បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • g25 លេខ ១ ទំ. ៦-៩
  • ចាត់​ចែងលុយ​កាក់​ដោយ​ឈ្លាស​វៃ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចាត់​ចែងលុយ​កាក់​ដោយ​ឈ្លាស​វៃ
  • ភ្ញាក់រឭក! ២០២៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ហេតុ​អ្វី​នេះ​សំខាន់?
  • អ្វី​ដែល​អ្នក​អាច​ធ្វើ
  • របៀបកាត់បន្ថយចំណាយ
    ប្រធានបទឯទៀត
  • ២ | ការពាររបៀបចិញ្ចឹមជីវិតរបស់អ្នក
    ភ្ញាក់រឭក! ២០២២
  • តើ​ខ្ញុំ​អាច​គ្រប់​គ្រង​ការ​ចំណាយ​របស់​ខ្ញុំ​តាម​របៀប​ណា?
    សំណួរពីយុវវ័យ
  • ការរស់នៅស្របតាមលទ្ធភាពរបស់ខ្លួន តើអាចធ្វើបានយ៉ាងដូចម្ដេច?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
ភ្ញាក់រឭក! ២០២៥
g25 លេខ ១ ទំ. ៦-៩
បណ្ដុំ​រូប​ភាព​៖ ១. ឪពុក​ម្ដាយ​កំពុង​ពិគ្រោះ​គ្នា​អំពី​ចំណូល​ចំណាយ​នៅ​តុ​បាយ កាល​ដែល​កូន​ស្រី​របស់​ពួក​គេ​នៅ​ក្នុង​ផ្ទះ​បាយ​ជិត​នោះ។ ២. ទូរ​សព្ទ​មួយ​បើក​កម្ម​វិធី​គិត​លេខ​ដែល​នៅ​លើក​វិក្កយបត្រ​ផ្សេង​ៗ។

តើ​យើង​អាច​ធ្វើ​អ្វី​ពេល​អ្វី​ៗ​ទាំង​អស់​ឡើង​ថ្លៃ?

ចាត់​ចែង​លុយ​កាក់​ដោយ​ឈ្លាស​វៃ

នៅ​ពេល​អ្វី​ៗ​ទាំង​អស់​ឡើង​ថ្លៃ យើង​ទាំង​អស់​គ្នា​ជួប​ការ​ពិបាក។ ប៉ុន្តែ យើង​មិន​គួរ​អស់​សង្ឃឹម​ឡើយ ព្រោះ​មាន​អ្វី​ខ្លះ​ដែល​យើង​អាច​ធ្វើ​ដើម្បី​ជួយ​ឲ្យ​ស្ថានភាព​យើង​ល្អ​ប្រសើរ​ជាង។

ហេតុ​អ្វី​នេះ​សំខាន់?

បើ​អ្នក​មិន​ព្យាយាម​គ្រប់​គ្រង​លុយ​កាក់​របស់​អ្នក នោះ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​បញ្ហា​លុយ​កាក់​ថែម​ទៀត ហើយ​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​បារម្ភ​និង​ខ្វល់​ខ្វាយ។ ទោះ​ជា​អ្នក​មិន​សូវ​មាន​លុយ​ច្រើន​ក្ដី តែ​មាន​អ្វី​មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ជួយ​អ្នក​គ្រប់​គ្រង​លុយ​កាក់។

អ្វី​ដែល​អ្នក​អាច​ធ្វើ

រស់​នៅ​ស្រប​តាម​លទ្ធភាព​របស់​អ្នក។ ពេល​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​មាន​ទំនុក​ចិត្ត​ថា​អ្នក​អាច​គ្រប់​គ្រង​លុយ​កាក់​បាន​ល្អ​ជាង ហើយ​អាច​បង់​ថ្លៃ​ចំណាយ​ដែល​អ្នក​មិន​បាន​រំពឹង​ទុក។

ដើម្បី​ជួយ​អ្នក​រស់​នៅ​ស្រប​តាម​លទ្ធភាព សូម​រៀប​ចំ​គម្រោង​ថវិកា ដោយ​កត់​ទុក​ចំណូល​និង​ចំណាយ​របស់​អ្នក។ ពេល​រៀប​ចំ​គម្រោង​នោះ សូម​គិត​យ៉ាង​ដិត​ដល់​អំពី​អ្វី​ដែល​អ្នក​ពិត​ជា​ត្រូវ​ការ។ ក្រោយ​មក ព្យាយាម​ធ្វើ​តាម​គម្រោង​នោះ ហើយ​កែ​ប្រែ​ទៅ​តាម​ស្ថានភាព ដូច​ជា​នៅ​ពេល​ទំនិញ​ឡើង​ថ្លៃ ឬ​ពេល​ប្រាក់​ចំណូល​របស់​អ្នក​ផ្លាស់​ប្ដូរ។ បើ​អ្នក​រៀប​ការ​ហើយ សូម​ពិភាក្សា​រឿង​នេះ​ជា​មួយ​គូ​របស់​អ្នក។

សូម​សាក​ធ្វើ​ដូច្នេះ​៖ ជា​ជាង​ទិញ​អីវ៉ាន់​ផ្សេង​ៗ​ដោយ​ប្រើ​កាត​ឥណទាន សូម​ទិញ​ដោយ​សាច់​ប្រាក់​វិញ។ ដោយ​ចំណាយ​ប្រាក់​តាម​របៀប​នេះ អ្នក​ខ្លះ​គ្រប់​គ្រង​ថវិកា​បាន​ល្អ​ជាង ហើយ​ជៀស​ផុត​ពី​ការ​ជំពាក់​បំណុល​ទៀត​ផង។ ម្យ៉ាង​ទៀត​ម្ដង​ម្កាល សូម​ចំណាយ​ពេល​ពិនិត្យ​មើល​របាយការណ៍​គណនី​របស់​អ្នក។ ពេល​ដែល​អ្នក​ដឹង​ច្បាស់​អំពី​ចំនួន​ទឹក​ប្រាក់​ដែល​អ្នក​មាន នោះ​អ្នក​នឹង​មិន​សូវ​ព្រួយ​បារម្ភ​ខ្លាំង​ពេក​ទេ។

ការ​រស់​នៅ​តាម​លទ្ធភាព​របស់​អ្នក មិន​តែង​តែ​ស្រួល​ទេ។ ប៉ុន្តែ ការ​ធ្វើ​តាម​គម្រោង​ថវិកា​ដែល​បាន​គិត​គូរ​យ៉ាង​ហ្មត់​ចត់ អាច​ជួយ​អ្នក​ច្រើន​ណាស់។ អ្នក​ក៏​មិន​សូវ​ខ្វល់​ខ្វាយ​ពេក​អំពី​រឿង​លុយ​កាក់​ដែរ។

​«​គិត​គូរ​ជា​មុន​សិន​»។—លូកា ១៤:២៨


រក្សា​ការ​ពារ​ការ​ងារ​របស់​អ្នក។ តើ​មាន​វិធី​អ្វី​ខ្លះ​ដើម្បី​ជួយ​អ្នក​កុំ​ឲ្យ​បាត់​បង់​ការ​ងារ? មាន​វិធី​ខ្លះ​ៗ​ដូច​ជា ទៅ​ធ្វើ​ការ​ឲ្យ​បាន​ទាន់​ពេល មាន​ទស្សនៈ​ល្អ​ចំពោះ​ការ​ងារ​របស់​អ្នក ត្រៀម​ខ្លួន​ជួយ​អ្នក​ឯ​ទៀត ហើយ​ខំ​ប្រឹង​ធ្វើ​ការ បង្ហាញ​ការ​គោរព​ជា​និច្ច ធ្វើ​តាម​ច្បាប់​ផ្សេង​ៗ​នៅ​កន្លែង​ធ្វើ​ការ ហើយ​ព្យាយាម​បង្កើន​សមត្ថភាព​របស់​អ្នក​ដើម្បី​ធ្វើ​ការ​ឲ្យ​កាន់​តែ​ល្អ​ជាង។


កុំ​ខ្ជះ​ខ្ជាយ​លុយ។ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​មាន​ទម្លាប់​ខ្ជះខ្ជាយ​លុយ​កាក់​និង​ចូល​ចិត្ត​ទិញ​អ្វី​ថ្លៃ​ៗ​ឬ​ទេ?›។ ជា​ឧទាហរណ៍ មនុស្ស​ខ្លះ​ខ្ជះ​ខ្ជាយ​លុយ​ដែល​ពួក​គេ​ពិបាក​រក​ដោយ​ប្រើ​គ្រឿង​ញៀន លេង​ល្បែង​ស៊ីសង ជក់​បារី ឬ​ផឹក​ស្រា​ហួស​ប្រមាណ។ ទម្លាប់​ទាំង​នេះ​ក៏​អាច​ធ្វើ​ឲ្យ​ពួក​គេ​ខូច​សុខភាព ហើយ​បាត់​បង់​ការ​ងារ​ដែរ។

​«​មាន​សុភមង្គល​ហើយ អ្នក​ណា​ដែល​រក​បាន​ប្រាជ្ញា . . . ការ​រក​បាន​ប្រាជ្ញា វិសេស​ជាង​ការ​រក​បាន​ប្រាក់​»។—សុភាសិត ៣:១៣, ១៤


សន្សំ​លុយ​សម្រាប់​ពេល​មាន​អាសន្ន។ ពេល​ណា​ដែល​អ្នក​អាច​ធ្វើ​បាន សូម​ទុក​លុយ​មួយ​ចំនួន​តូច​ដោយ​ឡែក សម្រាប់​ការ​ចំណាយ​ដែល​មិន​បាន​រំពឹង​ទុក​ឬ​ពេល​មាន​រឿង​អាសន្ន​កើត​ឡើង។ ប្រាក់​សន្សំ​នោះ​អាច​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រួល​ជាង បើ​អ្នក​ឬ​សមាជិក​គ្រួសារ​ធ្លាក់​ខ្លួន​ឈឺ បាត់​បង់​ការ​ងារ ឬ​ជួប​រឿង​ផ្សេង​ទៀត​ដែល​មិន​បាន​រំពឹង​ទុក។

​«​មនុស្ស​ទាំង​អស់​អាច​ជួប​ហេតុ​ការណ៍​ដែល​មិន​បាន​រំពឹង​ទុក​នៅ​ពេល​ដែល​ពួក​គេ​មិន​នឹក​ស្មាន​ដល់​»។—អ្នក​ទូន្មាន ៩:១១

របៀប​សន្សំ​លុយ

កែវ​មួយ​ពេញ​ទៅ​ដោយ​កាក់។

រៀប​ចំ​ម្ហូប​អាហារ​នៅ​ផ្ទះ។

ការ​ចេញ​ទៅ​ញ៉ាំ​អ្វី​នៅ​ខាង​ក្រៅ ឬ​ការ​ទិញ​ម្ហូប​ស្រាប់​និង​ភេសជ្ជៈ​ជា​ញឹក​ញយ អាច​នាំ​ឲ្យ​អស់​លុយ​ច្រើន​ណាស់។ ទោះ​ជា​ត្រូវ​ការ​ពេល​វេលា​និង​កម្លាំង​ដើម្បី​រៀប​ចំ​ម្ហូប​នៅ​ផ្ទះ​ក៏​ដោយ តែ​នេះ​អាច​ជួយ​អ្នក​សន្សំ​លុយ​បាន​ច្រើន។ មួយ​វិញ​ទៀត បើ​អ្នក​ធ្វើ​ម្ហូប​ដោយ​ខ្លួន​ឯង អ្នក​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា​ម្ហូប​អាហារ​របស់​អ្នក​មាន​គុណភាព​ល្អ​ជាង​ដែរ។

ទិញ​ដោយ​ឈ្លាស​វៃ។

  • ធ្វើ​បញ្ជី​ទិញ​អីវ៉ាន់ ហើយ​កុំ​ទិញ​លើស​ពី​នោះ។ កុំ​ទិញ​តាម​ចិត្ត​ចង់។

  • រក​មើល​អីវ៉ាន់​ដែល​បញ្ចុះ​តម្លៃ​ដោយ​ទិញ​ជា​ដុំ​ៗ បើ​អ្នក​មាន​លទ្ធភាព។ សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​មាន​កន្លែង​ត្រឹម​ត្រូវ​អាច​ទុក​ដាក់​អ្វី​ទាំង​នោះ​ដើម្បី​ការ​ពារ​កុំ​ឲ្យ​វា​ខូច។

  • គិត​ពិចារណា​អំពី​ការ​ទិញ​ម៉ាក​អីវ៉ាន់​ដែល​ធូរ​ថ្លៃ​ជាង តែ​នៅ​តែ​មាន​គុណភាព​ល្អ។

  • ទិញ​ទំនិញ​តាម​អនឡាញ ដើម្បី​រក​ទំនិញ​ដែល​បញ្ចុះ​តម្លៃ​ច្រើន​ជាង​ការ​ទិញ​នៅ​តាម​ហាង នេះ​ជួយ​អ្នក​ឲ្យ​ជៀស​វាង​ពី​ការ​ទិញ​អ្វី​ដែល​មិន​បាន​គ្រោង​ទុក ហើយ​ជួយ​អ្នក​ឲ្យ​ពិនិត្យ​មើល​ការ​ចាយ​វាយ​របស់​អ្នក។ បើ​កន្លែង​ដែល​អ្នក​រស់​នៅ​អ្នក​អាច​ទិញ​ទំនិញ​តាម​អនឡាញ​បាន តើ​អ្នក​អាច​សាក​ល្បង​ធ្វើ​ដូច្នេះ​ឬ​ទេ?

  • បើ​អាច​ធ្វើ​បាន​សូម​ទិញ​ទំនិញ​ដែល​បញ្ចុះ​តម្លៃ និង​ប្រើ​ប្រាស់​គូ​ប៉ុង​បញ្ចុះ​តម្លៃ។ សូម​ប្រៀប​ធៀប​តម្លៃ​នៃ​ក្រុម​ហ៊ុន​ផ្សេង​ៗ​ស្ដី​អំពី អគ្គិសនី ទឹក និង​អ្វី​ផ្សេង​ទៀត។

គិត​សិន​មុន​ប្ដូរ​ស៊េរី។

ក្រុម​ហ៊ុន​ផលិត​ទូរ​សព្ទ និង​ផលិតផល​ផ្សេង​ទៀត​តែង​តែ​បង្កើត​ស៊េរី​ថ្មី​ៗ​ដើម្បី​រក​លុយ។ ដូច្នេះ សូម​គិត​សិន​ហើយ​សួរ​ខ្លួន​ថា ‹តើ​ការ​ទិញ​ស៊េរី​ថ្មី​ដែល​ទើប​នឹង​ចេញ​ពិត​ជា​ផ្ដល់​ប្រយោជន៍​ដល់​ខ្ញុំ​ឬ​ទេ? តើ​ឥឡូវ​នេះ​ខ្ញុំ​ពិត​ជា​ត្រូវ​ការ​ដូរ​ស៊េរី​ទេ? បើ​ខ្ញុំ​ត្រូវ​ការ​មែន តើ​ខ្ញុំ​ពិត​ជា​ត្រូវ​ការ​ស៊េរី​ថ្មី​បំផុត​ឬ?›។

ជួស​ជុល​ហើយ​ប្រើ​ម្ដង​ទៀត។

ថែ​ទាំ​របស់​ដែល​អ្នក​ប្រើ​ប្រាស់ ដើម្បី​អ្នក​អាច​ប្រើ​បាន​យូរ ហើយ​បើ​ជួស​ជុល​មិន​សូវ​ថ្លៃ សូម​ជួស​ជុល​វា​នៅ​ពេល​វា​ខូច។ អ្នក​អាច​សន្សំ​លុយ​ច្រើន​ជាង​បើ​អ្នក​ទិញ​របស់​មួយ​ទឹក។

ដាំ​ដំណាំ​ផ្សេង​ៗ។

តើ​អ្នក​អាច​ទុក​កន្លែង​ខ្លះ​ដើម្បី​ដាំ​ដំណាំ​ផ្សេង​ៗ​ឬ​ទេ? ក្រៅ​ពី​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​ម្ហូប អ្នក​អាច​យក​អ្វី​ដែល​អ្នក​បាន​ដាំ​ទៅ​ប្ដូរ លក់ ឬ​ចែក​ឲ្យ​អ្នក​ឯ​ទៀត។

​«​គម្រោង​របស់​មនុស្ស​ឧស្សាហ៍​នឹង​បាន​ជោគ​ជ័យ​ជា​មិន​ខាន​»។—សុភាសិត ២១:៥

កាត​ឥណទាន។

ម៉ែល ពី​ប្រទេស​អង់គ្លេស​បាន​និយាយ​ថា​៖ ​«​យើង​ឆែក​មើល​តម្លៃ​របស់​របរ​ផ្សេង​ៗ​ដែល​យើង​ប្រើ​ជា​ទៀង​ទាត់ ហើយ​ប្រុង​ប្រយ័ត្ន​មិន​ប្រើ​កាត​ឥណទាន​របស់​យើង​ច្រើន​ពេក​»។

សៀវភៅ​កត់​កំណត់​មួយ ប៊ិក​មួយ និង​សោ​មួយ​ចង្កោម។

យេរេមី ពី​សហរដ្ឋ​អាម៉េរិក​បាន​និយាយ​ថា​៖ ​«​មុន​ទៅ​ផ្សារ ក្រុម​គ្រួសារ​ខ្ញុំ​តែង​តែ​រៀប​ចំ​បញ្ជី​អំពី​អ្វី​ដែល​យើង​ត្រូវ​ការ​»។

សៀវភៅ​រៀប​ចំ​ផែន​ការ​ប្រចាំ​ថ្ងៃ និង​ម៉ាស៊ីន​គិត​លេខ។

យ៉ាអែល ពី​ប្រទេស​អ៊ីស្រាអែល​បាន​រៀប​រាប់​ថា​៖ ​«​យើង​កែ​គម្រោង​ថវិកា​របស់​យើង​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​ពិត​ជា​មាន​លទ្ធភាព​ទិញ​អ្វី​ដែល​យើង​ត្រូវ​ការ ហើយ​យើង​ទុក​លុយ​សម្រាប់​ចំណាយ​ទៅ​លើ​អ្វី​ដែល​យើង​មិន​បាន​រំពឹង​ទុក​»។

ម៉ា​ឡេត​មួយ និងទួរណឺវិស​មួយ។

ចេហ្វ្រី ពី​សហរដ្ឋ​អាម៉េរិក​បាន​ពន្យល់​ថា​៖ ​«​យើង​បាន​បង្រៀន​កូន​ៗ​របស់​យើង​ឲ្យ​ជួស​ជុល​របស់​ដែល​ខូច​ជា​ជាង​ទិញ​ថ្មី។ នេះ​រួម​បញ្ចូល​ឡាន​និង​របស់​របរ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ។ ប្រពន្ធ​ខ្ញុំ​និង​ខ្ញុំ​ក៏​ព្យាយាម​ជៀស​វាង​ទិញ​របស់​របរ​ស៊េរី​ថ្មី​បំផុត​ដែរ​»។

ហន់ណូ ពី​ប្រទេស​មីយ៉ាន់ម៉ា​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​កាត់​បន្ថយ​ចំណាយ​របស់​ខ្ញុំ​ដោយ​ដាំ​បន្លែ​ផ្សេង​ៗ​និង​ចិញ្ចឹម​មាន់ ខ្ញុំ​ក៏​បាន​ចែក​រំលែក​បន្លែ​ខ្លះ​ជា​មួយ​អ្នក​ឯ​ទៀត​ដែរ​»។

បុរស​ម្នាក់​កំពុង​បេះ​បន្លែ​ផ្សេង​ៗ​ក្នុង​សួន។
    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក