មហាសន្និបាតនៅក្រុងអ៊ិនដ្យាណាផូលីស រដ្ឋអ៊ិនដ្យាណា នាឆ្នាំ១៩២៥
១៩២៥ មួយរយឆ្នាំបានកន្លងផុតទៅ
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមករា ឆ្នាំ១៩២៥ជាភាសាអង់គ្លេសបានរៀបរាប់ថា៖ «គ្រិស្តសាសនិកទន្ទឹងរង់ចាំអ្វីល្អដែលនឹងកើតឡើងនៅឆ្នាំនេះ»។ ប៉ុន្តែ អត្ថបទនោះបានបន្តថា៖ «គ្រិស្តសាសនិកមិនគួរគិតច្រើនពេកអំពីអ្វីដែលប្រហែលជានឹងកើតឡើងនៅឆ្នាំនេះ រហូតដល់ពួកគេបាត់បង់អំណរក្នុងការធ្វើអ្វីដែលលោកម្ចាស់ចង់ឲ្យពួកគេធ្វើនោះទេ»។ តើនិស្សិតគម្ពីររំពឹងថានឹងមានអ្វីកើតឡើងនៅឆ្នាំ១៩២៥? តើតាមរបៀបណាពួកគេបន្ដជាប់រវល់ក្នុងកិច្ចការរបស់លោកម្ចាស់ ទោះជាពួកគេខកចិត្តដោយសារអ្វីដែលពួកគេរំពឹងមិនបានកើតឡើងក៏ដោយ?
សេចក្ដីសង្ឃឹមដែលក្រនឹងកើតឡើង
និស្សិតគម្ពីរជាច្រើនរំពឹងថានឹងមានសួនឧទ្យានឡើងវិញនៅផែនដីនាឆ្នាំ១៩២៥។ ហេតុអ្វី? បងប្រុសអាល់បឺត ស្រូឌែរដែលបម្រើជាសមាជិកគណៈអភិបាលបានពន្យល់ថា៖ «យើងបានគិតថានៅឆ្នាំ១៩២៥ ពួកអ្នកដែលបានត្រូវរើសតាំងដែលនៅសល់នៅផែនដីនឹងឡើងទៅស្ថានសួគ៌ដើម្បីគ្រប់គ្រងក្នុងរាជាណាចក្ររបស់ព្រះ ហើយពួកបុរសស្មោះត្រង់ដូចជាអាប្រាហាំ ដាវីឌ និងអ្នកឯទៀតនឹងត្រូវប្រោសឲ្យរស់ឡើងវិញដើម្បីធ្វើជាពួកអ្នកដឹកនាំនៅផែនដី»។ យ៉ាងនេះ កាលដែលឆ្នាំនោះបានកន្លងផុតទៅ ហើយសេចក្ដីសង្ឃឹមរបស់ពួកគេមិនកើតឡើង ពួកគេខ្លះបានខកចិត្តជាខ្លាំង។—សុភ. ១៣:១២
ទោះជាមានការខកចិត្តក៏ដោយ និស្សិតគម្ពីរភាគច្រើនបានបន្ដផ្សព្វផ្សាយយ៉ាងខ្នះខ្នែង។ ពួកគេចាប់ផ្ដើមទទួលស្គាល់ថា កិច្ចការផ្សព្វផ្សាយគឺជាកិច្ចការសំខាន់បំផុតដែលពួកគេត្រូវធ្វើ។ ជាឧទាហរណ៍ សូមគិតអំពីកិច្ចការដែលពួកគេបានធ្វើដើម្បីផ្សាយសេចក្ដីពិតដល់មនុស្សនៅទីជិតឆ្ងាយ។
ការបង្កើតប៉ុស្តិ៍វិទ្យុថែមទៀត
នៅឆ្នាំ១៩២៤ ប៉ុស្តិ៍វិទ្យុWBBRបានដំណើរការយ៉ាងជោគជ័យ។ ដូច្នេះនៅឆ្នាំ១៩២៥ និស្សិតគម្ពីរបានបង្កើតប៉ុស្តិ៍វិទ្យុមួយទៀតនៅជិតក្រុងឈីខាកូ រដ្ឋអ៊ីលីណយ។ ឈ្មោះនៃប៉ុស្តិ៍វិទ្យុថ្មីនោះគឺWORD។ បងប្រុសរ៉ាល លេហ្វឡឺដែលបានចូលរួមសាងសង់ស្ថានីយវិទ្យុនោះបាននិយាយថា៖ «នៅយប់នារដូវត្រជាក់ មនុស្សនៅកន្លែងផ្សេងៗមិនថាឆ្ងាយឬជិតអាចស្ដាប់ប៉ុស្តិ៍វិទ្យុនេះបាន»។ ជាឧទាហរណ៍ ក្រុមគ្រួសារមួយដែលរស់នៅក្រុងផែឡុតស្ទេសិន រដ្ឋអាឡាស្កា ដែលមានចម្ងាយជាង៥.០០០គីឡូម៉ែត្រ អាចស្ដាប់ការផ្សាយជាលើកដំបូងនៃប៉ុស្តិ៍វិទ្យុនោះ។ ក្រោយពីស្ដាប់ការផ្សាយនោះ ក្រុមគ្រួសារនោះបានសរសេរសំបុត្រថ្លែងអំណរគុណដល់ពួកអ្នកដែលធ្វើការនៅប៉ុស្តិ៍វិទ្យុនោះ សម្រាប់ការផ្សាយព័ត៌មានដ៏លើកទឹកចិត្តដែលជួយពួកគេឲ្យស្គាល់ព្រះនិងគម្ពីរច្រើនជាង។
ខាងឆ្វេង៖ អង់តែនស្ថានីយវិទ្យុWORDនៅក្រុងបាថេវៀ រដ្ឋអ៊ីលីណយ
ខាងស្ដាំ៖ បងរ៉ាល លេហ្វឡឺធ្វើការនៅស្ថានីយវិទ្យុ
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩២៥ជាភាសាអង់គ្លេសបានរៀបរាប់អំពីការផ្សាយរបស់ប៉ុស្តិ៍វិទ្យុនេះថាអាចទៅដល់កន្លែងឆ្ងាយៗ។ ទស្សនាវដ្ដីនេះរៀបរាប់ថា៖ «ប៉ុស្តិ៍វិទ្យុWORDគឺជាប៉ុស្តិ៍វិទ្យុដែលអាចផ្សាយដល់កន្លែងឆ្ងាយៗនៅសហរដ្ឋអាម៉េរិក។ មនុស្សដែលរស់នៅឆ្នេរសមុទ្រអាត្លង់ទិកនិងប៉ាស៊ីហ្វិក ព្រមទាំងមនុស្សដែលរស់នៅប្រទេសគុយបានិងប៉ែកខាងជើងនៃរដ្ឋអាឡាស្កា អាចស្ដាប់ប៉ុស្តិ៍វិទ្យុនេះបានយ៉ាងច្បាស់។ មនុស្សជាច្រើនដែលមិនធ្លាប់ឮសេចក្ដីពិតពីមុន ចាប់អារម្មណ៍យ៉ាងខ្លាំងពេលពួកគេស្ដាប់ការផ្សាយពីប៉ុស្តិ៍វិទ្យុនេះ»។
បងចច ណេស
នៅគ្រានោះ និស្សិតគម្ពីរក៏ចង់ប្រើវិទ្យុដើម្បីផ្សព្វផ្សាយដំណឹងល្អនៅប្រទេសកាណាដាដែរ។ នៅឆ្នាំ១៩២៤ និស្សិតគម្ពីរបានបង្កើតប៉ុស្តិ៍វិទ្យុCHUCនៅក្រុងសាស្កាតធូន រដ្ឋសាស្កាតឆេវ៉ាន។ ប៉ុស្តិ៍វិទ្យុនោះនៅក្នុងចំណោមប៉ុស្តិ៍វិទ្យុដំបូងដែលផ្សាយអំពីសាសនានាប្រទេសកាណាដា។ នៅឆ្នាំ១៩២៥ ពួកគេបានស្វែងរកទីតាំងធំជាងសម្រាប់ស្ថានីយវិទ្យុនោះ។ ដូច្នេះ អង្គការយើងបានរើទីតាំងទៅអគាររីជិនដែលជារោងមហោស្រពចាស់នៅក្នុងក្រុងសាស្កាតធូន ដែលពួកគេបានទិញនិងបានកែលម្អឡើងវិញដើម្បីផ្សាយប៉ុស្តិ៍វិទ្យុ។
ដោយសារស្ថានីយវិទ្យុនេះ មនុស្សជាច្រើនដែលរស់នៅក្នុងក្រុងតូចៗនិងតំបន់ជនបទក្នុងរដ្ឋសាស្កាតឆេវ៉ាន បានឮដំណឹងល្អជាលើកដំបូង។ ជាឧទាហរណ៍ នៅក្រុងដាច់ស្រយាលមួយ ស្ត្រីម្នាក់បានស្នើសុំសៀវភៅដែលមានមូលដ្ឋានពីគម្ពីរក្រោយពីគាត់បានស្ដាប់ការចាក់ផ្សាយពីប៉ុស្តិ៍វិទ្យុនោះ។ បងប្រុសចច ណេសបាននិយាយថា៖ «ការស្នើសុំរបស់នាងហាក់ដូចជាអ្វីដែលបន្ទាន់។ ដូច្នេះ យើងបានផ្ញើសៀវភៅការសិក្សាអំពីបទគម្ពីរ(Studies in the Scriptures)មួយឈុតដល់នាង»។ មិនយូរប៉ុន្មាន ស្ត្រីនោះបានផ្សព្វផ្សាយអំពីរាជាណាចក្រនៅកន្លែងឆ្ងាយជាងនោះទៅទៀត។
ការយល់ដឹងថ្មីអំពីជំនឿរបស់យើង
នៅក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមីនា ឆ្នាំ១៩២៥ជាភាសាអង់គ្លេស មានអត្ថបទសំខាន់មួយដែលមានចំណងជើងថា«កំណើតនៃប្រជាជាតិ»។ ហេតុអ្វីអត្ថបទនោះសំខាន់ម្ល៉េះ? ពីព្រោះអស់មួយរយៈពេល និស្សិតគម្ពីរបានដឹងថាសាថានគ្រប់គ្រងលើពួកវិញ្ញាណកំណាច ព្រមទាំងសាសនាមិនពិត រដ្ឋាភិបាល និងប្រព័ន្ធពាណិជ្ជកម្មក្នុងពិភពលោកនេះ ហើយថាអ្វីទាំងនោះគឺហាក់ដូចជាអង្គការរបស់សាថាន។ ប៉ុន្តែ តាមរយៈអត្ថបទនេះ «ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»បានជួយបងប្អូនឲ្យយល់ថា ព្រះយេហូវ៉ាក៏មានអង្គការមួយដែរ គឺជាអង្គការដែលខុសគ្នាឆ្ងាយពីអង្គការរបស់សាថាន ហើយប្រឆាំងនឹងអង្គការវា។ (ម៉ាថ. ២៤:៤៥) បន្ថែមទៅទៀត ខ្ញុំបម្រើដ៏ស្មោះត្រង់បានពន្យល់ថា រាជាណាចក្រព្រះបានចាប់ផ្ដើមគ្រប់គ្រងនៅឆ្នាំ១៩១៤ ហើយថានៅឆ្នាំនោះ ដោយសារ«សង្គ្រាមបានផ្ទុះឡើងនៅស្ថានសួគ៌» សាថាននិងពួកវិញ្ញាណកំណាចរបស់វាបានត្រូវបណ្ដេញចេញពីស្ថានសួគ៌ ហើយបានត្រូវបោះទម្លាក់មកផែនដី។—បប. ១២:៧-៩
និស្សិតគម្ពីរខ្លះមិនយល់ស្របនឹងការយល់ដឹងថ្មីនេះទេ។ ដូច្នេះ អត្ថបទដដែលនោះបានរៀបរាប់ថា៖ «បើមានអ្នកដែលអានទស្សនាវដ្ដីប៉មយាមនេះ ហើយមិនយល់ស្របនឹងអ្វីដែលបានសរសេរក្នុងអត្ថបទនេះ យើងសូមលើកទឹកចិត្តពួកគេឲ្យមានចិត្តអត់ធ្មត់និងទុកចិត្តព្រះយេហូវ៉ាកាលដែលពួកគេបន្តបម្រើលោកដោយស្មោះត្រង់»។
ក៏ប៉ុន្តែ បងប្រុសថំ អឺដែលជាអ្នកត្រួសត្រាយនៅប្រទេសអង់គ្លេស បានរៀបរាប់អំពីអារម្មណ៍ដែលនិស្សិតគម្ពីរភាគច្រើនមានចំពោះអត្ថបទនេះ។ គាត់និយាយថា៖ «បងប្អូនរំភើបចិត្តជាខ្លាំងពេលឮការពន្យល់នេះអំពីការបើកបង្ហាញ ១២។ ពេលយើងដឹងថារាជាណាចក្រព្រះបានត្រូវស្ថាបនាឡើងនៅស្ថានសួគ៌ យើងរំភើបចិត្តចែករំលែកដំណឹងល្អនេះដល់អ្នកឯទៀត។ នេះធ្វើឲ្យយើងកាន់តែចង់ផ្សព្វផ្សាយថែមទៀត ហើយជួយយើងឲ្យឃើញថាព្រះយេហូវ៉ានឹងធ្វើអ្វីដ៏អស្ចារ្យនៅថ្ងៃអនាគត»។
ការធ្វើជាសាក្សីរបស់ព្រះយេហូវ៉ា
នៅសព្វថ្ងៃនេះ សាក្សីព្រះយេហូវ៉ាច្រើនតែនិយាយអំពីអេសាយ ៤៣:១០ដែលចែងថា៖ «ព្រះយេហូវ៉ាប្រកាសថា៖ ‹អ្នករាល់គ្នាជាសាក្សីរបស់ខ្ញុំ ជាអ្នកបម្រើដែលខ្ញុំបានជ្រើសរើស›»។ ប៉ុន្តែ មុនឆ្នាំ១៩២៥ សៀវភៅផ្សេងៗរបស់យើងមិនសូវបានលើកឡើងអំពីបទគម្ពីរនេះទេ។ តែនោះបានផ្លាស់ប្ដូរនៅឆ្នាំ១៩២៥។ នៅអំឡុងឆ្នាំនោះ ខគម្ពីរនៅអេសាយ ៤៣:១០ និង១២បានត្រូវលើកឡើងក្នុងទស្សនាវដ្ដីប៉មយាមអស់១១លេខ។
នៅចុងខែសីហា ឆ្នាំ១៩២៥ និស្សិតគម្ពីរបានជួបជុំគ្នាធ្វើមហាសន្និបាតនៅក្រុងអ៊ិនដ្យាណាផូលីស រដ្ឋអ៊ិនដ្យាណា។ បងប្រុសរ៉ូធើហ្វឺតបានសរសេរសារមួយដើម្បីស្វាគមន៍អ្នកចូលរួម។ សារនោះបានត្រូវបោះពុម្ពក្នុងក្រដាសកម្មវិធីមហាសន្និបាត។ ក្នុងសារនោះរៀបរាប់ថា៖ «យើងមកមហាសន្និបាតនេះដើម្បីទទួលកម្លាំងពីលោកម្ចាស់ ដើម្បីយើងអាចត្រឡប់ទៅតំបន់ផ្សាយវិញទាំងមានកម្លាំងចិត្តកាន់តែខ្លាំងឡើងក្នុងការធ្វើជាសាក្សីរបស់លោក»។ ក្នុងអំឡុងមហាសន្និបាត៨ថ្ងៃនោះ អ្នកចូលរួមបានត្រូវលើកទឹកចិត្តឲ្យផ្សព្វផ្សាយអំពីព្រះយេហូវ៉ានៅគ្រប់ឱកាស។
នៅថ្ងៃសៅរ៍ ទី២៩ ខែសីហា បងរ៉ូធើហ្វឺតបានថ្លែងសុន្ទរកថាមួយដែលមានប្រធានថា «ចូរមានសកម្មភាពឡើង»។ នៅក្នុងសុន្ទរកថារបស់គាត់ គាត់បានលើកឡើងអំពីមូលហេតុសំខាន់ដែលកិច្ចការផ្សព្វផ្សាយគឺជាកិច្ចការដ៏សំខាន់ណាស់។ គាត់និយាយថា៖ «ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់រាស្ត្ររបស់លោកថា៖ . . . ‹អ្នករាល់គ្នាជាសាក្សីរបស់ខ្ញុំ ហើយខ្ញុំគឺជាព្រះ›។ ក្រោយមក លោកបង្គាប់យ៉ាងម៉ឹងម៉ាត់ថា៖ ‹[ចូរ]ដំឡើងសញ្ញាសម្គាល់មួយសម្រាប់ប្រជាជាតិទាំងឡាយ›។ គ្មានអ្នកណានៅផែនដីអាចដំឡើងសញ្ញាសម្គាល់សម្រាប់ប្រជាជាតិទាំងឡាយ ក្រៅពី[រាស្ត្ររបស់លោក]គឺពួកអ្នកដែលមានឫទ្ធានុភាពពីលោកម្ចាស់ ហើយហេតុនេះបានជាពួកគេជាសាក្សីរបស់លោក»។—អេ. ៤៣:១២; ៦២:១០
ខិត្តប័ណ្ណដំណឹងនៃសេចក្ដីសង្ឃឹម
ក្រោយពីបងរ៉ូធើហ្វឺតបានថ្លែងសុន្ទរកថាចប់ គាត់បានអានសេចក្ដីសម្រេចមួយដែលមានចំណងជើងថា «ដំណឹងនៃសេចក្ដីសង្ឃឹម»(Message of Hope)។ អ្នកចូលរួមទាំងអស់បានយល់ស្របនឹងពាក្យដែលបងរ៉ូធើហ្វឺតបានអានដែលថា រាជាណាចក្ររបស់ព្រះគឺជាសេចក្ដីសង្ឃឹមតែមួយគត់ដែលផ្ដល់ឲ្យយើងនូវ«សេចក្ដីសុខសាន្ត ភាពចម្រុងចម្រើន សុខភាពល្អ ជីវិត សេរីភាព និងសុភមង្គលជារៀងរហូត»។ ក្រោយមក សេចក្ដីសម្រេចនេះបានត្រូវបកប្រែជាប៉ុន្មានភាសា និងបានត្រូវបោះពុម្ពដើម្បីប្រើក្នុងកិច្ចផ្សព្វផ្សាយ។ រួចបានត្រូវចែកចាយប្រហែលជា៤០លានសន្លឹក។
ទោះជានិស្សិតគម្ពីរមិនបានប្ដូរឈ្មោះទៅជាសាក្សីព្រះយេហូវ៉ារហូតដល់ច្រើនឆ្នាំក្រោយមកក្ដី ពួកគេចាប់ផ្ដើមយល់ថា ការផ្សព្វផ្សាយអំពីព្រះយេហូវ៉ាគឺសំខាន់យ៉ាងណាចំពោះពួកគេ។
ការត្រឡប់ទៅជួបពួកអ្នកដែលចាប់អារម្មណ៍
ដោយសារចំនួននិស្សិតគម្ពីរបានកើនឡើងនៅទូទាំងពិភពលោក បងប្អូនបានត្រូវលើកទឹកចិត្តមិនគ្រាន់តែឲ្យចែកចាយសៀវភៅផ្សេងៗប៉ុណ្ណោះទេ តែក៏ឲ្យត្រឡប់ទៅជួបពួកអ្នកដែលចាប់អារម្មណ៍ដំណឹងល្អដែរ។ ក្រោយពីសកម្មភាពចែកចាយខិត្តប័ណ្ណដំណឹងនៃសេចក្ដីសង្ឃឹម ឯកសារប៊ូឡើទិន(Bulletin)aបានលើកទឹកចិត្តថា៖ «សូមត្រឡប់ទៅជួបមនុស្សដែលអ្នកបានឲ្យខិត្តប័ណ្ណដំណឹងនៃសេចក្ដីសង្ឃឹម»។
ឯកសារប៊ូឡើទិន ខែមករា ឆ្នាំ១៩២៥ ក៏រួមបញ្ចូលបទពិសោធន៍របស់និស្សិតគម្ពីរម្នាក់ដែលនៅក្រុងផ្លានណូ រដ្ឋតិចសាស់។ គាត់រៀបរាប់ថា៖ «យើងភ្ញាក់ផ្អើលជាខ្លាំងដែលការត្រឡប់ទៅតំបន់ដែលធ្លាប់ផ្សព្វផ្សាយរួចហើយ ច្រើនតែមានប្រតិកម្មល្អជាងការផ្សព្វផ្សាយនៅតំបន់ថ្មី។ ថ្មីៗនេះ នៅភូមិតូចមួយដែលយើងធ្លាប់ផ្សព្វផ្សាយអស់៥ដងក្នុងអំឡុង១០ឆ្នាំកន្លងទៅនេះ បងស្រីហេនឌ្រិកនិងម្ដាយរបស់ខ្ញុំបានផ្សព្វផ្សាយ ហើយបានចែកចាយសៀវភៅច្រើនជាងមុនទៅទៀត»។
រីឯនៅប្រទេសប៉ាណាម៉ាវិញ មានអ្នកត្រួសត្រាយម្នាក់បានសរសេរថា៖ «មនុស្សជាច្រើនដែលបដិសេធដំណឹងដែលខ្ញុំផ្សាយនៅលើកដំបូង មានប្រតិកម្មផ្សេងពេលខ្ញុំជួបពួកគេជាលើកទី២ឬទី៣។ ឆ្នាំមុន ខ្ញុំបានចំណាយពេលភាគច្រើនក្នុងកិច្ចការផ្សព្វផ្សាយដោយត្រឡប់ទៅជួបពួកអ្នកដែលខ្ញុំបានជួបពេលមុន ហើយខ្ញុំមានបទពិសោធន៍ល្អជាច្រើនជាមួយមនុស្សនៅទីនោះ»។
ការគិតអំពីថ្ងៃអនាគត
នៅចុងឆ្នាំ១៩២៥ បងរ៉ូធើហ្វឺតបានសរសេរសំបុត្រទៅអ្នកត្រួសត្រាយ ហើយរៀបរាប់អំពីអ្វីដែលបានសម្រេចនៅកិច្ចផ្សព្វផ្សាយក្នុងអំឡុងឆ្នាំនោះ និងអ្វីដែលពួកគេគួរធ្វើនៅឆ្នាំបន្ទាប់។ គាត់បាននិយាយថា៖ «នៅក្នុងអំឡុងឆ្នាំកន្លងទៅនេះ អ្នកមានឯកសិទ្ធិសម្រាលទុក្ខមនុស្សជាច្រើនដែលពិបាកចិត្ត។ កិច្ចការនេះនាំឲ្យអ្នកមានអំណរខ្លាំងក្រៃលែង។ នៅឆ្នាំ១៩២៦ អ្នកនឹងមានឱកាសជាច្រើនដើម្បីផ្សព្វផ្សាយអំពីព្រះនិងរាជាណាចក្ររបស់លោក ហើយដំឡើងសញ្ញាសម្គាល់មួយសម្រាប់ប្រជាជាតិទាំងឡាយ។ . . . សូមយើងបន្តបន្លឺសំឡេង ហើយច្រៀងសរសើរព្រះនិងស្ដេចរបស់យើង»។
នៅដំណាច់ឆ្នាំ១៩២៥ បងប្អូនបានរៀបចំគម្រោងដើម្បីពង្រីកអគារបេតអែលនៅតំបន់ប៊្រុគ្លីន។ នៅឆ្នាំ១៩២៦ ពួកគេនឹងចាប់ផ្ដើមគម្រោងសាងសង់ដ៏ធំបំផុតដែលអង្គការមិនធ្លាប់ធ្វើពីមុន។
កិច្ចការសាងសង់នៅផ្លូវអាដាម តំបន់ប៊្រុគ្លីន រដ្ឋញូវយ៉ក នាឆ្នាំ១៩២៦
a ឥឡូវហៅថាកិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ។