ជំពូកទី១៣
អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា
ចូរ«ធ្វើទាំងអស់ សំរាប់ចំរើនសិរីល្អដល់ព្រះ»
ក្នុងនាមជាអ្នកបម្រើព្រះដែលបានប្រគល់ខ្លួន ព្រមទាំងតំណាងឲ្យនាមរបស់ទ្រង់ យើងមានកាតព្វកិច្ចសម្ដែងឲ្យឃើញនូវសិរីរុងរឿងរបស់ព្រះយេហូវ៉ាក្នុងអ្វីៗទាំងអស់ដែលយើងនិយាយនិងធ្វើ។ សាវ័កប៉ុលបានផ្ដល់គោលការណ៍មួយដែលអាចណែនាំយើង ពេលលោកសរសេរថា៖ «ដូច្នេះ ទោះបើស៊ី ឬផឹក ឬធ្វើការអ្វីក៏ដោយ នោះចូរធ្វើទាំងអស់សំរាប់ចំរើនសិរីល្អដល់ព្រះចុះ!»។ (១កូ. ១០:៣១) នេះជាប់ទាក់ទងនឹងការកាន់តាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ា ហើយខ្នាតតម្រានោះបង្ហាញពីគុណសម្បត្ដិដ៏ល្អឥតខ្ចោះរបស់ទ្រង់។ (កូល. ៣:១០) យើងត្រូវយកតម្រាប់តាមព្រះដើម្បីធ្វើជារាស្ត្របរិសុទ្ធរបស់ទ្រង់។—អេភ. ៥:១, ២
ដោយនាំឲ្យគ្រិស្តសាសនិកប្រមូលអារម្មណ៍ទៅលើសេចក្ដីត្រូវការនេះ សាវ័កពេត្រុសបានសរសេរថា៖ «[យើងធ្វើ]ឲ្យដូចជាពួកកូនដែលស្ដាប់បង្គាប់ ឥតបណ្ដោយតាមសេចក្ដីប៉ងប្រាថ្នា ដែលអ្នករាល់គ្នាមាន ពីកាលនៅល្ងង់ពីដើមនោះឡើយ តែចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធក្នុងគ្រប់កិរិយាទាំងអស់ ដូចជាព្រះដែលហៅអ្នករាល់គ្នាទ្រង់បរិសុទ្ធដែរ ដ្បិតមានសេចក្ដីចែងទុកមកថា‹ចូរឲ្យឯងរាល់គ្នាបានបរិសុទ្ធ ដ្បិតអញជាបរិសុទ្ធ› »។ (១ពេ. ១:១៤-១៦) ដូចសាសន៍អ៊ីស្រាអែលពីសម័យបុរាណ សមាជិកនៃក្រុមជំនុំពួកគ្រិស្តសាសនិក ត្រូវរក្សាភាពបរិសុទ្ធ។ នេះមានន័យថា ពួកគេត្រូវមានភាពស្អាតស្អំ ហើយកុំឲ្យសៅហ្មងជាមួយអំពើបាបហើយមនុស្សក្នុងពិភពលោកនេះឡើយ។ យ៉ាងនេះ ពួកគេនឹងត្រូវញែកជាបរិសុទ្ធឬក៏ទុកដោយឡែកដើម្បីធ្វើកិច្ចបម្រើព្រះយេហូវ៉ា។—និក្ខ. ២០:៥
ភាពបរិសុទ្ធត្រូវបានរក្សាដោយកាន់តាមច្បាប់និងគោលការណ៍របស់ព្រះយេហូវ៉ា ដែលបានពន្យល់យ៉ាងច្បាស់លាស់នៅក្នុងគម្ពីរបរិសុទ្ធ។ (២ធី. ៣:១៦) តាមរយៈការសិក្សាបទគម្ពីរបរិសុទ្ធនោះ យើងបានរៀនអំពីព្រះយេហូវ៉ា និងរបៀបដែលទ្រង់ប្រព្រឹត្ត ហើយដោយមានចំណេះដឹងនេះ នោះយើងត្រូវបានទាក់ទាញទៅជិតទ្រង់។ ការក្លាយទៅជារាស្ត្ររបស់ទ្រង់មិនគ្រាន់តែថា យើងទទួលសេចក្ដីបង្រៀនបឋមមួយពីរ ហើយបន្ទាប់មកទទួលការជ្រមុជទឹកនោះទេ។ ការសិក្សាគម្ពីរបានបញ្ជាក់ឲ្យយើងជឿជាក់ថា គឺចាំបាច់ឲ្យយើងស្វែងរករាជាណាចក្ររបស់ព្រះជាមុន ហើយចាត់ទុកការធ្វើតាមឆន្ទៈរបស់ទ្រង់ជាអាទិភាពក្នុងជីវិតខ្លួន។ (ម៉ាថ. ៦:៣៣; រ៉ូម ១២:២) បើនិយាយឲ្យចំទៅ នេះតម្រូវឲ្យយើងប្រដាប់ខ្លួនដោយមនុស្សថ្មី ឬបុគ្គលិកលក្ខណៈថ្មី។—អេភ. ៤:២២-២៤
ភាពស្អាតស្អំខាងកិច្ចបម្រើព្រះនិងសីលធម៌
ការបំពេញតាមការឧទ្ទិសថ្វាយខ្លួន ដោយកាន់តាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ា គឺមិនងាយស្រួលឡើយ។ សត្រូវរបស់យើង សាតាំងដែលជាមេកំណាចខំរកវិធីដើម្បីបង្វែរចិត្តបំបែរអារម្មណ៍យើងចេញពីសេចក្ដីពិត។ ជួនកាលយើងមានការពិបាកដោយសារអានុភាពដ៏អាក្រក់របស់ពិភពលោកនេះ ព្រមទាំងភាពមិនល្អឥតខ្ចោះរបស់យើងដែលទោរទន់ទៅរកអំពើបាបដែរ។ ដោយមានកាលៈទេសៈដូចខាងលើនេះ នោះតម្រូវឲ្យយើងតយុទ្ធដើម្បីរក្សាចំណងមេត្រីភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា។ បទគម្ពីរបង្ហាញឲ្យដឹងថា យើងមិនត្រូវភ្ញាក់ផ្អើលទេនៅពេលយើងជួបប្រទះការបៀតបៀនឬទុក្ខលំបាក។ យើងនឹងត្រូវរងទុក្ខដោយព្រោះសេចក្ដីសុចរិត។ (២ធី. ៣:១២) យើងអាចមានសុភមង្គលកាលដែលមានទុក្ខលំបាក ពីព្រោះយើងដឹងថាទុក្ខលំបាកបែបនោះ គឺជាទីសំអាងដែលបញ្ជាក់ថាយើងកំពុងតែធ្វើតាមឆន្ទៈរបស់ព្រះ។—១ពេ. ៣:១៤-១៦; ៤:១៤-១៦
ទោះបីលោកយេស៊ូមានភាពល្អឥតខ្ចោះក្ដី លោកបានរៀនស្ដាប់បង្គាប់តាមរយៈអ្វីដែលលោកបានរងទុក្ខនោះ។ លោកមិនបានចុះចាញ់នឹងការល្បួងរបស់សាតាំង ឬមានមហិច្ឆតា ឬចង់មានមុខមាត់ធំដុំក្នុងពិភពលោកនេះឡើយ។ (ម៉ាថ. ៤:១-១១; យ៉ូន. ៦:១៥) លោកមិនដែលគិតអំពីការបោះបង់ចោលគោលការណ៍របស់ព្រះសោះ។ ទោះបីគន្លងជីវិតដ៏ស្មោះត្រង់របស់លោកនាំឲ្យមានសេចក្ដីស្អប់ខ្ពើមពីមនុស្សលោកក្ដី លោកតែងតែកាន់តាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ា។ មិនយូរមុនលោកយេស៊ូទទួលមរណភាព លោកបានព្រមានសិស្សរបស់លោកឲ្យដឹងថា លោកិយឬពិភពលោកនេះបានស្អប់លោកដោយសារលោកមិនមែនជារបស់ផងលោកិយនេះ ដូច្នេះហើយលោកិយក៏នឹងស្អប់ពួកគេដែរ។ តាំងពីពេលនោះមក អ្នកកាន់តាមលោកយេស៊ូគ្រិស្ត ត្រូវបានឆ្លងកាត់សេចក្ដីវេទនា។ ប៉ុន្តែ ពួកគេមានសេចក្ដីសង្ឃឹមដោយដឹងថា រាជបុត្រនៃព្រះបានឈ្នះលើលោកិយនេះហើយ។—យ៉ូន. ១៥:១៩; ១៦:៣៣; ១៧:១៦
ដូចលោកយេស៊ូជាម្ចាស់របស់យើងបានធ្វើ យើងត្រូវកាន់តាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ា ទើបអាចឈ្នះលើពិភពលោកនេះ។ ក្រៅពីជៀសចេញពីការដែលជាប់ទាក់ទងនឹងរឿងនយោបាយហើយសង្គមក្នុងពិភពលោកនេះ យើងត្រូវទប់ទល់នឹងឥទ្ធិពលរបស់ពិភពលោកនេះដែលមានសីលធម៌កាន់តែចុះអាប់ឱនទៅៗ។ ដូច្នេះយើងគួរយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ទៅលើដំបូន្មាននៅសៀវភៅយ៉ាកុប ១:២១ ដែលថា៖ «[ហេតុនេះហើយ] ចូរទទួលព្រះបន្ទូលដែលបានដាំក្នុងចិត្តអ្នករាល់គ្នាដោយចិត្តសុភាពចុះ! ទាំងលះចោលអស់ទាំងសេចក្ដីស្មោកគ្រោកចេញ នឹងសេចក្ដីគំរក់ដ៏មានច្រើនម្ល៉េះចេញផង ដ្បិតព្រះបន្ទូលនោះអាចនឹងជួយសង្គ្រោះព្រលឹងអ្នករាល់គ្នាបាន»។ ដោយសារយើងដាំឬធ្វើឲ្យបន្ទូលនៃសេចក្ដីពិតដក់ជាប់ក្នុងចិត្តនិងគំនិតរបស់យើងតាមរយៈការសិក្សានិងការចូលរួមនៅកិច្ចប្រជុំយ៉ាងទៀងទាត់ នោះយើងអាចរក្សាឲ្យមានជំនឿរឹងមាំ សូម្បីតែមានទុក្ខលំបាកនិងការល្បួងក្ដី។ ទោះបីអ្វីៗនៅក្នុងពិភពលោកបញ្ចេញឥទ្ធិពលយ៉ាងខ្លាំងមកលើយើងក៏ដោយ យើងមិនត្រូវចាប់ផ្ដើមប្រាថ្នាចង់បានអ្វីដែលមាននៅក្នុងពិភពលោកនេះទេ។ ហេតុអ្វី? យ៉ាកុបជាសិស្សរបស់លោកយេស៊ូ ព្រមានយ៉ាងជាក់លាក់ថា៖ «តើមិនដឹងទេឬអីថា ដែលស្រឡាញ់ដល់លោកីយ នោះគឺជាស្អប់ដល់ព្រះហើយ? ដូច្នេះអ្នកណាដែលចូលចិត្តចង់ធ្វើជាមិត្រសំឡាញ់នឹងលោកីយ នោះឈ្មោះថាបានតាំងខ្លួនជាខ្មាំងសត្រូវនឹងព្រះវិញ»។ (យ៉ា. ៤:៤) តើអ្នកយល់ឃើញមូលហេតុដែលគម្ពីរមានការដាស់តឿនយ៉ាងខ្លាំងថា ឲ្យយើងកាន់តាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ា ហើយញែកខ្លួនដោយឡែកពីពិភពលោកនេះឬទេ?
ការណែនាំដែលព្រះបណ្ដាលឲ្យសរសេរក្នុងបណ្ដាំរបស់ទ្រង់ ព្រមានយើងកុំឲ្យធ្វើអ្វីដែលគួរឲ្យខ្មាសនិងប្រព្រឹត្តអំពើប្រាសចាកសីលធម៌។ បណ្ដាំរបស់ព្រះប្រាប់យើងឲ្យដឹងថា ‹ឯសេចក្ដីកំផិត សេចក្ដីស្មោកគ្រោកគ្រប់យ៉ាង នឹងសេចក្ដីលោភ នោះមិនត្រូវទាំងឲ្យឮឈ្មោះក្នុងពួកយើងផងដូចជាគួរគប្បីក្នុងពួកបរិសុទ្ធ›។ ដូច្នេះយើងមិនត្រូវគិតអំពីអ្វីដែលមិនគួរគប្បី គួរឲ្យខ្មាស ឬថោកទាប ថែមពីនេះយើងក៏មិនគួរចូលរួមក្នុងការពិភាក្សាអំពីរឿងបែបនោះដែរ។ យើងត្រូវជៀសចេញពីការកម្សាន្តដែលប្រាសចាកសីលធម៌និងស្មោកគ្រោក។ (អេភ. ៥:៣-៥) ដោយធ្វើដូចនេះ យើងបង្ហាញភ័ស្តុតាងថាយើងចង់កាន់តាមខ្នាតតម្រាដ៏សុចរិត និងស្អាតស្អំរបស់ព្រះយេហូវ៉ាស្តីអំពីសីលធម៌។
ភាពស្អាតស្អំក្នុងជីវភាពរស់នៅ
ក្រៅពីភាពស្អាតស្អំខាងកិច្ចបម្រើព្រះនិងសីលធម៌ គ្រិស្តសាសនិកទទួលស្គាល់នូវសារៈសំខាន់ពីភាពស្អាតស្អំក្នុងជីវភាពរស់នៅដែរ។ ចំពោះសាសន៍អ៊ីស្រាអែលនៅសម័យបុរាណ ព្រះបរិសុទ្ធតម្រូវឲ្យត្រសាលដែលពួកគេរស់នៅស្អាតបាត។ (ចោទិ. ២៣:១៤) របៀបរស់នៅរបស់ពួកគេនៅសម័យនោះ ត្រូវសមស្របនឹងខ្នាតតម្រានៃភាពស្អាតស្អំរបស់ព្រះយេហូវ៉ា។ របៀបរស់នៅរបស់យើងក៏ត្រូវស្អាតស្អំដែរ ដើម្បីកុំឲ្យព្រះយេហូវ៉ា‹ទតឃើញអ្វីស្មោកគ្រោកនៅក្នុងយើង›។
នៅក្នុងគម្ពីរភាពបរិសុទ្ធនិងភាពស្អាតស្អំជាប់ទាក់ទងនឹងគ្នា។ ជាឧទាហរណ៍ ប៉ុលបានសរសេរថា៖ «ពួកស្ងួនភ្ងាអើយ! . . . ត្រូវឲ្យយើងរាល់គ្នាសំអាតខ្លួនយើង ពីគ្រប់ទាំងសេចក្ដីដែលប្រឡាក់ខាងសាច់ឈាមចេញ ហើយខាងព្រលឹងវិញ្ញាណផង ព្រមទាំងបង្ហើយសេចក្ដីបរិសុទ្ធដោយនូវសេចក្ដីកោតខ្លាចដល់ព្រះ»។ (២កូ. ៧:១) ហេតុនេះហើយបានជាគ្រិស្តសាសនិកពិតត្រូវខំថែខ្លួនប្រាណឲ្យបានស្អាតស្អំដោយបោកសម្លៀកបំពាក់ និងដោយងូតទឹកយ៉ាងទៀងទាត់។ ទោះជាស្ថានភាពប្រទេសនីមួយៗខុសពីគ្នាក្ដី តែជាទូទៅបុរសនិងស្ត្រីដែលជាគ្រិស្តសាសនិក មានសាប៊ូនិងទឹកគ្រប់គ្រាន់ដើម្បីងូតទឹកជម្រះកាយ ហើយក៏មើលថែរក្សាកូនរបស់ខ្លួនឲ្យបានស្អាតស្អំដែរ។
ដោយសារយើងផ្សព្វផ្សាយនៅកន្លែងសាធារណៈ នោះធម្មតាមនុស្សក្នុងសង្គមដែលយើងរស់នៅស្គាល់យើងច្បាស់លាស់។ ការថែទាំផ្ទះទាំងក្នុងទាំងក្រៅឲ្យបានស្អាតនិងមានរបៀបរៀបរយ ជាវិធីមួយដែលបញ្ជាក់ឲ្យអ្នកជិតខាងដឹងថា យើងជាគ្រិស្តសាសនិកពិត។ នេះជាអ្វីដែលសមាជិកក្រុមគ្រួសារទាំងអស់អាចចូលរួមជួយធ្វើ។ ស្វាមីនិងបិតាគួរតែយកចិត្តទុកដាក់ទៅលើផ្ទះនិងបរិវេណជុំវិញផ្ទះ ពីព្រោះផ្ទះនិងបរិវេណដែលស្អាតហើយមានរបៀបរៀបរយ សមនឹងទទួលការសរសើរពីអ្នកដទៃ។ មេគ្រួសារទទួលស្គាល់ថា ភារកិច្ចនេះព្រមទាំងការនាំមុខក្នុងកិច្ចបម្រើព្រះជាអ្វីដែលបញ្ជាក់ថា ពួកគេចេះមើលខុសត្រូវលើក្រុមគ្រួសាររបស់ខ្លួន។ (១ធី. ៣:៤, ១២) ភរិយានិងមាតាមានភារកិច្ចថែទាំផ្ទះដែរ ជាពិសេសនៅក្នុងផ្ទះ។ (ទីត. ២:៤, ៥) កូនក្មេងដែលបានអប់រំយ៉ាងល្អអាចជួយគ្រួសារដោយចេះងូតទឹកខ្លួនឯងព្រមទាំងចេះសម្អាតបន្ទប់គេងរបស់ខ្លួនដែរ។ យ៉ាងនេះសមាជិកទាំងអស់ជួយគ្នាឲ្យបណ្ដុះទម្លាប់និងគំរូនៃភាពស្អាតស្អំ ដែលសមនឹងពិភពលោកថ្មីក្រោមរាជាណាចក្ររបស់ព្រះ។
សព្វថ្ងៃនេះអ្នកបម្រើព្រះយេហូវ៉ាភាគច្រើន ប្រើរថយន្តដើម្បីធ្វើដំណើរទៅកិច្ចប្រជុំនិងទៅផ្សព្វផ្សាយ។ នៅតំបន់ខ្លះ ត្រូវការមានឡានជាចាំបាច់ក្នុងកិច្ចបម្រើផ្សាយ។ ដូច្នេះឡាននោះគួរតែលាងឲ្យបានស្អាត ហើយថែទាំយ៉ាងល្អ។ ផ្ទះនិងរថយន្តរបស់យើងគួរតែបញ្ជាក់ប្រាប់ថា យើងរួមចំណែកជារាស្ត្រដ៏ស្អាតស្អំនិងបរិសុទ្ធរបស់ព្រះយេហូវ៉ា។
ការស្លៀកពាក់សម្អិតសម្អាងរបស់យើងគួរតែសមស្របនឹងគោលការណ៍របស់ព្រះ។ ប្រសិនបើយើងស្លៀកពាក់មិនស្អាតបាតឬធ្វេសប្រហែសនឹងសម្លៀកបំពាក់ នោះយើងមិនចង់ទៅជួបរាជការដែលមានមុខមាត់នោះទេ។ ដូច្នេះ យើងគួរយកចិត្តទុកដាក់ក្នុងការបម្រើព្រះយេហូវ៉ាច្រើនជាងទៅទៀត ពេលតំណាងទ្រង់នៅកិច្ចបម្រើផ្សាយ ឬពេលថ្លែងសុន្ទរកថានៅលើវេទិកា! ម៉ូដសម្លៀកបំពាក់និងការសម្អិតសម្អាងរបស់យើង អាចមានអានុភាពទៅលើទស្សនៈរបស់អ្នកដទៃចំពោះការថ្វាយបង្គំព្រះយេហូវ៉ា។ ពិតជាមិនគួរសមទេ បើយើងមិនចេះគិតអំពីចិត្តរបស់អ្នកឯទៀត ឬស្លៀកពាក់បែបមិនសមរម្យនោះ។ (មីកា ៦:៨; ១កូ. ១០:៣១-៣៣; ១ធី. ២:៩, ១០) អាស្រ័យហេតុនេះ ពេលយើងកំពុងរៀបចំទៅផ្សព្វផ្សាយ ឬចូលរួមថ្វាយបង្គំនៅកិច្ចប្រជុំក្រុមជំនុំ សន្និបាតប្រចាំមណ្ឌល និងមហាសន្និបាត យើងគួរចងចាំអ្វីដែលបានកត់ទុកក្នុងគម្ពីរស្តីអំពីភាពស្អាតស្អំក្នុងជីវភាពរស់នៅ ហើយអំពីអាការក្រៅដ៏សុភាពរបស់យើង ដើម្បីឲ្យយើងអាចសរសើរនិងលើកតម្កើងសិរីរុងរឿងរបស់ព្រះយេហូវ៉ាជានិច្ច។
គោលការណ៍នេះក៏ត្រូវអនុវត្តតាមពេលទៅទស្សនកិច្ចនៅការិយាល័យសាខាណាមួយរបស់សាក្សីព្រះយេហូវ៉ា។ សូមចងចាំថា ឈ្មោះបេតអែលមានន័យថា «ដំណាក់នៃព្រះ»។ ហេតុនេះហើយបានជាយើងគួរស្លៀកពាក់ សម្អិតសម្អាងខ្លួន និងមានកិរិយាប្រព្រឹត្តស្រដៀងគ្នានឹងពេលយើងចូលរួមកិច្ចប្រជុំដើម្បីថ្វាយបង្គំនៅសាលប្រជុំ។
ការលម្ហែកាយនិងការកម្សាន្តដ៏ល្អត្រឹមត្រូវ
យើងទទួលស្គាល់ថា ត្រូវតែមានការលម្ហែកាយខ្លះៗក្នុងជីវិតរស់នៅរបស់យើង។ នៅពេលមួយ លោកយេស៊ូបានអញ្ជើញសិស្សរបស់លោកឲ្យទៅកន្លែងស្ងាត់ជាមួយលោក ដើម្បី«ឈប់សំរាកបន្ដិចសិន»។ (ម៉ាក. ៦:៣១) ការសម្រាកមួយរយៈ ព្រមទាំងការលម្ហែកាយឬការកម្សាន្ត អាចជាអ្វីដែលធ្វើឲ្យយើងសប្បាយចិត្តមែន ហើយអាចធ្វើឲ្យមានកម្លាំងចិត្តកម្លាំងកាយឡើងវិញដើម្បីបន្តធ្វើកិច្ចការដ៏ចាំបាច់របស់យើងដែរ។
ដោយមានលក្ខណៈផ្សេងៗជាច្រើននៃការលម្ហែកាយ គ្រិស្តសាសនិកត្រូវជ្រើសរើសការលម្ហែកាយនោះដោយប្រុងប្រយ័ត្ន ហើយប្រើប្រាជ្ញាដែលសម្ដែងនូវប្រាជ្ញារបស់ព្រះក្នុងការអ្វីដែលពួកគេធ្វើពេលសម្រាកលម្ហែកាយ។ ការលម្ហែកាយមិនមែនជាអ្វីដែលសំខាន់បំផុតក្នុងជីវិតទេ។ យើងបានទទួលការព្រមានដែលថា នៅគ្រា«ជាន់ក្រោយបង្អស់» មនុស្សនឹង«ចូលចិត្តនឹងល្បែងលេងជាជាងព្រះ»។ (២ធី. ៣:១, ៤) សព្វថ្ងៃនេះអ្វីដែលគេចាត់ទុកជា«ការលម្ហែកាយ»និង«ការកម្សាន្ត» ជាអ្វីដែលមិនសមរម្យទេចំពោះអស់អ្នកដែលចង់កាន់តាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ា។
ពួកគ្រិស្តសាសនិកពីសម័យដើមបានទប់ទល់នឹងឥទ្ធិពលមិនល្អនៅក្នុងពិភពលោកដែលគិតតែពីការកម្សាន្ត។ នៅកន្លែងប្រណាំងសេះរបស់ពួករ៉ូម ទស្សនិកជនបានមើលអ្នកឯទៀតរងទុក្ខ ហើយគេចាត់ទុកការរងទុក្ខនោះជាការកម្សាន្ត។ ផ្នែកសំខាន់ៗនៃការលម្ហែកាយរបស់ប្រជាជនរ៉ូមគឺអំពើឃោរឃៅ ការសម្លាប់គ្នា និងអំពើប្រាសចាកសីលធម៌ខាងកាម ប៉ុន្តែពួកគ្រិស្តសាសនិកសម័យដើមបានជៀសចេញពីល្បែងកម្សាន្តបែបនោះ។ នៅសម័យថ្មីនេះ ការកម្សាន្តភាគច្រើនស្រដៀងគ្នានឹងសម័យដើម ហើយបំពេញចិត្តមនុស្សដែលស្រេកឃ្លានចង់បានការកម្សាន្តដ៏ថោកទាប។ យើងត្រូវ‹ប្រយ័តដោយមធ្យ័តដែលយើងដើរយ៉ាងណា› ដោយបែរចេញពីការកម្សាន្តដែលធ្វើឲ្យយើងបាក់ទឹកចិត្ត។ (អេភ. ៥:១៥, ១៦; ទំនុក. ១១:៥) ហើយទោះបីការកម្សាន្តនោះគឺសមរម្យក្ដី តែដោយមានមនុស្សដែលមិនគោរពព្រះនិងអានុភាពរបស់ពួកគេ អាចបង្កឲ្យមានគ្រោះថ្នាក់ដល់យើង។—១ពេ. ៤:១-៤
គ្រិស្តសាសនិកអាចចូលរួមក្នុងការលម្ហែកាយនិងការកម្សាន្តល្អ ដើម្បីឈប់សម្រាកនិងពង្រឹងកម្លាំងកាយកម្លាំងចិត្តឡើងវិញ។ បងប្អូនគ្រិស្តសាសនិកជាច្រើនបានទទួលប្រយោជន៍ពីការធ្វើតាមដំបូន្មានពីគម្ពីរ និងយោបល់ក្នុងសៀវភៅរបស់សាក្សីព្រះយេហូវ៉ាដែលជួយឲ្យយើងមានតុល្យភាព។
ម្ដងម្កាល ប្រហែលមានបងប្អូនដែលបានអញ្ជើញក្រុមគ្រួសារខ្លះទៅផ្ទះគាត់ដើម្បីរាប់អានគ្នាជាគ្រិស្តសាសនិក។ ឬប្រហែលបងប្អូនគ្រិស្តសាសនិកត្រូវបានអញ្ជើញឲ្យទៅពិធីមង្គលការ ឬឱកាសផ្សេងៗដូចនេះដែលអាចសំណេះសំណាលគ្នា។ (យ៉ូន. ២:២) ដោយសមហេតុផល អស់អ្នកដែលជាម្ចាស់ពិធីនៅឱកាសនោះ គួរតែទទួលខុសត្រូវសម្រាប់អ្វីដែលកើតឡើងនៅទីនោះ។ ដោយយកចិត្តទុកដាក់ទៅលើចំណុចនេះ គ្រិស្តសាសនិកដែលចេះគិតពិចារណាបានយល់ឃើញថា ការដាក់កម្រិតលើចំនួនមនុស្សនិងរយៈពេលនៃការជួបជុំគ្នានោះ ជាទង្វើដែលមានប្រាជ្ញា។ ប្រសិនបើចែកជូនភេសជ្ជៈដែលមានជាតិសុរា នោះត្រូវជូនដោយចេះប្រមាណ។ (ភី. ៤:៥) ប្រសិនបើយើងខំធ្វើឲ្យការជួបជុំគ្នាដើម្បីសំណេះសំណាលជាមួយបងប្អូនគ្រិស្តសាសនិកជាអ្វីដែលល្អត្រឹមត្រូវនិងលើកទឹកចិត្តឲ្យបម្រើព្រះ នោះការគិតគូរអំពីម្ហូបអាហារនិងភេសជ្ជៈមិនជាអ្វីដែលសំខាន់បំផុតទេ។
ពិតជាត្រូវប្រយ័ត្នមែន ពេលមានមនុស្សច្រើននាក់ចូលរួមការជប់លៀងណាមួយ។ នេះគឺពីព្រោះនៅឯពិធីជប់លៀងបែបនោះ មនុស្សអាចមានអារម្មណ៍ស្រួល ហើយដោយហេតុនេះបាននាំឲ្យអ្នកខ្លះចូលរួមនឹងការប្រព្រឹត្តដែលមិនសមរម្យសម្រាប់គ្រិស្តសាសនិក ដូចជាការបរិភោគនិងការពិសាស្រាហួសប្រមាណ ព្រមទាំងអំពើខុសទំនងឯទៀតផង។
ការបង្ហាញភាពរាក់ទាក់ ជាអ្វីដែលគួរឲ្យសរសើរមែន។ (១ពេ. ៤:៩) នៅពេលអញ្ជើញអ្នកឯទៀតមកផ្ទះយើងដើម្បីបរិភោគអាហារ ភេសជ្ជៈ លម្ហែកាយ ហើយដើម្បីរាប់អានគ្នា យើងចង់ចាំអស់អ្នកដែលមានការខ្វះខាតនៅក្នុងក្រុមជំនុំ។ (លូ. ១៤:១២-១៤) ប្រសិនបើយើងជាភ្ញៀវ កិរិយាប្រព្រឹត្តរបស់យើងគួរតែសមស្របនឹងដំបូន្មាននៅសៀវភៅម៉ាកុស ១២:៣១។ ពេលអ្នកឯទៀតបង្ហាញចិត្តសប្បុរសដល់យើង គឺជាការល្អដែលយើងតែងតែបង្ហាញកតញ្ញុតាធម៌ចំពោះបងប្អូនទាំងនោះ។
គ្រិស្តសាសនិកត្រេកអរនឹងអំណោយទានដ៏បរិបូររបស់ព្រះ ហើយសប្បាយចិត្តដោយដឹងថាពួកគេអាច‹ស៊ីហើយផឹក ព្រមទាំងរីករាយដោយផលល្អ ដែលកើតពីអស់ទាំងការនឿយហត់របស់គេ›។ (សាស. ៣:១២, ១៣) ដូច្នេះ យើងគួរតែបង្ហាញឲ្យឃើញថា កម្មវិធីកម្សាន្តទាំងនេះនិងកម្មវិធីឯទៀត លើកតម្កើងសិរីរុងរឿងរបស់ព្រះជានិច្ច។ ដោយធ្វើដូចនេះ ពេលគេចាំអំពីការកម្សាន្តនោះ ម្ចាស់កម្មវិធីនិងភ្ញៀវទាំងឡាយមិនមានវិប្បដិសារីទេពេលនឹកឃើញអំពីរឿងនោះ។ ផ្ទុយទៅវិញគេនឹងនឹកចាំថា ការកម្សាន្តនោះនាំឲ្យមានចិត្តស្កប់ស្កល់ដោយសារបានស្រាកស្រាន្តចិត្តនិងកាយដើម្បីបន្តធ្វើកិច្ចការរបស់ព្រះ។
កម្មវិធីនៅឯសាលារៀន
កូនរបស់សាក្សីព្រះយេហូវ៉ាទទួលប្រយោជន៍ពីការអប់រំបឋមៗ ហើយពេលនៅសាលារៀន ពួកគេចង់ចេះអាននិងសរសេរឲ្យបានល្អ។ មុខវិជ្ជាឯទៀតនៅបឋមសិក្សា ព្រមទាំងវិទ្យាល័យអាចជួយក្មេងៗបាន នៅពេលគេមានគោលដៅខាងកិច្ចបម្រើព្រះ។ ក្នុងអំឡុងពេលទទួលការអប់រំនៅសាលារៀននោះ ពួកគេគួរសង្វាតព្យាយាម«នឹកចាំពីព្រះដ៏បង្កើតខ្លួន»ដោយចាត់ទុកកិច្ចបម្រើព្រះជាអាទិភាព។—សាស. ១២:១
ប្រសិនបើអ្នកជាយុវវ័យគ្រិស្តសាសនិកម្នាក់ដែលកំពុងតែរៀននៅឯសាលា ប្អូនត្រូវប្រយ័ត្ន។ ពេលយុវវ័យដែលមិនមែនជាអ្នកថ្វាយបង្គំព្រះយេហូវ៉ាជាមនុស្សមិនចេះទប់ចិត្ត ហើយចេះតែបះបោរប្រឆាំង នោះប្អូនមិនត្រូវចូលខាងពួកគេឡើយ។ (២ធី. ៣:១, ២) ដោយមានកាលៈទេសៈដូចនេះ មានអ្វីជាច្រើនដែលប្អូនអាចធ្វើដើម្បីជៀសផុតពីអានុភាពរបស់ពិភពលោកនេះ។ ព្រះយេហូវ៉ាមិនឲ្យយើងមានគ្រោះថ្នាក់ដោយមិនប្រាប់វិធីការពារដ៏ចាំបាច់ជាមុននោះទេ។ (ទំនុក. ២៣:៤; ៩១:១, ២) ដូច្នេះ ចូរទាញយកប្រយោជន៍ពីវិធីការពាររបស់ព្រះយេហូវ៉ា ព្រោះនេះនឹងរក្សាការពារប្អូន។—ទំនុក. ២៣:៥
ដើម្បីរក្សាខ្លួនឲ្យនៅដាច់ពីពិភពលោកនេះពេលនៅសាលារៀន សាក្សីរបស់ព្រះយេហូវ៉ាដែលនៅក្មេងគួរគិតអំពីគ្រោះថ្នាក់ដែលមកពីការចូលរួមក្នុងកិច្ចការក្រៅកម្មវិធីសិក្សា។ សិស្សរួមថ្នាក់និងលោកគ្រូអ្នកគ្រូប្រហែលមិនយល់អំពីមូលហេតុដែលប្អូនមិនចូលរួមឡើយ។ ក៏ប៉ុន្តែ ការផ្គាប់ចិត្តព្រះគឺសំខាន់ជាង។ នេះតម្រូវឲ្យប្អូនប្រើសម្បជញ្ញៈដែលបានបង្ហាត់ពីគម្ពីរ ព្រមទាំងកាន់ជំហរមាំមួនក្នុងការសម្រេចចិត្តមិនចូលរួមនឹងការប្រកួតប្រជែងខាងពិភពលោកនេះ ឬការប្រព្រឹត្តដែលសឲ្យឃើញពីការស្នេហាជាតិដែលប្រឆាំងនឹងគោលការណ៍គម្ពីរ។ (កា. ៥:១៩, ២៦) ប្អូនៗយុវវ័យនឹងត្រូវបានជួយឲ្យកាន់តាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ា ដោយស្ដាប់តាមដំបូន្មានរបស់មាតាបិតាគ្រិស្តសាសនិកដែលមានមូលដ្ឋានលើគម្ពីរ ហើយទទួលប្រយោជន៍ពីការសេពគប់និងការបង្ហាត់បង្រៀនល្អពីក្រុមជំនុំ។
ការងារដែលចិញ្ចឹមជីវិតនិងការសេពគប់
មេគ្រួសារមានកាតព្វកិច្ចពីគម្ពីរឲ្យផ្គត់ផ្គង់សម្រាប់សេចក្ដីត្រូវការរបស់ក្រុមគ្រួសារខ្លួន។ (១ធី. ៥:៨) យ៉ាងណាក្ដី ជាអ្នកបម្រើព្រះ គេទទួលស្គាល់ថាការងារដែលចិញ្ចឹមជីវិតមិនសំខាន់ជាងការស្វែងរកប្រយោជន៍របស់រាជាណាចក្រព្រះឡើយ។ (ម៉ាថ. ៦:៣៣; រ៉ូម ១១:១៣) ដោយគោរពប្រតិបត្ដិដល់ព្រះ ហើយមានចិត្តស្កប់ស្កល់នឹងអាហារទទួលទាន ព្រមទាំងសម្លៀកបំពាក់ នោះពួកគេជៀសវាងពីការថប់បារម្ភ និងអន្ទាក់ពីគន្លងជីវិតដែលចង់បានរបស់ទ្រព្យថែមទៀត ដែលជារឿងធម្មតាក្នុងពិភពលោកនេះ។—១ធី. ៦:៦-១០
គ្រិស្តសាសនិកទាំងឡាយដែលបានឧទ្ទិសថ្វាយខ្លួន ដែលត្រូវការការងារដើម្បីចិញ្ចឹមជីវិត គួរតែចងចាំគោលការណ៍គម្ពីរ មិនគ្រាន់តែមេគ្រួសារប៉ុណ្ណោះទេ។ ការចិញ្ចឹមខ្លួនដោយមានភាពទៀងត្រង់មានន័យថា យើងមិនរួមចំណែកក្នុងការរកស៊ីដែលប្រាសចាកក្រឹត្យវិន័យរបស់ព្រះឬដែលខុសច្បាប់រដ្ឋឡើយ។ (រ៉ូម ១៣:១, ២; ១កូ. ៦:៩, ១០) ម្យ៉ាងទៀត យើងត្រូវប្រុងប្រយ័ត្នជានិច្ចនឹងគ្រោះថ្នាក់ដែលមកពីមិត្តភក្ដិអាក្រក់។ ក្នុងនាមជាទាហានរបស់គ្រិស្ត យើងមិនជាប់ទាក់ទិននឹងកិច្ចការនៃពាណិជ្ជកម្មណាដែលប្រឆាំងនឹងខ្នាតតម្រាគ្រិស្តសាសនិក ឬដែលអាចបង្ខូចចំណងមេត្រីភាពរបស់យើងជាមួយនឹងព្រះ។ (២ធី. ២:៤) ណាមួយទៀត យើងក៏មិនជាប់ទាក់ទងជាមួយសាសនាណាដែលជាសត្រូវរបស់ព្រះឡើយ ពោលគឺ«បាប៊ីឡូនដ៏ជាធំ»។—វិវរ. ១៨:២, ៤; ២កូ. ៦:១៤-១៧
ការកាន់តាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះនឹងបង្ការមិនឲ្យយើងជញ្ជក់យកប្រយោជន៍ពីបងប្អូនរួមជំនឿ ឬផលប្រយោជន៍ខាងជំនួញឯទៀតឡើយ។ ការសេពគប់ជាមួយអ្នកឯទៀតនៅឯកិច្ចប្រជុំរបស់ពួកគ្រិស្តសាសនិកក្នុងក្រុមជំនុំប្រចាំតំបន់ ព្រមទាំងនៅឯសន្និបាតប្រចាំមណ្ឌល ហើយមហាសន្និបាត គឺមានគោលបំណងជួយយើងឲ្យថ្វាយបង្គំព្រះយេហូវ៉ា ទទួលការអប់រំពីទ្រង់ និងលើកទឹកចិត្តគ្នាទៅវិញទៅមក។ (រ៉ូម ១:១១, ១២; ហេ. ១០:២៤, ២៥) មិនគួរគប្បីឲ្យប្រើការសេពគប់នេះ ដើម្បីបម្រើផលប្រយោជន៍ខ្លួន ឬផលប្រយោជន៍ខាងជំនួញឯទៀតឡើយ។
ការរស់នៅដោយសាមគ្គីភាពដែលយើងមានជាគ្រិស្តសាសនិក
ខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ាសម្រាប់រាស្ត្រទ្រង់ ក៏តម្រូវឲ្យពួកគេ«ខំប្រឹងរក្សាសេចក្ដីរួបរួមគ្នារបស់ព្រះវិញ្ញាណ ដោយសេចក្ដីមេត្រីទុកជាចំណងផង»។ (អេភ. ៤:១-៣) ជាជាងបំពេញតែចិត្តខ្លួនឯង យើងម្នាក់ៗគួរខំប្រឹងធ្វើល្អចំពោះអ្នកឯទៀត។ នេះប្រាកដជាការប្រព្រឹត្តដែលអ្នកបានឃើញមែន នៅពេលអ្នកសេពគប់ជាមួយក្រុមជំនុំនៃពួកគ្រិស្តសាសនិក។ មិនថាយើងមកពីសាសន៍ ជាតិ ឬសង្គមណា មានប្រាក់ចំណូលប៉ុន្មាន ឬមានការអប់រំប៉ុណ្ណាក្ដី យើងទាំងអស់គ្នាត្រូវបានណែនាំដោយខ្នាតតម្រាដ៏សុចរិតដូចគ្នា។ សូម្បីតែអ្នកដែលមិនជឿក៏បានឃើញលក្ខណៈដ៏ល្អប្រសើររបស់រាស្ត្រព្រះយេហូវ៉ា។—១ពេ. ២:១២
ដោយសង្កត់ធ្ងន់ទៅលើមូលដ្ឋានដែលនាំឲ្យមានសាមគ្គីភាព សាវ័កប៉ុលបានសរសេរថា៖ «មានរូបកាយតែ១ ហើយព្រះវិញ្ញាណតែ១ ដូចជាទ្រង់បានហៅអ្នករាល់គ្នាមកក្នុងសេចក្ដីសង្ឃឹមតែ១របស់ការងារអ្នករាល់គ្នាដែរ មានព្រះអម្ចាស់តែ១ សេចក្ដីជំនឿតែ១ បុណ្យជ្រមុជតែ១ មានព្រះតែ១ គឺជាព្រះវរបិតានៃទាំងអស់ ដែលទ្រង់ខ្ពស់លើទាំងអស់ គង់នៅកណ្ដាលទាំងអស់ ហើយសណ្ឋិតនៅក្នុងទាំងអស់»។ (អេភ. ៤:៤-៦) នេះជាមូលហេតុដែលតម្រូវឲ្យមានសាមគ្គីភាពជាចាំបាច់ ក្នុងការយល់ដឹងសេចក្ដីបង្រៀនបឋមៗ ព្រមទាំងសេចក្ដីបង្រៀនដ៏ជ្រៅ ដើម្បីទទួលស្គាល់ឆន្ទៈនិងការគ្រប់គ្រងរបស់ព្រះយេហូវ៉ា! ពិតណាស់ ព្រះយេហូវ៉ាបានប្រទានភាសាបរិសុទ្ធនៃសេចក្ដីពិតដល់រាស្ត្រទ្រង់ ដែលបណ្ដាលឲ្យពួកគេព្រមចិត្តគ្នានឹងគោរពដល់ទ្រង់។—សេផា. ៣:៩
នៅសព្វថ្ងៃនេះ សាមគ្គីភាពនិងភាពសុខសាន្តរបស់ក្រុមជំនុំនៃពួកគ្រិស្តសាសនិក គឺពិតជាប្រភពដែលធ្វើឲ្យមានកម្លាំងចិត្តកម្លាំងកាយចំពោះអស់អ្នកដែលថ្វាយបង្គំព្រះយេហូវ៉ា។ យើងបានពិសោធដោយផ្ទាល់នូវការសម្រេចនៃសេចក្ដីសន្យារបស់ទ្រង់ដែលថា៖ «អញនឹងដាក់គេឲ្យនៅជាមួយគ្នា ដូចជាហ្វូងចៀម[ស្ថិតនៅក្នុងក្រោលតែមួយ]»។ (មីកា ២:១២) យើងចង់រក្សាសាមគ្គីភាពនិងភាពសុខសាន្តនោះ ដោយរស់នៅប្រចាំថ្ងៃជារាស្ត្របរិសុទ្ធ ដែលកាន់តាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ាជានិច្ច។
អស់អ្នកដែលបានចូលក្នុងក្រុមជំនុំដ៏ស្អាតស្អំរបស់ព្រះយេហូវ៉ា ពិតជាមានសុភមង្គលមែន! យើងប្រហែលត្រូវពលីខ្លួន តែការធ្វើដូចនេះមានប្រយោជន៍មែន ពេលគេស្គាល់យើងដោយនូវនាមព្រះយេហូវ៉ា។ នៅពេលយើងរក្សាចំណងមេត្រីភាពដ៏វិសេសជាមួយនឹងព្រះយេហូវ៉ា នោះយើងនឹងព្យាយាមកាន់តាមខ្នាតតម្រាដ៏សុចរិតរបស់ទ្រង់ ហើយលើកទឹកចិត្តឲ្យអ្នកឯទៀតកាន់តាមដែរ។—២កូ. ៣:១៨