ថ្ងៃច័ន្ទ ទី៦ ខែតុលា
ព្រះ[យេហូវ៉ា]បានធ្វើតាមសំណូមពររបស់ខ្ញុំ។—១សាំ. ១:២៧
ក្នុងអ្វីដ៏គួរឲ្យស្ងប់ស្ញែងដែលព្រះបើកបង្ហាញឲ្យសាវ័កយ៉ូហានឃើញក្នុងគំនិត គាត់បានឃើញអ្នកចាស់ទុំ២៤នាក់នៅស្ថានសួគ៌កំពុងគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ពួកគេបានសរសើរព្រះ ហើយនិយាយថា៖ «លោកសមនឹងទទួលសិរីរុងរឿង កិត្តិយស និងឫទ្ធានុភាព»។ (បប. ៤:១០, ១១) ពួកទេវតាដ៏ស្មោះត្រង់ក៏មានមូលហេតុជាច្រើនឲ្យសរសើរនិងលើកកិត្តិយសព្រះយេហូវ៉ាដែរ។ ពួកគេនៅស្ថានសួគ៌ជាមួយលោក ហើយស្គាល់លោកយ៉ាងច្បាស់។ ពួកគេឃើញគុណសម្បត្តិរបស់លោកពេលពួកគេសង្កេតមើលអ្វីដែលលោកធ្វើ។ កាលដែលពួកគេឃើញរបៀបដែលព្រះយេហូវ៉ាប្រព្រឹត្ត នោះជំរុញចិត្តពួកគេឲ្យសរសើរលោក។ (យ៉ូប ៣៨:៤-៧) យើងក៏ចង់សរសើរព្រះយេហូវ៉ាក្នុងសេចក្ដីអធិដ្ឋានរបស់យើង ដោយប្រាប់លោកអំពីអ្វីដែលយើងស្រឡាញ់និងកោតស្ងើចអំពីលោក។ កាលដែលអ្នកអាននិងសិក្សាគម្ពីរ សូមព្យាយាមរកមើលគុណសម្បត្តិផ្សេងៗរបស់ព្រះយេហូវ៉ាដែលអ្នកចូលចិត្តជាងគេ។ (យ៉ូប ៣៧:២៣; រ៉ូម ១១:៣៣) រួចមក សូមប្រាប់លោកអំពីអារម្មណ៍របស់អ្នកចំពោះគុណសម្បត្តិទាំងនោះ។ យើងក៏អាចសរសើរព្រះយេហូវ៉ាចំពោះអ្វីដែលលោកធ្វើដើម្បីយើង និងដើម្បីបងប្អូនរួមជំនឿរបស់យើងទាំងអស់។—១សាំ. ២:១, ២ w២៣.០៥ ទំ.៣-៤ វ.៦-៧
ថ្ងៃអង្គារ ទី៧ ខែតុលា
[ចូរ]ប្រព្រឹត្តសមជាអ្នកបម្រើរបស់ព្រះយេហូវ៉ា។—កូឡ. ១:១០
នៅឆ្នាំ១៩១៩ បាប៊ីឡូនដ៏ខ្លាំងក្លាបានបាត់បង់អំណាចលើរាស្ត្ររបស់ព្រះ។ នៅឆ្នាំនោះ «ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ចាប់ផ្ដើមមានសកម្មភាព ដើម្បីឲ្យមនុស្សដែលមានចិត្តស្មោះអាចចាប់ផ្ដើមធ្វើដំណើរនៅលើ«ផ្លូវបរិសុទ្ធ»ដែលបានត្រូវបើកឡើងថ្មីៗនោះ។ (ម៉ាថ. ២៤:៤៥-៤៧; អេ. ៣៥:៨) កិច្ចការដែលអ្នកឯទៀតបានធ្វើពីមុនដើម្បីរៀបចំផ្លូវ បានជួយមនុស្សដែលចាប់ផ្ដើមធ្វើដំណើរនៅលើផ្លូវនោះឲ្យរៀនថែមទៀតអំពីព្រះយេហូវ៉ានិងគោលបំណងរបស់លោក។ (សុភ. ៤:១៨) ពួកគេក៏អាចមានរបៀបរស់នៅសមស្របនឹងតម្រូវការរបស់ព្រះយេហូវ៉ាផងដែរ។ ព្រះយេហូវ៉ាមិនរំពឹងថារាស្ត្រលោកនឹងធ្វើការផ្លាស់ប្ដូរដែលចាំបាច់ក្នុងពេលតែមួយនោះទេ។ ផ្ទុយទៅវិញ លោកសម្រិតសម្រាំងរាស្ត្ររបស់លោកបន្តិចម្ដងៗ។ យើងទាំងអស់គ្នានឹងសប្បាយរីករាយ ពេលយើងអាចធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តក្នុងគ្រប់ការដែលយើងធ្វើ! ផ្លូវទាំងអស់ត្រូវការការថែទាំជាទៀងទាត់។ តាំងពីឆ្នាំ១៩១៩ កិច្ចការថែទាំ«ផ្លូវបរិសុទ្ធ»បានត្រូវបន្តធ្វើឡើងដើម្បីមនុស្សកាន់តែច្រើនអាចចេញពីបាប៊ីឡូនដ៏ខ្លាំងក្លា។ w២៣.០៥ ទំ.១៧ វ.១៥-១៦
ថ្ងៃពុធ ទី៨ ខែតុលា
ខ្ញុំប្រាកដជាមិនចាកចេញពីអ្នកឡើយ។—ហេ. ១៣:៥
សមាជិកគណៈអភិបាលផ្ទាល់បានបង្ហាត់បង្រៀនជំនួយការរបស់គណៈកម្មាធិការផ្សេងៗនៃគណៈអភិបាល។ ឥឡូវជំនួយការទាំងនេះបំពេញភារកិច្ចជាច្រើនក្នុងអង្គការរបស់ព្រះយ៉ាងស្មោះត្រង់។ ពួកគេប្រុងប្រៀបជាស្រេចដើម្បីបន្ដធ្វើកិច្ចការថែរក្សាចៀមរបស់គ្រិស្ត។ ពេលបុគ្គលចុងក្រោយក្នុងចំណោមពួកអ្នកដែលបានត្រូវរើសតាំងឡើងទៅស្ថានសួគ៌នៅជិតទីបញ្ចប់នៃគ្រាទុក្ខវេទនាជាខ្លាំង រាស្ត្ររបស់ព្រះយេហូវ៉ានៅផែនដីនឹងបន្តគោរពប្រណិប័តន៍លោកយ៉ាងស្មោះត្រង់។ ដោយសារការដឹកនាំរបស់លោកយេស៊ូគ្រិស្ត ការគោរពប្រណិប័តន៍ពិតនឹងមិនត្រូវបង្អាក់ឡើយ។ ពិតមែនថានៅពេលនោះយើងនឹងទទួលការវាយប្រហារពីកូកនៃស្រុកម៉ាកូកដែលជាប្រជាជាតិនានាដែលចងសម្ព័ន្ធភាពគ្នា។ (អេគ. ៣៨:១៨-២០) ប៉ុន្តែ ការវាយប្រហារដ៏ខ្លីនោះនឹងបរាជ័យ ពោលគឺនឹងមិនបញ្ឈប់រាស្ត្ររបស់ព្រះពីការគោរពប្រណិប័តន៍របស់ព្រះយេហូវ៉ាទេ។ លោកប្រាកដជានឹងសង្គ្រោះពួកគេ! ក្នុងការបើកបង្ហាញឲ្យឃើញក្នុងគំនិត សាវ័កយ៉ូហានបានឃើញ«មនុស្សមួយក្រុមធំ»នៃចៀមឯទៀតរបស់គ្រិស្ត។ យ៉ូហានបានត្រូវប្រាប់ថា«មនុស្សមួយក្រុមធំ»នេះ «ចេញផុតពីគ្រាទុក្ខវេទនាជាខ្លាំង»។ (បប. ៧:៩, ១៤) ដូច្នេះ យើងដឹងប្រាកដថាព្រះយេហូវ៉ានឹងសង្គ្រោះពួកគេ! w២៤.០២ ទំ.៥-៦ វ.១៣-១៤