តើយើងអាចធ្វើអ្វីពេលអ្វីៗទាំងអស់ឡើងថ្លៃ?
ទទួលយកការពិត
ពេលអ្វីៗឡើងថ្លៃបន្តិចម្ដងៗ យើងប្រហែលជាពិបាកកត់សម្គាល់ ជាពិសេសបើប្រាក់ខែរបស់យើងក៏ឡើងដែរ។ ប៉ុន្តែ ពេលអ្វីផ្សេងៗឡើងថ្លៃយ៉ាងលឿន ហើយប្រាក់ខែរបស់យើងនៅតែដដែល យើងអាចចាប់ផ្ដើមខ្វល់ខ្វាយ ហើយមានអារម្មណ៍តានតឹងចិត្ត ជាពិសេសបើយើងត្រូវផ្គត់ផ្គង់ក្រុមគ្រួសារ។
យើងមិនអាចទប់ស្កាត់ការឡើងថ្លៃនៃអ្វីៗទាំងអស់បានទេ។ ប៉ុន្តែបើយើងទទួលយកការពិតនេះ យើងអាចទទួលប្រយោជន៍។
ហេតុអ្វីនេះសំខាន់?
មនុស្សដែលមានទស្សនៈត្រឹមត្រូវចំពោះការឡើងថ្លៃនៃអ្វីផ្សេងៗ ងាយស្រួល . . .
រក្សាចិត្តស្ងប់។ ពេលយើងមានចិត្តស្ងប់ នោះយើងនឹងគិតកាន់តែច្បាស់ ហើយធ្វើការសម្រេចចិត្តល្អជាង។
ជៀសវាងពីទម្លាប់មិនល្អ។ ជាឧទាហរណ៍ ចាយលុយខ្ជះខ្ជាយ ឬមិនបង់វិក្កយបត្រផ្សេងៗដែលយើងត្រូវបង់។
ជៀសវាងពីការឈ្លោះគ្នាជាមួយក្រុមគ្រួសារដោយសារលុយ។
រកវិធីដោះស្រាយដែលរួមបញ្ចូលចាយតិចជាង និងមិនចំណាយទៅលើអ្វីដែលមិនចាំបាច់។
អ្វីដែលអ្នកអាចធ្វើ
សុខចិត្តសម្របខ្លួន។ ក្នុងអំឡុងពេលនៃអតិផរណាខ្ពស់ គឺជាការល្អឲ្យយើងកាត់បន្ថយចំណាយបើអាចធ្វើបាន។ អ្នកខ្លះចាយលើសពីអ្វីដែលខ្លួនមាន ហើយនាំឲ្យស្ថានភាពខ្លួនកាន់តែពិបាក ដែលប្រៀបដូចជាការព្យាយាមហែលបញ្ច្រាសនឹងចរន្តទឹកហូរយ៉ាងលឿន! នៅទីបំផុត ជីវិតរបស់ពួកគេពោរពេញទៅដោយការតានតឹងចិត្ត។ បើអ្នកមានក្រុមគ្រួសារ អ្នកច្បាស់ជាចង់ថែរក្សានិងផ្គត់ផ្គង់អ្វីដែលពួកគេត្រូវការ! ប៉ុន្តែ សូមចាំថា សមាជិកក្រុមគ្រួសាររបស់អ្នកត្រូវការសេចក្ដីស្រឡាញ់ ពេលវេលា និងការយកចិត្តទុកដាក់ពីអ្នក ច្រើនជាងអ្វីៗទាំងអស់។
ការព្យាយាមមានជីវិតហ៊ឺហា គឺប្រៀបដូចជាការហែលបញ្ច្រាសនឹងចរន្តទឹកហូរយ៉ាងលឿន