តើយើងអាចធ្វើអ្វីពេលអ្វីៗទាំងអស់ឡើងថ្លៃ?
ចាត់ចែងលុយកាក់ដោយឈ្លាសវៃ
នៅពេលអ្វីៗទាំងអស់ឡើងថ្លៃ យើងទាំងអស់គ្នាជួបការពិបាក។ ប៉ុន្តែ យើងមិនគួរអស់សង្ឃឹមឡើយ ព្រោះមានអ្វីខ្លះដែលយើងអាចធ្វើដើម្បីជួយឲ្យស្ថានភាពយើងល្អប្រសើរជាង។
ហេតុអ្វីនេះសំខាន់?
បើអ្នកមិនព្យាយាមគ្រប់គ្រងលុយកាក់របស់អ្នក នោះអាចធ្វើឲ្យអ្នកមានបញ្ហាលុយកាក់ថែមទៀត ហើយធ្វើឲ្យអ្នកកាន់តែបារម្ភនិងខ្វល់ខ្វាយ។ ទោះជាអ្នកមិនសូវមានលុយច្រើនក្ដី តែមានអ្វីមួយចំនួនដែលអ្នកអាចធ្វើដើម្បីជួយអ្នកគ្រប់គ្រងលុយកាក់។
អ្វីដែលអ្នកអាចធ្វើ
រស់នៅស្របតាមលទ្ធភាពរបស់អ្នក។ ពេលអ្នកធ្វើដូច្នេះ អ្នកនឹងមានទំនុកចិត្តថាអ្នកអាចគ្រប់គ្រងលុយកាក់បានល្អជាង ហើយអាចបង់ថ្លៃចំណាយដែលអ្នកមិនបានរំពឹងទុក។
ដើម្បីជួយអ្នករស់នៅស្របតាមលទ្ធភាព សូមរៀបចំគម្រោងថវិកា ដោយកត់ទុកចំណូលនិងចំណាយរបស់អ្នក។ ពេលរៀបចំគម្រោងនោះ សូមគិតយ៉ាងដិតដល់អំពីអ្វីដែលអ្នកពិតជាត្រូវការ។ ក្រោយមក ព្យាយាមធ្វើតាមគម្រោងនោះ ហើយកែប្រែទៅតាមស្ថានភាព ដូចជានៅពេលទំនិញឡើងថ្លៃ ឬពេលប្រាក់ចំណូលរបស់អ្នកផ្លាស់ប្ដូរ។ បើអ្នករៀបការហើយ សូមពិភាក្សារឿងនេះជាមួយគូរបស់អ្នក។
សូមសាកធ្វើដូច្នេះ៖ ជាជាងទិញអីវ៉ាន់ផ្សេងៗដោយប្រើកាតឥណទាន សូមទិញដោយសាច់ប្រាក់វិញ។ ដោយចំណាយប្រាក់តាមរបៀបនេះ អ្នកខ្លះគ្រប់គ្រងថវិកាបានល្អជាង ហើយជៀសផុតពីការជំពាក់បំណុលទៀតផង។ ម្យ៉ាងទៀតម្ដងម្កាល សូមចំណាយពេលពិនិត្យមើលរបាយការណ៍គណនីរបស់អ្នក។ ពេលដែលអ្នកដឹងច្បាស់អំពីចំនួនទឹកប្រាក់ដែលអ្នកមាន នោះអ្នកនឹងមិនសូវព្រួយបារម្ភខ្លាំងពេកទេ។
ការរស់នៅតាមលទ្ធភាពរបស់អ្នក មិនតែងតែស្រួលទេ។ ប៉ុន្តែ ការធ្វើតាមគម្រោងថវិកាដែលបានគិតគូរយ៉ាងហ្មត់ចត់ អាចជួយអ្នកច្រើនណាស់។ អ្នកក៏មិនសូវខ្វល់ខ្វាយពេកអំពីរឿងលុយកាក់ដែរ។
រក្សាការពារការងាររបស់អ្នក។ តើមានវិធីអ្វីខ្លះដើម្បីជួយអ្នកកុំឲ្យបាត់បង់ការងារ? មានវិធីខ្លះៗដូចជា ទៅធ្វើការឲ្យបានទាន់ពេល មានទស្សនៈល្អចំពោះការងាររបស់អ្នក ត្រៀមខ្លួនជួយអ្នកឯទៀត ហើយខំប្រឹងធ្វើការ បង្ហាញការគោរពជានិច្ច ធ្វើតាមច្បាប់ផ្សេងៗនៅកន្លែងធ្វើការ ហើយព្យាយាមបង្កើនសមត្ថភាពរបស់អ្នកដើម្បីធ្វើការឲ្យកាន់តែល្អជាង។
កុំខ្ជះខ្ជាយលុយ។ សូមសួរខ្លួនអ្នកថា ‹តើខ្ញុំមានទម្លាប់ខ្ជះខ្ជាយលុយកាក់និងចូលចិត្តទិញអ្វីថ្លៃៗឬទេ?›។ ជាឧទាហរណ៍ មនុស្សខ្លះខ្ជះខ្ជាយលុយដែលពួកគេពិបាករកដោយប្រើគ្រឿងញៀន លេងល្បែងស៊ីសង ជក់បារី ឬផឹកស្រាហួសប្រមាណ។ ទម្លាប់ទាំងនេះក៏អាចធ្វើឲ្យពួកគេខូចសុខភាព ហើយបាត់បង់ការងារដែរ។
សន្សំលុយសម្រាប់ពេលមានអាសន្ន។ ពេលណាដែលអ្នកអាចធ្វើបាន សូមទុកលុយមួយចំនួនតូចដោយឡែក សម្រាប់ការចំណាយដែលមិនបានរំពឹងទុកឬពេលមានរឿងអាសន្នកើតឡើង។ ប្រាក់សន្សំនោះអាចជួយឲ្យអ្នកមានអារម្មណ៍ស្រួលជាង បើអ្នកឬសមាជិកគ្រួសារធ្លាក់ខ្លួនឈឺ បាត់បង់ការងារ ឬជួបរឿងផ្សេងទៀតដែលមិនបានរំពឹងទុក។