ថ្ងៃសៅរ៍ ទី២០ ខែកញ្ញា
ត្រូវស្រឡាញ់គ្នាទៅវិញទៅមក។—យ៉ូន. ១៣:៣៤
យើងមិនអាចធ្វើតាមបង្គាប់របស់លោកយេស៊ូអំពីសេចក្ដីស្រឡាញ់បានទេ បើយើងបង្ហាញសេចក្ដីស្រឡាញ់តែចំពោះអ្នកខ្លះក្នុងក្រុមជំនុំ ប៉ុន្តែមិនបង្ហាញចំពោះអ្នកខ្លះទៀត។ ពិតមែនថា យើងប្រហែលជាមានអារម្មណ៍ជិតស្និទ្ធជាងចំពោះបុគ្គលខ្លះ ដូចលោកយេស៊ូដែរ។ (យ៉ូន. ១៣:២៣; ២០:២) ប៉ុន្តែ សាវ័កពេត្រុសរំលឹកយើងថា យើងគួរព្យាយាម«ស្រឡាញ់គ្នាជាបងប្អូន» គឺមានអារម្មណ៍បែបកក់ក្ដៅដូចក្រុមគ្រួសារចំពោះបងប្អូនទាំងអស់។ (១ពេ. ២:១៧) ពេត្រុសលើកទឹកចិត្តយើងឲ្យ«ស្រឡាញ់គ្នាឲ្យខ្លាំងដោយស្មោះពីចិត្ត»។ (១ពេ. ១:២២) ក្នុងបរិបទនេះ ការស្រឡាញ់«ឲ្យខ្លាំង»រួមបញ្ចូលការស្រឡាញ់បុគ្គលណាម្នាក់ ទោះជាពិបាកបង្ហាញសេចក្ដីស្រឡាញ់ចំពោះគាត់ក្ដី។ ជាឧទាហរណ៍ ចុះបើបងប្អូនណាម្នាក់ធ្វើឲ្យយើងទើសចិត្តឬឈឺចិត្តដោយហេតុណាមួយ? ជាជាងបង្ហាញសេចក្ដីស្រឡាញ់ ដំបូងយើងប្រហែលជាចង់ប្រព្រឹត្តទៅលើគាត់ ដូចដែលគាត់ប្រព្រឹត្តមកលើយើង។ ប៉ុន្តែពេត្រុសបានរៀនពីលោកយេស៊ូថាព្រះមិនពេញចិត្តការប្រព្រឹត្តបែបនេះទេ។ (យ៉ូន. ១៨:១០, ១១) ពេត្រុសបានសរសេរថា៖ «មិនត្រូវធ្វើអំពើអាក្រក់សងអ្នកដែលធ្វើអំពើអាក្រក់មកលើខ្លួន ឬប្រមាថតបទៅអ្នកដែលប្រមាថខ្លួននោះឡើយ។ ផ្ទុយទៅវិញ ចូរឲ្យពរគេ»។ (១ពេ. ៣:៩) ពេលអ្នកស្រឡាញ់អ្នកឯទៀតឲ្យខ្លាំង អ្នកនឹងសប្បុរសនិងចេះគិតគូរ។ w២៣.០៩ ទំ.២៩ វ.៩-១១
ថ្ងៃអាទិត្យ ទី២១ ខែកញ្ញា
ស្ត្រីត្រូវ . . . ប្រព្រឹត្តដោយមានតុល្យភាព ព្រមទាំងស្មោះត្រង់ក្នុងគ្រប់ការទាំងអស់។—១ធី. ៣:១១
យើងកោតស្ងើចដោយឃើញក្មេងៗឆាប់ធំទៅជាមនុស្សពេញវ័យ។ ការធំលូតលាស់នេះមើលទៅគឺមិនចាំបាច់ខំប្រឹងទេ។ ប៉ុន្តែ ការធំលូតលាស់ទៅជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំគឺត្រូវការការខំប្រឹង។ (១កូ. ១៣:១១; ហេ. ៦:១) ដើម្បីសម្រេចគោលដៅនេះ យើងផ្ទាល់ត្រូវមានចំណងមិត្តភាពដ៏ជ្រាលជ្រៅជាមួយព្រះយេហូវ៉ា។ យើងក៏ត្រូវការឫទ្ធានុភាពបរិសុទ្ធរបស់លោកកាលដែលយើងបណ្ដុះឲ្យមានគុណសម្បត្តិដែលព្រះពេញចិត្ត បណ្ដុះបណ្ដាលជំនាញដែលមានប្រយោជន៍ និងត្រៀមខ្លួនសម្រាប់ភារកិច្ចដែលយើងប្រហែលជានឹងទទួលនៅថ្ងៃអនាគត។ (សុភ. ១:៥) ព្រះយេហូវ៉ាបានបង្កើតមនុស្សជាប្រុសជាស្រី។ (ដក. ១:២៧) ច្បាស់ណាស់បុរសនិងស្ត្រីមានរូបកាយខុសគ្នា ប៉ុន្តែពួកគេមានភាពខុសគ្នាតាមរបៀបផ្សេងទៀតផងដែរ។ ជាឧទាហរណ៍ ព្រះយេហូវ៉ាបានបង្កើតបុរសនិងស្ត្រីឲ្យបំពេញតួនាទីរៀងៗខ្លួន ដូច្នេះពួកគេត្រូវការគុណសម្បត្តិនិងជំនាញផ្សេងៗដែលនឹងជួយពួកគេឲ្យបំពេញភារកិច្ចរបស់ពួកគេ។—ដក. ២:១៨ w២៣.១២ ទំ.១៨ វ.១-២
ថ្ងៃច័ន្ទ ទី២២ ខែកញ្ញា
ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយជាអ្នកកាន់តាមខ្ញុំ ហើយជ្រមុជទឹកឲ្យពួកគេ ក្នុងនាមបិតាដែលស្ថិតនៅស្ថានសួគ៌ [និង]ក្នុងនាមបុត្ររបស់លោក។—ម៉ាថ. ២៨:១៩
តើលោកយេស៊ូចង់ឲ្យអ្នកឯទៀតប្រើនាមផ្ទាល់របស់បិតាលោកឬទេ? ច្បាស់ជាចង់។ អ្នកដឹកនាំសាសនាខ្លះប្រហែលជាបានជឿថាការហៅនាមរបស់ព្រះ គឺមិនបង្ហាញការគោរពទេ។ ប៉ុន្តែ លោកយេស៊ូមិនដែលឲ្យទំនៀមទម្លាប់បែបនេះដែលមិនមានមូលដ្ឋានលើគម្ពីររារាំងលោកពីការលើកកិត្តិយសនាមរបស់បិតាលោកទេ។ សូមគិតអំពីពេលដែលលោកធ្វើឲ្យបុរសម្នាក់ដែលមានវិញ្ញាណកំណាចចូលជាសះស្បើយនៅតំបន់កេរ៉ាសា។ បណ្ដាជនបានភ័យខ្លាច ហើយអង្វរលោកឲ្យចាកចេញពីតំបន់របស់ពួកគេ។ ដូច្នេះ លោកមិនបន្តនៅទីនោះទេ។ (ម៉ាក. ៥:១៦, ១៧) ប៉ុន្តែ លោកយេស៊ូចង់ឲ្យគេស្គាល់នាមរបស់ព្រះយេហូវ៉ានៅទីនោះ។ ហេតុនេះ លោកយេស៊ូបានប្រាប់បុរសដែលបានជាសះស្បើយនោះឲ្យប្រាប់បណ្ដាជនមិនមែនអំពីអ្វីដែលលោកបានធ្វើទេ តែអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើ។ (ម៉ាក. ៥:១៩) សព្វថ្ងៃនេះ លោកក៏ចង់ឲ្យយើងធ្វើដូច្នេះដែរ ពោលគឺធ្វើឲ្យគេស្គាល់នាមរបស់បិតាលោកនៅទូទាំងពិភពលោក! (ម៉ាថ. ២៤:១៤; ២៨:២០) ពេលយើងធ្វើដូច្នេះ យើងធ្វើឲ្យលោកយេស៊ូដែលជាស្ដេចរបស់យើងពេញចិត្ត។ w២៤.០២ ទំ.១០ វ.១០