បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt អ្នកសម្រេចក្ដី ១:១-២១:២៥
  • អ្នកសម្រេចក្ដី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អ្នកសម្រេចក្ដី
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
អ្នកសម្រេចក្ដី

អ្នក​សម្រេច​ក្ដី

១ ក្រោយ​ពី​យ៉ូស្វេ​ទទួល​មរណភាព+ ជន​ជាតិ​អ៊ីស្រាអែល​បាន​សួរ​ព្រះ​យេហូវ៉ា​ថា​៖+ ​«​តើ​លោក​នឹង​ឲ្យ​កុលសម្ព័ន្ធ​មួយ​ណា​ឡើង​ទៅ​ច្បាំង​នឹង​ជន​ជាតិ​កាណាន​មុន​គេ?​»។ ២ ព្រះ​យេហូវ៉ា​ឆ្លើយ​ថា​៖ ​«​ចូរ​ឲ្យ​កុលសម្ព័ន្ធ​យូដា​ចេញ​ទៅ​ច្បាំង។+ មើល! ខ្ញុំ​នឹង​ប្រគល់*ទឹក​ដី​នោះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​គេ​»។ ៣ បន្ទាប់​មក កុលសម្ព័ន្ធ​យូដា​និយាយ​ទៅ​កុលសម្ព័ន្ធ​ស៊ីម្មាន​ជា​បង​ប្អូន​ថា​៖ ​«​សូម​ឡើង​មក​ជា​មួយ​នឹង​ពួក​ខ្ញុំ ដើម្បី​ច្បាំង​នឹង​ជន​ជាតិ​កាណាន​ក្នុង​ទឹក​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​ពួក​ខ្ញុំ។+ រួច​ពួក​ខ្ញុំ​នឹង​ទៅ​ជួយ​ពួក​អ្នក​នៅ​ទឹក​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​ពួក​អ្នក​វិញ​»។ ដូច្នេះ កុលសម្ព័ន្ធ​ស៊ីម្មាន​បាន​ទៅ​ជា​មួយ​នឹង​ពួក​គេ។

៤ ពេល​កុលសម្ព័ន្ធ​យូដា​ឡើង​ទៅ​ច្បាំង ព្រះ​យេហូវ៉ា​បាន​ប្រគល់​ជន​ជាតិ​កាណាន​និង​ជន​ជាតិ​ពេរិស៊ីត​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​គេ។+ ពួក​គេ​បាន​សម្លាប់​មនុស្ស​អស់​១០.០០០​នាក់​នៅ​ប៊ីសាក។ ៥ នៅ​ទី​នោះ ពួក​គេ​បាន​ជួប​អាដូណាយប៊ីសាក រួច​ពួក​គេ​ប្រយុទ្ធ​នឹង​គាត់ ថែម​ទាំង​បាន​ច្បាំង​ឈ្នះ​ជន​ជាតិ​កាណាន+និង​ជន​ជាតិ​ពេរិស៊ីត+ទៀត​ផង។ ៦ ពេល​នោះ អាដូណាយប៊ីសាក​រត់​គេច​ខ្លួន ពួក​គេ​ក៏​ដេញ​តាម ហើយ​ចាប់​គាត់​បាន រួច​កាត់​មេ​ដៃ​និង​មេ​ជើង​របស់​គាត់។ ៧ បន្ទាប់​មក អាដូណាយប៊ីសាក​និយាយ​ថា​៖ ​«​ខ្ញុំ​ធ្លាប់​កាត់​មេ​ដៃ​និង​មេ​ជើង​របស់​ស្ដេច​៧០​នាក់ ហើយ​ស្ដេច​ទាំង​នោះ​រើស​អាហារ​ដែល​ជ្រុះ​នៅ​ក្រោម​តុ​របស់​ខ្ញុំ។ ឥឡូវ ព្រះ​បាន​ធ្វើ​ចំពោះ​ខ្ញុំ ដូច​ខ្ញុំ​បាន​ធ្វើ​ចំពោះ​ស្ដេច​ទាំង​នោះ​ដែរ​»។ ក្រោយ​មក ពួក​គេ​នាំ​គាត់​ទៅ​ក្រុង​យេរូសាឡិម*+ ហើយ​គាត់​បាន​ស្លាប់​នៅ​ទី​នោះ។

៨ ពួក​បុរស​យូដា​ច្បាំង​ដណ្ដើម​យក​បាន​ក្រុង​យេរូសាឡិម។+ ពួក​គេ​បាន​សម្លាប់​មនុស្ស​ក្នុង​ក្រុង​នោះ ហើយ​ដុត​ក្រុង​នោះ​ចោល។ ៩ បន្ទាប់​មក ពួក​បុរស​យូដា​បាន​ទៅ​ច្បាំង​នឹង​ជន​ជាតិ​កាណាន​ដែល​អាស្រ័យ​នៅ​តំបន់​ភ្នំ តំបន់​ណេកេប និង​តំបន់​សេភីឡា។+ ១០ រួច​ពួក​គេ​ទៅ​ច្បាំង​នឹង​ជន​ជាតិ​កាណាន​ដែល​រស់​នៅ​ក្រុង​ហេប្រុន (​កាល​ពី​ដើម​ក្រុង​ហេប្រុន​មាន​ឈ្មោះ​ថា ក្រុង​គារីអាតអាបា​) ហើយ​ពួក​គេ​បាន​សម្លាប់​សេសាយ អាហាយមេន និង​តាល់ម៉ាយ។*+

១១ ពួក​គេ​បាន​ចាក​ចេញ​ពី​ទី​នោះ​ទៅ​ច្បាំង​នឹង​ពួក​អ្នក​ក្រុង​ដេបៀរ+ (​ពី​មុន​ក្រុង​ដេបៀរ​មាន​ឈ្មោះ​ថា ក្រុង​គារីអាតស៊ីផឺ​)។+ ១២ ក្រោយ​មក កាលែប+និយាយ​ថា​៖ ​«​បើ​អ្នក​ណា​ម្នាក់​អាច​ច្បាំង​ដណ្ដើម​យក​បាន​ក្រុង​គារីអាតស៊ីផឺ នោះ​ខ្ញុំ​នឹង​លើក​អាកសា​កូន​ស្រី​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​នោះ​»។+ ១៣ អុតនាល+ជា​កូន​ប្រុស​កេណាស*+ និង​ត្រូវ​ជា​ក្មួយ​របស់​កាលែប បាន​ដណ្ដើម​យក​ក្រុង​នោះ។ ដូច្នេះ កាលែប​បាន​លើក​អាកសា​កូន​ស្រី​គាត់​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​អុតនាល។ ១៤ កាល​ដែល​អាកសា​កំពុង​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ប្ដី​របស់​នាង នាង​ក៏​ប្រាប់​ប្ដី​ឲ្យ​សុំ​ដី​មួយ​កន្លែង​ពី​ឪពុក​នាង។ ពេល​នាង​ចុះ​ពី​លើ​ខ្នង​លា* កាលែប​សួរ​នាង​ថា​៖ ​«​តើ​កូន​ចង់​បាន​អ្វី?​»។ ១៥ នាង​ឆ្លើយ​ថា​៖ ​«​សូម​លោក​ឪពុក​ឲ្យ​ពរ​ខ្ញុំ គឺ​ឲ្យ​កូឡូតម៉េម*ជា​អំណោយ​សម្រាប់​ខ្ញុំ ព្រោះ​ដី​ដែល​លោក​ឪពុក​ឲ្យ​ខ្ញុំ​នៅ​ខាង​ត្បូង*នោះ​ជា​ដី​ស្ងួត​»។ កាលែប​ក៏​ឲ្យ​កូឡូតខាងលើ និង​កូឡូតខាងក្រោម​ទៅ​នាង។

១៦ រីឯ​ជន​ជាតិ​កែន+ដែល​ជា​កូន​ចៅ​របស់​ឪពុក​ក្មេក​ម៉ូសេ+ និង​មនុស្ស​ក្នុង​កុលសម្ព័ន្ធ​យូដា​បាន​ចេញ​ពី​ក្រុង​ដើម​លម៉ើ+ ទៅ​តំបន់​ស្ងាត់​ជ្រងំ​ស្រុក​យូដា​ដែល​នៅ​ខាង​ត្បូង​ក្រុង​អេរ៉ាត។+ ពួក​គេ​បាន​ចូល​ទៅ​តាំង​លំនៅ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​នៅ​តំបន់​នោះ។+ ១៧ ប៉ុន្តែ កុលសម្ព័ន្ធ​យូដា​និង​កុលសម្ព័ន្ធ​ស៊ីម្មាន​ដែល​ជា​បង​ប្អូន បាន​នាំ​គ្នា​ឡើង​ទៅ​វាយ​ប្រហារ​ជន​ជាតិ​កាណាន​ដែល​រស់​នៅ​ក្រុង​សេផាត ហើយ​បំផ្លាញ​ក្រុង​នោះ​ចោល​ខ្ទេច​ខ្ទី​អស់​គ្មាន​សល់។+ ពួក​គេ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា​ក្រុង​ហោម៉ា។*+ ១៨ រួច​មក កុលសម្ព័ន្ធ​យូដា​ចាប់​យក​ក្រុង​កាសា+ ក្រុង​អាសកាឡូន+ និង​ក្រុង​អេក្រុន+ ព្រម​ទាំង​ទឹក​ដី​របស់​ក្រុង​ទាំង​នោះ។ ១៩ ព្រះ​យេហូវ៉ា​បាន​នៅ​ជា​មួយ​នឹង​កុលសម្ព័ន្ធ​យូដា។ ពួក​គេ​បាន​ចូល​ទៅ​គ្រប់​គ្រង​តំបន់​ភ្នំ តែ​ពួក​គេ​មិន​អាច​បណ្ដេញ​ពួក​អ្នក​ដែល​រស់​នៅ​តាម​វាល​ទំនាប​ចេញ​បាន​ទេ ដោយ​សារ​ពួក​អ្នក​ទាំង​នោះ​មាន​រទេះ​ចម្បាំង​ដែល​មាន​ដែក​វែង​មុត​ស្រួច​ចេញ​ពី​ដុំ​កង់​រទេះ។+ ២០ កុលសម្ព័ន្ធ​យូដា​បាន​ឲ្យ​ក្រុង​ហេប្រុន​ទៅ​កាលែប ដូច​ដែល​ម៉ូសេ​បាន​សន្យា។+ កាលែប​បាន​បណ្ដេញ​កូន​ចៅ​បី​នាក់​របស់​អេណាក់​ចេញ​ពី​ទី​នោះ។+

២១ ប៉ុន្តែ កុលសម្ព័ន្ធ​បេនយ៉ាមីន​មិន​បាន​បណ្ដេញ​ជន​ជាតិ​យេប៊ូស​ដែល​រស់​នៅ​ក្នុង​ក្រុង​យេរូសាឡិម​ចេញ​ទេ។ ហេតុ​នេះ ជន​ជាតិ​យេប៊ូស​នៅ​តែ​រស់​នៅ​ក្នុង​ចំណោម​កុលសម្ព័ន្ធ​បេនយ៉ាមីន​ក្នុង​ក្រុង​យេរូសាឡិម រហូត​មក​ដល់​សព្វ​ថ្ងៃ។+

២២ ដំណាល​គ្នា​នោះ កូន​ចៅ​យ៉ូសែប+បាន​ធ្វើ​ដំណើរ​ចេញ​ទៅ​ដើម្បី​ច្បាំង​នឹង​ក្រុង​បេតអែល ហើយ​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​ពួក​គេ។+ ២៣ កូន​ចៅ​យ៉ូសែប​បាន​ចាត់​ពួក​បុរស​ខ្លះ​ឲ្យ​ទៅ​ស៊ើបការណ៍​នៅ​ក្រុង​បេតអែល (​កាល​ពី​ដើម​ក្រុង​បេតអែល​មាន​ឈ្មោះ​ថា ក្រុង​លូស​)។+ ២៤ ពេល​ពួក​អ្នក​ស៊ើបការណ៍​ឃើញ​បុរស​ម្នាក់​កំពុង​ចេញ​ពី​ក្រុង ពួក​គេ​និយាយ​ទៅ​បុរស​នោះ​ថា​៖ ​«​សូម​បង្ហាញ​ផ្លូវ​ពួក​យើង ដើម្បី​ពួក​យើង​ចូល​ទៅ​ក្នុង​ក្រុង​នោះ ហើយ​ពួក​យើង​នឹង​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​អ្នក​វិញ​»។* ២៥ ដូច្នេះ បុរស​នោះ​ក៏​បង្ហាញ​ផ្លូវ​ពួក​គេ​ចូល​ទៅ​ក្នុង​ក្រុង​នោះ។ ពួក​គេ​បាន​សម្លាប់​ពួក​អ្នក​ក្រុង​នោះ តែ​អនុញ្ញាត​ឲ្យ​បុរស​នោះ​និង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​មូល​ចាក​ចេញ​ទៅ។+ ២៦ បុរស​នោះ​បាន​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន​ជាតិ​ហេត ហើយ​សង់​ក្រុង​មួយ​នៅ​ទី​នោះ រួច​ដាក់​ឈ្មោះ​ថា​ក្រុង​លូស។ ឈ្មោះ​ក្រុង​នោះ​នៅ​ជាប់​រហូត​ដល់​សព្វ​ថ្ងៃ។

២៧ កុលសម្ព័ន្ធ​ម៉ាណាសេ​មិន​បាន​ចាប់​យក​ក្រុង​បេតសៀន ក្រុង​ថេអាណាក+ ក្រុង​ដោ ក្រុង​អ៊ីបលាម និង​ក្រុង​មេគីដោ ព្រម​ទាំង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំ​វិញ​ក្រុង​ទាំង​នោះ​ទេ។+ ដូច្នេះ ជន​ជាតិ​កាណាន​តាំង​ចិត្ត​រស់​នៅ​ក្នុង​ទឹក​ដី​នោះ​ត​ទៅ​ទៀត។ ២៨ ពេល​កូន​ចៅ​អ៊ីស្រាអែល​មាន​អំណាច​កាន់​តែ​រឹង​មាំ ពួក​គេ​បង្ខំ​ជន​ជាតិ​កាណាន​ឲ្យ​ធ្វើ​ការ​យ៉ាង​លំបាក+ តែ​ពួក​គេ​មិន​បាន​បណ្ដេញ​ជន​ជាតិ​កាណាន​ចេញ​ឲ្យ​អស់​ពី​ទឹក​ដី​នោះ​ឡើយ។+

២៩ កុលសម្ព័ន្ធ​អេប្រាអ៊ីម​ក៏​មិន​បាន​បណ្ដេញ​ជន​ជាតិ​កាណាន​ដែល​រស់​នៅ​ក្នុង​ក្រុង​គីសឺ​ចេញ​ដែរ។ ហេតុ​នេះ នៅ​តែ​មាន​ជន​ជាតិ​កាណាន​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ​ក្នុង​ក្រុង​គីសឺ។+

៣០ កុលសម្ព័ន្ធ​សេប៊ូឡូន​មិន​បាន​បណ្ដេញ​ពួក​អ្នក​ក្រុង​គីត្រុន និង​ពួក​អ្នក​ក្រុង​ណាហាឡូល​ចេញ​ទេ។+ ដូច្នេះ ជន​ជាតិ​កាណាន​បន្ត​រស់​នៅ​ក្នុង​ចំណោម​កុលសម្ព័ន្ធ​សេប៊ូឡូន ហើយ​ជន​ជាតិ​កាណាន​បាន​ត្រូវ​ដាក់​ឲ្យ​ធ្វើ​ការ​យ៉ាង​លំបាក។+

៣១ កុលសម្ព័ន្ធ​អេស៊ើរ​មិន​បាន​បណ្ដេញ​ពួក​អ្នក​ក្រុង​អាកូរ ពួក​អ្នក​ក្រុង​ស៊ីដូន+ ពួក​អ្នក​ក្រុង​អាឡាប់ ពួក​អ្នក​ក្រុង​អាក់ស៊ីប+ ពួក​អ្នក​ក្រុង​ហេលបា ពួក​អ្នក​ក្រុង​អាផេក+ និង​ពួក​អ្នក​ក្រុង​រេហុប+ចេញ​ឡើយ។ ៣២ ដូច្នេះ កុលសម្ព័ន្ធ​អេស៊ើរ​បន្ត​រស់​នៅ​ក្នុង​ចំណោម​ជន​ជាតិ​កាណាន​ដែល​អាស្រ័យ​នៅ​ក្នុង​ទឹក​ដី​នោះ ពី​ព្រោះ​ពួក​គេ​មិន​បាន​បណ្ដេញ​ជន​ជាតិ​កាណាន​ចេញ​ទេ។

៣៣ កុលសម្ព័ន្ធ​ណែបថាលី​មិន​បាន​បណ្ដេញ​ពួក​អ្នក​ក្រុង​បេតសេមែស និង​ពួក​អ្នក​ក្រុង​បេតអាណាត​ចេញ​ទេ។+ កុលសម្ព័ន្ធ​ណែបថាលី​បន្ត​រស់​នៅ​ក្នុង​ចំណោម​ជន​ជាតិ​កាណាន​ក្នុង​ទឹក​ដី​នោះ។+ ប៉ុន្តែ ពួក​គេ​បាន​តម្រូវ​ឲ្យ​ពួក​អ្នក​ក្រុង​បេតសេមែស និង​ពួក​អ្នក​ក្រុង​បេតអាណាត​ធ្វើ​ការ​យ៉ាង​លំបាក។

៣៤ ជន​ជាតិ​អាម៉ូរី​មិន​ឲ្យ​កុលសម្ព័ន្ធ​ដាន់​ចុះ​មក​រស់​នៅ​វាល​ទំនាប​ឡើយ។ ដូច្នេះ កុលសម្ព័ន្ធ​ដាន់​ត្រូវ​តែ​រស់​នៅ​ក្នុង​ទឹក​ដី​តំបន់​ភ្នំ​បន្ត​ទៀត។+ ៣៥ ជន​ជាតិ​អាម៉ូរី​បាន​តាំង​ចិត្ត​រស់​នៅ​ភ្នំ​ហេរែស ក្រុង​អៃយ៉ាឡូន+ និង​ក្រុង​ស្អាលប៊ីម​ត​ទៅ​ទៀត។+ ប៉ុន្តែ ពេល​កូន​ចៅ​យ៉ូសែប​មាន​អំណាច​កាន់​តែ​រឹង​មាំ ពួក​គេ​បង្ខំ​ជន​ជាតិ​អាម៉ូរី​ឲ្យ​ធ្វើ​ការ​យ៉ាង​លំបាក។ ៣៦ ទឹក​ដី​របស់​ជន​ជាតិ​អាម៉ូរី​លាត​សន្ធឹង​ចាប់​ពី​អាក្រាប៊ីម+ និង​ពី​សេឡា​ឡើង​ទៅ​ដល់​តំបន់​ភ្នំ។

២ ក្រោយ​មក ទេវតា​របស់​ព្រះ​យេហូវ៉ា+បាន​ចេញ​ពី​ក្រុង​គីលកាល+ ហើយ​លេច​មក​នៅ​បូគីម រួច​និយាយ​ទៅ​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ​«​ខ្ញុំ​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប​ចូល​មក​ទឹក​ដី​ដែល​ខ្ញុំ​បាន​ស្បថ​នឹង​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា។+ ខ្ញុំ​ក៏​បាន​និយាយ​ថែម​ទៀត​ថា​៖ ‹ខ្ញុំ​នឹង​មិន​បំពាន​លើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ឡើយ។+ ២ ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​មិន​ត្រូវ​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ពួក​អ្នក​ស្រុក​នេះ​ទេ។+ អ្នក​រាល់​គ្នា​ត្រូវ​បំផ្លាញ​ទី​បូជា​ទាំង​ប៉ុន្មាន​របស់​ពួក​គេ›។+ ក៏​ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​បង្គាប់​ខ្ញុំ​ទេ។+ ហេតុ​អ្វី​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ? ៣ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​ទៀត​ថា​៖ ‹ខ្ញុំ​នឹង​មិន​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ឡើយ។+ ពួក​គេ​នឹង​ទៅ​ជា​អន្ទាក់​ដល់​អ្នក​រាល់​គ្នា+ ហើយ​ព្រះ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​នឹង​ទាញ​នាំ​អ្នក​រាល់​គ្នា​ចេញ​ឆ្ងាយ​ពី​ខ្ញុំ›​»។+

៤ ពេល​ទេវតា​របស់​ព្រះ​យេហូវ៉ា​និយាយ​ពាក្យ​ទាំង​នោះ​ប្រាប់​ដល់​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់ ពួក​គេ​ក៏​តាំង​ស្រែក​ទ្រហោ​យំ។ ៥ ដូច្នេះ ពួក​គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា បូគីម* ហើយ​ពួក​គេ​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា​នៅ​ទី​នោះ។

៦ យ៉ូស្វេ​ក៏​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ត្រឡប់​ទៅ​ទឹក​ដី​ជា​មត៌ក​របស់​ពួក​គេ​រៀង​ៗ​​ខ្លួន​វិញ។+ ៧ ជន​ជាតិ​អ៊ីស្រាអែល​បន្ត​បម្រើ​ព្រះ​យេហូវ៉ា រហូត​ដល់​យ៉ូស្វេ​ស្លាប់ និង​រហូត​ដល់​ពួក​បុរស​ចាស់​ទុំ​ដែល​មាន​អាយុ​វែង​ជាង​យ៉ូស្វេ​បាន​ស្លាប់ គឺ​ពួក​បុរស​ចាស់​ទុំ​ដែល​បាន​ឃើញ​ការ​អស្ចារ្យ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដើម្បី​ជន​ជាតិ​អ៊ីស្រាអែល។+ ៨ យ៉ូស្វេ​កូន​ប្រុស​នុន​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា គាត់​បាន​ទទួល​មរណភាព​នៅ​អាយុ​១១០​ឆ្នាំ។+ ៩ ពួក​គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ទឹក​ដី​ជា​មត៌ក​របស់​គាត់ គឺ​ក្នុង​ក្រុង​ធីមណាតហេរេស+នៃ​តំបន់​ភ្នំ​ស្រុក​អេប្រាអ៊ីម​ដែល​នៅ​ខាង​ជើង​ភ្នំ​កាអាស។+ ១០ ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​នៅ​ជំនាន់​នោះ​បាន​ស្លាប់​ទៅ រួច​កូន​ចៅ​ជំនាន់​ក្រោយ​ដែល​កើត​មក ពួក​គេ​មិន​ស្គាល់​ព្រះ​យេហូវ៉ា​ទេ ហើយ​ក៏​មិន​ដឹង​អំពី​អ្វី​ដែល​លោក​បាន​ធ្វើ​សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដែរ។

១១ ម្ល៉ោះ​ហើយ បណ្ដា​ជន​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​អំពើ​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ថែម​ទាំង​ទៅ​បម្រើ*ព្រះ​បាល​ទៀត​ផង។+ ១២ ពួក​គេ​បោះ​បង់​ចោល​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​បុព្វ​បុរស​ពួក​គេ ដែល​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេហ្ស៊ីប។+ ពួក​គេ​បែរ​ជា​ទៅ​លំឱន​កាយ​គោរព​ព្រះ​ផ្សេង​ៗ ជា​ព្រះ​របស់​ជន​ជាតិ​នា​នា​ដែល​នៅ​ជុំ​វិញ​ពួក​គេ។ នេះ​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ខឹង។+ ១៣ ពួក​គេ​បាន​បោះ​បង់​ចោល​ព្រះ​យេហូវ៉ា ហើយ​ទៅ​បម្រើ​រូប​ព្រះ​បាល​និង​រូប​ព្រះ​អាសថារ៉ូត។+ ១៤ នេះ​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ខឹង​ជន​ជាតិ​អ៊ីស្រាអែល​ខ្លាំង​ណាស់ រហូត​ដល់​លោក​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​សត្រូវ ដោយ​ទុក​ឲ្យ​អ្នក​ទាំង​នោះ​លួច​ប្លន់​ពួក​គេ។+ លោក​ឲ្យ*ពួក​គេ​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​ពួក​សត្រូវ​ដែល​នៅ​ជុំ​វិញ+ រហូត​ដល់​ពួក​គេ​មិន​អាច​តស៊ូ​នឹង​ពួក​សត្រូវ​បាន​ទៀត។+ ១៥ នៅ​កន្លែង​ណា​ក៏​ដោយ​ដែល​ពួក​គេ​ទៅ ព្រះ​យេហូវ៉ា​តែង​តែ​ប្រឆាំង​នឹង​ពួក​គេ ដោយ​នាំ​អន្តរាយ​ទៅ​លើ​ពួក​គេ+ ដូច​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍ និង​ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​ស្បថ។+ ជា​លទ្ធផល ពួក​គេ​ជួប​ទុក្ខ​លំបាក​ខ្លាំង​ក្រៃ​លែង។+ ១៦ ដូច្នេះ ព្រះ​យេហូវ៉ា​ក៏​តែង​តាំង​ឲ្យ​មាន​ពួក​អ្នក​សម្រេច​ក្ដី ដើម្បី​ជួយ​សង្គ្រោះ​ពួក​គេ​ពី​កណ្ដាប់​ដៃ​សត្រូវ​ទាំង​ឡាយ។+

១៧ ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្ដាប់​អ្នក​សម្រេច​ក្ដី​ណា​ម្នាក់​ឡើយ ពួក​គេ​បែរ​ជា​ហ៊ាន​ផិត​ក្បត់​ទៅ​តាម​ព្រះ​ដទៃ ហើយ​ទៅ​ឱន​គោរព​បូជា​ព្រះ​ទាំង​នោះ។ ពួក​គេ​បោះ​បង់​ចោល​យ៉ាង​ឆាប់​នូវ​ផ្លូវ​ដែល​បុព្វ​បុរស​របស់​ពួក​គេ​ធ្លាប់​ដើរ។ បុព្វ​បុរស​របស់​ពួក​គេ​បាន​ធ្វើ​តាម​បញ្ញត្តិ​របស់​ព្រះ​យេហូវ៉ា+ តែ​ពួក​គេ​មិន​ធ្វើ​តាម​ទេ។ ១៨ រាល់​ដង​ដែល​ព្រះ​យេហូវ៉ា​តែង​តាំង​អ្នក​សម្រេច​ក្ដី​ណា​ម្នាក់​សម្រាប់​ពួក​គេ+ ព្រះ​យេហូវ៉ា​តែង​នៅ​ជា​មួយ​នឹង​អ្នក​នោះ ហើយ​សង្គ្រោះ​ពួក​គេ​ពី​កណ្ដាប់​ដៃ​របស់​ពួក​សត្រូវ រហូត​ដល់​អស់​មួយ​ជីវិត​របស់​អ្នក​សម្រេច​ក្ដី​នោះ ព្រោះ​ព្រះ​យេហូវ៉ា​អាណិត​អាសូរ*ពួក​គេ។+ នេះ​ដោយ​សារ​ពួក​គេ​ស្រែក​ថ្ងូរ ព្រោះ​តែ​ពួក​សត្រូវ​សង្កត់​សង្កិន+និង​ធ្វើ​បាប​ពួក​គេ​យ៉ាង​សាហាវ។

១៩ ប៉ុន្តែ ពេល​ណា​ដែល​អ្នក​សម្រេច​ក្ដី​ស្លាប់​ទៅ ពេល​នោះ​ពួក​គេ​ក៏​ប្រព្រឹត្ត​អាក្រក់​ខ្លាំង​ជាង​បុព្វ​បុរស​របស់​ពួក​គេ​ទៅ​ទៀត ដោយ​ធ្វើ​តាម​ព្រះ​ផ្សេង​ៗ ហើយ​ឱន​គោរព​ព្រះ​ទាំង​នោះ។+ ពួក​គេ​មិន​ព្រម​កែ​ប្រែ​ការ​ប្រព្រឹត្ត​និង​ចរិត​រឹង​ចចេស​របស់​ពួក​គេ​ឡើយ។ ២០ នៅ​ទី​បំផុត ព្រះ​យេហូវ៉ា​មាន​កំហឹង​នឹង​ជន​ជាតិ​អ៊ីស្រាអែល។+ ដូច្នេះ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ដោយ​សារ​ជន​ជាតិ​នេះ​មិនស្ដាប់​បង្គាប់ខ្ញុំ+ ហើយ​បាន​បំពាន​លើ​កិច្ច​ព្រម​ព្រៀង+ដែល​ខ្ញុំ​បាន​ឲ្យ​ដល់​បុព្វ​បុរស​របស់​ពួក​គេ ២១ នោះ​ខ្ញុំ​នឹង​មិន​បណ្ដេញ​ប្រជា​ជាតិ​ណា​មួយ​ចេញ​ពី​មុខ​ពួក​គេ​ឡើយ គឺ​ប្រជា​ជាតិ​ទាំង​ប៉ុន្មាន​ដែល​នៅ​សល់​ក្រោយ​ពី​យ៉ូស្វេ​ស្លាប់។+ ២២ នេះ​ដើម្បី​ល្បង​ល​ឲ្យ​ដឹង​ថា តើ​ជន​ជាតិ​អ៊ីស្រាអែល​នឹង​បន្ត​ដើរ​តាម​ផ្លូវ​របស់​ព្រះ​យេហូវ៉ា+ដូច​បុព្វបុរស​ពួក​គេ​ឬ​យ៉ាង​ណា?​»។ ២៣ ហេតុ​នេះ ព្រះ​យេហូវ៉ា​ទុក​ឲ្យ​ប្រជា​ជាតិ​ទាំង​នោះ​ស្នាក់​នៅ​ទឹក​ដី​នោះ​ត​ទៅ​ទៀត។ លោក​មិន​បាន​បណ្ដេញ​ពួក​គេ​ចេញ​ជា​បន្ទាន់​ឡើយ ហើយ​លោក​ក៏​មិន​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​យ៉ូស្វេ​ដែរ។

៣ ព្រះ​យេហូវ៉ា​ទុក​ឲ្យ​ប្រជា​ជាតិ​ទាំង​នេះ​នៅ​សល់ ដើម្បី​ល្បង​ល​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ដែល​មិន​ធ្លាប់​ចូល​សមរភូមិ​ច្បាំង​នឹង​ជន​ជាតិ​កាណាន+ ២ (​នេះ​គឺ​ដើម្បី​ឲ្យ​កូន​ចៅ​អ៊ីស្រាអែល​ជំនាន់​ក្រោយ​មាន​បទ​ពិសោធន៍​ធ្វើ​សង្គ្រាម ដោយ​សារ​ពួក​គេ​មិន​ធ្លាប់​ជួប​ស្ថានភាព​បែប​នោះ​ទេ​)។ ៣ ពួក​អ្នក​ទាំង​នេះ​មាន មេ​ដឹក​នាំ​ទាំង​ប្រាំ​នាក់​របស់​ពួក​ភីលីស្ទីន+ ជន​ជាតិ​កាណាន​ទាំង​អស់ ពួក​អ្នក​ក្រុង​ស៊ីដូន+ និង​ជន​ជាតិ​ហេវី+ដែល​រស់​នៅ​លើ​ភ្នំ​លីបង់+ ចាប់​ពី​ភ្នំ​បាលហឺម៉ូន លាត​សន្ធឹង​ដល់​លេបូហាម៉ាត។*+ ៤ ពួក​គេ​បាន​ត្រូវ​ទុក​ឲ្យ​រស់​នៅ ដើម្បី​ល្បង​ល​ឲ្យ​ដឹង​ថា តើ​ជន​ជាតិ​អ៊ីស្រាអែល​នឹង​ធ្វើ​តាម​បញ្ញត្តិ​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​បុព្វ​បុរស​ពួក​គេ​តាម​រយៈ​ម៉ូសេ​ឬ​យ៉ាង​ណា?+ ៥ ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​ក៏​បន្ត​រស់​នៅ​ក្នុង​ចំណោម​ជន​ជាតិ​កាណាន+ ជន​ជាតិ​ហេត ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ពេរិស៊ីត ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស។ ៦ ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​កូន​ប្រុស​ខ្លួន​យក​កូន​ស្រី​ៗ​របស់​ជន​ជាតិ​ទាំង​នេះ​ធ្វើ​ជា​ប្រពន្ធ ហើយ​លើក​កូន​ស្រី​ខ្លួន​ឲ្យ​ទៅ​កូន​ប្រុស​ៗ​របស់​ពួក​គេ។ ជន​ជាតិ​អ៊ីស្រាអែល​ចាប់​ផ្ដើម​បម្រើ​ព្រះ​ផ្សេង​ៗ​របស់​ជន​ជាតិ​ទាំង​នេះ។+

៧ ម្ល៉ោះ​ហើយ ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​អំពើ​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ហើយ​ពួក​គេ​ភ្លេច​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​គេ រួច​បែរ​ទៅ​គោរព​បូជា​ព្រះ​បាល+និង​បង្គោល​ឈើ​ពិសិដ្ឋ។*+ ៨ ហេតុ​នេះ ព្រះ​យេហូវ៉ា​ខឹង​ជន​ជាតិ​អ៊ីស្រាអែល​ខ្លាំង​ណាស់ បាន​ជា​លោក​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​គូសានរីសាថេម​ដែល​ជា​ស្ដេច​នៃ​តំបន់​មេសូប៉ូតាមា។* ជន​ជាតិ​អ៊ីស្រាអែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ស្ដេច​គូសានរីសាថេម​អស់​រយៈ​ពេល​៨​ឆ្នាំ។ ៩ ពេល​ជន​ជាតិ​អ៊ីស្រាអែល​ស្រែក​រក​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ+ ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ឲ្យ​មាន​អ្នក​សង្គ្រោះ​ម្នាក់។+ អ្នក​នោះ​ឈ្មោះ​អុតនាល+ជា​កូន​ប្រុស​កេណាស និង​ត្រូវ​ជា​ក្មួយ​របស់​កាលែប។ ១០ ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​ក៏​មាន​ឥទ្ធិពល​ទៅ​លើ​អុតនាល+ ហើយ​គាត់​បាន​ទៅ​ជា​អ្នក​សម្រេច​ក្ដី​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ពេល​គាត់​ចេញ​ទៅ​ច្បាំង ព្រះ​យេហូវ៉ា​បាន​ប្រគល់​គូសានរីសាថេម​ជា​ស្ដេច​នៃ​តំបន់​មេសូប៉ូតាមា*ទៅ​ក្នុង​កណ្ដាប់​ដៃ​គាត់ បាន​ជា​គាត់​អាច​យក​ឈ្នះ​គូសានរីសាថេម​បាន។ ១១ រួច​ទឹក​ដី​នោះ​មាន​សេចក្ដី​សុខ​សាន្ត​អស់​រយៈ​ពេល​៤០​ឆ្នាំ។ ក្រោយ​មក អុតនាល​កូន​ប្រុស​កេណាស​បាន​ទទួល​មរណភាព។

១២ ម្ដង​ទៀត ជន​ជាតិ​អ៊ីស្រាអែល​បាន​ចាប់​ផ្ដើម​ប្រព្រឹត្ត​អំពើ​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។+ ហេតុ​នេះ ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​អេកឡូន​ជា​ស្ដេច​ស្រុក​ម៉ូអាប់+មាន​ប្រៀប​លើ​ពួក​គេ ដោយ​សារ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។ ១៣ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អេកឡូន​ក៏​បាន​ហៅ​ជន​ជាតិ​អាំម៉ូន+និង​ជន​ជាតិ​អាម៉ាលេក+ឲ្យ​មក​ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល​ដែរ។ ពួក​គេ​បាន​វាយ​ប្រហារ ហើយ​ដណ្ដើម​យក​ក្រុង​ដើម​លម៉ើ។+ ១៤ ជន​ជាតិ​អ៊ីស្រាអែល​នៅ​ក្រោម​ចំណុះ​អេកឡូន​ជា​ស្ដេច​ស្រុក​ម៉ូអាប់​អស់​រយៈ​ពេល​១៨​ឆ្នាំ។+ ១៥ រួច​ជន​ជាតិ​អ៊ីស្រាអែល​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ពួក​គេ។+ ព្រះ​យេហូវ៉ា​ក៏​តែង​តាំង​អ៊ីហឺត​ឲ្យ​ជួយ​សង្គ្រោះ​ពួក​គេ។+ អ៊ីហឺត+ជា​កូន​ប្រុស​កេរ៉ា​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន+ គាត់​ជា​មនុស្ស​ដែល​ប្រើ​ដៃ​ឆ្វេង។+ ក្រោយ​មក ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​គាត់​យក​សួយ​អាករ​ទៅ​ជូន​អេកឡូន​ដែល​ជា​ស្ដេច​ស្រុក​ម៉ូអាប់។ ១៦ អ៊ីហឺត​បាន​ធ្វើ​ដាវ​មួយ​ដែល​មាន​មុខ​ពីរ ប្រវែង​មួយ​ហត្ថ។* គាត់​ក្រវាត់​ដាវ​នោះ​នៅ​ភ្លៅ​ស្ដាំ​ក្រោម​អាវ​របស់​គាត់។ ១៧ រួច​មក អ៊ីហឺត​បាន​យក​សួយ​អាករ​ទៅ​ឲ្យ​អេកឡូន។ រីឯ​អេកឡូន​ស្ដេច​ស្រុក​ម៉ូអាប់ គាត់​ធាត់​ខ្លាំង​ណាស់។

១៨ ក្រោយ​ពី​ឲ្យ​សួយ​អាករ​រួច​រាល់​ហើយ អ៊ីហឺត​និង​ពួក​បុរស​ដែល​មក​ជា​មួយ ក៏​ចាក​ចេញ​ទៅ​វិញ។ ១៩ ប៉ុន្តែ ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​គីលកាល+នៅ​ម្ដុំ​រូប​សំណាក* អ៊ីហឺត​បាន​ត្រឡប់​មក​ជួប​អេកឡូន​វិញ។ គាត់​និយាយ​ទៅ​អេកឡូន​ថា​៖ ​«​ឱ​ស្ដេច​ជា​ម្ចាស់ ខ្ញុំ​មាន​សារ​សម្ងាត់​ចង់​ជម្រាប​លោក​»។ ឮ​ដូច្នោះ ស្ដេច​បញ្ជា​ថា​៖ ​«​ចូរ​នាំ​គ្នា​ចេញ​សិន​ទៅ!​»។* ពួក​អ្នក​បម្រើ​ទាំង​អស់​ក៏​ចេញ​ទៅ។ ២០ កាល​ដែល​ស្ដេច​កំពុង​អង្គុយតែ​ម្នាក់​ឯង​នៅ​ក្នុង​បន្ទប់​ត្រជាក់​ខាង​លើ នោះ​អ៊ីហឺត​ចូល​ទៅ​ជិត​ស្ដេច ហើយ​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​សារ​ពី​ព្រះ​ចង់​ជម្រាប​លោក​ម្ចាស់​»។ អេកឡូន​ក៏​ក្រោក​ពី​កន្លែង​អង្គុយ។ ២១ រួច​អ៊ីហឺត​លូក​ដៃ​ឆ្វេង​ទៅ​ដក​ដាវ​ពី​ភ្លៅ​ស្ដាំ ចាក់​ពោះ​ស្ដេច ២២ ហើយ​ដង​ដាវ​ក៏​លិច​កប់​ចូល​ក្នុង​ខ្លាញ់ ព្រោះ​អ៊ីហឺត​មិន​បាន​ទាញ​ដាវ​ចេញ​ពី​ពោះ​ស្ដេច​ទេ រួច​លាមក​ក៏​ធ្លាយ​ចេញ​មក។ ២៣ បន្ទាប់​មក អ៊ីហឺត​ចេញ​តាម​រាន​ហាល* រួច​បិទ​ទ្វារ​ចាក់​សោ​បន្ទប់​ខាង​លើ​នោះ។ ២៤ ក្រោយ​ពី​អ៊ីហឺត​ចេញ​ទៅ ពួក​អ្នក​បម្រើ​ស្ដេច​បាន​មក​បន្ទប់​ខាង​លើ​នោះ តែ​ឃើញ​ទ្វារ​ចាក់​សោ ដូច្នេះ​ក៏​និយាយ​គ្នា​ថា​៖ ​«​ស្ដេច​ច្បាស់​ជា​កំពុង​បន្ទោ​បង់​ក្នុង​បន្ទប់​ត្រជាក់​ហើយ​»។ ២៥ ប៉ុន្តែ កាល​ដែល​ពួក​គេ​ចាំ​យូរ​ទៅ​នៅ​តែ​មិន​ឃើញ​ស្ដេច​ចេញ​មក ពួក​គេ​ក៏​តាំង​ព្រួយ​ចិត្ត* ហើយ​យក​សោ​ចាក់​ទ្វារ​បើក ស្រាប់​តែ​ឃើញ​ម្ចាស់​របស់​ខ្លួន​ដេក​ស្លាប់!

