បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w25 វិច្ឆិកា ទំ. ១៦-២១
  • លោក​យេស៊ូ​គឺ​ជា​សម្ដេច​សង្ឃ​ដែល​មាន​ចិត្ត​អាណិត​មេត្តា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • លោក​យេស៊ូ​គឺ​ជា​សម្ដេច​សង្ឃ​ដែល​មាន​ចិត្ត​អាណិត​មេត្តា
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • បុត្រ​ជា​ទី​ស្រឡាញ់​របស់​ព្រះ​មក​ផែន​ដី
  • លោក​យេស៊ូ​កើត​ទុក្ខ​ជា​មួយ​នឹង​មនុស្សជាតិ
  • ការ​យក​តម្រាប់​សម្ដេច​សង្ឃ​របស់​យើង​នៅ​សព្វ​ថ្ងៃ​នេះ
  • សម្ដេច​សង្ឃ​របស់​យើង​អាច​ជួយ​អ្នក
  • តើ​យើង​រៀន​អ្វី​ពី​ថ្លៃ​លោះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • ចូរ​ទទួល​ស្គាល់​អ្វី​ដែល​អ្នក​មិន​ដឹង​ដោយ​ចិត្ត​រាប​ទាប
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • មេ​រៀន​ពី​គំរូ​លោក​យេស៊ូ​ក្នុង​អំឡុង​៤០​ថ្ងៃ​ចុង​ក្រោយ​នៅ​ផែន​ដី
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • ការសម្រេចចិត្តដែលបង្ហាញការទុកចិត្តទៅលើព្រះយេហូវ៉ា
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
w25 វិច្ឆិកា ទំ. ១៦-២១

អត្ថបទ​សិក្សា​៤៦

ចម្រៀង​លេខ​១៧ ចូរ​បង្ហាញ​ចិត្ត​មេត្តា​ដូច​គ្រិស្ត

លោក​យេស៊ូ​គឺ​ជា​សម្ដេច​សង្ឃ​ដែល​មាន​ចិត្ត​អាណិត​មេត្តា

​«​ សម្ដេច​សង្ឃ​របស់​យើង​មិន​មែន​ជា​អ្នក​ដែល​មិន​អាច​យល់​ភាព​ទន់​ខ្សោយ​របស់​យើង​ទេ​»។—ហេ. ៤:១៥

ចំណុច​ផ្ដោត

លោក​យេស៊ូ​គឺ​ជា​សម្ដេច​សង្ឃ​ដ៏​ល្អ​បំផុត ដោយ​សារ​លោក​មាន​ចិត្ត​អាណិត​មេត្តា​ចំពោះ​យើង ហើយ​អាច​ជួយ​យើង​តាម​របៀប​ផ្សេង​ៗ​ជា​ច្រើន។

១​-​២. (​ក​) ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​ចាត់​លោក​យេស៊ូ​ឲ្យ​មក​ផែន​ដី? (​ខ​)​ តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ? (​ហេប្រឺ ៥:៧​-​៩​)

ប្រហែល​២.០០០​ឆ្នាំ​មុន ព្រះ​យេហូវ៉ា​បាន​ចាត់​លោក​យេស៊ូ​ដែល​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក​ឲ្យ​មក​ផែន​ដី។ ហេតុ​អ្វី? មូលហេតុ​មួយ​គឺ​ដើម្បី​រំដោះ​មនុស្សជាតិ​ពី​ការ​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់ ហើយ​បំបាត់​ចោល​បញ្ហា​ទាំង​អស់​ដែល​មក​ពី​សាថាន។ (​យ៉ូន. ៣:១៦; ១យ៉ូន. ៣:៨​) ព្រះ​យេហូវ៉ា​ក៏​ដឹង​ថា ជីវិត​របស់​លោក​យេស៊ូ​ជា​មនុស្ស​នឹង​ជួយ​លោក​ឲ្យ​កាន់​តែ​ត្រៀម​ខ្លួន​ទៅ​ជា​សម្ដេច​សង្ឃ​ដែល​យល់​អារម្មណ៍​និង​អាណិត​មេត្តា​ចំពោះ​យើង។ លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​បម្រើ​ជា​សម្ដេច​សង្ឃ​ក្រោយ​ពី​លោក​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​២៩ គ.ស.។a

២ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​បទ​ពិសោធន៍​របស់​លោក​យេស៊ូ​នៅ​ផែន​ដី ជួយ​លោក​ឲ្យ​កាន់​តែ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​បម្រើ​ជា​សម្ដេច​សង្ឃ​ដែល​អាច​យល់​អារម្មណ៍​របស់​យើង។ កាល​ដែល​យើង​យល់​កាន់​តែ​ច្បាស់​អំពី​របៀប​ដែល​លោក​យេស៊ូ​មាន​«​គុណ​សម្បត្តិ​ពេញ​លេញ​»​សម្រាប់​តួ​នាទី​របស់​លោក នោះ​នឹង​ធ្វើ​ឲ្យ​យើង​ងាយ​ស្រួល​អធិដ្ឋាន​ជាង​និង​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា ជា​ពិសេស​ពេល​ដែល​យើង​ពិបាក​ចិត្ត​ដោយ​សារ​កំហុស​របស់​យើង។—សូម​អាន ហេប្រឺ ៥:៧​-​៩

បុត្រ​ជា​ទី​ស្រឡាញ់​របស់​ព្រះ​មក​ផែន​ដី

៣​-​៤. តើ​មាន​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​អ្វី​ពេល​លោក​យេស៊ូ​មក​ផែន​ដី?

