អត្ថបទសិក្សា៤០
ចម្រៀងលេខ១១១ មូលហេតុដែលយើងមានអំណរ
ព្រះយេហូវ៉ាជា«អំណរក្រៃលែង»របស់យើង
« ខ្ញុំនឹងទៅ . . . ឯព្រះដែលនាំឲ្យខ្ញុំមានអំណរក្រៃលែង»។—ចសព. ៤៣:៤
ចំណុចផ្ដោត
ជួយយើងឲ្យកត់សម្គាល់អ្វីដែលអាចធ្វើឲ្យយើងបាត់បង់អំណរ និងរបៀបដែលយើងអាចមានអំណរឡើងវិញ។
១-២. (ក) តើមនុស្សជាច្រើននៅសព្វថ្ងៃនេះប្រឈមមុខនឹងស្ថានភាពអ្វីខ្លះ? (ខ) តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
មនុស្សជាច្រើននៅសព្វថ្ងៃនេះធ្វើអ្វីផ្សេងៗដើម្បីសប្បាយរីករាយ។ ទោះជាពួកគេខំប្រឹងយ៉ាងណាក៏ដោយ ភាពសប្បាយរីករាយរបស់ពួកគេមិនស្ថិតស្ថេរឡើយ។ មនុស្សជាច្រើនសោកសៅជាខ្លាំង ហើយមានអារម្មណ៍ថានឹងមិនមានអ្វីល្អកើតឡើងក្នុងជីវិតរបស់ពួកគេទេ។ រាស្ត្ររបស់ព្រះយេហូវ៉ាខ្លះក៏ប្រហែលជាមានអារម្មណ៍បែបនេះដែរ។ យើងកំពុងរស់នៅ«គ្រាចុងក្រោយបង្អស់» ដូច្នេះយើងប្រហែលជាជួបការពិបាកជាច្រើនដែលធ្វើឲ្យយើងមានអារម្មណ៍តានតឹងនិងពិបាកចិត្ត។—២ធី. ៣:១
២ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអ្វីដែលអាចធ្វើឲ្យយើងបាត់បង់អំណរ និងរបៀបដែលយើងអាចមានអំណរឡើងវិញ។ ប៉ុន្តែដំបូង យើងត្រូវកត់សម្គាល់ថាអ្នកណាជាប្រភពនៃអំណរនិងសុភមង្គលពិត។
ប្រភពនៃអំណរនិងសុភមង្គលពិត
៣. តើការបង្កើតរបស់ព្រះយេហូវ៉ាបង្រៀនយើងយ៉ាងណាអំពីលោក? (សូមមើលរូបភាពផងដែរ)
៣ ព្រះយេហូវ៉ាតែងតែសប្បាយ ហើយលោកចង់ឲ្យយើងសប្បាយនិងមានអំណរ។ នេះគឺជាមូលហេតុដែលលោកបានបង្កើតអ្វីៗជាច្រើនដែលធ្វើឲ្យយើងសប្បាយ។ ជាឧទាហរណ៍ យើងសប្បាយពេលយើងឃើញភពផែនដីដ៏ស្រស់ស្អាតរបស់យើងដែលមានពណ៌ចម្រុះជាច្រើន ឃើញសត្វប្រលែងគ្នា និងពេលយើងបរិភោគអាហារដែលយើងចូលចិត្ត។ ព្រះពិតជាស្រឡាញ់យើង ហើយលោកចង់ឲ្យយើងមានជីវិតសប្បាយ!
កូនដំរី៖ Image © Romi Gamit/Shutterstock; កូនភេនឃ្វីន៖ Vladimir Seliverstov/500px via Getty Images; កូនពពែ៖ Rita Kochmarjova/stock.adobe.com; ផ្សោតពីរក្បាល៖ georgeclerk/E+ via Getty Images
ពេលយើងឃើញសត្វប្រលែងគ្នា យើងនឹកចាំថា ព្រះយេហូវ៉ាគឺជាព្រះដែលមានសេចក្ដីសប្បាយ (សូមមើលវគ្គ៣)
៤. (ក) ហេតុអ្វីព្រះយេហូវ៉ានៅតែសប្បាយ ទោះជាលោកឃើញមនុស្សរងទុក្ខវេទនាក្ដី? (ខ) តើព្រះយេហូវ៉ាឲ្យអំណោយអ្វីដល់យើង? (ចម្រៀងសរសើរព្រះ ១៦:១១)
៤ ទោះជាព្រះយេហូវ៉ាជា«ព្រះដែលមានសេចក្ដីសប្បាយ»ក៏ដោយ លោកយល់យ៉ាងច្បាស់អំពីការឈឺចាប់និងទុក្ខវេទនាដែលមនុស្សមាននៅក្នុងពិភពលោកនេះ។ (១ធី. ១:១១) ប៉ុន្តែ លោកមិនបានឲ្យអ្វីទាំងនេះធ្វើឲ្យលោកបាត់បង់អំណរទេ។ លោកដឹងថាទុក្ខវេទនាទាំងអស់គឺមានតែមួយរយៈពេលខ្លីប៉ុណ្ណោះ ដោយសារលោកបានកំណត់ពេលសម្រាប់ទីបញ្ចប់នៃទុក្ខវេទនានេះរួចហើយ។ ម្យ៉ាងទៀត លោកស៊ូទ្រាំដោយចិត្តអត់ធ្មត់រហូតដល់ថ្ងៃដែលលោកនឹងបំបាត់ចោលទុក្ខវេទនា និងការឈឺចាប់ទាំងអស់ជារៀងរហូត។ ទម្រាំដល់ពេលនោះ ព្រះយេហូវ៉ាយល់អ្វីដែលយើងឆ្លងកាត់ ហើយលោកចង់ជួយយើង។ តើតាមរបៀបណាលោកជួយយើង? របៀបមួយដែលលោកជួយយើងគឺឲ្យយើងនូវអំណោយមួយគឺអំណរ។ (សូមអាន ចម្រៀងសរសើរព្រះ ១៦:១១) សូមកត់សម្គាល់អំពីរបៀបដែលការស្គាល់ព្រះយេហូវ៉ាបាននាំឲ្យលោកយេស៊ូរីករាយ។
៥-៦. ហេតុអ្វីលោកយេស៊ូមានអំណរ?
៥ ក្នុងចំណោមការបង្កើតទាំងអស់របស់ព្រះយេហូវ៉ា លោកយេស៊ូគឺជាបុគ្គលដែលមានសុភមង្គលខ្លាំងជាងគេបំផុត។ ហេតុអ្វី? សូមពិចារណាមូលហេតុពីរយ៉ាង។ (១) «លោកនិងព្រះដែលយើងមើលមិនឃើញ មានលក្ខណៈដូចគ្នាទាំងស្រុង» ហើយលោកមានគុណសម្បត្តិដូចបិតារបស់លោកយ៉ាងល្អឥតខ្ចោះ។ (កូឡ. ១:១៥; ១ធី. ៦:១៥) (២) លោកយេស៊ូបានចំណាយពេលច្រើនជាងគេជាមួយនឹងបិតារបស់លោកដែលជាប្រភពនៃសុភមង្គល។
៦ លោកយេស៊ូតែងតែមានអំណរក្នុងការធ្វើអ្វីណាក៏ដោយដែលបិតារបស់លោកសុំឲ្យលោកធ្វើ។ (សុភ. ៨:៣០, ៣១; យ៉ូន. ៨:២៩) ដោយសារលោករក្សាភាពស្មោះត្រង់ លោកទទួលការពេញចិត្តពីព្រះយេហូវ៉ា។—ម៉ាថ. ៣:១៧
៧. តើតាមរបៀបណាយើងអាចមានអំណរពិតប្រាកដ?