២៦ អំឡុង​ពេល​ដែល​ពួក​អ្នក​បម្រើ​ទាំង​នោះ​កំពុង​រង់​ចាំ​ស្ដេច អ៊ីហឺត​បាន​គេច​ខ្លួន​ឆ្ងាយ​ហួស​កន្លែង​ដែល​មាន​រូប​សំណាក*+ រួច​ទៅ​ដល់​សៃរ៉ា​ដោយ​សុវត្ថិភាព។ ២៧ ពេល​អ៊ីហឺត​ទៅ​ដល់​ទី​នោះ គាត់​ផ្លុំ​ស្នែង​ឡើង+នៅ​តំបន់​ភ្នំ​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម។+ ពេល​ឮ​សំឡេង​ផ្លុំ​ស្នែង បណ្ដា​ជន​អ៊ីស្រាអែល​នាំ​គ្នា​ចុះ​ពី​តំបន់​ភ្នំ ហើយ​អ៊ីហឺត​នាំ​មុខ​ពួក​គេ។ ២៨ អ៊ីហឺត​និយាយ​ទៅ​ពួក​គេ​ថា​៖ ​«​ចូរ​មក​តាម​ខ្ញុំ ព្រោះ​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ជន​ជាតិ​ម៉ូអាប់​ដែល​ជា​សត្រូវ មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ​»។ ម្ល៉ោះ​ហើយ ពួក​គេ​ទៅ​តាម​គាត់ រួច​ចាប់​យក​ទន្លេយ៉ូដាន់​ត្រង់​កន្លែង​ទឹក​រាក់​ៗ ដើម្បី​កុំ​ឲ្យ​ជន​ជាតិ​ម៉ូអាប់​ណា​ម្នាក់​ឆ្លង​កាត់​ឡើយ។ ២៩ ដំណាល​គ្នា​នោះ ពួក​គេ​សម្លាប់​ជន​ជាតិ​ម៉ូអាប់​អស់​ប្រហែល​១០.០០០​នាក់+ ដែល​សុទ្ធតែ​ជា​មនុស្ស​មាំ​មួន​និង​ក្លាហាន គ្មាន​អ្នក​ណា​ម្នាក់​រត់​រួច​ឡើយ។+ ៣០ ចាប់​ពី​ថ្ងៃ​នោះ​មក ជន​ជាតិ​ម៉ូអាប់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ទឹក​ដី​បាន​ស្ងប់​សង្គ្រាម​អស់​រយៈ​ពេល​៨០​ឆ្នាំ។+

៣១ ក្រោយ​ពី​អ៊ីហឺត​ស្លាប់ សាមកើរ+ជា​កូន​ប្រុស​អេណាត ក៏​ជា​អ្នក​ដែល​បាន​ជួយ​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ដែរ។ សាមកើរ​បាន​សម្លាប់​ជន​ជាតិ​ភីលីស្ទីន​អស់​៦០០​នាក់+ ដោយ​ប្រើ​ជន្លួញ​គោ។+

៤ ក្រោយ​ពី​អ៊ីហឺត​ទទួល​មរណភាព ជន​ជាតិ​អ៊ីស្រាអែល​ក៏​ប្រព្រឹត្ត​អំពើ​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ម្ដង​ទៀត។+ ២ ម្ល៉ោះ​ហើយ ព្រះ​យេហូវ៉ា​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​យ៉ាប៊ីន​ជា​ស្ដេច​ស្រុក​កាណាន+ ដែល​គ្រប់​គ្រង​នៅ​ក្រុង​ហាសោ។ គាត់​មាន​មេ​ទ័ព​ឈ្មោះ​ស៊ីសេរ៉ា ដែល​រស់​នៅ​ហារ៉ូសែត​ហាកូអ៊ីម។*+ ៣ យ៉ាប៊ីន​មាន​រទេះ​ចម្បាំង​ចំនួន​៩០០​គ្រឿង​ដែល​មាន​ដែក​វែង​មុត​ស្រួច​ចេញ​ពី​ដុំ​កង់​រទេះ។+ គាត់​បាន​សង្កត់​សង្កិន​ជន​ជាតិ​អ៊ីស្រាអែល​យ៉ាង​ព្រៃ​ផ្សៃ+ អស់​រយៈ​ពេល​២០​ឆ្នាំ។ ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​ស្រែក​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ។+

៤ នៅ​គ្រា​នោះ មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ដេបូរ៉ា ជា​អ្នក​ប្រកាស​ទំនាយ+ និង​ជា​ប្រពន្ធ​របស់​ឡាពិដូត។ នាង​ជា​អ្នក​សម្រេច​ក្ដី*ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល។ ៥ នាង​តែង​តែ​អង្គុយ​នៅ​ក្រោម​ដើម​លម៉ើ* ដែល​ស្ថិត​នៅ​រវាង​ក្រុង​រ៉ាម៉ា+និង​ក្រុង​បេតអែល+ នា​តំបន់​ភ្នំ​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម។ បណ្ដា​ជន​អ៊ីស្រាអែល​តែង​ធ្វើ​ដំណើរ​ឡើង​ទៅ​ជួប​នាង ដើម្បី​សុំ​នាង​សម្រេច​ក្ដី​ឲ្យ​ពួក​គេ។ ៦ នៅ​ពេល​មួយ ដេបូរ៉ា​ចាត់​មនុស្ស​ឲ្យ​ទៅ​ហៅ​បារ៉ាក់+កូន​ប្រុស​អាប៊ីណូអាម​ពី​ក្រុង​កេដេស​ណែបថាលី+ឲ្យ​មក​ជួប​នាង។ ពេល​បារ៉ាក់​មក​ដល់ នាង​ប្រាប់​គាត់​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល លោក​បង្គាប់​អ្នក​ថា​៖ ‹ចូរ​នាំ​មនុស្ស​១០.០០០​នាក់ ពី​កុលសម្ព័ន្ធ​ណែបថាលី​និង​កុលសម្ព័ន្ធ​សេប៊ូឡូន​ទៅ​ភ្នំ​ថេបោ។ ៧ រួច​ខ្ញុំ​នឹង​នាំ​ស៊ីសេរ៉ា​ជា​មេ​ទ័ព​របស់​យ៉ាប៊ីន និង​ពល​ទាហាន រួម​ទាំង​រទេះ​ចម្បាំង​ទាំង​ប៉ុន្មាន​របស់​គាត់ មក​ឯ​ស្ទឹង​គីសុន។+ ខ្ញុំ​នឹង​ប្រគល់​គាត់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក›​»។+

៨ បារ៉ាក់​តប​ទៅ​នាង​វិញ​ថា​៖ ​«​ខ្ញុំ​នឹង​ទៅ បើ​នាង​ទៅ​ជា​មួយ​នឹង​ខ្ញុំ។ តែ​បើ​នាង​មិន​ទៅ ខ្ញុំ​ក៏​មិន​ទៅ​ដែរ​»។ ៩ នាង​តប​ថា​៖ ​«​ខ្ញុំ​នឹង​ទៅ​ជា​មួយ​អ្នក តែ​អ្នក​នឹង​មិន​បាន​ទទួល​កិត្តិយស​ពី​ចម្បាំង​នេះ​ទេ ព្រោះ​ព្រះ​យេហូវ៉ា​នឹង​ប្រគល់​ស៊ីសេរ៉ា​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ត្រី​ម្នាក់​វិញ​»។+ រួច​មក ដេបូរ៉ា​ក៏​ចេញ​ដំណើរ​ជា​មួយ​នឹង​បារ៉ាក់​ទៅ​ក្រុង​កេដេស។+ ១០ បារ៉ាក់​កោះ​ហៅ​កុលសម្ព័ន្ធ​សេប៊ូឡូន​និង​កុលសម្ព័ន្ធ​ណែបថាលី+ឲ្យ​មក​ក្រុង​កេដេស។ បន្ទាប់​មក បុរស​ចំនួន​១០.០០០​នាក់​បាន​ទៅ​តាម​បារ៉ាក់។ ដេបូរ៉ា​ក៏​ចេញ​ទៅ​ជា​មួយ​នឹង​គាត់​ដែរ។

១១ នៅ​គ្រា​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​ហេបឺ​ជា​ជន​ជាតិ​កែន គាត់​បាន​បែក​ចេញ​ពី​ជន​ជាតិ​កែន​ឯ​ទៀត។+ ជន​ជាតិ​កែន​ជា​កូន​ចៅ​ហូបាប់​ដែល​ជា​ឪ​ពុក​ក្មេក​របស់​ម៉ូសេ។+ ហេបឺ​រស់​ក្នុង​ត្រសាល​ជិត​ដើម​ឈើ​ធំ​នៅ​សាអាណានីម​ក្បែរ​ក្រុង​កេដេស។

១២ ខណៈ​នោះ មាន​គេ​រាយ​ការណ៍​ប្រាប់​ស៊ីសេរ៉ា​ថា បារ៉ាក់​កូន​ប្រុស​អាប៊ីណូអាម​បាន​ចេញ​ទៅ​ភ្នំ​ថេបោ។+ ១៣ ឮ​ដូច្នេះ ស៊ីសេរ៉ា​ប្រញាប់​ប្រមូល​រទេះ​ចម្បាំង​ទាំង​អស់​ចំនួន​៩០០​គ្រឿង​ដែល​មាន​ដែក​វែង​មុត​ស្រួច​ចេញ​ពី​ដុំ​កង់​រទេះ ព្រម​ទាំង​ប្រមូល​ពល​ទ័ព​ថ្មើរ​ជើង​ទាំង​ប៉ុន្មាន​ឲ្យ​ចេញ​ទៅ​ជា​មួយ​នឹង​គាត់។ ពួក​គេ​ចេញ​ពី​ហារ៉ូសែត​ហាកូអ៊ីម*ទៅ​ដល់​ស្ទឹង​គីសុន។+ ១៤ ពេល​នោះ ដេបូរ៉ា​ប្រាប់​បារ៉ាក់​ថា​៖ ​«​ចូរ​ធ្វើ​ដំណើរ​ទៅ ព្រោះ​ថ្ងៃ​នេះ​ព្រះ​យេហូវ៉ា​នឹង​ប្រគល់​ស៊ីសេរ៉ា​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក។ ព្រះ​យេហូវ៉ា​នឹង​នាំ​មុខ​អ្នក​ចេញ​ទៅ​»។ ដូច្នេះ បារ៉ាក់​ក៏​ចុះ​ពី​ភ្នំ​ថេបោ ដោយ​មាន​មនុស្ស​១០.០០០​នាក់​ទៅ​ជា​មួយ​ដែរ។ ១៥ រួច​មក ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ស៊ីសេរ៉ា ពល​រទេះ​ចម្បាំង និង​កង​ទ័ព​ទាំង​អស់​របស់​គាត់​ធ្លាក់​ក្នុង​ភាព​ជ្រួល​ច្របល់+នៅ​ចំពោះ​មុខ​បារ៉ាក់។ ពេល​ស៊ីសេរ៉ា​ឃើញ​ស្ថានភាព​ដូច្នោះ គាត់​ប្រញាប់​ចុះ​ពី​រទេះ​ចម្បាំង រត់​គេច​ខ្លួន​ទៅ។ ១៦ ពេល​នោះ បារ៉ាក់​ដេញ​តាម​ពល​រទេះ​ចម្បាំង និង​កង​ទ័ព​រហូត​ដល់​ហារ៉ូសែត​ហាកូអ៊ីម។ ជា​លទ្ធផល កង​ទ័ព​ស៊ីសេរ៉ា​ទាំង​អស់​បាន​ត្រូវ​សម្លាប់​គ្មាន​សល់​អ្នក​ណា​ម្នាក់​ឡើយ។+

១៧ ចំណែក​ឯ​ស៊ីសេរ៉ា​វិញ គាត់​រត់​គេច​ខ្លួន​ទៅ​ត្រសាល​របស់​យ៉ាអែល+ ជា​ប្រពន្ធ​ហេបឺ+ជន​ជាតិ​កែន ព្រោះ​យ៉ាប៊ីន+ស្ដេច​ក្រុង​ហាសោ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​ហេបឺ។ ១៨ យ៉ាអែល​ចេញ​មក​ទទួល​ស្វាគមន៍​ស៊ីសេរ៉ា ហើយ​និយាយ​ទៅ​គាត់​ថា​៖ ​«​អញ្ជើញ​ចូល​ក្នុង​សិន​លោក​ម្ចាស់។ សូម​លោក​ឈប់​ភ័យ​ទៅ​»។ ស៊ីសេរ៉ា​ក៏​ចូល​ទៅ​ក្នុង​ត្រសាល ហើយ​នាង​យក​ភួយ​ដណ្ដប់​ឲ្យ​គាត់។ ១៩ រួច​មក គាត់​និយាយ​ទៅ​នាង​ថា​៖ ​«​សូម​ឲ្យ​ទឹក​ខ្ញុំ​ផឹក​ប​ន្តិ​ច។ ខ្ញុំ​ស្រេក​ទឹក​ខ្លាំង​ណាស់​»។ ដូច្នេះ នាង​បើក​ថង់​ស្បែក​ចាក់​ទឹក​ដោះ យក​មក​ឲ្យ​គាត់​ផឹក។+ រួច​នាង​ដណ្ដប់​ភួយ​ឲ្យ​គាត់​ម្ដង​ទៀត។ ២០ ស៊ីសេរ៉ា​ប្រាប់​នាង​ថា​៖ ​«​ចូរ​ទៅ​ឈរ​យាម​នៅ​មាត់​ទ្វារ​ត្រសាល បើ​មាន​អ្នក​ណា​មក​សួរ​នាង​ថា​៖ ‹តើ​មាន​នរណា​មក​ទី​នេះ​ទេ?› នោះ​នាង​ត្រូវ​ឆ្លើយ​ថា​៖ ‹គ្មាន​ទេ!›​»។

២១ ស៊ីសេរ៉ា​អស់​កម្លាំង​យ៉ាង​ខ្លាំង​រហូត​ដល់​លង់​លក់ ពេល​នោះ​យ៉ាអែល​ជា​ប្រពន្ធ​ហេបឺ​បាន​យក​ស្នឹង​ត្រសាល​និង​ញញួរ ដើរ​លប​ៗ​ទៅ​ជិត​គាត់ រួច​ដំ​ស្នឹង​នោះ​ត្រង់​សៀត​ផ្កា​របស់​គាត់​ធ្លុះ​ដល់​ដី ហើយ​គាត់​ក៏​ស្លាប់​ទៅ។+

២២ រីឯ​បារ៉ាក់ គាត់​ដេញ​តាម​រក​ស៊ីសេរ៉ា​ដល់​ត្រសាល​របស់​យ៉ាអែល ហើយ​យ៉ាអែល​ចេញ​មក​ជួប​គាត់ ដោយ​និយាយ​ថា​៖ ​«​សូម​ចូល​ក្នុង ខ្ញុំ​នឹង​បង្ហាញ​បុរស​ដែល​អ្នក​កំពុង​រក​»។ បារ៉ាក់​ក៏​ចូល​ក្នុង​ត្រសាល​ជា​មួយ​នឹង​នាង ហើយ​ឃើញ​ស៊ីសេរ៉ា​ដេក​ស្លាប់​ទាំង​មាន​ស្នឹង​ដោត​ជាប់​សៀត​ផ្កា។

២៣ ដូច្នេះ នៅ​ថ្ងៃ​នោះ​ឯង ព្រះ​បាន​បង្ក្រាប​យ៉ាប៊ីន​ជា​ស្ដេច​ស្រុក​កាណាន​នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល។+ ២៤ ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រៀប​លើ​យ៉ាប៊ីន​ស្ដេច​ស្រុក​កាណាន​កាន់​តែ​ខ្លាំង​ឡើង​ៗ​+ រហូត​ដល់​សម្លាប់​យ៉ាប៊ីន​បាន។+

៥ នៅ​ថ្ងៃ​នោះ ដេបូរ៉ា+និង​បារ៉ាក់+ជា​កូន​ប្រុស​អាប៊ីណូអាម​បាន​រួម​គ្នា​ច្រៀង​ថា​៖+

 ២ ​«​ចូរ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា!

ដោយ​សារ​ជន​ជាតិ​អ៊ីស្រាអែល​ស្ម័គ្រ​ចិត្ត​ចេញ​ទៅ​ប្រយុទ្ធ+

ហើយ​ដោយ​សារ​ពួក​អ្នក​ចម្បាំង​ទាំង​នោះ​ទម្លាក់​សក់។*

 ៣ ស្ដេច​ទាំង​ឡាយ​អើយ ចូរ​ស្ដាប់! ពួក​អ្នក​គ្រប់​គ្រង​ទាំង​ឡាយ​អើយ​ចូរ​ផ្ទៀង​ត្រចៀក!

ខ្ញុំ​នឹង​ច្រៀង​ជូន​ព្រះ​យេហូវ៉ា

ខ្ញុំ​នឹង​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា+ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល។+

 ៤ ឱ​ព្រះ​យេហូវ៉ា ពេល​លោក​ចេញ​ដំណើរ​ពី​ភ្នំ​សៀ+

ពេល​លោក​ចាក​ចេញ​ពី​ទឹក​ដី​អេដំ

នោះ​ផែនដី​ក៏​រញ្ជួយ ឯ​មេឃ​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង

ហើយ​ពពក​បង្អុរ​ទឹក​ជោក​ជាំ។

 ៥ ភ្នំ​នា​នា​រលាយ*នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា+

សូម្បី​តែ​ភ្នំ​ស៊ីណាយ​ក៏​វិនាស​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា+​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ដែរ។+

 ៦ នៅ​សម័យ​សាមកើរ+កូន​ប្រុស​អេណាត

និង​នៅ​សម័យ​យ៉ាអែល+ ផ្លូវ​ធំ​ៗ​បាន​ត្រូវ​ទុក​ចោល​គ្មាន​អ្នក​ដើរ

ពួក​អ្នក​ដំណើរ​បែរ​ជា​ដើរ​តាម​ផ្លូវ​តូច​ៗ​វិញ។

 ៧ ភូមិ​ផ្សេង​ៗ​ក្នុង​ស្រុក​អ៊ីស្រាអែល លែង​មាន​មនុស្ស​រស់​នៅ​ទៀត

មិន​មាន​អ្នក​ណា​អាស្រ័យ​នៅ​ឡើយ រហូត​ដល់​ខ្ញុំ​ជា​ដេបូរ៉ា+បាន​ត្រូវ​តែង​តាំង

គឺ​បាន​ត្រូវ​តែង​តាំង​ឲ្យ​ធ្វើ​ជា​ម្ដាយ​របស់​ជន​ជាតិ​អ៊ីស្រាអែល។+

 ៨ ពួក​គេ​បាន​ជ្រើស​រើស​ព្រះ​ដទៃ+

នោះ​សង្គ្រាម​ក៏​ផ្ទុះ​ឡើង​នៅ​ទ្វារ​កំពែង​ក្រុង​ទាំង​ឡាយ។+

ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​៤០.០០០​នាក់

ពុំ​ឃើញ​មាន​ខែល​ឬ​លំពែង​ណា​មួយ​ឡើយ។

 ៩ ខ្ញុំ​នៅ​ខាង​ពួក​មេ​បញ្ជាការ​របស់​ជន​ជាតិ​អ៊ីស្រាអែល+

ពួក​គាត់​ស្ម័គ្រ​ចិត្ត​ចេញ​ទៅ​ជា​មួយ​នឹង​បណ្ដា​ជន។+

ចូរ​សរសើរ​ព្រះ​យេហូវ៉ា!

១០ ពួក​អ្នក​ដែល​ជិះ​លើ​សត្វ​លា​សម្បុរ​ត្នោត

ពួក​អ្នក​ដែល​អង្គុយ​លើ​ព្រំ​ប្រណីត​ៗ​

និង​ពួក​អ្នក​ដែល​ដើរ​តាម​ផ្លូវ​អើយ

សូម​គិត​ពិចារណា!

១១ ឮ​សំឡេង​របស់​ពួក​អ្នក​ដង​ទឹក​និយាយ​គ្នា​នៅ​ឯ​អណ្ដូង​ទឹក

ពួក​គេ​រៀប​រាប់​អំពី​ការ​ប្រព្រឹត្ត​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា

និង​ការ​ប្រព្រឹត្ត​ដ៏​សុចរិត​របស់​ពួក​អ្នក​ភូមិ​ក្នុង​ស្រុក​អ៊ីស្រាអែល។

រួច​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នាំ​គ្នា​ចុះ​ទៅ​ឯ​ទ្វារ​កំពែង​ក្រុង​នា​នា។

១២ ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ឱ​ដេបូរ៉ា​អើយ!+

ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ហើយ​ច្រៀង​ចម្រៀង​ចុះ!+

ឱ​បារ៉ាក់+ជា​កូន​ប្រុស​អាប៊ីណូអាម​អើយ ចូរ​ក្រោក​ឡើង! ចូរ​នាំ​ពួក​ឈ្លើយ​ចេញ​ទៅ!

១៣ អស់​អ្នក​ដែល​នៅ​រស់​បាន​មក​ឯ​ពួក​អ្នក​មាន​ឋានៈ​ខ្ពស់

រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​មក​ឯ​ខ្ញុំ​ដើម្បី​ប្រយុទ្ធ​នឹង​ពួក​សត្រូវ​ដ៏​ខ្លាំង​ក្លា។

១៤ ពួក​អ្នក​ដែល​មក​ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម រស់​នៅ​តាម​វាល​ទំនាប

ឱ​កុលសម្ព័ន្ធ​បេនយ៉ាមីន​អើយ! ពួក​គេ​ទាំង​នោះ​កំពុង​ដើរ​តាម​អ្នក​និង​ទាហាន​របស់​អ្នក។

ពួក​មេ​បញ្ជាការ​ជា​កូន​ចៅ​ម៉ាគា+ក៏​ធ្វើ​ដំណើរ​ចុះ​ទៅ

ហើយ​ពួក​អ្នក​ដែល​មក​ពី​កុលសម្ព័ន្ធ​សេប៊ូឡូន​ជា​អ្នក​ដែល​កែន​មនុស្ស​ឲ្យ​ធ្វើ​ទាហាន ក៏​ទៅ​ជា​មួយ​ដែរ។*

១៥ ពួក​អ្នក​ដឹក​នាំ​ក្នុង​កុលសម្ព័ន្ធ​អ៊ីសាខារ​នៅ​ជា​មួយ​នឹង​ដេបូរ៉ា

បារ៉ាក់​ក៏​នៅ​ជា​មួយ​នឹង​នាង ដូច​កុលសម្ព័ន្ធ​អ៊ីសាខារ​ដែរ។+

គាត់​បាន​ត្រូវ​ចាត់​ឲ្យ​ដើរ​ទៅ​តំបន់​វាល​ទំនាប។+

ចំណែក​ឯ​កុលសម្ព័ន្ធ​រូបេន ពួក​គេ​មាន​ចិត្ត​ស្ទាក់​ស្ទើរ។*

១៦ ហេតុ​អ្វី​អ្នក​បាន​អង្គុយ ដូច​សត្វ​អូស​ទាញ​ដែល​ត្រូវ​គេ​ផ្ទុក​ធ្ងន់?

ហេតុ​អ្វី​អ្នក​បាន​អង្គុយ​ស្ដាប់​មនុស្ស​ផ្លុំ​ខ្លុយ​ហៅ​ហ្វូង​ចៀម​ដូច្នេះ?+

ពេល​នោះ​កុលសម្ព័ន្ធ​រូបេន​មាន​ចិត្ត​ស្ទាក់​ស្ទើរ។

១៧ ឯ​ពួក​អ្នក​ស្រុក​គីលាត​បន្ត​នៅ​ម្ខាង​ទន្លេយ៉ូដាន់+

ចំណែក​កុលសម្ព័ន្ធ​ដាន់ ហេតុ​អ្វី​ពួក​គេ​នៅ​ក្នុង​សំពៅ?+

រីឯ​កុលសម្ព័ន្ធ​អេស៊ើរ​អង្គុយ​មិន​ធ្វើ​អ្វី​សោះ​នៅ​ឆ្នេរ​សមុទ្រ

ពួក​គេ​មិន​ទៅ​ណា​ពី​កំពង់​ផែ​របស់​ខ្លួន​ទេ។+

១៨ ប៉ុន្តែ កុលសម្ព័ន្ធ​សេប៊ូឡូន​ជា​ពួក​អ្នក​ដែល​បាន​ប្រថុយ​ជីវិត​របស់​ខ្លួន។

នៅ​លើ​ទួល​ល្វឹង​ល្វើយ+ កុលសម្ព័ន្ធ​ណែបថាលី​ក៏​បាន​ប្រថុយ​ជីវិត​ដែរ។+

១៩ ស្ដេច​ទាំង​ឡាយ​លើក​គ្នា​ចេញ​មក​ប្រយុទ្ធ

គឺ​ពួក​ស្ដេច​ស្រុក​កាណាន​ចេញ​មក​តយុទ្ធ+

នៅ​ក្រុង​ថេអាណាក ក្បែរ​ព្រែក​មេគីដោ+

តែ​ពួក​គេ​ពុំ​អាច​រឹប​ជ័យ​ភណ្ឌ​ជា​ប្រាក់​បាន​ទេ។+

២០ ផ្កាយ​ទាំង​ឡាយ​ច្បាំង​ពី​លើ​មេឃ

ផ្កាយ​ទាំង​នោះ​ច្បាំង​នឹង​ស៊ីសេរ៉ា​ពី​គន្លង​របស់​វា។

២១ ព្រែក​គីសុន​បាន​ហូរ​រុញ​ច្រាន​ពួក​គេ​ចេញ+

ព្រែក​គីសុន​ជា​ស្ទឹង​ពី​បុរាណ

យើង​បាន​ជញ្ជ្រំ​ពួក​សត្រូវ​ខ្លាំង​ពូកែ។

២២ ខណៈ​នោះ​សន្ធឹក​ជើង​សេះ​លាន់​រង្គើ​ដី

សេះ​ស្ទាវ​របស់​ពួក​គេ​បោល​ទៅ​យ៉ាង​ពេញ​កម្លាំង។+

២៣ ទេវតា​របស់​ព្រះ​យេហូវ៉ា​និយាយ​ថា​៖ ‹មេរ៉ូស​ត្រូវ​បណ្ដាសា​ហើយ

អ្នក​រស់​នៅ​មេរ៉ូស​ត្រូវ​បណ្ដាសា​ហើយ

ព្រោះ​ពួក​គេ​មិន​បាន​មក​ជួយ​ព្រះ​យេហូវ៉ា​ទេ

គឺ​មិន​បាន​មក​ជួយ​ព្រះ​យេហូវ៉ា ជា​មួយ​នឹង​ពួក​អ្នក​អង់អាច​ឡើយ›។

២៤ យ៉ាអែល+ជា​ស្ត្រី​ដែល​គួរ​ឲ្យ​សរសើរ​បំផុត

នាង​ជា​ប្រពន្ធ​ហេបឺ+ជន​ជាតិ​កែន

នាង​ទទួល​ពរ​លើស​អស់​ទាំង​ស្ត្រី​ដែល​រស់​នៅ​ក្នុង​ត្រសាល។

២៥ ស៊ីសេរ៉ា​សុំ​ទឹក​ផឹក តែ​នាង​ចាក់​ទឹក​ដោះ​ឲ្យ​គាត់

នាង​ចាក់​ទឹក​ដោះ​ខាប់​ដាក់​ក្នុង​ចាន​គោម​ល្អ​ប្រណីត។+

២៦ នាង​លូក​ដៃ​យក​ស្នឹង​ត្រសាល

ឯ​ដៃ​ស្ដាំ​កាន់​ញញួរ​របស់​ជាង​ជំនាញ។

រួច​នាង​ដំ​ក្បាល​ស៊ីសេរ៉ា

ហើយ​វាយ​ទម្លុះ​ត្រង់​សៀត​ផ្កា​របស់​គាត់។+

២៧ គាត់​ដួល​នៅ​ក្រោម​ជើង​នាង គាត់​ដួល​នៅ​នឹង​កន្លែង

គឺ​នៅ​ទៀប​ជើង​នាង គាត់​រលំ​ចុះ

នៅ​ត្រង់​នោះ​ឯង គាត់​បាន​ដួល​គ្រឹប​ទាំង​បរាជ័យ។

២៨ មាន​ស្ត្រី​ម្នាក់​សម្លឹង​មក​ខាង​ក្រៅ

គឺ​ម្ដាយ​របស់​ស៊ីសេរ៉ា​មើល​តាម​ចម្រឹង​បង្អួច

ដោយ​ពោល​ពាក្យ​ថា​៖ ‹ហេតុ​អ្វី​រទេះ​ចម្បាំង​របស់​កូន​ខ្ញុំ​ក្រ​មក​ម្ល៉េះ?

ហេតុ​អ្វី​បាន​ជា​ម្ដាយ​មិន​ទាន់​ឮ​សំឡេង​សម្រឹប​ជើង​រទេះ​សេះ​ដូច្នេះ?›។+

២៩ ពួក​ស្ត្រី​វៃ​ឆ្លាត​បំផុត​ក្នុង​ដំណាក់​នាង​ក៏​ឆ្លើយ​តប

ហើយ​នាង​តែង​ប្រាប់​ខ្លួន​ឯង​ជា​និច្ច​ថា​៖

៣០ ‹ពួក​គេ​ច្បាស់​ជា​កំពុង​ចែក​ជ័យ​ភណ្ឌ​គ្នា

អ្នក​ចម្បាំង​គ្រប់​រូប​ទទួល​បាន​ស្ត្រី​ម្នាក់​ឬ​ពីរ​នាក់

ឯ​ក្រណាត់​ជ្រលក់​ពណ៌​ទុក​ឲ្យ​ស៊ីសេរ៉ា

ហើយ​ក្រណាត់​ប៉ាក់​មួយ​ឬ​ពីរ និង​ក្រណាត់​ជ្រលក់​ពណ៌

ទុក​សម្រាប់​បង់​ក​ពួក​អ្នក​ដែល​បាន​រឹប​អូស​ជ័យ​ភណ្ឌ›។

៣១ ឱ​ព្រះ​យេហូវ៉ា សូម​ឲ្យ​សត្រូវ​ទាំង​ប៉ុន្មាន​វិនាស​សាប​សូន្យ​ទៅ+

តែ​សូម​ឲ្យ​អ្នក​ដែល​ស្រឡាញ់​លោក បាន​ភ្លឺ​ដូច​ជា​ដួង​អាទិត្យ​ចាំង​ជះ​រស្មី​»។

ក្រោយ​មក ទឹក​ដី​របស់​ជន​ជាតិ​អ៊ីស្រាអែល​ស្ងប់​សង្គ្រាម*អស់​រយៈ​ពេល​៤០​ឆ្នាំ។+

៦ ប៉ុន្តែ ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​អំពើ​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ម្ដង​ទៀត។+ ម្ល៉ោះ​ហើយ ព្រះ​យេហូវ៉ា​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ម៉ាឌាន​អស់​រយៈ​ពេល​៧​ឆ្នាំ។+ ២ ពួក​ម៉ាឌាន​បាន​ជិះ​ជាន់​ធ្វើ​បាប​ជន​ជាតិ​អ៊ីស្រាអែល។+ ដូច្នេះ ដោយ​សារ​ខ្លាច​ពួក​ម៉ាឌាន ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​កន្លែង​លាក់​ខ្លួន*ជា​ច្រើន​នៅ​តាម​ភ្នំ ក្នុង​រូង និង​នៅ​កន្លែង​ដែល​ពិបាក​ចូល​ទៅ​ជិត។+ ៣ រាល់​ដង​ដែល​ជន​ជាតិ​អ៊ីស្រាអែល​សាប​ព្រោះ​គ្រាប់​ពូជ នោះ​ពួក​ម៉ាឌាន ពួក​អាម៉ាលេក+ និង​ពួក​អ្នក​នៅ​ស្រុកខាងកើត+ តែង​តែ​មក​វាយ​ប្រហារ​ជា​និច្ច។ ៤ ពួក​គេ​មក​បោះ​ជំរំ​ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល ហើយ​បំផ្លិច​បំផ្លាញ​ផល​ដំណាំ​របស់​ជន​ជាតិ​អ៊ីស្រាអែល​រហូត​ដល់​ក្រុង​កាសា។ ពួក​គេ​មិន​ទុក​អ្វី​សោះ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​បរិភោគ សូម្បី​តែ​សត្វ​ចៀម សត្វ​គោ និង​សត្វ​លា ក៏​ពួក​គេ​មិន​ទុក​ឲ្យ​នៅ​ដែរ។+ ៥ ពួក​គេ​ដឹក​ហ្វូង​សត្វ​និង​ត្រសាល​មក​ច្រើន​សន្ធឹក​ដូច​ហ្វូង​កណ្ដូប។+ ពួក​គេ​និង​សត្វ​អូដ្ឋ​មាន​ចំនួន​ច្រើន​ឥត​គណនា។+ ពួក​គេ​ចូល​មក​ដើម្បី​បំផ្លាញ​ទឹក​ដី​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ៦ ពួក​ម៉ាឌាន​បាន​ធ្វើ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ជីវភាព​ដុនដាប​ជា​ខ្លាំង។ ហេតុ​នេះ ជន​ជាតិ​អ៊ីស្រាអែល​ក៏​ស្រែក​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ពួក​គេ។+

៧ ពេល​ជន​ជាតិ​អ៊ីស្រាអែល​ស្រែក​រក​ព្រះ​យេហូវ៉ា​ឲ្យ​សង្គ្រោះ​ពួក​គេ​ពី​កណ្ដាប់​ដៃ​ពួក​ម៉ាឌាន+ ៨ ព្រះ​យេហូវ៉ា​ក៏​ចាត់​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ឲ្យ​ទៅ​ប្រាប់​ពួក​គេ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល លោក​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប គឺ​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ផុត​ពី​ជីវិត​ជា​ខ្ញុំ​បម្រើ។+ ៩ ខ្ញុំ​បាន​សង្គ្រោះ​អ្នក​រាល់​គ្នា​ពី​ពួក​អេហ្ស៊ីប​និង​ពី​សត្រូវ​ទាំង​ប៉ុន្មាន​ដែល​សង្កត់​សង្កិន​អ្នក​រាល់​គ្នា។ ខ្ញុំ​ថែម​ទាំង​បាន​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា ហើយ​ប្រគល់​ទឹក​ដី​របស់​ពួក​គេ ឲ្យ​ទៅ​អ្នក​រាល់​គ្នា​ទៀត​ផង។+ ១០ ខ្ញុំ​ធ្លាប់​ប្រាប់​ហើយ​ថា​៖ ​«​ខ្ញុំ​ជា​ព្រះ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។+ អ្នក​រាល់​គ្នា​មិន​ត្រូវ​គោរព​បូជា*ព្រះ​ផ្សេង​ៗ​របស់​ជន​ជាតិ​អាម៉ូរី​ក្នុង​ទឹក​ដី​ដែល​អ្នក​រាល់​គ្នា​អាស្រ័យ​នៅ​ឡើយ​»។+ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​តាម​ទេ›​»។+

១១ ក្រោយ​មក ទេវតា​របស់​ព្រះ​យេហូវ៉ា​មក+អង្គុយ​ក្រោម​ដើម​ឈើ​ធំ​មួយ​នៅ​ក្រុង​អូប្រា ដែល​ជា​របស់​យ៉ូអាស​កូន​ចៅ​អាប៊ីអ៊ីសឺ។+ យ៉ូអាស​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​គេឌាន។+ នៅ​ពេល​នោះ គេឌាន​កំពុង​បោក​ស្រូវ​សាលី​នៅ​កន្លែង​សម្រាប់​ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ​យក​ទឹក​ធ្វើ​ស្រា ដើម្បី​កុំ​ឲ្យ​ពួក​ម៉ាឌាន​ឃើញ។ ១២ ទេវតា​របស់​ព្រះ​យេហូវ៉ា​លេច​មក​ជួប​គេឌាន ហើយ​និយាយ​ថា​៖ ​«​អ្នក​ខ្លាំង​ពូកែ​អើយ ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​អ្នក​»។+ ១៣ គេឌាន​ឆ្លើយ​តប​ទៅ​ទេវតា​ថា​៖ ​«​សូម​អនុគ្រោះ​លោក​ម្ចាស់។ ប្រសិន​បើ​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​ពួក​យើង​ពិត​មែន ហេតុ​អ្វី​បាន​ជា​ពួក​យើង​ជួប​ប្រទះ​រឿង​ទាំង​អស់​នេះ?+ បុព្វ​បុរស​តំណាល​ប្រាប់​ពួក​យើង​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​បាន​នាំ​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប› តែ​ខ្ញុំ​មិន​ឃើញ​ថា​ព្រះ​បាន​ធ្វើ​ការ​អស្ចារ្យ​អ្វី​ទេ។+ ឥឡូវ​ព្រះ​យេហូវ៉ា​បាន​បោះ​បង់​ចោល​ពួក​យើង+ ហើយ​ប្រគល់​ពួក​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ម៉ាឌាន​»។ ១៤ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​គេឌាន​ថា​៖ ​«​ចូរ​ចេញ​ទៅ ហើយ​ប្រើ​កម្លាំង​ដែល​អ្នក​មាន​ចុះ អ្នក​នឹង​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​រួច​ពី​ពួក​ម៉ាឌាន+ ព្រោះ​ខ្ញុំ​ជា​អ្នក​ដែល​ចាត់​អ្នក​ឲ្យ​ទៅ​»។ ១៥ គេឌាន​តប​ទៅ​លោក​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា សូម​អធ្យាស្រ័យ តើ​ឲ្យ​ខ្ញុំ​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ម្ដេច​បាន? មើល! ពូជ​ពង្ស​ខ្ញុំ​តូច​ទាប​ជាង​គេ​ក្នុង​កុលសម្ព័ន្ធ​ម៉ាណាសេ ហើយ​ក្នុង​ក្រុម​គ្រួសារ​របស់​ឪពុក​ខ្ញុំ ខ្ញុំ​មិន​មែន​ជា​មនុស្ស​សំខាន់​អ្វី​ទេ​»។ ១៦ ប៉ុន្តែ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ប្រាប់​គាត់​ថា​៖ ​«​អ្នក​នឹង​សម្លាប់​ពួក​ម៉ាឌាន ដូច​សម្លាប់​មនុស្ស​តែ​ម្នាក់ ព្រោះ​ខ្ញុំ​នឹង​នៅ​ជា​មួយ​នឹង​អ្នក​»។+

១៧ រួច​គេឌាន​និយាយ​ទៅ​លោក​ថា​៖ ​«​បើ​លោក​ពេញ​ចិត្ត​ខ្ញុំ​មែន សូម​ឲ្យ​ខ្ញុំ​ឃើញ​សញ្ញា​សម្គាល់​មួយ​ដែល​បញ្ជាក់​ថា គឺ​ពិត​ជា​លោក​ដែល​កំពុង​មាន​ប្រសាសន៍​មក​ខ្ញុំ។ ១៨ សូម​លោក​កុំ​ទាន់​អាល​ចាក​ចេញ។ ខ្ញុំ​ចង់​ទៅ​យក​អំណោយ​មក​ជូន​លោក​»។+ លោក​តប​ថា​៖ ​«​ខ្ញុំ​នឹង​ចាំ​នៅ​ទី​នេះ​រហូត​ដល់​អ្នក​មក​វិញ​»។ ១៩ ដូច្នេះ គេឌាន​ក៏​យក​កូន​ពពែ​មួយ​ក្បាល​មក​ចម្អិន ហើយ​យក​ម្សៅ​មួយ​អេហ្វា*មក​ធ្វើ​នំ​ប៉័ង​ឥត​ដំបែ។+ រួច​គាត់​ដាក់​សាច់​ក្នុង​កញ្ឆេ ហើយ​ដាក់​ទឹក​សម្ល​ក្នុង​ឆ្នាំង យក​ទៅ​ជូន​លោក​នៅ​ក្រោម​ដើម​ឈើ​ធំ​នោះ។

២០ ទេវតា​របស់​ព្រះ​ដ៏​ពិត​បង្គាប់​គេឌាន​ថា​៖ ​«​ចូរ​យក​សាច់​និង​នំ​ប៉័ង​ឥត​ដំបែ​ទៅ​ដាក់​លើ​ថ្ម​ធំ​នោះ ហើយ​ចាក់​ទឹក​សម្ល​ពី​លើ​ផង​»។ គេឌាន​ក៏​បាន​ធ្វើ​តាម។ ២១ បន្ទាប់​មក ទេវតា​របស់​ព្រះ​យេហូវ៉ា​លូក​ចុង​ដំបង​ទៅ​ប៉ះ​សាច់​និង​ប៉ះ​នំ​ប៉័ង​ឥត​ដំបែ នោះ​ក៏​មាន​ភ្លើង​ចេញ​ពី​ថ្ម​ដុត​សាច់​និង​នំ​ប៉័ង​ឥត​ដំបែ​ឆេះ​អស់+ ហើយ​ទេវតា​របស់​ព្រះ​យេហូវ៉ា​ក៏​បាត់​ទៅ។ ២២ ខណៈ​នោះ​ទើប​គេឌាន​ដឹង​ថា អ្នក​នោះ​ជា​ទេវតា​របស់​ព្រះ​យេហូវ៉ា។+

គាត់​ពោល​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​អើយ វរ​ហើយ​ខ្ញុំ! ខ្ញុំ​បាន​ឃើញ​ទេវតា​របស់​ព្រះ​យេហូវ៉ា​ផ្ទាល់​ភ្នែក!​»។+ ២៣ ប៉ុន្តែ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​កុំ​ខ្លាច​អី+ សូម​ស្ងប់​ចិត្ត​ទៅ* អ្នក​នឹង​មិន​ស្លាប់​ទេ​»។ ២៤ ដូច្នេះ គេឌាន​សង់​ទី​បូជា​មួយ​នៅ​ទី​នោះ​ជូន​ព្រះ​យេហូវ៉ា ហើយ​គេ​ហៅ​ទី​បូជា​នោះ​ថា​យេហូវ៉ាសាឡំ*+រហូត​មក​ដល់​សព្វ​ថ្ងៃ។ ទី​បូជា​នោះ​នៅ​តែ​មាន​ក្នុង​ក្រុង​អូប្រា​របស់​កូន​ចៅ​អាប៊ីអ៊ីសឺ។

២៥ នៅ​យប់​នោះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​គេឌាន​ថា​៖ ​«​ចូរ​យក​គោ​ឈ្មោល​ស្ទាវ*អាយុ​៧​ឆ្នាំ​របស់​ឪពុក​អ្នក​មក ហើយ​ទៅ​កាប់​រំលំ​ទី​បូជា​ព្រះ​បាល​ដែល​ជា​របស់​ឪពុក​អ្នក ព្រម​ទាំង​កាប់​បង្គោល​ឈើ​ពិសិដ្ឋ*ដែល​នៅ​ក្បែរ​នោះ​ផង។+ ២៦ រួច​មក អ្នក​ត្រូវ​តម្រៀប​ថ្ម​សង់​ទី​បូជា​ជូន​ព្រះ​យេហូវ៉ា​នៅ​លើ​ទី​ខ្ពស់​នេះ ហើយ​យក​គោ​ឈ្មោល​ស្ទាវ​មក​ជូន​ជា​គ្រឿង​បូជា​ដុត ដោយ​ប្រើ​បង្គោល​ឈើ​ដែល​អ្នក​បាន​កាប់​នោះ​ធ្វើ​ជា​អុស​»។ ២៧ ម្ល៉ោះ​ហើយ គេឌាន​នាំ​អ្នក​បម្រើ​១០​នាក់​ទៅ​ធ្វើ​តាម​ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់។ ប៉ុន្តែ គាត់​មិន​ហ៊ាន​ធ្វើ​នៅ​ពេល​ថ្ងៃ​ទេ ដោយ​សារ​ខ្លាច​ពួក​អ្នក​ផ្ទះ​ឪពុក​គាត់​និង​ពួក​អ្នក​ក្រុង​ដឹង ដូច្នេះ​គាត់​ធ្វើ​នៅ​ពេល​យប់​វិញ។

២៨ លុះ​ព្រលឹម​ឡើង ពេល​ពួក​អ្នក​ក្រុង​ក្រោក​ពី​ដេក ពួក​គេ​ឃើញ​ទី​បូជា​ព្រះ​បាល​បាន​ត្រូវ​កាប់​រំលំ ឯ​បង្គោល​ឈើ​ពិសិដ្ឋ​ដែល​នៅ​ក្បែរ​នោះ​បាន​ត្រូវ​កាប់​ចោល ហើយ​ឃើញ​ថា​មាន​គោ​ឈ្មោល​ស្ទាវ​បាន​ត្រូវ​ដុត​នៅ​លើ​ទី​បូជា​ដែល​សង់​ថ្មី​នោះ​ផង​ដែរ។ ២៩ ពួក​គេ​ក៏​សួរ​គ្នា​ថា​៖ ​«​តើ​អ្នក​ណា​ជា​អ្នក​ធ្វើ?​»។ ក្រោយ​ពី​ស៊ើប​អង្កេត​រួច ពួក​គេ​បាន​និយាយ​ថា​៖ ​«​គឺ​គេឌាន​កូន​ប្រុស​យ៉ូអាស ជា​អ្នក​ធ្វើ​»។ ៣០ ពួក​អ្នក​ក្រុង​ក៏​ទៅ​ជួប​យ៉ូអាស ហើយ​បង្គាប់​ថា​៖ ​«​ចូរ​នាំ​កូន​ប្រុស​អ្នក​ឯង​ចេញ​មក គាត់​ត្រូវ​តែ​ស្លាប់ ព្រោះ​គាត់​បាន​កាប់​រំលំ​ទី​បូជា​ព្រះ​បាល និង​កាប់​បង្គោល​ឈើ​ពិសិដ្ឋ*ដែល​នៅ​ក្បែរ​នោះ​»។ ៣១ យ៉ូអាស+តប​ទៅ​ពួក​គេ​ថា​៖ ​«​តើ​ចាំ​បាច់​ឲ្យ​អ្នក​រាល់​គ្នា​ការ​ពារ​ព្រះ​បាល​ទេ? តើ​ព្រះ​នោះ​ត្រូវ​ការ​ឲ្យ​អ្នក​រាល់​គ្នា​ជួយ​ឬ? បើ​បាល​ជា​ព្រះ​មែន ឲ្យ​បាល​ការពារ​ខ្លួន​ឯង​ទៅ+ ព្រោះ​មាន​គេ​កាប់​រំលំ​ទី​បូជា​របស់​បាល។ អ្នក​ណា​ហ៊ាន​ការពារ​ព្រះ​នោះ អ្នក​នោះ​នឹង​ត្រូវ​ប្រហារ​ជីវិត​នៅ​ព្រឹក​នេះ​»។+ ៣២ ចាប់​ពី​ថ្ងៃ​នោះ​មក យ៉ូអាស​ហៅ​គេឌាន​ថា​យេរូបាល* ហើយ​ពោល​ថា​៖ ​«​ចូរ​ឲ្យ​បាល​ការពារ​ខ្លួន​ឯង​ទៅ ព្រោះ​មាន​គេ​កាប់​រំលំ​ទី​បូជា​របស់​បាល​»។

៣៣ ឯ​ពួក​ម៉ាឌាន+ ពួក​អាម៉ាលេក+ និង​ពួក​អ្នក​នៅ​ស្រុកខាងកើត​ទាំង​ប៉ុន្មាន បាន​ប្រមូល​គ្នា​ចេញ​ទៅ​ច្បាំង។+ ពួក​គេ​ឆ្លង*ទៅ​ជ្រលង*ក្រុង​យេសរៀល ហើយ​បោះ​ទ័ព​នៅ​ទី​នោះ។ ៣៤ ក្រោយ​មក ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​លើ​គេឌាន។+ គាត់​ផ្លុំ​ស្នែង​ឡើង+ ហើយ​កូន​ចៅ​អាប៊ីអ៊ីសឺ+ក៏​ប្រមូល​គ្នា​ទៅ​តាម​គាត់។ ៣៥ គេឌាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​មនុស្ស​ទាំង​អស់​ក្នុង​កុលសម្ព័ន្ធ​ម៉ាណាសេ រួច​ពួក​គេ​លើក​គ្នា​មក​គាំទ្រ​គាត់។ គាត់​ក៏​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​កុលសម្ព័ន្ធ​អេស៊ើរ កុលសម្ព័ន្ធ​សេប៊ូឡូន និង​កុលសម្ព័ន្ធ​ណែបថាលី​ដែរ ហើយ​ពួក​គេ​នាំ​គ្នា​ឡើង​មក​ជួប​គាត់។

៣៦ ក្រោយ​មក គេឌាន​និយាយ​ទៅ​ព្រះ​ពិត​ថា​៖ ​«​បើ​លោក​ឲ្យ​ខ្ញុំ​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ដូច​លោក​បាន​សន្យា​មែន+ ៣៧ ខ្ញុំ​នឹង​ហាល​រោម​ចៀម​នៅ​លាន​បញ្ជាន់​ស្រូវ។ បើ​ទឹក​សន្សើម​មាន​តែ​នៅ​លើ​រោម​ចៀម​ប៉ុណ្ណោះ ហើយ​ដី​នៅ​ជុំ​វិញ​បែរ​ជា​ស្ងួត នោះ​ខ្ញុំ​ដឹង​ថា​លោក​នឹង​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ខ្ញុំ ដូច​លោក​បាន​សន្យា​»។ ៣៨ នោះ​បាន​កើត​ឡើង​មែន។ ស្អែក​ឡើង​ពេល​គេឌាន​ក្រោក​ពី​ព្រលឹម គាត់​ពូត​រោម​ចៀម​បាន​ទឹក​ពេញ​មួយ​ចាន​គោម​ធំ។ ៣៩ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គេឌាន​និយាយ​ទៅ​ព្រះ​ពិត​ថា​៖ ​«​សូម​លោក​កុំ​ខឹង​ខ្ញុំ​អី ខ្ញុំ​សុំ​លោក​តែ​ម្ដង​ទៀត​ទេ។ សូម​ឲ្យ​ខ្ញុំ​សាកល្បង​រោម​ចៀម​នេះ​មួយ​លើក​ទៀត។ សូម​លោក​ធ្វើ​ឲ្យ​រោម​ចៀម​ប៉ុណ្ណោះ​ស្ងួត តែ​ឲ្យ​ដី​ដែល​នៅ​ជុំវិញ​មាន​ទឹក​សន្សើម​វិញ​»។ ៤០ យប់​នោះ ព្រះ​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​គេឌាន គឺ​ធ្វើ​ឲ្យ​រោម​ចៀម​ប៉ុណ្ណោះ​ស្ងួត តែ​ឲ្យ​ដី​នៅ​ជុំវិញ​មាន​ទឹក​សន្សើម​ជោក។

៧ ក្រោយ​មក​គេឌាន​ដែល​ហៅ​ថា​យេរូបាល+ និង​មនុស្ស​ទាំង​អស់​ដែល​នៅ​ជា​មួយ​នឹង​គាត់​បាន​ក្រោក​ពី​ព្រលឹម ហើយ​ទៅ​បោះ​ទ័ព​នៅ​ប្រភព​ទឹក​ហារ៉ុត។ ដំណាល​គ្នា​នោះ ពួក​ម៉ាឌាន​បាន​បោះ​ទ័ព​នៅ​ខាង​ជើង​ជំរំ​ទ័ព​គេឌាន ត្រង់​ទួល​ម៉ូរេ​ក្នុង​វាល​ទំនាប។ ២ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​គេឌាន​ថា​៖ ​«​អ្នក​មាន​ទាហាន​ច្រើន​ពេក ខ្ញុំ​មិន​ប្រគល់​ពួក​ម៉ាឌាន​ទៅ​ក្នុង​ដៃ​របស់​ពួក​គេ​ឡើយ។+ ព្រោះ​បើ​ខ្ញុំ​ឲ្យ​ពួក​គេ​ឈ្នះ នោះ​ជន​ជាតិ​អ៊ីស្រាអែល​អាច​មាន​អំណួត ហើយ​និយាយ​ថា​‹ខ្ញុំ​ឈ្នះ​ដោយ​សារ​កម្លាំង*របស់​ខ្ញុំ›។+ ៣ ឥឡូវ ចូរ​ទៅ​ប្រកាស​ប្រាប់​ពួក​ទាហាន​ថា​៖ ‹អ្នក​ណា​ដែល​ភ័យ​ញ័រ ចូរ​ត្រឡប់​ទៅ​ផ្ទះ​វិញ›​»។+ ពេល​គេឌាន​ប្រកាស​ដូច្នោះ នោះ​មាន​ទាហាន​២២.០០០​នាក់​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​សល់​តែ​១០.០០០​នាក់​ប៉ុណ្ណោះ។

៤ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​គេឌាន​ទៀត​ថា​៖ ​«​ចំនួន​ទាហាន​នៅ​តែ​មាន​ច្រើន​ពេក។ ចូរ​នាំ​ពួក​គេ​ចុះ​ទៅ​ឯ​ស្ទឹង ខ្ញុំ​នឹង​សាកល្បង​ពួក​គេ​នៅ​ទី​នោះ។ ពេល​ខ្ញុំ​ប្រាប់​អ្នក​ថា​៖ ‹ម្នាក់​នេះ​ទៅ​ជា​មួយ​នឹង​អ្នក​បាន› នោះ​គាត់​ត្រូវ​ទៅ​ជា​មួយ​នឹង​អ្នក តែ​ពេល​ខ្ញុំ​ប្រាប់​ថា​៖ ‹ម្នាក់​នេះ​ទៅ​ជា​មួយ​នឹង​អ្នក​មិន​បាន​ទេ› នោះ​គាត់​មិន​ត្រូវ​ទៅ​ជា​មួយ​នឹង​អ្នក​ឡើយ​»។ ៥ ដូច្នេះ គេឌាន​ក៏​នាំ​ពួក​ទាហាន​ចុះ​ទៅ​ឯ​ស្ទឹង។

រួច​ព្រះ​យេហូវ៉ា​បង្គាប់​គេឌាន​ថា​៖ ​«​ចូរ​ញែក​ទាហាន​ដែល​ប្រើ​ដៃ​ក្បង់​ទឹក​ផឹក* ចេញ​ពី​ទាហាន​ដែល​លុត​ជង្គង់​ផឹក​ទឹក​»។ ៦ ពេល​នោះ ទាហាន​ដែល​ប្រើ​ដៃ​ក្បង់​ទឹក​ផឹក​មាន​ចំនួន​៣០០​នាក់។ សល់​ប៉ុន្មាន​ទៀត គឺ​ទាហាន​ដែល​លុត​ជង្គង់​ផឹក​ទឹក។

៧ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​គេឌាន​ថា​៖ ​«​ខ្ញុំ​នឹង​ជួយ​សង្គ្រោះ​ពួក​អ្នក ដោយ​ប្រើ​ទាហាន​៣០០​នាក់​ដែល​ក្បង់​ទឹក​ផឹក ហើយ​ខ្ញុំ​នឹង​ប្រគល់​ពួក​ម៉ាឌាន​ទៅ​ក្នុង​ដៃ​របស់​អ្នក។+ ចំណែក​ឯ​ទាហាន​ទាំង​ប៉ុន្មាន​ទៀត ចូរ​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ​»។ ៨ ដូច្នេះ ពួក​គេ​យក​ស្បៀងអាហារ​និង​ស្នែង​ពី​ទាហាន​ទាំង​នោះ។ រួច​មក គេឌាន​ឲ្យ​ទាហាន​អ៊ីស្រាអែល​ទាំង​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ទុក​តែ​ទាហាន​៣០០​នាក់​នោះ​ប៉ុណ្ណោះ។ ពេល​នោះ​ជំរំ​ទ័ព​របស់​ពួក​ម៉ាឌាន​នៅ​ខាង​ក្រោម​ក្នុង​វាល​ទំនាប។+

៩ នៅ​យប់​នោះ ព្រះ​យេហូវ៉ា​ប្រាប់​គេឌាន​ថា​៖ ​«​ចូរ​ក្រោក​ឡើង​ទៅ​វាយ​ប្រហារ​ជំរំ​ទ័ព​របស់​ពួក​គេ ព្រោះ​ខ្ញុំ​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក​ហើយ។+ ១០ ប៉ុន្តែ បើ​អ្នក​ខ្លាច​មិន​ហ៊ាន​វាយ​ប្រហារ​ពួក​គេ ចូរ​ទៅ​ស៊ើប​ជំរំ​ពួក​គេ​ជា​មួយ​នឹង​ភូរ៉ា​ជា​អ្នក​បម្រើ​របស់​អ្នក​ចុះ។ ១១ ចូរ​ស្ដាប់​ថា​ពួក​គេ​និយាយ​គ្នា​អំពី​អ្វី ក្រោយ​មក​អ្នក​នឹង​មាន​ចិត្ត​ក្លាហាន​វាយ​ប្រហារ​ជំរំ​របស់​ពួក​គេ​»។ ដូច្នេះ គេឌាន​និង​ភូរ៉ា​ជា​អ្នក​បម្រើ​បាន​ចុះ​ទៅ​ឯ​ជាយ​ជំរំ​ទ័ព​សត្រូវ។

១២ រីឯ​ពួក​ម៉ាឌាន ពួក​អាម៉ាលេក និង​ពួក​អ្នក​មក​ពី​ស្រុកខាងកើត​ទាំង​អស់+ ពួក​គេ​នៅ​ត្រៀប​ត្រា​ពេញ​វាល​ទំនាប​ដូច​កណ្ដូប​ទាំង​ហ្វូង ហើយ​សត្វ​អូដ្ឋ​របស់​ពួក​គេ​មាន​ចំនួន​ច្រើន​រាប់​មិន​អស់+ ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ១៣ ពេល​គេឌាន​ទៅ​ដល់​ទី​នោះ គាត់​ស្ដាប់​ឮ​ទាហាន​ម្នាក់​កំពុង​រៀប​រាប់​សុបិន​ប្រាប់​មិត្ត​ភក្ដិ​ថា​៖ ​«​ខ្ញុំ​យល់​សប្ដិ​ឃើញ​នំ​ប៉័ង​ម្សៅ​បាលី​មួយ​ដុំ​កំពុង​រមៀល​ចុះ​មក​ឯ​ជំរំ​ទ័ព​ពួក​ម៉ាឌាន។ នំ​ប៉័ង​នោះ​បាន​បុក​ត្រសាល​យ៉ាង​ពេញ​ទំហឹង ធ្វើ​ឲ្យ​ត្រសាល​ផ្ងារ​ជើង​រលំ​រាប​ទៅ​នឹង​ដី​»។+ ១៤ មិត្ត​ភក្ដិ​នោះ​តប​ថា​៖ ​«​នេះ​ច្បាស់​ជា​ដាវ​របស់​គេឌាន+ដែល​ជា​កូន​យ៉ូអាស ជន​ជាតិ​អ៊ីស្រាអែល​នោះ​ហើយ។ ព្រះ​បាន​ប្រគល់​ពួក​ម៉ាឌាន និង​ជំរំ​ទ័ព​ទាំង​អស់​ទៅ​ក្នុង​កណ្ដាប់​ដៃ​គាត់​»។+

១៥ មិន​យូរ​ក្រោយ​ពី​គេឌាន​បាន​ឮ​គេ​និយាយ​គ្នា​អំពី​សុបិន​និង​អត្ថន័យ​សុបិន​នោះ+ គាត់​ក៏​លំឱន​កាយ​គោរព​ព្រះ។ រួច​គាត់​ត្រឡប់​មក​ជំរំ​ទ័ព​អ៊ីស្រាអែល​វិញ ហើយ​និយាយ​ថា​៖ ​«​ចូរ​ក្រោក​ឡើង ព្រោះ​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ជំរំ​ទ័ព​ពួក​ម៉ាឌាន​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ​»។ ១៦ បន្ទាប់​មក គាត់​បែង​ចែក​បុរស​៣០០​នាក់​នោះ ជា​៣​ក្រុម។ គាត់​ឲ្យ​ស្នែង+និង​ក្អម​ធំ​មាន​ចន្លុះ​ខាង​ក្នុង​ដល់​ពួក​គេ​ម្នាក់​មួយ​ៗ។ ១៧ រួច​គាត់​បង្គាប់​ពួក​គេ​ថា​៖ ​«​ចូរ​មើល​ខ្ញុំ ហើយ​ធ្វើ​តាម​ខ្ញុំ។ ពេល​ខ្ញុំ​ទៅ​ដល់​ជាយ​ជំរំ​ទ័ព បើ​ឃើញ​ខ្ញុំ​ធ្វើ​អ្វី អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​តាម​ខ្ញុំ។ ១៨ ពេល​ខ្ញុំ​និង​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុម​ជា​មួយ​នឹង​ខ្ញុំ ផ្លុំ​ស្នែង​ឡើង នោះ​អ្នក​រាល់​គ្នា​ក៏​ត្រូវ​ផ្លុំ​ស្នែង​នៅ​ជុំវិញ​ជំរំ​ទ័ព​ដែរ ហើយ​ស្រែក​ឲ្យ​ខ្លាំង​ៗ​ថា​៖ ‹ដើម្បី​ព្រះ​យេហូវ៉ា​និង​ដើម្បី​គេឌាន!›​»។

១៩ ពេល​ពួក​ម៉ាឌាន​ទើប​តែ​ប្ដូរ​វេន​គ្នា​យាម​ល្បាត​នៅ​វេលា​ជិត​ពាក់​កណ្ដាល​អធ្រាត្រ* នោះ​គេឌាន​និង​ទាហាន​១០០​នាក់​បាន​មក​ដល់​ជាយ​ជំរំ ហើយ​ពួក​គេ​ផ្លុំ​ស្នែង​ឡើង+ រួច​បំបែក​ក្អម​ដែល​ពួក​គេ​កាន់។+ ២០ ដូច្នេះ ពួក​ទាហាន​ទាំង​៣​ក្រុម​ផ្លុំ​ស្នែង​ឡើង ហើយ​បំបែក​ក្អម។ ពួក​គេ​កាន់​ចន្លុះ​នៅ​ដៃ​ឆ្វេង ហើយ​ផ្លុំ​ស្នែង​នៅ​ដៃ​ស្ដាំ រួច​ស្រែក​ខ្លាំង​ៗ​ថា​៖ ​«​ចម្បាំង​របស់​ព្រះ​យេហូវ៉ា​និង​របស់​គេឌាន!​»។ ២១ ក្នុង​ពេល​នោះ ពួក​គេ​គ្រប់​គ្នា​ឈរ​ព័ទ្ធ​ជុំវិញ​ជំរំ។ រីឯ​ពួក​ទ័ព​ម៉ាឌាន​ទាំង​មូល​នាំ​គ្នា​រត់​ចេញ​ទាំង​ស្រែក​យ៉ាង​ខ្លាំង។+ ២២ កាល​ដែល​ពួក​បុរស​៣០០​នាក់​បន្ត​ផ្លុំ​ស្នែង ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​កង​ទ័ព​ម៉ាឌាន​ប្រយុទ្ធ​គ្នា​ឯង​ពេញ​ជំរំ+ ហើយ​កង​ទ័ព​ទាំង​នោះ​បាន​រត់​គេច​ខ្លួន​រហូត​ដល់​ក្រុង​បេតស៊ីតា និង​សេរេរ៉ា ព្រម​ទាំង​រហូត​ដល់​ជាយ​ក្រុង​អេបិល​មិហូឡា+ ក្បែរ​ថាបាត។

២៣ បុរស​ជន​ជាតិ​អ៊ីស្រាអែល​ពី​កុលសម្ព័ន្ធ​ណែបថាលី ពី​កុលសម្ព័ន្ធ​អេស៊ើរ និង​បុរស​ទាំង​អស់​ពី​កុលសម្ព័ន្ធ​ម៉ាណាសេ+ បាន​ត្រូវ​ហៅ​ឲ្យ​មក​ជួប​ជុំ​គ្នា រួច​ដេញ​តាម​ពួក​ម៉ាឌាន។ ២៤ គេឌាន​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​មនុស្ស​ទាំង​អស់​ដែល​នៅ​តំបន់​ភ្នំ​ស្រុក​អេប្រាអ៊ីម​ថា​៖ ​«​ចូរ​នាំ​គ្នា​ចុះ​ទៅ​វាយ​ប្រហារ​ពួក​ម៉ាឌាន ហើយ​ចាប់​យក​ដៃ​ទន្លេ​ទាំង​ប៉ុន្មាន​រហូត​ដល់​បេតបារ៉ា​និង​ទន្លេយ៉ូដាន់​»។ ម្ល៉ោះ​ហើយ ពួក​បុរស​ទាំង​អស់​ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម​បាន​ប្រមូល​ផ្ដុំ​គ្នា ហើយ​ចាប់​យក​ដៃ​ទន្លេ​ទាំង​ប៉ុន្មាន​រហូត​ដល់​បេតបារ៉ា​និង​ទន្លេយ៉ូដាន់។ ២៥ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​បាន​ចាប់​អ្នក​គ្រប់​គ្រង​ទាំង​ពីរ​នាក់​របស់​ពួក​ម៉ាឌាន គឺ​អូរេប និង​សៀប។ រួច​ពួក​គេ​សម្លាប់​អូរេប​នៅ​លើ​ថ្ម​ធំ​មួយ ក្រោយ​មក​គេ​ហៅ​ថ្ម​នោះ​ថា​ថ្ម​អូរេប។+ ពួក​គេ​សម្លាប់​សៀប​នៅ​កន្លែង​ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ​យក​ទឹក​ធ្វើ​ស្រា ក្រោយ​មក​គេ​ហៅ​កន្លែង​នោះ​តាម​ឈ្មោះ​របស់​គាត់។ ពួក​គេ​បន្ត​ដេញ​តាម​សម្លាប់​ពួក​ម៉ាឌាន+ ហើយ​យក​ក្បាល​របស់​អូរេប​និង​ក្បាល​របស់​សៀប មក​ឲ្យ​គេឌាន​នៅ​តំបន់​ទន្លេយ៉ូដាន់។

៨ ក្រោយ​មក ពួក​បុរស​ពី​កុល​សម្ព័ន្ធ​អេប្រាអ៊ីម​បាន​មក​ជួប​គេឌាន។ ពួក​គេ​សួរ​គាត់​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ដូច្នេះ​ចំពោះ​ពួក​យើង? ហេតុ​អ្វី​មិន​ហៅ​ពួក​យើង​ពេល​ទៅ​ច្បាំង​នឹង​ពួក​ម៉ាឌាន?​»។+ ពួក​គេ​បាន​តវ៉ា​នឹង​គេឌាន​យ៉ាង​ខ្លាំង។+ ២ ប៉ុន្តែ គេឌាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​តើ​អ្វី​ដែល​ខ្ញុំ​ធ្វើ​អាច​ប្រៀប​ស្មើ​នឹង​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ឬ? កិច្ចការ​ទាំង​អស់​ដែល​យើង​ខ្ញុំ​ជា​កូន​ចៅ​អាប៊ីអ៊ីសឺ​បាន​ធ្វើ+ មិន​ស្មើ​នឹង​កិច្ច​ការ​បន្តិច​បន្តួច​ដែល​អ្នក​រាល់​គ្នា​ជា​កុល​សម្ព័ន្ធ​អេប្រាអ៊ីម​បាន​ធ្វើ​ឡើយ។*+ ៣ ព្រះ​បាន​ប្រគល់​អូរេប​និង​សៀប​ដែល​ជា​អ្នក​គ្រប់​គ្រង​របស់​ពួក​ម៉ាឌាន ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា។+ តើ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​អាច​ប្រៀប​ស្មើ​នឹង​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ដូច​ម្ដេច​បាន?​»។ ពេល​ឮ​គាត់​និយាយ​បែប​នេះ ពួក​គេ​ក៏​ត្រជាក់​ចិត្ត​វិញ។

៤ ក្រោយ​មក គេឌាន​មក​ដល់​ទន្លេ​យ៉ូដាន់ ហើយ​ឆ្លង​ទន្លេ​នោះ។ ទោះ​ជា​គាត់​និង​បុរស​៣០០​នាក់​ហត់​នឿយ​ក៏​ដោយ ពួក​គេ​នៅ​តែ​បន្ត​ដេញ​តាម​ពួក​ម៉ាឌាន។ ៥ ពេល​ពួក​គេ​ទៅ​ដល់​ក្រុង​សិកូត គេឌាន​និយាយ​ទៅ​ពួក​បុរស​ក្រុង​នោះ​ថា​៖ ​«​សូម​ឲ្យ​នំ​ប៉័ង​ខ្លះ​ដល់​ពួក​បុរស​ដែល​មក​តាម​ខ្ញុំ ព្រោះ​ពួក​គេ​អស់​កម្លាំង​ខ្លាំង​ណាស់ ហើយ​យើង​កំពុង​ដេញ​តាម​ហ្សេបា​និង​សាលម៉ូណា​ជា​ស្ដេច​របស់​ពួក​ម៉ាឌាន​»។ ៦ ប៉ុន្តែ ពួក​មេ​ដឹក​នាំ​ក្រុង​សិកូត​ឆ្លើយ​ថា​៖ ​«​តើ​អ្នក​ចាប់​ហ្សេបា​និង​សាលម៉ូណា​បាន​ហើយ​ឬ បាន​ជា​យើង​ត្រូវ​ឲ្យ​នំ​ប៉័ង​ដល់​កង​ទ័ព​របស់​អ្នក?​»។ ៧ គេឌាន​និយាយ​ថា​៖ ​«​ដោយ​សារ​ពួក​អ្នក​និយាយ​ដូច្នេះ ពេល​ព្រះ​យេហូវ៉ា​ប្រគល់​ហ្សេបា​និង​សាលម៉ូណា​មក​ក្នុង​ដៃ​ខ្ញុំ នោះ​ខ្ញុំ​នឹង​យក​បន្លា​ពី​តំបន់​ស្ងាត់​ជ្រងំ​មក​វាយ​ពួក​អ្នក​ជា​មិន​ខាន​»។+ ៨ រួច​មក គេឌាន​ចេញ​ពី​ទី​នោះ​ទៅ​ក្រុង​ពេនួល ហើយ​សុំ​នំ​ប៉័ង​ពី​ពួក​គេ។ ប៉ុន្តែ ពួក​អ្នក​ក្រុង​ពេនួល​ឆ្លើយ​តប​ទៅ​គាត់ ដូច​ពួក​មេ​ដឹក​នាំ​ក្រុង​សិកូត​ដែរ។ ៩ គាត់​ក៏​និយាយ​ទៅ​ពួក​អ្នក​ក្រុង​ពេនួល​ដែរ​ថា​៖ ​«​ពេល​ខ្ញុំ​ត្រឡប់​មក​វិញ​ដោយ​មាន​ជ័យ​ជម្នះ ខ្ញុំ​នឹង​ផ្ដួល​រំលំ​ប៉ម​របស់​ពួក​អ្នក​»។+

១០ ចំណែក​ហ្សេបា​និង​សាលម៉ូណា ពួក​គេ​នៅ​ខាខូ​ជា​មួយ​នឹង​ពល​ទ័ព​របស់​ពួក​គេ ប្រមាណ​១៥.០០០​នាក់។ នោះ​ជា​ចំនួន​ពល​ទ័ព​ទាំ​ង​អស់​ដែល​នៅ​សល់​ពី​ពល​ទ័ព​ទាំ​ង​មូល​របស់​ពួក​អ្នក​ពី​ស្រុកខាងកើត+ ព្រោះ​ពល​ទ័ព​កាន់​ដាវ​ចំនួន​១២០.០០០​នាក់​បាន​ស្លាប់​អស់​ហើយ។ ១១ គេឌាន​បាន​បន្ត​ដំណើរ​តាម​ផ្លូវ​ខាង​កើត​ណូបា​និង​ក្រុង​យ៉ុកបេហា។+ តាម​ផ្លូវ​នោះ​មាន​ពួក​មនុស្ស​រស់​នៅ​ក្នុង​ត្រសាល។ រួច​មក គាត់​វាយលុក​ជំរំ​ទ័ព​របស់​សត្រូវ ដោយ​ពួក​គេ​មិន​បាន​ត្រៀម​ខ្លួន​ទុក​ជា​មុន។ ១២ ពេល​ហ្សេបា​និង​សាលម៉ូណា​ដែល​ជា​ស្ដេច​ទាំ​ង​ពីរ​របស់​ពួក​ម៉ាឌាន​រត់​ភៀស​ខ្លួន គេឌាន​ដេញ​តាម​ហើយ​ចាប់​ពួក​គេ​បាន នោះ​ធ្វើ​ឲ្យ​ជំរំ​ទ័ព​ទាំ​ង​មូល​ជ្រួល​ច្របល់​ជា​ខ្លាំង។

១៣ ក្រោយ​ពី​ច្បាំង​ចប់ គេឌាន​ជា​កូន​យ៉ូអាស​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​ភ្នំ​ហែរេស។ ១៤ នៅ​តាម​ផ្លូវ គេឌាន​បាន​ចាប់​យុវជន​ម្នាក់​ជា​អ្នក​ក្រុង​សិកូត មក​ជំរឹត​សួរ។ ដូច្នេះ យុវជន​នោះ​ក៏​សរសេរ​ឈ្មោះ​ពួក​មេ​គ្រប់​គ្រង​និង​ពួក​បុរស​ចាស់​ទុំ​នៅ​ក្រុង​សិកូត​ទាំ​ង​៧៧​នាក់​ឲ្យ​គេឌាន។ ១៥ បន្ទាប់​មក គេឌាន​ចេញ​ទៅ​ជួប​ពួក​អ្នក​ក្រុង​សិកូត ហើយ​និយាយ​ទៅ​ពួក​គេ​ថា​៖ ​«​មើល! នេះ​ជា​ហ្សេបា​និង​សាលម៉ូណា​ដែល​អ្នក​រាល់​គ្នា​បាន​ឡកឡឺយ​ឲ្យ​យើង ដោយ​និយាយ​ថា​៖ ‹តើ​អ្នក​ចាប់​ហ្សេបា​និង​សាលម៉ូណា​បាន​ហើយ​ឬ បាន​ជា​យើង​ត្រូវ​ឲ្យ​នំ​ប៉័ង​ដល់​កង​ទ័ព​ដ៏​នឿយ​ហត់​របស់​អ្នក?›​»។+ ១៦ លុះ​និយាយ​ចប់ គេឌាន​ចាប់​ពួក​បុរស​ចាស់​ទុំ​ក្រុង​សិកូត ហើយ​យក​បន្លា​ដែល​គាត់​បាន​យក​ពី​តំបន់​ស្ងាត់​ជ្រងំ​មក​វាយ​ពួក​គេ ដើម្បី​ទុក​ជា​មេ​រៀន​ដល់​ពួក​អ្នក​ក្រុង​នោះ។+ ១៧ ក្រោយ​មក គេឌាន​ទៅ​ផ្ដួល​រំលំ​ប៉ម​ក្រុង​ពេនួល+ ហើយ​សម្លាប់​ពួក​អ្នក​ក្រុង​នោះ។

១៨ គេឌាន​សួរ​ហ្សេបា​និង​សាលម៉ូណា​ថា​៖ ​«​តើ​មនុស្ស​ដែល​ពួក​អ្នក​បាន​សម្លាប់​នៅ​ភ្នំ​ថេបោ​មាន​រូប​រាង​ដូច​ម្ដេច?​»។ ពួក​គេ​ឆ្លើយ​ថា​៖ ​«​អ្នក​ទាំ​ង​នោះ​មាន​រូប​រាង​ស្រដៀង​នឹង​អ្នក ពួក​គេ​ម្នាក់​ៗ​មើល​ទៅ​ដូច​ជា​កូន​ស្ដេច​»។ ១៩ គេឌាន​និយាយ​ថា​៖ ​«​ពួក​គេ​ជា​បង​ប្អូន​បង្កើត​របស់​ខ្ញុំ។ ខ្ញុំ​សូម​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ាជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​ថា បើ​ពួក​អ្នក​មិន​បាន​សម្លាប់​ពួក​គេ​ទេ នោះ​ខ្ញុំ​ក៏​មិន​សម្លាប់​ពួក​អ្នក​ដែរ​»។ ២០ រួច​គេឌាន​បញ្ជា​យេធើ​កូន​ច្បង​របស់​គាត់​ថា​៖ ​«​ចូរ​ក្រោក​ឡើង​សម្លាប់​ពួក​គេ​ទៅ!​»។ ប៉ុន្តែ យុវជន​នោះ​ភ័យ​ខ្លាច​មិន​ហ៊ាន​ដក​ដាវ​សម្លាប់​ពួក​គេ​ទេ ព្រោះ​គាត់​នៅ​ក្មេង​នៅ​ឡើយ។ ២១ ឃើញ​ដូច្នោះ ហ្សេបា​និង​សាលម៉ូណា​និយាយ​ថា​៖ ​«​បើ​អ្នក​ជា​កូន​ប្រុស​មែន! ចូរ​សម្លាប់​ពួក​យើង​ដោយ​ខ្លួន​ឯង​ទៅ​»។ គេឌាន​ក៏​ក្រោក​ឡើង​សម្លាប់​ហ្សេបា​និង​សាលម៉ូណា+ រួច​គាត់​ដោះ​គ្រឿង​អលង្ការ​រាង​ចំណិត​ដួង​ខែ​ពី​ក​សត្វ​អូដ្ឋ​ទាំ​ង​ប៉ុន្មាន​របស់​ពួក​គេ។

២២ ក្រោយ​មក​ទៀត ពួក​បុរស​ជន​ជាតិ​អ៊ីស្រាអែល​និយាយ​ទៅ​គេឌាន​ថា​៖ ​«​សូម​អ្នក​គ្រប់​គ្រង​លើ​ពួក​យើង ហើយ​សូម​ឲ្យ​កូន​ចៅ​អ្នក​គ្រប់​គ្រង​លើ​ពួក​យើង​បន្ត​ពី​អ្នក​រហូត​ត​ទៅ ព្រោះ​អ្នក​បាន​សង្គ្រោះ​ពួក​យើង​ពី​កណ្ដាប់​ដៃ​ពួក​ម៉ាឌាន​»។+ ២៣ ប៉ុន្តែ គេឌាន​បដិសេធ​ថា​៖ ​«​ខ្ញុំ​នឹង​មិន​គ្រប់​គ្រង​លើ​អ្នក​រាល់​គ្នា​ទេ ហើយ​កូន​ខ្ញុំ​ក៏​នឹង​មិន​គ្រប់​គ្រង​លើ​អ្នក​រាល់​គ្នា​ដែរ។ ព្រះ​យេហូវ៉ា​នឹង​គ្រប់​គ្រង​លើ​អ្នក​រាល់​គ្នា​»។+ ២៤ គេឌាន​បន្ថែម​ទៀត​ថា​៖ ​«​ខ្ញុំ​មាន​សំណូម​ពរ​មួយ។ សូម​អ្នក​គ្រប់​គ្នា​ប្រគល់​ក្រវិល​ច្រមុះ​ដែល​បាន​ពី​ជ័យ​ភណ្ឌ​មក​ឲ្យ​ខ្ញុំ​ម្នាក់​មួយ​ៗ​»​ (​ពួក​សត្រូវ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​វាយ​ឈ្នះ​មាន​ក្រវិល​ច្រមុះ​មាស ពី​ព្រោះ​ពួក​គេ​ជា​កូន​ចៅ​អ៊ីសម៉ាអែល​)។+ ២៥ ពួក​បុរស​ជន​ជាតិ​អ៊ីស្រាអែល​ឆ្លើយ​ថា​៖ ​«​ពួក​យើង​ពេញ​ចិត្ត​ប្រគល់​ឲ្យ​អ្នក​»។ រួច​ពួក​គេ​ក្រាល​ក្រណាត់​មួយ ហើយ​បោះ​ក្រវិល​ច្រមុះ​ម្នាក់​មួយ​ៗ​ទៅ​លើ​ក្រណាត់​នោះ។ ២៦ ទម្ងន់​ក្រវិល​ច្រមុះ​មាស​ដែល​គេឌាន​បាន​សុំ​ពី​ពួក​គេ សរុប​ទាំ​ង​អស់​មាន​ចំនួន​១.៧០០​ហ្សេគិល* មិន​រាប់​បញ្ចូល​គ្រឿង​អលង្ការ​រាង​ចំណិត​ដួង​ខែ បន្ដោង​ខ្សែក ខ្សែក​របស់​សត្វ​អូដ្ឋ+ និង​សម្លៀក​បំពាក់​ពណ៌​ស្វាយ​របស់​ពួក​ស្ដេច​ម៉ាឌាន​ធ្វើ​ពី​រោម​ចៀម​ឡើយ។

២៧ គេឌាន​បាន​យក​របស់​ទាំ​ង​នោះ​មក​ធ្វើ​ជា​អាវ​អេផូឌ+ ហើយ​គាត់​តាំង​អាវ​នោះ​នៅ​ក្រុង​អូប្រា​ជា​ក្រុង​របស់​គាត់។+ ជា​លទ្ធផល ជន​ជាតិ​អ៊ីស្រាអែល​ទាំ​ង​អស់​លែង​ស្មោះ​ត្រង់​នឹង​ព្រះ*ដោយ​ទៅ​គោរព​បូជា​ដល់​អាវ​នោះ+ ហើយ​អាវ​នោះ​បាន​ទៅ​ជា​អន្ទាក់​ដល់​គេឌាន​និង​ពួក​អ្នក​ផ្ទះ​របស់​គាត់។+

២៨ ពួក​ម៉ាឌាន+បាន​ច្បាំង​ចាញ់​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ពួក​គេ​លែង​ហ៊ាន​ប្រឆាំង​ជន​ជាតិ​អ៊ីស្រាអែល​ទៀត។ នៅ​សម័យ​គេឌាន ទឹក​ដី​ស្ងប់​សង្គ្រាម​អស់​រយៈ​ពេល​៤០​ឆ្នាំ។+

២៩ យេរូបាល+ជា​កូន​យ៉ូអាស​ក៏​ត្រឡប់​មក​រស់​នៅ​ក្នុង​ផ្ទះ​របស់​គាត់​វិញ។

៣០ គេឌាន​មាន​កូន​ប្រុស​៧០​នាក់ ព្រោះ​គាត់​មាន​ប្រពន្ធ​ច្រើន។ ៣១ នៅ​ក្រុង​ស៊ីគឹម គាត់​មាន​ប្រពន្ធ​មួយ​ទៀត។ នាង​បាន​បង្កើត​កូន​ប្រុស​ម្នាក់​ឲ្យ​គាត់។ គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា អាប៊ីម៉ាឡិច។+ ៣២ គេឌាន​កូន​យ៉ូអាស​ទទួល​មរណភាព ក្នុង​ពេល​ដែល​គាត់​មាន​អាយុ​វែង។ សព​គាត់​បាន​ត្រូវ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​យ៉ូអាស​ជា​ឪពុក​គាត់ នៅ​ក្រុង​អូប្រា​របស់​កូន​ចៅ​អាប៊ីអ៊ីសឺ។+

៣៣ ក្រោយ​ពី​គេឌាន​ទទួល​មរណភាព​ភ្លាម ជន​ជាតិ​អ៊ីស្រាអែល​បាន​ក្បត់​ព្រះ*ម្ដង​ទៀត ហើយ​ទៅ​គោរព​បូជា​ព្រះ​បាល​ផ្សេង​ៗ។+ ពួក​គេ​បាន​យក​ព្រះ​បាលបេរីត​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ។+ ៣៤ ជន​ជាតិ​អ៊ីស្រាអែល​មិន​បាន​នឹក​នា​ដល់​ព្រះ​យេហូវ៉ា+ ជា​ព្រះ​ដែល​បាន​សង្គ្រោះ​ពួក​គេ​ពី​កណ្ដាប់​ដៃ​សត្រូវ​ទាំ​ង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ​ពួក​គេ​ទេ។+ ៣៥ ម្យ៉ាង​ទៀត ពួក​គេ​មិន​បាន​បង្ហាញ​សេ​ច​ក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ដល់​ពួក​អ្នក​ផ្ទះ​របស់​យេរូបាល​ដែល​ហៅ​ថា​គេឌាន សម្រាប់​អ្វី​ល្អ​ៗ​ទាំ​ង​អស់​ដែល​គាត់​បាន​ធ្វើ​ដើម្បី​ជន​ជាតិ​អ៊ីស្រាអែល​ឡើយ។+

៩ ក្រោយ​មក អាប៊ីម៉ាឡិច+ជា​កូន​ប្រុស​យេរូបាល បាន​ទៅ​ជួប​បង​ប្អូន​ខាង​ម្ដាយ​របស់​គាត់​នៅ​ក្រុង​ស៊ីគឹម ហើយ​និយាយ​ទៅ​ពួក​គេ​និង​ក្រុម​គ្រួសារ​ទាំង​អស់​របស់​ជីតា​គាត់​ថា​៖ ២ ​«​សូម​អ្នក​រាល់​គ្នា​ទៅ​សួរ​អ្នក​ដឹក​នាំ*ទាំង​អស់​នៃ​ក្រុង​ស៊ីគឹម​ថា​៖ ‹តើ​ពួក​អ្នក​គិត​យ៉ាង​ណា? តើ​ចង់​ឲ្យ​កូន​ប្រុស​ទាំង​៧០​នាក់​របស់​យេរូបាល+គ្រប់​គ្រង​លើ​ពួក​អ្នក ឬ​ចង់​ឲ្យ​តែ​ម្នាក់​គ្រប់​គ្រង​លើ​ពួក​អ្នក? សូម​ចាំ​ថា ខ្ញុំ​ក៏​ជា​សាច់​ញាតិ​របស់​ពួក​អ្នក​ដែរ›​»។

៣ ដូច្នេះ បង​ប្អូន​ខាង​ម្ដាយ​គាត់​បាន​នាំ​ពាក្យ​ទាំង​នោះ​ទៅ​ប្រាប់​អ្នក​ដឹក​នាំ​ទាំង​អស់​នៃ​ក្រុង​ស៊ីគឹម។ អ្នក​ដឹក​នាំ​ទាំង​នោះ​មាន​ចិត្ត​លម្អៀង​ទៅ​ខាង​អាប៊ីម៉ាឡិច ដោយ​សារ​ពួក​គេ​និយាយ​គ្នា​ថា​៖ ​«​គាត់​ជា​សាច់​ញាតិ​របស់​យើង​»។ ៤ រួច​មក ពួក​គេ​បាន​យក​ប្រាក់​៧០​កាក់​ពី​វិហារ​របស់​ព្រះ​បាលបេរីត+ ឲ្យ​ទៅ​អាប៊ីម៉ាឡិច។ អាប៊ីម៉ាឡិច​បាន​យក​ប្រាក់​នោះ​ទៅ​ជួល​មនុស្ស​ពាល​ឥត​ការងារ​ធ្វើ​ឲ្យ​មក​តាម​គាត់។ ៥ បន្ទាប់​មក អាប៊ីម៉ាឡិច​បាន​ទៅ​ផ្ទះ​របស់​ឪពុក​គាត់​នៅ​ក្រុង​អូប្រា+ រួច​សម្លាប់​បង​ប្អូន​របស់​គាត់+នៅ​លើ​ថ្ម​មួយ គឺ​កូន​ប្រុស​៧០​នាក់​របស់​យេរូបាល។ មាន​តែ​យ៉ូថាម​ប៉ុណ្ណោះ​ដែល​រួច​ជីវិត ព្រោះ​គាត់​បាន​រត់​ទៅ​លាក់​ខ្លួន។ គាត់​ជា​កូន​ប្រុស​ពៅ​របស់​យេរូបាល។

៦ រួច​មក អ្នក​ដឹក​នាំ​ទាំង​អស់​នៃ​ក្រុង​ស៊ីគឹម និង​មនុស្ស​ទាំង​ឡាយ​នៅ​បេតមិឡូ បាន​មក​ជួប​ជុំ​គ្នា​ត្រង់​ដើម​ឈើ​ធំ​ជិត​បង្គោល​ក្នុង​ក្រុង​ស៊ីគឹម ហើយ​ពួក​គេ​បាន​តែង​តាំង​អាប៊ីម៉ាឡិច​ឲ្យ​ធ្វើ​ជា​ស្ដេច។+

៧ ពេល​យ៉ូថាម​ទទួល​ដំណឹង​នោះ គាត់​ក៏​ប្រញាប់​ធ្វើ​ដំណើរ​ទៅ​កំពូល​ភ្នំ​កេរិស៊ីម+ ហើយ​ឈរ​នៅ​លើ​នោះ បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ទៅ​ពួក​គេ​ថា​៖ ​«​ឱ​អ្នក​ដឹក​នាំ​ទាំង​ឡាយ​នៃ​ក្រុង​ស៊ីគឹម​អើយ ចូរ​ស្ដាប់​ខ្ញុំ នោះ​ព្រះ​នឹង​ស្ដាប់​អ្នក​រាល់​គ្នា។

៨ ​«​មាន​គ្រា​មួយ ដើម​ឈើ​ផ្សេង​ៗ​បាន​ធ្វើ​ដំណើរ​ទៅ ក្នុង​បំណង​តែង​តាំង​ស្ដេច​ឲ្យ​គ្រប់​គ្រង​លើ​ពួក​គេ។ ដើម​ឈើ​ទាំង​នោះ​ពោល​ទៅ​កាន់​ដើម​អូលីវ​ថា​៖ ‹សូម​មក​គ្រប់​គ្រង​លើ​ពួក​យើង›។+ ៩ ប៉ុន្តែ ដើម​អូលីវ​និយាយ​ថា​៖ ‹តើ​ឲ្យ​ខ្ញុំ​លះ​បង់​ប្រេង​ដែល​គេ​ប្រើ​ដើម្បី​សរសើរ​តម្កើង​ព្រះ​និង​មនុស្ស ហើយ​ទៅ​គ្រប់​គ្រង​លើ​ដើម​ឈើ​ឯ​ទៀត*យ៉ាង​ដូច​ម្ដេច​បាន?›។ ១០ រួច​មក ដើម​ឈើ​ទាំង​នោះ​និយាយ​ទៅ​ដើម​ល្វា​ថា​៖ ‹សូម​មក​គ្រប់​គ្រង​លើ​ពួក​យើង›។ ១១ តែ​ដើម​ល្វា​និយាយ​ថា​៖ ‹តើ​ឲ្យ​ខ្ញុំ​លះ​បង់​រស​ជាតិ​ផ្អែម​និង​ផល​ល្អ​របស់​ខ្ញុំ ហើយ​ទៅ​គ្រប់​គ្រង​លើ​ដើម​ឈើ​ឯ​ទៀត*យ៉ាង​ដូច​ម្ដេច​បាន?›។ ១២ បន្ទាប់​មក ដើម​ឈើ​ទាំង​នោះ​វាចា​ទៅ​វល្លិ​ទំពាំង​បាយ​ជូរ​ថា​៖ ‹សូម​មក​គ្រប់​គ្រង​លើ​ពួក​យើង›។ ១៣ វល្លិ​ទំពាំង​បាយ​ជូរ​បន្លឺ​ថា​៖ ‹ស្រា​ថ្មី​របស់​ខ្ញុំ​ធ្វើ​ឲ្យ​ព្រះ​និង​មនុស្ស​សប្បាយ​រីក​រាយ តើ​ឲ្យ​ខ្ញុំ​បោះ​បង់​ចោល​ស្រា​ថ្មី ហើយ​ទៅ​គ្រប់​គ្រង​លើ​ដើម​ឈើ​ឯ​ទៀត*យ៉ាង​ដូច​ម្ដេច​បាន?›។ ១៤ ចុង​ក្រោយ ដើម​ឈើ​ទាំង​អស់​នោះ​និយាយ​ទៅ​គុម្ព​បន្លា​ថា​៖ ‹សូម​មក​គ្រប់​គ្រង​លើ​ពួក​យើង›។+ ១៥ គុម្ព​បន្លា​ក៏​និយាយ​ទៅ​ដើម​ឈើ​ទាំង​នោះ​ថា​៖ ‹បើ​ពួក​អ្នក​ពិត​ជា​ចង់​ឲ្យ​ខ្ញុំ​គ្រប់​គ្រង​ជា​ស្ដេច​លើ​ពួក​អ្នក​មែន ចូរ​មក​ជ្រក​ក្រោម​ម្លប់​របស់​ខ្ញុំ។ តែ​បើ​មិន​ចង់​ទេ នោះ​ភ្លើង​នឹង​ចេញ​ពី​គុម្ព​បន្លា​មក​បញ្ឆេះ​អស់​ទាំង​ដើម​ស៊ីដារ​នៅ​ស្រុក​លីបង់›។

១៦ ​«​ដូច្នេះ តើ​អ្នក​រាល់​គ្នា​តែង​តាំង​អាប៊ីម៉ាឡិច​ជា​ស្ដេច+ដោយ​ចិត្ត​ស្មោះ​និង​ដោយ​ឥត​លម្អៀង​ឬ? តើ​អ្នក​រាល់​គ្នា​បាន​បង្ហាញ​គុណធម៌​ចំពោះ​យេរូបាល​និង​ក្រុម​គ្រួសារ​របស់​គាត់​ឬ​ទេ? តើ​ការ​ប្រព្រឹត្ត​របស់​អ្នក​រាល់​គ្នា​បង្ហាញ​ថា​បាន​សង​គុណ​គាត់​ឬ​ទេ? ១៧ ឪពុក​ខ្ញុំ​បាន​ប្រថុយ​ជីវិត*ទៅ​ច្បាំង​ដើម្បី​សង្គ្រោះ​អ្នក​រាល់​គ្នា+ពី​កណ្ដាប់​ដៃ​របស់​ពួក​ម៉ាឌាន។+ ១៨ ប៉ុន្តែ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​លើក​គ្នា​ប្រឆាំង​នឹង​ក្រុម​គ្រួសារ​របស់​ឪពុក​ខ្ញុំ ហើយ​សម្លាប់​កូន​ប្រុស​៧០​នាក់​របស់​គាត់​លើ​ថ្ម​មួយ។+ រួច​អ្នក​រាល់​គ្នា​បាន​តែង​តាំង​អាប៊ីម៉ាឡិច​ដែល​ជា​កូន​របស់​ស្រី​បម្រើ+ ឲ្យ​ធ្វើ​ជា​ស្ដេច​គ្រប់​គ្រង​លើ​ពួក​អ្នក​ដឹក​នាំ​ក្រុង​ស៊ីគឹម ព្រោះ​តែ​អាប៊ីម៉ាឡិច​ជា​សាច់​ញាតិ​របស់​អ្នក​រាល់​គ្នា។ ១៩ ប្រសិន​បើ​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ គឺ​ធ្វើ​ដោយ​ចិត្ត​ស្មោះ​និង​ដោយ​ឥត​លម្អៀង​ចំពោះ​យេរូបាល​និង​ក្រុម​គ្រួសារ​របស់​គាត់​មែន នោះ​សូម​ឲ្យ​អ្នក​រាល់​គ្នា​ត្រេក​អរ​ចំពោះ​អាប៊ីម៉ាឡិច​ចុះ ហើយ​សូម​ឲ្យ​គាត់​ត្រេក​អរ​ចំពោះ​អ្នក​រាល់​គ្នា​ដែរ។ ២០ ក៏​ប៉ុន្តែ បើ​មិន​ដូច្នោះ​ទេ សូម​ឲ្យ​ភ្លើង​ចេញ​ពី​អាប៊ីម៉ាឡិច​មក​បញ្ឆេះ​ពួក​អ្នក​ដឹក​នាំ​ក្រុង​ស៊ីគឹម​និង​បេតមិឡូ+ ហើយ​សូម​ឲ្យ​ភ្លើង​ចេញ​ពី​ពួក​អ្នក​ដឹក​នាំ​ក្រុង​ស៊ីគឹម​និង​បេតមិឡូ​មក​បញ្ឆេះ​អាប៊ីម៉ាឡិច​វិញ​»។+

២១ លុះ​និយាយ​ចប់ យ៉ូថាម+រត់​គេច​ខ្លួន​ទៅ​ឯ​បៀរ ហើយ​អាស្រ័យ​នៅ​ទី​នោះ ដោយ​សារ​ខ្លាច​អាប៊ីម៉ាឡិច​ជា​បង​របស់​គាត់។

២២ អាប៊ីម៉ាឡិច​បាន​គ្រប់​គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល​អស់​រយៈ​ពេល​បី​ឆ្នាំ។ ២៣ ក្រោយ​មក ព្រះ​បាន​បណ្ដោយ​ឲ្យ​អាប៊ីម៉ាឡិច​និង​ពួក​អ្នក​ដឹក​នាំ​ក្រុង​ស៊ីគឹម មាន​ការ​រកាំ​រកូស​គ្នា​កាន់​តែ​ខ្លាំង​ឡើង រហូត​ដល់​ពួក​គេ​នាំ​គ្នា​ក្បត់​អាប៊ីម៉ាឡិច។ ២៤ នេះ​ដើម្បី​សង​សឹក​ឲ្យ​កូន​ប្រុស​៧០​នាក់​របស់​យេរូបាល​ដែល​បាន​ត្រូវ​សម្លាប់​យ៉ាង​ឃោរ​ឃៅ និង​ដើម្បី​ឲ្យ​អាប៊ីម៉ាឡិច​ដែល​បាន​សម្លាប់​បង​ប្អូន​បង្កើត​ខ្លួន​ឯង រួម​ទាំង​ពួក​អ្នក​ដឹក​នាំ​ក្រុង​ស៊ីគឹម​ដែល​ចូល​ដៃ​ជា​មួយ​នឹង​គាត់ បាន​ទទួល​ទោស​យ៉ាង​ស័ក្ដិ​សម។+ ២៥ ពួក​អ្នក​ដឹក​នាំ​ក្រុង​ស៊ីគឹម​បាន​ចាត់​មនុស្ស​ឲ្យ​ទៅ​ចាំ​វាយ​ឆ្មក់​អាប៊ីម៉ាឡិច​នៅ​លើ​កំពូល​ភ្នំ ហើយ​ពួក​គេ​តែង​តែ​ប្លន់​អស់​អ្នក​ដែល​ឆ្លង​កាត់​ផ្លូវ​នោះ។ ក្រោយ​មក មាន​គេ​ទៅ​រាយ​ការណ៍​ប្រាប់​អាប៊ីម៉ាឡិច។

២៦ គ្រា​នោះ កាអាល​ជា​កូន​ប្រុស​អ៊ីបេត និង​បង​ប្អូន​ប្រុស​របស់​គាត់ បាន​ឆ្លង​ចូល​មក​ក្រុង​ស៊ីគឹម។+ ក្រោយ​មក ពួក​អ្នក​ដឹក​នាំ​ក្រុង​ស៊ីគឹម​ទុក​ចិត្ត​គាត់។ ២៧ ពួក​គេ​បាន​ចេញ​ទៅ​ប្រមូល​ផល​ទំពាំង​បាយ​ជូរ​របស់​ពួក​គេ រួច​ជាន់​យក​ទឹក​ធ្វើ​ស្រា ហើយ​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ​យ៉ាង​សប្បាយ​រីក​រាយ។ បន្ទាប់​មក ពួក​គេ​ក៏​ចេញ​ទៅ​វិហារ​ព្រះ​របស់​ពួក​គេ+ ហើយ​នាំ​គ្នា​ផឹក​ស៊ី ទាំង​ដាក់​បណ្ដាសា​អាប៊ីម៉ាឡិច។ ២៨ កាអាល​កូន​អ៊ីបេត​និយាយ​ថា​៖ ​«​តើ​អាប៊ីម៉ាឡិច​ជា​នរណា? ហើយ​តើ​សេបូល​ដែល​គាត់​តែង​តាំង​ឲ្យ​មើល​ខុស​ត្រូវ​ក្រុង​ស៊ីគឹម​ជា​នរណា? ហេតុ​អ្វី​យើង​ត្រូវ​បម្រើ​ពួក​គេ? តើ​អាប៊ីម៉ាឡិច​មិន​មែន​ជា​កូន​ប្រុស​របស់​យេរូបាល+ ហើយ​សេបូល​មិន​មែន​ជា​ជំនួយ​ការ​របស់​គាត់​ទេ​ឬ? ចូរ​មក​បម្រើ​កូន​ចៅ​របស់​ហេម័រ​ជា​ឪពុក​ស៊ីគឹម​វិញ​ល្អ​ជាង! ហេតុ​អ្វី​យើង​ត្រូវ​បម្រើ​អាប៊ីម៉ាឡិច? ២៩ បើ​បណ្ដា​ជន​ក្រុង​នេះ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្ញុំ​វិញ នោះ​ខ្ញុំ​នឹង​ដក​អាប៊ីម៉ាឡិច​ចេញ​»។ គាត់​ថែម​ទាំង​បបួល​អាប៊ីម៉ាឡិច​ថា​៖ ​«​ចូរ​ប្រមូល​កម្លាំង​ទ័ព​ឲ្យ​បាន​ច្រើន ហើយ​ចេញ​មក​ប្រយុទ្ធ​នឹង​ខ្ញុំ​»។

៣០ ពេល​សេបូល​ជា​អ្នក​គ្រប់​គ្រង​ក្រុង​ស៊ីគឹម ឮ​សម្ដី​ដែល​កាអាល​កូន​អ៊ីបេត​និយាយ​ដូច្នេះ គាត់​ក្ដៅ​ចិត្ត​ជា​ខ្លាំង។ ៣១ ដូច្នេះ គាត់​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​អាប៊ីម៉ាឡិច​ដោយ​សម្ងាត់​ថា​៖ ‹មើល! ពេល​នេះ​កាអាល​កូន​អ៊ីបេត​និង​បង​ប្អូន​របស់​គាត់​កំពុង​នៅ​ក្រុង​ស៊ីគឹម ហើយ​ពួក​គេ​អុជ​អាល​ពួក​អ្នក​ក្រុង​នោះ​ឲ្យ​ប្រឆាំង​នឹង​លោក។ ៣២ នៅ​យប់​នេះ សូម​លោក​និង​ពួក​បុរស​របស់​លោក​ចេញ​ទៅ​លាក់​ខ្លួន​ពួន​ស្ទាក់​នៅ​ឯ​វាល។ ៣៣ សូម​លោក​និង​ពួក​បុរស​របស់​លោក​ក្រោក​ពី​ព្រលឹម ហើយ​ពេល​ថ្ងៃ​រះ​ភ្លាម សូម​ទៅ​វាយ​ប្រហារ​ក្រុង​នោះ។ ពេល​កាអាល​និង​ពួក​បុរស​របស់​គាត់​ចេញ​មក​ប្រយុទ្ធ​នឹង​លោក សូម​លោក​ប្រើ​គ្រប់​វិធី​ដើម្បី​យក​ឈ្នះ​គាត់​»។

៣៤ ម្ល៉ោះ​ហើយ អាប៊ីម៉ាឡិច​និង​មនុស្ស​ទាំង​អស់​ដែល​នៅ​ជា​មួយ​នឹង​គាត់ ក៏​ចេញ​ដំណើរ​ទៅ​ទាំង​យប់។ ពួក​គេ​ចែក​ជា​បួន​ក្រុម ហើយ​លាក់​ខ្លួន​ចាំ​ប្រយុទ្ធ​នឹង​ក្រុង​ស៊ីគឹម។ ៣៥ លុះ​ស្អែក​ឡើង ពេល​កាអាល​កូន​អ៊ីបេត​ចេញ​មក​ឈរ​នៅ​ត្រង់​ទ្វារ​កំពែង​ក្រុង នោះ​អាប៊ីម៉ាឡិច​និង​មនុស្ស​ដែល​នៅ​ជា​មួយ​នឹង​គាត់ ក៏​ចេញ​ពី​កន្លែង​លាក់​ខ្លួន​មក។ ៣៦ ពេល​កាអាល​ឃើញ​ពួក​គេ គាត់​និយាយ​ទៅ​សេបូល​ថា​៖ ​«​មើល​ហ្ន៎! មាន​មនុស្ស​កំពុង​ចុះ​ពី​ភ្នំ​»។ ប៉ុន្តែ សេបូល​ឆ្លើយ​ថា​៖ ​«​នោះ​ជា​ស្រមោល​ភ្នំ មិន​មែន​មនុស្ស​ទេ​»។

៣៧ រួច​មក កាអាល​និយាយ​ទៀត​ថា​៖ ​«​មើល! ពិត​ជា​មាន​មនុស្ស​កំពុង​ចុះ​ពី​កណ្ដាល​ភ្នំ​មក​មែន ហើយ​មាន​ក្រុម​មួយ​ទៀត​កំពុង​ចុះ​មក​តាម​ផ្លូវ​ដើម​ឈើ​ធំ​មេនេនីម​»។ ៣៨ សេបូល​តប​វិញ​ថា​៖ ​«​ក្រែង​ពី​មុន​អ្នក​និយាយ​អួតអាង​ថា​៖ ‹តើ​អាប៊ីម៉ាឡិច​ជា​នរណា បាន​ជា​យើង​ត្រូវ​បម្រើ​គាត់?›។+ មនុស្ស​ទាំង​នោះ​ឯង​ដែល​អ្នក​បាន​មើល​ងាយ។ ចូរ​ចេញ​ទៅ​ប្រយុទ្ធ​នឹង​ពួក​គេ​ទៅ!​»។

៣៩ ដូច្នេះ កាអាល​ក៏​នាំ​មុខ​ពួក​អ្នក​ដឹក​នាំ​ក្រុង​ស៊ីគឹម​ចេញ​ទៅ​ច្បាំង​នឹង​អាប៊ីម៉ាឡិច។ ៤០ អាប៊ីម៉ាឡិច​ដេញ​តាម​សម្លាប់​កាអាល ហើយ​កាអាល​រត់​គេច​ពី​អាប៊ីម៉ាឡិច។ មាន​មនុស្ស​ជា​ច្រើន​ស្លាប់​តាម​ផ្លូវ​រហូត​ដល់​ទ្វារ​កំពែង​ក្រុង។

៤១ អាប៊ីម៉ាឡិច​បន្ត​អាស្រ័យ​នៅ​ក្រុង​អារូម៉ា។ ចំណែក​ឯ​សេបូល​វិញ+ គាត់​បណ្ដេញ​កាអាល​និង​បង​ប្អូន​កាអាល​ចេញ​ពី​ក្រុង​ស៊ីគឹម។ ៤២ នៅ​ថ្ងៃ​បន្ទាប់ បណ្ដា​ជន​ក៏​ធ្វើ​ដំណើរ​ចេញ​ទៅ​ខាង​ក្រៅ​ក្រុង ហើយ​មាន​គេ​ទៅ​ប្រាប់​អាប៊ីម៉ាឡិច។ ៤៣ ដូច្នេះ អាប៊ីម៉ាឡិច​បាន​នាំ​មនុស្ស​របស់​គាត់​មក ហើយ​ចែក​ពួក​គេ​ជា​បី​ក្រុម រួច​ឲ្យ​ពួក​គេ​ទៅ​លាក់​ខ្លួន​ពួន​ចាំ​នៅ​ខាង​ក្រៅ​ក្រុង។ ពេល​គាត់​ឃើញ​បណ្ដា​ជន​កំពុង​ចេញ​ពី​ក្រុង​មក នោះ​គាត់​ក៏​វាយ​ប្រហារ​ពួក​គេ ហើយ​សម្លាប់​ពួក​គេ​ចោល។ ៤៤ រួច​អាប៊ីម៉ាឡិច​និង​ក្រុម​គាត់​សម្រុក​ទៅ​ឯ​ទ្វារ​កំពែង​ក្រុង ខណៈ​ពេល​ដែល​ពីរ​ក្រុម​ទៀត​កំពុង​វាយ​ប្រហារ ហើយ​សម្លាប់​ពួក​អ្នក​ដែល​នៅ​ខាង​ក្រៅ​ក្រុង។ ៤៥ អាប៊ីម៉ាឡិច​បាន​ប្រយុទ្ធ​នឹង​ពួក​អ្នក​ក្រុង​នោះ​ពេញ​មួយ​ថ្ងៃ។ នៅ​ទី​បំផុត គាត់​ដណ្ដើម​ក្រុង​បាន។ គាត់​សម្លាប់​មនុស្ស​ក្នុង​ក្រុង រួច​បំផ្លាញ​ក្រុង​នោះ​ចោល+ ព្រម​ទាំង​បាច​អំបិល​ទៀត​ផង។

៤៦ ពេល​អ្នក​ដឹក​នាំ​ទាំង​អស់​នៃ​ប៉ម​ក្រុង​ស៊ីគឹម​បាន​ឮ​អំពី​រឿង​នោះ ពួក​គេ​ក៏​ប្រញាប់​ប្រញាល់​ចេញ​ទៅ​សាល​សុវត្ថិភាព​នៅ​វិហារ​ព្រះ​អែលបេរីត។+ ៤៧ ភ្លាម​នោះ មាន​គេ​ទៅ​ប្រាប់​អាប៊ីម៉ាឡិច​ថា អ្នក​ដឹក​នាំ​ទាំង​អស់​នៃ​ប៉ម​ក្រុង​ស៊ីគឹម​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​សាល​សុវត្ថិភាព។ ៤៨ អាប៊ីម៉ាឡិច​និង​បុរស​ទាំង​អស់​ដែល​នៅ​ជា​មួយ​នឹង​គាត់ បាន​ឡើង​ទៅ​ភ្នំ​សាល់ម៉ូន។ អាប៊ីម៉ាឡិច​បាន​យក​ពូថៅ​ទៅ​កាប់​មែក​ឈើ​មួយ ហើយ​ដាក់​លើ​ស្មា រួច​និយាយ​ទៅ​បុរស​ទាំង​នោះ​ថា​៖ ​«​ពួក​អ្នក​ឃើញ​ខ្ញុំ​ធ្វើ​យ៉ាង​ណា ក៏​ប្រញាប់​ធ្វើ​យ៉ាង​នោះ​ដែរ​ទៅ!​»។ ៤៩ ដូច្នេះ បុរស​ទាំង​អស់​នោះ​ទៅ​កាប់​មែក​ឈើ រួច​លី​ទៅ​តាម​អាប៊ីម៉ាឡិច។ បន្ទាប់​មក ពួក​គេ​គរ​មែក​ឈើ​ទាំង​ប៉ុន្មាន​ដាក់​នៅ​ជុំវិញ​សាល​សុវត្ថិភាព ហើយ​យក​ភ្លើង​ដុត​សាល​នោះ។ មនុស្ស​ប្រុស​ស្រី​ទាំង​អស់​នៃ​ប៉ម​ក្រុង​ស៊ីគឹម ដែល​នៅ​ក្នុង​សាល​នោះ​បាន​ស្លាប់​អស់។ ចំនួន​ពួក​គេ​ប្រហែល​១.០០០​នាក់។

៥០ រួច​មក អាប៊ីម៉ាឡិច​បាន​ទៅ​ក្រុង​ថេបេស។ គាត់​បោះ​ទ័ព​នៅ​ទី​នោះ ក្នុង​បំណង​ច្បាំង​ដណ្ដើម​យក​ក្រុង​នោះ។ ៥១ នៅ​កណ្ដាល​ក្រុង​នោះ មាន​ប៉ម​ដ៏​រឹង​មាំ​មួយ។ មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី​និង​អ្នក​ដឹក​នាំ​ទាំង​អស់​ក្នុង​ក្រុង​នោះ នាំ​គ្នា​រត់​គេច​ចូល​ក្នុង​ប៉ម ហើយ​បិទ​ទ្វារ​ជិត រួច​ឡើង​ទៅ​លើ​ដំបូល។ ៥២ អាប៊ីម៉ាឡិច​បាន​សម្រុក​ទៅ​វាយ​ប្រហារ​ប៉ម​នោះ។ គាត់​ចូល​ទៅ​ជិត​ច្រក​ទ្វារ​បម្រុង​នឹង​ដុត​បំផ្លាញ​ប៉ម​នោះ។ ៥៣ ពេល​នោះ មាន​ស្ត្រី​ម្នាក់​ទម្លាក់​ត្បាល់​កិន​ត្រូវ​ចំ​ក្បាល​របស់​អាប៊ីម៉ាឡិច ធ្វើ​ឲ្យ​បែក​លលា​ដ៏​ក្បាល​គាត់។+ ៥៤ ភ្លាម​នោះ គាត់​ហៅ​អ្នក​បម្រើ​ដែល​កាន់​គ្រឿង​ចម្បាំង​ឲ្យ​គាត់ ហើយ​បញ្ជា​ថា​៖ ​«​ចូរ​ដក​ដាវ​សម្លាប់​ខ្ញុំ​ទៅ កុំ​ឲ្យ​គេ​និយាយ​ថា ខ្ញុំ​ត្រូវ​មនុស្ស​ស្រី​សម្លាប់​»។ អ្នក​បម្រើ​នោះ​ក៏​ចាក់​សម្លាប់​គាត់​ទៅ។

៥៥ ពេល​ពួក​បុរស​ជន​ជាតិ​អ៊ីស្រាអែល​ឃើញ​អាប៊ីម៉ាឡិច​ស្លាប់ ពួក​គេ​ទាំង​អស់​ក៏​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ។ ៥៦ យ៉ាង​នេះ ព្រះ​បាន​ដាក់​ទោស​អាប៊ីម៉ាឡិច​សម​តាម​អំពើ​ដ៏​អាក្រក់​ដែល​គាត់​បាន​ធ្វើ​ទៅ​លើ​ឪពុក​គាត់ គឺ​ដោយ​សារ​គាត់​បាន​សម្លាប់​បង​ប្អូន​ប្រុស​របស់​គាត់​អស់​៧០​នាក់។+ ៥៧ ព្រះ​ក៏​បាន​ដាក់​ទោស​ពួក​បុរស​ក្រុង​ស៊ីគឹម​សម​តាម​អំពើ​អាក្រក់​ទាំង​អស់​ដែល​ពួក​គេ​បាន​ធ្វើ​ដែរ។ ដូច្នេះ បណ្ដាសា​របស់​យ៉ូថាម+កូន​យេរូបាល+ បាន​កើត​ឡើង​ដល់​ពួក​គេ​ពិត​មែន។

១០ ក្រោយ​ពី​អាប៊ីម៉ាឡិច​ទទួល​មរណភាព ថូឡា​ជា​កូន​ភូអា​និង​ជា​ចៅ​ដូដូ​ក្នុង​កុលសម្ព័ន្ធ​អ៊ីសាខារ បាន​ទៅ​ជា​អ្នក*សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល។+ គាត់​រស់​នៅ​ក្រុង​សាមៀ​ក្នុង​តំបន់​ភ្នំ​ស្រុក​អេប្រាអ៊ីម។ ២ ថូឡា​ធ្វើ​ជា​អ្នក​សម្រេច​ក្ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​អស់​រយៈ​ពេល​២៣​ឆ្នាំ។ រួច​គាត់​ស្លាប់​ទៅ ហើយ​សព​គាត់​បាន​ត្រូវ​បញ្ចុះ​នៅ​ក្រុង​សាមៀ។

៣ បន្ទាប់​មក យ៉ាអៀ​ជា​អ្នក​ស្រុក​គីលាត​បាន​ទៅ​ជា​អ្នក​សម្រេច​ក្ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល អស់​រយៈ​ពេល​២២​ឆ្នាំ។ ៤ គាត់​មាន​កូន​ប្រុស​៣០​នាក់​ដែល​មាន​សត្វ​លា​៣០​ក្បាល​ជា​ជំនិះ ហើយ​ពួក​គេ​មាន​ក្រុង​៣០។ រហូត​មក​ដល់​សព្វ​ថ្ងៃ ក្រុង​ទាំង​នោះ​បាន​ត្រូវ​ហៅ​ថា​ហាវ៉ុតយ៉ាអៀ+ ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​គីលាត។ ៥ ក្រោយ​មក​យ៉ាអៀ​ទទួល​មរណភាព ហើយ​សព​គាត់​បាន​ត្រូវ​បញ្ចុះ​នៅ​កាម៉ូន។

៦ ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​អំពើ​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ម្ដង​ទៀត។+ ពួក​គេ​បាន​ទៅ​គោរព​បូជា​បណ្ដា​ព្រះ​បាល+ រូប​ព្រះ​អាសថារ៉ូត ព្រះ​របស់​ពួក​អេរ៉ាម* ព្រះ​របស់​ពួក​ស៊ីដូន ព្រះ​របស់​ពួក​ម៉ូអាប់+ ព្រះ​របស់​ពួក​អាំម៉ូន+ និង​ព្រះ​របស់​ពួក​ភីលីស្ទីន។+ ពួក​គេ​បោះ​បង់​ចោល​ព្រះ​យេហូវ៉ា ហើយ​មិន​បម្រើ​លោក​ទេ។ ៧ ព្រះ​យេហូវ៉ា​ខឹង​ជន​ជាតិ​អ៊ីស្រាអែល​យ៉ាង​ខ្លាំង ហើយ​លោក​បាន​ឲ្យ*ពួក​គេ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន​និង​ពួក​អាំម៉ូន។+ ៨ ហេតុ​នេះ​ក្នុង​ឆ្នាំ​នោះ ពួក​ភីលីស្ទីន​និង​ពួក​អាំម៉ូន​បាន​ជិះ​ជាន់​សង្កត់​សង្កិន​ជន​ជាតិ​អ៊ីស្រាអែល​យ៉ាង​ខ្លាំង ហើយ​អស់​រយៈ​ពេល​១៨​ឆ្នាំ​ពួក​គេ​បាន​ធ្វើ​បាប​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​ឡាយ​នៅ​ត្រើយ​ម្ខាង​ទន្លេយ៉ូដាន់ ដែល​ធ្លាប់​ជា​ទឹក​ដី​របស់​ជន​ជាតិ​អាម៉ូរី​នៅ​ស្រុក​គីលាត។ ៩ ម្យ៉ាង​ទៀត ពួក​អាំម៉ូន​តែង​តែ​ឆ្លង​ទន្លេយ៉ូដាន់​មក​ច្បាំង​នឹង​កុលសម្ព័ន្ធ​យូដា កុលសម្ព័ន្ធ​បេនយ៉ាមីន និង​កុលសម្ព័ន្ធ​អេប្រាអ៊ីម។ ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​រង​ទុក្ខ​វេទនា​ខ្លាំង​ណាស់។ ១០ រួច​មក ជន​ជាតិ​អ៊ីស្រាអែល​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ+ ដោយ​និយាយ​ថា​៖ ​«​ពួក​យើង​បាន​ធ្វើ​ខុស​នឹង​លោក ដោយ​សារ​ពួក​យើង​បាន​ចាក​ចេញ​ពី​លោក​ជា​ព្រះ​របស់​ពួក​យើង ហើយ​ទៅ​គោរព​បូជា​បណ្ដា​ព្រះ​បាល​»។+

១១ ប៉ុន្តែ ព្រះ​យេហូវ៉ា​តប​ទៅ​ជន​ជាតិ​អ៊ីស្រាអែល​ថា​៖ ​«​តើ​ខ្ញុំ​មិន​មែន​ជា​អ្នក​ដែល​បាន​សង្គ្រោះ​អ្នក​រាល់​គ្នា​ពី​ពួក​អេហ្ស៊ីប+ ពួក​អាម៉ូរី+ ពួក​អាំម៉ូន ពួក​ភីលីស្ទីន+ ១២ ពួក​ស៊ីដូន ពួក​អាម៉ាលេក និង​ពួក​ម៉ាឌាន ពេល​ពួក​គេ​សង្កត់​សង្កិន​អ្នក​រាល់​គ្នា​ទេ​ឬ? ពេល​ដែល​អ្នក​រាល់​គ្នា​ស្រែក​យំ​រក​ខ្ញុំ ខ្ញុំ​បាន​សង្គ្រោះ​អ្នក​រាល់​គ្នា​ពី​កណ្ដាប់​ដៃ​របស់​ពួក​គេ។ ១៣ តែ​អ្នក​រាល់​គ្នា​បែរ​ជា​ចាក​ចេញ​ពី​ខ្ញុំ ហើយ​ទៅ​បម្រើ​ព្រះ​ផ្សេង​ៗ។+ ហេតុ​នេះ ខ្ញុំ​នឹង​មិន​ជួយ​អ្នក​រាល់​គ្នា​ទៀត​ឡើយ។+ ១៤ ចូរ​ទៅ​សុំ​ជំនួយ​ពី​ព្រះ​ផ្សេង​ៗ​ដែល​អ្នក​រាល់​គ្នា​បាន​បែរ​ទៅ​គោរព​បូជា​ទៅ។+ ទុក​ឲ្យ​ព្រះ​ទាំង​នោះ​ជួយ​សង្គ្រោះ​ពេល​ដែល​អ្នក​រាល់​គ្នា​រង​ទុក្ខ​វេទនា​ចុះ​»។+ ១៥ ប៉ុន្តែ ជន​ជាតិ​អ៊ីស្រាអែល​និយាយ​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ពួក​យើង​ធ្វើ​ខុស​ហើយ។ សូម​លោក​ដាក់​ទោស​ពួក​យើង​តាម​ដែល​លោក​គិត​ថា​ល្អ​ចុះ។ សូម​ឲ្យ​តែ​លោក​មេត្តា​សង្គ្រោះ​ពួក​យើង​នៅ​ថ្ងៃ​នេះ​ប៉ុណ្ណោះ​»។ ១៦ បន្ទាប់​មក ពួក​គេ​បំបាត់​ចោល​ព្រះ​របស់​ជន​ជាតិ​ដទៃ​ចេញ​ពី​ក្នុង​ចំណោម​ពួក​គេ ហើយ​មក​បម្រើ​ព្រះ​យេហូវ៉ា​វិញ។+ នេះ​ធ្វើ​ឲ្យ​លោក​មិន​អាច​ទ្រាំ​មើល​ពួក​គេ​រង​ទុក្ខ​វេទនា​បាន​ទៀត។+

១៧ ក្រោយ​មក ពួក​អាំម៉ូន+ប្រមូល​គ្នា ហើយ​ទៅ​បោះ​ទ័ព​នៅ​ស្រុក​គីលាត។ ចំណែក​ជន​ជាតិ​អ៊ីស្រាអែល ពួក​គេ​បាន​កែន​គ្នា ហើយ​ទៅ​បោះ​ទ័ព​នៅ​ក្រុង​មីសប៉ា។ ១៨ បណ្ដា​ជន​និង​ពួក​អ្នក​គ្រប់​គ្រង​ស្រុក​គីលាត​សួរ​គ្នា​ថា​៖ ​«​តើ​អ្នក​ណា​នឹង​នាំ​មុខ​ពួក​យើង​ច្បាំង​នឹង​ពួក​អាំម៉ូន?+ បើ​អ្នក​ណា​នាំ​មុខ​ពួក​យើង ចូរ​លើក​អ្នក​នោះ​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​ពួក​អ្នក​ស្រុក​គីលាត​ទាំង​អស់​»។

១១ នៅ​គ្រា​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​យែបថា+ ដែល​ជា​អ្នក​ស្រុក​គីលាត និង​ជា​បុរស​អង់អាច​ក្លាហាន​មួយ​រូប គាត់​ជា​កូន​របស់​ស្ត្រី​ពេស្យា​ម្នាក់ ហើយ​ឪពុក​គាត់​ឈ្មោះ​គីលាត។ ២ ប៉ុន្តែ ភរិយា​របស់​គីលាត​ក៏​បាន​បង្កើត​កូន​ប្រុស​ៗ​ឲ្យ​គាត់​ដែរ។ ពេល​កូន​ប្រុស​ៗ​ទាំង​នោះ​ធំ​ឡើង ពួក​គេ​នាំ​គ្នា​បណ្ដេញ​យែបថា ហើយ​និយាយ​ទៅ​គាត់​ថា​៖ ​«​ឯង​នឹង​មិន​បាន​មត៌ក​អ្វី​ពី​ឪពុក​របស់​យើង​ឡើយ ព្រោះ​ឯង​ជា​កូន​របស់​ស្រី​ផ្សេង​»។ ៣ ដូច្នេះ យែបថា​ក៏​រត់​ចេញ​ពី​បង​ប្អូន​គាត់ ហើយ​ទៅ​ជ្រក​អាស្រ័យ​នៅ​ស្រុកថូប។ រួច​ពួក​មនុស្ស​គ្មាន​ការងារ​បាន​មក​ចូល​ដៃ​ជា​មួយ​នឹង​យែបថា ហើយ​បាន​ទៅ​តាម​គាត់។

៤ មួយ​រយៈ​ពេល​ក្រោយ​មក ជន​ជាតិ​អាំម៉ូន​បាន​មក​ធ្វើ​សង្គ្រាម​នឹង​ជន​ជាតិ​អ៊ីស្រាអែល។+ ៥ ពេល​ដែល​ជន​ជាតិ​អាំម៉ូន​មក​ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល ពួក​បុរស​ចាស់​ទុំ​នៅ​ស្រុក​គីលាត​ស្រូត​ដំណើរ​ទៅ​នាំ​យែបថា​ពី​ស្រុកថូប​មក​វិញ។ ៦ ពួក​គេ​និយាយ​ទៅ​កាន់​គាត់​ថា​៖ ​«​សូម​ត្រឡប់​មក​ធ្វើ​ជា​មេ​បញ្ជាការ​របស់​ពួក​យើង ដើម្បី​ពួក​យើង​អាច​តស៊ូ​នឹង​ជន​ជាតិ​អាំម៉ូន​»។ ៧ ប៉ុន្តែ យែបថា​តប​ទៅ​ពួក​បុរស​ចាស់​ទុំ​ស្រុក​គីលាត​ថា​៖ ​«​តើ​មិន​មែន​ពួក​អ្នក​ទេ​ឬ ដែល​ស្អប់​ខ្ញុំ​ខ្លាំង​ដល់​ម្ល៉េះ​រហូត​ដល់​បណ្ដេញ​ខ្ញុំ​ចេញ​ពី​ផ្ទះ​របស់​ឪពុក​ខ្ញុំ?+ ចុះ​ឥឡូវ ពេល​ជួប​ទុក្ខ​វេទនា ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​មក​រក​ខ្ញុំ?​»។ ៨ ពួក​គេ​ឆ្លើយ​ថា​៖ ​«​ដោយ​សារ​តែ​យ៉ាង​នោះ​ឯង​បាន​ជា​យើង​មក​រក​អ្នក។ ប្រសិន​បើ​អ្នក​ទៅ​ច្បាំង​នឹង​ពួក​អាំម៉ូន​ជា​មួយ​នឹង​យើង នោះ​អ្នក​នឹង​បាន​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​ពួក​អ្នក​ស្រុក​គីលាត​ទាំង​អស់​»។+ ៩ ម្ល៉ោះ​ហើយ យែបថា​តប​ទៅ​ពួក​គេ​ថា​៖ ​«​បើ​ពួក​អ្នក​ឲ្យ​ខ្ញុំ​ទៅ​វិញ​ដើម្បី​ច្បាំង​នឹង​ជន​ជាតិ​អាំម៉ូន ហើយ​ព្រះ​យេហូវ៉ា​ជួយ​ខ្ញុំ​ឲ្យ​ច្បាំង​ឈ្នះ​ពួក​គេ នោះ​ខ្ញុំ​ច្បាស់​ជា​នឹង​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ពួក​អ្នក!​»។ ១០ ពួក​បុរស​ចាស់​ទុំ​ស្រុក​គីលាត​និយាយ​ទៅ​គាត់​ថា​៖ ​«​សូម​ព្រះ​យេហូវ៉ា​ធ្វើ​ជា​សាក្សី ប្រសិន​បើ​ពួក​យើង​មិន​ធ្វើ​តាម​ពាក្យ​សម្ដី​របស់​អ្នក​ទេ សូម​ព្រះ​វិនិច្ឆ័យ​ទោស​ពួក​យើង​ចុះ​»។ ១១ ដូច្នេះ យែបថា​ចេញ​ទៅ​ជា​មួយ​នឹង​ពួក​បុរស​ចាស់​ទុំ​ស្រុក​គីលាត ហើយ​ពួក​បណ្ដា​ជន​បាន​លើក​គាត់​ធ្វើ​ជា​មេ​ដឹក​នាំ​និង​ជា​មេ​បញ្ជាការ​របស់​ពួក​គេ។ យែបថា​ក៏​បាន​និយាយ​ពាក្យ​ទាំង​ប៉ុន្មាន​នោះ​ម្ដង​ទៀត​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​នៅ​ក្រុង​មីសប៉ា។+

១២ រួច​មក យែបថា​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​ស្ដេច​ជន​ជាតិ​អាំម៉ូន+ថា​៖ ​«​តើ​អ្នក​មាន​រឿង​អ្វី​ជា​មួយ​នឹង​ខ្ញុំ បាន​ជា​អ្នក​មក​វាយ​ប្រហារ​ស្រុក​ខ្ញុំ​ដូច្នេះ?​»។ ១៣ ស្ដេច​ជន​ជាតិ​អាំម៉ូន​ក៏​ប្រាប់​អ្នក​នាំ​សារ​របស់​យែបថា​វិញ​ថា​៖ ​«​ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប+ ពួក​គេ​បាន​ឈ្លានពាន​យក​ទឹក​ដី​របស់​យើង ចាប់​ពី​ជ្រលង​អើណូន+រហូត​ដល់​ជ្រលង​យ៉ាបុក និង​រហូត​ដល់​ទន្លេយ៉ូដាន់។+ ចូរ​ប្រគល់​ទឹក​ដី​ទាំង​នោះ​ឲ្យ​យើង​វិញ​តាម​សម្រួល​»។ ១៤ ក៏​ប៉ុន្តែ យែបថា​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ឯ​ស្ដេច​ជន​ជាតិ​អាំម៉ូន​ម្ដង​ទៀត ១៥ ហើយ​ប្រាប់​គាត់​ថា​៖

​«​យែបថា​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ ‹ជន​ជាតិ​អ៊ីស្រាអែល​មិន​បាន​ទន្ទ្រាន​យក​ទឹក​ដី​របស់​ជន​ជាតិ​ម៉ូអាប់+ និង​ទឹក​ដី​របស់​ជន​ជាតិ​អាំម៉ូន​ទេ។+ ១៦ ព្រោះ​ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប ពួក​គេ​ធ្វើ​ដំណើរ​កាត់​តំបន់​ស្ងាត់​ជ្រងំ រហូត​ដល់​សមុទ្រក្រហម+ ហើយ​ទៅ​ដល់​កាដេស។+ ១៧ រួច​មក ជន​ជាតិ​អ៊ីស្រាអែល​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​ស្ដេច​ស្រុក​អេដំ+ថា​៖ ​«​សូម​ឲ្យ​យើង​ដើរ​កាត់​ទឹក​ដី​របស់​អ្នក​ផង​»។ ប៉ុន្តែ ស្ដេច​ស្រុក​អេដំ​មិន​យល់​ព្រម​ទេ។ ជន​ជាតិ​អ៊ីស្រាអែល​ក៏​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​ស្ដេច​ស្រុក​ម៉ូអាប់+ដែរ តែ​ស្ដេច​នោះ​មិន​យល់​ព្រម​ដូច​គ្នា។ ម្ល៉ោះ​ហើយ ជន​ជាតិ​អ៊ីស្រាអែល​អាស្រ័យ​នៅ​កាដេស​បន្ត​ទៀត។+ ១៨ កាល​ដែល​ពួក​គេ​ដើរ​កាត់​តំបន់​ស្ងាត់​ជ្រងំ ពួក​គេ​បាន​ដើរ​វាង​ទឹក​ដី​ស្រុក​អេដំ+ និង​ទឹក​ដី​ស្រុក​ម៉ូអាប់។ ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ខាង​កើត​ស្រុក​ម៉ូអាប់+ រួច​បោះ​ជំរំ​ក្នុង​តំបន់​នៃ​ជ្រលង​អើណូន។ ពួក​គេ​មិន​បាន​ចូល​ក្នុង​ទឹក​ដី​របស់​ស្រុក​ម៉ូអាប់​ទេ+ ព្រោះ​ជ្រលង​អើណូន​ជា​ព្រំ​ប្រទល់​ស្រុក​ម៉ូអាប់។

១៩ ​«​‹បន្ទាប់​មក ជន​ជាតិ​អ៊ីស្រាអែល​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ឯ​ស៊ីហុន​ជា​ស្ដេច​ជន​ជាតិ​អាម៉ូរី និង​ជា​ស្ដេច​ក្រុង​ហែសបូន ដោយ​ប្រាប់​ថា​៖ ​«​សូម​ឲ្យ​យើង​ដើរ​កាត់​ទឹក​ដី​របស់​អ្នក ទៅ​កន្លែង​របស់​យើង​ផង​»។+ ២០ ប៉ុន្តែ ស៊ីហុន​មិន​ទុក​ចិត្ត​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​ដើរ​ឆ្លង​កាត់​តំបន់​របស់​គាត់​ឡើយ។ ដូច្នេះ ស៊ីហុន​ក៏​ប្រមូល​មនុស្ស​ទាំង​អស់​របស់​គាត់​ទៅ​បោះ​ទ័ព​នៅ​ក្រុង​យេហាស រួច​ប្រយុទ្ធ​នឹង​ជន​ជាតិ​អ៊ីស្រាអែល។+ ២១ ពេល​នោះ ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល បាន​ប្រគល់​ស៊ីហុន​និង​មនុស្ស​ទាំង​អស់​របស់​គាត់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ៊ីស្រាអែល ដើម្បី​ឲ្យ​ពួក​គេ​ច្បាំង​ឈ្នះ​និង​ចាប់​យក​ទឹក​ដី​ទាំង​មូល​របស់​ជន​ជាតិ​អាម៉ូរី​ដែល​រស់​នៅ​តំបន់​នោះ។+ ២២ ដូច្នេះ ពួក​គេ​បាន​ចាប់​យក​ទឹក​ដី​ទាំង​អស់​របស់​ជន​ជាតិ​អាម៉ូរី ចាប់​ពី​ជ្រលង​អើណូន​រហូត​ដល់​ជ្រលង​យ៉ាបុក និង​ពី​តំបន់​ស្ងាត់​ជ្រងំ​ដល់​ទន្លេយ៉ូដាន់។+

២៣ ​«​‹ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល លោក​ជា​អ្នក​ដែល​បាន​បណ្ដេញ​ជន​ជាតិ​អាម៉ូរី​ចេញ​ពី​មុខ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ជា​រាស្ត្រ​របស់​លោក។+ ឥឡូវ​នេះ តើ​អ្នក​ចង់​បណ្ដេញ​ពួក​គេ​ចេញ​វិញ​ឬ? ២៤ ចុះ​បើ​ព្រះកេម៉ូស+របស់​អ្នក​ប្រគល់​ទឹក​ដី​ជន​ជាតិ​ណា​មួយ​ឲ្យ​ទៅ​អ្នក តើ​អ្នក​នឹង​មិន​គ្រប់​គ្រង​ទេ​ឬ? ដូច្នេះ ជន​ជាតិ​ណា​ក៏​ដោយ​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​បាន​បណ្ដេញ​ចេញ​ពី​មុខ​យើង នោះ​យើង​ក៏​នឹង​គ្រប់​គ្រង​ទឹក​ដី​របស់​ពួក​គេ​យ៉ាង​ដូច្នោះ​ដែរ។+ ២៥ តើ​អ្នក​មាន​អ្វី​ល្អ​ជាង​បាឡាក់+កូន​ប្រុស​ស៊ីបព័រ ជា​ស្ដេច​ស្រុក​ម៉ូអាប់​ឬ? បាឡាក់​មិន​ធ្លាប់​រក​រឿង​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ក៏​មិន​ធ្លាប់​ធ្វើ​សង្គ្រាម​នឹង​ពួក​គេ​ដែរ មែន​ទេ? ២៦ ក្នុង​អំឡុង​៣០០​ឆ្នាំ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​អាស្រ័យ​នៅ​ក្រុង​ហែសបូន និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំវិញ+ ហើយ​អាស្រ័យ​នៅ​ក្រុង​អារ៉ូអ៊ើរ​និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំវិញ រួម​ទាំង​ក្រុង​ទាំង​ឡាយ​ដែល​នៅ​ជិត​ច្រាំង​ជ្រលង​អើណូន ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ប្រឹង​ប្រែង​យក​ក្រុង​ទាំង​នោះ​មក​វិញ?+ ២៧ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​បាន​ធ្វើ​ខុស​នឹង​អ្នក​ឡើយ តែ​អ្នក​បាន​ធ្វើ​ខុស​ដោយ​មក​វាយ​ប្រហារ​ខ្ញុំ។ នៅ​ថ្ងៃ​នេះ សូម​ព្រះ​យេហូវ៉ា​ដែល​ជា​ចៅ​ក្រម​ដ៏​ខ្ពង់​ខ្ពស់+ វិនិច្ឆ័យ​ក្ដី​រវាង​ជន​ជាតិ​អ៊ីស្រាអែល​និង​ជន​ជាតិ​អាំម៉ូន​ផង!›​»។

២៨ ប៉ុន្តែ ស្ដេច​ជន​ជាតិ​អាំម៉ូន​បដិសេធ​សារ​ដែល​យែបថា​បាន​ផ្ញើ​ឲ្យ​គាត់។

២៩ ក្រោយ​មក ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​មក​លើ​យែបថា។+ រួច​គាត់​ធ្វើ​ដំណើរ​កាត់​ស្រុក​គីលាត និង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​ម៉ាណាសេ ទៅ​ក្រុង​មីសពេ​នៃ​ស្រុក​គីលាត។+ បន្ទាប់​មក គាត់​ចេញ​ពី​ទី​នោះ ហើយ​បន្ត​ដំណើរ​ទៅ​ច្បាំង​នឹង​ជន​ជាតិ​អាំម៉ូន។

៣០ រួច​មក យែបថា​បាន​ស្បថ+នឹង​ព្រះ​យេហូវ៉ា​ថា​៖ ​«​បើ​លោក​ប្រគល់​ជន​ជាតិ​អាំម៉ូន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្ញុំ ៣១ នោះ​អ្នក​ណា​ក៏​ដោយ​ដែល​ចេញ​ពី​ទ្វារ​ផ្ទះ​របស់​ខ្ញុំ​មក​ទទួល​ខ្ញុំ ពេល​ដែល​ខ្ញុំ​ត្រឡប់​មក​វិញ​ដោយ​សុខ​សាន្ត​ក្រោយ​ពី​ច្បាំង​នឹង​ជន​ជាតិ​អាំម៉ូន អ្នក​នោះ​នឹង​ទៅ​ជា​របស់​ព្រះ​យេហូវ៉ា។+ រួច​ខ្ញុំ​នឹង​ជូន​អ្នក​នោះ​ជា​គ្រឿង​បូជា​ដុត​ដល់​លោក​»។*+

៣២ ដូច្នេះ យែបថា​បាន​ចេញ​ទៅ​ច្បាំង​នឹង​ជន​ជាតិ​អាំម៉ូន ហើយ​ព្រះ​យេហូវ៉ា​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​គាត់។ ៣៣ គាត់​សម្លាប់​ពួក​គេ​យ៉ាង​ច្រើន​ក្រៃ​លែង ចាប់​ពី​ក្រុង​អារ៉ូអ៊ើរ​រហូត​ដល់​ក្រុង​មីនីត និង​រហូត​ដល់​ក្រុង​អេបិលកេរ៉ាមីម គឺ​គាត់​ច្បាំង​យក​បាន​២០​ក្រុង។ យ៉ាង​នេះ ជន​ជាតិ​អាំម៉ូន​បាន​ធ្វើ​សង្គ្រាម​ចាញ់​ជន​ជាតិ​អ៊ីស្រាអែល។

៣៤ យែបថា​ក៏​ត្រឡប់​មក​ផ្ទះ​នៅ​ក្រុង​មីសប៉ា​វិញ។+ ពេល​គាត់​មក​ដល់ មើល​ហ្ន៎! កូន​ស្រី​របស់​គាត់​ចេញ​មក​ទទួល​គាត់ ទាំង​វាយ​ស្គរ​ដៃ* និង​រាំ​ផង! នាង​ជា​កូន​ស្រី​តែ​មួយ​គត់​របស់​គាត់។ ក្រៅ​ពី​នាង គាត់​គ្មាន​កូន​ប្រុស ឬ​កូន​ស្រី​ណា​ទៀត​ឡើយ។ ៣៥ ពេល​គាត់​ឃើញ​កូន​ស្រី​ចេញ​មក គាត់​ហែក​អាវ ហើយ​និយាយ​ថា​៖ ​«​ឱ​កូន​សម្លាញ់​អើយ! កូន​ធ្វើ​ឲ្យ​ចិត្ត​ពុក​ខ្ទេច​ខ្ទាំ​អស់​ហើយ ព្រោះ​កូន​ហើយ​ជា​អ្នក​ដែល​ពុក​ត្រូវ​បណ្ដេញ​ចេញ។ ពុក​បាន​សន្យា​នឹង​ព្រះ​យេហូវ៉ា​រួច​ហើយ ពុក​មិន​អាច​លេប​សម្ដី​វិញ​បាន​ទេ​»។+

៣៦ ប៉ុន្តែ នាង​ពោល​ទៅ​គាត់​ថា​៖ ​«​ពុក​អើយ! បើ​ពុក​បាន​ស្បថ​នឹង​ព្រះ​យេហូវ៉ា​ហើយ សូម​ធ្វើ​តាម​ពាក្យ​សម្បថ​ចុះ+ ព្រោះ​ព្រះ​យេហូវ៉ា​បាន​ជួយ​ពុក​ឲ្យ​សង​សឹក​ជន​ជាតិ​អាំម៉ូន​ដែល​ជា​សត្រូវ​របស់​ពុក​»។ ៣៧ នាង​និយាយ​ទៅ​ឪពុក​ថែម​ទៀត​ថា​៖ ​«​តែ​កូន​សុំ​ពុក​មួយ សូម​ទុក​ពេល​ឲ្យ​កូន​ពីរ​ខែ​សិន ដើម្បី​កូន​ទៅ​ភ្នំ ហើយ​យំ*ជា​មួយ​នឹង​មិត្ត​ភក្ដិ​ស្រី​ៗ​របស់​កូន ព្រោះ​កូន​នឹង​មិន​បាន​រៀប​ការ​ឡើយ​»។

៣៨ យែបថា​ឆ្លើយ​ទៅ​កូន​ថា​៖ ​«​ទៅ​ចុះ​កូន!​»។ រួច​មក គាត់​ឲ្យ​នាង​ទៅ​ពីរ​ខែ។ ដូច្នេះ នាង​ចេញ​ទៅ​ភ្នំ​ជា​មួយ​នឹង​មិត្ត​ភក្ដិ​ដើម្បី​យំ ព្រោះ​នាង​នឹង​មិន​បាន​រៀប​ការ​ឡើយ។ ៣៩ លុះ​គ្រប់​ពីរ​ខែ​ហើយ នាង​ក៏​ត្រឡប់​មក​ឯ​ឪពុក​វិញ។ បន្ទាប់​មក យែបថា​បាន​ធ្វើ​តាម​ពាក្យ​ដែល​គាត់​បាន​ស្បថ​ស្ដី​អំពី​នាង។+ ដូច្នេះ នាង​នៅ​ក្រមុំ​បរិសុទ្ធ​អស់​មួយ​ជីវិត។* ក្រោយ​មក ជន​ជាតិ​អ៊ីស្រាអែល​មាន​ទម្លាប់​ដូច​ត​ទៅ​៖ ៤០ ជា​រៀង​រាល់​ឆ្នាំ កូន​ស្រី​ៗ​ជន​ជាតិ​អ៊ីស្រាអែល​តែង​តែ​ទៅ​លេង​ដើម្បី​សរសើរ​កូន​ស្រី​យែបថា​ជា​អ្នក​ស្រុក​គីលាត អស់​បួន​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ។

១២ កន្លង​ក្រោយ​មក ពួក​បុរស​ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម​បាន​ត្រូវ​កោះ​ហៅ​ឲ្យ​មក​ជួប​ជុំ​គ្នា រួច​ពួក​គេ​ឆ្លង​ទៅ​ក្រុង​សាផូន។* ពួក​គេ​ទៅ​ជួប​យែបថា ហើយ​និយាយ​ថា​៖ ​«​ពេល​ដែល​អ្នក​ឆ្លង​ទៅ​ច្បាំង​នឹង​ជន​ជាតិ​អាំម៉ូន ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ហៅ​ពួក​យើង​ទៅ​ជា​មួយ​ផង?+ យើង​នឹង​ដុត​ផ្ទះ​របស់​អ្នក ព្រម​ទាំង​ដុត​អ្នក​ដែរ​»។ ២ ប៉ុន្តែ យែបថា​ឆ្លើយ​តប​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​និង​បណ្ដា​ជន​របស់​ខ្ញុំ​មាន​ជម្លោះ​យ៉ាង​ខ្លាំង​ជា​មួយ​នឹង​ជន​ជាតិ​អាំម៉ូន។ ខ្ញុំ​បាន​ហៅ​អ្នក​រាល់​គ្នា​ឲ្យ​មក​ជួយ តែ​អ្នក​រាល់​គ្នា​មិន​បាន​មក​ជួយ​ខ្ញុំ​ទេ។ ៣ ពេល​ខ្ញុំ​មិន​ឃើញ​អ្នក​រាល់​គ្នា​មក​ជួយ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ប្រថុយ​ជីវិត*ចេញ​ច្បាំង​នឹង​ជន​ជាតិ​អាំម៉ូន+ ហើយ​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ។ ចុះ​ហេតុ​អ្វី​ថ្ងៃ​នេះ​អ្នក​រាល់​គ្នា​ចង់​មក​ច្បាំង​នឹង​ខ្ញុំ​ដូច្នេះ?​»។

៤ បន្ទាប់​មក យែបថា​បាន​ប្រមូល​ពួក​បុរស​ស្រុក​គីលាត​ទាំង​អស់+មក​ប្រយុទ្ធ​នឹង​កុលសម្ព័ន្ធ​អេប្រាអ៊ីម។ ពួក​បុរស​ស្រុក​គីលាត​បាន​ប្រយុទ្ធ​ឈ្នះ​កុលសម្ព័ន្ធ​អេប្រាអ៊ីម។ កុលសម្ព័ន្ធ​អេប្រាអ៊ីម​ធ្លាប់​និយាយ​ឲ្យ​ពួក​គេ​ថា​៖ ​«​ពួក​អ្នក​ស្រុក​គីលាត​នៅ​ទឹក​ដី​កុលសម្ព័ន្ធ​អេប្រាអ៊ីម​និង​កុលសម្ព័ន្ធ​ម៉ាណាសេ តាម​ពិត​ពួក​ឯង​រាល់​គ្នា​សុទ្ធតែ​ជា​ជន​ភៀស​ខ្លួន​ចេញ​ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម​»។ ៥ ពួក​អ្នក​ស្រុក​គីលាត​បាន​ចាប់​យក​ទន្លេយ៉ូដាន់​ត្រង់​កន្លែង​ទឹក​រាក់​ៗ​+នៅ​ខាង​មុខ​ទឹក​ដី​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម។ ពេល​ពួក​បុរស​ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម​ព្យាយាម​រត់​គេច ពួក​គេ​តែង​តែ​និយាយ​ថា​៖ ​«​ខ្ញុំ​សុំ​ឆ្លង​ទៅ​បន្តិច​»។ ប៉ុន្តែ​រាល់​លើក ពួក​បុរស​ស្រុក​គីលាត​សួរ​ពួក​គេ​ម្នាក់​ៗ​ថា​៖ ​«​តើ​អ្នក​មក​ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម​ឬ?​»។ ពួក​គេ​ម្នាក់​ៗ​ឆ្លើយ​តប​ថា​៖ ​«​មិន​មែន​ទេ!​»។ ៦ ពេល​ឮ​ដូច​នោះ ពួក​បុរស​ស្រុក​គីលាត​ក៏​ប្រាប់​ពួក​គេ​ម្នាក់​ៗ​ថា​៖ ​«​សូម​និយាយ​ថា​ឈីបូលែត​»។ ប៉ុន្តែ ពួក​គេ​ម្នាក់​ៗ​និយាយ​ថា​៖ ​«​ស៊ីបូលែត​»​ ព្រោះ​ពួក​គេ​ម្នាក់​ៗ​មិន​អាច​ពោល​ពាក្យ​នោះ​បាន​ត្រឹម​ត្រូវ​ទេ។ ដូច្នេះ ពួក​បុរស​ស្រុក​គីលាត​ក៏​ចាប់​ពួក​គេ​ម្នាក់​ៗ ហើយ​សម្លាប់​ចោល​នៅ​ទន្លេយ៉ូដាន់​ត្រង់​កន្លែង​ទឹក​រាក់​ៗ។ ជា​លទ្ធផល នៅ​ពេល​នោះ​មនុស្ស​ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម​បាន​ត្រូវ​សម្លាប់​អស់​ចំនួន​៤២.០០០​នាក់។

៧ យែបថា​បាន​ធ្វើ​ជា​អ្នក​សម្រេច​ក្ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​អស់​រយ:ពេល​៦​ឆ្នាំ។ បន្ទាប់​មក យែបថា​ដែល​ជា​អ្នក​ស្រុក​គីលាត​ក៏​ទទួល​មរណភាព ហើយ​សព​គាត់​បាន​ត្រូវ​បញ្ចុះ​នៅ​ក្រុង​របស់​គាត់​ក្នុង​ស្រុក​គីលាត។

៨ បន្ទាប់​ពី​យែបថា អ៊ីបសេន​ពី​ក្រុង​បេថ្លេហិម​បាន​ទៅ​ជា​អ្នក​សម្រេច​ក្ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល។+ ៩ អ៊ីបសេន​មាន​កូន​ប្រុស​៣០​នាក់​និង​កូន​ស្រី​៣០​នាក់។ គាត់​បាន​លើក​កូន​ស្រី​ៗ​ឲ្យ​រៀប​ការ​ជា​មួយ​នឹង​ពួក​បុរស​ពី​វង្ស​ត្រកូល​ផ្សេង ហើយ​យក​ស្រី​ៗ​៣០​នាក់​ពី​វង្ស​ត្រកូល​ផ្សេង​ឲ្យ​មក​រៀប​ការ​ជា​មួយ​នឹង​កូន​ប្រុស​ៗ​របស់​គាត់។ អ៊ីបសេន​បាន​ធ្វើ​ជា​អ្នក​សម្រេច​ក្ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​អស់​រយៈ​ពេល​៧​ឆ្នាំ។ ១០ ក្រោយ​ពី​អ៊ីបសេន​ស្លាប់ គេ​បញ្ចុះ​សព​គាត់​នៅ​ក្រុង​បេថ្លេហិម។

១១ បន្ទាប់​ពី​អ៊ីបសេន អ៊ីឡន​ពី​កុលសម្ព័ន្ធ​សេប៊ូឡូន​បាន​ទៅ​ជា​អ្នក​សម្រេច​ក្ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល។ អ៊ីឡន​ធ្វើ​ជា​អ្នក​សម្រេច​ក្ដី​អស់​រយៈ​ពេល​១០​ឆ្នាំ។ ១២ លុះ​ក្រោយ​ពី​អ៊ីឡន​ពី​កុលសម្ព័ន្ធ​សេប៊ូឡូន​ស្លាប់​ទៅ សព​របស់​គាត់​បាន​ត្រូវ​បញ្ចុះ​នៅ​អៃយ៉ាឡូន​ក្នុង​ស្រុក​សេប៊ូឡូន។

១៣ ក្រោយ​មក អាប់ដូន​កូន​ប្រុស​របស់​ហ៊ីឡែល​ជា​អ្នក​ក្រុង​ពីរ៉ាថូន បាន​ទៅ​ជា​អ្នក​សម្រេច​ក្ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល។ ១៤ អាប់ដូន​មាន​កូន​ប្រុស​៤០​នាក់ និង​ចៅ​ប្រុស​៣០​នាក់។ កូន​ចៅ​របស់​គាត់​មាន​សត្វ​លា​៧០​ក្បាល​ជា​ជំនិះ។ អាប់ដូន​ធ្វើ​ជា​អ្នក​សម្រេច​ក្ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​អស់​រយ:ពេល​៨​ឆ្នាំ។ ១៥ ក្រោយ​មក អាប់ដូន​កូន​ប្រុស​ហ៊ីឡែល​ជា​អ្នក​ក្រុង​ពីរ៉ាថូន​ទទួល​មរណភាព ហើយ​សព​គាត់​បាន​ត្រូវ​បញ្ចុះ​នៅ​ក្រុង​ពីរ៉ាថូន​ក្នុង​ទឹក​ដី​កុលសម្ព័ន្ធ​អេប្រាអ៊ីម នៅ​លើ​ភ្នំ​របស់​ជន​ជាតិ​អាម៉ាលេក។+

១៣ ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​អំពើ​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ម្ដង​ទៀត។+ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន+អស់​រយៈ​ពេល​៤០​ឆ្នាំ។

២ នៅ​គ្រា​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​ម៉ាណូអា+នៅ​ក្រុង​សូរ៉ា+ គាត់​មក​ពី​វង្ស​ត្រកូល​មួយ​ក្នុង​កុលសម្ព័ន្ធ​ដាន់។+ ប្រពន្ធ​របស់​គាត់​គ្មាន​កូន​ទេ ព្រោះ​នាង​ជា​ស្ត្រី​អារ។+ ៣ ក្រោយ​មក ទេវតា​របស់​ព្រះ​យេហូវ៉ា​លេច​មក​ជួប​ប្រពន្ធ​របស់​គាត់ ហើយ​ប្រាប់​នាង​ថា​៖ ​«​មើល! នាង​គ្មាន​កូន​ទេ ព្រោះ​នាង​ជា​ស្ត្រី​អារ។ ប៉ុន្តែ នាង​នឹង​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ។+ ៤ ពេល​នោះ​នាង​ត្រូវ​ប្រយ័ត្ន​កុំ​ផឹក​គ្រឿង​ស្រវឹង ឬ​អ្វី​ដែល​មាន​ជាតិ​ស្រា+ ហើយ​កុំ​បរិភោគ​អ្វី​ដែល​មិន​ស្អាត​បរិសុទ្ធ​ឡើយ។+ ៥ មើល! នាង​នឹង​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ។ សក់​កូន​នោះ​នឹង​មិន​ត្រូវ​កាត់​ឡើយ+ ព្រោះ​កូន​នោះ​នឹង​ទៅ​ជា​ណាសារីត*នៃ​ព្រះ​តាំង​ពី​នៅ​ក្នុង​ផ្ទៃ។ កូន​នោះ​នឹង​ជួយ​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន​»។+

៦ រួច​នាង​ក៏​ទៅ​ប្រាប់​ប្ដី​ថា​៖ ​«​បុរស​ម្នាក់​ដែល​តំណាង​ព្រះ​ពិត​បាន​មក​ជួប​ខ្ញុំ។ គាត់​មាន​រូប​រាង​ដូច​ជា​ទេវតា​របស់​ព្រះ​ពិត មើល​ទៅ​អស្ចារ្យ​ណាស់! ខ្ញុំ​មិន​បាន​សួរ​គាត់​ថា​មក​ពី​ណា​ទេ ហើយ​គាត់​ក៏​មិន​បាន​ប្រាប់​ឈ្មោះ​គាត់​ដែរ។+ ៧ គាត់​គ្រាន់​តែ​ប្រាប់​ខ្ញុំ​ថា​៖ ‹មើល! នាង​នឹង​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ។ ពេល​នោះ​នាង​ត្រូវ​ប្រយ័ត្ន​កុំ​ផឹក​គ្រឿង​ស្រវឹង ឬ​អ្វី​ដែល​មាន​ជាតិ​ស្រា ហើយ​កុំ​បរិភោគ​អ្វី​ដែល​មិន​ស្អាត​បរិសុទ្ធ​ឡើយ ព្រោះ​កូន​នោះ​នឹង​ទៅ​ជា​ណាសារីត​នៃ​ព្រះ​តាំង​ពី​នៅ​ក្នុង​ផ្ទៃ រហូត​ដល់​ថ្ងៃ​ស្លាប់›​»។

៨ ដូច្នេះ ម៉ាណូអា​ក៏​អង្វរ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ សូម​អនុគ្រោះ។ សូម​លោក​មេត្តា​ចាត់​បុរស​នោះ​មក​ម្ដង​ទៀត ដើម្បី​ណែនាំ​យើង​ខ្ញុំ​អំពី​របៀប​ចិញ្ចឹម​អប់រំ​កូន​ដែល​នឹង​កើត​មក​»។ ៩ ព្រះ​ដ៏​ពិត​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​ម៉ាណូអា។ លោក​ចាត់​ទេវតា​នោះ​ឲ្យ​ទៅ​ជួប​ប្រពន្ធ​របស់​ម៉ាណូអា​ម្ដង​ទៀត ខណៈ​ដែល​នាង​កំពុង​អង្គុយ​នៅ​ខាង​ក្រៅ។ តែ​ពេល​នោះ​ម៉ាណូអា​មិន​បាន​នៅ​ជា​មួយ​នឹង​នាង​ទេ។ ១០ នាង​ប្រញាប់​ប្រញាល់​រត់​ទៅ​ប្រាប់​ប្ដី​ថា​៖ ​«​មើល​ហ្ន៎! បុរស​ដែល​មក​ជួប​ខ្ញុំ​ថ្ងៃ​មុន គាត់​មក​ទៀត​ហើយ​»។+

១១ ឮ​ដូច្នេះ ម៉ាណូអា​ក៏​ទៅ​ជា​មួយ​នឹង​ប្រពន្ធ​គាត់ ដើម្បី​ជួប​បុរស​នោះ។ ពេល​ទៅ​ដល់ គាត់​សួរ​បុរស​នោះ​ថា​៖ ​«​តើ​អ្នក​ជា​បុរស​ដែល​បាន​និយាយ​ជា​មួយ​នឹង​ប្រពន្ធ​ខ្ញុំ​ឬ?​»។ បុរស​នោះ​ឆ្លើយ​ថា​៖ ​«​មែន គឺ​ខ្ញុំ​»។ ១២ រួច​ម៉ាណូអា​និយាយ​ថា​៖ ​«​សូម​ឲ្យ​ពាក្យ​របស់​អ្នក​ក្លាយ​ជា​ការ​ពិត! ចុះ​ពេល​ដែល​កូន​កើត​មក តើ​កូន​នឹង​មាន​ជីវិត​បែប​ណា? ហើយ​តើ​នឹង​ធ្វើ​កិច្ចការ​អ្វី?​»។+ ១៣ ទេវតា​របស់​ព្រះ​យេហូវ៉ា​ឆ្លើយ​នឹង​ម៉ាណូអា​ថា​៖ ​«​ប្រពន្ធ​របស់​អ្នក​ត្រូវ​ធ្វើ​តាម​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ប្រាប់​នាង។+ ១៤ នាង​មិន​ត្រូវ​បរិភោគ​អ្វី​ណា​ដែល​មក​ពី​ផល​ទំពាំង​បាយ​ជូរ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ផឹក​គ្រឿង​ស្រវឹង ឬ​អ្វី​ដែល​មាន​ជាតិ​ស្រា​ដែរ។+ ម្យ៉ាង​ទៀត នាង​មិន​ត្រូវ​បរិភោគ​អ្វី​ដែល​មិន​ស្អាត​បរិសុទ្ធ​ឡើយ។+ នាង​ត្រូវ​ធ្វើ​តាម​បង្គាប់​ទាំង​អស់​របស់​ខ្ញុំ​»។

១៥ បន្ទាប់​មក ម៉ាណូអា​និយាយ​ទៅ​ទេវតា​របស់​ព្រះ​យេហូវ៉ា​ថា​៖ ​«​សូម​អ្នក​ចាំ​នៅ​ទី​នេះ​សិន។ យើង​នឹង​ទៅ​យក​កូន​ពពែ​មក​ធ្វើ​អាហារ​ជូន​អ្នក​»។+ ១៦ ក៏​ប៉ុន្តែ ទេវតា​របស់​ព្រះ​យេហូវ៉ា​ប្រាប់​ម៉ាណូអា​ថា​៖ ​«​ខ្ញុំ​ចាំ​នៅ​ទី​នេះ​បាន តែ​ខ្ញុំ​មិន​បរិភោគ​ទេ។ ប៉ុន្តែ បើ​អ្នក​ចង់​ជូន​គ្រឿង​បូជា​ដុត​ទៅ​ព្រះ​យេហូវ៉ា សូម​អញ្ជើញ​ជូន​ចុះ​»។ ម៉ាណូអា​មិន​ដឹង​ថា​បុរស​នោះ​ជា​ទេវតា​របស់​ព្រះ​យេហូវ៉ា​ឡើយ។ ១៧ រួច​ម៉ាណូអា​សួរ​ទេវតា​របស់​ព្រះ​យេហូវ៉ា​ថា​៖ ​«​តើ​អ្នក​ឈ្មោះ​អ្វី?+ សូម​ប្រាប់​យើង ដើម្បី​យើង​អាច​លើក​កិត្តិយស​អ្នក​ពេល​ដែល​ពាក្យ​សម្ដី​របស់​អ្នក​ក្លាយ​ជា​ការ​ពិត​»។ ១៨ ទេវតា​របស់​ព្រះ​យេហូវ៉ា​តប​ទៅ​គាត់​ថា​៖ ​«​កុំ​សួរ​ឈ្មោះ​ខ្ញុំ​ឡើយ ព្រោះ​ឈ្មោះ​នោះ​នឹង​ធ្វើ​ឲ្យ​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​»។

១៩ រួច​មក ម៉ាណូអា​ក៏​យក​កូន​ពពែ​និង​គ្រឿង​បូជា​ពី​ស្រូវ មក​ជូន​ព្រះ​យេហូវ៉ា​នៅ​លើ​ថ្ម​មួយ។ ពេល​នោះ លោក​បាន​ធ្វើ​ការ​អស្ចារ្យ​នៅ​ចំពោះ​មុខ​ម៉ាណូអា​និង​ប្រពន្ធ ២០ គឺ​មាន​អណ្ដាត​ភ្លើង​ពី​ទី​បូជា​ឆេះ​ឡើង​ទៅ​លើ​មេឃ ហើយ​ទេវតា​របស់​ព្រះ​យេហូវ៉ា​ឡើង​តាម​អណ្ដាត​ភ្លើង​ពី​ទី​បូជា​នោះ ក្នុង​ពេល​ដែល​ម៉ាណូអា​និង​ប្រពន្ធ​កំពុង​មើល។ ភ្លាម​នោះ ពួក​គេ​ក្រាប​មុខ​ដល់​ដី។ ២១ នៅ​ពេល​នោះ ម៉ាណូអា​បាន​ដឹង​ថា​បុរស​នោះ​គឺ​ជា​ទេវតា​របស់​ព្រះ​យេហូវ៉ា។+ ទេវតា​របស់​ព្រះ​យេហូវ៉ា​មិន​បាន​មក​ជួប​ម៉ាណូអា​និង​ប្រពន្ធ​ទៀត​ទេ។ ២២ ម៉ាណូអា​ក៏​និយាយ​ទៅ​ប្រពន្ធ​ថា​៖ ​«​យើង​ច្បាស់​ជា​ស្លាប់​ជា​មិន​ខាន ព្រោះ​យើង​បាន​ឃើញ​ព្រះ​»។+ ២៣ ប៉ុន្តែ ប្រពន្ធ​និយាយ​ទៅ​គាត់​ថា​៖ ​«​បើ​ព្រះ​យេហូវ៉ា​ចង់​សម្លាប់​យើង​មែន លោក​ច្បាស់​ជា​មិន​ទទួល​គ្រឿង​បូជា​ពី​ស្រូវ​និង​គ្រឿង​បូជា​ដុត​ដែល​យើង​ទើប​តែ​ជូន​ទេ+ ហើយ​លោក​ក៏​មិន​បង្ហាញ​ការ​អស្ចារ្យ​ទាំង​នេះ​ឲ្យ​យើង​ឃើញ ហើយ​ក៏​មិន​ប្រាប់​រឿង​ផ្សេង​ៗ​ឲ្យ​យើង​ដឹង​ដែរ​»។

២៤ ក្រោយ​មក ប្រពន្ធ​របស់​ម៉ាណូអា​កើត​បាន​កូន​ប្រុស​មួយ ហើយ​ដាក់​ឈ្មោះ​ថា​សាំសុន។+ កាល​ដែល​កូន​នោះ​កាន់​តែ​ធំ​ឡើង ព្រះ​យេហូវ៉ា​បន្ត​ឲ្យ​ពរ​កូន​នោះ។ ២៥ ក្រោយ​មក​ទៀត ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម​មាន​ឥទ្ធិពល​លើ​សាំសុន+ ពេល​ដែល​គាត់​នៅ​ម៉ាហានេដាន់។+ កន្លែង​នោះ​ស្ថិត​នៅ​រវាង​ក្រុង​សូរ៉ា​និង​ក្រុង​អែសថោល។+

១៤ ក្រោយ​មក សាំសុន​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ធីមណា ហើយ​នៅ​ទី​នោះ​គាត់​បាន​ឃើញ​នារី​ជន​ជាតិ​ភីលីស្ទីន​ម្នាក់។ ២ ដូច្នេះ គាត់​ត្រឡប់​ទៅ​ប្រាប់​ឪពុក​ម្ដាយ​ថា​៖ ​«​ពុក​ម៉ែ! ខ្ញុំ​ពេញ​ចិត្ត​កូន​ស្រី​ជន​ជាតិ​ភីលីស្ទីន​ម្នាក់​នៅ​ក្រុង​ធីមណា។ សូម​ពុក​ម៉ែ​ទៅ​ដណ្ដឹង​នាង​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​ខ្ញុំ​»។ ៣ ប៉ុន្តែ ឪពុក​ម្ដាយ​និយាយ​ទៅ​គាត់​ថា​៖ ​«​តើ​មិន​មាន​នារី​ណា​ក្នុង​សាច់​ញាតិ​យើង ឬ​ក្នុង​ជន​ជាតិ​យើង​ដែល​ត្រូវ​ចិត្ត​កូន​ទេ​ឬ?+ ហេតុ​អ្វី​បាន​ជា​កូន​ចង់​បាន​ប្រពន្ធ​ពី​ជន​ជាតិ​ភីលីស្ទីន​ដែល​មិន​កាត់​ចុង​ស្បែក?​»​ តែ​សាំសុន​ប្រាប់​ឪពុក​ថា​៖ ​«​សូម​ដណ្ដឹង​នារី​នោះ​ឲ្យ​ខ្ញុំ ព្រោះ​ខ្ញុំ​ពេញ​ចិត្ត​នាង​តែ​ម្នាក់​គត់​»។ ៤ ឪពុក​ម្ដាយ​គាត់​មិន​បាន​ដឹង​ថា​នោះ​មក​ពី​ព្រះ​យេហូវ៉ា​ឡើយ ព្រោះ​គាត់*រក​ឱកាស​ដើម្បី​ចាត់​ការ​ជន​ជាតិ​ភីលីស្ទីន ដោយ​សារ​នៅ​គ្រា​នោះ​ជន​ជាតិ​ភីលីស្ទីន​កំពុង​គ្រប់​គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល។+

៥ ម្ល៉ោះ​ហើយ ឪពុក​ម្ដាយ​ក៏​ធ្វើ​ដំណើរ​ជា​មួយ​នឹង​សាំសុន​ទៅ​ក្រុង​ធីមណា។ ពេល​មក​ដល់​ចម្ការ​ទំពាំង​បាយ​ជូរ​នៅ​ក្រុង​ធីមណា ស្រាប់​តែ​មាន​តោ​ឈ្មោល​ស្ទាវ​មួយ​ចេញ​មក​គ្រហឹម​ដាក់​សាំសុន។ ៦ ពេល​នោះ​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​មក​លើ​គាត់។+ គាត់​ក៏​ចាប់​ហែក​តោ​នោះ​ជា​ពីរ ដូច​គេ​ហែក​កូន​ពពែ​ជា​ពីរ​ដោយ​ដៃ​ទទេ។ ប៉ុន្តែ គាត់​មិន​បាន​ប្រាប់​រឿង​នេះ​ដល់​ឪពុក​ម្ដាយ​ទេ។ ៧ បន្ទាប់​មក សាំសុន​ទៅ​ជួប​និយាយ​ជា​មួយ​នឹង​នារី​នោះ ហើយ​គាត់​ដឹង​ច្បាស់​ថា​គាត់​ពេញ​ចិត្ត​នាង​ពិត​មែន។+

៨ ក្រោយ​មក ពេល​សាំសុន​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ក្រុង​ធីមណា​ដើម្បី​ទទួល​នាង​មក​ផ្ទះ​របស់​គាត់+ នោះ​គាត់​បាន​ឆៀង​ទៅ​មើល​សព​តោ ហើយ​គាត់​ឃើញ​មាន​សម្បុក​ឃ្មុំ​និង​ទឹក​ឃ្មុំ​ក្នុង​សព​តោ​នោះ។ ៩ ដូច្នេះ គាត់​កៀរ​យក​ទឹក​ឃ្មុំ​មក​បរិភោគ​បណ្ដើរ​ដើរ​បណ្ដើរ។ ពេល​គាត់​ដើរ​ទាន់​ឪពុក​ម្ដាយ គាត់​ក៏​ឲ្យ​ឪពុក​ម្ដាយ​បរិភោគ​ដែរ។ តែ​គាត់​មិន​បាន​ប្រាប់​ថា​គាត់​យក​ទឹក​ឃ្មុំ​នោះ​ពី​ក្នុង​សព​តោ​ទេ។

១០ សាំសុន​និង​ឪពុក​គាត់​បាន​ទៅ​ជួប​នារី​នោះ ហើយ​សាំសុន​បាន​ធ្វើ​ពិធី​ជប់​លៀង​នៅ​ទី​នោះ តាម​ទម្លាប់​របស់​កូន​កំលោះ។ ១១ ពេល​ពួក​គេ​ឃើញ​គាត់ ពួក​គេ​បាន​នាំ​បុរស​៣០​នាក់​ឲ្យ​ធ្វើ​ជា​អ្នក​កំដរ​គាត់។ ១២ បន្ទាប់​មក សាំសុន​និយាយ​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​សូម​ដាក់​ប្រស្នា​មួយ​ឲ្យ​អ្នក​រាល់​គ្នា។ ប្រសិន​បើ​ក្នុង​រវាង​៧​ថ្ងៃ​នៃ​ពិធី​ជប់​លៀង​នេះ អ្នក​រាល់​គ្នា​អាច​ដោះ​ប្រស្នា​បាន ខ្ញុំ​នឹង​ឲ្យ​អាវ​ក្នុង​ចំនួន​៣០ និង​សម្លៀក​បំពាក់​ក្រៅ​ចំនួន​៣០។ ១៣ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​អាច​ដោះ​ប្រស្នា​បាន​ទេ អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​អាវ​ក្នុង​ចំនួន​៣០ និង​សម្លៀក​បំពាក់​ក្រៅ​ចំនួន​៣០​មក​ឲ្យ​ខ្ញុំ​»។ ពួក​គេ​តប​ថា​៖ ​«​ពួក​យើង​ចង់​ស្ដាប់ ដាក់​ប្រស្នា​មក​»។ ១៤ សាំសុន​ក៏​ប្រាប់​ពួក​គេ​ថា​៖

​«​មាន​ចំណី​ចេញ​ពី​អ្នក​ស៊ី

ហើយ​មាន​រស​ផ្អែម​ចេញ​ពី​អ្នក​ខ្លាំង​»។+

បី​ថ្ងៃ​កន្លង​ទៅ ពួក​គេ​នៅ​តែ​មិន​អាច​ដោះ​ប្រស្នា​បាន។ ១៥ លុះ​ថ្ងៃ​ទី​៤ ពួក​គេ​ក៏​ទៅ​និយាយ​ជា​មួយ​នឹង​ប្រពន្ធ​សាំសុន​ថា​៖ ​«​នាង​ត្រូវ​ប្រើ​មាយា​លួង​លោម​ប្ដី​នាង+ ឲ្យ​គាត់​ប្រាប់​ចម្លើយ​ប្រស្នា​នោះ​មក។ ពុំ​នោះ​សោត យើង​នឹង​យក​ភ្លើង​ដុត​នាង​និង​ក្រុម​គ្រួសារ​ឪពុក​នាង។ តើ​នាង​អញ្ជើញ​យើង​មក​ដើម្បី​យក​ទ្រព្យ​សម្បត្តិ​យើង​ឬ?​»។ ១៦ ម្ល៉ោះ​ហើយ ប្រពន្ធ​សាំសុន​ក៏​យំ​ខ្សឹក​ខ្សួល​នៅ​មុខ​គាត់ ទាំង​ពោល​ថា​៖ ​«​ឥឡូវ​បង​ស្អប់​អូន​ហើយ បង​មិន​ស្រឡាញ់​អូន​ទេ។+ បង​ដាក់​ប្រស្នា​ឲ្យ​ជន​រួម​ជាតិ​របស់​អូន ហេតុ​អ្វី​បង​មិន​ប្រាប់​ចម្លើយ​ឲ្យ​អូន​ដឹង?​»។ សាំសុន​តប​ថា​៖ ​«​ពុក​ម៉ែ​បង បង​មិន​ទាំង​ប្រាប់​ផង! ហេតុ​អ្វី​បង​ត្រូវ​ប្រាប់​អូន?​»។ ១៧ ប៉ុន្តែ នាង​យំ​នៅ​មុខ​គាត់​ឥត​ឈប់​រហូត​ដល់​ថ្ងៃ​ជប់​លៀង​ទី​៧។ ទី​បំផុត នៅ​ថ្ងៃ​ទី​៧​នោះ គាត់​ក៏​ប្រាប់​ចម្លើយ​ដល់​នាង ព្រោះ​នាង​រំខាន​ចិត្ត​គាត់​ខ្លាំង​ពេក។ លុះ​ដឹង​ចម្លើយ​ហើយ នាង​ទៅ​ប្រាប់​ជន​រួម​ជាតិ​របស់​នាង។+ ១៨ ដូច្នេះ នៅ​ថ្ងៃ​ទី​៧​មុន​ថ្ងៃ​លិច* ពួក​បុរស​ក្រុង​នោះ​បាន​ដោះ​ប្រស្នា​ប្រាប់​សាំសុន​ថា​៖

​«​គ្មាន​អ្វី​ដែល​ផ្អែម​ជាង​ទឹក​ឃ្មុំ​ឡើយ

ហើយ​ក៏​គ្មាន​អ្វី​ដែល​ខ្លាំង​ជាង​សត្វ​តោ​ដែរ ត្រូវ​ទេ?​»។+

សាំសុន​តប​វិញ​ថា​៖

​«​បើ​អ្នក​រាល់​គ្នា​មិន​បាន​ទៅ​សួរ​ប្រពន្ធ​ខ្ញុំ​ទេ*+

អ្នក​រាល់​គ្នា​គ្មាន​ថ្ងៃ​ដោះ​ប្រស្នា​ខ្ញុំ​បាន​ឡើយ​»។

១៩ បន្ទាប់​មក ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​លើ​សាំសុន+ ហើយ​គាត់​ចុះ​ទៅ​ក្រុង​អាសកាឡូន+ សម្លាប់​បុរស​ក្រុង​នោះ​អស់​៣០​នាក់ រួច​យក​សម្លៀក​បំពាក់​របស់​ពួក​គេ ទៅ​ឲ្យ​ពួក​អ្នក​ដែល​បាន​ដោះ​ប្រស្នា​របស់​គាត់។+ រួច​មក គាត់​ក៏​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​គាត់​វិញ​ទាំង​ចិត្ត​ក្ដៅ​ក្រហាយ​ជា​ខ្លាំង។

២០ រីឯ​ប្រពន្ធ​សាំសុន​វិញ+ នាង​បាន​ត្រូវ​លើក​ទៅ​ឲ្យ​អ្នក​កំដរ​ម្នាក់​របស់​សាំសុន។+

១៥ មួយ​រយៈ​ពេល​ក្រោយ​មក នា​រដូវ​ច្រូត​កាត់​ស្រូវ​សាលី សាំសុន​បាន​ទៅ​លេង​ប្រពន្ធ​របស់​គាត់ ទាំង​នាំ​យក​កូន​ពពែ​មួយ​ក្បាល​ទៅ​ជា​មួយ​ដែរ។ ពេល​ទៅ​ដល់ គាត់​ពោល​ថា​៖ ​«​ខ្ញុំ​ចង់​ចូល​ទៅ​ឯ​ប្រពន្ធ​ខ្ញុំ​ក្នុង​បន្ទប់​គេង​»។ ប៉ុន្តែ ឪពុក​ក្មេក​របស់​គាត់​មិន​អនុញ្ញាត​ឲ្យ​គាត់​ចូល​ឡើយ។ ២ ឪពុក​ក្មេក​គាត់​និយាយ​ថា​៖ ​«​ពុក​គិត​ថា​‹កូន​មុខ​ជា​ស្អប់​នាង​មិន​ខាន›។+ ដូច្នេះ ពុក​បាន​លើក​នាង​ឲ្យ​ទៅ​អ្នក​កំដរ​របស់​កូន។+ មើល! ប្អូន​ស្រី​នាង​ស្អាត​ជាង​នាង​ទៅ​ទៀត។ ចូរ​កូន​យក​ប្អូន​ស្រី​នាង​ធ្វើ​ជា​ប្រពន្ធ​ចុះ​»។ ៣ ក៏​ប៉ុន្តែ សាំសុន​តប​ថា​៖ ​«​លើក​នេះ ពួក​ភីលីស្ទីន​មិន​អាច​បន្ទោស​ខ្ញុំ​បាន​ទេ បើ​ខ្ញុំ​ធ្វើ​បាប​ពួក​គេ​»។

៤ បន្ទាប់​មក សាំសុន​ទៅ​ចាប់​កញ្ជ្រោង​៣០០​ក្បាល។ គាត់​ចង​កន្ទុយ​កញ្ជ្រោង​ជា​គូ​ៗ ហើយ​ដោត​ចន្លុះ​នៅ​កណ្ដាល​កន្ទុយ​ទាំង​គូ​ៗ​នោះ។ ៥ រួច​មក សាំសុន​អុជ​ចន្លុះ ហើយ​លែង​កញ្ជ្រោង​ទាំង​នោះ​ឲ្យ​ចូល​ទៅ​ក្នុង​វាល​ស្រូវ​របស់​ពួក​ភីលីស្ទីន ធ្វើ​ឲ្យ​អ្វី​ៗ​ទាំង​អស់​ឆេះ​គ្មាន​សល់ តាំង​ពី​កណ្ដាប់​ស្រូវ​រហូត​ដល់​វាល​ស្រូវ ព្រម​ទាំង​ចម្ការ​ទំពាំង​បាយ​ជូរ និង​ចម្ការ​ដើម​អូលីវ​ទៀត​ផង។

៦ ពួក​ភីលីស្ទីន​សួរ​ថា​៖ ​«​តើ​អ្នក​ណា​ជា​អ្នក​ធ្វើ?​»។ មាន​គេ​ឆ្លើយ​ថា​៖ ​«​សាំសុន​កូន​ប្រសា​របស់​អ្នក​ក្រុង​ធីមណា គាត់​ជា​អ្នក​ធ្វើ ពី​ព្រោះ​ឪពុក​ក្មេក​គាត់​លើក​ប្រពន្ធ​គាត់​ឲ្យ​ទៅ​អ្នក​កំដរ​»។+ ឮ​ដូច្នោះ ពួក​ភីលីស្ទីន​ក៏​ចេញ​ទៅ ហើយ​យក​ភ្លើង​ដុត​ប្រពន្ធ​សាំសុន​និង​ឪពុក​ក្មេក​គាត់។+ ៧ សាំសុន​និយាយ​ទៅ​ពួក​គេ​ថា​៖ ​«​ដោយ​សារ​អ្នក​រាល់​គ្នា​ធ្វើ​បែប​នេះ ខ្ញុំ​នឹង​មិន​ឈប់​ត្រឹម​នេះ​ឡើយ ទាល់​តែ​ខ្ញុំ​បាន​សង​សឹក​អ្នក​រាល់​គ្នា​វិញ​»។+ ៨ រួច​គាត់​សម្លាប់​ពួក​គេ​យ៉ាង​ច្រើន​សន្ធឹក។ បន្ទាប់​មក គាត់​ចុះ​ទៅ​អាស្រ័យ​ក្នុង​រូង​ថ្ម​ត្រង់​ចំណោត​ភ្នំ​អេតាម។

៩ ក្រោយ​មក ពួក​ភីលីស្ទីន​ធ្វើ​ដំណើរ​មក​បោះ​ទ័ព​ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​យូដា ថែម​ទាំង​រុក​រាន​ទន្ទ្រាន​នៅ​លេហ៊ី​ទៀត​ផង។+ ១០ ពួក​បុរស​ក្នុង​កុលសម្ព័ន្ធ​យូដា​សួរ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​ចង់​មក​ប្រយុទ្ធ​នឹង​យើង?​»។ ពួក​គេ​តប​ថា​៖ ​«​យើង​មក​ដើម្បី​ចាប់*សាំសុន ហើយ​សង​សឹក​គាត់​ឲ្យ​សម​នឹង​អំពើ​ដែល​គាត់​បាន​ធ្វើ​មក​លើ​យើង​»។ ១១ ម្ល៉ោះ​ហើយ បុរស​ចំនួន​៣.០០០​នាក់​ពី​កុលសម្ព័ន្ធ​យូដា​ក៏​ចុះ​ទៅ​ឯ​រូង​ភ្នំ​ត្រង់​ចំណោត​ភ្នំ​អេតាម រួច​និយាយ​ទៅ​សាំសុន​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ដូច្នេះ​ចំពោះ​ពួក​យើង? តើ​អ្នក​មិន​ដឹង​ទេ​ឬ ថា​ពួក​ភីលីស្ទីន​កំពុង​គ្រប់​គ្រង​លើ​ពួក​យើង?​»។+ គាត់​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​គ្រាន់​តែ​ធ្វើ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​មក​លើ​ខ្ញុំ​ប៉ុណ្ណោះ​»។ ១២ ប៉ុន្តែ ពួក​បុរស​ទាំង​នោះ​និយាយ​ទៅ​គាត់​ថា​៖ ​«​ពួក​យើង​មក​នេះ​ដើម្បី​ចាប់​ខ្លួន​អ្នក ប្រគល់​ទៅ​ឲ្យ​ពួក​ភីលីស្ទីន​»។ សាំសុន​តប​ថា​៖ ​«​ចូរ​ស្បថ​នឹង​ខ្ញុំ​ថា អ្នក​រាល់​គ្នា​នឹង​មិន​ធ្វើ​អាក្រក់​មក​លើ​ខ្ញុំ​ឡើយ​»។ ១៣ ពួក​បុរស​ទាំង​នោះ​តប​វិញ​ថា​៖ ​«​ពួក​យើង​មិន​សម្លាប់​អ្នក​ទេ។ ពួក​យើង​គ្រាន់​តែ​ចង​អ្នក ហើយ​ប្រគល់​អ្នក​ទៅ​ឲ្យ​ពួក​គេ​ប៉ុណ្ណោះ​»។

ដូច្នេះ ពួក​បុរស​ទាំង​នោះ​យក​ខ្សែ​ពួរ​ពីរ​មក​ចង​គាត់ ហើយ​នាំ​គាត់​ចេញ​ពី​រូង​ភ្នំ​មក។ ១៤ កាល​ដែល​ឃើញ​សាំសុន​មក​ដល់​លេហ៊ី ពួក​ភីលីស្ទីន​ស្រែក​ហ៊ោ​យ៉ាង​ខ្លាំង។ បន្ទាប់​មក ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​លើ​សាំសុន+ ធ្វើ​ឲ្យ​ចំណង​ខ្សែ​ពួរ​ដែល​ចង​ដៃ​គាត់​ត្រូវ​ដាច់​យ៉ាង​ផុយ ដូច​សរសៃ​អំបោះ​ដែល​ត្រូវ​ភ្លើង​រោល។+ ១៥ សាំសុន​ក្រឡេក​ទៅ​ឃើញ​ឆ្អឹង​ថ្គាម​មួយ​របស់​សត្វ​លា​ដែល​ទើប​នឹង​ស្លាប់ រួច​គាត់​ក៏​យក​ឆ្អឹង​ថ្គាម​នោះ​មក​សម្លាប់​ពួក​គេ​អស់​១.០០០​នាក់។+ ១៦ បន្ទាប់​មក សាំសុន​ពោល​ថា​៖

​«​ដោយ​ឆ្អឹង​ថ្គាម​សត្វ​លា ខ្ញុំ​បាន​សម្លាប់​សត្រូវ​គរ​ជា​គំនរ!

ដោយ​ឆ្អឹង​ថ្គាម​សត្វ​លា ខ្ញុំ​សម្លាប់​មនុស្ស​អស់​១.០០០​នាក់​»។+

១៧ លុះ​និយាយ​ចប់ គាត់​គ្រវែង​ឆ្អឹង​ថ្គាម​នោះ​ចោល ហើយ​ហៅ​កន្លែង​នោះ​ថា រ៉ាម៉ាតលេហ៊ី។*+ ១៨ រួច​មក សាំសុន​ស្រេក​ទឹក​ខ្លាំង​ណាស់ បាន​ជា​គាត់​ហៅ​រក​ព្រះ​យេហូវ៉ា ដោយ​និយាយ​ថា​៖ ​«​លោក​បាន​ឲ្យ​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​ទទួល​ជ័យ​ជម្នះ​យ៉ាង​ធំ​ធេង។ ប៉ុន្តែ​ឥឡូវ តើ​ឲ្យ​ខ្ញុំ​ត្រូវ​ស្លាប់​ដោយ​ការ​ស្រេក​ទឹក ហើយ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​ដែល​មិន​កាត់​ចុង​ស្បែក​ឬ?​»។ ១៩ ដូច្នេះ ព្រះ​បាន​បំបែក​ថ្ម​ឲ្យ​មាន​ប្រហោង​នៅ​លេហ៊ី ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​មក។+ ពេល​សាំសុន​បាន​ផឹក​ទឹក គាត់​ក៏​មាន​កម្លាំង​កំហែង និង​មាន​ស្មារតី​ឡើង​វិញ។ ហេតុ​នេះ គាត់​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា​អេនហាកូរី* ដែល​ស្ថិត​នៅ​លេហ៊ី​ដរាប​ដល់​សព្វ​ថ្ងៃ។

២០ សាំសុន​បាន​ធ្វើ​ជា​អ្នក​សម្រេច​ក្ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​អស់​រយៈ​ពេល​២០​ឆ្នាំ នៅ​គ្រា​ដែល​ពួក​ភីលីស្ទីន​កំពុង​កាន់​អំណាច។+

១៦ នៅ​ថ្ងៃ​មួយ សាំសុន​បាន​ទៅ​ក្រុង​កាសា។ ពេល​គាត់​ឃើញ​ស្ត្រី​ពេស្យា​ម្នាក់​នៅ​ទី​នោះ គាត់​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​នាង។ ២ មាន​មនុស្ស​ទៅ​ប្រាប់​អ្នក​ក្រុង​កាសា​ថា​៖ ​«​សាំសុន​មក​ទី​នេះ​ហើយ​»។ ដូច្នេះ ពួក​គេ​ក៏​ទៅ​ឡោម​ព័ទ្ធ ហើយ​លប​ចាំ​វាយ​ឆ្មក់​គាត់​អស់​ពេញ​មួយ​យប់​នៅ​ទ្វារ​កំពែង​ក្រុង។ នៅ​ពេញ​មួយ​យប់​នោះ ពួក​គេ​សម្ងំ​ចាំ ទាំង​និយាយ​គ្នា​ថា​៖ ​«​ពេល​មេឃ​ភ្លឺ សឹម​យើង​សម្លាប់​គាត់​ចោល​»។

៣ ក៏​ប៉ុន្តែ សាំសុន​នៅ​ដេក​ទី​នោះ​រហូត​ដល់​អធ្រាត្រ។ រួច​មក គាត់​ក្រោក​ឡើង ហើយ​ទៅ​ចាប់​ទាញ​ទ្វារ​កំពែង​ក្រុង ទាំង​រំលើង​សសរ​ទាំង​ពីរ ព្រម​ទាំង​រនុក​ផង។ បន្ទាប់​មក គាត់​លើក​របស់​ទាំង​អស់​នោះ​ដាក់​លើ​ស្មា ហើយ​លី​ទៅ​កំពូល​ភ្នំ ដែល​នៅ​ទល់​មុខ​ក្រុង​ហេប្រុន។

៤ ក្រោយ​ពី​នោះ​មក គាត់​ក៏​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​នារី​ម្នាក់​ដែល​រស់​នៅ​ជិត​ជ្រលង​សូរេក។ នាង​មាន​ឈ្មោះ​ថា​ដេលីឡា។+ ៥ ដូច្នេះ ពួក​មេ​ដឹក​នាំ​ភីលីស្ទីន​បាន​មក​ជួប​ដេលីឡា ហើយ​និយាយ​ថា​៖ ​«​ចូរ​នាង​លួង​លោម​សាំសុន+ ហើយ​ជជីក​សួរ​ឲ្យ​ដឹង​ថា​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​គាត់​មាន​កម្លាំង​ខ្លាំង​មហិមា​បែប​នេះ ហើយ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ទើប​អាច​ចាប់​ចង និង​បង្ក្រាប​គាត់​បាន។ នោះ​យើង​ម្នាក់​ៗ​នឹង​ឲ្យ​នាង​១.១០០​កាក់​ធ្វើ​ពី​ប្រាក់​»។

៦ បន្ទាប់​មក ដេលីឡា​និយាយ​ទៅ​សាំសុន​ថា​៖ ​«​បង​ប្រាប់​អូន​មក តើ​បង​មាន​កម្លាំង​ខ្លាំង​មហិមា​បែប​នេះ​មក​ពី​ណា? តើ​អាច​យក​អ្វី​មក​ចង​បង្ក្រាប​បង​បាន?​»។ ៧ សាំសុន​ប្រាប់​នាង​ថា​៖ ​«​បើ​ពួក​គេ​យក​ខ្សែ​ធ្នូ​៧​សរសៃ​ដែល​មិន​ទាន់​ស្ងួត​មក​ចង​បង នោះ​កម្លាំង​បង​នឹង​ចុះ​ខ្សោយ​ដូច​មនុស្ស​ទូទៅ​ដែរ​»។ ៨ ដូច្នេះ ពួក​មេ​ដឹក​នាំ​ភីលីស្ទីន​បាន​ឲ្យ​ខ្សែ​ធ្នូ​៧​ខ្សែ​ដែល​មិន​ទាន់​ស្ងួត​ទៅ​ដេលីឡា។ បន្ទាប់​មក នាង​យក​ខ្សែ​ទាំង​នោះ​ទៅ​ចង​សាំសុន។ ៩ ពួក​គេ​បាន​ឲ្យ​មនុស្ស​ទៅ​លាក់​ខ្លួន​នៅ​បន្ទប់​ខាង​ក្នុង។ រួច​នាង​ស្រែក​ប្រាប់​សាំសុន​ថា​៖ ​«​សាំសុន​បង​អើយ! ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ​»។ ឮ​ដូច្នោះ សាំសុន​ក៏​បណ្ដាច់​ខ្សែ​ធ្នូ​យ៉ាង​ងាយ ដូច​ខ្សែ​អំបោះ​ផ្លេច*ដែល​ត្រូវ​ភ្លើង​រោល។+ យ៉ាង​នេះ គ្មាន​អ្នក​ណា​ដឹង​ពី​អាថ៌​កំបាំង​នៃ​កម្លាំង​របស់​គាត់​ទេ។

១០ រួច​មក ដេលីឡា​និយាយ​ទៅ​សាំសុន​ថា​៖ ​«​បង! បង​កុហក​បោក​ប្រាស់​អូន។ ឥឡូវ​ប្រាប់​អូន​មក តើ​អាច​យក​អ្វី​មក​ចង​បង​បាន?​»។ ១១ សាំសុន​ក៏​ឆ្លើយ​ថា​៖ ​«​បើ​ពួក​គេ​យក​ខ្សែ​ពួរ​ថ្មី​ដែល​មិន​ទាន់​ប្រើ​មក​ចង​បង នោះ​កម្លាំង​បង​នឹង​ទៅ​ជា​ខ្សោយ​ដូច​មនុស្ស​ទូទៅ​ដែរ​»។ ១២ ដូច្នេះ ដេលីឡា​បាន​យក​ខ្សែ​ពួរ​ថ្មី​ទៅ​ចង​សាំសុន រួច​នាង​ស្រែក​ឡើង​ថា​៖ ​«​សាំសុន​បង​អើយ! ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ​»​ (​អំឡុង​ពេល​នោះ មាន​មនុស្ស​លាក់​ខ្លួន​នៅ​បន្ទប់​ខាង​ក្នុង​)។ ឮ​ដូច្នោះ សាំសុន​ក៏​បណ្ដាច់​ខ្សែ​ពួរ​នោះ​ចេញ​ពី​ដៃ​គាត់ ដូច​បណ្ដាច់​ខ្សែ​អំបោះ។+

១៣ បន្ទាប់​មក ដេលីឡា​និយាយ​ទៅ​សាំសុន​ថា​៖ ​«​រហូត​មក​ដល់​ពេល​នេះ បង​នៅ​តែ​កុហក​បោក​ប្រាស់​អូន។+ សូម​ប្រាប់​អូន​មក តើ​អាច​យក​អ្វី​មក​ចង​បង​បាន?​»។ គាត់​ប្រាប់​នាង​ថា​៖ ​«​ទាល់​តែ​យក​អំបោះ​មក​ត្បាញ​សក់​ក្រង​៧​ជួរ​របស់​បង នោះ​បង​នឹង​លែង​មាន​កម្លាំង​ទៀត​»។ ១៤ ក្រោយ​មក នាង​ត្បាញ​សក់​សាំសុន ព្រម​ទាំង​បោះ​ស្នឹង​ពី​លើ​ផង។ រួច​នាង​ស្រែក​ថា​៖ ​«​សាំសុន​បង​អើយ! ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ​»។ ពេល​ឮ​ដូច្នោះ សាំសុន​ស្ទុះ​ក្រោក​ពី​ដំណេក ទាញ​ស្នឹង​និង​អំបោះ​តម្បាញ​ចេញ​ពី​សក់​របស់​គាត់។

១៥ ដេលីឡា​និយាយ​ទៅ​សាំសុន​ថា​៖ ​«​អស់​បី​ដង​ហើយ​ដែល​បង​កុហក​បោក​ប្រាស់​អូន។ បង​មិន​ព្រម​ប្រាប់​អូន​សោះ ថា​បង​បាន​កម្លាំង​ខ្លាំង​មហិមា​មក​ពី​ណា។+ តើ​បង​អាច​និយាយ​ថា​‹បង​ស្រឡាញ់​អូន›​ដូច​ម្ដេច​បាន+ កាល​ដែល​បង​នៅ​តែ​លាក់​បាំង​នឹង​អូន​ដូច្នេះ?​»។ ១៦ ដោយ​សារ​នាង​ចេះ​តែ​រំអុក​សួរ​សាំសុន​ដដែល​ៗ​រាល់​ថ្ងៃ នោះ​ធ្វើ​ឲ្យ​គាត់​ធុញ​ទ្រាន់​ស្ទើរ​ស្លាប់។+ ១៧ នៅ​ទី​បំផុត គាត់​ក៏​ដាច់​ចិត្ត​ប្រាប់​នាង​ថា​៖ ​«​សក់​បង​មិន​ដែល​កាត់​ឡើយ ព្រោះ​បង​ជា​ណាសារីត​នៃ​ព្រះ​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​មក​ម្ល៉េះ។+ បើ​បង​កាត់​សក់ កម្លាំង​បង​នឹង​ចុះ​ខ្សោយ ហើយ​បង​នឹង​ដូច​មនុស្ស​ទូទៅ​ដែរ​»។

១៨ ពេល​ដែល​ដេលីឡា​ឃើញ​ថា​សាំសុន​បាន​ប្រាប់​គ្រប់​យ៉ាង​ដល់​នាង​ហើយ នាង​ក៏​ស្រូត​ទៅ​រាយ​ការណ៍​ដល់​ពួក​មេ​ដឹក​នាំ​ភីលីស្ទីន+ថា​៖ ​«​សូម​ពួក​លោក​ឡើង​មក​ម្ដង​ទៀត ព្រោះ​គាត់​បាន​ប្រាប់​គ្រប់​យ៉ាង​ដល់​ខ្ញុំ​ហើយ​»។ ហេតុ​នេះ ពួក​មេ​ដឹក​នាំ​ភីលីស្ទីន​ក៏​មក​ជួប​នាង ព្រម​ទាំង​យក​ប្រាក់​មក​ជា​មួយ​ផង។ ១៩ ដេលីឡា​ធ្វើ​ឲ្យ​សាំសុន​លង់​លក់​លើ​ភ្លៅ​របស់​នាង។ រួច​នាង​ហៅ​បុរស​ម្នាក់​ឲ្យ​មក​កោរ​សក់​ក្រង​៧​ជួរ​របស់​គាត់។ ម្ល៉ោះ​ហើយ នាង​ចាប់​ផ្ដើម​កាន់​កាប់​លើ​សាំសុន ព្រោះ​កម្លាំង​របស់​គាត់​បាន​រលាយ​ទៅ។ ២០ រួច​ដេលីឡា​ស្រែក​ឡើង​ថា​៖ ​«​សាំសុន​បង​អើយ! ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ​»។ ពេល​ឮ​ដូច្នោះ សាំសុន​ភ្ញាក់​ពី​ដំណេក ហើយ​ពោល​ថា​៖ ​«​បង​នឹង​ចេញ​ទៅ​ដូច​លើក​មុន​ៗ​+ ហើយ​ដោះ​ខ្លួន​ឲ្យ​រួច​»។ ប៉ុន្តែ សាំសុន​មិន​ដឹង​ថា ព្រះ​យេហូវ៉ា​បាន​ចាក​ចេញ​ពី​គាត់​ឡើយ។ ២១ ជា​លទ្ធផល ពួក​ភីលីស្ទីន​ក៏​ចាប់​គាត់​បាន ហើយ​ចាក់​ខ្វេះ​ភ្នែក​គាត់​ទាំង​គូ​ចេញ។ រួច​ពួក​គេ​នាំ​គាត់​ទៅ​ក្រុង​កាសា ហើយ​យក​ខ្នោះ​ស្ពាន់​មក​ដាក់​គាត់។ ពួក​គេ​បាន​ឲ្យ​គាត់​ធ្វើ​ជា​អ្នក​បង្វិល​ត្បាល់​កិន​នៅ​ក្នុង​គុក។ ២២ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​នោះ សក់​របស់​សាំសុន​ចាប់​ផ្ដើម​ដុះ​ឡើង​វិញ។+

២៣ ពួក​មេ​ដឹក​នាំ​ភីលីស្ទីន​បាន​ជួប​ជុំ​គ្នា ដើម្បី​ជូន​គ្រឿង​បូជា​សន្ធឹក​សន្ធាប់​ដល់​ដាកុន+ជា​ព្រះ​របស់​ពួក​គេ ហើយ​ពួក​គេ​ជប់​លៀង​អបអរសាទរ ដោយ​និយាយ​ថា​៖ ​«​ព្រះ​របស់​យើង​បាន​ប្រគល់​សាំសុន​ដែល​ជា​សត្រូវ មក​ក្នុង​កណ្ដាប់​ដៃ​យើង!​»។ ២៤ ពេល​បណ្ដា​ជន​ឃើញ​រូប​ព្រះ​នោះ ក៏​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ​នោះ ហើយ​ពោល​ថា​៖ ​«​ព្រះ​របស់​យើង​បាន​ប្រគល់​សត្រូវ​មក​ក្នុង​កណ្ដាប់​ដៃ​យើង។ វា​ជា​សត្រូវ​ដែល​បាន​បំផ្លិច​បំផ្លាញ​ទឹក​ដី​របស់​យើង+ ហើយ​សម្លាប់​ជន​ជាតិ​យើង​អស់​ជា​ច្រើន​នាក់​»។+

២៥ ខណៈ​ដែល​ពួក​គេ​កំពុង​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង ពួក​គេ​និយាយ​ថា​៖ ​«​ចូរ​ទៅ​នាំ​សាំសុន​មក​ដើម្បី​ឲ្យ​យើង​បាន​សើច​សប្បាយ​»។ ដូច្នេះ ពួក​គេ​នាំ​សាំសុន​ចេញ​ពី​គុក​មក​ឲ្យ​ពួក​គេ​ទាំង​អស់​គ្នា​មើល​កម្សាន្ត។ ពួក​គេ​បាន​នាំ​គាត់​ទៅ​ឈរ​នៅ​ចន្លោះ​សសរ​វិហារ។ ២៦ សាំសុន​និយាយ​ទៅ​កាន់​ក្មេង​ប្រុស​ដែល​ដឹក​ដៃ​គាត់​ថា​៖ ​«​សូម​ឲ្យ​ខ្ញុំ​ប៉ះ​សសរ​វិហារ​ប​ន្តិ​ច ដើម្បី​ខ្ញុំ​អាច​ទប់​ខ្លួន​បាន​»។ ២៧ (​ពេល​នោះ ក្នុង​វិហារ​មាន​ប្រុស​មាន​ស្រី​ច្រើន​កុះ​ករ ហើយ​ពួក​មេ​ដឹក​នាំ​ភីលីស្ទីន​ទាំង​ឡាយ​ក៏​នៅ​ទី​នោះ​ដែរ។ រីឯ​នៅ​លើ​ដំបូល​វិញ មាន​មនុស្ស​ប្រុស​ស្រី​ប្រហែល​៣.០០០​នាក់​កំពុង​មើល​សាំសុន​)។

២៨ សាំសុន+ក៏​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​អើយ សូម​លោក​មេត្តា​នឹក​ចាំ​ខ្ញុំ​ផង សូម​លោក​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ+តែ​ម្ដង​នេះ​ទៀត ដើម្បី​ខ្ញុំ​អាច​សង​សឹក​ពួក​ភីលីស្ទីន យ៉ាង​ហោច​ណាស់​ឲ្យ​សម​នឹង​ភ្នែក​ម្ខាង​របស់​ខ្ញុំ​»។+

២៩ បន្ទាប់​មក សាំសុន​ទប់​ជំហរ​នៅ​កណ្ដាល​សសរ​ពីរ​ដែល​ទ្រ​វិហារ​នោះ។ គាត់​ដាក់​ដៃ​ស្ដាំ​ទល់​នឹង​សសរ​ម្ខាង ហើយ​ដាក់​ដៃ​ឆ្វេង​ទល់​នឹង​សសរ​ម្ខាង​ទៀត។ ៣០ សាំសុន​ស្រែក​ឡើង​ថា​៖ ​«​ខ្ញុំ​សូម​ស្លាប់​ជា​មួយ​នឹង​ពួក​ភីលីស្ទីន!​»។ រួច​គាត់​ខំ​ប្រឹង​ច្រាន​សសរ​អស់​ពី​កម្លាំង នោះ​វិហារ​ក៏​រលំ​ទៅ​លើ​ពួក​មេ​ដឹក​នាំ និង​បណ្ដា​ជន​ទាំង​អស់​ដែល​មាន​វត្តមាន​នៅ​ទី​នោះ។+ ដូច្នេះ មនុស្ស​ដែល​ស្លាប់​ព្រម​គ្នា​នឹង​សាំសុន មាន​ចំនួន​ច្រើន​ជាង​អ្នក​ដែល​គាត់​បាន​សម្លាប់ កាល​ដែល​គាត់​នៅ​រស់​ទៅ​ទៀត។+

៣១ ក្រោយ​មក បង​ប្អូន​និង​ក្រុម​គ្រួសារ​ទាំង​អស់​ខាង​ឪពុក​សាំសុន បាន​មក​យក​សាក​សព​គាត់​ត្រឡប់​ទៅ​វិញ។ ពួក​គេ​បញ្ចុះ​សព​គាត់​ក្នុង​ផ្នូរ​របស់​ម៉ាណូអា+ជា​ឪពុក ដែល​នៅ​រវាង​ក្រុង​សូរ៉ា+និង​ក្រុង​អែសថោល។ សាំសុន​បាន​ធ្វើ​ជា​អ្នក​សម្រេច​ក្ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​អស់​រយៈ​ពេល​២០​ឆ្នាំ។+

១៧ មាន​បុរស​ម្នាក់​ឈ្មោះ​មីកា គាត់​រស់​នៅ​តំបន់​ភ្នំ​ស្រុក​អេប្រាអ៊ីម។+ ២ មីកា​និយាយ​ទៅ​ម្ដាយ​ថា​៖ ​«​ម៉ែ! ខ្ញុំ​ឮ​ថា​ម៉ែ​បាត់​ប្រាក់​១.១០០​កាក់* ហើយ​ខ្ញុំ​បាន​ឮ​ម៉ែ​ដាក់​បណ្ដាសា​អ្នក​ដែល​លួច​នោះ។ ប៉ុន្តែ មើល! ប្រាក់​នេះ​នៅ​នឹង​ខ្ញុំ ព្រោះ​ខ្ញុំ​នេះ​ហើយ​ជា​អ្នក​យក​»។ ឮ​កូន​និយាយ​ដូច្នោះ ម្ដាយ​ពោល​ឡើង​ថា​៖ ​«​សូម​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​កូន​ប្រុស​ខ្ញុំ​»។ ៣ ដូច្នេះ គាត់​បាន​ប្រគល់​ប្រាក់​១.១០០​កាក់​ឲ្យ​ម្ដាយ​វិញ តែ​ម្ដាយ​និយាយ​ថា​៖ ​«​ម៉ែ​នឹង​ប្រគល់​ប្រាក់​ទាំង​នេះ​ទុក​ជា​របស់​បរិសុទ្ធ​ជូន​ព្រះ​យេហូវ៉ា។ ម៉ែ​ចង់​ឲ្យ​កូន​ប្រើ​ប្រាក់​ទាំង​នេះ​ដើម្បី​ឆ្លាក់​រូប​ព្រះ និង​ធ្វើ​រូប​សំណាក*+សម្រាប់​កូន​ផ្ទាល់។ ឥឡូវ​កូន​ទុក​ប្រាក់​ទាំង​នេះ​ចុះ​»។

៤ ក្រោយ​ពី​មីកា​បាន​ប្រគល់​ប្រាក់​ឲ្យ​ម្ដាយ​វិញ ម្ដាយ​បាន​យក​២០០​កាក់​ទៅ​ឲ្យ​ជាង​ប្រាក់។ ជាង​នោះ​ក៏​ឆ្លាក់​រូប​ព្រះ និង​រូប​សំណាក រួច​រូប​ទាំង​ពីរ​នោះ​បាន​ត្រូវ​យក​ទៅ​ដាក់​ក្នុង​ផ្ទះ​របស់​មីកា។ ៥ មីកា​មាន​ផ្ទះ​មួយ​សម្រាប់​រូប​ព្រះ។ គាត់​បាន​ធ្វើ​អាវ​អេផូឌ+ និង​រូប​ធេរ៉ាភីម*+ ព្រម​ទាំង​តែង​តាំង​កូន​ប្រុស​ម្នាក់​របស់​គាត់ ឲ្យ​បម្រើ​ជា​សង្ឃ​សម្រាប់​គាត់។+ ៦ នៅ​សម័យ​នោះ មិន​មាន​ស្ដេច​នៅ​ស្រុក​អ៊ីស្រាអែល​ទេ។+ ម្ល៉ោះ​ហើយ ពួក​គេ​ម្នាក់​ៗ​ធ្វើ​អ្វី​តាម​ដែល​ខ្លួន​គេ​គិត​ថា​ត្រឹម​ត្រូវ។+

៧ នៅ​ក្រុង​បេថ្លេហិម+ស្រុក​យូដា មាន​យុវជន​ម្នាក់​ជា​កូន​ចៅ​លេវី+ មក​ពី​កុលសម្ព័ន្ធ​យូដា។* គាត់​រស់​នៅ​ទី​នោះ​អស់​មួយ​រយៈ​ពេល។ ៨ ក្រោយ​មក យុវជន​នោះ​បាន​ចាក​ចេញ​ពី​ក្រុង​បេថ្លេហិម​ស្រុក​យូដា ដើម្បី​ទៅ​រក​កន្លែង​ស្នាក់​នៅ​ផ្សេង​ទៀត។ កាល​ដែល​គាត់​ធ្វើ​ដំណើរ នោះ​គាត់​បាន​ទៅ​ដល់​ផ្ទះ​របស់​មីកា នៅ​តំបន់​ភ្នំ​ស្រុក​អេប្រាអ៊ីម។+ ៩ រួច​មីកា​សួរ​គាត់​ថា​៖ ​«​តើ​អ្នក​មក​ពី​ណា?​»។ គាត់​តប​ថា​៖ ​«​ខ្ញុំ​ជា​កូន​ចៅ​លេវី មក​ពី​ក្រុង​បេថ្លេហិម​ស្រុក​យូដា ហើយ​ខ្ញុំ​កំពុង​រក​កន្លែង​ស្នាក់​នៅ​»។ ១០ ដូច្នេះ មីកា​និយាយ​ទៅ​គាត់​ថា​៖ ​«​សូម​ស្នាក់​នៅ​ជា​មួយ​នឹង​ខ្ញុំ ហើយ​ធ្វើ​ជា​ទី​ប្រឹក្សា និង​ជា​សង្ឃ​របស់​ខ្ញុំ។ រាល់​ឆ្នាំ​ខ្ញុំ​នឹង​ឲ្យ​១០​កាក់​ធ្វើ​ពី​ប្រាក់​ដល់​អ្នក ថែម​ទាំង​ឲ្យ​សម្លៀក​បំពាក់​និង​អាហារ​ដល់​អ្នក​ដែរ​»។ ពេល​ឮ​ដូច្នោះ យុវជន​លេវី​នោះ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​មីកា។ ១១ យុវជន​លេវី​នោះ​យល់​ព្រម​អាស្រ័យ​នៅ​ជា​មួយ​នឹង​មីកា ហើយ​គាត់​ប្រៀប​ដូច​ជា​កូន​ប្រុស​ម្នាក់​របស់​មីកា។ ១២ មីកា​បាន​តែង​តាំង​យុវជន​លេវី​នោះ​ឲ្យ​ធ្វើ​ជា​សង្ឃ​របស់​គាត់+ ហើយ​យុវជន​នោះ​ក៏​រស់​នៅ​ក្នុង​ផ្ទះ​របស់​មីកា។ ១៣ រួច​មក មីកា​ពោល​ថា​៖ ​«​ពេល​នេះ ខ្ញុំ​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​ខ្ញុំ​ជា​មិន​ខាន ដោយ​សារ​ខ្ញុំ​បាន​កូន​ចៅ​លេវី​ម្នាក់​មក​ធ្វើ​ជា​សង្ឃ​របស់​ខ្ញុំ​»។

១៨ នៅ​សម័យ​នោះ មិន​មាន​ស្ដេច​ក្នុង​ស្រុក​អ៊ីស្រាអែល​ទេ។+ ដំណាល​គ្នា​នោះ​ដែរ កុលសម្ព័ន្ធ​ដាន់+កំពុង​ធ្វើ​ដំណើរ​ស្វែង​រក​ទឹក​ដី​ដើម្បី​អាស្រ័យ​នៅ ពី​ព្រោះ​ពួក​គេ​មិន​ទាន់​បាន​កាន់​កាប់​ទឹក​ដី​ទាំង​មូល​ដែល​ជា​មត៌ក​របស់​ពួក​គេ ដូច​កុលសម្ព័ន្ធ​ឯ​ទៀត​ក្នុង​ស្រុក​អ៊ីស្រាអែល​ឡើយ។+

២ មនុស្ស​ក្នុង​កុលសម្ព័ន្ធ​ដាន់​ចាត់​បុរស​ដែល​មាន​សមត្ថភាព​ប្រាំ​នាក់​ក្នុង​វង្ស​ត្រកូល​ពួក​គេ​ពី​ក្រុង​សូរ៉ា​និង​ក្រុង​អែសថោល+ ឲ្យ​ទៅ​ស៊ើប​អង្កេត​និង​ពិនិត្យ​មើល​ទឹក​ដី។ ពួក​គេ​បង្គាប់​បុរស​ទាំង​នោះ​ថា​៖ ​«​ចូរ​ទៅ​ពិនិត្យ​មើល​ទឹក​ដី​»។ ពេល​បុរស​ទាំង​នោះ​ធ្វើ​ដំណើរ​ទៅ​ដល់​ផ្ទះ​របស់​មីកា នៅ​តំបន់​ភ្នំ​ស្រុក​អេប្រាអ៊ីម+ ពួក​គេ​ក៏​គេង​នៅ​ទី​នោះ។ ៣ កាល​ដែល​ពួក​គេ​នៅ​ជិត​ផ្ទះ​របស់​មីកា ពួក​គេ​បាន​ឮ​សំឡេង​របស់​យុវជន​ជា​កូន​ចៅ​លេវី​នោះ។ ដូច្នេះ ពួក​គេ​ទៅ​ជួប​គាត់ ហើយ​សួរ​ថា​៖ ​«​តើ​អ្នក​ណា​នាំ​អ្នក​មក​ផ្ទះ​នេះ? តើ​អ្នក​មក​ធ្វើ​អ្វី? ហេតុ​អ្វី​អ្នក​ស្នាក់​នៅ​ទី​នេះ?​»។ ៤ គាត់​ក៏​ប្រាប់​ពួក​គេ​អំពី​អ្វី​ដែល​មីកា​បាន​ធ្វើ​សម្រាប់​គាត់ ហើយ​និយាយ​ថែម​ទៀត​ថា​៖ ​«​មីកា​បាន​ជួល​ខ្ញុំ​ឲ្យ​ធ្វើ​ជា​សង្ឃ​របស់​គាត់​»។+ ៥ រួច​ពួក​គេ​និយាយ​ទៅ​គាត់​ថា​៖ ​«​សូម​សួរ​ព្រះ​ឲ្យ​ពួក​យើង​បន្តិច​ថា ការ​ធ្វើ​ដំណើរ​របស់​ពួក​យើង​នឹង​បាន​ជោគ​ជ័យ​ឬ​យ៉ាង​ណា​»។ ៦ សង្ឃ​នោះ​ឆ្លើយ​ថា​៖ ​«​សូម​ទៅ​ឲ្យ​បាន​សេចក្ដី​សុខ​ចុះ។ ព្រះ​យេហូវ៉ា​នឹង​នៅ​ជា​មួយ​នឹង​អ្នក​ក្នុង​ការ​ធ្វើ​ដំណើរ​នេះ​»។

៧ ដូច្នេះ បុរស​ប្រាំ​នាក់​នោះ​ក៏​បន្ត​ដំណើរ ហើយ​បាន​ទៅ​ដល់​ក្រុង​ឡាអ៊ីស។+ ពួក​គេ​សង្កេត​ឃើញ​ថា​បណ្ដា​ជន​ក្នុង​ក្រុង​នោះ​រស់​នៅ​ដោយ​មិន​ពឹង​ពាក់​ស្រុក​ណា​ឡើយ ដូច​ពួក​អ្នក​ក្រុង​ស៊ីដូន​ដែរ។ ពួក​គេ​រស់​នៅ​ដោយ​ស្ងៀម​ស្ងាត់ និង​ដោយ​មិន​មាន​អ្វី​ការពារ​ខ្លួន​ឡើយ។+ ម្យ៉ាង​ទៀត មិន​មាន​សត្រូវ​ឯ​ណា​មក​រុក​រាន​ឬ​រំខាន​ពួក​គេ​ទេ។ ពួក​គេ​រស់​នៅ​ឆ្ងាយ​ពី​ក្រុង​ស៊ីដូន ហើយ​ពួក​គេ​គ្មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​អ្នក​ណា​ទាំង​អស់។

៨ ពេល​បុរស​ប្រាំ​នាក់​នោះ​ត្រឡប់​មក​ជួប​បង​ប្អូន​របស់​ពួក​គេ​នៅ​ក្រុង​សូរ៉ា​និង​ក្រុង​អែសថោល​វិញ+ បង​ប្អូន​របស់​ពួក​គេ​សួរ​ថា​៖ ​«​តើ​ទៅ​ពិនិត្យ​មើល​ទឹក​ដី​យ៉ាង​ណា​ដែរ?​»។ ៩ ពួក​គេ​ឆ្លើយ​ថា​៖ ​«​យើង​បាន​ឃើញ​ថា​ទឹក​ដី​នោះ​ល្អ​ណាស់។ ដូច្នេះ ចូរ​យើង​ឡើង​ទៅ​ច្បាំង​នឹង​ពួក​គេ។ កុំ​អែអង់​យូរ​ឡើយ ចូរ​ប្រញាប់​ទៅ​ចាប់​យក​ទឹក​ដី​នោះ​ចុះ។ ១០ ពេល​ទៅ​ដល់ អ្នក​រាល់​គ្នា​នឹង​ឃើញ​ថា​បណ្ដា​ជន​ទាំង​នោះ​មិន​មាន​អ្វី​ការពារ​ខ្លួន​ទេ។+ រីឯ​ទឹក​ដី​វិញ​គឺ​ធំ​ល្វឹង​ល្វើយ ហើយ​មាន​អ្វី​ៗ​សព្វ​បែប​យ៉ាង។ ព្រះ​បាន​ប្រគល់​ទឹក​ដី​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ​»។+

១១ បន្ទាប់​មក បុរស​ពី​កុលសម្ព័ន្ធ​ដាន់ ចំនួន​៦០០​នាក់​ប្រដាប់​ដោយ​គ្រឿង​ចម្បាំង បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ក្រុង​សូរ៉ា​និង​ក្រុង​អែសថោល។+ ១២ ពួក​គេ​បាន​ឡើង​ទៅ​បោះ​ជំរំ​នៅ​ខាង​លិច ជិត​ក្រុង​គារីអាតយារីម+ស្រុក​យូដា។ នេះ​ជា​មូលហេតុ​ដែល​គេ​ហៅ​កន្លែង​នោះ​ថា​ម៉ាហានេដាន់*+រហូត​ដល់​សព្វ​ថ្ងៃ។ ១៣ រួច​មក ពួក​គេ​ធ្វើ​ដំណើរ​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​តំបន់​ភ្នំ​ស្រុក​អេប្រាអ៊ីម ហើយ​ទៅ​ដល់​ផ្ទះ​របស់​មីកា។+

១៤ ក្រោយ​មក បុរស​ប្រាំ​នាក់​ដែល​បាន​ស៊ើប​អង្កេត​មើល​ទឹក​ដី​ក្រុង​ឡាអ៊ីស+ និយាយ​ទៅ​កាន់​បង​ប្អូន​របស់​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​ដឹង​ទេ ក្នុង​ផ្ទះ​ទាំង​នោះ​មាន​អាវ​អេផូឌ រូប​ធេរ៉ាភីម* រូប​ឆ្លាក់ និង​រូប​សំណាក។*+ សូម​គិត​ទៅ​ថា​អ្នក​រាល់​គ្នា​ចង់​ធ្វើ​យ៉ាង​ណា​»។ ១៥ ដូច្នេះ ពួក​គេ​ក៏​ផ្អាក​ដំណើរ​នៅ​ទី​នោះ។ រួច​បុរស​ប្រាំ​នាក់​ទៅ​ផ្ទះ​របស់​មីកា ហើយ​សួរ​សុខ​ទុក្ខ​យុវជន​ដែល​ជា​កូន​ចៅ​លេវី។+ ១៦ អំឡុង​ពេល​នោះ បុរស​៦០០​នាក់​ពី​កុលសម្ព័ន្ធ​ដាន់+ដែល​ប្រដាប់​ដោយ​គ្រឿង​ចម្បាំង ឈរ​ត្រៀប​ត្រា​នៅ​ច្រក​ចូល។ ១៧ រួច​បុរស​ប្រាំ​នាក់​ដែល​បាន​ស៊ើប​អង្កេត​មើល​ទឹក​ដី+ បាន​ចូល​ទៅ​ខាង​ក្នុង ដើម្បី​ប្រមូល​យក​រូប​ឆ្លាក់ អាវ​អេផូឌ+ រូប​ធេរ៉ាភីម+ និង​រូប​សំណាក+ (​ពេល​នោះ យុវជន​លេវីដែល​ជា​សង្ឃ+កំពុង​ឈរ​នៅ​ច្រក​ចូល​ជា​មួយ​នឹង​បុរស​៦០០​នាក់​ដែល​ប្រដាប់​ដោយ​គ្រឿង​ចម្បាំង​) ១៨ ពួក​គេ​បាន​ចូល​ទៅ​ខាង​ក្នុង​ផ្ទះ​របស់​មីកា ហើយ​យក​រូប​ឆ្លាក់ អាវ​អេផូឌ រូប​ធេរ៉ាភីម និង​រូប​សំណាក​ចេញ​មក​ក្រៅ។ ពេល​ឃើញ​ដូច្នោះ សង្ឃ​សួរ​ពួក​គេ​ថា​៖ ​«​តើ​ពួក​អ្នក​កំពុង​ធ្វើ​អ្វី?​»។ ១៩ ប៉ុន្តែ ពួក​គេ​តប​ថា​៖ ​«​ឈប់​និយាយ នៅ​ឲ្យ​ស្ងៀម ហើយ​មក​ធ្វើ​ជា​ទី​ប្រឹក្សា​និង​ជា​សង្ឃ​របស់​ពួក​យើង។ អ្នក​គិត​ទៅ​មើល រវាង​ការ​ធ្វើ​ជា​សង្ឃ​របស់​ក្រុម​គ្រួសារ​មួយ+ និង​ការ​ធ្វើ​ជា​សង្ឃ​របស់​វង្ស​ត្រកូល​មួយ ឬ​រហូត​ដល់​ធ្វើ​ជា​សង្ឃ​របស់​កុលសម្ព័ន្ធ​មួយ​ក្នុង​ស្រុក​អ៊ីស្រាអែល+ តើ​មួយ​ណា​ល្អ​ជាង?​»។ ២០ ពេល​ឮ​ដូច្នេះ សង្ឃ​នោះ​ក៏​ពេញ​ចិត្ត ហើយ​គាត់​យក​អាវ​អេផូឌ រូប​ធេរ៉ាភីម និង​រូប​ឆ្លាក់+ រួច​ចេញ​ទៅ​ជា​មួយ​នឹង​ពួក​គេ។

២១ ពេល​ដែល​ពួក​គេ​ចាក​ចេញ​ទៅ ពួក​គេ​ដឹក​ហ្វូង​សត្វ​និង​របស់​មាន​តម្លៃ ព្រម​ទាំង​ឲ្យ​កូន​ៗ​ដើរ​នៅ​ខាង​មុខ​ពួក​គេ​ផង។ ២២ កាល​ដែល​ចេញ​ទៅ​ឆ្ងាយ​បន្តិច​ពី​ផ្ទះ​របស់​មីកា ពួក​អ្នក​ជិត​ខាង​មីកា​បាន​ប្រមូល​គ្នា​ដេញ​តាម​ពួក​កុលសម្ព័ន្ធ​ដាន់ ហើយ​ក៏​តាម​ទាន់​ពួក​គេ។ ២៣ ពួក​អ្នក​ជិត​ខាង​ទាំង​នោះ​ស្រែក​ហៅ​ពួក​កុលសម្ព័ន្ធ​ដាន់ ហើយ​ពួក​កុលសម្ព័ន្ធ​ដាន់​ក៏​បែរ​ក្រោយ រួច​សួរ​មីកា​ថា​៖ ​«​តើ​មាន​រឿង​អ្វី? ហេតុ​អ្វី​អ្នក​ប្រមូល​គ្នា​ដេញ​តាម​យើង​ដូច្នេះ?​»។ ២៤ មីកា​ឆ្លើយ​ថា​៖ ​«​ពួក​អ្នក​បាន​យក​រូប​ព្រះ​របស់​ខ្ញុំ ថែម​ទាំង​នាំ​សង្ឃ​របស់​ខ្ញុំ​ទៅ​ទៀត ហើយ​នៅ​មាន​មុខ​មក​សួរ​ខ្ញុំ​ថា​៖ ‹តើ​មាន​រឿង​អ្វី​ដូច្នេះ?›។ ឥឡូវ ខ្ញុំ​គ្មាន​សល់​អ្វី​ទេ​»។ ២៥ ពួក​កុលសម្ព័ន្ធ​ដាន់​ឆ្លើយ​ថា​៖ ​«​កុំ​មក​ស្រែក​គំហក​ដាក់​យើង! ក្រែង​លោ​មាន​បុរស​ខ្លះ​ខឹង ហើយ​អាច​លើក​ដៃ​ប្រហារ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា និង​ក្រុម​គ្រួសារ​របស់​អ្នក​រាល់​គ្នា​ស្លាប់​អស់​ទៅ​»។ ២៦ ពេល​មីកា​ឃើញ​ថា​ពួក​គេ​មាន​កម្លាំង​ច្រើន​ជាង​ខ្លួន គាត់​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ដូច្នេះ ពួក​កុលសម្ព័ន្ធ​ដាន់​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

២៧ ក្រោយ​ពី​ពួក​គេ​យក​រូប​ព្រះ​និង​សង្ឃ​របស់​មីកា ពួក​គេ​ក៏​ធ្វើ​ដំណើរ​ទៅ​ក្រុង​ឡាអ៊ីស។+ នោះ​ជា​ក្រុង​ដែល​មាន​បណ្ដា​ជន​រស់​នៅ​ដោយ​ស្ងៀម​ស្ងាត់ និង​ដោយ​មិន​មាន​អ្វី​ការពារ​ខ្លួន។+ ពេល​ទៅ​ដល់ ពួក​គេ​បាន​សម្លាប់​ពួក​អ្នក​ក្រុង ហើយ​ដុត​បំផ្លាញ​ក្រុង​នោះ​ចោល។ ២៨ ដោយ​សារ​ក្រុង​នោះ​នៅ​ឆ្ងាយ​ពី​ក្រុង​ស៊ីដូន ដូច្នេះ​មិន​មាន​អ្នក​ណា​មក​ជួយ​សង្គ្រោះ​ក្រុង​នោះ​ឡើយ ហើយ​ពួក​អ្នក​ក្រុង​នោះ​គ្មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​អ្នក​ណា​ទាំង​អស់។ ម្យ៉ាង​ទៀត ក្រុង​នោះ​មាន​ទី​តាំង​នៅ​វាល​ទំនាប​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុង​បេតរេហុប។+ រួច​មក ពួក​បុរស​កុលសម្ព័ន្ធ​ដាន់​ក៏​សង់​ក្រុង​នោះ​ឡើង​វិញ ហើយ​ចូល​ទៅ​អាស្រ័យ​នៅ​ក្នុង​ក្រុង​នោះ។ ២៩ បន្ថែម​ទៀត ពួក​គេ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា​ដាន់+ តាម​ឈ្មោះ​បុព្វ​បុរស​របស់​ពួក​គេ​គឺ​ដាន់​ដែល​ជា​កូន​របស់​អ៊ីស្រាអែល។+ រីឯ​ឈ្មោះ​ចាស់​របស់​ក្រុង​នោះ​គឺ​ឡាអ៊ីស។+ ៣០ ក្រោយ​មក កុលសម្ព័ន្ធ​ដាន់​ក៏​តម្កល់​រូប​ឆ្លាក់+ទុក​សម្រាប់​ពួក​គេ​នៅ​ក្រុង​នោះ។ ចំណែក​យ៉ូណាថាន​និង​កូន​ចៅ​របស់​គាត់ បាន​ទៅ​ជា​សង្ឃ​របស់​កុលសម្ព័ន្ធ​ដាន់​រហូត​ដល់​ថ្ងៃ​ដែល​មនុស្ស​នៅ​ក្រុង​នោះ​ត្រូវ​និរទេស​ចេញ។ យ៉ូណាថាន+ជា​កូន​ចៅ​របស់​គើសោម+ដែល​ជា​កូន​ម៉ូសេ។ ៣១ ម្ល៉ោះ​ហើយ រូប​ឆ្លាក់​របស់​មីកា​បាន​ត្រូវ​តម្កល់​ទុក​នៅ​ក្រុង​នោះ ក្នុង​អំឡុង​ពេល​ដែល​ត្រសាល​របស់​ព្រះ​ពិត​នៅ​ក្រុង​ស៊ីឡូរ។+

១៩ នៅ​សម័យ​នោះ មិន​មាន​ស្ដេច​ក្នុង​ស្រុក​អ៊ីស្រាអែល​ទេ។+ ពេល​នោះ មាន​បុរស​ម្នាក់​ជា​កូន​ចៅ​លេវី គាត់​រស់​នៅ​កន្លែង​ដាច់​ស្រយាល​ក្នុង​តំបន់​ភ្នំ​ស្រុក​អេប្រាអ៊ីម។+ គាត់​បាន​យក​ស្ត្រី​ម្នាក់​ពី​ក្រុង​បេថ្លេហិម+ស្រុក​យូដា មក​ធ្វើ​ជា​ប្រពន្ធ​បន្ទាប់​របស់​គាត់។ ២ ប៉ុន្តែ នាង​មិន​ស្មោះ​ត្រង់​នឹង​គាត់​ទេ ហើយ​នាង​បាន​ចាក​ចេញ​ពី​គាត់ ទៅ​រស់​នៅ​ផ្ទះ​របស់​ឪពុក​នាង​នៅ​ក្រុង​បេថ្លេហិម​ស្រុក​យូដា។ នាង​នៅ​ទី​នោះ​អស់​រយៈ​ពេល​បួន​ខែ។ ៣ ក្រោយ​មក ប្ដី​របស់​នាង​ក៏​ធ្វើ​ដំណើរ​ទៅ​តាម​អង្វរ​នាង​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ។ គាត់​នាំ​អ្នក​បម្រើ​ប្រុស​ម្នាក់ និង​សត្វ​លា​ពីរ​ក្បាល​ទៅ​ជា​មួយ។ ពេល​ទៅ​ដល់ នាង​នាំ​ប្ដី​ចូល​ក្នុង​ផ្ទះ​របស់​ឪពុក។ កាល​ដែល​ឪពុក​ក្មេក​បាន​ឃើញ​កូន​ប្រសា គាត់​សប្បាយ​ចិត្ត​ណាស់។ ៤ ឪពុក​ក្មេក​បាន​ឃាត់​កូន​ប្រសា​ឲ្យ​ស្នាក់​នៅ​ផ្ទះ​របស់​គាត់​អស់​បី​ថ្ងៃ។ ឪពុក​ក្មេក​និង​កូន​ប្រសា​តែង​តែ​ពិសា​អាហារ​ពិសា​ស្រា​ជា​មួយ​គ្នា ហើយ​កូន​ប្រសា​ក៏​ដេក​នៅ​ទី​នោះ។

៥ នៅ​ថ្ងៃ​ទី​៤ ពួក​គេ​ក៏​ក្រោក​ពី​ព្រលឹម​ដើម្បី​ធ្វើ​ដំណើរ​ចេញ​ទៅ តែ​ឪពុក​ក្មេក​និយាយ​ទៅ​កូន​ប្រសា​ថា​៖ ​«​កូន​មក​បរិភោគ​បន្តិច​ឲ្យ​មាន​កម្លាំង​សិន រួច​សឹម​កូន​ទៅ​ចុះ​»។ ៦ ម្ល៉ោះ​ហើយ ពួក​គេ​ក៏​អង្គុយ​ចុះ ហើយ​ទាំង​ពីរ​នាក់​ពិសា​អាហារ​ពិសា​ស្រា​ជា​មួយ​គ្នា។ បន្ទាប់​ពី​នោះ ឪពុក​ក្មេក​និយាយ​ថា​៖ ​«​សូម​កូន​សម្រាក​មួយ​យប់​ទៀត ហើយ​នៅ​ឲ្យ​សប្បាយ​ចិត្ត​ចុះ​»។ ៧ ពេល​កូន​ប្រសា​ក្រោក​ឡើង​ហៀប​នឹង​ចេញ​ទៅ ឪពុក​ក្មេក​ចេះ​តែ​អង្វរ​គាត់​ឥត​ឈប់ ដូច្នេះ​គាត់​ក៏​ព្រម​ស្នាក់​នៅ​មួយ​យប់​ទៀត។

៨ ដល់​ថ្ងៃ​ទី​៥ ពេល​គាត់​ក្រោក​ពី​ព្រលឹម​បម្រុង​នឹង​ចាក​ចេញ ឪពុក​ក្មេក​ឃាត់​គាត់​ថា​៖ ​«​កូន​អើយ! មក​ស្រស់ស្រូប​បន្តិច​ឲ្យ​មាន​កម្លាំង​សិន​»។ រួច​ពួក​គេ​ទាំង​ពីរ​ក៏​ពិសា​អាហារ​ជា​មួយ​គ្នា ហើយ​នៅ​បន្ត​រហូត​ដល់​ពេល​រសៀល។ ៩ ពេល​បុរស​នោះ​ក្រោក​ឡើង​បម្រុង​នាំ​ប្រពន្ធ​និង​អ្នក​បម្រើ​ចេញ​ទៅ ឪពុក​ក្មេក​និយាយ​ទៅ​គាត់​ថា​៖ ​«​មើល! ឥឡូវ​ថ្ងៃ​កាន់​តែ​ជ្រេ ហើយ​មេឃ​ក៏​ជិត​ងងឹត​ដែរ។ សូម​កូន​ស្នាក់​នៅ​មួយ​យប់​ទៀត ហើយ​សម្រាក​កាយ​ឲ្យ​បាន​សប្បាយ​ចិត្ត​ចុះ។ ចាំ​ស្អែក​ឡើង សឹម​កូន​ក្រោក​ពី​ព្រលឹម​ធ្វើ​ដំណើរ​ទៅ​ផ្ទះ*វិញ​»។ ១០ ក៏​ប៉ុន្តែ បុរស​នោះ​មិន​ចង់​ស្នាក់​នៅ​ត​ទៅ​ទៀត​ទេ។ ហេតុ​នេះ គាត់​ក៏​ចាក​ចេញ​ទៅ។ គាត់​បាន​ធ្វើ​ដំណើរ​រហូត​ដល់​ក្រុង​យេប៊ូស គឺ​ក្រុង​យេរូសាឡិម+ ទាំង​នាំ​ប្រពន្ធ និង​អ្នក​បម្រើ ព្រម​ទាំង​សត្វ​លា​ពីរ​ក្បាល​ចង​កែប​ជា​ស្រេច​ទៅ​ជា​មួយ។

១១ លុះ​ដល់​ក្បាល​ព្រលប់ ពួក​គេ​ទៅ​ជិត​ដល់​ក្រុង​យេប៊ូស។ ដូច្នេះ អ្នក​បម្រើ​ក៏​សួរ​ម្ចាស់​ថា​៖ ​«​យប់​នេះ តើ​យើង​គួរ​ឈប់​សម្រាក​នៅ​ក្រុង​របស់​ពួក​យេប៊ូស​ទេ?​»។ ១២ ប៉ុន្តែ ម្ចាស់​ប្រាប់​ថា​៖ ​«​យើង​មិន​គួរ​សម្រាក​នៅ​ក្រុង​របស់​ជន​បរទេស​ដែល​មិន​មែន​ជា​ជន​ជាតិ​អ៊ីស្រាអែល​ឡើយ។ យើង​នឹង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​រហូត​ដល់​ក្រុង​គីបៀ​»។+ ១៣ ម្ចាស់​និយាយ​បន្ថែម​ថា​៖ ​«​តោះ ចូរ​យើង​ប្រញាប់​ដើរ​ទៅ​ឲ្យ​ដល់​ក្រុង​គីបៀ​ឬ​ក្រុង​រ៉ាម៉ា+ ហើយ​យើង​នឹង​ស្នាក់​នៅ​កន្លែង​មួយ​ក្នុង​ក្រុង​នោះ​»។ ១៤ ម្ល៉ោះ​ហើយ ពួក​គេ​ធ្វើ​ដំណើរ​បន្ត​ទៀត។ កាល​ដែល​ពួក​គេ​ទៅ​ជិត​ដល់​ក្រុង​គីបៀ ជា​ក្រុង​របស់​កុលសម្ព័ន្ធ​បេនយ៉ាមីន ថ្ងៃ​ក៏​ចាប់​ផ្ដើម​លិច។

១៥ ដូច្នេះ ពួក​គេ​ក៏​ចូល​ទៅ​ខាង​ក្នុង​ក្រុង​គីបៀ ដើម្បី​សម្រាក​នៅ​យប់​នោះ។ ពេល​នៅ​ក្នុង​ក្រុង ពួក​គេ​បាន​ទៅ​អង្គុយ​នៅ​ទី​លាន​សាធារណៈ តែ​គ្មាន​នរណា​ទទួល​ពួក​គេ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​ឡើយ។+ ១៦ ទី​បំផុត​នៅ​ល្ងាច​នោះ មាន​បុរស​វ័យ​ចាស់​ម្នាក់​បាន​ត្រឡប់​មក​ពី​ធ្វើ​ស្រែ​ចម្ការ​វិញ។ គាត់​ជា​អ្នក​តំបន់​ភ្នំ​ស្រុក​អេប្រាអ៊ីម+ គាត់​បាន​ចាក​ចេញ​ពី​ទី​នោះ ហើយ​មក​រស់​នៅ​ក្រុង​គីបៀ​អស់​មួយ​រយ:ពេល​ហើយ។ ប៉ុន្តែ អ្នក​រស់​នៅ​ក្រុង​គីបៀ​នេះ​ជា​មនុស្ស​ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន។+ ១៧ ពេល​បុរស​វ័យ​ចាស់​ក្រឡេក​ឃើញ​បុរស​ជា​អ្នក​ដំណើរ​នោះ​នៅ​ទី​លាន​សាធារណៈ គាត់​ក៏​សួរ​ថា​៖ ​«​តើ​ពួក​អ្នក​មក​ពី​ណា ហើយ​ទៅ​ណា​ដែរ?​»។ ១៨ បុរស​នោះ​តប​ថា​៖ ​«​ពួក​ខ្ញុំ​មក​ពី​ក្រុង​បេថ្លេហិម​ស្រុក​យូដា ហើយ​ឥឡូវ​កំពុង​ធ្វើ​ដំណើរ​ទៅ​វិហារ*របស់​ព្រះ​យេហូវ៉ា* រួច​នឹង​ត្រឡប់​ទៅ​ស្រុក​ខ្ញុំ​នៅ​កន្លែង​ដាច់​ស្រយាល​ក្នុង​តំបន់​ភ្នំ​ស្រុក​អេប្រាអ៊ីម​វិញ។+ ប៉ុន្តែ​ឥឡូវ​នេះ គ្មាន​អ្នក​ណា​ទទួល​ខ្ញុំ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​គេ​ឡើយ។ ១៩ ពួក​ខ្ញុំ​មាន​ចំបើង មាន​ចំណី​សម្រាប់​សត្វ​លា+ ហើយ​ក៏​មាន​នំ​ប៉័ង+និង​ស្រា​សម្រាប់​ខ្ញុំ សម្រាប់​ប្រពន្ធ​ខ្ញុំ និង​សម្រាប់​អ្នក​បម្រើ​ខ្ញុំ​ដែរ។ ពួក​ខ្ញុំ​មាន​គ្រប់​គ្រាន់ មិនខ្វះ​ខាត​អ្វី​ទេ​»។ ២០ បុរស​វ័យ​ចាស់​នោះ​និយាយ​ថា​៖ ​«​សូម​ស្នាក់​នៅ​ផ្ទះ​របស់​ខ្ញុំ! កុំ​ស្នាក់​នៅ​ទី​លាន​សាធារណៈ​ឡើយ។ ខ្ញុំ​នឹង​មើល​ថែ​អ្នក​ដោយ​ផ្ដល់​អ្វី​ដែល​អ្នក​ត្រូវ​ការ​»។ ២១ ដូច្នេះ គាត់​បាន​នាំ​ពួក​គេ​ទៅ​ផ្ទះ​របស់​គាត់ ហើយ​ឲ្យ​ចំណី​ដល់​សត្វ​លា។ រួច​ពួក​គេ​លាង​ជើង ហើយ​ពិសា​អាហារ​ពិសា​ស្រា​ជា​មួយ​គ្នា។

២២ កាល​ដែល​ពួក​គេ​កំពុង​បរិភោគ​យ៉ាង​សប្បាយ​រីក​រាយ ស្រាប់​តែ​មាន​ពួក​ជន​ពាល​មក​ឡោម​ព័ទ្ធ​ផ្ទះ ហើយ​គោះ​ទ្វារ​ក្ឌាំង​ៗ ព្រម​ទាំង​ស្រែក​ហៅ​បុរស​វ័យ​ចាស់​ជា​ម្ចាស់​ផ្ទះ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ​«​នាំ​បុរស​ដែល​ស្នាក់​នៅ​ផ្ទះ​របស់​អ្នក​ឯង​ចេញ​មក ឲ្យ​យើង​រួម​ភេទ​ជា​មួយ​»។+ ២៣ ពេល​ឮ​ដូច្នោះ បុរស​ជា​ម្ចាស់​ផ្ទះ​ក៏​ចេញ​មក​និយាយ​នឹង​ពួក​ជន​ពាល​ទាំង​នោះ​ថា​៖ ​«​កុំ​ធ្វើ​បែប​នេះ បង​ប្អូន​អើយ មិន​ត្រូវ​ធ្វើ​អាក្រក់​ឡើយ។ សូម​មេត្តា​ផង ព្រោះ​បុរស​នោះ​ជា​ភ្ញៀវ​របស់​ខ្ញុំ។ សូម​កុំ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​ដូច្នេះ។ ២៤ ខ្ញុំ​មាន​កូន​ស្រី នាង​ជា​ក្រមុំ​បរិសុទ្ធ ហើយ​បុរស​នោះ​ក៏​មាន​ប្រពន្ធ​ដែរ។ ខ្ញុំ​នឹង​នាំ​ពួក​នាង​ចេញ​មក​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​បាប បើ​នេះ​ជា​តម្រូវ​ការ​របស់​អ្នក​រាល់​គ្នា។+ ប៉ុន្តែ កុំ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​ទៅ​លើ​បុរស​នោះ​ឡើយ​»។

២៥ ក៏​ប៉ុន្តែ ពួក​ជន​ពាល​ទាំង​នោះ​មិន​ស្ដាប់​គាត់​ទេ។ ម្ល៉ោះ​ហើយ បុរស​នោះ​ទាញ​ដៃ​ប្រពន្ធ+ ហើយ​ច្រាន​នាង​ចេញ​ទៅ​ក្រៅ​ឲ្យ​ពួក​គេ។ ពួក​គេ​យក​នាង​ទៅ​រំលោភ​ធ្វើ​បាប​ពេញ​មួយ​យប់។ លុះ​ទៀប​ភ្លឺ ពួក​គេ​ដោះ​លែង​នាង​ឲ្យ​ទៅវិញ។ ២៦ ពេល​ព្រលឹម​ស្រាង​ៗ នាង​ដើរ​មក​ដួល​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​បុរស​វ័យ​ចាស់​ដែល​ប្ដី*នាង​ស្នាក់​នៅ​ជា​មួយ។ នាង​ដេក​ស្ដូក​នៅ​ទី​នោះ​រហូត​ដល់​មេឃភ្លឺ។ ២៧ លុះ​ព្រឹក​ឡើង ប្ដី​នាង​ក៏​ក្រោក​ហើយ​មក​បើក​ទ្វារ​ផ្ទះ​បម្រុង​ចេញ​ដំណើរ​ទៅ​មុខ​ទៀត ស្រាប់​តែ​គាត់​ឃើញ​ប្រពន្ធ​ដេក​នៅ​មាត់​ទ្វារ​ផ្ទះ ដោយ​សន្ធឹង​ដៃ​ទាំង​ពីរ​មក​មាត់​ទ្វារ។ ២៨ គាត់​ក៏​ព្យាយាម​ដាស់​នាង​ថា​៖ ​«​ក្រោក​ឡើង! យើង​ទៅ​មុខ​ទៀត​»។ ប៉ុន្តែ នាង​បាន​បាត់​មាត់​បាត់​ក មិន​ឆ្លើយ​តប​មក​វិញ​សោះ។ ដូច្នេះ គាត់​ក៏​លើក​នាង​ដាក់​លើ​សត្វ​លា ហើយ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

២៩ ពេល​ដែល​គាត់​ទៅ​ដល់​ផ្ទះ គាត់​យក​កាំបិត​មក​កាប់​សាក​សព​ប្រពន្ធ​ត្រង់​សន្លាក់​ជា​១២​កំណាត់ រួច​ផ្ញើ​មួយ​កំណាត់​ៗ​ទៅ​គ្រប់​តំបន់​ក្នុង​ស្រុក​អ៊ីស្រាអែល។ ៣០ អស់​អ្នក​ដែល​បាន​ឃើញ​ក៏​និយាយ​គ្នា​ថា​៖ ​«​តាំង​ពី​ថ្ងៃ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប​រហូត​មក​ដល់​ពេល​នេះ មិន​ធ្លាប់​មាន​រឿង​បែប​នេះ​កើត​ឡើង​ឡើយ ហើយ​ក៏​មិន​ធ្លាប់​ប្រទះ​ដែរ។ ចូរ​ពិចារណា ហើយ​ប្រឹក្សា​គ្នា+ ដើម្បី​ដឹង​ថា​យើង​ត្រូវ​ដោះ​ស្រាយ​រឿង​នេះ​តាម​របៀប​ណា​»។

២០ នៅ​ទី​បំផុត ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ពី​ក្រុង​ដាន់+រហូត​ដល់​ក្រុង​បៀរសេបា និង​ពី​ស្រុក​គីលាត+ បាន​ព្រម​ចិត្ត​គ្នា​ចេញ​ដំណើរ​ទៅ​ជួប​ជុំ​គ្នា​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​នៅ​ក្រុង​មីសប៉ា។+ ២ នៅ​ពេល​នោះ ពួក​ប្រមុខ​របស់​បណ្ដា​ជន និង​របស់​កុលសម្ព័ន្ធ​ទាំង​អស់​នៃ​អ៊ីស្រាអែល​ក៏​នៅ​ជា​មួយ​នឹង​រាស្ត្រ​ឯ​ទៀត​របស់​ព្រះ​ដែរ។ ក្នុង​នោះ​មាន​កង​ទ័ព​ថ្មើរ​ជើង​ដែល​ប្រដាប់​ដាវ ចំនួន​៤០០.០០០​នាក់។+

៣ ឯ​កុលសម្ព័ន្ធ​បេនយ៉ាមីន​វិញ ពួក​គេ​ក៏​បាន​ឮ​ថា​ពួក​បុរស​ជន​ជាតិ​អ៊ីស្រាអែល​បាន​ធ្វើ​ដំណើរ​ឡើង​ទៅ​ដល់​ក្រុង​មីសប៉ា​ហើយ។

នៅ​ក្នុង​ការ​ជួប​ជុំ​នោះ ពួក​បុរស​ជន​ជាតិ​អ៊ីស្រាអែល​សួរ​ថា​៖ ​«​ចូរ​ប្រាប់​ពួក​យើង​មក តើ​រឿង​ដ៏​អាក្រក់​នេះ​កើត​ឡើង​យ៉ាង​ដូច​ម្ដេច?​»។+ ៤ បុរស​ជា​កូន​ចៅ​លេវី+ ដែល​ជា​ប្ដី​របស់​ស្ត្រី​ដែល​ត្រូវ​គេ​សម្លាប់​នោះ បាន​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​និង​ប្រពន្ធ​បន្ទាប់​របស់​ខ្ញុំ បាន​មក​ស្នាក់​នៅ​មួយ​យប់​ក្នុង​ក្រុង​គីបៀ+របស់​កុលសម្ព័ន្ធ​បេនយ៉ាមីន។ ៥ ប៉ុន្តែ នៅ​យប់​នោះ ស្រាប់​តែ​មាន​ពួក​អ្នក*ក្រុង​គីបៀ​បាន​នាំ​គ្នា​មក​ឡោម​ព័ទ្ធ​ផ្ទះ​ដែល​ខ្ញុំ​ស្នាក់​នៅ។ ពួក​គេ​តាំង​ចិត្ត​សម្លាប់​ខ្ញុំ តែ​ពួក​គេ​បែរ​ជា​រំលោភ​ប្រពន្ធ​ខ្ញុំ​វិញ ហើយ​នាង​ក៏​ស្លាប់​ទៅ។+ ៦ ដូច្នេះ ខ្ញុំ​បាន​យក​សាក​សព​ប្រពន្ធ​មក​កាប់​ជា​កំណាត់​ៗ ហើយ​ផ្ញើ​ទៅ​គ្រប់​ទឹក​ដី​ជា​មត៌ក​របស់​ជន​ជាតិ​អ៊ីស្រាអែល+ ពី​ព្រោះ​ពួក​អ្នក​ក្រុង​នោះ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​អាម៉ាស់​ខ្មាស និង​ថោក​ទាប​ក្នុង​ស្រុក​អ៊ីស្រាអែល។ ៧ សូម​ជន​ជាតិ​អ៊ីស្រាអែល​គ្រប់​រូប​ដែល​នៅ​ទី​នេះ ពិភាក្សា​គ្នា​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​»។+

៨ ពេល​នោះ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ក៏​ក្រោក​ឡើង​ព្រម​ចិត្ត​គ្នា ហើយ​និយាយ​ថា​៖ ​«​ពួក​យើង​គ្រប់​គ្នា​នឹង​មិន​ត្រឡប់​ទៅ​ត្រសាល ឬ​ផ្ទះ​របស់​ពួក​យើង​វិញ​ទេ។ ៩ ពួក​យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ពួក​អ្នក​ក្រុង​គីបៀ​ដូច​ត​ទៅ​នេះ​៖ ពួក​យើង​នឹង​ចាប់​ឆ្នោត​ជ្រើស​រើស​បុរស​ខ្លះ​ឲ្យ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​អ្នក​ក្រុង​នោះ។+ ១០ បន្ថែម​ទៅ​ទៀត ពួក​យើង​នឹង​ជ្រើស​រើស​បុរស​១០​នាក់​ពី​១០០​នាក់ និង​១០០​នាក់​ពី​១.០០០​នាក់ និង​១.០០០​នាក់​ពី​១០.០០០​នាក់ ពី​គ្រប់​កុលសម្ព័ន្ធ​ទាំង​អស់​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដើម្បី​ឲ្យ​ពួក​គេ​ទៅ​ប្រមូល​ស្បៀង​សម្រាប់​កង​ទ័ព។ យ៉ាង​នេះ កង​ទ័ព​អាច​ចេញ​ទៅ​ប្រយុទ្ធ​នឹង​ក្រុង​គីបៀ​របស់​កុលសម្ព័ន្ធ​បេនយ៉ាមីន ដោយ​សារ​ពួក​អ្នក​ក្រុង​នោះ​បាន​ប្រព្រឹត្ត​អំពើ​ថោក​ទាប​ក្នុង​ស្រុក​អ៊ីស្រាអែល​»។ ១១ ម្ល៉ោះ​ហើយ ពួក​បុរស​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​បាន​ព្រម​ចិត្ត​គ្នា ចេញ​ទៅ​ច្បាំង​នឹង​ពួក​អ្នក​ក្រុង​នោះ។

១២ បន្ទាប់​មក កុលសម្ព័ន្ធ​ផ្សេង​ៗ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ចាត់​មនុស្ស​ឲ្យទៅ​ជួប​វង្ស​ត្រកូល​ទាំង​អស់​ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន ហើយ​សួរ​ថា​៖ ​«​ហេតុ​អ្វី​បានជា​មាន​រឿង​ដ៏​អាក្រក់​បែប​នេះ​កើត​ឡើង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា? ១៣ ឥឡូវ​នេះ ចូរ​ប្រគល់​ពួក​ជន​ពាល​ដែល​នៅ​ក្រុង​គីបៀ+មក​ឲ្យ​ពួក​យើង​សម្លាប់​ចោល ដើម្បី​កម្ចាត់អំពើ​អាក្រក់​ចេញ​ពី​ស្រុក​អ៊ីស្រាអែល​»។+ ក៏​ប៉ុន្តែ ពួក​កុលសម្ព័ន្ធ​បេនយ៉ាមីន​មិន​ព្រម​ស្ដាប់​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ជា​បង​ប្អូន​រួម​ជាតិ​ទេ។

១៤ រួច​មក ពួក​កុលសម្ព័ន្ធ​បេនយ៉ាមីន​បាន​ចេញ​ពី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​រស់​នៅ ហើយ​រួម​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​គីបៀ ដើម្បី​ច្បាំង​នឹង​កង​ទ័ព​អ៊ីស្រាអែល។ ១៥ នៅ​ថ្ងៃ​នោះ ពួក​បុរស​ប្រដាប់​ដាវ​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដែល​បាន​ចេញ​ពី​ក្រុង​ទាំង​ប៉ុន្មាន​នោះ មាន​ចំនួន​២៦.០០០​នាក់ នេះ​មិន​រាប់​បញ្ចូល​ពួក​បុរស​ក្រុង​គីបៀ​ដែល​ថ្នឹក​សង្គ្រាម​ចំនួន​៧០០​នាក់​ទេ។ ១៦ ក្នុង​ចំណោម​ទាហាន​ទាំង​នោះ មាន​៧០០​នាក់​ដែល​ចេះ​ប្រើ​ដៃ​ឆ្វេង ហើយ​ពួក​គេ​ម្នាក់​ៗ​អាច​ប្រើ​ខ្សែ​ដង្ហក់​យ៉ាង​ស្ទាត់ សូម្បី​តែ​ទំហំ​ប៉ុន​សរសៃ​សក់ ក៏​ពួក​គេ​បាញ់​ត្រូវ​ឥត​ខុស​ដែរ។

១៧ ចំណែក​កុលសម្ព័ន្ធ​ឯ​ទៀត​របស់​ជន​ជាតិ​អ៊ីស្រាអែល​វិញ ពួក​គេ​មាន​កង​ទ័ព​ចំនួន​៤០០.០០០​នាក់​ដែល​ប្រដាប់​ដាវ+ ហើយ​គ្រប់​គ្នា​សុទ្ធតែ​មាន​បទ​ពិសោធន៍​ក្នុង​ចម្បាំង។ ១៨ ពួក​គេ​បាន​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង​បេតអែល​ដើម្បី​សួរ​ព្រះ។+ ពេល​ទៅ​ដល់ ជន​ជាតិ​អ៊ីស្រាអែល​ក៏​សួរ​ព្រះ​ថា​៖ ​«​តើ​អ្នក​ណា​ក្នុង​ចំណោម​ពួក​យើង​ត្រូវ​នាំ​មុខ​ចេញ​ច្បាំង​នឹង​កុលសម្ព័ន្ធ​បេនយ៉ាមីន?​»។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ឲ្យ​កុលសម្ព័ន្ធ​យូដា​នាំ​មុខ​ចេញ​ច្បាំង​»។

១៩ ដូច្នេះ កង​ទ័ព​អ៊ីស្រាអែល​ក៏​ក្រោក​ពី​ព្រឹក ហើយ​នាំ​គ្នា​ទៅ​បោះ​ទ័ព​ដើម្បី​ច្បាំង​នឹង​ពួក​អ្នក​ក្រុង​គីបៀ។

២០ កង​ទ័ព​អ៊ីស្រាអែល​ចេញ​ទៅ​សមរភូមិ ហើយ​តម្រៀប​ក្បួន​ទ័ព រួច​ច្បាំង​នឹង​កុលសម្ព័ន្ធ​បេនយ៉ាមីន​នៅ​ក្រុង​គីបៀ។ ២១ នៅ​ថ្ងៃ​នោះ​ឯង ពួក​ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​បាន​ចេញ​ពី​ក្រុង​គីបៀ មក​សម្លាប់​កង​ទ័ព​អ៊ីស្រាអែល​អស់​ចំនួន​២២.០០០​នាក់។ ២២ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ កង​ទ័ព​អ៊ីស្រាអែល​នៅ​តែ​មាន​ចិត្ត​ក្លាហាន។ ពួក​គេ​តម្រៀប​ក្បួន​ទ័ព​ម្ដង​ទៀត​នៅ​សមរភូមិ​ត្រង់​កន្លែង​ដដែល​ដូច​ថ្ងៃ​ទី​១។ ២៣ បន្ទាប់​មក ជន​ជាតិ​អ៊ីស្រាអែល​បាន​ចេញ​ទៅ​យំ​សោក​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​រហូត​ដល់​ល្ងាច ទាំង​សួរ​ព្រះ​យេហូវ៉ា​ថា​៖ ​«​តើ​យើង​គួរ​ទៅ​ច្បាំង​នឹង​កុលសម្ព័ន្ធ​បេនយ៉ាមីន​ជា​បង​ប្អូន​រួម​ជាតិ​ម្ដង​ទៀត​ឬ?​»។+ ព្រះ​យេហូវ៉ា​តប​ឆ្លើយ​ថា​៖ ​«​ចូរ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​គេ​»។

២៤ ម្ល៉ោះ​ហើយ នៅ​ថ្ងៃ​ទី​២ កង​ទ័ព​អ៊ីស្រាអែល​បាន​ចូល​ទៅ​ជិត​កុលសម្ព័ន្ធ​បេនយ៉ាមីន។ ២៥ នៅ​ថ្ងៃ​ទី​២​នោះ ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​បាន​ចេញ​ពី​ក្រុង​គីបៀ​មក​ប្រយុទ្ធ​នឹង​កង​ទ័ព​អ៊ីស្រាអែល ហើយ​សម្លាប់​ពួក​គេ​អស់​១៨.០០០​នាក់+ ដែល​សុទ្ធតែ​ជា​កង​ទ័ព​ប្រដាប់​ដាវ។ ២៦ ដូច្នេះ​នៅ​ថ្ងៃ​នោះ កង​ទ័ព​អ៊ីស្រាអែល​ទាំង​អស់​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​បេតអែល រួច​អង្គុយ​យំ​សោក​នៅ​ទី​នោះ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា។+ ពួក​គេ​តម​អាហារ+រហូត​ដល់​ល្ងាច ទាំង​ជូន​គ្រឿង​បូជា​ដុត+និង​គ្រឿង​បូជា​នៃ​មេត្រី​ភាព+នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​ផង​ដែរ។ ២៧ រួច​មក ពួក​គេ​ក៏​សួរ​ព្រះ​យេហូវ៉ា+ ពី​ព្រោះ​នៅ​គ្រា​នោះ​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​ពិត​នៅ​ទី​នោះ។ ២៨ អំឡុង​ពេល​នោះ ភីនេហាស+ជា​កូន​ប្រុស​អេលាសារ និង​ត្រូវ​ជា​ចៅ​របស់​អេរ៉ុន គាត់​បម្រើ​នៅ​មុខ​ហឹប​របស់​ព្រះ។ ពួក​គេ​សួរ​ថា​៖ ​«​តើ​ពួក​យើង​គួរ​ទៅ​ច្បាំង​នឹង​កុលសម្ព័ន្ធ​បេនយ៉ាមីន​ជា​បង​ប្អូន​ម្ដង​ទៀត ឬ​ឈប់​ត្រឹម​នេះ?​»។+ ព្រះ​យេហូវ៉ា​ឆ្លើយ​តប​ថា​៖ ​«​ចូរ​ឡើង​ទៅ​ច្បាំង ពី​ព្រោះ​ថ្ងៃ​ស្អែក​ខ្ញុំ​នឹង​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​»។ ២៩ ដូច្នេះ កង​ទ័ព​អ៊ីស្រាអែល​បាន​ចាត់​កង​កម្លាំង​ឲ្យ​ទៅ​លាក់​ខ្លួន​នៅ​ជុំវិញ​ក្រុង​គីបៀ​ដើម្បី​ចាំ​វាយ​ឆ្មក់។+

៣០ នៅ​ថ្ងៃ​ទី​៣ កង​ទ័ព​អ៊ីស្រាអែល​ក៏​ចេញ​ទៅ​ច្បាំង​នឹង​ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន។ ពួក​គេ​បាន​តម្រៀប​ក្បួន​ទ័ព​ត្រៀម​ប្រយុទ្ធ​នឹង​ពួក​អ្នក​ក្រុង​គីបៀ​ដូច​លើក​មុន​ៗ​ដែរ។+ ៣១ កាល​ដែល​កង​ទ័ព​អ៊ីស្រាអែល​ឃើញ​កុលសម្ព័ន្ធ​បេនយ៉ាមីន​ចេញ​មក​ប្រយុទ្ធ នោះ​កង​ទ័ព​អ៊ីស្រាអែល​ក៏​ធ្វើ​ជា​ដក​ថយ​ដើម្បី​ទាញ​នាំ​កុលសម្ព័ន្ធ​បេនយ៉ាមីន​ឲ្យ​ចេញ​ឆ្ងាយ​ពី​ក្រុង។+ ដូច​លើក​មុន​ៗ​ដែរ ពេល​កុលសម្ព័ន្ធ​បេនយ៉ាមីន​ឃើញ​ដូច្នោះ ពួក​គេ​ចាប់​ផ្ដើម​វាយ​ប្រហារ ហើយ​សម្លាប់​កង​ទ័ព​អ៊ីស្រាអែល​អស់​មួយ​ចំនួន​នៅ​ផ្លូវ​បំបែក​ក្រុង​គីបៀ និង​ផ្លូវ​បែក​ទៅ​ក្រុង​បេតអែល គឺ​សម្លាប់​អស់​ប្រមាណ​៣០​នាក់​នៅ​ឯ​វាល។+ ៣២ ដូច្នេះ កុលសម្ព័ន្ធ​បេនយ៉ាមីន​ពោល​ឡើង​ថា​៖ ​«​ដូច​លើក​មុន​ៗ​ដែរ ពួក​គេ​កំពុង​បរាជ័យ​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​ចំពោះ​មុខ​យើង​»។+ ប៉ុន្តែ កង​ទ័ព​អ៊ីស្រាអែល​និយាយ​គ្នា​ថា​៖ ​«​យើង​នឹង​ដក​ថយ​ដើម្បី​ទាញ​នាំ​ពួក​គេ​ឲ្យ​ចេញ​ឆ្ងាយ​ពី​ក្រុង ទៅ​ឯ​ផ្លូវ​ធំ​»។ ៣៣ រួច​មក កង​ទ័ព​អ៊ីស្រាអែល​ទាំង​អស់​ក៏​ក្រោក​ឡើង​ពី​កន្លែង​រៀង​ៗ​ខ្លួន ហើយ​ទៅ​តម្រៀប​គ្នា​តាម​ក្បួន​ទ័ព​នៅ​ឯ​បាលថេម៉ា។ ចំណែក​កង​កម្លាំង​វាយ​ឆ្មក់ ពួក​គេ​ក៏​ស្ទុះ​ចេញ​ពី​កន្លែង​លាក់​ខ្លួន​នៅ​ជុំវិញ​ក្រុង​គីបៀ​ដែរ។ ៣៤ រីឯ​កង​ទ័ព​ចំនួន​១០.០០០​នាក់​ដែល​បាន​ត្រូវ​ជ្រើស​រើស​ពី​ចំណោម​បុរស​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ ពួក​គេ​បាន​លើក​គ្នា​មក​ដល់​ខាង​មុខ​ក្រុង​គីបៀ។ ការ​ប្រយុទ្ធ​គ្នា​លើក​នេះ​ក្ដៅ​គគុក​ខ្លាំង​ណាស់។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​មិន​បាន​ដឹង​ថា ពួក​គេ​ហៀបនឹង​ជួប​អន្តរាយ​ឡើយ។

៣៥ ព្រះ​យេហូវ៉ា​ក៏​ធ្វើ​ឲ្យ​ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​ច្បាំង​ចាញ់+កង​ទ័ព​អ៊ីស្រាអែល។ ម្ល៉ោះ​ហើយ​នៅ​ថ្ងៃ​នោះ កង​ទ័ព​អ៊ីស្រាអែល​បាន​សម្លាប់​ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​អស់​ចំនួន​២៥.១០០​នាក់ ដែល​សុទ្ធតែ​ជា​ទាហាន​ប្រដាប់​ដាវ។+

៣៦ នៅ​ពេល​នោះ ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​គិត​ស្មានថា​ពួក​គេ​មុខ​ជា​ច្បាំង​ឈ្នះ​កង​ទ័ព​អ៊ីស្រាអែល ពី​ព្រោះ​ពួក​គេ​ឃើញ​កង​ទ័ព​អ៊ីស្រាអែល​ដក​ថយ។+ ប៉ុន្តែ កង​ទ័ព​អ៊ីស្រាអែល​ដក​ថយ ដោយ​សារ​ពួក​គេ​ទុក​ចិត្ត​កង​កម្លាំង​វាយ​ឆ្មក់​ដែល​លាក់​ខ្លួន​នៅ​ជុំវិញ​ក្រុង​គីបៀ។+ ៣៧ កង​កម្លាំង​វាយ​ឆ្មក់​បាន​ស្ទុះ​ចេញ​មក​យ៉ាង​រហ័ស​សម្រុក​ចូល​ក្រុង​គីបៀ ហើយ​រត់​ប្រសាច​ទៅ​សម្លាប់​ពួក​អ្នក​ក្រុង​នោះ​ទាំង​មូល​ដោយ​មុខ​ដាវ។

៣៨ កង​ទ័ព​អ៊ីស្រាអែល​បាន​រៀប​ផែន​ការ​ថា ពេល​ដែល​កង​កម្លាំង​វាយ​ឆ្មក់​សម្រុក​ចូល​ក្រុង ពួក​គេ​ត្រូវ​ផ្ដល់​សញ្ញា​ដោយ​ដុត​ភ្លើង​ឲ្យ​ផ្សែង​ហុយ​ចេញ​ពី​ក្រុង​នោះ។

៣៩ កាល​ដែល​កង​ទ័ព​អ៊ីស្រាអែល​ដក​ថយ​ចេញ​ពី​សមរភូមិ នោះ​ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​ចាប់​ផ្ដើម​សម្លាប់​កង​ទ័ព​អ៊ីស្រាអែល​អស់​ប្រមាណ​៣០​នាក់។+ ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​ពោល​ឡើង​ថា​៖ ​«​ពួក​គេ​ច្បាស់​ជា​បរាជ័យ​យ៉ាង​ធ្ងន់​ធ្ងរ​ដូច​លើក​មុន​ៗ​ទៀត​»។+ ៤០ ប៉ុន្តែ ស្រាប់​តែ​មាន​ផ្សែង​ហុយ​ឡើង​យ៉ាង​ទ្រ​លោម​ចេញ​ពី​ក្រុង​នោះ ជា​សញ្ញា​ដល់​កង​ទ័ព​អ៊ីស្រាអែល។ ពេល​នោះ​ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​ក្រឡេក​មើល​ក្រោយ ក៏​ឃើញ​មាន​ផ្សែង​ខ្មួល​ខ្មាញ់​ហុយ​ចេញ​ពី​ក្រុង​ទាំង​មូល។ ៤១ ពេល​ឃើញ​សញ្ញា​នោះ កង​ទ័ព​អ៊ីស្រាអែល​ក៏​បក​ក្រោយ​វាយ​ប្រហារ​ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​វិញ នេះ​ធ្វើ​ឲ្យ​ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​តក់​ស្លុត​យ៉ាង​ខ្លាំង ព្រោះ​ដឹង​ថា​អន្តរាយ​នឹង​កើត​ឡើង​ចំពោះ​ពួក​គេ។ ៤២ ដូច្នេះ ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​ក៏​ដក​ថយ ហើយ​រត់​ឆ្ពោះ​ទៅ​តំបន់​ស្ងាត់​ជ្រងំ។ ក៏​ប៉ុន្តែ កង​ទ័ព​អ៊ីស្រាអែល​បន្ត​ដេញ​តាម​ពួក​គេ។ នៅ​ពេល​ជា​មួយ​គ្នា​នោះ កង​ទ័ព​ដែល​ចេញ​ពី​ក្រុង​ទាំង​ប៉ុន្មាន ក៏​មក​សម្លាប់​ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដែរ។ ៤៣ កង​ទ័ព​អ៊ីស្រាអែល​ឡោម​ព័ទ្ធ​ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន ព្រម​ទាំង​បន្ត​ដេញ​តាម​ពួក​គេ​ឥត​ឈប់ ហើយ​បាន​វាយ​ឈ្នះ​ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​នៅ​ត្រង់​ទិស​ខាង​កើត ដែល​នៅ​ខាង​មុខ​ក្រុង​គីបៀ។ ៤៤ ជា​លទ្ធផល ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដែល​សុទ្ធតែ​ជា​អ្នក​ចម្បាំង​ដ៏​ខ្លាំង​ក្លា បាន​បាត់​បង់​ជីវិត​អស់​ចំនួន​១៨.០០០​នាក់។+

៤៥ ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដែល​នៅ​សល់ បាន​រត់​គេច​ខ្លួន​ទៅ​ដល់​ក្រហែង​ថ្ម​រីម៉ូន​ក្នុង​តំបន់​ស្ងាត់​ជ្រងំ។+ កង​ទ័ព​អ៊ីស្រាអែល​បាន​សម្លាប់​ពួក​គេ​អស់​ចំនួន​៥.០០០​នាក់​នៅ​លើ​ផ្លូវ​ធំ ហើយ​បន្ត​ដេញ​តាម​ពួក​គេ​រហូត​ដល់​គីដូម រួច​សម្លាប់​ពួក​គេ​អស់​ចំនួន​២.០០០​នាក់​ថែម​ទៀត។ ៤៦ នៅ​ថ្ងៃ​នោះ ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​ស្លាប់​អស់​ចំនួន​២៥.០០០​នាក់។ ពួក​គេ​ទាំង​អស់​ជា​បុរស​ខ្លាំង​ក្លា និង​សុទ្ធតែ​ជា​អ្នក​ប្រដាប់​ដាវ។+ ៤៧ ក៏​ប៉ុន្តែ ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​៦០០​នាក់ ដែល​បាន​រត់​គេច​ខ្លួន​ទៅ​ដល់​ក្រហែង​ថ្ម​រីម៉ូន​ក្នុង​តំបន់​ស្ងាត់​ជ្រងំ​នោះ ពួក​គេ​បាន​ជ្រក​កោន​នៅ​ទី​នោះ​អស់​រយៈ​ពេល​បួន​ខែ។

៤៨ បន្ទាប់​មក កង​ទ័ព​អ៊ីស្រាអែល​បាន​ត្រឡប់​មក​សម្លាប់​មនុស្ស និង​សម្លាប់​ហ្វូង​សត្វ​ទាំង​អស់​ដែល​នៅ​សល់​ក្នុង​ក្រុង​ទាំង​ប៉ុន្មាន​របស់​កុលសម្ព័ន្ធ​បេនយ៉ាមីន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​ក៏​បាន​ដុត​ក្រុង​ទាំង​អស់​ដែល​ពួក​គេ​បាន​ដើរ​កាត់​ដែរ។

២១ ពួក​បណ្ដា​ជន​អ៊ីស្រាអែល​បាន​ស្បថ​នៅ​ក្រុង​មីសប៉ា​ថា​៖+ ​«​យើង​ទាំង​អស់​គ្នា​នឹង​មិន​លើក​កូន​ស្រី​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​បុរស​កុលសម្ព័ន្ធ​បេនយ៉ាមីន​ឡើយ​»។+ ២ ដូច្នេះ ពួក​បណ្ដា​ជន​បាន​ទៅ​ក្រុង​បេតអែល+ ហើយ​អង្គុយ​នៅ​ទី​នោះ​ចំពោះ​មុខ​ព្រះ​ពិត រហូត​ដល់​ល្ងាច។ ពួក​គេ​ទ្រហោ​យំ​ដោយ​អារម្មណ៍​ជូរ​ចត់​ជា​ខ្លាំង។ ៣ ពួក​គេ​និយាយ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល ហេតុ​អ្វី​បាន​ជា​រឿង​នេះ​កើត​ឡើង​នៅ​ស្រុក​អ៊ីស្រាអែល? ថ្ងៃ​នេះ ហេតុ​អ្វី​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​បាត់​បង់​កុលសម្ព័ន្ធ​មួយ?​»។ ៤ លុះ​ស្អែក​ឡើង ពួក​បណ្ដា​ជន​បាន​ក្រោក​ពី​ព្រលឹម ហើយ​សង់​ទី​បូជា​នៅ​ទី​នោះ ដើម្បី​ជូន​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​នៃ​មេត្រី​ភាព។+

៥ រួច​មក ពួក​បណ្ដា​ជន​អ៊ីស្រាអែល​និយាយ​ថា​៖ ​«​ក្នុង​ចំណោម​កុលសម្ព័ន្ធ​នៃ​ជន​ជាតិ​អ៊ីស្រាអែល តើ​អ្នក​ណា​មិន​បាន​ឡើង​មក​ជួប​ជុំ​គ្នា​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា?​»។ មូលហេតុ​ដែល​ពួក​គេ​និយាយ​ដូច្នោះ គឺ​ដោយ​សារ​ពួក​គេ​បាន​ធ្វើ​សម្បថ​ដ៏​តឹងរ៉ឹង​ថា អ្នក​ណា​ដែល​មិន​មក​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​នៅ​ក្រុង​មីសប៉ា អ្នក​នោះ​នឹង​ត្រូវ​សម្លាប់​ចោល​ជា​មិន​ខាន។ ៦ ពួក​បណ្ដា​ជន​អ៊ីស្រាអែល​សោក​ស្ដាយ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ដល់​កុលសម្ព័ន្ធ​បេនយ៉ាមីន​ជា​បង​ប្អូន​រួម​ជាតិ​របស់​ពួក​គេ។ ពួក​គេ​និយាយ​ថា​៖ ​«​ថ្ងៃ​នេះ កុលសម្ព័ន្ធ​មួយ​ត្រូវ​កាត់​ចេញ​ពី​ជន​ជាតិ​អ៊ីស្រាអែល។ ៧ ប៉ុន្តែ ពួក​យើង​បាន​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ហើយ​ថា+ ពួក​យើង​នឹង​មិន​លើក​កូន​ស្រី​ឲ្យ​ពួក​គេ​ទេ។+ បើ​ដូច្នេះ តើ​ពួក​យើង​គួរ​ធ្វើ​ដូច​ម្ដេច​ដើម្បី​រក​ប្រពន្ធ​ឲ្យ​បុរស​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដែល​នៅ​រស់?​»។

៨ ពួក​គេ​សួរ​គ្នា​ថា​៖ ​«​ក្នុង​ចំណោម​កុលសម្ព័ន្ធ​នៃ​ជន​ជាតិ​អ៊ីស្រាអែល តើ​អ្នក​ណា​មិន​បាន​ឡើង​មក​ជួប​ជុំ​គ្នា​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​នៅ​ក្រុង​មីសប៉ា?​»។+ ពួក​គេ​ឃើញ​ថា​មិន​មាន​អ្នក​ក្រុង​យ៉ាបេសគីលាត​ណា​ម្នាក់​មក​កន្លែង​ជួប​ជុំ​គ្នា​ទេ ៩ ដោយ​សារ​ពេល​ពួក​គេ​រាប់​ចំនួន​បណ្ដា​ជន ពួក​គេ​ឃើញ​ថា​គ្មាន​អ្នក​ក្រុង​យ៉ាបេសគីលាត​ណា​ម្នាក់​នៅ​ទី​នោះ​ឡើយ។ ១០ ហេតុ​នេះ ពួក​បណ្ដា​ជន​អ៊ីស្រាអែល​ក៏​ចាត់​អ្នក​ចម្បាំង​ខ្លាំង​ពូកែ​ចំនួន​១២.០០០​នាក់​ឲ្យ​ទៅ​ក្រុង​នោះ ដោយ​បង្គាប់​ថា​៖ ​«​ចូរ​ទៅ​សម្លាប់​អ្នក​ក្រុង​យ៉ាបេសគីលាត​ចោល​ឲ្យ​អស់ សូម្បី​តែ​ស្ត្រី​និង​កូន​ក្មេង​ក៏​មិន​ត្រូវ​ទុក​ឲ្យ​នៅ​រស់​ដែរ។+ ១១ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ដូច​ត​ទៅ​នេះ​៖ ត្រូវ​សម្លាប់​មនុស្ស​ប្រុស​ទាំង​អស់​ចោល ហើយ​មនុស្ស​ស្រី​ណា​ដែល​ធ្លាប់​រួម​ភេទ​ជា​មួយ​នឹង​មនុស្ស​ប្រុស ក៏​មិន​ត្រូវ​ទុក​ឲ្យ​នៅ​រស់​ដែរ​»។ ១២ ក្នុង​ចំណោម​អ្នក​ក្រុង​យ៉ាបេសគីលាត ពួក​គេ​ឃើញ​មាន​ស្រី​ក្រមុំ​បរិសុទ្ធ​ចំនួន​៤០០​នាក់​ដែល​មិន​ធ្លាប់​រួម​ភេទ​ជា​មួយ​នឹង​មនុស្ស​ប្រុស​ឡើយ។ ពួក​គេ​នាំ​ពួក​នាង​មក​ជំរំ​នៅ​ក្រុង​ស៊ីឡូរ+ ដែល​នៅ​ក្នុង​ទឹក​ដី​ស្រុក​កាណាន។

១៣ បន្ទាប់​មក ពួក​បណ្ដា​ជន​អ៊ីស្រាអែល​ចាត់​គេ​ឲ្យ​នាំ​សារ​ទៅ​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដែល​នៅ​ក្រហែង​ថ្ម​រីម៉ូន+ ហើយ​ស្នើ​សុំ​មាន​សន្តិភាព​ជា​មួយ​គ្នា។ ១៤ ដូច្នេះ​នៅ​ពេល​នោះ កុលសម្ព័ន្ធ​បេនយ៉ាមីន​ក៏​ត្រឡប់​មក​ទឹក​ដី​របស់​ពួក​គេ​វិញ។ ពួក​បណ្ដា​ជន​អ៊ីស្រាអែល​បាន​នាំ​ស្រី​ៗ​ជា​អ្នក​ក្រុង​យ៉ាបេសគីលាត+ដែល​ពួក​គេ​បាន​ទុក​ជីវិត​នោះ មក​ប្រគល់​ឲ្យ​បុរស​កុលសម្ព័ន្ធ​បេនយ៉ាមីន។ ប៉ុន្តែ ស្រី​ៗ​ទាំង​នោះ​មាន​ចំនួន​តិច​ជាង​បុរស​កុលសម្ព័ន្ធ​បេនយ៉ាមីន។ ១៥ ពួក​បណ្ដា​ជន​អ៊ីស្រាអែល​សោក​ស្ដាយ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ដល់​កុលសម្ព័ន្ធ​បេនយ៉ាមីន+ ពី​ព្រោះ​ព្រះ​យេហូវ៉ា​បាន​បំបែក​ពួក​គេ​ចេញ​ពី​កុលសម្ព័ន្ធ​ផ្សេង​ៗ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ១៦ ម្ល៉ោះ​ហើយ ពួក​បុរស​ចាស់​ទុំ​សួរ​ថា​៖ ​«​តើ​ពួក​យើង​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​រក​ប្រពន្ធ​ឲ្យ​បុរស​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដែល​នៅ​សល់? ដោយ​សារ​ស្រី​ៗ​ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន​បាន​ត្រូវ​សម្លាប់​អស់​ទៅ​ហើយ​»។ ១៧ ពួក​បុរស​ចាស់​ទុំ​និយាយ​ទៀត​ថា​៖ ​«​បុរស​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដែល​នៅ​រស់​ទាំង​ប៉ុន្មាន គួរ​នៅ​ក្នុង​ទឹក​ដី​ជា​មត៌ក​របស់​ពួក​គេ​ត​ទៅ​ទៀត ដើម្បី​កុំ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​បាត់​កុលសម្ព័ន្ធ​មួយ​ឡើយ។ ១៨ ប៉ុន្តែ ពួក​យើង​មិន​អាច​លើក​កូន​ស្រី​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​ពួក​គេ​បាន​ទេ ព្រោះ​ពួក​បណ្ដា​ជន​អ៊ីស្រាអែល​បាន​ស្បថ​ហើយ​ថា​៖ ‹អ្នក​ណា​ដែល​លើក​កូន​ស្រី​ឲ្យ​បុរស​កុលសម្ព័ន្ធ​បេនយ៉ាមីន អ្នក​នោះ​នឹង​ត្រូវ​បណ្ដាសា›​»។+

១៩ រួច​ពួក​គេ​និយាយ​ថា​៖ ​«​មើល! រាល់​ឆ្នាំ​មាន​បុណ្យ​សម្រាប់​ព្រះ​យេហូវ៉ា​នៅ​ក្រុង​ស៊ីឡូរ។+ ក្រុង​នោះ​នៅ​ខាង​ជើង​ក្រុង​បេតអែល និង​នៅ​ខាង​កើត​ផ្លូវ​ធំ​ដែល​ឡើង​ពី​ក្រុង​បេតអែល​ទៅ​ក្រុង​ស៊ីគឹម និង​នៅ​ខាង​ត្បូង​លេបូណា​»។ ២០ ដូច្នេះ ពួក​គេ​បង្គាប់​បុរស​កុលសម្ព័ន្ធ​បេនយ៉ាមីន​ថា​៖ ​«​ចូរ​ទៅ​លាក់​ខ្លួន​នៅ​ក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ។ ២១ ពេល​អ្នក​រាល់​គ្នា​ឃើញ​ស្រី​ៗ​ក្នុង​ក្រុង​ស៊ីឡូរ​ចេញ​មក​រាំ​ក្នុង​វង់ ចូរ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ចេញ​ពី​ចម្ការ​ទំពាំង​បាយ​ជូរ ហើយ​ចាប់​ស្រី​ម្នាក់​មួយ​ៗ​យក​ទៅ​ទឹក​ដី​របស់​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រពន្ធ​ចុះ។ ២២ បើ​ឪពុក​ឬ​បង​ប្អូន​ពួក​នាង​មក​តវ៉ា នោះ​ពួក​យើង​នឹង​ប្រាប់​ពួក​គេ​ថា​៖ ‹សូម​យោគ​យល់​ដល់​ពួក​យើង​ផង។ មូលហេតុ​ដែល​ពួក​យើង​ធ្វើ​ដូច្នេះ គឺ​ដើម្បី​ជួយ​បុរស​កុលសម្ព័ន្ធ​បេនយ៉ាមីន ដោយ​សារ​ស្រី​ៗ​ដែល​ពួក​យើង​ចាប់​ក្នុង​សង្គ្រាម​នោះ មិន​គ្រប់​ចំនួន​សម្រាប់​ពួក​គេ​ទេ។+ ម្យ៉ាង​ទៀត អ្នក​រាល់​គ្នា​ក៏​មិន​អាច​លើក​កូន​ស្រី​របស់​ខ្លួន​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​ពួក​គេ​ដែរ ព្រោះ​បើ​ធ្វើ​ដូច្នោះ អ្នក​រាល់​គ្នា​នឹង​មាន​ទោស›​»។+

២៣ ដូច្នេះ បុរស​កុលសម្ព័ន្ធ​បេនយ៉ាមីន​បាន​ធ្វើ​ដូច្នោះ​មែន គឺ​ពួក​គេ​ចាប់​ស្រី​ម្នាក់​មួយ​ៗ​ដែល​រាំ​ក្នុង​វង់ យក​ទៅ​ទឹក​ដី​ជា​មត៌ក​របស់​ពួក​គេ។ ក្រោយ​មក ពួក​គេ​បាន​សង់​ក្រុង​ផ្សេង​ៗ​ឡើង​វិញ+ ហើយ​រស់​នៅ​ក្នុង​ក្រុង​ទាំង​នោះ។

២៤ អំឡុង​ពេល​នោះ ពួក​បណ្ដា​ជន​អ៊ីស្រាអែល​បាន​ចាក​ចេញ​ពី​ទី​នោះ ត្រឡប់​ទៅ​កុលសម្ព័ន្ធ វង្ស​ត្រកូល និង​ទឹក​ដី​ជា​មត៌ក​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​វិញ។

២៥ នៅ​សម័យ​នោះ មិន​មាន​ស្ដេច​ក្នុង​ស្រុក​អ៊ីស្រាអែល​ទេ។+ ម្ល៉ោះ​ហើយ ពួក​គេ​ម្នាក់​ៗ​ធ្វើ​អ្វី​តាម​ដែល​ខ្លួន​គិត​ថា​ត្រឹម​ត្រូវ។

ឬ​«​បាន​ប្រគល់​»​

សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ហ៊្សេរុយសាឡិម

នេះ​អាច​សំដៅ​លើ​កូន​ចៅ​របស់​សេសាយ អាហាយមេន និង​តាល់ម៉ាយ

ន័យ​ត្រង់​«​កេណាស​ជា​ប្អូន​ប្រុស​កាលែប​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​នាង​ទះ​ដៃ​កាល​ដែល​អង្គុយ​លើ​ខ្នង​លា​»​

មាន​ន័យ​ថា​«​អាង​ទឹក​»​

ឬ​«​ណេកេប​»​

មាន​ន័យ​ថា​«​របស់​ដែល​ត្រូវ​បំផ្លាញ​ចោល​»​

ន័យ​ត្រង់​«​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​អ្នក​»​

មាន​ន័យ​ថា​«​អ្នក​យំ​»​

ឬ​«​គោរព​បូជា​»​

ន័យ​ត្រង់​«​លក់​»​

ឬ​«​មាន​អារម្មណ៍​សោក​ស្ដាយ​»​

ឬ​«​ដល់​ច្រក​ចូល​ក្រុង​ហាម៉ាត​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

ន័យ​ត្រង់​«​អេរ៉ាមណាហារេម​»​

ន័យ​ត្រង់​«​អេរ៉ាម​»​

ប្រហែលជា​មួយ​ហត្ថ​ខ្លី ប្រមាណ​៣៨​សង់ទីម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​កន្លែង​យក​ថ្ម​»​

ន័យ​ត្រង់​«​នៅ​ស្ងៀម!​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ប្រហោង​ខ្យល់​»​

ន័យ​ត្រង់​«​រហូត​ដល់​មាន​អារម្មណ៍​អៀន​ខ្មាស​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​កន្លែង​យក​ថ្ម​»​

ន័យ​ត្រង់​«​ហារ៉ូសែត​នៃ​ប្រជា​ជាតិ​នា​នា​»​

គឺ​នាង​នាំ​ការ​វិនិច្ឆ័យ​របស់​ព្រះ​មក​ប្រាប់​បណ្ដា​ជន

ន័យ​ត្រង់​«​ដើម​លម៉ើ​ដេបូរ៉ា​»​

ន័យ​ត្រង់​«​ហារ៉ូសែត​នៃ​ប្រជា​ជាតិ​នា​នា​»​

ការ​ទម្លាក់​សក់​ប្រហែល​ជា​បញ្ជាក់​ថា​ពួក​គេ​ជាប់​សម្បថ​ឬ​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ

ឬ​ប្រហែល​ជាមាន​ន័យ​ថា​«​កក្រើក​ញ័រ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ជា​អ្នក​ដែល​ប្រើ​ឧបករណ៍​របស់​ស្មៀន​»​

ឬ​«​ពួក​គេ​គិត​ពិចារណា​អំពី​ចិត្ត​ខ្លួន​»​

ឬ​«​មាន​សេចក្ដី​សុខ​សាន្ត​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​កន្លែង​ដាក់​អីវ៉ាន់​ក្រោម​ដី​»​

ន័យ​ត្រង់​«​គោរព​កោត​ខ្លាច​»​

ប្រហែល​ជា​២២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ន័យ​ត្រង់​«​សូម​ឲ្យ​អ្នក​បាន​សេចក្ដី​សុខ​សាន្ត​»​

មាន​ន័យ​ថា​«​ព្រះ​យេហូវ៉ា​ជា​សេចក្ដី​សុខ​សាន្ត​»​

ន័យ​ត្រង់​«​គោ​ឈ្មោល​ស្ទាវ​ទី​២​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

មាន​ន័យ​ថា​«​ចូរ​ឲ្យ​បាល​ការពារ​ខ្លួន​តាម​ច្បាប់​»​

ឬ​«​ឆ្លង​ទន្លេ​»​

ឬ​«​វាល​ទំនាប​»​

ន័យ​ត្រង់​«​ដៃ​»​

ន័យ​ត្រង់​«​ចូរ​ញែក​ពល​ទ័ព​ដែល​ប្រើ​អណ្ដាត​លិឍ​ទឹក​ដូច​ឆ្កែ​»​

ប្រហែល​ជា​ចាប់​ពី​ម៉ោង​១០​យប់​ដល់​ម៉ោង​២​ព្រឹក

ន័យ​ត្រង់​«​តើ​ការ​ប្រមូល​ផល​ទំពាំង​បាយ​ជូរ​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម មិន​ប្រសើរ​ជាង​ចម្រូត​របស់​អាប៊ីអ៊ីសឺ​ទេ​ឬ?​»​

មួយហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឬ​«​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។ មើល​និយម​ន័យ​ពាក្យ​«​ស្រី​ពេស្យា​»​

ឬ​«​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។ មើល​និយម​ន័យ​ពាក្យ​«​ស្រី​ពេស្យា​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ពួក​អ្នក​កាន់​កាប់​ទឹក​ដី​»​

ន័យ​ត្រង់​«​ហើយ​ទៅ​យោល​យោគ​ពី​លើ​ដើម​ឈើ​ឯ​ទៀត​»​

ន័យ​ត្រង់​«​ហើយ​ទៅ​យោល​យោគ​ពី​លើ​ដើម​ឈើ​ឯ​ទៀត​»​

ន័យ​ត្រង់​«​ហើយ​ទៅ​យោល​យោគ​ពី​លើ​ដើម​ឈើ​ឯ​ទៀត​»​

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ន័យ​ត្រង់​«​បាន​ក្រោក​ឡើង​»​

ឬ​«​ពួក​ស៊ីរី​»​

ន័យ​ត្រង់​«​លក់​»​

តាម​មើល​ទៅ​ជា​ការ​និយាយ​ក្នុង​ន័យ​ធៀប​ដែល​ជា​ការ​ប្រគល់​ខ្លួន​ដើម្បី​បម្រើ​ព្រះ​អស់​មួយ​ជីវិត

នេះ​ជា​ស្គរ​តូច​មាន​រាង​សំប៉ែត

ន័យ​ត្រង់​«​យំ​ស្ដាយភាព​ក្រមុំ​បរិសុទ្ធ​»​

ន័យ​ត្រង់​«​នាង​មិន​ដែល​រួម​ដំណេក​ជា​មួយ​នឹង​បុរស​ណា​ម្នាក់​ឡើយ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ឆ្លង​ទៅ​ទិស​ខាង​ជើង​»​

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

មើល​និយម​ន័យ​ពាក្យ​«​ណាសារីត​»​

នេះ​ប្រហែល​ជា​សំដៅ​លើ​ព្រះ

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​មុន​សាំសុន​ចូល​ទៅ​បន្ទប់​ខាង​ក្នុង​»​

ន័យ​ត្រង់​«​បើ​អ្នក​រាល់​គ្នា​មិន​បាន​ភ្ជួរ​ដី​ដោយ​ប្រើ​កូន​គោ​របស់​ខ្ញុំ​ទេ​»​

ឬ​«​ចង​»​

មាន​ន័យ​ថា​«​ទួល​ឆ្អឹង​ថ្គាម​»​

មាន​ន័យ​ថា​«​រន្ធ​ទឹក​នៃ​អ្នក​ហៅ​រក​»​

អំបោះ​ធ្វើ​ពី​ដើម​ម្យ៉ាង​ដែល​គេ​ដាំ​តាំង​ពី​សម័យ​បុរាណ។ គេ​យក​សរសៃ​វា​ទៅ​ធ្វើ​ជា​ក្រណាត់

ន័យ​ត្រង់​«​កាក់​ធ្វើ​ពី​ប្រាក់​»​

ន័យ​ត្រង់​«​រូប​សំណាក​ធ្វើ​ពី​លោហៈ​»​

មើល​និយម​ន័យ​ពាក្យ​«​ធេរ៉ាភីម​»​

នេះ​ប្រហែល​ជា​មាន​ន័យ​ថា​គាត់​ធ្លាប់​រស់​នៅ​ទឹក​ដី​យូដា

មាន​ន័យ​ថា​«​ជំរំ​របស់​ដាន់​»​

មើល​និយម​ន័យ​ពាក្យ​«​ធេរ៉ាភីម​»​

ន័យ​ត្រង់​«​រូប​សំណាក​ធ្វើ​ពី​លោហៈ​»​

ន័យ​ត្រង់​«​ត្រសាល​»​

នេះ​សំដៅ​លើ​ត្រសាល

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ហើយ​ខ្ញុំ​ជា​អ្នក​បម្រើ​នៅ​វិហារ​របស់​ព្រះ​យេហូវ៉ា​»​

ន័យ​ត្រង់​«​ម្ចាស់​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ពួក​អ្នក​កាន់​កាប់​ទឹក​ដី​»​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក