ថ្ងៃសុក្រ ទី២៤ ខែតុលា
ជាពិសេស ចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យខ្លាំង ពីព្រោះសេចក្ដីស្រឡាញ់គ្របបាំងការខុសឆ្គងជាច្រើន។—១ពេ. ៤:៨
ពាក្យ«ឲ្យខ្លាំង»ដែលសាវ័កពេត្រុសបានប្រើមានន័យត្រង់ថាលាតសន្ធឹង។ ផ្នែកទី២នៃខនេះរៀបរាប់អំពីឥទ្ធិពលដែលសេចក្ដីស្រឡាញ់ខ្លាំងអាចមាន។ នោះគឺគ្របបាំងការខុសឆ្គងរបស់បងប្អូន។ ជាឧទាហរណ៍ សូមស្រមៃគិតអំពីតុមួយដែលមានស្នាមជាច្រើន។ យើងអាចយកផ្ទាំងក្រណាត់មួយលាតសន្ធឹងលើតុនោះដើម្បីមិនគ្រាន់តែបិទបាំងស្នាមមួយឬពីរប៉ុណ្ណោះទេ តែស្នាមជាច្រើន។ ស្រដៀងគ្នាដែរ បើយើងស្រឡាញ់បងប្អូនរបស់យើងឲ្យខ្លាំង យើងអាចគ្របបាំងឬអភ័យទោសមិនគ្រាន់តែភាពមិនល្អឥតខ្ចោះមួយឬពីរប៉ុណ្ណោះទេ តែ«ការខុសឆ្គងជាច្រើន»។ សេចក្ដីស្រឡាញ់របស់យើងចំពោះបងប្អូនរួមជំនឿគួរខ្លាំងល្មមដែលយើងអាចអភ័យទោសចំពោះភាពមិនល្អឥតខ្ចោះរបស់ពួកគេ ទោះជានោះគឺពិបាកខ្លាំងណាស់ក្ដី។ (កូឡ. ៣:១៣) ពេលយើងអភ័យទោសឲ្យអ្នកឯទៀត យើងបង្ហាញថាសេចក្ដីស្រឡាញ់របស់យើងគឺខ្លាំង ហើយថាយើងចង់ទទួលការពេញចិត្តពីព្រះយេហូវ៉ា។ w២៣.១១ ទំ.១១-១២ វ.១៣-១៥
ថ្ងៃសៅរ៍ ទី២៥ ខែតុលា
សាផានបានអានសៀវភៅនោះឲ្យស្ដេចស្ដាប់។—២ប្រ. ៣៤:១៨
កាលដែលស្ដេចយ៉ូសៀសពេញវ័យ គាត់បានចាប់ផ្ដើមជួសជុលវិហារ។ ក្នុងអំឡុងកិច្ចការនោះ «សៀវភៅច្បាប់ដែលព្រះយេហូវ៉ាបានឲ្យតាមរយៈម៉ូសេ»បានត្រូវរកឃើញ។ ពេលស្ដេចបានឮអ្វីដែលគេអានពីសៀវភៅនោះ នេះបានជំរុញចិត្តគាត់ឲ្យចាត់វិធានការធ្វើតាមអ្វីដែលសៀវភៅនោះចែង។ (២ប្រ. ៣៤:១៤, ១៩-២១) តើអ្នកចង់អានគម្ពីរជាទៀងទាត់ឬទេ? បើអ្នកកំពុងព្យាយាមធ្វើដូច្នេះ តើអ្នកចូលចិត្តឬទេ? តើអ្នកកត់ចំណាំខគម្ពីរដែលអាចជួយអ្នកផ្ទាល់ឬទេ? ពេលយ៉ូសៀសមានអាយុប្រហែលជា៣៩ឆ្នាំ គាត់បានធ្វើខុសមួយដែលនាំឲ្យគាត់ស្លាប់។ គាត់បានទុកចិត្តខ្លួនឯងជាជាងសុំការណែនាំពីព្រះយេហូវ៉ា។ (២ប្រ. ៣៥:២០-២៥) យើងអាចរៀនមេរៀនពីនេះ។ មិនថាយើងមានអាយុច្រើនប៉ុណ្ណា ឬសិក្សាគម្ពីរយូរប៉ុណ្ណាក្ដី យើងត្រូវបន្ដស្វែងរកព្រះយេហូវ៉ា។ នោះរួមបញ្ចូលការអធិដ្ឋានសុំការណែនាំពីលោកជាទៀងទាត់ សិក្សាបណ្ដាំរបស់លោក និងស្ដាប់យោបល់ពីគ្រិស្តសាសនិកដែលមានភាពចាស់ទុំ។ យ៉ាងនេះ យើងទំនងជានឹងមិនធ្វើខុសធ្ងន់ធ្ងរ ហើយសប្បាយចិត្តជាង។—យ៉ា. ១:២៥ w២៣.០៩ ទំ.១២ វ.១៥-១៦
ថ្ងៃអាទិត្យ ទី២៦ ខែតុលា
ព្រះប្រឆាំងមនុស្សក្រអឺតក្រទម តែលោកផ្ដល់គុណដ៏វិសេសលើសលប់ដល់មនុស្សដែលមានចិត្តរាបទាប។—យ៉ា. ៤:៦
គម្ពីររៀបរាប់ជាច្រើនអំពីស្ត្រីដ៏ល្អប្រពៃដែលបានស្រឡាញ់និងបម្រើព្រះយេហូវ៉ា។ ពួកគេបាន«ប្រព្រឹត្តដោយមានតុល្យភាព ព្រមទាំងស្មោះត្រង់ក្នុងគ្រប់ការទាំងអស់»។ (១ធី. ៣:១១) បន្ថែមទៅទៀតនៅក្នុងក្រុមជំនុំរបស់ខ្លួន បងប្អូនស្រីអាចរកមើលគំរូរបស់ស្ត្រីគ្រិស្តសាសនិកដែលមានភាពចាស់ទុំដែលសមនឹងយកតម្រាប់តាម។ ប្អូនស្រីៗ តើប្អូនស្គាល់បងប្អូនស្រីណាដែលទុកគំរូល្អដែលប្អូនអាចយកតម្រាប់ឬទេ? សូមសង្កេតមើលគុណសម្បត្តិដ៏ថ្លៃថ្លារបស់ពួកគេ បន្ទាប់មកសូមពិចារណាអំពីរបៀបដែលប្អូនអាចបង្ហាញគុណសម្បត្តិដូចគ្នា។ ដើម្បីធ្វើជាគ្រិស្តសាសនិកល្អ យើងត្រូវការចិត្តរាបទាប។ បើស្ត្រីមានចិត្តរាបទាប គាត់នឹងមានចំណងមិត្តភាពល្អជាមួយព្រះយេហូវ៉ានិងអ្នកឯទៀត។ ជាឧទាហរណ៍ ស្ត្រីដែលស្រឡាញ់ព្រះយេហូវ៉ាសម្រេចចិត្តដោយចិត្តរាបទាបថាគាត់គាំទ្រគោលការណ៍អំពីប្រមុខភាពដែលព្រះយេហូវ៉ាបានរៀបចំឡើង។ (១កូ. ១១:៣) គោលការណ៍នេះបានត្រូវអនុវត្តជាពិសេសនៅក្នុងក្រុមជំនុំនិងក្រុមគ្រួសារ។ w២៣.១២ ទំ.១៨-១៩ វ.៣-៥