ថ្ងៃអាទិត្យ ទី២១ ខែកញ្ញា
ស្ត្រីត្រូវ . . . ប្រព្រឹត្តដោយមានតុល្យភាព ព្រមទាំងស្មោះត្រង់ក្នុងគ្រប់ការទាំងអស់។—១ធី. ៣:១១
យើងកោតស្ងើចដោយឃើញក្មេងៗឆាប់ធំទៅជាមនុស្សពេញវ័យ។ ការធំលូតលាស់នេះមើលទៅគឺមិនចាំបាច់ខំប្រឹងទេ។ ប៉ុន្តែ ការធំលូតលាស់ទៅជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំគឺត្រូវការការខំប្រឹង។ (១កូ. ១៣:១១; ហេ. ៦:១) ដើម្បីសម្រេចគោលដៅនេះ យើងផ្ទាល់ត្រូវមានចំណងមិត្តភាពដ៏ជ្រាលជ្រៅជាមួយព្រះយេហូវ៉ា។ យើងក៏ត្រូវការឫទ្ធានុភាពបរិសុទ្ធរបស់លោកកាលដែលយើងបណ្ដុះឲ្យមានគុណសម្បត្តិដែលព្រះពេញចិត្ត បណ្ដុះបណ្ដាលជំនាញដែលមានប្រយោជន៍ និងត្រៀមខ្លួនសម្រាប់ភារកិច្ចដែលយើងប្រហែលជានឹងទទួលនៅថ្ងៃអនាគត។ (សុភ. ១:៥) ព្រះយេហូវ៉ាបានបង្កើតមនុស្សជាប្រុសជាស្រី។ (ដក. ១:២៧) ច្បាស់ណាស់បុរសនិងស្ត្រីមានរូបកាយខុសគ្នា ប៉ុន្តែពួកគេមានភាពខុសគ្នាតាមរបៀបផ្សេងទៀតផងដែរ។ ជាឧទាហរណ៍ ព្រះយេហូវ៉ាបានបង្កើតបុរសនិងស្ត្រីឲ្យបំពេញតួនាទីរៀងៗខ្លួន ដូច្នេះពួកគេត្រូវការគុណសម្បត្តិនិងជំនាញផ្សេងៗដែលនឹងជួយពួកគេឲ្យបំពេញភារកិច្ចរបស់ពួកគេ។—ដក. ២:១៨ w២៣.១២ ទំ.១៨ វ.១-២
ថ្ងៃច័ន្ទ ទី២២ ខែកញ្ញា
ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយជាអ្នកកាន់តាមខ្ញុំ ហើយជ្រមុជទឹកឲ្យពួកគេ ក្នុងនាមបិតាដែលស្ថិតនៅស្ថានសួគ៌ [និង]ក្នុងនាមបុត្ររបស់លោក។—ម៉ាថ. ២៨:១៩
តើលោកយេស៊ូចង់ឲ្យអ្នកឯទៀតប្រើនាមផ្ទាល់របស់បិតាលោកឬទេ? ច្បាស់ជាចង់។ អ្នកដឹកនាំសាសនាខ្លះប្រហែលជាបានជឿថាការហៅនាមរបស់ព្រះ គឺមិនបង្ហាញការគោរពទេ។ ប៉ុន្តែ លោកយេស៊ូមិនដែលឲ្យទំនៀមទម្លាប់បែបនេះដែលមិនមានមូលដ្ឋានលើគម្ពីររារាំងលោកពីការលើកកិត្តិយសនាមរបស់បិតាលោកទេ។ សូមគិតអំពីពេលដែលលោកធ្វើឲ្យបុរសម្នាក់ដែលមានវិញ្ញាណកំណាចចូលជាសះស្បើយនៅតំបន់កេរ៉ាសា។ បណ្ដាជនបានភ័យខ្លាច ហើយអង្វរលោកឲ្យចាកចេញពីតំបន់របស់ពួកគេ។ ដូច្នេះ លោកមិនបន្តនៅទីនោះទេ។ (ម៉ាក. ៥:១៦, ១៧) ប៉ុន្តែ លោកយេស៊ូចង់ឲ្យគេស្គាល់នាមរបស់ព្រះយេហូវ៉ានៅទីនោះ។ ហេតុនេះ លោកយេស៊ូបានប្រាប់បុរសដែលបានជាសះស្បើយនោះឲ្យប្រាប់បណ្ដាជនមិនមែនអំពីអ្វីដែលលោកបានធ្វើទេ តែអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើ។ (ម៉ាក. ៥:១៩) សព្វថ្ងៃនេះ លោកក៏ចង់ឲ្យយើងធ្វើដូច្នេះដែរ ពោលគឺធ្វើឲ្យគេស្គាល់នាមរបស់បិតាលោកនៅទូទាំងពិភពលោក! (ម៉ាថ. ២៤:១៤; ២៨:២០) ពេលយើងធ្វើដូច្នេះ យើងធ្វើឲ្យលោកយេស៊ូដែលជាស្ដេចរបស់យើងពេញចិត្ត។ w២៤.០២ ទំ.១០ វ.១០
ថ្ងៃអង្គារ ទី២៣ ខែកញ្ញា
អ្នក . . . បានទ្រាំការលំបាកជាច្រើនដើម្បីឈ្មោះរបស់ខ្ញុំ។—បប. ២:៣
គឺពិតជាពរមែនដែលយើងនៅក្នុងអង្គការរបស់ព្រះយេហូវ៉ាក្នុងអំឡុងគ្រាចុងក្រោយបង្អស់នេះដែលលំបាកណាស់។ កាលដែលស្ថានភាពពិភពលោកកាន់តែយ៉ាប់យ៉ឺនទៅៗ ព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវក្រុមគ្រួសាររួមជំនឿដែលមានសាមគ្គីភាព។ (ចសព. ១៣៣:១) លោកជួយយើងឲ្យមានសុភមង្គលក្នុងក្រុមគ្រួសារ។ (អេភ. ៥:៣៣–៦:១) ម្យ៉ាងទៀត លោកឲ្យយើងមានការយល់ធ្លុះជ្រៅនិងប្រាជ្ញាដែលយើងត្រូវការដើម្បីមានសេចក្ដីសុខសាន្តពិតប្រាកដក្នុងចិត្ត។ ក៏ប៉ុន្តែ យើងត្រូវខំព្យាយាមដើម្បីបន្តបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់។ ហេតុអ្វី? ពីព្រោះពេលខ្លះយើងប្រហែលជាទើសចិត្តដោយសារភាពមិនល្អឥតខ្ចោះរបស់អ្នកឯទៀត។ យើងក៏ប្រហែលជាពិបាកទ្រាំនឹងកំហុសរបស់ខ្លួន ជាពិសេសបើយើងធ្វើខុសដដែលៗម្ដងហើយម្ដងទៀត។ យើងត្រូវតស៊ូព្យាយាមក្នុងកិច្ចបម្រើព្រះយេហូវ៉ា (១) ពេលបងប្អូនរួមជំនឿធ្វើឲ្យយើងទើសចិត្ត (២) ពេលគូរបស់យើងធ្វើឲ្យយើងខកចិត្ត និង(៣) ពេលយើងខកចិត្តនឹងខ្លួនឯង។ w២៤.០៣ ទំ.១៤ វ.១-២