៣ យើង​ជា​ច្រើន​នាក់​ធ្លាប់​មាន​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ជីវិត ដូច​ជា​រើ​ចេញ​ពី​ផ្ទះ​ដែល​យើង​ស្រឡាញ់ ហើយ​បែក​ពី​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ​របស់​យើង។ ការ​ផ្លាស់​ប្ដូរ​ទាំង​នេះ​គឺ​មិន​ស្រួល​ទេ។ ប៉ុន្តែ គ្មាន​មនុស្សជាតិ​ណា​ម្នាក់​ធ្លាប់​ឆ្លង​កាត់​ការ​ផ្លាស់​ប្ដូរ​ដូច​លោក​យេស៊ូ​ឡើយ។ លោក​គឺ​ជា​ទេវតា​ដំបូង ហើយ​ជា​ទេវតា​សំខាន់​បំផុត​នៅ​ស្ថាន​សួគ៌។ លោក​សប្បាយ​ទទួល​សេចក្ដី​ស្រឡាញ់​ពី​ព្រះ​យេហូវ៉ា ហើយ​តែង​តែ​មាន​អំណរ​បម្រើ​នៅ​«​ខាង​ស្ដាំ​ដៃ​»​ព្រះ។ (​ចសព. ១៦:១១; សុភ. ៨:៣០​) ប៉ុន្តែ ភីលីព ២:៧​ចែង​ថា លោក​សុខ​ចិត្ត​«​លះ​បង់​អ្វី​ៗ​ទាំង​អស់​»​នៅ​ស្ថាន​សួគ៌ ដើម្បី​មក​រស់​នៅ​ក្នុង​ចំណោម​មនុស្សជាតិ​ដែល​មិន​ល្អ​ឥត​ខ្ចោះ​នៅ​ផែន​ដី។

៤ សូម​គិត​ដែរ​អំពី​ប៉ុន្មាន​ឆ្នាំ​ដំបូង​នៃ​ជីវិត​របស់​លោក​យេស៊ូ​នៅ​ផែន​ដី។ លោក​យេស៊ូ​បាន​កើត​នៅ​ក្នុង​ក្រុម​គ្រួសារ​ដ៏​ក្រី​ក្រ។ យើង​ដឹង​ដូច្នេះ ដោយ​សារ​ឪពុក​ម្ដាយ​របស់​លោក​មាន​លទ្ធភាព​ជូន​គ្រឿង​បូជា​តែ​តិច​តួច​ប៉ុណ្ណោះ​នៅ​ឯ​វិហារ ក្រោយ​ពី​លោក​បាន​កើត។ (​ចល. ១២:៨; លូក. ២:២៤​) ពេល​ស្ដេច​ហេរ៉ូឌ​ដែល​ជា​ស្ដេច​ដ៏​អាក្រក់​ដឹង​អំពី​កំណើត​របស់​លោក​យេស៊ូ គាត់​ព្យាយាម​សម្លាប់​លោក។ ដើម្បី​គេច​ចេញ​ពី​ស្ដេច​ហេរ៉ូឌ ក្រុម​គ្រួសារ​លោក​បាន​ភៀស​ខ្លួន​ទៅ​ស្រុក​អេហ្ស៊ីប​អស់​មួយ​រយៈ។ (​ម៉ាថ. ២:១៣, ១៥​) ជីវិត​របស់​លោក​យេស៊ូ​នៅ​ផែន​ដី គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​ជីវិត​របស់​លោក​នៅ​ស្ថាន​សួគ៌!

៥. តើ​លោក​យេស៊ូ​បាន​សង្កេត​ឃើញ​អ្វី​កាល​ដែល​លោក​នៅ​ផែន​ដី ហើយ​តើ​បទ​ពិសោធន៍​របស់​លោក​បាន​ជួយ​លោក​ឲ្យ​ត្រៀម​ខ្លួន​ចំពោះ​តួ​នាទី​របស់​លោក​ជា​សម្ដេច​សង្ឃ​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

