អត្ថបទសិក្សា៤៦
ចម្រៀងលេខ១៧ ចូរបង្ហាញចិត្តមេត្តាដូចគ្រិស្ត
លោកយេស៊ូគឺជាសម្ដេចសង្ឃដែលមានចិត្តអាណិតមេត្តា
« សម្ដេចសង្ឃរបស់យើងមិនមែនជាអ្នកដែលមិនអាចយល់ភាពទន់ខ្សោយរបស់យើងទេ»។—ហេ. ៤:១៥
ចំណុចផ្ដោត
លោកយេស៊ូគឺជាសម្ដេចសង្ឃដ៏ល្អបំផុត ដោយសារលោកមានចិត្តអាណិតមេត្តាចំពោះយើង ហើយអាចជួយយើងតាមរបៀបផ្សេងៗជាច្រើន។
១-២. (ក) ហេតុអ្វីបានជាព្រះយេហូវ៉ាចាត់លោកយេស៊ូឲ្យមកផែនដី? (ខ) តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ? (ហេប្រឺ ៥:៧-៩)
ប្រហែល២.០០០ឆ្នាំមុន ព្រះយេហូវ៉ាបានចាត់លោកយេស៊ូដែលជាបុត្រជាទីស្រឡាញ់របស់លោកឲ្យមកផែនដី។ ហេតុអ្វី? មូលហេតុមួយគឺដើម្បីរំដោះមនុស្សជាតិពីការខុសឆ្គងនិងសេចក្ដីស្លាប់ ហើយបំបាត់ចោលបញ្ហាទាំងអស់ដែលមកពីសាថាន។ (យ៉ូន. ៣:១៦; ១យ៉ូន. ៣:៨) ព្រះយេហូវ៉ាក៏ដឹងថា ជីវិតរបស់លោកយេស៊ូជាមនុស្សនឹងជួយលោកឲ្យកាន់តែត្រៀមខ្លួនទៅជាសម្ដេចសង្ឃដែលយល់អារម្មណ៍និងអាណិតមេត្តាចំពោះយើង។ លោកយេស៊ូបានចាប់ផ្ដើមបម្រើជាសម្ដេចសង្ឃក្រោយពីលោកបានទទួលការជ្រមុជទឹកនៅឆ្នាំ២៩ គ.ស.។a
២ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបដែលបទពិសោធន៍របស់លោកយេស៊ូនៅផែនដី ជួយលោកឲ្យកាន់តែមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីបម្រើជាសម្ដេចសង្ឃដែលអាចយល់អារម្មណ៍របស់យើង។ កាលដែលយើងយល់កាន់តែច្បាស់អំពីរបៀបដែលលោកយេស៊ូមាន«គុណសម្បត្តិពេញលេញ»សម្រាប់តួនាទីរបស់លោក នោះនឹងធ្វើឲ្យយើងងាយស្រួលអធិដ្ឋានជាងនិងចូលកាន់តែជិតព្រះយេហូវ៉ា ជាពិសេសពេលដែលយើងពិបាកចិត្តដោយសារកំហុសរបស់យើង។—សូមអាន ហេប្រឺ ៥:៧-៩
បុត្រជាទីស្រឡាញ់របស់ព្រះមកផែនដី
៣-៤. តើមានការផ្លាស់ប្ដូរដ៏ធំអ្វីពេលលោកយេស៊ូមកផែនដី?
