ថ្ងៃច័ន្ទ ទី២២ ខែកញ្ញា
ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយជាអ្នកកាន់តាមខ្ញុំ ហើយជ្រមុជទឹកឲ្យពួកគេ ក្នុងនាមបិតាដែលស្ថិតនៅស្ថានសួគ៌ [និង]ក្នុងនាមបុត្ររបស់លោក។—ម៉ាថ. ២៨:១៩
តើលោកយេស៊ូចង់ឲ្យអ្នកឯទៀតប្រើនាមផ្ទាល់របស់បិតាលោកឬទេ? ច្បាស់ជាចង់។ អ្នកដឹកនាំសាសនាខ្លះប្រហែលជាបានជឿថាការហៅនាមរបស់ព្រះ គឺមិនបង្ហាញការគោរពទេ។ ប៉ុន្តែ លោកយេស៊ូមិនដែលឲ្យទំនៀមទម្លាប់បែបនេះដែលមិនមានមូលដ្ឋានលើគម្ពីររារាំងលោកពីការលើកកិត្តិយសនាមរបស់បិតាលោកទេ។ សូមគិតអំពីពេលដែលលោកធ្វើឲ្យបុរសម្នាក់ដែលមានវិញ្ញាណកំណាចចូលជាសះស្បើយនៅតំបន់កេរ៉ាសា។ បណ្ដាជនបានភ័យខ្លាច ហើយអង្វរលោកឲ្យចាកចេញពីតំបន់របស់ពួកគេ។ ដូច្នេះ លោកមិនបន្តនៅទីនោះទេ។ (ម៉ាក. ៥:១៦, ១៧) ប៉ុន្តែ លោកយេស៊ូចង់ឲ្យគេស្គាល់នាមរបស់ព្រះយេហូវ៉ានៅទីនោះ។ ហេតុនេះ លោកយេស៊ូបានប្រាប់បុរសដែលបានជាសះស្បើយនោះឲ្យប្រាប់បណ្ដាជនមិនមែនអំពីអ្វីដែលលោកបានធ្វើទេ តែអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើ។ (ម៉ាក. ៥:១៩) សព្វថ្ងៃនេះ លោកក៏ចង់ឲ្យយើងធ្វើដូច្នេះដែរ ពោលគឺធ្វើឲ្យគេស្គាល់នាមរបស់បិតាលោកនៅទូទាំងពិភពលោក! (ម៉ាថ. ២៤:១៤; ២៨:២០) ពេលយើងធ្វើដូច្នេះ យើងធ្វើឲ្យលោកយេស៊ូដែលជាស្ដេចរបស់យើងពេញចិត្ត។ w២៤.០២ ទំ.១០ វ.១០
ថ្ងៃអង្គារ ទី២៣ ខែកញ្ញា
អ្នក . . . បានទ្រាំការលំបាកជាច្រើនដើម្បីឈ្មោះរបស់ខ្ញុំ។—បប. ២:៣
គឺពិតជាពរមែនដែលយើងនៅក្នុងអង្គការរបស់ព្រះយេហូវ៉ាក្នុងអំឡុងគ្រាចុងក្រោយបង្អស់នេះដែលលំបាកណាស់។ កាលដែលស្ថានភាពពិភពលោកកាន់តែយ៉ាប់យ៉ឺនទៅៗ ព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវក្រុមគ្រួសាររួមជំនឿដែលមានសាមគ្គីភាព។ (ចសព. ១៣៣:១) លោកជួយយើងឲ្យមានសុភមង្គលក្នុងក្រុមគ្រួសារ។ (អេភ. ៥:៣៣–៦:១) ម្យ៉ាងទៀត លោកឲ្យយើងមានការយល់ធ្លុះជ្រៅនិងប្រាជ្ញាដែលយើងត្រូវការដើម្បីមានសេចក្ដីសុខសាន្តពិតប្រាកដក្នុងចិត្ត។ ក៏ប៉ុន្តែ យើងត្រូវខំព្យាយាមដើម្បីបន្តបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់។ ហេតុអ្វី? ពីព្រោះពេលខ្លះយើងប្រហែលជាទើសចិត្តដោយសារភាពមិនល្អឥតខ្ចោះរបស់អ្នកឯទៀត។ យើងក៏ប្រហែលជាពិបាកទ្រាំនឹងកំហុសរបស់ខ្លួន ជាពិសេសបើយើងធ្វើខុសដដែលៗម្ដងហើយម្ដងទៀត។ យើងត្រូវតស៊ូព្យាយាមក្នុងកិច្ចបម្រើព្រះយេហូវ៉ា (១) ពេលបងប្អូនរួមជំនឿធ្វើឲ្យយើងទើសចិត្ត (២) ពេលគូរបស់យើងធ្វើឲ្យយើងខកចិត្ត និង(៣) ពេលយើងខកចិត្តនឹងខ្លួនឯង។ w២៤.០៣ ទំ.១៤ វ.១-២
ថ្ងៃពុធ ទី២៤ ខែកញ្ញា
អ្វីដែលយើងបានធ្វើដើម្បីឲ្យជឿនទៅមុខដល់កម្រិតនេះ ចូរយើងបន្តជឿនទៅមុខដោយធ្វើដូច្នោះតទៅទៀត។—ភី. ៣:១៦
ម្ដងម្កាល អ្នកនឹងឮបទពិសោធន៍របស់បងប្អូនដែលបានខំប្រឹងបង្កើនកិច្ចបម្រើរបស់ពួកគេ។ ប្រហែលជាពួកគេបានចូលសាលាបង្ហាត់បង្រៀនអ្នកផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ ឬបានរើទៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាង។ បើអ្នកអាចកំណត់គោលដៅបែបនេះ នោះជាការល្អណាស់។ រាស្ត្ររបស់ព្រះយេហូវ៉ាចង់បង្កើនកិច្ចបម្រើរបស់ពួកគេ។ (សកម្ម. ១៦:៩) ប៉ុន្តែ ចុះយ៉ាងណាបើអ្នកមិនអាចធ្វើដូច្នេះនៅឥឡូវនេះ? សូមកុំគិតថាអ្នកអន់ជាងពួកអ្នកដែលអាចធ្វើបានឡើយ។ អ្វីដ៏សំខាន់គឺថាអ្នកបន្តស៊ូទ្រាំក្នុងការរត់ប្រណាំងជាគ្រិស្តសាសនិក។ (ម៉ាថ. ១០:២២) សូមកុំមើលស្រាលតម្លៃនៃការបម្រើព្រះយេហូវ៉ាស្របតាមសមត្ថភាពនិងកាលៈទេសៈរបស់អ្នកឡើយ។ នេះគឺជារបៀបសំខាន់មួយដែលអ្នកអាចបន្តតាមលោកយេស៊ូជាដរាបក្រោយពីទទួលការជ្រមុជទឹក។—ចសព. ២៦:១ w២៤.០៣ ទំ.១០ វ.១១