៧ យើងក៏អាចមានអំណរពិតដែរដោយចូលទៅជិតព្រះយេហូវ៉ាដែលជាប្រភពនៃអំណរ។ កាលដែលយើងចំណាយពេលកាន់តែច្រើនដើម្បីរៀនអំពីព្រះយេហូវ៉ានិងយកតម្រាប់លោក យើងនឹងកាន់តែមានអំណរ។ យើងក៏នឹងមានអំណរដែរ ពេលយើងធ្វើអ្វីដែលព្រះយេហូវ៉ាសុំយើងឲ្យធ្វើ និងពេលយើងដឹងថាលោកពេញចិត្តយើង។a (ចសព. ៣៣:១២) ប៉ុន្តែ ចុះយ៉ាងណាបើយើងបាត់បង់អំណរម្ដងម្កាលឬជាញឹកញយ? តើនេះមានន័យថាព្រះមិនពេញចិត្តយើងឬ? មិនមែនទេ! យើងជាមនុស្សមិនល្អឥតខ្ចោះ ហើយជួនកាលយើងរងទុក្ខ ដោយសារការឈឺចាប់ ទុក្ខព្រួយ និងការធ្លាក់ទឹកចិត្ត។ ព្រះយេហូវ៉ាយល់អំពីរឿងនេះ។ (ចសព. ១០៣:១៤) ឥឡូវ សូមឲ្យយើងពិចារណាអ្វីដែលអាចធ្វើឲ្យយើងបាត់បង់អំណរ និងរបៀបដែលយើងអាចមានអំណរឡើងវិញ។
សូមកុំឲ្យអ្វីណាក៏ដោយធ្វើឲ្យអ្នកបាត់បង់អំណរឡើយ
៨. តើបញ្ហាក្នុងជីវិតអាចមានឥទ្ធិពលយ៉ាងណាមកលើយើង?
៨ បញ្ហាក្នុងជីវិត។ តើអ្នកកំពុងប្រឈមមុខនឹងការបៀតបៀន មហន្តរាយធម្មជាតិ ភាពក្រីក្រ ជំងឺ ឬភាពចាស់ជរាឬទេ? ពេលយើងប្រឈមមុខនឹងបញ្ហាបែបនេះ យើងងាយបាត់បង់អំណរ ជាពិសេសបើយើងមិនអាចធ្វើអ្វីណាដើម្បីផ្លាស់ប្ដូរស្ថានភាពរបស់យើង។ គម្ពីរចែងថា៖ «ចិត្តក្រៀមក្រំនាំឲ្យព្រួយចំបែង»។ (សុភ. ១៥:១៣) អ្នកចាស់ទុំម្នាក់ឈ្មោះបេប៊ីសបានបាត់បង់បងប្រុសរបស់គាត់និងឪពុកម្ដាយក្នុងសេចក្ដីស្លាប់នៅក្នុងអំឡុងពេលបួនឆ្នាំ។ គាត់និយាយថា៖ «ខ្ញុំមានអារម្មណ៍ឯកោនិងមានអារម្មណ៍ថា គ្មានអ្នកណាអាចជួយខ្ញុំបានទេ។ ជួនកាល ខ្ញុំក៏ខ្វល់ខ្វាយជាខ្លាំងដែរ ដោយសារខ្ញុំចង់ចំណាយពេលច្រើនជាងជាមួយនឹងពួកគាត់មុនពួកគាត់ស្លាប់ តែខ្ញុំមិនអាចធ្វើបាន»។ ស្រដៀងគ្នាដែរ ពេលខ្លះយើងមានបញ្ហាពិបាកយ៉ាងខ្លាំងដែលធ្វើឲ្យយើងអស់កម្លាំងនិងធ្លាក់ទឹកចិត្ត។
៩. តើអ្វីអាចជួយយើងឲ្យមានអំណរឡើងវិញ? (យេរេមា ២៩:៤-៧, ១០)
