បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w25 តុលា ទំ. ៦-១១
  • ព្រះ​យេហូវ៉ា​ជា​«​អំណរ​ក្រៃ​លែង​»​របស់​យើង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះ​យេហូវ៉ា​ជា​«​អំណរ​ក្រៃ​លែង​»​របស់​យើង
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ប្រភព​នៃ​អំណរ​និង​សុភមង្គល​ពិត
  • សូម​កុំ​ឲ្យ​អ្វី​ណា​ក៏​ដោយ​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​អំណរ​ឡើយ
  • អំណរជាគុណសម្បត្ដិមួយដែលមកពីព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • របៀបកាន់តែមានអំណរក្នុងកិច្ចបម្រើផ្សាយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • ចូរ​ទទួល​ស្គាល់​អ្វី​ដែល​អ្នក​មិន​ដឹង​ដោយ​ចិត្ត​រាប​ទាប
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • ការ​ឲ្យ​អ្នក​ឯ​ទៀត​នាំ​ឲ្យ​មាន​សុភមង្គល​ច្រើន​បំផុត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
w25 តុលា ទំ. ៦-១១

អត្ថបទ​សិក្សា​៤០

ចម្រៀង​លេខ​១១១ មូលហេតុ​ដែល​យើង​មាន​អំណរ

ព្រះ​យេហូវ៉ា​ជា​«​អំណរ​ក្រៃ​លែង​»​របស់​យើង

​«​ ខ្ញុំ​នឹង​ទៅ . . . ឯ​ព្រះ​ដែល​នាំ​ឲ្យ​ខ្ញុំ​មាន​អំណរ​ក្រៃ​លែង​»។—ចសព. ៤៣:៤

ចំណុច​ផ្ដោត

ជួយ​យើង​ឲ្យ​កត់​សម្គាល់​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​យើង​បាត់​បង់​អំណរ និង​របៀប​ដែល​យើង​អាច​មាន​អំណរ​ឡើង​វិញ។

១​-​២. (​ក​) តើ​មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​ប្រឈម​មុខ​នឹង​ស្ថានភាព​អ្វី​ខ្លះ? (​ខ​)​ តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​ធ្វើ​អ្វី​ផ្សេង​ៗ​ដើម្បី​សប្បាយ​រីករាយ។ ទោះ​ជា​ពួក​គេ​ខំ​ប្រឹង​យ៉ាង​ណា​ក៏​ដោយ ភាព​សប្បាយ​រីករាយ​របស់​ពួក​គេ​មិន​ស្ថិត​ស្ថេរ​ឡើយ។ មនុស្ស​ជា​ច្រើន​សោកសៅ​ជា​ខ្លាំង ហើយ​មាន​អារម្មណ៍​ថា​នឹង​មិន​មាន​អ្វី​ល្អ​កើត​ឡើង​ក្នុង​ជីវិត​របស់​ពួក​គេ​ទេ។ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ខ្លះ​ក៏​ប្រហែល​ជា​មាន​អារម្មណ៍​បែប​នេះ​ដែរ។ យើង​កំពុង​រស់​នៅ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​ ដូច្នេះ​យើង​ប្រហែល​ជា​ជួប​ការ​ពិបាក​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​តាន​តឹង​និង​ពិបាក​ចិត្ត។—២ធី. ៣:១

២ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​យើង​បាត់​បង់​អំណរ និង​របៀប​ដែល​យើង​អាច​មាន​អំណរ​ឡើង​វិញ។ ប៉ុន្តែ​ដំបូង យើង​ត្រូវ​កត់​សម្គាល់​ថា​អ្នក​ណា​ជា​ប្រភព​នៃ​អំណរ​និង​សុភមង្គល​ពិត។

ប្រភព​នៃ​អំណរ​និង​សុភមង្គល​ពិត

៣. តើ​ការ​បង្កើត​របស់​ព្រះ​យេហូវ៉ា​បង្រៀន​យើង​យ៉ាង​ណា​អំពី​លោក? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

៣ ព្រះ​យេហូវ៉ា​តែង​តែ​សប្បាយ ហើយ​លោក​ចង់​ឲ្យ​យើង​សប្បាយ​និង​មាន​អំណរ។ នេះ​គឺ​ជា​មូលហេតុ​ដែល​លោក​បាន​បង្កើត​អ្វី​ៗ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​យើង​សប្បាយ។ ជា​ឧទាហរណ៍ យើង​សប្បាយ​ពេល​យើង​ឃើញ​ភព​ផែន​ដី​ដ៏​ស្រស់​ស្អាត​របស់​យើង​ដែល​មាន​ពណ៌​ចម្រុះ​ជា​ច្រើន ឃើញ​សត្វ​ប្រលែង​គ្នា និង​ពេល​យើង​បរិភោគ​អាហារ​ដែល​យើង​ចូល​ចិត្ត។ ព្រះ​ពិត​ជា​ស្រឡាញ់​យើង ហើយ​លោក​ចង់​ឲ្យ​យើង​មាន​ជីវិត​សប្បាយ!

បណ្ដុំ​រូប​ភាព​៖ សត្វ​ផ្សេង​ៗ​ចេះ​ប្រលែង​គ្នា។ ១. កូន​ដំរី​លេង​ក្នុង​ទឹក។ ២. កូន​ភេនឃ្វីន​ដើរ​លើ​ព្រឹល។ ៣. កូន​ពពែ​លោត​លេង​លើ​វាល​ស្មៅ។ ៤. ផ្សោត​លោត​លើ​ទឹក។

កូន​ដំរី​៖ Image © Romi Gamit/Shutterstock; កូន​ភេនឃ្វីន​៖ Vladimir Seliverstov/500px via Getty Images; កូន​ពពែ​៖ Rita Kochmarjova/stock.adobe.com; ផ្សោត​ពីរ​ក្បាល​៖ georgeclerk/E+ via Getty Images

ពេល​យើង​ឃើញ​សត្វ​ប្រលែង​គ្នា យើង​នឹក​ចាំ​ថា ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ ​(​សូម​មើល​វគ្គ​៣​)​


៤. (​ក​) ហេតុ​អ្វី​ព្រះ​យេហូវ៉ា​នៅ​តែ​សប្បាយ ទោះ​ជា​លោក​ឃើញ​មនុស្ស​រង​ទុក្ខ​វេទនា​ក្ដី? (​ខ​)​ តើ​ព្រះ​យេហូវ៉ា​ឲ្យ​អំណោយ​អ្វី​ដល់​យើង? (​ចម្រៀង​សរសើរ​ព្រះ ១៦:១១​)

៤ ទោះ​ជា​ព្រះ​យេហូវ៉ា​ជា​«​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​»​ក៏​ដោយ លោក​យល់​យ៉ាង​ច្បាស់​អំពី​ការ​ឈឺ​ចាប់​និង​ទុក្ខ​វេទនា​ដែល​មនុស្ស​មាន​នៅ​ក្នុង​ពិភព​លោក​នេះ។ (​១ធី. ១:១១​) ប៉ុន្តែ លោក​មិន​បាន​ឲ្យ​អ្វី​ទាំង​នេះ​ធ្វើ​ឲ្យ​លោក​បាត់​បង់​អំណរ​ទេ។ លោក​ដឹង​ថា​ទុក្ខ​វេទនា​ទាំង​អស់​គឺ​មាន​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ដោយ​សារ​លោក​បាន​កំណត់​ពេល​សម្រាប់​ទី​បញ្ចប់​នៃ​ទុក្ខ​វេទនា​នេះ​រួច​ហើយ។ ម្យ៉ាង​ទៀត លោក​ស៊ូ​ទ្រាំ​ដោយ​ចិត្ត​អត់​ធ្មត់​រហូត​ដល់​ថ្ងៃ​ដែល​លោក​នឹង​បំបាត់​ចោល​ទុក្ខ​វេទនា និង​ការ​ឈឺ​ចាប់​ទាំង​អស់​ជា​រៀង​រហូត។ ទម្រាំ​ដល់​ពេល​នោះ ព្រះ​យេហូវ៉ា​យល់​អ្វី​ដែល​យើង​ឆ្លង​កាត់ ហើយ​លោក​ចង់​ជួយ​យើង។ តើ​តាម​របៀប​ណា​លោក​ជួយ​យើង? របៀប​មួយ​ដែល​លោក​ជួយ​យើង​គឺ​ឲ្យ​យើង​នូវ​អំណោយ​មួយ​គឺ​អំណរ។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ១៦:១១​) សូម​កត់​សម្គាល់​អំពី​របៀប​ដែល​ការ​ស្គាល់​ព្រះ​យេហូវ៉ា​បាន​នាំ​ឲ្យ​លោក​យេស៊ូ​រីករាយ។

៥​-​៦. ហេតុ​អ្វី​លោក​យេស៊ូ​មាន​អំណរ?

៥ ក្នុង​ចំណោម​ការ​បង្កើត​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា លោក​យេស៊ូ​គឺ​ជា​បុគ្គល​ដែល​មាន​សុភមង្គល​ខ្លាំង​ជាង​គេ​បំផុត។ ហេតុ​អ្វី? សូម​ពិចារណា​មូលហេតុ​ពីរ​យ៉ាង។ (​១​)​ ​«​លោក​និង​ព្រះ​ដែល​យើង​មើល​មិន​ឃើញ មាន​លក្ខណៈ​ដូច​គ្នា​ទាំង​ស្រុង​»​ ហើយ​លោក​មាន​គុណ​សម្បត្តិ​ដូច​បិតា​របស់​លោក​យ៉ាង​ល្អ​ឥត​ខ្ចោះ។ (​កូឡ. ១:១៥; ១ធី. ៦:១៥​) (​២​)​ លោក​យេស៊ូ​បាន​ចំណាយ​ពេល​ច្រើន​ជាង​គេ​ជា​មួយ​នឹង​បិតា​របស់​លោក​ដែល​ជា​ប្រភព​នៃ​សុភមង្គល។

៦ លោក​យេស៊ូ​តែង​តែ​មាន​អំណរ​ក្នុង​ការ​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​បិតា​របស់​លោក​សុំ​ឲ្យ​លោក​ធ្វើ។ (​សុភ. ៨:៣០, ៣១; យ៉ូន. ៨:២៩​) ដោយ​សារ​លោក​រក្សា​ភាព​ស្មោះ​ត្រង់ លោក​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។—ម៉ាថ. ៣:១៧

៧. តើ​តាម​របៀប​ណា​យើង​អាច​មាន​អំណរ​ពិត​ប្រាកដ?

៧ យើង​ក៏​អាច​មាន​អំណរ​ពិត​ដែរ​ដោយ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ដែល​ជា​ប្រភព​នៃ​អំណរ។ កាល​ដែល​យើង​ចំណាយ​ពេល​កាន់​តែ​ច្រើន​ដើម្បី​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​យក​តម្រាប់​លោក យើង​នឹង​កាន់​តែ​មាន​អំណរ។ យើង​ក៏​នឹង​មាន​អំណរ​ដែរ ពេល​យើង​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​សុំ​យើង​ឲ្យ​ធ្វើ និង​ពេល​យើង​ដឹង​ថា​លោក​ពេញ​ចិត្ត​យើង។a (​ចសព. ៣៣:១២​) ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​យើង​បាត់​បង់​អំណរ​ម្ដង​ម្កាល​ឬ​ជា​ញឹក​ញយ? តើ​នេះ​មាន​ន័យ​ថា​ព្រះ​មិន​ពេញ​ចិត្ត​យើង​ឬ? មិន​មែន​ទេ! យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ជួន​កាល​យើង​រង​ទុក្ខ ដោយ​សារ​ការ​ឈឺ​ចាប់ ទុក្ខ​ព្រួយ និង​ការ​ធ្លាក់​ទឹក​ចិត្ត។ ព្រះ​យេហូវ៉ា​យល់​អំពី​រឿង​នេះ។ (​ចសព. ១០៣:១៤​) ឥឡូវ សូម​ឲ្យ​យើង​ពិចារណា​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​យើង​បាត់​បង់​អំណរ និង​របៀប​ដែល​យើង​អាច​មាន​អំណរ​ឡើង​វិញ។

ចូរ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ដើម្បី​មាន​អំណរ

សូម​អធិដ្ឋាន​សុំ​ឫទ្ធានុភាព​បរិសុទ្ធ​ពី​ព្រះ​យេហូវ៉ា។ យើង​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ដើម្បី​បាន​អំណរ ដោយ​សារ​អំណរ​គឺ​ជា​គុណ​សម្បត្តិ​មួយ​នៃ​ផល​ដែល​បង្កើត​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក។ (​កាឡ. ៥:២២​) ដោយ​មាន​ជំនួយ​ពី​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា យើង​អាច​«​ស៊ូ​ទ្រាំ​នឹង​ការ​ទាំង​អស់ ដោយ​ចិត្ត​អត់​ធ្មត់​និង​មាន​អំណរ​»​ សូម្បី​តែ​ពេល​ដែល​យើង​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​ក៏​ដោយ។—កូឡ. ១:១១

សូម​ផ្ដោត​អារម្មណ៍​លើ​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ សូម​សិក្សា​បណ្ដាំ​របស់​ព្រះ​និង​សៀវភៅ​ផ្សេង​ៗ​របស់​យើង​ជា​ទៀង​ទាត់។ សូម​លៃ​ទុក​ពេល​ឲ្យ​បាន​ច្រើន​បំផុត​ដើម្បី​ផ្សព្វ​ផ្សាយ​«​ដំណឹង​ដែល​នឹង​នាំ​ឲ្យ​មនុស្ស​ទាំង​អស់​មាន​អំណរ​ខ្លាំង​ក្រៃ​លែង​»។ (​លូក. ២:១០​) ពួក​អ្នក​ដែល​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ថា​សំខាន់​បំផុត​ក្នុង​ជីវិត គឺ​ជា​អ្នក​ដែល​មាន​សុភមង្គល​បំផុត។—ចសព. ៦៥:៤

សូម​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​គ្រប់​ពេល​វេលា។ សូម​ចាំ​ថា ច្បាប់​របស់​ព្រះ​យេហូវ៉ា​គឺ​មាន​ប្រយោជន៍​សម្រាប់​អ្នក។ ការ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​មិន​មែន​មាន​ន័យ​ថា យើង​មិន​អាច​មាន​ជីវិត​សប្បាយ​ទេ។ តាម​ពិត ពេល​យើង​ស្ដាប់​បង្គាប់​លោក យើង​មាន​សុភមង្គល​ច្រើន​ជាង។—លូក. ១១:២៨

សូម​កុំ​ឲ្យ​អ្វី​ណា​ក៏​ដោយ​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​អំណរ​ឡើយ

៨. តើ​បញ្ហា​ក្នុង​ជីវិត​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង?

៨ បញ្ហា​ក្នុង​ជីវិត។ តើ​អ្នក​កំពុង​ប្រឈម​មុខ​នឹង​ការ​បៀតបៀន មហន្តរាយ​ធម្មជាតិ ភាព​ក្រី​ក្រ ជំងឺ ឬ​ភាព​ចាស់​ជរា​ឬ​ទេ? ពេល​យើង​ប្រឈម​មុខ​នឹង​បញ្ហា​បែប​នេះ យើង​ងាយ​បាត់​បង់​អំណរ ជា​ពិសេស​បើ​យើង​មិន​អាច​ធ្វើ​អ្វី​ណា​ដើម្បី​ផ្លាស់​ប្ដូរ​ស្ថានភាព​របស់​យើង។ គម្ពីរ​ចែង​ថា​៖ ​«​ចិត្ត​ក្រៀម​ក្រំ​នាំ​ឲ្យ​ព្រួយ​ចំ​បែង​»។ (​សុភ. ១៥:១៣​) អ្នក​ចាស់​ទុំ​ម្នាក់​ឈ្មោះ​បេប៊ីស​បាន​បាត់​បង់​បង​ប្រុស​របស់​គាត់​និង​ឪពុក​ម្ដាយ​ក្នុង​សេចក្ដី​ស្លាប់​នៅ​ក្នុង​អំឡុង​ពេល​បួន​ឆ្នាំ។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​ឯកោ​និង​មាន​អារម្មណ៍​ថា គ្មាន​អ្នក​ណា​អាច​ជួយ​ខ្ញុំ​បាន​ទេ។ ជួន​កាល ខ្ញុំ​ក៏​ខ្វល់​ខ្វាយ​ជា​ខ្លាំង​ដែរ ដោយ​សារ​ខ្ញុំ​ចង់​ចំណាយ​ពេល​ច្រើន​ជាង​ជា​មួយ​នឹង​ពួក​គាត់​មុន​ពួក​គាត់​ស្លាប់ តែ​ខ្ញុំ​មិន​អាច​ធ្វើ​បាន​»។ ស្រដៀង​គ្នា​ដែរ ពេល​ខ្លះ​យើង​មាន​បញ្ហា​ពិបាក​យ៉ាង​ខ្លាំង​ដែល​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង​និង​ធ្លាក់​ទឹក​ចិត្ត។

៩. តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​មាន​អំណរ​ឡើង​វិញ? (​យេរេមា ២៩:៤​-​៧, ១០​)

៩ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​មាន​អំណរ​ឡើង​វិញ? យើង​អាច​មាន​អំណរ​ឡើង​វិញ ដោយ​ទទួល​ស្គាល់​ការ​ពិត​និង​មាន​ចិត្ត​កតញ្ញូ។ យើង​អាច​មាន​អំណរ ទោះ​ជា​ស្ថានភាព​របស់​យើង​មិន​ដូច​អ្វី​ដែល​យើង​ចង់​បាន​ក៏​ដោយ។ នេះ​គឺ​ផ្ទុយ​ពី​អ្វី​ដែល​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ពិភព​លោក​នេះ​គិត។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​ប្រាប់​ជនជាតិ​យូដា​ដែល​បាន​ត្រូវ​និរទេស​ទៅ​បាប៊ីឡូន ឲ្យ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​ពួក​គេ​សប្បាយ​នៅ​ទី​នោះ។ (​សូម​អាន យេរេមា ២៩:៤​-​៧, ១០​) តើ​យើង​រៀន​អ្វី​ពី​កំណត់​ហេតុ​នេះ? សូម​ព្យាយាម​ទទួល​យក​ស្ថានភាព​របស់​អ្នក ហើយ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​អ្វី​ល្អ​ៗ​ដែល​អ្នក​មាន​ក្នុង​ជីវិត។ សូម​ចាំ​ថា ព្រះ​យេហូវ៉ា​នឹង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ ហើយ​លោក​នឹង​ជួយ​អ្នក។ (​ចសព. ៦៣:៧; ១៤៦:៥​) បង​ស្រី​អេហ្វី​ដែល​បាន​ជួប​គ្រោះ​ថ្នាក់​ដែល​ធ្វើ​ឲ្យ​គាត់​ពិការ​និយាយ​ថា​៖ ​«​ខ្ញុំ​ទទួល​ជំនួយ​និង​ការ​គាំទ្រ​ជា​ច្រើន​ពី​ព្រះ​យេហូវ៉ា ក្រុម​គ្រួសារ​របស់​ខ្ញុំ និង​ពី​ក្រុម​ជំនុំ។ ដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា បើ​ខ្ញុំ​ឈប់​ព្យាយាម នោះ​ខ្ញុំ​មិន​មាន​ចិត្ត​ដឹង​គុណ​ចំពោះ​អ្វី​ទាំង​នោះ​ទេ។ ខ្ញុំ​ចង់​បង្ហាញ​អំណរ​គុណ​ចំពោះ​ព្រះ​យេហូវ៉ា និង​បង​ប្អូន​ដែល​បាន​ផ្ដល់​ជំនួយ​ជា​ច្រើន​ដល់​ខ្ញុំ​»។

១០. ហេតុ​អ្វី​យើង​នៅ​តែ​អាច​មាន​អំណរ​ពេល​យើង​មាន​បញ្ហា?

១០ ទោះ​ជា​ពេល​ដែល​យើង​មាន​បញ្ហា ឬ​ពេល​ដែល​អ្វី​អាក្រក់​កើត​ឡើង​ចំពោះ​យើង​ឬ​ចំពោះ​ក្រុម​គ្រួសារ​របស់​យើង​ក៏​ដោយ យើង​នៅ​តែ​អាច​មាន​អំណរ​បាន។b (​ចសព. ១២៦:៥​) ហេតុ​អ្វី? ពីព្រោះ​អំណរ​របស់​យើង​មិន​អាស្រ័យ​ទៅ​លើ​ស្ថានភាព​របស់​យើង​ទេ។ បង​ស្រី​ម៉ារៀ​ដែល​ជា​អ្នក​ត្រួស​ត្រាយ​និយាយ​ថា​៖ ​«​ពេល​យើង​ប្រឈម​មុខ​នឹង​បញ្ហា ការ​រក្សា​អំណរ​មិន​មែន​មាន​ន័យ​ថា យើង​លាក់​អារម្មណ៍​ទេ។ ផ្ទុយ​ទៅ​វិញ នេះ​មាន​ន័យ​ថា​យើង​មិន​ភ្លេច​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា។ បិតា​របស់​យើង​នឹង​ជួយ​យើង​ឲ្យ​ការ​ពារ​អំណរ​របស់​យើង​»។ សូម​ចាំ​ថា មិន​ថា​ជីវិត​របស់​យើង​ពិបាក​យ៉ាង​ណា​នៅ​ឥឡូវ​នេះ​ក្ដី ការ​ពិបាក​ទាំង​នោះ​គឺ​មាន​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។ គឺ​ហាក់​ដូច​ជា​ដាន​ជើង​នៅ​លើ​ខ្សាច់។ នៅ​ថ្ងៃ​ដែល​មាន​ខ្យល់​បក់​យ៉ាង​ខ្លាំង ស្នាម​ដាន​ជើង​ទាំង​នោះ​នឹង​រលុប​បាត់​ទៅ​យ៉ាង​លឿន។ ស្រដៀង​គ្នា​ដែរ មិន​យូរ​ទៀត ព្រះ​យេហូវ៉ា​នឹង​បំបាត់​ចោល​អ្វី​ៗ​ទាំង​អស់​ដែល​នាំ​ឲ្យ​យើង​រង​ទុក្ខ​វេទនា​និង​ពិបាក​ចិត្ត។

១១. តើ​គំរូ​របស់​សាវ័ក​ប៉ូល​លើក​ទឹក​ចិត្ត​អ្នក​យ៉ាង​ដូច​ម្ដេច?

១១ ចុះ​យ៉ាង​ណា បើ​យើង​ចាប់​ផ្ដើម​សង្ស័យ​ថា មូលហេតុ​ដែល​យើង​ជួប​បញ្ហា​គឺ​មក​ពី​ព្រះ​យេហូវ៉ា​លែង​ពេញ​ចិត្ត​យើង? បើ​យើង​មាន​អារម្មណ៍​បែប​នេះ យើង​អាច​គិត​អំពី​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ផ្សេង​ទៀត​របស់​ព្រះ​យេហូវ៉ា ដែល​ប្រឈម​មុខ​នឹង​ស្ថានភាព​ដ៏​លំបាក។ សូម​គិត​អំពី​គំរូ​របស់​សាវ័ក​ប៉ូល។ លោក​យេស៊ូ​បាន​ជ្រើស​រើស​គាត់​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​«​នៅ​មុខ​ប្រជា​ជាតិ​នានា ព្រម​ទាំង​នៅ​មុខ​ស្ដេច​ផ្សេង​ៗ និង​ពួក​កូន​អ៊ីស្រាអែល​»។ (​សកម្ម. ៩:១៥​) លោក​យេស៊ូ​បាន​ឲ្យ​កិច្ច​ការ​ដ៏​សំខាន់​ដល់​ប៉ូល! ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ប៉ូល​មិន​មែន​គ្មាន​បញ្ហា​នៅ​ក្នុង​ជីវិត​ទេ។ (​២កូ. ១១:២៣​-​២៧​) តើ​ការ​ដែល​ប៉ូល​មាន​បញ្ហា​ឥត​ឈប់​ឈរ​មាន​ន័យ​ថា គាត់​លែង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា​ឬ? មិន​មែន​ទេ! ផ្ទុយ​ទៅ​វិញ ការ​ស៊ូ​ទ្រាំ​របស់​គាត់​បង្ហាញ​ថា ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​ដល់​គាត់។ (​រ៉ូម ៥:៣​-​៥​) ឥឡូវ សូម​គិត​អំពី​ស្ថានភាព​របស់​អ្នក​វិញ។ អ្នក​កំពុង​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ​ត្រង់ ទោះ​ជា​អ្នក​ជួប​បញ្ហា​ណា​ក៏​ដោយ។ ដូច្នេះ អ្នក​ក៏​អាច​ប្រាកដ​ថា ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​អ្នក​ដែរ។

១២. តើ​អ្វី​ដែល​មិន​កើត​ឡើង​ដូច​សង្ឃឹម​អាច​ធ្វើ​ឲ្យ​យើង​បាត់​បង់​អំណរ​យ៉ាង​ដូច​ម្ដេច?

១២ អ្វី​ដែល​មិន​កើត​ឡើង​ដូច​សង្ឃឹម។ (​សុភ. ១៣:១២​) សេចក្ដី​ស្រឡាញ់​និង​ចិត្ត​កតញ្ញូ​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា ជំរុញ​ចិត្ត​យើង​ឲ្យ​កំណត់​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​លោក។ ប៉ុន្តែ បើ​យើង​កំណត់​គោល​ដៅ​ដែល​មិន​សម​ស្រប​នឹង​កាលៈទេសៈ​របស់​យើង យើង​អាច​ធ្លាក់​ទឹក​ចិត្ត។ (​សុភ. ១៧:២២​) បង​ស្រី​ហាលី​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ម្នាក់​និយាយ​ថា​៖ ​«​ខ្ញុំ​ចង់​ចូល​សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ បម្រើ​នៅ​ក្រៅ​ប្រទេស ឬ​ចូល​រួម​ក្នុង​គម្រោង​សាង​សង់​នៅ​រ៉ាម៉ាផូ។ ប៉ុន្តែ ស្ថានភាព​របស់​ខ្ញុំ​បាន​ផ្លាស់​ប្ដូរ ហើយ​ខ្ញុំ​មិន​អាច​សម្រេច​គោល​ដៅ​ទាំង​នោះ​បាន​ទេ។ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ចិត្ត​ខ្លាំង​ណាស់។ ពេល​ចង់​ធ្វើ​អ្វី​ផ្សេង​ៗ តែ​ធ្វើ​មិន​បាន គឺ​ពិបាក​ណាស់​»។ អ្នក​បម្រើ​ជា​ច្រើន​របស់​ព្រះ​យេហូវ៉ា​ក៏​មាន​អារម្មណ៍​បែប​នេះ​ដែរ។

១៣. បើ​កាលៈទេសៈ​របស់​យើង​មិន​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​អ្វី​ទាំង​អស់​ដែល​យើង​ចង់​ធ្វើ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា តើ​យើង​អាច​កំណត់​គោល​ដៅ​អ្វី?

១៣ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​មាន​អំណរ​ឡើង​វិញ? សូម​ចាំ​ថា ព្រះ​យេហូវ៉ា​មិន​សុំ​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​ហួស​ពី​សមត្ថភាព​របស់​យើង​ទេ ហើយ​លោក​ឲ្យ​តម្លៃ​យើង​មិន​អាស្រ័យ​លើ​អ្វី​ដែល​យើង​អាច​សម្រេច​ក្នុង​កិច្ច​បម្រើ​របស់​លោក​ឡើយ។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​មាន​ចិត្ត​សុភាព​និង​ស្មោះ​ត្រង់។ (​មីកា ៦:៨; ១កូ. ៤:២​) លោក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គំនិត អារម្មណ៍ និង​គុណ​សម្បត្តិ​របស់​យើង​ជាង​អ្វី​ដែល​យើង​សម្រេច​ក្នុង​កិច្ច​ការ​លោក​ទៅ​ទៀត។ ដូច្នេះ តើ​យើង​គួរ​រំពឹង​ពី​ខ្លួន​ច្រើន​ជាង​អ្វី​ដែល​ព្រះ​យេហូវ៉ា​រំពឹង​ពី​យើង​ឬ​ទេ?c មិន​មែន​ទេ! យ៉ាង​នេះ បើ​កាលៈទេសៈ​របស់​អ្នក​មិន​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​អ្វី​ទាំង​អស់​ដែល​អ្នក​ចង់​ធ្វើ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា សូម​ព្យាយាម​ផ្ដោត​អារម្មណ៍​លើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន។ ជា​ឧទាហរណ៍ តើ​អ្នក​អាច​ជួយ​បង្ហាត់​បង្រៀន​ប្អូន​ៗ​វ័យ​ក្មេង​ណា​ម្នាក់ ឬ​ជួយ​លើក​ទឹក​ចិត្ត​បង​ប្អូន​វ័យ​ចាស់​ឬ​ទេ? តើ​អ្នក​អាច​កំណត់​គោល​ដៅ​លើក​ទឹក​ចិត្ត​អ្នក​ណា​ម្នាក់​ដោយ​ផ្ទាល់ តាម​ទូរស័ព្ទ ឬ​តាម​រយៈ​ការ​ផ្ញើ​សារ​ឬ​ទេ? ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ពេល​អ្នក​ធ្វើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ហើយ​លោក​នឹង​ឲ្យ​រង្វាន់​អ្នក​ដោយ​ជួយ​អ្នក​ឲ្យ​មាន​អំណរ! ម្យ៉ាង​ទៀត សូម​ចាំ​ថា នៅ​ក្នុង​ពិភព​លោក​ថ្មី យើង​នឹង​បម្រើ​ព្រះ​យេហូវ៉ា​តាម​របៀប​ដ៏​អស្ចារ្យ​ជា​ច្រើន! នេះ​ជា​អ្វី​ដែល​បាន​លើក​ទឹក​ចិត្ត​បង​ហាលី។ គាត់​និយាយ​ថា​៖ ​«​បើ​ខ្ញុំ​ចាប់​ផ្ដើម​ធ្លាក់​ទឹក​ចិត្ត ខ្ញុំ​ផ្អាក​បន្តិច ហើយ​នឹក​ចាំ​ថា ខ្ញុំ​នឹង​រស់​ជា​រៀង​រហូត។ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ខ្ញុំ​អាច​សម្រេច​គោល​ដៅ​ខ្លះ​របស់​ខ្ញុំ​ក្នុង​ពិភព​លោក​ថ្មី​»។

១៤. តើ​អ្វី​ផ្សេង​ទៀត​អាច​ធ្វើ​ឲ្យ​យើង​បាត់​បង់​អំណរ?

១៤ ការ​ចេះ​តែ​បំពេញ​ចំណង់​ចំណូល​ចិត្ត​ខ្លួន។ មនុស្ស​ខ្លះ​ប្រើ​បណ្ដាញ​សង្គម​ដើម្បី​លើក​ស្ទួយ​គំនិត​ដែល​ថា សុភមង្គល​ពិត​និង​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ​គឺ​មក​ពី​ការ​ធ្វើ​ឲ្យ​ខ្លួន​សប្បាយ។ យើង​ប្រហែល​ជា​ចាប់​ផ្ដើម​ជឿ​ថា បើ​យើង​ធ្វើ​អ្វី​ដែល​យើង​ចូល​ចិត្ត ទិញ​អ្វី​ដែល​យើង​ចង់​បាន ហើយ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេង​ៗ នោះ​យើង​នឹង​មាន​សុភមង្គល​ពិត។ ពិត​មែន​ថា គឺ​មិន​ខុស​ទេ​ឲ្យ​យើង​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​យើង​សប្បាយ។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​សប្បាយ​នឹង​អ្វី​ដ៏​ស្រស់​ស្អាត​ដែល​លោក​បាន​បង្កើត​សម្រាប់​យើង។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​ដែល​ធ្វើ​អ្វី​ផ្សេង​ៗ​ដើម្បី​បំពេញ​ចិត្ត​ខ្លួន ក្រោយ​មក​ទទួល​ស្គាល់​ថា អ្វី​ទាំង​នោះ​មិន​បាន​ធ្វើ​ឲ្យ​ពួក​គេ​សប្បាយ​ចិត្ត​ទេ។ បង​ស្រី​អ៊ីវឺ​ដែល​ជា​អ្នក​ត្រួស​ត្រាយ​និយាយ​ថា​៖ ​«​ពេល​យើង​ចេះ​តែ​គិត​អំពី​ការ​បំពេញ​ចិត្ត​ខ្លួន​ឯង នោះ​យើង​មិន​អាច​ស្កប់​ចិត្ត​បាន​ឡើយ​»។ ការ​ចេះ​តែ​បំពេញ​ចំណង់​ចំណូល​ចិត្ត​ខ្លួន​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ចិត្ត​និង​ខក​ចិត្ត។

១៥. តើ​យើង​អាច​រៀន​អ្វី​ពី​ស្ដេច​សាឡូម៉ូន?

១៥ យើង​អាច​រៀន​ពី​បទ​ពិសោធន៍​របស់​ស្ដេច​សាឡូម៉ូន ស្ដី​អំពី​លទ្ធផល​មិន​ល្អ​ដែល​មក​ពី​ការ​ចេះ​តែ​បំពេញ​ចំណង់​ចំណូល​ចិត្ត​ខ្លួន។ គាត់​ព្យាយាម​ស្វែង​រក​សុភមង្គល​ដោយ​បំពេញ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន ដូច​ជា​បរិភោគ​អាហារ​ឆ្ងាញ់​ៗ ស្ដាប់​តន្ត្រី​ពីរោះ​ៗ និង​អ្វី​ល្អ​ផ្សេង​ទៀត​ដែល​លុយ​អាច​ទិញ​បាន​នៅ​សម័យ​របស់​គាត់។ ប៉ុន្តែ អ្វី​ទាំង​នោះ​មិន​ធ្វើ​ឲ្យ​គាត់​ស្កប់​ចិត្ត​ឡើយ។ គាត់​បាន​និយាយ​ថា​៖ ​«​ទោះ​ជា​ភ្នែក​មើល​ឃើញ ត្រចៀក​ស្ដាប់​ឮ​ក៏​ដោយ​ក៏​មិន​ស្កប់​ចិត្ត​ដែរ​»។ (​អទ. ១:៨; ២:១​-​១១​) មនុស្ស​ខ្លះ​គិត​ថា បើ​ពួក​គេ​មាន​លុយ ហើយ​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​ពួក​គេ​ចូល​ចិត្ត នោះ​ពួក​គេ​នឹង​សប្បាយ។ ប៉ុន្តែ នេះ​គឺ​មិន​ពិត​ទេ។ អ្វី​ទាំង​នោះ​មិន​ដែល​ធ្វើ​ឲ្យ​យើង​មាន​សុភមង្គល​ពិត​ឡើយ។

១៦. តើ​ការ​ឲ្យ​គេ​អាច​ជួយ​យើង​ឲ្យ​មាន​អំណរ​ឡើង​វិញ​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៦ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​មាន​អំណរ​ឡើង​វិញ? លោក​យេស៊ូ​បាន​បង្រៀន​យើង​ថា​៖ ​«​ការ​ឲ្យ​គេ នោះ​មាន​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។ (​សកម្ម. ២០:៣៥​) អ្នក​ចាស់​ទុំ​ម្នាក់​ឈ្មោះ​អាឡេខូស​និយាយ​ថា​៖ ​«​ខ្ញុំ​ផ្ដោត​អារម្មណ៍​ធ្វើ​អ្វី​តិច​តួច​សម្រាប់​អ្នក​ឯ​ទៀត។ ពេល​ខ្ញុំ​ជួយ​អ្នក​ឯ​ទៀត ខ្ញុំ​មិន​គិត​អំពី​អ្វី​ដែល​ខ្ញុំ​ចង់​បាន​ទេ ហើយ​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​»។ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​អ្នក​ឯ​ទៀត? បើ​អ្នក​ឃើញ​អ្នក​ណា​ម្នាក់​ធ្លាក់​ទឹក​ចិត្ត សូម​ព្យាយាម​លើក​ទឹក​ចិត្ត​គាត់។ អ្នក​ប្រហែល​ជា​មិន​អាច​ដោះ​ស្រាយ​បញ្ហា​របស់​គាត់​ទេ តែ​អ្នក​អាច​សម្រាល​ទុក្ខ​គាត់​ដោយ​ស្ដាប់​គាត់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ បង្ហាញ​ចិត្ត​អាណិត​អាសូរ និង​រំលឹក​គាត់​ឲ្យ​ផ្ទេរ​បន្ទុក​របស់​គាត់​ទៅ​ព្រះ​យេហូវ៉ា។ (​ចសព. ៥៥:២២; ៦៨:១៩​) អ្នក​ក៏​អាច​ពង្រឹង​ទំនុក​ចិត្ត​គាត់​ថា ព្រះ​យេហូវ៉ា​មិន​បោះ​បង់​ចោល​គាត់​ឡើយ។ (​ចសព. ៣៧:២៨; អេ. ៥៩:១​) អ្នក​ថែម​ទាំង​អាច​ប្រព្រឹត្ត​ដោយ​សប្បុរស​ចំពោះ​គាត់​ដែរ។ ជា​ឧទាហរណ៍ អ្នក​អាច​ធ្វើ​ម្ហូប​សម្រាប់​គាត់ ដើរ​ហាត់​ប្រាណ​ជា​មួយ​គាត់ ឬ​ផ្សព្វ​ផ្សាយ​ជា​មួយ​គាត់។ ការ​ផ្សព្វ​ផ្សាយ​ជា​មួយ​អ្នក​ឯ​ទៀត​តែង​តែ​ធ្វើ​ឲ្យ​យើង​សប្បាយ​ជាង។ សូម​ឲ្យ​ព្រះ​យេហូវ៉ា​ប្រើ​អ្នក​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត។ ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្នក​ឯ​ទៀត ជា​ជាង​ផ្ដោត​អារម្មណ៍​មក​លើ​ខ្លួន​ឯង នឹង​ជួយ​យើង​ឲ្យ​មាន​អំណរ​ពិត​ប្រាកដ!—សុភ. ១១:២៥

បណ្ដុំ​រូប​ភាព​៖ ១. បង​ស្រី​ម្នាក់​អង្គុយ​ម្នាក់​ឯង​ក្នុង​ហាង​កាហ្វេ ហើយ​មើល​ទូរស័ព្ទ។ មាន​ថង់​ក្រដាស​ជា​ច្រើន​នៅ​ក្បែរ​គាត់។ ២. គាត់​សប្បាយ​ទៅ​លេង​ផ្ទះ​បង​ស្រី​វ័យ​ចាស់​ម្នាក់ ហើយ​ឲ្យ​ផ្កា​មួយ​បាច់។

ជា​ជាង​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​អ្នក​ចង់​បាន សូម​ផ្ដោត​អារម្មណ៍​លើ​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ឯ​ទៀត ​(​សូម​មើល​វគ្គ​១៦​)​d


១៧. បើ​យើង​ចង់​បាន​សុភមង្គល​ពិត តើ​យើង​ត្រូវ​ធ្វើ​អ្វី? (​ចម្រៀង​សរសើរ​ព្រះ ៤៣:៤​)

១៧ យើង​អាច​មាន​អំណរ​ពិត​ប្រាកដ បើ​យើង​បន្ត​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​ស្ថាន​សួគ៌​របស់​យើង។ គម្ពីរ​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ដែល​នាំ​ឲ្យ​យើង​មាន​«​អំណរ​ក្រៃ​លែង​»។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ៤៣:៤​) ដូច្នេះ មិន​ថា​យើង​ជួប​បញ្ហា​ណា​ក៏​ដោយ​នៅ​ក្នុង​ជីវិត យើង​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ឬ​ភ័យ​ខ្លាច​ឡើយ។ សូម​ឲ្យ​យើង​បន្ដ​ផ្ដោត​អារម្មណ៍​លើ​ព្រះ​យេហូវ៉ា ដែល​ជា​ប្រភព​នៃ​អំណរ​របស់​យើង​ជា​រៀង​រហូត!—ចសព. ១៤៤:១៥

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • ហេតុ​អ្វី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​មាន​សេចក្ដី​សប្បាយ?

  • តើ​អ្វី​អាច​ធ្វើ​ឲ្យ​យើង​បាត់​បង់​អំណរ?

  • តើ​តាម​របៀប​ណា​យើង​អាច​មាន​អំណរ​ឡើង​វិញ?

ចម្រៀង​លេខ​១៥៥ អំណរ​មិន​ចេះ​អាក់​ខាន

a សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ចូរ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ដើម្បី​មាន​អំណរ​»។

b ជា​ឧទាហរណ៍ សូម​មើល​ការ​សម្ភាសន៍​របស់​បង​ដេននីស គ្រិស្តេនសិន និង​បង​អ៊ីរីណា គ្រិស្តេនសិន​ក្នុង​ឆ្នាំ​២០២៣ របាយការណ៍​ថ្មី​ទី​៥​ពី​គណៈ​អភិបាល។

c ដើម្បី​បាន​ព័ត៌មាន​បន្ថែម សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​ចូរ​មាន​ភាព​សម​ហេតុ​សម​ផល​ដូច​ព្រះ​យេហូវ៉ា​»​ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​កក្កដា ឆ្នាំ​២០២៣ វគ្គ​៨​-​១២។

d ការ​ពណ៌នា​អំពី​រូប​ភាព​៖ បង​ស្រី​ម្នាក់​ទិញ​អីវ៉ាន់​ជា​ច្រើន​សម្រាប់​ខ្លួន តែ​គាត់​មាន​សុភមង្គល​ច្រើន​ជាង​ពេល​គាត់​ទិញ​ផ្កា​មួយ​បាច់​សម្រាប់​បង​ស្រី​វ័យ​ចាស់​ម្នាក់​ដែល​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក