បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • es25 ទំ. ១១៨-១២៨
  • ខែ​ធ្នូ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ខែ​ធ្នូ
  • ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥
  • ចំណងជើងតូច
  • ថ្ងៃ​ច័ន្ទ ទី​១ ខែ​ធ្នូ
  • ថ្ងៃ​អង្គារ ទី​២ ខែ​ធ្នូ
  • ថ្ងៃ​ពុធ ទី​៣ ខែ​ធ្នូ
  • ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​ធ្នូ
  • ថ្ងៃ​សុក្រ ទី​៥ ខែ​ធ្នូ
  • ថ្ងៃ​សៅរ៍ ទី​៦ ខែ​ធ្នូ
  • ថ្ងៃ​អាទិត្យ ទី​៧ ខែ​ធ្នូ
  • ថ្ងៃ​ច័ន្ទ ទី​៨ ខែ​ធ្នូ
  • ថ្ងៃ​អង្គារ ទី​៩ ខែ​ធ្នូ
  • ថ្ងៃ​ពុធ ទី​១០ ខែ​ធ្នូ
  • ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​ធ្នូ
  • ថ្ងៃ​សុក្រ ទី​១២ ខែ​ធ្នូ
  • ថ្ងៃ​សៅរ៍ ទី​១៣ ខែ​ធ្នូ
  • ថ្ងៃ​អាទិត្យ ទី​១៤ ខែ​ធ្នូ
  • ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​ធ្នូ
  • ថ្ងៃ​អង្គារ ទី​១៦ ខែ​ធ្នូ
  • ថ្ងៃ​ពុធ ទី​១៧ ខែ​ធ្នូ
  • ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​ធ្នូ
  • ថ្ងៃ​សុក្រ ទី​១៩ ខែ​ធ្នូ
  • ថ្ងៃ​សៅរ៍ ទី​២០ ខែ​ធ្នូ
  • ថ្ងៃ​អាទិត្យ ទី​២១ ខែ​ធ្នូ
  • ថ្ងៃ​ច័ន្ទ ទី​២២ ខែ​ធ្នូ
  • ថ្ងៃ​អង្គារ ទី​២៣ ខែ​ធ្នូ
  • ថ្ងៃ​ពុធ ទី​២៤ ខែ​ធ្នូ
  • ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​ធ្នូ
  • ថ្ងៃ​សុក្រ ទី​២៦ ខែ​ធ្នូ
  • ថ្ងៃ​សៅរ៍ ទី​២៧ ខែ​ធ្នូ
  • ថ្ងៃ​អាទិត្យ ទី​២៨ ខែ​ធ្នូ
  • ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​ធ្នូ
  • ថ្ងៃ​អង្គារ ទី​៣០ ខែ​ធ្នូ
  • ថ្ងៃ​ពុធ ទី​៣១ ខែ​ធ្នូ
ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥
es25 ទំ. ១១៨-១២៨

ខែ​ធ្នូ

ថ្ងៃ​ច័ន្ទ ទី​១ ខែ​ធ្នូ

មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​រស់​ឡើង​វិញ។—លូក. ២០:៣៧

តើ​ព្រះ​យេហូវ៉ា​មាន​ឫទ្ធានុភាព​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ឬ​ទេ? ប្រាកដ​ជា​មាន! លោក​ជា​ព្រះ​ដែល​«​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​»។ (​បប. ១:៨​) ដូច្នេះ លោក​មាន​ឫទ្ធានុភាព​គ្រប់​គ្រាន់​ដើម្បី​យក​ឈ្នះ​សត្រូវ​ណា​ក៏​ដោយ សូម្បី​តែ​សេចក្ដី​ស្លាប់ ក៏​មិន​អាច​ឈ្នះ​លោក​ឡើយ។ (​១កូ. ១៥:២៦​) មូលហេតុ​មួយ​ទៀត​ដែល​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​មាន​សមត្ថភាព​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​គឺ លោក​មាន​ការ​ចង​ចាំ​ឥត​កំណត់។ លោក​ហៅ​ផ្កាយ​នីមួយ​ៗ​តាម​ឈ្មោះ។ (​អេ. ៤០:២៦​) លោក​ក៏​ចង​ចាំ​ពួក​អ្នក​ដែល​បាន​ស្លាប់​ដែរ។ (​យ៉ូប ១៤:១៣; លូក. ២០:៣៨​) លោក​ស្រួល​ចង​ចាំ​ព័ត៌មាន​ទាំង​អស់​អំពី​ពួក​អ្នក​ដែល​លោក​នឹង​ប្រោស​ឲ្យ​រស់​ឡើង​វិញ​រួម​មាន​រូប​រាង អត្តចរិត បទ​ពិសោធន៍ និង​ការ​នឹក​ចាំ​របស់​ពួក​គេ។ យើង​ច្បាស់​ជា​អាច​ជឿ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​អនាគត។ នេះ​ដោយ​សារ​យើង​ដឹង​ថា​លោក​មាន​ទាំង​បំណង​ប្រាថ្នា ទាំង​ឫទ្ធានុភាព​ដើម្បី​សម្រេច​សេចក្ដី​សន្យា​នោះ។ សូម​គិត​អំពី​មូលហេតុ​ផ្សេង​ទៀត​ឲ្យ​ជឿ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​៖ ព្រះ​យេហូវ៉ា​ធ្លាប់​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ នៅ​សម័យ​គម្ពីរ លោក​បាន​ឲ្យ​ឫទ្ធានុភាព​ទៅ​បុរស​ស្មោះ​ត្រង់​មួយ​ចំនួន​រួម​មាន​លោក​យេស៊ូ​គ្រិស្ត ដើម្បី​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ w​២៣.០៤ ទំ.៩​-​១០ វ.៧​-​៩

ថ្ងៃ​អង្គារ ទី​២ ខែ​ធ្នូ

ចូរ​ឲ្យ​សម្ដី​របស់​អ្នក​រាល់​គ្នា​ប្រកប​ដោយ​ភាព​សប្បុរស​ជា​និច្ច ដែល​ប្រៀប​ដូច​ជា​បាន​ត្រូវ​បង់​អំបិល។—កូឡ. ៤:៦

បើ​យើង​និយាយ​តាម​របៀប​ដែល​មិន​ធ្វើ​ឲ្យ​គេ​ទើស​ចិត្ត​និង​ដោយ​ស្លូត​បូត មនុស្ស​ឯ​ទៀត​ប្រហែល​ជា​ចង់​ស្ដាប់​យើង​ជាង ហើយ​បន្ត​ការ​សន្ទនា​ជា​មួយ​យើង។ ពិត​មែន​ថា បើ​នរណា​ម្នាក់​គ្រាន់​តែ​ចង់​ឈ្លោះ​ប្រកែក​ជា​មួយ​យើង​ឬ​សើច​ចំអក​យើង យើង​មិន​ចាំ​បាច់​បន្ត​ការ​សន្ទនា​ទេ។ (​សុភ. ២៦:៤​) ប៉ុន្តែ មនុស្ស​បែប​នេះ​ប្រហែល​ជា​មាន​តែ​តិច​តួច មនុស្ស​ច្រើន​ប្រហែល​ជា​នឹង​ស្ដាប់។ យើង​បាន​ឃើញ​ច្បាស់​ថា​យើង​ទទួល​ប្រយោជន៍​ច្រើន​ពេល​យើង​រៀន​ឲ្យ​មាន​ចិត្ត​ស្លូត​បូត។ សូម​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​សុំ​កម្លាំង​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​រក្សា​ចិត្ត​ស្លូត​បូត ពេល​តប​ឆ្លើយ​សំណួរ​ដែល​អាច​នាំ​ឲ្យ​ទាស់​ទែង​ឬ​ពេល​គេ​រិះ​គន់​យ៉ាង​អយុត្តិធម៌។ សូម​ចាំ​ថា​ចិត្ត​ស្លូត​បូត​របស់​អ្នក​អាច​ទប់​ស្កាត់​មិន​ឲ្យ​ការ​មាន​ទស្សនៈ​ខុស​គ្នា​ទៅ​ជា​ការ​ឈ្លោះ​ប្រកែក​គ្នា។ ម្យ៉ាង​ទៀត ការ​តប​ឆ្លើយ​ដោយ​ស្លូត​បូត​និង​ការ​គោរព ប្រហែល​ជា​នឹង​ជំរុញ​ចិត្ត​អ្នក​ស្ដាប់​ខ្លះ​ឲ្យ​ផ្លាស់​ប្ដូរ​ទស្សនៈ​របស់​ពួក​គេ​ចំពោះ​យើង​និង​ចំពោះ​សេចក្ដី​ពិត​ក្នុង​គម្ពីរ។ ចូរ​«​ប្រុង​ប្រៀប​ជា​និច្ច​ដើម្បី​និយាយ​ការ​ពារ​»​ជំនឿ​របស់​អ្នក ហើយ​«​ធ្វើ​ដូច្នេះ​ដោយ​ចិត្ត​ស្លូត​បូត​និង​ដោយ​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ​»។ (​១ពេ. ៣:១៥​) សូម​ឲ្យ​ចិត្ត​ស្លូត​បូត​ទៅ​ជា​ភាព​រឹង​មាំ​របស់​អ្នក! w​២៣.០៩ ទំ.១៩ វ.១៨​-​១៩

ថ្ងៃ​ពុធ ទី​៣ ខែ​ធ្នូ

ចូរ​បំពាក់​ខ្លួន​ដោយ . . . ចិត្ត​អត់​ធ្មត់។—កូឡ. ៣:១២

សូម​ពិចារណា​របៀប​បួន​យ៉ាង​ដែល​យើង​អាច​បង្ហាញ​ចិត្ត​អត់​ធ្មត់។ ទី​១ បុគ្គល​ដែល​មាន​ចិត្ត​អត់​ធ្មត់​យឺត​នឹង​ខឹង។ គាត់​ព្យាយាម​រក្សា​ចិត្ត​ស្ងប់​និង​ទប់​ចិត្ត​មិន​ប្រព្រឹត្ត​អាក្រក់ ពេល​គេ​ធ្វើ​អ្វី​ដែល​អាច​នាំ​ឲ្យ​គាត់​ខឹង​ឬ​ពេល​តាន​តឹង​ចិត្ត។ (​ដច. ៣៤:៦​) ទី​២ បុគ្គល​ដែល​មាន​ចិត្ត​អត់​ធ្មត់​អាច​រង់​ចាំ​ដោយ​ចិត្ត​ស្ងប់។ បើ​អ្វី​មួយ​មក​យឺត​ជាង​ការ​នឹក​ស្មាន បុគ្គល​បែប​នេះ​ព្យាយាម​មិន​រសាប់​រសល់​ឬ​មួម៉ៅ​ទេ។ (​អទ. ៧:៨​) ទី​៣ បុគ្គល​ដែល​មាន​ចិត្ត​អត់​ធ្មត់​មិន​ប្រញាប់​ប្រញាល់។ ពេល​បុគ្គល​ដែល​មាន​ចិត្ត​អត់​ធ្មត់​ត្រូវ​បំពេញ​ភារកិច្ច​សំខាន់ គាត់​មិន​ប្រញាប់​ប្រញាល់​ចាប់​ផ្ដើម​ធ្វើ​ភារកិច្ច​នោះ ឬ​មិន​ធ្វើ​ឲ្យ​តែ​រួច​ពី​ដៃ​ដើម្បី​បង្ហើយ​ភារកិច្ច​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​លៃ​ទុក​ពេល​សម​ល្មម​ដើម្បី​រៀប​គម្រោង​អំពី​អ្វី​ដែល​គាត់​នឹង​ធ្វើ។ យ៉ាង​នេះ គាត់​ទុក​ពេល​ច្រើន​ល្មម​ដើម្បី​បំពេញ​កិច្ច​ការ​នោះ​បាន​ល្អ។ ទី​៤ បុគ្គល​ដែល​មាន​ចិត្ត​អត់​ធ្មត់​ព្យាយាម​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ដោយ​មិន​ត្អូញត្អែរ។ គាត់​នឹង​គិត​អំពី​អ្វី​ល្អ​ៗ​ក្នុង​ជីវិត​របស់​គាត់ ហើយ​នឹង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​អំណរ។ (​កូឡ. ១:១១​) ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​ត្រូវ​បង្ហាញ​ចិត្ត​អត់​ធ្មត់​តាម​របៀប​ទាំង​អស់​នោះ។ w​២៣.០៨ ទំ.២០​-​២១ វ.៣​-​៦

ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​ធ្នូ

ព្រះ​យេហូវ៉ា​ជា​អ្នក​ពិនិត្យ​មើល​ចិត្ត។—សុភ. ១៧:៣

មូលហេតុ​ដ៏​សំខាន់​មួយ​ដើម្បី​ការ​ពារ​ចិត្ត​របស់​យើង​គឺ​ថា​ព្រះ​យេហូវ៉ា​ពិនិត្យ​មើល​ចិត្ត​យើង។ នេះ​មាន​ន័យ​ថា​លោក​ឃើញ​ច្រើន​ជាង​អ្វី​ដែល​អ្នក​ឯ​ទៀត​អាច​ឃើញ ហើយ​ដឹង​ថា​យើង​ពិត​ជា​បុគ្គល​បែប​ណា។ លោក​នឹង​ស្រឡាញ់​យើង បើ​យើង​ធ្វើ​ឲ្យ​គំនិត​របស់​យើង​ពេញ​ទៅ​ដោយ​ប្រាជ្ញា​របស់​លោក​ដែល​ផ្ដល់​ជីវិត។ (​យ៉ូន. ៤:១៤​) យ៉ាង​នេះ​នៅ​ក្នុង​គំនិត​យើង នឹង​គ្មាន​កន្លែង​ដាក់​ការ​បំពុល​ដែល​មក​ពី​សាថាន​និង​ពិភព​លោក​របស់​វា​ខាង​សីលធម៌​និង​ខាង​ការ​គោរព​ប្រណិប័តន៍​ទេ។ (​១យ៉ូន. ៥:១៨, ១៩​) កាល​ដែល​យើង​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា សេចក្ដី​ស្រឡាញ់​និង​ការ​គោរព​របស់​យើង​ចំពោះ​លោក​នឹង​កើន​ឡើង។ ដោយ​សារ​យើង​មិន​ចង់​ធ្វើ​ឲ្យ​បិតា​របស់​យើង​ឈឺ​ចិត្ត យើង​នឹង​ថែម​ទាំង​ស្អប់​គំនិត​អំពី​ការ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ទៀត​ផង។ បង​ស្រី​ម្នាក់​ឈ្មោះ​ម៉ាថា​ពី​ប្រទេស​ក្រូអាស៊ី​ដែល​បាន​ត្រូវ​ល្បួង​ឲ្យ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​បាន​សរសេរ​ថា​៖ ​«​ខ្ញុំ​ពិបាក​គិត​ឲ្យ​បាន​ច្បាស់​លាស់ ហើយ​ត​យុទ្ធ​សេចក្ដី​ប៉ង​ប្រាថ្នា​ឲ្យ​ធ្វើ​អ្វី​ដែល​ខុស។ ប៉ុន្តែ ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​បាន​ការ​ពារ​ខ្ញុំ​»។ តើ​ការ​កោត​ខ្លាច​ព្រះ​បាន​ជួយ​គាត់​យ៉ាង​ដូច​ម្ដេច? បង​ម៉ាថា​និយាយ​ថា គាត់​បាន​រំពឹង​គិត​អំពី​លទ្ធផល​ដែល​មក​ពី​ការ​សម្រេច​ចិត្ត​មិន​ល្អ។ យើង​ក៏​អាច​ធ្វើ​ដូច្នេះ​ដែរ។ w​២៣.០៦ ទំ.២០​-​២១ វ.៣​-​៤

ថ្ងៃ​សុក្រ ទី​៥ ខែ​ធ្នូ

​«​ពេល​ខ្ញុំ​ញែក​ខ្លួន​ខ្ញុំ​ជា​បរិសុទ្ធ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​នៅ​ចំពោះ​មុខ​ពួក​គេ នោះ​ពួក​គេ​នឹង​ដឹង​ថា​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត។—អេគ. ៣៦:២៣

លោក​យេស៊ូ​ដឹង​ថា​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​គឺ​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ ពោល​គឺ​ជម្រះ​អស់​ទាំង​ការ​តិះ​ដៀល​ចេញ​ពី​នាម​នោះ។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ម្ចាស់​យេស៊ូ​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​អធិដ្ឋាន​ថា​៖ ​«​ឱ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌​អើយ សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​»។ (​ម៉ាថ. ៦:៩​) លោក​យេស៊ូ​យល់​ថា​នេះ​គឺ​ជា​រឿង​សំខាន់​បំផុត​ដែល​ជាប់​ទាក់​ទង​នឹង​បុគ្គល​គ្រប់​រូប។ គ្មាន​បុគ្គល​ណា​ក្នុង​សកល​លោក​នេះ​ដែល​បាន​ធ្វើ​ច្រើន​ជាង​លោក​យេស៊ូ​ដើម្បី​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ​ទេ។ ប៉ុន្តែ​ពេល​លោក​យេស៊ូ​បាន​ត្រូវ​គេ​ចាប់​ខ្លួន តើ​ពួក​សត្រូវ​របស់​លោក​បាន​ចោទ​ប្រកាន់​លោក​ពី​បទ​អ្វី? គឺ​ពី​បទ​ជេរ​ប្រមាថ​ព្រះ! លោក​យេស៊ូ​ច្បាស់​ជា​ដឹង​ថា​ការ​ប្រមាថ​ឬ​ការ​បង្កាច់​បង្ខូច​នាម​ដ៏​បរិសុទ្ធ​របស់​បិតា​លោក គឺ​ជា​អំពើ​ខុស​ឆ្គង​ដ៏​អាក្រក់​បំផុត។ លោក​ឈឺ​ចិត្ត​ខ្លាំង​ណាស់​ដែល​គេ​នឹង​ចោទ​ប្រកាន់​និង​កាត់​ក្ដី​លោក​ចំពោះ​បទ​ឧក្រិដ្ឋ​នេះ។ នេះ​ប្រហែល​ជា​មូលហេតុ​ចម្បង​មួយ​ដែល​លោក​យេស៊ូ​«​កើត​ទុក្ខ​ក្រៃ​លែង​»​នៅ​ប៉ុន្មាន​ម៉ោង​មុន​ដែល​លោក​បាន​ត្រូវ​គេ​ចាប់​ខ្លួន។—លូក. ២២:៤១​-​៤៤ w​២៤.០២ ទំ.១១ វ.១១

ថ្ងៃ​សៅរ៍ ទី​៦ ខែ​ធ្នូ

ផ្ទះ​សង់​ឡើង​បាន​ដោយ​សារ​ប្រាជ្ញា។—សុភ. ២៤:៣

ក្នុង​ការ​រត់​ប្រណាំង​របស់​យើង​ឲ្យ​បាន​ជីវិត យើង​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ច្រើន​ជាង​យើង​ស្រឡាញ់​សាច់​ញាតិ។ (​ម៉ាថ. ១០:៣៧​) ប៉ុន្តែ នេះ​មិន​មាន​ន័យ​ថា​យើង​អាច​ព្រងើយ​កន្តើយ​នឹង​ភារកិច្ច​របស់​យើង​ចំពោះ​ក្រុម​គ្រួសារ​ទេ។ ផ្ទុយ​ទៅ​វិញ ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​និង​គ្រិស្ត យើង​ត្រូវ​បំពេញ​តួ​នាទី​របស់​យើង​ក្នុង​ក្រុម​គ្រួសារ។ (​១ធី. ៥:៤, ៨​) ពេល​យើង​ធ្វើ​ដូច្នេះ យើង​នឹង​សប្បាយ​រីករាយ​ជាង។ ព្រះ​យេហូវ៉ា​ដឹង​ថា​ក្រុម​គ្រួសារ​នឹង​មាន​សុភមង្គល​ពេល​ប្ដី​ប្រពន្ធ​ប្រព្រឹត្ត​ចំពោះ​គ្នា​ដោយ​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព ពេល​ឪពុក​ម្ដាយ​ស្រឡាញ់​និង​បង្ហាត់​បង្រៀន​កូន និង​ពេល​កូន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ។ (​អេភ. ៥:៣៣; ៦:១, ៤​) មិន​ថា​អ្នក​មាន​តួ​នាទី​អ្វី​ក្នុង​ក្រុម​គ្រួសារ​ក៏​ដោយ សូម​ទុក​ចិត្ត​ទៅ​លើ​ប្រាជ្ញា​ដែល​មាន​ក្នុង​គម្ពីរ ជា​ជាង​ពឹង​ផ្អែក​ទៅ​លើ​អារម្មណ៍ វប្បធម៌ ឬ​សម្ដី​របស់​បុគ្គល​ដែល​គេ​ចាត់​ទុក​ជា​វាគ្មិន។ សូម​ប្រើ​សៀវភៅ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ឲ្យ​បាន​ច្រើន។ សៀវភៅ​ទាំង​នោះ​មាន​យោបល់​ដ៏​មាន​ប្រយោជន៍ ស្ដី​អំពី​របៀប​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ។ w​២៣.០៨ ទំ.២៨ វ.៦​-​៧

ថ្ងៃ​អាទិត្យ ទី​៧ ខែ​ធ្នូ

អ្នក​ត្រូវ​អាន​និង​រំពឹង​គិត​អំពី​ច្បាប់​ទាំង​នោះ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ឲ្យ​អ្នក​ធ្វើ​តាម​ច្បាប់​ទាំង​អស់​នោះ​យ៉ាង​ដិត​ដល់។ បើ​អ្នក​ធ្វើ​ដូច្នោះ អ្នក​នឹង​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា ហើយ​ជីវិត​របស់​អ្នក​នឹង​បាន​ជោគ​ជ័យ។—យ៉ូស. ១:៨

ស្ត្រី​គ្រិស្ត​សាសនិក​ត្រូវ​បណ្ដុះ​បណ្ដាល​ជំនាញ​ដែល​មាន​ប្រយោជន៍។ ជំនាញ​ខ្លះ​ដែល​បង​ប្អូន​ស្រី​រៀន​កាល​ពី​នៅ​ក្មេង​នឹង​បន្ត​ផ្ដល់​ប្រយោជន៍​ដល់​គាត់​ពេញ​មួយ​ជីវិត។ ជា​ឧទាហរណ៍ ចូរ​រៀន​ឲ្យ​ចេះ​អាន​និង​សរសេរ​ឲ្យ​បាន​ស្ទាត់។ ក្នុង​វប្បធម៌​ខ្លះ គេ​គិត​ថា​ការ​អាន​និង​ការ​សរសេរ​គឺ​មិន​មែន​ជា​ជំនាញ​សំខាន់​ឲ្យ​ស្ត្រី​រៀន​នោះ​ទេ។ ក៏​ប៉ុន្តែ ជំនាញ​ទាំង​នេះ​គឺ​សំខាន់​ចាំ​បាច់​សម្រាប់​គ្រិស្ត​សាសនិក​ទាំង​អស់។ (​១ធី. ៤:១៣​) ដូច្នេះ សូម​កុំ​ឲ្យ​ឧបសគ្គ​ណា​ក៏​ដោយ​បញ្ឈប់​ប្អូន​ពី​ការ​រៀន​អាន​និង​សរសេរ​ឲ្យ​បាន​ស្ទាត់​ឡើយ។ បើ​ប្អូន​ធ្វើ​ដូច្នេះ តើ​ប្អូន​នឹង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ? ជំនាញ​ទាំង​នេះ​ប្រហែល​ជា​នឹង​ជួយ​ប្អូន​ឲ្យ​រក​ការ​ងារ​ធ្វើ ហើយ​រក្សា​ការ​ងារ។ ជំនាញ​ទាំង​នេះ​ក៏​នឹង​ជួយ​ប្អូន​ឲ្យ​កាន់​តែ​ងាយ​ស្រួល​សិក្សា​គម្ពីរ និង​បង្រៀន​គម្ពីរ​ដល់​អ្នក​ឯ​ទៀត​ផង​ដែរ។ សំខាន់​បំផុត ប្អូន​នឹង​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា​ពេល​ដែល​ប្អូន​អាន​និង​រំពឹង​គិត​អំពី​បណ្ដាំ​របស់​លោក។—១ធី. ៤:១៥ w​២៣.១២ ទំ.២០ វ.១០​-​១១

ថ្ងៃ​ច័ន្ទ ទី​៨ ខែ​ធ្នូ

ព្រះ​យេហូវ៉ា​ស្គាល់​វិធី​សង្គ្រោះ​មនុស្ស​ដែល​មាន​ភក្ដី​ភាព​ចំពោះ​លោក​ឲ្យ​រួច​ពី​ទុក្ខ​លំបាក។—២ពេ. ២:៩

ចូរ​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​ទប់​ទល់​នឹង​ការ​ល្បួង។ ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ យើង​តែង​តែ​ត្រូវ​ត​យុទ្ធ​នឹង​ទំនោរ​ចិត្ត​ចង់​ធ្វើ​អ្វី​ដែល​ខុស។ សាថាន​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​យើង​កាន់​តែ​ពិបាក​ក្នុង​ការ​ត​យុទ្ធ​នោះ។ របៀប​មួយ​ដែល​វា​ព្យាយាម​បង្ខូច​គំនិត​របស់​យើង​គឺ​តាម​រយៈ​ការ​កម្សាន្ត​ដែល​ប្រាស​ចាក​សីលធម៌។ ការ​កម្សាន្ត​បែប​នេះ​អាច​ធ្វើ​ឲ្យ​យើង​ចេះ​តែ​គិត​អំពី​អ្វី​ដែល​ស្មោក​គ្រោក ហើយ​ការ​គិត​នោះ​អាច​ធ្វើ​ឲ្យ​យើង​មិន​ស្អាត​ស្អំ​តាម​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​អាច​នាំ​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ។ (​ម៉ាក. ៧:២១​-​២៣; យ៉ា. ១:១៤, ១៥​) យើង​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​យេហូវ៉ា បើ​យើង​ចង់​យក​ឈ្នះ​ការ​ល្បួង​ឲ្យ​ធ្វើ​ខុស។ ក្នុង​សេចក្ដី​អធិដ្ឋាន​គំរូ លោក​យេស៊ូ​បាន​រួម​បញ្ចូល​សំណូម​ពរ​នេះ​ថា​៖ ​«​សូម​កុំ​ឲ្យ​យើង​ចាញ់​សេចក្ដី​ល្បួង​ឡើយ តែ​សូម​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​មេ​កំណាច​វិញ​»។ (​ម៉ាថ. ៦:១៣​) ព្រះ​យេហូវ៉ា​ចង់​ជួយ​យើង ប៉ុន្តែ​យើង​ត្រូវ​សុំ​ជំនួយ​ពី​លោក។ យើង​ក៏​ត្រូវ​ប្រព្រឹត្ត​សម​ស្រប​តាម​សេចក្ដី​អធិដ្ឋាន​របស់​យើង​ដែរ។ w​២៣.០៥ ទំ.៦​-​៧ វ.១៥​-​១៧

ថ្ងៃ​អង្គារ ទី​៩ ខែ​ធ្នូ

ខ្សែ​បី​ធ្លុង . . . មិន​ងាយ​ដាច់​ទេ។—អទ. ៤:១២

ពេល​គូ​ប្ដី​ប្រពន្ធ​ឲ្យ​តម្លៃ​ចំពោះ​ចំណង​មិត្តភាព​របស់​ពួក​គេ​ជា​មួយ​បិតា​នៅ​ស្ថាន​សួគ៌ ពួក​គេ​ចង់​ធ្វើ​តាម​យោបល់​ពី​លោក ហើយ​នេះ​ជួយ​ពួក​គេ​ឲ្យ​ជៀស​វាង​និង​យក​ឈ្នះ​បញ្ហា​ដែល​អាច​នាំ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​ចំពោះ​គ្នា​រសាយ​ទៅ។ ពួក​អ្នក​ដែល​មាន​ចំណង​មិត្តភាព​រឹង​មាំ​ជា​មួយ​ព្រះ​យេហូវ៉ា​ក៏​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​យក​តម្រាប់​លោក។ ពួក​គេ​ព្យាយាម​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ដូច​លោក​ដូច​ជា សេចក្ដី​សប្បុរស ចិត្ត​អត់​ធ្មត់ និង​ការ​អភ័យ​ទោស។ (​អេភ. ៤:៣២–៥:១​) ពេល​គូ​ប្ដី​ប្រពន្ធ​បង្ហាញ​គុណ​សម្បត្តិ​បែប​នេះ គឺ​ស្រួល​ឲ្យ​ពួក​គេ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​កាន់​តែ​ខ្លាំង​ឡើង។ បង​ស្រី​ម្នាក់​ឈ្មោះ​លេណា​ដែល​បាន​រៀប​ការ​ជាង​២៥​ឆ្នាំ​និយាយ​ថា​៖ ​«​យើង​ស្រួល​ស្រឡាញ់​និង​គោរព​បុគ្គល​ដែល​មាន​ចំណង​មិត្តភាព​រឹង​មាំ​ជា​មួយ​ព្រះ​យេហូវ៉ា​»។ សូម​គិត​អំពី​គំរូ​មួយ​ពី​គម្ពីរ។ ពេល​ព្រះ​យេហូវ៉ា​ត្រូវ​ជ្រើស​រើស​បុគ្គល​មួយ​គូ​ឲ្យ​ធ្វើ​ជា​ឪពុក​ម្ដាយ​របស់​អនាគត​មេស្ស៊ី លោក​បាន​ជ្រើស​រើស​យ៉ូសែប​និង​ម៉ារៀ​ពី​ចំណោម​កូន​ចៅ​ជា​ច្រើន​របស់​ដាវីឌ។ ហេតុ​អ្វី​លោក​ជ្រើស​រើស​ពួក​គាត់? ពីព្រោះ​ពួក​គាត់​ទាំង​ពីរ​នាក់​មាន​ចំណង​មិត្តភាព​ផ្ទាល់​ជា​មួយ​ព្រះ​យេហូវ៉ា ហើយ​លោក​ដឹង​ថា​ពួក​គាត់​នឹង​ចាត់​ទុក​លោក​ថា​សំខាន់​បំផុត​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គាត់។ w​២៣.០៥ ទំ.២១ វ.៣​-​៤

ថ្ងៃ​ពុធ ទី​១០ ខែ​ធ្នូ

ចូរ​ស្ដាប់​បង្គាប់ ហើយ​ចុះ​ចូល​នឹង​ពួក​អ្នក​ដែល​នាំ​មុខ​អ្នក​រាល់​គ្នា។—ហេ. ១៣:១៧

ទោះ​ជា​អ្នក​ដឹក​នាំ​របស់​យើង​លោក​យេស៊ូ​គឺ​ល្អ​ឥត​ខ្ចោះ​ក្ដី ពួក​អ្នក​ដែល​លោក​ប្រើ​ដើម្បី​នាំ​មុខ​នៅ​ផែន​ដី​មិន​ល្អ​ឥត​ខ្ចោះ​ទេ។ យើង​ប្រហែល​ជា​ពិបាក​ស្ដាប់​បង្គាប់​ពួក​គេ ជា​ពិសេស​បើ​ពួក​គេ​សុំ​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​យើង​មិន​ចង់​ធ្វើ។ សាវ័ក​ពេត្រុស​ធ្លាប់​ស្ទាក់​ស្ទើរ​ក្នុង​ការ​ស្ដាប់​បង្គាប់។ ពេល​ទេវតា​មួយ​រូប​បាន​ប្រាប់​គាត់​ឲ្យ​បរិភោគ​សត្វ​ដែល​មិន​ស្អាត​ក្រោម​ច្បាប់​ម៉ូសេ ពេត្រុស​បាន​បដិសេធ​មិន​មែន​មួយ​ដង តែ​បី​ដង។ (​សកម្ម. ១០:៩​-​១៦​) ហេតុ​អ្វី? ពីព្រោះ​ការ​ណែនាំ​ថ្មី​នោះ​មិន​សម​ហេតុ​សម​ផល​ចំពោះ​គាត់។ ផ្ទុយ​ទៅ​វិញ សាវ័ក​ប៉ូល​បាន​ស្ដាប់​បង្គាប់​ពេល​ពួក​គ្រិស្ត​សាសនិក​ដែល​ជា​បុរស​ចាស់​ទុំ​នៅ​ក្រុង​យេរូសាឡិម​បាន​ប្រាប់​គាត់​ឲ្យ​យក​បុរស​បួន​នាក់​ទៅ​វិហារ និង​សម្អាត​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ​តាម​ច្បាប់​ដើម្បី​បង្ហាញ​ថា​គាត់​ធ្វើ​តាម​ច្បាប់។ ប៉ូល​បាន​ដឹង​ថា​គ្រិស្ត​សាសនិក​លែង​នៅ​ក្រោម​ច្បាប់​នោះ​ទៀត​ហើយ ហើយ​ថា​គាត់​មិន​បាន​ធ្វើ​អ្វី​ខុស​ដូច​ដែល​ពាក្យ​ចចាមអារ៉ាម​នោះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ​«​ស្អែក​ឡើង ប៉ូល​បាន​យក​បុរស​ទាំង​នោះ​ទៅ​ជា​មួយ ក៏​បាន​សម្អាត​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ​តាម​ច្បាប់​ជា​មួយ​នឹង​ពួក​គេ​»។ (​សកម្ម. ២១:២៣, ២៤, ២៦​) ការ​ស្ដាប់​បង្គាប់​របស់​ប៉ូល​បាន​ធ្វើ​ឲ្យ​មាន​សាមគ្គីភាព។—រ៉ូម ១៤:១៩, ២១ w​២៣.១០ ទំ.១០ វ.១៥​-​១៦

ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​ធ្នូ

អ្នក​ណា​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា អ្នក​នោះ​ជា​មិត្ត​សម្លាញ់​របស់​លោក។—ចសព. ២៥:១៤

អ្នក​ប្រហែល​ជា​គិត​ថា​ការ​កោត​ខ្លាច​មិន​មែន​ជា​គុណ​សម្បត្តិ​សំខាន់​ដើម្បី​មាន​ចំណង​មិត្តភាព​ល្អ​នោះ​ទេ។ ប៉ុន្តែ ពួក​អ្នក​ដែល​ចង់​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ត្រូវ​«​កោត​ខ្លាច​»​លោក។ មិន​ថា​យើង​បាន​បម្រើ​ព្រះ​យេហូវ៉ា​យូរ​ប៉ុណ្ណា​ក៏​ដោយ យើង​ទាំង​អស់​គ្នា​ត្រូវ​បន្ត​គោរព​កោត​ខ្លាច​លោក។ តើ​ការ​កោត​ខ្លាច​ព្រះ​មាន​ន័យ​យ៉ាង​ណា? បុគ្គល​ដែល​មាន​ការ​កោត​ខ្លាច​ត្រឹម​ត្រូវ​ចំពោះ​ព្រះ ស្រឡាញ់​លោក​និង​មិន​ចង់​ធ្វើ​អ្វី​ណា​ដែល​នឹង​បង្ខូច​ចំណង​មិត្តភាព​ជា​មួយ​លោក​ទេ។ លោក​យេស៊ូ​ក៏​មាន​ការ​«​កោត​ខ្លាច​ព្រះ​»​ដែរ។ (​ហេ. ៥:៧​) លោក​មិន​ភ័យ​ខ្លាច​ព្រះ​យេហូវ៉ា​ទេ។ (​អេ. ១១:២, ៣​) ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ចង់​ស្ដាប់​បង្គាប់​លោក។ (​យ៉ូន. ១៤:២១, ៣១​) ដូច​លោក​យេស៊ូ យើង​កោត​ស្ងើច​និង​គោរព​ព្រះ​យេហូវ៉ា​យ៉ាង​ជ្រាល​ជ្រៅ ដោយ​សារ​លោក​ជា​ព្រះ​ដែល​មាន​សេចក្ដី​ស្រឡាញ់ ប្រាជ្ញា យុត្តិធម៌ និង​ឫទ្ធានុភាព។ យើង​ក៏​ដឹង​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង ហើយ​ថា​ប្រតិកម្ម​របស់​យើង​ចំពោះ​ការ​ណែនាំ​ពី​លោក​ជះ​ឥទ្ធិពល​លើ​លោក។ យើង​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ឈឺ​ចិត្ត​ឬ​សប្បាយ​ចិត្ត។—ចសព. ៧៨:៤១; សុភ. ២៧:១១ w​២៣.០៦ ទំ.១៤ វ.១​-​២; ទំ.១៥ វ.៥

