សំណួរពីយុវវ័យ
តើខ្ញុំគួរដឹងអ្វីខ្លះអំពីគ្រឿងស្រវឹង?
គម្ពីរមិនផ្ដន្ទាទោសការពិសាគ្រឿងស្រវឹងទេបើក្នុងបរិមាណមួយដែលមិនខុសច្បាប់។ ប៉ុន្តែ គម្ពីរហាមការស្រវឹងស្រា។—ចម្រៀងសរសើរព្រះ ១០៤:១៥; កូរិនថូសទី១ ៦:១០
ចុះបើប្អូនត្រូវបង្ខំឲ្យពិសាស្រាដែលតាមច្បាប់មិនអនុញ្ញាតឬក៏ឪពុកម្ដាយមិនអនុញ្ញាត តើប្អូនត្រូវធ្វើយ៉ាងណា?
គិតវែងឆ្ងាយមុននឹងពិសា
អ្នកដែលមានអាយុស្របាលប្អូនប្រហែលជាគិតថា ទាល់តែមានស្រាទើបជប់លៀងសប្បាយ។ ប៉ុន្តែ តើក្រោយពិសារួចអាចមានអ្វីកើតឡើង?
អាចមានទោស។ បើច្បាប់ក្នុងប្រទេសប្អូនមានអាយុកំណត់ឲ្យពិសាស្រា តែប្អូនបំពាន នោះប្អូនអាចនឹងត្រូវពិន័យ ត្រូវគេដកហូតប័ណ្ណបើកបរ ត្រូវជាប់ទោសណាមួយ ឬជាប់គុកជាដើម។ ក្នុងករណីខ្លះ រដ្ឋាភិបាលតម្រូវឲ្យប្អូនធ្វើកិច្ចការសង្គមអស់មួយរយៈក៏មាន។—រ៉ូម ១៣:៣
ខូចកេរ្តិ៍ឈ្មោះ។ ធម្មតាគ្រឿងស្រវឹងអាចធ្វើឲ្យប្អូនពិបាកទប់ចិត្ត ព្រោះឥទ្ធិពលរបស់វាអាចបណ្ដាលឲ្យប្អូននិយាយឬធ្វើអ្វីមួយដែលនាំឲ្យស្ដាយក្រោយ។ (សុភាសិត ២៣:៣១-៣៣) ជាពិសេសនៅសម័យដែលគេពេញនិយមលេងបណ្ដាញសង្គម បើប្អូនធ្វើទង្វើមិនល្អណាមួយ កេរ្តិ៍ឈ្មោះមិនល្អរបស់ប្អូននឹងជាប់រហូត។
ពិបាកគ្រប់គ្រងស្មារតី។ គ្រឿងស្រវឹងអាចបណ្ដាលឲ្យប្អូនប្រើហិង្សាឬរំលោភបំពានផ្លូវភេទ។ វាក៏អាចធ្វើឲ្យប្អូនងាយចាញ់ការបញ្ចុះបញ្ចូលពីគេ រហូតឈានទៅដល់ទង្វើដែលនាំឲ្យមានគ្រោះថ្នាក់ឬខុសច្បាប់ជាដើម។
ធ្វើឲ្យញៀន។ អ្នកស្រាវជ្រាវខ្លះបានបញ្ជាក់ថា ការពិសាគ្រឿងស្រវឹងតាំងពីក្មេង អាចធ្វើឲ្យញៀនកាន់តែខ្លាំង។ ការពិសាគ្រឿងស្រវឹងដើម្បីបន្ធូរការតានតឹងចិត្ត បំបាត់អារម្មណ៍អផ្សុក ឬអារម្មណ៍ឯកោ អាចទៅជាទម្លាប់ដែលប្អូនពិបាកផ្ដាច់។
បណ្ដាលឲ្យស្លាប់។ ថ្មីៗនេះនៅសហរដ្ឋអាម៉េរិក មានមនុស្សស្លាប់រៀងរាល់៥២នាទីដោយសារការបើកបរទាំងស្រវឹង។ ក្នុងអំឡុងប្រាំឆ្នាំ មានមនុស្ស១.៥០០នាក់ដែលមានអាយុក្រោម២១ឆ្នាំបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលមកពីការពិសាគ្រឿងស្រវឹង។ ប៉ុន្តែ ទោះជាប្អូនមិនពិសាគ្រឿងស្រវឹងក៏ដោយ ប្អូនក៏អាចគ្រោះថ្នាក់ដែរ បើប្អូនជិះជាមួយអ្នកបើកបរដែលស្រវឹងស្រា។
តាំងចិត្តមិនពិសា
ប្អូនអាចគេចផុតពីគ្រោះថ្នាក់និងផលវិបាកធ្ងន់ធ្ងរដែលមកពីការស្រវឹងស្រាបាន បើប្អូនសម្រេចចិត្តជាមុនថាគួរពិសាឬមិនពិសា។
គោលការណ៍គម្ពីរ៖ «មនុស្សឈ្លាសវៃឃើញអន្តរាយមកក៏ពួនខ្លួន»។ (សុភាសិត ២២:៣) ដូច្នេះ បើត្រូវបើកបរឬធ្វើកិច្ចការណាមួយដែលត្រូវផ្ចង់ស្មារតី គឺមិនឈ្លាសវៃទេ បើពិសាគ្រឿងស្រវឹង។
តាំងចិត្ត៖ ‹ខ្ញុំសម្រេចចិត្តមិនពិសាគ្រឿងស្រវឹងទេ រហូតដល់ខ្ញុំគ្រប់អាយុតាមច្បាប់ដែលអាចមានសិទ្ធិពិសាបាន›។
គោលការណ៍គម្ពីរ៖ «អ្នករាល់គ្នាប្រគល់ខ្លួនធ្វើជាខ្ញុំបម្រើដោយធ្វើតាមបង្គាប់របស់អ្នកណា អ្នករាល់គ្នាជាខ្ញុំបម្រើរបស់អ្នកនោះ»។ (រ៉ូម ៦:១៦) បើប្អូនពិសាគ្រឿងស្រវឹងតាមមនុស្សស្រករប្អូន នោះប្អូនកំពុងឲ្យពួកគេកាន់កាប់លើជីវិតប្អូនហើយ។ បើប្អូនពិសាគ្រឿងស្រវឹងដើម្បីបន្ធូរការតានតឹងចិត្តឬអារម្មណ៍អផ្សុក នោះប្អូនមិនមែនរៀនដោះស្រាយបញ្ហាទេ តែគេចវេះពីបញ្ហានោះវិញ។
តាំងចិត្ត៖ ‹ខ្ញុំមិនព្រមផឹកស្រាតាមការបង្ខំពីអ្នកឯទៀតទេ›។
គោលការណ៍គម្ពីរ៖ «កុំធ្វើជាមនុស្សល្មោភស្រា»។ (សុភាសិត ២៣:២០) ទោះជាប្អូនបានតាំងចិត្តមិនផឹកស្រាក៏ដោយ តែការសេពគប់មិនល្អអាចធ្វើឲ្យប្អូនផឹកស្រាតាមពួកគេ នេះមានន័យថា ពេលប្អូននៅជាមួយអ្នកដែលផឹកស្រាហួសប្រមាណ នោះប្អូនក៏ផឹកច្រើនដែរ។
តាំងចិត្ត៖ ‹ខ្ញុំមិនសេពគប់នឹងអ្នកដែលប្រមឹកស្រាទេ›។