ជំពូកទី៤
អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា
របៀបក្រុមជំនុំត្រូវរៀបចំឡើងនិងចាត់ចែង
ក្នុង សំបុត្រទីមួយដែលសាវ័កប៉ុលសរសេរទៅកាន់គ្រិស្តសាសនិកនៅទីក្រុងកូរិនថូស គាត់បញ្ជាក់ការពិតដ៏សំខាន់មួយអំពីព្រះ។ គាត់បានសរសេរថា «ព្រះទ្រង់មិនមែនជាព្រះនៃ[«ការខ្វះសណ្ដាប់ធ្នាប់»]ទេ គឺទ្រង់ជាព្រះនៃសេចក្ដីសុខសាន្តវិញ»។ រួចមក គាត់បានសរសេរស្តីអំពីការប្រជុំគ្នាថា «ត្រូវតែធ្វើការទាំងអស់តាមបែបគួរសម ហើយដោយ[«មានសណ្ដាប់ធ្នាប់»]ផង»។—១កូ. ១៤:៣៣, ៤០; ខ.ស.
នៅជំពូកទីមួយនៃសំបុត្រដដែលនោះ សាវ័កប៉ុលបានទូន្មានពួកគេ ដោយសារគាត់បានឮសេចក្ដីរាយការណ៍ដែលថា មានការឈ្លោះប្រកែកគ្នាក្នុងក្រុមជំនុំនៅទីនោះ។ ប៉ុលបានដាស់តឿនបងប្អូននៅទីក្រុងកូរិនថូសឲ្យ«និយាយសេចក្ដីដដែលទាំងអស់គ្នា»ហើយ«រួបរួមគ្នា ដោយមានចិត្តមានគំនិតតែ១វិញ»។ (១កូ. ១:១០, ១១) បន្ទាប់ពីនោះ គាត់បានឲ្យដំបូន្មានអំពីរឿងផ្សេងៗដែលកំពុងតែធ្វើឲ្យក្រុមជំនុំបែកសាមគ្គី។ ប៉ុលក៏បានលើកឧទាហរណ៍អំពីអវយវៈនៃរូបកាយ ដើម្បីបញ្ជាក់ចំណុចថា សាមគ្គីភាព និងការរួមសហការគ្នាគឺចាំបាច់។ ម្ល៉ោះហើយបានជា គាត់ជំរុញចិត្តបងប្អូនទាំងអស់ក្នុងក្រុមជំនុំមិនថាមានតួនាទីអ្វីក៏ដោយ ឲ្យគាំពារគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់។ (១កូ. ១២:១២-២៦) ដើម្បីឲ្យសមាជិកក្រុមជំនុំពួតដៃគ្នាយ៉ាងជិតស្និទ្ធហើយបំពេញការងារដូច្នេះ ត្រូវមានរបៀបរៀបចំមួយ។
ក៏ប៉ុន្តែនៅសម័យនោះ តើក្រុមជំនុំគ្រិស្តសាសនិកត្រូវរៀបចំឡើងយ៉ាងដូចម្ដេច? តើនរណាជាអ្នករៀបចំ? តើក្រុមជំនុំត្រូវមានរចនាសម្ព័ន្ធបែបណា? ហើយតើអ្នកណានឹងត្រូវតែងតាំងឲ្យទទួលខុសត្រូវក្នុងក្រុមជំនុំ? យើងអាចរកចម្លើយដ៏ច្បាស់ ដោយឲ្យព្រះគម្ពីរឆ្លើយសំណួរទាំងនេះ។—១កូ. ៤:៦
ត្រូវរៀបចំឡើងក្រោមអធិបតីភាពរបស់ព្រះ
ក្រុមជំនុំគ្រិស្តសាសនិកបានត្រូវបង្កើតឡើងនៅឆ្នាំ៣៣គ.ស. ក្នុងកំលុងបុណ្យសាសន៍យូដាមួយដែលហៅថាបុណ្យថ្ងៃទី៥០។ តើយើងអាចដឹងអ្វីខ្លះអំពីក្រុមជំនុំនៅសម័យនោះ? យើងអាចដឹងថាក្រុមជំនុំនោះត្រូវរៀបចំឡើងនិងចាត់ចែងក្រោមអធិបតីភាពរបស់ព្រះ។ កំណត់ហេតុដែលព្រះបានបណ្ដាលឲ្យសរសេរ ស្តីអំពីអ្វីដែលកើតឡើងនៅទីក្រុងយេរូសាឡិមជិត២.០០០ឆ្នាំមុននោះ ជាភ័ស្តុតាងជាក់ច្បាស់ថា ព្រះជាអ្នកបង្កើតក្រុមជំនុំគ្រិស្តសាសនិកដែលត្រូវតែងតាំងដោយវិញ្ញាណ។ (កិច្ច. ២:១-៤៧) ក្រុមជំនុំនោះប្រៀបដូចជាផ្ទះឬដំណាក់របស់ទ្រង់។ (១កូ. ៣:៩; អេភ. ២:១៩) សព្វថ្ងៃនេះក្រុមជំនុំគ្រិស្តសាសនិកដែលបានត្រូវពង្រីកដោយការនាំ«មនុស្ស១ហ្វូងយ៉ាងធំ»ចូលមក ក៏ត្រូវរៀបចំឡើងនិងមានដំណើរការដូចគ្នាសុទ្ធសាធនឹងគំរូពីសតវត្សរ៍ទីមួយ។—វិវរ. ៧:៩, ១០
ក្រុមជំនុំនៅសតវត្សរ៍ទីមួយបានចាប់ដំណើរការដោយមានសមាជិកប្រមាណ១២០នាក់។ វិញ្ញាណបរិសុទ្ធត្រូវចាក់លើអ្នកទាំងនោះមុនគេ ហើយនេះបានសម្រេចបទទំនាយនៅយ៉ូអែល ២:២៨, ២៩។ (កិច្ច. ២:១៦-១៨) ប៉ុន្តែនៅថ្ងៃដដែលនោះ ប្រមាណ៣.០០០នាក់ទៀតបានទទួលបុណ្យជ្រមុជទឹកហើយទៅជាសមាជិកក្រុមជំនុំដែលព្រះបានចាក់វិញ្ញាណបរិសុទ្ធតែងតាំង។ ពួកគេបានជឿតាមព្រះបន្ទូលអំពីព្រះគ្រិស្ត ហើយបាន«ព្យាយាមក្នុងសេចក្ដីបង្រៀនរបស់ពួកសាវក»។ បន្ទាប់ពីនោះ «ព្រះអម្ចាស់ ទ្រង់ក៏បន្ថែមនូវអស់អ្នកដែលកំពុងតែបានសង្គ្រោះរាល់តែថ្ងៃ»។—កិច្ច. ២:៤១, ៤២, ៤៧
នៅទីក្រុងយេរូសាឡិម ក្រុមជំនុំដែលព្រះចាក់វិញ្ញាណបរិសុទ្ធតែងតាំងនោះ បានចម្រើនកើនឡើងដល់ម្ល៉េះ ដែលពួកសង្ឃសាសន៍យូដាត្អូញត្អែរថា សិស្សព្រះគ្រិស្តបានបង្រៀនសេចក្ដីនោះ នៅពេញក្រុងយេរូសាឡិមទាំងមូល។ សិស្សថ្មីដែលបានទៅជាសមាជិកក្រុមជំនុំនៅទីក្រុងយេរូសាឡិម បានរួមបញ្ចូលសង្ឃជាច្រើននាក់ពីសាសន៍យូដា។—កិច្ច. ៥:២៨; ៦:៧
ព្រះយេស៊ូធ្លាប់មានបន្ទូលថា៖ «អ្នករាល់គ្នា . . . នឹងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា នឹងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង»។ (កិច្ច. ១:៨) អ្វីៗបានកើតឡើងដូចទ្រង់មានបន្ទូលមែន ដ្បិតក្រោយស្ទេផានត្រូវគេសម្លាប់ ហើយកើតមានសេចក្ដីបៀតបៀនជាខ្លាំងនៅទីក្រុងយេរូសាឡិមនោះ សិស្សទាំងប៉ុន្មានដែលរស់នៅទីក្រុងយេរូសាឡិមត្រូវខ្ចាត់ខ្ចាយនៅពាសពេញក្នុងស្រុកយូដានិងស្រុកសាម៉ារី។ ប៉ុន្តែទោះជាពួកគេបានទៅកន្លែងណាក៏ដោយ សិស្សទាំងនោះបានបន្តប្រកាសផ្សាយដំណឹងល្អហើយបង្កើនចំនួនសិស្ស ដែលរួមបញ្ចូលមនុស្សខ្លះពីស្រុកសាម៉ារីដែរ។ (កិច្ច. ៨:១-១៣) ក្រោយមកទៀត ដំណឹងល្អត្រូវបានចាប់ផ្ដើមប្រកាសដល់មនុស្សមិនកាត់ស្បែកឬអ្នកដែលមិនមែនជាសាសន៍យូដា ហើយការផ្សាយប្រកាសនោះបានទទួលលទ្ធផលល្អប្រសើរ។ (កិច្ច. ១០:១-៤៨) សកម្មភាពផ្សព្វផ្សាយនិងបញ្ចុះបញ្ចូលឲ្យមានសិស្សនេះ បាននាំឲ្យមានក្រុមជំនុំថ្មីៗក្រៅទីក្រុងយេរូសាឡិម។—កិច្ច. ១១:១៩-២១; ១៤:២១-២៣
ពេលនោះ តើពួកគេបានធ្វើយ៉ាងណាដើម្បីប្រាកដថាក្រុមជំនុំថ្មីនីមួយៗនឹងត្រូវរៀបចំឡើងនិងចាត់ចែងក្រោមអធិបតីភាពរបស់ព្រះ? ក្រោមការដឹកនាំនៃវិញ្ញាណរបស់ព្រះ បុរសខ្លះៗបានត្រូវតែងតាំងឲ្យថែរក្សាហ្វូងសិស្ស។ ពេលប៉ុលនិងបាណាបាសធ្វើទស្សនកិច្ចលើកទីមួយជាសាសនទូតនោះ ពួកគាត់បានរើសពួកចាស់ទុំតាំងឡើងក្នុងក្រុមជំនុំទាំងប៉ុន្មានដែលពួកគាត់ទៅ។ (កិច្ច. ១៤:២៣) កិច្ចការជំពូកទី២០រៀបរាប់អំពីពេលដែលសាវ័កប៉ុលជួបជុំជាមួយពួកអ្នកចាស់ទុំពីទីក្រុងអេភេសូរ។ ប៉ុលប្រាប់ពួកគេថា៖ «ចូរអ្នករាល់គ្នាប្រយ័តខ្លួន ហើយខំថែរក្សាហ្វូងសិស្ស ដែលព្រះវិញ្ញាណបរិសុទ្ធបានតាំងអ្នករាល់គ្នា ឲ្យធ្វើជាអ្នកគង្វាលដល់គេ ដើម្បីឲ្យបានឃ្វាលពួកជំនុំរបស់ព្រះអម្ចាស់ ដែលទ្រង់បានទិញដោយព្រះលោហិតព្រះអង្គទ្រង់ចុះ»។ (កិច្ច. ២០:២៨) នេះមិនមានន័យថាបុរសទាំងនោះមានវ័យចាស់ទេ តែពួកគាត់មានភាពចាស់ទុំខាងវិញ្ញាណវិញ។ ពួកគាត់អាចត្រូវតែងតាំងបាន ដោយសារបានបំពេញតម្រូវការដែលបញ្ជាក់ក្នុងបទគម្ពីរ។ (១ធី. ៣:១-៧) ទីតុសដែលជាគូកនម្នាក់របស់ប៉ុល បានទទួលការអនុញ្ញាតឲ្យតែងតាំងពួកចាស់ទុំក្នុងក្រុមជំនុំផ្សេងៗនៅកោះក្រេត។—ទីត. ១:៥
នៅសតវត្សរ៍ទីមួយ កាលក្រុមជំនុំកាន់តែច្រើនត្រូវរៀបចំឡើងនោះ ពួកសាវ័កនិងពួកអ្នកចាស់ទុំនៅទីក្រុងយេរូសាឡិមបានបន្តធ្វើជាអ្នកត្រួតពិនិត្យលើពួកជំនុំដែលមានកាន់តែច្រើនឡើងនៅស្រុកផ្សេងៗ។ ពួកគេបានបម្រើជាគណៈអភិបាលសម្រាប់ក្រុមជំនុំគ្រិស្តសាសនិកទាំងមូល។
សាវ័កប៉ុលបានសរសេរសំបុត្រទៅកាន់ក្រុមជំនុំនៅទីក្រុងអេភេសូរ ហើយពន្យល់ថាបើអនុលោមតាមការដឹកនាំនៃព្រះវិញ្ញាណរបស់ព្រះ នោះក្រុមជំនុំគ្រិស្តសាសនិកអាចរក្សាសាមគ្គីភាព ដោយចុះចូលចំពោះប្រមុខភាពរបស់ព្រះយេស៊ូគ្រិស្ត។ សាវ័កប៉ុលបានដាស់តឿនគ្រិស្តសាសនិកនៅទីនោះឲ្យលត់ដំខ្លួនឲ្យមានចិត្តរាបទាប ហើយរក្សានូវសេចក្ដីរួបរួមគ្នាដែលមកពីព្រះវិញ្ញាណ ដោយមានមេត្រីភាពជាមួយនឹងសមាជិកឯទៀតក្នុងក្រុមជំនុំ។ (អេភ. ៤:១-៦) រួចមកគាត់ដកស្រង់ទំនុកដំកើង ៦៨:១៨ហើយយកចំណុចនោះប្រើសំដៅទៅរបៀបរៀបចំរបស់ព្រះយេហូវ៉ា សម្រាប់តែងតាំងបុរសដែលមានលក្ខណៈគ្រប់គ្រាន់ខាងវិញ្ញាណ ដើម្បីបំពេញសេចក្ដីត្រូវការរបស់ក្រុមជំនុំក្នុងតួនាទីជាសាវ័ក គ្រូអធិប្បាយឬព្យាការី អ្នកផ្សាយដំណឹងល្អ អ្នកគង្វាល និងអ្នកបង្រៀន។ បុរសទាំងនេះជាអំណោយពីព្រះយេហូវ៉ា ដែលនឹងស្អាងឡើងឬពង្រឹងភាពខាងវិញ្ញាណរបស់ក្រុមជំនុំទាំងមូល រហូតដល់ក្រុមជំនុំបានពេញខ្នាតឬមានគ្រប់លក្ខណៈខាងវិញ្ញាណដែលត្រូវការដើម្បីឲ្យព្រះសព្វព្រះហឫទ័យ។—អេភ. ៤:៧-១៦
សព្វថ្ងៃនេះក្រុមជំនុំធ្វើតាមគំរូរបស់ពួកសាវ័ក
សព្វថ្ងៃនេះ ក្រុមជំនុំទាំងឡាយរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាត្រូវរៀបចំឡើងតាមគំរូពីសតវត្សរ៍ទីមួយ។ ក្រុមជំនុំទាំងនេះរួមគ្នាជាក្រុមជំនុំដ៏ធំមួយទូទាំងផែនដី ដោយមានអ្នកដែលព្រះចាក់វិញ្ញាណបរិសុទ្ធតែងតាំងជាស្នូល។ (សាក. ៨:២៣) នេះអាចកើតឡើងបាន ពីព្រោះព្រះយេស៊ូគ្រិស្តបង្ហាញភាពស្មោះត្រង់ចំពោះសិស្សរបស់ទ្រង់ដែលត្រូវតែងតាំងដោយវិញ្ញាណ ដោយនៅជាមួយពួកគេ«រាល់ថ្ងៃ . . . ដរាបដល់បំផុតកល្ប»ដូចទ្រង់បានសន្យា។ (ម៉ាថ. ២៨:១៩, ២០; ម៉ាក. ១:១៤; កិច្ច. ២:៤១) ពួកគេទទួលស្គាល់ថាព្រះយេស៊ូគ្រិស្តដែលជា«អ្នកគង្វាលល្អ» គឺជាសិរសាឬអ្នកដឹកនាំក្រុមជំនុំដែលត្រូវតែងតាំងដោយវិញ្ញាណ ថែមទាំងក៏ជាសិរសាលើហ្វូងសិស្សទាំងមូល ដែលរួមទាំង«ចៀមឯទៀត»ផងដែរ។ (យ៉ូន. ១០:១៤, ១៦; អេភ. ១:២២, ២៣) «ហ្វូងតែ១»នោះរក្សានូវសាមគ្គីភាពដោយចុះចូលយ៉ាងស្មោះត្រង់ចំពោះប្រមុខភាពរបស់ព្រះគ្រិស្ត និងខ្សែរយៈរបស់ទ្រង់ក្នុងអង្គការព្រះ គឺ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›ដែលតែងតាំងដោយព្រះគ្រិស្ត។ អ្នកដែលទៅជាសមាជិកក្រុមជំនុំដែលកាន់តែធំទៅៗសព្វថ្ងៃនេះ ជាអ្នកដែលព្រមស្ដាប់តាមដំណឹងល្អរបស់ព្រះ ថ្វាយខ្លួនដោយគ្មានល័ក្ខខ័ណ្ឌដើម្បីបម្រើព្រះយេហូវ៉ានិងធ្វើតាមព្រះហឫទ័យរបស់ទ្រង់ ហើយទទួលបុណ្យជ្រមុជទឹកជាអ្នកកាន់តាមព្រះយេស៊ូគ្រិស្ត។ ចូរឲ្យយើងបន្តបង្ហាញជំនឿជឿជាក់និងទំនុកចិត្តទាំងស្រុងទៅលើក្រុមអ្នកបម្រើស្មោះត្រង់សព្វថ្ងៃនេះ។—ម៉ាថ. ២៤:៤៥
ការប្រើសាជីវកម្មខាងសាសនា
ក្នុងកំលុងជាន់ក្រោយបង្អស់នៃរបបលោកិយអាក្រក់នេះ ទ្រព្យរបស់ចៅហ្វាយបានកើនឡើងយ៉ាងច្រើនទូទាំងផែនដី។ នេះបាននាំឲ្យ«អ្នកបំរើស្មោះត្រង់»មានភារកិច្ចមួយយ៉ាងធំ។ ដើម្បីបំពេញភារកិច្ចផ្គត់ផ្គង់អាហារខាងវិញ្ញាណតាមត្រូវពេល ហើយដើម្បីផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះឲ្យបានសព្វគ្រប់មុនទីបញ្ចប់មកដល់ នោះក្រុមអ្នកបម្រើបានបង្កើតអង្គភាពស្របច្បាប់មួយចំនួន។ ការរៀបចំឡើងនូវសាជីវកម្មស្របច្បាប់ដែលត្រូវទទួលស្គាល់ដោយរដ្ឋាភិបាលនៅប្រទេសផ្សេងៗបានសឲ្យឃើញថាមានប្រយោជន៍មែន។ សាជីវកម្មទាំងនេះមានកន្លែងបោះពុម្ព ដែលបោះពុម្ពហើយចែកផ្សាយព្រះគម្ពីរនិងសៀវភៅផ្សេងៗអំពីព្រះគម្ពីរទូទាំងផែនដី សម្រាប់ប្រើក្នុងកិច្ចបម្រើព្រះរាជាណាចក្រ។
សាជីវកម្មទាំងនេះត្រូវបង្កើតឡើងក្នុងគោលបំណងតែមួយគត់ គឺដើម្បីធ្វើឲ្យការថ្វាយបង្គំពិតរីកចម្រើនទូទាំងផែនដី។ អង្គភាពទាំងអស់នេះសហការគ្នាហើយក៏ផ្ដល់លទ្ធភាពឲ្យផ្សព្វផ្សាយដំណឹងល្អទូទាំងពិភពលោក និងបំពេញសេចក្ដីត្រូវការខាងវិញ្ញាណនៃក្រុមជំនុំទាំងមូលរបស់ព្រះនៅគ្រប់កន្លែងនៅផែនដី។
រចនាសម្ព័ន្ធនៃការិយាល័យសាខា
ពេលណាការិយាល័យសាខាមួយត្រូវរៀបចំឡើង គណៈកម្មាធិការការិយាល័យមួយត្រូវតែងតាំងដោយមានអ្នកចាស់ទុំយ៉ាងតិចបីនាក់។ គណៈកម្មាធិការមានភារកិច្ចផ្សេងៗទាក់ទងនឹងការត្រួតពិនិត្យកិច្ចផ្សព្វផ្សាយនៅក្នុងប្រទេសដែលការិយាល័យសាខានោះមើលការខុសត្រូវ។ សមាជិកម្នាក់ពីចំណោមគណៈកម្មាធិការនោះបម្រើជាប្រធានគណៈកម្មាធិការការិយាល័យសាខា។
ក្រុមជំនុំនីមួយៗដែលនៅក្រោមការត្រួតពិនិត្យនៃការិយាល័យសាខានោះ ត្រូវរៀបចំឡើងជាមណ្ឌល ហើយមណ្ឌលមួយចំនួនត្រូវរៀបចំឡើងជាតំបន់។ មណ្ឌលនិងតំបន់មានទំហំខុសៗគ្នា អាស្រ័យទៅលើទីតាំងនិងភាសា ព្រមទាំងចំនួនក្រុមជំនុំក្នុងកន្លែងដែលការិយាល័យសាខាមើលការខុសត្រូវ។ អ្នកត្រួតពិនិត្យមណ្ឌលត្រូវតែងតាំង ដើម្បីបម្រើក្រុមជំនុំទាំងប៉ុន្មានក្នុងមណ្ឌលនីមួយៗ។ អ្នកត្រួតពិនិត្យតំបន់ធ្វើទស្សនកិច្ចនៅមណ្ឌលផ្សេងៗ និងនៅសន្និបាតប្រចាំមណ្ឌល ហើយក៏ចំណាយពេលខ្លះទៅលើការបម្រើក្រុមជំនុំមួយចំនួន ធម្មតាដោយមានអ្នកត្រួតពិនិត្យមណ្ឌលនៅជាមួយដែរ។ ម្ដងម្កាលកិច្ចបម្រើព្រះរាជាណាចក្រយើងនិងសំបុត្រពីការិយាល័យសាខាបញ្ជាក់នូវភារកិច្ចរបស់អ្នកត្រួតពិនិត្យមណ្ឌលនិងអ្នកត្រួតពិនិត្យតំបន់។
សមាជិកទាំងអស់ក្នុងអង្គការរបស់ព្រះទទួលស្គាល់របៀបរៀបចំរបស់ទ្រង់។ ក្រុមជំនុំទាំងឡាយទទួលស្គាល់និងអនុលោមតាមការណែនាំរបស់អង្គការព្រះ ដ្បិតនោះផ្ដល់ផលប្រយោជន៍ដល់បងប្អូនទាំងអស់គ្នា។ ក្រុមជំនុំទាំងឡាយក៏ចុះចូលនឹងអ្នកចាស់ទុំដែលត្រូវតែងតាំងឲ្យត្រួតពិនិត្យកិច្ចការក្នុងការិយាល័យសាខា តំបន់ មណ្ឌល និងក្រុមជំនុំ។ ក្រុមជំនុំក៏ពឹងពាក់‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›ឲ្យបានអាហារខាងវិញ្ញាណតាមត្រូវពេល។ រីឯ«អ្នកបំរើស្មោះត្រង់»សព្វថ្ងៃនេះ ពួកគាត់ចុះចូលទាំងស្រុងចំពោះប្រមុខភាពរបស់ព្រះគ្រិស្ត ហើយក៏កាន់តាមគោលការណ៍ព្រះគម្ពីរ និងចុះចូលចំពោះការដឹកនាំនៃព្រះវិញ្ញាណបរិសុទ្ធ។ ពេលបងប្អូនទាំងអស់បម្រើជាមួយគ្នាដោយសាមគ្គីភាពនោះ ពួកគេទទួលលទ្ធផលស្រដៀងនឹងលទ្ធផលដែលនៅក្រុមជំនុំទាំងប៉ុន្មាននៅសតវត្សរ៍ទីមួយបានទទួលដែរ។ កិច្ចការ ១៦:៥សរសេរអំពីនោះថា «យ៉ាងនោះ ពួកជំនុំទាំងប៉ុន្មាន មានសេចក្ដីជំនឿរឹតតែខ្លាំង ហើយចំនួននៃពួកសិស្ស ចេះតែចំរើនកើនឡើងជារាល់ថ្ងៃ»។