សំណួរពីយុវវ័យ
តើខ្ញុំអាចធ្វើយ៉ាងណាដើម្បីមានសិទ្ធិផ្ទាល់ខ្លួនខ្លះ?
ហេតុអ្វីឪពុកម្ដាយចង់ដឹងរឿងផ្ទាល់ខ្លួនរបស់ប្អូន?
ឪពុកម្ដាយរបស់ប្អូននិយាយថាគាត់គ្រាន់តែបារម្ភពីប្អូន។ ប៉ុន្តែ ប្អូនយល់ថាទង្វើរបស់គាត់កំពុងតែជ្រៀតជ្រែករឿងផ្ទាល់ខ្លួនរបស់ប្អូនហើយ។ ជាឧទាហរណ៍៖
ប្អូនអ៊ែរិនបានរៀបរាប់ថា៖«ប៉ាខ្ញុំទាមទារឲ្យខ្ញុំប្រាប់លេខសម្ងាត់ទូរសព្ទខ្ញុំ ដើម្បីគាត់អាចឆែកមើលសារទាំងអស់របស់ខ្ញុំ។ បើខ្ញុំមិនព្រមឲ្យ គាត់ចោទថាខ្ញុំមានអ្វីបិទបាំងគាត់»។
ប្អូនដឺនីសដែលមានអាយុខ្ទង់២០ឆ្នាំ បាននឹកចាំថាម៉ាក់គាត់តែងតែពិនិត្យមើលការចំណាយទៅលើទូរសព្ទរបស់គាត់។ គាត់ថា៖«ម៉ាក់ខ្ញុំមិនត្រឹមតែមើលការចំណាយទេ តែក៏មើលលេខទាំងអស់ដែលតេចេញតេចូលដែរ គាត់ចង់ដឹងថាលេខរបស់អ្នកណាខ្លះ ហើយចង់ដឹងថាខ្ញុំបាននិយាយអ្វីខ្លះជាមួយគេ»។
ប្អូនស្រីម្នាក់ឈ្មោះខៃឡា បានប្រាប់ថា ម៉ាក់គាត់បានអានសៀវភៅកំណត់ហេតុរបស់គាត់។ គាត់និយាយថា៖«ក្នុងសៀវភៅនោះ ខ្ញុំបានកត់ទុកអារម្មណ៍ទាំងប៉ុន្មានរបស់ខ្ញុំ រួមទាំងអារម្មណ៍ដែលខ្ញុំមានចំពោះម៉ាក់ខ្ញុំដែរ។ តែឥឡូវខ្ញុំលែងចង់សរសេរកំណត់ហេតុក្នុងសៀវភៅនោះទៀតហើយ»។
សរុបសេចក្ដី៖ ឪពុកម្ដាយរបស់ប្អូនមានសិទ្ធិដឹងថាប្អូនកំពុងឆ្លងកាត់រឿងអ្វីខ្លះ ហើយប្អូនមិនអាចដាក់កម្រិតលើសិទ្ធិរបស់គាត់ឡើយ។ ប៉ុន្តែ ជួនកាលប្អូនប្រហែលជាមានអារម្មណ៍ថាអ្វីដែលគាត់ធ្វើដូចជាជ្រុលបន្តិច មែនទេ? បើដូច្នោះមែន សូមប្អូនកុំអាលអន់ចិត្តអី ព្រោះមានអ្វីដែលប្អូនអាចធ្វើដើម្បីកាត់បន្ថយអារម្មណ៍តានតឹងចិត្ត។
អ្វីដែលប្អូនអាចធ្វើ
ប្រាប់គាត់ត្រង់ៗ។ គម្ពីរលើកទឹកចិត្តឲ្យ«ធ្វើការទាំងអស់ដោយទៀងត្រង់»។ (ហេប្រឺ ១៣:១៨) សូមព្យាយាមធ្វើដូច្នេះជាមួយឪពុកម្ដាយ។ បើប្អូនប្រាប់ពួកគាត់ត្រង់ៗនិងដោយឥតលាក់លៀម នោះប្អូនទំនងជានឹងអាចទទួលបានសិទ្ធិផ្ទាល់ខ្លួនច្រើនជាង។
សូមពិចារណា៖ តើកន្លងមកប្អូនតែងតែធ្វើឲ្យឪពុកម្ដាយទុកចិត្តប្អូនឬទេ? តើប្អូនតែងតែចូលផ្ទះតាមពេលវេលាដែលគាត់កំណត់ឬទេ? តើប្អូនលាក់បាំងគាត់អំពីមិត្តភក្ដិដែលប្អូនសេពគប់ទេ? តើមានការកម្សាន្តណាដែលប្អូនមិនចង់ឲ្យគាត់ដឹងទេ?
ប្អូនដេលីអាបានរៀបរាប់ថា៖«ពេលឪពុកម្ដាយខ្ញុំសួរនាំខ្ញុំអំពីអ្វីដែលខ្ញុំកំពុងឆ្លងកាត់ ខ្ញុំប្រាប់គាត់ដោយឥតលាក់លៀម ហើយប្រាប់គ្រប់រឿងដែលពួកគាត់ចង់ដឹង។ ជាលទ្ធផល ពួកគាត់ទុកចិត្តខ្ញុំជាង ហើយគោរពសិទ្ធិផ្ទាល់ខ្លួនរបស់ខ្ញុំច្រើនជាង»។
អត់ធ្មត់។ គម្ពីរចែងថា៖«ចូរសឲ្យឃើញជានិច្ចថាអ្នកជាមនុស្សបែបណា»។ (កូរិនថូសទី២ ១៣:៥) ពិតមែនថាដើម្បីទទួលការទុកចិត្តពីឪពុកម្ដាយ គឺត្រូវការពេល តែបើប្អូនសឲ្យឃើញថាប្អូនជាមនុស្សគួរឲ្យទុកចិត្ត នោះពួកគាត់នឹងទុកចិត្តប្អូនជាង។
សូមពិចារណា៖ ឪពុកម្ដាយប្អូនក៏ធ្លាប់ឆ្លងកាត់គ្រាយុវវ័យដែរ។ ពេលប្អូនគិតអំពីការពិតនោះ អាចជួយប្អូនឲ្យយល់មូលហេតុដែលពួកគាត់ចាប់អារម្មណ៍នឹងរឿងផ្ទាល់ខ្លួនរបស់ប្អូន។
ប្អូនដានីយ៉ែលបានរៀបរាប់ថា៖«ខ្ញុំគិតថាឪពុកម្ដាយនៅចាំកំហុសដែលពួកគាត់បានសាង ដូច្នេះហើយ ពួកគាត់មិនចង់ឲ្យកូនមានកំហុសដូចពួកគាត់ទេ»។
យល់អារម្មណ៍។ សូមព្យាយាមយល់ទស្សនៈរបស់ឪពុកម្ដាយ។ គម្ពីរចែងថាប្រពន្ធល្អ«មើលថែរក្សាក្រុមគ្រួសារ» ហើយឪពុកល្អជំរុញចិត្តកូនៗ«តាមការប្រៀនប្រដៅនិងការដាស់តឿនរបស់ព្រះយេហូវ៉ា»។ (សុភាសិត ៣១:២៧; អេភេសូរ ៦:៤, កំណត់សម្គាល់) ដើម្បីបំពេញភារកិច្ចនេះ ពួកគាត់ត្រូវដឹងអំពីសុខទុក្ខរបស់ប្អូន ទោះជាប្អូនចង់ឬមិនចង់ក្ដី។
សូមពិចារណា៖ បើប្អូនជាឪពុកឬម្ដាយម្នាក់ ហើយប្អូនដឹងថាយុវវ័យជួបរឿងអ្វីខ្លះ តើប្អូននឹងអនុញ្ញាតឲ្យកូនទទួលបានសិទ្ធិផ្ទាល់ខ្លួនពេញលេញ ដោយមិនសួរនាំគាត់សោះឬ?
ប្អូនជេមបានរៀបរាប់ថា៖«ពេលខ្ញុំមានវ័យជំទង់ ខ្ញុំគិតថាឪពុកម្ដាយខ្ញុំដូចជាជ្រៀតជ្រែករឿងផ្ទាល់ខ្លួនខ្ញុំខ្លាំងណាស់។ ប៉ុន្តែ ពេលខ្ញុំក្លាយជាមនុស្សពេញវ័យ ទើបខ្ញុំដឹងថាហេតុអីបានជាគាត់ធ្វើដូច្នោះ គឺដោយសារគាត់ស្រឡាញ់ខ្ញុំ»។