សំណួរពីយុវវ័យ
តើខ្ញុំអាចគ្រប់គ្រងការចំណាយរបស់ខ្ញុំតាមរបៀបណា?
ប្អូនខូលីនបានរៀបរាប់ថា៖«ថ្មីៗនេះ ខ្ញុំបានទៅហាងមួយដើម្បីមើលលេងប៉ុណ្ណោះ តែចុងក្រោយខ្ញុំបានទិញឥវ៉ាន់ដ៏ថ្លៃមួយ ដែលខ្ញុំមិនដែលមានបំណងចង់ទិញវាឡើយ»។
ប្អូនខូលីនទទួលស្គាល់ថាគាត់ពិបាកទប់ចិត្តក្នុងការចំណាយ។ តើប្អូនមានបញ្ហាស្រដៀងនឹងគាត់ទេ? បើមាន អត្ថបទនេះអាចជួយប្អូនបាន។
ហេតុអ្វីគួរចេះគ្រប់គ្រងការចំណាយ?
ការយល់ច្រឡំ៖ បើគិតច្រើនពេកអំពីការចំណាយ នោះបិទសេរីភាពខ្លួនហើយ។
ការពិត៖ ពេលប្អូនចេះគ្រប់គ្រងការចំណាយរបស់ខ្លួន នោះប្អូននឹងមានសេរីភាពថែមទៀត មិនមែនបំបិទសេរីភាពរបស់ប្អូនទេ។ សៀវភៅមួយបានរៀបរាប់ថា៖«ពេលប្អូនកាន់តែចេះគ្រប់គ្រងលុយកាក់ នោះប្អូននឹងមានរបស់របរដែលប្អូនចង់បាន មិនថានៅឥឡូវនេះនិងអនាគត (I’m Broke! The Money Handbook)។
សូមពិចារណា៖ បើប្អូនចេះគ្រប់គ្រងលុយកាក់...
ប្អូននឹងមានលុយច្រើនជាងពេលប្អូនត្រូវការ។ ប្អូនអ៊ីនេសបានរៀបរាប់ថា៖«ថ្ងៃណាមួយ ខ្ញុំចង់ទៅលេងអាម៉េរិកខាងត្បូង ដូច្នេះខ្ញុំតែងតែចាំគោលដៅនេះពេលខ្ញុំព្យាយាមសន្សំលុយ»។
ប្អូននឹងមានបំណុលតិចជាង(ឬគ្មានបំណុលសោះ)។ គម្ពីរចែងថា៖«អ្នកដែលខ្ចីគេ ជាខ្ញុំបម្រើរបស់អ្នកដែលឲ្យខ្ចី»។ (សុភាសិត ២២:៧) ប្អូនស្រីអាណាក៏យល់ស្របនឹងចំណុចនេះដែរ។ នាងបាននិយាយថា៖«បើយើងជាប់បំណុលប្រៀបដូចជាជីវិតយើងជាប់ជំពាក់នឹងអ្វីមួយ តែពេលយើងគ្មានបំណុល នោះស្រួលឲ្យយើងផ្ដោតអារម្មណ៍ទៅលើគោលដៅរបស់យើង»។
ប្អូនបង្ហាញថាប្អូនមានគំនិតចាស់ទុំ។ ពេលប្អូនចេះគ្រប់គ្រងការចាយវាយរបស់ប្អូន នោះនឹងជួយប្អូនឲ្យទៅជាមនុស្សពេញវ័យប្រសើរជាង។ ប្អូនជីនដែលមានអាយុ២០ឆ្នាំ បានរៀបរាប់ថា៖«ជាការល្អដែលខ្ញុំចេះគ្រប់គ្រងការចាយវាយ និងមានទំនួលខុសត្រូវចំពោះការចាយវាយនៅឥឡូវនេះ ព្រោះបើថ្ងៃអនាគតខ្ញុំត្រូវទៅរស់នៅម្នាក់ឯង នោះខ្ញុំអាចចេះគ្រប់គ្រងលុយកាក់បានល្អជាង»។
សរុបសេចក្ដី៖ សៀវភៅមួយបានរៀបរាប់ថា៖«ការចាយវាយដោយចេះគិត គឺជាជំហានដំបូងដែលជួយប្អូនទៅជាមនុស្សដែលមានជំហរផ្ទាល់ខ្លួន។ ហើយការចាយវាយដោយមានទំនួលខុសត្រូវបែបនោះ នឹងជួយប្អូនពីឥឡូវនេះរហូតដល់ពេញមួយជីវិត»(The Complete Guide to Personal Finance: For Teenagers and College Students)។
របៀបគ្រប់គ្រងការចំណាយ
ស្គាល់ចំណុចខ្សោយរបស់ខ្លួន។ បើប្អូនចេះតែដាច់យ៉ៃ សូមរកមូលហេតុថាប្អូនបានចាយវាយទៅលើអ្វីខ្លះ។ សម្រាប់អ្នកខ្លះចំណាយលុយច្រើនពេកទៅលើការទិញទំនិញតាមអនឡាញ។ ហើយសម្រាប់អ្នកខ្លះទៀត ចេះតែទិញនេះទិញនោះ ហើយលុយខើចទៅៗរហូតដល់ចុងខែ។
ប្អូនហេលីបានរៀបរាប់ថា៖«ជារៀងរាល់ថ្ងៃ ខ្ញុំចេះតែចំណាយទៅលើអ្វីកំប៉ិកកំប៉ុក ដូចជាទិញរបស់នេះរបស់នោះ ទិញកាហ្វេ ឬអីវ៉ាន់ដែលគេបញ្ចុះតម្លៃ។ ដល់ចុងខែ ខ្ញុំមិនដឹងថាលុយខ្ញុំទៅណាអស់ទេ»។
រៀបចំគម្រោងថវិកា។ គម្ពីរចែងថា៖«គម្រោងរបស់មនុស្សឧស្សាហ៍នឹងបានជោគជ័យជាមិនខាន»។ (សុភាសិត ២១:៥) ពេលប្អូនរៀបចំគម្រោងថវិកា ប្អូននឹងដឹងរបៀបចាយវាយមិនឲ្យលើសពីប្រាក់ចំណូល។
ប្អូនដាញែលបានរៀបរាប់ថា៖«បើយើងចាយលើសពីប្រាក់ចំណូលដែលយើងរកបាន សូមរកមើលថាតើយើងចំណាយទៅលើអ្វីខ្លះ រួចមកកាត់បន្ថយទៅលើអ្វីដែលមិនចាំបាច់។ ដោយធ្វើដូច្នេះ យើងនឹងចំណាយតិចជាងប្រាក់ចំណូលរបស់យើង»។
ធ្វើតាមគម្រោងរបស់ប្អូន។ មានរបៀបជាច្រើនដែលប្អូនអាចសន្សំលុយ និងជៀសវាងពីការចាយវាយផ្ដេសផ្ដាស។ ប្អូនៗយុវវ័យខ្លះបានធ្វើតាមវិធីខាងក្រោមនេះយ៉ាងមានប្រសិទ្ធភាព។ វិធីទាំងនោះមានដូចជា៖
ប្អូនដាវីឌបានរៀបរាប់ថា៖«ធម្មតាពេលខ្ញុំមានលុយភ្លាម ខ្ញុំដាក់ធនាគារភ្លែត។ ពេលខ្ញុំធ្វើដូច្នេះ ខ្ញុំមិនសូវចំណាយលុយច្រើនទេ»។
ប្អូនអិលអិនបានរៀបរាប់ថា៖«រាល់ដងដែលខ្ញុំទៅផ្សារ ខ្ញុំតែងតែដាក់លុយល្មមតាមខ្លួន។ ព្រោះការធ្វើដូច្នេះ ជួយខ្ញុំមិនឲ្យទិញអ្វីដែលខ្ញុំគ្មានបំណងទិញទេ»។
ប្អូនជេស៊ីយ៉ាបានរៀបរាប់ថា៖«ពេលខ្ញុំរង់ចាំសិនមុនសម្រេចចិត្តទិញអ្វីមួយ ជួយខ្ញុំឲ្យមានពេលគិតពិចារណាថាតើខ្ញុំត្រូវការរបស់នោះឬអត់»។
ប្អូនជេននីហ្វើបានរៀបរាប់ថា៖«ខ្ញុំមិនចាំបាច់ចូលរួមរាល់កម្មវិធីទេ ហើយក៏មិនខុសដែរបើខ្ញុំបដិសេធ ព្រោះខ្ញុំមិនមានលុយគ្រប់គ្រាន់សម្រាប់កម្មវិធីទាំងអស់ឡើយ»។
សរុបសេចក្ដី៖ ការចេះចាត់ចែងលុយកាក់ គឺជាទំនួលខុសត្រូវខ្ពស់។ ប្អូនខូលីនដែលបានរៀបរាប់នៅខាងលើក៏បានយល់ស្របនឹងចំណុចនេះដែរ។ គាត់បានប្រាប់ថា៖«ថ្ងៃណាមួយខ្ញុំនឹងទៅជាមេគ្រួសារ ដូច្នេះខ្ញុំមិនគួរចាយវាយផ្ដេសផ្ដាសទេ ព្រោះបើពេលនៅលីវខ្ញុំចាយវាយមិនចេះគិត នោះពេលរៀបការ ក្រុមគ្រួសារខ្ញុំនឹងខ្វះខាតមិនខាន»។
យោបល់៖ ប្អូនវ៉ាន់នេសាបានរៀបរាប់ថា៖«សូមប្រាប់នរណាម្នាក់អំពីគម្រោងថវិការបស់យើង ហើយសុំគាត់ឲ្យឧស្សាហ៍ឆែកមើលគម្រោងថវិកានោះជាមួយយើង។ ការមានបុគ្គលណាម្នាក់ចាំជួយដាស់តឿនយើង គឺជាជំនួយដ៏ល្អណាស់»។