ថ្ងៃ​សុក្រ ទី​១២ ខែ​ធ្នូ

មិន​យូរ​ក្រោយ​ពី​គាត់​មាន​អំណាច​ខ្លាំង​ក្លា គាត់​ក៏​ចាប់​ផ្ដើម​មាន​អំណួត ហើយ​នេះ​បាន​នាំ​ឲ្យ​ខ្លួន​គាត់​វិនាស។ គាត់​បាន​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។—២ប្រ. ២៦:១៦

ពេល​ស្ដេច​អូសៀស​មាន​អំណាច គាត់​បាន​ភ្លេច​ថា​ព្រះ​យេហូវ៉ា​ជា​ប្រភព​នៃ​កម្លាំង​និង​ភាព​ចម្រុង​ចម្រើន​របស់​គាត់។ តើ​មាន​មេ​រៀន​អ្វី? គឺ​ជា​ការ​ល្អ​ឲ្យ​យើង​រំលឹក​ខ្លួន​ថា ពរ​និង​ឯកសិទ្ធិ​ដែល​យើង​មាន​គឺ​មក​ពី​ព្រះ​យេហូវ៉ា។ ជា​ជាង​អួត​អំពី​អ្វី​ដែល​យើង​បាន​សម្រេច យើង​គួរ​ឲ្យ​កិត្តិយស​ទៅ​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ដែល​យើង​អាច​ធ្វើ។ (​១កូ. ៤:៧​) យើង​ត្រូវ​ទទួល​ស្គាល់​ដោយ​ចិត្ត​រាប​ទាប​ថា​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ត្រូវ​ការ​ការ​ប្រៀន​ប្រដៅ។ បង​ប្រុស​ម្នាក់​ដែល​មាន​អាយុ​ខ្ទង់​៦០​ឆ្នាំ​សរសេរ​ថា​៖ ​«​ខ្ញុំ​បាន​រៀន​មិន​ឲ្យ​ចាត់​ទុក​ខ្លួន​ថា​សំខាន់​ហួស​ហេតុ​ពេក។ ពេល​ខ្ញុំ​ទទួល​ការ​ប្រៀន​ប្រដៅ​ចំពោះ​កំហុស​ដ៏​ល្ងង់​ខ្លៅ​ដែល​ខ្ញុំ​ធ្វើ​នៅ​ពេល​ខ្លះ ខ្ញុំ​ព្យាយាម​ងើប​ឡើង​វិញ ហើយ​បន្ដ​ទៅ​មុខ​ទៀត​»។ ពេល​យើង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា និង​រក្សា​ចិត្ត​រាប​ទាប យើង​នឹង​មាន​ជីវិត​សប្បាយ​ពិត​ប្រាកដ។—សុភ. ២២:៤ w​២៣.០៩ ទំ.១០ វ.១០​-​១១

ថ្ងៃ​សៅរ៍ ទី​១៣ ខែ​ធ្នូ

អ្នក​រាល់​គ្នា​ត្រូវ​ស៊ូ​ទ្រាំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​តាម​សេចក្ដី​សន្យា ក្រោយ​ពី​បាន​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។—ហេ. ១០:៣៦

គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​ត្រូវ​ស៊ូ​ទ្រាំ។ ក្រៅ​ពី​បញ្ហា​ដែល​មនុស្ស​ជា​ទូទៅ​មាន ពួក​គេ​ក៏​មាន​បញ្ហា​ផ្សេង​ទៀត។ ពួក​គេ​ជា​ច្រើន​នាក់​បាន​ត្រូវ​គេ​បៀតបៀន មិន​គ្រាន់​តែ​ពី​ពួក​អ្នក​ដឹក​នាំ​សាសនា​យូដា​និង​ពួក​អាជ្ញាធរ​ជន​ជាតិ​រ៉ូម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពី​ក្រុម​គ្រួសារ​របស់​ពួក​គេ​ផង​ដែរ។ (​ម៉ាថ. ១០:២១​) ម្យ៉ាង​ទៀត​នៅ​ក្នុង​ក្រុម​ជំនុំ ជួន​កាល​ពួក​គេ​ត្រូវ​ត​យុទ្ធ​នឹង​ឥទ្ធិពល​ពី​ពួក​អ្នក​ក្បត់​ជំនឿ​និង​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ទាំង​នោះ​ដែល​នាំ​ឲ្យ​បែក​បាក់​គ្នា។ (​សកម្ម. ២០:២៩, ៣០​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គ្រិស្ត​សាសនិក​ទាំង​នោះ​បាន​ស៊ូ​ទ្រាំ។ (​បប. ២:៣​) តើ​តាម​របៀប​ណា? ពួក​គេ​បាន​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​គំរូ​ក្នុង​គម្ពីរ​របស់​ពួក​អ្នក​ដែល​បាន​ស៊ូ​ទ្រាំ​ដូច​ជា​យ៉ូប​ជា​ដើម។ (​យ៉ា. ៥:១០, ១១​) ពួក​គេ​បាន​អធិដ្ឋាន​សុំ​កម្លាំង។ (​សកម្ម. ៤:២៩​-​៣១​) ម្យ៉ាង​ទៀត ពួក​គេ​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​លទ្ធផល​ល្អ​ដែល​មក​ពី​ការ​ស៊ូ​ទ្រាំ​របស់​ពួក​គេ។ (​សកម្ម. ៥:៤១​) យើង​ក៏​អាច​ស៊ូ​ទ្រាំ​បាន​ដែរ បើ​យើង​សិក្សា​ជា​ទៀង​ទាត់​អំពី​គំរូ​របស់​ពួក​អ្នក​ដែល​បាន​ស៊ូ​ទ្រាំ​ក្នុង​បណ្ដាំ​ព្រះ​និង​ក្នុង​សៀវភៅ​របស់​យើង ហើយ​រំពឹង​គិត​អំពី​គំរូ​ទាំង​នោះ។ w​២៣.០៧ ទំ.៣ វ.៥​-​៦

ថ្ងៃ​អាទិត្យ ទី​១៤ ខែ​ធ្នូ

ដូច្នេះ ចូរ​បន្ត​ស្វែង​រក​រាជាណាចក្រ​និង​សេចក្ដី​សុចរិត​របស់​ព្រះ​ជា​មុន ហើយ​លោក​នឹង​ផ្ដល់​របស់​ទាំង​នេះ​ឲ្យ​អ្នក។—ម៉ាថ. ៦:៣៣

ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​នឹង​មិន​បោះ​បង់​ចោល​យើង​ទេ។ សាវ័ក​ពេត្រុស​នៅ​ផ្លូវ​បំបែក​ដ៏​សំខាន់​ក្នុង​ជីវិត​របស់​គាត់​ក្រោយ​ពី​គាត់​បាន​បដិសេធ​លោក​យេស៊ូ។ តើ​គាត់​នឹង​ឈប់​ព្យាយាម ឬ​ក៏​ត​ស៊ូ​បន្ត​ជា​អ្នក​កាន់​តាម​គ្រិស្ត? លោក​យេស៊ូ​បាន​អង្វរ​ព្រះ​យេហូវ៉ា​សុំ​ឲ្យ​ជំនឿ​របស់​ពេត្រុស​មិន​ចុះ​ខ្សោយ។ លោក​យេស៊ូ​បាន​ប្រាប់​ពេត្រុស​អំពី​សេចក្ដី​អធិដ្ឋាន​នោះ ហើយ​បាន​បង្ហាញ​ទំនុក​ចិត្ត​របស់​លោក​ថា​ពេត្រុស​នឹង​អាច​ពង្រឹង​ជំនឿ​បង​ប្អូន​របស់​គាត់​នៅ​ពេល​ក្រោយ​មក។ (​លូក. ២២:៣១, ៣២​) ពេត្រុស​ច្បាស់​ជា​មាន​ទំនុក​ចិត្ត​ខ្លាំង​ណាស់​ពេល​គាត់​នឹក​ចាំ​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍! ពេល​យើង​នៅ​ផ្លូវ​បំបែក​ដ៏​សំខាន់​ក្នុង​ជីវិត​របស់​យើង ព្រះ​យេហូវ៉ា​ប្រហែល​ជា​នឹង​ប្រើ​គង្វាល​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​ឲ្យ​ផ្ដល់​ទំនុក​ចិត្ត​ដែល​យើង​ត្រូវ​ការ​ដើម្បី​រក្សា​ភាព​ស្មោះ​ត្រង់។ (​អេភ. ៤:៨, ១១​) ដូច​ព្រះ​យេហូវ៉ា​បាន​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ពេត្រុស​និង​ពួក​សាវ័ក​ឯ​ទៀត លោក​នឹង​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​យើង​ពេល​ដែល​យើង​ចាត់​ទុក​កិច្ច​បម្រើ​ផ្សាយ​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​យើង។ w​២៣.០៩ ទំ.២៤​-​២៥ វ.១៤​-​១៥

ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​ធ្នូ

អ្នក​ណា​អាណិត​មេត្តា​ដល់​មនុស្ស​ទន់​ទាប អ្នក​នោះ​ឲ្យ​ព្រះ​យេហូវ៉ា​ខ្ចី ហើយ​លោក​នឹង​តប​ស្នង​គាត់​តាម​អ្វី​ដែល​គាត់​បាន​ធ្វើ។—សុភ. ១៩:១៧

ព្រះ​យេហូវ៉ា​កត់​សម្គាល់ សូម្បី​តែ​ការ​ប្រព្រឹត្ត​តូច​តាច​ដ៏​សប្បុរស​ដែល​យើង​ធ្វើ​ចំពោះ​អ្នក​ឯ​ទៀត។ លោក​ចាត់​ទុក​នោះ​ថា​ជា​គ្រឿង​បូជា​ដ៏​មាន​តម្លៃ​និង​ជា​បំណុល​ដែល​លោក​នឹង​តប​ស្នង។ បើ​អ្នក​ធ្លាប់​បម្រើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ឬ​ជា​អ្នក​ចាស់​ទុំ ព្រះ​យេហូវ៉ា​នឹក​ចាំ​អំពី​កិច្ចការ​ដែល​អ្នក​បាន​ធ្វើ​នៅ​អតីតកាល និង​សេចក្ដី​ស្រឡាញ់​ដែល​បាន​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ធ្វើ​កិច្ច​ការ​នោះ។ (​១កូ. ១៥:៥៨​) លោក​ក៏​សង្កេត​ឃើញ​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​បន្ត​បង្ហាញ​ដែរ។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ទាំង​អស់​គ្នា​បង្កើន​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក​និង​អ្នក​ឯ​ទៀត។ យើង​អាច​ពង្រឹង​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា ដោយ​អាន​និង​រំពឹង​អំពី​បណ្ដាំ​លោក ព្រម​ទាំង​ដោយ​អធិដ្ឋាន​ទៅ​លោក​ជា​ទៀង​ទាត់។ យើង​អាច​បង្កើន​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​បង​ប្អូន​យើង​ដោយ​ជួយ​ពួក​គេ​តាម​របៀប​ផ្សេង​ៗ។ កាល​ដែល​សេចក្ដី​ស្រឡាញ់​របស់​យើង​កើន​ឡើង យើង​នឹង​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា​និង​បង​ប្អូន​រួម​ជំនឿ​របស់​យើង។ ម្យ៉ាង​ទៀត យើង​នឹង​មាន​មិត្តភាព​ទាំង​នោះ​ជា​រៀង​រហូត! w​២៣.០៧ ទំ.១០ វ.១១; ទំ.១១ វ.១៣; ទំ.១៣ វ.១៨

ថ្ងៃ​អង្គារ ទី​១៦ ខែ​ធ្នូ

ម្នាក់​ៗ​ត្រូវ​ទទួល​ភារៈ​របស់​ខ្លួន។—កាឡ. ៦:៥

គ្រិស្ត​សាសនិក​ម្នាក់​ៗ​ត្រូវ​សម្រេច​ចិត្ត​អំពី​របៀប​ថែ​ទាំ​សុខភាព​របស់​ខ្លួន។ ពេល​គ្រិស្ត​សាសនិក​ជ្រើស​រើស​វិធី​ព្យាបាល ពួក​គេ​ត្រូវ​ធ្វើ​តាម​ច្បាប់​ពី​គម្ពីរ​ដែល​ឲ្យ​ជៀស​វាង​ជា​ដាច់​ខាត​ពី​ឈាម​និង​ពួក​វិញ្ញាណ​អាក្រក់។ (​សកម្ម. ១៥:២០; កាឡ. ៥:១៩, ២០​) អ្វី​ផ្សេង​ទៀត​អាស្រ័យ​លើ​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន។ មិន​ថា​យើង​ប្រកាន់​ទស្សនៈ​ខ្លាំង​យ៉ាង​ណា​អំពី​ការ​ព្យាបាល​ណា​មួយ​ក្ដី យើង​ត្រូវ​គោរព​សិទ្ធិ​របស់​បង​ប្អូន​យើង​ក្នុង​ការ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​អំពី​ការ​ថែ​ទាំ​សុខភាព។ ស្ដី​អំពី​រឿង​នេះ យើង​គួរ​ចាំ​អំពី​ចំណុច​ទាំង​បួន​នេះ​គឺ​៖ (​១​) មាន​តែ​រាជាណាចក្រ​របស់​ព្រះ​ប៉ុណ្ណោះ​នឹង​នាំ​មក​នូវ​ការ​ជា​សះ​ស្បើយ​ទាំង​ស្រុង​និង​ជា​រៀង​រហូត។ (​អេ. ៣៣:២៤​) (​២​) គ្រិស្ត​សាសនិក​ម្នាក់​ៗ​ត្រូវ​ដឹង​ឬ​«​ជឿ​ប្រាកដ​»​អំពី​អ្វី​ល្អ​បំផុត​ចំពោះ​ខ្លួន​ឯង។ (​រ៉ូម ១៤:៥​) (​៣​) យើង​មិន​វិនិច្ឆ័យ​អ្នក​ឯ​ទៀត ឬ​មិន​ដាក់​ឧបសគ្គ​ដែល​អាច​នាំ​ឲ្យ​ពួក​គេ​ជំពប់​ដួល​ឡើយ។ (​រ៉ូម ១៤:១៣​) (​៤​) គ្រិស្ត​សាសនិក​បង្ហាញ​សេចក្ដី​ស្រឡាញ់ ហើយ​យល់​ថា​សាមគ្គីភាព​ក្នុង​ក្រុម​ជំនុំ​គឺ​សំខាន់​ជាង​ទស្សនៈ​របស់​ពួក​គេ។—រ៉ូម ១៤:១៥, ១៩, ២០ w​២៣.០៧ ទំ.២៤ វ.១៥

ថ្ងៃ​ពុធ ទី​១៧ ខែ​ធ្នូ

ក្នុង​អំឡុង​ពេល​ដែល​គាត់​ជា​ជន​ណាសារីត គាត់​គឺ​បរិសុទ្ធ​ចំពោះ​ព្រះ​យេហូវ៉ា។—ជប. ៦:៨

តើ​អ្នក​ឲ្យ​តម្លៃ​ចំពោះ​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​ព្រះ​យេហូវ៉ា​ឬ​ទេ? អ្នក​ច្បាស់​ជា​ឲ្យ​តម្លៃ។ តាម​ពិត មិន​មែន​មាន​តែ​អ្នក​ប៉ុណ្ណោះ​ទេ តាំង​ពី​សម័យ​បុរាណ​មនុស្ស​ឥត​គណនា​មាន​ទស្សនៈ​ដូច​អ្នក​ដែរ។ (​ចសព. ១០៤:៣៣, ៣៤​) មនុស្ស​ជា​ច្រើន​បាន​ធ្វើ​ការ​លះ​បង់​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ នេះ​ជា​អ្វី​ដែល​ពួក​ណាសារីត ឬ​អ្នក​ដែល​បាន​ប្រគល់​ខ្លួន​នៅ​អ៊ីស្រាអែល​សម័យ​បុរាណ​បាន​ធ្វើ។ ពួក​ណាសារីត​ជា​ជន​ជាតិ​អ៊ីស្រាអែល​ដ៏​ខ្នះខ្នែង​ដែល​បាន​ធ្វើ​ការ​លះ​បង់​មួយ​ចំនួន​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​តាម​របៀប​ដ៏​ពិសេស។ ច្បាប់​ម៉ូសេ​បាន​អនុញ្ញាត​ឲ្យ​បុរស​ឬ​ស្ត្រី​ធ្វើ​សម្បថ​ពិសេស​មួយ​ចំពោះ​ព្រះ​យេហូវ៉ា ដោយ​សម្រេច​ចិត្ត​រស់​នៅ​ជា​ជន​ណាសារីត​អស់​មួយ​រយៈ​ពេល។ (​ជប. ៦:១, ២​) សម្បថ​នេះ​រួម​បញ្ចូល​ការ​ធ្វើ​តាម​ការ​ណែនាំ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ឯ​ទៀត​មិន​ចាំ​បាច់​ធ្វើ​តាម​ទេ។ ដូច្នេះ ហេតុ​អ្វី​ជន​ជាតិ​អ៊ីស្រាអែល​ណា​ម្នាក់​បាន​សម្រេច​ចិត្ត​ធ្វើ​ជា​ជន​ណាសារីត? គាត់​ទំនង​ជា​ធ្វើ​ដូច្នេះ ដោយ​សារ​គាត់​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា និង​មាន​ចិត្ត​កតញ្ញូ​ដ៏​ស្មោះ​ចំពោះ​ពរ​ជា​ច្រើន​ពី​លោក។—បច. ៦:៥; ១៦:១៧ w​២៤.០២ ទំ.១៤ វ.១​-​២

ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​ធ្នូ

ព្រះ​យេហូវ៉ា . . . បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​លោក​និង​ធ្វើ​តាម​បញ្ញត្តិ​លោក។—ដាន. ៩:៤

ក្នុង​គម្ពីរ​ពាក្យ​ភាសា​ហេប្រឺ​សម្រាប់​«​ភក្ដី​ភាព​»​ឬ​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​»​ បង្កប់​អត្ថន័យ​អំពី​ភាព​កក់​ក្ដៅ​និង​សេចក្ដី​ស្រឡាញ់ ហើយ​នោះ​ច្រើន​តែ​បាន​ត្រូវ​ប្រើ​ដើម្បី​រៀប​រាប់​អំពី​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​មាន​ចំពោះ​អ្នក​បម្រើ​លោក។ ពាក្យ​នេះ​ក៏​បាន​ត្រូវ​ប្រើ​ដើម្បី​រៀប​រាប់​អំពី​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​បម្រើ​ព្រះ​បង្ហាញ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ (​២សាំ. ៩:៦, ៧​) ភក្ដី​ភាព​របស់​យើង​អាច​ខ្លាំង​ឡើង​ៗ​កាល​ដែល​ពេល​វេលា​កន្លង​ទៅ។ សូម​ពិចារណា​អំពី​របៀប​ដែល​ដានីយ៉ែល​មាន​ភក្ដី​ភាព​កាន់​តែ​ខ្លាំង​ឡើង។ ភក្ដី​ភាព​របស់​ដានីយ៉ែល​ចំពោះ​ព្រះ​យេហូវ៉ា​បាន​ត្រូវ​សាក​ល្បង​ម្ដង​ហើយ​ម្ដង​ទៀត​ក្នុង​ជីវិត​របស់​គាត់។ ប៉ុន្តែ ការ​សាក​ល្បង​ដ៏​ធំ​បំផុត​មួយ​បាន​កើត​ឡើង​ពេល​ដែល​គាត់​មាន​អាយុ​៩០​ឆ្នាំ​ជាង។ ពួក​មន្ត្រី​ដែល​បាន​បម្រើ​ស្ដេច​ដារីយុស​ស្អប់​ដានីយ៉ែល ហើយ​មិន​គោរព​ព្រះ​របស់​គាត់​ទេ។ ដូច្នេះ ពួក​គេ​បាន​រៀប​គម្រោង​ការ​សម្លាប់​ដានីយ៉ែល។ ពួក​គេ​បាន​ឲ្យ​ស្ដេច​ចុះ​ហត្ថលេខា​បង្កើត​ច្បាប់​មួយ​ដែល​នឹង​សាក​ល្បង​ដានីយ៉ែល​ថា គាត់​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​របស់​គាត់​ឬ​ចំពោះ​ស្ដេច។ ដើម្បី​បង្ហាញ​ថា​គាត់​មាន​ភក្ដី​ភាព​ចំពោះ​ស្ដេច មាន​អ្វី​មួយ​ដែល​ដានីយ៉ែល​ត្រូវ​ធ្វើ​គឺ​ឈប់​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​សម្រាប់​៣០​ថ្ងៃ។ ប៉ុន្តែ ដានីយ៉ែល​មិន​ព្រម​បោះ​បង់​ចិត្ត​ស្មោះ​ភក្ដី​ចំពោះ​ព្រះ​យេហូវ៉ា​ទេ។—ដាន. ៦:១២​-​១៥, ២០​-​២២ w​២៣.០៨ ទំ.៥ វ.១០​-​១២

ថ្ងៃ​សុក្រ ទី​១៩ ខែ​ធ្នូ

ចូរ​យើង​បន្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​និច្ច។—១​យ៉ូន. ៤:៧

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ត​ស៊ូ​ព្យាយាម​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​រួម​ជំនឿ។ បើ​បុគ្គល​ណា​ម្នាក់​មិន​បង្ហាញ​គុណ​សម្បត្តិ​ណា​មួយ​ជា​គ្រិស្ត​សាសនិក យើង​អាច​សន្និដ្ឋាន​ថា​គាត់​ចង់​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ ហើយ​ថា​គាត់​គ្រាន់​តែ​ធ្វើ​ដូច្នេះ​ដោយ​មិន​បាន​គិត។ (​សុភ. ១២:១៨​) ព្រះ​ស្រឡាញ់​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក ទោះ​ជា​ពួក​គេ​ធ្វើ​ខុស​ក្ដី។ លោក​មិន​បោះ​បង់​ចោល​យើង​ពេល​យើង​ធ្វើ​ខុស​ទេ ហើយ​លោក​ក៏​មិន​ខឹង​រហូត​ដែរ។ (​ចសព. ១០៣:៩​) គឺ​សំខាន់​ឲ្យ​យើង​យក​តម្រាប់​បិតា​របស់​យើង​ដែល​ចេះ​អភ័យ​ទោស។ (​អេភ. ៤:៣២–៥:១​) សូម​ចាំ​ដែរ​ថា​កាល​ដែល​ទី​បញ្ចប់​កាន់​តែ​ជិត​មក​ដល់ យើង​ត្រូវ​នៅ​ជិត​ស្និទ្ធ​នឹង​បង​ប្អូន​របស់​យើង។ យើង​អាច​រំពឹង​ថា​យើង​នឹង​ជួប​ការ​បៀតបៀន​កាន់​តែ​ខ្លាំង​ឡើង។ យើង​ប្រហែល​ជា​ថែម​ទាំង​នឹង​ជាប់​គុក​ដោយ​សារ​ជំនឿ។ បើ​នេះ​កើត​ឡើង យើង​នឹង​ត្រូវ​ការ​បង​ប្អូន​របស់​យើង​ខ្លាំង​ជាង​ពេល​ណា​ទាំង​អស់។—សុភ. ១៧:១៧ w​២៤.០៣ ទំ.១៥​-​១៦ វ.៦​-​៧