៣ យើងជាច្រើននាក់ធ្លាប់មានការផ្លាស់ប្ដូរនៅក្នុងជីវិត ដូចជារើចេញពីផ្ទះដែលយើងស្រឡាញ់ ហើយបែកពីក្រុមគ្រួសារនិងមិត្តភក្ដិរបស់យើង។ ការផ្លាស់ប្ដូរទាំងនេះគឺមិនស្រួលទេ។ ប៉ុន្តែ គ្មានមនុស្សជាតិណាម្នាក់ធ្លាប់ឆ្លងកាត់ការផ្លាស់ប្ដូរដូចលោកយេស៊ូឡើយ។ លោកគឺជាទេវតាដំបូង ហើយជាទេវតាសំខាន់បំផុតនៅស្ថានសួគ៌។ លោកសប្បាយទទួលសេចក្ដីស្រឡាញ់ពីព្រះយេហូវ៉ា ហើយតែងតែមានអំណរបម្រើនៅ«ខាងស្ដាំដៃ»ព្រះ។ (ចសព. ១៦:១១; សុភ. ៨:៣០) ប៉ុន្តែ ភីលីព ២:៧ចែងថា លោកសុខចិត្ត«លះបង់អ្វីៗទាំងអស់»នៅស្ថានសួគ៌ ដើម្បីមករស់នៅក្នុងចំណោមមនុស្សជាតិដែលមិនល្អឥតខ្ចោះនៅផែនដី។
៤ សូមគិតដែរអំពីប៉ុន្មានឆ្នាំដំបូងនៃជីវិតរបស់លោកយេស៊ូនៅផែនដី។ លោកយេស៊ូបានកើតនៅក្នុងក្រុមគ្រួសារដ៏ក្រីក្រ។ យើងដឹងដូច្នេះ ដោយសារឪពុកម្ដាយរបស់លោកមានលទ្ធភាពជូនគ្រឿងបូជាតែតិចតួចប៉ុណ្ណោះនៅឯវិហារ ក្រោយពីលោកបានកើត។ (ចល. ១២:៨; លូក. ២:២៤) ពេលស្ដេចហេរ៉ូឌដែលជាស្ដេចដ៏អាក្រក់ដឹងអំពីកំណើតរបស់លោកយេស៊ូ គាត់ព្យាយាមសម្លាប់លោក។ ដើម្បីគេចចេញពីស្ដេចហេរ៉ូឌ ក្រុមគ្រួសារលោកបានភៀសខ្លួនទៅស្រុកអេហ្ស៊ីបអស់មួយរយៈ។ (ម៉ាថ. ២:១៣, ១៥) ជីវិតរបស់លោកយេស៊ូនៅផែនដី គឺខុសគ្នាឆ្ងាយណាស់ពីជីវិតរបស់លោកនៅស្ថានសួគ៌!
៥. តើលោកយេស៊ូបានសង្កេតឃើញអ្វីកាលដែលលោកនៅផែនដី ហើយតើបទពិសោធន៍របស់លោកបានជួយលោកឲ្យត្រៀមខ្លួនចំពោះតួនាទីរបស់លោកជាសម្ដេចសង្ឃយ៉ាងដូចម្ដេច? (សូមមើលរូបភាពផងដែរ)
៥ កាលដែលលោកយេស៊ូនៅផែនដី លោកបានឃើញមនុស្សនៅជុំវិញលោករងទុក្ខវេទនា។ លោកទំនងជាបានបាត់បង់បុគ្គលជាទីស្រឡាញ់ ដែលតាមមើលទៅរួមបញ្ចូលយ៉ូសែបជាឪពុកចិញ្ចឹមរបស់លោក។ ក្នុងអំឡុងកិច្ចបម្រើផ្សាយរបស់លោកយេស៊ូ លោកបានជួបបុគ្គលដែលមានពិការភាព អ្នកកើតឃ្លង់ អ្នកងងឹតភ្នែក និងឪពុកម្ដាយដែលបានបាត់បង់កូន។ ពេលលោកជួបពួកគេ លោកមានចិត្តអាណិតមេត្តាចំពោះពួកគេ។ (ម៉ាថ. ៩:២, ៦; ១៥:៣០; ២០:៣៤; ម៉ាក. ១:៤០, ៤១; លូក. ៧:១៣) ពិតណាស់ លោកយេស៊ូធ្លាប់ឃើញមនុស្សរងទុក្ខវេទនាពេលដែលលោកនៅស្ថានសួគ៌។ ប៉ុន្តែ ពេលដែលលោកនៅផែនដីជាមនុស្ស លោកកាន់តែអាចយល់អារម្មណ៍របស់មនុស្សពេលពួកគេរងទុក្ខវេទនា។ (អេ. ៥៣:៤) លោកអាចយល់យ៉ាងច្បាស់ថាមនុស្សមានអារម្មណ៍យ៉ាងណាក្នុងស្ថានភាពផ្សេងៗ ហើយថាពួកគេរងទុក្ខខ្លាំងប៉ុណ្ណាដោយសារការពិបាកក្នុងជីវិត។ លោកយេស៊ូផ្ទាល់ក៏មានអារម្មណ៍ដូចដែលមនុស្សជាទូទៅមានដែរ នេះរួមមានការឈឺចាប់ក្នុងចិត្ត អស់កម្លាំង និងការកើតទុក្ខ។
លោកយេស៊ូយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអារម្មណ៍និងការឈឺចាប់របស់ពួកអ្នកដែលនៅជុំវិញលោក (សូមមើលវគ្គ៥)
លោកយេស៊ូកើតទុក្ខជាមួយនឹងមនុស្សជាតិ
៦. តើយើងរៀនអ្វីពីទំនាយអេសាយអំពីចិត្តអាណិតមេត្តារបស់លោកយេស៊ូចំពោះមនុស្ស? (អេសាយ ៤២:៣)
៦ ក្នុងអំឡុងកិច្ចបម្រើរបស់លោកយេស៊ូ លោកបង្ហាញថាលោកយល់អារម្មណ៍ពួកអ្នកដែលខ្សោយ និងដែលបានត្រូវគេជិះជាន់។ ដោយធ្វើដូច្នោះ លោកបានសម្រេចទំនាយ។ ក្នុងបទគម្ពីរភាសាហេប្រឺ ពួកអ្នកដែលរឹងមាំនិងដែលជាអ្នកមាន ច្រើនតែបានត្រូវប្រដូចទៅនឹងសួនច្បារដ៏ស្រស់បំព្រងដែលមានទឹកស្រោចស្រព ឬដើមឈើដែលខ្ពស់និងរឹងមាំ។ (ចសព. ៩២:១២; អេ. ៦១:៣; យេ. ៣១:១២) ប៉ុន្តែ មនុស្សក្រីក្រនិងមនុស្សដែលបានត្រូវគេជិះជាន់ បានប្រដូចទៅនឹងដើមត្រែងដែលទក់និងប្រឆេះដែលជិតរលត់ ដែលធម្មតាអ្នកឯទៀតចាត់ទុកថាគ្មានតម្លៃ។ (សូមអាន អេសាយ ៤២:៣; ម៉ាថ. ១២:២០) ក្រោមការដឹកនាំរបស់ព្រះ អ្នកប្រកាសទំនាយអេសាយបានប្រើការប្រដូចនេះ ដើម្បីប្រាប់ទុកជាមុនអំពីសេចក្ដីស្រឡាញ់និងសេចក្ដីមេត្តាករុណាដែលលោកយេស៊ូនឹងបង្ហាញចំពោះមនុស្សដែលបានត្រូវគេចាត់ទុកថាគ្មានតម្លៃ។
៧-៨. តើលោកយេស៊ូបានសម្រេចទំនាយរបស់អេសាយយ៉ាងដូចម្ដេច?
៧ ម៉ាថាយដែលជាអ្នកសរសេរសៀវភៅដំណឹងល្អបានបង្ហាញថា លោកយេស៊ូបានសម្រេចទំនាយរបស់អេសាយ ពេលដែលសរសេរថា៖ «គាត់នឹងមិនជាន់ឈ្លីដើមត្រែងណាដែលទក់ ក៏មិនពន្លត់ប្រឆេះណាដែលជិតរលត់ដែរ»។ អព្ភូតហេតុខ្លះរបស់លោកយេស៊ូផ្ដល់ប្រយោជន៍ដល់បុគ្គលដែលបានត្រូវគេជិះជាន់ ដែលច្បាស់ជាមានអារម្មណ៍ដូចដើមត្រែងដែលទក់ ឬមនុស្សដែលអស់សង្ឃឹម ដែលមានអារម្មណ៍ដូចប្រឆេះដែលជិតរលត់។ ជាឧទាហរណ៍ មានបុរសម្នាក់កើតឃ្លង់ពេញខ្លួន។ គាត់ទំនងជាមានអារម្មណ៍ថាគាត់មិនអាចជា ហើយមិនអាចមានថ្ងៃជួបជុំជាមួយនឹងក្រុមគ្រួសារនិងមិត្តភក្ដិរបស់គាត់ទៀតទេ។ (លូក. ៥:១២, ១៣) ម្យ៉ាងទៀត មានបុរសម្នាក់ដែលថ្លង់ ហើយមិនអាចគ្រលាស់អណ្ដាតនិយាយបាន។ សូមគិតអំពីអារម្មណ៍ដែលគាត់ទំនងជាមាន ពេលដែលគាត់ឃើញអ្នកឯទៀតនិយាយគ្នាយ៉ាងរស់រវើក ហើយគាត់មិនអាចយល់បាន។ (ម៉ាក. ៧:៣២, ៣៣) ប៉ុន្តែ មិនមានតែប៉ុណ្ណេះទេ។
៨ នៅសម័យលោកយេស៊ូ ជនជាតិយូដាជាច្រើននាក់ជឿថាបុគ្គលដែលឈឺឬមានពិការភាព ទទួលទោសពីការខុសឆ្គងរបស់ខ្លួនឬរបស់ឪពុកម្ដាយរបស់ពួកគេ។ (យ៉ូន. ៩:២) ដោយសារជំនឿខុសនេះ បុគ្គលដែលរងទុក្ខមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ។ លោកយេស៊ូបានសម្រេចទំនាយរបស់អេសាយ ដោយធ្វើឲ្យមនុស្សដែលរងទុក្ខពីជំងឺផ្សេងៗជាសះស្បើយ ហើយជួយពួកគេឲ្យមានសង្ឃឹមលើព្រះឡើងវិញ។ តើនេះនាំឲ្យយើងជឿជាក់អំពីអ្វី?
៩. តើតាមរបៀបណាហេប្រឺ ៤:១៥, ១៦បង្ហាញថាសម្ដេចសង្ឃរបស់យើងដែលនៅស្ថានសួគ៌ពិតជាយល់អារម្មណ៍របស់មនុស្សដែលមិនល្អឥតខ្ចោះ?
៩ សូមអាន ហេប្រឺ ៤:១៥, ១៦។ យើងអាចប្រាកដថា លោកយេស៊ូនឹងតែងតែយល់អារម្មណ៍របស់យើង។ តើនេះមានន័យយ៉ាងណា? បុគ្គលដែលយល់អារម្មណ៍អ្នកឯទៀត គឺជាបុគ្គលដែលរំជួលចិត្តចំពោះការឈឺចាប់និងអារម្មណ៍របស់អ្នកឯទៀត។ ពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«អាចយល់» មានន័យថាពិតជាយល់អារម្មណ៍សោកសៅនិងការឈឺចាប់ដែលអ្នកឯទៀតមាន។ គួរឲ្យកត់សម្គាល់ថា ប៉ូលប្រើពាក្យភាសាក្រិចដូចគ្នានៅហេប្រឺ ១០:៣៤ដើម្បីបង្ហាញថា យើងយល់អារម្មណ៍របស់ពួកអ្នកដែលជាប់គុក។ កំណត់ហេតុអំពីអព្ភូតហេតុរបស់លោកយេស៊ូបង្ហាញថា លោកយេស៊ូរំជួលចិត្តខ្លាំងណាស់ចំពោះការឈឺចាប់របស់អ្នកឯទៀត។ លោកមិនគ្រាន់តែធ្វើឲ្យមនុស្សជាសះស្បើយដោយសារនោះជាកាតព្វកិច្ចរបស់លោកប៉ុណ្ណោះទេ តែលោកពិតជាយកចិត្តទុកដាក់ចំពោះពួកគេនិងចង់ជួយពួកគេ។ ជាឧទាហរណ៍ ពេលលោកធ្វើឲ្យបុរសដែលកើតឃ្លង់ជាសះស្បើយ លោកអាចធ្វើអព្ភូតហេតុនោះពីចម្ងាយបាន។ ប៉ុន្តែ លោកបានលូកដៃទៅពាល់បុរសនោះ។ នេះប្រហែលជាការប៉ះលើកដំបូងដែលបុរសនោះមានអស់ជាច្រើនឆ្នាំ! ម្យ៉ាងទៀត លោកយេស៊ូបង្ហាញការយកចិត្តទុកដាក់ ពេលដែលលោកនាំបុរសថ្លង់ទៅឆ្ងាយពីបណ្ដាជន ហើយធ្វើឲ្យគាត់ជាសះស្បើយនៅកន្លែងស្ងាត់ដែលគ្មានមនុស្ស។ មួយវិញទៀត ពេលផារិស៊ីម្នាក់បានមើលងាយស្ត្រីដែលបានប្រែចិត្ត ដែលបានលាងជើងរបស់លោកយេស៊ូដោយទឹកភ្នែករបស់នាង ហើយយកសក់របស់នាងមកសម្ងួតជើងរបស់លោក នោះលោកយេស៊ូបាននិយាយការពារនាងយ៉ាងម៉ឺងម៉ាត់។ (ម៉ាថ. ៨:៣; ម៉ាក. ៧:៣៣; លូក. ៧:៤៤) លោកយេស៊ូមិនបានគេចពីបុគ្គលដែលឈឺឬបុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរទេ។ ផ្ទុយទៅវិញ លោកបានស្វាគមន៍ពួកគេ ហើយពង្រឹងទំនុកចិត្តបុគ្គលបែបនោះ។ យើងអាចប្រាកដថា លោកនឹងយល់អារម្មណ៍របស់យើងដូចនេះដែរ។
ការយកតម្រាប់សម្ដេចសង្ឃរបស់យើងនៅសព្វថ្ងៃនេះ
១០. តើយើងអាចប្រើអ្វីនៅសព្វថ្ងៃនេះដើម្បីជួយបុគ្គលដែលថ្លង់និងងងឹតភ្នែក? (សូមមើលរូបភាពផងដែរ)
១០ ក្នុងនាមជាអ្នកកាន់តាមដ៏ស្មោះត្រង់របស់លោកយេស៊ូ យើងព្យាយាមយកតម្រាប់លោកក្នុងការបង្ហាញសេចក្ដីស្រឡាញ់ ការយល់អារម្មណ៍ និងការបង្ហាញចិត្តអាណិតមេត្តាចំពោះអ្នកឯទៀត។ (១ពេ. ២:២១; ៣:៨) យើងមិនអាចជួយបុគ្គលដែលថ្លង់និងងងឹតភ្នែកឲ្យជាសះស្បើយបានទេ តែយើងអាចជួយពួកគេឲ្យរៀនអំពីព្រះយេហូវ៉ានិងចូលទៅជិតលោក។ ជាឧទាហរណ៍ សៀវភៅផ្សេងៗរបស់យើងអំពីគម្ពីរមានជាភាសាសញ្ញា ជាង១០០ភាសា។ ម្យ៉ាងទៀត ដើម្បីជួយមនុស្សងងឹតភ្នែក យើងមានសៀវភៅអក្សរផុសជាង៦០ភាសា ព្រមទាំងមានការពណ៌នាជាសំឡេងសម្រាប់វីដេអូជាង១០០ភាសា។ អ្វីទាំងអស់នេះជួយមនុស្សថ្លង់និងងងឹតភ្នែកឲ្យចូលទៅជិតព្រះយេហូវ៉ានិងបុត្ររបស់លោក។
សៀវភៅរបស់យើងដែលមានមូលដ្ឋានលើគម្ពីរមានជាង១.០០០ភាសា
ខាងឆ្វេង៖ ភាសាសញ្ញា ជាង១០០ភាសា
ខាងស្ដាំ៖ អក្សរផុស ជាង៦០ភាសា
(សូមមើលវគ្គ១០)
១១. តើអង្គការរបស់ព្រះយេហូវ៉ាបង្ហាញការយកចិត្តទុកដាក់ដូចលោកយេស៊ូចំពោះមនុស្សគ្រប់ប្រភេទយ៉ាងដូចម្ដេច? (សកម្មភាព ២:៥-៧, ៣៣) (សូមមើលរូបភាពផងដែរ)
១១ អង្គការរបស់ព្រះយេហូវ៉ាព្យាយាមជួយមនុស្សគ្រប់ប្រភេទឲ្យចូលទៅជិតព្រះយេហូវ៉ា។ សូមចាំថា ក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានចាក់ឫទ្ធានុភាពបរិសុទ្ធដើម្បីឲ្យអស់អ្នកដែលនៅបុណ្យថ្ងៃទី៥០អាចស្ដាប់ដំណឹងល្អជា«ភាសារបស់ពួកគេ»រៀងៗខ្លួន។ (សូមអាន សកម្មភាព ២:៥-៧, ៣៣) នៅសព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់លោកយេស៊ូ អង្គការរបស់យើងចេញផ្សាយសៀវភៅដែលមានមូលដ្ឋានលើគម្ពីរជាង១.០០០ភាសា ហើយក្នុងចំណោមភាសាទាំងនោះ មានភាសាខ្លះដែលមានមនុស្សតិចតួចនិយាយ។ ជាឧទាហរណ៍ ភាសាខ្លះរបស់ជនជាតិភាគតិចនៅអាម៉េរិក មានមនុស្សតិចនិយាយនៅទ្វីបអាម៉េរិកខាងជើងនិងទ្វីបអាម៉េរិកខាងត្បូង។ ប៉ុន្តែ ដើម្បីឲ្យមនុស្សច្រើនបំផុតអាចស្ដាប់ដំណឹងល្អ សៀវភៅរបស់យើងជាភាសារបស់ជនជាតិភាគតិចនៅអាម៉េរិក មានជាង១៦០ភាសា។ សៀវភៅរបស់យើងក៏មានជាភាសារបស់ជនជាតិភាគតិចរ៉ូម៉ា ជាង២០ភាសាដែរ។ មនុស្សរាប់ពាន់នាក់ដែលនិយាយភាសាទាំងនេះបានទទួលយកសេចក្ដីពិត។
ខាងឆ្វេង៖ ភាសាជនជាតិភាគតិចនៅអាម៉េរិក ជាង១៦០ភាសា
ខាងស្ដាំ៖ ភាសារបស់ជនជាតិភាគតិចរ៉ូម៉ា ជាង២០ភាសា
(សូមមើលវគ្គ១១)
១២. តើអង្គការរបស់ព្រះយេហូវ៉ាផ្ដល់ជំនួយអ្វីទៀត?
១២ ក្រៅពីជួយមនុស្សឲ្យរៀនដំណឹងល្អ អង្គការរបស់ព្រះយេហូវ៉ាក៏ជួយពួកអ្នកដែលរងទុក្ខដោយសារមហន្តរាយធម្មជាតិដែរ។ យ៉ាងនេះ បងប្អូនរាប់ពាន់នាក់ស្ម័គ្រចិត្តជួយបងប្អូនរបស់ពួកគេដែលមានសេចក្ដីត្រូវការ។ អង្គការយើងក៏ជួយរៀបចំឲ្យមានកន្លែងសាមញ្ញសម្រាប់គោរពប្រណិប័តន៍ ដើម្បីមនុស្សអាចជួបជុំគ្នារៀនថែមទៀតអំពីសេចក្ដីស្រឡាញ់របស់ព្រះចំពោះពួកគេ។
សម្ដេចសង្ឃរបស់យើងអាចជួយអ្នក
១៣. តើលោកយេស៊ូជួយយើងតាមរបៀបណាខ្លះ?
១៣ ក្នុងនាមជាគង្វាលដ៏ល្អប្រសើររបស់យើង លោកយេស៊ូធ្វើឲ្យប្រាកដថា យើងមានអ្វីដែលយើងត្រូវការដើម្បីបន្តជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ (យ៉ូន. ១០:១៤; អេភ. ៤:៧) ជួនកាល កាលៈទេសៈក្នុងជីវិតរបស់យើងអាចធ្វើឲ្យយើងមានអារម្មណ៍ដូចដើមត្រែងដែលទក់ ឬប្រឆេះដែលជិតរលត់។ យើងប្រហែលជាធ្លាក់ទឹកចិត្តយ៉ាងខ្លាំងដោយសារជំងឺធ្ងន់ធ្ងរ កំហុសដែលយើងបានធ្វើ ឬប្រហែលជាយើងមានបញ្ហាជាមួយនឹងបងប្អូនរួមជំនឿ។ ដោយសារនៅឥឡូវនេះយើងកំពុងជួបបញ្ហានិងរងទុក្ខ យើងប្រហែលជាពិបាកផ្ដោតអារម្មណ៍ទៅលើសេចក្ដីសង្ឃឹមរបស់យើងនៅថ្ងៃអនាគត។ ប៉ុន្តែសូមចាំថា លោកយេស៊ូឃើញអ្វីដែលអ្នកកំពុងឆ្លងកាត់ ហើយយល់អារម្មណ៍កប់ជ្រៅរបស់អ្នក។ ចិត្តអាណិតមេត្តារបស់លោកយេស៊ូជំរុញលោកឲ្យចាត់វិធានការដើម្បីជួយអ្នក។ ជាឧទាហរណ៍ លោកអាចប្រើឫទ្ធានុភាពបរិសុទ្ធដើម្បីផ្ដល់កម្លាំងដល់អ្នកពេលដែលអ្នកខ្សោយ។ (យ៉ូន. ១៦:៧; ទីត. ៣:៦) បន្ថែមទៅទៀត លោកអាចប្រើ«អំណោយជាមនុស្ស»និងបងប្អូនរួមជំនឿឯទៀតដើម្បីលើកទឹកចិត្ត គាំទ្រ និងជួយអ្នក។—អេភ. ៤:៨
១៤. តើយើងអាចធ្វើអ្វីពេលយើងធ្លាក់ទឹកចិត្ត?
១៤ បើអ្នកធ្លាក់ទឹកចិត្ត សូមចាំថាលោកយេស៊ូគឺជាសម្ដេចសង្ឃរបស់យើង ហើយសូមគិតយ៉ាងជ្រាលជ្រៅថា តើនេះមានអត្ថន័យយ៉ាងណាចំពោះអ្នក? សូមចាំថា ព្រះយេហូវ៉ាបានចាត់លោកយេស៊ូឲ្យមកផែនដីមិនគ្រាន់តែដើម្បីផ្ដល់ជីវិតរបស់លោកជាថ្លៃលោះប៉ុណ្ណោះទេ តែក៏ដើម្បីជួយលោកឲ្យយល់អំពីបញ្ហាដែលមនុស្សមិនល្អឥតខ្ចោះជួបប្រទះដែរ។ ពេលយើងធ្លាក់ទឹកចិត្តដោយសារការខុសឆ្គងឬភាពទន់ខ្សោយរបស់យើង លោកយេស៊ូត្រៀមខ្លួននិងសុខចិត្តផ្ដល់ជំនួយ«នៅពេលដែលយើងត្រូវការ»។—ហេ. ៤:១៥, ១៦
១៥. តើអ្វីបានជួយបងប្រុសម្នាក់ឲ្យត្រឡប់មកក្រុមជំនុំវិញ?
១៥ លោកយេស៊ូក៏បានណែនាំរាស្ត្ររបស់លោក កាលដែលពួកគេខំព្យាយាមស្វែងរកនិងជួយពួកអ្នកដែលបានវង្វេងបាត់ពីហ្វូងចៀមរបស់ព្រះយេហូវ៉ា។ (ម៉ាថ. ១៨:១២, ១៣) សូមគិតអំពីបទពិសោធន៍របស់បងប្រុសម្នាក់ឈ្មោះស្តេហ្វាណូ។b ក្រោយពីគាត់បានត្រូវដកចេញពីក្រុមជំនុំអស់១២ឆ្នាំ គាត់សម្រេចចិត្តចូលរួមកិច្ចប្រជុំមួយ។ គាត់និយាយថា៖ «គឺមិនស្រួលសម្រាប់ខ្ញុំទេ តែខ្ញុំចង់បម្រើព្រះយេហូវ៉ាជាមួយនឹងបងប្អូនរួមជំនឿរបស់ខ្ញុំម្ដងទៀត។ អ្នកចាស់ទុំដែលបានជួបខ្ញុំ ធ្វើឲ្យខ្ញុំមានអារម្មណ៍កក់ក្ដៅ។ ជួនកាល អារម្មណ៍ថាខ្លួនគ្មានតម្លៃបានលេចឡើង ហើយខ្ញុំចង់ឈប់ព្យាយាម។ ប៉ុន្តែ អ្នកចាស់ទុំរំលឹកខ្ញុំថា ព្រះយេហូវ៉ានិងលោកយេស៊ូចង់ឲ្យខ្ញុំបន្តតស៊ូ។ ពេលខ្ញុំចូលក្រុមជំនុំឡើងវិញ ក្រុមជំនុំទាំងមូលស្វាគមន៍ខ្ញុំនិងក្រុមគ្រួសាររបស់ខ្ញុំយ៉ាងកក់ក្ដៅ។ ក្រោយមក ប្រពន្ធរបស់ខ្ញុំបានចាប់ផ្ដើមសិក្សាគម្ពីរ ហើយសព្វថ្ងៃនេះ យើងបម្រើព្រះយេហូវ៉ាជាមួយគ្នា»។ សម្ដេចសង្ឃរបស់យើងដែលប្រកបដោយសេចក្ដីស្រឡាញ់ច្បាស់ជាត្រេកអរ ពេលឃើញបុគ្គលដែលប្រែចិត្តទទួលជំនួយដែលពួកគេត្រូវការដើម្បីត្រឡប់មកក្រុមជំនុំវិញ!
១៦. ហេតុអ្វីអ្នកមានចិត្តកតញ្ញូដែលមានសម្ដេចសង្ឃដែលយល់អារម្មណ៍របស់យើង?
១៦ ក្នុងអំឡុងជីវិតរបស់លោកយេស៊ូនៅផែនដី លោកបានជួយមនុស្សជាច្រើននៅពេលត្រឹមត្រូវ។ នៅសព្វថ្ងៃនេះ យើងអាចមានទំនុកចិត្តទាំងស្រុងថា លោកក៏នឹងជួយយើងនៅពេលណាដែលយើងត្រូវការជំនួយដែរ។ ម្យ៉ាងទៀត នៅក្នុងពិភពលោកថ្មី លោកនឹងជួយយើងឲ្យមានជីវិតដែលគ្មានការពិបាកដែលមកពីការខុសឆ្គង និងភាពមិនល្អឥតខ្ចោះទាល់តែសោះ។ យើងពិតជាដឹងគុណព្រះយេហូវ៉ា ដោយសារសេចក្ដីស្រឡាញ់ដ៏ធំធេងនិងសេចក្ដីមេត្តាករុណារបស់លោកបានជំរុញចិត្តលោក ឲ្យតែងតាំងបុត្ររបស់លោកឲ្យធ្វើជាសម្ដេចសង្ឃដែលយល់អារម្មណ៍របស់យើង!
ចម្រៀងលេខ១៣ គ្រិស្តជាគំរូរបស់យើង
a ដើម្បីបានព័ត៌មានអំពីរបៀបដែលតួនាទីរបស់លោកយេស៊ូជាសម្ដេចសង្ឃជំនួសឲ្យតួនាទីរបស់សម្ដេចសង្ឃជនជាតិយូដា សូមមើលអត្ថបទដែលមានចំណងជើងថា «ចូរឲ្យតម្លៃឯកសិទ្ធិរបស់អ្នកដើម្បីគោរពប្រណិប័តន៍នៅវិហាររបស់ព្រះយេហូវ៉ាក្នុងន័យធៀប» នៅក្នុងទស្សនាវដ្ដីប៉មយាម ខែតុលា ឆ្នាំ២០២៣ ទំ.២៦ វ.៧-៩។
b ឈ្មោះបានត្រូវផ្លាស់ប្ដូរ។