អត្ថបទសិក្សា៤៥
ចម្រៀងលេខ១១១ មូលហេតុដែលយើងមានអំណរ
ចូររក្សាអំណរពេលថែទាំអ្នកឯទៀត
« អ្នកណាដែលសាបព្រោះទាំងទឹកភ្នែក អ្នកនោះនឹងច្រូតប្រមូលផលទាំងស្រែកអរសប្បាយ»។—ចសព. ១២៦:៥
ចំណុចផ្ដោត
ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីយោបល់ខ្លះដែលអាចជួយអ្នកឲ្យរក្សាអំណរ ពេលថែទាំមិត្តភក្តិឬសមាជិកក្រុមគ្រួសារដែលឈឺឬដែលមានវ័យចាស់។
១-២. តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះបុគ្គលដែលថែទាំអ្នកឯទៀត? (សុភាសិត ១៩:១៧) (សូមមើលរូបភាពផងដែរ)
បងប្រុសម្នាក់ពីប្រទេសកូរ៉េឈ្មោះជីនយ៉ាល់និយាយថា៖ «ខ្ញុំនិងប្រពន្ធរបស់ខ្ញុំបានរៀបការជាង៣២ឆ្នាំហើយ។ អស់ប្រាំឆ្នាំកន្លងទៅនេះ ខ្ញុំបានមើលថែទាំគាត់។ គាត់មានជំងឺដែលបង្ខូចប្រព័ន្ធសរសៃប្រសាទ(Parkinson’s disease) ហើយពិបាកធ្វើចលនា។ ខ្ញុំស្រឡាញ់និងឲ្យតម្លៃប្រពន្ធរបស់ខ្ញុំ ហើយខ្ញុំសប្បាយក្នុងការថែទាំគាត់។ រៀងរាល់យប់ គាត់គេងនៅលើគ្រែពេទ្យនៅក្នុងផ្ទះរបស់យើង។ ខ្ញុំគេងនៅក្បែរគាត់ ហើយយើងកាន់តែគ្នាកាលដែលយើងកំពុងគេង»។
២ តើអ្នកកំពុងថែទាំបុគ្គលជាទីស្រឡាញ់ដូចជាឪពុកម្ដាយ គូអាពាហ៍ពិពាហ៍ កូន ឬមិត្តភក្តិឬទេ? បើដូច្នេះ អ្នកច្បាស់ជាសប្បាយជួយគាត់ដោយសារអ្នកស្រឡាញ់គាត់។ ម្យ៉ាងទៀត ដោយថែទាំបុគ្គលជាទីស្រឡាញ់របស់អ្នក អ្នកបង្ហាញថាអ្នកមានភក្ដីភាពចំពោះព្រះយេហូវ៉ា។ (១ធី. ៥:៤, ៨; យ៉ា. ១:២៧) ប៉ុន្តែ អ្នកជួបការពិបាកដែលអ្នកឯទៀតច្រើនតែមិនកត់សម្គាល់។ ជួនកាល អ្នកប្រហែលជាថែមទាំងមានអារម្មណ៍ថា មានតែអ្នកប៉ុណ្ណោះដែលកំពុងរងទុក្ខ។ អ្នកប្រហែលជាញញឹមពេលនៅមុខអ្នកឯទៀត ប៉ុន្តែពេលដែលអ្នកនៅតែឯង អ្នកមិនអាចទប់ទឹកភ្នែកបានទេ។ (ចសព. ៦:៦) ទោះជាអ្នកឯទៀតមិនដឹងអំពីការពិបាករបស់អ្នកក៏ដោយ សូមចាំថាព្រះយេហូវ៉ាតែងតែដឹង។ (សូមពិនិត្យបន្ថែម ដំណើរចាកចេញ ៣:៧) ទឹកភ្នែកនិងការលះបង់របស់អ្នកគឺមានតម្លៃណាស់ចំពោះលោក។ (ចសព. ៥៦:៨; ១២៦:៥) លោកកត់សម្គាល់អ្វីទាំងអស់ដែលអ្នកធ្វើដើម្បីជួយបុគ្គលជាទីស្រឡាញ់របស់អ្នក។ ព្រះយេហូវ៉ាមានប្រសាសន៍ថា ពេលអ្នកថែទាំបុគ្គលជាទីស្រឡាញ់ គឺហាក់ដូចជាអ្នកឲ្យព្រះយេហូវ៉ាខ្ចី ហើយលោកសន្យាថានឹងឲ្យរង្វាន់អ្នកចំពោះអ្វីទាំងអស់ដែលអ្នកធ្វើ។—សូមអាន សុភាសិត ១៩:១៧
តើអ្នកកំពុងមើលថែបុគ្គលជាទីស្រឡាញ់របស់អ្នកឬទេ? (សូមមើលវគ្គ២)
៣. តើអាប្រាហាំនិងសារ៉ាប្រហែលជាមានការពិបាកអ្វីខ្លះពេលមើលថែថេរ៉ា?
៣ គម្ពីរមានកំណត់ហេតុជាច្រើនអំពីបុរសនិងស្ត្រីដែលថែទាំអ្នកឯទៀត។ សូមគិតអំពីគំរូរបស់អាប្រាហាំនិងសារ៉ា។ ពេលពួកគាត់ចាកចេញពីក្រុងអឺ ថេរ៉ាដែលជាឪពុករបស់ពួកគាត់មានអាយុប្រហែលជា២០០ឆ្នាំ។ ប៉ុន្តែ ថេរ៉ាបានទៅជាមួយនឹងពួកគាត់។ ពួកគាត់ធ្វើដំណើរប្រហែលជា៩៦០គីឡូម៉ែត្រទៅក្រុងហារ៉ាន។ (ដក. ១១:៣១, ៣២) អាប្រាហាំនិងសារ៉ាច្បាស់ជាស្រឡាញ់ថេរ៉ា។ ប៉ុន្តែ សូមស្រមៃថាការថែទាំថេរ៉ាគឺពិបាកយ៉ាងណា ជាពិសេសពេលកំពុងធ្វើដំណើរ។ ពួកគាត់ទំនងជាធ្វើដំណើរដោយជិះសត្វអូដ្ឋឬសត្វលា ហើយនោះប្រហែលជាពិបាកយ៉ាងខ្លាំងចំពោះថេរ៉ាដែលមានវ័យចាស់។ ជួនកាល អាប្រាហាំនិងសារ៉ាទំនងជាអស់កម្លាំងជាខ្លាំង។ ទោះជាយ៉ាងនោះក៏ដោយ ព្រះយេហូវ៉ាប្រាកដជាផ្ដល់កម្លាំងដែលពួកគាត់ត្រូវការ។ ដូចព្រះយេហូវ៉ាជួយអាប្រាហាំនិងសារ៉ា លោកក៏នឹងជួយអ្នក ហើយពង្រឹងកម្លាំងអ្នកដែរ។—ចសព. ៥៥:២២
៤. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
៤ អំណរអាចជួយអ្នកឲ្យស៊ូទ្រាំពេលថែទាំអ្នកឯទៀត។ (សុភ. ១៥:១៣) បុគ្គលដែលមានអំណរអាចរក្សាចិត្តសប្បាយ ទោះជាគាត់ស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ។ (យ៉ា. ១:២, ៣) តើតាមរបៀបណាអ្នកអាចបណ្ដុះឲ្យមានអំណរបែបនេះ? របៀបមួយគឺដោយពឹងផ្អែកទៅលើព្រះយេហូវ៉ាក្នុងសេចក្ដីអធិដ្ឋាន ហើយសុំលោកជួយអ្នកឲ្យបន្តមានទស្សនៈត្រឹមត្រូវ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីអ្វីផ្សេងទៀតដែលពួកអ្នកថែទាំអ្នកឯទៀតអាចធ្វើដើម្បីរក្សាអំណរ។ យើងក៏នឹងពិចារណាដែរអំពីរបៀបដែលអ្នកឯទៀតអាចជួយពួកគេ។ ដំបូង សូមយើងពិចារណាអំពីមូលហេតុដែលអ្នកថែទាំអ្នកឯទៀតត្រូវរក្សាអំណររបស់ពួកគេ និងការពិបាកដែលអាចធ្វើឲ្យពួកគេបាត់បង់អំណរ។
តើការថែទាំអ្នកឯទៀតអាចប៉ះពាល់យ៉ាងណាដល់អំណររបស់អ្នក?
៥. ហេតុអ្វីអ្នកថែទាំអ្នកឯទៀតត្រូវរក្សាអំណរ?
៥ បើពួកអ្នកថែទាំអ្នកឯទៀតបាត់បង់អំណរ ពួកគេអាចងាយអស់កម្លាំង។ (សុភ. ២៤:១០) ម្យ៉ាងទៀត ពេលពួកគេអស់កម្លាំង ពួកគេប្រហែលជាមិនសូវប្រព្រឹត្តដោយសប្បុរសដូចដែលចិត្តពួកគេចង់នោះទេ។ តើការពិបាកអ្វីខ្លះអាចធ្វើឲ្យអ្នកថែទាំអ្នកឯទៀតបាត់បង់អំណរ?
៦. ហេតុអ្វីអ្នកថែទាំអ្នកឯទៀតខ្លះបាក់កម្លាំង?
៦ អ្នកថែទាំអ្នកឯទៀតប្រហែលជាបាក់កម្លាំង។ បងស្រីម្នាក់ឈ្មោះលីយ៉ានិយាយថា៖ «សូម្បីតែអ្វីៗទាំងអស់ដំណើរការយ៉ាងរលូនក៏ដោយ នៅចុងថ្ងៃនីមួយៗខ្ញុំច្រើនតែតានតឹងចិត្ត ហើយអស់កម្លាំងខ្លាំង។ ជួនកាល ខ្ញុំថែមទាំងមិនមានកម្លាំងចិត្តដើម្បីតបសារទៀតផង»។ បុគ្គលឯទៀតប្រហែលជាពិបាកគេងគ្រប់គ្រាន់ឬគ្មានពេលសម្រាកលម្ហែកាយ ទោះជាពួកគេត្រូវការនោះយ៉ាងខ្លាំងក្ដី។ បងស្រីម្នាក់ឈ្មោះអ៊ីណេសនិយាយថា៖ «ខ្ញុំគេងអត់បានគ្រប់គ្រាន់។ នៅពេលយប់ ខ្ញុំច្រើនតែភ្ញាក់រាល់ពីរម៉ោងម្ដងដើម្បីថែទាំម្ដាយក្មេករបស់ខ្ញុំ។ ខ្ញុំនិងប្ដីរបស់ខ្ញុំខានទៅដើរលេងអស់ជាច្រើនឆ្នាំហើយ»។ អ្នកថែទាំខ្លះ មិនអាចចំណាយពេលជាមួយបងប្អូន ឬធ្វើអ្វីផ្សេងៗក្នុងកិច្ចបម្រើព្រះយេហូវ៉ា ដោយសារពួកគេត្រូវមើលថែបុគ្គលជាទីស្រឡាញ់របស់ពួកគេគ្រប់ពេលវេលា។ ជាលទ្ធផល ពួកគេប្រហែលជាមានអារម្មណ៍ឯកោ ហើយមិនអាចធ្វើអ្វីទាំងអស់ដែលពួកគេចង់ធ្វើនោះទេ។
៧. ហេតុអ្វីអ្នកថែទាំខ្លះមានអារម្មណ៍បន្ទោសខ្លួនឬកើតទុក្ខជាខ្លាំង?
៧ អ្នកថែទាំខ្លះប្រហែលជាមានអារម្មណ៍បន្ទោសខ្លួនឬកើតទុក្ខជាខ្លាំង។ បងស្រីម្នាក់ឈ្មោះជេស៊ីកានិយាយថា៖ «ខ្ញុំច្រើនតែមានអារម្មណ៍ថា ខ្ញុំគួរធ្វើច្រើនជាងដើម្បីជួយប៉ារបស់ខ្ញុំ។ ពេលដែលខ្ញុំសម្រាក ខ្ញុំតែងតែបន្ទោសខ្លួន»។ អ្នកថែទាំខ្លះមានអារម្មណ៍បន្ទោសខ្លួន ដោយសារជួនកាលពួកគេខឹងនឹងស្ថានភាពរបស់ពួកគេ។ អ្នកខ្លះទៀតបារម្ភថា ពួកគេមិនធ្វើគ្រប់គ្រាន់ដើម្បីជួយបុគ្គលជាទីស្រឡាញ់របស់ពួកគេទេ។ រីឯអ្នកឯទៀតមានអារម្មណ៍បន្ទោសខ្លួន ដោយសារពេលពួកគេមួម៉ៅ ពួកគេនិយាយអ្វីដែលបញ្ឈឺចិត្តអ្នកដែលពួកគេថែទាំ។ (យ៉ា. ៣:២) អ្នកថែទាំខ្លះក៏ពិបាកចិត្តពេលដែលពួកគេឃើញបុគ្គលដែលពួកគេស្រឡាញ់កាន់តែឈឺទៅៗ។ បងស្រីម្នាក់ឈ្មោះបាប្រឺនិយាយថា៖ «ការពិបាកធំមួយរបស់ខ្ញុំគឺឃើញបុគ្គលជាទីស្រឡាញ់របស់ខ្ញុំឈឺធ្ងន់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ»។
៨. សូមរៀបរាប់បទពិសោធន៍អំពីរបៀបដែលពាក្យអរគុណតែប៉ុន្មានម៉ាត់អាចមានឥទ្ធិពលលើអ្នកដែលថែទាំអ្នកឯទៀត។
៨ អ្នកថែទាំខ្លះមានអារម្មណ៍ថាអ្នកឯទៀតមិនមានចិត្តកតញ្ញូចំពោះអ្វីដែលពួកគេធ្វើ។ ហេតុអ្វី? ដោយសារពួកគេមិនសូវទទួលពាក្យអរគុណឬពាក្យសរសើរចំពោះកិច្ចការនឿយហត់ និងការលះបង់របស់ពួកគេ។ ពាក្យអរគុណតែប៉ុន្មានម៉ាត់អាចនាំឲ្យលើកទឹកចិត្តណាស់។ (១ថែ. ៥:១៨) បងស្រីម្នាក់ឈ្មោះមេលីសានិយាយថា៖ «ជួនកាលខ្ញុំយំ ដោយសារខ្ញុំនឿយហត់ឬធ្លាក់ទឹកចិត្ត។ ប៉ុន្តែ ពេលពួកអ្នកដែលខ្ញុំថែទាំនិយាយថា៖ ‹អរគុណសម្រាប់អ្វីទាំងអស់ដែលបងធ្វើដើម្បីខ្ញុំ› នោះខ្ញុំមានកម្លាំងចិត្តឡើងវិញ! ពាក្យទាំងនោះជួយខ្ញុំឲ្យក្រោកឡើងនៅថ្ងៃបន្ទាប់ដោយមានកម្លាំងនិងមានចិត្តចង់បន្តជួយថែទាំពួកគេ»។ បងប្រុសម្នាក់ឈ្មោះអាម៉ាឌូពន្យល់អំពីរបៀបដែលការទទួលពាក្យអរគុណមានឥទ្ធិពលលើគាត់។ គាត់និងប្រពន្ធរបស់គាត់ថែទាំក្មួយវ័យក្មេងដែលរស់នៅជាមួយនឹងពួកគាត់។ នាងមានជំងឺឆ្កួតជ្រូក។ បងអាម៉ាឌូនិយាយថា៖ «ទោះជានាងមិនយល់ទាំងស្រុងថាយើងលះបង់ច្រើនប៉ុនណាដើម្បីថែទាំនាងក៏ដោយ ខ្ញុំសប្បាយពេលនាងអរគុណយើង ឬពេលនាងសរសេរពាក្យថា ‹ខ្ញុំស្រឡាញ់អ៊ំ›»។
របៀបរក្សាអំណរ
៩. តើតាមរបៀបណាយើងអាចមានចិត្តសុភាពពេលថែទាំអ្នកឯទៀត?
៩ ចូរមានចិត្តសុភាព។ (សុភ. ១១:២) ពេលវេលានិងកម្លាំងរបស់យើងទាំងអស់គ្នាគឺមានកម្រិត។ ដូច្នេះ អ្នកនឹងត្រូវដាក់កម្រិតលើអ្វីដែលអ្នកអាចធ្វើនិងអ្វីដែលអ្នកមិនអាចធ្វើ ហើយជួនកាលអ្នកនឹងត្រូវនិយាយថាទេ។ ពេលរឿងនេះកើតឡើង អ្នកមិនចាំបាច់បន្ទោសខ្លួនឡើយ ព្រោះអ្នកកំពុងបង្ហាញថាអ្នកមានចិត្តសុភាព។ បើអ្នកឯទៀតស្នើសុំជួយអ្នក សូមទទួលយកជំនួយរបស់ពួកគេទាំងមានអំណរគុណ។ បងប្រុសម្នាក់ឈ្មោះជេយនិយាយថា៖ «ជារៀងរាល់ថ្ងៃ យើងអាចប្រើតែពេលវេលានិងកម្លាំងដែលយើងមានប៉ុណ្ណោះ។ បើយើងមិនធ្វើលើសពីនោះ នោះយើងអាចរក្សាអំណរបាន»។
១០. ហេតុអ្វីគឺសំខាន់ដែលអ្នកថែទាំអ្នកឯទៀតមានសមត្ថភាពវែកញែក? (សុភាសិត ១៩:១១)
១០ សូមមានសមត្ថភាពវែកញែក។ (សូមអាន សុភាសិត ១៩:១១) ពេលអ្នកមានសមត្ថភាពវែកញែក អ្នកទំនងជានឹងរក្សាចិត្តស្ងប់កាលដែលបុគ្គលជាទីស្រឡាញ់របស់អ្នកនិយាយឬធ្វើអ្វីដែលមិនសប្បុរស។ បុគ្គលដែលមានសមត្ថភាពវែកញែក ព្យាយាមយល់អំពីមូលហេតុដែលបុគ្គលណាម្នាក់ប្រព្រឹត្តអ្វីណាមួយ។ ជំងឺរ៉ាំរ៉ៃខ្លះ អាចធ្វើឲ្យបុគ្គលម្នាក់ប្រព្រឹត្តដោយមិនសមហេតុសមផល។ (អទ. ៧:៧) ជាឧទាហរណ៍ បុគ្គលម្នាក់ដែលធម្មតាសប្បុរសនិងចេះគិតអំពីអ្នកឯទៀត ប្រហែលជាទៅជាបុគ្គលដែលឈ្លោះប្រកែកឬរករឿងអ្នក។ ម្យ៉ាងទៀត គាត់ប្រហែលជាទាមទារ រិះគន់ ឬពិបាកផ្គាប់ចិត្ត។ បើអ្នកជួយមើលថែបុគ្គលដែលមានជំងឺធ្ងន់ធ្ងរ អ្នកប្រហែលជានឹងទទួលប្រយោជន៍ពីការសិក្សាស្វែងយល់អំពីជំងឺរបស់គាត់។ កាលដែលអ្នកកាន់តែយល់អំពីជំងឺរបស់គាត់ អ្នកប្រហែលជានឹងកាន់តែយល់ថា ការប្រព្រឹត្តរបស់គាត់គឺមកពីជំងឺរបស់គាត់ មិនមែនមកពីខ្លួនគាត់នោះទេ។—សុភ. ១៤:២៩
១១. តើអ្នកដែលថែទាំអ្នកឯទៀតគួរលៃទុកពេលជារៀងរាល់ថ្ងៃដើម្បីធ្វើអ្វីខ្លះ? (ចម្រៀងសរសើរព្រះ ១៣២:៤, ៥)
១១ សូមលៃទុកពេលដើម្បីពង្រឹងចំណងមិត្តភាពរបស់អ្នកជាមួយនឹងព្រះយេហូវ៉ា។ ជួនកាល អ្នកនឹងត្រូវយកពេលពីសកម្មភាពខ្លះដើម្បីធ្វើសកម្មភាព«ដែលសំខាន់ជាង»។ (ភី. ១:១០) សកម្មភាពមួយក្នុងចំណោមសកម្មភាពដ៏សំខាន់ជាង គឺការពង្រឹងចំណងមិត្តភាពរបស់អ្នកជាមួយនឹងព្រះយេហូវ៉ា។ ស្ដេចដាវីឌបានចាត់ទុកការគោរពប្រណិប័តន៍ព្រះយេហូវ៉ាថាសំខាន់បំផុតក្នុងជីវិតរបស់គាត់។ (សូមអាន ចម្រៀងសរសើរព្រះ ១៣២:៤, ៥) ស្រដៀងគ្នាដែរ គឺសំខាន់ឲ្យអ្នកទុកពេលខ្លះជារៀងរាល់ថ្ងៃដើម្បីអានគម្ពីរនិងអធិដ្ឋាន។ បងស្រីអាលីស្យានិយាយថា៖ «ខ្ញុំអាចរក្សាអំណរដោយអធិដ្ឋាននិងដោយរំពឹងគិតអំពីចម្រៀងសរសើរព្រះដែលសម្រាលទុក្ខខ្ញុំ។ ការអធិដ្ឋានទៅព្រះយេហូវ៉ាគឺជួយខ្ញុំខ្លាំងណាស់។ អស់ជាច្រើនដងជារៀងរាល់ថ្ងៃ ខ្ញុំអធិដ្ឋានសុំព្រះយេហូវ៉ាជួយខ្ញុំឲ្យរក្សាចិត្តស្ងប់»។
១២. ហេតុអ្វីអ្នកដែលថែទាំអ្នកឯទៀតត្រូវលៃទុកពេលដើម្បីថែរក្សាសុខភាពរបស់ខ្លួន?
១២ សូមលៃទុកពេលដើម្បីថែទាំសុខភាពរបស់អ្នក។ មនុស្សដែលជាប់រវល់ ដូចជាអ្នកថែទាំអ្នកឯទៀត ប្រហែលជាពិបាករក្សារបបអាហារដែលមានជីវជាតិ ដោយសារពួកគេមិនសូវមានពេលទៅផ្សារដើម្បីទិញបន្លែ ត្រី សាច់ស្រស់ៗ ហើយរៀបចំម្ហូបអាហារដែលមានជីវជាតិ។ របបអាហារល្អ និងកាលវិភាគហាត់ប្រាណជាទៀងទាត់ គឺសំខាន់ចាំបាច់សម្រាប់សុខភាពទាំងផ្លូវកាយទាំងផ្លូវចិត្ត។ ដូច្នេះ ទោះបីជាអ្នកមិនមានពេលច្រើនក៏ដោយ គឺសំខាន់ឲ្យអ្នកលៃទុកពេលដើម្បីញ៉ាំម្ហូបអាហារដែលមានជីវជាតិ និងហាត់ប្រាណជាទៀងទាត់។ (អេភ. ៥:១៥, ១៦) បន្ថែមទៅទៀត សូមព្យាយាមគេងឲ្យបានគ្រប់គ្រាន់។ (អទ. ៤:៦) អ្នកជំនាញដែលបានសិក្សាខាងខួរក្បាលពន្យល់ថា ការគេងជួយឲ្យខួរក្បាលរបស់យើងជួសជុលខ្លួនឯង។ អត្ថបទខាងពេទ្យមួយចែងថា ពេលមនុស្សម្នាក់គេងគ្រប់គ្រាន់ គាត់នឹងមិនសូវខ្វល់ខ្វាយ ហើយអាចរក្សាចិត្តស្ងប់ ទោះជាស្ថិតនៅក្នុងស្ថានភាពពិបាកក៏ដោយ។ អ្នកក៏នឹងត្រូវលៃទុកពេលខ្លះដើម្បីធ្វើការកម្សាន្តដែរ។ (អទ. ៨:១៥) អ្នកថែទាំម្នាក់បានចែករំលែកអំពីអ្វីដែលជួយគាត់ឲ្យរក្សាអំណរ។ គាត់និយាយថា៖ «ពេលអាកាសធាតុល្អ ខ្ញុំព្យាយាមចេញទៅក្រៅ ហើយស្រូបយកពន្លឺថ្ងៃ។ យ៉ាងហោចណាស់មួយខែម្ដង ខ្ញុំកំណត់ពេលដើម្បីធ្វើអ្វីសប្បាយៗជាមួយមិត្តភក្តិ»។
១៣. ហេតុអ្វីការសើចគឺជាការល្អ? (សុភាសិត ១៧:២២)
១៣ សូមរកអ្វីដែលនាំឲ្យអ្នកសើចសប្បាយ។ (សូមអាន សុភាសិត ១៧:២២; អទ. ៣:១, ៤) ការសើចគឺល្អសម្រាប់សុខភាពទាំងផ្លូវកាយ ទាំងផ្លូវចិត្ត។ តាមធម្មតា ពេលយើងថែទាំអ្នកឯទៀត មានអ្វីកើតឡើងដែលច្រើនតែខុសពីការនឹកស្មាន។ ប៉ុន្តែ បើអ្នកអាចសើចអំពីរឿងនោះ អ្នកទំនងជាមិនសូវពិបាកចិត្ត។ ម្យ៉ាងទៀត ការសើចជាមួយនឹងបុគ្គលដែលអ្នកកំពុងមើលថែ អាចពង្រឹងចំណងមិត្តភាពរបស់អ្នកទាំងពីរ។
១៤. តើការនិយាយជាមួយនឹងមិត្តដែលអ្នកទុកចិត្តអាចជួយអ្នកយ៉ាងដូចម្ដេច?
១៤ សូមនិយាយជាមួយនឹងមិត្តភក្ដិដែលអ្នកទុកចិត្ត។ ទោះជាអ្នកខំប្រឹងយ៉ាងខ្លាំងក៏ដោយ ជួនកាលអ្នកនឹងនៅតែខ្វល់ខ្វាយ។ នៅពេលបែបនោះ ប្រហែលជាការល្អឲ្យអ្នកប្រាប់អារម្មណ៍របស់អ្នកដល់មិត្តភក្ដិល្អ គឺបុគ្គលដែលមិនវិនិច្ឆ័យអ្នកឬមិនមានប្រតិកម្មខ្លាំងចំពោះអ្វីដែលអ្នកនិយាយ។ (សុភ. ១៧:១៧) ផ្ទុយទៅវិញ ពួកគេនឹងស្ដាប់អ្នកនិងលើកទឹកចិត្តអ្នក ហើយនោះប្រហែលជាអ្វីដែលអ្នកត្រូវការដើម្បីសប្បាយឡើងវិញ។—សុភ. ១២:២៥
១៥. តើការផ្ដោតអារម្មណ៍ទៅលើសេចក្ដីសង្ឃឹមរបស់អ្នកអាចជួយអ្នកឲ្យមានអំណរយ៉ាងដូចម្ដេច?
១៥ សូមស្រមៃអំពីជីវិតនៅក្នុងសួនឧទ្យានជាមួយគ្នា។ សូមព្យាយាមចាំថាការថែទាំអ្នកឯទៀតគឺបណ្ដោះអាសន្នប៉ុណ្ណោះ ហើយកិច្ចការនោះមិនមែនជាគោលបំណងដើមដែលព្រះយេហូវ៉ាចង់ឲ្យមនុស្សធ្វើនោះទេ។ (២កូ. ៤:១៦-១៨) «ជីវិតដ៏ពិតប្រាកដ»គឺនៅខាងមុខយើង។ (១ធី. ៦:១៩) អ្នកនឹងទំនងជាសប្បាយនិយាយជាមួយនឹងបុគ្គលជាទីស្រឡាញ់របស់អ្នក អំពីអ្វីដែលអ្នកទាំងពីរនឹងធ្វើជាមួយគ្នានៅក្នុងសួនឧទ្យាន។ (អេ. ៣៣:២៤; ៦៥:២១) បងស្រីម្នាក់ឈ្មោះហេធើនិយាយថា៖ «ខ្ញុំច្រើនតែប្រាប់បុគ្គលដែលខ្ញុំមើលថែថា មិនយូរទៀតយើងនឹងកាត់ដេរជាមួយគ្នា រត់ជាមួយគ្នា និងជិះកង់ជាមួយគ្នា។ យើងនឹងដុតនំ ហើយធ្វើម្ហូបសម្រាប់មនុស្សជាទីស្រឡាញ់របស់យើងដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ។ យើងអរគុណព្រះយេហូវ៉ាជាមួយគ្នាចំពោះសេចក្ដីសង្ឃឹមរបស់យើង»។
របៀបដែលអ្នកឯទៀតអាចជួយ
១៦. តើយើងអាចធ្វើអ្វីដើម្បីជួយបងប្អូននៅក្នុងក្រុមជំនុំរបស់យើងដែលជាអ្នកថែទាំអ្នកឯទៀត? (សូមមើលរូបភាពផងដែរ)
១៦ សូមជួយអ្នកដែលថែទាំអ្នកឯទៀតដើម្បីគាត់អាចមានពេលសម្រាប់ខ្លួន។ យើងដែលនៅក្នុងក្រុមជំនុំជាមួយបងប្អូនទាំងនោះអាចជួយគាត់ ដោយស្នើសុំមើលថែអ្នកដែលគាត់ថែទាំជំនួសគាត់។ នោះនឹងផ្ដល់ឱកាសឲ្យគាត់មានពេលខ្លះដើម្បីសម្រាកឬធ្វើអ្វីដែលគាត់ត្រូវធ្វើ។ (កាឡ. ៦:២) បងប្អូនខ្លះបានរៀបចំកាលវិភាគប្រចាំសប្តាហ៍ដើម្បីជួយគាំទ្រអ្នកដែលថែទាំនោះ។ បងស្រីម្នាក់ឈ្មោះណឺតាយើដែលមើលថែប្ដីដែលមិនអាចដើរបាន និយាយថា៖ «បងប្រុសម្នាក់នៅក្នុងក្រុមជំនុំ មកផ្ទះរបស់យើងមួយដងឬពីរដងក្នុងមួយសប្តាហ៍ដើម្បីចំណាយពេលជាមួយនឹងប្ដីរបស់ខ្ញុំ។ ពួកគេផ្សព្វផ្សាយជាមួយគ្នា និយាយគ្នា ហើយពួកគេថែមទាំងមើលរឿងជាមួយគ្នាទៀតផង។ ប្ដីរបស់ខ្ញុំសប្បាយចំណាយពេលជាមួយនឹងមិត្តភក្ដិរបស់គាត់ខ្លាំងណាស់ ហើយនេះផ្ដល់ឱកាសឲ្យខ្ញុំសម្រាកឬធ្វើអ្វីដែលខ្ញុំចូលចិត្តធ្វើ ដូចជាចេញទៅក្រៅដើរហាត់ប្រាណជាដើម»។ ម្យ៉ាងទៀត បងប្អូនខ្លះក្នុងក្រុមជំនុំអាចស្នើសុំមើលថែបុគ្គលនោះនៅពេលយប់ ដើម្បីឲ្យបងប្អូនដែលថែរក្សាគាត់អាចគេងគ្រប់គ្រាន់។
តើតាមរបៀបណាអ្នកអាចជួយបុគ្គលដែលមើលថែអ្នកឯទៀតនៅក្នុងក្រុមជំនុំរបស់អ្នក? (សូមមើលវគ្គ១៦)a
១៧. តើយើងអាចជួយអ្នកដែលថែទាំអ្នកឯទៀតក្នុងអំឡុងកិច្ចប្រជុំយ៉ាងដូចម្ដេច?
១៧ សូមជួយអ្នកដែលថែទាំអ្នកឯទៀតក្នុងអំឡុងកិច្ចប្រជុំ។ អ្នកដែលថែទាំអ្នកឯទៀតប្រហែលជាពិបាកស្ដាប់កិច្ចប្រជុំ សន្និបាតប្រចាំមណ្ឌល និងមហាសន្និបាតតាមភូមិភាគ ដោយសារពួកគេរវល់ថែទាំបុគ្គលជាទីស្រឡាញ់របស់ពួកគេ។ បងប្អូនក្នុងក្រុមជំនុំអាចស្នើសុំអង្គុយជាមួយនឹងបងប្អូនដែលឈឺឬវ័យចាស់ក្នុងអំឡុងកិច្ចប្រជុំទាំងមូល ឬក្នុងអំឡុងផ្នែកខ្លះនៃកិច្ចប្រជុំ។ បើបុគ្គលម្នាក់មិនអាចចេញពីផ្ទះបាន អ្នកអាចស្នើសុំទៅផ្ទះរបស់គាត់ ហើយចូលរួមកិច្ចប្រជុំជាមួយគាត់តាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីឲ្យអ្នកដែលថែទាំគាត់អាចចូលរួមនៅសាលប្រជុំដោយផ្ទាល់។
១៨. តើយើងអាចធ្វើអ្វីទៀតសម្រាប់ពួកអ្នកដែលថែទាំអ្នកឯទៀត?
១៨ សូមសរសើរបុគ្គលដែលថែទាំអ្នកឯទៀត ហើយអធិដ្ឋានឲ្យពួកគេ។ អ្នកចាស់ទុំគួរលៃទុកពេលជាទៀងទាត់ដើម្បីលើកទឹកចិត្តពួកអ្នកដែលថែទាំអ្នកឯទៀត។ (សុភ. ២៧:២៣) មិនថាយើងស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ បងប្អូនទាំងអស់នៅក្នុងក្រុមជំនុំអាចសរសើរបុគ្គលដែលថែទាំអ្នកឯទៀត យ៉ាងច្រើននិងជាទៀងទាត់។ យើងក៏អាចសុំព្រះយេហូវ៉ាឲ្យបន្ដពង្រឹងកម្លាំងពួកគេ ហើយជួយពួកគេឲ្យរក្សាអំណររបស់ពួកគេ។—២កូ. ១:១១
១៩. តើយើងទន្ទឹងរង់ចាំអ្វីខ្លះ?
១៩ មិនយូរទៀត ព្រះយេហូវ៉ានឹងជូតអស់ទាំងទឹកភ្នែកដែលមកពីការឈឺចាប់ ចេញពីមុខរបស់មនុស្សគ្រប់រូប។ ជំងឺនិងសេចក្ដីស្លាប់នឹងលែងមានទៀត។ (បប. ២១:៣, ៤) «មនុស្សខ្វិននឹងលោតដូចប្រើស»។ (អេ. ៣៥:៥, ៦) យើងនឹងលែងរងទុក្ខដោយសារភាពចាស់ជរាទៀត ឬឃើញមនុស្សជាទីស្រឡាញ់របស់យើងចាស់ឬឈឺ។ «អ្វីៗដែលធ្លាប់កើតឡើងពីមុន នឹងគ្មាននរណានឹកឃើញទៀតទេ»។ (អេ. ៦៥:១៧) សូម្បីតែនៅឥឡូវនេះ កាលដែលយើងរង់ចាំឲ្យសេចក្ដីសង្ឃឹមដ៏អស្ចារ្យរបស់យើងឲ្យសម្រេច ព្រះយេហូវ៉ានឹងមិនបោះបង់យើងចោលទេ។ បើយើងបន្ដពឹងផ្អែកលើលោកដើម្បីមានកម្លាំង លោកនឹងជួយយើងឲ្យ«ស៊ូទ្រាំនឹងការទាំងអស់ ដោយចិត្តអត់ធ្មត់និងមានអំណរ»។—កូឡ. ១:១១
ចម្រៀងលេខ១៥៥ អំណរមិនចេះអាក់ខាន
a ការពណ៌នាអំពីរូបភាព៖ ប្អូនស្រីវ័យក្មេងពីរនាក់ទៅលេងបងស្រីវ័យចាស់ម្នាក់ ដើម្បីឲ្យអ្នកដែលមើលថែគាត់អាចមានពេលដើម្បីដើរហាត់ប្រាណលម្ហែកាយ។