១ពេ. ២:២១) ដូចលោកយេស៊ូ អ្នកធ្វើឲ្យព្រះយេហូវ៉ាអរសប្បាយ ហើយអ្នកបង្ហាញថាសាថានដែលជាសត្រូវរបស់ព្រះយេហូវ៉ាគឺជាអ្នកភូតភរដ៏អាក្រក់! w២៤.០២ ទំ.១១-១២ វ.១១-១៣
ថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា
តើខ្ញុំនឹងយកអ្វីដើម្បីតបស្នងព្រះយេហូវ៉ា ចំពោះអ្វីល្អទាំងអស់ដែលលោកបានធ្វើសម្រាប់ខ្ញុំ?—ចសព. ១១៦:១២
ក្នុងអំឡុងប្រាំឆ្នាំកន្លងទៅនេះ មនុស្សជាង១លាននាក់បានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា។ ពេលអ្នកប្រគល់ខ្លួនជូនព្រះយេហូវ៉ា អ្នកសម្រេចចិត្តធ្វើជាអ្នកកាន់តាមរបស់លោកយេស៊ូគ្រិស្ត ហើយចាត់ទុកការធ្វើតាមបំណងប្រាថ្នារបស់ព្រះថាសំខាន់បំផុតក្នុងជីវិតអ្នក។ តើការប្រគល់ខ្លួនជាគ្រិស្តសាសនិកតម្រូវឲ្យអ្នកធ្វើអ្វី? លោកយេស៊ូបានមានប្រសាសន៍ថា៖ «បើអ្នកណាចង់មកតាមខ្ញុំ អ្នកនោះត្រូវប្រគល់ខ្លួនជូនព្រះ»។ (ម៉ាថ. ១៦:២៤) ពាក្យភាសាក្រិចដែលបកប្រែថា«ត្រូវប្រគល់ខ្លួនជូនព្រះ» ក៏អាចបកប្រែថា«គាត់ត្រូវនិយាយថាទេចំពោះខ្លួនឯង»។ ក្នុងនាមជាអ្នកបម្រើដែលបានប្រគល់ខ្លួនជូនព្រះយេហូវ៉ា អ្នកនឹងត្រូវនិយាយថាទេចំពោះអ្វីណាក៏ដោយដែលប្រឆាំងនឹងបំណងប្រាថ្នារបស់លោក។ (២កូ. ៥:១៤, ១៥) នេះរួមបញ្ចូល«ការប្រព្រឹត្តដែលផុសចេញពីភាពខុសឆ្គង»ដូចជាការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ (កាឡ. ៥:១៩-២១; ១កូ. ៦:១៨) តើបង្គាប់បែបនេះនឹងធ្វើឲ្យជីវិតរបស់អ្នកពិបាកឬទេ? មិនមែនទេ ព្រោះអ្នកស្រឡាញ់ព្រះយេហូវ៉ា ហើយជឿជាក់ថាច្បាប់របស់លោកមានប្រយោជន៍ចំពោះអ្នក។—ចសព. ១១៩:៩៧; អេ. ៤៨:១៧, ១៨ w២៤.០៣ ទំ.២ វ.១; ទំ.៣ វ.៤
ថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា
ខ្ញុំពេញចិត្តអ្នកណាស់។—លូក. ៣:២២
ព្រះយេហូវ៉ាផ្ដល់ឫទ្ធានុភាពបរិសុទ្ធរបស់លោកដល់ពួកអ្នកដែលលោកពេញចិត្ត។ (ម៉ាថ. ១២:១៨) យើងអាចសួរខ្លួនថា ‹តើខ្ញុំបង្ហាញគុណសម្បត្តិណាមួយនៃផលដែលបង្កើតដោយឫទ្ធានុភាពរបស់ព្រះក្នុងជីវិតខ្ញុំឬទេ?›។ តើអ្នកកត់សម្គាល់ថាអ្នកមានចិត្តអត់ធ្មត់ជាងចំពោះអ្នកឯទៀតមុនពេលដែលអ្នកមិនទាន់បានស្គាល់ព្រះយេហូវ៉ាឬទេ? តាមការពិត កាលដែលអ្នកកាន់តែរៀនឲ្យចេះបង្ហាញផលដែលបង្កើតដោយឫទ្ធានុភាពរបស់ព្រះ អ្នកនឹងកាន់តែឃើញទីសំអាងដែលបង្ហាញថាព្រះយេហូវ៉ាពេញចិត្តអ្នក។ ព្រះយេហូវ៉ាប្រើថ្លៃលោះដើម្បីជាប្រយោជន៍ដល់ពួកអ្នកដែលលោកពេញចិត្ត។ (១ធី. ២:៥, ៦) ប៉ុន្តែ ចុះយ៉ាងណាបើយើងនៅតែមិនមានអារម្មណ៍ថាព្រះយេហូវ៉ាពេញចិត្តយើង ទោះជាយើងមានជំនឿលើថ្លៃលោះ ហើយបានទទួលការជ្រមុជទឹកហើយក្ដី? សូមចាំថាយើងមិនតែងតែអាចទុកចិត្តអារម្មណ៍របស់យើងបានទេ តែយើងអាចទុកចិត្តព្រះយេហូវ៉ា។ លោកចាត់ទុកពួកអ្នកដែលមានជំនឿលើថ្លៃលោះថាជាមនុស្សសុចរិត ហើយសន្យាថានឹងឲ្យពរពួកគេ។—ចសព. ៥:១២; រ៉ូម ៣:២៦ w២៤.០៣ ទំ.៣០ វ.១៥; ទំ.៣១ វ.១៧