ថ្ងៃ​សៅរ៍ ទី​២០ ខែ​ធ្នូ

ព្រះ​យេហូវ៉ា​ជា​អ្នក​ណែនាំ​ជំហាន​របស់​មនុស្ស។—សុភ. ២០:២៤

គម្ពីរ​មាន​កំណត់​ហេតុ​អំពី​បុគ្គល​វ័យ​ក្មេង​ដែល​បាន​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា ទទួល​ការ​ពេញ​ចិត្ត​ពី​លោក និង​មាន​ជីវិត​ដ៏​ស្កប់​ចិត្ត។ ដាវីឌ​គឺ​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​ពួក​គេ។ ពេល​ដែល​គាត់​នៅ​ក្មេង គាត់​បាន​សម្រេច​ចិត្ត​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ហើយ​ក្រោយ​មក​បាន​ទៅ​ជា​ស្ដេច​ដ៏​ស្មោះ​ភក្ដី។ (​១បស. ៣:៦; ៩:៤, ៥; ១៤:៨​) ប្អូន​អាច​ទទួល​ការ​លើក​ទឹក​ចិត្ត​និង​ការ​ជំរុញ​ចិត្ត​ដោយ​សិក្សា​អំពី​ជីវិត​និង​កិច្ច​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ដាវីឌ ឬ​ប្អូន​អាច​រៀន​ថែម​ទៀត​អំពី​ម៉ាកុស​ឬ​ធីម៉ូថេ។ ប្អូន​នឹង​ឃើញ​ថា​ពួក​គាត់​បាន​ចាប់​ផ្ដើម​បម្រើ​ព្រះ​យេហូវ៉ា​ពេល​ដែល​ពួក​គាត់​នៅ​ក្មេង ហើយ​បាន​បន្ដ​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់។ ការ​សម្រេច​ចិត្ត​របស់​ពួក​គាត់​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​លោក​រីក​រាយ។ របៀប​ដែល​ប្អូន​ប្រើ​ជីវិត​នៅ​ឥឡូវ​នេះ នឹង​មាន​ឥទ្ធិពល​ទៅ​លើ​ជីវិត​របស់​ប្អូន​នៅ​ថ្ងៃ​អនាគត។ បើ​ប្អូន​ទុក​ចិត្ត​ព្រះ​យេហូវ៉ា មិន​មែន​ពឹង​ផ្អែក​ទៅ​លើ​ការ​យល់​ដឹង​របស់​ខ្លួន លោក​នឹង​ជួយ​ប្អូន​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ។ ប្អូន​អាច​មាន​ជីវិត​សប្បាយ​ដែល​មាន​ន័យ​ខ្លឹម​សារ។ សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​ប្អូន​ធ្វើ​សម្រាប់​លោក។ គ្មាន​របៀប​រស់​នៅ​ណា​ដែល​ល្អ​ប្រសើរ​ជាង​ការ​ប្រើ​ជីវិត​ដើម្បី​បម្រើ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ឡើយ។ w​២៣.០៩ ទំ.១៣ វ.១៨​-​១៩

ថ្ងៃ​អាទិត្យ ទី​២១ ខែ​ធ្នូ

ចូរ . . . អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ។—កូឡ. ៣:១៣

សាវ័ក​ប៉ូល​ដឹង​ថា​បង​ប្អូន​រួម​ជំនឿ​មិន​មែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទេ។ ជា​ឧទាហរណ៍ មិន​យូរ​ក្រោយ​ពី​គាត់​បាន​ចាប់​ផ្ដើម​សេព​គប់​ជា​មួយ​ក្រុម​ជំនុំ បង​ប្អូន​ខ្លះ​បាន​យល់​ច្រឡំ​គាត់។ (​សកម្ម. ៩:២៦​) ក្រោយ​មក អ្នក​ខ្លះ​បាន​និយាយ​អំពី​គាត់​នៅ​ពី​ក្រោយ​ខ្នង​ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​គាត់។ (​២កូ. ១០:១០​) ប៉ូល​បាន​ឃើញ​បង​ប្រុស​ដែល​នាំ​មុខ​ម្នាក់​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស​ដែល​អាច​នាំ​ឲ្យ​អ្នក​ឯ​ទៀត​ជំពប់​ដួល។ (​កាឡ. ២:១១, ១២​) ម្យ៉ាង​ទៀត ម៉ាកុស​ដែល​ជា​ដៃ​គូ​ដ៏​ជិត​ស្និទ្ធ​ម្នាក់​របស់​គាត់​បាន​ធ្វើ​ឲ្យ​គាត់​ខក​ចិត្ត​ជា​ខ្លាំង។ (​សកម្ម. ១៥:៣៧, ៣៨​) ប៉ូល​អាច​អនុញ្ញាត​ឲ្យ​រឿង​ណា​មួយ​ទាំង​នេះ​ធ្វើ​ឲ្យ​គាត់​ឈប់​សេព​គប់​ជា​មួយ​ពួក​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​គាត់​ទើស​ចិត្ត។ ក៏​ប៉ុន្តែ គាត់​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​បង​ប្អូន ហើយ​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់។ តើ​អ្វី​បាន​ជួយ​ប៉ូល​ឲ្យ​ស៊ូ​ទ្រាំ? ប៉ូល​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ។ សេចក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​អ្នក​ឯ​ទៀត​បាន​ជួយ​គាត់​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្តិ​របស់​ពួក​គេ មិន​មែន​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​ពួក​គេ​ទេ។ សេចក្ដី​ស្រឡាញ់​ក៏​បាន​ជួយ​ប៉ូល​ឲ្យ​ធ្វើ​តាម​អ្វី​ដែល​បាន​បញ្ជាក់​នៅ​ក្នុង​បទ​គម្ពីរ​ថ្ងៃ​នេះ។ w​២៤.០៣ ទំ.១៥ វ.៤​-​៥

ថ្ងៃ​ច័ន្ទ ទី​២២ ខែ​ធ្នូ

ខ្ញុំ​បម្រើ​របស់​លោក​ម្ចាស់​មិន​ចាំ​បាច់​ឈ្លោះ​ប្រកែក​ទេ តែ​ត្រូវ​ប្រព្រឹត្ត​ដោយ​សុភាព​ចំពោះ​មនុស្ស​ទាំង​អស់។—២ធី. ២:២៤

គម្ពីរ​មាន​កំណត់​ហេតុ​ជា​ច្រើន​ដែល​លើក​បញ្ជាក់​អំពី​តម្លៃ​នៃ​ការ​មាន​ចិត្ត​ស្លូត​បូត។ សូម​គិត​អំពី​គំរូ​របស់​អ៊ីសាក។ ពេល​គាត់​រស់​នៅ​ស្រុក​ភីលីស្ទីន​នា​តំបន់​ខេរ៉ា អ្នក​ជិត​ខាង​ដែល​មាន​ចិត្ត​ច្រណែន​បាន​លុប​អណ្ដូង​ដែល​អ្នក​បម្រើ​របស់​ឪពុក​គាត់​បាន​ជីក។ ជា​ជាង​ត​តាំង​ដើម្បី​រក្សា​អណ្ដូង​នោះ អ៊ីសាក​បាន​នាំ​ពួក​អ្នក​ផ្ទះ​របស់​គាត់​រើ​ទៅ​កន្លែង​ឆ្ងាយ​ជាង ហើយ​ជីក​អណ្ដូង​ផ្សេង​ទៀត។ (​ដក. ២៦:១២​-​១៨​) ប៉ុន្តែ ពួក​ភីលីស្ទីន​បាន​អះអាង​ថា​ទឹក​ពី​អណ្ដូង​ក្នុង​តំបន់​នេះ​ក៏​ជា​របស់​ពួក​គេ​ដែរ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី អ៊ីសាក​បាន​ប្រព្រឹត្ត​ដោយ​សន្តិភាព។ (​ដក. ២៦:១៩​-​២៥​) តើ​អ្វី​បាន​ជួយ​គាត់​ឲ្យ​រក្សា​ចិត្ត​ស្លូត​បូត ទោះ​ជា​ពេល​ដែល​អ្នក​ឯ​ទៀត​មើល​ទៅ​ចង់​ធ្វើ​ឲ្យ​គាត់​ខឹង​ក្ដី? គាត់​ច្បាស់​ជា​បាន​សង្កេត​មើល​គំរូ​របស់​ឪពុក​ម្ដាយ​គាត់ ដោយ​រៀន​ច្រើន​ពី​របៀប​ដែល​អាប្រាហាំ​ធ្វើ​ឲ្យ​មាន​សន្តិភាព ព្រម​ទាំង​ពី​«​ចិត្ត​ស្ងៀម​ស្ងាត់​និង​ស្លូត​បូត​»​របស់​សារ៉ា។—១ពេ. ៣:៤​-​៦; ដក. ២១:២២​-​៣៤ w​២៣.០៩ ទំ.១៥ វ.៤

ថ្ងៃ​អង្គារ ទី​២៣ ខែ​ធ្នូ

អ្វី​ដែល​ខ្ញុំ​មាន​គោល​បំណង​ធ្វើ​ហើយ នឹង​សម្រេច​ជាក់​ជា​មិន​ខាន។—អេ. ៤៦:១១

ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ចាត់​បុត្រ​ច្បង​របស់​លោក​ឲ្យ​មក​ផែន​ដី​ដើម្បី​បង្រៀន​មនុស្ស​អំពី​រាជាណាចក្រ​លោក និង​ដើម្បី​ផ្ដល់​ជីវិត​ខ្លួន​ជា​ថ្លៃ​លោះ​ឲ្យ​យើង​រួច​ផុត​ពី​ការ​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ ក្រោយ​មក លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទៅ​ស្ថាន​សួគ៌​ដើម្បី​គ្រប់​គ្រង​ជា​ស្ដេច​នៃ​រាជាណាចក្រ​របស់​ព្រះ។ គោល​រឿង​ចម្បង​នៃ​គម្ពីរ​គឺ​ថា​នាម​របស់​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​ជម្រះ​ពី​ការ​តិះ​ដៀល កាល​ដែល​លោក​សម្រេច​គោល​បំណង​របស់​លោក​ចំពោះ​ផែន​ដី​តាម​រយៈ​រាជាណាចក្រ​លោក​ក្រោម​ការ​គ្រប់​គ្រង​របស់​គ្រិស្ត។ គោល​បំណង​របស់​ព្រះ​យេហូវ៉ា​មិន​អាច​ផ្លាស់​ប្ដូរ​បាន​ទេ។ លោក​បាន​ធានា​ថា​លោក​នឹង​សម្រេច​គោល​បំណង​នោះ​ជាក់​ជា​មិន​ខាន។ (​អេ. ៤៦:១០; ហេ. ៦:១៧, ១៨​) ផែន​ដី​នឹង​ប្រែ​ក្លាយ​ជា​សួន​ឧទ្យាន​ដែល​ជា​កន្លែង​មនុស្ស​សុចរិត​ដ៏​ល្អ​ឥត​ខ្ចោះ ដែល​ជា​កូន​ចៅ​របស់​អាដាម​និង​អេវ៉ា​នឹង​«​រស់​ជា​រៀង​រហូត​»។ (​ចសព. ២២:២៦​) ប៉ុន្តែ​នេះ​មិន​មែន​ជា​អ្វី​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​នឹង​សម្រេច​ទេ។ លោក​ក៏​នឹង​បង្រួប​បង្រួម​អ្នក​បម្រើ​ទាំង​អស់​របស់​លោក​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែន​ដី​ផង​ដែរ។ យ៉ាង​នេះ គ្រប់​គ្នា​នឹង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ជា​អ្នក​គ្រប់​គ្រង​របស់​ពួក​គេ​ដោយ​ស្មោះ​ភក្ដី។ (​អេភ. ១:៨​-​១១​) តើ​អ្នក​កោត​ស្ងើច​របៀប​ដ៏​អស្ចារ្យ​ដែល​ព្រះ​យេហូវ៉ា​សម្រេច​គោល​បំណង​របស់​លោក​ឬ​ទេ? w​២៣.១០ ទំ.២០ វ.៧​-​៨

ថ្ងៃ​ពុធ ទី​២៤ ខែ​ធ្នូ

​«​ចូរ​រឹង​មាំ​ឡើង . . . ព្រោះ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ហើយ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។—ហាក. ២:៤

ពេល​ជនជាតិ​យូដា​ដែល​បាន​ចាក​ចេញ​ពី​បាប៊ីឡូន​បាន​ទៅ​ដល់​ក្រុង​យេរូសាឡិម ពួក​គេ​ចាប់​ផ្ដើម​មាន​ការ​ពិបាក​ក្នុង​ការ​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ។ ម្យ៉ាង​ទៀត មាន​ភាព​ចលាចល​ក្នុង​ចក្រភព​ពើស៊ី ព្រម​ទាំង​ការ​ប្រឆាំង​ពី​ប្រជា​ជាតិ​នៅ​ជុំ​វិញ។ ដូច្នេះ អ្នក​ខ្លះ​ពិបាក​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​សង់​វិហារ​របស់​ព្រះ​យេហូវ៉ា​ឡើង​វិញ។ យ៉ាង​នេះ ព្រះ​យេហូវ៉ា​បាន​ចាត់​អ្នក​ប្រកាស​ទំនាយ​ពីរ​នាក់​គឺ​ហាកាយ​និង​សាការី​ឲ្យ​ជួយ​បណ្ដា​ជន​មាន​ចិត្ត​ខ្នះខ្នែង​ឡើង​វិញ ហើយ​នេះ​មាន​លទ្ធផល​ល្អ។ (​ហាក. ១:១; សាក. ១:១​) ប៉ុន្តែ​ជិត​៥០​ឆ្នាំ​ក្រោយ​មក ជនជាតិ​យូដា​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ម្ដង​ទៀត។ យ៉ាង​នេះ អែសរ៉ា​ដែល​ជា​អ្នក​ចម្លង​ច្បាប់​ដ៏​ស្ទាត់​ជំនាញ​បាន​មក​ពី​បាប៊ីឡូន​ទៅ​ក្រុង​យេរូសាឡិម ដើម្បី​លើក​ទឹក​ចិត្ត​រាស្ត្រ​ព្រះ​ឲ្យ​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ពិត​ថា​ជា​អ្វី​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ពួក​គេ។ (​អែស. ៧:១, ៦​) ដូច​ទំនាយ​របស់​ហាកាយ​និង​សាការី​បាន​ជួយ​រាស្ត្រ​ព្រះ​នៅ​អតីតកាល​ឲ្យ​បន្ត​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ក្នុង​អំឡុង​ការ​ប្រឆាំង ទំនាយ​ទាំង​នោះ​ក៏​អាច​ជួយ​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ឲ្យ​រក្សា​ទំនុក​ចិត្ត​ទៅ​លើ​ការ​គាំទ្រ​របស់​ព្រះ​យេហូវ៉ា ទោះ​ជា​មាន​ការ​ពិបាក​ក្នុង​ជីវិត​យ៉ាង​ណា​ក្ដី។—សុភ. ២២:១៩ w​២៣.១១ ទំ.១៤​-​១៥ វ.២​-​៣

ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​ធ្នូ

ចូរ​បំពាក់​ខ្លួន​ដោយ​សេចក្ដី​ស្រឡាញ់ ព្រោះ​នេះ​ជា​ចំណង​ដែល​ធ្វើ​ឲ្យ​មាន​សាមគ្គីភាព​ល្អ​ឥត​ខ្ចោះ។—កូឡ. ៣:១៤

តើ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​បង​ប្អូន​រួម​ជំនឿ​តាម​របៀប​ណា? របៀប​មួយ​គឺ​ដោយ​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​ពួក​គេ។ យើង​នឹង​អាច​«​បន្ត​សម្រាល​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក​»​ បើ​យើង​មាន​ចិត្ត​អាណិត​មេត្តា​ចំពោះ​អ្នក​ឯ​ទៀត។ (​១ថែ. ៥:១១, កំ.ស.​) តើ​យើង​អាច​រក្សា​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​ខ្លាំង​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​អភ័យ​ទោស​ចំពោះ​កំហុស​របស់​អ្នក​ឯ​ទៀត។ ហេតុ​អ្វី​គឺ​កាន់​តែ​សំខាន់​នៅ​សព្វ​ថ្ងៃ​នេះ​ឲ្យ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក? សូម​កត់​សម្គាល់​អំពី​មូលហេតុ​ដែល​ពេត្រុស​ផ្ដល់​ឲ្យ គឺ​ថា​៖ ​«​ទី​បញ្ចប់​នៃ​អ្វី​ៗ​ទាំង​អស់​គឺ​ជិត​ដល់​ហើយ។ ដូច្នេះ . . . ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​ខ្លាំង​»។ (​១ពេ. ៤:៧, ៨​) កាល​ដែល​ទី​បញ្ចប់​នៃ​ពិភព​លោក​ដ៏​ទុច្ចរិត​នេះ​កាន់​តែ​ខិត​ចូល​មក​ដល់ តើ​យើង​អាច​រំពឹង​អ្វី? លោក​យេស៊ូ​បាន​ប្រាប់​ទុក​ជា​មុន​អំពី​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ប្រជា​ជាតិ​ទាំង​ឡាយ​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​សារ​អ្នក​រាល់​គ្នា​កាន់​តាម​ខ្ញុំ​»។ (​ម៉ាថ. ២៤:៩​) ដើម្បី​ស៊ូ​ទ្រាំ​នឹង​ការ​ស្អប់​បែប​នេះ យើង​ត្រូវ​រក្សា​សាមគ្គីភាព។ បើ​យើង​ស្រឡាញ់​បង​ប្អូន​របស់​យើង សាថាន​នឹង​មិន​អាច​បំបែក​បំបាក់​យើង​បាន​ទេ។—ភី. ២:១, ២ w​២៣.១១ ទំ.១៣ វ.១៨​-​១៩

ថ្ងៃ​សុក្រ ទី​២៦ ខែ​ធ្នូ

យើង​ជា​អ្នក​រួម​ការ​ងារ​ជា​មួយ​នឹង​ព្រះ។—១កូ. ៣:៩

សេចក្ដី​ពិត​ពី​បណ្ដាំ​ព្រះ​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​ក្លា។ ពេល​យើង​បង្រៀន​មនុស្ស​អំពី​ព្រះ​យេហូវ៉ា​និង​គុណ​សម្បត្តិ​របស់​លោក យើង​ឃើញ​អ្វី​ដ៏​អស្ចារ្យ។ មនុស្ស​លែង​ចាញ់​បោក​ការ​ភូត​ភរ​របស់​សាថាន ហើយ​ពួក​គេ​អាច​ចាប់​ផ្ដើម​ឃើញ​គុណ​សម្បត្តិ​ដ៏​ថ្លៃ​ថ្លា​របស់​បិតា​យើង។ ពួក​គេ​មាន​ការ​ស្ញប់​ស្ញែង​ចំពោះ​ឫទ្ធានុភាព​ដែល​គ្មាន​កម្រិត​របស់​លោក។ (​អេ. ៤០:២៦​) ពួក​គេ​រៀន​ទុក​ចិត្ត​លោក​ដោយ​សារ​យុត្តិធម៌​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក។ (​បច. ៣២:៤​) ពួក​គេ​រៀន​ច្រើន​ពី​ប្រាជ្ញា​ដ៏​ធំ​ធេង​របស់​លោក។ (​អេ. ៥៥:៩; រ៉ូម ១១:៣៣​) ម្យ៉ាង​ទៀត ពួក​គេ​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​រៀន​ថា​លោក​គឺ​ជា​សេចក្ដី​ស្រឡាញ់។ (​១យ៉ូន. ៤:៨​) កាល​ដែល​ពួក​គេ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា សេចក្ដី​សង្ឃឹម​របស់​ពួក​គេ​អំពី​ការ​រស់​នៅ​ជា​រៀង​រហូត​ជា​កូន​របស់​លោក ទៅ​ជា​ពិត​ប្រាកដ​ចំពោះ​ពួក​គេ។ យើង​មាន​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ដើម្បី​ជួយ​មនុស្ស​ឲ្យ​ចូល​ទៅ​ជិត​បិតា​នៅ​ស្ថាន​សួគ៌! ពេល​យើង​ធ្វើ​ដូច្នេះ ព្រះ​យេហូវ៉ា​ចាត់​ទុក​យើង​ជា​«​អ្នក​រួម​ការ​ងារ​»​ជា​មួយ​នឹង​លោក។—១កូ. ៣:៥ w​២៤.០២ ទំ.១២ វ.១៥

ថ្ងៃ​សៅរ៍ ទី​២៧ ខែ​ធ្នូ

បើ​អ្នក​ស្បថ​ហើយ តែ​មិន​ធ្វើ​តាម នោះ​កុំ​ស្បថ​ល្អ​ជាង។—អទ. ៥:៥

បើ​អ្នក​ជា​សិស្ស​គម្ពីរ ឬ​បើ​អ្នក​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ដោយ​ឪពុក​ម្ដាយ​ដែល​ជា​សាក្សី តើ​អ្នក​កំពុង​គិត​អំពី​ការ​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ? នេះ​គឺ​ជា​គោល​ដៅ​ល្អ​ណាស់! ប៉ុន្តែ​មុន​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​នឹង​ត្រូវ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា។ តើ​អ្នក​អាច​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? អ្នក​សន្យា​នឹង​លោក​ក្នុង​សេចក្ដី​អធិដ្ឋាន​ថា​អ្នក​នឹង​គោរព​ប្រណិប័តន៍​តែ​លោក​ប៉ុណ្ណោះ ហើយ​ថា​អ្នក​នឹង​ចាត់​ទុក​បំណង​ប្រាថ្នា​របស់​លោក​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក។ យ៉ាង​នេះ អ្នក​កំពុង​សន្យា​នឹង​ព្រះ​យេហូវ៉ា​ថា​អ្នក​នឹង​បន្ដ​ស្រឡាញ់​លោក​«​ឲ្យ​អស់​ពី​ដួង​ចិត្ត អស់​ពី​ជីវិត អស់​ពី​សមត្ថភាព​រិះ​គិត និង​អស់​ពី​កម្លាំង​កាយ​»។ (​ម៉ាក. ១២:៣០​) ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​គឺ​ជា​អ្វី​ដែល​អ្នក​ធ្វើ​ម្នាក់​ឯង គឺ​រវាង​អ្នក​និង​ព្រះ​យេហូវ៉ា។ រីឯ​ការ​ជ្រមុជ​ទឹក​គឺ​ធ្វើ​ឡើង​ជា​សាធារណៈ ហើយ​នោះ​បង្ហាញ​អ្នក​ឯ​ទៀត​ថា​អ្នក​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​រួច​ហើយ។ ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​គឺ​ជា​ពាក្យ​សម្បថ​ដ៏​ពិសិដ្ឋ​មួយ ហើយ​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​អ្នក​រស់​នៅ​ស្រប​តាម​ពាក្យ​សម្បថ​នោះ ដូច​អ្នក​តម្រូវ​ពី​ខ្លួន​ឯង​ដែរ។—អទ. ៥:៤ w​២៤.០៣ ទំ.២ វ.២; ទំ.៣ វ.៥

ថ្ងៃ​អាទិត្យ ទី​២៨ ខែ​ធ្នូ

ចូរ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​អ្នក រីឯ​ប្រពន្ធ​ត្រូវ​គោរព​ប្ដី​យ៉ាង​ជ្រាល​ជ្រៅ។—អេភ. ៥:៣៣

គ្រប់​អាពាហ៍ពិពាហ៍​តែង​មាន​បញ្ហា។ គម្ពីរ​ប្រាប់​ចំ​ៗ​ថា​អ្នក​ដែល​រៀប​ការ​នឹង​មាន​«​ការ​លំបាក​ផ្សេង​ៗ​ក្នុង​ជីវិត​»។ (​១កូ. ៧:២៨​) ហេតុ​អ្វី? ដោយ​សារ​ការ​រៀប​ការ​គឺ​រវាង​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ពីរ​នាក់ ហើយ​ម្នាក់​ៗ​មាន​បុគ្គលិក​លក្ខណៈ និង​ចំណង់​ចំណូល​ចិត្ត​ខុស​ៗ​គ្នា។ គូ​ខ្លះ​ប្រហែល​ជា​មក​ពី​វប្បធម៌​ឬ​មាន​ប្រវត្តិ​ខុស​ពី​គ្នា។ យូរ​ៗ​ទៅ ពួក​គេ​ប្រហែល​ជា​ឃើញ​គុណ​វិបត្តិ​របស់​គូ​ដែល​ពួក​គេ​មិន​បាន​កត់​សម្គាល់​មុន​រៀប​ការ។ អ្វី​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា។ ជា​ជាង​ទទួល​ស្គាល់​ថា​ម្នាក់​ៗ​មាន​ចំណែក​ក្នុង​បញ្ហា ហើយ​ព្យាយាម​រក​ដំណោះ​ស្រាយ ពួក​គេ​បន្ទោស​គូ​របស់​ខ្លួន។ ពួក​គេ​ប្រហែល​ជា​ថែម​ទាំង​គិត​ថា​ការ​រស់​នៅ​បែក​ពី​គ្នា​ឬ​ការ​លែង​លះ​គឺ​ជា​ដំណោះ​ស្រាយ។ ប៉ុន្តែ តើ​ការ​ឈប់​ព្យាយាម​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​គឺ​ជា​វិធី​ល្អ​ឬ​ទេ? មិន​មែន​ទេ។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ប្ដី​ប្រពន្ធ​បន្ត​រួម​រស់​ជា​មួយ​គ្នា​ទោះ​ជា​គូ​របស់​ពួក​គេ​ជា​មនុស្ស​ពិបាក​រស់​នៅ​ជា​មួយ​ក្ដី។ w​២៤.០៣ ទំ.១៦ វ.៨; ទំ.១៧ វ.១១

ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​ធ្នូ

សេចក្ដី​សង្ឃឹម​នោះ​មិន​នាំ​ឲ្យ​ខក​ចិត្ត​ឡើយ។—រ៉ូម ៥:៥

ក្រោយ​ពី​អ្នក​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ទទួល​ការ​ជ្រមុជ​ទឹក សេចក្ដី​សង្ឃឹម​របស់​អ្នក​ស្ដី​អំពី​ការ​រស់​នៅ​ជា​រៀង​រហូត​លើ​ផែន​ដី​ជា​សួន​ឧទ្យាន​បាន​បន្ត​កើន​ឡើង កាល​ដែល​អ្នក​កាន់​តែ​រៀន​និង​កាន់​តែ​មាន​ភាព​ចាស់​ទុំ​ខាង​ជំនឿ។ (​ហេ. ៥:១៣–៦:១​) អ្នក​ទំនង​ជា​បាន​ពិសោធ​នូវ​អ្វី​ដែល​បាន​រៀប​រាប់​នៅ​រ៉ូម ៥:២​-​៤។ អ្នក​មាន​ទុក្ខ​លំបាក​ផ្សេង​ៗ ប៉ុន្តែ​អ្នក​បាន​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ទាំង​នោះ ហើយ​ដឹង​ថា​ព្រះ​ពេញ​ចិត្ត​នឹង​អ្នក។ ដោយ​សារ​អ្នក​ដឹង​ថា​លោក​ស្រឡាញ់​និង​ពេញ​ចិត្ត​អ្នក ឥឡូវ​អ្នក​មាន​ហេតុ​ច្រើន​ជាង​ឲ្យ​រំពឹង​ថា​អ្នក​នឹង​ទទួល​អ្វី​ដែល​លោក​បាន​សន្យា។ សេចក្ដី​សង្ឃឹម​របស់​អ្នក​បាន​ទៅ​ជា​ខ្លាំង​ជាង​សេចក្ដី​សង្ឃឹម​ដែល​អ្នក​ធ្លាប់​មាន​នៅ​ដើម​ដំបូង។ សេចក្ដី​សង្ឃឹម​នោះ​គឺ​កាន់​តែ​ពិត​ប្រាកដ​ចំពោះ​អ្នក​ផ្ទាល់។ ម្យ៉ាង​ទៀត សេចក្ដី​សង្ឃឹម​នោះ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ចំពោះ​អ្នក ហើយ​ក៏​ជះ​ឥទ្ធិពល​លើ​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​របស់​អ្នក និង​ផ្លាស់​ប្ដូរ​របៀប​ដែល​អ្នក​ប្រព្រឹត្ត​ចំពោះ​ក្រុម​គ្រួសារ របៀប​ដែល​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត ថែម​ទាំង​របៀប​ដែល​អ្នក​ប្រើ​ពេល​វេលា​ផង​ដែរ។ សាវ័ក​ប៉ូល​បន្ថែម​ចំណុច​ដ៏​សំខាន់​ណាស់​មួយ​អំពី​សេចក្ដី​សង្ឃឹម​ដែល​អ្នក​មាន​ក្រោយ​ពី​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ។ គាត់​ពង្រឹង​ទំនុក​ចិត្ត​អ្នក​ថា​សេចក្ដី​សង្ឃឹម​របស់​អ្នក​នឹង​ក្លាយ​ជា​ការ​ពិត។—រ៉ូម ១៥:១៣ w​២៣.១២ ទំ.១២​-​១៣ វ.១៦​-​១៩

ថ្ងៃ​អង្គារ ទី​៣០ ខែ​ធ្នូ

[​ព្រះ​យេហូវ៉ា​]​ជា​ទី​ពឹង​ជ្រក​ដ៏​មាន​សុវត្ថិភាព​សម្រាប់​ខ្ញុំ ខ្ញុំ​គ្មាន​ថ្ងៃ​រង្គោះ​រង្គើ​រហូត​ដល់​ដួល​រលំ​ឡើយ។—ចសព. ៦២:២

ពេល​យើង​ឆ្លង​កាត់​ទុក្ខ​លំបាក អារម្មណ៍ គំនិត និង​ការ​ប្រព្រឹត្ត​របស់​យើង​ប្រហែល​ជា​មិន​មាន​តុល្យភាព​ដូច​ធម្មតា​ទេ។ អារម្មណ៍​របស់​យើង​ប្រហែល​ជា​ប្រែ​ប្រួល​ហាក់​ដូច​ជា​យោគ​ចុះ​យោគ​ឡើង។ តើ​ព្រះ​យេហូវ៉ា​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​ពេល​អារម្មណ៍​របស់​យើង​ដូច​ជា​លិច​លង់​ក្នុង​ទឹក? លោក​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​លោក​នឹង​ធ្វើ​ឲ្យ​យើង​នឹងនរ។ ពេល​មាន​ព្យុះ​នៅ​សមុទ្រ កប៉ាល់​ប្រហែល​ជា​ចាប់​ផ្ដើម​ឃ្លេង​ឃ្លោង​យ៉ាង​ខ្លាំង។ ដើម្បី​មិន​ឲ្យ​កប៉ាល់​ឃ្លេង​ឃ្លោង កប៉ាល់​ជា​ច្រើន​មាន​ស្លាប​ទាំង​សង​ខាង​នៅ​បាត​វា។ ស្លាប​កប៉ាល់​ទាំង​នេះ​អាច​ជួយ​កាត់​បន្ថយ​ភាព​ឃ្លេង​ឃ្លោង។ យ៉ាង​នេះ មនុស្ស​នៅ​លើ​កប៉ាល់​មាន​សុវត្ថិភាព​ជាង ហើយ​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ​កាន់​តែ​ស្រួល។ ប៉ុន្តែ ស្លាប​កប៉ាល់​ជា​ច្រើន​ដំណើរ​ការ​យ៉ាង​ល្អ​បំផុត​ពេល​ដែល​កប៉ាល់​ទៅ​មុខ។ ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​យើង​នឹងនរ កាល​ដែល​យើង​បន្ត​ទៅ​មុខ​យ៉ាង​ស្មោះ​ត្រង់​ក្នុង​គ្រា​លំបាក។ w​២៤.០១ ទំ.២២ វ.៧​-​៨

ថ្ងៃ​ពុធ ទី​៣១ ខែ​ធ្នូ

ខ្ញុំ​ទុក​ចិត្ត​ព្រះ ដូច្នេះ​ខ្ញុំ​មិន​ខ្លាច​ឡើយ។—ចសព. ៥៦:៤

ពេល​អ្នក​ភ័យ​ខ្លាច សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ខ្លះ​រួច​ហើយ?›។ សូម​គិត​អំពី​អ្វី​ដែល​លោក​បាន​បង្កើត។ ជា​ឧទាហរណ៍ សូម​«​សង្កេត​មើល​»​របៀប​ដែល​ព្រះ​យេហូវ៉ា​ថែ​រក្សា​សត្វ​ស្លាប​និង​ផ្កា ទោះ​ជា​អ្វី​ទាំង​នេះ​មិន​បាន​ត្រូវ​បង្កើត​មក​ឲ្យ​មាន​ភាព​ដូច​លោក និង​មិន​មាន​សមត្ថភាព​គោរព​ប្រណិប័តន៍​លោក​ក្ដី។ ព្រះ​យេហូវ៉ា​ច្បាស់​ជា​នឹង​ថែ​រក្សា​យើង​ខ្លាំង​ជាង​នេះ​ទៅ​ទៀត! ការ​រំពឹង​គិត​អំពី​ចំណុច​នេះ​អាច​ជួយ​យើង​ឲ្យ​ទុក​ចិត្ត​លោក​កាន់​តែ​ខ្លាំង​ឡើង។ (​ម៉ាថ. ៦:២៥​-​៣២​) សូម​គិត​ផង​ដែរ​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ចំពោះ​ពួក​អ្នក​គោរព​ប្រណិប័តន៍​លោក។ អ្នក​អាច​សិក្សា​អំពី​បុគ្គល​ក្នុង​គម្ពីរ​ដែល​បាន​បង្ហាញ​ជំនឿ​យ៉ាង​មុត​មាំ ឬ​អាច​អាន​បទ​ពិសោធន៍​របស់​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ណា​ម្នាក់​នៅ​សម័យ​យើង។ បន្ថែម​ទៅ​ទៀត សូម​រំពឹង​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ធ្លាប់​មើល​ថែ​អ្នក។ ជា​ឧទាហរណ៍ តើ​លោក​បាន​ទាញ​នាំ​អ្នក​ឲ្យ​ចូល​មក​សេចក្ដី​ពិត​យ៉ាង​ដូច​ម្ដេច? (​យ៉ូន. ៦:៤៤​) តើ​លោក​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​តាម​របៀប​ណា? (​១យ៉ូន. ៥:១៤​) តើ​អ្នក​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​រាល់​ថ្ងៃ​ពី​គ្រឿង​បូជា​របស់​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក?—អេភ. ១:៧; ហេ. ៤:១៤​-​១៦ w​២៤.០១ ទំ.៤ វ.៦; ទំ.៧ វ.១៧

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក