ថ្ងៃអាទិត្យ ទី១២ ខែតុលា
[ព្រះយេហូវ៉ា]នឹងធ្វើឲ្យអ្នករាល់គ្នាមាំមួនហើយខ្លាំងក្លា លោកនឹងជួយអ្នកមិនឲ្យរង្គោះរង្គើឡើយ។—១ពេ. ៥:១០
បណ្ដាំព្រះច្រើនតែរៀបរាប់អំពីបុរសដ៏ស្មោះត្រង់ថាជាបុរសខ្លាំងក្លា។ ប៉ុន្តែ ពួកគេមិនតែងតែមានអារម្មណ៍ថាខ្លួនខ្លាំងក្លាទេ។ ជាឧទាហរណ៍ នៅពេលខ្លះស្ដេចដាវីឌមានអារម្មណ៍ថាគាត់«រឹងមាំដូចភ្នំ» តែនៅពេលផ្សេងទៀត គាត់«ចាប់ផ្ដើមភ័យខ្លាច»។ (ចសព. ៣០:៧) ស្រដៀងគ្នាដែរ ទោះជាសាំសុនមានកម្លាំងខ្លាំងក្លាមហិមាពេលដែលគាត់ទទួលឫទ្ធានុភាពរបស់ព្រះក្ដី គាត់បានទទួលស្គាល់ថាបើគ្មានឫទ្ធានុភាពដែលមកពីលោកទេ ‹កម្លាំងគាត់នឹងចុះខ្សោយ ហើយគាត់នឹងដូចមនុស្សទូទៅដែរ›។ (អសក. ១៤:៥, ៦; ១៦:១៧) បុរសដ៏ស្មោះត្រង់ទាំងនេះអាចមានកម្លាំងខ្លាំងក្លាបាន ដោយសារតែព្រះយេហូវ៉ាបានឲ្យឫទ្ធានុភាពដល់ពួកគាត់។ សាវ័កប៉ូលបានទទួលស្គាល់ថាគាត់ក៏ត្រូវការឫទ្ធានុភាពពីព្រះយេហូវ៉ាដែរ។ (២កូ. ១២:៩, ១០) គាត់តស៊ូនឹងបញ្ហាសុខភាព។ (កាឡ. ៤:១៣, ១៤) ពេលខ្លះគាត់ក៏ពិបាកធ្វើអ្វីដែលត្រឹមត្រូវដែរ។ (រ៉ូម ៧:១៨, ១៩) ម្យ៉ាងទៀត ជួនកាលគាត់ខ្វល់ខ្វាយ ហើយខ្លាចអំពីអ្វីដែលប្រហែលជានឹងកើតឡើងចំពោះគាត់។ (២កូ. ១:៨, ៩) ប៉ុន្តែពេលប៉ូលខ្សោយ គាត់ទៅជាខ្លាំងក្លា។ តើតាមរបៀបណា? ព្រះយេហូវ៉ាបានឲ្យប៉ូលនូវកម្លាំងដែលគាត់ត្រូវការ។ លោកបានធ្វើឲ្យប៉ូលខ្លាំងក្លា។ w២៣.១០ ទំ.១២ វ.១-២
ថ្ងៃច័ន្ទ ទី១៣ ខែតុលា
ព្រះយេហូវ៉ាមើលក្នុងចិត្ត។—១សាំ. ១៦:៧
បើជួនកាលយើងមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ យើងអាចចាំថាព្រះយេហូវ៉ាផ្ទាល់បានទាញនាំយើងឲ្យមកឯលោក។ (យ៉ូន. ៦:៤៤) លោកឃើញគុណសម្បត្តិរបស់យើងដែលយើងផ្ទាល់ប្រហែលជាមិនឃើញ ហើយលោកស្គាល់ចិត្តរបស់យើង។ (២ប្រ. ៦:៣០) ដូច្នេះ យើងអាចទុកចិត្តលោក ពេលលោកមានប្រសាសន៍ថាយើងមានតម្លៃ។ (១យ៉ូន. ៣:១៩, ២០) មុនរៀនសេចក្ដីពិត យើងខ្លះបានធ្វើអ្វីដែលប្រហែលជានៅតែនាំឲ្យយើងបន្ទោសខ្លួន។ (១ពេ. ៤:៣) សូម្បីតែគ្រិស្តសាសនិកផ្សេងទៀតដ៏ស្មោះត្រង់ ក៏តយុទ្ធប្រឆាំងនឹងទំនោរចិត្តខុសឆ្គង។ តើចិត្តរបស់អ្នកផ្ដន្ទាទោសអ្នកឬទេ? បើដូច្នេះ សូមទទួលការសម្រាលទុក្ខដោយដឹងថាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា ក៏ធ្លាប់តយុទ្ធនឹងអារម្មណ៍ស្រដៀងនឹងនេះដែរ។ ជាឧទាហរណ៍ សាវ័កប៉ូលពិបាកចិត្តណាស់ ពេលគិតអំពីភាពមិនល្អឥតខ្ចោះរបស់គាត់។ (រ៉ូម ៧:២៤) ពិតមែនថាប៉ូលបានប្រែចិត្តចំពោះការខុសឆ្គងរបស់ខ្លួន ហើយទទួលការជ្រមុជទឹក ប៉ុន្តែគាត់បាននិយាយអំពីខ្លួនគាត់ថា៖ «ក្នុងចំណោមពួកសាវ័ក ខ្ញុំជាអ្នកតូចជាងគេ» និងជាអ្នកប្រព្រឹត្តអំពើខុសឆ្គង«ធ្ងន់ជាងគេ»។—១កូ. ១៥:៩; ១ធី. ១:១៥ w២៤.០៣ ទំ.២៧ វ.៥-៦
ថ្ងៃអង្គារ ទី១៤ ខែតុលា
ពួកគេបានបោះបង់ចោលវិហាររបស់ព្រះយេហូវ៉ា។—២ប្រ. ២៤:១៨
មេរៀនមួយដែលយើងអាចរៀនពីការសម្រេចចិត្តមិនល្អរបស់ស្ដេចយេហូអាសគឺថាយើងត្រូវជ្រើសរើសមិត្តភក្ដិដែលនឹងជះឥទ្ធិពលល្អមកលើយើង គឺមិត្តដែលស្រឡាញ់ព្រះយេហូវ៉ានិងដែលចង់ធ្វើឲ្យលោកសប្បាយចិត្ត។ មិត្តភក្ដិមិនប្រកាន់អាយុ យើងអាចមានមិត្តភក្ដិដែលចាស់ជាង ឬក្មេងជាងយើងក៏បាន។ សូមចាំថាយេហូអាសក្មេងជាងមិត្តរបស់គាត់គឺយេហូយ៉ាដាឆ្ងាយណាស់។ ស្ដីអំពីការជ្រើសរើសមិត្តភក្ដិ សូមប្អូនសួរខ្លួននូវសំណួរដូចតទៅនេះ៖ ‹តើពួកគេជួយខ្ញុំឲ្យពង្រឹងជំនឿរបស់ខ្ញុំទៅលើព្រះយេហូវ៉ាឬទេ? តើពួកគេលើកទឹកចិត្តខ្ញុំឲ្យរស់នៅស្របតាមខ្នាតតម្រារបស់ព្រះឬ? តើពួកគេនិយាយអំពីព្រះយេហូវ៉ា និងសេចក្ដីពិតដ៏មានតម្លៃពីលោកឬទេ? តើពួកគេបង្ហាញការគោរពចំពោះខ្នាតតម្រារបស់ព្រះឬ? តើពួកគេប្រាប់ខ្ញុំតែអ្វីដែលខ្ញុំចង់ឮប៉ុណ្ណោះ ឬតើពួកគេហ៊ានកែតម្រង់ខ្ញុំពេលខ្ញុំពិតជាត្រូវការ?›។ (សុភ. ២៧:៥, ៦, ១៧) តាមពិត បើមិត្តភក្ដិរបស់ប្អូនមិនស្រឡាញ់ព្រះយេហូវ៉ា ប្អូនមិនត្រូវការពួកគេទេ។ ប៉ុន្តែ បើប្អូនមានមិត្តភក្ដិដែលស្រឡាញ់ព្រះយេហូវ៉ា ពួកគេនឹងតែងតែជួយប្អូន។—សុភ. ១៣:២០ w២៣.០៩ ទំ.៩-១០ វ.៦-៧