អត្ថបទសិក្សា៤៧
ចម្រៀងលេខ៣៨ លោកនឹងធ្វើឲ្យអ្នកខ្លាំងក្លា
« អ្នកជាបុគ្គលដ៏មានតម្លៃខ្លាំងណាស់»!
« អ្នកជាបុគ្គលដ៏មានតម្លៃខ្លាំងណាស់»។—ដាន. ៩:២៣
ចំណុចផ្ដោត
ដើម្បីជួយពួកអ្នកដែលមានអារម្មណ៍ថាខ្លួនគ្មានតម្លៃឲ្យយល់ថា ពួកគេមានតម្លៃចំពោះព្រះយេហូវ៉ា។
១-២. តើអ្វីអាចជួយយើងឲ្យជឿជាក់ថាយើងមានតម្លៃចំពោះព្រះយេហូវ៉ា?
ក្នុងចំណោមអ្នកបម្រើដ៏មានតម្លៃរបស់ព្រះយេហូវ៉ា បុគ្គលខ្លះមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ។ ពួកគេប្រហែលជាបានត្រូវអ្នកឯទៀតប្រព្រឹត្តអាក្រក់មកលើពួកគេ។ តើអ្នកធ្លាប់មានអារម្មណ៍ដូចនោះឬទេ? បើដូច្នេះ តើតាមរបៀបណាអ្នកអាចជឿជាក់ថាអ្នកមានតម្លៃចំពោះព្រះយេហូវ៉ា?
២ អ្វីមួយដែលអាចជួយអ្នកគឺដោយគិតពិចារណាអំពីកំណត់ហេតុក្នុងគម្ពីរ ដែលបង្ហាញថាព្រះយេហូវ៉ាចង់ឲ្យមនុស្សមានទស្សនៈនិងប្រព្រឹត្តយ៉ាងណាចំពោះគ្នាទៅវិញទៅមក។ លោកយេស៊ូដែលជាបុត្ររបស់ព្រះ បានប្រព្រឹត្តទៅលើមនុស្សដោយថ្លៃថ្នូរនិងការគោរព។ ដោយធ្វើដូច្នេះ លោកបង្ហាញថាលោកនិងបិតារបស់លោកឲ្យតម្លៃយ៉ាងខ្លាំងចំពោះបុគ្គលទន់ទាបដែលមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ។ (យ៉ូន. ៥:១៩; ហេ. ១:៣) នៅក្នុងអត្ថបទនេះ យើងនឹងពិចារណា៖ (១) របៀបដែលលោកយេស៊ូជួយមនុស្សឲ្យដឹងថាពួកគេមានតម្លៃ និង(២) របៀបដែលយើងអាចធ្វើឲ្យខ្លួនជឿជាក់ថាយើងមានតម្លៃខ្លាំងណាស់ចំពោះព្រះ។—ហាក. ២:៧
របៀបដែលលោកយេស៊ូជួយមនុស្សឲ្យដឹងថាពួកគេមានតម្លៃ
៣. តើលោកយេស៊ូបានប្រព្រឹត្តយ៉ាងណាទៅលើពួកអ្នកស្រុកកាលីឡេដែលមករកលោកដើម្បីទទួលជំនួយ?
៣ ក្នុងអំឡុងការធ្វើដំណើរផ្សព្វផ្សាយជាលើកទី៣របស់លោកយេស៊ូនៅស្រុកកាលីឡេ មនុស្សពីតំបន់មួយទៅតំបន់មួយបានប្រមូលគ្នាទៅឯលោក ស្ដាប់លោក ហើយលោកយេស៊ូបានធ្វើឲ្យពួកគេជាសះស្បើយ។ លោកបានមានប្រសាសន៍ថា៖ «ពួកគេបានត្រូវសង្កត់សង្កិន និងទុកចោលឲ្យនៅរាត់រាយប្រៀបដូចចៀមដែលគ្មានគង្វាល»។ (ម៉ាថ. ៩:៣៦) ពួកអ្នកដឹកនាំសាសនាបានចាត់ទុកពួកគេថាមិនសមនឹងទទួលការយកចិត្តទុកដាក់ ហើយថែមទាំងហៅពួកគេថា «ពួកមនុស្សដែលត្រូវបណ្ដាសា»ទៀតផង។ (យ៉ូន. ៧:៤៧-៤៩) ប៉ុន្តែ លោកយេស៊ូបានប្រព្រឹត្តទៅលើពួកគេបែបថ្លៃថ្នូរ ដោយចំណាយពេលបង្រៀនពួកគេនិងធ្វើឲ្យពួកគេជាសះស្បើយ។ (ម៉ាថ. ៩:៣៥) បន្ថែមទៅទៀត ដើម្បីជួយមនុស្សឲ្យកាន់តែច្រើន លោកបានបង្ហាត់បង្រៀនពួកសាវ័កឲ្យផ្សព្វផ្សាយ ហើយឲ្យពួកគេមានអំណាចធ្វើឲ្យមនុស្សឈឺជាសះស្បើយ។—ម៉ាថ. ១០:៥-៨
៤. តើយើងរៀនអ្វីពីរបៀបដែលលោកយេស៊ូប្រព្រឹត្តទៅលើអ្នកស្ដាប់ដែលជាមនុស្សទន់ទាប?
៤ ពេលលោកយេស៊ូប្រព្រឹត្តទៅលើអ្នកស្ដាប់ដោយភាពថ្លៃថ្នូរនិងការគោរព លោកយេស៊ូបង្ហាញថាលោកនិងបិតាលោកចាត់ទុកពួកអ្នកដែលសង្គមច្រើនតែមើលងាយថាមានតម្លៃ។ បើអ្នកកំពុងបម្រើព្រះយេហូវ៉ា តែសង្ស័យថាអ្នកគ្មានតម្លៃ សូមគិតអំពីរបៀបដែលលោកយេស៊ូប្រព្រឹត្តចំពោះមនុស្សទន់ទាបដែលចង់រៀនពីលោក។ ការធ្វើដូច្នេះអាចជួយអ្នកឲ្យដឹងថា អ្នកមានតម្លៃចំពោះព្រះយេហូវ៉ា។
៥. សូមរៀបរាប់អំពីស្ថានភាពរបស់ស្ត្រីម្នាក់ពីស្រុកកាលីឡេដែលលោកយេស៊ូបានជួប?
៥ លោកយេស៊ូមិនគ្រាន់តែបង្រៀនមនុស្សជាក្រុមៗប៉ុណ្ណោះទេ តែលោកក៏យកចិត្តទុកដាក់ចំពោះបុគ្គលម្នាក់ៗដែរ។ ជាឧទាហរណ៍ ក្នុងអំឡុងកិច្ចបម្រើរបស់លោកយេស៊ូនៅស្រុកកាលីឡេ លោកបានជួបស្ត្រីម្នាក់ដែលមានជំងឺធ្លាក់ឈាមអស់១២ឆ្នាំ។ (ម៉ាក. ៥:២៥) ដោយសារបញ្ហាសុខភាពរបស់គាត់ តាមច្បាប់ព្រះគាត់គឺមិនស្អាតបរិសុទ្ធ ហើយអ្នកណាដែលប៉ះពាល់គាត់ក៏នឹងមិនស្អាតបរិសុទ្ធដែរ។ ដូច្នេះ គាត់ទំនងជាច្រើនតែនៅតែម្នាក់ឯង។ បន្ថែមទៅទៀត គាត់មិនអាចគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាមួយអ្នកឯទៀតនៅឯសាលាប្រជុំ ឬក្នុងអំឡុងពិធីបុណ្យទេ។ (ចល. ១៥:១៩, ២៥) ស្ត្រីនេះច្បាស់ជាឈឺចាប់ទាំងកាយទាំងចិត្ត។—ម៉ាក. ៥:២៦
៦. តើស្ត្រីដែលមានជំងឺធ្លាក់ឈាមបានធ្វើអ្វីដើម្បីជាសះស្បើយ?
៦ ដោយសារស្ត្រីនេះរងទុក្ខយ៉ាងខ្លាំង គាត់ចង់ឲ្យលោកយេស៊ូធ្វើឲ្យគាត់ជាសះស្បើយ។ ប៉ុន្តែ គាត់មិនបានសុំលោកធ្វើឲ្យគាត់ជាសះស្បើយទេ។ ហេតុអ្វី? គាត់ប្រហែលជាមានអារម្មណ៍អៀនខ្មាស ឬគាត់ប្រហែលជាភ័យខ្លាចថាលោកយេស៊ូនឹងស្ដីបន្ទោសគាត់ ដោយសារគាត់ចូលមកក្នុងក្រុមមនុស្សទាំងមិនស្អាតបរិសុទ្ធ។ គាត់ជឿជាក់ថាគាត់នឹងជាសះស្បើយ បើគាត់គ្រាន់តែពាល់សម្លៀកបំពាក់ក្រៅរបស់លោកយេស៊ូ។ (ម៉ាក. ៥:២៧, ២៨) គាត់បានទទួលពរចំពោះជំនឿរបស់គាត់។ រួចមក លោកយេស៊ូបានសួរថាតើអ្នកណាពាល់លោក ហើយគាត់បានសារភាពចំពោះអ្វីដែលគាត់បានធ្វើ។ ដូច្នេះ តើលោកយេស៊ូប្រព្រឹត្តយ៉ាងណាទៅលើគាត់?
៧. តើលោកយេស៊ូបានប្រព្រឹត្តយ៉ាងណាចំពោះស្ត្រីដែលរងទុក្ខវេទនានោះ? (ម៉ាកុស ៥:៣៤)
៧ លោកយេស៊ូបានប្រព្រឹត្តទៅលើស្ត្រីនោះដោយសប្បុរសនិងការគោរព។ លោកឃើញថាគាត់«ភ័យញាប់ញ័រ»។ (ម៉ាក. ៥:៣៣) ដូច្នេះ លោកបាននិយាយដោយសប្បុរសទៅកាន់គាត់និងលើកទឹកចិត្តគាត់។ លោកថែមទាំងហៅគាត់ថា៖ «កូនស្រី»។ ដោយប្រើពាក្យនេះ លោកយេស៊ូមិនគ្រាន់តែបង្ហាញការគោរពចំពោះគាត់ប៉ុណ្ណោះទេ តែលោកក៏បង្ហាញចិត្តសប្បុរសនិងសេចក្ដីស្រឡាញ់ដែរ។ (សូមអាន ម៉ាកុស ៥:៣៤) នៅក្នុងគម្ពីរ មានតែមួយដងនេះប៉ុណ្ណោះដែលលោកយេស៊ូបានហៅស្ត្រីថា«កូនស្រី»។ លោកទំនងជាប្រើពាក្យដ៏សប្បុរសនេះនៅក្នុងស្ថានភាពភាពនេះ ដោយសារលោកឃើញថាគាត់ភ័យខ្លាចជាខ្លាំង។ សូមស្រមៃថា តើគាត់ធូរចិត្តខ្លាំងយ៉ាងណា! បើលោកយេស៊ូមិនបានសម្រាលទុក្ខគាត់បែបនោះទេ គាត់ប្រហែលជាចេញទៅទាំងមានអារម្មណ៍បន្ទោសខ្លួន ទោះជាគាត់បានជាសះស្បើយក៏ដោយ។ ផ្ទុយទៅវិញ លោកយេស៊ូបានជួយគាត់ឲ្យយល់ថា គាត់ជាកូនស្រីដ៏មានតម្លៃរបស់បិតានៅស្ថានសួគ៌ដែលប្រកបដោយសេចក្ដីស្រឡាញ់។
៨. តើបងស្រីម្នាក់ពីប្រទេសប្រេស៊ីលមានការពិបាកអ្វីខ្លះ?
៨ នៅសព្វថ្ងៃនេះ អ្នកបម្រើរបស់ព្រះក៏មានបញ្ហាសុខភាពដែលប៉ះពាល់ដល់ផ្លូវចិត្តរបស់ពួកគេដែរ។ បងស្រីម៉ារៀaដែលជាអ្នកត្រួសត្រាយពេញពេលពីប្រទេសប្រេស៊ីល បានកើតមកទាំងគ្មានជើងទាំងសងខាង និងគ្មានកដៃឆ្វេង។ គាត់ពន្យល់ថា៖ «សិស្សរួមថ្នាក់បាននិយាយអាក្រក់មកកាន់ខ្ញុំជានិច្ច។ សូម្បីតែក្រុមគ្រួសារខ្ញុំ ក៏រើសអើងខ្ញុំដែរ»។
៩. តើអ្វីបានជួយបងម៉ារៀឲ្យដឹងថាគាត់មានតម្លៃចំពោះព្រះយេហូវ៉ា?
៩ តើបងម៉ារៀបានទទួលជំនួយតាមរបៀបណា? ពេលគាត់ក្លាយជាសាក្សីព្រះយេហូវ៉ា បងប្អូនរួមជំនឿបានសម្រាលទុក្ខគាត់និងជួយគាត់ឲ្យមានទស្សនៈចំពោះខ្លួនដូចព្រះយេហូវ៉ាមានចំពោះគាត់។ គាត់និយាយថា៖ «បងប្អូនជាច្រើននាក់បានជួយខ្ញុំ! ខ្ញុំអរគុណព្រះយេហូវ៉ាអស់ពីដួងចិត្តរបស់ខ្ញុំដែលបានផ្ដល់ក្រុមគ្រួសារដ៏អស្ចារ្យនេះ»។ បងប្អូនរួមជំនឿរបស់បងម៉ារៀបានជួយគាត់ឲ្យយល់ថាគាត់មានតម្លៃចំពោះព្រះ។
១០. តើម៉ារៀម៉ាក់ដាឡេនមានបញ្ហាអ្វី? (សូមមើលរូបភាពផងដែរ)
១០ សូមគិតអំពីរបៀបដែលលោកយេស៊ូបានជួយបុគ្គលម្នាក់ទៀត គឺម៉ារៀម៉ាក់ដាឡេន។ គាត់មានវិញ្ញាណកំណាច៧ចូល! (លូក. ៨:២) គាត់ទំនងជាប្រព្រឹត្តចម្លែកៗ ដោយសារគាត់នៅក្រោមឥទ្ធិពលរបស់ពួកវិញ្ញាណកំណាច ហើយជាលទ្ធផលអ្នកឯទៀតគេចចេញពីគាត់។ នៅគ្រាដ៏លំបាកនោះក្នុងជីវិតរបស់គាត់ គាត់ទំនងជាមានអារម្មណ៍ភ័យខ្លាច ហើយគិតថាគ្មាននរណាម្នាក់ស្រឡាញ់គាត់ឬអាចជួយគាត់បានទេ។ លោកយេស៊ូទំនងបានបណ្ដេញវិញ្ញាណកំណាចចេញពីគាត់ ហើយគាត់បានទៅជាអ្នកកាន់តាមដ៏ស្មោះត្រង់។ តើលោកយេស៊ូបានជួយម៉ារៀម៉ាក់ដាឡេនតាមរបៀបណាទៀតឲ្យយល់ថាគាត់មានតម្លៃចំពោះព្រះ?
តើលោកយេស៊ូបានបង្ហាញម៉ារៀម៉ាក់ដាឡេនថាគាត់មានតម្លៃចំពោះព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (សូមមើលវគ្គ១០-១១)
១១. តើលោកយេស៊ូបង្ហាញម៉ារៀម៉ាក់ដាឡេនយ៉ាងដូចម្ដេចថាគាត់មានតម្លៃចំពោះព្រះ? (សូមមើលរូបភាពផងដែរ)
១១ លោកយេស៊ូបានឲ្យម៉ារៀម៉ាក់ដាឡេនមានឯកសិទ្ធិធ្វើដំណើរជាមួយលោកនិងពួកអ្នកកាន់តាមលោក កាលដែលពួកគេផ្សព្វផ្សាយពីភូមិមួយទៅភូមិមួយ។b ជាលទ្ធផល គាត់អាចស្ដាប់លោកយេស៊ូពេលលោកបង្រៀនអ្នកឯទៀត។ ម្យ៉ាងទៀត លោកយេស៊ូបានលេចមកជួបគាត់នៅថ្ងៃដែលលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ។ គាត់នៅក្នុងចំណោមអ្នកកាន់តាមដំបូងដែលលោកយេស៊ូនិយាយជាមួយនៅថ្ងៃនោះ។ លោកយេស៊ូថែមទាំងបានចាត់គាត់ឲ្យទៅប្រាប់ពួកសាវ័ករបស់លោកថា លោកបានត្រូវប្រោសឲ្យរស់ឡើងវិញ។ តាមរបៀបទាំងអស់នេះ លោកយេស៊ូបានជួយគាត់ឲ្យដឹងថា គាត់ពិតជាមានតម្លៃចំពោះព្រះយេហូវ៉ា!—យ៉ូន. ២០:១១-១៨
១២. តើអ្វីធ្វើឲ្យបងលីឌាមានអារម្មណ៍ថាគាត់គ្មានតម្លៃ?
១២ ដូចម៉ារៀម៉ាក់ដាឡេន មនុស្សជាច្រើននៅសព្វថ្ងៃនេះមានអារម្មណ៍ថាពួកគេគ្មានតម្លៃ។ បងស្រីលីឌាពីប្រទេសអេស្ប៉ាញនិយាយថា មុនគាត់កើតមក ម្ដាយរបស់គាត់គិតចង់រម្លូតគាត់ចោល។ បងលីឌាចាំថាសូម្បីតែពេលដែលគាត់នៅក្មេងតូច ក៏ម្ដាយរបស់គាត់មិនអើពើនឹងគាត់ ហើយនិយាយអាក្រក់ៗដាក់គាត់។ គាត់និយាយថា៖ «ដោយសារម្ដាយរបស់ខ្ញុំមិនស្រឡាញ់ខ្ញុំ។ ខ្ញុំតែងតែចង់ឲ្យអ្នកឯទៀតស្រឡាញ់រាប់អានខ្ញុំ។ ប៉ុន្តែខ្ញុំខ្លាចថា អ្នកឯទៀតមិនអាចស្រឡាញ់ខ្ញុំបានទេ ព្រោះម្ដាយខ្ញុំធ្វើឲ្យខ្ញុំជឿជាក់ថា ខ្ញុំជាមនុស្សអាក្រក់»។
១៣. តើអ្វីបានជួយបងលីឌាឲ្យយល់ថាគាត់មានតម្លៃចំពោះព្រះយេហូវ៉ា?
១៣ ក្រោយពីបងលីឌាបានរៀនសេចក្ដីពិត ការអធិដ្ឋានទៅព្រះយេហូវ៉ា ការអានគម្ពីរ ព្រមទាំងពាក្យសប្បុរសនិងការប្រព្រឹត្តដ៏សប្បុរសរបស់បងប្អូនរួមជំនឿបានជួយគាត់ឲ្យដឹងថា គាត់មានតម្លៃចំពោះព្រះយេហូវ៉ា។ គាត់និយាយថា៖ «ប្ដីរបស់ខ្ញុំច្រើនតែប្រាប់ខ្ញុំថា គាត់ស្រឡាញ់ខ្ញុំខ្លាំងណាស់។ គាត់តែងតែរំលឹកខ្ញុំអំពីគុណសម្បត្តិរបស់ខ្ញុំ។ មិត្តភក្តិជាទីស្រឡាញ់របស់ខ្ញុំក៏បានធ្វើអីចឹងដាក់ខ្ញុំដែរ»។ តើអ្នកអាចគិតអំពីបុគ្គលណាម្នាក់ដែលត្រូវការជំនួយដើម្បីដឹងថាគាត់មានតម្លៃខ្លាំងចំពោះព្រះយេហូវ៉ាឬទេ?
តើតាមរបៀបណាយើងអាចមានទស្សនៈចំពោះខ្លួនដូចព្រះយេហូវ៉ាមានចំពោះយើង?
១៤. តើតាមរបៀបណាសាំយូអែលទី១ ១៦:៧ ជួយយើងឲ្យមានទស្សនៈចំពោះខ្លួនដូចព្រះយេហូវ៉ាមានចំពោះយើង? (សូមមើលផងដែរនូវប្រអប់ដែលមានចំណងជើងថា «ហេតុអ្វីព្រះយេហូវ៉ាឲ្យតម្លៃរាស្ត្ររបស់លោក?»)
១៤ សូមចាំថាទស្សនៈរបស់ព្រះយេហូវ៉ាចំពោះអ្នក គឺខុសពីទស្សនៈរបស់ពិភពលោកចំពោះអ្នក។ (សូមអាន សាំយូអែលទី១ ១៦:៧) លោកមិនវាយតម្លៃអ្នកដោយផ្អែកទៅលើសម្បកក្រៅ ឋានៈក្នុងសង្គម ឬការអប់រំនោះទេ។ (អេ. ៥៥:៨, ៩) ដូច្នេះ សូមព្យាយាមមានទស្សនៈចំពោះខ្លួនដូចលោកមានចំពោះអ្នក មិនមែនមានទស្សនៈដូចមនុស្សក្នុងពិភពលោកនេះទេ។ អ្នកអាចអានកំណត់ហេតុក្នុងគម្ពីរដែលបង្ហាញថា ព្រះយេហូវ៉ាឲ្យតម្លៃចំពោះពួកអ្នកដែលជួនកាលគិតថាខ្លួនគ្មានតម្លៃ ដូចជាអេលីយ៉ា ណាអូមី និងហាណា។ អ្នកក៏ប្រហែលជាចង់សរសេរទុកបទពិសោធន៍ផ្ទាល់ខ្លួនដែលបង្ហាញថា ព្រះយេហូវ៉ាពិតជាស្រឡាញ់និងឲ្យតម្លៃអ្នក។ បន្ថែមទៅទៀត អ្នកអាចមើលសាឡើងវិញនូវព័ត៌មានអំពីការគិតថាខ្លួនគ្មានតម្លៃក្នុងសៀវភៅរបស់យើង។c
១៥. ហេតុអ្វីបានជាព្រះយេហូវ៉ាចាត់ទុកដានីយ៉ែលថា«ជាបុគ្គលដ៏មានតម្លៃខ្លាំងណាស់»? (ដានីយ៉ែល ៩:២៣)
១៥ សូមទទួលស្គាល់ថាភាពស្មោះត្រង់របស់អ្នកធ្វើឲ្យអ្នកមានតម្លៃចំពោះព្រះយេហូវ៉ា។ នៅពេលមួយ ប្រហែលជាពេលអ្នកប្រកាសទំនាយដានីយ៉ែលមានអាយុ៩០ឆ្នាំក្រាស់ គាត់«អស់កម្លាំងជាខ្លាំង» ហើយធ្លាក់ទឹកចិត្ត។ (ដាន. ៩:២០, ២១) តើព្រះយេហូវ៉ាបានលើកទឹកចិត្តគាត់យ៉ាងដូចម្ដេច? ព្រះបានចាត់ទេវតាកាព្រីយ៉ែលឲ្យរំលឹកដានីយ៉ែលថា គាត់ជា«បុគ្គលដ៏មានតម្លៃខ្លាំងណាស់» ហើយថាព្រះបានឮសេចក្ដីអធិដ្ឋានរបស់គាត់។ (សូមអាន ដានីយ៉ែល ៩:២៣) ហេតុអ្វីដានីយ៉ែលមានតម្លៃខ្លាំងណាស់ចំពោះព្រះ? ពីព្រោះដានីយ៉ែលស្រឡាញ់អ្វីដែលសុចរិតនិងជាមនុស្សស្មោះត្រង់។ (អេគ. ១៤:១៤) ព្រះយេហូវ៉ាបានរក្សាទុកកំណត់ហេតុនោះក្នុងបណ្ដាំរបស់លោកដើម្បីសម្រាលទុក្ខយើង។ (រ៉ូម ១៥:៤) ព្រះយេហូវ៉ាក៏ស្ដាប់សេចក្ដីអធិដ្ឋានរបស់អ្នកនិងឲ្យតម្លៃអ្នក ចំពោះសេចក្ដីស្រឡាញ់ដែលអ្នកមានចំពោះអ្វីដែលសុចរិតនិងកិច្ចបម្រើដ៏ស្មោះត្រង់របស់អ្នកចំពោះលោក។—មីកា ៦:៨; ហេ. ៦:១០
១៦. តើអ្វីអាចជួយអ្នកឲ្យចាត់ទុកព្រះយេហូវ៉ាថាជាបិតាដែលស្រឡាញ់អ្នក?
១៦ សូមចាត់ទុកព្រះយេហូវ៉ាថាជាបិតាដែលស្រឡាញ់អ្នក។ លោកចង់ជួយអ្នក មិនមែនស្វែងរកកំហុសរបស់អ្នកទេ។ (ចសព. ១៣០:៣; ម៉ាថ. ៧:១១; លូក. ១២:៦, ៧) ការរំពឹងគិតទៅលើចំណុចនោះបានជួយមនុស្សជាច្រើនដែលមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ។ ជាឧទាហរណ៍ សូមគិតអំពីបងស្រីមីស្យែលពីប្រទេសអេស្ប៉ាញដែលមានអារម្មណ៍ថា ខ្លួនគ្មានតម្លៃនិងមិនបានត្រូវគេស្រឡាញ់ ដោយសារប្ដីរបស់គាត់បាននិយាយដោយគ្មានមេត្តាចំពោះគាត់អស់ជាច្រើនឆ្នាំ។ គាត់និយាយថា៖ «ពេលណាដែលខ្ញុំមានអារម្មណ៍ថាខ្លួនគ្មានប្រយោជន៍ ខ្ញុំព្យាយាមស្រមៃឃើញថា ព្រះយេហូវ៉ាបីបមខ្ញុំ ហើយផ្ដល់ឲ្យខ្ញុំនូវសេចក្ដីស្រឡាញ់និងការការពារ»។ (ចសព. ២៨:៩) បងស្រីឡូរេនពីប្រទេសអាហ្វ្រិកខាងត្បូង រំលឹកខ្លួនគាត់ថា៖ «បើព្រះយេហូវ៉ាបានទាញនាំខ្ញុំដោយខ្សែនៃសេចក្ដីស្រឡាញ់ ហើយរក្សាទុកខ្ញុំនៅជិតលោកអស់ជាច្រើនឆ្នាំកន្លងទៅនេះ ព្រមទាំងបានប្រើខ្ញុំដើម្បីបង្រៀនអ្នកឯទៀត លោកច្បាស់ជាចាត់ទុកខ្ញុំថាមានតម្លៃនិងមានប្រយោជន៍»។—ហូ. ១១:៤
១៧. តើអ្វីអាចជួយអ្នកឲ្យជឿជាក់ថាព្រះយេហូវ៉ាពេញចិត្តអ្នក? (ចម្រៀងសរសើរព្រះ ៥:១២) (សូមមើលរូបភាពផងដែរ)
១៧ ចូរជឿជាក់ថាព្រះយេហូវ៉ាពេញចិត្តអ្នក។ (សូមអាន ចម្រៀងសរសើរព្រះ ៥:១២) ដាវីឌបានប្រដូចការពេញចិត្តរបស់ព្រះយេហូវ៉ាទៅនឹង«ខែលដ៏ធំ»ដែលការពារមនុស្សសុចរិត។ ការដឹងថាព្រះយេហូវ៉ាពេញចិត្តនិងគាំទ្រអ្នក អាចការពារអ្នកពីការមិនឲ្យតម្លៃខ្លួន។ តើតាមរបៀបណាអ្នកអាចដឹងថាព្រះយេហូវ៉ាពេញចិត្តអ្នក? ដូចយើងបានឃើញ ព្រះយេហូវ៉ាបង្ហាញថាលោកពេញចិត្តយើងតាមរយៈបណ្ដាំរបស់លោក។ បន្ថែមទៅទៀត លោកប្រើពួកអ្នកចាស់ទុំ មិត្តភក្តិជិតស្និទ្ធនិងអ្នកឯទៀត ដើម្បីរំលឹកយើងថាយើងមានតម្លៃចំពោះលោក។ ពេលអ្នកទទួលការលើកទឹកចិត្តបែបនោះ តើអ្នកគួរមានប្រតិកម្មយ៉ាងណា?
ការដឹងថាព្រះយេហូវ៉ាពេញចិត្តយើងអាចជួយយើងឲ្យជៀសវាងពីការមិនឲ្យតម្លៃខ្លួន (សូមមើលវគ្គ១៧)
១៨. ហេតុអ្វីអ្នកគួរទទួលពាក្យសរសើរពីអ្នកឯទៀត?
១៨ សូមកុំបដិសេធពាក្យសរសើរដ៏ស្មោះអស់ពីចិត្ត ពីពួកអ្នកដែលស្គាល់និងស្រឡាញ់អ្នក។ ចូរចាំថាព្រះយេហូវ៉ាប្រហែលជាប្រើពួកគេដើម្បីជួយអ្នកឲ្យជឿជាក់ថាលោកពេញចិត្តអ្នក។ បងមីស្យែលដែលបានត្រូវរៀបរាប់នៅខាងលើនិយាយថា៖ «បន្តិចម្ដងៗ ខ្ញុំរៀនឲ្យចេះទទួលពាក្យសប្បុរសពីអ្នកឯទៀតនៅក្នុងចិត្តខ្ញុំ។ ខ្ញុំពិបាកជឿអ្វីល្អៗទាំងនេះអំពីខ្លួនឯង តែខ្ញុំដឹងថានេះជាអ្វីដែលព្រះយេហូវ៉ាចង់ឲ្យខ្ញុំធ្វើ»។ បងមីស្យែលបានទទួលប្រយោជន៍ពីការខំព្យាយាមដោយក្ដីស្រឡាញ់របស់ពួកអ្នកចាស់ទុំ។ ឥឡូវគាត់បម្រើជាអ្នកត្រួសត្រាយ ហើយធ្វើជាអ្នកស្ម័គ្រចិត្តជួយបេតអែលពីផ្ទះ។
១៩. ហេតុអ្វីអ្នកអាចជឿជាក់ថាអ្នកមានតម្លៃចំពោះព្រះ?
១៩ លោកយេស៊ូបានរំលឹកយើងយ៉ាងសប្បុរសថា យើងពិតជាមានតម្លៃចំពោះបិតានៅស្ថានសួគ៌របស់យើង។ (លូក. ១២:២៤) ដូច្នេះ យើងអាចជឿជាក់ថាយើងមានតម្លៃចំពោះព្រះយេហូវ៉ា។ សូមកុំភ្លេចចំណុចនេះឡើយ! ម្យ៉ាងទៀត សូមឲ្យយើងខំអស់ពីសមត្ថភាពដើម្បីជួយអ្នកឯទៀតឲ្យឃើញថាពួកគេមានតម្លៃចំពោះព្រះ!
ចម្រៀងលេខ១៣៩ សូមស្រមៃឃើញខ្លួននៅពិភពលោកថ្មី
a ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។
b តាមមើលទៅ ម៉ារៀម៉ាក់ដាឡេននៅក្នុងចំណោមស្ត្រីដែលធ្វើដំណើរជាមួយលោកយេស៊ូ។ ស្ត្រីទាំងនេះប្រើធនធានរបស់ខ្លួនដើម្បីបំពេញសេចក្ដីត្រូវការរបស់លោកយេស៊ូនិងពួកសាវ័ក។—ម៉ាថ. ២៧:៥៥, ៥៦; លូក. ៨:១-៣
c ជាឧទាហរណ៍ សូមមើលជំពូកទី២៤ ក្នុងសៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា ហើយអានបទគម្ពីរនិងកំណត់ហេតុគម្ពីរក្រោមប្រធានបទ«សង្ស័យ» ក្នុងសៀវភៅបទគម្ពីរសម្រាប់ជីវិតជាគ្រិស្តសាសនិក។