៩ តើអ្វីអាចជួយយើងឲ្យមានអំណរឡើងវិញ? យើងអាចមានអំណរឡើងវិញ ដោយទទួលស្គាល់ការពិតនិងមានចិត្តកតញ្ញូ។ យើងអាចមានអំណរ ទោះជាស្ថានភាពរបស់យើងមិនដូចអ្វីដែលយើងចង់បានក៏ដោយ។ នេះគឺផ្ទុយពីអ្វីដែលមនុស្សជាច្រើននៅក្នុងពិភពលោកនេះគិត។ ជាឧទាហរណ៍ ព្រះយេហូវ៉ាប្រាប់ជនជាតិយូដាដែលបានត្រូវនិរទេសទៅបាប៊ីឡូន ឲ្យខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យជីវិតរបស់ពួកគេសប្បាយនៅទីនោះ។ (សូមអាន យេរេមា ២៩:៤-៧, ១០) តើយើងរៀនអ្វីពីកំណត់ហេតុនេះ? សូមព្យាយាមទទួលយកស្ថានភាពរបស់អ្នក ហើយមានចិត្តកតញ្ញូចំពោះអ្វីល្អៗដែលអ្នកមានក្នុងជីវិត។ សូមចាំថា ព្រះយេហូវ៉ានឹងមិនបោះបង់ចោលអ្នកឡើយ ហើយលោកនឹងជួយអ្នក។ (ចសព. ៦៣:៧; ១៤៦:៥) បងស្រីអេហ្វីដែលបានជួបគ្រោះថ្នាក់ដែលធ្វើឲ្យគាត់ពិការនិយាយថា៖ «ខ្ញុំទទួលជំនួយនិងការគាំទ្រជាច្រើនពីព្រះយេហូវ៉ា ក្រុមគ្រួសាររបស់ខ្ញុំ និងពីក្រុមជំនុំ។ ដូច្នេះខ្ញុំមានអារម្មណ៍ថា បើខ្ញុំឈប់ព្យាយាម នោះខ្ញុំមិនមានចិត្តដឹងគុណចំពោះអ្វីទាំងនោះទេ។ ខ្ញុំចង់បង្ហាញអំណរគុណចំពោះព្រះយេហូវ៉ា និងបងប្អូនដែលបានផ្ដល់ជំនួយជាច្រើនដល់ខ្ញុំ»។
១០. ហេតុអ្វីយើងនៅតែអាចមានអំណរពេលយើងមានបញ្ហា?
១០ ទោះជាពេលដែលយើងមានបញ្ហា ឬពេលដែលអ្វីអាក្រក់កើតឡើងចំពោះយើងឬចំពោះក្រុមគ្រួសាររបស់យើងក៏ដោយ យើងនៅតែអាចមានអំណរបាន។b (ចសព. ១២៦:៥) ហេតុអ្វី? ពីព្រោះអំណររបស់យើងមិនអាស្រ័យទៅលើស្ថានភាពរបស់យើងទេ។ បងស្រីម៉ារៀដែលជាអ្នកត្រួសត្រាយនិយាយថា៖ «ពេលយើងប្រឈមមុខនឹងបញ្ហា ការរក្សាអំណរមិនមែនមានន័យថា យើងលាក់អារម្មណ៍ទេ។ ផ្ទុយទៅវិញ នេះមានន័យថាយើងមិនភ្លេចសេចក្ដីសន្យារបស់ព្រះយេហូវ៉ា។ បិតារបស់យើងនឹងជួយយើងឲ្យការពារអំណររបស់យើង»។ សូមចាំថា មិនថាជីវិតរបស់យើងពិបាកយ៉ាងណានៅឥឡូវនេះក្ដី ការពិបាកទាំងនោះគឺមានតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ គឺហាក់ដូចជាដានជើងនៅលើខ្សាច់។ នៅថ្ងៃដែលមានខ្យល់បក់យ៉ាងខ្លាំង ស្នាមដានជើងទាំងនោះនឹងរលុបបាត់ទៅយ៉ាងលឿន។ ស្រដៀងគ្នាដែរ មិនយូរទៀត ព្រះយេហូវ៉ានឹងបំបាត់ចោលអ្វីៗទាំងអស់ដែលនាំឲ្យយើងរងទុក្ខវេទនានិងពិបាកចិត្ត។
១១. តើគំរូរបស់សាវ័កប៉ូលលើកទឹកចិត្តអ្នកយ៉ាងដូចម្ដេច?
១១ ចុះយ៉ាងណា បើយើងចាប់ផ្ដើមសង្ស័យថា មូលហេតុដែលយើងជួបបញ្ហាគឺមកពីព្រះយេហូវ៉ាលែងពេញចិត្តយើង? បើយើងមានអារម្មណ៍បែបនេះ យើងអាចគិតអំពីអ្នកបម្រើដ៏ស្មោះត្រង់ផ្សេងទៀតរបស់ព្រះយេហូវ៉ា ដែលប្រឈមមុខនឹងស្ថានភាពដ៏លំបាក។ សូមគិតអំពីគំរូរបស់សាវ័កប៉ូល។ លោកយេស៊ូបានជ្រើសរើសគាត់ឲ្យផ្សព្វផ្សាយដំណឹងល្អ«នៅមុខប្រជាជាតិនានា ព្រមទាំងនៅមុខស្ដេចផ្សេងៗ និងពួកកូនអ៊ីស្រាអែល»។ (សកម្ម. ៩:១៥) លោកយេស៊ូបានឲ្យកិច្ចការដ៏សំខាន់ដល់ប៉ូល! ទោះជាយ៉ាងនោះក៏ដោយ ប៉ូលមិនមែនគ្មានបញ្ហានៅក្នុងជីវិតទេ។ (២កូ. ១១:២៣-២៧) តើការដែលប៉ូលមានបញ្ហាឥតឈប់ឈរមានន័យថា គាត់លែងទទួលការពេញចិត្តពីព្រះយេហូវ៉ាឬ? មិនមែនទេ! ផ្ទុយទៅវិញ ការស៊ូទ្រាំរបស់គាត់បង្ហាញថា ព្រះយេហូវ៉ាផ្ដល់ពរដល់គាត់។ (រ៉ូម ៥:៣-៥) ឥឡូវ សូមគិតអំពីស្ថានភាពរបស់អ្នកវិញ។ អ្នកកំពុងស៊ូទ្រាំយ៉ាងស្មោះត្រង់ ទោះជាអ្នកជួបបញ្ហាណាក៏ដោយ។ ដូច្នេះ អ្នកក៏អាចប្រាកដថា ព្រះយេហូវ៉ាពេញចិត្តអ្នកដែរ។
១២. តើអ្វីដែលមិនកើតឡើងដូចសង្ឃឹមអាចធ្វើឲ្យយើងបាត់បង់អំណរយ៉ាងដូចម្ដេច?
១២ អ្វីដែលមិនកើតឡើងដូចសង្ឃឹម។ (សុភ. ១៣:១២) សេចក្ដីស្រឡាញ់និងចិត្តកតញ្ញូរបស់យើងចំពោះព្រះយេហូវ៉ា ជំរុញចិត្តយើងឲ្យកំណត់គោលដៅក្នុងកិច្ចបម្រើលោក។ ប៉ុន្តែ បើយើងកំណត់គោលដៅដែលមិនសមស្របនឹងកាលៈទេសៈរបស់យើង យើងអាចធ្លាក់ទឹកចិត្ត។ (សុភ. ១៧:២២) បងស្រីហាលីដែលជាអ្នកត្រួសត្រាយម្នាក់និយាយថា៖ «ខ្ញុំចង់ចូលសាលាបង្ហាត់បង្រៀនអ្នកផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ បម្រើនៅក្រៅប្រទេស ឬចូលរួមក្នុងគម្រោងសាងសង់នៅរ៉ាម៉ាផូ។ ប៉ុន្តែ ស្ថានភាពរបស់ខ្ញុំបានផ្លាស់ប្ដូរ ហើយខ្ញុំមិនអាចសម្រេចគោលដៅទាំងនោះបានទេ។ នេះធ្វើឲ្យខ្ញុំខកចិត្តខ្លាំងណាស់។ ពេលចង់ធ្វើអ្វីផ្សេងៗ តែធ្វើមិនបាន គឺពិបាកណាស់»។ អ្នកបម្រើជាច្រើនរបស់ព្រះយេហូវ៉ាក៏មានអារម្មណ៍បែបនេះដែរ។
១៣. បើកាលៈទេសៈរបស់យើងមិនអនុញ្ញាតឲ្យយើងធ្វើអ្វីទាំងអស់ដែលយើងចង់ធ្វើក្នុងកិច្ចបម្រើព្រះយេហូវ៉ា តើយើងអាចកំណត់គោលដៅអ្វី?
១៣ តើអ្វីអាចជួយយើងឲ្យមានអំណរឡើងវិញ? សូមចាំថា ព្រះយេហូវ៉ាមិនសុំយើងឲ្យធ្វើអ្វីដែលហួសពីសមត្ថភាពរបស់យើងទេ ហើយលោកឲ្យតម្លៃយើងមិនអាស្រ័យលើអ្វីដែលយើងអាចសម្រេចក្នុងកិច្ចបម្រើរបស់លោកឡើយ។ ព្រះយេហូវ៉ាចង់ឲ្យយើងមានចិត្តសុភាពនិងស្មោះត្រង់។ (មីកា ៦:៨; ១កូ. ៤:២) លោកយកចិត្តទុកដាក់ចំពោះគំនិត អារម្មណ៍ និងគុណសម្បត្តិរបស់យើងជាងអ្វីដែលយើងសម្រេចក្នុងកិច្ចការលោកទៅទៀត។ ដូច្នេះ តើយើងគួររំពឹងពីខ្លួនច្រើនជាងអ្វីដែលព្រះយេហូវ៉ារំពឹងពីយើងឬទេ?c មិនមែនទេ! យ៉ាងនេះ បើកាលៈទេសៈរបស់អ្នកមិនអនុញ្ញាតឲ្យអ្នកធ្វើអ្វីទាំងអស់ដែលអ្នកចង់ធ្វើក្នុងកិច្ចបម្រើព្រះយេហូវ៉ា សូមព្យាយាមផ្ដោតអារម្មណ៍លើអ្វីដែលអ្នកអាចធ្វើបាន។ ជាឧទាហរណ៍ តើអ្នកអាចជួយបង្ហាត់បង្រៀនប្អូនៗវ័យក្មេងណាម្នាក់ ឬជួយលើកទឹកចិត្តបងប្អូនវ័យចាស់ឬទេ? តើអ្នកអាចកំណត់គោលដៅលើកទឹកចិត្តអ្នកណាម្នាក់ដោយផ្ទាល់ តាមទូរស័ព្ទ ឬតាមរយៈការផ្ញើសារឬទេ? ព្រះយេហូវ៉ាពេញចិត្តពេលអ្នកធ្វើអ្វីដែលអ្នកអាចធ្វើបាន ហើយលោកនឹងឲ្យរង្វាន់អ្នកដោយជួយអ្នកឲ្យមានអំណរ! ម្យ៉ាងទៀត សូមចាំថា នៅក្នុងពិភពលោកថ្មី យើងនឹងបម្រើព្រះយេហូវ៉ាតាមរបៀបដ៏អស្ចារ្យជាច្រើន! នេះជាអ្វីដែលបានលើកទឹកចិត្តបងហាលី។ គាត់និយាយថា៖ «បើខ្ញុំចាប់ផ្ដើមធ្លាក់ទឹកចិត្ត ខ្ញុំផ្អាកបន្តិច ហើយនឹកចាំថា ខ្ញុំនឹងរស់ជារៀងរហូត។ ដោយមានជំនួយពីព្រះយេហូវ៉ា ខ្ញុំអាចសម្រេចគោលដៅខ្លះរបស់ខ្ញុំក្នុងពិភពលោកថ្មី»។
១៤. តើអ្វីផ្សេងទៀតអាចធ្វើឲ្យយើងបាត់បង់អំណរ?
១៤ ការចេះតែបំពេញចំណង់ចំណូលចិត្តខ្លួន។ មនុស្សខ្លះប្រើបណ្ដាញសង្គមដើម្បីលើកស្ទួយគំនិតដែលថា សុភមង្គលពិតនិងជីវិតដែលមានន័យខ្លឹមសារគឺមកពីការធ្វើឲ្យខ្លួនសប្បាយ។ យើងប្រហែលជាចាប់ផ្ដើមជឿថា បើយើងធ្វើអ្វីដែលយើងចូលចិត្ត ទិញអ្វីដែលយើងចង់បាន ហើយធ្វើដំណើរទៅកន្លែងផ្សេងៗ នោះយើងនឹងមានសុភមង្គលពិត។ ពិតមែនថា គឺមិនខុសទេឲ្យយើងធ្វើអ្វីដែលនាំឲ្យយើងសប្បាយ។ ព្រះយេហូវ៉ាចង់ឲ្យយើងសប្បាយនឹងអ្វីដ៏ស្រស់ស្អាតដែលលោកបានបង្កើតសម្រាប់យើង។ ប៉ុន្តែ មនុស្សជាច្រើនដែលធ្វើអ្វីផ្សេងៗដើម្បីបំពេញចិត្តខ្លួន ក្រោយមកទទួលស្គាល់ថា អ្វីទាំងនោះមិនបានធ្វើឲ្យពួកគេសប្បាយចិត្តទេ។ បងស្រីអ៊ីវឺដែលជាអ្នកត្រួសត្រាយនិយាយថា៖ «ពេលយើងចេះតែគិតអំពីការបំពេញចិត្តខ្លួនឯង នោះយើងមិនអាចស្កប់ចិត្តបានឡើយ»។ ការចេះតែបំពេញចំណង់ចំណូលចិត្តខ្លួនអាចធ្វើឲ្យយើងពិបាកចិត្តនិងខកចិត្ត។
១៥. តើយើងអាចរៀនអ្វីពីស្ដេចសាឡូម៉ូន?
១៥ យើងអាចរៀនពីបទពិសោធន៍របស់ស្ដេចសាឡូម៉ូន ស្ដីអំពីលទ្ធផលមិនល្អដែលមកពីការចេះតែបំពេញចំណង់ចំណូលចិត្តខ្លួន។ គាត់ព្យាយាមស្វែងរកសុភមង្គលដោយបំពេញសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន ដូចជាបរិភោគអាហារឆ្ងាញ់ៗ ស្ដាប់តន្ត្រីពីរោះៗ និងអ្វីល្អផ្សេងទៀតដែលលុយអាចទិញបាននៅសម័យរបស់គាត់។ ប៉ុន្តែ អ្វីទាំងនោះមិនធ្វើឲ្យគាត់ស្កប់ចិត្តឡើយ។ គាត់បាននិយាយថា៖ «ទោះជាភ្នែកមើលឃើញ ត្រចៀកស្ដាប់ឮក៏ដោយក៏មិនស្កប់ចិត្តដែរ»។ (អទ. ១:៨; ២:១-១១) មនុស្សខ្លះគិតថា បើពួកគេមានលុយ ហើយធ្វើអ្វីណាក៏ដោយដែលពួកគេចូលចិត្ត នោះពួកគេនឹងសប្បាយ។ ប៉ុន្តែ នេះគឺមិនពិតទេ។ អ្វីទាំងនោះមិនដែលធ្វើឲ្យយើងមានសុភមង្គលពិតឡើយ។
១៦. តើការឲ្យគេអាចជួយយើងឲ្យមានអំណរឡើងវិញយ៉ាងដូចម្ដេច? (សូមមើលរូបភាពផងដែរ)
១៦ តើអ្វីអាចជួយយើងឲ្យមានអំណរឡើងវិញ? លោកយេស៊ូបានបង្រៀនយើងថា៖ «ការឲ្យគេ នោះមានសុភមង្គលច្រើនជាងការទទួល»។ (សកម្ម. ២០:៣៥) អ្នកចាស់ទុំម្នាក់ឈ្មោះអាឡេខូសនិយាយថា៖ «ខ្ញុំផ្ដោតអារម្មណ៍ធ្វើអ្វីតិចតួចសម្រាប់អ្នកឯទៀត។ ពេលខ្ញុំជួយអ្នកឯទៀត ខ្ញុំមិនគិតអំពីអ្វីដែលខ្ញុំចង់បានទេ ហើយនោះធ្វើឲ្យខ្ញុំសប្បាយ»។ តើអ្នកអាចធ្វើអ្វីខ្លះដើម្បីអ្នកឯទៀត? បើអ្នកឃើញអ្នកណាម្នាក់ធ្លាក់ទឹកចិត្ត សូមព្យាយាមលើកទឹកចិត្តគាត់។ អ្នកប្រហែលជាមិនអាចដោះស្រាយបញ្ហារបស់គាត់ទេ តែអ្នកអាចសម្រាលទុក្ខគាត់ដោយស្ដាប់គាត់យ៉ាងយកចិត្តទុកដាក់ បង្ហាញចិត្តអាណិតអាសូរ និងរំលឹកគាត់ឲ្យផ្ទេរបន្ទុករបស់គាត់ទៅព្រះយេហូវ៉ា។ (ចសព. ៥៥:២២; ៦៨:១៩) អ្នកក៏អាចពង្រឹងទំនុកចិត្តគាត់ថា ព្រះយេហូវ៉ាមិនបោះបង់ចោលគាត់ឡើយ។ (ចសព. ៣៧:២៨; អេ. ៥៩:១) អ្នកថែមទាំងអាចប្រព្រឹត្តដោយសប្បុរសចំពោះគាត់ដែរ។ ជាឧទាហរណ៍ អ្នកអាចធ្វើម្ហូបសម្រាប់គាត់ ដើរហាត់ប្រាណជាមួយគាត់ ឬផ្សព្វផ្សាយជាមួយគាត់។ ការផ្សព្វផ្សាយជាមួយអ្នកឯទៀតតែងតែធ្វើឲ្យយើងសប្បាយជាង។ សូមឲ្យព្រះយេហូវ៉ាប្រើអ្នកដើម្បីលើកទឹកចិត្តអ្នកឯទៀត។ ការផ្ដោតអារម្មណ៍ទៅលើអ្នកឯទៀត ជាជាងផ្ដោតអារម្មណ៍មកលើខ្លួនឯង នឹងជួយយើងឲ្យមានអំណរពិតប្រាកដ!—សុភ. ១១:២៥
ជាជាងផ្ដោតអារម្មណ៍ទៅលើអ្វីដែលអ្នកចង់បាន សូមផ្ដោតអារម្មណ៍លើសេចក្ដីត្រូវការរបស់អ្នកឯទៀត (សូមមើលវគ្គ១៦)d
១៧. បើយើងចង់បានសុភមង្គលពិត តើយើងត្រូវធ្វើអ្វី? (ចម្រៀងសរសើរព្រះ ៤៣:៤)
១៧ យើងអាចមានអំណរពិតប្រាកដ បើយើងបន្តចូលទៅជិតព្រះយេហូវ៉ាដែលជាបិតាស្ថានសួគ៌របស់យើង។ គម្ពីរពង្រឹងទំនុកចិត្តយើងថា ព្រះយេហូវ៉ាគឺជាព្រះដែលនាំឲ្យយើងមាន«អំណរក្រៃលែង»។ (សូមអាន ចម្រៀងសរសើរព្រះ ៤៣:៤) ដូច្នេះ មិនថាយើងជួបបញ្ហាណាក៏ដោយនៅក្នុងជីវិត យើងមិនចាំបាច់ព្រួយបារម្ភឬភ័យខ្លាចឡើយ។ សូមឲ្យយើងបន្ដផ្ដោតអារម្មណ៍លើព្រះយេហូវ៉ា ដែលជាប្រភពនៃអំណររបស់យើងជារៀងរហូត!—ចសព. ១៤៤:១៥
ចម្រៀងលេខ១៥៥ អំណរមិនចេះអាក់ខាន
a សូមមើលប្រអប់ដែលមានចំណងជើងថា «ចូរពឹងផ្អែកលើព្រះយេហូវ៉ាដើម្បីមានអំណរ»។
b ជាឧទាហរណ៍ សូមមើលការសម្ភាសន៍របស់បងដេននីស គ្រិស្តេនសិន និងបងអ៊ីរីណា គ្រិស្តេនសិនក្នុងឆ្នាំ២០២៣ របាយការណ៍ថ្មីទី៥ពីគណៈអភិបាល។
c ដើម្បីបានព័ត៌មានបន្ថែម សូមមើលអត្ថបទដែលមានចំណងជើងថា «ចូរមានភាពសមហេតុសមផលដូចព្រះយេហូវ៉ា» ក្នុងទស្សនាវដ្ដីប៉មយាម ខែកក្កដា ឆ្នាំ២០២៣ វគ្គ៨-១២។
d ការពណ៌នាអំពីរូបភាព៖ បងស្រីម្នាក់ទិញអីវ៉ាន់ជាច្រើនសម្រាប់ខ្លួន តែគាត់មានសុភមង្គលច្រើនជាងពេលគាត់ទិញផ្កាមួយបាច់សម្រាប់បងស្រីវ័យចាស់ម្នាក់ដែលត្រូវការការលើកទឹកចិត្ត។