ថ្ងៃអង្គារ ទី៣០ ខែកញ្ញា
ព្រះគឺស្មោះត្រង់ ហើយលោកនឹងមិនឲ្យអ្នករាល់គ្នារងការល្បួងហួសពីសមត្ថភាពស៊ូទ្រាំរបស់អ្នករាល់គ្នាឡើយ តែលោកនឹងរៀបចំផ្លូវចេញ ដើម្បីឲ្យអ្នករាល់គ្នាអាចស៊ូទ្រាំនៅពេលជួបសេចក្ដីល្បួងនោះ។—១កូ. ១០:១៣
ដោយរំពឹងគិតអំពីសេចក្ដីអធិដ្ឋានពេលអ្នកប្រគល់ខ្លួនជូនព្រះយេហូវ៉ា អ្នកនឹងទទួលកម្លាំងដើម្បីទប់ទល់នឹងការល្បួង។ ជាឧទាហរណ៍ តើអ្នកនឹងចាប់ផ្ដើមចែចង់គូរបស់បុគ្គលឯទៀតឬទេ? ច្បាស់ជាមិនមែនទេ! អ្នកបានសន្យានឹងព្រះយេហូវ៉ារួចហើយថាអ្នកនឹងមិនធ្វើដូចនោះទេ។ បើអ្នកមិនអនុញ្ញាតឲ្យអារម្មណ៍មិនត្រឹមត្រូវដុះឡើង អ្នកនឹងមិនចាំបាច់ខំបំបាត់អារម្មណ៍ទាំងនោះចោលក្រោយមកទេ។ អ្នកនឹង«បែរចេញ»ពី«ផ្លូវរបស់មនុស្សទុច្ចរិត»។ (សុភ. ៤:១៤, ១៥) ការនឹកចាំអំពីការតាំងចិត្តរបស់លោកយេស៊ូដើម្បីធ្វើឲ្យបិតារបស់លោកពេញចិត្ត នឹងជួយអ្នកឲ្យឆាប់បដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះអ្វីណាក៏ដោយដែលអ្នកដឹងហើយថានឹងធ្វើឲ្យព្រះដែលអ្នកបានប្រគល់ខ្លួនមិនពេញចិត្ត។ (ម៉ាថ. ៤:១០; យ៉ូន. ៨:២៩) តាមការពិត ទុក្ខលំបាកនិងការល្បួងផ្ដល់ឱកាសឲ្យអ្នកបង្ហាញថាអ្នកតាំងចិត្តតាមលោកយេស៊ូជាដរាប។ កាលដែលអ្នកធ្វើដូច្នេះ អ្នកអាចជឿជាក់ថាព្រះយេហូវ៉ានឹងជួយអ្នក។ w២៤.០៣ ទំ.៩-១០ វ.៨-១០
ថ្ងៃពុធ ទី១ ខែតុលា
ប្រាជ្ញាពីស្ថានលើ . . . [គឺ]រង់ចាំធ្វើតាមបង្គាប់។—យ៉ា. ៣:១៧
ជួនកាល តើអ្នកពិបាកស្ដាប់បង្គាប់ឬទេ? ស្ដេចដាវីឌធ្លាប់មានការពិបាកនេះ ហេតុនេះហើយគាត់អធិដ្ឋានទៅព្រះយេហូវ៉ាថា៖ «សូមធ្វើឲ្យខ្ញុំមានចិត្តចង់ស្ដាប់បង្គាប់លោក»។ (ចសព. ៥១:១២) ដាវីឌស្រឡាញ់ព្រះយេហូវ៉ា។ ប៉ុន្តែជួនកាល គាត់ពិបាកស្ដាប់បង្គាប់ ហើយយើងក៏ពិបាកធ្វើដូច្នេះដែរ។ ហេតុអ្វី? ទី១ យើងកើតមកដោយមានទំនោរចិត្តមិនចង់ស្ដាប់បង្គាប់។ ទី២ សាថានតែងតែព្យាយាមធ្វើឲ្យយើងបះបោរប្រឆាំងព្រះយេហូវ៉ា ដូចដែលវាបានធ្វើ។ (២កូ. ១១:៣) ទី៣ យើងរស់នៅក្នុងពិភពលោកដែលពេញទៅដោយចិត្តគំនិតបះបោរ ជា«ចិត្តគំនិត ដែលមានឥទ្ធិពលលើពួកអ្នកមិនស្ដាប់បង្គាប់»។ (អេភ. ២:២) យើងមិនគ្រាន់តែត្រូវខំតយុទ្ធនឹងទំនោរចិត្តខុសឆ្គងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវទប់ទល់នឹងការបង្ខិតបង្ខំដែលមេកំណាចនិងពិភពលោកនេះព្យាយាមដាក់មកលើយើងដើម្បីឲ្យយើងមិនស្ដាប់បង្គាប់។ យើងត្រូវខំព្យាយាមស្ដាប់បង្គាប់ព្រះយេហូវ៉ានិងពួកអ្នកដែលលោកបានតែងតាំងឲ្យមានអំណាច។ w២៣.១០ ទំ.៦ វ.១
ថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា
អ្នកបានទុកស្រាល្អរហូតដល់ឥឡូវនេះទើបជូនភ្ញៀវ។—យ៉ូន. ២:១០
តើយើងអាចរៀនអ្វីពីអព្ភូតហេតុរបស់លោកយេស៊ូអំពីការធ្វើឲ្យទឹកទៅជាស្រា? គឺយើងរៀនអំពីចិត្តរាបទាប។ លោកយេស៊ូមិនអួតខ្លួនអំពីការធ្វើអព្ភូតហេតុនោះទេ។ តាមពិត លោកមិនដែលអួតអំពីអ្វីណាដែលលោកបានធ្វើឡើយ។ ផ្ទុយទៅវិញ ម្ដងហើយម្ដងទៀតដោយចិត្តរាបទាប លោកបានឲ្យការសរសើរតម្កើងនិងកិត្តិយសទាំងអស់ទៅបិតារបស់លោក។ (យ៉ូន. ៥:១៩, ៣០; ៨:២៨) បើយើងយកតម្រាប់លោកយេស៊ូដោយរក្សាចិត្តរាបទាប យើងនឹងមិនអួតអំពីអ្វីណាដែលយើងធ្វើឡើយ។ សូមយើងកុំអួតខ្លួន តែអួតអំពីព្រះដ៏អស្ចារ្យដែលយើងមានឯកសិទ្ធិបម្រើ។ (យេ. ៩:២៣, ២៤) សូមយើងឲ្យកិត្តិយសទៅលោកដែលលោកសមនឹងទទួល។ យើងមិនអាចសម្រេចអ្វីណាក៏ដោយបានទេ បើគ្មានជំនួយពីព្រះយេហូវ៉ា។ (១កូ. ១:២៦-៣១) ពេលយើងមានចិត្តរាបទាប យើងមិនចាំបាច់ឲ្យគេសរសើរយើងចំពោះអ្វីល្អដែលយើងធ្វើសម្រាប់អ្នកឯទៀតឡើយ។ យើងស្កប់ចិត្តដោយដឹងថាព្រះយេហូវ៉ាឃើញនិងឲ្យតម្លៃចំពោះអ្វីដែលយើងធ្វើ។ (សូមពិនិត្យបន្ថែម ម៉ាថាយ ៦:២-៤; ហេ. ១៣:១៦) យើងពិតជាធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តពេលដែលយើងយកតម្រាប់លោកយេស៊ូក្នុងការបង្ហាញចិត្តរាបទាប។—១ពេ. ៥:៦ w២៣.០៤ ទំ.៤ វ.៩; ទំ.៥ វ.១១-១២