ថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា
សូមឲ្យអ្នករាល់គ្នាបានចាក់ឫស ហើយបានតាំងឡើងលើគ្រឹះមាំមួន។—អេភ. ៣:១៧
ក្នុងនាមជាគ្រិស្តសាសនិក យើងមិនគ្រាន់តែចង់យល់សេចក្ដីបង្រៀនបឋមនៃគម្ពីរប៉ុណ្ណោះទេ។ យើងក៏ចង់រៀន«សូម្បីតែសេចក្ដីជ្រាលជ្រៅរបស់ព្រះ» ដោយមានជំនួយពីឫទ្ធានុភាពបរិសុទ្ធរបស់លោក។ (១កូ. ២:៩, ១០) សូមរៀបចំធ្វើការសិក្សាផ្ទាល់ខ្លួនដែលនឹងធ្វើឲ្យអ្នកចូលកាន់តែជិតព្រះយេហូវ៉ា។ ជាឧទាហរណ៍ អ្នកអាចធ្វើការស្រាវជ្រាវអំពីរបៀបដែលលោកបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកបម្រើរបស់លោកនៅសម័យបុរាណ និងរបៀបដែលនោះបង្ហាញថាលោកស្រឡាញ់អ្នកដែរ។ អ្នកអាចពិនិត្យមើលការរៀបចំរបស់ព្រះយេហូវ៉ាដើម្បីគោរពប្រណិប័តន៍លោកនៅស្រុកអ៊ីស្រាអែលសម័យបុរាណ ហើយប្រៀបធៀបនោះទៅនឹងការរៀបចំរបស់គ្រិស្តសាសនិកនៅសព្វថ្ងៃ ឬប្រហែលជាអ្នកអាចសិក្សាយ៉ាងជ្រាលជ្រៅអំពីទំនាយដែលលោកយេស៊ូបានសម្រេចក្នុងអំឡុងជីវិតនិងកិច្ចបម្រើរបស់លោកនៅផែនដី។ អ្នកអាចអរសប្បាយសិក្សាប្រធានបទបែបនេះ ដោយមានជំនួយពីសៀវភៅជំនួយស្រាវជ្រាវសម្រាប់សាក្សីព្រះយេហូវ៉ា។ ការសិក្សាគម្ពីរយ៉ាងស៊ីជម្រៅអាចពង្រឹងជំនឿរបស់អ្នក ហើយជួយអ្នកឲ្យ«រកឃើញចំណេះអំពីព្រះ»។—សុភ. ២:៤, ៥ w២៣.១០ ទំ.១៨-១៩ វ.៣-៥
ថ្ងៃសុក្រ ទី២៤ ខែតុលា
ជាពិសេស ចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យខ្លាំង ពីព្រោះសេចក្ដីស្រឡាញ់គ្របបាំងការខុសឆ្គងជាច្រើន។—១ពេ. ៤:៨
ពាក្យ«ឲ្យខ្លាំង»ដែលសាវ័កពេត្រុសបានប្រើមានន័យត្រង់ថាលាតសន្ធឹង។ ផ្នែកទី២នៃខនេះរៀបរាប់អំពីឥទ្ធិពលដែលសេចក្ដីស្រឡាញ់ខ្លាំងអាចមាន។ នោះគឺគ្របបាំងការខុសឆ្គងរបស់បងប្អូន។ ជាឧទាហរណ៍ សូមស្រមៃគិតអំពីតុមួយដែលមានស្នាមជាច្រើន។ យើងអាចយកផ្ទាំងក្រណាត់មួយលាតសន្ធឹងលើតុនោះដើម្បីមិនគ្រាន់តែបិទបាំងស្នាមមួយឬពីរប៉ុណ្ណោះទេ តែស្នាមជាច្រើន។ ស្រដៀងគ្នាដែរ បើយើងស្រឡាញ់បងប្អូនរបស់យើងឲ្យខ្លាំង យើងអាចគ្របបាំងឬអភ័យទោសមិនគ្រាន់តែភាពមិនល្អឥតខ្ចោះមួយឬពីរប៉ុណ្ណោះទេ តែ«ការខុសឆ្គងជាច្រើន»។ សេចក្ដីស្រឡាញ់របស់យើងចំពោះបងប្អូនរួមជំនឿគួរខ្លាំងល្មមដែលយើងអាចអភ័យទោសចំពោះភាពមិនល្អឥតខ្ចោះរបស់ពួកគេ ទោះជានោះគឺពិបាកខ្លាំងណាស់ក្ដី។ (កូឡ. ៣:១៣) ពេលយើងអភ័យទោសឲ្យអ្នកឯទៀត យើងបង្ហាញថាសេចក្ដីស្រឡាញ់របស់យើងគឺខ្លាំង ហើយថាយើងចង់ទទួលការពេញចិត្តពីព្រះយេហូវ៉ា។ w២៣.១១ ទំ.១១-១២ វ.១៣-១៥
ថ្ងៃសៅរ៍ ទី២៥ ខែតុលា
សាផានបានអានសៀវភៅនោះឲ្យស្ដេចស្ដាប់។—២ប្រ. ៣៤:១៨
កាលដែលស្ដេចយ៉ូសៀសពេញវ័យ គាត់បានចាប់ផ្ដើមជួសជុលវិហារ។ ក្នុងអំឡុងកិច្ចការនោះ «សៀវភៅច្បាប់ដែលព្រះយេហូវ៉ាបានឲ្យតាមរយៈម៉ូសេ»បានត្រូវរកឃើញ។ ពេលស្ដេចបានឮអ្វីដែលគេអានពីសៀវភៅនោះ នេះបានជំរុញចិត្តគាត់ឲ្យចាត់វិធានការធ្វើតាមអ្វីដែលសៀវភៅនោះចែង។ (២ប្រ. ៣៤:១៤, ១៩-២១) តើអ្នកចង់អានគម្ពីរជាទៀងទាត់ឬទេ? បើអ្នកកំពុងព្យាយាមធ្វើដូច្នេះ តើអ្នកចូលចិត្តឬទេ? តើអ្នកកត់ចំណាំខគម្ពីរដែលអាចជួយអ្នកផ្ទាល់ឬទេ? ពេលយ៉ូសៀសមានអាយុប្រហែលជា៣៩ឆ្នាំ គាត់បានធ្វើខុសមួយដែលនាំឲ្យគាត់ស្លាប់។ គាត់បានទុកចិត្តខ្លួនឯងជាជាងសុំការណែនាំពីព្រះយេហូវ៉ា។ (២ប្រ. ៣៥:២០-២៥) យើងអាចរៀនមេរៀនពីនេះ។ មិនថាយើងមានអាយុច្រើនប៉ុណ្ណា ឬសិក្សាគម្ពីរយូរប៉ុណ្ណាក្ដី យើងត្រូវបន្ដស្វែងរកព្រះយេហូវ៉ា។ នោះរួមបញ្ចូលការអធិដ្ឋានសុំការណែនាំពីលោកជាទៀងទាត់ សិក្សាបណ្ដាំរបស់លោក និងស្ដាប់យោបល់ពីគ្រិស្តសាសនិកដែលមានភាពចាស់ទុំ។ យ៉ាងនេះ យើងទំនងជានឹងមិនធ្វើខុសធ្ងន់ធ្ងរ ហើយសប្បាយចិត្តជាង។—យ៉ា. ១:២៥ w២៣.០៩ ទំ.១២ វ.១៥-១៦