បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w25 តុលា ទំ. ២-៥
  • ១៩២៥ មួយ​រយ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ១៩២៥ មួយ​រយ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សេចក្ដី​សង្ឃឹម​ដែល​ក្រ​នឹង​កើត​ឡើង
  • ការ​បង្កើត​ប៉ុស្តិ៍​វិទ្យុ​ថែម​ទៀត
  • ការ​យល់​ដឹង​ថ្មី​អំពី​ជំនឿ​របស់​យើង
  • ការ​ធ្វើ​ជា​សាក្សី​របស់​ព្រះ​យេហូវ៉ា
  • ការ​ត្រឡប់​ទៅ​ជួប​ពួក​អ្នក​ដែល​ចាប់​អារម្មណ៍
  • ការ​គិត​អំពី​ថ្ងៃ​អនាគត
  • ១៩២៤ មួយ​រយ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • ១៩២២ មួយរយឆ្នាំបានកន្លងផុតទៅ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • វិធីផ្សព្វផ្សាយ: រាស្ត្ររបស់ព្រះប្រើគ្រប់វិធីដើម្បីផ្សព្វផ្សាយ
    រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
w25 តុលា ទំ. ២-៥
នៅ​មហា​សន្និបាត​ឆ្នាំ​១៩២៥ នា​ក្រុង​អ៊ិនដ្យាណាផូលីស រដ្ឋ​អ៊ិនដ្យាណា បង​ប្អូន​មួយ​ក្រុម​ធំ​ថត​រូប​ជុំ​គ្នា​នៅ​ខាង​ក្រៅ។

មហា​សន្និបាត​នៅ​ក្រុង​អ៊ិនដ្យាណាផូលីស រដ្ឋ​អ៊ិនដ្យាណា នា​ឆ្នាំ​១៩២៥

១៩២៥ មួយ​រយ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ

ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​១៩២៥​ជា​ភាសា​អង់គ្លេស​បាន​រៀប​រាប់​ថា​៖ ​«​គ្រិស្ត​សាសនិក​ទន្ទឹង​រង់​ចាំ​អ្វី​ល្អ​ដែល​នឹង​កើត​ឡើង​នៅ​ឆ្នាំ​នេះ​»។ ប៉ុន្តែ អត្ថបទ​នោះ​បាន​បន្ត​ថា​៖ ​«​គ្រិស្ត​សាសនិក​មិន​គួរ​គិត​ច្រើន​ពេក​អំពី​អ្វី​ដែល​ប្រហែល​ជា​នឹង​កើត​ឡើង​នៅ​ឆ្នាំ​នេះ រហូត​ដល់​ពួក​គេ​បាត់​បង់​អំណរ​ក្នុង​ការ​ធ្វើ​អ្វី​ដែល​លោក​ម្ចាស់​ចង់​ឲ្យ​ពួក​គេ​ធ្វើ​នោះ​ទេ​»។ តើ​និស្សិត​គម្ពីរ​រំពឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ឆ្នាំ​១៩២៥? តើ​តាម​របៀប​ណា​ពួក​គេ​បន្ដ​ជាប់​រវល់​ក្នុង​កិច្ច​ការ​របស់​លោក​ម្ចាស់ ទោះ​ជា​ពួក​គេ​ខក​ចិត្ត​ដោយ​សារ​អ្វី​ដែល​ពួក​គេ​រំពឹង​មិន​បាន​កើត​ឡើង​ក៏​ដោយ?

សេចក្ដី​សង្ឃឹម​ដែល​ក្រ​នឹង​កើត​ឡើង

និស្សិត​គម្ពីរ​ជា​ច្រើន​រំពឹង​ថា​នឹង​មាន​សួន​ឧទ្យាន​ឡើង​វិញ​នៅ​ផែន​ដី​នា​ឆ្នាំ​១៩២៥។ ហេតុ​អ្វី? បង​ប្រុស​អាល់បឺត ស្រូឌែរ​ដែល​បម្រើ​ជា​សមាជិក​គណៈ​អភិបាល​បាន​ពន្យល់​ថា​៖ ​«​យើង​បាន​គិត​ថា​នៅ​ឆ្នាំ​១៩២៥ ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​នៅ​សល់​នៅ​ផែន​ដី​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌​ដើម្បី​គ្រប់​គ្រង​ក្នុង​រាជាណាចក្រ​របស់​ព្រះ ហើយ​ពួក​បុរស​ស្មោះ​ត្រង់​ដូច​ជា​អាប្រាហាំ ដាវីឌ និង​អ្នក​ឯ​ទៀត​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដើម្បី​ធ្វើ​ជា​ពួក​អ្នក​ដឹក​នាំ​នៅ​ផែន​ដី​»។ យ៉ាង​នេះ កាល​ដែល​ឆ្នាំ​នោះ​បាន​កន្លង​ផុត​ទៅ ហើយ​សេចក្ដី​សង្ឃឹម​របស់​ពួក​គេ​មិន​កើត​ឡើង ពួក​គេ​ខ្លះ​បាន​ខក​ចិត្ត​ជា​ខ្លាំង។—សុភ. ១៣:១២

ទោះ​ជា​មាន​ការ​ខក​ចិត្ត​ក៏​ដោយ និស្សិត​គម្ពីរ​ភាគ​ច្រើន​បាន​បន្ដ​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះខ្នែង។ ពួក​គេ​ចាប់​ផ្ដើម​ទទួល​ស្គាល់​ថា កិច្ច​ការ​ផ្សព្វ​ផ្សាយ​គឺ​ជា​កិច្ច​ការ​សំខាន់​បំផុត​ដែល​ពួក​គេ​ត្រូវ​ធ្វើ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​កិច្ចការ​ដែល​ពួក​គេ​បាន​ធ្វើ​ដើម្បី​ផ្សាយ​សេចក្ដី​ពិត​ដល់​មនុស្ស​នៅ​ទី​ជិត​ឆ្ងាយ។

ការ​បង្កើត​ប៉ុស្តិ៍​វិទ្យុ​ថែម​ទៀត

នៅ​ឆ្នាំ​១៩២៤ ប៉ុស្តិ៍​វិទ្យុ​WBBR​បាន​ដំណើរ​ការ​យ៉ាង​ជោគ​ជ័យ។ ដូច្នេះ​នៅ​ឆ្នាំ​១៩២៥ និស្សិត​គម្ពីរ​បាន​បង្កើត​ប៉ុស្តិ៍​វិទ្យុ​មួយ​ទៀត​នៅ​ជិត​ក្រុង​ឈីខាកូ រដ្ឋ​អ៊ីលីណយ។ ឈ្មោះ​នៃ​ប៉ុស្តិ៍​វិទ្យុ​ថ្មី​នោះ​គឺ​WORD។ បង​ប្រុស​រ៉ាល លេហ្វឡឺ​ដែល​បាន​ចូល​រួម​សាង​សង់​ស្ថានីយ​វិទ្យុ​នោះ​បាន​និយាយ​ថា​៖ ​«​នៅ​យប់​នា​រដូវ​ត្រជាក់ មនុស្ស​នៅ​កន្លែង​ផ្សេង​ៗ​មិន​ថា​ឆ្ងាយ​ឬ​ជិត​អាច​ស្ដាប់​ប៉ុស្តិ៍​វិទ្យុ​នេះ​បាន​»។ ជា​ឧទាហរណ៍ ក្រុម​គ្រួសារ​មួយ​ដែល​រស់​នៅ​ក្រុង​ផែឡុតស្ទេសិន រដ្ឋ​អាឡាស្កា ដែល​មាន​ចម្ងាយ​ជាង​៥.០០០​គីឡូ​ម៉ែត្រ អាច​ស្ដាប់​ការ​ផ្សាយ​ជា​លើក​ដំបូង​នៃ​ប៉ុស្តិ៍​វិទ្យុ​នោះ។ ក្រោយ​ពី​ស្ដាប់​ការ​ផ្សាយ​នោះ ក្រុម​គ្រួសារ​នោះ​បាន​សរសេរ​សំបុត្រ​ថ្លែង​អំណរ​គុណ​ដល់​ពួក​អ្នក​ដែល​ធ្វើ​ការ​នៅ​ប៉ុស្តិ៍​វិទ្យុ​នោះ សម្រាប់​ការ​ផ្សាយ​ព័ត៌មាន​ដ៏​លើក​ទឹក​ចិត្ត​ដែល​ជួយ​ពួក​គេ​ឲ្យ​ស្គាល់​ព្រះ​និង​គម្ពីរ​ច្រើន​ជាង។

ខាង​ឆ្វេង​៖ អង់តែន​ស្ថានីយ​វិទ្យុ​WORD​នៅ​ក្រុង​បាថេវៀ រដ្ឋ​អ៊ីលីណយ

ខាង​ស្ដាំ​៖ បង​រ៉ាល លេហ្វឡឺ​ធ្វើ​ការ​នៅ​ស្ថានីយ​វិទ្យុ

ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​១៩២៥​ជា​ភាសា​អង់គ្លេស​បាន​រៀប​រាប់​អំពី​ការ​ផ្សាយ​របស់​ប៉ុស្តិ៍​វិទ្យុ​នេះ​ថា​អាច​ទៅ​ដល់​កន្លែង​ឆ្ងាយ​ៗ។ ទស្សនាវដ្ដី​នេះ​រៀប​រាប់​ថា​៖ ​«​ប៉ុស្តិ៍​វិទ្យុ​WORD​គឺ​ជា​ប៉ុស្តិ៍​វិទ្យុ​ដែល​អាច​ផ្សាយ​ដល់​កន្លែង​ឆ្ងាយ​ៗ​នៅ​សហរដ្ឋ​អាម៉េរិក។ មនុស្ស​ដែល​រស់​នៅ​ឆ្នេរ​សមុទ្រ​អាត្លង់ទិក​និង​ប៉ាស៊ីហ្វិក ព្រម​ទាំង​មនុស្ស​ដែល​រស់​នៅ​ប្រទេស​គុយបា​និង​ប៉ែក​ខាង​ជើង​នៃ​រដ្ឋ​អាឡាស្កា អាច​ស្ដាប់​ប៉ុស្តិ៍​វិទ្យុ​នេះ​បាន​យ៉ាង​ច្បាស់។ មនុស្ស​ជា​ច្រើន​ដែល​មិន​ធ្លាប់​ឮ​សេចក្ដី​ពិត​ពី​មុន ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពេល​ពួក​គេ​ស្ដាប់​ការ​ផ្សាយ​ពី​ប៉ុស្តិ៍​វិទ្យុ​នេះ​»។

បង​ចច ណេស

នៅ​គ្រា​នោះ និស្សិត​គម្ពីរ​ក៏​ចង់​ប្រើ​វិទ្យុ​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​ប្រទេស​កាណាដា​ដែរ។ នៅ​ឆ្នាំ​១៩២៤ និស្សិត​គម្ពីរ​បាន​បង្កើត​ប៉ុស្តិ៍​វិទ្យុ​CHUC​នៅ​ក្រុង​សាស្កាតធូន រដ្ឋ​សាស្កាតឆេវ៉ាន។ ប៉ុស្តិ៍​វិទ្យុ​នោះ​នៅ​ក្នុង​ចំណោម​ប៉ុស្តិ៍​វិទ្យុ​ដំបូង​ដែល​ផ្សាយ​អំពី​សាសនា​នា​ប្រទេស​កាណាដា។ នៅ​ឆ្នាំ​១៩២៥ ពួក​គេ​បាន​ស្វែង​រក​ទី​តាំង​ធំ​ជាង​សម្រាប់​ស្ថានីយ​វិទ្យុ​នោះ។ ដូច្នេះ អង្គការ​យើង​បាន​រើ​ទី​តាំង​ទៅ​អគារ​រីជិន​ដែល​ជា​រោង​មហោស្រព​ចាស់​នៅ​ក្នុង​ក្រុង​សាស្កាតធូន ដែល​ពួក​គេ​បាន​ទិញ​និង​បាន​កែ​លម្អ​ឡើង​វិញ​ដើម្បី​ផ្សាយ​ប៉ុស្តិ៍​វិទ្យុ។

ដោយ​សារ​ស្ថានីយ​វិទ្យុ​នេះ មនុស្ស​ជា​ច្រើន​ដែល​រស់​នៅ​ក្នុង​ក្រុង​តូច​ៗ​និង​តំបន់​ជនបទ​ក្នុង​រដ្ឋ​សាស្កាតឆេវ៉ាន បាន​ឮ​ដំណឹង​ល្អ​ជា​លើក​ដំបូង។ ជា​ឧទាហរណ៍ នៅ​ក្រុង​ដាច់​ស្រយាល​មួយ ស្ត្រី​ម្នាក់​បាន​ស្នើ​សុំ​សៀវភៅ​ដែល​មាន​មូលដ្ឋាន​ពី​គម្ពីរ​ក្រោយ​ពី​គាត់​បាន​ស្ដាប់​ការ​ចាក់​ផ្សាយ​ពី​ប៉ុស្តិ៍​វិទ្យុ​នោះ។ បង​ប្រុស​ចច ណេស​បាន​និយាយ​ថា​៖ ​«​ការ​ស្នើ​សុំ​របស់​នាង​ហាក់​ដូច​ជា​អ្វី​ដែល​បន្ទាន់។ ដូច្នេះ យើង​បាន​ផ្ញើ​សៀវភៅ​ការ​សិក្សា​អំពី​បទ​គម្ពីរ​(​Studies in the Scriptures​)​មួយ​ឈុត​ដល់​នាង​»។ មិន​យូរ​ប៉ុន្មាន ស្ត្រី​នោះ​បាន​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​នៅ​កន្លែង​ឆ្ងាយ​ជាង​នោះ​ទៅ​ទៀត។

ការ​យល់​ដឹង​ថ្មី​អំពី​ជំនឿ​របស់​យើង

នៅ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​១៩២៥​ជា​ភាសា​អង់គ្លេស មាន​អត្ថបទ​សំខាន់​មួយ​ដែល​មាន​ចំណង​ជើង​ថា​«​កំណើត​នៃ​ប្រជា​ជាតិ​»។ ហេតុ​អ្វី​អត្ថបទ​នោះ​សំខាន់​ម្ល៉េះ? ពីព្រោះ​អស់​មួយ​រយៈ​ពេល និស្សិត​គម្ពីរ​បាន​ដឹង​ថា​សាថាន​គ្រប់​គ្រង​លើ​ពួក​វិញ្ញាណ​កំណាច ព្រម​ទាំង​សាសនា​មិន​ពិត រដ្ឋាភិបាល និង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ក្នុង​ពិភព​លោក​នេះ ហើយ​ថា​អ្វី​ទាំង​នោះ​គឺ​ហាក់​ដូច​ជា​អង្គការ​របស់​សាថាន។ ប៉ុន្តែ តាម​រយៈ​អត្ថបទ​នេះ ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​បាន​ជួយ​បង​ប្អូន​ឲ្យ​យល់​ថា ព្រះ​យេហូវ៉ា​ក៏​មាន​អង្គការ​មួយ​ដែរ គឺ​ជា​អង្គ​ការ​ដែល​ខុស​គ្នា​ឆ្ងាយ​ពី​អង្គការ​របស់​សាថាន ហើយ​ប្រឆាំង​នឹង​អង្គការ​វា។ (​ម៉ាថ. ២៤:៤៥​) បន្ថែម​ទៅ​ទៀត ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​បាន​ពន្យល់​ថា រាជាណាចក្រ​ព្រះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ឆ្នាំ​១៩១៤ ហើយ​ថា​នៅ​ឆ្នាំ​នោះ ដោយ​សារ​«​សង្គ្រាម​បាន​ផ្ទុះ​ឡើង​នៅ​ស្ថាន​សួគ៌​»​ សាថាន​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​ស្ថាន​សួគ៌ ហើយ​បាន​ត្រូវ​បោះ​ទម្លាក់​មក​ផែន​ដី។—បប. ១២:៧​-​៩

និស្សិត​គម្ពីរ​ខ្លះ​មិន​យល់​ស្រប​នឹង​ការ​យល់​ដឹង​ថ្មី​នេះ​ទេ។ ដូច្នេះ អត្ថបទ​ដដែល​នោះ​បាន​រៀប​រាប់​ថា​៖ ​«​បើ​មាន​អ្នក​ដែល​អាន​ទស្សនាវដ្ដី​ប៉ម​យាម​នេះ ហើយ​មិន​យល់​ស្រប​នឹង​អ្វី​ដែល​បាន​សរសេរ​ក្នុង​អត្ថបទ​នេះ យើង​សូម​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់​និង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​កាល​ដែល​ពួក​គេ​បន្ត​បម្រើ​លោក​ដោយ​ស្មោះ​ត្រង់​»។

ក៏​ប៉ុន្តែ បង​ប្រុស​ថំ អឺ​ដែល​ជា​អ្នក​ត្រួស​ត្រាយ​នៅ​ប្រទេស​អង់គ្លេស បាន​រៀប​រាប់​អំពី​អារម្មណ៍​ដែល​និស្សិត​គម្ពីរ​ភាគ​ច្រើន​មាន​ចំពោះ​អត្ថបទ​នេះ។ គាត់​និយាយ​ថា​៖ ​«​បង​ប្អូន​រំភើប​ចិត្ត​ជា​ខ្លាំង​ពេល​ឮ​ការ​ពន្យល់​នេះ​អំពី​ការ​បើក​បង្ហាញ ១២។ ពេល​យើង​ដឹង​ថា​រាជាណាចក្រ​ព្រះ​បាន​ត្រូវ​ស្ថាបនា​ឡើង​នៅ​ស្ថាន​សួគ៌ យើង​រំភើប​ចិត្ត​ចែក​រំលែក​ដំណឹង​ល្អ​នេះ​ដល់​អ្នក​ឯ​ទៀត។ នេះ​ធ្វើ​ឲ្យ​យើង​កាន់​តែ​ចង់​ផ្សព្វ​ផ្សាយ​ថែម​ទៀត ហើយ​ជួយ​យើង​ឲ្យ​ឃើញ​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី​ដ៏​អស្ចារ្យ​នៅ​ថ្ងៃ​អនាគត​»។

ការ​ធ្វើ​ជា​សាក្សី​របស់​ព្រះ​យេហូវ៉ា

នៅ​សព្វ​ថ្ងៃ​នេះ សាក្សី​ព្រះ​យេហូវ៉ា​ច្រើន​តែ​និយាយ​អំពី​អេសាយ ៤៣:១០​ដែល​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​ខ្ញុំ ជា​អ្នក​បម្រើ​ដែល​ខ្ញុំ​បាន​ជ្រើស​រើស›​»។ ប៉ុន្តែ មុន​ឆ្នាំ​១៩២៥ សៀវភៅ​ផ្សេង​ៗ​របស់​យើង​មិន​សូវ​បាន​លើក​ឡើង​អំពី​បទ​គម្ពីរ​នេះ​ទេ។ តែ​នោះ​បាន​ផ្លាស់​ប្ដូរ​នៅ​ឆ្នាំ​១៩២៥។ នៅ​អំឡុង​ឆ្នាំ​នោះ ខ​គម្ពីរ​នៅ​អេសាយ ៤៣:១០ និង​១២​បាន​ត្រូវ​លើក​ឡើង​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម​អស់​១១​លេខ។

នៅ​ចុង​ខែ​សីហា ឆ្នាំ​១៩២៥ និស្សិត​គម្ពីរ​បាន​ជួប​ជុំ​គ្នា​ធ្វើ​មហា​សន្និបាត​នៅ​ក្រុង​អ៊ិនដ្យាណាផូលីស រដ្ឋ​អ៊ិនដ្យាណា។ បង​ប្រុស​រ៉ូធើហ្វឺត​បាន​សរសេរ​សារ​មួយ​ដើម្បី​ស្វាគមន៍​អ្នក​ចូល​រួម។ សារ​នោះ​បាន​ត្រូវ​បោះ​ពុម្ព​ក្នុង​ក្រដាស​កម្ម​វិធី​មហា​សន្និបាត។ ក្នុង​សារ​នោះ​រៀប​រាប់​ថា​៖ ​«​យើង​មក​មហា​សន្និបាត​នេះ​ដើម្បី​ទទួល​កម្លាំង​ពី​លោក​ម្ចាស់ ដើម្បី​យើង​អាច​ត្រឡប់​ទៅ​តំបន់​ផ្សាយ​វិញ​ទាំង​មាន​កម្លាំង​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ការ​ធ្វើ​ជា​សាក្សី​របស់​លោក​»។ ក្នុង​អំឡុង​មហា​សន្និបាត​៨​ថ្ងៃ​នោះ អ្នក​ចូល​រួម​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​យេហូវ៉ា​នៅ​គ្រប់​ឱកាស។

នៅ​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​សីហា បង​រ៉ូធើហ្វឺត​បាន​ថ្លែង​សុន្ទរកថា​មួយ​ដែល​មាន​ប្រធាន​ថា ​«​ចូរ​មាន​សកម្មភាព​ឡើង​»។ នៅ​ក្នុង​សុន្ទរកថា​របស់​គាត់ គាត់​បាន​លើក​ឡើង​អំពី​មូលហេតុ​សំខាន់​ដែល​កិច្ច​ការ​ផ្សព្វ​ផ្សាយ​គឺ​ជា​កិច្ច​ការ​ដ៏​សំខាន់​ណាស់។ គាត់​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​រាស្ត្រ​របស់​លោក​ថា​៖ . . . ‹អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​ខ្ញុំ ហើយ​ខ្ញុំ​គឺ​ជា​ព្រះ›។ ក្រោយ​មក លោក​បង្គាប់​យ៉ាង​ម៉ឹង​ម៉ាត់​ថា​៖ ‹​[​ចូរ​]​ដំឡើង​សញ្ញា​សម្គាល់​មួយ​សម្រាប់​ប្រជា​ជាតិ​ទាំង​ឡាយ›។ គ្មាន​អ្នក​ណា​នៅ​ផែន​ដី​អាច​ដំឡើង​សញ្ញា​សម្គាល់​សម្រាប់​ប្រជា​ជាតិ​ទាំង​ឡាយ ក្រៅ​ពី​[​រាស្ត្រ​របស់​លោក​]​គឺ​ពួក​អ្នក​ដែល​មាន​ឫទ្ធានុភាព​ពី​លោក​ម្ចាស់ ហើយ​ហេតុ​នេះ​បាន​ជា​ពួក​គេ​ជា​សាក្សី​របស់​លោក​»។—អេ. ៤៣:១២; ៦២:១០

ខិត្តប័ណ្ណ​«​ដំណឹង​នៃ​សេចក្ដី​សង្ឃឹម​»​ដែល​ប្រាប់​អំពី​សេចក្ដី​សម្រេច ជា​ភាសា​អង់គ្លេស។

ខិត្តប័ណ្ណ​ដំណឹង​នៃ​សេចក្ដី​សង្ឃឹម

ក្រោយ​ពី​បង​រ៉ូធើហ្វឺត​បាន​ថ្លែង​សុន្ទរកថា​ចប់ គាត់​បាន​អាន​សេចក្ដី​សម្រេច​មួយ​ដែល​មាន​ចំណង​ជើង​ថា ​«​ដំណឹង​នៃ​សេចក្ដី​សង្ឃឹម​»​(​Message of Hope​)។ អ្នក​ចូល​រួម​ទាំង​អស់​បាន​យល់​ស្រប​នឹង​ពាក្យ​ដែល​បង​រ៉ូធើហ្វឺត​បាន​អាន​ដែល​ថា រាជាណាចក្រ​របស់​ព្រះ​គឺ​ជា​សេចក្ដី​សង្ឃឹម​តែ​មួយ​គត់​ដែល​ផ្ដល់​ឲ្យ​យើង​នូវ​«​សេចក្ដី​សុខ​សាន្ត ភាព​ចម្រុង​ចម្រើន សុខភាព​ល្អ ជីវិត សេរី​ភាព និង​សុភមង្គល​ជា​រៀង​រហូត​»។ ក្រោយ​មក សេចក្ដី​សម្រេច​នេះ​បាន​ត្រូវ​បក​ប្រែ​ជា​ប៉ុន្មាន​ភាសា និង​បាន​ត្រូវ​បោះ​ពុម្ព​ដើម្បី​ប្រើ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។ រួច​បាន​ត្រូវ​ចែក​ចាយ​ប្រហែល​ជា​៤០​លាន​សន្លឹក។

ទោះ​ជា​និស្សិត​គម្ពីរ​មិន​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា​រហូត​ដល់​ច្រើន​ឆ្នាំ​ក្រោយ​មក​ក្ដី ពួក​គេ​ចាប់​ផ្ដើម​យល់​ថា ការ​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​យេហូវ៉ា​គឺ​សំខាន់​យ៉ាង​ណា​ចំពោះ​ពួក​គេ។

ការ​ត្រឡប់​ទៅ​ជួប​ពួក​អ្នក​ដែល​ចាប់​អារម្មណ៍

ដោយ​សារ​ចំនួន​និស្សិត​គម្ពីរ​បាន​កើន​ឡើង​នៅ​ទូ​ទាំង​ពិភព​លោក បង​ប្អូន​បាន​ត្រូវ​លើក​ទឹក​ចិត្ត​មិន​គ្រាន់​តែ​ឲ្យ​ចែក​ចាយ​សៀវភៅ​ផ្សេង​ៗ​ប៉ុណ្ណោះ​ទេ តែ​ក៏​ឲ្យ​ត្រឡប់​ទៅ​ជួប​ពួក​អ្នក​ដែល​ចាប់​អារម្មណ៍​ដំណឹង​ល្អ​ដែរ។ ក្រោយ​ពី​សកម្មភាព​ចែក​ចាយ​ខិត្តប័ណ្ណ​ដំណឹង​នៃ​សេចក្ដី​សង្ឃឹម ឯកសារ​ប៊ូឡើទិន​(​Bulletin​)​aបាន​លើក​ទឹក​ចិត្ត​ថា​៖ ​«​សូម​ត្រឡប់​ទៅ​ជួប​មនុស្ស​ដែល​អ្នក​បាន​ឲ្យ​ខិត្តប័ណ្ណ​ដំណឹង​នៃ​សេចក្ដី​សង្ឃឹម​»។

ឯកសារ​ប៊ូឡើទិន ខែ​មករា ឆ្នាំ​១៩២៥ ក៏​រួម​បញ្ចូល​បទ​ពិសោធន៍​របស់​និស្សិត​គម្ពីរ​ម្នាក់​ដែល​នៅ​ក្រុង​ផ្លានណូ រដ្ឋ​តិចសាស់។ គាត់​រៀប​រាប់​ថា​៖ ​«​យើង​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ដែល​ការ​ត្រឡប់​ទៅ​តំបន់​ដែល​ធ្លាប់​ផ្សព្វ​ផ្សាយ​រួច​ហើយ ច្រើន​តែ​មាន​ប្រតិកម្ម​ល្អ​ជាង​ការ​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ថ្មី។ ថ្មី​ៗ​នេះ នៅ​ភូមិ​តូច​មួយ​ដែល​យើង​ធ្លាប់​ផ្សព្វ​ផ្សាយ​អស់​៥​ដង​ក្នុង​អំឡុង​១០​ឆ្នាំ​កន្លង​ទៅ​នេះ បង​ស្រី​ហេនឌ្រិក​និង​ម្ដាយ​របស់​ខ្ញុំ​បាន​ផ្សព្វ​ផ្សាយ ហើយ​បាន​ចែក​ចាយ​សៀវភៅ​ច្រើន​ជាង​មុន​ទៅ​ទៀត​»។

រីឯ​នៅ​ប្រទេស​ប៉ាណាម៉ា​វិញ មាន​អ្នក​ត្រួស​ត្រាយ​ម្នាក់​បាន​សរសេរ​ថា​៖ ​«​មនុស្ស​ជា​ច្រើន​ដែល​បដិសេធ​ដំណឹង​ដែល​ខ្ញុំ​ផ្សាយ​នៅ​លើក​ដំបូង មាន​ប្រតិកម្ម​ផ្សេង​ពេល​ខ្ញុំ​ជួប​ពួក​គេ​ជា​លើក​ទី​២​ឬ​ទី​៣។ ឆ្នាំ​មុន ខ្ញុំ​បាន​ចំណាយ​ពេល​ភាគ​ច្រើន​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដោយ​ត្រឡប់​ទៅ​ជួប​ពួក​អ្នក​ដែល​ខ្ញុំ​បាន​ជួប​ពេល​មុន ហើយ​ខ្ញុំ​មាន​បទ​ពិសោធន៍​ល្អ​ជា​ច្រើន​ជា​មួយ​មនុស្ស​នៅ​ទី​នោះ​»។

ការ​គិត​អំពី​ថ្ងៃ​អនាគត

នៅ​ចុង​ឆ្នាំ​១៩២៥ បង​រ៉ូធើហ្វឺត​បាន​សរសេរ​សំបុត្រ​ទៅ​អ្នក​ត្រួស​ត្រាយ ហើយ​រៀប​រាប់​អំពី​អ្វី​ដែល​បាន​សម្រេច​នៅ​កិច្ច​ផ្សព្វ​ផ្សាយ​ក្នុង​អំឡុង​ឆ្នាំ​នោះ និង​អ្វី​ដែល​ពួក​គេ​គួរ​ធ្វើ​នៅ​ឆ្នាំ​បន្ទាប់។ គាត់​បាន​និយាយ​ថា​៖ ​«​នៅ​ក្នុង​អំឡុង​ឆ្នាំ​កន្លង​ទៅ​នេះ អ្នក​មាន​ឯកសិទ្ធិ​សម្រាល​ទុក្ខ​មនុស្ស​ជា​ច្រើន​ដែល​ពិបាក​ចិត្ត។ កិច្ច​ការ​នេះ​នាំ​ឲ្យ​អ្នក​មាន​អំណរ​ខ្លាំង​ក្រៃ​លែង។ នៅ​ឆ្នាំ​១៩២៦ អ្នក​នឹង​មាន​ឱកាស​ជា​ច្រើន​ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​និង​រាជាណាចក្រ​របស់​លោក ហើយ​ដំឡើង​សញ្ញា​សម្គាល់​មួយ​សម្រាប់​ប្រជា​ជាតិ​ទាំង​ឡាយ។ . . . សូម​យើង​បន្ត​បន្លឺ​សំឡេង ហើយ​ច្រៀង​សរសើរ​ព្រះ​និង​ស្ដេច​របស់​យើង​»។

នៅ​ដំណាច់​ឆ្នាំ​១៩២៥ បង​ប្អូន​បាន​រៀប​ចំ​គម្រោង​ដើម្បី​ពង្រីក​អគារ​បេតអែល​នៅ​តំបន់​ប៊្រុគ្លីន។ នៅ​ឆ្នាំ​១៩២៦ ពួក​គេ​នឹង​ចាប់​ផ្ដើម​គម្រោង​សាង​សង់​ដ៏​ធំ​បំផុត​ដែល​អង្គការ​មិន​ធ្លាប់​ធ្វើ​ពី​មុន។

ការដ្ឋាន​សាង​សង់​ដែល​មាន​បង​ប្អូន​កំពុង​សង់​អគារ​ថ្មី​មួយ។

កិច្ច​ការ​សាង​សង់​នៅ​ផ្លូវ​អាដាម តំបន់​ប៊្រុគ្លីន រដ្ឋ​ញូវយ៉ក នា​ឆ្នាំ​១៩២៦

a ឥឡូវ​ហៅ​ថា​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក កំណត់​សម្រាប់​កិច្ច​ប្រជុំ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក