ថ្ងៃច័ន្ទ ទី២៧ ខែតុលា
ប្ដីត្រូវស្រឡាញ់ប្រពន្ធ ដូចស្រឡាញ់រូបកាយរបស់ខ្លួន។—អេភ. ៥:២៨
ព្រះយេហូវ៉ាតម្រូវឲ្យប្ដីស្រឡាញ់ប្រពន្ធ ហើយបំពេញសេចក្ដីត្រូវការប្រចាំថ្ងៃរបស់នាង ធ្វើជាមិត្តល្អនឹងនាង ព្រមទាំងជួយនាងឲ្យរក្សាខ្លួននៅជិតស្និទ្ធនឹងព្រះយេហូវ៉ា។ ការបណ្ដុះឲ្យមានសមត្ថភាពរិះគិត ការគោរពស្ត្រី និងការធ្វើជាមនុស្សពឹងពាក់បាន នឹងជួយប្អូនទៅជាប្ដីល្អ។ ក្រោយពីប្អូនបានរៀបការ ប្អូនប្រហែលជានឹងទៅជាឪពុកគេ។ តើប្អូនអាចរៀនអ្វីពីព្រះយេហូវ៉ាអំពីការធ្វើជាឪពុកល្អ? (អេភ. ៦:៤) ព្រះយេហូវ៉ាប្រាប់លោកយេស៊ូដែលជាបុត្ររបស់លោកដោយឥតលាក់លៀមថា លោកស្រឡាញ់និងពេញចិត្តបុត្រលោក។ (ម៉ាថ. ៣:១៧) បើថ្ងៃក្រោយប្អូនទៅជាឪពុក សូមធ្វើឲ្យប្រាកដថាប្អូនពង្រឹងទំនុកចិត្តកូនរបស់ប្អូនជារឿយៗថាប្អូនស្រឡាញ់ពួកគេ។ សូមសរសើរពួកគេជាញឹកញាប់ចំពោះអ្វីល្អដែលពួកគេធ្វើ។ ឪពុកដែលធ្វើតាមគំរូរបស់ព្រះយេហូវ៉ាជួយកូនរបស់ពួកគេឲ្យទៅជាបុរសស្ត្រីគ្រិស្តសាសនិកដែលមានភាពចាស់ទុំ។ ប្អូនអាចត្រៀមខ្លួនឥឡូវសម្រាប់តួនាទីនេះ ដោយស្រឡាញ់សមាជិកក្រុមគ្រួសាររបស់ប្អូននិងអ្នកឯទៀតក្នុងក្រុមជំនុំ ព្រមទាំងដោយយកចិត្តទុកដាក់ចំពោះពួកគេ ហើយដោយរៀនប្រាប់ពួកគេថាប្អូនស្រឡាញ់ពួកគេនិងថាពួកគេមានតម្លៃចំពោះប្អូន។—យ៉ូន. ១៥:៩ w២៣.១២ ទំ.២៩ វ.១៧-១៨
ថ្ងៃអង្គារ ទី២៨ ខែតុលា
[ព្រះយេហូវ៉ា]ជាទីពឹងជ្រកដ៏មានសុវត្ថិភាពសម្រាប់ខ្ញុំ ខ្ញុំគ្មានថ្ងៃរង្គោះរង្គើរហូតដល់ដួលរលំឡើយ។—ចសព. ៦២:២
ក្នុងនាមជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា យើងជួបការពិបាកនិងធ្លាក់ខ្លួនឈឺដូចមនុស្សឯទៀតដែរ។ យើងក៏ប្រហែលជាត្រូវស៊ូទ្រាំនឹងការប្រឆាំង ឬការបៀតបៀនពីពួកអ្នកដែលស្អប់រាស្ត្រព្រះ។ ទោះជាព្រះយេហូវ៉ាមិនរារាំងកុំឲ្យការពិបាកនោះកើតឡើងចំពោះយើងក្ដី លោកសន្យាថាលោកនឹងជួយយើង។ (អេ. ៤១:១០) ដោយមានជំនួយពីលោក យើងអាចរក្សាអំណរ ធ្វើការសម្រេចចិត្តល្អ និងរក្សាភក្ដីភាពចំពោះលោក ទោះជាស្ថិតក្នុងស្ថានភាពដ៏ពិបាកបំផុតក្ដី។ព្រះយេហូវ៉ាសន្យាថាលោកនឹងឲ្យយើងនូវអ្វីដែលគម្ពីរហៅថា៖ «សេចក្ដីសុខសាន្តរបស់ព្រះ»។ (ភី. ៤:៦, ៧) សេចក្ដីសុខសាន្តនេះសំដៅទៅលើភាពស្ងប់ស្ងាត់ក្នុងចិត្តនិងគំនិតដែលមកពីចំណងមិត្តភាពដ៏ថ្លៃវិសេសរបស់យើងជាមួយលោក។ សេចក្ដីសុខសាន្តនេះ«ហួសពីការនឹកស្មាន» ពោលគឺវាអស្ចារ្យជាងយើងគិតស្មានទៅទៀត។ ជាឧទាហរណ៍ តើអ្នកធ្លាប់អធិដ្ឋានយ៉ាងអស់ពីចិត្តទៅព្រះយេហូវ៉ា ហើយក្រោយមកបានភ្ញាក់ផ្អើលដោយឃើញថាអ្នកមានអារម្មណ៍ស្ងប់ចិត្តជាខ្លាំងឬទេ? អារម្មណ៍នេះគឺ«សេចក្ដីសុខសាន្តរបស់ព្រះ»។ w២៤.០១ ទំ.២០ វ.២; ទំ.២១ វ.៤
ថ្ងៃពុធ ទី២៩ ខែតុលា
ខ្ញុំសូមសរសើរព្រះយេហូវ៉ា ខ្ញុំសូមលើកតម្កើងនាមដ៏បរិសុទ្ធរបស់លោកយ៉ាងអស់ពីដួងចិត្ត។—ចសព. ១០៣:១
សេចក្ដីស្រឡាញ់ចំពោះព្រះជំរុញចិត្តមនុស្សស្មោះត្រង់ឲ្យសរសើរនាមលោកយ៉ាងអស់ពីចិត្ត។ ស្ដេចដាវីឌដឹងថាពេលយើងសរសើរនាមរបស់ព្រះយេហូវ៉ា គឺយើងកំពុងសរសើរព្រះយេហូវ៉ាផ្ទាល់។ នាមរបស់ព្រះយេហូវ៉ារួមបញ្ចូលកេរ្តិ៍ឈ្មោះរបស់លោក ដូច្នេះនោះនាំឲ្យយើងគិតអំពីគុណសម្បត្តិដ៏ថ្លៃថ្លារបស់លោកនិងការប្រព្រឹត្តដ៏ល្អដែលលោកបានធ្វើ។ ដាវីឌចង់ធ្វើអ្វីដែលបង្ហាញថានាមរបស់បិតាគឺបរិសុទ្ធ ហើយសរសើរនាមនោះ។ គាត់ចង់ធ្វើដូច្នេះ«យ៉ាងអស់ពីដួងចិត្ត»។ ស្រដៀងគ្នាដែរ ពួកលេវីបាននាំមុខក្នុងការសរសើរព្រះយេហូវ៉ា។ ពួកគេបានសារភាពដោយចិត្តរាបទាបថា ពាក្យសរសើររបស់ពួកគេមិនល្អគ្រប់គ្រាន់ស្មើនឹងអ្វីដែលនាមដ៏ពិសិដ្ឋរបស់ព្រះយេហូវ៉ាសមនឹងទទួលទេ។ (នេហ. ៩:៥) ច្បាស់ណាស់ ការសរសើរដែលបង្ហាញអំពីចិត្តរាបទាបនិងអស់ពីចិត្តបែបនេះបាននាំឲ្យចិត្តរបស់ព្រះយេហូវ៉ាអរសប្បាយ។ w២៤.០២ ទំ.៩ វ.៦