ថ្ងៃសៅរ៍ ទី៤ ខែតុលា
ខ្ញុំធ្វើអ្វីៗទាំងអស់ដោយសារតែដំណឹងល្អ ដើម្បីឲ្យខ្ញុំអាចប្រាប់ដល់អ្នកឯទៀត។—១កូ. ៩:២៣
យើងត្រូវចាំថាគឺសំខាន់ណាស់ឲ្យបន្តជួយអ្នកឯទៀត ជាពិសេសតាមរយៈកិច្ចផ្សព្វផ្សាយ។ ក្នុងកិច្ចបម្រើផ្សាយរបស់យើង យើងត្រូវចេះបត់បែន។ យើងជួបមនុស្សដែលមានជំនឿ ទស្សនៈ និងប្រវត្តិខុសៗពីគ្នា។ សាវ័កប៉ូលចេះបត់បែន ហើយយើងអាចរៀនពីគំរូរបស់គាត់។ លោកយេស៊ូបានតែងតាំងគាត់ឲ្យធ្វើជា«សាវ័កសម្រាប់ជនជាតិដទៃ»។ (រ៉ូម ១១:១៣) ដោយមានតួនាទីនេះ ប៉ូលបានផ្សព្វផ្សាយដល់ជនជាតិយូដា ជនជាតិក្រិច អ្នកប្រាជ្ញ អ្នកភូមិ អាជ្ញាធរ និងស្ដេច។ ប៉ូលបាន«ធ្វើដូចមនុស្សគ្រប់ប្រភេទ» ដើម្បីមានឥទ្ធិពលលើចិត្តរបស់មនុស្សទាំងនោះ។ (១កូ. ៩:១៩-២២) គាត់បានគិតយ៉ាងជ្រាលជ្រៅអំពីវប្បធម៌ ប្រវត្តិ និងជំនឿរបស់មនុស្សដែលគាត់និយាយជាមួយ ហើយប្រែប្រួលពាក្យផ្សាយរបស់គាត់ស្របទៅតាមអ្វីទាំងនោះ។ យើងក៏អាចកាន់តែមានប្រសិទ្ធភាពក្នុងកិច្ចបម្រើផ្សាយរបស់យើងដែរ បើយើងចេះបត់បែន ហើយប្រែប្រួលពាក្យផ្សាយរបស់យើងស្របទៅតាមសេចក្ដីត្រូវការរបស់អ្នកស្ដាប់។ w២៣.០៧ ទំ.២៣ វ.១១-១២
ថ្ងៃអាទិត្យ ទី៥ ខែតុលា
ខ្ញុំបម្រើរបស់លោកម្ចាស់មិនចាំបាច់ឈ្លោះប្រកែកទេ តែត្រូវប្រព្រឹត្តដោយសុភាពចំពោះមនុស្សទាំងអស់។—២ធី. ២:២៤
បុគ្គលដែលមានចិត្តស្លូតបូតគឺខ្លាំងក្លា មិនមែនទន់ខ្សោយទេ។ ការរក្សាចិត្តស្ងប់ពេលជួបស្ថានភាពពិបាកតម្រូវឲ្យមានភាពរឹងមាំ។ ចិត្តស្លូតបូតជាគុណសម្បត្តិមួយនៃ«ផលដែលបង្កើតដោយឫទ្ធានុភាពរបស់ព្រះ»។ (កាឡ. ៥:២២, ២៣) ពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«ចិត្តស្លូតបូត» ជួនកាលបានត្រូវប្រើដើម្បីរៀបរាប់អំពីសេះព្រៃដែលបានត្រូវគេផ្សាំ។ សូមស្រមៃគិតអំពីសេះព្រៃដែលទៅជាស្លូត។ ទោះជាឥឡូវវាស្លូតក្ដី សេះនោះនៅតែមានកម្លាំងខ្លាំងក្លា។ តើតាមរបៀបណាយើងអាចបណ្ដុះឲ្យមានចិត្តស្លូតបូត ហើយនៅដំណាលគ្នានោះមានភាពខ្លាំងក្លា? យើងមិនអាចធ្វើដូច្នេះដោយខ្លួនឯងបានទេ។ យើងត្រូវអធិដ្ឋានទៅព្រះយេហូវ៉ាសុំឫទ្ធានុភាពរបស់លោកដើម្បីលោកអាចជួយយើងឲ្យមានគុណសម្បត្តិដ៏ថ្លៃថ្លានេះ។ មានមនុស្សជាច្រើនបានរៀនឲ្យមានចិត្តស្លូតបូត។ ជាឧទាហរណ៍ បងប្អូនជាច្រើននាក់របស់យើងបានប្រព្រឹត្តដោយស្លូតបូតពេលមនុស្សព្យាយាមឈ្លោះប្រកែកជាមួយពួកគេ ហើយនេះបានជួយអ្នកឯទៀតឲ្យមានទស្សនៈល្អជាងចំពោះសាក្សី។—២ធី. ២:២៤, ២៥ w២៣.០៩ ទំ.១៥ វ.៣
ថ្ងៃច័ន្ទ ទី៦ ខែតុលា
ព្រះ[យេហូវ៉ា]បានធ្វើតាមសំណូមពររបស់ខ្ញុំ។—១សាំ. ១:២៧
ក្នុងអ្វីដ៏គួរឲ្យស្ងប់ស្ញែងដែលព្រះបើកបង្ហាញឲ្យសាវ័កយ៉ូហានឃើញក្នុងគំនិត គាត់បានឃើញអ្នកចាស់ទុំ២៤នាក់នៅស្ថានសួគ៌កំពុងគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ពួកគេបានសរសើរព្រះ ហើយនិយាយថា៖ «លោកសមនឹងទទួលសិរីរុងរឿង កិត្តិយស និងឫទ្ធានុភាព»។ (បប. ៤:១០, ១១) ពួកទេវតាដ៏ស្មោះត្រង់ក៏មានមូលហេតុជាច្រើនឲ្យសរសើរនិងលើកកិត្តិយសព្រះយេហូវ៉ាដែរ។ ពួកគេនៅស្ថានសួគ៌ជាមួយលោក ហើយស្គាល់លោកយ៉ាងច្បាស់។ ពួកគេឃើញគុណសម្បត្តិរបស់លោកពេលពួកគេសង្កេតមើលអ្វីដែលលោកធ្វើ។ កាលដែលពួកគេឃើញរបៀបដែលព្រះយេហូវ៉ាប្រព្រឹត្ត នោះជំរុញចិត្តពួកគេឲ្យសរសើរលោក។ (យ៉ូប ៣៨:៤-៧) យើងក៏ចង់សរសើរព្រះយេហូវ៉ាក្នុងសេចក្ដីអធិដ្ឋានរបស់យើង ដោយប្រាប់លោកអំពីអ្វីដែលយើងស្រឡាញ់និងកោតស្ងើចអំពីលោក។ កាលដែលអ្នកអាននិងសិក្សាគម្ពីរ សូមព្យាយាមរកមើលគុណសម្បត្តិផ្សេងៗរបស់ព្រះយេហូវ៉ាដែលអ្នកចូលចិត្តជាងគេ។ (យ៉ូប ៣៧:២៣; រ៉ូម ១១:៣៣) រួចមក សូមប្រាប់លោកអំពីអារម្មណ៍របស់អ្នកចំពោះគុណសម្បត្តិទាំងនោះ។ យើងក៏អាចសរសើរព្រះយេហូវ៉ាចំពោះអ្វីដែលលោកធ្វើដើម្បីយើង និងដើម្បីបងប្អូនរួមជំនឿរបស់យើងទាំងអស់។—១សាំ. ២:១, ២ w២៣.០៥ ទំ.៣-៤ វ.៦-៧