៥ កាល​ដែល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​ឃើញ​មនុស្ស​នៅ​ជុំ​វិញ​លោក​រង​ទុក្ខ​វេទនា។ លោក​ទំនង​ជា​បាន​បាត់​បង់​បុគ្គល​ជា​ទី​ស្រឡាញ់ ដែល​តាម​មើល​ទៅ​រួម​បញ្ចូល​យ៉ូសែប​ជា​ឪពុក​ចិញ្ចឹម​របស់​លោក។ ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​យេស៊ូ លោក​បាន​ជួប​បុគ្គល​ដែល​មាន​ពិការភាព អ្នក​កើត​ឃ្លង់ អ្នក​ងងឹត​ភ្នែក និង​ឪពុក​ម្ដាយ​ដែល​បាន​បាត់​បង់​កូន។ ពេល​លោក​ជួប​ពួក​គេ លោក​មាន​ចិត្ត​អាណិត​មេត្តា​ចំពោះ​ពួក​គេ។ (​ម៉ាថ. ៩:២, ៦; ១៥:៣០; ២០:៣៤; ម៉ាក. ១:៤០, ៤១; លូក. ៧:១៣​) ពិត​ណាស់ លោក​យេស៊ូ​ធ្លាប់​ឃើញ​មនុស្ស​រង​ទុក្ខ​វេទនា​ពេល​ដែល​លោក​នៅ​ស្ថាន​សួគ៌។ ប៉ុន្តែ ពេល​ដែល​លោក​នៅ​ផែន​ដី​ជា​មនុស្ស លោក​កាន់​តែ​អាច​យល់​អារម្មណ៍​របស់​មនុស្ស​ពេល​ពួក​គេ​រង​ទុក្ខ​វេទនា។ (​អេ. ៥៣:៤​) លោក​អាច​យល់​យ៉ាង​ច្បាស់​ថា​មនុស្ស​មាន​អារម្មណ៍​យ៉ាង​ណា​ក្នុង​ស្ថានភាព​ផ្សេង​ៗ ហើយ​ថា​ពួក​គេ​រង​ទុក្ខ​ខ្លាំង​ប៉ុណ្ណា​ដោយ​សារ​ការ​ពិបាក​ក្នុង​ជីវិត។ លោក​យេស៊ូ​ផ្ទាល់​ក៏​មាន​អារម្មណ៍​ដូច​ដែល​មនុស្ស​ជា​ទូទៅ​មាន​ដែរ នេះ​រួម​មាន​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត អស់​កម្លាំង និង​ការ​កើត​ទុក្ខ។

លោក​យេស៊ូ​នៅ​កណ្ដាល​មនុស្ស​មួយ​ក្រុម ដែល​អង្វរ​សុំ​លោក​ជួយ​ធ្វើ​ឲ្យ​ពួក​គេ​ជា​ពី​ជំងឺ​ផ្សេង​ៗ។ លោក​យេស៊ូ​បង្ហាញ​ចិត្ត​អាណិត​មេត្តា​ដោយ​លូក​ដៃ​ចាប់​កាន់​ដៃ​របស់​បុរស​វ័យ​ចាស់​ម្នាក់​ដែល​ឈឺ។

លោក​យេស៊ូ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​អារម្មណ៍​និង​ការ​ឈឺ​ចាប់​របស់​ពួក​អ្នក​ដែល​នៅ​ជុំ​វិញ​លោក ​(​សូម​មើល​វគ្គ​៥​)​


លោក​យេស៊ូ​កើត​ទុក្ខ​ជា​មួយ​នឹង​មនុស្សជាតិ

៦. តើ​យើង​រៀន​អ្វី​ពី​ទំនាយ​អេសាយ​អំពី​ចិត្ត​អាណិត​មេត្តា​របស់​លោក​យេស៊ូ​ចំពោះ​មនុស្ស? (​អេសាយ ៤២:៣​)

៦ ក្នុង​អំឡុង​កិច្ច​បម្រើ​របស់​លោក​យេស៊ូ លោក​បង្ហាញ​ថា​លោក​យល់​អារម្មណ៍​ពួក​អ្នក​ដែល​ខ្សោយ និង​ដែល​បាន​ត្រូវ​គេ​ជិះ​ជាន់។ ដោយ​ធ្វើ​ដូច្នោះ លោក​បាន​សម្រេច​ទំនាយ។ ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ ពួក​អ្នក​ដែល​រឹង​មាំ​និង​ដែល​ជា​អ្នក​មាន ច្រើន​តែ​បាន​ត្រូវ​ប្រដូច​ទៅ​នឹង​សួន​ច្បារ​ដ៏​ស្រស់បំព្រង​ដែល​មាន​ទឹក​ស្រោច​ស្រព ឬ​ដើម​ឈើ​ដែល​ខ្ពស់​និង​រឹង​មាំ។ (​ចសព. ៩២:១២; អេ. ៦១:៣; យេ. ៣១:១២​) ប៉ុន្តែ មនុស្ស​ក្រី​ក្រ​និង​មនុស្ស​ដែល​បាន​ត្រូវ​គេ​ជិះ​ជាន់ បាន​ប្រដូច​ទៅ​នឹង​ដើម​ត្រែង​ដែល​ទក់​និង​ប្រឆេះ​ដែល​ជិត​រលត់ ដែល​ធម្មតា​អ្នក​ឯ​ទៀត​ចាត់​ទុក​ថា​គ្មាន​តម្លៃ។ (​សូម​អាន អេសាយ ៤២:៣; ម៉ាថ. ១២:២០​) ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ អ្នក​ប្រកាស​ទំនាយ​អេសាយ​បាន​ប្រើ​ការ​ប្រដូច​នេះ ដើម្បី​ប្រាប់​ទុក​ជា​មុន​អំពី​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​មេត្តា​ករុណា​ដែល​លោក​យេស៊ូ​នឹង​បង្ហាញ​ចំពោះ​មនុស្ស​ដែល​បាន​ត្រូវ​គេ​ចាត់​ទុក​ថា​គ្មាន​តម្លៃ។

៧​-​៨. តើ​លោក​យេស៊ូ​បាន​សម្រេច​ទំនាយ​របស់​អេសាយ​យ៉ាង​ដូច​ម្ដេច?

៧ ម៉ាថាយ​ដែល​ជា​អ្នក​សរសេរ​សៀវភៅ​ដំណឹង​ល្អ​បាន​បង្ហាញ​ថា លោក​យេស៊ូ​បាន​សម្រេច​ទំនាយ​របស់​អេសាយ ពេល​ដែល​សរសេរ​ថា​៖ ​«​គាត់​នឹង​មិន​ជាន់​ឈ្លី​ដើម​ត្រែង​ណា​ដែល​ទក់ ក៏​មិន​ពន្លត់​ប្រឆេះ​ណា​ដែល​ជិត​រលត់​ដែរ​»។ អព្ភូតហេតុ​ខ្លះ​របស់​លោក​យេស៊ូ​ផ្ដល់​ប្រយោជន៍​ដល់​បុគ្គល​ដែល​បាន​ត្រូវ​គេ​ជិះ​ជាន់ ដែល​ច្បាស់​ជា​មាន​អារម្មណ៍​ដូច​ដើម​ត្រែង​ដែល​ទក់ ឬ​មនុស្ស​ដែល​អស់​សង្ឃឹម ដែល​មាន​អារម្មណ៍​ដូច​ប្រឆេះ​ដែល​ជិត​រលត់។ ជា​ឧទាហរណ៍ មាន​បុរស​ម្នាក់​កើត​ឃ្លង់​ពេញ​ខ្លួន។ គាត់​ទំនង​ជា​មាន​អារម្មណ៍​ថា​គាត់​មិន​អាច​ជា ហើយ​មិន​អាច​មាន​ថ្ងៃ​ជួប​ជុំ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ​របស់​គាត់​ទៀត​ទេ។ (​លូក. ៥:១២, ១៣​) ម្យ៉ាង​ទៀត មាន​បុរស​ម្នាក់​ដែល​ថ្លង់ ហើយ​មិន​អាច​គ្រលាស់​អណ្ដាត​និយាយ​បាន។ សូម​គិត​អំពី​អារម្មណ៍​ដែល​គាត់​ទំនង​ជា​មាន ពេល​ដែល​គាត់​ឃើញ​អ្នក​ឯ​ទៀត​និយាយ​គ្នា​យ៉ាង​រស់​រវើក ហើយ​គាត់​មិន​អាច​យល់​បាន។ (​ម៉ាក. ៧:៣២, ៣៣​) ប៉ុន្តែ មិន​មាន​តែ​ប៉ុណ្ណេះ​ទេ។

៨ នៅ​សម័យ​លោក​យេស៊ូ ជនជាតិ​យូដា​ជា​ច្រើន​នាក់​ជឿ​ថា​បុគ្គល​ដែល​ឈឺ​ឬ​មាន​ពិការភាព ទទួល​ទោស​ពី​ការ​ខុស​ឆ្គង​របស់​ខ្លួន​ឬ​របស់​ឪពុក​ម្ដាយ​របស់​ពួក​គេ។ (​យ៉ូន. ៩:២​) ដោយ​សារ​ជំនឿ​ខុស​នេះ បុគ្គល​ដែល​រង​ទុក្ខ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ។ លោក​យេស៊ូ​បាន​សម្រេច​ទំនាយ​របស់​អេសាយ ដោយ​ធ្វើ​ឲ្យ​មនុស្ស​ដែល​រង​ទុក្ខ​ពី​ជំងឺ​ផ្សេង​ៗ​ជា​សះ​ស្បើយ ហើយ​ជួយ​ពួក​គេ​ឲ្យ​មាន​សង្ឃឹម​លើ​ព្រះ​ឡើង​វិញ។ តើ​នេះ​នាំ​ឲ្យ​យើង​ជឿ​ជាក់​អំពី​អ្វី?

៩. តើ​តាម​របៀប​ណា​ហេប្រឺ ៤:១៥, ១៦​បង្ហាញ​ថា​សម្ដេច​សង្ឃ​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌​ពិត​ជា​យល់​អារម្មណ៍​របស់​មនុស្ស​ដែល​មិន​ល្អ​ឥត​ខ្ចោះ?

៩ សូម​អាន ហេប្រឺ ៤:១៥, ១៦។ យើង​អាច​ប្រាកដ​ថា លោក​យេស៊ូ​នឹង​តែង​តែ​យល់​អារម្មណ៍​របស់​យើង។ តើ​នេះ​មាន​ន័យ​យ៉ាង​ណា? បុគ្គល​ដែល​យល់​អារម្មណ៍​អ្នក​ឯ​ទៀត គឺ​ជា​បុគ្គល​ដែល​រំជួល​ចិត្ត​ចំពោះ​ការ​ឈឺ​ចាប់​និង​អារម្មណ៍​របស់​អ្នក​ឯ​ទៀត។ ពាក្យ​ភាសា​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​អាច​យល់​»​ មាន​ន័យ​ថា​ពិត​ជា​យល់​អារម្មណ៍​សោកសៅ​និង​ការ​ឈឺ​ចាប់​ដែល​អ្នក​ឯ​ទៀត​មាន។ គួរ​ឲ្យ​កត់​សម្គាល់​ថា ប៉ូល​ប្រើ​ពាក្យ​ភាសា​ក្រិច​ដូច​គ្នា​នៅ​ហេប្រឺ ១០:៣៤​ដើម្បី​បង្ហាញ​ថា យើង​យល់​អារម្មណ៍​របស់​ពួក​អ្នក​ដែល​ជាប់​គុក។ កំណត់​ហេតុ​អំពី​អព្ភូតហេតុ​របស់​លោក​យេស៊ូ​បង្ហាញ​ថា លោក​យេស៊ូ​រំជួល​ចិត្ត​ខ្លាំង​ណាស់​ចំពោះ​ការ​ឈឺ​ចាប់​របស់​អ្នក​ឯ​ទៀត។ លោក​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ​ដោយ​សារ​នោះ​ជា​កាតព្វកិច្ច​របស់​លោក​ប៉ុណ្ណោះ​ទេ តែ​លោក​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ​និង​ចង់​ជួយ​ពួក​គេ។ ជា​ឧទាហរណ៍ ពេល​លោក​ធ្វើ​ឲ្យ​បុរស​ដែល​កើត​ឃ្លង់​ជា​សះ​ស្បើយ លោក​អាច​ធ្វើ​អព្ភូតហេតុ​នោះ​ពី​ចម្ងាយ​បាន។ ប៉ុន្តែ លោក​បាន​លូក​ដៃ​ទៅ​ពាល់​បុរស​នោះ។ នេះ​ប្រហែល​ជា​ការ​ប៉ះ​លើក​ដំបូង​ដែល​បុរស​នោះ​មាន​អស់​ជា​ច្រើន​ឆ្នាំ! ម្យ៉ាង​ទៀត លោក​យេស៊ូ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ ពេល​ដែល​លោក​នាំ​បុរស​ថ្លង់​ទៅ​ឆ្ងាយ​ពី​បណ្ដា​ជន ហើយ​ធ្វើ​ឲ្យ​គាត់​ជា​សះ​ស្បើយ​នៅ​កន្លែង​ស្ងាត់​ដែល​គ្មាន​មនុស្ស។ មួយ​វិញ​ទៀត ពេល​ផារិស៊ី​ម្នាក់​បាន​មើល​ងាយ​ស្ត្រី​ដែល​បាន​ប្រែ​ចិត្ត ដែល​បាន​លាង​ជើង​របស់​លោក​យេស៊ូ​ដោយ​ទឹក​ភ្នែក​របស់​នាង ហើយ​យក​សក់​របស់​នាង​មក​សម្ងួត​ជើង​របស់​លោក នោះ​លោក​យេស៊ូ​បាន​និយាយ​ការ​ពារ​នាង​យ៉ាង​ម៉ឺង​ម៉ាត់។ (​ម៉ាថ. ៨:៣; ម៉ាក. ៧:៣៣; លូក. ៧:៤៤​) លោក​យេស៊ូ​មិន​បាន​គេច​ពី​បុគ្គល​ដែល​ឈឺ​ឬ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បាន​ស្វាគមន៍​ពួក​គេ ហើយ​ពង្រឹង​ទំនុក​ចិត្ត​បុគ្គល​បែប​នោះ។ យើង​អាច​ប្រាកដ​ថា លោក​នឹង​យល់​អារម្មណ៍​របស់​យើង​ដូច​នេះ​ដែរ។

ការ​យក​តម្រាប់​សម្ដេច​សង្ឃ​របស់​យើង​នៅ​សព្វ​ថ្ងៃ​នេះ

១០. តើ​យើង​អាច​ប្រើ​អ្វី​នៅ​សព្វ​ថ្ងៃ​នេះ​ដើម្បី​ជួយ​បុគ្គល​ដែល​ថ្លង់​និង​ងងឹត​ភ្នែក? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១០ ក្នុង​នាម​ជា​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​របស់​លោក​យេស៊ូ យើង​ព្យាយាម​យក​តម្រាប់​លោក​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់ ការ​យល់​អារម្មណ៍ និង​ការ​បង្ហាញ​ចិត្ត​អាណិត​មេត្តា​ចំពោះ​អ្នក​ឯ​ទៀត។ (​១ពេ. ២:២១; ៣:៨​) យើង​មិន​អាច​ជួយ​បុគ្គល​ដែល​ថ្លង់​និង​ងងឹត​ភ្នែក​ឲ្យ​ជា​សះ​ស្បើយ​បាន​ទេ តែ​យើង​អាច​ជួយ​ពួក​គេ​ឲ្យ​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​ចូល​ទៅ​ជិត​លោក។ ជា​ឧទាហរណ៍ សៀវភៅ​ផ្សេង​ៗ​របស់​យើង​អំពី​គម្ពីរ​មាន​ជា​ភាសា​សញ្ញា ជាង​១០០​ភាសា។ ម្យ៉ាង​ទៀត ដើម្បី​ជួយ​មនុស្ស​ងងឹត​ភ្នែក យើង​មាន​សៀវភៅ​អក្សរ​ផុស​ជាង​៦០​ភាសា ព្រម​ទាំង​មាន​ការ​ពណ៌នា​ជា​សំឡេង​សម្រាប់​វីដេអូ​ជាង​១០០​ភាសា។ អ្វី​ទាំង​អស់​នេះ​ជួយ​មនុស្ស​ថ្លង់​និង​ងងឹត​ភ្នែក​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​និង​បុត្រ​របស់​លោក។

បណ្ដុំ​រូប​ភាព​៖ ១. បង​ប្អូន​ធ្វើ​កាយ​វិការ​ចម្រៀង​រាជាណាចក្រ​ជា​ភាសា​សញ្ញា​នៅ​កិច្ច​ប្រជុំ។ ២. បង​ស្រី​ម្នាក់​អាន​គម្ពីរ​អក្សរ​ផុស។

សៀវភៅ​របស់​យើង​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​មាន​ជាង​១.០០០​ភាសា

ខាង​ឆ្វេង​៖ ភាសា​សញ្ញា ជាង​១០០​ភាសា

ខាង​ស្ដាំ​៖ អក្សរ​ផុស ជាង​៦០​ភាសា

(​សូម​មើល​វគ្គ​១០​)​


១១. តើ​អង្គការ​របស់​ព្រះ​យេហូវ៉ា​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ដូច​លោក​យេស៊ូ​ចំពោះ​មនុស្ស​គ្រប់​ប្រភេទ​យ៉ាង​ដូច​ម្ដេច? (​សកម្មភាព ២:៥​-​៧, ៣៣​) (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១១ អង្គការ​របស់​ព្រះ​យេហូវ៉ា​ព្យាយាម​ជួយ​មនុស្ស​គ្រប់​ប្រភេទ​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។ សូម​ចាំ​ថា ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​ចាក់​ឫទ្ធានុភាព​បរិសុទ្ធ​ដើម្បី​ឲ្យ​អស់​អ្នក​ដែល​នៅ​បុណ្យ​ថ្ងៃ​ទី​៥០​អាច​ស្ដាប់​ដំណឹង​ល្អ​ជា​«​ភាសា​របស់​ពួក​គេ​»​រៀង​ៗ​ខ្លួន។ (​សូម​អាន សកម្មភាព ២:៥​-​៧, ៣៣​) នៅ​សព្វ​ថ្ងៃ​នេះ ក្រោម​ការ​ដឹក​នាំ​របស់​លោក​យេស៊ូ អង្គការ​របស់​យើង​ចេញ​ផ្សាយ​សៀវភៅ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ជាង​១.០០០​ភាសា ហើយ​ក្នុង​ចំណោម​ភាសា​ទាំង​នោះ មាន​ភាសា​ខ្លះ​ដែល​មាន​មនុស្ស​តិច​តួច​និយាយ។ ជា​ឧទាហរណ៍ ភាសា​ខ្លះ​របស់​ជន​ជាតិ​ភាគ​តិច​នៅ​អាម៉េរិក មាន​មនុស្ស​តិច​និយាយ​នៅ​ទ្វីប​អាម៉េរិក​ខាង​ជើង​និង​ទ្វីប​អាម៉េរិក​ខាង​ត្បូង។ ប៉ុន្តែ ដើម្បី​ឲ្យ​មនុស្ស​ច្រើន​បំផុត​អាច​ស្ដាប់​ដំណឹង​ល្អ សៀវភៅ​របស់​យើង​ជា​ភាសា​របស់​ជន​ជាតិ​ភាគ​តិច​នៅ​អាម៉េរិក មាន​ជាង​១៦០​ភាសា។ សៀវភៅ​របស់​យើង​ក៏​មាន​ជា​ភាសា​របស់​ជន​ជាតិ​ភាគ​តិច​រ៉ូម៉ា ជាង​២០​ភាសា​ដែរ។ មនុស្ស​រាប់​ពាន់​នាក់​ដែល​និយាយ​ភាសា​ទាំង​នេះ​បាន​ទទួល​យក​សេចក្ដី​ពិត។

បណ្ដុំ​រូប​ភាព​៖ ១. បង​ស្រី​ម្នាក់​ដែល​ជា​ជន​ជាតិ​ភាគ​តិច​នៅ​អាម៉េរិក ញញឹម​ឱប​គម្ពីរ​ដែល​ជា​ភាសា​របស់​គាត់។ ២. បង​ស្រី​ម្នាក់​និង​កូន​ស្រី​របស់​គាត់​ដែល​ជា​ជន​ជាតិ​ភាគ​តិច​រ៉ូម៉ា​ចូល​រួម​កម្ម​វិធី​មួយ​របស់​អង្គការ​ព្រះ។

ខាង​ឆ្វេង​៖ ភាសា​ជន​ជាតិ​ភាគ​តិច​នៅ​អាម៉េរិក ជាង​១៦០​ភាសា

ខាង​ស្ដាំ​៖ ភាសា​របស់​ជន​ជាតិ​ភាគ​តិច​រ៉ូម៉ា ជាង​២០​ភាសា

(​សូម​មើល​វគ្គ​១១​)​


១២. តើ​អង្គការ​របស់​ព្រះ​យេហូវ៉ា​ផ្ដល់​ជំនួយ​អ្វី​ទៀត?

១២ ក្រៅ​ពី​ជួយ​មនុស្ស​ឲ្យ​រៀន​ដំណឹង​ល្អ អង្គការ​របស់​ព្រះ​យេហូវ៉ា​ក៏​ជួយ​ពួក​អ្នក​ដែល​រង​ទុក្ខ​ដោយ​សារ​មហន្តរាយ​ធម្មជាតិដែរ។ យ៉ាង​នេះ បង​ប្អូន​រាប់​ពាន់​នាក់​ស្ម័គ្រ​ចិត្ត​ជួយ​បង​ប្អូន​របស់​ពួក​គេ​ដែល​មាន​សេចក្ដី​ត្រូវ​ការ។ អង្គការ​យើង​ក៏​ជួយ​រៀប​ចំ​ឲ្យ​មាន​កន្លែង​សាមញ្ញ​សម្រាប់​គោរព​ប្រណិប័តន៍ ដើម្បី​មនុស្ស​អាច​ជួប​ជុំ​គ្នា​រៀន​ថែម​ទៀត​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​ពួក​គេ។

សម្ដេច​សង្ឃ​របស់​យើង​អាច​ជួយ​អ្នក

១៣. តើ​លោក​យេស៊ូ​ជួយ​យើង​តាម​របៀប​ណា​ខ្លះ?

១៣ ក្នុង​នាម​ជា​គង្វាល​ដ៏​ល្អ​ប្រសើរ​របស់​យើង លោក​យេស៊ូ​ធ្វើ​ឲ្យ​ប្រាកដ​ថា យើង​មាន​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​បន្ត​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ (​យ៉ូន. ១០:១៤; អេភ. ៤:៧​) ជួន​កាល កាលៈទេសៈ​ក្នុង​ជីវិត​របស់​យើង​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ដូច​ដើម​ត្រែង​ដែល​ទក់ ឬ​ប្រឆេះ​ដែល​ជិត​រលត់។ យើង​ប្រហែល​ជា​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​សារ​ជំងឺ​ធ្ងន់​ធ្ងរ កំហុស​ដែល​យើង​បាន​ធ្វើ ឬ​ប្រហែល​ជា​យើង​មាន​បញ្ហា​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ។ ដោយ​សារ​នៅ​ឥឡូវ​នេះ​យើង​កំពុង​ជួប​បញ្ហា​និង​រង​ទុក្ខ យើង​ប្រហែល​ជា​ពិបាក​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​សង្ឃឹម​របស់​យើង​នៅ​ថ្ងៃ​អនាគត។ ប៉ុន្តែ​សូម​ចាំ​ថា លោក​យេស៊ូ​ឃើញ​អ្វី​ដែល​អ្នក​កំពុង​ឆ្លង​កាត់ ហើយ​យល់​អារម្មណ៍​កប់​ជ្រៅ​របស់​អ្នក។ ចិត្ត​អាណិត​មេត្តា​របស់​លោក​យេស៊ូ​ជំរុញ​លោក​ឲ្យ​ចាត់​វិធានការ​ដើម្បី​ជួយ​អ្នក។ ជា​ឧទាហរណ៍ លោក​អាច​ប្រើ​ឫទ្ធានុភាព​បរិសុទ្ធ​ដើម្បី​ផ្ដល់​កម្លាំង​ដល់​អ្នក​ពេល​ដែល​អ្នក​ខ្សោយ។ (​យ៉ូន. ១៦:៧; ទីត. ៣:៦​) បន្ថែម​ទៅ​ទៀត លោក​អាច​ប្រើ​«​អំណោយ​ជា​មនុស្ស​»​និង​បង​ប្អូន​រួម​ជំនឿ​ឯ​ទៀត​ដើម្បី​លើក​ទឹក​ចិត្ត គាំទ្រ និង​ជួយ​អ្នក។—អេភ. ៤:៨

១៤. តើ​យើង​អាច​ធ្វើ​អ្វី​ពេល​យើង​ធ្លាក់​ទឹក​ចិត្ត?

១៤ បើ​អ្នក​ធ្លាក់​ទឹក​ចិត្ត សូម​ចាំ​ថា​លោក​យេស៊ូ​គឺ​ជា​សម្ដេច​សង្ឃ​របស់​យើង ហើយ​សូម​គិត​យ៉ាង​ជ្រាល​ជ្រៅ​ថា តើ​នេះ​មាន​អត្ថន័យ​យ៉ាង​ណា​ចំពោះ​អ្នក? សូម​ចាំ​ថា ព្រះ​យេហូវ៉ា​បាន​ចាត់​លោក​យេស៊ូ​ឲ្យ​មក​ផែន​ដី​មិន​គ្រាន់​តែ​ដើម្បី​ផ្ដល់​ជីវិត​របស់​លោក​ជា​ថ្លៃ​លោះ​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​ជួយ​លោក​ឲ្យ​យល់​អំពី​បញ្ហា​ដែល​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ជួប​ប្រទះ​ដែរ។ ពេល​យើង​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​ការ​ខុស​ឆ្គង​ឬ​ភាព​ទន់​ខ្សោយ​របស់​យើង លោក​យេស៊ូ​ត្រៀម​ខ្លួន​និង​សុខ​ចិត្ត​ផ្ដល់​ជំនួយ​«​នៅ​ពេល​ដែល​យើង​ត្រូវ​ការ​»។—ហេ. ៤:១៥, ១៦

១៥. តើ​អ្វី​បាន​ជួយ​បង​ប្រុស​ម្នាក់​ឲ្យ​ត្រឡប់​មក​ក្រុម​ជំនុំ​វិញ?

១៥ លោក​យេស៊ូ​ក៏​បាន​ណែនាំ​រាស្ត្រ​របស់​លោក កាល​ដែល​ពួក​គេ​ខំ​ព្យាយាម​ស្វែង​រក​និង​ជួយ​ពួក​អ្នក​ដែល​បាន​វង្វេង​បាត់​ពី​ហ្វូង​ចៀម​របស់​ព្រះ​យេហូវ៉ា។ (​ម៉ាថ. ១៨:១២, ១៣​) សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ប្រុស​ម្នាក់​ឈ្មោះ​ស្តេហ្វាណូ។b ក្រោយ​ពី​គាត់​បាន​ត្រូវ​ដក​ចេញ​ពី​ក្រុម​ជំនុំ​អស់​១២​ឆ្នាំ គាត់​សម្រេច​ចិត្ត​ចូល​រួម​កិច្ច​ប្រជុំ​មួយ។ គាត់​និយាយ​ថា​៖ ​«​គឺ​មិន​ស្រួល​សម្រាប់​ខ្ញុំ​ទេ តែ​ខ្ញុំ​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ​របស់​ខ្ញុំ​ម្ដង​ទៀត។ អ្នក​ចាស់​ទុំ​ដែល​បាន​ជួប​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​កក់​ក្ដៅ។ ជួន​កាល អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ​បាន​លេច​ឡើង ហើយ​ខ្ញុំ​ចង់​ឈប់​ព្យាយាម។ ប៉ុន្តែ អ្នក​ចាស់​ទុំ​រំលឹក​ខ្ញុំ​ថា ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ចង់​ឲ្យ​ខ្ញុំ​បន្ត​តស៊ូ។ ពេលខ្ញុំ​ចូល​ក្រុម​ជំនុំ​ឡើង​វិញ ក្រុម​ជំនុំ​ទាំង​មូល​ស្វាគមន៍​ខ្ញុំ​និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​យ៉ាង​កក់​ក្ដៅ។ ក្រោយ​មក ប្រពន្ធ​របស់​ខ្ញុំ​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ ហើយ​សព្វ​ថ្ងៃ​នេះ យើង​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា​»។ សម្ដេច​សង្ឃ​របស់​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ច្បាស់​ជា​ត្រេក​អរ ពេល​ឃើញ​បុគ្គល​ដែល​ប្រែ​ចិត្ត​ទទួល​ជំនួយ​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​ត្រឡប់​មក​ក្រុម​ជំនុំ​វិញ!

១៦. ហេតុ​អ្វី​អ្នក​មាន​ចិត្ត​កតញ្ញូ​ដែល​មាន​សម្ដេច​សង្ឃ​ដែល​យល់​អារម្មណ៍​របស់​យើង?

១៦ ក្នុង​អំឡុង​ជីវិត​របស់​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​ជួយ​មនុស្ស​ជា​ច្រើន​នៅ​ពេល​ត្រឹម​ត្រូវ។ នៅ​សព្វ​ថ្ងៃ​នេះ យើង​អាច​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ថា លោក​ក៏​នឹង​ជួយ​យើង​នៅ​ពេល​ណា​ដែល​យើង​ត្រូវ​ការ​ជំនួយ​ដែរ។ ម្យ៉ាង​ទៀត នៅ​ក្នុង​ពិភព​លោក​ថ្មី លោក​នឹង​ជួយ​យើង​ឲ្យ​មាន​ជីវិត​ដែល​គ្មាន​ការ​ពិបាក​ដែល​មក​ពី​ការ​ខុស​ឆ្គង និង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ទាល់​តែ​សោះ។ យើង​ពិត​ជា​ដឹង​គុណ​ព្រះ​យេហូវ៉ា ដោយ​សារ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​និង​សេចក្ដី​មេត្តា​ករុណា​របស់​លោក​បាន​ជំរុញ​ចិត្ត​លោក ឲ្យ​តែង​តាំង​បុត្រ​របស់​លោក​ឲ្យ​ធ្វើ​ជា​សម្ដេច​សង្ឃ​ដែល​យល់​អារម្មណ៍​របស់​យើង!

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • តើ​បទ​ពិសោធន៍​របស់​លោក​យេស៊ូ​នៅ​ផែន​ដី​ជួយ​លោក​យ៉ាង​ដូច​ម្ដេច​ឲ្យ​ត្រៀម​ខ្លួន​ទៅ​ជា​សម្ដេច​សង្ឃ​របស់​យើង?

  • តើ​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ពាក្យ​នៅ​អេសាយ ៤២:៣​សម្រេច​តាម​របៀប​ណា?

  • តើ​សម្ដេច​សង្ឃ​របស់​យើង​ជួយ​យើង​យ៉ាង​ណា​នៅ​សព្វ​ថ្ងៃ​នេះ?

ចម្រៀង​លេខ​១៣ គ្រិស្ត​ជា​គំរូ​របស់​យើង

a ដើម្បី​បាន​ព័ត៌មាន​អំពី​របៀប​ដែល​តួ​នាទី​របស់​លោក​យេស៊ូ​ជា​សម្ដេច​សង្ឃ​ជំនួស​ឲ្យ​តួ​នាទី​របស់​សម្ដេច​សង្ឃ​ជនជាតិ​យូដា សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​ចូរ​ឲ្យ​តម្លៃ​ឯកសិទ្ធិ​របស់​អ្នក​ដើម្បី​គោរព​ប្រណិប័តន៍​នៅ​វិហារ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ន័យ​ធៀប​»​ នៅ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​តុលា ឆ្នាំ​២០២៣ ទំ.២៦ វ.៧​-​៩។

b ឈ្មោះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក