បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt លូកា ១:១-២៤:៥៣
  • លូកា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • លូកា
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
លូកា

រៀប​រាប់​ដោយ​លូកា

១ មនុស្ស​ជា​ច្រើន​បាន​ខិត​ខំ​សរសេរ​ព្រឹត្តិការណ៍​ផ្សេង​ៗ​ដែល​បាន​កើត​ឡើង ហើយ​យើង​ជឿ​ទាំង​ស្រុង​ថា​ព្រឹត្តិការណ៍​ទាំង​នោះ​បាន​កើត​ឡើង​ពិត​មែន។+ ២ យើង​បាន​ឮ​ព្រឹត្តិការណ៍​ទាំង​នោះ​ពី​សាក្សី​ដែល​បាន​ឃើញ​ព្រឹត្តិការណ៍​ទាំង​នោះ​តាំង​ពី​ដើម​ដំបូង+ និង​ជា​ពួក​អ្នក​ដែល​ប្រកាស​ដំណឹង​ល្អ​នេះ។+ ៣ ម្ល៉ោះ​ហើយ ថេអូហ្វីល​ជា​ទី​គោរព ខ្ញុំ​បាន​ស្រាវ​ជ្រាវ​យ៉ាង​ហ្មត់​ចត់​អំពី​ព្រឹត្តិការណ៍​ទាំង​នោះ ហើយ​ខ្ញុំ​បាន​តាំង​ចិត្ត​សរសេរ​អ្វី​ៗ​ទាំង​នោះ​តាម​លំដាប់​លំដោយ​ជូន​អ្នក+ ៤ ដើម្បី​ឲ្យ​អ្នក​អាច​ដឹង​ច្បាស់​ថា អ្វី​ដែល​អ្នក​បាន​រៀន*គឺ​ពិត​ប្រាកដ​មែន។+

៥ នៅ​សម័យ​ហេរ៉ូឌ*+ជា​ស្ដេច​នៃ​តំបន់​យូឌា មាន​សង្ឃ​ម្នាក់​ឈ្មោះ​សាការី ជា​សមាជិក​ក្រុម​អាប៊ីយ៉ា។+ ប្រពន្ធ​របស់​គាត់​ឈ្មោះ​អេលីសាបិត ហើយ​នាង​ជា​កូន​ចៅ​អេរ៉ុន។* ៦ ព្រះ​យេហូវ៉ា*បាន​ចាត់​ទុក​ពួក​គាត់​ទាំង​ពីរ​នាក់​ថា​ជា​មនុស្ស​សុចរិត​និង​គ្មាន​កន្លែង​ចាប់​កំហុស ពី​ព្រោះ​ពួក​គាត់​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​បញ្ញត្ដិ និង​គ្រប់​ទាំង​ច្បាប់​របស់​លោក។ ៧ ប៉ុន្តែ ពួក​គាត់​គ្មាន​កូន​ទេ ព្រោះ​អេលីសាបិត​ជា​ស្ត្រី​អារ។ ម្យ៉ាង​ទៀត ពួក​គាត់​ទាំង​ពីរ​មាន​អាយុ​ច្រើន​ហើយ។

៨ ពេល​ដែល​សាការី​ត្រូវ​បំពេញ​មុខ​ងារ​ជា​សង្ឃ​នៅ​ចំពោះ​មុខ​ព្រះ តាម​វេន​ក្រុម​របស់​គាត់+ ៩ នោះ​គាត់​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​ចូល​ទៅ​ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា*+ ហើយ​ដុត​គ្រឿង​ក្រអូប+ ស្រប​តាម​របៀប​រៀបចំ*របស់​គណៈ​សង្ឃ។ ១០ នៅ​ពេល​នោះ​ដែរ បណ្ដា​ជន​ទាំង​ឡាយ​កំពុង​អធិដ្ឋាន​នៅ​ខាង​ក្រៅ។ ១១ ទេវតា​របស់​ព្រះ​យេហូវ៉ា*បាន​លេច​មក​ឲ្យ​សាការី​ឃើញ ដោយ​ឈរ​នៅ​ខាង​ស្ដាំ​ទី​បូជា​សម្រាប់​ដុត​គ្រឿង​ក្រអូប។ ១២ ពេល​ឃើញ​ដូច្នេះ សាការី​ក៏​ជ្រួល​ច្របល់​ក្នុង​ចិត្ត ហើយ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ១៣ ប៉ុន្តែ ទេវតា​និយាយ​ទៅ​កាន់​សាការី​ថា​៖ ​«​សាការី​អើយ កុំ​ខ្លាច​ឡើយ ព្រោះ​ព្រះ​បាន​ឮ​ពាក្យ​អង្វរ​សុំ​របស់​អ្នក ហើយ​អេលីសាបិត​ដែល​ជា​ប្រពន្ធ​របស់​អ្នក​នឹង​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​អ្នក ហើយ​អ្នក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា​យ៉ូហាន។+ ១៤ អ្នក​នឹង​មាន​អំណរ ហើយ​រីករាយ​ជា​ខ្លាំង។ កំណើត​កូន​នោះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​អរ​សប្បាយ+ ១៥ ព្រោះ​កូន​នោះ​នឹង​ទៅ​ជា​បុរស​ដ៏​ឧត្ដម​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។*+ ប៉ុន្តែ គាត់​មិន​ត្រូវ​ពិសា​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ+ ហើយ​គាត់​នឹង​ពេញ​ទៅ​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ។*+ ១៦ ម្យ៉ាង​ទៀត គាត់​នឹង​នាំ​កូន​ចៅ​អ៊ីស្រាអែល​ជា​ច្រើន ឲ្យ​វិល​មក​ឯ​ព្រះ​យេហូវ៉ា*ជា​ព្រះ​របស់​ពួក​គេ​វិញ។+ ១៧ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ព្រះ​នឹង​ចាត់​គាត់​ឲ្យ​ទៅ​មុន​លោក ហើយ​ឲ្យ​គាត់​មាន​ចិត្ត​ខ្នះ​ខ្នែង​និង​មាន​ឫទ្ធានុភាព​ដូច​អេលីយ៉ា+ ដើម្បី​ឲ្យ​គាត់​បំបែរ​ចិត្ត​ឪពុក​ឲ្យ​មាន​ចិត្ត​ដូច​កូន+ ហើយ​បំបែរ​ចិត្ត​របស់​ពួក​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់ ឲ្យ​មក​រក​ប្រាជ្ញា​របស់​មនុស្ស​សុចរិត​វិញ ក្នុង​បំណង​រៀបចំ​មនុស្ស​មួយ​ក្រុម​ទុក​ជា​ស្រេច​សម្រាប់​ព្រះ​យេហូវ៉ា​»។*+

១៨ រួច​មក សាការី​ក៏​សួរ​ទេវតា​ថា​៖ ​«​តើ​ខ្ញុំ​អាច​ប្រាកដ​ថា​ការ​នេះ​នឹង​កើត​ឡើង​ដូច​ម្ដេច​បាន? ព្រោះ​ខ្ញុំ​ចាស់​ហើយ ឯ​ប្រពន្ធ​ខ្ញុំ​ក៏​មាន​អាយុ​ច្រើន​ដែរ​»។ ១៩ ទេវតា​នោះ​តប​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ឈ្មោះ​កាព្រីយ៉ែល+ ជា​អ្នក​ដែល​ឈរ​នៅ​មុខ​ព្រះ។+ ខ្ញុំ​បាន​ត្រូវ​ចាត់​ឲ្យ​មក​និយាយ​ជា​មួយ​នឹង​អ្នក ហើយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ​នេះ​ដល់​អ្នក។ ២០ ប៉ុន្តែ មើល! អ្នក​នឹង​និយាយ​មិន​រួច ហើយ​ហា​ស្ដី​មិន​បាន រហូត​ដល់​ការ​ទាំង​នេះ​កើត​ឡើង ដោយ​សារ​អ្នក​មិន​បាន​ជឿ​ពាក្យ​របស់​ខ្ញុំ​ដែល​នឹង​សម្រេច​នៅ​ពេល​កំណត់​»។ ២១ ដំណាល​គ្នា​នោះ បណ្ដា​ជន​កំពុង​រង់​ចាំ​សាការី ទាំង​ងឿង​ឆ្ងល់​អំពី​មូលហេតុ​ដែល​គាត់​នៅ​បង្អង់​យូរ​ក្នុង​វិហារ។ ២២ ពេល​សាការី​ចេញ​មក​វិញ គាត់​មិន​អាច​និយាយ​ទៅ​កាន់​បណ្ដា​ជន​បាន​ឡើយ។ ហេតុ​នោះ ពួក​គេ​ក៏​យល់​ឃើញ​ថា គាត់​ច្បាស់​ជា​បាន​ឃើញ​អ្វី​មួយ​ដ៏​អស្ចារ្យ*នៅ​ក្នុង​វិហារ​ហើយ។ ចំណែក​សាការីវិញ គាត់​ចេះ​តែ​ធ្វើ​កាយ​វិការ​ឲ្យ​ពួក​គេ​យល់ ដោយ​សារ​គាត់​និយាយ​មិន​រួច។ ២៣ លុះ​គាត់​បំពេញ​កិច្ច​បម្រើ​បរិសុទ្ធ*ចប់​សព្វ​គ្រប់​ហើយ គាត់​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ។

២៤ មិន​យូរ​ក្រោយ​នោះ អេលីសាបិត​ជា​ប្រពន្ធ​របស់​សាការី ក៏​មាន​ផ្ទៃ​ពោះ ហើយ​នាង​មិន​ចេញ​ពី​ផ្ទះ​អស់​ប្រាំ​ខែ។ នាង​និយាយ​ថា​៖ ២៥ ​«​នៅ​គ្រា​នេះ ព្រះ​យេហូវ៉ា*បាន​ធ្វើ​ការ​នេះ​សម្រាប់​ខ្ញុំ។ លោក​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​លែង​ទទួល​ការ​តិះ​ដៀល​ពី​មនុស្ស​ទៀត​»។+

២៦ ពេល​ដែល​នាង​មាន​ផ្ទៃ​ពោះ​៦​ខែ ព្រះ​ចាត់​ទេវតា​ឈ្មោះ​កាព្រីយ៉ែល+ ឲ្យ​ទៅ​ក្រុង​ណាសារ៉ែត​ក្នុង​ស្រុកកាលីឡេ ២៧ គឺ​ទៅ​ឯ​ស្រី​ក្រមុំ​បរិសុទ្ធ​ម្នាក់+ដែល​ជា​គូ​ដណ្ដឹង​របស់​បុរស​ម្នាក់ ឈ្មោះ​យ៉ូសែប​ពី​ពូជ​ពង្ស​ដាវីឌ។ ស្រី​ក្រមុំ​នោះ​ឈ្មោះ​ម៉ារៀ។+ ២៨ ទេវតា​នោះ​ចូល​ទៅ​ជួប​នាង ហើយ​និយាយ​ថា​៖ ​«​សួស្ដី អ្នក​សំណព្វ​របស់​ព្រះ។ ព្រះ​យេហូវ៉ា*នៅ​ជា​មួយ​នឹង​នាង​»។ ២៩ ពេល​ឮ​ដូច្នេះ នាង​ក៏​ជ្រួល​ច្របល់​ក្នុង​ចិត្ត​ជា​ខ្លាំង ហើយ​ព្យាយាម​រិះ​គិត​ក្នុង​ចិត្ត​ថា តើ​សម្ដី​នោះ​បង្កប់​អត្ថន័យ​យ៉ាង​ណា។ ៣០ ដូច្នេះ ទេវតា​និយាយ​ទៅ​កាន់​នាង​ថា​៖ ​«​ម៉ារៀ​អើយ កុំ​ខ្លាច​ឡើយ ព្រោះ​ព្រះ​ពេញ​ចិត្ត​នាង។ ៣១ មើល! នាង​នឹង​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​កូន​ប្រុស​មួយ។+ នាង​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា​យេស៊ូ។+ ៣២ កូន​នោះ​នឹង​ធំ​ឧត្ដម+ ក៏​នឹង​ត្រូវ​ហៅ​ថា​បុត្រ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត+ ហើយ​ព្រះ​យេហូវ៉ា*នឹង​ប្រគល់​បល្ល័ង្ក​របស់​ដាវីឌ​ជា​បុព្វ​បុរស* ឲ្យ​ដល់​បុត្រ​នោះ។+ ៣៣ លោក​នឹង​គ្រប់​គ្រង​ជា​ស្ដេច​លើ​ពូជ​ពង្ស​យ៉ាកុប​ជា​រៀង​រហូត ហើយ​រាជាណាចក្រ​របស់​លោក​នឹង​មិន​សាប​សូន្យ​ឡើយ​»។+

៣៤ ប៉ុន្តែ ម៉ារៀ​សួរ​ទេវតា​នោះ​ថា​៖ ​«​តើ​ការ​នេះ​អាច​កើត​ឡើង​ដូច​ម្ដេច​បាន? ព្រោះ​ខ្ញុំ​មិន​ធ្លាប់​រួម​ដំណេក​ជា​មួយ​នឹង​បុរស​ណា​ឡើយ​»។+ ៣៥ ទេវតា​នោះ​ឆ្លើយ​ទៅ​នាង​ថា​៖ ​«​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​នឹង​សណ្ឋិត​លើ​នាង+ ហើយ​ឫទ្ធិ​អំណាច​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​នឹង​គ្រប​បាំង​នាង។ ហេតុ​នេះ បុត្រ​ដែល​នឹង​កើត​មក​នោះ នឹង​ត្រូវ​ហៅ​ថា​ជា​បរិសុទ្ធ+ និង​ជា​បុត្រ​របស់​ព្រះ។+ ៣៦ មើល! អេលីសាបិត​ជា​ញាតិ​សន្ដាន​របស់​នាង ដែល​គេ​ហៅ​ថា​ស្ត្រី​អារ កំពុង​មាន​ផ្ទៃ​ពោះ​៦​ខែ​ហើយ។ កូន​ក្នុង​ផ្ទៃ​នាង​ជា​កូន​ប្រុស។ នាង​មាន​កូន​ក្នុង​កាល​ដែល​នាង​មាន​វ័យ​ចាស់។ ៣៧ ព្រោះ​គ្មាន​ប្រសាសន៍​ណា​មួយ​របស់​ព្រះ ដែល​លោក​មិន​អាច​សម្រេច​បាន​ឡើយ​»។+ ៣៨ រួច​មក ម៉ារៀ​និយាយ​ថា​៖ ​«​មើល! ខ្ញុំ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​យេហូវ៉ា!* សូម​ឲ្យ​ការ​នេះ​កើត​ឡើង​ដល់​ខ្ញុំ តាម​សេចក្ដី​ប្រកាស​របស់​អ្នក​ចុះ​»។ បន្ទាប់​មក ទេវតា​ក៏​ចាក​ចេញ​ពី​នាង​ទៅ។

៣៩ មិន​យូរ​ក្រោយ​មក ម៉ារៀ​ក៏​ប្រញាប់​ធ្វើ​ដំណើរ​ទៅ​ឯ​តំបន់​ភ្នំ ឆ្ពោះ​ទៅ​ក្រុង​មួយ​ក្នុង​ស្រុក​យូដា។ ៤០ ពេល​ទៅ​ដល់ នាង​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​សាការី ហើយ​សួរ​សុខ​ទុក្ខ​អេលីសាបិត។ ៤១ ពេល​អេលីសាបិត​ឮ​សំឡេង​របស់​ម៉ារៀ នោះ​កូន​នៅ​ក្នុង​ផ្ទៃ​របស់​នាង​ក៏​កញ្ជ្រោល​ឡើង ហើយ​អេលីសាបិត​បាន​ពេញ​ទៅ​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ។ ៤២ រួច​នាង​បន្លឺ​ឡើង​ថា​៖ ​«​ក្នុង​ចំណោម​ស្ត្រី​ទាំង​ឡាយ នាង​ជា​ស្ត្រី​ដែល​មាន​ពរ ហើយ​កូន​ដែល​នាង​នឹង​បង្កើត​មក ក៏​មាន​ពរ​ដែរ! ៤៣ តើ​ខ្ញុំ​ជា​អ្នក​ណា​បាន​ជា​ម្ដាយ​របស់​ម្ចាស់​ខ្ញុំ​ផ្ដល់​កិត្តិយស​មក​ជួប​ខ្ញុំ​ដូច្នេះ? ៤៤ ព្រោះ​មើល! ពេល​ដែល​ខ្ញុំ​ឮ​សំឡេង​នាង​សួរ​សុខ​ទុក្ខ នោះ​កូន​នៅ​ក្នុង​ផ្ទៃ​របស់ខ្ញុំ​បាន​កញ្ជ្រោល​ឡើង​ដោយ​ត្រេក​អរ​ក្រៃ​លែង។ ៤៥ នាង​មាន​សុភមង្គល​ហើយ ដោយ​សារ​នាង​បាន​ជឿ ព្រោះ​អ្វី​ដែល​ព្រះ​យេហូវ៉ា*បាន​មាន​ប្រសាសន៍​ទៅ​នាង នឹង​ក្លាយ​ជា​ការ​ពិត​ជាក់​ជា​ពុំ​ខាន​»។

៤៦ រួច​ម៉ារៀ​និយាយ​ថា​៖ ​«​ខ្ញុំ​លើក​តម្កើង​ព្រះ​យេហូវ៉ា*+ ៤៧ ហើយ​ខ្ញុំ​ត្រេក​អរ​ពន់​ពេក​ចំពោះ​ព្រះ​ដែល​ជា​អ្នក​សង្គ្រោះ​ខ្ញុំ+ ៤៨ ពី​ព្រោះ​លោក​បាន​មើល​ឃើញ​សភាព​ទន់​ទាប​នៃ​ខ្ញុំ​បម្រើ​របស់​លោក+ ហើយ​ចាប់​តាំង​ពី​ពេល​នេះ​ទៅ មនុស្ស​គ្រប់​ជំនាន់​នឹង​ពោល​ថា ខ្ញុំ​ជា​អ្នក​មាន​សុភមង្គល+ ៤៩ ព្រោះ​លោក​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បាន​ធ្វើ​កិច្ច​ការ​ដ៏​អស្ចារ្យ​ដើម្បី​ខ្ញុំ ហើយ​នាម​របស់​លោក​គឺ​បរិសុទ្ធ។+ ៥០ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ លោក​មាន​ចិត្ត​មេត្តា​ករុណា​ដល់​អស់​អ្នក​ដែល​កោត​ខ្លាច​លោក។+ ៥១ លោក​បាន​ធ្វើ​កិច្ច​ការ​យ៉ាង​អស្ចារ្យ​ដោយ​ដៃ​របស់​លោក ហើយ​បាន​កម្ចាត់​កម្ចាយ​ពួក​អ្នក​ដែល​មាន​ចិត្ត​ក្រអឺត​ក្រទម។+ ៥២ លោក​បាន​ទម្លាក់​មនុស្ស​មាន​អំណាច​ចុះ​ពី​បល្ល័ង្ក+ ហើយ​តម្កើង​មនុស្ស​ទន់​ទាប។+ ៥៣ លោក​បាន​បំពេញ​ចិត្ត​ពួក​អ្នក​ដែល​ស្រេក​ឃ្លាន​ដោយ​របស់​ល្អ​ៗ​+ ហើយ​ពួក​អ្នក​ដែល​មាន​ស្ដុក​ស្ដម្ភ លោក​បាន​ឲ្យ​ចេញ​ទៅ​ដោយ​ដៃ​ទទេ។ ៥៤ លោក​បាន​ជួយ​អ៊ីស្រាអែល​ជា​អ្នក​បម្រើ​របស់​លោក ព្រោះ​លោក​នៅ​ចាំ​អំពី​សេចក្ដី​សន្យា​ថា​លោក​នឹង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា+ ៥៥ ដល់​អាប្រាហាំ​និង​កូន​ចៅ*របស់​គាត់​ជា​រៀង​រហូត​ដូច​លោក​បាន​មាន​ប្រសាសន៍​ទៅ​បុព្វ​បុរស​របស់​យើង​»។+ ៥៦ ម៉ារៀ​បាន​ស្នាក់​នៅ​ជា​មួយ​នឹង​អេលីសាបិត​អស់​ប្រហែល​បី​ខែ ទើប​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ។

៥៧ លុះ​អេលីសាបិត​គ្រប់​ខែ​ហើយ នាង​ក៏​បង្កើត​បាន​កូន​ប្រុស​មួយ។ ៥៨ អ្នក​ជិត​ខាង​និង​ញាតិ​សន្ដាន​របស់​នាង​បាន​ឮ​ថា ព្រះ​យេហូវ៉ា*បាន​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​យ៉ាង​លើស​លប់​ដល់​នាង ហើយ​ពួក​គេ​អរ​សប្បាយ​ជា​មួយ​នឹង​នាង។+ ៥៩ នៅ​ថ្ងៃ​ទី​៨ ពួក​គេ​បាន​មក​ដើម្បី​កាត់​ចុង​ស្បែក*ទារក​នោះ+ ហើយ​ចង់​ដាក់​ឈ្មោះ​ថា​សាការី​តាម​ឈ្មោះ​របស់​ឪពុក។ ៦០ ប៉ុន្តែ ម្ដាយ​របស់​ទារក​ជំទាស់​ថា​៖ ​«​ទេ! ត្រូវ​ដាក់​ឈ្មោះ​ថា​យ៉ូហាន​វិញ​»។ ៦១ ឮ​ដូច្នេះ ពួក​គេ​និយាយ​ទៅ​កាន់​នាង​ថា​៖ ​«​ក្នុង​ចំណោម​ញាតិ​សន្ដាន​របស់​នាង គ្មាន​អ្នក​ណា​មាន​ឈ្មោះ​នោះ​ទេ​»។ ៦២ រួច​មក ពួក​គេ​ចាប់​ផ្ដើម​ធ្វើ​កាយ​វិការ​សួរ​ឪពុក​ទារក​នោះ​ថា គាត់​ចង់​ដាក់​ឈ្មោះ​អ្វី​ឲ្យ​កូន។ ៦៣ ដូច្នេះ សាការី​សុំ​ក្ដារ​ឆ្នួន​មួយ រួច​សរសេរ​ថា​៖ ​«​កូន​នេះ​ឈ្មោះ​យ៉ូហាន​»។+ ឃើញ​ដូច្នោះ ពួក​គេ​ទាំង​អស់​គ្នា​ក៏​នឹក​អស្ចារ្យ​ក្នុង​ចិត្ត។ ៦៤ រំពេច​នោះ មាត់​គាត់​បាន​ត្រូវ​បើក​ឡើង រួច​គាត់​អាច​និយាយ​បាន​វិញ+ ហើយ​សរសើរ​តម្កើង​ព្រះ។ ៦៥ ឃើញ​ដូច្នេះ មនុស្ស​ទាំង​អស់​ដែល​រស់​នៅ​ក្នុង​តំបន់​របស់​ពួក​គាត់ ក៏​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ហើយ​នាំ​គ្នា​និយាយ​អំពី​ការ​ទាំង​នេះ​ពេញ​តំបន់​ភ្នំ​ក្នុង​ទឹក​ដី​យូឌា។ ៦៦ អស់​អ្នក​ដែល​ឮ​បាន​ទុក​ពាក្យ​នោះ​ក្នុង​ចិត្ត ទាំង​គិត​ថា​៖ ​«​តើ​ទារក​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា?​»។ ព្រោះ​ព្រះ​យេហូវ៉ា*ពិត​ជា​បាន​នៅ​ជា​មួយ​នឹង​កូន​នោះ​មែន។

៦៧ រួច​មក សាការី​ជា​ឪពុក​កូន​នោះ បាន​ពេញ​ទៅ​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ គាត់​ប្រកាស​ទំនាយ​ថា​៖ ៦៨ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា*ជា​ព្រះ​នៃ​អ៊ីស្រាអែល​ទទួល​ការ​សរសើរ+ ព្រោះ​លោក​បាន​អាណិត​មេត្តា​ដល់​រាស្ដ្រ​របស់​លោក ហើយ​ជួយ​សង្គ្រោះ​ពួក​គេ។+ ៦៩ លោក​ក៏​បាន​តែង​តាំង​អ្នក​សង្គ្រោះ​ដ៏​ខ្លាំង​ក្លា*មួយ​រូប+ពី​ពូជ​ពង្ស​ដាវីឌ​ដែល​ជា​អ្នក​បម្រើ​របស់​លោក ដើម្បី​ជួយ​សង្គ្រោះ​យើង+ ៧០ ដូច​លោក​បាន​មាន​ប្រសាសន៍​តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​ដ៏​ស្មោះ​ត្រង់​របស់​លោក​ពី​សម័យ​បុរាណ​ថា+ ៧១ លោក​នឹង​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​ពួក​សត្រូវ និង​ពី​កណ្ដាប់​ដៃ​នៃ​អស់​អ្នក​ដែល​ស្អប់​យើង+ ៧២ ដើម្បី​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដោយ​យល់​ដល់​បុព្វ​បុរស​របស់​យើង ហើយ​បង្ហាញ​ថា​លោក​ចាំ​មិន​ភ្លេច​នូវ​កិច្ច​ព្រម​ព្រៀង​បរិសុទ្ធ​របស់​លោក+ ៧៣ គឺ​ពាក្យ​ដែល​លោក​បាន​ស្បថ​នឹង​អាប្រាហាំ​ជា​បុព្វ​បុរស​របស់​យើង​ថា+ ៧៤ ក្រោយ​ពី​យើង​បាន​ត្រូវ​សង្គ្រោះ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ពួក​សត្រូវ នោះ​លោក​នឹង​ផ្ដល់​កិត្តិយស​ឲ្យ​យើង​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​លោក​ដោយ​ចិត្ត​ក្លាហាន ៧៥ ដោយ​ភក្ដី​ភាព​និង​ដោយ​សុចរិត រហូត​អស់​មួយ​ជីវិត​យើង។ ៧៦ ចំណែក​អ្នក​វិញ កូន​តូច​អើយ គេ​នឹង​ហៅ​អ្នក​ថា​ជា​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ព្រោះ​អ្នក​នឹង​ទៅ​មុន​ព្រះ​យេហូវ៉ា* ដើម្បី​រៀបចំ​ផ្លូវ​ជូន​លោក+ ៧៧ និង​ដើម្បី​ផ្ដល់​ចំណេះ​ដល់​រាស្ដ្រ​របស់​លោក​ឲ្យ​ពួក​គេ​ដឹង​ថា លោក​នឹង​សង្គ្រោះ​ពួក​គេ ដោយ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ+ ៧៨ ព្រោះ​លោក​ដែល​ជា​ព្រះ​របស់​យើង​មាន​សេចក្ដី​អាណិត​មេត្តា។ ដោយ​សារ​សេចក្ដី​អាណិត​មេត្តា​នេះ យើង​នឹង​ឃើញ​ពន្លឺ​ភ្លឺ​មក​លើ​យើង ដូច​ជា​ពន្លឺ​ថ្ងៃ​រះ ៧៩ ដើម្បី​បំភ្លឺ​អស់​អ្នក​ដែល​អង្គុយ​ក្នុង​ទី​ងងឹត និង​ក្នុង​ម្លប់​នៃ​សេចក្ដី​ស្លាប់+ ហើយ​ដើម្បី​តម្រង់​ជំហាន​យើង​ទៅ​តាម​ផ្លូវ​នៃ​សេចក្ដី​សុខ​សាន្ត​»។

៨០ កូន​តូច​នោះ​កាន់​តែ​ធំ​និង​កាន់​តែ​រឹង​មាំ​ឡើង ហើយ​គាត់​បាន​នៅ​តំបន់​ស្ងាត់​ជ្រងំ រហូត​ដល់​ថ្ងៃ​ដែល​គាត់​បង្ហាញ​ខ្លួន​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ជា​ចំហ។

២ នៅ​គ្រា​នោះ សេសារ*អូគូស​បាន​ចេញ​ច្បាប់​ឲ្យ​មនុស្ស​ទាំង​អស់*ទៅ​ចុះ​បញ្ជី ២ (​នេះ​ជា​ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ជា​លើក​ដំបូង ដែល​បាន​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​អភិបាល​គីរេនាស​គ្រប់​គ្រង​ស្រុក​ស៊ីរី​)។ ៣ នៅ​ពេល​នោះ មនុស្ស​ទាំង​អស់​បាន​ធ្វើ​ដំណើរ​ទៅ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​នៅ​ក្រុង​របស់​ពួក​គេ​រៀង​ៗ​ខ្លួន។ ៤ ឯ​យ៉ូសែប+ គាត់​បាន​ចេញ​ពី​ក្រុង​ណាសារ៉ែត​ក្នុង​ស្រុកកាលីឡេ ឡើង​ទៅ​តំបន់​យូឌា ឆ្ពោះ​ទៅ​ស្រុក​កំណើត​របស់​ដាវីឌ​ដែល​ហៅ​ថា​ក្រុង​បេថ្លេហិម+ ព្រោះ​យ៉ូសែប​មក​ពី​ពូជ​ពង្ស​ដាវីឌ។ ៥ គាត់​បាន​ទៅ​ទី​នោះ ដើម្បី​ចុះ​បញ្ជី​ជា​មួយ​នឹង​ម៉ារៀ​ដែល​ជាប្រពន្ធ​របស់​គាត់។*+ ពេល​នោះ នាង​មាន​ផ្ទៃ​ពោះ​ជិត​គ្រប់​ខែ​ហើយ។+ ៦ អំឡុង​ពេល​ដែល​ពួក​គាត់​នៅ​ទី​នោះ ក៏​ដល់​ពេល​ដែល​នាង​ត្រូវ​កើត​កូន។ ៧ នាង​បង្កើត​បាន​កូន​ប្រុស​មួយ ជា​កូន​ច្បង+ ហើយ​នាង​រុំ​កូន​នោះ​នឹង​ចម្រៀក​ក្រណាត់ រួច​ដាក់​ផ្ដេក​ក្នុង​ស្នូក+ ពី​ព្រោះ​ផ្ទះ​សម្នាក់​អស់​បន្ទប់​សម្រាប់​ស្នាក់​នៅ​ហើយ។

៨ នៅ​តំបន់​នោះ​ដែរ មាន​ពួក​គង្វាល​នៅ​ឯ​វាល កំពុង​ចាំ​យាម​ហ្វូង​សត្វ​នៅ​ពេល​យប់។ ៩ រំពេច​នោះ ទេវតា​មួយ​រូប​របស់​ព្រះ​យេហូវ៉ា*បាន​ឈរ​នៅ​មុខ​ពួក​គេ ហើយ​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា*ភ្លឺ​ចិញ្ចាច​នៅ​ជុំវិញ​ពួក​គេ។ ឃើញ​ដូច្នោះ ពួក​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ១០ ប៉ុន្តែ ទេវតា​នោះ​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​កុំ​ខ្លាច​ឡើយ ព្រោះ​មើល! ខ្ញុំ​មក​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ជា​ដំណឹង​ដែល​នឹង​នាំ​ឲ្យ​មនុស្ស​ទាំង​អស់​មាន​អំណរ​ខ្លាំង​ក្រៃ​លែង។ ១១ ពី​ព្រោះ​ថ្ងៃ​នេះ អ្នក​ដែល​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា+ គឺ​គ្រិស្ត*ជា​ម្ចាស់+ បាន​កើត​មក​ក្នុង​ស្រុក​កំណើត​របស់​ដាវីឌ។+ ១២ នេះ​ជា​សញ្ញា​សម្គាល់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង គឺ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ទារក​មួយ រុំ​ដោយ​ចម្រៀក​ក្រណាត់ ហើយ​កំពុង​ដេក​នៅ​ក្នុង​ស្នូក​»។ ១៣ រំពេច​នោះ មាន​ទេវតា​មួយ​កង​ទ័ព​យ៉ាង​ធំ​ពី​ស្ថាន​សួគ៌+បាន​លេច​មក​ដែរ ហើយ​រួម​គ្នា​សរសើរ​ព្រះ​ថា​៖ ១៤ ​«​យើង​សូម​សរសើរ​តម្កើង​ព្រះ​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ ហើយ​សូម​ឲ្យ​មនុស្ស​ដែល​ជា​ទី​គាប់​ចិត្ត​លោក ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត​នៅ​ផែនដី​»។

១៥ ដូច្នេះ ក្រោយ​ពី​ទេវតា​ទាំង​នោះ​ចាក​ចេញ​ពី​ពួក​គង្វាល ហើយ​ទៅ​ស្ថាន​សួគ៌​វិញ នោះ​ពួក​គង្វាល​ក៏​និយាយ​គ្នា​ថា​៖ ​«​ចូរ​យើង​ប្រញាប់​ទៅ​ក្រុង​បេថ្លេហិម ដើម្បី​មើល​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ទី​នោះ តាម​អ្វី​ដែល​ព្រះ​យេហូវ៉ា*បាន​បើក​បង្ហាញ​ឲ្យ​យើង​ដឹង​»។ ១៦ រួច​ពួក​គេ​ក៏​រូត​រះ​ចេញ​ទៅ​ទី​នោះ។ ពួក​គេ​បាន​រក​ឃើញ​ម៉ារៀ​និង​យ៉ូសែប ព្រម​ទាំង​ទារក​ដែល​កំពុង​ដេក​នៅ​ក្នុង​ស្នូក។ ១៧ ពេល​ឃើញ​ហើយ ពួក​គង្វាល​ក៏​រៀប​រាប់​អំពី​អ្វី​ដែល​ទេវតា​បាន​ប្រាប់​ពួក​គេ​អំពី​កូន​តូច​នោះ។ ១៨ អស់​អ្នក​ដែល​បាន​ឮ​អ្វី​ដែល​ពួក​គង្វាល​រៀប​រាប់ បាន​នឹក​អស្ចារ្យ​ជា​ខ្លាំង។ ១៩ ប៉ុន្តែ ម៉ារៀ​ចាប់​ផ្ដើម​រក្សា​ពាក្យ​ទាំង​នេះ​ទុក​ក្នុង​ចិត្ត ក៏​រំពឹង​គិត​អំពី​អត្ថន័យ​ផង​ដែរ។+ ២០ រួច​មក ពួក​គង្វាល​បាន​ត្រឡប់​ទៅ​វិញ ហើយ​សរសើរ​តម្កើង​ព្រះ ព្រោះ​ពួក​គេ​បាន​ឮ​និង​បាន​ឃើញ​អ្វី​ទាំង​អស់ ដូច​ដែល​បាន​ត្រូវ​ប្រាប់​ដល់​ពួក​គេ។

២១ លុះ​ដល់​ថ្ងៃ​ទី​៨ ជា​ពេល​ដែល​ត្រូវ​កាត់​ចុង​ស្បែក*កូន​នោះ+ យ៉ូសែប​បាន​ដាក់​ឈ្មោះ​ឲ្យ​កូន​នោះ​ថា​យេស៊ូ ជា​ឈ្មោះ​ដែល​ទេវតា​បាន​ប្រាប់​ម៉ារៀ មុន​ពេល​ដែល​នាង​មាន​ផ្ទៃ​ពោះ។+

២២ លុះ​ដល់​វេលា​កំណត់​ដែល​ត្រូវ​ជម្រះ​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ​ស្រប​តាម​ច្បាប់​ម៉ូសេ+ យ៉ូសែប​និង​ម៉ារៀ​ក៏​នាំ​កូន​តូច​ទៅ​ឯ​ក្រុង​យេរូសាឡិម* ដើម្បី​បង្ហាញ​ព្រះ​យេហូវ៉ា* ២៣ ដូច​បាន​ចែង​ក្នុង​ច្បាប់​របស់​ព្រះ​យេហូវ៉ា* ដែល​ថា​៖ ​«​កូន​ប្រុស​ច្បង​ទាំង​អស់​ត្រូវ​ញែក​ទុក​ជា​បរិសុទ្ធ​សម្រាប់​ព្រះ​យេហូវ៉ា​»។*+ ២៤ ពួក​គេ​បាន​ជូន​គ្រឿង​បូជា​ស្រប​តាម​អ្វី​ដែល​ចែង​ក្នុង​ច្បាប់​របស់​ព្រះ​យេហូវ៉ា* ដែល​ថា​៖ ​«​សត្វ​លលក​មួយ​គូ ឬ​សត្វ​ព្រាប​ជំទើរ​ពីរ​ក្បាល​»។+

២៥ មើល! នៅ​ក្រុង​យេរូសាឡិម​មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម្មាន គាត់​ជា​មនុស្ស​សុចរិត និង​ជា​អ្នក​កោត​ខ្លាច​ព្រះ។ គាត់​កំពុង​រង់​ចាំ​គ្រា​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​ទទួល​បាន​ការ​សម្រាល​ទុក្ខ+ ហើយ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​បាន​សណ្ឋិត​លើ​គាត់។ ២៦ ម្យ៉ាង​ទៀត ព្រះ​បាន​បើក​បង្ហាញ​តាម​រយៈ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក ឲ្យ​ស៊ីម្មាន​ដឹង​ថា​គាត់​នឹង​មិន​ស្លាប់​ឡើយ ទាល់​តែ​គាត់​បាន​ឃើញ​គ្រិស្ត​ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា*បាន​ជ្រើស​រើស។ ២៧ ស៊ីម្មាន​បាន​ចូល​ទៅ​ក្នុង​វិហារ ដោយ​សារ​ឫទ្ធានុភាព​របស់​ព្រះ​បាន​ជំរុញ​ចិត្ត​គាត់។ នៅ​ពេល​នោះ យ៉ូសែប​និង​ម៉ារៀ​បាន​នាំ​កូន​តូច​យេស៊ូ​ចូល​ទៅ​ក្នុង​វិហារ ដើម្បី​ធ្វើ​តាម​ទំនៀម​ទម្លាប់​ដែល​ចែង​ទុក​ក្នុង​ច្បាប់។*+ ២៨ ស៊ីម្មាន​ក៏​យក​កូន​តូច​នោះ​មក​បី ហើយ​សរសើរ​ព្រះ​ថា​៖ ២៩ ​«​ម្ចាស់​ដ៏​ឧត្ដម​បំផុត​អើយ ឥឡូវ​ខ្ញុំ​បាន​ឃើញ​កូន​តូច​នេះ​ដូច​ដែល​លោក​បាន​មាន​ប្រសាសន៍។ ដូច្នេះ ខ្ញុំ​អាច​ស្លាប់​ដោយ​សុខ​សាន្ត​ហើយ។+ ៣០ ពី​ព្រោះ​ខ្ញុំ​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​របៀប​ដែល​លោក​នឹង​ផ្ដល់​សេចក្ដី​សង្គ្រោះ+ ៣១ តាម​រយៈ​បុគ្គល​ដែល​លោក​បាន​ចាត់​ឲ្យ​មក ដើម្បី​ឲ្យ​ប្រជា​ជាតិ​ទាំង​អស់​បាន​ឃើញ។+ ៣២ អ្នក​នោះ​គឺ​ជា​ពន្លឺ+ដែល​នឹង​យក​ស្បៃ​ងងឹត​ចេញ​ពី​ប្រជា​ជាតិ​ទាំង​ឡាយ+ ក៏​ជា​សិរី​រុង​រឿង​របស់​អ៊ីស្រាអែល​ជា​រាស្ដ្រ​របស់​លោក​ដែរ​»។ ៣៣ ឪពុក​ម្ដាយ​របស់​កូន​តូច​នោះ ចេះ​តែ​ឆ្ងល់​អំពី​អ្វី​ដែល​ស៊ីម្មាន​កំពុង​និយាយ​អំពី​កូន​នោះ។ ៣៤ រួច​ស៊ីម្មាន​ក៏​ជូន​ពរ​ពួក​គាត់​ទាំង​ពីរ តែ​ប្រាប់​ម៉ារៀ​ជា​ម្ដាយ​កូន​នោះ​ថា​៖ ​«​មើល! កូន​នេះ​នឹង​ទៅ​ជា​ហេតុ​ឲ្យ​មនុស្ស​ជា​ច្រើន​នៅ​អ៊ីស្រាអែល​ដួល+ ក៏​នឹង​ទៅ​ជា​ហេតុ​ឲ្យ​មនុស្ស​ជា​ច្រើន​ក្រោក​ឡើង​វិញ+ ថែម​ទាំង​នឹង​ទៅ​ជា​សញ្ញា​សម្គាល់​មួយ​ដែល​គេ​នឹង​និយាយ​ប្រឆាំង+ ៣៥ ដើម្បី​លាត​ត្រដាង​អ្វី​ដែល​មនុស្ស​ជា​ច្រើន​កំពុង​វែក​ញែក​ក្នុង​ចិត្ត។ ចំណែក​នាង​វិញ ដាវ​វែង​មួយ​នឹង​ចាក់​ទម្លុះ​ចិត្ត​របស់​នាង​»។+

៣៦ នៅ​គ្រា​នោះ​ដែរ មាន​ស្ត្រី​ម្នាក់​ឈ្មោះ​អាណា ជា​អ្នក​ប្រកាស​ទំនាយ។ គាត់​ជា​កូន​ផាញូអែល​មក​ពី​កុល​សម្ព័ន្ធ​អេស៊ើរ គាត់​ធ្លាប់​រៀប​ការ​ពេល​នៅ​ក្រមុំ ហើយ​រួម​រស់​ជា​មួយ​នឹង​ប្ដី​បាន​តែ​៧​ឆ្នាំ​ប៉ុណ្ណោះ។ ពេល​នេះ គាត់​ចាស់​ណាស់​ហើយ។ ៣៧ អាណា​ជា​ស្ត្រី​មេម៉ាយ គាត់​មាន​អាយុ​៨៤​ឆ្នាំ។ គាត់​មិន​ដែល​ខាន​ទៅ​វិហារ​ឡើយ គាត់​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ទាំង​យប់​ទាំង​ថ្ងៃ ព្រម​ទាំង​អធិដ្ឋាន​អង្វរ​សុំ​និង​តម​អាហារ។ ៣៨ នៅ​ពេល​នោះ គាត់​បាន​ចូល​មក​ជិត​ពួក​គេ ហើយ​ចាប់​ផ្ដើម​អរគុណ​ព្រះ ក៏​បាន​និយាយ​អំពី​កូន​តូច​នោះ​ប្រាប់​អស់​អ្នក​ដែល​កំពុង​រង់​ចាំ​ព្រះ​មក​សង្គ្រោះ​ក្រុង​យេរូសាឡិម។+

៣៩ លុះ​យ៉ូសែប​និង​ម៉ារៀ​បាន​ធ្វើ​តាម​អ្វី​ៗ​ដែល​ចែង​ក្នុង​ច្បាប់​ព្រះ​យេហូវ៉ា*រួច​រាល់​ហើយ+ ពួក​គាត់​ក៏​ត្រឡប់​ទៅ​ក្រុង​ណាសារ៉ែត ជា​ក្រុង​របស់​ពួក​គាត់​នៅ​ស្រុក​កាលីឡេ​វិញ។+ ៤០ កូន​តូច​នោះ​កាន់​តែ​ធំ កាន់​តែ​រឹង​មាំ និង​មាន​ប្រាជ្ញា​កាន់​តែ​ច្រើន​ឡើង ហើយ​ព្រះ​ស្រឡាញ់​ពេញ​ចិត្ត​កូន​នោះ​ខ្លាំង​ណាស់។+

៤១ ជា​រៀង​រាល់​ឆ្នាំ ឪពុក​ម្ដាយ​កុមារ​នោះ​មាន​ទម្លាប់​ទៅ​ក្រុង​យេរូសាឡិម ដើម្បី​ធ្វើ​បុណ្យ​រំលង។+ ៤២ ពេល​កុមារ​មាន​អាយុ​១២​ឆ្នាំ ពួក​គាត់​នាំ​គ្នា​ឡើង​ទៅ​ក្រុង​យេរូសាឡិម ធ្វើ​បុណ្យ​នោះ​តាម​ទម្លាប់។+ ៤៣ លុះ​បុណ្យ​នោះ​ចប់​ហើយ ឪពុក​ម្ដាយ​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ តែ​ពួក​គាត់​មិន​បាន​ដឹង​ទេ​ថា កុមារ​យេស៊ូ​នៅ​ក្រុង​យេរូសាឡិម​នៅ​ឡើយ។ ៤៤ ពួក​គាត់​គិត​ស្មានថា​កូន​កំពុង​រួម​ដំណើរ​ជា​មួយ​ដែរ តែ​ក្រោយ​ពី​ធ្វើ​ដំណើរ​អស់​មួយ​ថ្ងៃ ទើប​ដឹង​ថា​បាត់​កូន។ ដូច្នេះ ពួក​គាត់​ក៏​ចាប់​ផ្ដើម​ស្វែង​រក​កូន​ក្នុង​ចំណោម​ញាតិ​សន្ដាន និង​ពួក​អ្នក​ដែល​ពួក​គាត់​ស្គាល់។ ៤៥ ប៉ុន្តែ ពេល​រក​កូន​មិន​ឃើញ ពួក​គាត់​ក៏​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ហើយ​ខំ​ស្វែង​រក​កូន​គ្រប់​ច្រក​ល្ហក។ ៤៦ លុះ​បី​ថ្ងៃ​ក្រោយ​មក ពួក​គាត់​រក​ឃើញ​កូន​នៅ​ក្នុង​វិហារ កំពុង​អង្គុយ​ស្ដាប់​ក្នុង​ចំណោម​ពួក​គ្រូ ថែម​ទាំង​សួរ​ពួក​គ្រូ​នូវ​សំណួរ​ផ្សេង​ៗ​ទៀត​ផង។ ៤៧ ចំណែក​អស់​អ្នក​ដែល​កំពុង​ស្ដាប់ ពួក​គេ​ចេះ​តែ​នឹក​អស្ចារ្យ​ក្នុង​ចិត្ត ដោយ​សារ​ការ​យល់​ដឹង​និង​ចម្លើយ​របស់​កុមារ​នោះ។+ ៤៨ ពេល​ឪពុក​ម្ដាយ​ឃើញ​កូន ពួក​គាត់​ក៏​ភ្ញាក់​ផ្អើល ហើយ​ម្ដាយ​របស់​កុមារ​បាន​និយាយ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​កូន​ធ្វើ​ឲ្យ​យើង​បារម្ភ​ដូច្នេះ? ពុក​និង​ម៉ែ​ខំ​រក​កូន​ទាំង​ពិបាក​ចិត្ត​ខ្លាំង​ណាស់​»។ ៤៩ ប៉ុន្តែ កុមារ​សួរ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​ដើរ​រក​កូន? តើ​មិន​បាន​នឹក​ឃើញ​ថា​កូន​នៅ​ក្នុង​វិហារ​របស់​បិតា​កូន​ទេ​ឬ?​»។+ ៥០ ទោះ​ជា​ឮ​ដូច្នោះ​ក៏​ដោយ ពួក​គាត់​មិន​បាន​យល់​អត្ថន័យ​នៃ​ពាក្យ​របស់​កូន​ឡើយ។

៥១ រួច​មក កុមារ​យេស៊ូ​បាន​ចុះ​ទៅ​ក្រុង​ណាសារ៉ែត​ជា​មួយ​នឹង​ពួក​គាត់​វិញ ហើយ​បន្ត​ស្ដាប់​បង្គាប់*ពួក​គាត់។+ ម្ដាយ​របស់​កុមារ​បាន​ចង​ចាំ​ពាក្យ​ទាំង​នេះ​ទុក​ក្នុង​ចិត្ត​ជា​និច្ច។+ ៥២ កុមារ​យេស៊ូ​កាន់​តែ​ធំ​ឡើង ហើយ​មាន​ប្រាជ្ញា​កាន់​តែ​ច្រើន ថែម​ទាំង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​និង​មនុស្ស​ទៀត​ផង។

៣ នៅ​ឆ្នាំ​ទី​១៥​នៃ​ការ​គ្រប់​គ្រង​របស់​សេសារ*ទីប៊ែរ ពេល​ដែល​ប៉ុនទាស​ពីឡាត​ជា​អភិបាល​តំបន់​យូឌា និង​ហេរ៉ូឌ*+ជា​អភិបាល​ស្រុកកាលីឡេ ហើយ​ភីលីព​ជា​បង​ប្រុស​ហេរ៉ូឌ​និង​ជា​អភិបាល​ស្រុក​អ៊ីទូរៀ​និង​ត្រាខូនីត ហើយ​ឡែសេនាស​ជា​អភិបាល​ស្រុក​អាប៊ីលីនី ២ ក្នុង​សម័យ​កៃផាស+និង​អេណាស​ជា​សង្ឃ​នាយក ពេល​នោះ​ព្រះ​បាន​ឲ្យ​សេចក្ដី​ប្រកាស​ដល់​យ៉ូហាន+ជា​កូន​របស់​សាការី នៅ​តំបន់​ស្ងាត់​ជ្រងំ។+

៣ ដូច្នេះ យ៉ូហាន​បាន​ចូល​ទៅ​តំបន់​ជុំវិញ​ទន្លេ​យ៉ូដាន់ ហើយ​ផ្សព្វ​ផ្សាយ​ប្រាប់​មនុស្ស​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក* ដែល​ជា​ការ​បង្ហាញ​ថា​ពួក​គេ​បាន​ប្រែ​ចិត្ត ដើម្បី​ទទួល​ការ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​ខ្លួន+ ៤ ដូច​អេសាយ​ជា​អ្នក​ប្រកាស​ទំនាយ បាន​សរសេរ​ថា​៖ ​«​មាន​សំឡេង​មនុស្ស​ម្នាក់​ស្រែក​ប្រកាស​នៅ​តំបន់​ស្ងាត់​ជ្រងំ​ថា​៖ ‹ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះ​យេហូវ៉ា!* ចូរ​ធ្វើ​ឲ្យ​ផ្លូវ​របស់​លោក​ត្រង់។+ ៥ ចូរ​លុប​ជ្រលង​ទាំង​អស់ ហើយ​ពង្រាប​គ្រប់​ភ្នំ​គ្រប់​ទួល​ឲ្យ​រាប​ស្មើ។ ឯ​ផ្លូវ​វៀច​ក្ងិច​ក្ងក់ ចូរ​ធ្វើ​ឲ្យ​ទៅ​ជា​ផ្លូវ​ត្រង់ ហើយ​ចូរ​ធ្វើ​ឲ្យ​ផ្លូវ​រដិប​រដុប​ទៅ​ជា​រាប​ធេង​វិញ ៦ នោះ​មនុស្ស​ទាំង​អស់​នឹង​ឃើញ​ការ​សង្គ្រោះ​ពី​ព្រះ›​»។+

៧ ម្ល៉ោះ​ហើយ ពេល​ដែល​បណ្ដា​ជន​មក​ឯ​យ៉ូហាន​ដើម្បី​ឲ្យ​គាត់​ជ្រមុជ​ទឹក​ឲ្យ នោះ​គាត់​និយាយ​ទៅ​ពួក​គេ​ថា​៖ ​«​នែ! ពូជ​ពស់​មាន​ពិស! តើ​អ្នក​ណា​បាន​នាំ​ឲ្យ​អ្នក​គិត​ថា អ្នក​អាច​រួច​ជីវិត​ពី​កំហឹង​របស់​ព្រះ​ដែល​នឹង​ត្រូវ​មក?+ ៨ ដូច្នេះ ចូរ​ប្រព្រឹត្ត​យ៉ាង​ណា​ដែល​បង្ហាញ​ថា​អ្នក​បាន​ប្រែ​ចិត្ត។ កុំ​គិត​ក្នុង​ចិត្ត​ឡើយ​ថា​៖ ‹អាប្រាហាំ​ជា​ឪពុក​របស់​យើង›។ ព្រោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ​មាន​សមត្ថភាព​បង្កើត​កូន​ឲ្យ​អាប្រាហាំ​ពី​ដុំ​ថ្ម​ទាំង​នេះ​បាន។ ៩ ពូថៅ​នៅ​ក្បែរ​គល់​ឈើ​ស្រាប់​ហើយ។ ដូច្នេះ ដើម​ឈើ​ណា​ដែល​មិន​បង្កើត​ផល​ល្អ នឹង​ត្រូវ​កាប់​ចោល រួច​បោះ​ទៅ​ក្នុង​ភ្លើង​»។+

១០ បណ្ដា​ជន​បាន​សួរ​គាត់​ថា​៖ ​«​បើ​ដូច្នេះ តើ​យើង​គួរ​ធ្វើ​អ្វី?​»។ ១១ គាត់​តប​ឆ្លើយ​ថា​៖ ​«​អ្នក​ណា​ដែល​មាន​សម្លៀក​បំពាក់​ពីរ​បន្លាស់ អ្នក​នោះ​ត្រូវ​ចែក​មួយ​បន្លាស់​ឲ្យ​អ្នក​ដែល​គ្មាន​សោះ ហើយ​អ្នក​ដែល​មាន​អាហារ​បរិភោគ ក៏​ត្រូវ​ចែក​ឲ្យ​អ្នក​ដែល​គ្មាន​ដែរ​»។+ ១២ សូម្បី​តែ​ពួក​អ្នក​យក​ពន្ធ ក៏​បាន​មក​ឯ​យ៉ូហាន ឲ្យ​គាត់​ជ្រមុជ​ទឹក​ឲ្យ​ដែរ។+ ពួក​គេ​សួរ​គាត់​ថា​៖ ​«​លោក​គ្រូ! តើ​យើង​គួរ​ធ្វើ​អ្វី?​»។ ១៣ គាត់​ប្រាប់​ពួក​គេ​ថា​៖ ​«​កុំ​ទារ*ពន្ធ​លើស​ពី​អត្រា​ពន្ធ​»។+ ១៤ ម្យ៉ាង​ទៀត ពួក​ទាហាន​ក៏​សួរ​គាត់​ដែរ​ថា​៖ ​«​តើ​យើង​គួរ​ធ្វើ​អ្វី?​»។ គាត់​ឆ្លើយ​ទៅ​ពួក​គេ​ថា​៖ ​«​កុំ​ចោទ​ប្រកាន់​អ្នក​ណា​ដោយ​មិន​ពិត ឬ​ធ្វើ​បាប​អ្នក​ណា​ឡើយ*+ តែ​ត្រូវ​ស្កប់​ចិត្ត​នឹង​ការ​ឧបត្ថម្ភ*ដែល​អ្នក​បាន​ទទួល​»។

១៥ នៅ​គ្រា​នោះ បណ្ដា​ជន​កំពុង​ទន្ទឹង​រង់​ចាំ​គ្រិស្ត។* ដូច្នេះ ពួក​គេ​ទាំង​អស់គ្នា​រិះ​គិត​ក្នុង​ចិត្ត​អំពី​យ៉ូហាន​ថា​៖ ​«​ប្រហែល​គាត់​ជា​គ្រិស្ត​ទេ​ដឹង?​»។+ ១៦ យ៉ូហាន​និយាយ​ទៅ​ពួក​គេ​ទាំង​អស់​គ្នា​ថា​៖ ​«​ខ្ញុំ​ជ្រមុជ​អ្នក​រាល់​គ្នា​ក្នុង​ទឹក តែ​លោក​ដែល​ខ្លាំង​ជាង​ខ្ញុំ​កំពុង​មក ហើយ​ខ្ញុំ​មិន​សម​ទាំង​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក​ផង។+ លោក​នឹង​ជ្រមុជ​អ្នក​រាល់​គ្នា​ក្នុង​ឫទ្ធានុភាព​បរិសុទ្ធ​និង​ក្នុង​ភ្លើង។+ ១៧ លោក​កំពុង​កាន់​ប្រដាប់​រោយ​ស្រូវ* ដើម្បី​សម្អាត​លាន​បញ្ជាន់​ស្រូវ​របស់​លោក​ឲ្យ​ស្អាត​ធេង និង​ដើម្បី​ប្រមូល​ស្រូវ​សាលី​ដាក់​ក្នុង​ជង្រុក​របស់​លោក តែ​អង្កាម​វិញ លោក​នឹង​ដុត​ក្នុង​ភ្លើង​ដែល​មិន​អាច​ត្រូវ​ពន្លត់​បាន​ឡើយ​»។

១៨ យ៉ូហាន​ក៏​បាន​ដាស់​តឿន​បណ្ដា​ជន​អំពី​អ្វី​ៗ​ជា​ច្រើន​ទៀត​ដែរ ហើយ​បន្ត​ប្រកាស​ដំណឹង​ល្អ​ដល់​ពួក​គេ។ ១៩ ប៉ុន្តែ ដោយ​សារ​យ៉ូហាន​បាន​ប្រដៅ​តម្រង់​ហេរ៉ូឌ​ជា​អភិបាល​ស្រុក ស្ដី​អំពី​ការ​យក​ហេរ៉ូឌាស​ជា​ភរិយា​របស់​បង​ប្រុស​ខ្លួន និង​អំពី​ការ​ទុច្ចរិត​ទាំង​អស់​ដែល​គាត់​បាន​ប្រព្រឹត្ត ២០ នោះ​ហេរ៉ូឌ​ក៏​ចាប់​យ៉ូហាន​ដាក់​គុក នេះ​គឺ​ជា​អំពើ​ទុច្ចរិត​មួយ​ទៀត​ដែល​គាត់​បាន​ធ្វើ។+

២១ ពេល​បណ្ដា​ជន​ទាំង​ឡាយ​ទទួល​ការ​ជ្រមុជ​ទឹក លោក​យេស៊ូ​ក៏​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ដែរ។+ កាល​ដែល​លោក​កំពុង​អធិដ្ឋាន នោះ​មេឃ​បាន​បើក​ចំហ+ ២២ ហើយ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​ក៏​ចុះ​មក​សណ្ឋិត​លើ​លោក ដោយ​មាន​រូប​រាង​ដូច​ជា​សត្វ​ព្រាប និង​មាន​សំឡេង​មួយ​មក​ពី​លើ​មេឃ​ថា​៖ ​«​អ្នក​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ។ ខ្ញុំ​ពេញ​ចិត្ត​អ្នក​ណាស់​»។+

២៣ ពេល​ដែល​លោក​យេស៊ូ+ចាប់​ផ្ដើម​បំពេញ​កិច្ច​បម្រើ លោក​មាន​អាយុ​ប្រហែល​៣០​ឆ្នាំ+ ហើយ​គេ​ចាត់​ទុក​លោក

ជា​កូន*យ៉ូសែប+

យ៉ូសែប​ជា​កូន​ហេលី

២៤ ហេលី​ជា​កូន​ម៉ាថាត់

ម៉ាថាត់​ជា​កូន​លេវី

លេវី​ជា​កូន​ម៉េលឃី

ម៉េលឃី​ជា​កូន​យេណាអាយ

យេណាអាយ​ជា​កូន​យ៉ូសែប

២៥ យ៉ូសែប​ជា​កូន​ម៉ាតាធាស

ម៉ាតាធាស​ជា​កូន​អេម៉ុស

អេម៉ុស​ជា​កូន​ណាហ៊ុម

ណាហ៊ុម​ជា​កូន​អេសលី

អេសលី​ជា​កូន​ណាកាយ

២៦ ណាកាយ​ជា​កូន​ម៉េអាត

ម៉េអាត​ជា​កូន​ម៉ាតាធាស

ម៉ាតាធាស​ជា​កូន​សេមាន

សេមាន​ជា​កូន​យ៉ូស៊ិក

យ៉ូស៊ិក​ជា​កូន​យ៉ូដា

២៧ យ៉ូដា​ជា​កូន​យ៉ូអេណាន់

យ៉ូអេណាន់​ជា​កូន​រេសា

រេសា​ជា​កូន​សេរ៉ូបាបិល+

សេរ៉ូបាបិល​ជា​កូន​សាលធាល+

សាលធាល​ជា​កូន​នេរី

២៨ នេរី​ជា​កូន​ម៉េលឃី

ម៉េលឃី​ជា​កូន​អាត់ដាយ

អាត់ដាយ​ជា​កូន​កូសាម

កូសាម​ជា​កូន​អេលម៉ាដាម

អេលម៉ាដាម​ជា​កូន​អ៊ើរ

២៩ អ៊ើរ​ជា​កូន​យេស៊ូ

យេស៊ូ​ជា​កូន​អេលាស៊ើរ

អេលាស៊ើរ​ជា​កូន​យ៉ូរីម

យ៉ូរីម​ជា​កូន​ម៉ាថាត់

ម៉ាថាត់​ជា​កូន​លេវី

៣០ លេវី​ជា​កូន​ស៊ីម្មាន

ស៊ីម្មាន​ជា​កូន​យូដាស

យូដាស​ជា​កូន​យ៉ូសែប

យ៉ូសែប​ជា​កូន​យ៉ូណាម

យ៉ូណាម​ជា​កូន​អេលាគីម

៣១ អេលាគីម​ជា​កូន​ម៉េលា

ម៉េលា​ជា​កូន​ម៉េណា

ម៉េណា​ជា​កូន​ម៉ាតាថា

ម៉ាតាថា​ជា​កូន​ណាថាន់+

ណាថាន់​ជា​កូន​ដាវីឌ+

៣២ ដាវីឌ​ជា​កូន​អ៊ីសាយ+

អ៊ីសាយ​ជា​កូន​អូបិឌ+

អូបិឌ​ជា​កូន​បូអូស+

បូអូស​ជា​កូន​សាលម៉ូន+

សាលម៉ូន​ជា​កូន​ណាសូន+

៣៣ ណាសូន​ជា​កូន​អាមីណាដាប

អាមីណាដាប​ជា​កូន​អាកនី

អាកនី​ជា​កូន​ហេស្រុន

ហេស្រុន​ជា​កូន​ពេរេស+

ពេរេស​ជា​កូន​យូដា+

៣៤ យូដា​ជា​កូន​យ៉ាកុប+

យ៉ាកុប​ជា​កូន​អ៊ីសាក+

អ៊ីសាក​ជា​កូន​អាប្រាហាំ+

អាប្រាហាំ​ជា​កូន​ថេរ៉ា+

ថេរ៉ា​ជា​កូន​ណេឃ័រ+

៣៥ ណេឃ័រ​ជា​កូន​សេរូក+

សេរូក​ជា​កូន​រេហ៊ូ+

រេហ៊ូ​ជា​កូន​ពេឡេក+

ពេឡេក​ជា​កូន​ហេបឺរ+

ហេបឺរ​ជា​កូន​សេឡា+

៣៦ សេឡា​ជា​កូន​កៃណាន

កៃណាន​ជា​កូន​អាប៉ាក់សាឌ+

អាប៉ាក់សាឌ​ជា​កូន​សិម+

សិម​ជា​កូន​ណូអេ+

ណូអេ​ជា​កូន​ឡេម៉េក+

៣៧ ឡេម៉េក​ជា​កូន​ម៉េធូសាឡា+

ម៉េធូសាឡា​ជា​កូន​អេណុក

អេណុក​ជា​កូន​យ៉ារេឌ+

យ៉ារេឌ​ជា​កូន​ម៉ាហាលាល+

ម៉ាហាលាល​ជា​កូន​កៃណាន+

៣៨ កៃណាន​ជា​កូន​អេណុស+

អេណុស​ជា​កូន​សេត+

សេត​ជា​កូន​អាដាម+

អាដាម​ជា​កូន​ព្រះ។

៤ រួច​មក លោក​យេស៊ូ​បាន​ពេញ​ទៅ​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ។ លោក​បាន​ចាក​ចេញ​ពី​ទន្លេ​យ៉ូដាន់ ហើយ​ឫទ្ធានុភាព​របស់​ព្រះ​បាន​នាំ​លោក​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ+ ២ អស់​៤០​ថ្ងៃ។ នៅ​ទី​នោះ មេកំណាច*បាន​ល្បួង​លោក។+ ក្នុង​អំឡុង​ពេល​នោះ លោក​មិន​បាន​ពិសា​អ្វី​សោះ។ លុះ​ផុត​ពេល​នោះ​ទៅ លោក​ក៏​ឃ្លាន។ ៣ ភ្លាម​នោះ មេកំណាច​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​ប្រសិន​បើ​អ្នក​ជា​កូន​របស់​ព្រះ​មែន ចូរ​បង្គាប់​ដុំ​ថ្ម​នេះ​ឲ្យ​ក្លាយ​ជា​នំ​ប៉័ង*ទៅ​»។ ៤ ប៉ុន្តែ លោក​យេស៊ូ​តប​ឆ្លើយ​ថា​៖ ​«​បទ​គម្ពីរ​ចែង​ថា​៖ ‹មនុស្ស​មិន​ត្រូវ​រស់​ដោយ​សារ​តែ​នំ​ប៉័ង*ប៉ុណ្ណោះ​ទេ›​»។+

៥ ដូច្នេះ មេកំណាច​ក៏​នាំ​លោក​ទៅ​កន្លែង​ដ៏​ខ្ពស់​មួយ រួច​បង្ហាញ​រាជាណាចក្រ​ទាំង​ឡាយ​នៅ​ផែនដី ឲ្យ​លោក​ឃើញ​ក្នុង​មួយ​រំពេច។+ ៦ បន្ទាប់​មក មេកំណាច​និយាយ​ទៅ​លោក​ថា​៖ ​«​ខ្ញុំ​នឹង​ឲ្យ​អំណាច​នៃ​រាជាណាចក្រ​ទាំង​អស់​នេះ និង​ភាព​រុង​រឿង​នៃ​រាជាណាចក្រ​ទាំង​អស់​នេះ​ដល់​អ្នក ពី​ព្រោះ​អ្វី​ៗ​ទាំង​នេះ​បាន​ត្រូវ​ប្រគល់​មក​ឲ្យ​ខ្ញុំ+ ហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នក​ណា​ក៏​បាន​ស្រេច​តែ​ចិត្ត​ខ្ញុំ។ ៧ ដូច្នេះ ប្រសិន​បើអ្នក​ក្រាប​ប្រណិប័តន៍​ខ្ញុំ​តែ​មួយ​ដង អ្វី​ទាំង​អស់​នេះ​នឹង​ទៅ​ជា​របស់​អ្នក​»។ ៨ លោក​យេស៊ូ​បាន​តប​ឆ្លើយ​ថា​៖ ​«​បទ​គម្ពីរ​ចែង​ថា​៖ ‹គឺ​ព្រះ​យេហូវ៉ា*ជា​ព្រះ​របស់​អ្នក ដែល​អ្នក​ត្រូវ​គោរព​ប្រណិប័តន៍ ហើយ​គឺ​សម្រាប់​តែ​លោក​ប៉ុណ្ណោះ ដែល​អ្នក​ត្រូវ​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ›​»។+

៩ បន្ទាប់​មក មេកំណាច​នាំ​លោក​ចូល​ទៅ​ក្នុង​ក្រុង​យេរូសាឡិម ហើយ​ដាក់​លោក​នៅ​លើ​ទី​ខ្ពស់​បំផុត*នៃ​កំពែង​វិហារ រួច​ប្រាប់​ថា​៖ ​«​ប្រសិន​បើ​អ្នក​ជា​កូន​របស់​ព្រះ​មែន ចូរ​លោត​ចុះ​ពី​កំពែង​នេះ​ទៅ+ ១០ ពី​ព្រោះ​បទ​គម្ពីរ​ចែង​ថា​៖ ‹លោក​នឹង​ឲ្យ​ការ​ណែនាំ​ស្ដី​អំពី​អ្នក ដល់​បណ្ដា​ទេវតា​របស់​លោក ដើម្បី​ថែ​រក្សា​អ្នក› ១១ ហើយ​‹ពួក​គេ​នឹង​ទ្រ​អ្នក​លើ​ដៃ​របស់​ពួក​គេ មិន​ឲ្យ​ជើង​របស់​អ្នក​ទង្គិច​នឹង​ថ្ម​ឡើយ›​»។+ ១២ លោក​យេស៊ូ​តប​ឆ្លើយ​ថា​៖ ​«​បទ​គម្ពីរ​ចែង​ថា​៖ ‹អ្នក​មិន​ត្រូវ​ល្បង​ល​ព្រះ​យេហូវ៉ា*ជា​ព្រះ​របស់​អ្នក​ឡើយ›​»។+ ១៣ ដូច្នេះ ក្រោយ​ពី​បាន​ល្បួង​លោក​ចប់​ហើយ មេកំណាច​ក៏​ចេញ​ពី​លោក​ទៅ រហូត​ដល់​មាន​ឱកាស​ល្អ​មួយ​ទៀត។+

១៤ បន្ទាប់​មក លោក​យេស៊ូ​បាន​ពេញ​ទៅ​ដោយ​ឫទ្ធានុភាព​របស់​ព្រះ។ រួច​លោក​ក៏​ត្រឡប់​ទៅ​ស្រុកកាលីឡេ​វិញ+ ហើយ​ពាក្យ​សរសើរ​អំពី​លោក​បាន​ឮ​សុសសាយ​ទូទាំង​តំបន់​នៅ​ជុំវិញ​នោះ។ ១៥ ម្យ៉ាង​ទៀត លោក​ចាប់​ផ្ដើម​បង្រៀន​ក្នុង​សាលា​ប្រជុំ*នៅ​ទី​នោះ ហើយ​បណ្ដា​ជន​ទាំង​អស់​បាន​សរសើរ​តម្កើង​លោក។

១៦ ក្រោយ​មក លោក​បាន​ទៅ​ដល់​ក្រុង​ណាសារ៉ែត+ ជា​ក្រុង​ដែល​លោក​បាន​ធំ​ឡើង។ រួច​លោក​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​នៅ​ថ្ងៃ​ឈប់​សម្រាក*តាម​ទម្លាប់​របស់​លោក+ ហើយ​ក្រោក​ឈរ​ឡើង​ដើម្បី​អាន​បទ​គម្ពីរ។ ១៧ ដូច្នេះ គេ​បាន​ហុច​រមូរ*របស់​អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ឲ្យ​ទៅ​លោក រួច​លោក​បើក​រមូរ​នោះ ហើយ​រក​កន្លែង​ដែល​ចែង​ថា​៖ ១៨ ​«​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា*សណ្ឋិត​លើ​ខ្ញុំ ពី​ព្រោះ​លោក​បាន​រើស​តាំង​ខ្ញុំ​ឲ្យ​ប្រកាស​ដំណឹង​ល្អ​ដល់​អ្នក​ក្រី​ក្រ។ លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​ផ្សព្វ​ផ្សាយ​ប្រាប់​អ្នក​ដែល​ជាប់​ជា​ឈ្លើយ​អំពី​ការ​ដោះ​លែង និង​ប្រាប់​អ្នក​ដែល​ងងឹត​ភ្នែក​អំពី​ការ​មើល​ឃើញ​ឡើង​វិញ ហើយ​រំដោះ​អស់​អ្នក​ដែល​ត្រូវ​គេ​ជិះ​ជាន់+ ១៩ ថែម​ទាំង​ផ្សព្វ​ផ្សាយ​អំពី​ឆ្នាំ​ដែល​ព្រះ​យេហូវ៉ា*ពេញ​ចិត្ត​»។+ ២០ លុះ​អាន​ចប់​ហើយ លោក​មូរ​រមូរ​នោះ រួច​ហុច​ឲ្យ​អ្នក​បម្រើ​ការ​សាលា​ប្រជុំ​វិញ។ បន្ទាប់​មក លោក​ក៏​អង្គុយ​ចុះ។ ពេល​នោះ មនុស្ស​ទាំង​អស់​ក្នុង​សាលា​ប្រជុំ​កំពុង​សម្លឹង​មើល​លោក។ ២១ រួច​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​បទ​គម្ពីរ​ដែល​អ្នក​ទើប​តែ​ស្ដាប់ បាន​ក្លាយ​ជា​ការ​ពិត​នៅ​ថ្ងៃ​នេះ​»។+

២២ ពួក​គេ​ទាំង​អស់​គ្នា​ចាប់​ផ្ដើម​សរសើរ​លោក ហើយ​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ដោយ​សារ​សម្ដី​ដ៏​ពីរោះ​ដែល​ចេញ​ពី​មាត់​លោក។+ រួច​ពួក​គេ​និយាយ​គ្នា​ថា​៖ ​«​អ្នក​នេះជា​កូន​របស់​យ៉ូសែប មែន​ទេ?​»។+ ២៣ ឮ​ដូច្នេះ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​ច្បាស់​ជា​នឹង​និយាយ​ពាក្យ​នេះ​ដាក់​ខ្ញុំ​ថា​៖ ‹គ្រូ​ពេទ្យ​អើយ ចូរ​ធ្វើ​ឲ្យ​ខ្លួន​អ្នក​ជា​សះ​ស្បើយ​សិន​ទៅ។ យើង​បាន​ឮ​ថា​អ្នក​បាន​ធ្វើ​អ្វី​ៗ​ជា​ច្រើន​នៅ​ក្រុង​កាពើណិម ចូរ​ធ្វើ​ដូច្នេះ​នៅ​ទី​នេះ​ក្នុង​ស្រុក​កំណើត​របស់​អ្នក​ដែរ›​»។+ ២៤ ដូច្នេះ លោក​មាន​ប្រសាសន៍​ទៀត​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា មិន​ដែល​មាន​អ្នកប្រកាស​ទំនាយ​ណា​ដែល​គេ​ទទួល​ស្គាល់​នៅ​ក្នុង​ស្រុក​របស់​គាត់​ទេ។+ ២៥ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា នៅ​សម័យ​អេលីយ៉ា មាន​ស្ត្រី​មេម៉ាយ​ជា​ច្រើន​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល ពេល​នោះ​មាន​គ្រោះ​រាំង​ស្ងួត​អស់​បី​ឆ្នាំ​កន្លះ​ដែល​នាំ​ឲ្យ​មាន​ការ​អត់​ឃ្លាន​ជា​ខ្លាំង​នៅ​ក្នុង​ស្រុក​ទាំង​មូល។+ ២៦ ប៉ុន្តែ អេលីយ៉ា​មិន​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ឯ​ស្ត្រី​ទាំង​នោះ​ឡើយ តែ​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ឯ​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ភូមិ​សេរ៉ាផាត​ក្នុង​ស្រុក​ស៊ីដូន​តែ​ប៉ុណ្ណោះ។+ ២៧ ចំណែក​នៅ​សម័យ​អេលីសេ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​វិញ មាន​អ្នក​កើត​ឃ្លង់​ជា​ច្រើន​នាក់​នៅ​ស្រុក​អ៊ីស្រាអែល តែ​គ្មាន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​ត្រូវ​ធ្វើ​ឲ្យ​ជា​ស្អាត​ទេ មាន​តែ​ណាម៉ាន​ដែល​ជា​ជន​ជាតិ​ស៊ីរី​ប៉ុណ្ណោះ​»។+ ២៨ ពេល​មនុស្ស​ក្នុង​សាលា​ប្រជុំ​ឮ​ពាក្យ​ទាំង​នេះ ពួក​គេ​ខឹង​យ៉ាង​ខ្លាំង។+ ២៩ ភ្លាម​នោះ ពួក​គេ​ក៏​ក្រោក​ឡើង​យក​លោក​ចេញ​ទៅ​ក្រៅ​ក្រុង រួច​នាំ​ទៅ​ឯ​ចំណោត​ភ្នំ​ដែល​ជា​ទី​តាំង​ក្រុង​របស់​ពួក​គេ ដើម្បី​បោះ​ទម្លាក់​លោក​ទៅ​ក្រោម។ ៣០ ប៉ុន្តែ លោក​បាន​ដើរ​ចេញ​ពី​កណ្ដាល​ពួក​គេ​ទៅ។+

៣១ ក្រោយ​នោះ លោក​ចុះ​ទៅ​ក្រុង​កាពើណិម​នៅ​ស្រុកកាលីឡេ ហើយ​បាន​បង្រៀន​បណ្ដា​ជន​នៅ​ថ្ងៃ​ឈប់​សម្រាក។+ ៣២ ពួក​គេ​បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ដោយ​សារ​សេចក្ដី​បង្រៀន​របស់​លោក+ ពី​ព្រោះ​លោក​មាន​ប្រសាសន៍​ដូច​ជា​អ្នក​ដែល​មាន​អំណាច​ពី​ព្រះ។ ៣៣ ដំណាល​គ្នា​នោះ ក្នុង​សាលា​ប្រជុំ​មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​អសោច*ចូល ហើយ​គាត់​ស្រែក​យ៉ាង​ខ្លាំង​ថា​៖+ ៣៤ ​«​នែ! យេស៊ូ​ពី​ក្រុង​ណាសារ៉ែត!+ តើ​អ្នក​មក​រំខាន​ពួក​យើង​ធ្វើ​អ្វី? តើ​អ្នក​មក​បំផ្លាញ​យើង​ឬ? ខ្ញុំ​ដឹង​ច្បាស់​ថា​អ្នក​ជា​អ្នក​ណា។ អ្នក​ជា​អ្នក​បរិសុទ្ធ​របស់​ព្រះ​»។+ ៣៥ លោក​យេស៊ូ​ក៏ស្ដី​បន្ទោស​វា​ថា​៖ ​«​ចូរ​ស្ងៀម​ទៅ! ហើយ​ចេញ​ពី​គាត់​ភ្លាម​»។ ដូច្នេះ វិញ្ញាណ​កំណាច​នោះ​បាន​ផ្ដួល​បុរស​នោះ​នៅ​មុខ​បណ្ដា​ជន រួច​ចេញ​ពី​គាត់​ទៅ​ដោយ​មិន​ធ្វើ​ទុក្ខ​គាត់​ឡើយ។ ៣៦ ឃើញ​ដូច្នេះ ពួក​គេ​ទាំង​អស់​គ្នា​នឹក​ស្ងើច​ក្នុង​ចិត្ត ហើយ​ចាប់​ផ្ដើម​និយាយ​គ្នា​ថា​៖ ​«​សម្ដី​អ្វី​ក៏​ពូកែ​ម្ល៉េះ! ព្រោះ​លោក​បង្គាប់​វិញ្ញាណ​អសោច​ដោយ​អំណាច​និង​ឫទ្ធានុភាព ហើយ​ពួក​វា​ក៏​ចេញ​ទៅ!​»។ ៣៧ ដូច្នេះ ដំណឹង​អំពី​លោក​បាន​ឮ​សុសសាយ​ពេញ​តំបន់​នៅ​ជុំវិញ​នោះ។

៣៨ បន្ទាប់​មក លោក​បាន​ចាក​ចេញ​ពី​សាលា​ប្រជុំ។ ក្រោយ​នោះ លោក​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​ស៊ីម៉ូន។ ម្ដាយ​ក្មេក​របស់​ស៊ីម៉ូន​កំពុង​គ្រុន​ក្ដៅ​ខ្លាំង ហើយ​ពួក​គេ​បាន​សុំ​លោក​ឲ្យ​ជួយ​គាត់។+ ៣៩ ដូច្នេះ លោក​បាន​ចូល​ទៅ​ឈរ​ជិត​គាត់ ហើយ​ធ្វើ​ឲ្យ​គ្រុន​ក្ដៅ​ចេញ​ពី​គាត់។ នោះ​គាត់​ក៏​បាត់​គ្រុន​ភ្លាម រួច​គាត់​ក្រោក​ឡើង​ចាប់​ផ្ដើម​ធ្វើ​អាហារ​ជូន​លោក​និង​ពួក​គាត់​ពិសា។

៤០ លុះ​ដល់​ថ្ងៃ​លិច មនុស្ស​បាន​នាំ​អស់​អ្នក​ដែល​មាន​ជំងឺ​ផ្សេង​ៗ​ទៅ​ឯ​លោក។ លោក​បាន​ដាក់​ដៃ​លើ​ពួក​គេ​ម្នាក់​ៗ ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ។+ ៤១ ពួក​វិញ្ញាណ​កំណាច​ក៏​បាន​ចេញ​ពី​មនុស្ស​ជា​ច្រើន ទាំង​ស្រែក​ឡើង​ថា​៖ ​«​អ្នក​ជា​បុត្រ​របស់​ព្រះ​»។+ ប៉ុន្តែ លោក​បាន​ស្ដី​បន្ទោស​ពួក​វា ហើយ​មិន​ឲ្យ​ពួក​វា​និយាយ​ទេ+ ពី​ព្រោះ​ពួក​វា​ដឹង​ថា​លោក​គឺ​ជា​គ្រិស្ត។+

៤២ លុះ​ព្រលឹម​ឡើង លោក​ចេញ​ទៅ​កន្លែង​មួយ​ដាច់​ឆ្ងាយ​ពី​គេ។+ ឯ​បណ្ដា​ជន​វិញ ពួក​គេ​ចាប់​ផ្ដើម​ដើរ​រក​លោក រហូត​ដល់​កន្លែង​ដែល​លោក​នៅ ហើយ​ព្យាយាម​ឃាត់​លោក​មិន​ឲ្យ​ចេញ​ពី​ពួក​គេ​ទេ។ ៤៣ ប៉ុន្តែ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ក៏​ត្រូវ​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​នៅ​ក្រុង​ផ្សេង​ទៀត​ដែរ ពី​ព្រោះ​នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​បាន​ត្រូវ​ចាត់​ឲ្យ​មក​»។+ ៤៤ ដូច្នេះ លោក​បន្ត​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​សាលា​ប្រជុំ​ផ្សេង​ៗ​នៅ​តំបន់​យូឌា។

៥ នៅ​គ្រា​មួយ បណ្ដា​ជន​កំពុង​ស្ដាប់​លោក​យេស៊ូ​បង្រៀន​បណ្ដាំ​របស់​ព្រះ​នៅ​ក្បែរ​បឹង​កេណិសារ៉ែត។* ពេល​នោះ បណ្ដា​ជន​ខំ​ប្រជ្រៀត​គ្នា​ចូល​ទៅ​ជិត​លោក។+ ២ ខណៈ​នោះ លោក​ឃើញ​ទូក​នេសាទ​ពីរ​ចត​នៅ​មាត់​បឹង តែ​ពួក​អ្នក​នេសាទ​បាន​ឡើង​ពី​ទូក​ទៅ​លាង​អួន​របស់​ពួក​គេ។+ ៣ លោក​ក៏​ចុះ​ក្នុង​ទូក​មួយ​របស់​ស៊ីម៉ូន ហើយ​សុំ​គាត់​ឲ្យ​ចេញ​ទូក​ទៅ​ឆ្ងាយ​បន្តិច​ពី​មាត់​បឹង។ រួច​លោក​អង្គុយ​ចុះ ហើយ​ចាប់​ផ្ដើម​បង្រៀន​បណ្ដា​ជន​ពី​ក្នុង​ទូក​នោះ។ ៤ លុះ​បង្រៀន​រួច​ហើយ លោក​ក៏​ប្រាប់​ស៊ីម៉ូន​ថា​៖ ​«​ចូរ​ទៅ​កន្លែង​ដែល​មាន​ទឹក​ជ្រៅ ហើយ​ទម្លាក់​អួន​នៅ​ទី​នោះ​»។ ៥ ក៏​ប៉ុន្តែ ស៊ីម៉ូន​តប​វិញ​ថា​៖ ​«​លោក​គ្រូ យើង​បាន​ខំ​ប្រឹង​អស់​មួយ​យប់ តែ​ចាប់​មិន​បាន​អ្វី​សោះ។+ ប៉ុន្តែ ខ្ញុំ​នឹង​ទម្លាក់​អួន​តាម​ប្រសាសន៍​លោក​»។ ៦ ពេល​ទម្លាក់​អួន​តាម​ប្រសាសន៍​លោក ពួក​គេ​ចាប់​បាន​ត្រី​ច្រើន​សន្ធឹក​ណាស់ រហូត​ដល់​អួន​របស់​ពួក​គេ​ចាប់​ផ្ដើម​ធ្លាយ។+ ៧ ដូច្នេះ ពួក​គេ​ធ្វើ​សញ្ញា​ឲ្យ​ដៃ​គូ​របស់​ពួក​គេ​ដែល​នៅ​ក្នុង​ទូក​ផ្សេង​ទៀត​មក​ជួយ។ អ្នក​ទាំង​នោះ​ក៏​មក រួច​ពួក​គេ​ដាក់​ត្រី​ពេញ​ទូក​ទាំង​ពីរ គឺ​ត្រី​ច្រើន​ដល់​ម្ល៉េះ​បាន​ជា​ទូក​ហៀប​នឹង​លិច។ ៨ ឃើញ​ដូច្នេះ ស៊ីម៉ូន​ពេត្រុស​លុត​ជង្គង់​នៅ​មុខ​លោក​យេស៊ូ ហើយ​និយាយ​ថា​៖ ​«​លោក​ម្ចាស់ សូម​ចេញ​ពី​ខ្ញុំ​ទៅ ពី​ព្រោះ​ខ្ញុំ​ជា​មនុស្ស​មាន​ភាព​ខុស​ឆ្គង​»។ ៩ ព្រោះ​ក្រោយ​ពី​ចាប់​បាន​ត្រី​ច្រើន​ដូច្នេះ ស៊ីម៉ូន​ពេត្រុស​និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​នឹង​គាត់ បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ក្រៃ​លែង ១០ ហើយ​កូន​ប្រុស​ពីរ​នាក់​របស់​សេបេដេ គឺ​យ៉ាកុប​និង​យ៉ូហាន+ដែល​ជា​ដៃ​គូ​របស់​ស៊ីម៉ូន ក៏​នឹក​អស្ចារ្យ​ដែរ។ ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ស៊ីម៉ូន​ថា​៖ ​«​កុំ​ខ្លាច​ឡើយ។ ចាប់​តាំង​ពី​ឥឡូវ​នេះ​ទៅ អ្នក​នឹង​នេសាទ​មនុស្ស​វិញ​»។+ ១១ ដូច្នេះ ពួក​គេ​បាន​អុំទូក​មក​ដី​គោក​វិញ រួច​ទុក​អ្វី​ៗ​ទាំង​អស់​ចោល ហើយ​ទៅ​តាម​លោក។+

១២ នៅ​គ្រា​មួយ​ផ្សេង​ទៀត ពេល​លោក​នៅ​ក្រុង​មួយ មើល! មាន​បុរស​ម្នាក់​កើត​ឃ្លង់​ពេញ​ខ្លួន! កាល​ដែល​បុរស​នោះ​ឃើញ​លោក​យេស៊ូ គាត់​ក៏​ទៅ​ជិត រួច​ក្រាប​គោរព​លោក ហើយ​អង្វរ​ថា​៖ ​«​លោក​ម្ចាស់ បើ​លោក​ចង់​ធ្វើ​ឲ្យ​ខ្ញុំ​ជា​ស្អាត លោក​អាច​ធ្វើ​បាន​»។+ ១៣ ដូច្នេះ លោក​ក៏​លូក​ដៃ​ទៅ​ពាល់​គាត់ ហើយ​ពោល​ថា​៖ ​«​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​អ្នក​ជា​ស្អាត​មែន! សូម​ឲ្យ​ជា​ស្អាត​ចុះ​»។ រំពេច​នោះ ជំងឺ​ឃ្លង់​បាន​បាត់​ពី​ខ្លួន​គាត់​ទៅ។+ ១៤ រួច​មក លោក​បង្គាប់​បុរស​នោះ​កុំ​ឲ្យ​ប្រាប់​អ្នក​ណា​ឲ្យ​សោះ ហើយ​លោក​បាន​ប្រាប់​ទៀត​ថា​៖ ​«​ដោយ​សារ​អ្នក​បាន​ជា​ស្អាត ចូរ​ទៅ​បង្ហាញ​ខ្លួន​ដល់​ពួក​សង្ឃ ហើយ​ជូន​គ្រឿង​បូជា​ដូច​ដែល​ច្បាប់​ម៉ូសេ​បាន​បង្គាប់+ ដើម្បី​ឲ្យ​ពួក​សង្ឃ​អាច​ឃើញ​ថា​អ្នក​បាន​ជា​ស្អាត​ហើយ​»។+ ១៥ ប៉ុន្តែ ដំណឹង​នោះ​បាន​ឮ​សុសសាយ រួច​មនុស្ស​បាន​មូល​គ្នា​ជា​ក្រុម​ធំ​ៗ មក​ស្ដាប់​លោក ហើយ​សុំ​លោក​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ​ពី​ជំងឺ។+ ១៦ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ជា​រឿយ​ៗ លោក​ទៅ​កន្លែង​ដាច់​ឆ្ងាយ​ពី​គេ​ដើម្បី​អធិដ្ឋាន។

១៧ នៅ​ថ្ងៃ​មួយ ពេល​លោក​កំពុង​បង្រៀន ពួក​ផារិស៊ី*និង​ពួក​អ្នក​បង្រៀន​ច្បាប់* ដែល​មក​ពី​គ្រប់​ភូមិ​នៃ​ស្រុកកាលីឡេ​និង​តំបន់​យូឌា និង​ពី​ក្រុង​យេរូសាឡិម ក៏​អង្គុយ​នៅ​ទី​នោះ​ដែរ ហើយ​ព្រះ​យេហូវ៉ា*បាន​ឲ្យ​ឫទ្ធានុភាព​ដល់​លោក​យេស៊ូ ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ។+ ១៨ មើល! មាន​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់​ដេក​នៅ​លើ​គ្រែ​ស្នែង ហើយ​ពួក​អ្នក​ដែល​សែង​គាត់ កំពុង​រក​ផ្លូវ​នាំ​គាត់​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ ដើម្បី​ដាក់​គាត់​នៅ​មុខ​លោក​យេស៊ូ។+ ១៩ ប៉ុន្តែ ដោយ​សារ​មាន​មនុស្ស​ច្រើន​កក​កុញ ពួក​គេ​មិន​អាច​រក​ផ្លូវ​នាំ​បុរស​នោះ​ចូល​ទៅ​ក្នុង​បាន​ឡើយ។ ដូច្នេះ ពួក​គេ​ក៏​ឡើង​ទៅ​លើ​ដំបូល រួច​បើក​ក្បឿង ហើយ​សម្រូត​គាត់​លើ​គ្រែ​ស្នែង ចុះ​នៅ​ខាង​មុខ​លោក​យេស៊ូ​តែ​ម្ដង។ ២០ ពេល​លោក​ឃើញ​ជំនឿ​របស់​ពួក​គេ លោក​មាន​ប្រសាសន៍​ទៅ​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​ថា​៖ ​«​ការ​ខុស​ឆ្គង​របស់​អ្នក​បាន​ត្រូវ​អភ័យ​ទោស​ឲ្យ​ហើយ​»។+ ២១ ឮ​ដូច្នេះ ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​ផារិស៊ី​ចាប់​ផ្ដើម​រិះ​គិត​ក្នុង​ចិត្ត​ថា​៖ ​«​តើ​អ្នក​ដែល​កំពុង​និយាយ​ប្រមាថ​ព្រះ​នេះ​ជា​អ្នក​ណា? ក្រៅ​ពី​ព្រះ តើ​អ្នក​ណា​អាច​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​បាន?​»។+ ២២ ប៉ុន្តែ លោក​យេស៊ូ​បាន​ជ្រាប​អំពី​អ្វី​ដែល​ពួក​គេ​កំពុង​រិះ​គិត។ លោក​ក៏​សួរ​ថា​៖ ​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​រិះ​គិត​បែប​នេះ? ២៣ តើ​មួយ​ណា​ស្រួល​ជាង? និយាយ​ថា​៖ ‹ការ​ខុស​ឆ្គង​របស់​អ្នក​បាន​ត្រូវ​អភ័យ​ទោស​ឲ្យ​ហើយ› ឬ​និយាយ​ថា​៖ ‹ចូរ​ងើប​ឡើង ហើយ​ដើរ​ទៅ​ចុះ›។ ២៤ ក៏​ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា កូន​មនុស្ស​មាន​អំណាច​នៅ​ផែនដី​ដើម្បី​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​»។ រួច​លោក​មាន​ប្រសាសន៍​ទៅ​កាន់​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​ថា ចូរ​ងើប​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ទៅ​ផ្ទះ​ចុះ​»។+ ២៥ រំពេច​នោះ គាត់​ក៏​ងើប​ឡើង​នៅ​មុខ​ពួក​គេ ហើយ​យក​គ្រែ​ស្នែង​របស់​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ ព្រម​ទាំង​សរសើរ​តម្កើង​ព្រះ។ ២៦ បណ្ដា​ជន​គ្រប់​គ្នា​រំភើប​ចិត្ត​ក្រៃ​លែង ក៏​ចាប់​ផ្ដើម​សរសើរ​តម្កើង​ព្រះ ហើយ​ពួក​គេ​បាន​កោត​ស្ងើច​ជា​ខ្លាំង ដោយ​និយាយ​ថា​៖ ​«​ថ្ងៃ​នេះ យើង​បាន​ឃើញ​ការ​អស្ចារ្យ​ណាស់!​»។

២៧ បន្ទាប់​ពី​នេះ លោក​បាន​ចេញ​ទៅ ហើយ​ឃើញ​អ្នក​យក​ពន្ធ​ម្នាក់​ឈ្មោះ​លេវី កំពុង​អង្គុយ​នៅ​កន្លែង​យក​ពន្ធ។ លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ចូរ​មក​តាម​ខ្ញុំ​»។*+ ២៨ ឮ​ដូច្នេះ លេវី​ក៏​ទុក​អ្វី​ៗ​ទាំង​អស់​ចោល ហើយ​ក្រោក​ឡើង​ទៅ​តាម​លោក។ ២៩ រួច​មក លេវី​បាន​រៀបចំ​ពិធី​ជប់​លៀង​ដ៏​ធំ​មួយ​នៅ​ផ្ទះ​របស់​គាត់។ ក្នុង​ពិធី​នោះ មាន​អ្នក​យក​ពន្ធ​មួយ​ក្រុម​ធំ និង​អ្នក​ឯ​ទៀត​កំពុង​អង្គុយ​រួម​តុ​ជា​មួយ​នឹង​ពួក​គាត់។+ ៣០ ឃើញ​ដូច្នេះ ពួក​ផារិស៊ី​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ ចាប់​ផ្ដើម​រអ៊ូ​រទាំ​ដាក់​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​ផឹក​និង​បរិភោគ​ជា​មួយ​នឹង​អ្នក​យក​ពន្ធ​និង​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដូច្នេះ?​»។+ ៣១ លោក​យេស៊ូ​តប​ឆ្លើយ​ថា​៖ ​«​មនុស្ស​ដែល​មាន​សុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ តែ​អ្នក​ដែល​ឈឺ ទើប​ត្រូវ​ការ​គ្រូ​ពេទ្យ។+ ៣២ ខ្ញុំ​មិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ តែ​បាន​មក​ដើម្បី​ហៅ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឲ្យ​ប្រែ​ចិត្ត​វិញ​»។+

៣៣ ពួក​គេ​ជម្រាប​លោក​ថា​៖ ​«​ពួក​អ្នក​កាន់​តាម​យ៉ូហាន​តម​អាហារ​ជា​ញឹក​ញយ ថែម​ទាំង​អធិដ្ឋាន​អង្វរ​សុំ ហើយ​ពួក​អ្នក​កាន់​តាម​ពួក​ផារិស៊ី​ក៏​ធ្វើ​ដូច្នេះ​ដែរ។ ប៉ុន្តែ ពួក​អ្នក​កាន់​តាម​លោក​បែរ​ជា​ផឹក​និង​បរិភោគ​ទៅ​វិញ​»។+ ៣៤ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​អាច​បង្ខំ​មិត្ត​ភក្ដិ​របស់​កូន​កំលោះ​ឲ្យ​តម​អាហារ​ទេ ដរាប​ណា​កូន​កំលោះ​នៅ​ជា​មួយ​នឹង​ពួក​គេ មែន​ទេ? ៣៥ ក៏​ប៉ុន្តែ នឹង​មាន​គ្រា​មក​ដល់ ពេល​ដែល​កូន​កំលោះ+នឹង​ត្រូវ​គេ​ពង្រាត់​ចេញ​ពី​មិត្ត​ភក្ដិ ហើយ​នៅ​គ្រា​នោះ​ពួក​គេ​នឹង​តម​អាហារ​»។+

៣៦ លោក​ក៏​លើក​ឧទាហរណ៍​មួយ​ទៀត​ថា​៖ ​«​គ្មាន​អ្នក​ណា​កាត់​ក្រណាត់​ពី​សម្លៀក​បំពាក់​ថ្មី យក​មក​ប៉ះ​សម្លៀក​បំពាក់​ចាស់​ទេ។ បើ​ធ្វើ​ដូច្នេះ ក្រណាត់​ថ្មី​នឹង​ធ្វើ​ឲ្យ​សម្លៀក​បំពាក់​ចាស់​រហែក ហើយ​ក្រណាត់​ថ្មី​នោះ​ក៏​មិន​សម​នឹង​សម្លៀក​បំពាក់​ចាស់​ដែរ។+ ៣៧ ម្យ៉ាង​ទៀត គ្មាន​អ្នក​ណា​យក​ស្រា​ថ្មី​មក​ដាក់​ក្នុង​ថង់​ស្បែក​ចាស់​ទេ។ បើ​ធ្វើ​ដូច្នោះ ថង់​ស្បែក​នឹង​ធ្លាយ ស្រា​ក៏​ហូរ​ចេញ​អស់ ហើយ​ថង់​ស្បែក​ក៏​ត្រូវ​ខូច​ដែរ។ ៣៨ ផ្ទុយ​ទៅ​វិញ គេ​ដាក់​ស្រា​ថ្មី​ក្នុង​ថង់​ស្បែក​ថ្មី។ ៣៩ អ្នក​ណា​ដែល​ពិសា​ស្រា​ចាស់ មិន​ដែល​ចង់​ពិសា​ស្រា​ថ្មី​ឡើយ ព្រោះ​អ្នក​នោះ​និយាយ​ថា​៖ ‹ស្រា​ចាស់​មាន​គុណ​ភាព​ល្អ​ជាង›​»។

៦ នៅ​ថ្ងៃ​ឈប់​សម្រាក​មួយ លោក​កំពុង​ដើរ​កាត់​វាល​ស្រូវ​សាលី ហើយ​ពួក​អ្នក​កាន់​តាម​លោក​ដើរ​បណ្ដើរ កាច់​កួរ​ស្រូវ​មក​ឈ្លី​បរិភោគ​បណ្ដើរ។+ ២ ឃើញ​ដូច្នេះ ពួក​ផារិស៊ី​ខ្លះ​សួរ​ថា​៖ ​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​កំពុង​ធ្វើ​អ្វី​ដែល​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​នៅ​ថ្ងៃ​ឈប់​សម្រាក​ដូច្នេះ?​»។+ ៣ លោក​យេស៊ូ​ក៏​តប​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​អាន​អំពី​អ្វី​ដែល​ដាវីឌ​បាន​ធ្វើ ពេល​គាត់​និង​ពួក​បុរស​ដែល​នៅ​ជា​មួយ​នឹង​គាត់​ឃ្លាន​ទេ​ឬ?+ ៤ គាត់​បាន​ចូល​ក្នុង​វិហារ*របស់​ព្រះ ហើយ​យក​នំ​ប៉័ង​តាំង​ទុក​ជា​គ្រឿង​បូជា មក​បរិភោគ​ជា​មួយ​នឹង​ពួក​បុរស​របស់​គាត់ ដែល​គ្មាន​អ្នក​ណា​មាន​ច្បាប់​បរិភោគ​ទេ ក្រៅ​ពី​ពួក​សង្ឃ មែន​ទេ?​»។+ ៥ រួច​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ទៀត​ថា​៖ ​«​កូន​មនុស្ស​ជា​ម្ចាស់​លើ​ថ្ងៃ​ឈប់​សម្រាក​»។+

៦ នៅ​ថ្ងៃ​ឈប់​សម្រាក​មួយ​ទៀត+ លោក​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ ហើយ​ចាប់​ផ្ដើម​បង្រៀន។ នៅ​ទី​នោះ មាន​បុរស​ម្នាក់​ស្វិត​ដៃ​ស្ដាំ។+ ៧ ពេល​នោះ ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​ផារិស៊ី​ចាំ​សង្កេត​មើល​ថា លោក​យេស៊ូ​នឹង​ធ្វើ​ឲ្យ​បុរស​នោះ​ជា​សះ​ស្បើយ​នៅ​ថ្ងៃ​ឈប់​សម្រាក​ឬ​យ៉ាង​ណា ដើម្បី​មាន​ហេតុ​ចោទ​ប្រកាន់​លោក។ ៨ ប៉ុន្តែ លោក​ជ្រាប​អំពី​អ្វី​ដែល​ពួក​គេ​កំពុង​រិះ​គិត​ក្នុង​ចិត្ត។+ លោក​ក៏​មាន​ប្រសាសន៍​ទៅ​បុរស​ស្វិត​ដៃ​ថា​៖ ​«​ចូរ​ក្រោក​ឡើង ហើយ​មក​ឈរ​នៅ​ចំ​កណ្ដាល​នេះ​»។ ឮ​ដូច្នោះ បុរស​នោះ​ក៏​ក្រោក​ឡើង ហើយ​មក​ឈរ​នៅ​ទី​នោះ។ ៩ បន្ទាប់​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ចង់​សួរ​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ឈប់​សម្រាក តើ​មាន​ច្បាប់​ឲ្យ​ធ្វើ​អំពើ​ល្អ ឬ​ធ្វើ​អំពើ​អាក្រក់? តើ​មាន​ច្បាប់​ឲ្យ​សង្គ្រោះ​ជីវិត* ឬ​សម្លាប់​ជីវិត?​»។+ ១០ ក្រោយ​ពី​បាន​មើល​មុខ​ពួក​គេ​ទាំង​អស់​គ្នា​ហើយ លោក​ប្រាប់​បុរស​ស្វិត​ដៃ​ថា​៖ ​«​ចូរ​លា​ដៃ​របស់​អ្នក​»។ បុរស​នោះ​ក៏​លា​ដៃ ហើយ​ដៃ​របស់​គាត់​បាន​ជា​ឡើង​វិញ។ ១១ ប៉ុន្តែ ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​ផារិស៊ី​បាន​ខឹង​យ៉ាង​ខ្លាំង រួច​ពួក​គេ​ក៏​ពិភាក្សា​គ្នា​រក​វិធី​ធ្វើ​បាប​លោក​យេស៊ូ។

១២ នៅ​ថ្ងៃ​មួយ លោក​បាន​ឡើង​លើ​ភ្នំ​ដើម្បី​អធិដ្ឋាន+ ហើយ​លោក​បាន​អធិដ្ឋាន​ទៅ​ព្រះ​ពេញ​មួយ​យប់។+ ១៣ លុះ​ព្រឹក​ឡើង លោក​ហៅ​ពួក​អ្នក​កាន់​តាម​ឲ្យ​មក​ឯ​លោក។ ពី​ក្នុង​ចំណោម​ពួក​គេ លោក​បាន​ជ្រើស​រើស​១២​នាក់ ហើយ​ហៅ​ពួក​គេ​ថា​សាវ័ក។* ពួក​គេ​មាន​ឈ្មោះ​ដូច​ត​ទៅ​៖+ ១៤ ស៊ីម៉ូន​ដែល​លោក​ដាក់​ឈ្មោះ​មួយ​ទៀត​ថា​ពេត្រុស និង​អនទ្រេ​ជា​ប្អូន ហើយ​ក៏​មាន​យ៉ាកុប យ៉ូហាន ភីលីព+ បាថូឡូម៉េ ១៥ ម៉ាថាយ ថូម៉ាស់+ យ៉ាកុប​ជា​កូន​អាល់ផៀស និង​ស៊ីម៉ូន​ដែល​គេ​ហៅ​ថា​«​អ្នក​ខ្នះ​ខ្នែង​»​ ១៦ យូដាស​ជា​កូន​យ៉ាកុប និង​យូដាស​អ៊ីស្ការីយ៉ុត​ដែល​ក្រោយ​មក​បាន​ក្បត់​លោក​យេស៊ូ។

១៧ រួច​លោក​និង​ពួក​គាត់​ចុះ​ពី​លើ​ភ្នំ ហើយ​ឈរ​នៅ​កន្លែង​មួយ​ដែល​រាប​ស្មើ។ នៅ​ទី​នោះ មាន​អ្នក​កាន់​តាម​លោក​មួយ​ក្រុម​ធំ និង​មនុស្ស​ជា​ច្រើន​កុះ​ករ​មក​ពី​គ្រប់​ទី​កន្លែង​ក្នុង​តំបន់​យូឌា និង​ក្រុង​យេរូសាឡិម ហើយ​មក​ពី​ក្រុង​ទីរ៉ុស​និង​ក្រុង​ស៊ីដូន​ដែល​នៅ​មាត់​សមុទ្រ។ មនុស្ស​ទាំង​នោះ​បាន​មក​ដើម្បី​ស្ដាប់​លោក និង​ដើម្បី​ឲ្យ​លោក​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ​ពី​ជំងឺ។ ១៨ សូម្បី​តែ​អស់​អ្នក​ដែល​ពួក​វិញ្ញាណ​អសោច​ធ្វើ​ទុក្ខ ក៏​បាន​ជា​ដែរ។ ១៩ ពេល​មនុស្ស​បាន​ប៉ះ​លោក ឫទ្ធានុភាព​បាន​ចេញ​ពី​លោក+ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ។ ហេតុ​នេះ​ហើយ​បាន​ជា​បណ្ដា​ជន​គ្រប់​គ្នា​ចង់​ប៉ះ​លោក។

២០ រួច​លោក​មើល​មុខ​ពួក​អ្នក​កាន់​តាម ហើយ​ចាប់​ផ្ដើម​មាន​ប្រសាសន៍​ថា​៖

​«​អ្នក​រាល់​គ្នា​ដែល​ក្រី​ក្រ មាន​សុភមង្គល​ហើយ! ពី​ព្រោះ​រាជាណាចក្រ​ព្រះ​ជា​របស់​អ្នក​រាល់​គ្នា។+

២១ ​«​អ្នក​រាល់​គ្នា​ដែល​ស្រេក​ឃ្លាន​ឥឡូវ​នេះ មាន​សុភមង្គល​ហើយ! ពី​ព្រោះ​អ្នក​នឹង​បាន​ឆ្អែត​ស្កប់​ស្កល់។+

​«​អ្នក​រាល់​គ្នា​ដែល​យំ​ឥឡូវ​នេះ មាន​សុភមង្គល​ហើយ! ពី​ព្រោះ​អ្នក​នឹង​សើច​សប្បាយ។+

២២ ​«​អ្នក​រាល់​គ្នា​ដែល​គេ​ស្អប់+ គេ​ឈប់​រាប់​អាន+ គេ​ជេរ​ប្រមាថ គេ​បង្ខូច​កេរ្តិ៍​ឈ្មោះ និង​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​ទុច្ចរិត​ដោយ​សារ​កូន​មនុស្ស នោះ​អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ! ២៣ នៅ​ពេល​ជួប​រឿង​នោះ ចូរ​ត្រេក​អរ ហើយ​លោត​កញ្ឆេង​ចុះ ព្រោះ​មើល! អ្នក​រាល់​គ្នា​មាន​រង្វាន់​យ៉ាង​ធំ​នៅ​ស្ថាន​សួគ៌ ពី​ព្រោះ​បុព្វ​បុរស​របស់​ពួក​គេ​ធ្លាប់​ប្រព្រឹត្ត​ចំពោះ​ពួក​អ្នក​ប្រកាស​ទំនាយ​យ៉ាង​ដូច្នោះ​ដែរ។+

២៤ ​«​ប៉ុន្តែ អ្នក​រាល់​គ្នា​ដែល​ជា​អ្នក​មាន នឹង​ត្រូវ​វេទនា​ណាស់!+ ពី​ព្រោះ​អ្នក​បាន​ទទួល​ភាព​ស្រណុក​សុខ​ស្រួល​គ្រប់​សព្វ​រួច​ហើយ។+

២៥ ​«​អ្នក​រាល់​គ្នា​ដែល​ឆ្អែត​ស្កប់​ស្កល់​ឥឡូវ​នេះ នឹង​ត្រូវ​វេទនា​ណាស់! ពី​ព្រោះ​អ្នក​នឹង​អត់​ឃ្លាន​វិញ។

​«​អ្នក​រាល់​គ្នា​ដែល​សើច​ឥឡូវ​នេះ នឹង​ត្រូវ​វេទនា​ណាស់! ពី​ព្រោះ​អ្នក​នឹង​យំ​ដោយ​ក្ដី​ទុក្ខ​ព្រួយ។+

២៦ ​«​អ្នក​រាល់​គ្នា​ដែល​មនុស្ស​ទាំង​អស់​សរសើរ នឹង​ត្រូវ​វេទនា​ណាស់!+ ពី​ព្រោះ​បុព្វ​បុរស​របស់​មនុស្ស​ទាំង​អស់​នោះ​ក៏​ធ្លាប់​សរសើរ​ពួក​អ្នក​ប្រកាស​ទំនាយ​មិន​ពិត​យ៉ាង​ដូច្នោះ​ដែរ។

២៧ ​«​ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ដែល​កំពុង​ស្ដាប់​ថា ចូរ​បន្ត​ស្រឡាញ់​សត្រូវ​របស់​អ្នក និង​ប្រព្រឹត្ត​ល្អ​ចំពោះ​អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា+ ២៨ ហើយ​ជូន​ពរ​អស់​អ្នក​ដែល​ប្រទេច​ផ្ដាសា​អ្នក​រាល់​គ្នា ព្រម​ទាំង​អធិដ្ឋាន​ឲ្យ​អស់​អ្នក​ដែល​តិះ​ដៀល​អ្នក​ផង​ដែរ។+ ២៩ បើ​អ្នក​ណា​ទះ​កំផ្លៀង​អ្នក​ម្ខាង ចូរ​បែរ​ឲ្យ​គេ​ទះ​ម្ខាង​ទៀត​ចុះ ហើយ​បើ​អ្នក​ណា​យក​សម្លៀក​បំពាក់​ក្រៅ​របស់​អ្នក ចូរ​ឲ្យ​គេ​យក​ទាំង​សម្លៀក​បំពាក់​ក្នុង​ផង។+ ៣០ ពេល​អ្នក​ណា​សុំ​អ្វី​ពី​អ្នក ចូរ​ឲ្យ​ទៅ​គាត់​ចុះ+ ហើយ​បើ​អ្នក​ណា​យក​អ្វី​ដែល​ជា​របស់​អ្នក កុំ​ទារ​ពី​គាត់​វិញ​ឡើយ។

៣១ ​«​ម្យ៉ាង​ទៀត ចូរ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត ដូច​ដែល​អ្នក​ចង់​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​មក​លើ​អ្នក​ដែរ។+

៣២ ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អ្នក​ណា​ដែល​ស្រឡាញ់​អ្នក តើ​មាន​គុណ​បំណាច់​អ្វី? ព្រោះ​សូម្បី​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ក៏​ស្រឡាញ់​តែ​អ្នក​ដែល​ស្រឡាញ់​ពួក​គេ​ដែរ។+ ៣៣ បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ល្អ​ចំពោះ​តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​ល្អ​ចំពោះ​អ្នក តើ​មាន​គុណ​បំណាច់​អ្វី? សូម្បី​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ក៏​ធ្វើ​ដូច្នេះ​ដែរ។ ៣៤ ម្យ៉ាង​ទៀត ប្រសិន​បើ​អ្នក​រាល់​គ្នា​ឲ្យ​អ្នក​ណា​ខ្ចី* ហើយ​សង្ឃឹម​ថា​អ្នក​នោះ​នឹង​សង​វិញ តើ​មាន​គុណ​បំណាច់​អ្វី?+ សូម្បី​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ក៏​ឲ្យ​អ្នក​ផ្សេង​ទៀត​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ខ្ចី​ដែរ ដើម្បី​អាច​ទទួល​សំណង​គ្រប់​ចំនួន។ ៣៥ ផ្ទុយ​ទៅ​វិញ ចូរ​បន្ត​ស្រឡាញ់​សត្រូវ​របស់​អ្នក ហើយ​ប្រព្រឹត្ត​អំពើ​ល្អ ថែម​ទាំង​ឲ្យ​គេ​ខ្ចី ដោយ​មិន​សង្ឃឹម​ថា​គេ​នឹង​សង​វិញ​ឡើយ។+ បើ​ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មាន​រង្វាន់​យ៉ាង​ធំ ហើយ​នឹង​ទៅ​ជា​កូន​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ពី​ព្រោះ​លោក​មាន​ចិត្ត​សប្បុរស​ចំពោះ​មនុស្ស​រមិល​គុណ​និង​មនុស្ស​ទុច្ចរិត។+ ៣៦ ចូរ​បន្ត​មាន​ចិត្ត​មេត្តា​ករុណា ដូច​បិតា​របស់​អ្នក​រាល់​គ្នា​មាន​ចិត្ត​មេត្តា​ករុណា។+

៣៧ ​«​ម្យ៉ាង​វិញ​ទៀត ចូរ​ឈប់​វិនិច្ឆ័យ​អ្នក​ឯ​ទៀត នោះ​ព្រះ​នឹង​មិន​វិនិច្ឆ័យ​អ្នក​ឡើយ។+ ចូរ​ឈប់​ផ្ដន្ទា​ទោស​អ្នក​ឯ​ទៀត នោះ​ព្រះ​នឹង​មិន​ផ្ដន្ទា​ទោស​អ្នក​ទេ។ ចូរ​បន្ត​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត* នោះ​ព្រះ​នឹង​អភ័យ​ទោស​ឲ្យ​អ្នក​ដែរ។*+ ៣៨ ចូរ​ទម្លាប់​ឲ្យ​គេ ហើយ​គេ​នឹង​ឲ្យ​អ្នក​វិញ។+ ពួក​គេ​នឹង​ចាក់​មួយ​រង្វាល់​ពេញ​ចូល​ក្នុង​ថ្នក់​អាវ​របស់​អ្នក ទាំង​សង្កត់ ទាំង​រលាក់ ហើយ​បន្ថែម​ទាល់​តែ​ហៀរ​ទៀត​ផង។ ព្រោះ​អ្នក​វាល់​ឲ្យ​គេ​ប៉ុន​ណា គេ​ក៏​នឹង​វាល់​ឲ្យ​អ្នក​ប៉ុណ្ណឹង​ដែរ​»។

៣៩ រួច​មក លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ដោយ​លើក​ឧទាហរណ៍​ថា​៖ ​«​មនុស្ស​ងងឹត​ភ្នែក​មិន​អាច​នាំ​ផ្លូវ​មនុស្ស​ងងឹត​ភ្នែក​បាន​ឡើយ មែន​ទេ? ពុំ​នោះ​សោត ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ធ្លាក់​រណ្ដៅ​ជា​មិន​ខាន។+ ៤០ សិស្ស*មិន​មែន​ធំ​ជាង​គ្រូ​ឡើយ តែ​អ្នក​ណា​ដែល​បាន​ទទួល​ការ​បង្រៀន​យ៉ាង​ល្អ​ឥត​ខ្ចោះ អ្នក​នោះ​នឹង​បាន​ដូច​ជា​គ្រូ​របស់​គាត់​ដែរ។ ៤១ បើ​ដូច្នេះ ហេតុ​អ្វី​អ្នក​មើល​ឃើញ​កម្ទេច​ក្នុង​ភ្នែក​របស់​បង​ប្អូន​អ្នក តែ​មើល​មិន​ឃើញ​ធ្នឹម​ដែល​នៅ​ក្នុង​ភ្នែក​របស់​អ្នក?+ ៤២ តើ​អ្នក​អាច​ប្រាប់​បង​ប្អូន​បាន​យ៉ាង​ដូច​ម្ដេច​ថា​៖ ‹បង! សូម​ឲ្យ​ខ្ញុំ​យក​កម្ទេច​ចេញ​ពី​ភ្នែក​បង› កាល​ដែល​អ្នក​មាន​ធ្នឹម​នៅ​ក្នុង​ភ្នែក​ខ្លួន​ដូច្នេះ? មនុស្ស​មាន​ពុត​អើយ! ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​របស់​ខ្លួន​ជា​មុន​សិន ទើប​អ្នក​មើល​ឃើញ​ច្បាស់ ហើយ​អាច​យក​កម្ទេច​ចេញ​ពី​ភ្នែក​របស់​បង​ប្អូន​អ្នក​បាន។

៤៣ ​«​ព្រោះ​គ្មាន​ដើម​ឈើ​ល្អ​ណា​បង្កើត​ផល​មិន​ល្អ​ទេ ហើយ​ក៏​គ្មាន​ដើម​ឈើ​មិន​ល្អ​ណា​បង្កើត​ផល​ល្អ​ដែរ។+ ៤៤ ព្រោះ​គេ​ស្គាល់​ដើម​ឈើ​ដោយ​ផល​របស់​វា។+ ជា​ឧទាហរណ៍ គេ​មិន​ដែល​បេះ​ផ្លែ​ល្វា​តូច*ពី​ដើម​បន្លា​ទេ ហើយ​ក៏​មិន​ដែល​កាត់​ផ្លែ​ទំពាំង​បាយ​ជូរ​ពី​គុម្ព​បន្លា​ដែរ។ ៤៥ មនុស្ស​ល្អ បញ្ចេញ​អ្វី​ល្អ​ពី​របស់​ល្អ​ដែល​គាត់​បាន​សន្សំ​ទុក​ក្នុង​ចិត្ត តែ​មនុស្ស​អាក្រក់​វិញ ពួក​គេ​បញ្ចេញ​អ្វី​អាក្រក់​ពី​របស់​អាក្រក់​ដែល​គាត់​បាន​សន្សំ​ទុក​ក្នុង​ចិត្ត ព្រោះ​មាត់​របស់​គាត់​តែង​និយាយ​អ្វី​ដែល​មាន​ពោរ​ពេញ​នៅ​ក្នុង​ចិត្ត។+

៤៦ ​«​បើ​យ៉ាង​នេះ ហេតុ​អ្វី​អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ថា​‹លោក​ម្ចាស់! លោក​ម្ចាស់!› តែ​មិន​ធ្វើ​តាម​អ្វី​ដែល​ខ្ញុំ​និយាយ​ដូច្នេះ?+ ៤៧ អ្នក​ណា​ដែល​ស្ដាប់​ពាក្យ​របស់​ខ្ញុំ ហើយ​ធ្វើ​តាម ខ្ញុំ​នឹង​ប្រាប់​អ្នក​រាល់​គ្នា​ថា​អ្នក​នោះ​គឺ​ដូច​ជា​អ្នក​ណា។+ ៤៨ អ្នក​នោះ​គឺ​ដូច​ជា​មនុស្ស​ម្នាក់​ដែល​កំពុង​សង់​ផ្ទះ។ គាត់​បាន​ជីក​ដី​យ៉ាង​ជ្រៅ ក៏​ចាក់​គ្រឹះ​លើ​ផ្ទាំង​ថ្ម។ ម្ល៉ោះ​ហើយ ពេល​មាន​ទឹក​ជំនន់ ទឹក​បាន​ហូរ​មក​បុក​ផ្ទះ​នោះ តែ​មិន​ខ្លាំង​ល្មម​នឹង​ធ្វើ​ឲ្យ​ផ្ទះ​នោះ​រង្គើ​ឡើយ ពី​ព្រោះ​ផ្ទះ​នោះ​បាន​ត្រូវ​សង់​យ៉ាង​រឹង​មាំ។+ ៤៩ ផ្ទុយ​ទៅ​វិញ អ្នក​ណា​ដែល​ឮ តែ​មិន​ធ្វើ​តាម+ អ្នក​នោះ​គឺ​ដូច​ជា​មនុស្ស​ម្នាក់​ដែល​កំពុង​សង់​ផ្ទះ​នៅ​លើ​ដី តែ​មិន​ចាក់​គ្រឹះ​ឡើយ។ លុះ​ពេល​ទឹក​ហូរ​មក​បុក​ផ្ទះ​នោះ ផ្ទះ​នោះ​ក៏​បាក់​ស្រុត​ខូច​អស់​ទៅ​»។

៧ ក្រោយ​មាន​ប្រសាសន៍​ទៅ​បណ្ដា​ជន​រួច​ហើយ លោក​បាន​ចូល​ទៅ​ក្នុង​ក្រុង​កាពើណិម។ ២ នៅ​ក្រុង​នោះ មាន​នាយ​ទាហាន​ម្នាក់ គាត់​មាន​ខ្ញុំ​បម្រើ​ដែល​ឈឺ​ជិត​ស្លាប់ ហើយ​គាត់​ស្រឡាញ់​ខ្ញុំ​បម្រើ​នោះ​ណាស់។+ ៣ ពេល​ឮ​ថា​លោក​យេស៊ូ​មក នាយ​ទាហាន​នោះ​ក៏​ចាត់​ពួក​អ្នក​ចាស់​ទុំ​ជនជាតិ​យូដា​ខ្លះ ឲ្យ​ទៅ​អង្វរ​សុំ​លោក​ឲ្យ​មក ដើម្បី​ធ្វើ​ឲ្យ​ខ្ញុំ​បម្រើ​របស់​គាត់​ជា​សះ​ស្បើយ។ ៤ ពួក​គេ​បាន​ចូល​មក​ជិត​លោក​យេស៊ូ ហើយ​ចាប់​ផ្ដើម​ទទូច​អង្វរ​ថា​៖ ​«​គាត់​សម​នឹង​ទទួល​ជំនួយ​ពី​លោក ៥ ព្រោះ​គាត់​ស្រឡាញ់​ជន​ជាតិ​យើង ហើយ​ក៏​បាន​សាង​សង់​សាលា​ប្រជុំ​របស់​យើង​ដែរ​»។ ៦ ដូច្នេះ លោក​យេស៊ូ​ក៏​ចេញ​ទៅ​ជា​មួយ​នឹង​ពួក​គេ។ ប៉ុន្តែ ពេល​ដែល​លោក​ទៅ​ជិត​ដល់​ផ្ទះ​នោះ នាយ​ទាហាន​បាន​ចាត់​មិត្ត​ភក្ដិ​ឲ្យ​ទៅ​ជម្រាប​លោក​ថា​៖ ​«​លោក​មិន​ចាំ​បាច់​អញ្ជើញ​មក​ទេ ព្រោះ​ខ្ញុំ​មិន​សម​នឹង​ទទួល​លោក​ចូល​ក្នុង​ផ្ទះ​ខ្ញុំ​ឡើយ។+ ៧ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​គិត​ថា ខ្លួន​ខ្ញុំ​មិន​សម​នឹង​ទៅ​ជួប​លោក​ដោយ​ផ្ទាល់​នោះ​ទេ។ ប៉ុន្តែ សូម​លោក​គ្រាន់​តែ​មាន​ប្រសាសន៍​ប៉ុណ្ណោះ នោះ​អ្នក​បម្រើ​របស់​ខ្ញុំ​នឹង​ជា​សះ​ស្បើយ។ ៨ ព្រោះ​ខ្ញុំ​ក៏​នៅ​ក្រោម​បង្គាប់​គេ​ដែរ ហើយ​ក៏​មាន​កូន​ទាហាន​ដែល​នៅ​ក្រោម​បង្គាប់​ខ្ញុំ។ បើ​ខ្ញុំ​បង្គាប់​អ្នក​ណា​ឲ្យ​‹ទៅ!› អ្នក​នោះ​ក៏​ទៅ ហើយ​បើ​ខ្ញុំ​បង្គាប់​អ្នក​ណា​ឲ្យ​‹មក!› អ្នក​នោះ​ក៏​មក។ បើ​ខ្ញុំ​បង្គាប់​ខ្ញុំ​បម្រើ​របស់​ខ្ញុំ​ឲ្យ​‹ធ្វើ​ការ​នេះ!› គាត់​ក៏​ធ្វើ​តាម​»។ ៩ ពេល​ឮ​ពាក្យ​ទាំង​នេះ លោក​យេស៊ូ​ក៏​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ចំពោះ​នាយ​ទាហាន​នោះ រួច​លោក​បែរ​ទៅ​បណ្ដា​ជន​ដែល​ដើរ​តាម​លោក ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ក្នុង​ស្រុក​អ៊ីស្រាអែល ខ្ញុំ​មិន​ដែល​ឃើញ​អ្នក​ណា​មាន​ជំនឿ​ខ្លាំង​យ៉ាង​នេះ​ទេ​»។+ ១០ រួច​ពួក​អ្នក​ដែល​នាយ​ទាហាន​បាន​ចាត់​នោះ ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ។ លុះ​ទៅ​ដល់ ពួក​គេ​ឃើញ​ថា​ខ្ញុំ​បម្រើ​នោះ​មាន​សុខភាព​ល្អ​ឡើង​វិញ​ហើយ។+

១១ មិន​យូរ​ក្រោយ​ពី​នោះ លោក​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​មួយ​ហៅ​ថា​ណេអ៊ីន ហើយ​ពួក​អ្នក​កាន់​តាម​និង​មនុស្ស​មួយ​ក្រុម​ធំ​ក៏​ធ្វើ​ដំណើរ​ជា​មួយ​នឹង​លោក​ដែរ។ ១២ លុះ​ទៅ​ជិត​ដល់​ខ្លោង​ទ្វារ​ក្រុង មាន​គេ​សែង​សព​បុរស​ម្នាក់។ គាត់​ជា​កូន​ប្រុស​តែ​មួយ​គត់​របស់​ស្ត្រី​មេម៉ាយ​ម្នាក់។+ ពេល​នោះ មនុស្ស​មួយ​ក្រុម​ធំ​ពី​ក្រុង​នោះ ក៏​ហែ​សព​ជា​មួយ​នឹង​នាង​ដែរ។ ១៣ ពេល​ដែល​លោក​ម្ចាស់​យេស៊ូ​ក្រឡេក​ទៅ​ឃើញ​នាង លោក​មាន​ចិត្ត​ក្ដួល​អាណិត+ ក៏​មាន​ប្រសាសន៍​ទៅ​នាង​ថា​៖ ​«​ឈប់​យំ​ទៅ​»។+ ១៤ បន្ទាប់​មក លោក​ដើរ​ទៅ​ជិត ហើយ​ពាល់​គ្រែ​ស្នែង នោះ​ពួក​អ្នក​សែង​ក៏​ឈប់។ រួច​លោក​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​កំលោះ​អើយ ខ្ញុំ​ប្រាប់​អ្នក​ថា ចូរ​ក្រោក​ឡើង!​»។+ ១៥ ឯ​បុរស​ដែល​ស្លាប់​នោះ​ក៏​ងើប​ឡើង​អង្គុយ ហើយ​ចាប់​ផ្ដើម​និយាយ រួច​លោក​យេស៊ូ​ប្រគល់​គាត់​ឲ្យ​ម្ដាយ​គាត់​វិញ។+ ១៦ ពួក​គេ​ទាំង​អស់​គ្នា​ក៏​ស្ញែង​ខ្លាច រួច​ចាប់​ផ្ដើម​សរសើរ​តម្កើង​ព្រះ​ថា​៖ ​«​ព្រះ​បាន​តែង​តាំង​អ្នក​ប្រកាស​ទំនាយ​ដ៏​ឧត្ដម​ម្នាក់​ក្នុង​ចំណោម​យើង​»​+ ហើយ​ថា​៖ ​«​ព្រះ​បាន​នឹក​ចាំ​រាស្ដ្រ​របស់​លោក​»។+ ១៧ ដំណឹង​នេះ​អំពី​លោក​បាន​ឮ​សុសសាយ​ពេញ​តំបន់​យូឌា​ទាំង​មូល​និង​តំបន់​នៅ​ជុំវិញ។

១៨ ឯ​ពួក​អ្នក​កាន់​តាម​យ៉ូហាន​វិញ ពួក​គេ​បាន​នាំ​ដំណឹង​ទាំង​នេះ​ទៅ​ប្រាប់​គាត់។+ ១៩ ដូច្នេះ យ៉ូហាន​បាន​ហៅ​អ្នក​កាន់​តាម​ពីរ​នាក់​មក ហើយ​ឲ្យ​ពួក​គេ​ទៅ​សួរ​លោក​ម្ចាស់​យេស៊ូ​ថា​៖ ​«​តើ​លោក​ជា​អ្នក​ដែល​ត្រូវ​មក​ឬ?+ ឬ​ក៏​យើង​ត្រូវ​រង់​ចាំ​អ្នក​ផ្សេង​ទៀត?​»។ ២០ ម្ល៉ោះ​ហើយ ពួក​គេ​បាន​ទៅ​ឯ​លោក ហើយ​និយាយ​ថា​៖ ​«​យ៉ូហាន​ជា​អ្នក​ជ្រមុជ​ទឹក​បាន​ចាត់​ពួក​ខ្ញុំ​ឲ្យ​មក​សួរ​លោក​ថា​៖ ‹តើ​លោក​ជា​អ្នក​ដែល​ត្រូវ​មក​ឬ? ឬ​ក៏​យើង​ត្រូវ​រង់​ចាំ​អ្នក​ផ្សេង​ទៀត?›​»។ ២១ នៅ​ពេល​នោះ លោក​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ជា​ពី​រោគា​ផ្សេង​ៗ​+ និង​ជា​ពី​ជំងឺ​ធ្ងន់​ធ្ងរ ហើយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ងងឹត​ភ្នែក​ជា​ច្រើន​នាក់​មើល​ឃើញ​ឡើង​វិញ ថែម​ទាំង​បាន​បណ្ដេញ​ពួក​វិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្ស​ទៀត​ផង។ ២២ ដូច្នេះ លោក​តប​ឆ្លើយ​ទៅ​អ្នក​ទាំង​ពីរ​នោះ​ថា​៖ ​«​ចូរ​ទៅ​ប្រាប់​យ៉ូហាន​អំពី​អ្វី​ដែល​អ្នក​បាន​ឮ​និង​ឃើញ គឺ​មនុស្ស​ងងឹត​ភ្នែក​កំពុង​មើល​ឃើញ+ មនុស្ស​ខ្វិន​កំពុង​ដើរ មនុស្ស​កើត​ឃ្លង់​បាន​ជា​ស្អាត មនុស្ស​ថ្លង់​កំពុង​ស្ដាប់​ឮ+ មនុស្ស​ស្លាប់​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​មនុស្ស​ក្រី​ក្រ​កំពុង​ស្ដាប់​ដំណឹង​ល្អ។+ ២៣ ដូច្នេះ អ្នក​ណា​ដែល​មិន​រក​ហេតុ​សង្ស័យ​លើ​ខ្ញុំ* អ្នក​នោះ​មាន​សុភមង្គល​ហើយ​»។+

២៤ លុះ​អ្នក​កាន់​តាម​ពីរ​នាក់​របស់​យ៉ូហាន​ចេញ​ទៅ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​កាន់​បណ្ដា​ជន​អំពី​យ៉ូហាន​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​បាន​ចេញ​ទៅ​តំបន់​ស្ងាត់​ជ្រងំ​ដើម្បី​មើល​អ្វី? តើ​ទៅ​មើល​ដើម​ត្រែង​មួយ​ដែល​យោល​ចុះ​យោល​ឡើង​តាម​ខ្យល់​ឬ?+ ២៥ បើ​មិន​ដូច្នេះ​ទេ តើ​អ្នក​រាល់​គ្នា​បាន​ចេញ​ទៅ​មើល​អ្វី? ទៅ​មើល​បុរស​ម្នាក់​ដែល​មាន​សម្លៀក​បំពាក់​ទន់​ល្មឿយ*ឬ?+ មិន​មែន​ទេ ព្រោះ​ពួក​អ្នក​ដែល​រស់​នៅ​ក្នុង​លំនៅ​ស្ដេច ទើប​មាន​សម្លៀក​បំពាក់​ប្រណីត​និង​របស់​របរ​ល្អ​វិសេស។ ២៦ បើ​ពុំ​នោះ​ទេ តើ​អ្នក​រាល់​គ្នា​បាន​ចេញ​ទៅ​មើល​អ្វី? ទៅ​មើល​អ្នក​ប្រកាស​ទំនាយ​ឬ? ត្រូវ​ហើយ! ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គាត់​សំខាន់​ជាង​អ្នក​ប្រកាស​ទំនាយ​ទៅ​ទៀត។+ ២៧ គឺ​អ្នក​នោះ​ហើយ​ដែល​បាន​ត្រូវ​កត់​ទុក​ថា​៖ ‹មើល! ខ្ញុំ​នឹង​ចាត់​អ្នក​នាំ​ពាក្យ​របស់​ខ្ញុំ​ឲ្យ​ទៅ​មុន​អ្នក ហើយ​គាត់​នឹង​រៀបចំ​ផ្លូវ​ឲ្យ​អ្នក›។+ ២៨ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​ដែល​ធ្លាប់​រស់​នៅ គ្មាន​អ្នក​ណា​ធំ​ជាង​យ៉ូហាន​ទេ។ ប៉ុន្តែ អ្នក​ដែល​តូច​ជាង​គេ​ក្នុង​រាជាណាចក្រ​របស់​ព្រះ គឺ​ធំ​ជាង​គាត់​»​+ ២៩ (​ពេល​ឮ​ដូច្នេះ បណ្ដា​ជន​ទាំង​ឡាយ​និង​ពួក​អ្នក​យក​ពន្ធ​បាន​ប្រកាស​ថា​ព្រះ​គឺ​សុចរិត ពី​ព្រោះ​ពួក​គេ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ពី​យ៉ូហាន។+ ៣០ ប៉ុន្តែ ពួក​ផារិស៊ី​និង​ពួក​អ្នក​ចេះ​ច្បាប់*ស្ទាត់​មិន​បាន​ធ្វើ​តាម​ឱវាទ*ដែល​ព្រះ​ផ្ដល់​ឲ្យ​ពួក​គេ​ឡើយ+ ដោយ​សារ​ពួក​គេ​មិន​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ពី​យ៉ូហាន​)។

៣១ លោក​យេស៊ូ​មាន​ប្រសាសន៍​ត​ទៅ​ទៀត​ថា​៖ ​«​តើ​ខ្ញុំ​អាច​ប្រដូច​មនុស្ស​ជំនាន់​នេះ​ទៅ​នឹង​អ្នក​ណា? តើ​មនុស្ស​ជំនាន់​នេះ​ដូច​អ្នក​ណា?+ ៣២ ពួក​គេ​គឺ​ដូច​កូន​ក្មេង​ដែល​អង្គុយ​នៅ​ផ្សារ ហើយ​ស្រែក​ដាក់​គ្នា​ថា​៖ ‹យើង​បាន​ផ្លុំ​ខ្លុយ​ឲ្យ​ឯង​រាល់​គ្នា តែ​ឯង​មិន​បាន​រាំ​ទេ។ យើង​បាន​ទ្រហោ​យំ តែ​ឯង​រាល់​គ្នា​មិន​បាន​យំ​ទេ›។ ៣៣ ដូច​គ្នា​ដែរ ពេល​ដែល​យ៉ូហាន​ជា​អ្នក​ជ្រមុជ​ទឹក​មក គាត់​មិន​បាន​ពិសា​អាហារ​ពិសា​ស្រា​ទេ+ តែ​គេ​និយាយ​ថា​៖ ‹គាត់​មាន​វិញ្ញាណ​កំណាច​ចូល›។ ៣៤ ពេល​ដែល​កូន​មនុស្ស​មក លោក​បាន​ពិសា​អាហារ​ពិសា​ស្រា ប៉ុន្តែ​គេ​នៅ​តែ​និយាយ​ថា​៖ ‹មើល! បុរស​នេះ​ល្មោភ​ស៊ី ក៏​ជា​អ្នក​ល្មោភ​ស្រា ហើយ​ជា​មិត្ត​ភក្ដិ​របស់​អ្នក​យក​ពន្ធ​និង​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង!›។+ ៣៥ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អំពើ​សុចរិត​ដែល​មនុស្ស​ម្នាក់​ធ្វើ បង្ហាញ​ថា​អ្នក​នោះ​មាន​ប្រាជ្ញា​»។+

៣៦ មាន​ផារិស៊ី​ម្នាក់​ឈ្មោះ​ស៊ីម៉ូន គាត់​អញ្ជើញ​លោក​យេស៊ូ​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​ទៅ​បរិភោគ​អាហារ​ជា​មួយ​នឹង​គាត់។ ម្ល៉ោះ​ហើយ លោក​ក៏​ចូល​ក្នុង​ផ្ទះ​របស់​ផារិស៊ី​នោះ រួច​អង្គុយ​នៅ​តុ។ ៣៧ មើល! មាន​ស្ត្រី​ម្នាក់​ដែល​អ្នក​ក្រុង​ស្គាល់​ជា​ទូទៅ​ថា​ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង នាង​បាន​ឮ​ថា​លោក​កំពុង​បរិភោគ​អាហារ​នៅ​ផ្ទះ​របស់​ផារិស៊ី​នោះ។ ដូច្នេះ នាង​បាន​យក​ប្រេង​ក្រអូប​ក្នុង​ដប​ថ្ម​កែវ​ទៅ​ជា​មួយ។+ ៣៨ លុះ​ទៅ​ដល់ នាង​បាន​លុត​ជង្គង់​ពី​ក្រោយ​លោក ហើយ​ចាប់​ផ្ដើម​យំ​សម្រក់​ទឹក​ភ្នែក​លើ​ជើង​លោក រួច​យក​សក់​នាង​មក​ជូត។ នាង​ថែម​ទាំង​ថើប​ជើង​លោក​ថ្នម​ៗ ហើយ​ក៏​យក​ប្រេង​ក្រអូប​មក​ចាក់​លាប​ផង។ ៣៩ ពេល​ឃើញ​ដូច្នេះ ផារិស៊ី​ដែល​បាន​អញ្ជើញ​លោក ក៏​គិត​ក្នុង​ចិត្ត​ថា​៖ ​«​ប្រសិន​បើ​បុរស​នេះ​ជា​អ្នក​ប្រកាស​ទំនាយ​មែន លោក​ច្បាស់​ជា​ជ្រាប​ថា​ស្ត្រី​ដែល​កំពុង​ពាល់​លោក​នេះ ជា​ស្ត្រី​បែប​ណា​ហើយ ព្រោះ​នាង​ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​»។+ ៤០ ប៉ុន្តែ លោក​យេស៊ូ​ជ្រាប​អំពី​គំនិត​របស់​គាត់ ដូច្នេះ​លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ស៊ីម៉ូន ខ្ញុំ​ចង់​ប្រាប់​អ្នក​រឿង​មួយ​»។ គាត់​ឆ្លើយ​ថា​៖ ​«​អញ្ជើញ​មាន​ប្រសាសន៍​មក​លោក​គ្រូ!​»។

៤១ ​«​មាន​បុរស​ពីរ​នាក់​ជំពាក់​ប្រាក់​គេ។ ម្នាក់​ជំពាក់​ប្រាក់​៥០០​ឌីណារី* ឯ​ម្នាក់​ទៀត​ជំពាក់​ប្រាក់​៥០​ឌីណារី។ ៤២ ពេល​ដែល​ពួក​គេ​គ្មាន​អ្វី​សង នោះ​ម្ចាស់​បំណុល​បាន​ឲ្យ​ពួក​គេ​ទាំង​ពីរ​នាក់​រួច​បំណុល។* ដូច្នេះ តើ​អ្នក​គិត​ថា​បុរស​មួយ​ណា​នឹង​ស្រឡាញ់​ម្ចាស់​បំណុល​ខ្លាំង​ជាង?​»។ ៤៣ ស៊ីម៉ូន​ឆ្លើយ​ថា​៖ ​«​តាម​គំនិត​ខ្ញុំ គឺ​បុរស​ដែល​ជំពាក់​បំណុល​ច្រើន​ជាង​»។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ឆ្លើយ​ត្រូវ​ហើយ​»។ ៤៤ រួច​លោក​បែរ​ទៅ​រក​ស្ត្រី​នោះ ហើយ​មាន​ប្រសាសន៍​ទៅ​ស៊ីម៉ូន​ថា​៖ ​«​តើ​អ្នក​ឃើញ​ស្ត្រី​នេះ​ទេ? ខ្ញុំ​បាន​ចូល​ផ្ទះ​របស់​អ្នក តែ​អ្នក​មិន​បាន​ឲ្យ​ទឹក​សម្រាប់​លាង​ជើង​ខ្ញុំ​ទេ។ ក៏​ប៉ុន្តែ ស្ត្រី​នេះ​បាន​ផ្សើម​ជើង​ខ្ញុំ​ដោយ​ទឹក​ភ្នែក​របស់​នាង ហើយ​បាន​យក​សក់​មក​ជូត​ផង។ ៤៥ អ្នក​មិន​បាន​ថើប​ខ្ញុំ​ទេ តែ​តាំង​ពី​ពេល​ដែល​ខ្ញុំ​ចូល​មក ស្ត្រី​នេះ​បាន​ថើប​ជើង​ខ្ញុំ​ថ្នម​ៗ​ឥត​ឈប់។ ៤៦ អ្នក​មិន​បាន​ចាក់​ប្រេង​លាប​ក្បាល​ខ្ញុំ​ទេ តែ​ស្ត្រី​នេះ​បាន​ចាក់​ប្រេង​ក្រអូប​លាប​ជើង​ខ្ញុំ។ ៤៧ ម្ល៉ោះ​ហើយ ខ្ញុំ​ប្រាប់​អ្នក​ថា ពិត​មែន​តែ​នាង​បាន​ធ្វើ​ខុស​ជា​ច្រើន តែ​នាង​បាន​ទទួល​ការ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​ទាំង​នោះ​ហើយ+ ហេតុ​នេះ​នាង​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ច្រើន។ ប៉ុន្តែ អ្នក​ណា​ដែល​បាន​ទទួល​ការ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​តិច​តួច អ្នក​នោះ​បង្ហាញ​សេចក្ដី​ស្រឡាញ់​តិច​តួច​»។ ៤៨ រួច​លោក​មាន​ប្រសាសន៍​ទៅ​នាង​ថា​៖ ​«​អំពើ​ខុស​ឆ្គង​របស់​នាង​បាន​ត្រូវ​អភ័យ​ទោស​ឲ្យ​ហើយ​»។+ ៤៩ ឮ​ដូច្នេះ ពួក​អ្នក​ដែល​កំពុង​រួម​តុ​ជា​មួយ​នឹង​លោក ក៏​រិះ​គិត​ក្នុង​ចិត្ត​ថា​៖ ​«​តើ​បុរស​នេះ​ជា​អ្នក​ណា សូម្បី​តែ​អំពើ​ខុស​ឆ្គង​ក៏​លោក​អាច​អភ័យ​ទោស​ឲ្យ​បាន​ដែរ?​»។+ ៥០ ប៉ុន្តែ លោក​មាន​ប្រសាសន៍​ទៅ​ស្ត្រី​នោះ​ថា​៖ ​«​ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ+ សូម​អញ្ជើញ​ទៅ​ដោយ​សុខ​សាន្ត​ចុះ​»។

៨ មិន​យូរ​ក្រោយ​ពី​នោះ លោក​បាន​ធ្វើ​ដំណើរ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ដើម្បី​ផ្សព្វ​ផ្សាយ​និង​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ។+ ឯ​សាវ័ក​ទាំង​១២​នាក់ ពួក​គាត់​ក៏​ទៅ​ជា​មួយ​នឹង​លោក​ដែរ។ ២ មាន​ស្ត្រី​ខ្លះ​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ជា​ពី​ជំងឺ​ផ្សេង​ៗ និង​រំដោះ​ឲ្យ​រួច​ពី​ឥទ្ធិពល​នៃ​ពួក​វិញ្ញាណ​អាក្រក់។ ក្នុង​នោះ​មាន​៖ ម៉ារៀ​ដែល​ហៅ​ថា​ម៉ាក់ដាឡេន ដែល​លោក​បាន​បណ្ដេញ​វិញ្ញាណ​កំណាច​៧​ចេញ​ពី​នាង ៣ និង​យ៉ូហាណា+ជា​ប្រពន្ធ​របស់​ឃូសា​ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​ផ្ទះ​របស់​ហេរ៉ូឌ ថែម​ទាំង​ស៊ូសាណា និង​ស្ត្រី​ជា​ច្រើន​នាក់​ទៀត​ដែល​ប្រើ​ធន​ធាន​របស់​ខ្លួន ដើម្បី​បម្រើ​លោក​និង​ពួក​សាវ័ក។+

៤ ពេល​មនុស្ស​មួយ​ក្រុម​យ៉ាង​ធំ​បាន​មូល​គ្នា​ជា​មួយ​នឹង​ពួក​អ្នក​ដែល​តាម​លោក​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ នោះ​លោក​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ដោយ​លើក​ឧទាហរណ៍​ដូច​ត​ទៅ​៖+ ៥ ​«​មាន​មនុស្ស​ម្នាក់​ចេញ​ទៅ​សាប​ព្រោះ​គ្រាប់​ពូជ។ ពេល​គាត់​កំពុង​សាប​ព្រោះ គ្រាប់​ពូជ​ខ្លះ​បាន​ធ្លាក់​តាម​ផ្លូវ ក៏​ត្រូវ​គេ​ដើរ​ជាន់ ហើយ​មានសត្វ​ស្លាប​មក​ចឹក​ស៊ី​អស់​ទៅ។+ ៦ គ្រាប់​ពូជ​ខ្លះ​ទៀត​បាន​ធ្លាក់​លើ​ផ្ទាំង​ថ្ម រួច​ក៏​ចេញ​ពន្លក​ភ្លាម តែ​បាន​ក្រៀម​ស្វិត​ទៅ​ព្រោះ​គ្មាន​សំណើម។+ ៧ ឯ​គ្រាប់​ពូជ​ខ្លះ​ទៀត​បាន​ធ្លាក់​លើ​ដី​ដែល​មាន​ដើម​បន្លា រួច​ដើម​បន្លា​ក៏​ដុះ​ឡើង​គ្រប​ជិត​គ្រាប់​ពូជ​នោះ។+ ៨ គ្រាប់​ពូជ​ខ្លះ​បាន​ធ្លាក់​លើ​ដី​ល្អ ក៏​ដុះ​ឡើង ហើយ​បង្កើត​ផល​១​ជា​១០០​»។+ ក្រោយ​ពី​លោក​មាន​ប្រសាសន៍​អ្វី​ទាំង​នេះ​ចប់ លោក​ក៏​បន្លឺ​សំឡេង​ថា​៖ ​«​អ្នក​ណា​ដែល​មាន​ត្រចៀក​អាច​ស្ដាប់​ឮ ចូរ​ស្ដាប់​ចុះ​»។+

៩ ប៉ុន្តែ ពួក​អ្នក​កាន់​តាម​ចាប់​ផ្ដើម​សួរ​លោក​អំពី​អត្ថន័យ​នៃ​ឧទាហរណ៍​នោះ។+ ១០ លោក​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​យល់​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​អំពី​រាជាណាចក្រ​របស់​ព្រះ។ ប៉ុន្តែ ខ្ញុំ​និយាយ​ដោយ​ប្រើ​ឧទាហរណ៍​ទៅ​កាន់​អ្នក​ឯ​ទៀត+ ដើម្បី​ឲ្យ​អ្នក​ដែល​មើល មិន​អាច​មើល​ឃើញ ហើយ​អ្នក​ដែល​ស្ដាប់ មិន​អាច​យល់​អត្ថន័យ។+ ១១ ឧទាហរណ៍​នេះ​មាន​អត្ថន័យ​ដូច​ត​ទៅ​៖ គ្រាប់​ពូជ​គឺ​ជា​បណ្ដាំ​របស់​ព្រះ។+ ១២ ឯ​គ្រាប់​ពូជ​ដែល​ធ្លាក់​តាម​ផ្លូវ គឺ​ជា​អ្នក​ដែល​បាន​ឮ​បណ្ដាំ​របស់​ព្រះ ហើយ​មេកំណាច*មក​យក​បណ្ដាំ​របស់​ព្រះ​ចេញ​ពី​ចិត្ត​ពួក​គេ ដើម្បី​កុំ​ឲ្យ​ពួក​គេ​ជឿ​និង​ទទួល​សេចក្ដី​សង្គ្រោះ។+ ១៣ រីឯ​គ្រាប់​ពូជ​ដែល​ធ្លាក់​លើ​ផ្ទាំង​ថ្ម គឺ​ជា​អ្នក​ដែល​ឮ​បណ្ដាំ​របស់​ព្រះ ហើយ​ទទួល​យក​ភ្លាម​ដោយ​អំណរ តែ​មិន​ចាក់​ឫស​ទេ។ ពួក​គេ​ជឿ​អស់​មួយ​រយៈ តែ​ពេល​ដែល​មាន​ការ​ល្បង​ល ពួក​គេ​ក៏​បោះ​បង់​ជំនឿ​ចោល។+ ១៤ ចំណែក​គ្រាប់​ពូជ​ដែល​ធ្លាក់​លើ​ដី​ដែល​មាន​ដើម​បន្លា គឺ​ជា​អ្នក​ដែល​បាន​ឮ​បណ្ដាំ​របស់​ព្រះ តែ​ពួក​គេ​បណ្ដោយ​ឲ្យ​កង្វល់​កង្វាយ ទ្រព្យ​សម្បត្តិ+ និង​ការ​សប្បាយ​នៃ​ជីវិត+ មក​បំបែរ​អារម្មណ៍​ពួក​គេ ដែល​ហាក់​ដូច​ជា​ពួក​គេ​បាន​ត្រូវ​គ្រប​បាំង​ជិត ហើយ​មិន​បង្កើត​ផល​ពេញ​លក្ខណៈ​ទេ។+ ១៥ ឯ​គ្រាប់​ពូជ​ដែល​ធ្លាក់​លើ​ដី​ល្អ គឺ​ជា​អ្នក​ដែល​មាន​ចិត្ត​ល្អ​និង​ស្មោះ​ត្រង់។ ក្រោយ​ពី​ឮ​បណ្ដាំ​របស់​ព្រះ ពួក​គេ​បាន​រក្សា​ទុក​ក្នុង​ចិត្ត+ ហើយ​បង្កើត​ផល​ដោយ​ស៊ូ​ទ្រាំ។+

១៦ ​«​គ្មាន​អ្នក​ណា​អុជ​ចង្កៀង រួច​យក​កញ្ឆេ​មក​គ្រប ឬ​យក​ទៅ​ដាក់​ក្រោម​គ្រែឡើយ តែ​គេ​ដាក់​លើ​ជើង​ចង្កៀង​វិញ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​អាច​ឃើញ​ពន្លឺ​បាន។+ ១៧ ព្រោះ​អ្វី​ដែល​បាន​ត្រូវ​លាក់ នឹង​ត្រូវ​បើក​បង្ហាញ​ឲ្យ​ឃើញ ហើយ​អ្វី​ដែល​បាន​ត្រូវ​បិទ​បាំង​យ៉ាង​ជិត​ល្អ នឹង​ត្រូវ​បើក​បង្ហាញ​ឲ្យ​ដឹង​ឮ​វិញ។ អ្វី​ទាំង​នោះ​មិន​អាច​ត្រូវ​បិទ​បាំង​រហូត​ទេ។+ ១៨ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ ព្រោះ​អ្នក​ណា​ដែល​មាន នឹង​ទទួល​ថែម​ទៀត+ តែ​អ្នក​ណា​ដែល​គ្មាន សូម្បី​តែ​អ្វី​ដែល​អ្នក​នោះ​គិត​ថា​ខ្លួន​មាន ក៏​នឹង​ត្រូវ​ដក​ហូត​ដែរ​»។+

១៩ ខណៈ​នោះ ម្ដាយ​និង​ប្អូន​ប្រុស​ៗ​របស់​លោក+ចង់​ចូល​ទៅ​ឯ​លោក តែ​ពួក​គាត់​ចូល​មិន​បាន​ទេ ដោយ​សារ​មាន​មនុស្ស​ច្រើន​កក​កុញ។+ ២០ ដូច្នេះ មាន​គេ​ជម្រាប​លោក​ថា​៖ ​«​ម្ដាយ​និង​ប្អូន​ប្រុស​ៗ​របស់​លោក​កំពុង​ឈរ​នៅ​ខាង​ក្រៅ រង់​ចាំ​ជួប​លោក​»។ ២១ លោក​ក៏​មាន​ប្រសាសន៍​ទៅ​ក្រុម​មនុស្ស​ថា​៖ ​«​ម្ដាយ​និង​បង​ប្អូន​របស់​ខ្ញុំ គឺ​ជា​អ្នក​ទាំង​នេះ​ដែល​ឮ​បណ្ដាំ​របស់​ព្រះ ហើយ​ធ្វើ​តាម​»។+

២២ នៅ​ថ្ងៃ​មួយ លោក​និង​ពួក​អ្នក​កាន់​តាម​បាន​ចុះ​ទូក រួច​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ចូរ​យើង​ឆ្លង​ទៅ​ត្រើយ​ម្ខាង​»។ ដូច្នេះ ពួក​គាត់​ក៏​បើក​ក្ដោង​ចេញ​ទូក​ទៅ។+ ២៣ ប៉ុន្តែ កាល​ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ លោក​បាន​សម្រាន្ត​លក់។ ពេល​នោះ ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​ទឹក​ចូល​ជិត​ពេញ​ទូក ហើយ​ហៀប​នឹង​លិច។+ ២៤ ឃើញ​ដូច្នេះ ពួក​គាត់​បាន​ទៅ​ដាស់​លោក ដោយ​ស្រដី​ថា​៖ ​«​លោក​គ្រូ! លោក​គ្រូ! យើង​ជិត​វិនាស​ហើយ!​»។ លោក​ក៏​ក្រោក​ឡើង​ស្ដី​បន្ទោស​ខ្យល់​និង​ទឹក​រលក​ដែល​កំពុង​បោក​បក់​យ៉ាង​ខ្លាំង។ ភ្លាម​នោះ ខ្យល់​និង​ទឹក​រលក​ក៏​ស្ងប់​ទៅ ហើយ​មាន​សភាព​ស្ងប់​ស្ងាត់​ក្រៃ​លែង។+ ២៥ បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​តើ​ជំនឿ​របស់​អ្នក​បាត់​ទៅ​ណា​ហើយ?​»។ ប៉ុន្តែ ពួក​គាត់​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ទាំង​នឹក​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​និយាយ​គ្នា​ថា​៖ ​«​តើ​លោក​នេះ​ពិត​ជា​អ្នក​ណា? ព្រោះ​សូម្បី​តែ​ខ្យល់​និង​ទឹក ក៏​ស្ដាប់​បង្គាប់​លោក​ដែរ​»។+

២៦ ក្រោយ​មក ពួក​គាត់​បាន​ចត​ទូក​នៅ​ឆ្នេរ​ក្នុង​តំបន់​កេរ៉ាសា+ដែល​នៅ​ទល់​មុខ​ស្រុកកាលីឡេ។ ២៧ ពេល​ដែល​លោក​ឡើង​លើ​គោក បុរស​ម្នាក់​ពី​ក្រុង​នោះ​បាន​ឆ្ពោះ​ទៅ​រក​លោក។ បុរស​នោះ​មាន​ពួក​វិញ្ញាណ​កំណាច​ចូល ហើយ​អស់​មួយ​រយៈ​ពេល​យ៉ាង​យូរ គាត់​មិន​ស្លៀក​ពាក់​អ្វី​ទេ ក៏​មិន​ស្នាក់​នៅ​ផ្ទះ​ដែរ តែ​គាត់​ស្នាក់​នៅ​តាម​ទី​បញ្ចុះ​សព​វិញ។+ ២៨ ពេល​ឃើញ​លោក​យេស៊ូ បុរស​នោះ​ក៏​ស្រែក​ឡើង ហើយ​ក្រាប​នៅ​មុខ​លោក ក៏​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា​៖ ​«​លោក​យេស៊ូ បុត្រ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត! តើ​លោក​មក​រំខាន​ខ្ញុំ​ធ្វើ​អ្វី? ខ្ញុំ​អង្វរ​លោក កុំ​ធ្វើ​ទារុណកម្ម​ខ្ញុំ​»​+ ២៩ (​ពី​ព្រោះ​លោក​យេស៊ូ​បាន​បង្គាប់​វិញ្ញាណ​អសោច​ឲ្យ​ចេញ​ពី​បុរស​នោះ។ វា​បាន​ចូល​និង​ធ្វើ​ទុក្ខ​គាត់​អស់​ជា​ច្រើន​លើក​ច្រើន​សា។*+ គេ​ធ្លាប់​ដាក់​ច្រវាក់​ដាក់​ខ្នោះ​គាត់ ហើយ​យាម​ល្បាត​ផង តែ​គាត់​តែង​តែ​ផ្ដាច់​ច្រវាក់​និង​បំបាក់​ខ្នោះ​ទាំង​នោះ។ គាត់​ថែម​ទាំង​ត្រូវ​ពួក​វិញ្ញាណ​កំណាច​បណ្ដាល​ឲ្យ​ទៅ​កន្លែង​ឆ្ងាយ​ពី​គេ​ទៀត​ផង​)។ ៣០ លោក​យេស៊ូ​សួរ​បុរស​នោះ​ថា​៖ ​«​តើ​អ្នក​ឈ្មោះ​អ្វី?​»។ គាត់​ឆ្លើយ​ថា​៖ ​«​កង​ពល​»​ ពី​ព្រោះ​មាន​វិញ្ញាណ​កំណាច​ជា​ច្រើន​បាន​ចូល​គាត់។ ៣១ ពួក​វា​បាន​អង្វរ​លោក​ម្ដង​ហើយ​ម្ដង​ទៀត កុំ​ឲ្យ​លោក​បង្គាប់​ពួក​វា​ឲ្យ​ទៅ​ក្នុង​ទី​ជ្រៅ​បំផុត​ឡើយ។+ ៣២ នៅ​ពេល​នោះ មាន​សត្វ​ជ្រូក​មួយ​ហ្វូង​ធំ+កំពុង​រក​ចំណី​ស៊ី​នៅ​លើ​ភ្នំ។ ដូច្នេះ ពួក​វិញ្ញាណ​កំណាច​ទាំង​នោះ​បាន​អង្វរ​លោក សុំ​ឲ្យ​ពួក​វា​ចូល​ក្នុង​ជ្រូក​ទាំង​នោះ ហើយ​លោក​ក៏​អនុញ្ញាត។+ ៣៣ រួច​មក ពួក​វិញ្ញាណ​កំណាច​បាន​ចេញ​ពី​បុរស​នោះ ទៅ​ចូល​ក្នុង​ហ្វូង​ជ្រូក។ រួច​ហ្វូង​ជ្រូក​នោះ​ក៏​បោល​ពី​ច្រាំង​ចោត​ធ្លាក់​ចូល​ក្នុង​បឹង ហើយ​លង់​ទឹក​ងាប់​អស់​ទៅ។ ៣៤ ប៉ុន្តែ ពេល​ដែល​ពួក​អ្នក​ឃ្វាល​សត្វ​ទាំង​នោះ​ឃើញ​អ្វី​ដែល​បាន​កើត​ឡើង ពួក​គេ​បាន​រត់​ទៅ​ប្រាប់​មនុស្ស​នៅ​ក្នុង​ក្រុង​និង​នៅ​ជនបទ។

៣៥ បន្ទាប់​ពី​នោះ មនុស្ស​ម្នា​មក​មើល​អ្វី​ដែល​បាន​កើត​ឡើង។ ពួក​គេ​មក​ឯ​លោក​យេស៊ូ ហើយ​ឃើញ​ថា​បុរស​ដែល​ធ្លាប់​មាន​ពួក​វិញ្ញាណ​កំណាច​ចូល កំពុង​អង្គុយ​ជិត​ជើង​លោក​យេស៊ូ​ដោយ​មាន​សម្លៀក​បំពាក់ ព្រម​ទាំង​លែង​វង្វេង​ស្មារតី​ទៀត។ ឃើញ​ដូច្នេះ ពួក​គេ​ក៏​ភ័យ​ខ្លាច។ ៣៦ អស់​អ្នក​ដែល​បាន​ឃើញ​លោក​យេស៊ូ​ធ្វើ​ឲ្យ​បុរស​ដែល​មាន​វិញ្ញាណ​កំណាច​ចូល​ជា​សះ​ស្បើយ បាន​រៀប​រាប់​រឿង​នោះ​ប្រាប់​មនុស្ស​ទាំង​នោះ។ ៣៧ ដូច្នេះ បណ្ដា​ជន​ពី​តំបន់​ជុំវិញ​ក្រុង​កេរ៉ាសា​បាន​សុំ​លោក​យេស៊ូ​ឲ្យ​ចាក​ចេញ​ពី​ពួក​គេ ពី​ព្រោះ​ពួក​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ម្ល៉ោះ​ហើយ លោក​ក៏​ចុះ​ទូក​ដើម្បី​ចេញ​ពី​ទី​នោះ។ ៣៨ ប៉ុន្តែ បុរស​ដែល​ធ្លាប់​មាន​ពួក​វិញ្ញាណ​កំណាច​ចូល បាន​ទទូច​អង្វរ​សុំ​ទៅ​តាម​លោក តែ​លោក​បាន​ឲ្យ​បុរស​នោះ​ត្រឡប់​ទៅ​វិញ ដោយ​មាន​ប្រសាសន៍​ថា​៖+ ៣៩ ​«​ចូរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ហើយ​បន្ត​ប្រាប់​មនុស្ស​អំពី​អ្វី​ៗ​ដែល​ព្រះ​បាន​ធ្វើ​ដើម្បី​អ្នក​»។ ដូច្នេះ គាត់​បាន​ចេញ​ទៅ ហើយ​ប្រកាស​ប្រាប់​ពេញ​ក្រុង​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ដើម្បី​គាត់។

៤០ ពេល​លោក​យេស៊ូ​ត្រឡប់​មក​ស្រុកកាលីឡេ​វិញ បណ្ដា​ជន​បាន​ទទួល​លោក​យ៉ាង​រាក់​ទាក់ ព្រោះ​ពួក​គេ​គ្រប់​គ្នា​កំពុង​ទន្ទឹង​រង់​ចាំ​លោក។+ ៤១ ប៉ុន្តែ​ពេល​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ែរ៉ូស​ជា​អ្នក​ទទួល​ខុស​ត្រូវ​សាលា​ប្រជុំ គាត់​បាន​មក​ក្រាប​នៅ​មុខ​លោក​យេស៊ូ ហើយ​ក៏​អង្វរ​សុំ​ឲ្យ​លោក​ទៅ​ផ្ទះ​របស់​គាត់+ ៤២ ពី​ព្រោះ​កូន​ស្រី​តែ​មួយ​គត់​របស់​គាត់​ដែល​មាន​អាយុ​ប្រហែល​១២​ឆ្នាំ កំពុង​ឈឺ​ជិត​ស្លាប់។

កាល​ដែល​លោក​យេស៊ូ​កំពុង​ធ្វើ​ដំណើរ​ទៅ នោះ​បណ្ដា​ជន​បាន​ប្រជ្រៀត​គ្នា​នៅ​ជុំវិញ​លោក។ ៤៣ ខណៈ​នោះ មាន​ស្ត្រី​ម្នាក់​មាន​ជំងឺ​ធ្លាក់​ឈាម+អស់​១២​ឆ្នាំ ហើយ​គ្មាន​អ្នក​ណា​អាច​ព្យាបាល​ជំងឺ​របស់​នាង​ឲ្យ​ជា​បាន​ឡើយ។+ ៤៤ នាង​បាន​ដើរ​ពី​ក្រោយ​បណ្ដា​ជន រួច​ចូល​ទៅ​ពាល់​ជាយ​សម្លៀក​បំពាក់​ក្រៅ​របស់​លោក។+ រំពេច​នោះ ឈាម​ក៏​ឈប់​ធ្លាក់។ ៤៥ ដូច្នេះ លោក​យេស៊ូ​សួរ​ថា​៖ ​«​តើ​អ្នក​ណា​បាន​ពាល់​ខ្ញុំ?​»។ បណ្ដា​ជន​ទាំង​អស់​ក៏​បដិសេធ​គ្រប់​គ្នា។ ពេល​នោះ ពេត្រុស​និយាយ​ថា​៖ ​«​លោក​គ្រូ លោក​ឃើញ​ហើយ​ថា​បណ្ដា​ជន​កំពុង​ប្រជ្រៀត​គ្នា​នៅ​ជុំវិញ​លោក​»។+ ៤៦ ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ពិត​ជា​មាន​អ្នក​ណា​ម្នាក់​ពាល់​ខ្ញុំ​មែន ព្រោះ​ខ្ញុំ​ដឹង​ថា​មាន​ឫទ្ធានុភាព+ចេញ​ពី​ខ្លួន​ខ្ញុំ​»។ ៤៧ កាល​ស្ត្រី​នោះ​ឃើញ​ថា លោក​បាន​ដឹង​អ្វី​ដែល​នាង​បាន​ធ្វើ នោះ​នាង​បាន​ចូល​មក​ទាំង​ភ័យ​ញ័រ ហើយ​ក្រាប​នៅ​មុខ​លោក។ នាង​ក៏​រៀប​រាប់​ប្រាប់​នៅ​មុខ​មនុស្ស​ទាំង​អស់​អំពី​មូលហេតុ​ដែល​នាង​បាន​ពាល់​លោក និង​របៀប​ដែល​នាង​បាន​ជា​សះ​ស្បើយ​ក្នុង​មួយ​រំពេច។ ៤៨ ដូច្នេះ លោក​មាន​ប្រសាសន៍​ទៅ​នាង​ថា​៖ ​«​កូន​ស្រី​អើយ ជំនឿ​របស់​នាង​បាន​ធ្វើ​ឲ្យ​នាង​ជា​ហើយ។ សូម​នាង​ទៅ​ឲ្យ​បាន​សេចក្ដី​សុខ​ចុះ​»។+

៤៩ កាល​ដែល​លោក​កំពុង​មាន​ប្រសាសន៍​នៅ​ឡើយ បុរស​ម្នាក់​ពី​ផ្ទះ​របស់​យ៉ែរ៉ូស បាន​មក​ប្រាប់​គាត់​ថា​៖ ​«​កូន​ស្រី​របស់​អ្នក​ស្លាប់​ហើយ មិន​ចាំ​បាច់​រំខាន​លោក​គ្រូ​ទៀត​ទេ​»។+ ៥០ ឮ​ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​យ៉ែរ៉ូស​ថា​៖ ​«​កុំ​ខ្លាច​ឡើយ គ្រាន់​តែ​មាន​ជំនឿ​ប៉ុណ្ណោះ នោះ​នាង​នឹង​ត្រូវ​សង្គ្រោះ​»។+ ៥១ លុះ​ទៅ​ដល់​ផ្ទះ​របស់​គាត់ លោក​មិន​ឲ្យ​អ្នក​ណា​ចូល​ទៅ​ក្នុង​ជា​មួយ​នឹង​លោក​ឡើយ ក្រៅ​ពី​ពេត្រុស យ៉ូហាន យ៉ាកុប និង​ឪពុក​ម្ដាយ​របស់​ក្មេង​ស្រី​នោះ។ ៥២ ឯ​មនុស្ស​ទាំង​អស់​កំពុង​យំ​គក់​ទ្រូង​សោក​ស្ដាយ​នាង។ ដូច្នេះ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ឈប់​យំ​ទៅ+ ព្រោះ​នាង​មិន​បាន​ស្លាប់​ទេ តែ​នាង​កំពុង​ដេក​លក់​»។+ ៥៣ ឮ​ដូច្នេះ ពួក​គេ​ចាប់​ផ្ដើម​សើច​ចំអក​ឲ្យ​លោក ពី​ព្រោះ​ពួក​គេ​ដឹង​ថា​នាង​បាន​ស្លាប់​មែន។ ៥៤ ប៉ុន្តែ លោក​ចាប់​ដៃ​របស់​នាង រួច​បន្លឺ​សំឡេង​ថា​៖ ​«​នាង​តូច​អើយ! ចូរ​ក្រោក​ឡើង!​»។+ ៥៥ រំពេច​នោះ នាង​ក៏​មាន​ជីវិត*វិញ+ ហើយ​ក្រោក​ឡើង​ភ្លាម+ រួច​លោក​បង្គាប់​ឲ្យ​គេ​យក​អាហារ​មក​ឲ្យ​នាង​បរិភោគ។ ៥៦ ឪពុក​ម្ដាយ​របស់​នាង​ត្រេក​អរ​ពន់​ពេក តែ​លោក​បង្គាប់​ពួក​គាត់​កុំ​ឲ្យ​ប្រាប់​អ្នក​ណា​ឲ្យ​សោះ​អំពី​អ្វី​ដែល​បាន​កើត​ឡើង។+

៩ បន្ទាប់​មក លោក​ហៅ​សាវ័ក​ទាំង​១២​នាក់​មក​ជុំ​គ្នា រួច​លោក​ឲ្យ​ពួក​គាត់​មាន​ឫទ្ធានុភាព​និង​អំណាច​លើ​ពួក​វិញ្ញាណ​កំណាច​ទាំង​អស់+ និង​ឲ្យ​ពួក​គាត់​មាន​សមត្ថភាព​ធ្វើ​ឲ្យ​មនុស្ស​ជា​ពី​ជំងឺ​ផ្សេង​ៗ។+ ២ ក្រោយ​មក លោក​ចាត់​ពួក​គាត់​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ ហើយ​ទៅ​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ ៣ រួច​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​កុំ​យក​អ្វី​ទៅ​ជា​មួយ​ឲ្យ​សោះ​សម្រាប់​ការ​ធ្វើ​ដំណើរ ទោះ​ជា​ដំបង ថង់​យាម នំ​ប៉័ង ឬ​ប្រាក់​ក៏​ដោយ ក៏​មិន​ត្រូវ​យក​សម្លៀក​បំពាក់​មួយ​បន្លាស់​ទៀត​ដែរ។+ ៤ ប៉ុន្តែ ពេល​អ្នក​ចូល​ក្នុង​ផ្ទះ​ណា​មួយ ចូរ​នៅ​ទី​នោះ​រហូត​ដល់​អ្នក​ចេញ​ពី​ក្រុង​នោះ។+ ៥ នៅ​កន្លែង​ណា​ដែល​គេ​មិន​ព្រម​ទទួល​ស្វាគមន៍​អ្នក​រាល់​គ្នា ចូរ​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​អ្នក​ពេល​ដែល​អ្នក​ចេញ​ពី​ក្រុង​នោះ ទុក​ជា​ភ័ស្តុតាង​ថា​ពួក​គេ​មាន​កំហុស​»។+ ៦ ដូច្នេះ ពួក​គាត់​បាន​ធ្វើ​ដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ពេញ​តំបន់​នោះ ដើម្បី​ប្រកាស​ដំណឹង​ល្អ ព្រម​ទាំង​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ​នៅ​គ្រប់​ទី​កន្លែង។+

៧ ពេល​ហេរ៉ូឌ*ជា​អភិបាល​ស្រុក​បាន​ឮ​អំពី​អ្វី​ៗ​ទាំង​ប៉ុន្មាន​ដែល​បាន​កើត​ឡើង គាត់​ងឿង​ឆ្ងល់​ជា​ខ្លាំង ពី​ព្រោះ​មាន​អ្នក​ខ្លះ​និយាយ​ថា យ៉ូហាន​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។+ ៨ អ្នក​ខ្លះ​ទៀត​និយាយ​ថា អេលីយ៉ា​បាន​លេច​មក តែ​អ្នក​ឯ​ទៀត​និយាយ​ថា អ្នក​ប្រកាស​ទំនាយ​ម្នាក់​ពី​សម័យ​បុរាណ​បាន​រស់​ឡើង​វិញ។+ ៩ ហេរ៉ូឌ​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​កាត់​ក្បាល​យ៉ូហាន​ហើយ។+ ដូច្នេះ តើ​អ្នក​ដែល​ខ្ញុំ​ឮ​ថា​បាន​ធ្វើ​ការ​ទាំង​អស់​នេះ​ជា​អ្នក​ណា?​»។ ហេតុ​នេះ គាត់​ចង់​ជួប​លោក។+

១០ ពេល​ដែល​ពួក​សាវ័ក​បាន​ត្រឡប់​មក​វិញ ពួក​គាត់​ក៏​រៀប​រាប់​ប្រាប់​លោក​យេស៊ូ​អំពី​អ្វី​ៗ​ដែល​ពួក​គាត់​បាន​ធ្វើ។+ បន្ទាប់​ពី​នោះ លោក​នាំ​ពួក​គាត់​ទៅ​ក្រុង​បេតសេដា ដើម្បី​អាច​នៅ​ដាច់​ដោយ​ឡែក​ពី​បណ្ដា​ជន។+ ១១ ប៉ុន្តែ ពេល​ដែល​បណ្ដា​ជន​ដឹង ពួក​គេ​បាន​ទៅ​តាម​លោក។ លោក​បាន​ទទួល​ពួក​គេ​យ៉ាង​រាក់​ទាក់ ក៏​ចាប់​ផ្ដើម​មាន​ប្រសាសន៍​ទៅ​ពួក​គេ​អំពី​រាជាណាចក្រ​របស់​ព្រះ ហើយ​អស់​អ្នក​ដែល​ត្រូវ​ការ​ឲ្យ​លោក​ធ្វើ​ឲ្យ​ជា លោក​បាន​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ។+ ១២ លុះ​ថ្ងៃ​កាន់​តែ​ជ្រេ​ហើយ សាវ័ក​ទាំង​១២​នាក់​បាន​ចូល​ទៅ​ជិត​លោក ក៏​ជម្រាប​ថា​៖ ​«​សូម​ឲ្យ​បណ្ដា​ជន​ត្រឡប់​ទៅ​វិញ ដើម្បី​ពួក​គេ​អាច​រក​កន្លែង​ស្នាក់​នៅ​និង​ស្បៀង​អាហារ​នៅ​ភូមិ​និង​ជនបទ​ជិត​ៗ​នេះ ពី​ព្រោះ​យើង​នៅ​កន្លែង​ដាច់​ឆ្ងាយ​ពី​គេ​»។+ ១៣ ប៉ុន្តែ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ឲ្យ​អាហារ​ពួក​គេ​បរិភោគ​ចុះ​»។+ ពួក​គាត់​ជម្រាប​ថា​៖ ​«​យើង​មាន​តែ​នំ​ប៉័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​ប៉ុណ្ណោះ ប្រហែល​ជា​យើង​ត្រូវ​ទៅ​ទិញ​ស្បៀង​អាហារ​សម្រាប់​មនុស្ស​ទាំង​អស់​នេះ​ដោយ​ខ្លួន​យើង​ហើយ​»។ ១៤ នៅ​ទី​នោះ មាន​បុរស​ប្រហែល​៥.០០០​នាក់។ ប៉ុន្តែ លោក​មាន​ប្រសាសន៍​ទៅ​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ចូរ​ឲ្យ​ពួក​គេ​អង្គុយ​ជា​ក្រុម​ៗ ក្នុង​មួយ​ក្រុម​៥០​នាក់​»។ ១៥ រួច​ពួក​អ្នក​កាន់​តាម​ក៏​ធ្វើ​តាម ដោយ​ឲ្យ​មនុស្ស​ទាំង​នោះ​អង្គុយ។ ១៦ បន្ទាប់​មក លោក​យក​នំ​ប៉័ង​ប្រាំ​ដុំ​និង​ត្រី​ពីរ​កន្ទុយ​នោះ ងើយ​ភ្នែក​មើល​ទៅ​ស្ថាន​សួគ៌ អធិដ្ឋាន* រួច​កាច់ ហើយ​ឲ្យ​អ្នក​កាន់​តាម​ចែក​ដល់​បណ្ដា​ជន។ ១៧ ដូច្នេះ គ្រប់​គ្នា​បាន​បរិភោគ​ឆ្អែត។ បន្ទាប់​មក ពួក​គាត់​ប្រមូល​អាហារ​ដែល​នៅ​សល់ បាន​១២​កញ្ជើ។+

១៨ លុះ​ក្រោយ​មក ពេល​ដែល​លោក​នៅ​ម្នាក់​ឯង​កំពុង​អធិដ្ឋាន នោះ​ពួកអ្នក​កាន់​តាម​បាន​មក​ឯ​លោក ហើយ​លោក​សួរ​ពួក​គាត់​ថា​៖ ​«​តើ​បណ្ដា​ជន​ថា​ខ្ញុំ​ជា​អ្នក​ណា?​»។+ ១៩ ពួក​គាត់​តប​ឆ្លើយ​ថា​៖ ​«​អ្នក​ខ្លះ​ថា លោក​ជា​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក តែ​អ្នក​ខ្លះ​ទៀត​ថា​លោក​ជា​អេលីយ៉ា ហើយ​អ្នក​ឯ​ទៀត​ថា​លោកជា​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ពី​សម័យ​បុរាណ​ដែល​បាន​រស់​ឡើង​វិញ​»។+ ២០ រួច​លោក​សួរ​ពួក​គាត់​ថា​៖ ​«​ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​ថា​ខ្ញុំ​ជា​អ្នក​ណា?​»។ ពេត្រុសឆ្លើយថា​៖ ​«​លោក​ជា​គ្រិស្ត​នៃ​ព្រះ​»។+ ២១ រួច​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​យ៉ាងម៉ឺង​ម៉ាត់ ដោយ​បង្គាប់​មិន​ឲ្យ​យក​រឿង​នោះ​ទៅ​ប្រាប់​អ្នក​ណា​ឡើយ។+ ២២ ប៉ុន្តែ លោក​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​៖ ​«​កូន​មនុស្ស​នឹង​ត្រូវ​រង​ទុក្ខ​លំបាក​ជា​ច្រើន ហើយ​ពួក​អ្នក​ចាស់​ទុំ ពួក​សង្ឃនាយក និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​នឹង​មិន​ព្រម​ទទួល​ស្គាល់​លោក​ទេ។ លោក​ក៏​នឹង​ត្រូវ​គេ​សម្លាប់+ ហើយ​នៅ​ថ្ងៃ​ទី​៣ លោក​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។+

២៣ រួច​មក លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ទាំង​អស់​គ្នា​ថា​៖ ​«​បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ អ្នក​នោះ​ត្រូវ​ប្រគល់​ខ្លួន​ជូន​ព្រះ+ រួច​លី​បង្គោល​ទារុណកម្ម*របស់​ខ្លួន​រៀង​រាល់​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ជា​ដរាប​ចុះ។+ ២៤ ព្រោះ​អ្នក​ណា​ដែល​ចង់​រក្សា​ជីវិត* អ្នក​នោះ​នឹង​បាត់​បង់​ជីវិត។ ប៉ុន្តែ អ្នក​ណា​ដែល​បាត់​បង់​ជីវិត​ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​រក្សា​ជីវិត​វិញ។+ ២៥ បើ​អ្នក​ណា​ម្នាក់​បាន​អ្វី​ៗ​ទាំង​អស់​ក្នុង​ពិភពលោក* តែ​បាត់​បង់​ជីវិត​ឬ​ត្រូវ​អន្តរាយ តើ​នោះ​មាន​ប្រយោជន៍​អ្វី?+ ២៦ អ្នក​ណាដែល​ខ្មាស​គេ​ដោយ​សារ​កាន់​តាម​ខ្ញុំ​និង​ជឿ​ពាក្យ​របស់​ខ្ញុំ កូន​មនុស្ស​ក៏​នឹង​ខ្មាស​មិន​ទទួលស្គាល់​អ្នក​នោះ​ដែរ ពេល​ដែល​លោក​មក​ដោយ​មាន​សិរី​រុង​រឿង​របស់​លោក និង​សិរី​រុង​រឿង​របស់​បិតា​លោក ព្រម​ទាំង​សិរី​រុង​រឿង​របស់​បណ្ដា​ទេវតា​បរិសុទ្ធ។+ ២៧ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​ខ្លះ​ដែល​កំពុង​ឈរ​នៅ​ទី​នេះ នឹង​មិន​ស្លាប់​ឡើយ ទាល់​តែ​បាន​ឃើញ​រាជាណាចក្រ​របស់​ព្រះ​ជា​មុន​សិន​»។+

២៨ ប្រហែល​ជា​៨​ថ្ងៃ​ក្រោយ​ពី​លោក​បាន​ពោល​ពាក្យ​ទាំង​នោះ លោក​ក៏​នាំ​ពេត្រុស យ៉ូហាន និង​យ៉ាកុប​ទៅ​ជា​មួយ ហើយ​បាន​ឡើង​ទៅ​លើ​ភ្នំ​ដើម្បី​អធិដ្ឋាន។+ ២៩ កាល​ដែល​លោក​កំពុង​អធិដ្ឋាន នោះ​ផ្ទៃ​មុខ​របស់​លោក​ប្រែ​ជា​ខុស​ពីមុន ហើយ​សម្លៀក​បំពាក់​របស់​លោក​ក៏​បាន​ប្រែ​ជា​ស​ភ្លឺ​ចិញ្ចាច។ ៣០ មើល! មាន​បុរស​ពីរ​នាក់​កំពុង​សន្ទនា​ជា​មួយ​នឹង​លោក គឺ​ម៉ូសេ​និង​អេលីយ៉ា។ ៣១ បុរស​ទាំង​ពីរ​នោះ​បាន​លេច​មក​ទាំង​មាន​សិរី​រុង​រឿង ហើយ​ចាប់​ផ្ដើម​និយាយ​អំពី​ការ​ចាក​ចេញ​របស់​លោក ដែល​ត្រូវ​កើត​ឡើង​នៅ​ក្រុង​យេរូសាឡិម។+ ៣២ ឯ​ពេត្រុស​និង​អ្នក​ដែល​នៅ​ជា​មួយ​នឹង​គាត់​កំពុង​ដេក​រលីវ​ៗ។ លុះ​ស្វាង​ពី​ដំណេក​ហើយ ពួក​គាត់​ឃើញ​សិរី​រុង​រឿង​របស់​លោក+ ព្រម​ទាំង​ឃើញ​បុរស​ពីរ​នាក់​ដែល​កំពុង​ឈរ​ជា​មួយ​នឹង​លោក។ ៣៣ ពេល​ដែល​អ្នក​ទាំង​នោះ​កំពុង​ចេញ​ពី​លោក នោះ​ពេត្រុស​ជម្រាប​លោក​យេស៊ូ​ថា​៖ ​«​លោក​គ្រូ យើង​នៅ​ទី​នេះ​ជា​ការ​ល្អ​ប្រសើរ​ណាស់! ដូច្នេះ យើង​សុំ​ដំឡើង​ត្រសាល​បី មួយ​សម្រាប់​លោក មួយ​សម្រាប់​ម៉ូសេ និង​មួយ​សម្រាប់​អេលីយ៉ា​»។ ប៉ុន្តែ ពេត្រុស​មិន​ដឹង​ថា​ខ្លួន​កំពុង​និយាយ​អ្វី​ទេ។ ៣៤ កាល​ដែល​គាត់​កំពុង​ពោល​ពាក្យ​ទាំង​នេះ ស្រាប់​តែ​មាន​ពពក​មួយ​មក​គ្រប​បាំង​ពួក​គាត់។ ពេល​នៅ​ក្នុង​ពពក​នោះ ពួក​គាត់​ក៏​តាំង​ភ័យ​ខ្លាច។ ៣៥ រួច​មាន​សំឡេង​មួយ+បន្លឺ​ចេញ​ពី​ពពក​ថា​៖ ​«​នេះ​ជា​កូន​របស់​ខ្ញុំ ជា​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស។+ ចូរ​ស្ដាប់​បង្គាប់​លោក​»។+ ៣៦ កាល​ដែល​កំពុង​ឮ​សំឡេង​នោះ ពួក​គាត់​ឃើញ​ថា​មាន​តែ​លោក​យេស៊ូ​ប៉ុណ្ណោះ។ ប៉ុន្តែ​នៅ​គ្រា​នោះ ពួក​គាត់​បាន​នៅ​ស្ងៀម ហើយ​មិន​ប្រាប់​អ្នក​ណា​អំពី​អ្វី​ដែល​ពួក​គាត់​បាន​ឃើញ​ឡើយ។+

៣៧ លុះ​ស្អែក​ឡើង ពេល​ពួក​គាត់​បាន​ចុះ​ពី​ភ្នំ មាន​មនុស្ស​មួយ​ក្រុម​ធំ​មក​ជួប​លោក។+ ៣៨ មើល! មាន​បុរស​ម្នាក់​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ពី​ចំណោម​បណ្ដា​ជន​ថា​៖ ​«​លោក​គ្រូ! ខ្ញុំ​សុំ​អង្វរ​លោក​មក​ជួយ​មើល​កូន​ប្រុស​ខ្ញុំ​ផង ពី​ព្រោះ​គាត់​ជា​កូន​តែ​មួយ​របស់​ខ្ញុំ។+ ៣៩ ព្រោះ​មើល! វិញ្ញាណ​មួយ​ចេះ​តែ​គ្រប​សង្កត់​គាត់ ហើយ​ភ្លាម​នោះ​គាត់​ក៏​ស្រែក​ឡើង រួច​វា​ធ្វើ​ឲ្យ​គាត់​ដួល​ប្រកាច់​បែក​ពពុះ​មាត់ ហើយ​វា​មិន​ព្រម​ចេញ​ពី​គាត់​ទេ ទោះ​ជា​បាន​ធ្វើ​ឲ្យ​គាត់​របួស​ក៏​ដោយ។ ៤០ ខ្ញុំ​បាន​អង្វរ​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​បណ្ដេញ​វា​ចេញ តែ​ពួក​គាត់​មិន​អាច​បណ្ដេញ​វា​បាន​ទេ​»។ ៤១ លោក​យេស៊ូ​តប​ថា​៖ ​«​ឱ​ជំនាន់​មនុស្ស​ដែល​គ្មាន​ជំនឿ​និង​វៀច​វេរ​អើយ!+ តើ​ខ្ញុំ​ត្រូវ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ហើយ​ទ្រាំ​នឹង​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត? ចូរ​នាំ​កូន​ប្រុស​អ្នក​មក​នេះ​»។+ ៤២ ទោះ​ជា​ក្មេង​ប្រុស​នោះ​កំពុង​ចូល​មក​ជិត​លោក​ក៏​ដោយ វិញ្ញាណ​កំណាច​នោះ​បាន​ផ្ដួល​គាត់​ទៅ​លើ​ដី ហើយ​ធ្វើ​ឲ្យ​គាត់​ប្រកាច់​យ៉ាង​ខ្លាំង។ ប៉ុន្តែ លោក​យេស៊ូ​ស្ដី​បន្ទោស​វិញ្ញាណ​អសោច​នោះ ហើយ​ធ្វើ​ឲ្យ​ក្មេង​ប្រុស​នោះ​បាន​ជា​សះ​ស្បើយ រួច​ប្រគល់​គាត់​ឲ្យ​ឪពុក​គាត់​វិញ។ ៤៣ ឯ​បណ្ដា​ជន​តាំង​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​នឹង​ឫទ្ធានុភាព​ដ៏​មហិមា​របស់​ព្រះ។

កាល​ដែល​ពួក​គេ​កំពុង​កោត​ស្ងើច​នឹង​អ្វី​ៗ​ទាំង​ប៉ុន្មាន​ដែល​លោក​កំពុង​ធ្វើ នោះ​លោក​មាន​ប្រសាសន៍​ទៅ​ពួក​អ្នក​កាន់​តាម​ថា​៖ ៤៤ ​«​ចូរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ ហើយ​ចាំ​ពាក្យ​ទាំង​នេះ​ថា កូន​មនុស្ស​នឹង​ត្រូវ​គេ​ក្បត់ ហើយ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ​»។+ ៤៥ ប៉ុន្តែ ពួក​គាត់​មិន​បាន​យល់​អំពី​អត្ថន័យ​នៃ​ពាក្យ​ទាំង​នោះ​ទេ។ តាម​ការ​ពិត អត្ថន័យ​នោះ​បាន​ត្រូវ​លាក់​ពី​ពួក​គាត់​ដើម្បី​កុំ​ឲ្យ​ពួក​គាត់​យល់​បាន ហើយ​ពួក​គាត់​ក៏​មិន​ហ៊ាន​សួរ​លោក​អំពី​ពាក្យ​ទាំង​នោះ​ដែរ។

៤៦ បន្ទាប់​មក ពួក​គាត់​ចាប់​ផ្ដើម​ជជែក​គ្នា​អំពី​អ្នក​ណា​ក្នុង​ចំណោម​ពួក​គាត់​ជា​អ្នក​ធំ​ជាង​គេ។+ ៤៧ លោក​យេស៊ូ​ជ្រាប​អំពី​អ្វី​ដែល​ពួក​គាត់​កំពុង​វែក​ញែក​ក្នុង​ចិត្ត ដូច្នេះ​លោក​ក៏​យក​កូន​ក្មេង​ម្នាក់​មក​ឲ្យ​ឈរ​ក្បែរ​លោក ៤៨ រួច​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​អ្នក​ណា​ដែល​ទទួល​ស្វាគមន៍​កូន​ក្មេង​បែប​នេះ​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ អ្នក​នោះ​ក៏​ទទួល​ស្វាគមន៍​ខ្ញុំ​ដែរ ហើយ​អ្នក​ណា​ដែល​ទទួល​ស្វាគមន៍​ខ្ញុំ ក៏​ទទួល​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ។+ ព្រោះ​អ្នក​ណា​ដែល​កាន់​ចរិយា​ជា​អ្នក​តូច​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​គឺ​ជា​អ្នក​ធំ​»។+

៤៩ យ៉ូហាន​តប​ថា​៖ ​«​លោក​គ្រូ យើង​បាន​ឃើញ​បុរស​ម្នាក់​កំពុង​បណ្ដេញ​ពួក​វិញ្ញាណ​កំណាច​ដោយ​នូវ​នាម​របស់​លោក ហើយ​យើង​ខំ​ឃាត់​គាត់ ពី​ព្រោះ​គាត់​មិន​មក​ជា​មួយ​នឹង​យើង​ឡើយ​»។+ ៥០ ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​កុំ​ឃាត់​គាត់ ព្រោះ​អ្នក​ណា​ដែល​មិន​ប្រឆាំង​អ្នក​រាល់​គ្នា អ្នក​នោះ​គឺ​នៅ​ខាង​អ្នក​រាល់​គ្នា​ហើយ​»។

៥១ កាល​ដែល​ជិត​ដល់​ពេល​ដែល​លោក​ត្រូវ​ឡើង​ទៅ​ស្ថាន​សួគ៌+ នោះ​លោក​បាន​តាំង​ចិត្ត​យ៉ាង​មុត​មាំ​ដើម្បី​ទៅ​ក្រុង​យេរូសាឡិម។ ៥២ ដូច្នេះ លោក​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​មុន ហើយ​ពួក​គេ​បាន​ចូល​ក្នុង​ភូមិ​មួយ​របស់​ជន​ជាតិ​សាម៉ារី ដើម្បី​រៀបចំ​ទទួល​លោក។ ៥៣ ប៉ុន្តែ អ្នក​ភូមិ​នោះ​មិន​ព្រម​ទទួល​លោក​ទេ+ ពី​ព្រោះ​លោក​បាន​តាំង​ចិត្ត​ទៅ​ក្រុង​យេរូសាឡិម។ ៥៤ ឃើញ​ដូច្នេះ យ៉ាកុប​និង​យ៉ូហាន+ដែល​ជា​អ្នក​កាន់​តាម​លោក​បាន​សួរ​ថា​៖ ​«​លោក​ម្ចាស់ តើ​ចង់​ឲ្យ​យើង​ហៅ​ភ្លើង​ឲ្យ​ធ្លាក់​ពី​លើ​មេឃ​មក​បំផ្លាញ​ពួក​គេ​ចោល​ឬ​ទេ?​»។+ ៥៥ ប៉ុន្តែ លោក​បែរ​ទៅ​ស្ដី​បន្ទោស​ពួក​គាត់។ ៥៦ ដូច្នេះ លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​ក៏​ទៅ​ភូមិ​មួយ​ផ្សេង​ទៀត។

៥៧ កាល​ដែល​ពួក​គាត់​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ មាន​បុរស​ម្នាក់​ជម្រាប​លោក​ថា​៖ ​«​ខ្ញុំ​នឹង​ទៅ​តាម​លោក ទោះ​ជា​លោក​ទៅ​ទី​ណា​ក៏​ដោយ​»។ ៥៨ ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​កញ្ជ្រោង​មាន​រូង ហើយ​សត្វ​ស្លាប​លើ​មេឃ​មាន​ទ្រនំ តែ​កូន​មនុស្ស​គ្មាន​កន្លែង​ស្នាក់​នៅ​ទេ​»។*+ ៥៩ រួច​មក លោក​មាន​ប្រសាសន៍​ទៅ​បុរស​ម្នាក់​ទៀត​ថា​៖ ​«​ចូរ​មក​តាម​ខ្ញុំ​ចុះ​»។* បុរស​នោះ​ជម្រាប​ថា​៖ ​«​លោក​ម្ចាស់ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​បញ្ចុះ​សព​ឪពុក​ខ្ញុំ​សិន​»។+ ៦០ ប៉ុន្តែ លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ទុក​ឲ្យ​មនុស្ស​ស្លាប់+បញ្ចុះ​សព​គ្នា​គេ​ទៅ តែ​អ្នក​វិញ ចូរ​ទៅ​ប្រកាស​អំពី​រាជាណាចក្រ​របស់​ព្រះ​នៅ​គ្រប់​ទី​កន្លែង​»។+ ៦១ មាន​បុរស​ម្នាក់​ទៀត​ជម្រាប​ថា​៖ ​«​លោក​ម្ចាស់ ខ្ញុំ​នឹង​ទៅ​តាម​លោក តែ​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​លា​ពួក​អ្នក​ផ្ទះ​ខ្ញុំ​សិន​»។ ៦២ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​អ្នក​ណា​ដែល​ចាប់​កាន់​នង្គ័ល តែ​បែរ​ទៅ​មើល​អ្វី​នៅ​ខាង​ក្រោយ+ អ្នក​នោះ​មិន​សម​នឹង​រាជាណាចក្រ​របស់​ព្រះ​ឡើយ​»។+

១០ បន្ទាប់​ពី​ការ​ទាំង​នេះ លោក​ម្ចាស់​បាន​រើស​៧០​នាក់​ទៀត ហើយ​ឲ្យ​ពួក​គេ​ទៅ​មុន​លោក ដោយ​ចាត់​ពួក​គេ​ជា​គូ​ៗ​+ឲ្យ​ចូល​គ្រប់​ក្រុង​និង​គ្រប់​ទី​កន្លែង​ដែល​លោក​បម្រុង​នឹង​ទៅ។ ២ រួច​មក លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ផល​ដំណាំ​ដែល​ត្រូវ​ប្រមូល​មាន​ច្រើន​មែន តែ​កម្មករ​មាន​តិច​ទេ។ ដូច្នេះ ចូរ​អង្វរ​សុំ​ម្ចាស់​នៃ​កិច្ច​ការ​ប្រមូល​ផល​ដំណាំ ចាត់​កម្មករ​ថែម​ទៀត​ឲ្យ​ចូល​រួម​ធ្វើ​កិច្ច​ការ​របស់​លោក។+ ៣ ចូរ​ទៅ​ចុះ! តែ​ត្រូវ​ត្រៀម​ខ្លួន! ខ្ញុំ​កំពុង​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ឲ្យ​កូន​ចៀម​ទៅ​កណ្ដាល​ហ្វូង​ឆ្កែ​ចចក។+ ៤ កុំ​យក​ស្បែក​ជើង ថង់​ប្រាក់ ឬ​ថង់​យាម​សម្រាប់​ដាក់​អាហារ​ឡើយ+ ហើយ​ក៏​កុំ​សួរ​សុខ​ទុក្ខ*អ្នក​ណា​នៅ​តាម​ផ្លូវ​ដែរ។ ៥ ពេល​ដែល​អ្នក​ចូល​ក្នុង​ផ្ទះ​ណា​មួយ ចូរ​និយាយ​ជា​មុន​សិន​ថា​៖ ‹សូម​ឲ្យ​ផ្ទះ​នេះ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ›។+ ៦ ប្រសិន​បើ​គ្មាន​អ្នក​ណា​ចង់​បាន​សេចក្ដី​សុខ​នៅ​ទី​នោះ​ទេ សេចក្ដី​សុខ​ដែល​អ្នក​រាល់​គ្នា​បាន​ជូន​ពរ​នឹង​វិល​មក​ឯ​អ្នក​វិញ។ ប៉ុន្តែ ប្រសិន​បើ​មាន​អ្នក​ណា​ចង់​បាន​សេចក្ដី​សុខ​នៅ​ទី​នោះ សេចក្ដី​សុខ​ដែល​អ្នក​រាល់​គ្នា​បាន​ជូន​ពរ​នឹង​កើត​មាន​ដល់​អ្នក​នោះ។ ៧ ដូច្នេះ ចូរ​នៅ​ផ្ទះ​នោះ*+ ហើយ​ពិសា​អ្វី​ដែល​ពួក​គេ​ឲ្យ+ ព្រោះ​កម្មករ​សម​នឹង​ទទួល​ថ្លៃ​ឈ្នួល។+ កុំ​ប្ដូរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ឡើយ។

៨ ​«​ម្យ៉ាង​ទៀត ពេល​អ្នក​រាល់​គ្នា​ចូល​ក្នុង​ក្រុង​ណា​មួយ ហើយ​អ្នក​ក្រុង​នោះ​ទទួល​ស្វាគមន៍​អ្នក​រាល់​គ្នា ចូរ​ពិសា​អ្វី​ដែល​ពួក​គេ​ឲ្យ ៩ ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​ដែល​ឈឺ​នៅ​ក្រុង​នោះ​ជា​សះ​ស្បើយ ហើយ​ប្រាប់​ពួក​គេ​ថា​៖ ‹រាជាណាចក្រ​របស់​ព្រះ​បាន​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ហើយ›។+ ១០ ក៏​ប៉ុន្តែ ពេល​អ្នក​រាល់​គ្នា​ចូល​ក្នុង​ក្រុង​ណា​មួយ ហើយ​អ្នក​ក្រុង​នោះ​មិន​ទទួល​ស្វាគមន៍​អ្នក​រាល់​គ្នា​ទេ ចូរ​ចេញ​ទៅ​ផ្លូវ​ធំ​ទាំង​ប៉ុន្មាន ហើយ​ពោល​ថា​៖ ១១ ‹សូម្បី​តែ​ធូលី​ដី​ពី​ក្រុង​អ្នក​រាល់​គ្នា ដែល​ជាប់​ជើង​យើង ក៏​យើង​ជូត​ចេញ​ដែរ ទុក​ជា​ការ​ព្រមាន​សម្រាប់​អ្នក​រាល់​គ្នា។+ ប៉ុន្តែ ចូរ​ចាំ​ថា រាជាណាចក្រ​របស់​ព្រះ​ជិត​ដល់​ហើយ›។ ១២ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​វិនិច្ឆ័យ​ក្ដី ក្រុង​នោះ​នឹង​ទទួល​ទោស​ធ្ងន់​ជាង​ក្រុង​សូដុម​ទៅ​ទៀត។+

១៣ ​«​ក្រុង​ខូរ៉ាស៊ីន​អើយ! អ្នក​ត្រូវ​វេទនា​ណាស់! និង​ក្រុង​បេតសេដា​អើយ! អ្នក​ត្រូវ​វេទនា​ណាស់! ពី​ព្រោះ​ប្រសិន​បើ​ការ​ប្រកប​ដោយ​ឫទ្ធានុភាព​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ក្រុង​របស់​ពួក​អ្នក បាន​កើត​ឡើង​នៅ​ក្នុង​ក្រុង​ទីរ៉ុស​និង​ក្រុង​ស៊ីដូន​វិញ អ្នក​ក្រុង​ទាំង​នោះ​មុខ​ជា​បាន​ប្រែ​ចិត្ត​ជា​យូរ​យារ​មក​ហើយ ទាំង​ស្លៀក​បាវ​អង្គុយ​ក្នុង​ផេះ​ផង។+ ១៤ ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​ថា នៅ​ថ្ងៃ​វិនិច្ឆ័យ​ក្ដី អ្នក​នឹង​ទទួល​ទោស​ធ្ងន់​ជាង​ក្រុង​ទីរ៉ុស​និង​ក្រុង​ស៊ីដូន​ទៅ​ទៀត។ ១៥ ចំណែក​អ្នក​វិញ ក្រុង​កាពើណិម​អើយ! តើ​អ្នក​នឹង​ត្រូវ​លើក​តម្កើង​ដល់​មេឃ​ឬ? អ្នក​នឹង​ចុះ​ទៅ​ក្នុង​ផ្នូរ*វិញ!

១៦ ​«​អ្នក​ណា​ដែល​ស្ដាប់​អ្នក​រាល់​គ្នា​ក៏​ដូច​ជា​ស្ដាប់​ខ្ញុំ​ដែរ+ ហើយ​អ្នក​ណា​ដែល​មិន​ព្រម​ស្ដាប់​អ្នក​រាល់​គ្នា ក៏​ដូច​ជា​មិន​ព្រម​ស្ដាប់​ខ្ញុំ​ដែរ។ ម្យ៉ាង​ទៀត អ្នក​ណា​ដែល​មិន​ស្ដាប់​ខ្ញុំ អ្នក​នោះ​ក៏​ដូច​ជា​មិន​ស្ដាប់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ​»។+

១៧ លុះ​ក្រោយ​មក ៧០​នាក់​នោះ​បាន​វិល​មក​វិញ​ទាំង​មាន​អំណរ ហើយ​ជម្រាប​លោក​ថា​៖ ​«​លោក​ម្ចាស់ សូម្បី​តែ​ពួក​វិញ្ញាណ​កំណាច ក៏​ស្ដាប់​បង្គាប់​យើង​ដោយ​សារ​នាម​របស់​លោក​ដែរ​»។+ ១៨ ឮ​ដូច្នេះ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​បាន​ឃើញ​សាថាន*ធ្លាក់+ដូច​ផ្លេក​បន្ទោរ​ពី​ស្ថាន​សួគ៌​រួច​ហើយ។ ១៩ មើល! ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណាច​ជាន់​ឈ្លី​សត្វ​ពស់​និង​ខ្យា​ដំរី ក៏​ឲ្យ​មាន​អំណាច​លើ​ឫទ្ធានុភាព​ទាំង​អស់​របស់​សត្រូវ+ ហើយ​គ្មាន​អ្វី​នឹង​ធ្វើ​ទុក្ខ​អ្នក​ឡើយ។ ២០ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ កុំ​ត្រេក​អរ​ដោយ​សារ​ពួក​វិញ្ញាណ​បាន​ត្រូវ​ចុះ​ចូល​ក្នុង​អំណាច​អ្នក​រាល់​គ្នា​ឡើយ តែ​ចូរ​ត្រេក​អរ​ពី​ព្រោះ​ឈ្មោះ​របស់​អ្នក​រាល់​គ្នា​បាន​ត្រូវ​ចារឹក​ទុក​នៅ​ឯ​ស្ថាន​សួគ៌​វិញ​»។+ ២១ នៅ​វេលា​នោះ លោក​ត្រេក​អរ​ពន់​ពេក​ដោយ​សារ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ ក៏​មាន​ប្រសាសន៍​ថា​៖ ​«​ឱ​បិតា​ជា​ម្ចាស់​ស្ថាន​សួគ៌​និង​ផែនដី ខ្ញុំ​សូម​សរសើរ​លោក​នៅ​មុខ​មនុស្ស ពី​ព្រោះ​លោក​បាន​លាក់​អ្វី​ៗ​ទាំង​នេះ​យ៉ាង​ល្អ​ពី​អ្នក​ប្រាជ្ញ​និង​អ្នក​ចេះ​ដឹង+ តែ​លោក​បាន​បើក​បង្ហាញ​ឲ្យ​កូន​តូច​ៗ​យល់​វិញ។ ឱ​បិតា​អើយ ពី​ព្រោះ​នេះ​គឺ​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​លោក។+ ២២ បិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វី​ៗ​ទាំង​អស់​មក​ឲ្យ​ខ្ញុំ។ គ្មាន​អ្នក​ណា​ស្គាល់​បុត្រ​របស់​ព្រះ​ច្បាស់​ជាង​ព្រះ​ដែល​ជា​បិតា ហើយ​គ្មាន​អ្នក​ណា​ស្គាល់​ព្រះ​ដែល​ជា​បិតា​ច្បាស់​ជាង​បុត្រ​របស់​លោក+ និង​អ្នក​ដែល​បុត្រ​របស់​លោក​សុខ​ចិត្ត​បើក​បង្ហាញ​ឲ្យ​ស្គាល់​នោះ​ទេ​»។+

២៣ បន្ទាប់​មក លោក​បែរ​ទៅ​និយាយ​ជា​មួយ​នឹង​ពួក​អ្នក​កាន់​តាម​ដោយ​ឡែក​ពី​គេ ហើយ​ពោល​ថា​៖ ​«​អស់​អ្នក​ណា​ដែល​មើល​ឃើញ​អ្វី​ៗ​ដែល​អ្នក​រាល់​គ្នា​កំពុង​មើល​ឃើញ អ្នក​ទាំង​នោះ​មាន​សុភមង្គល​ហើយ។+ ២៤ ព្រោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា ធ្លាប់​មាន​ពួក​អ្នក​ប្រកាស​ទំនាយ​និង​ស្ដេច​ជា​ច្រើន​នាក់​ដែល​ចង់​ឃើញ​អ្វី​ដែល​អ្នក​កំពុង​ឃើញ តែ​មិន​បាន​ឃើញ​ឡើយ+ ហើយ​ចង់​ឮ​អ្វី​ដែល​អ្នក​កំពុង​ឮ តែ​ក៏​មិន​បាន​ឮ​ដែរ​»។

២៥ ក្រោយ​មក មើល! បុរស​ម្នាក់​ដែល​ចេះ​ច្បាប់*ស្ទាត់​បាន​ក្រោក​ឡើង​ល្បង​ល​លោក ដោយ​សួរ​ថា​៖ ​«​លោក​គ្រូ តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ជា​មត៌ក?​»។+ ២៦ លោក​មាន​ប្រសាសន៍​ទៅ​បុរស​នោះ​ថា​៖ ​«​តើ​ច្បាប់​ចែង​យ៉ាង​ណា? ពេល​ដែល​អ្នក​អាន តើ​អ្នក​យល់​ដូច​ម្ដេច?​»។ ២៧ បុរស​នោះ​ឆ្លើយ​ថា​៖ ​«​‹អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា*ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ដួង​ចិត្ត អស់​ពី​ជីវិត* អស់​ពី​កម្លាំង និង​អស់​ពី​សមត្ថភាព​រិះ​គិត›+ ហើយ​‹អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក›​»។+ ២៨ លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​អ្នក​ឆ្លើយ​ត្រឹម​ត្រូវ​ហើយ ចូរ​បន្ត​ធ្វើ​ដូច្នោះ ហើយ​អ្នក​នឹង​បាន​ជីវិត​»។+

២៩ ប៉ុន្តែ បុរស​នោះ​ចង់​បញ្ជាក់​ថា​ខ្លួន​គាត់​សុចរិត។+ ដូច្នេះ គាត់​សួរ​លោក​យេស៊ូ​ថា​៖ ​«​តើ​អ្នក​ណា​ទៅ ជា​អ្នក​ជិត​ខាង​របស់​ខ្ញុំ?​»។ ៣០ លោក​យេស៊ូ​តប​ឆ្លើយ​ថា​៖ ​«​មាន​បុរស​ម្នាក់​កំពុង​ធ្វើ​ដំណើរ​ចុះ​ពី​ក្រុង​យេរូសាឡិម​ទៅ​ក្រុង​យេរីខូ ក៏​បាន​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ចោរ​ប្លន់។ ចោរ​ទាំង​នោះ​បាន​ចាប់​ដោះ​យក​សម្លៀក​បំពាក់​គាត់ ក៏​វាយ​ដំ​គាត់ រួច​ចេញ​ទៅ​ដោយ​ទុក​គាត់​ចោល​ស្ទើរ​ស្លាប់​ស្ទើរ​រស់។ ៣១ ចៃដន្យ នៅ​ពេល​នោះ​មាន​សង្ឃ​ម្នាក់​កំពុង​ចុះ​តាម​ផ្លូវ​នោះ ប៉ុន្តែ​កាល​ដែល​ឃើញ​បុរស​នោះ សង្ឃ​ក៏​ជៀស​ទៅ​ម្ខាង​ផ្លូវ ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ៣២ ដូច​គ្នា​ដែរ ពេល​បុរស​ម្នាក់​ពី​កុល​សម្ព័ន្ធ​លេវី​បាន​ចុះ​ទៅ​ដល់​កន្លែង​នោះ ហើយ​ឃើញ​បុរស​នោះ គាត់​ក៏​ជៀស​ទៅ​ម្ខាង​ផ្លូវ ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ៣៣ ប៉ុន្តែ បុរស​ជន​ជាតិ​សាម៉ារី​ម្នាក់+ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ បាន​ប្រទះ​ឃើញ​បុរស​នោះ។ កាល​បាន​ឃើញ​ហើយ គាត់​ក៏​មាន​ចិត្ត​ក្ដួល​អាណិត។ ៣៤ ដូច្នេះ គាត់​ទៅ​ជិត ហើយ​រុំ​របួស​ឲ្យ​បុរស​នោះ ក៏​ចាក់​ប្រេង​និង​ស្រា​លើ​របួស​នោះ​ផង។ រួច​មក គាត់​លើក​បុរស​នោះ​ដាក់​លើ​សត្វ​ជា​ជំនិះ​របស់​គាត់ ក៏​នាំ​យក​ទៅ​ផ្ទះ​សម្នាក់​មួយ ហើយ​ថែ​ទាំ។ ៣៥ លុះ​ថ្ងៃ​ស្អែក គាត់​យក​ប្រាក់​ពីរ​ឌីណារី*ជូន​ម្ចាស់​ផ្ទះ​សម្នាក់ ទាំង​ប្រាប់​ថា​៖ ‹សូម​ថែ​ទាំ​គាត់ ហើយ​បើ​អ្នក​ចំណាយ​ប្រាក់​លើស​ពី​នេះ ខ្ញុំ​នឹង​សង​អ្នក​ពេល​ខ្ញុំ​ត្រឡប់​មក​វិញ›។ ៣៦ តាម​យោបល់​របស់​អ្នក តើ​អ្នក​ណា​ក្នុង​ចំណោម​បុរស​ទាំង​បី​នាក់​នោះ​បាន​ប្រព្រឹត្ត​ជា​អ្នក​ជិត​ខាង+ចំពោះ​បុរស​ដែល​បាន​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ពួក​ចោរ?​»។ ៣៧ គាត់​ឆ្លើយ​ថា​៖ ​«​គឺ​បុរស​ដែល​បាន​ប្រព្រឹត្ត​ចំពោះ​គាត់​ដោយ​មេត្តា​ករុណា​»។+ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ចូរ​ទៅ​ចុះ! ហើយ​ប្រព្រឹត្ត​ដូច្នោះ​ដែរ​»។+

៣៨ កាល​ដែល​ពួក​គាត់​កំពុង​ធ្វើ​ដំណើរ​ទៅ លោក​បាន​ចូល​ក្នុង​ភូមិ​មួយ។ នៅ​ទី​នោះ ស្ត្រី​ម្នាក់​ឈ្មោះ​ម៉ាថា+បាន​ទទួល​លោក​ជា​ភ្ញៀវ​ក្នុង​ផ្ទះ។ ៣៩ នាង​មាន​ប្អូន​ស្រី​ម្នាក់​ឈ្មោះ​ម៉ារៀ។ ម៉ារៀ​បាន​អង្គុយ​នៅ​ក្បែរ​ជើង​របស់​លោក​ម្ចាស់ ហើយ​បន្ត​ស្ដាប់​លោក​មាន​ប្រសាសន៍។ ៤០ រីឯ​ម៉ាថា​វិញ នាង​កំពុង​រវល់​ធ្វើ​កិច្ច​ការ​ជា​ច្រើន។ ដូច្នេះ នាង​បាន​ចូល​ទៅ​ជិត ក៏​ជម្រាប​លោក​ថា​៖ ​«​តើ​លោក​ម្ចាស់​មិន​ឃើញ​ថា ប្អូន​ខ្ញុំ​បាន​ទុក​ឲ្យ​ខ្ញុំ​ធ្វើ​កិច្ច​ការ​តែ​ម្នាក់​ឯង​ទេ​ឬ? ដូច្នេះ សូម​ប្រាប់​គាត់​ឲ្យ​មក​ជួយ​ខ្ញុំ​ផង​»។ ៤១ លោក​ម្ចាស់​តប​ថា​៖ ​«​ម៉ាថា ម៉ាថា នាង​ខ្វល់​ចិត្ត​ខ្លាំង​ណាស់​អំពី​កិច្ច​ការ​ជា​ច្រើន។ ៤២ ប៉ុន្តែ អ្វី​ដែល​ត្រូវ​ការ​មាន​តែ​ពីរ​បី​មុខ​ទេ ឬ​តែ​មួយ​មុខ​ប៉ុណ្ណោះ។ ឯ​ម៉ារៀ នាង​បាន​រើស​យក​ចំណែក​ល្អ*វិញ+ ហើយ​ចំណែក​នោះ​នឹង​មិន​ត្រូវ​យក​ចេញ​ពី​នាង​ឡើយ​»។

១១ មាន​ពេល​មួយ លោក​យេស៊ូ​កំពុង​អធិដ្ឋាន ហើយ​ពេល​អធិដ្ឋាន​ចប់ អ្នក​កាន់​តាម​ម្នាក់​របស់​លោក​បាន​សុំ​ថា​៖ ​«​លោក​ម្ចាស់ សូម​បង្រៀន​យើង​ឲ្យ​ចេះ​អធិដ្ឋាន ដូច​យ៉ូហាន​ក៏​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​គាត់​ឲ្យ​ចេះ​អធិដ្ឋាន​ដែរ​»។

២ ដូច្នេះ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ពេល​ណា​ដែល​អ្នក​អធិដ្ឋាន ចូរ​ពោល​ថា​៖ ‹បិតា​អើយ សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ។+ សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​មក​ដល់។+ ៣ សូម​ផ្ដល់​អាហារ*ឲ្យ​យើង​រៀង​រាល់​ថ្ងៃ តាម​សេចក្ដី​ត្រូវ​ការ​របស់​យើង+ ៤ ហើយ​សូម​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង+ ព្រោះ​យើង​ក៏​អភ័យ​ទោស​ដល់​អស់​អ្នក​ដែល​បាន​ធ្វើ​ខុស​នឹង​យើង*ដែរ។+ សូម​កុំ​ឲ្យ​យើង​ចាញ់​សេចក្ដី​ល្បួង​ឡើយ›​»។+

៥ រួច​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ឧបមា​ថា អ្នក​មាន​មិត្ត​ភក្ដិ​ម្នាក់ ហើយ​អ្នក​ទៅ​រក​គាត់​កណ្ដាល​អធ្រាត្រ រួច​និយាយ​ថា​៖ ‹សម្លាញ់​អើយ! សូម​ឲ្យ​ខ្ញុំ​ខ្ចី​នំ​ប៉័ង​បី​ដុំ​សិន ៦ ព្រោះ​ខ្ញុំ​មាន​មិត្ត​ភក្ដិ​ម្នាក់​ទើប​តែ​មក​ដល់ គាត់​ធ្វើ​ដំណើរ​មក​ពី​ឆ្ងាយ ហើយ​ខ្ញុំ​គ្មាន​អ្វី​ទទួល​គាត់​សោះ›។ ៧ ប៉ុន្តែ មិត្ត​ភក្ដិ​របស់​អ្នក​តប​ពី​ក្នុង​ផ្ទះ​ថា​៖ ‹ឈប់​រំខាន​ខ្ញុំ ព្រោះ​ទ្វារ​ចាក់​សោ​ហើយ ឯ​កូន​តូច​ៗ​របស់​ខ្ញុំ​កំពុង​ដេក​នៅ​គ្រែ​ជា​មួយ​នឹង​ខ្ញុំ​ដែរ។ ខ្ញុំ​មិន​អាច​ក្រោក​ឡើង​យក​អ្វី​ទៅ​ឲ្យ​អ្នក​បាន​ទេ›។ ៨ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គាត់​ប្រាកដ​ជា​នឹង​ក្រោក​ឡើង ហើយ​ឲ្យ​អ្វី​ដែល​មិត្ត​ភក្ដិ​របស់​គាត់​ត្រូវ​ការ មិន​មែន​ឲ្យ​ដោយ​សារ​អ្នក​នោះ​ជា​មិត្ត​ភក្ដិ​ទេ តែ​ឲ្យ​ដោយ​សារ​អ្នក​នោះ​ទទូច​សុំ​ឥត​ខ្លាច​ចិត្ត។+ ៩ ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​សុំ​ឥត​ឈប់+ នោះ​អ្នក​នឹង​ទទួល ចូរ​រក​ឥត​ឈប់ នោះ​អ្នក​នឹង​រក​ឃើញ ចូរ​គោះ​ទ្វារ​ឥត​ឈប់ នោះ​ទ្វារ​នឹង​ត្រូវ​បើក​ឲ្យ។+ ១០ ពី​ព្រោះ​អស់​អ្នក​ដែល​សុំ នឹង​ទទួល+ ហើយ​អស់​អ្នក​ដែល​រក នឹង​រក​ឃើញ ហើយ​ចំពោះ​អស់​អ្នក​ដែល​គោះ ទ្វារ​នឹង​ត្រូវ​បើក​ឲ្យ។ ១១ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ជា​ឪពុក បើ​កូន​សុំ​ត្រី តើ​មាន​អ្នក​ណា​ម្នាក់​នឹង​ឲ្យ​សត្វ​ពស់​មួយ​ទៅ​កូន ជា​ជាង​ឲ្យ​ត្រី​មួយ​ទេ?+ ១២ ឬ​បើ​កូន​សុំ​ស៊ុត​មួយ តើ​នឹង​ឲ្យ​ខ្ទួយ​មួយ​ទៅ​កូន​ទេ? ១៣ ដូច្នេះ សូម្បី​តែ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​ទុច្ចរិត ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន ទម្រាំ​តែ​បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ លោក​ប្រាកដ​ជា​នឹង​ផ្ដល់​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​ដល់​អ្នក​ដែល​សុំ​ពី​លោក​ច្រើន​ជាង​នោះ​ទៅ​ទៀត!​»។+

១៤ ក្រោយ​មក លោក​បាន​បណ្ដេញ​វិញ្ញាណ​កំណាច​ដែល​ធ្វើ​ឲ្យ​បុរស​ម្នាក់​គ។+ លុះ​វិញ្ញាណ​កំណាច​ចេញ​ពី​បុរស​នោះ​ហើយ គាត់​ចាប់​ផ្ដើម​និយាយ ហើយ​បណ្ដា​ជន​បាន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។+ ១៥ ប៉ុន្តែ អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​គេ​បាន​និយាយ​ថា​៖ ​«​បុរស​នេះ​បណ្ដេញ​វិញ្ញាណ​កំណាច​បាន ដោយ​សារ​តែ​ទទួល​អំណាច​ពី​បេលសេប៊ូល*ដែល​ជា​អ្នក​គ្រប់​គ្រង​ពួក​វិញ្ញាណ​កំណាច​»។+ ១៦ រីឯ​អ្នក​ខ្លះ​ទៀត​បាន​ល្បង​ល​លោក ដោយ​សុំ​លោក​ឲ្យ​បង្ហាញ​សញ្ញា​សម្គាល់​មួយ+ពី​លើ​មេឃ។ ១៧ លោក​ជ្រាប​អំពី​គំនិត​របស់​ពួក​គេ+ ក៏​មាន​ប្រសាសន៍​ថា​៖ ​«​រាជាណាចក្រ​ណា​ដែល​បែក​បាក់​ទាស់​ប្រឆាំង​គ្នា នឹង​វិនាស​ទៅ ហើយ​ផ្ទះ​ណា​ដែល​បែក​បាក់​ទាស់​ប្រឆាំង​គ្នា​នឹង​រលំ។ ១៨ ដូច​គ្នា​ដែរ បើ​សាថាន*បាន​បែក​បាក់​ទាស់​ប្រឆាំង​ខ្លួន​ឯង​ហើយ តើ​រាជាណាចក្រ​របស់​សាថាន​អាច​ស្ថិត​ស្ថេរ​ដូច​ម្ដេច​បាន? ព្រោះ​អ្នក​រាល់​គ្នា​និយាយ​ថា​ខ្ញុំ​បណ្ដេញ​វិញ្ញាណ​កំណាច​បាន ដោយ​សារ​តែ​ទទួល​អំណាច​ពី​បេលសេប៊ូល។ ១៩ បើ​ខ្ញុំ​បណ្ដេញ​វិញ្ញាណ​កំណាច​ដោយ​សារ​បេលសេប៊ូល ចុះ​តើ​អ្នក​កាន់​តាមអ្នក​រាល់​គ្នា​បណ្ដេញ​វិញ្ញាណ​កំណាច​ដោយ​សារ​អ្នក​ណា​វិញ? ហេតុ​នេះ​ហើយ​បាន​ជាពួក​គេ​នឹង​វិនិច្ឆ័យ​អ្នក​រាល់​គ្នា។ ២០ ក៏​ប៉ុន្តែ ប្រសិន​បើ​ខ្ញុំ​បណ្ដេញ​វិញ្ញាណ​កំណាច​ដោយ​ម្រាម​ដៃ​របស់​ព្រះ​វិញ+ នោះ​មាន​ន័យ​ថា​រាជាណាចក្រ​របស់​ព្រះ​បាន​មក​ដល់​ដោយ​អ្នក​មិន​ដឹង​ខ្លួន។+ ២១ ពេល​បុរស​ខ្លាំង​ពូកែ​ម្នាក់​ប្រដាប់​អាវុធ​សព្វ​គ្រប់ ការ​ពារ​ផ្ទះ​របស់​ខ្លួន នោះ​ទ្រព្យ​សម្បត្តិ​របស់​គាត់​នៅ​គង់​វង្ស។ ២២ ប៉ុន្តែ ពេល​អ្នក​ដែល​ខ្លាំងជាង​មកច្បាំង​ឈ្នះ​គាត់ អ្នក​នោះ​ក៏​ដក​ហូត​អាវុធ​ទាំង​អស់​ដែល​គាត់​បាន​ទុក​ចិត្ត ហើយ​ទ្រព្យ​សម្បត្តិ​ដែល​អ្នក​នោះ​បាន​រឹប​អូស​ពី​គាត់ អ្នក​នោះ​ក៏​ចែក​រំលែក​ដល់​អ្នក​ដទៃ។ ២៣ អ្នក​ណា​ដែល​មិន​គាំទ្រ​ខាង​ខ្ញុំ អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មិន​ប្រមូល​មនុស្ស​ជា​មួយ​នឹង​ខ្ញុំ អ្នក​នោះ​ធ្វើ​ឲ្យ​មនុស្ស​ខ្ចាត់​ខ្ចាយ​វិញ។+

២៤ ​«​នៅ​ពេល​ដែល​វិញ្ញាណ​អសោច​ចេញ​ពី​មនុស្ស​ម្នាក់ វា​ឆ្លង​កាត់​ទី​ហួត​ហែង ដើម្បី​រក​កន្លែង​សម្រាក តែ​រក​មិន​បាន​ទេ។ រួច​មក វា​និយាយ​ថា​៖ ‹ខ្ញុំ​នឹង​ត្រឡប់​ទៅ​ឯ​បុគ្គល​នោះ​ដែល​ធ្លាប់​ជា​ផ្ទះ​របស់​ខ្ញុំ​វិញ›។+ ២៥ លុះ​ទៅ​ដល់​ហើយ ឃើញ​ថា​ផ្ទះ​នោះ​បាន​ត្រូវ​បោស​ស្អាត និង​តុបតែង​យ៉ាង​ល្អ។ ២៦ ក្រោយ​មក វា​ចេញ​ទៅ​នាំ​វិញ្ញាណ​៧​ទៀត​ដែល​ទុច្ចរិត​ជាង​វា​ចូល​បុគ្គល​នោះ។ ពេល​ចូល​ហើយ ពួក​វា​អាស្រ័យ​នៅ​ទី​នោះ រួច​ស្ថានភាព​ចុង​ក្រោយ​របស់​មនុស្ស​ម្នាក់​នោះ​គឺ​អាក្រក់​ជាង​មុន​ទៅ​ទៀត​»។

២៧ កាល​ដែល​លោក​កំពុង​ពោល​ពាក្យ​ទាំង​នេះ ស្ត្រី​ម្នាក់​បន្លឺ​សំឡេង​ពី​ក្នុង​ចំណោម​បណ្ដា​ជន​ទៅ​លោក​ថា​៖ ​«​ស្ត្រី​ដែល​បាន​រក្សា​លោក​ក្នុង​ផ្ទៃ ហើយ​បំបៅ​លោក មាន​សុភមង្គល​ហើយ!​»។+ ២៨ ប៉ុន្តែ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ទេ! គឺ​អស់​អ្នក​ដែល​ឮ​បណ្ដាំ​របស់​ព្រះ ហើយ​ធ្វើ​តាម ទើប​មាន​សុភមង្គល!​»។+

២៩ ពេល​ដែល​បណ្ដា​ជន​កំពុង​ប្រមូល​ផ្ដុំ​គ្នា លោក​មាន​ប្រសាសន៍​ថា​៖ ​«​មនុស្ស​ជំនាន់​នេះ​ជា​ជំនាន់​ទុច្ចរិត ព្រោះ​ពួក​គេ​ចេះ​តែ​រក​មើល​សញ្ញា​សម្គាល់។ ប៉ុន្តែ គ្មាន​សញ្ញា​សម្គាល់​ណា​នឹង​ត្រូវ​បើក​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញ​ឡើយ ក្រៅ​ពី​សញ្ញា​សម្គាល់​នៃ​យ៉ូណាស។+ ៣០ ព្រោះ​ដូច​យ៉ូណាស+បាន​ធ្វើ​ជា​សញ្ញា​សម្គាល់​ដល់​អ្នក​ក្រុង​នីនីវេ នោះ​កូន​មនុស្ស​ក៏​នឹង​ធ្វើ​ជា​សញ្ញា​សម្គាល់​ដល់​មនុស្ស​ជំនាន់​នេះ​ដែរ។ ៣១ នៅ​ថ្ងៃ​វិនិច្ឆ័យ​ក្ដី មហា​ក្សត្រី​នៃ​ភាគ​ខាង​ត្បូង+នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជា​មួយ​នឹង​មនុស្ស​ជំនាន់​នេះ ហើយ​មហា​ក្សត្រី​នោះ​នឹង​ផ្ដន្ទា​ទោស​ពួក​គេ ពី​ព្រោះ​នាង​បាន​មក​ពី​ចុង​ផែនដី​ដើម្បី​ស្ដាប់​សម្ដី​ប្រកប​ដោយ​ប្រាជ្ញា​របស់​សាឡូម៉ូន។ ប៉ុន្តែ មើល! អ្នក​ដែល​ធំ​ជាង​សាឡូម៉ូន​នៅ​ទី​នេះ​ហើយ។+ ៣២ នៅ​ថ្ងៃ​វិនិច្ឆ័យ​ក្ដី មនុស្ស​ពី​ក្រុង​នីនីវេ​នឹង​រស់​ឡើង​វិញ​ជា​មួយ​នឹង​មនុស្ស​ជំនាន់​នេះ ហើយ​នឹង​ផ្ដន្ទា​ទោស​ពួក​គេ ពី​ព្រោះ​អ្នក​ក្រុង​នោះ​បាន​ប្រែ​ចិត្ត​ពេល​ស្ដាប់​អ្វី​ដែល​យ៉ូណាស​ផ្សព្វ​ផ្សាយ។+ ប៉ុន្តែ មើល! អ្នក​ដែល​ធំ​ជាង​យ៉ូណាស​នៅ​ទី​នេះ​ហើយ។ ៣៣ ក្រោយ​ពី​អុជ​ចង្កៀង គេ​មិន​ដែលយក​វា​ទៅ​លាក់ ឬ​ដាក់​ក្រោម​កញ្ឆេ*ឡើយ តែ​គេ​ដាក់​លើ​ជើង​ចង្កៀង​វិញ+ ដើម្បី​ឲ្យ​អ្នក​ដែល​ចូល​មក​អាច​ឃើញ​ពន្លឺ​បាន។ ៣៤ ភ្នែក​របស់​អ្នក​ជា​ចង្កៀង​នៃ​រូប​កាយ។ ពេល​ភ្នែក​របស់​អ្នក​មើល​របស់​តែ​មួយ នោះ​រូប​កាយ​ទាំង​មូល​របស់​អ្នក​ក៏​ភ្លឺ។ ប៉ុន្តែ បើ​ភ្នែក​របស់​អ្នក​សម្លឹង​មើល​ដោយ​ចិត្ត​ច្រណែន* នោះ​រូប​កាយ​ទាំង​មូល​របស់​អ្នក​នឹង​ងងឹត​វិញ។+ ៣៥ ដូច្នេះ ចូរ​ប្រុង​ប្រយ័ត្ន ក្រែង​ពន្លឺ​ដែល​នៅ​ក្នុង​អ្នក គឺ​ជា​សេចក្ដី​ងងឹត​វិញ។ ៣៦ ម្ល៉ោះ​ហើយ បើ​រូប​កាយ​ទាំង​មូល​របស់​អ្នក​ភ្លឺ ដោយ​គ្មាន​កន្លែង​ណា​ងងឹត​សោះ នោះ​នឹង​បាន​ភ្លឺ​ពេញ​រូប​កាយ ដូច​ពេល​ដែល​ចង្កៀង​បំភ្លឺ​អ្នក​ដែរ​»។

៣៧ លុះ​មាន​ប្រសាសន៍​ចប់​ហើយ ផារិស៊ី​ម្នាក់​បាន​អញ្ជើញ​លោក​មក​ពិសា​អាហារ​ជា​មួយ​នឹង​គាត់។ ដូច្នេះ លោក​បាន​ចូល​ទៅ​អង្គុយ​នៅ​តុ។ ៣៨ ក៏​ប៉ុន្តែ ផារិស៊ី​នោះ​បាន​ភ្ញាក់​ផ្អើល​ពេល​ឃើញ​ថា​លោក​មិន​បាន​លាង​ដៃ*មុន​ពិសា​អាហារ។+ ៣៩ ប៉ុន្តែ លោក​ម្ចាស់​យេស៊ូ​បាន​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​អ្នក​រាល់​គ្នា​ដែល​ជា​ពួក​ផារិស៊ី អ្នក​លាង​ពែង​និង​ចាន​តែ​ខាង​ក្រៅ​ប៉ុណ្ណោះ ឯ​ខាង​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​វិញ គឺ​ពេញ​ទៅ​ដោយ​ភាព​លោភ​លន់​និង​អំពើ​ទុច្ចរិត។+ ៤០ មនុស្ស​ឥត​សម​ហេតុ​សម​ផល! លោក​ដែល​បាន​បង្កើត​ខាង​ក្រៅ ក៏​បាន​បង្កើត​ខាង​ក្នុង​ដែរ មែន​ទេ? ៤១ ប៉ុន្តែ ពេល​ធ្វើ​ទាន ចូរ​ធ្វើ​ដោយ​ចេញ​ពី​ក្នុង​ចិត្ត​វិញ ហើយ​មើល! អ្វី​ៗ​ទាំង​អស់​អំពី​អ្នក​ក៏​នឹង​ស្អាត​បរិសុទ្ធ​ដែរ។ ៤២ ប៉ុន្តែ អ្នក​រាល់​គ្នា​ជា​ពួក​ផារិស៊ី អ្នក​នឹង​ត្រូវ​វេទនា! ពី​ព្រោះ​អ្នក​រាល់​គ្នា​ឲ្យ​១​ភាគ​១០​ពី​ជីរ​អង្កាម ប៉េកាណុន* និង​ជីរ*ឯ​ទៀត+ តែ​អ្នក​មើល​រំលង​យុត្តិធម៌​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ! អ្នក​មាន​កាតព្វកិច្ច​ឲ្យ​អ្វី​ៗ​ទាំង​នោះ តែ​អ្នក​មិន​ត្រូវ​លះ​ចោ​ល​រឿង​ផ្សេង​ទៀត​ឡើយ។+ ៤៣ អ្នក​រាល់​គ្នា​ជា​ពួក​ផារិស៊ី អ្នក​នឹង​ត្រូវ​វេទនា! ពី​ព្រោះ​អ្នក​ចូល​ចិត្ត​អង្គុយ​កន្លែង​នៅ​មុខ​គេ​ក្នុង​សាលា​ប្រជុំ ហើយ​ចង់​ឲ្យ​មនុស្ស​ជម្រាប​សួរ បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​នៅ​ទី​ផ្សារ!+ ៤៤ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វេទនា! ពី​ព្រោះ​អ្នក​ដូច​ជា​ទី​បញ្ចុះ​សព​ដែល​គេ​មើល​មិន​ឃើញ+ ហើយ​ដើរ​ជាន់​ដោយ​មិន​ដឹង​ខ្លួន!​»។

៤៥ អ្នក​ចេះ​ច្បាប់​ស្ទាត់​ម្នាក់​បាន​ជម្រាប​លោក​ថា​៖ ​«​លោក​គ្រូ លោក​មាន​ប្រសាសន៍​ដូច្នេះ បាន​សេចក្ដី​ថា​លោក​ក៏​ដៀល​ត្មះ​យើង​ខ្ញុំ​ដែរ​»។ ៤៦ រួច​លោក​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​ជា​អ្នក​ចេះ​ច្បាប់​ស្ទាត់ អ្នក​នឹង​ត្រូវ​វេទនា! ពី​ព្រោះ​បន្ទុក​ដែល​អ្នក​ដាក់​លើ​មនុស្ស គឺ​ជា​បន្ទុក​ដែល​ពិបាក​រែក​ពុន ប៉ុន្តែ​អ្នក​មិន​ព្រម​យក​ម្រាម​ដៃ​មក​ពាល់​បន្ទុក​នោះ​បន្តិច​សោះ!+

៤៧ ​«​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វេទនា! ពី​ព្រោះ​អ្នក​ធ្វើ​ទី​បញ្ចុះ​សព​របស់​ពួក​អ្នក​ប្រកាស​ទំនាយ តែ​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​បាន​សម្លាប់​ពួក​គេ!+ ៤៨ អ្នក​រាល់​គ្នា​ដឹង​ច្បាស់​អំ​ពី​ការ​ប្រព្រឹត្ត​នៃ​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា ប៉ុន្តែ​អ្នក​នៅ​តែ​ពេញ​ចិត្ត​ការ​ប្រព្រឹត្ត​របស់​ពួក​គេ ពី​ព្រោះ​ពួក​គេ​បាន​សម្លាប់​ពួក​អ្នក​ប្រកាស​ទំនាយ+ ឯ​អ្នក​រាល់​គ្នា​កំពុង​ធ្វើ​ទី​បញ្ចុះ​សព​របស់​អ្នក​ប្រកាស​ទំនាយ​ទាំង​នោះ។ ៤៩ ហេតុ​នេះ ព្រះ​បាន​មាន​ប្រសាសន៍​ដោយ​ប្រាជ្ញា​ថា​៖ ‹ខ្ញុំ​នឹង​ចាត់​ពួក​អ្នក​ប្រកាស​ទំនាយ​និង​ពួក​សាវ័ក​ទៅ​ឯ​ពួក​គេ រួច​អ្នក​ខ្លះ​នឹង​ត្រូវ​ពួក​គេ​សម្លាប់ ហើយ​អ្នក​ខ្លះ​នឹង​ត្រូវ​ពួក​គេ​បៀត​បៀន ៥០ ដើម្បី​ឲ្យ​មនុស្ស​ជំនាន់​នេះ​ទទួល​ទោស​ចំពោះ​ការ​សម្លាប់*ពួក​អ្នក​ប្រកាស​ទំនាយ​ទាំង​អស់ តាំង​ពី​កំណើត​ពិភព​លោក​មក+ ៥១ តាំង​ពី​ឈាម​របស់​អេបិល+ រហូត​ដល់​ឈាម​របស់​សាការី ដែល​គេ​បាន​សម្លាប់​នៅ​ចន្លោះ​ទី​បូជា​និង​វិហារ›។+ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មនុស្ស​ជំនាន់​នេះ​នឹង​ទទួល​ទោស​ចំពោះ​ឈាម​របស់​អ្នក​ទាំង​អស់​នោះ​ពិត​មែន។

៥២ ​«​អ្នក​រាល់​គ្នា​ជា​អ្នក​ចេះ​ច្បាប់​ស្ទាត់ អ្នក​នឹង​ត្រូវ​វេទនា! ពី​ព្រោះ​អ្នក​បាន​ដក​យក​កូន​សោ​នៃ​ចំណេះ​ចេញ។ អ្នក​រាល់​គ្នា​មិន​បាន​ចូល ហើយ​អ្នក​ដែល​កំពុង​ចូល ក៏​អ្នក​រាល់​គ្នា​ឃាត់​មិន​ឲ្យ​ចូល​ដែរ!​»។+

៥៣ ដូច្នេះ ពេល​ដែល​លោក​ចេញ​ពី​ទី​នោះ ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ និង​ពួក​ផារិស៊ី​ចាប់​ផ្ដើម​ប្រជ្រៀត​គ្នា​ចោម​រោម​លោក រួច​សួរ​ដេញ​ដោល​អំពី​រឿង​ផ្សេង​ទៀត​ជា​ច្រើន ៥៤ ហើយ​ពួក​គេ​ចាំ​ឲ្យ​លោក​មាន​ប្រសាសន៍​អំពី​អ្វី​មួយ ដើម្បី​អាច​ចាប់​កំហុស​លោក​បាន។+

១២ នៅ​គ្រា​នោះ ក្រោយ​ពី​មនុស្ស​ជា​ច្រើន​រាប់​ពាន់​នាក់​បាន​មក​ជួប​ជុំ​រហូត​ដល់​ជាន់​ជើង​គ្នា លោក​ចាប់​ផ្ដើម​មាន​ប្រសាសន៍​ដោយ​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ចូរ​ប្រយ័ត្ន​នឹង​ដំបែ​របស់​ពួក​ផារិស៊ី ពោល​គឺ​ពុត​ត្បុត​របស់​ពួក​គេ។+ ២ ប៉ុន្តែ អ្វី​ៗ​ទាំង​អស់​ដែល​បាន​ត្រូវ​បិទ​បាំង​យ៉ាង​ជិត​ល្អ នឹង​ត្រូវ​បើក​បង្ហាញ ហើយ​អ្វី​ៗ​ទាំង​អស់​ដែល​ជា​អាថ៌​កំបាំង នឹង​ត្រូវ​គេ​ដឹង។+ ៣ ហេតុ​នេះ អ្វី​ដែល​អ្នក​រាល់​គ្នា​និយាយ​ក្នុង​ទី​ងងឹត នោះ​នឹង​ត្រូវ​គេ​ឮ​នៅ​កន្លែង​ភ្លឺ ហើយ​អ្វី​ដែល​អ្នក​រាល់គ្នា​ខ្សឹប​នៅ​ក្នុង​បន្ទប់ នោះ​នឹង​ត្រូវ​ផ្សាយ​ពី​លើ​ដំបូល​ផ្ទះ​វិញ។ ៤ ម្យ៉ាង​ទៀត សម្លាញ់​ខ្ញុំ​អើយ+ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ខ្លាច​អ្នក​ដែល​សម្លាប់​រូប​កាយ តែ​មិន​អាច​ធ្វើ​អ្វី​លើស​ពី​នោះ​ឡើយ។+ ៥ ផ្ទុយ​ទៅ​វិញ ខ្ញុំ​នឹង​ប្រាប់​អ្នក​រាល់​គ្នា​ថា​ត្រូវ​ខ្លាច​អ្នក​ណា គឺ​ត្រូវ​ខ្លាច​លោក​ដែល​មាន​អំណាច​សម្លាប់​អ្នក​ដោយ​បោះ​អ្នក​ទៅ​ក្នុង​កេហេណា។*+ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គឺ​លោក​ហើយ​ដែល​អ្នក​ត្រូវ​ខ្លាច។+ ៦ គេ​លក់​ចាប​ពូក​ប្រាំ​ក្បាល​ថ្លៃ​ពីរ​សេន* មែន​ទេ? ប៉ុន្តែ ព្រះ​មិន​ភ្លេច​ចាប​ទាំង​នោះ​ឡើយ ទោះ​ជា​ចាប​មួយ​ក៏​ដោយ។+ ៧ សូម្បី​តែ​ចំនួន​សរសៃ​សក់​នៅ​លើ​ក្បាល​អ្នក​រាល់​គ្នា ក៏​លោក​ជ្រាប​ដែរ។+ កុំ​ខ្លាច​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មាន​តម្លៃ​ជាង​ចាប​ពូក​ជា​ច្រើន​ទៅ​ទៀត។+

៨ ​«​ម្ល៉ោះ​ហើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​ទទួល​ស្គាល់​ខ្ញុំ​នៅ​មុខ​មនុស្ស+ កូន​មនុស្ស​ក៏​នឹង​ទទួល​ស្គាល់​អ្នក​នោះ​នៅ​មុខ​បណ្ដា​ទេវតា​របស់​ព្រះ​ដែរ។+ ៩ ប៉ុន្តែ អ្នក​ណា​ដែល​មិន​ទទួល​ស្គាល់​ខ្ញុំ​នៅ​មុខ​មនុស្ស កូន​មនុស្ស​ក៏​នឹង​មិន​ទទួល​ស្គាល់​អ្នកនោះ​នៅ​មុខ​បណ្ដា​ទេវតា​របស់​ព្រះ​ដែរ។+ ១០ ចំណែក​អ្នក​ណា​ដែល​ពោល​ពាក្យ​ប្រឆាំង​កូន​មនុស្ស អ្នក​នោះ​នឹង​ត្រូវ​អភ័យ​ទោស​ឲ្យ ប៉ុន្តែ​អ្នក​ណា​ដែល​ពោល​ពាក្យ​ប្រមាថ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ អ្នក​នោះ​នឹង​មិន​ត្រូវ​អភ័យ​ទោស​ឲ្យ​ទេ។+ ១១ ពេល​ដែល​គេ​បញ្ជូន​អ្នក​ទៅ​ឯ​ការ​ប្រជុំ​សាធារណៈ* ទៅ​ឯ​ពួក​មន្ត្រី​រាជការ និង​ពួក​អាជ្ញាធរ កុំ​ខ្វល់​ចិត្ត​ថា​អ្នក​ត្រូវ​និយាយ​អ្វី ឬ​និយាយ​យ៉ាង​ណា​ដើម្បី​ការ​ពារ​ខ្លួន​នោះ​ឡើយ+ ១២ ព្រោះ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​នឹង​បង្រៀន​អ្នក​រាល់​គ្នា​អំពី​អ្វី​ដែល​អ្នក​ត្រូវ​និយាយ​នៅ​ពេល​នោះ​ឯង​»។+

១៣ ក្រោយ​មក បុរស​ម្នាក់​ពី​ចំណោម​បណ្ដា​ជន​បាន​សុំ​លោក​ថា​៖ ​«​លោក​គ្រូ សូម​ប្រាប់​បង​ប្រុស​ខ្ញុំ​ឲ្យ​ចែក​មត៌ក​មក​ខ្ញុំ​ផង​»។ ១៤ លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​តើ​អ្នក​ណា​បាន​តែង​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ចៅ​ក្រម ឬ​ជា​អាជ្ញា​កណ្ដាល​រវាង​អ្នក​ទាំង​ពីរ?​»។ ១៥ រួច​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ចូរ​ប្រុង​ប្រៀប​ស្មារតី​ជានិច្ច ហើយ​ប្រុង​ប្រយ័ត្ន​នឹង​ការ​លោភ​លន់*គ្រប់​យ៉ាង+ ពី​ព្រោះ​ទោះ​ជា​មនុស្ស​ម្នាក់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​យ៉ាង​ណា​ក៏​ដោយ គាត់​មិន​បាន​ជីវិត​ពី​ទ្រព្យ​ទាំង​នោះ​ទេ​»។+ ១៦ រួច​លោក​លើក​ឧទាហរណ៍​មួយ​ប្រាប់​ពួក​គេ​ថា​៖ ​«​ស្រែ​ចម្ការ​របស់​បុរស​អ្នក​មាន​ម្នាក់​បាន​បង្កើត​ផល​ជា​ច្រើន។ ១៧ ម្ល៉ោះ​ហើយ គាត់​ចាប់​ផ្ដើម​រិះ​គិត​ក្នុង​ចិត្ត​ថា​៖ ‹ឥឡូវ​ខ្ញុំ​គ្មាន​កន្លែង​ទុក​ផល​ដំណាំ​របស់​ខ្ញុំ​ទេ។ ដូច្នេះ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា​ទៅ?›។ ១៨ រួច​គាត់​និយាយ​ថា​៖ ‹ខ្ញុំ​ត្រូវ​ធ្វើ​ដូច្នេះ​វិញ+ ខ្ញុំ​នឹង​រុះ​ឃ្លាំង​ទាំង​អស់​របស់​ខ្ញុំ ហើយ​ធ្វើ​ឃ្លាំង​ធំ​ៗ​ជាង រួច​មក​ខ្ញុំ​នឹង​ទុក​ស្រូវ​សាលី​និង​របស់​ល្អ​ទាំង​អស់​របស់​ខ្ញុំ​នៅ​ក្នុង​នោះ ១៩ ហើយ​ខ្ញុំ​នឹង​ប្រាប់​ខ្លួន​ខ្ញុំ​ថា​៖ ​«​ខ្ញុំ​អើយ! ខ្ញុំ​បាន​ប្រមូល​ទុក​របស់​ល្អ​ជា​ច្រើន ល្មម​សម្រាប់​យូរ​ឆ្នាំ​ទៀត ចូរ​សម្រាក​ចុះ ហើយ​បរិភោគ​និង​ផឹក​ឲ្យ​សប្បាយ​ទៅ​»​›។ ២០ ប៉ុន្តែ ព្រះ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ‹មនុស្ស​ឥត​ចេះ​គិត​ពិចារណា​អើយ នៅ​យប់​នេះ​ឯង គេ​នឹង​ទាម​ទារ​ជីវិត*របស់​អ្នក​ហើយ។ ដូច្នេះ តើ​អ្នក​ណា​នឹង​ទទួល​អ្វី​ៗ​ដែល​អ្នក​បាន​ប្រមូល​ទុក​នោះ?›។+ ២១ អ្នក​ណា​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន តែ​មិន​មែន​ជា​អ្នក​មាន​ចំពោះ​ព្រះ អ្នក​នោះ​ក៏​ដូច្នោះ​ដែរ​»។+

២២ បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ឈប់​ខ្វល់​ខ្វាយ​អំពី​ជីវិត*ខ្លួន​ថា នឹង​បាន​អ្វី​បរិភោគ ឬ​ខ្វល់​ខ្វាយ​អំពី​រូប​កាយ​ថា នឹង​បាន​អ្វី​ស្លៀក​ពាក់​ឡើយ។+ ២៣ ព្រោះ​ជីវិត​មាន​តម្លៃ​ជាង​ម្ហូប​អាហារ ហើយ​រូប​កាយ​មាន​តម្លៃ​ជាង​សម្លៀក​បំពាក់។ ២៤ ចូរ​កត់​សម្គាល់​ថា សត្វ​ក្អែក​មិន​សាប​ព្រោះ​ឬ​ច្រូត​កាត់​ទេ ហើយ​ក៏​គ្មាន​ជង្រុក​ឬ​ឃ្លាំង​ដែរ តែ​ព្រះ​ផ្ដល់​ចំណី​ឲ្យ​វា។+ ទម្រាំ​តែ​អ្នក​រាល់​គ្នា តើ​មិន​មាន​តម្លៃ​ជាង​សត្វ​ស្លាប​ទេ​ឬ?+ ២៥ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ខ្វល់​ខ្វាយ តើ​អ្នក​អាច​ធ្វើ​ឲ្យ​អាយុ​ជីវិត​ខ្លួន​វែង​ជាង សូម្បី​តែ​បន្តិច*បាន​ទេ? ២៦ ម្ល៉ោះ​ហើយ បើ​អ្នក​រាល់​គ្នា​មិន​អាច​ធ្វើ​ការ​ដ៏​តូច​នេះ​បាន​ទេ ហេតុ​អ្វី​អ្នក​រាល់​គ្នា​ត្រូវ​ខ្វល់​ខ្វាយ​អំពី​រឿង​ក្រៅ​ពី​នោះ?+ ២៧ ចូរ​កត់​សម្គាល់​របៀប​ដែល​ផ្កា​ដុះ​ឡើង​នៅ​ឯ​វាល។ វា​មិន​ធ្វើ​ការ​នឿយ​ហត់​ទេ ក៏​មិន​ត្បាញ​រវៃ​ដែរ។ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​សាឡូម៉ូន​ដែល​បាន​តែង​ខ្លួន​ល្អ​ប្រណីត​បំផុត ក៏​មិន​ស្មើ​នឹង​ផ្កា​មួយ​ទង​បែប​នោះ​ផង។+ ២៨ ព្រះ​តុបតែង​រុក្ខជាតិ​ដែល​ដុះ​នៅ​ឯ​វាល​នៅ​ថ្ងៃ​នេះ ហើយ​នៅ​ថ្ងៃ​ស្អែក​ត្រូវ​បោះ​ទៅ​ក្នុង​ឡ។ បើ​ដូច្នេះ ព្រះ​ប្រាកដ​ជា​នឹង​ផ្ដល់​សម្លៀក​បំពាក់​លើស​ជាង​នោះ​ទៅ​ទៀត​ឲ្យ​អ្នក​រាល់​គ្នា ដែល​ជា​អ្នក​មាន​ជំនឿ​តិច! ២៩ ដូច្នេះ ឈប់​ខ្វល់​ខ្វាយ​ថា នឹង​បាន​អ្វី​បរិភោគ ឬ​នឹង​បាន​អ្វី​ផឹក ហើយ​ឈប់​ព្រួយ​បារម្ភ+ ៣០ ព្រោះ​របស់​ទាំង​អស់​នេះ​ជា​អ្វី​ដែល​មនុស្ស*ក្នុង​ពិភព​លោក​នេះ​កំពុង​ស្វះ​ស្វែង​រក។ ប៉ុន្តែ បិតា​របស់​អ្នក​ដឹង​ថា​អ្នក​ត្រូវ​ការ​របស់​ទាំង​នេះ។+ ៣១ ផ្ទុយ​ទៅ​វិញ ចូរ​បន្ត​ស្វែង​រក​រាជាណាចក្រ​របស់​លោក ហើយ​លោក​នឹង​ផ្ដល់​របស់​ទាំង​នេះ​ឲ្យ​អ្នក។+

៣២ ​«​ហ្វូង​តូច​អើយ កុំ​ខ្លាច​ឡើយ+ ពី​ព្រោះ​បិតា​របស់​អ្នក​ពេញ​ចិត្ត​ឲ្យ​រាជាណាចក្រ​ដល់​អ្នក។+ ៣៣ ចូរ​លក់​របស់​ដែល​អ្នក​រាល់​គ្នា​មាន ហើយ​ធ្វើ​ទាន។+ ចូរ​ធ្វើ​ថង់​ប្រាក់​ដែល​មិន​ចេះ​សឹក​រេច​រឹល ពោល​គឺ​ទ្រព្យ​ដែល​មិន​ចេះ​អស់​នៅ​ស្ថាន​សួគ៌+ ជា​កន្លែង​ដែល​ចោរ​មិន​ទៅ​ជិត ហើយ​សត្វ​ល្អិត​មិន​ស៊ី​បំផ្លាញ។ ៣៤ ព្រោះ​ទ្រព្យ​សម្បត្តិ​របស់​អ្នក​នៅ​កន្លែង​ណា ចិត្ត​របស់​អ្នក​ក៏​នៅ​កន្លែង​នោះ​ដែរ។

៣៥ ​«​ចូរ​ស្លៀក​ពាក់​និង​ប្រុង​ប្រៀប​ខ្លួន*+ ហើយ​ឲ្យ​ចង្កៀង​របស់​អ្នក​រាល់​គ្នា​នៅ​ឆេះ+ ៣៦ ព្រម​ទាំង​ធ្វើ​ដូច​ពួក​បុរស​ដែល​កំពុង​រង់​ចាំ​ម្ចាស់​របស់​ពួក​គេ​វិល​ត្រឡប់​មក+ពី​ពិធី​រៀប​ការ+ ដូច្នេះ​ពួក​គេ​អាច​បើក​ទ្វារ​ជូន​លោក​ភ្លាម ពេល​ដែល​លោក​មកដល់​ហើយ​គោះ​ទ្វារ។ ៣៧ ខ្ញុំ​បម្រើ​ណា​ដែល​ម្ចាស់​ឃើញ​ថា​កំពុង​ចាំ​យាមពេល​លោក​មក​ដល់ ខ្ញុំ​បម្រើ​នោះ​នឹង​មាន​សុភមង្គល! ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា លោក​នឹង​ពាក់​ឯកសណ្ឋាន*ធ្វើ​ការ ហើយ​ឲ្យ​ពួក​គេ​អង្គុយ​នៅ​តុ រួច​លោក​នឹង​ចូល​មក​ជិត​បម្រើ​ពួក​គេ។ ៣៨ ទោះ​ជា​លោក​មក​ដល់​នៅ​យាម​ទី​២* ឬ​យាម​ទី​៣*ក៏​ដោយ ហើយ​ឃើញ​ថា​ពួក​ខ្ញុំ​បម្រើ​កំពុង​ធ្វើ​ដូច្នោះ នោះ​ពួក​គេ​នឹង​មាន​សុភមង្គល! ៣៩ ប៉ុន្តែ ចូរ​ដឹង​ថា បើ​ម្ចាស់​ផ្ទះ​បាន​ដឹង​ថា​ចោរ​នឹង​មក​នៅ​ម៉ោង​ណា នោះ​ម្ចាស់​ផ្ទះ​មុខ​ជា​មិន​ឲ្យ​ចោរ​ចូល​ផ្ទះ​គាត់​ឡើយ។+ ៤០ អ្នក​រាល់​គ្នា​ត្រូវ​ត្រៀម​ខ្លួន​ជា​និច្ច​ដូច្នេះ​ដែរ ពី​ព្រោះ​កូន​មនុស្ស​នឹង​មក​នៅ​ម៉ោង​ដែល​អ្នក​រាល់​គ្នា​មិន​នឹក​ស្មាន​»។+

៤១ រួច​មក ពេត្រុស​សួរ​ថា​៖ ​«​លោក​ម្ចាស់ តើ​លោក​កំពុង​លើក​ឧទាហរណ៍​នេះ​សម្រាប់​យើង​តែ​ប៉ុណ្ណោះ ឬ​ក៏​សម្រាប់​ទាំង​អស់​គ្នា?​»។ ៤២ លោក​ម្ចាស់​តប​ថា​៖ ​«​តើ​អ្នក​ណា​ជា​អ្នក​ចាត់​ចែង*ដ៏​ស្មោះ​ត្រង់ ហើយ​ចេះ​ពិចារណា* ដែល​ម្ចាស់​នឹង​តែង​តាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ពួក​អ្នក​បម្រើ​របស់​លោក ដើម្បី​ឲ្យ​អាហារ​ពួក​គេ​បរិភោគ​គ្រប់​គ្រាន់​នៅ​ពេល​ត្រឹម​ត្រូវ?+ ៤៣ ខ្ញុំ​បម្រើ​នោះ​មាន​សុភមង្គលហើយ! ប្រសិន​បើ​ម្ចាស់​មក​ដល់ ហើយ​ឃើញ​ថា​គាត់​កំពុង​ធ្វើ​ដូច្នោះ​មែន។ ៤៤ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា លោក​នឹង​តែង​តាំង​គាត់​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​លោក។ ៤៥ ក៏​ប៉ុន្តែ ប្រសិន​បើ​ខ្ញុំ​បម្រើ​នោះ​គិត​ក្នុង​ចិត្ត​ថា​៖ ‹ម្ចាស់​ខ្ញុំ​កំពុង​បង្អង់​យូរ› រួច​ចាប់​ផ្ដើម​វាយ​ពួក​ខ្ញុំ​បម្រើ​ប្រុស​ស្រី ហើយ​ស៊ី​ផឹក​ស្រវឹង+ ៤៦ នោះ​ម្ចាស់​របស់​គាត់​នឹង​មក​វិញ​នៅ​ថ្ងៃ​ដែល​គាត់​មិន​នឹក​ស្មាន និង​នៅ​ម៉ោង​ដែល​គាត់​មិន​ដឹង ហើយ​នឹង​ដាក់​ទោស​គាត់​ធ្ងន់​បំផុត ក៏​រាប់​បញ្ចូល​គាត់​ក្នុង​ចំណោម​មនុស្ស​មិន​ស្មោះ​ត្រង់។ ៤៧ រួច​មក ខ្ញុំ​បម្រើ​ដែល​បាន​យល់​បំណង​ប្រាថ្នា​របស់​ម្ចាស់ តែ​មិន​បាន​ត្រៀម​ខ្លួន​ឬ​ធ្វើ​តាម​អ្វី​ដែល​លោក​សុំ* នឹង​ត្រូវ​វាយ​ជា​ច្រើន​រំពាត់។+ ៤៨ ក៏​ប៉ុន្តែ ខ្ញុំ​បម្រើ​ដែល​មិន​បាន​យល់ ហើយ​បាន​ធ្វើ​អ្វី​គួរ​នឹង​ត្រូវ​រំពាត់ នឹង​ត្រូវ​វាយ​តិច។ ដូច្នេះ អ្នក​ណា​ដែល​ទទួល​ច្រើន គេ​នឹង​តម្រូវ​ច្រើន​ពី​អ្នក​នោះ ហើយ​អ្នក​ណា​ដែល​គេ​ប្រគល់​កិច្ច​ការ​ជា​ច្រើន​ឲ្យ​មើល​ការ​ខុស​ត្រូវ គេ​នឹង​តម្រូវ​ពី​អ្នក​នោះ​ច្រើន​លើស​ពី​ធម្មតា។+

៤៩ ​«​ខ្ញុំ​បាន​មក​ដើម្បី​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​នៅ​ផែនដី។ បើ​ភ្លើង​នោះ​កំពុង​ឆេះ​ហើយ តើ​ចាំ​បាច់​ឲ្យ​ខ្ញុំ​ប្រាថ្នា​អ្វី​ទៀត? ៥០ មាន​ការ​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល​ពិត​មែន ហើយ​ខ្ញុំ​កំពុង​កើត​ទុក្ខ​យ៉ាង​ខ្លាំង​រហូត​ដល់​ការ​ជ្រមុជ​នោះ​ចប់!+ ៥១ តើ​អ្នក​គិត​ថា​ខ្ញុំ​បាន​មក​ដើម្បី​នាំ​ឲ្យ​មាន​សន្តិភាព​លើ​ផែនដី​ឬ? មិន​មែន​ទេ! ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មក​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​បែក​បាក់​គ្នា​វិញ។+ ៥២ ព្រោះ​ចាប់​តាំង​ពី​ពេល​នេះ​ទៅ នឹង​មាន​មនុស្ស​ប្រាំ​នាក់​ក្នុង​ផ្ទះ​មួយ ហើយ​អ្នក​ទាំង​ប្រាំ​នោះ​នឹង​បែក​បាក់​ទាស់​ទែង​គ្នា គឺ​បី​នាក់​ទាស់​នឹង​ពីរ​នាក់ ហើយ​ពីរ​នាក់​ទាស់​នឹង​បី​នាក់។ ៥៣ ពួក​គេ​នឹង​បែក​បាក់​គ្នា គឺ​ឪពុក​ទាស់​នឹង​កូន​ប្រុស ហើយ​កូន​ប្រុស​ទាស់​នឹង​ឪពុក ម្ដាយ​ទាស់​នឹង​កូន​ស្រី ហើយ​កូន​ស្រី​ទាស់​នឹង​ម្ដាយ ម្ដាយ​ក្មេក​ទាស់​នឹង​កូន​ប្រសា​ស្រី ហើយ​កូន​ប្រសា​ស្រី​ទាស់​នឹង​ម្ដាយ​ក្មេក​»។+

៥៤ បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​កាន់​បណ្ដា​ជន​ថា​៖ ​«​កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ពពក​ឡើង​នៅ​ទិស​ខាង​លិច អ្នក​និយាយ​ភ្លាម​ថា​៖ ‹នឹង​មាន​ព្យុះ​ភ្លៀង› ហើយ​ក៏​កើត​មាន​ព្យុះ​ភ្លៀង​មែន។ ៥៥ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ថា​ខ្យល់​បក់​មក​ពី​ទិស​ខាង​ត្បូង នោះ​អ្នក​និយាយ​ថា​៖ ‹នឹង​មាន​អាកាសធាតុ​ក្ដៅ› ហើយ​ក៏​កើត​ឡើង​មែន។ ៥៦ មនុស្ស​លាក់​ពុត! អ្នក​រាល់​គ្នា​ចេះ​សម្គាល់​លក្ខណៈ​នៃ​ផ្ទៃ​មេឃ និង​ផែនដី តែ​ហេតុ​អ្វី​បាន​ជា​មិន​ចេះ​ពិចារណា​អត្ថន័យ​នៃ​អ្វី​ដែល​កំពុងកើត​ឡើង​នៅ​គ្រា​នេះ?+ ៥៧ ហេតុ​អ្វី​ក៏​អ្នក​រាល់​គ្នា​មិន​ពិចារណា​ដោយ​ខ្លួន​ឯង​ដែរ​ថា អ្វី​គឺ​សុចរិត? ៥៨ ជា​ឧទាហរណ៍ កាល​ដែល​អ្នក​កំពុង​ធ្វើ​ដំណើរ​ទៅ​ជួប​អាជ្ញាធរ​ជា​មួយ​នឹង​សត្រូវ​ដែល​រក​ប្ដឹង​អ្នក​តាម​ច្បាប់ ចូរ​ព្យាយាម​ដោះ​ស្រាយ​ទំនាស់​នោះ​ជា​មួយ​នឹង​គាត់​តាម​ផ្លូវ​ទៅ ក្រែង​លោ​គាត់​បញ្ជូន​អ្នក​ទៅ​ចៅ​ក្រម រួច​ចៅ​ក្រម​ប្រគល់​អ្នក​ទៅ​មន្ត្រី​ជំនួយ​តុលាការ ហើយ​មន្ត្រី​ជំនួយ​តុលាការ​ដាក់​អ្នក​ក្នុង​គុក។+ ៥៩ ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​ប្រាកដ​ជា​មិន​បាន​ចេញ​ពី​គុក​ទេ ទាល់​តែ​បាន​សង​បំណុល​អស់​គ្មាន​ខ្វះ​មួយ​សេន​»។*

១៣ នៅ​ពេល​នោះ​ដែរ មាន​អ្នក​ខ្លះ​នៅ​ទី​នោះ​ជម្រាប​លោក​ថា ពីឡាត​បាន​សម្លាប់​អ្នក​ស្រុកកាលីឡេ​ដែល​កំពុង​ជូន​គ្រឿង​បូជា។ ២ ដូច្នេះ លោក​តប​ទៅ​ពួក​គេ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​គិត​ថា អ្នក​ស្រុកកាលីឡេ​ទាំង​នោះ​រង​គ្រោះ ដោយ​សារ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ច្រើន​ជាង​អ្នក​ស្រុកកាលីឡេ​ឯ​ទៀត​ឬ? ៣ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គឺ​មិន​មែន​ដូច្នោះ​ទេ។ ប៉ុន្តែ ប្រសិន​បើ​អ្នក​មិន​ប្រែ​ចិត្ត​ទេ អ្នក​ទាំង​អស់​គ្នា​នឹង​ត្រូវ​បំផ្លាញ​ចោល​ដូច​អ្នក​ទាំង​នោះ​ដែរ។+ ៤ រីឯ​មនុស្ស​១៨​នាក់​ដែល​ស្លាប់​ដោយ​សារ​ប៉ម​នៅ​ស៊ីឡូម​បាន​រលំ​លើ​ពួក​គេ តើ​អ្នក​រាល់​គ្នា​គិត​ថា​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ច្រើន​ជាង​មនុស្ស​ឯ​ទៀត​នៅ​ក្រុង​យេរូសាឡិម​ឬ? ៥ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គឺ​មិន​មែន​ដូច្នោះ​ទេ។ ប៉ុន្តែ ប្រសិន​បើ​អ្នក​មិន​ប្រែ​ចិត្ត​ទេ អ្នក​ទាំង​អស់​គ្នា​នឹង​ត្រូវ​បំផ្លាញ​ចោល​ដូច​អ្នក​ទាំង​នោះ​ដែរ​»។

៦ រួច​មក លោក​លើក​ឧទាហរណ៍​មួយ​ប្រាប់​ពួក​គេ​ថា​៖ ​«​មាន​បុរស​ម្នាក់​មាន​ដើម​ល្វា​តូច*នៅ​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​គាត់ ហើយ​គាត់​មក​រក​បេះ​ផ្លែ​ពី​ដើម​ល្វា​នោះ តែ​ដើម​នោះ​គ្មាន​ផ្លែ​ទេ។+ ៧ នោះ​គាត់​ប្រាប់​អ្នក​ថែ​ចម្ការ​ទំពាំង​បាយ​ជូរ​ថា​៖ ‹ខ្ញុំ​បាន​មក​រក​បេះ​ផ្លែ​ពី​ដើម​ល្វា​តូច​នេះ​អស់​បី​ឆ្នាំ​ហើយ តែ​ដើម​នេះ​គ្មាន​ផ្លែ​សោះ។ ចូរ​កាប់​វា​ចោល! មិន​ចាំ​បាច់​ទុក​ឲ្យ​ខាត​ដី​ត​ទៅ​ទៀត​ទេ›។ ៨ អ្នក​ថែ​ចម្ការ​ទំពាំង​បាយ​ជូរ​តប​ថា​៖ ‹លោក​ម្ចាស់ សូម​លោក​ទុក​ដើម​នោះ​ឲ្យ​នៅ​មួយ​ឆ្នាំ​ទៀត ចាំ​ខ្ញុំ​ជ្រួយ​ដី​នៅ​ជុំវិញ ហើយ​ដាក់​ជី។ ៩ រួច​បើ​នៅ​ថ្ងៃ​មុខ ដើម​នោះ​មាន​ផ្លែ ជា​ការ​ល្អ​ហើយ តែ​បើ​វា​គ្មាន​ផ្លែ​ទេ សឹម​កាប់​វា​ចោល​ចុះ›​»។+

១០ ក្រោយ​មក នៅ​ថ្ងៃ​ឈប់​សម្រាក​លោក​កំពុង​បង្រៀន​ក្នុង​សាលា​ប្រជុំ​មួយ។ ១១ មើល! មាន​ស្ត្រី​ម្នាក់​ឈឺ​អស់​១៨​ឆ្នាំ ដោយ​សារ​ឥទ្ធិពល​នៃ​វិញ្ញាណ​កំណាច។ នាង​កោង​ខ្នង​យ៉ាង​ខ្លាំង ហើយ​មិន​អាច​ងើប​ត្រង់​បាន​ឡើយ។ ១២ នៅ​ពេល​លោក​យេស៊ូ​ឃើញ​នាង លោក​មាន​ប្រសាសន៍​ទៅ​នាង​ថា​៖ ​«​នាង​អើយ នាង​បាន​ត្រូវ​រំដោះ​ពី​ជំងឺ​របស់​នាង​ហើយ​»។+ ១៣ រួច​លោក​ដាក់​ដៃ​លើ​នាង នាង​ក៏​ងើប​ត្រង់​ភ្លាម ហើយ​ចាប់​ផ្ដើម​លើក​តម្កើង​ព្រះ។ ១៤ ប៉ុន្តែ ពេល​ដែល​អ្នក​ទទួល​ខុស​ត្រូវ​នៅ​សាលា​ប្រជុំ​ឃើញ​ដូច្នេះ គាត់​ទាស់​ចិត្ត ពី​ព្រោះ​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​នាង​ជា​នៅ​ថ្ងៃ​ឈប់​សម្រាក រួច​គាត់​ប្រាប់​បណ្ដា​ជន​ថា​៖ ​«​មាន​៦​ថ្ងៃ​សម្រាប់​ធ្វើ​ការ។+ ដូច្នេះ ចូរ​មក​នៅ​ថ្ងៃ​ទាំង​នោះ​ដើម្បី​ជា​ពី​ជំងឺ មិន​មែន​នៅ​ថ្ងៃ​ឈប់​សម្រាក​ទេ​»។+ ១៥ ក៏​ប៉ុន្តែ លោក​ម្ចាស់​តប​ទៅ​គាត់​ថា​៖ ​«​មនុស្ស​លាក់​ពុត!+ នៅ​ថ្ងៃ​ឈប់​សម្រាក អ្នក​រាល់​គ្នា​តែង​តែ​ស្រាយ​គោ​ឈ្មោល​ឬ​លា​របស់​ខ្លួន រួច​ដឹក​ចេញ​ពី​ក្រោល​ទៅ​ឲ្យ​ផឹក​ទឹក មែន​ទេ?+ ១៦ បើ​ដូច្នេះ ចុះ​ស្ត្រី​នេះ​ដែល​ជា​កូន​ចៅ​អាប្រាហាំ ហើយ​ដែល​បាន​ជាប់​ចំណង​របស់​សាថាន*អស់​១៨​ឆ្នាំ​ហើយ តើ​មិន​ត្រូវ​ស្រាយ​នាង​ឲ្យ​រួច​ពី​ចំណង​នេះ​នៅ​ថ្ងៃ​ឈប់​សម្រាក​ទេ​ឬ?​»។ ១៧ ពេល​ដែល​លោក​មាន​ប្រសាសន៍​ដូច្នេះ អស់​អ្នក​ដែល​ប្រឆាំង​លោក​ក៏​មាន​សេចក្ដី​ខ្មាស តែ​បណ្ដា​ជន​ទាំង​អស់​ចាប់​ផ្ដើម​ត្រេក​អរ​វិញ ដោយ​ឃើញ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ធ្វើ។+

១៨ ម្ល៉ោះ​ហើយ លោក​បន្ត​មាន​ប្រសាសន៍​ថា​៖ ​«​តើ​រាជាណាចក្រ​របស់​ព្រះ​ប្រៀប​ដូច​ជា​អ្វី? តើ​ខ្ញុំ​អាច​ប្រៀប​ប្រដូច​រាជាណាចក្រ​របស់​ព្រះ​ទៅ​នឹង​អ្វី? ១៩ រាជាណាចក្រ​របស់​ព្រះ​គឺ​ប្រៀប​ដូច​ជា​គ្រាប់​មូស្ដាត* ដែល​បុរស​ម្នាក់​បាន​យក​ទៅ​ដាំ​ក្នុង​សួន​របស់​ខ្លួន រួច​ក៏​ដុះ​ឡើង​ទៅ​ជា​ដើម​ឈើ ហើយ​សត្វ​ស្លាប​ពី​លើ​មេឃ​បាន​មក​ទំ​អាស្រ័យ​នៅ​លើ​មែក​របស់​វា​»។+

២០ លោក​មាន​ប្រសាសន៍​ម្ដង​ទៀត​ថា​៖ ​«​តើ​ខ្ញុំ​អាច​ប្រៀប​ប្រដូច​រាជាណាចក្រ​របស់​ព្រះ​ទៅ​នឹង​អ្វី? ២១ រាជាណាចក្រ​របស់​ព្រះ​គឺ​ប្រៀប​ដូច​ជា​ដំបែ ដែល​ស្ត្រី​ម្នាក់​បាន​យក​ទៅ​លាយ​ក្នុង​ម្សៅ​បី​រង្វាល់* ទាល់​តែ​ម្សៅ​ទាំង​អស់​នោះ​បាន​ដោរ​ឡើង​»។+

២២ កាល​ដែល​លោក​យេស៊ូ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡិម លោក​បាន​បង្រៀន​បណ្ដា​ជន​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ និង​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ។ ២៣ មាន​បុរស​ម្នាក់​សួរ​លោក​ថា​៖ ​«​លោក​ម្ចាស់ តើ​មនុស្ស​ដែល​នឹង​ត្រូវ​សង្គ្រោះ​មាន​ចំនួន​តិច​ឬ?​»។ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ២៤ ​«​ចូរ​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ឲ្យខ្លាំង​ដើម្បី​ចូល​តាម​ទ្វារ​ចង្អៀត+ ពី​ព្រោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មនុស្ស​ជា​ច្រើន​នឹង​ខំ​ចូល តែ​ចូល​មិន​បាន​ទេ។ ២៥ ពេល​ដែល​ម្ចាស់​ផ្ទះ​ក្រោក​ឡើង​ទៅ​ចាក់​សោ​ទ្វារ អ្នក​រាល់​គ្នា​នឹង​ឈរ​ខាង​ក្រៅ រួច​គោះ​ទ្វារ​ថា​៖ ‹លោក​ម្ចាស់ សូម​បើក​ទ្វារ​ឲ្យយើង​ចូល​ផង›។+ ប៉ុន្តែ លោក​នឹង​ឆ្លើយ​ទៅ​អ្នក​រាល់​គ្នា​ថា​៖ ‹ខ្ញុំ​មិន​ដឹង​ថា​អ្នក​មក​ពី​ណា​ទេ›។ ២៦ បន្ទាប់​មក អ្នក​រាល់​គ្នា​នឹង​ចាប់​ផ្ដើម​និយាយ​ថា​៖ ‹យើង​ធ្លាប់​ពិសា​អាហារ​ពិសា​ស្រា​ជា​មួយ​នឹង​លោក ហើយ​លោក​ធ្លាប់​បង្រៀន​យើង​នៅ​ផ្លូវ​ធំ​ៗ​›។+ ២៧ ប៉ុន្តែ លោក​នឹង​ប្រាប់​អ្នក​រាល់​គ្នា​ថា​៖ ‹ខ្ញុំ​មិន​ដឹង​ថា​អ្នក​មក​ពី​ណា​ទេ។ ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ! ចូរ​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ!›។ ២៨ ពេល​អ្នក​រាល់​គ្នា​ឃើញ​អាប្រាហាំ អ៊ីសាក យ៉ាកុប និង​ពួក​អ្នក​ប្រកាស​ទំនាយ​គ្រប់​រូប​នៅ​ក្នុង​រាជាណាចក្រ​របស់​ព្រះ តែ​អ្នក​រាល់​គ្នា​បែរ​ជា​ត្រូវ​បោះ​ទៅ​ខាង​ក្រៅ​វិញ នោះ​អ្នក​រាល់​គ្នា​នឹង​យំ ហើយ​សង្កៀត​ធ្មេញ​នៅ​ទី​នោះ។+ ២៩ បន្ថែម​ទៀត មនុស្ស​ពី​ទិស​ខាង​កើត និង​ពី​ទិស​ខាង​លិច ហើយ​ពី​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង នឹង​មក​អង្គុយ​នៅ​តុ​ក្នុង​រាជាណាចក្រ​របស់​ព្រះ។ ៣០ មើល! អ្នក​ក្រោយ​គេ​ខ្លះ នឹង​ទៅ​ជា​អ្នក​មុន​គេ ហើយ​អ្នក​មុន​គេ​ខ្លះ នឹង​ទៅ​ជា​អ្នក​ក្រោយ​គេ​វិញ​»។+

៣១ នៅ​វេលា​នោះ​ឯង ពួក​ផារិស៊ី​ខ្លះ​បាន​ចូល​មក​ជិត​លោក ហើយ​ជម្រាប​ថា​៖ ​«​ចូរ​ចេញ​ពី​កន្លែង​នេះ​ទៅ ពី​ព្រោះ​ហេរ៉ូឌ​ចង់​សម្លាប់​អ្នក​»។ ៣២ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ចូរ​ទៅ​ប្រាប់​មនុស្ស​ក្រឡេច​ក្រឡុច*នោះ​ថា​៖ ‹មើល! ថ្ងៃ​នេះ​និង​ថ្ងៃ​ស្អែក ខ្ញុំ​បន្ត​បណ្ដេញ​វិញ្ញាណ​កំណាច ហើយ​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ រួច​នៅ​ថ្ងៃ​ទី​៣ ខ្ញុំ​នឹង​បញ្ចប់​កិច្ច​ការ​របស់​ខ្ញុំ›។ ៣៣ ទោះ​ជា​យ៉ាង​នោះ​ក៏ដោយ ខ្ញុំត្រូវធ្វើ​ដំណើរ​នៅ​ថ្ងៃ​នេះ ថ្ងៃ​ស្អែក និង​ខាន​ស្អែក ពី​ព្រោះ​អ្នក​ប្រកាស​ទំនាយ​មិន​អាច​ត្រូវ​គេ​សម្លាប់​នៅ​ខាង​ក្រៅ​ក្រុង​យេរូសាឡិម​បាន​ឡើយ។+ ៣៤ ក្រុង​យេរូសាឡិម ក្រុង​យេរូសាឡិម​អើយ! គឺ​នាង​ហើយ​ដែល​បាន​សម្លាប់​ពួក​អ្នក​ប្រកាស​ទំនាយ ហើយ​បាន​គប់​ដុំ​ថ្ម​សម្លាប់​អ្នក​ដែល​បាន​ត្រូវ​ចាត់​មក​ឯ​នាង!+ ច្រើន​ដង​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​កូន​របស់​នាង​មក ដូច​មេ​មាន់​ក្រុង​កូន​ក្រោម​ស្លាប​វា។ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ព្រម​សោះ!+ ៣៥ មើល! វិហារ*នេះ​នឹង​ត្រូវ​បោះ​បង់​ចោល+ ហើយ​ទុក​ឲ្យ​អ្នក​រាល់​គ្នា​វិញ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​នឹង​មិន​ឃើញ​ខ្ញុំ​ឡើយ រហូត​ដល់​អ្នក​ថា​៖ ‹អ្នក​ដែល​មក​ក្នុង​នាម​ព្រះ​យេហូវ៉ា* មាន​ពរ​ហើយ!›​»។+

១៤ នៅ​ថ្ងៃ​មួយ​ជា​ថ្ងៃ​ឈប់​សម្រាក លោក​យេស៊ូ​បាន​ចូល​ទៅ​ពិសា​អាហារ​ក្នុង​ផ្ទះ​របស់​មេ​ដឹក​នាំ​ម្នាក់​នៃ​ពួក​ផារិស៊ី ហើយ​អស់​អ្នក​ដែល​នៅ​ទី​នោះ​បាន​សង្កេត​មើល​លោក។ ២ មើល! នៅ​ពី​មុខ​លោក មាន​បុរស​ម្នាក់​ដែល​កើត​រោគ​ហើម។ ៣ ដូច្នេះ លោក​យេស៊ូ​សួរ​ពួក​អ្នក​ចេះ​ច្បាប់*ស្ទាត់​និង​ពួក​ផារិស៊ី​ថា​៖ ​«​តើ​មាន​ច្បាប់​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ​នៅ​ថ្ងៃ​ឈប់​សម្រាក​ឬ​ទេ?​»។+ ៤ ប៉ុន្តែ ពួក​គេ​នៅ​ស្ងៀម។ លោក​យេស៊ូ​ក៏​ដាក់​ដៃ​លើ​បុរស​នោះ ធ្វើ​ឲ្យ​គាត់​ជា​សះ​ស្បើយ រួច​ឲ្យ​គាត់​ចេញ​ទៅ។ ៥ បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​កូន​ប្រុស​ឬ​គោ​ឈ្មោល​របស់​ខ្លួន​ធ្លាក់​អណ្ដូង​នៅ​ថ្ងៃ​ឈប់​សម្រាក+ តើ​មាន​អ្នក​ណា​ដែល​មិន​លើក​ចេញ​ភ្លាម​ទេ​ឬ?​»។+ ៦ ដូច្នេះ ពួក​គេ​មិន​អាច​តប​ឆ្លើយ​ទៅ​លោក​អំពី​រឿង​នោះ​បាន​ឡើយ។

៧ រួច​មក ពេល​លោក​សង្កេត​ឃើញ​ពួក​បុរស​ដែល​ជា​ភ្ញៀវ​កំពុង​រើស​យក​កន្លែង​លេច​មុខ​លេច​មាត់​ជាង​គេ+ នោះ​លោក​លើក​ឧទាហរណ៍​មួយ​ប្រាប់​ពួក​គេ​ថា​៖ ៨ ​«​ពេល​ដែល​មាន​គេ​អញ្ជើញ​អ្នក​ទៅ​ពិសា​ភោជនាហារ​អបអរ​អាពាហ៍ពិពាហ៍ កុំ​ទៅ​អង្គុយ​នៅ​កន្លែង​លេច​មុខ​លេច​មាត់​ជាង​គេ​ឡើយ+ ក្រែង​លោ​គេ​បាន​អញ្ជើញ​ភ្ញៀវ​ណា​ម្នាក់​ដែល​មាន​កិត្តិយស​ជាង​អ្នក ឲ្យ​មក​ចូល​រួម​ដែរ។ ៩ បន្ទាប់​មក អ្នក​ដែល​បាន​អញ្ជើញ​អ្នក​និង​ភ្ញៀវ​នោះ នឹង​មក​ប្រាប់​អ្នក​ថា​៖ ‹សូម​ឲ្យ​បុរស​នេះ​អង្គុយ​នៅ​ទី​នេះ​វិញ›។ រួច​អ្នក​ត្រូវ​ទៅ​អង្គុយ​នៅ​កន្លែង​ក្រោយ​គេ​បង្អស់​ទាំង​អាម៉ាស់​មុខ។ ១០ ប៉ុន្តែ ពេល​ដែល​មាន​គេ​អញ្ជើញ​អ្នក ចូរ​ទៅ​អង្គុយ​នៅ​កន្លែង​ខាង​ក្រោយ​បង្អស់។ ដូច្នេះ ពេល​បុរស​ដែល​អញ្ជើញ​អ្នក​បាន​មក​ដល់ គាត់​នឹង​ប្រាប់​អ្នក​ថា​៖ ‹សម្លាញ់ សូម​ទៅ​អង្គុយ​នៅ​កន្លែង​ខាង​មុខ›។ រួច​អ្នក​នឹង​មាន​កិត្តិយស​នៅ​មុខ​ភ្ញៀវ​ទាំង​អស់។+ ១១ អ្នក​ណា​ដែល​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​តម្កើង​ឡើង​»។+

១២ បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​បុរស​ដែល​បាន​អញ្ជើញ​លោក​មក​ថា​៖ ​«​ពេល​ដែល​អ្នក​រៀបចំ​ភោជនាហារ​ថ្ងៃ​ត្រង់​ឬ​ពេល​ល្ងាច កុំ​អញ្ជើញ​មិត្ត​ភក្ដិ បង​ប្អូន ញាតិ​សន្ដាន ឬ​អ្នក​ជិត​ខាង​ដែល​ជា​អ្នក​មាន​ឡើយ។ ប្រហែល​ជា​នៅ​ពេល​ណា​មួយ ពួក​គេ​នឹង​អញ្ជើញ​អ្នក​វិញ​ដើម្បី​តប​ស្នង។ ១៣ ប៉ុន្តែ ពេល​ដែល​អ្នក​រៀបចំ​ភោជនាហារ ចូរ​អញ្ជើញ​អ្នក​ក្រ អ្នក​ខ្វិន អ្នក​ពិការ អ្នក​ងងឹត​ភ្នែក+ ១៤ នោះ​អ្នក​នឹង​មាន​សុភមង្គល ពី​ព្រោះ​ពួក​គេ​មិន​អាច​តប​ស្នង​អ្នក​បាន​ឡើយ តែ​អ្នក​នឹង​ទទួល​ការ​តប​ស្នង ពេល​ដែល​មនុស្ស​សុចរិត​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។+

១៥ ឮ​ដូច្នេះ ភ្ញៀវ​ម្នាក់​បាន​ជម្រាប​លោក​ថា​៖ ​«​អ្នក​ណា​ដែល​បរិភោគ​ភោជនាហារ​ក្នុង​រាជាណាចក្រ​របស់​ព្រះ អ្នក​នោះ​នឹង​មាន​សុភមង្គល​»។

១៦ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​អ្នក​នោះ​ថា​៖ ​«​បុរស​ម្នាក់​បាន​រៀបចំ​ពិធី​ពិសា​ភោជនាហារ​ដ៏​ធំ​មួយ+ ហើយ​បាន​អញ្ជើញ​ភ្ញៀវ​ជា​ច្រើន។ ១៧ រួច​មក នៅ​ម៉ោង​ដែល​ត្រូវ​ពិសា​ភោជនាហារ គាត់​បាន​ចាត់​ខ្ញុំ​បម្រើ​ឲ្យ​ប្រាប់​ភ្ញៀវ​ថា​៖ ‹អញ្ជើញ​មក​ចុះ អ្វី​ៗ​បាន​ត្រូវ​រៀបចំ​រួច​ជា​ស្រេច›។ ១៨ ប៉ុន្តែ ពួក​គេ​ចាប់​ផ្ដើម​និយាយ​ដោះ​សា​គ្រប់​គ្នា។+ ភ្ញៀវ​មួយ​និយាយ​ថា​៖ ‹ខ្ញុំ​បាន​ទិញ​ចម្ការ​មួយ ហើយ​ត្រូវ​ទៅ​ពិនិត្យ​មើល ដូច្នេះ​សូម​អភ័យ​ទោស​ផង›។ ១៩ ភ្ញៀវ​មួយ​ទៀត​និយាយ​ថា​៖ ‹ខ្ញុំ​បាន​ទិញ​គោ​ប្រាំ​នឹម ហើយ​ត្រូវ​ទៅ​ពិនិត្យ​មើល ដូច្នេះ​សូម​អភ័យ​ទោស​ផង›។+ ២០ ភ្ញៀវ​មួយ​ផ្សេង​ទៀត​និយាយ​ថា​៖ ‹ខ្ញុំ​ទើប​តែ​រៀប​ការ​រួច ដូច្នេះ​ខ្ញុំ​មិន​អាច​ទៅ​បាន​ទេ›។ ២១ ម្ល៉ោះ​ហើយ ខ្ញុំ​បម្រើ​បាន​មក​ជម្រាប​ម្ចាស់​របស់​គាត់​អំពី​រឿង​ទាំង​នោះ។ រួច​មក ម្ចាស់​ផ្ទះ​បាន​ខឹង​ជា​ខ្លាំង ក៏​បាន​ប្រាប់​ខ្ញុំ​បម្រើ​ថា​៖ ‹ចូរ​ប្រញាប់​ចេញ​ទៅ​ផ្លូវ​ទាំង​ធំ​ទាំង​តូច​នៅ​ក្នុង​ក្រុង ហើយ​នាំ​អ្នក​ក្រ អ្នក​ខ្វិន អ្នក​ងងឹត​ភ្នែក និង​អ្នក​ពិការ​ចូល​មក​ទី​នេះ​ចុះ›។ ២២ ក្រោយ​មក ខ្ញុំ​បម្រើ​នោះ​ជម្រាប​ថា​៖ ‹លោក​ម្ចាស់ ខ្ញុំ​បាន​ធ្វើ​តាម​បង្គាប់​របស់​លោក​ហើយ តែ​នៅ​សល់​កន្លែង​អង្គុយ​ទៀត›។ ២៣ ដូច្នេះ ម្ចាស់​ប្រាប់​ខ្ញុំ​បម្រើ​ថា​៖ ‹ចូរ​ចេញ​ទៅ​ឯ​ផ្លូវ​ធំ​និង​ផ្លូវ​តូច​ទាំង​ប៉ុន្មាន រួច​ជំរុញ​មនុស្ស​ឲ្យ​ចូល​មក ដើម្បី​ឲ្យ​ផ្ទះ​របស់​ខ្ញុំ​បាន​ពេញ។+ ២៤ ព្រោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក្នុង​ចំណោម​ពួក​បុរស​ដែល​ខ្ញុំ​បាន​អញ្ជើញ​លើក​ដំបូង ខ្ញុំ​មិន​ឲ្យ​អ្នក​ណា​ម្នាក់​បរិភោគ​ភោជនាហារ​របស់​ខ្ញុំ​ឡើយ›​»។+

២៥ មាន​មនុស្ស​សន្ធឹក​ណាស់​ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​តាម​លោក​យេស៊ូ ហើយ​លោក​បែរ​ទៅ​មាន​ប្រសាសន៍​ប្រាប់​ពួក​គេ​ថា​៖ ២៦ ​«​បើ​អ្នក​ណា​មក​ឯ​ខ្ញុំ តែ​ស្រឡាញ់​ខ្ញុំ​តិច​ជាង​ស្រឡាញ់*ឪពុក ម្ដាយ ប្រពន្ធ កូន បង​ប្អូន​ប្រុស​ស្រី និង​ជីវិត*ខ្លួន+ អ្នក​នោះ​មិន​អាច​ធ្វើ​ជា​អ្នក​កាន់​តាម​ខ្ញុំ​បាន​ទេ។+ ២៧ អ្នក​ណា​ដែល​មិន​លី​បង្គោល​ទារុណកម្ម*របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ អ្នក​នោះ​មិន​អាច​ធ្វើ​ជា​អ្នក​កាន់​តាម​ខ្ញុំ​បាន​ទេ។+ ២៨ ជា​ឧទាហរណ៍ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​ចង់​សង់​ប៉ម​មួយ តើ​មាន​អ្នក​ណា​ដែល​មិន​អង្គុយ​គិត​គូរ​ជា​មុន​សិន​ឲ្យ​ដឹង​ថា ខ្លួន​មាន​ប្រាក់​គ្រប់​គ្រាន់​ដើម្បី​សង់​ឲ្យ​បាន​រួច​រាល់? ២៩ បើ​មិន​ដូច្នេះ​ទេ អ្នក​នោះ​ប្រហែល​ជា​ចាក់​គ្រឹះ តែ​មិន​អាច​បង្ហើយ​សំណង់​បាន​ឡើយ រួច​អស់​អ្នក​ដែល​កំពុង​មើល​នឹង​ចាប់​ផ្ដើម​ចំអក​ឲ្យ​អ្នក​នោះ។ ៣០ ពួក​គេ​នឹង​ចំអក​ថា​៖ ‹បុរស​នេះ​ចាប់​ផ្ដើម​សង់ តែ​មិន​អាច​បង្ហើយ​សំណង់​បាន​ទេ›។ ៣១ ម្យ៉ាង​ទៀត បើ​ស្ដេច​ណា​ចេញ​ទៅ​ធ្វើ​សង្គ្រាម​នឹង​ស្ដេច​មួយ​ទៀត តើ​ស្ដេច​នោះ​នឹង​មិន​អង្គុយ​ប្រឹក្សា​ជា​មុន​សិន​ឲ្យ​ដឹង​ថា គាត់​អាច​នាំ​ទាហាន​១០.០០០​នាក់ ទៅ​ត​ទល់​នឹង​សត្រូវ​ដែល​មាន​ទាហាន​២០.០០០​នាក់​បាន​ឬ​ទេ? ៣២ បើ​ពិត​ជាត​ទល់​មិន​បាន ស្ដេច​នោះ​ចាត់​ទូត​មួយ​ចំនួន​ឲ្យ​ទៅ​សុំ​ចរចា​រក​សន្តិភាព កាល​ដែល​ស្ដេច​មួយ​ទៀត​នៅ​ឆ្ងាយ​នៅ​ឡើយ។ ៣៣ ដូច្នេះ កុំ​ច្រឡំ​ឡើយ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​ម្នាក់​មិន​លះ​បង់​របស់​ទាំង​អស់​ដែល​ខ្លួន​មាន អ្នក​នោះ​មិន​អាច​ធ្វើ​ជា​អ្នក​កាន់​តាម​ខ្ញុំ​បាន​ទេ។+

៣៤ ​«​អំបិល​គឺ​ល្អ​ពិត​មែន។ ប៉ុន្តែ បើ​អំបិល​បាត់​បង់​ជាតិ​ប្រៃ តើ​អ្នក​អាច​ដាក់​អ្វី​លើ​អំបិល​នោះ​ដើម្បី​ធ្វើ​ឲ្យ​មាន​ជាតិ​ប្រៃ​ឡើង​វិញ​បាន?+ ៣៥ អំបិល​នោះ​គ្មាន​ប្រយោជន៍​ដល់​ដី​ឬ​ជី​ទេ។ គេ​បោះ​វា​ចោល​វិញ។ អ្នក​ណា​ដែល​មាន​ត្រចៀក​អាច​ស្ដាប់​ឮ ចូរ​ស្ដាប់​ចុះ​»។+

១៥ ឯ​ពួក​អ្នក​យក​ពន្ធ​និង​ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង កំពុង​ចូល​ទៅ​ជិត​លោក​ឥត​ដាច់ ដើម្បី​ស្ដាប់​លោក។+ ២ ឃើញ​ដូច្នេះ ពួក​ផារិស៊ី​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​រអ៊ូ​រទាំ​ឥត​ឈប់​ថា​៖ ​«​បុរស​នេះ​ទទួល​ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ក៏​បរិភោគ​ជា​មួយ​នឹង​ពួក​គេ​ដែរ​»។ ៣ រួច​មក លោក​លើក​ឧទាហរណ៍​ប្រាប់​ពួក​គេ​ថា​៖ ៤ ​«​ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​ម្នាក់​មាន​ចៀម​១០០​ក្បាល តែ​បាត់​ចៀម​មួយ តើ​មិន​ទុក​ចៀម​៩៩​ក្បាល​ទៀត​នៅ​តំបន់​ស្ងាត់​ជ្រងំ រួច​ទៅ​រក​ចៀម​ដែល​បាត់​នោះ​ទាល់​តែ​ឃើញ​ទេ​ឬ?+ ៥ លុះ​រក​ឃើញ​ហើយ អ្នក​នោះ​ក៏​ត្រេក​អរ ហើយ​លើក​ចៀម​នោះ​ដាក់​នៅ​លើ ក​របស់​គាត់។ ៦ ក្រោយ​ពី​បាន​ត្រឡប់​មក​ផ្ទះ​វិញ អ្នក​នោះ​ក៏​ហៅ​មិត្ត​ភក្ដិ​និង​អ្នក​ជិត​ខាង​មក​ជុំ​គ្នា ហើយ​ប្រាប់​ថា​៖ ‹សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ ពី​ព្រោះ​ចៀម​របស់​ខ្ញុំ​ដែល​បាត់​នោះ ខ្ញុំ​បាន​រក​ឃើញ​ហើយ›។+ ៧ ដូច​គ្នា​ដែរ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ស្ថាន​សួគ៌​នឹង​មាន​អំណរ​ចំពោះ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ម្នាក់​ដែល​ប្រែ​ចិត្ត+ ខ្លាំង​ជាង​ចំពោះ​មនុស្ស​សុចរិត​៩៩​នាក់​ដែល​មិន​ត្រូវ​ការ​ការ​ប្រែ​ចិត្ត​ទៅ​ទៀត។

៨ ​«​ចុះ​បើ​មាន​ស្ត្រី​ម្នាក់​ដែល​មាន​កាក់​ប្រាក់*១០ តែ​បាត់​កាក់​ប្រាក់​មួយ តើ​នាង​មិន​អុជ​ចង្កៀង បោស​ផ្ទះ រក​យ៉ាង​ហ្មត់​ចត់​ទាល់​តែ​ឃើញ​ទេ​ឬ? ៩ លុះ​រក​ឃើញ​ហើយ នាង​ហៅ​ពួក​ស្ត្រី​ជា​មិត្ត​ភក្ដិ​និង​អ្នក​ជិត​ខាង​របស់​នាង​មក​ជុំ​គ្នា ហើយ​ប្រាប់​ថា​៖ ‹សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ ពី​ព្រោះ​កាក់​ប្រាក់​ដែល​ខ្ញុំ​បាត់​នោះ ខ្ញុំ​បាន​រក​ឃើញ​ហើយ›។ ១០ ដូច​គ្នា​ដែរ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បណ្ដា​ទេវតា​របស់​ព្រះ​មាន​អំណរ ពេល​ដែល​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​សូម្បី​តែ​ម្នាក់​ប្រែ​ចិត្ត​»។+

១១ រួច​មក លោក​មាន​ប្រសាសន៍​ថា​៖ ​«​បុរស​ម្នាក់​មាន​កូន​ប្រុស​ពីរ​នាក់។ ១២ កូន​ប្អូន​សុំ​ឪពុក​ថា​៖ ‹លោក​ឪពុក សូម​ប្រគល់​ទ្រព្យ​សម្បត្តិ​ដែល​ជា​ចំណែក​របស់​ខ្ញុំ​ឲ្យ​មក​ខ្ញុំ​មក›។ ដូច្នេះ ឪពុក​ក៏​បែង​ចែក​ទ្រព្យ​សម្បត្តិ​ឲ្យ​កូន​ប្រុស​ទាំង​ពីរ។ ១៣ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក កូន​ប្អូន​បាន​ប្រមូល​អ្វី​ៗ​ទាំង​អស់​ដែល​ជា​របស់​ខ្លួន ហើយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ។ នៅ​ទី​នោះ គាត់​បង្ហិន​ទ្រព្យ​សម្បត្តិ​ខ្លួន​ដោយ​ប្រព្រឹត្ត​អំពើ​អបាយមុខ។ ១៤ ក្រោយ​មក​គាត់​បាន​ចាយ​វាយ​អស់​គ្មាន​សល់ គាត់​ក៏​ចាប់​ផ្ដើម​ខ្វះ​ខាត ជួន​ជា​ស្រុក​នោះ​កើត​ការ​អត់​ឃ្លាន​ជា​ខ្លាំង​នៅ​គ្រប់​កន្លែង។ ១៥ រួច​គាត់​ទៅ​ធ្វើ​ជា​កូន​ឈ្នួល​របស់​ពលរដ្ឋ​ម្នាក់​នៅ​ស្រុក​នោះ រួច​អ្នក​នោះ​ចាត់​គាត់​ឲ្យ​ទៅ​ឃ្វាល​ជ្រូក​នៅ​ឯ​វាល។+ ១៦ ប៉ុន្តែ គ្មាន​អ្នក​ណា​ឲ្យ​អ្វី​ដល់​គាត់​បរិភោគ​សោះ ហើយ​គាត់​ឃ្លាន​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​គាត់​ចង់​ចម្អែត​ក្រពះ​ដោយ​ចំណី​ជ្រូក​ទាំង​នោះ។

១៧ ​«​ពេល​ដែល​គាត់​ភ្ញាក់​ខ្លួន គាត់​ប្រាប់​ខ្លួន​ឯង​ថា​៖ ‹ពួក​កូន​ឈ្នួល​ទាំង​ប៉ុន្មាន​របស់​ឪពុក​ខ្ញុំ​មាន​នំ​ប៉័ង​បរិបូរ តែ​ខ្ញុំ​វិញ ខ្ញុំ​ជិត​ដាច់​ពោះ​ស្លាប់​នៅ​ទី​នេះ​ហើយ! ១៨ ខ្ញុំ​នឹង​ក្រោក​ឡើង ធ្វើ​ដំណើរ​ទៅ​រក​ឪពុក​ខ្ញុំ ហើយ​ជម្រាប​ថា​៖ ​«​លោក​ឪពុក ខ្ញុំ​បាន​ធ្វើ​ខុស​នឹង​ព្រះ* និង​លោក​ឪពុក។ ១៩ ខ្ញុំ​មិន​សម​នឹង​ហៅ​ជា​កូន​របស់​លោក​ឪពុក​ទៀត​ទេ។ សូម​ឲ្យ​ខ្ញុំ​ធ្វើ​ជា​កូន​ឈ្នួល​របស់​លោក​ឪពុក​វិញ​»​›។ ២០ ដូច្នេះ គាត់​ក្រោក​ឡើង ហើយ​ធ្វើ​ដំណើរ​ទៅ​រក​ឪពុក។ ពេល​ដែល​គាត់​នៅ​ឆ្ងាយ​នៅ​ឡើយ ឪពុក​គាត់​ក្រឡេក​ទៅ​ឃើញ ក៏​មាន​ចិត្ត​ក្ដួល​អាណិត រួច​រត់​ទៅ​ឱប​កូន ហើយ​ថើប​ដោយ​ក្ដី​ស្រឡាញ់។ ២១ កូន​ប្រុស​នោះ​ជម្រាប​ឪពុក​ថា​៖ ‹លោក​ឪពុក ខ្ញុំ​បានធ្វើ​ខុស​នឹង​ព្រះ* និង​លោក​ឪពុក។+ ខ្ញុំ​មិន​សម​នឹង​ហៅ​ជា​កូន​របស់​លោកឪពុក​ទៀត​ទេ›។ ២២ ប៉ុន្តែ ឪពុក​ប្រាប់​ពួក​ខ្ញុំ​បម្រើ​ថា​៖ ‹ចូរ​ប្រញាប់​ទៅ​យក​អាវ​ផាយ​ដ៏​ល្អ​បំផុត​បំពាក់​ឲ្យ​គាត់ រួច​យក​ចិញ្ចៀន​មួយ​វង់​និង​ស្បែក​ជើង​មក​បំពាក់​ឲ្យ​ផង។ ២៣ ចូរ​យក​កូន​គោ​ធាត់​មក​កាប់​ដែរ រួច​យើង​ជប់​លៀង​អប​អរ​សប្បាយ​ជា​មួយ​គ្នា ២៤ ព្រោះ​កូន​ប្រុស​ខ្ញុំ​នេះ​បាន​ស្លាប់ តែ​បាន​រស់​ឡើង​វិញ+ ក៏​បាន​បាត់ តែ​បាន​ត្រូវ​រក​ឃើញ​វិញ​ហើយ›។ រួច​មក ពួក​គេ​ចាប់​ផ្ដើម​ជប់​លៀង​យ៉ាង​សប្បាយ។

២៥ ​«​ពេល​នោះ កូន​ប្រុស​បង​នៅ​ឯ​ស្រែ​ចម្ការ​នៅ​ឡើយ។ ពេល​ដែល​គាត់​មក​ជិត​ដល់​ផ្ទះ គាត់​បាន​ឮ​សំឡេង​ច្រៀង​រាំ​និង​ភ្លេង។ ២៦ ដូច្នេះ គាត់​ហៅ​អ្នក​បម្រើ​ម្នាក់​មក ហើយ​សួរ​ថា​មាន​អ្វី​កំពុង​កើត​ឡើង។ ២៧ អ្នក​បម្រើ​នោះ​ប្រាប់​គាត់​ថា​៖ ‹ប្អូន​ប្រុស​របស់​អ្នក​បាន​មក​វិញ ហើយ​ឪពុក​របស់​អ្នក​បាន​ឲ្យ​គេ​កាប់​កូន​គោ​ធាត់ ពី​ព្រោះ​ប្អូន​អ្នក​មក​វិញ​ដោយ​សុវត្ថិភាព›។* ២៨ ប៉ុន្តែ គាត់​បែរ​ជា​ខឹង​យ៉ាង​ខ្លាំង ហើយ​មិន​ព្រម​ចូល​ទៅ​ក្នុង​ទេ។ រួច​មក ឪពុក​របស់​គាត់​ក៏​ចេញ​មក​អង្វរ​គាត់។ ២៩ គាត់​តប​ទៅ​ឪពុក​ថា​៖ ‹មើល! ខ្ញុំ​បាន​ធ្វើ​ការ​ជូន​លោក​ឪពុក​ដូច​ជា​ខ្ញុំ​បម្រើ​អស់​ជា​ច្រើន​ឆ្នាំ ហើយ​មិន​ដែល​ធ្វើ​ខុស​នឹង​បង្គាប់​របស់​លោក​ឪពុក​ម្ដង​ណា​ឡើយ តែ​លោក​ឪពុក​មិន​ដែល​ឲ្យ​ខ្ញុំ​សូម្បី​តែ​កូន​ពពែ​មួយ ដើម្បី​ឲ្យ​ខ្ញុំ​អរ​សប្បាយ​ជា​មួយ​នឹង​មិត្ត​ភក្ដិ​របស់​ខ្ញុំ​ទេ។ ៣០ ក៏​ប៉ុន្តែ ពេល​កូន​ប្រុស​នេះ​របស់​លោក​ឪពុក ដែល​បង្ហិន​បង្ហោច​ទ្រព្យ​សម្បត្តិ​របស់​លោក​ឪពុក​ជា​មួយ​នឹង​ស្រី​ពេស្យា មក​ដល់​ភ្លាម នោះ​លោក​ឪពុក​ក៏​ឲ្យ​គេ​កាប់​កូន​គោ​ធាត់​ដើម្បី​ទទួល​គាត់›។ ៣១ រួច​ឪពុក​តប​ទៅ​កូន​ថា​៖ ‹កូន​អើយ កូន​បាន​នៅ​ជា​មួយ​នឹង​ឪពុក​រហូត ហើយ​អ្វី​ៗ​ទាំង​អស់​របស់​ឪពុក ក៏​ជា​របស់​កូន​ដែរ។ ៣២ ប៉ុន្តែ យើង​ត្រូវ​តែ​ជប់​លៀង​អប​អរ​សប្បាយ ពី​ព្រោះ​ប្អូន​ប្រុស​របស់​កូន​បាន​ស្លាប់ តែ​បាន​រស់​ឡើង​វិញ ក៏​បាន​បាត់ តែ​បាន​ត្រូវ​រក​ឃើញ​វិញ​ហើយ›​»។

១៦ បន្ទាប់​មក លោក​ក៏​បាន​មាន​ប្រសាសន៍​ទៅ​ពួក​អ្នក​កាន់​តាម​លោក​ដែរ​ថា​៖ ​«​មាន​បុរស​ម្នាក់​ជា​អ្នក​មាន ហើយ​គាត់​មាន​អ្នក​ចាត់​ចែង​កិច្ច​ការ​ផ្ទះ*ម្នាក់។ អ្នក​ចាត់​ចែង​នោះ​ត្រូវ​គេ​ចោទ​ប្រកាន់​ថា កំពុង​បង្ខាត​ទ្រព្យ​សម្បត្តិ​របស់​ម្ចាស់​គាត់។ ២ ដូច្នេះ ម្ចាស់​ហៅ​អ្នក​ចាត់​ចែង​នោះ​មក ហើយ​ប្រាប់​ថា​៖ ‹តើ​ដឹង​ថា​ខ្ញុំ​បាន​ឮ​គេ​និយាយ​អ្វី​អំពី​អ្នក​ទេ? ចូរ​ប្រគល់​បញ្ជី​គណនី​មក​ខ្ញុំ​វិញ ពី​ព្រោះ​ខ្ញុំ​លែង​ឲ្យ​អ្នក​ចាត់​ចែង​ទៀត​ហើយ›។ ៣ ម្ល៉ោះ​ហើយ អ្នក​ចាត់​ចែង​នោះ​និយាយ​ប្រាប់​ខ្លួន​ឯង​ថា​៖ ‹ម្ចាស់​ខ្ញុំលែង​ឲ្យ​ខ្ញុំ​ចាត់​ចែង​ទៀត​ហើយ ដូច្នេះ​តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា​វិញ? ខ្ញុំ​មិន​មាន​កម្លាំង​ល្មម​នឹង​ជីក​ដី​ទេ ហើយ​បើ​ដើរ​សុំ​ទាន ខ្ញុំ​នឹង​ត្រូវ​ខ្មាស​គេ។ ៤ អូ៎! ខ្ញុំ​ដឹង​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ហើយ ដើម្បី​ឲ្យ​មាន​អ្នក​ព្រម​ទទួល​ខ្ញុំ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​របស់​ពួក​គេ ក្រោយ​ពី​ម្ចាស់​បញ្ឈប់​ការងារ​ខ្ញុំ›។ ៥ រួច​មក គាត់​ហៅ​កូន​បំណុល​គ្រប់​គ្នា​ដែល​ជំពាក់​ម្ចាស់​របស់​គាត់​មក ក៏​សួរ​កូន​បំណុល​ទី​១​ថា​៖ ‹តើ​អ្នក​ជំពាក់​ម្ចាស់​ខ្ញុំ​ប៉ុន្មាន?›។ ៦ អ្នក​នោះ​ឆ្លើយ​ថា​៖ ‹ប្រេង​អូលីវ​១០០​រង្វាល់›។* អ្នក​ចាត់​ចែង​ប្រាប់​អ្នក​នោះ​ថា​៖ ‹ចូរ​យក​កិច្ច​សន្យា​របស់​អ្នក​ទៅ​អង្គុយ​សរសេរ​៥០​រង្វាល់​វិញ​ជា​ប្រញាប់›។ ៧ បន្ទាប់​មក អ្នក​ចាត់​ចែង​សួរ​កូន​បំណុល​ម្នាក់​ទៀត​ថា​៖ ‹ចុះ​អ្នក​វិញ តើ​ជំពាក់​ប៉ុន្មាន​ដែរ?›។ អ្នក​នោះ​ឆ្លើយ​ថា​៖ ‹ស្រូវ​សាលី​១០០​រង្វាល់›។* អ្នក​ចាត់​ចែង​ប្រាប់​ថា​៖ ‹ចូរ​យក​កិច្ច​សន្យា​របស់​អ្នក​ទៅ​សរសេរ​៨០​រង្វាល់​វិញ›។ ៨ ម្ចាស់​របស់​អ្នក​ចាត់​ចែង​នោះ​បាន​សរសើរ​គាត់ ពី​ព្រោះ​ពិត​មែន​តែ​គាត់​ទុច្ចរិត ប៉ុន្តែ​គាត់​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា។ ស្ដី​អំពី​ការ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ជំនាន់​របស់​ខ្លួន មនុស្ស​ក្នុង​ពិភព​លោក​នេះ​មាន​ប្រាជ្ញា​ច្រើន​ជាង​មនុស្ស​ក្នុង​ពន្លឺ។+

៩ ​«​ខ្ញុំ​ក៏​ប្រាប់​អ្នក​រាល់​គ្នា​ដែរ​ថា ចូរ​ប្រើ​ទ្រព្យ​នៃ​ពិភព​លោក​នេះ* ប្រយោជន៍​ឲ្យ​បាន​មិត្ត​ភក្ដិ។+ យ៉ាង​នេះ ក្រោយ​ពី​ទ្រព្យ​នោះ​សាប​សូន្យ​ទៅ មិត្ត​ទាំង​នោះ​នឹង​ទទួល​អ្នក​ចូល​ក្នុង​ទី​អាស្រ័យ​នៅ​ដែល​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។+ ១០ អ្នក​ណា​ដែល​ស្មោះ​ត្រង់​ក្នុង​ការ​ដ៏​តូច​បំផុត អ្នក​នោះ​ក៏​ស្មោះ​ត្រង់​ក្នុង​ការ​ជា​ច្រើន​ដែរ ហើយ​អ្នក​ណា​ដែល​មិន​សុចរិត​ក្នុង​ការ​ដ៏​តូច​បំផុត អ្នក​នោះ​ក៏​មិន​សុចរិត​ក្នុង​ការ​ជា​ច្រើន​ដែរ។ ១១ ដូច្នេះ ប្រសិន​បើ​អ្នក​មិន​បាន​បង្ហាញ​សេចក្ដី​ស្មោះ​ត្រង់​ក្នុង​របៀប​ដែល​អ្នក​ប្រើ​ទ្រព្យ​នៃ​ពិភព​លោក​នេះ*ទេ តើ​អ្នក​ណា​នឹង​ផ្ញើ​ទ្រព្យ​ដ៏​ពិត​ប្រាកដ​ទុក​នឹង​អ្នក​រាល់​គ្នា? ១២ ហើយ​ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បាន​បង្ហាញ​សេចក្ដី​ស្មោះ​ត្រង់​ក្នុង​របៀប​ដែល​អ្នក​ប្រើ​អ្វី​ៗ​ដែល​ជា​របស់​អ្នក​ដទៃ តើ​អ្នក​ណា​នឹង​ឲ្យ​អ្វី​ដល់​អ្នក​រាល់​គ្នា?+ ១៣ គ្មាន​អ្នក​បម្រើ​ណា​ម្នាក់​អាច​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ម្ចាស់​ពីរ​បាន​ឡើយ ព្រោះ​គាត់​នឹង​ស្អប់​ម្ចាស់​ម្នាក់ ហើយ​ស្រឡាញ់​ម្ចាស់​ម្នាក់​ទៀត ឬ​គាត់​នៅ​ជាប់​នឹង​ម្ចាស់​ម្នាក់ ហើយ​មើល​ងាយ​ម្ចាស់​ម្នាក់​ទៀត។ អ្នក​រាល់​គ្នា​មិន​អាច​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​ផង និង​ទ្រព្យ​សម្បត្តិ​ផង​បាន​ឡើយ​»។+

១៤ ពេល​ពួក​ផារិស៊ី​ដែល​ជា​មនុស្ស​ស្រឡាញ់​ប្រាក់ បាន​ឮ​លោក​មាន​ប្រសាសន៍​ដូច្នោះ ពួក​គេ​ក៏​ចាប់​ផ្ដើម​ពេប​ជ្រាយ​ឲ្យ​លោក។+ ១៥ ម្ល៉ោះ​ហើយ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​ប្រកាស​ថា​ខ្លួន​សុចរិត​នៅ​មុខ​មនុស្ស+ តែ​ព្រះ​ជ្រាប​អំពី​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា។+ ព្រោះ​អ្វី​ដែល​មនុស្ស​ចាត់​ទុក​ថា​សំខាន់ គឺ​ជា​អ្វី​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ចំពោះ​ព្រះ​វិញ។+

១៦ ​«​ច្បាប់*និង​ពាក្យ​របស់​ពួក​អ្នក​ប្រកាស​ទំនាយ បាន​ត្រូវ​ប្រកាស​រហូត​ដល់​យ៉ូហាន​មក​ដល់។ ចាប់​តាំង​ពី​ពេល​នោះ​មក ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​កំពុង​ត្រូវ​ប្រកាស​ផ្សាយ ហើយ​មនុស្ស​គ្រប់​ប្រភេទ​កំពុង​ខំ​ប្រឹង​ឆ្ពោះ​ទៅ​កាន់​រាជាណាចក្រ​នោះ។+ ១៧ ទោះ​ជា​មេឃ​និង​ផែនដី​អាច​សូន្យ​បាត់​ទៅ​ក៏​ដោយ តែ​គ្មាន​អក្សរ​ណា​មួយ​ក្នុង​ច្បាប់​ដែល​នឹង​មិន​សម្រេច​ឡើយ។+

១៨ ​«​អ្នក​ណា​ដែល​លែង​លះ​ប្រពន្ធ ហើយ​រៀប​ការ​ស្ត្រី​ម្នាក់​ទៀត អ្នក​នោះ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ រីឯ​អ្នក​ណា​ដែល​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ដែល​ប្ដី​លែង អ្នក​នោះ​ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ។+

១៩ ​«​មាន​បុរស​អ្នក​មាន​ម្នាក់ ដែល​តែង​ខ្លួន​ដោយ​សម្លៀក​បំពាក់​ពណ៌​ស្វាយ​និង​ក្រណាត់​សាច់​ល្អ ក៏​ធ្លាប់​សប្បាយ​ហ៊ឺហា​រៀង​រាល់​ថ្ងៃ។ ២០ ប៉ុន្តែ អ្នក​សុំ​ទាន​ម្នាក់​ឈ្មោះ​ឡាសា​ដែល​មាន​ដំបៅ​រលួយ​ពេញ​ខ្លួន ធ្លាប់​ត្រូវ​គេ​យក​មក​ដាក់​នៅ​មាត់​ទ្វារ​របង​របស់​បុរស​អ្នក​មាន​នោះ។ ២១ ឡាសា​ចង់​ចម្អែត​ក្រពះ​ដោយ​អាហារ​ដែល​ជ្រុះ​ពី​តុ​របស់​បុរស​អ្នក​មាន ក៏​មាន​ឆ្កែ​មក​លិឍ​ដំបៅ​របស់​គាត់​ដែរ។ ២២ លុះ​ក្រោយ​មក អ្នក​សុំ​ទាន​នោះ​បាន​ស្លាប់​ទៅ ហើយ​បណ្ដា​ទេវតា​បាន​យក​គាត់​ទៅ​ដាក់​នៅ​ក្បែរ*អាប្រាហាំ។

​«​ឯ​បុរស​អ្នក​មាន គាត់​ក៏​បាន​ស្លាប់​ដែរ ហើយ​ត្រូវ​គេ​បញ្ចុះ។ ២៣ ពេល​នៅ​ក្នុង​ផ្នូរ* បុរស​អ្នក​មាន​នោះ​កំពុង​រង​ទារុណកម្ម ហើយ​គាត់​ក៏​ងើប​មុខ​ទៅ​ឃើញ​អាប្រាហាំ​នៅ​ឆ្ងាយ ហើយ​ឃើញ​ឡាសា​នៅ​ក្បែរ*អាប្រាហាំ។ ២៤ ដូច្នេះ គាត់​ស្រែក​ហៅ​ថា​៖ ‹លោក​ឪពុក​អាប្រាហាំ​អើយ! សូម​អាណិត​មេត្តា​ខ្ញុំ​ផង សូម​ចាត់​ឡាសា​ឲ្យ​ទៅ​ជ្រលក់​ចុង​ម្រាម​ដៃ​ក្នុង​ទឹក ហើយ​បន្តក់​លើ​អណ្ដាត​របស់​ខ្ញុំ​ឲ្យ​ត្រជាក់​ផង ពី​ព្រោះ​ខ្ញុំកំពុង​រង​ទុក្ខ​វេទនា​ខ្លាំង​ណាស់​នៅ​ក្នុង​ភ្លើង​ដែល​ឆេះ​សន្ធោ​សន្ធៅ​នេះ›។ ២៥ ប៉ុន្តែ អាប្រាហាំ​តប​ថា​៖ ‹កូន​អើយ សូម​ចាំ​ថា កាល​ដែល​អ្នក​នៅ​រស់ អ្នក​បាន​ទទួល​របស់​ល្អ​សព្វ​គ្រប់ តែ​ឡាសា​វិញ គាត់​បាន​ទទួល​សេចក្ដី​អាក្រក់​ជា​ច្រើន។ ឥឡូវ​នេះ គាត់​កំពុង​ទទួល​ការ​សម្រាល​ទុក្ខ​នៅ​ទី​នេះ តែ​អ្នក​កំពុង​រង​ទុក្ខ​វេទនា​វិញ។ ២៦ ក្រៅ​ពី​នោះ មាន​ចន្លោះ​ដ៏​ធំ​មួយ​ដែល​បាន​ត្រូវ​ដាក់​ខណ្ឌ​នៅ​កណ្ដាល​យើង​និង​អ្នក​រាល់​គ្នា ដើម្បី​អ្នក​ណា​នៅ​ទី​នេះ​ដែល​ចង់​ឆ្លង​ទៅ​ខាង​អ្នក​រាល់​គ្នា មិន​អាច​ឆ្លង​ទៅ​បាន ហើយ​កុំ​ឲ្យ​អ្នក​ណា​នៅ​ទី​នោះ​ឆ្លង​មក​ខាង​យើង​បាន​ឡើយ›។ ២៧ រួច​បុរស​នោះ​និយាយ​ថា​៖ ‹បើ​ដូច្នេះ ខ្ញុំ​សូម​លោក​ឪពុក​ចាត់​គាត់​ឲ្យ​ទៅ​ផ្ទះ​របស់​ឪពុក​ខ្ញុំ ២៨ ព្រោះ​ខ្ញុំ​មាន​បង​ប្អូន​ប្រាំ​នាក់ ហើយ​គាត់​អាច​ពន្យល់​ពួក​គេ​ឲ្យ​យល់​ច្បាស់ ដើម្បី​កុំ​ឲ្យ​ពួក​គេ​ត្រូវ​មក​កន្លែង​ទារុណកម្ម​នេះ​ដូច​ខ្ញុំ​ឡើយ›។ ២៩ ប៉ុន្តែ អាប្រាហាំ​ប្រាប់​ថា​៖ ‹ពួក​គេ​មាន​ម៉ូសេ​និង​ពួក​អ្នក​ប្រកាស​ទំនាយ ទុក​ឲ្យ​ពួក​គេ​ស្ដាប់​អ្នក​ទាំង​នោះ​ចុះ›។+ ៣០ រួច​បុរស​នោះ​និយាយ​ថា​៖ ‹ទេ! លោក​ឪពុក​អាប្រាហាំ​អើយ! ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ពី​ចំណោម​មនុស្ស​ស្លាប់​ទៅ​ឯ​ពួក​គេ នោះ​ពួក​គេ​នឹង​ប្រែ​ចិត្ត›។ ៣១ ប៉ុន្តែ អាប្រាហាំ​តប​ទៅ​គាត់​ថា​៖ ‹បើ​ពួក​គេ​មិន​ស្ដាប់​ម៉ូសេ+និង​ពួក​អ្នក​ប្រកាស​ទំនាយ​ទេ ពួក​គេ​ក៏​នឹង​មិន​ស្ដាប់​អ្នក​ណា​ម្នាក់​ដែល​បាន​រស់​ឡើង​វិញ​ដែរ›​»។

១៧ រួច​មក លោក​មាន​ប្រសាសន៍​ទៅ​ពួក​អ្នក​កាន់​តាម​ថា​៖ ​«​ហេតុ​ដែល​នាំ​ឲ្យ​ជំពប់​ដួល នឹង​កើត​មាន​ជាក់​ជា​ពុំ​ខាន។ ប៉ុន្តែ អ្នក​ដែល​បង្ក​ហេតុ​ទាំង​នោះ​នឹង​ត្រូវ​វេទនា​ណាស់! ២ សម្រាប់​អ្នក​នោះ គឺ​ប្រសើរ​ជាង​បើ​យក​ថ្ម​ត្បាល់​កិន​ចង​ជាប់​ក​របស់​អ្នក​នោះ ហើយ​យក​ទៅ​ចោល​កណ្ដាល​សមុទ្រ ជា​ជាង​អ្នក​នោះ​ធ្វើ​ឲ្យ​អ្នក​តូច​ណា​ម្នាក់​ជំពប់​ដួល។+ ៣ កុំ​ភ្លេច​ខ្លួន​ឡើយ។ ប្រសិន​បើ​បង​ប្អូន​របស់​អ្នក​ធ្វើ​ខុស ចូរ​ស្ដី​បន្ទោស​គាត់+ ហើយ​បើ​គាត់​ប្រែ​ចិត្ត ចូរ​អភ័យ​ទោស​ឲ្យ​គាត់​ចុះ។+ ៤ ទោះ​ជា​គាត់​ធ្វើ​ខុស​ចំពោះ​អ្នក​៧​ដង​ក្នុង​មួយ​ថ្ងៃ​ក៏​ដោយ បើ​គាត់​ត្រឡប់​មក​រក​អ្នក​៧​ដង រួច​និយាយ​ថា​៖ ‹ខ្ញុំ​ប្រែ​ចិត្ត​ហើយ› នោះ​អ្នក​ត្រូវ​អភ័យ​ទោស​ឲ្យ​គាត់​»។+

៥ ពួក​សាវ័ក​សុំ​លោក​ម្ចាស់​ថា​៖ ​«​សូម​ជួយ​យើង​ឲ្យ​មាន​ជំនឿ​ថែម​ទៀត​»។+ ៦ រួច​មក លោក​ម្ចាស់​មាន​ប្រសាសន៍​ថា​៖ ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​មូស្ដាត* នោះ​អ្នក​នឹង​និយាយ​ទៅ​កាន់​ដើម​មន​នេះ​ថា​៖ ‹ចូរ​រលើង​គល់ ហើយ​ទៅ​ដុះ​ក្នុង​សមុទ្រ​វិញ!› រួច​ដើម​នេះ​នឹង​ស្ដាប់​បង្គាប់​អ្នក។+

៧ ​«​ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​ខ្ញុំ​បម្រើ​ម្នាក់​កំពុង​ភ្ជួរ ឬ​កំពុង​មើល​ថែ​រក្សា​ហ្វូង​សត្វ តើ​អ្នក​នោះ​នឹង​ប្រាប់​ខ្ញុំ​បម្រើ​ពេល​គាត់​ត្រឡប់​មក​ពី​វាល​វិញ​ថា​៖ ‹ចូរ​ប្រញាប់​មក​អង្គុយ​នៅ​តុ›​ទេ? ៨ ផ្ទុយ​ទៅ​វិញ អ្នក​នោះ​នឹង​និយាយ​ទៅ​គាត់​ថា​៖ ‹ចូរ​រៀបចំ​អាហារ​ល្ងាច​ឲ្យ​ខ្ញុំ ហើយ​ពាក់​អាវ​អៀម​មក​បម្រើ​ខ្ញុំ​រហូត​ដល់​ខ្ញុំ​បាន​បរិភោគ​និង​ផឹក​ហើយ រួច​មក​អ្នក​អាច​បរិភោគ​និង​ផឹក​បាន›។ ៩ ម្ចាស់​នឹង​មិន​ដឹង​គុណ​ខ្ញុំ​បម្រើ​ទេ ពី​ព្រោះ​នោះ​ជា​ភារកិច្ច​ដែល​ខ្ញុំ​បម្រើ​ត្រូវ​បំពេញ​ចំពោះ​ម្ចាស់​របស់​ខ្លួន មែន​ទេ? ១០ ដូច​គ្នា​ដែរ ក្រោយ​ពី​អ្នក​រាល់​គ្នា​បាន​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​បាន​ត្រូវ​កំណត់​ឲ្យ ចូរ​និយាយ​ថា​៖ ‹យើង​គ្រាន់​តែ​ជា​ខ្ញុំ​បម្រើ​ប៉ុណ្ណោះ យើង​មិន​សម​ទទួល​ការ​សរសើរ​ទេ។ អ្វី​ដែល​យើង​បាន​ធ្វើ ជា​អ្វី​ដែល​យើង​គួរ​តែ​ធ្វើ›​»។+

១១ រួច​កាល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម លោក​បាន​ដើរ​កាត់​រវាង​ស្រុក​សាម៉ារី​និង​ស្រុកកាលីឡេ។ ១២ ពេល​ដែល​លោក​កំពុង​ចូលក្នុង​ភូមិ​មួយ បុរស​កើត​ឃ្លង់​១០​នាក់​ក្រឡេក​ទៅ​ឃើញ​លោក ក៏​បាន​ក្រោក​ឈរ​ពី​ចម្ងាយ។+ ១៣ ពួក​គេ​បន្លឺ​សំឡេង​ថា​៖ ​«​លោក​គ្រូ​យេស៊ូ! សូម​មេត្តា​ជួយ​យើង​ផង!​»។ ១៤ ពេល​លោក​ឃើញ​ពួក​គេ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ចូរ​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សង្ឃ​ឃើញ​»។+ ពេល​ដែល​ពួក​គេ​ចេញ​ផុត​ទៅ នោះ​ក៏​បាន​ជា​ស្អាត​គ្រប់​គ្នា។+ ១៥ លុះ​ឃើញ​ថា​ខ្លួន​ជា​ហើយ មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​វិល​មក​វិញ ហើយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​សរសើរ​តម្កើង​ព្រះ។ ១៦ រួច​អ្នក​នោះ​បាន​ក្រាប​មុខ​ដល់​ដី​នៅ​ជិត​ជើង​លោក​យេស៊ូ ទាំង​អរគុណ​លោក។ អ្នក​នោះ​ជា​ជន​ជាតិ​សាម៉ារី។+ ១៧ លោក​យេស៊ូ​តប​ថា​៖ ​«​មាន​១០​នាក់​ដែល​បាន​ត្រូវ​ធ្វើ​ឲ្យ​ជា​ស្អាត មែន​ទេ? ចុះ​តើ​៩​នាក់​ទៀត​នៅ​ឯ​ណា? ១៨ តើ​គ្មាន​អ្នក​ណា​វិល​មក​វិញ​ដើម្បី​សរសើរ​តម្កើង​ព្រះ ក្រៅ​ពី​បុរស​ជន​ជាតិ​ដទៃ​ម្នាក់​នេះ​ទេ​ឬ?​»។ ១៩ រួច​លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ចូរ​ក្រោក​ឡើង ហើយ​អញ្ជើញ​ទៅ​ចុះ។ ជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះ​ស្បើយ​»។+

២០ កាល​ពួក​ផារិស៊ី​សួរ​លោក​អំពី​ពេល​ដែល​រាជាណាចក្រ​របស់​ព្រះ​នឹង​មក​ដល់+ នោះ​លោក​តប​ឆ្លើយ​ថា​៖ ​«​រាជាណាចក្រ​របស់​ព្រះ​នឹង​មិន​មក​តាម​បែប​ដែល​ងាយ​កត់​សម្គាល់​នោះ​ទេ ២១ ក៏​នឹង​មិន​មាន​គេ​ថា​៖ ‹មើល! នៅ​ទី​នេះ!› ឬ​‹មើល! នៅ​ទី​នោះ!› ពី​ព្រោះ​រាជាណាចក្រ​របស់​ព្រះ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ហើយ​»។+

២២ រួច​មក លោក​មាន​ប្រសាសន៍​ទៅ​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​នឹង​មាន​គ្រា​មក​ដល់ ពេល​ដែល​អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​ចង់​ឃើញ​ថ្ងៃ​មួយ​នៃ​គ្រា​របស់​កូន​មនុស្ស តែ​អ្នក​នឹង​មិន​បាន​ឃើញ​ឡើយ។ ២៣ នឹង​មាន​មនុស្ស​ប្រាប់​អ្នក​រាល់​គ្នា​ថា​៖ ‹មើល! នៅ​ទី​នេះ!› ឬ​‹មើល! នៅ​ទី​នោះ!› តែ​កុំ​ចេញ​ទៅ​ឬ​រត់​តាម​ពួក​គេ​ឡើយ។+ ២៤ ព្រោះ​គ្រា​របស់​កូន​មនុស្ស+នឹង​ដូច​ផ្លេក​បន្ទោរ​ដែល​ភ្លឺ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត។+ ២៥ ក៏​ប៉ុន្តែ ដំបូង​លោក​ត្រូវ​រង​ទុក្ខ​លំបាក​ជា​ច្រើន និង​ត្រូវ​មនុស្ស​ជំនាន់​នេះ​មិន​ព្រម​ទទួល​ស្គាល់។+ ២៦ ម្យ៉ាង​ទៀត គ្រា​របស់​កូន​មនុស្ស​ក៏​នឹង​ដូច​សម័យ​ណូអេ​ដែរ+ ២៧ គឺ​មនុស្ស​នៅ​សម័យ​នោះ​រវល់​បរិភោគ រវល់​ផឹក រៀប​ការ​ប្ដី​ប្រពន្ធ រហូត​ដល់​ថ្ងៃ​ណូអេ​ចូល​ក្នុង​ទូក​ធំ+ រួច​ទឹក​ក៏​ជន់​ឡើង​បំផ្លាញ​ពួក​គេ​ទាំង​អស់​គ្នា​ទៅ។+ ២៨ គ្រា​នោះ​ក៏​នឹង​ដូច​សម័យ​របស់​ឡុត​ដែរ+ គឺ​មនុស្ស​នៅ​សម័យ​នោះ​រវល់​បរិភោគ រវល់​ផឹក ទិញ​លក់ ដាំ​ដុះ និង​សាង​សង់។ ២៩ ប៉ុន្តែ នៅ​ថ្ងៃ​ដែល​ឡុត​ចេញ​ពី​ក្រុង​សូដុម មាន​ភ្លើង​និង​ស្ពាន់ធ័រ​ធ្លាក់​ពី​លើ​មេឃ​មក​បំផ្លាញ​ពួក​គេ​ទាំង​អស់​គ្នា​ទៅ។+ ៣០ នៅ​ថ្ងៃ​ដែល​កូន​មនុស្ស​នឹង​បង្ហាញ​ខ្លួន ក៏​នឹង​ដូច​គ្នា​ដែរ។+

៣១ ​«​នៅ​ថ្ងៃ​នោះ អ្នក​ណា​ដែល​នៅ​លើ​ដំបូល​ផ្ទះ តែ​មាន​របស់របរនៅក្នុងផ្ទះ កុំឲ្យ​អ្នក​នោះ​ចុះ​ទៅ​យក​ឡើយ ហើយ​អ្នក​ណា​ដែល​នៅ​ស្រែ​ចម្ការ កុំឲ្យអ្នកនោះ​ត្រឡប់​ទៅ​រក​អ្វី​ៗ​នៅ​ខាង​ក្រោយ​ឡើយ។ ៣២ ចូរនឹកចាំអំពីប្រពន្ធរបស់ឡុត។+ ៣៣ អ្នក​ណា​ដែល​ខំ​រក្សា​ជីវិត*ខ្លួន អ្នក​នោះ​នឹង​បាត់​បង់​ជីវិត ប៉ុន្តែអ្នកណា​ដែលបាត់​បង់​ជីវិត អ្នក​នោះ​នឹង​រក្សា​ជីវិត​វិញ។+ ៣៤ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នាថា នៅ​យប់​នោះ នឹងមាន​មនុស្ស​ពីរ​នាក់​ដេក​លើ​គ្រែ​តែ​មួយ ម្នាក់​នឹង​ត្រូវ​យក​ទៅ តែម្នាក់​ទៀត​នឹង​ត្រូវ​ទុក​ចោល។+ ៣៥ នឹង​មាន​ស្ត្រី​ពីរ​នាក់​កំពុង​កិន​ម្សៅ​នៅត្បាល់​តែ​មួយ ម្នាក់​នឹង​ត្រូវ​យក​ទៅ តែ​ម្នាក់​ទៀត​នឹង​ត្រូវ​ទុក​ចោល​»។ ៣៦ *—— ៣៧ ដូច្នេះ ពួក​អ្នក​កាន់​តាម​សួរ​លោក​ថា​៖ ​«​លោក​ម្ចាស់ តើ​នេះ​នឹង​កើត​ឡើង​នៅ​កន្លែង​ណា?​»។ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​សាក​សព​នៅ​ទី​ណា សត្វ​ឥន្ទ្រី​ក៏​នឹង​មក​ជុំ​គ្នា​នៅ​ទី​នោះ​ដែរ​»។+

១៨ បន្ទាប់​មក លោក​លើក​ឧទាហរណ៍​មួយ​ដើម្បី​ឲ្យ​ពួក​គាត់​ដឹង​ថា ពួក​គាត់​ត្រូវ​អធិដ្ឋាន​ជា​និច្ច ហើយ​មិន​ត្រូវ​ឈប់​ឡើយ។+ ២ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​នៅ​ក្រុង​មួយ​មាន​ចៅ​ក្រម​ម្នាក់​ដែល​មិន​កោត​ខ្លាច​ព្រះ ហើយ​មិន​គោរព​មនុស្ស​ណា​ម្នាក់​សោះ។ ៣ នៅ​ក្រុង​នោះ​ក៏​មាន​ស្ត្រី​មេម៉ាយ​ម្នាក់​ដែរ នាង​ទៅ​រក​ចៅ​ក្រម​នោះ​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​ពោល​ថា​៖ ‹សូម​ជួយ​វិនិច្ឆ័យ​រឿង​ក្ដី​របស់​ខ្ញុំ​ជា​មួយ​នឹង​គូ​វិវាទ ដើម្បី​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង›។ ៤ អស់​មួយ​រយៈ​ពេល ចៅ​ក្រម​នោះ​មិន​ព្រម​ជួយ​ទេ តែ​ក្រោយ​មក​គាត់​និយាយ​ប្រាប់​ខ្លួន​គាត់​ថា​៖ ‹ទោះ​ជា​ខ្ញុំ​មិន​កោត​ខ្លាច​ព្រះ​ឬ​គោរព​មនុស្ស​ណា​ម្នាក់​ក៏​ដោយ ៥ ប៉ុន្តែ​ដោយ​សារ​ស្ត្រី​មេម៉ាយ​នេះ​ចេះ​តែ​រំអុក​ខ្ញុំ ខ្ញុំ​នឹង​រក​យុត្តិធម៌​ឲ្យ​នាង ដើម្បី​ឲ្យ​នាង​ឈប់​មក​រំខាន​ខ្ញុំ​ទៀត›​»។+ ៦ រួច​លោក​ម្ចាស់​មាន​ប្រសាសន៍​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​បាន​កត់​សម្គាល់​អ្វី​ដែល​ចៅ​ក្រម​មិន​សុចរិត​នោះ​និយាយ​ទេ? ៧ បើ​ដូច្នេះ ព្រះ​ប្រាកដ​ជា​នឹង​រក​យុត្តិធម៌​ឲ្យ​អ្នក​ដែល​លោក​បាន​ជ្រើស​រើស ដែល​ស្រែក​រក​លោក​ទាំង​យប់​ទាំង​ថ្ងៃ មែន​ទេ?+ លោក​ក៏​នឹង​មាន​ចិត្ត​អត់​ធ្មត់​ចំពោះ​ពួក​គេ​ដែរ។+ ៨ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ​នឹង​រក​យុត្តិធម៌​ឲ្យ​ពួក​គេ​យ៉ាង​ឆាប់។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពេល​ដែល​កូន​មនុស្ស​មក​ដល់ តើ​លោក​ពិត​ជា​នឹង​ឃើញ​មនុស្ស​ដែល​មាន​ជំនឿ​ដូច​នេះ​នៅ​ផែនដី​ឬ​ទេ?​»។

៩ លោក​លើក​ឧទាហរណ៍​មួយ​ទៀត​ប្រាប់​អ្នក​ខ្លះ​ដែល​ជឿ​ជាក់​ថា​ខ្លួន​សុចរិត ហើយ​ចាត់​ទុក​អ្នក​ដទៃ​ថា​គ្មាន​តម្លៃ​សោះ ដោយ​មាន​ប្រសាសន៍​ថា​៖ ១០ ​«​មាន​បុរស​ពីរ​នាក់​ឡើង​ទៅ​វិហារ​ដើម្បី​អធិដ្ឋាន។ ម្នាក់​ជា​ផារិស៊ី ហើយ​ម្នាក់​ទៀត​ជា​អ្នក​យក​ពន្ធ។ ១១ បុរស​ផារិស៊ី​នោះ​បាន​ឈរ​អធិដ្ឋាន​ក្នុង​ចិត្ត​ថា​៖ ‹ឱ​ព្រះ​អើយ ខ្ញុំ​អរគុណ​លោក​ដែល​ខ្ញុំ​មិន​ដូច​មនុស្ស​ឯ​ទៀត ដែល​ជា​អ្នក​គំរាម​យក​ប្រាក់ ជា​អ្នក​មិន​សុចរិត ឬ​ជា​អ្នក​ផិត​ក្បត់។ ខ្ញុំ​ក៏​អរគុណ​លោក​ដែល​ខ្ញុំ​មិន​ដូច​អ្នក​យក​ពន្ធ​ម្នាក់​នោះ​ដែរ។ ១២ ខ្ញុំ​តម​អាហារ​ពីរ​ដង​រាល់​សប្ដាហ៍ ទាំង​ជូន​១​ភាគ​១០​នៃ​របស់​ទាំង​អស់​ដែល​ខ្ញុំ​រក​បាន›។+ ១៣ ប៉ុន្តែ អ្នក​យក​ពន្ធ​ដែល​កំពុង​ឈរ​ពី​ចម្ងាយ មិន​ទាំង​ហ៊ាន​ងើប​មុខ​មើល​ទៅ​លើ​មេឃ​ផង ក៏​ចេះ​តែ​គក់​ទ្រូង​ថា​៖ ‹ឱ​ព្រះ​អើយ សូម​មេត្តា​ដល់​ខ្ញុំ​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ផង›។+ ១៤ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ពេល​បុរស​នេះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ព្រះ​បាន​ចាត់​ទុក​គាត់​ថា​សុចរិត​ជាង​បុរស​ផារិស៊ី​នោះ+ ពី​ព្រោះ​អ្នក​ណា​ដែល​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​តម្កើង​ឡើង​»។+

១៥ ក្រោយ​មក មនុស្ស​ម្នា​ក៏​បាន​យក​កូន​តូច​របស់​ពួក​គេ​មក​ឲ្យ​លោក​ពាល់។ ពេល​ឃើញ​ដូច្នេះ ពួក​អ្នក​កាន់​តាម​ចាប់​ផ្ដើម​ស្ដី​បន្ទោស​មនុស្ស​ទាំង​នោះ។+ ១៦ ក៏​ប៉ុន្តែ លោក​យេស៊ូ​សុំ​គេ​ឲ្យ​យក​កូន​ក្មេង​ទាំង​នោះ​មក​ឯ​លោក ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ឲ្យ​កូន​ក្មេង​ទាំង​នោះ​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​ពួក​គេ​ឡើយ ពី​ព្រោះ​រាជាណាចក្រ​របស់​ព្រះ​ជា​របស់​អ្នក​ដែល​មាន​លក្ខណៈ​ដូច​កូន​ក្មេង​ទាំង​នោះ។+ ១៧ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​ណា​ដែល​មិន​ព្រម​ទទួល​រាជាណាចក្រ​របស់​ព្រះ ដូច​ក្មេង​តូច​ម្នាក់​ទេ អ្នក​នោះ​នឹង​មិន​បាន​ចូល​ក្នុង​រាជាណាចក្រ​ឡើយ​»។+

១៨ មាន​អ្នក​គ្រប់​គ្រង​ម្នាក់​មក​សួរ​លោក​ថា​៖ ​«​លោក​គ្រូ​ល្អ តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ជា​មត៌ក?​»។+ ១៩ លោក​យេស៊ូ​មាន​ប្រសាសន៍ទៅ​គាត់​ថា​៖ ​«​ហេតុ​អ្វី​អ្នក​ថា​ខ្ញុំ​ល្អ​ដូច្នេះ? ក្រៅ​ពី​ព្រះ គ្មាន​អ្នក​ណា​ល្អ​ឡើយ។+ ២០ អ្នក​ស្គាល់​បញ្ញត្ដិ​ហើយ​ដែល​ថា​៖ ‹កុំ​ផិត​ក្បត់+ កុំ​ធ្វើ​ឃាតកម្ម+ កុំ​លួច+ កុំ​ធ្វើ​ជា​សាក្សី​ក្លែង​ក្លាយ+ ហើយ​ចូរ​គោរព​ឪពុក​និង​ម្ដាយ​របស់​អ្នក›​»។+ ២១ រួច​គាត់​ជម្រាប​ថា​៖ ​«​ខ្ញុំ​បាន​ធ្វើ​តាម​បញ្ញត្ដិ​ទាំង​អស់​នេះ​តាំង​ពី​នៅ​ក្មេង​ម្ល៉េះ​»។ ២២ ឮ​ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​នៅ​មាន​អ្វី​មួយ​ទៀត​ដែល​អ្នក​ត្រូវ​ធ្វើ។ ចូរ​ទៅ​លក់​អ្វី​ៗ​ដែល​អ្នក​មាន ហើយ​ចែក​ដល់​អ្នក​ក្រ នោះ​អ្នក​នឹង​មាន​ទ្រព្យ​វិសេស​នៅ​ស្ថាន​សួគ៌ រួច​ចូរ​មក​តាម​ខ្ញុំ​»។+ ២៣ ពេល​ឮ​ដូច្នេះ បុរស​នោះ​បែរ​ជា​កើត​ទុក្ខ​យ៉ាង​ខ្លាំង ព្រោះ​គាត់​ជា​អ្នក​មាន​ស្ដុក​ស្ដម្ភ។+

២៤ លោក​យេស៊ូ​មើល​គាត់ ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ដែល​មាន​ប្រាក់​ច្រើន​នឹង​ពិបាក​ចូល​ក្នុង​រាជាណាចក្រ​របស់​ព្រះ​ណាស់!+ ២៥ តាម​ការ​ពិត សត្វ​អូដ្ឋ​អាច​ចូល​តាម​រន្ធ​ម្ជុល​ដេរ ងាយ​ជាង​អ្នក​មាន​ចូល​ក្នុង​រាជាណាចក្រ​របស់​ព្រះ​ទៅ​ទៀត​»។+ ២៦ ពួក​អ្នក​ដែល​ឮ​ប្រសាសន៍​នេះ​សួរ​ថា​៖ ​«​បើ​ដូច្នេះ តើ​អ្នក​ណា​អាច​ទទួល​សេចក្ដី​សង្គ្រោះ​បាន?​»។+ ២៧ លោក​មាន​ប្រសាសន៍​ថា​៖ ​«​អ្វី​ដែល​មនុស្ស​មិន​អាច​ធ្វើ​បាន ព្រះ​អាច​ធ្វើ​បាន​»។+ ២៨ ប៉ុន្តែ ពេត្រុស​ជម្រាប​ថា​៖ ​«​មើល! យើង​បាន​ចាក​ចេញ​ពី​អ្វី​ៗ​ដែល​ជា​របស់​យើង ហើយ​បាន​តាម​លោក​»។+ ២៩ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អស់​អ្នក​ណា​ដែល​បាន​ចាក​ចេញ​ពី​ផ្ទះ ឬ​ប្រពន្ធ ឬ​កូន ឬ​បង​ប្អូន​ប្រុស ឬ​ឪពុក​ម្ដាយ ដើម្បី​រាជាណាចក្រ​របស់​ព្រះ+ ៣០ អ្នក​ទាំង​នោះ​ប្រាកដ​ជា​នឹង​ទទួល​អ្វី​ៗ​ទាំង​នោះ​ច្រើន​ដង​លើស​មុន​ទៅ​ទៀត​ក្នុង​គ្រា​ឥឡូវ​នេះ ហើយ​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ក្នុង​របៀប​របបពិភព​លោក*ដែល​នឹង​មក​ដល់​»។+

៣១ ក្រោយ​មក លោក​ហៅ​សាវ័ក​ទាំង​១២​នាក់​មក​ដោយ​ឡែក​ពី​គេ រួច​មាន​ប្រសាសន៍​ថា​៖ ​«​មើល! យើង​កំពុង​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង​យេរូសាឡិម ហើយ​អ្វី​ៗ​ទាំង​អស់​ដែល​ពួក​អ្នក​ប្រកាស​ទំនាយ​បាន​សរសេរ​អំពី​កូន​មនុស្ស​នឹង​ក្លាយ​ជា​ការ​ពិត។+ ៣២ ជា​ឧទាហរណ៍ លោក​នឹង​ត្រូវ​គេ​ប្រគល់​ឲ្យ​ជន​ជាតិ​ដទៃ+ ក៏​នឹង​ត្រូវ​គេ​ចំអក​ឲ្យ+ ហើយ​ប្រព្រឹត្ត​ដោយ​ព្រហើន​ទៅ​លើ​លោក ថែម​ទាំង​ស្ដោះ​ទឹក​មាត់​ដាក់​លោក​ផង។+ ៣៣ ពួក​គេ​នឹង​វាយ​លោក​ដោយ​រំពាត់​ខ្សែ​តី រួច​សម្លាប់​លោក+ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​៣​លោក​នឹង​រស់​ឡើង​វិញ​»។+ ៣៤ ក៏​ប៉ុន្តែ ពួក​គាត់​មិន​យល់​អត្ថន័យ​នៃ​អ្វី​ៗ​ទាំង​នេះ​សោះ ព្រោះ​ប្រសាសន៍​នេះ​បាន​ត្រូវ​លាក់​បាំង​ពី​ពួក​គាត់ ហើយ​ពួក​គាត់​មិន​យល់​អ្វី​ដែល​លោក​មាន​ប្រសាសន៍​នោះ​ឡើយ។

៣៥ លុះ​លោក​មក​ជិត​ដល់​ក្រុង​យេរីខូ មាន​បុរស​ងងឹត​ភ្នែក​ម្នាក់​កំពុង​អង្គុយ​សុំ​ទាន​នៅ​ក្បែរ​ផ្លូវ។+ ៣៦ ពេល​ដែល​គាត់​ឮ​សូរ​បណ្ដា​ជន​ដើរ​កាត់ នោះ​គាត់​ក៏​សួរ​ពួក​គេ​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង។ ៣៧ ពួក​គេ​ប្រាប់​គាត់​ថា​៖ ​«​លោក​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត​កំពុង​ដើរ​កាត់!​»។ ៣៨ ឮ​ដូច្នេះ គាត់​ស្រែក​ឡើង​ថា​៖ ​«​លោក​យេស៊ូ បុត្រ​ដាវីឌ! សូម​មេត្តា​ជួយ​ខ្ញុំ​ផង!​»។ ៣៩ ពួក​អ្នក​ដែល​កំពុង​ដើរ​ខាង​មុខ​គេ​ចាប់​ផ្ដើម​ស្ដី​បន្ទោស​បុរស​នោះ​ឲ្យ​នៅ​ស្ងៀម តែ​គាត់​ស្រែក​កាន់​តែ​ខ្លាំង​ថា​៖ ​«​បុត្រ​ដាវីឌ! សូម​មេត្តា​ជួយ​ខ្ញុំ​ផង!​»។ ៤០ រួច​លោក​យេស៊ូ​ក៏​ឈប់ ហើយ​បង្គាប់​គេ​ឲ្យ​នាំ​បុរស​នោះ​មក​ឯ​លោក។ ពេល​ដែល​បុរស​នោះ​មក​ជិត​លោក​យេស៊ូ លោក​ក៏​សួរ​គាត់​ថា​៖ ៤១ ​«​តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​សម្រាប់​អ្នក?​»។ គាត់​ជម្រាប​ថា​៖ ​«​លោក​ម្ចាស់ សូម​ធ្វើ​ឲ្យ​ខ្ញុំ​មើល​ឃើញ​ឡើង​វិញ​»។ ៤២ ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ចូរ​មើល​ឃើញ​ឡើង​វិញ។ ជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ជា​ហើយ​»។+ ៤៣ រំពេច​នោះ គាត់​ក៏​មើល​ឃើញ​ឡើង​វិញ ហើយ​ចាប់​ផ្ដើម​ដើរ​តាម​លោក+ ព្រម​ទាំង​សរសើរ​តម្កើង​ព្រះ​ផង។ ពេល​ដែល​មនុស្ស​ទាំង​ឡាយ​ឃើញ​អ្វី​ដែល​បាន​កើត​ឡើង ពួក​គេ​ក៏​បាន​សរសើរ​ព្រះ​ដែរ។+

១៩ ក្រោយ​មក លោក​បាន​ចូល​ក្រុង​យេរីខូ ហើយ​ធ្វើ​ដំណើរ​កាត់​ក្រុង​នោះ។ ២ នៅ​ទី​នោះ​មាន​បុរស​ម្នាក់​ឈ្មោះ​សាខេ គាត់​ជា​ប្រធាន​មួយ​រូប​លើ​ពួក​អ្នក​យក​ពន្ធ ហើយ​គាត់​ជា​អ្នក​មាន​ស្ដុក​ស្ដម្ភ។ ៣ គាត់​ចង់​ឃើញ​លោក​យេស៊ូ​ណាស់ តែ​គាត់​មើល​មិន​ឃើញ​ពី​ព្រោះ​គាត់​ទាប ហើយ​បណ្ដា​ជន​កំពុង​ចោម​រោម​លោក។ ៤ ដូច្នេះ គាត់​ក៏​រត់​ទៅ​មុន​ពួក​គេ ហើយ​ឡើង​ដើម​ល្វា​ព្រៃ​ដើម្បី​អាច​ឃើញ​លោក ពី​ព្រោះ​លោក​ជិត​ដើរ​កាត់​តាម​ផ្លូវ​នោះ។ ៥ ពេល​ដែល​លោក​យេស៊ូ​ទៅ​ដល់​កន្លែង​នោះ លោក​ក៏​មើល​ទៅ​លើ រួច​មាន​ប្រសាសន៍​ទៅ​សាខេ​ថា​៖ ​«​សាខេ សូម​ប្រញាប់​ចុះ​មក ព្រោះ​ថ្ងៃ​នេះ​ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​របស់​អ្នក​»។ ៦ ឮ​ដូច្នេះ គាត់​ក៏​ប្រញាប់​ចុះ​មក ហើយ​បាន​ទទួល​លោក​ជា​ភ្ញៀវ​ដោយ​ចិត្ត​ត្រេក​អរ។ ៧ ប៉ុន្តែ ពេល​បណ្ដា​ជន​ឃើញ​ដូច្នេះ ពួក​គេ​តាំង​រអ៊ូ​រទាំ​ថា​៖ ​«​មើល! លោក​ចូល​ទៅ​ស្នាក់​នៅ​ជា​មួយ​នឹង​បុរស​ម្នាក់​ដែល​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​»។+ ៨ ប៉ុន្តែ សាខេ​ក្រោក​ឈរ​ឡើង ហើយ​ជម្រាប​លោក​ម្ចាស់​ថា​៖ ​«​លោក​ម្ចាស់! ខ្ញុំ​កំពុង​ចែក​ទ្រព្យ​សម្បត្តិ​របស់​ខ្ញុំ​ពាក់​កណ្ដាល​ដល់​អ្នក​ក្រី​ក្រ ហើយ​អ្វី​ក៏​ដោយ​ដែល​ខ្ញុំ​បាន​មក​ដោយ​ការ​បោក​បញ្ឆោត* នោះ​ខ្ញុំ​កំពុង​សង​គេ​វិញ​១​ជា​៤​»។+ ៩ ឮ​ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ថ្ងៃ​នេះ សេចក្ដី​សង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ ពី​ព្រោះ​គាត់​ក៏​ជា​កូន​ចៅ​របស់​អាប្រាហាំ​ដែរ។ ១០ ព្រោះ​កូន​មនុស្ស​បាន​មក​ដើម្បី​ស្វែង​រក ហើយ​ជួយ​សង្គ្រោះ​ពួក​អ្នក​ដែល​បាន​បាត់​បង់​ទៅ​»។+

១១ កាល​ដែល​ពួក​អ្នក​កាន់​តាម​កំពុង​ស្ដាប់​ប្រសាសន៍​ទាំង​នេះ លោក​ក៏​បាន​លើក​ឧទាហរណ៍​មួយ​ទៀត ពី​ព្រោះ​លោក​នៅ​ជិត​ក្រុង​យេរូសាឡិម ហើយ​ពួក​អ្នក​កាន់​តាម​គិត​ថា​រាជាណាចក្រ​របស់​ព្រះ​នឹង​លេច​មក​ភ្លាម​មួយ​រំពេច។+ ១២ ដូច្នេះ លោក​មាន​ប្រសាសន៍​ថា​៖ ​«​បុរស​ម្នាក់​ដែល​កើត​ក្នុង​រាជវង្ស បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឆ្ងាយ+ ដើម្បី​ទទួល​អំណាច​គ្រប់​គ្រង​ជា​ស្ដេច រួច​ត្រឡប់​មក​វិញ។ ១៣ បុរស​នោះ​ហៅ​ខ្ញុំ​បម្រើ​១០​នាក់​មក រួច​ឲ្យ​១០​មិណា*ដល់​ពួក​គេ ហើយ​ប្រាប់​ថា​៖ ‹ចូរ​អ្នក​រាល់​គ្នា​រក​ស៊ី​រហូត​ដល់​ខ្ញុំ​មក​វិញ›។+ ១៤ ប៉ុន្តែ ជន​រួម​ជាតិ​របស់​លោក​បាន​ស្អប់​លោក ក៏​ចាត់​ទូត​មួយ​ចំនួន​ឲ្យ​ទៅ​តាម​លោក ដើម្បី​ប្រាប់​ថា​៖ ‹យើង​មិន​ចង់​ឲ្យ​បុរស​នេះ​គ្រប់​គ្រង​ជា​ស្ដេច​លើ​យើង​ឡើយ›។

១៥ ​«​លុះ​បាន​ទទួល​អំណាច​គ្រប់​គ្រង​ជា​ស្ដេច​ហើយ បុរស​នោះ​បាន​វិល​ត្រឡប់​មក​វិញ ក៏​បាន​ហៅ​ពួក​ខ្ញុំ​បម្រើ​ទាំង​ប៉ុន្មាន ដែល​លោក​បាន​ឲ្យ​ប្រាក់​នោះ​មក ដើម្បី​ដឹង​ថា​ពួក​គេ​រក​ស៊ី​ចំណេញ​បាន​ប៉ុន្មាន។+ ១៦ ដូច្នេះ ខ្ញុំ​បម្រើ​ទី​១​បាន​ចូល​មក​ជិត​លោក ក៏​ជម្រាប​ថា​៖ ‹លោក​ម្ចាស់ មិណា​របស់​លោក​បាន​ចំណេញ​១០​មិណា​ទៀត›។+ ១៧ លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ‹ខ្ញុំ​បម្រើ​ដ៏​ល្អ​អើយ! អ្នក​ធ្វើ​ការ​បាន​ល្អ​ណាស់! អ្នក​បាន​បង្ហាញ​ថា​អ្នក​ស្មោះ​ត្រង់​ក្នុង​កិច្ច​ការ​បន្តិច​បន្តួច។ ដូច្នេះ ចូរ​គ្រប់​គ្រង​លើ​ក្រុង​១០›។+ ១៨ បន្ទាប់​មក ខ្ញុំ​បម្រើ​ទី​២​បាន​មក​ជម្រាប​ថា​៖ ‹លោក​ម្ចាស់ មិណា​របស់​លោក​បាន​ចំណេញ​ប្រាំ​មិណា​ទៀត›។+ ១៩ លោក​ក៏​មាន​ប្រសាសន៍​ទៅ​គាត់​ដែរ​ថា​៖ ‹ចូរ​កាន់​កាប់​លើ​ក្រុង​ប្រាំ›។ ២០ ប៉ុន្តែ ខ្ញុំ​បម្រើ​ម្នាក់​ទៀត​បាន​មក​ជម្រាប​ថា​៖ ‹លោក​ម្ចាស់ នេះ​ជា​មិណា​របស់​លោក​ដែល​ខ្ញុំ​បាន​លាក់​ទុក​ក្នុង​កន្សែង ២១ ព្រោះ​ខ្ញុំ​ខ្លាច​លោក ដោយ​សារ​លោក​ជា​មនុស្ស​តឹងរ៉ឹង​ណាស់។ លោក​ដក​លុយ​ដែល​លោក​មិន​បាន​ដាក់ ហើយ​ច្រូត​កាត់​អ្វី​ដែល​លោក​មិន​បាន​សាប​ព្រោះ›។+ ២២ លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ‹ខ្ញុំ​បម្រើ​ទុច្ចរិត ខ្ញុំ​វិនិច្ឆ័យ​អ្នក​តាម​សម្ដី​របស់​អ្នក។ បើ​អ្នក​ដឹង​ថា​ខ្ញុំ​ជា​មនុស្ស​តឹងរ៉ឹង​ណាស់ ហើយ​ថា​ខ្ញុំ​ដក​លុយ​ដែល​ខ្ញុំ​មិន​បាន​ដាក់ ថែម​ទាំង​ច្រូត​កាត់​អ្វី​ដែល​ខ្ញុំ​មិន​បាន​សាប​ព្រោះ+ ២៣ ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​មិន​បាន​យក​ប្រាក់​របស់​ខ្ញុំ​ទៅ​ដាក់​នឹង​អ្នក​ចង​ការ?* យ៉ាង​នោះ ពេល​ខ្ញុំ​ត្រឡប់​មក​វិញ ខ្ញុំ​អាច​ទទួល​ប្រាក់​របស់​ខ្ញុំ​ព្រម​ទាំង​ការ​ប្រាក់​ផង›។

២៤ ​«​រួច​មក លោក​ប្រាប់​ពួក​អ្នក​ដែល​កំពុង​ឈរ​នៅ​ក្បែរ​នោះ​ថា​៖ ‹ចូរ​យក​មិណា​ពី​គាត់ ហើយ​ឲ្យ​ទៅ​អ្នក​ដែល​មាន​១០​មិណា​វិញ›។+ ២៥ ប៉ុន្តែ ពួក​គេ​ជម្រាប​លោក​ថា​៖ ‹លោក​ម្ចាស់ គាត់​មាន​១០​មិណា​ហើយ!›។ ២៦ លោក​តប​ឆ្លើយ​ថា​៖ ‹ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​មាន នឹង​ទទួល​ថែម​ទៀត តែ​អ្នក​ណា​ដែល​គ្មាន សូម្បី​តែ​អ្វី​ដែល​អ្នក​នោះ​មាន ក៏​នឹង​ត្រូវ​ដក​ហូត​ដែរ។+ ២៧ ម្យ៉ាង​ទៀត ពួក​សត្រូវ​របស់​ខ្ញុំ​ទាំង​នេះ ដែល​មិន​ចង់​ឲ្យ​ខ្ញុំ​គ្រប់​គ្រង​ជា​ស្ដេច​លើ​ពួក​គេ ចូរ​យក​ពួក​គេ​មក​សម្លាប់​ចោល​នៅ​មុខ​ខ្ញុំ›​»។

២៨ ក្រោយ​ពី​លោក​មាន​ប្រសាសន៍​អ្វី​ទាំង​នេះ​ហើយ លោក​ក៏​ចាប់​ផ្ដើម​បន្ត​ដំណើរ​ឡើង​ទៅ​ក្រុង​យេរូសាឡិម។ ២៩ លុះ​ទៅ​ជិត​ដល់​ភូមិ​បេតផាជី​និង​ភូមិ​បេថានី នៅ​ភ្នំ​ហៅ​ថា​ភ្នំ​ដើម​អូលីវ​ហើយ+ លោក​ក៏​ចាត់​អ្នក​កាន់​តាម​ពីរ​នាក់+ ៣០ ដោយ​ប្រាប់​ថា​៖ ​«​ចូរ​ទៅ​ភូមិ​នៅ​ខាង​មុខ​នុះ។ ពេល​អ្នក​ចូល​ទៅ អ្នក​នឹង​ឃើញ​លា​ស្ទាវ​មួយ​ក្បាល​ដែល​គេ​បាន​ចង​ទុក ហើយ​មិន​ទាន់​មាន​មនុស្ស​ធ្លាប់​ជិះ​វា​ឡើយ។ ចូរ​ស្រាយ​វា ហើយ​ដឹក​មក។ ៣១ ប៉ុន្តែ ប្រសិន​បើ​អ្នក​ណា​សួរ​ថា​៖ ‹ហេតុ​អ្វី​អ្នក​ស្រាយ​វា?› អ្នក​ត្រូវ​ប្រាប់​ថា​៖ ‹លោក​ម្ចាស់​ត្រូវ​ការ​វា›​»។ ៣២ ដូច្នេះ ពួក​អ្នក​ដែល​លោក​បាន​ចាត់​ក៏​ចេញ​ទៅ ហើយ​ឃើញ​អ្វី​ៗ​ដូច​ដែល​លោក​បាន​មាន​ប្រសាសន៍។+ ៣៣ ប៉ុន្តែ ពេល​ដែល​ពួក​គាត់​កំពុង​ស្រាយ​លា​ស្ទាវ​នោះ ពួក​ម្ចាស់​របស់​វា​បាន​សួរ​ថា​៖ ​«​ហេតុ​អ្វី​អ្នកស្រាយ​សត្វ​លា​នេះ?​»។ ៣៤ ពួក​គាត់​ឆ្លើយ​ថា​៖ ​«​លោក​ម្ចាស់​ត្រូវ​ការ​វា​»។ ៣៥ បន្ទាប់​មក ពួក​គាត់​ដឹក​សត្វ​លា​នោះ​មក​ឯ​លោក​យេស៊ូ រួច​យក​សម្លៀក​បំពាក់​ក្រៅ​របស់​ពួក​គាត់​ក្រាល​លើ​ខ្នង​វា ហើយ​ឲ្យ​លោក​យេស៊ូ​ជិះ​លើ​វា។+

៣៦ បណ្ដា​ជន​បន្ត​ក្រាល​សម្លៀក​បំពាក់​ក្រៅ​របស់​ខ្លួន​នៅ​លើ​ផ្លូវ​ដែល​លោក​ធ្វើ​ដំណើរ​ទៅ។+ ៣៧ ពេល​លោក​ទៅ​ជិត​ដល់​ផ្លូវ​ចុះ​ពី​ភ្នំ​ដើម​អូលីវ​ភ្លាម នោះ​អ្នក​កាន់​តាម​ទាំង​ឡាយ​ចាប់​ផ្ដើម​ត្រេក​អរ ហើយ​បន្លឺ​សំឡេង​សរសើរ​ព្រះ​អំពី​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​បាន​ឃើញ។ ៣៨ ពួក​គេ​បន្លឺឡើង​ថា​៖ ​«​អ្នក​ដែល​មក​ជា​ស្ដេច​ក្នុង​នាម​ព្រះ​យេហូវ៉ា មាន​ពរ​ហើយ! សូម​ឲ្យ​ស្ថាន​សួគ៌​មាន​សន្តិភាព ហើយ​សូម​ឲ្យ​លោក​ដែល​នៅ​ស្ថាន​សួគ៌​មាន​សិរី​រុង​រឿង!​»។+ ៣៩ ក៏​ប៉ុន្តែ ពួក​ផារិស៊ី​ខ្លះ​ក្នុង​ចំណោម​បណ្ដា​ជន​បាន​ជម្រាប​លោក​ថា​៖ ​«​លោក​គ្រូ ចូរ​ស្ដី​បន្ទោស​ពួក​អ្នក​កាន់​តាម​លោក​»។+ ៤០ ប៉ុន្តែ លោក​តប​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ប្រសិន​បើ​អ្នក​ទាំង​នេះ​នៅ​ស្ងៀម ដុំ​ថ្ម​នឹង​ស្រែក​ឡើង​»។

៤១ លុះ​ទៅ​ជិត​ដល់​ហើយ លោក​មើល​ក្រុង​នោះ ក៏​យំ​សោក​អំពី​ក្រុង​នោះ។+ ៤២ លោក​មាន​ប្រសាសន៍​ថា​៖ ​«​នៅ​គ្រា​នេះ គួរ​ណាស់​តែ​អ្នក​បាន​ពិចារណា​ឲ្យ​យល់​អ្វី​ៗ​ដែល​នឹង​នាំ​ឲ្យ​អ្នក​មាន​សន្តិភាព។ ប៉ុន្តែ​ឥឡូវ​នេះ អ្វី​ៗ​ទាំង​នោះ​បាន​ត្រូវ​លាក់​បាំង​ពី​ភ្នែក​អ្នក​ហើយ។+ ៤៣ ពី​ព្រោះ​នឹង​មាន​គ្រា​មក​ដល់ ពេល​ដែល​ពួក​សត្រូវ​របស់​អ្នក​នឹង​បោះ​របង​បង្គោល​សម្រួច​ចុង​នៅ​ជុំវិញ​អ្នក ក៏​នឹង​ឡោម​ព័ទ្ធ​ធ្វើ​ទុក្ខ​អ្នក​ពី​គ្រប់​ទិស​ទី។+ ៤៤ ពួក​គេ​នឹង​បោះ​ទម្លាក់​អ្នក ព្រម​ទាំង​កូន​ដែល​នៅ​ក្នុង​អ្នក​ទៅ​ដី+ ហើយ​នឹង​មិន​ទុក​ថ្ម​ណា​នៅ​ក្នុង​អ្នក​ឲ្យ​ត្រួត​លើ​ថ្ម​ណា​ទៀត​ទេ+ ពី​ព្រោះ​អ្នក​មិន​បាន​ពិចារណា​ឲ្យ​យល់​អំពី​គ្រា​ដែល​ព្រះ​នឹង​មក​វិនិច្ឆ័យ*អ្នក​ឡើយ​»។

៤៥ រួច​លោក​ចូល​ក្នុង​វិហារ ហើយ​ចាប់​ផ្ដើម​បណ្ដេញ​ពួក​អ្នក​លក់+ ៤៦ ដោយ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​បទ​គម្ពីរ​ចែង​ថា​៖ ‹វិហារ​របស់​ខ្ញុំ​នឹង​ត្រូវ​ហៅ​ថា​កន្លែង​សម្រាប់​អធិដ្ឋាន›។+ ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​យក​ធ្វើ​ជា​សម្បុក​ចោរ​វិញ​»។+

៤៧ លោក​បន្ត​បង្រៀន​ក្នុង​វិហារ​រៀង​រាល់​ថ្ងៃ។ ឯ​ពួក​សង្ឃនាយក ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ និង​ពួក​អ្នក​ខ្លះ​ដែល​មាន​មុខ​មាត់​ក្នុង​បណ្ដា​ជន​វិញ ពួក​គេ​បាន​ខំ​រិះ​រក​វិធី​សម្លាប់​លោក​ចោល។+ ៤៨ ក៏​ប៉ុន្តែ ពួក​គេ​នៅ​តែ​រក​វិធី​សម្លាប់​លោក​មិន​បាន ព្រោះ​បណ្ដា​ជន​គ្រប់​រូប​កំពុង​ចោម​រោម​ជក់​ស្ដាប់​លោក​មាន​ប្រសាសន៍។+

២០ នៅ​ថ្ងៃ​មួយ ពេល​ដែល​លោក​កំពុង​បង្រៀន​បណ្ដា​ជន​ក្នុង​វិហារ ហើយ​ប្រកាស​ដំណឹង​ល្អ នោះ​ពួក​សង្ឃនាយក ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ និង​ពួក​អ្នក​ចាស់​ទុំ​បាន​ចូល​មក​ឯ​លោក ២ ហើយ​សួរ​លោក​ថា​៖ ​«​ចូរ​ប្រាប់​យើងមក តើ​អ្នក​ធ្វើ​អ្វី​ៗ​ទាំង​នេះ​ដោយ​អាង​សិទ្ធិ​អំណាច​អ្វី? ឬ​តើ​អ្នក​ណា​បាន​ប្រគល់​សិទ្ធិ​អំណាច​នេះ​ឲ្យ​អ្នក?​»។+ ៣ លោក​តប​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ក៏​សួរ​អ្នក​រាល់​គ្នាសំណួរមួយ​ដែរ។ ចូរ​ឆ្លើយ​ប្រាប់​ខ្ញុំ​ថា ៤ តើ​យ៉ូហាន​បាន​ទទួល​សិទ្ធិ​អំណាច​ជ្រមុជ​ទឹក*ឲ្យ​គេ ពី​ស្ថាន​សួគ៌ ឬ​ពី​មនុស្ស?​»។ ៥ រួច​មក ពួក​គេ​ជជែក​វែក​ញែក​គ្នា​ថា​៖ ​«​ប្រសិន​បើ​យើង​ឆ្លើយ​ថា​‹ពី​ស្ថាន​សួគ៌› នោះ​គាត់​នឹង​សួរ​ថា​‹ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​យ៉ូហាន?›។ ៦ ប៉ុន្តែ បើ​យើង​ឆ្លើយ​ថា​‹ពី​មនុស្ស›​វិញ នោះ​បណ្ដា​ជន​គ្រប់​រូប​នឹង​យក​ថ្ម​គប់​សម្លាប់​យើង ព្រោះ​ពួក​គេ​ជឿ​ជាក់​ថា​យ៉ូហាន​ជា​អ្នក​ប្រកាស​ទំនាយ​»។+ ៧ ដូច្នេះ ពួក​គេ​ឆ្លើយ​ថា មិន​ដឹង​ថា​យ៉ូហាន​បាន​ទទួល​សិទ្ធិ​អំណាច​មក​ពី​ណា​ទេ។ ៨ រួច​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ក៏​មិន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ធ្វើ​អ្វី​ៗ​ទាំង​នេះ​ដោយ​អាង​សិទ្ធិ​អំណាច​អ្វី​ដែរ​»។

៩ បន្ទាប់​មក លោក​លើក​ឧទាហរណ៍​ប្រាប់​បណ្ដា​ជន​ថា​៖ ​«​បុរស​ម្នាក់​បាន​ធ្វើ​ចម្ការ​ទំពាំង​បាយ​ជូរ​មួយ+ ហើយ​ប្រវាស់​ចម្ការ​ឲ្យ​ពួក​កសិករ រួច​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​អស់​រយៈ​ពេល​យ៉ាង​យូរ។+ ១០ លុះ​ដល់​រដូវ​ផ្លែ​ទុំ បុរស​នោះ​ចាត់​ខ្ញុំ​បម្រើ​ម្នាក់​ឲ្យ​ទៅ​ឯ​ពួក​កសិករ ដើម្បី​ទទួល​ផល​ខ្លះ​ពី​ចម្ការ​នោះ។ ប៉ុន្តែ ពួក​កសិករ​បាន​វាយ​ដំ​ខ្ញុំ​បម្រើ​នោះ រួច​បណ្ដេញ​ឲ្យ​ទៅ​វិញ​ដោយ​ដៃ​ទទេ។+ ១១ ប៉ុន្តែ បុរស​នោះ​បាន​ចាត់​ខ្ញុំ​បម្រើ​ម្នាក់​ទៀត​ឲ្យ​ទៅ ហើយ​ពួក​កសិករ​ក៏​វាយ​ដំ​និង​ប្រមាថ​មើល​ងាយ​ខ្ញុំ​បម្រើ​នោះ​ដែរ ទាំង​បណ្ដេញ​ឲ្យ​ទៅ​វិញ​ដោយ​ដៃ​ទទេ។ ១២ បុរស​នោះ​ចាត់​អ្នក​ទី​៣​ឲ្យ​ទៅ​ទៀត ហើយ​ពួក​កសិករ​ក៏​ធ្វើ​ឲ្យ​អ្នក​នោះ​របួស​ដែរ រួច​បោះ​ទៅ​ខាង​ក្រៅ។ ១៣ ម្ល៉ោះ​ហើយ ម្ចាស់​ចម្ការ​នោះ​និយាយ​ថា​៖ ‹តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា? ខ្ញុំ​នឹង​ចាត់​កូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ឲ្យ​ទៅ។+ ពួក​គេ​ទំនង​ជា​នឹង​គោរព​កូន​របស់​ខ្ញុំ›។ ១៤ ពេល​ដែល​ពួក​កសិករ​ឃើញ​កូន​ប្រុស​របស់​លោក នោះ​ពួក​គេ​សម​គំនិត​គ្នា​ថា​៖ ‹គាត់​ជា​អ្នក​ទទួល​មត៌ក។ ចូរ​យើង​នាំ​គ្នា​សម្លាប់​គាត់​ចោល ដើម្បី​យើង​អាច​ទទួល​មត៌ក​របស់​គាត់!›។ ១៥ លុះ​គិត​គ្នា​ហើយ ពួក​គេ​ក៏​ចាប់​កូន​ប្រុស​នោះ បោះ​ទៅ​ក្រៅ​ចម្ការ រួច​សម្លាប់​ចោល។+ ដូច្នេះ តើ​ម្ចាស់​ចម្ការ​នឹង​ធ្វើ​អ្វី​ដល់​ពួក​កសិករ​ទាំង​នោះ? ១៦ គាត់​នឹង​មក​សម្លាប់​ពួក​កសិករ​ទាំង​នោះ​ចោល រួច​ប្រវាស់​ចម្ការ​ទំពាំង​បាយ​ជូរ​នោះ​ឲ្យ​អ្នក​ផ្សេង​ទៀត​»។

លុះ​ស្ដាប់​ចប់​ហើយ ពួក​គេ​និយាយ​ថា​៖ ​«​សូម​កុំ​ឲ្យ​រឿង​នោះ​កើត​ឡើង​ឡើយ!​»។ ១៧ ប៉ុន្តែ លោក​សម្លឹង​មើល​ទៅ​ពួក​គេ ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​បើ​ដូច្នោះ ចុះ​បទ​គម្ពីរ​ដែល​ថា​៖ ‹ថ្ម​ដែល​អ្នក​សាង​សង់​មិន​ព្រម​យក បាន​ទៅ​ជា​ថ្ម​ដ៏​សំខាន់​បំផុត›* តើ​នោះ​មាន​ន័យ​ដូច​ម្ដេច?+ ១៨ អ្នក​ណា​ដែល​ធ្លាក់​លើ​ថ្ម​នេះ អ្នក​នោះ​នឹង​បាក់​បែក​ខ្ទេច​ខ្ទី​ទៅ+ ហើយ​បើ​ថ្ម​នេះ​ធ្លាក់​លើ​អ្នក​ណា ថ្ម​នេះ​នឹង​កិន​កម្ទេច​អ្នក​នោះ​»។

១៩ នៅ​ម៉ោង​នោះ​ឯង ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​សង្ឃនាយក​ខំ​រិះ​រក​វិធី​ចាប់​លោក ព្រោះ​ពួក​គេ​បាន​កត់​សម្គាល់​ថា​លោក​លើក​ឧទាហរណ៍​នេះ​សំដៅ​លើ​ពួក​គេ។ ប៉ុន្តែ ពួក​គេ​ខ្លាច​បណ្ដា​ជន។+ ២០ ដូច្នេះ ពួក​គេ​ស្វែង​រក​ឱកាស​ដើម្បី​បញ្ឆោត​លោក​យេស៊ូ។ ពួក​គេ​ក៏​ជួល​បុរស​មួយ​ចំនួន​ដោយ​សម្ងាត់ ឲ្យ​បន្លំ​ខ្លួន​ជា​មនុស្ស​សុចរិត ដើម្បី​នាំ​ឲ្យ​លោក​និយាយ​អ្វី​ដែល​ពួក​គេ​អាច​យក​ជា​ហេតុ​ចោទ​ប្រកាន់​លោក+ រួច​បញ្ជូន​លោក​ទៅ​ពួក​អាជ្ញាធរ​និង​អភិបាល។ ២១ អ្នក​ទាំង​នោះ​ក៏​សួរ​លោក​ថា​៖ ​«​លោក​គ្រូ យើង​ដឹង​ថា​លោក​តែង​មាន​ប្រសាសន៍​និង​បង្រៀន​យ៉ាង​ត្រឹម​ត្រូវ ក៏​មិន​រើស​មុខ​អ្នក​ណា​ឡើយ ហើយ​លោក​បង្រៀន​សេចក្ដី​ពិត​អំពី​ផ្លូវ​របស់​ព្រះ។ ២២ បើ​ដូច្នេះ តើ​មាន​ច្បាប់​ឲ្យ​យើង​បង់​ពន្ធ​ជូន​សេសារ*ឬ​ទេ?​»។ ២៣ ប៉ុន្តែ លោក​ជ្រាប​ល្បិច​កល​របស់​ពួក​គេ ក៏​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ២៤ ​«​ចូរ​បង្ហាញ​ប្រាក់​ឌីណារី*មួយ​ឲ្យ​ខ្ញុំ​មើល។ តើ​នេះ​ជា​រូប​និង​ឈ្មោះ​របស់​អ្នក​ណា?​»។ ពួក​គេ​ឆ្លើយ​ថា​៖ ​«​ជា​រូប​និង​ឈ្មោះ​របស់​សេសារ​»។ ២៥ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​បើ​ដូច្នេះ អ្វី​ដែល​ជា​របស់​សេសារ ចូរ​សង​សេសារ​វិញ+ តែ​អ្វី​ដែល​ជា​របស់​ព្រះ ចូរ​សង​ព្រះ​វិញ​»។+ ២៦ ពេល​លោក​មាន​ប្រសាសន៍​ដូច្នេះ ពួក​គេ​មិន​អាច​ចោទ​ប្រកាន់​លោក​នៅ​មុខ​បណ្ដា​ជន​ឡើយ តែ​ពួក​គេ​បាន​នៅ​ស្ងៀម​វិញ ព្រោះ​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​នឹង​ចម្លើយ​របស់​លោក។

២៧ ពេល​នោះ​ដែរ ពួក​សាឌូស៊ី​ដែល​ជា​អ្នក​មិន​ជឿ​ថា​មាន​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ+ បាន​មក​សួរ​លោក​ថា​៖+ ២៨ ​«​លោក​គ្រូ ម៉ូសេ​បាន​សរសេរ​បង្គាប់​យើង​ថា​៖ ‹បើ​បុរស​ណា​ម្នាក់​មាន​ប្រពន្ធ តែ​ស្លាប់​ពេល​មិន​ទាន់​មាន​កូន នោះ​បង​ឬ​ប្អូន​ប្រុស​របស់​គាត់ គួរ​យក​នាង​ធ្វើ​ជា​ប្រពន្ធ ដើម្បី​បង្កើត​កូន​បន្ត​ពូជ​ឲ្យ​បង​ឬ​ប្អូន​ដែល​បាន​ស្លាប់​ទៅ›។+ ២៩ ចុះ​បើ​មាន​បង​ប្អូន​ប្រុស​៧​នាក់ ហើយ​បង​ច្បង​បាន​រៀប​ការ តែ​ពេល​ស្លាប់​ទៅ គាត់​មិន​មាន​កូន​ទេ។ ៣០ ដូច្នេះ ប្អូន​បន្ទាប់ ៣១ ហើយ​ក្រោយ​មក​ប្អូន​ទី​២​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​ដែរ។ នៅ​ទី​បំផុត បង​ប្អូន​ទាំង​៧​នាក់​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ តែ​ពួក​គេ​បាន​ស្លាប់​ដោយ​មិន​មាន​កូន​ទេ។ ៣២ ចុង​ក្រោយ ស្ត្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ។ ៣៣ ដូច្នេះ នៅ​ពេល​ដែល​រស់​ឡើង​វិញ តើ​អ្នក​ណា​ត្រូវ​ជា​ប្ដី​របស់​នាង? ព្រោះ​ថា​បង​ប្អូន​ទាំង​៧​នាក់​សុទ្ធ​តែ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​»។

៣៤ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​មនុស្ស​ក្នុង​របៀប​របប​ពិភព​លោក*នេះ​រៀប​ការ​ជា​ប្ដី​ប្រពន្ធ ៣៥ ប៉ុន្តែ ពួក​អ្នក​ដែល​បាន​ត្រូវ​ចាត់​ទុក​ថា​សម​ទទួល​ជីវិត​ក្នុង​របៀប​របប​ពិភព​លោក​ដែល​នឹង​មក​ដល់ ហើយ​សម​ទទួល​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ពួក​គេ​នឹង​មិន​រៀប​ការ​ជា​ប្ដី​ប្រពន្ធ​ឡើយ។+ ៣៦ ពួក​គេ​ក៏​មិន​អាច​ស្លាប់​ទៀត​ដែរ ព្រោះ​ពួក​គេ​គឺ​ដូច​ជា​បណ្ដា​ទេវតា​នៅ​ស្ថាន​សួគ៌ ហើយ​ពួក​គេ​ជា​កូន​របស់​ព្រះ ដោយ​សារ​ពួក​គេ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ៣៧ ការ​ពិត​ក្នុង​កំណត់​ហេតុ​អំពី​គុម្ព​បន្លា ម៉ូសេ​ក៏​បាន​បញ្ជាក់​ថា​មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែរ ពេល​គាត់​ហៅ​ព្រះ​យេហូវ៉ា​ថា​‹ព្រះ​របស់​អាប្រាហាំ ព្រះ​របស់​អ៊ីសាក និង​ព្រះ​របស់​យ៉ាកុប›។+ ៣៨ លោក​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ តែ​ជា​ព្រះ​របស់​មនុស្ស​រស់​វិញ ព្រោះ​លោក​ចាត់​ទុក​ថា​ពួក​គេ​ទាំង​អស់​គ្នា​កំពុង​រស់​នៅ​»។+ ៣៩ ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​ខ្លះ​តប​ថា​៖ ​«​លោក​គ្រូ! លោក​និយាយ​បាន​ល្អ​»។ ៤០ ចាប់​ពី​ពេល​នោះ​មក ពួក​គេ​មិន​ហ៊ាន​សួរ​លោក​ទៀត​ឡើយ។

៤១ រួច​មក លោក​សួរ​ពួក​គេ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​គេ​និយាយ​ថា​គ្រិស្ត​ជា​បុត្រ​របស់​ដាវីឌ?+ ៤២ ព្រោះ​ក្នុង​សៀវភៅ​ចម្រៀង​សរសើរ​ព្រះ ដាវីឌ​ផ្ទាល់​ពោល​ថា​៖ ‹ព្រះ​យេហូវ៉ា*មាន​ប្រសាសន៍​ទៅ​កាន់​ម្ចាស់​របស់​ខ្ញុំ​ថា​៖ ​«​ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​ខ្ញុំ ៤៣ រហូត​ដល់​ខ្ញុំ​ដាក់​សត្រូវ​របស់​អ្នក​ជា​កំណល់​កល់​ជើង​អ្នក​»​›។+ ៤៤ ដាវីឌ​បាន​ហៅ​លោក​ថា​ម្ចាស់ បើ​ដូច្នេះ តើ​លោក​អាច​ជា​បុត្រ​របស់​ដាវីឌ​ដូច​ម្ដេច​បាន?​»។

៤៥ បន្ទាប់​មក កាល​ដែល​បណ្ដា​ជន​គ្រប់​គ្នា​កំពុង​ស្ដាប់ លោក​មាន​ប្រសាសន៍​ទៅ​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ៤៦ ​«​ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ ដែល​ចូល​ចិត្ត​ពាក់​អាវ​ផាយ​ដើរ​ចុះ​ឡើង ហើយ​ចង់​ឲ្យ​មនុស្ស​បង្ហាញ​ការ​គោរព​ចំពោះ​ពួក​គេ​នៅ​ឯ​ផ្សារ ព្រម​ទាំង​ចង់​អង្គុយ​នៅ​មុខ​គេ​ក្នុង​សាលា​ប្រជុំ ហើយ​នៅ​ពេល​ពិសា​ភោជនាហារ ពួក​គេ​ចង់​អង្គុយ​នៅ​កន្លែង​កិត្តិយស​បំផុត។+ ៤៧ ពួក​គេ​ប្រវ័ញ្ច​យក​ទ្រព្យ​សម្បត្តិ​របស់​ស្ត្រី​មេម៉ាយ* ហើយ​អធិដ្ឋាន​យ៉ាង​យូរ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​កោត​ស្ងើច។ ពួក​គេ​នឹង​ត្រូវ​ទទួល​ទោស​ធ្ងន់​ជាង​អ្នក​ឯ​ទៀត​»។

២១ ពេល​ដែល​លោក​ក្រឡេក​ភ្នែក​ទៅ លោក​ក៏​ឃើញ​ពួក​អ្នក​មាន​កំពុង​ដាក់​អំណោយ​ជា​ប្រាក់ ក្នុង​ប្រដាប់​ដាក់​កាក់​សម្រាប់​ឃ្លាំង​ប្រាក់។+ ២ រួច​លោក​ឃើញ​ស្ត្រី​មេម៉ាយ​ក្រី​ក្រ​ម្នាក់​ដាក់​កាក់​តូច​ពីរ​ដែល​មាន​តម្លៃ​តិច​ណាស់។*+ ៣ លោក​ក៏​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ពិត​មែន​តែ​ស្ត្រី​មេម៉ាយ​នេះ​ក្រី​ក្រ តែ​នាង​បាន​ដាក់​ច្រើន​ជាង​ពួក​គេ​ទាំង​អស់។+ ៤ ព្រោះ​ពួក​គេ​បាន​ដាក់​ប្រាក់​សំណល់​របស់​ខ្លួន​ជា​អំណោយ ចំណែក​ឯ​នាង​វិញ ពិត​មែន​តែ​នាង​ខ្វះ​ខាត* តែ​នាង​បាន​ដាក់​ប្រាក់​ទាំង​អស់​ដែល​នាង​មាន​សម្រាប់​ចិញ្ចឹម​ជីវិត​»។+

៥ លុះ​ក្រោយ​មក ពេល​ដែល​អ្នក​ខ្លះ​កំពុង​និយាយ​អំពី​របៀប​ដែល​វិហារ​បាន​តុប​តែង​ដោយ​ថ្ម​ល្អ​ប្រណីត​និង​អ្វី​ៗ​​ដែល​ទុក​ជូន​ព្រះ+ ៦ នោះ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ចំណែក​ឯ​អ្វី​ៗ​ទាំង​នេះ​ដែល​អ្នក​រាល់​គ្នា​ឃើញ នឹង​មាន​គ្រា​មក​ដល់​ពេល​ដែល​ថ្ម​ទាំង​អស់​នៅ​ទី​នេះ​នឹង​ត្រូវ​ទម្លាក់​ចុះ​ដល់​ដី ហើយ​នឹង​គ្មាន​ថ្ម​ណា​នៅ​ត្រួត​លើ​ថ្ម​ណា​ទៀត​ឡើយ​»។+ ៧ រួច​មក ពួក​គាត់​សួរ​លោក​ថា​៖ ​«​លោក​គ្រូ តើ​ការ​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? ហើយ​តើ​អ្វី​នឹង​ជា​សញ្ញា​សម្គាល់​នៅ​ពេល​ដែល​ការ​ទាំង​នេះ​ជិត​កើត​ឡើង?​»។+ ៨ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​ណា​បំភាន់​អ្នក​រាល់​គ្នា​ឡើយ+ ព្រោះ​មនុស្ស​ជា​ច្រើន​នឹង​មក​ដោយ​អាង​ឈ្មោះ​ខ្ញុំ ហើយ​ពោល​ថា​៖ ‹ខ្ញុំ​នេះ​ហើយ​ជា​អ្នក​នោះ› ក៏​នឹង​ថា​៖ ‹ពេល​កំណត់​គឺ​ជិត​ដល់​ហើយ›។ ដូច្នេះ កុំ​ទៅ​តាម​ពួក​គេ​ឡើយ។+ ៩ ម្យ៉ាង​ទៀត ពេល​ដែល​អ្នក​ឮ​អំពី​សង្គ្រាម​និង​ចលាចល កុំ​ភ័យ​ស្លុត​ឡើយ ព្រោះ​ការ​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង​ជា​មុន​សិន។ ប៉ុន្តែ ទី​បញ្ចប់​នឹង​មិន​មក​ដល់​ភ្លាម​ទេ​»។+

១០ បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ប្រជា​ជាតិ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​ប្រជា​ជាតិ​មួយ+ ហើយ​រាជាណាចក្រ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​រាជាណាចក្រ​មួយ+ ១១ ក៏​នឹង​មាន​រញ្ជួយ​ដី​ជា​ខ្លាំង​នៅ​កន្លែង​ផ្សេង​ៗ ថែម​ទាំង​មាន​ការ​អត់​ឃ្លាន​និង​រោគ​រាត​ត្បាត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ+ ហើយ​មនុស្ស​នឹង​ឃើញ​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច ព្រម​ទាំង​ឃើញ​សញ្ញា​សម្គាល់​ដ៏​អស្ចារ្យ​នៅ​លើ​មេឃ។*

១២ ​«​ប៉ុន្តែ មុន​ការ​ទាំង​អស់​នេះ​កើត​ឡើង មនុស្ស​នឹង​ចាប់​អ្នក​រាល់​គ្នា​ថែម​ទាំង​បៀត​បៀន+ ក៏​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​សាលា​ប្រជុំ​និង​ទៅ​គុក។ អ្នក​រាល់​គ្នា​នឹង​ត្រូវ​គេ​នាំ​ទៅ​ឯ​ស្ដេច​និង​ពួក​អភិបាល ព្រោះ​តែ​ឈ្មោះ​ខ្ញុំ។+ ១៣ ក៏​ប៉ុន្តែ ការ​នោះ​នឹង​ហុច​ឱកាស​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​សាក្សី។ ១៤ ដូច្នេះ ចូរ​តាំង​ចិត្ត​ថា អ្នក​មិន​ហាត់​របៀប​និយាយ​ការ​ពារ​ខ្លួន​ទុក​ជា​មុន​ឡើយ+ ១៥ ព្រោះ​ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ពាក្យ​និយាយ​និង​ប្រាជ្ញា ទោះ​ជា​ពួក​អ្នក​ប្រឆាំង​រួម​គ្នា​ក៏​ដោយ ក៏​ពួក​គេ​មិន​អាច​ជំទាស់​ឬ​ប្រកែក​ឈ្នះ​បាន​ដែរ។+ ១៦ បន្ថែម​ទៅ​ទៀត សូម្បី​តែ​ឪពុក​ម្ដាយ បង​ប្អូន ញាតិ​សន្ដាន និង​មិត្ត​ភក្ដិ ក៏​នឹង​ក្បត់​អ្នក​រាល់​គ្នា​ដែរ ហើយ​អ្នក​រាល់​គ្នា​ខ្លះ​នឹង​ត្រូវ​គេ​សម្លាប់។+ ១៧ មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​ឈ្មោះ​ខ្ញុំ។+ ១៨ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ សូម្បី​តែ​សក់​អ្នក​រាល់​គ្នា​មួយ​សរសៃ នឹង​មិន​វិនាស​បាត់​ទៅ​សោះ​ឡើយ។+ ១៩ បើ​អ្នក​រាល់​គ្នា​ស៊ូ​ទ្រាំ​ដល់​ទី​បញ្ចប់ នោះ​អ្នក​រាល់​គ្នា​នឹង​រក្សា​ជីវិត​ខ្លួន។+

២០ ​«​ម្យ៉ាង​ទៀត ពេល​ដែល​អ្នក​រាល់​គ្នា​ឃើញ​កង​ទ័ព​បោះ​ជំរំ​ជុំវិញ​ក្រុង​យេរូសាឡិម+ ចូរ​ដឹង​ថា​នាង​ជិត​ត្រូវ​បំផ្លិច​បំផ្លាញ​ហើយ។+ ២១ ដូច្នេះ ចូរ​ឲ្យ​អ្នក​ដែល​នៅ​តំបន់​យូឌា​ចាប់​ផ្ដើម​រត់​ទៅ​តំបន់​ភ្នំ+ ចូរ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ក្នុង​នាង​ចាក​ចេញ​ទៅ ហើយ​កុំ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ជនបទ​ចូល​ក្នុង​នាង​ឡើយ ២២ ពី​ព្រោះ​នោះ​ជា​គ្រា​ដែល​ព្រះ​នឹង​សង​សឹក ដើម្បី​ឲ្យ​អ្វី​ៗ​ទាំង​អស់​ដែល​បាន​ត្រូវ​សរសេរ​ទុក​ក្លាយ​ជា​ការ​ពិត។ ២៣ នៅ​គ្រា​នោះ ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​និង​ស្ត្រី​ដែល​នៅ​បំបៅ​កូន ត្រូវ​វេទនា​ណាស់!+ ព្រោះ​នឹង​មាន​ទុក្ខ​វេទនា​ខ្លាំង​ក្រៃ​លែង​នៅ​ក្នុង​ស្រុក ហើយ​បណ្ដា​ជន​នេះ​នឹង​ទទួល​ទោស។ ២៤ ពួក​គេ​ក៏​នឹង​ដួល​ស្លាប់​ដោយ​ដាវ ហើយ​នឹង​ត្រូវ​ចាប់​ជា​ឈ្លើយ​នាំ​ទៅ​ប្រទេស​ទាំង​ឡាយ+ ឯ​ក្រុង​យេរូសាឡិម​នឹង​ត្រូវ​ជាន់​ឈ្លី​ដោយ​ប្រជា​ជាតិ​នា​នា* រហូត​ដល់​គ្រា​កំណត់​នៃ​ប្រជា​ជាតិ​នា​នា​បាន​ចប់​សព្វ​គ្រប់។+

២៥ ​«​ម្យ៉ាង​ទៀត នឹង​មាន​សញ្ញា​សម្គាល់​នៅ​លើ​ថ្ងៃ ខែ និង​ផ្កាយ+ ហើយ​នៅ​លើ​ផែនដី​ប្រជា​ជាតិ​នា​នា​នឹង​ព្រួយ​បារម្ភ​ជា​ខ្លាំង ក៏​ទាល់​គំនិត​ដោយ​សារ​សូរ​គ្រាំ​គ្រេង​នៃ​សមុទ្រ​ដែល​កំពុង​បក់​បោក។ ២៦ ពី​ព្រោះ​កម្លាំង​ធម្មជាតិ​នៅ​លើ​មេឃ​នឹង​ត្រូវ​អង្រួន នោះ​មនុស្ស​នឹង​សន្លប់​បាត់​ស្មារតី​ដោយ​សារ​ភ័យ​ខ្លាច​និង​ព្រួយ​បារម្ភ​អំពី​អ្វី​ដែល​ជិត​កើត​ឡើង​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី។ ២៧ នៅ​ពេល​នោះ ពួក​គេ​នឹង​ឃើញ​កូន​មនុស្ស+មក​ក្នុង​ពពក ទាំង​មាន​ឫទ្ធានុភាព​និង​សិរី​រុង​រឿង​អស្ចារ្យ។+ ២៨ ប៉ុន្តែ ពេល​ដែល​ការ​ទាំង​នេះ​ចាប់​ផ្ដើម​កើត​ឡើង ចូរ​ឈរ​ឲ្យ​ត្រង់​ខ្លួន ហើយ​ងើប​មុខ​ឡើង ព្រោះ​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា​គឺ​ជិត​ដល់​ហើយ​»។

២៩ រួច​មក លោក​លើក​ឧទាហរណ៍​មួយ​ប្រាប់​ពួក​គាត់​ថា​៖ ​«​ចូរ​កត់​សម្គាល់​ដើម​ល្វា​តូច​និង​ដើម​ឈើ​ឯ​ទៀត។+ ៣០ ពេល​ដែល​អ្នក​ឃើញ​ពួក​វា​ចេញ​ពន្លក នោះ​អ្នក​ដឹង​ថា​រដូវ​ក្ដៅ​គឺ​ជិត​ដល់​ហើយ។ ៣១ ដូច​គ្នា​ដែរ ពេល​ដែល​អ្នក​រាល់​គ្នា​ឃើញ​ការ​ទាំង​នេះ​កំពុង​កើត​ឡើង ចូរ​ដឹង​ថា​រាជាណាចក្រ​របស់​ព្រះ​គឺ​ជិត​ដល់​ហើយ។ ៣២ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ជំនាន់​នេះ​នឹង​មិន​កន្លង​បាត់​ឡើយ ទាល់​តែ​ការ​ទាំង​អស់​កើត​ឡើង។+ ៣៣ មេឃ​និង​ផែនដី​នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​របស់​ខ្ញុំ​នឹង​មិន​កន្លង​បាត់​ឡើយ។+

៣៤ ​«​ប៉ុន្តែ កុំ​ភ្លេច​ខ្លួន​ឲ្យ​សោះ ក្រែង​លោ​ការ​ផឹក​និង​ការ​បរិភោគ​ហួស​ប្រមាណ+ និង​កង្វល់​អំពី​ជីវិត​ពង្វក់​ចិត្ត​អ្នក​រាល់​គ្នា+ ស្រាប់​តែ​ថ្ងៃ​នោះ​មក​ដល់​ភ្លាម​មួយ​រំពេច ៣៥ ដូច​ជា​លប់+ ព្រោះ​ថ្ងៃ​នោះ​នឹង​មក​គ្រប​លើ​មនុស្ស​ទាំង​អស់​នៅ​ផែនដី។ ៣៦ ដូច្នេះ ចូរ​ចាំ​យាម​ជា​និច្ច+ ព្រម​ទាំង​អធិដ្ឋាន​អង្វរ​សុំ​គ្រប់​ពេល​វេលា+ ដើម្បី​ឲ្យ​រួច​ផុត​ពី​ការ​ទាំង​អស់​នេះ​ដែល​ត្រូវ​កើត​ឡើង និង​ដើម្បី​ឲ្យ​បាន​ឈរ​នៅ​មុខ​កូន​មនុស្ស​»។+

៣៧ ម្ល៉ោះ​ហើយ ពេល​ថ្ងៃ​លោក​បង្រៀន​នៅ​ឯ​វិហារ តែ​ពេល​យប់​លោក​ចេញ​ទៅ​ស្នាក់​នៅ​ឯ​ភ្នំ​ហៅ​ថា​ភ្នំ​ដើម​អូលីវ។ ៣៨ បណ្ដា​ជន​ទាំង​ឡាយ​តែង​តែ​ចូល​ក្នុង​វិហារ​តាំង​ពី​ព្រលឹម​ដើម្បី​ស្ដាប់​លោក។

២២ ឥឡូវ​បុណ្យ​នំ​ប៉័ង​ឥត​ដំបែ​ដែល​ហៅ​ថា​បុណ្យ​រំលង+ គឺ​ជិត​ដល់​ហើយ។+ ២ ចំណែក​ពួក​សង្ឃនាយក​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ ពួក​គេ​កំពុង​រិះ​រក​វិធី​ល្អ​ដើម្បី​សម្លាប់​លោក+ ព្រោះ​ពួក​គេ​ខ្លាច​បណ្ដា​ជន។+ ៣ បន្ទាប់​មក សាថាន*បាន​ចូល​យូដាស ដែល​ហៅ​ថា​អ៊ីស្ការីយ៉ុត ជា​សាវ័ក​ម្នាក់​ពី​ចំណោម​សាវ័ក​ទាំង​១២​នាក់។+ ៤ គាត់​ក៏​បាន​ចេញ​ទៅ​ពិភាក្សា​ជា​មួយ​នឹង​ពួក​សង្ឃនាយក​និង​ពួក​មេ​កង​រក្សា​វិហារ អំពី​វិធី​បញ្ជូន*លោក​ទៅ​ឲ្យ​ពួក​គេ។+ ៥ ពួក​គេ​សប្បាយ​ចិត្ត​ណាស់ ក៏​ព្រម​ព្រៀង​ថា​ឲ្យ​ប្រាក់​ដល់​គាត់។+ ៦ ដូច្នេះ គាត់​ក៏​យល់​ព្រម ហើយ​ចាប់​ផ្ដើម​រក​ឱកាស​ល្អ​ដើម្បី​បញ្ជូន​លោក​ទៅ​ឲ្យ​ពួក​គេ នៅ​ពេល​ដែល​គ្មាន​បណ្ដា​ជន​នៅ​ជា​មួយ។

៧ ថ្ងៃ​ដំបូង​នៃ​បុណ្យ​នំ​ឥត​ដំបែ​ក៏​បាន​មក​ដល់ ជា​ថ្ងៃ​ដែល​គេ​បូជា​សត្វ​សម្រាប់​បុណ្យ​រំលង។+ ៨ ដូច្នេះ លោក​យេស៊ូ​ចាត់​ពេត្រុស​និង​យ៉ូហាន​ឲ្យ​ទៅ ដោយ​ប្រាប់​ថា​៖ ​«​ចូរ​ទៅ​រៀបចំ​អាហារ​បុណ្យ​រំលង​ឲ្យ​យើង​បរិភោគ​»។+ ៩ ពួក​គាត់​សួរ​ថា​៖ ​«​តើ​លោក​ចង់​ឲ្យ​យើង​រៀបចំ​នៅ​កន្លែង​ណា?​»។ ១០ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​មើល! ពេល​ដែល​អ្នក​ចូល​ក្នុង​ក្រុង​នោះ បុរស​ម្នាក់​ដែល​កំពុង​លី​ក្អម​ទឹក​នឹង​មក​ជួប​អ្នក។ ចូរ​តាម​គាត់​ទៅ​ក្នុង​ផ្ទះ​ដែល​គាត់​ចូល។+ ១១ អ្នក​ត្រូវ​ប្រាប់​ម្ចាស់​ផ្ទះ​ថា​៖ ‹លោក​គ្រូ​សួរ​ថា​៖ ​«​តើ​បន្ទប់​ដែល​ទុក​ឲ្យ​ខ្ញុំ​បរិភោគ​អាហារ​បុណ្យ​រំលង​ជា​មួយ​នឹង​អ្នក​កាន់​តាម​ខ្ញុំ​នៅ​ឯ​ណា?​»​›។ ១២ អ្នក​នោះ​នឹង​បង្ហាញបន្ទប់ធំ​មួយ​នៅ​ជាន់​លើ។ ក្នុង​បន្ទប់​នោះ គេ​បាន​ដាក់​ប្រដាប់​ប្រដា​សព្វ​គ្រប់​រួច​ហើយ។ ចូរ​រៀបចំ​សម្រាប់​បុណ្យ​រំលង​នៅ​ទី​នោះ​»។ ១៣ ដូច្នេះ ពួក​គាត់​ក៏​បាន​ចេញ​ទៅ ហើយ​ឃើញ​ថា​អ្វី​ៗ​គឺ​ដូច​លោក​បាន​មាន​ប្រសាសន៍​មែន។ រួច​មក ពួក​គាត់​រៀបចំ​សម្រាប់​បុណ្យ​រំលង។

១៤ លុះ​ដល់​ពេល​ហើយ លោក​ក៏​អង្គុយ​នៅ​តុ​ជា​មួយ​នឹង​ពួក​សាវ័ក។+ ១៥ រួច​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ខ្ញុំ​ចង់​បរិភោគ​អាហារ​បុណ្យ​រំលង​នេះ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ខ្លាំង​ណាស់ មុន​នឹង​ខ្ញុំ​រង​ទុក្ខ។ ១៦ ព្រោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​នឹង​មិន​បរិភោគ​អាហារ​បុណ្យ​រំលង​ម្ដង​ទៀត​ឡើយ រហូត​ដល់​ការ​នេះ​បាន​សម្រេច​សព្វ​គ្រប់​ក្នុង​រាជាណាចក្រ​របស់​ព្រះ​»។ ១៧ រួច​លោក​ទទួល​ពែង​មួយ ក៏​អរគុណ​ព្រះ ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​យក​ពែង​នេះ ហើយ​ពិសា​ចុះ រួច​ហុច​ពី​ម្នាក់​ទៅ​ម្នាក់។ ១៨ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​នឹង​មិន​ពិសា​ស្រា​ទំពាំង​បាយ​ជូរ​ទៀត​ឡើយ រហូត​ដល់​រាជាណាចក្រ​របស់​ព្រះ​មក​ដល់​»។

១៩ លោក​ក៏​យក​នំ​ប៉័ង​មួយ​ដុំ+ អរគុណ​ព្រះ រួច​កាច់ ហើយ​ឲ្យ​ពួក​គាត់ ដោយ​ពោល​ថា​៖ ​«​នេះ​ជា​តំណាង​រូប​កាយ​របស់​ខ្ញុំ+ ដែល​នឹង​ត្រូវ​ប្រគល់​ឲ្យ សម្រាប់​អ្នក​រាល់​គ្នា។+ ចូរ​បន្ត​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​ដល់​ខ្ញុំ​»។+ ២០ លុះ​ពិសា​អាហារ​ល្ងាច​ហើយ លោក​យក​ពែង​នោះ​ធ្វើ​បែប​ដូច្នោះ​ដែរ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ពែង​នេះ​ជា​តំណាង​កិច្ច​ព្រម​ព្រៀង​ថ្មី+ ដែល​មាន​មូលដ្ឋាន​លើ​ឈាម​របស់​ខ្ញុំ+ ដែល​នឹង​ត្រូវ​បង្ហូរ​ចេញ​ដើម្បី​អ្នក​រាល់​គ្នា។+

២១ ​«​ប៉ុន្តែ មើល! អ្នក​ដែល​ក្បត់​ខ្ញុំ​នៅ​តុ​ជា​មួយ​នឹង​ខ្ញុំ។+ ២២ ពី​ព្រោះ​អ្វី​ទាំង​អស់​ដែល​បាន​កត់​ទុក​អំពី​កូន​មនុស្ស នឹង​កើត​ឡើង​ពិត​មែន។+ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ បុរស​ដែល​ក្បត់​លោក* ត្រូវ​វេទនា​ណាស់!​»។+ ២៣ ម្ល៉ោះ​ហើយ ពួក​គាត់​ចាប់​ផ្ដើម​សួរ​គ្នា​ដើម្បី​ដឹង​ថា​អ្នក​ណា​ក្នុង​ចំណោម​ពួក​គាត់​មាន​បំណង​ធ្វើ​ដូច្នេះ។+

២៤ ប៉ុន្តែ ពួក​គាត់​ក៏​តាំង​ប្រកែក​គ្នា​យ៉ាង​ខ្លាំង​អំពី​រឿង​ថា​អ្នក​ណា​ធំ​ជាង​គេ​ក្នុង​ចំណោម​ពួក​គាត់។+ ២៥ ឮ​ដូច្នេះ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​បណ្ដា​ស្ដេច​នៃ​ប្រជា​ជាតិ​នា​នា​ត្រួត​ត្រា​លើ​បណ្ដា​ជន ហើយ​បណ្ដា​ជន​ហៅ​ពួក​អ្នក​ដែល​គ្រប់​គ្រង​លើ​ពួក​គេ​ថា​ជា​អ្នក​មាន​គុណ។*+ ២៦ ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​មិន​ត្រូវ​ធ្វើ​ដូច្នេះ​ឡើយ+ តែ​អ្នក​ដែល​ធំ​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​ធ្វើ​ជា​អ្នក​ក្មេង​ជាង​គេ+ ហើយ​អ្នក​ដែល​កំពុង​នាំ​មុខ​គេ ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​គេ​វិញ។ ២៧ ព្រោះ​តើ​អ្នក​ណា​ធំ​ជាង​គេ អ្នក​ដែល​កំពុង​អង្គុយ​នៅ​តុ ឬ​អ្នក​ដែល​កំពុង​បម្រើ? គឺ​អ្នក​ដែល​កំពុង​អង្គុយ​នៅ​តុ មែន​ទេ? ប៉ុន្តែ ខ្ញុំ​ជា​អ្នក​បម្រើ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។+

២៨ ​«​ក៏​ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​នៅ​ជាប់​ជា​មួយ​នឹង​ខ្ញុំ+ ពេល​ដែល​ខ្ញុំ​មាន​ទុក្ខ​លំបាក+ ២៩ ហើយ​ខ្ញុំ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ថា​នឹង​ឲ្យ​អ្នក​រាល់​គ្នា​គ្រប់​គ្រង​ក្នុង​រាជាណាចក្រ ដូច​បិតា​របស់​ខ្ញុំ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ខ្ញុំ+ ៣០ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ពិសា​អាហារ​ពិសា​ស្រា​នៅ​តុ​របស់​ខ្ញុំ​ក្នុង​រាជាណាចក្រ​របស់​ខ្ញុំ+ ហើយ​អង្គុយ​លើ​បល្ល័ង្ក+ដើម្បី​វិនិច្ឆ័យ​កុល​សម្ព័ន្ធ​ទាំង​១២​នៃ​អ៊ីស្រាអែល។+

៣១ ​«​ស៊ីម៉ូន ស៊ីម៉ូន មើល! សាថាន​បាន​ទាម​ទារ​រែង​អ្នក​រាល់​គ្នា​ដូច​រែង​អង្ករ។+ ៣២ ប៉ុន្តែ ខ្ញុំ​បាន​អធិដ្ឋាន​អង្វរ ដើម្បី​កុំ​ឲ្យ​ជំនឿ​របស់​អ្នក​ចុះ​ខ្សោយ+ ហើយ​ពេល​ដែល​អ្នក​បាន​ប្រែ​ចិត្ត ចូរ​ពង្រឹង​ជំនឿ​របស់​បង​ប្អូន​អ្នក​»។+ ៣៣ រួច​ពេត្រុស​ជម្រាប​លោក​ថា​៖ ​«​លោក​ម្ចាស់ ខ្ញុំ​បាន​ត្រៀម​ខ្លួន​ចូល​គុក​ជា​មួយ​នឹង​លោក ហើយ​ស្លាប់​ជា​មួយ​នឹង​លោក​ដែរ​»។+ ៣៤ ប៉ុន្តែ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ពេត្រុស ខ្ញុំ​ប្រាប់​អ្នក​ថា នៅ​ថ្ងៃ​នេះ​មាន់​នឹង​មិន​រងាវ​ទេ រហូត​ដល់​អ្នក​បាន​បដិសេធ មិន​ទទួល​ស្គាល់​ខ្ញុំ​បី​ដង​»។+

៣៥ លោក​ក៏​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ពេល​ដែល​ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ទៅ​ដោយ​មិន​ឲ្យ​យក​ថង់​ប្រាក់ ថង់​យាម​សម្រាប់​ដាក់​អាហារ ឬ​ស្បែក​ជើង+ ពេល​នោះ​អ្នក​រាល់​គ្នា​មិន​បាន​ខ្វះ​ខាត​អ្វី​ទេ មែន​ទេ?​»។ ពួក​គាត់​ឆ្លើយ​ថា​៖ ​«​មែន!​»។ ៣៦ រួច​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ប៉ុន្តែ​ឥឡូវ អ្នក​ណា​ដែល​មាន​ថង់​ប្រាក់ ចូរ​យក​ទៅ​ជា​មួយ ហើយ​ចូរ​យក​ថង់​យាម​សម្រាប់​ដាក់​អាហារ​ទៅ​ដែរ ឯ​អ្នក​ណា​ដែល​គ្មាន​ដាវ អ្នក​នោះ​ត្រូវ​លក់​សម្លៀក​បំពាក់​ក្រៅ​របស់​ខ្លួន រួច​ទិញ​ដាវ​មួយ​វិញ។ ៣៧ ព្រោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្វី​ដែល​បាន​ត្រូវ​សរសេរ​អំពី​ខ្ញុំ ត្រូវ​តែ​កើត​ឡើង​ចំពោះ​ខ្ញុំ ពោល​គឺ​៖ ‹គាត់​បាន​ត្រូវ​រាប់​ក្នុង​ចំណោម​មនុស្ស​ប្រឆាំង​ច្បាប់›។+ ពី​ព្រោះ​នេះ​បាន​ត្រូវ​សរសេរ​អំពី​ខ្ញុំ ហើយ​នឹង​កើត​ឡើង​ជា​មិន​ខាន​»។+ ៣៨ រួច​ពួក​គាត់​ជម្រាប​ថា​៖ ​«​លោក​ម្ចាស់ មើល! យើង​មាន​ដាវ​ពីរ​ហើយ​»។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​នោះ​ល្មម​ហើយ​»។

៣៩ ពេល​ដែល​ចេញ​ទៅ លោក​ទៅ​ភ្នំ​ដើម​អូលីវ​ដូច​សព្វ​ដង ហើយ​ពួក​អ្នក​កាន់​តាម​ក៏​ទៅ​ជា​មួយ​នឹង​លោក​ដែរ។+ ៤០ លុះ​ទៅ​ដល់​ហើយ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ចូរ​អធិដ្ឋាន​ជា​និច្ច ដើម្បី​កុំ​ឲ្យ​ចាញ់​សេចក្ដី​ល្បួង​ឡើយ​»។+ ៤១ រួច​លោក​ចេញ​ពី​ពួក​គាត់​ទៅ​ប្រហែល​ចម្ងាយ​ដែល​គេ​ចោល​ដុំ​ថ្ម​មួយ​ទំហឹង ក៏​លុត​ជង្គង់​ចាប់​ផ្ដើម​អធិដ្ឋាន​ថា​៖ ៤២ ​«​បិតា​អើយ! បើ​លោក​ចង់ សូម​ដក​ពែង*នេះ​ចេញ​ពី​ខ្ញុំ។ ប៉ុន្តែ សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច មិន​មែន​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ទេ​»។+ ៤៣ រួច​ទេវតា​មួយ​រូប​ពី​ស្ថាន​សួគ៌​បាន​លេច​មក​ពង្រឹងកម្លាំងចិត្ត​របស់​លោក។+ ៤៤ ប៉ុន្តែ លោក​កើត​ទុក្ខ​ក្រៃ​លែង បាន​ជា​លោក​បន្ត​អធិដ្ឋាន​អស់​ពី​ចិត្ត​កាន់​តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត+ ហើយ​ញើស​របស់​លោក​បាន​ប្រែ​ដូច​ជា​តំណក់​ឈាម​ស្រក់​ដល់​ដី។ ៤៥ លុះ​អធិដ្ឋាន​ហើយ លោក​ក៏​ក្រោក​ឡើង​ទៅ​ឯ​ពួក​អ្នក​កាន់​តាម ហើយ​ឃើញ​ថា​ពួក​គាត់​កំពុង​ងោក​ងុយ ព្រោះ​អស់​កម្លាំង​ដោយ​សារ​ក្ដី​ទុក្ខ​ព្រួយ។+ ៤៦ លោក​ក៏​មាន​ប្រសាសន៍​ថា​៖ ​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​កំពុង​ដេក​ដូច្នេះ? ចូរ​ក្រោក​ឡើង ហើយ​បន្ត​អធិដ្ឋាន ដើម្បី​កុំ​ឲ្យ​ចាញ់​សេចក្ដី​ល្បួង​»។+

៤៧ កាល​ដែល​លោក​យេស៊ូ​កំពុង​មាន​ប្រសាសន៍​នៅ​ឡើយ មើល! មានមនុស្ស​មួយ​ក្រុម​ធំ​មក ហើយ​យូដាស​ពី​ចំណោម​សាវ័ក​ទាំង​១២​នាក់ កំពុង​ដើរ​នៅ​មុខ​ពួក​គេ។ គាត់​ក៏​ដើរ​ចូល​ទៅ​ថើប​លោក​យេស៊ូ។+ ៤៨ ប៉ុន្តែ លោក​យេស៊ូមាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​យូដាស តើ​អ្នក​ក្បត់​កូន​មនុស្ស​ដោយ​ការ​ថើប​ឬ?​»។ ៤៩ លុះ​ឃើញ​អ្វី​ដែល​ហៀប​នឹង​កើត​ឡើង ពួក​អ្នក​ដែល​នៅ​ជុំវិញ​លោក​ក៏​សួរ​ថា​៖ ​«​លោក​ម្ចាស់ តើ​យើង​គួរ​កាប់​ពួក​គេ​នឹង​ដាវ​ទេ?​»។ ៥០ ពួក​គាត់​ម្នាក់​ក៏​បាន​កាប់​ដាច់​ស្លឹក​ត្រចៀក​ស្ដាំ​របស់​ខ្ញុំ​បម្រើ​របស់​សម្ដេច​សង្ឃ។+ ៥១ ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ប៉ុណ្ណឹង​បាន​ហើយ​»។ រួច​លោក​ពាល់​ត្រចៀក​របស់​អ្នក​នោះ ហើយ​ធ្វើ​ឲ្យ​គាត់​ជា​ឡើង​វិញ។ ៥២ បន្ទាប់​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​សង្ឃនាយក ពួក​មេ​កង​រក្សា​វិហារ និង​ពួក​អ្នក​ចាស់​ទុំ​ដែល​បាន​មក​ទី​នោះ​ដើម្បី​ចាប់​លោក​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចេញ​មក​ចាប់​ខ្ញុំ ដោយ​កាន់​ដាវ​កាន់​ដំបង ដូច​មក​ចាប់​ចោរ​ប្លន់​ដូច្នេះ?+ ៥៣ កាល​ដែល​ខ្ញុំ​ធ្លាប់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​រៀង​រាល់​ថ្ងៃ​ក្នុង​វិហារ+ អ្នក​មិន​បាន​លូក​ដៃ​ចាប់​ខ្ញុំ​ទេ។+ ប៉ុន្តែ នេះ​ជា​វេលា​របស់​អ្នក​រាល់​គ្នា និង​ជា​វេលា​របស់​អំណាច​នៃ​សេចក្ដី​ងងឹត​»។+

៥៤ រួច​មក ពួក​គេ​បាន​ចាប់​ខ្លួន​លោក ក៏​នាំ​ទៅ+ផ្ទះ​របស់​សម្ដេច​សង្ឃ តែ​ពេត្រុស​បាន​ដើរ​តាម​ពី​ចម្ងាយ។+ ៥៥ ពេល​ដែល​គេ​បង្កាត់​ភ្លើង​នៅ​កណ្ដាល​ទី​ធ្លា ហើយ​នាំ​គ្នា​អង្គុយ​ចុះ នោះ​ពេត្រុស​ក៏​ចូល​មក​អង្គុយ​ក្នុង​ចំណោម​ពួក​គេ​ដែរ។+ ៥៦ ប៉ុន្តែ ស្ត្រី​បម្រើ​ម្នាក់​បាន​ឃើញ​គាត់​អង្គុយ​នៅ​ក្បែរ​ភ្លើង ក៏​ខំ​មើល​គាត់ រួច​និយាយ​ថា​៖ ​«​បុរស​នេះ​ធ្លាប់​នៅ​ជា​មួយ​នឹង​អ្នក​នោះ​ដែរ​»។ ៥៧ ប៉ុន្តែ គាត់​បដិសេធ​ថា​៖ ​«​ទេ​នាង! ខ្ញុំ​មិន​ស្គាល់​អ្នក​នោះ​ទេ​»។ ៥៨ មិន​យូរ​ក្រោយ​នោះ មនុស្ស​ម្នាក់​ទៀត​ឃើញ​គាត់ ហើយ​និយាយ​ថា​៖ ​«​អ្នក​ក៏​ជា​ពួក​នោះ​ដែរ​»។ ប៉ុន្តែ ពេត្រុស​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​មែន​ជា​ពួក​នោះ​ទេ​»។+ ៥៩ ប្រហែល​ជា​មួយ​ម៉ោង​ក្រោយ​មក បុរស​ម្នាក់​ទៀត​ចាប់​ផ្ដើម​អះអាង​យ៉ាង​ម៉ឺង​ម៉ាត់​ថា​៖ ​«​បុរស​នេះ​ប្រាកដ​ជា​ធ្លាប់​នៅ​ជា​មួយ​នឹង​អ្នក​នោះ​ដែរ ព្រោះ​គាត់​ជា​អ្នក​ស្រុកកាលីឡេ!​»។ ៦០ ប៉ុន្តែ ពេត្រុស​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ដឹង​ថា​អ្នក​កំពុង​និយាយ​អ្វី​ទេ​»។ រំពេច​នោះ កាល​ដែល​គាត់​នៅ​និយាយ​នៅ​ឡើយ មាន់​ក៏​រងាវ​ឡើង។ ៦១ រួច​លោក​ម្ចាស់​បែរ​ទៅ​មើល​ពេត្រុស នោះ​ពេត្រុស​ក៏​នឹក​ឃើញ​អ្វី​ដែល​លោក​ម្ចាស់​បាន​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ថ្ងៃ​នេះ​មុន​នឹង​មាន់​រងាវ អ្នក​នឹង​មិន​ទទួល​ស្គាល់​ខ្ញុំ​បី​ដង​»។+ ៦២ រួច​គាត់​ចេញ​ទៅ​ក្រៅ ហើយ​យំ​ដោយ​នឹក​ស្ដាយ​ជា​ខ្លាំង។

៦៣ ឯ​បុរស​ទាំង​ប៉ុន្មាន​ដែល​កំពុង​យាម​លោក​យេស៊ូ ពួក​គេ​ចាប់​ផ្ដើម​ចំអក​ឲ្យ​លោក+ ហើយ​វាយ​លោក។+ ៦៤ ក្រោយ​ពី​បាន​គ្រប​មុខ​លោក ពួក​គេ​ក៏​សួរ​ថា​៖ ​«​ចូរ​ប្រកាស​ទំនាយ​មក! តើ​អ្នក​ណា​បាន​វាយ​ឯង?​»។ ៦៥ រួច​ពួក​គេ​បាន​ប្រមាថ*លោក​ដោយ​ពាក្យ​ផ្សេង​ៗ​ជា​ច្រើន​ទៀត។

៦៦ លុះ​ភ្លឺ​ឡើង ក្រុម​អ្នក​ចាស់​ទុំ​ដែល​រួម​មាន​ពួក​សង្ឃនាយក​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ បាន​មក​ជួប​ជុំ​គ្នា+ ហើយ​ពួក​គេ​បាន​នាំ​យក​លោក​ទៅ​ឯ​សាល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់* រួច​សួរ​លោក​ថា​៖ ៦៧ ​«​បើ​អ្នក​ជា​គ្រិស្ត ចូរ​ប្រាប់​យើង​មក​»។+ ប៉ុន្តែ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ទោះ​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ក៏​ដោយ ក៏​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ​ដែរ។ ៦៨ ម្យ៉ាង​ទៀត បើ​ខ្ញុំ​សួរ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​មិន​ឆ្លើយ​ទេ។ ៦៩ ក៏​ប៉ុន្តែ ចាប់​តាំង​ពី​ពេល​នេះ​ទៅ កូន​មនុស្ស+នឹង​អង្គុយ​នៅ​ខាង​ស្ដាំ​នៃ​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​»។+ ៧០ ឮ​ដូច្នេះ ពួក​គេ​ទាំង​អស់​គ្នា​សួរ​ថា​៖ ​«​បើ​ដូច្នេះ តើ​អ្នក​ជា​បុត្រ​ព្រះ​ឬ?​»។ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​គឺ​អ្នក​រាល់​គ្នា​ហើយ​ដែល​និយាយ​ថា​ខ្ញុំ​ជា​បុត្រ​ព្រះ​»។ ៧១ ពួក​គេ​និយាយ​ថា​៖ ​«​តើ​យើង​ត្រូវ​ការ​សាក្សី​ថែម​ទៀត​ធ្វើ​អ្វី? ព្រោះ​យើង​បាន​ឮ​ចេញ​ពី​មាត់​អ្នក​នេះ​ផ្ទាល់​ហើយ​»។+

២៣ ដូច្នេះ ពួក​គេ​គ្រប់​គ្នា​បាន​ក្រោក​ឡើង ហើយ​នាំ​លោក​ទៅ​ឯ​ពីឡាត។+ ២ រួច​មក ពួក​គេ​ចាប់​ផ្ដើម​ចោទ​ប្រកាន់​លោក+ថា​៖ ​«​យើង​ឃើញ​បុរស​នេះ​កំពុង​បំបះ​បំបោរ​ជាតិ​យើង ក៏​ហាម​បណ្ដា​ជន​មិន​ឲ្យ​បង់​ពន្ធ​ជូន​សេសារ*+ ហើយ​និយាយ​ថា​ខ្លួន​គាត់​ជា​គ្រិស្ត​ដែល​ជា​ស្ដេច​»។+ ៣ រួច​ពីឡាត​សួរ​សំណួរ​លោក​ថា​៖ ​«​តើ​អ្នក​ជា​ស្ដេច​នៃ​ជនជាតិ​យូដា​ឬ?​»។ លោក​តប​ឆ្លើយ​ថា​៖ ​«​គឺ​អ្នក​ហើយ​ដែល​និយាយ​»។+ ៤ បន្ទាប់​មក ពីឡាត​និយាយ​ទៅ​ពួក​សង្ឃនាយក​និង​បណ្ដា​ជន​ថា​៖ ​«​ខ្ញុំ​មិន​ឃើញ​ថា​បុរស​នេះ​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​អ្វី​ឡើយ​»។+ ៥ ក៏​ប៉ុន្តែ ពួក​គេ​ទទូច​ថា​៖ ​«​បុរស​នេះ​ញុះញង់​ដោយ​បង្រៀន​បណ្ដា​ជន​ពេញ​តំបន់​យូឌា ចាប់​តាំង​ពី​ស្រុកកាលីឡេ​រហូត​មក​ដល់​ទី​នេះ​»។ ៦ ឮ​ដូច្នេះ ពីឡាត​ក៏​សួរ​ចង់​ដឹង​ថា​បុរស​នោះ​ជា​អ្នក​ស្រុកកាលីឡេ​ឬ​មិន​មែន។ ៧ លុះ​ដឹង​ច្បាស់​ថា​លោក​មក​ពី​តំបន់​ដែល​ហេរ៉ូឌ​គ្រប់​គ្រង+ គាត់​ឲ្យ​គេ​បញ្ជូន​លោក​ទៅ​ហេរ៉ូឌ​វិញ។ នៅ​ពេល​នោះ ហេរ៉ូឌ​ក៏​នៅ​ក្រុង​យេរូសាឡិម​ដែរ។

៨ កាល​ដែល​ហេរ៉ូឌ​ឃើញ​លោក​យេស៊ូ គាត់​ត្រេក​អរ​ជា​ខ្លាំង។ ព្រោះ​គាត់​ចង់​ឃើញ​លោក​តាំង​ពី​យូរ​ហើយ ដោយ​សារបាន​ឮ​គេ​តំណាល​ច្រើន​អំពី​លោក+ ក៏​បាន​សង្ឃឹម​ថា​លោក​នឹង​ធ្វើ​សញ្ញា​សម្គាល់​មួយ​ឲ្យ​គាត់​ឃើញ។ ៩ ដូច្នេះ គាត់​ចាប់​ផ្ដើម​សួរ​សំណួរ​លោក​ជា​ច្រើន តែ​លោក​មិន​តប​ឆ្លើយ​ឡើយ។+ ១០ ក៏​ប៉ុន្តែ ពួក​សង្ឃនាយក​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​បាន​ក្រោក​ឈរ​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​ចោទ​ប្រកាន់​លោក​យ៉ាង​ខ្លាំង។ ១១ បន្ទាប់​មក ហេរ៉ូឌ​និង​ពួក​ទាហាន​របស់​គាត់​បាន​បង្អាប់​បង្អោន​លោក+ ហើយ​ហេរ៉ូឌ​ចំអក​ឲ្យ​លោក+ដោយ​យក​សម្លៀក​បំពាក់​ពណ៌​ឆើត​មក​បំពាក់​ឲ្យ រួច​បញ្ជូន​លោក​ទៅ​ពីឡាត​វិញ។ ១២ នៅ​ថ្ងៃ​នោះ​ឯង ហេរ៉ូឌ​និង​ពីឡាត​បាន​ទៅ​ជា​មិត្ត​ភក្ដិ​នឹង​គ្នា ព្រោះ​មុន​ថ្ងៃ​នោះ​ពួក​គេ​ធ្លាប់​ស្អប់​គ្នា។

១៣ ម្ល៉ោះ​ហើយ ពីឡាត​ហៅ​ពួក​សង្ឃនាយក ពួក​អ្នក​គ្រប់​គ្រង និង​បណ្ដា​ជន មក​ជួប​ជុំ​គ្នា ១៤ ហើយ​ប្រាប់​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​បាន​នាំ​បុរស​នេះ​មក​ខ្ញុំ ដោយ​ថា​គាត់​បំបះ​បំបោរ​បណ្ដា​ជន។ ប៉ុន្តែ​មើល! ខ្ញុំ​បាន​សួរ​ចម្លើយ​គាត់​នៅ​មុខ​អ្នក​រាល់​គ្នា តែ​មិន​បាន​ឃើញ​ថា​បុរស​នេះ​មាន​ទោស​ដូច​ដែល​អ្នក​រាល់​គ្នា​ចោទ​ប្រកាន់​ទេ។+ ១៥ សូម្បី​តែ​ហេរ៉ូឌ​ក៏​មិន​បាន​ឃើញ​ថា​គាត់​មាន​ទោស​អ្វី​ដែរ ព្រោះ​ហេរ៉ូឌ​បាន​បញ្ជូន​គាត់​មក​យើង​វិញ ហើយ​មើល! គាត់​មិន​បាន​ធ្វើ​អ្វី​ដែល​គួរ​នឹង​ប្រហារ​ជីវិត​ឡើយ។ ១៦ ហេតុ​នេះ ខ្ញុំ​គ្រាន់​តែ​ដាក់​ទណ្ឌកម្ម​គាត់+ រួច​ដោះ​លែង​គាត់​»។ ១៧ *—— ១៨ ប៉ុន្តែ ពួក​គេ​ទាំង​អស់​គ្នា​បាន​ស្រែក​ឡើង​ថា​៖ ​«​សម្លាប់​អ្នក​នោះ​ចោល​ទៅ! ហើយ​ដោះ​លែង​បារ៉ាបាស​ឲ្យ​យើង​វិញ!​»​+ ១៩ (​បុរស​នោះ​បាន​ត្រូវ​បោះ​ចូល​គុក​ពី​បទ​បំបះ​បំបោរ​មួយ​ក្នុង​ក្រុង​នោះ និង​ពី​បទ​ឃាតកម្ម​ដែរ​)។ ២០ ពីឡាត​និយាយ​ទៅ​កាន់​ពួក​គេ​ម្ដង​ទៀត ពី​ព្រោះ​គាត់​ចង់​ដោះ​លែង​លោក​យេស៊ូ។+ ២១ រួច​មក ពួក​គេ​ចាប់​ផ្ដើម​ស្រែក​ឡើង​ថា​៖ ​«​ព្យួរ​អ្នក​នោះ​ទៅ! ព្យួរ​អ្នកនោះ​ទៅ!​»។*+ ២២ គាត់​និយាយ​ជា​លើក​ទី​៣​ទៅ​ពួក​គេ​ថា​៖ ​«​ហេតុ​អ្វី? តើ​បុរស​នេះ​បាន​ធ្វើ​អំពើ​អាក្រក់​អ្វី​ទៅ? ខ្ញុំ​មិន​ឃើញ​ថា​គាត់​បាន​ធ្វើ​អ្វី​ដែល​គួរ​នឹង​ប្រហារ​ជីវិត​ឡើយ។ ដូច្នេះ ខ្ញុំ​គ្រាន់​តែ​ដាក់​ទណ្ឌកម្ម​គាត់ រួច​ដោះ​លែង​គាត់​»។ ២៣ ឮ​ដូច្នេះ ពួក​គេ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ដោយ​ទទូច​ទាម​ទារ​ឲ្យ​សម្លាប់​លោក* ហើយ​សម្រែក​របស់​ពួក​គេ​បាន​ឈ្នះ។+ ២៤ ហេតុ​នេះ ពីឡាត​បាន​កាត់​ក្ដី​តាម​អ្វី​ដែល​ពួក​គេ​ទាម​ទារ។ ២៥ គាត់​បាន​ដោះ​លែង​បុរស​ដែល​បណ្ដា​ជន​កំពុង​ទាម​ទារ គឺ​អ្នក​ដែល​បាន​ត្រូវ​បោះ​ចូល​គុក​ពី​បទ​បំបះ​បំបោរ​និង​ឃាតកម្ម។ ចំណែក​លោក​យេស៊ូ​វិញ ពីឡាត​បាន​ប្រគល់​លោក​ទៅ​ឲ្យ​គេ​ប្រហារ​ជីវិត តាម​ការ​ទាម​ទារ​របស់​បណ្ដា​ជន។

២៦ កាល​ដែល​ពួក​គេ​កំពុង​នាំ​លោក​ទៅ នោះ​ពួក​គេ​បាន​ចាប់​អ្នក​ក្រុង​គីរេន​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ដែល​កំពុង​ធ្វើ​ដំណើរ​មក​ពី​ជនបទ រួច​ពួក​គេ​ដាក់​បង្គោល​ទារុណកម្ម*ឲ្យ​គាត់​លី ដើរ​តាម​ក្រោយ​លោក​យេស៊ូ។+ ២៧ មាន​មនុស្ស​សន្ធឹក​ណាស់​កំពុង​ដើរ​តាម​លោក រួម​មាន​ស្ត្រី​ជា​ច្រើន​កំពុង​គក់​ទ្រូង​ដោយ​ក្ដី​ទុក្ខ​ព្រួយ ហើយ​យំ​សោក​អំពី​លោក។ ២៨ លោក​យេស៊ូ​ងាក​ទៅ​រក​ស្ត្រី​ទាំង​នោះ ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​កូន​ស្រី​នៃ​ក្រុង​យេរូសាឡិម​អើយ ឈប់​យំ​សោក​អំពី​ខ្ញុំ​ទៅ។ ផ្ទុយ​ទៅ​វិញ ចូរ​យំ​សោក​អំពី​ដំណើរ​របស់​អ្នក​រាល់​គ្នា និង​កូន​របស់​អ្នក​រាល់​គ្នា​វិញ+ ២៩ ពី​ព្រោះ​មើល! នឹង​មាន​គ្រា​មក​ដល់ ពេល​នោះ​មនុស្ស​នឹង​និយាយ​ថា​៖ ‹ស្ត្រី​ណា​ដែល​អារ ស្ត្រី​ណា​ដែល​មិន​បាន​បង្កើត​កូន និង​ស្ត្រី​ណា​ដែល​មិន​បាន​បំបៅ​កូន គឺ​ស្ត្រី​ទាំង​នោះ​ហើយ​ដែល​មាន​សុភមង្គល!›។+ ៣០ រួច​មនុស្ស​នឹង​ចាប់​ផ្ដើម​និយាយ​ទៅ​ភ្នំ​ទាំង​ឡាយ​ថា​៖ ‹ចូរ​រលំ​មក​លើ​យើង​មក!› ក៏​នឹង​និយាយ​ទៅ​ទួល​នា​នា​ថា​៖ ‹ចូរ​បាក់​ធ្លាក់​មក​លើ​យើង​មក!›។+ ៣១ ប្រសិន​បើ​ពួក​គេ​ធ្វើ​ការ​ទាំង​នេះ​ពេល​ដែល​ដើម​ឈើ​នៅ​ស្រស់ តើ​អ្វី​នឹង​កើត​ឡើង​កាល​ដែល​ដើម​ឈើ​នោះ​ក្រៀម​ស្វិត​ទៅ?​»។

៣២ នៅ​ពេល​នោះ មាន​បុរស​ពីរ​នាក់​ទៀត​ដែល​ជា​អ្នក​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ កំពុង​ត្រូវ​គេ​នាំ​ទៅ​ប្រហារ​ជីវិត​ជា​មួយ​នឹង​លោក​ដែរ។+ ៣៣ លុះ​ទៅ​ដល់​កន្លែង​ហៅ​ថា​លលាដ៍​ក្បាល+ គេ​ក៏​ព្យួរ​លោក​លើ​បង្គោល* ព្រម​ទាំង​ព្យួរ​ពួក​អ្នក​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ដែរ ដោយ​ព្យួរ​ម្នាក់​នៅ​ខាង​ស្ដាំ​និង​ម្នាក់​នៅ​ខាង​ឆ្វេង​លោក។+ ៣៤ ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​បិតា​អើយ សូម​អភ័យ​ទោស​ឲ្យ​ពួក​គេ ព្រោះ​ពួក​គេ​មិន​ដឹង​ថា​ខ្លួន​កំពុង​ធ្វើ​អ្វី​ឡើយ​»។ បន្ថែម​ទៅ​ទៀត ពួក​គេ​បាន​ចាប់​ឆ្នោត​យក​សម្លៀក​បំពាក់​របស់​លោក។+ ៣៥ រីឯ​បណ្ដា​ជន​កំពុង​ឈរ​មើល តែ​ពួក​អ្នក​គ្រប់​គ្រង​បាន​ពេប​ជ្រាយ ដោយ​និយាយ​ថា​៖ ​«​អ្នក​នេះ​បាន​សង្គ្រោះ​អ្នក​ឯ​ទៀត ដូច្នេះ បើ​គាត់​ជា​គ្រិស្ត​ដែល​ព្រះ​បាន​ជ្រើស​រើស​មែន ទុក​ឲ្យ​គាត់​សង្គ្រោះ​ខ្លួន​ឯង​ចុះ​»។+ ៣៦ សូម្បី​តែ​ពួក​ទាហាន​ក៏​បាន​ចំអក​ឲ្យ​លោក​ដែរ ដោយ​ចូល​មក​ជិត​លោក ហើយ​ជូន​ស្រា​ជូរ​ដល់​លោក+ ៣៧ ទាំង​និយាយ​ថា​៖ ​«​បើ​ឯង​ជា​ស្ដេច​នៃ​ជនជាតិ​យូដា ចូរ​សង្គ្រោះ​ខ្លួន​ឯង​ចុះ​»។ ៣៨ ម្យ៉ាង​ទៀត មាន​អក្សរ​ចារឹក​នៅ​ខាង​លើ​លោក​ថា​៖ ​«​នេះ​ជា​ស្ដេច​នៃ​ជនជាតិ​យូដា​»។+

៣៩ រួច​មក អ្នក​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ម្នាក់​ដែល​បាន​ត្រូវ​ព្យួរ ចាប់​ផ្ដើម​និយាយ​ប្រមាថ​លោក+ថា​៖ ​«​ឯង​ជា​គ្រិស្ត​មែន​ទេ? ចូរ​សង្គ្រោះ​ខ្លួន​ឯង​និង​យើង​ផង!​»។ ៤០ អ្នក​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ម្នាក់​ទៀត​បាន​ស្ដី​បន្ទោស​អ្នក​នោះ​ថា​៖ ​«​អ្នក​ក៏​បាន​ទទួល​ទោស​ដូច​គ្នា​ដែរ។ ប៉ុន្តែ តើ​អ្នក​នៅ​តែ​មិន​កោត​ខ្លាច​ព្រះ​ទៀត​ឬ? ៤១ ពួក​យើង​បាន​ទទួល​ទោស​នេះ គឺ​សម​តាម​ការ​ប្រព្រឹត្ត​របស់​ពួក​យើង​ហើយ។ ប៉ុន្តែ បុរស​នេះ​គ្មាន​កំហុស​អ្វី​ឡើយ​»។ ៤២ រួច​គាត់​និយាយ​ថា​៖ ​«​លោក​យេស៊ូ សូម​នឹក​ឃើញ​ខ្ញុំ ពេល​ដែល​លោក​ទៅ​ជា​ស្ដេច​»។*+ ៤៣ លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​ការ​ពិត​នៅ​ថ្ងៃ​នេះ​ថា អ្នក​នឹង​នៅ​ជា​មួយ​នឹង​ខ្ញុំ​ក្នុង​សួន​ឧទ្យាន​»។+

៤៤ នៅ​ពេល​នោះ ប្រហែល​ជា​ម៉ោង​ទី​៦។* ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ទឹក​ដី​ទាំង​មូល​បាន​ក្លាយ​ជា​ងងឹត​រហូត​ដល់​ម៉ោង​ទី​៩*+ ៤៥ ពី​ព្រោះ​ពន្លឺ​ថ្ងៃ​បាន​បាត់​សូន្យ។ រួច​វាំងនន​ក្នុង​វិហារ*+បាន​រហែក​ចំ​កណ្ដាល​ពី​លើ​ចុះ​ក្រោម។+ ៤៦ បន្ទាប់​មក លោក​យេស៊ូ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា​៖ ​«​បិតា! ខ្ញុំ​សូម​ប្រគល់​ជីវិត*ខ្ញុំ​ជូន​លោក!​»។+ ពេល​មាន​ប្រសាសន៍​ហើយ លោក​ក៏​ផុត​ដង្ហើម​ទៅ។+ ៤៧ ពេល​ដែល​នាយ​ទាហាន​ឃើញ​អ្វី​ដែល​បាន​កើត​ឡើង គាត់​ក៏​តាំង​សរសើរ​តម្កើង​ព្រះ​ថា​៖ ​«​បុរស​នេះ​ពិត​ជា​សុចរិត​មែន​»។+ ៤៨ រីឯ​បណ្ដា​ជន​ដែល​បាន​មូល​គ្នា​នៅ​ទី​នោះ​ដើម្បី​មើល​ហេតុ​ការណ៍ ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​គក់​ទ្រូង ពេល​ឃើញ​អ្វី​ដែល​បាន​កើត​ឡើង។ ៤៩ ម្យ៉ាង​ទៀត អស់​អ្នក​ដែល​ស្គាល់​លោក​បាន​ឈរ​ពី​ចម្ងាយ ហើយ​ពួក​ស្ត្រី​ដែល​បាន​ធ្វើ​ដំណើរ​ជា​មួយ​នឹង​លោក​ពី​ស្រុកកាលីឡេ ក៏​ឈរ​ពី​ចម្ងាយ​មើល​ការ​ទាំង​នេះ​ដែរ។+

៥០ មើល! បុរស​ម្នាក់​ឈ្មោះ​យ៉ូសែប ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ គាត់​ជា​មនុស្ស​ល្អ​និង​សុចរិត+ ៥១ (​បុរស​នេះ​មិន​បាន​បោះ​ឆ្នោត​គាំទ្រ​គម្រោង​ការ​អាក្រក់ ឬ​សកម្មភាព​របស់​ពួក​គេ​ទេ​) គាត់​ជា​អ្នក​ក្រុង​អារីម៉ាថេ ដែល​ជា​ក្រុង​មួយ​នៅ​តំបន់​យូឌា ហើយ​គាត់​កំពុង​រង់​ចាំ​រាជាណាចក្រ​របស់​ព្រះ។ ៥២ បុរស​នេះ​បាន​ទៅ​ជួប​ពីឡាត ហើយ​សុំ​យក​សព​របស់​លោក​យេស៊ូ។ ៥៣ បន្ទាប់​មក គាត់​យក​សព​របស់​លោក​ចុះ+ ហើយ​រុំ​នឹង​ក្រណាត់​សាច់​ល្អ រួច​ដាក់​ក្នុង​ទី​បញ្ចុះ​សព​ដែល​គេ​បាន​ដាប់​នៅ​ក្នុង​ថ្ម។+ ទី​បញ្ចុះ​សព​នោះ​មិន​ទាន់​មាន​គេ​ដាក់​សព​ណា​មួយ​នៅឡើយ​ទេ។ ៥៤ ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ*+ និង​ជិត​ចូល​ថ្ងៃ​ឈប់​សម្រាក​ហើយ។+ ៥៥ ប៉ុន្តែ ពួក​ស្ត្រី​ទាំង​នោះ​ដែល​បាន​មក​ពី​ស្រុកកាលីឡេ​ជា​មួយ​នឹង​លោក ក៏​បាន​ទៅ​តាម​ដែរ។ ពួក​នាង​បាន​មើល​ទី​បញ្ចុះ​សព​នោះ និង​មើល​របៀប​ដែល​គេ​បាន​ដាក់​សព​របស់​លោក។+ ៥៦ រួច​ពួក​នាង​បាន​ត្រឡប់​ទៅ​វិញ ដើម្បី​រៀបចំ​គ្រឿង​ក្រអូប​និង​ប្រេង​ក្រអូប។ ប៉ុន្តែ ពួក​នាង​បាន​សម្រាក​នៅ​ថ្ងៃ​ឈប់​សម្រាក+តាម​បញ្ញត្ដិ​ដែល​បាន​ចែង​ទុក។

២៤ ក៏​ប៉ុន្តែ នៅ​ថ្ងៃ​ដំបូង​នៃ​សប្ដាហ៍​នោះ ពួក​នាង​បាន​ទៅ​ទី​បញ្ចុះ​សព​តាំង​ពី​ព្រលឹម​ស្រាង​ៗ ដោយ​យក​គ្រឿង​ក្រអូប​ដែល​ពួក​នាង​បាន​រៀបចំ​ទៅ​ជា​មួយ​ផង។+ ២ ប៉ុន្តែ ពួក​នាង​ឃើញ​ថ្ម​បាន​ត្រូវ​ប្រមៀល​ចេញ​ពី​ទី​បញ្ចុះ​សព​ហើយ។+ ៣ រួច​ពេល​ដែល​ចូល​ទៅ ពួក​នាង​មិន​ឃើញ​សព​របស់​លោក​ម្ចាស់​យេស៊ូ​ឡើយ។+ ៤ ពេល​ដែល​ពួក​នាង​កំពុង​ងឿង​ឆ្ងល់​អំពី​រឿង​នេះ មើល! បុរស​ពីរ​នាក់​ដែល​មាន​សម្លៀក​បំពាក់​ភ្លឺ​ចិញ្ចាច​ចិញ្ចែង​បាន​ឈរ​ក្បែរ​ពួក​នាង។ ៥ ស្ត្រី​ទាំង​នោះ​ចាប់​ផ្ដើម​ភ័យ​ខ្លាច ហើយ​ឱន​មុខ​ចុះ។ ដូច្នេះ បុរស​ទាំង​នោះ​ក៏​និយាយ​ទៅ​កាន់​ពួក​នាង​ថា​៖ ​«​ហេតុ​អ្វី​ពួក​នាង​មក​រក​លោក​ដែល​មាន​ជីវិត​រស់​នៅ ក្នុង​ចំណោម​មនុស្ស​ស្លាប់​ដូច្នេះ?+ ៦ លោក​មិន​នៅ​ទី​នេះ​ទេ តែ​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ហើយ។ សូម​នឹក​ឃើញ​អ្វី​ដែល​លោក​បាន​ប្រាប់​អ្នក​រាល់​គ្នា កាល​ដែល​លោក​នៅ​ស្រុកកាលីឡេ​នៅ​ឡើយ។ ៧ លោក​បាន​មាន​ប្រសាសន៍​ថា កូន​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ហើយ​នឹង​ត្រូវ​គេ​ព្យួរ តែ​នៅ​ថ្ងៃ​ទី​៣​លោក​នឹង​រស់​ឡើង​វិញ​»។+ ៨ ដូច្នេះ ពួក​នាង​បាន​នឹក​ឃើញ​ប្រសាសន៍​របស់​លោក+ ៩ ហើយ​បាន​ចេញ​ពី​ទី​បញ្ចុះ​សព​ត្រឡប់​ទៅ​វិញ ក៏​រៀប​រាប់​អំពី​ការ​ទាំង​អស់​នេះ​ប្រាប់​សាវ័ក​ទាំង​១១​នាក់ និង​អ្នក​កាន់​តាម​ឯ​ទៀត​ទាំង​អស់។+ ១០ ស្ត្រី​ទាំង​នេះ​មាន​ម៉ារៀ​ម៉ាក់ដាឡេន យ៉ូហាណា និង​ម៉ារៀ​ជា​ម្ដាយ​យ៉ាកុប។ ពួក​ស្ត្រី​ទាំង​ប៉ុន្មាន​ទៀត​ដែល​នៅ​ជា​មួយ​នឹង​ពួក​នាង​ក៏​បាន​រៀប​រាប់​ប្រាប់​ពួក​សាវ័ក​អំពី​ការ​ទាំង​នេះ​ដែរ។ ១១ ក៏​ប៉ុន្តែ ពួក​គេ​បាន​គិត​ថា​សម្ដី​របស់​ស្ត្រី​ទាំង​នេះ​គឺ​មិន​សម​ហេតុ​សម​ផល​ឡើយ ហើយ​មិន​ព្រម​ជឿ​ពួក​នាង​ទេ។

១២ ប៉ុន្តែ ពេត្រុស​បាន​ក្រោក​ឡើង​រត់​ទៅ​ទី​បញ្ចុះ​សព រួច​បាន​ឱន​មើល ឃើញ​តែ​ចម្រៀក​ក្រណាត់​រុំ​សព​ប៉ុណ្ណោះ។ ដូច្នេះ គាត់​ចេញ​ទៅ​ទាំង​ងឿង​ឆ្ងល់​អំពី​អ្វី​ដែល​បាន​កើត​ឡើង។

១៣ ប៉ុន្តែ មើល! នៅ​ថ្ងៃ​នោះ​ឯង មាន​អ្នក​កាន់​តាម​ពីរ​នាក់​កំពុង​ធ្វើ​ដំណើរ​ទៅ​ភូមិ​មួយ​ឈ្មោះ​អេម៉ាស ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​១១​គីឡូ​ម៉ែត្រ*ពី​ក្រុង​យេរូសាឡិម ១៤ ហើយ​ពួក​គាត់​កំពុង​ពិភាក្សា​គ្នា​អំពី​ការ​ទាំង​អស់​នេះ​ដែល​បាន​កើត​ឡើង។

១៥ កាល​ដែល​ពួក​គាត់​កំពុង​ជជែក​និង​ពិភាក្សា​គ្នា លោក​យេស៊ូ​ផ្ទាល់​បាន​ចូល​ទៅ​ជិត ហើយ​ចាប់​ផ្ដើម​ដើរ​ជា​មួយ​នឹង​ពួក​គាត់។ ១៦ ប៉ុន្តែ ពួក​គាត់​មើលលោក​មិន​ស្គាល់​ទេ។+ ១៧ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​តើ​អ្នក​ទាំង​ពីរ​កំពុង​ដើរ​បណ្ដើរ​ជជែក​គ្នា​បណ្ដើរ​អំពី​រឿង​អ្វី?​»។ ពួក​គាត់​ឈប់​ដើរ ហើយ​មាន​ទឹក​មុខ​ព្រួយ។ ១៨ ម្នាក់​ឈ្មោះ​ក្លេវប៉ាស​ក៏​សួរ​លោក​ថា​៖ ​«​តើ​អ្នក​ជា​ជន​ជាតិ​ផ្សេង​ដែល​ស្នាក់​នៅ​ដាច់​ពី​គេ​នៅ​ក្រុង​យេរូសាឡិម​ឬ បាន​ជា​មិន​ដឹង*អំពី​ការ​ទាំង​ប៉ុន្មាន​ដែល​បាន​កើត​ឡើង​នា​ពេល​ថ្មី​ៗ​នេះ?​»។ ១៩ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​អំពី​ការ​អ្វី​ទៅ?​»។ ពួក​គាត់​និយាយ​ថា​៖ ​«​អំពី​លោក​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត។+ នៅ​ចំពោះ​មុខ​ព្រះ​និង​បណ្ដា​ជន​ទាំង​ឡាយ លោក​បាន​បង្ហាញ​ថា​លោក​ជា​អ្នក​ប្រកាស​ទំនាយ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា ទាំង​ក្នុង​ការ​ប្រព្រឹត្ត​ទាំង​ក្នុង​ពាក្យ​សម្ដី។+ ២០ ក៏​ប៉ុន្តែ ពួក​សង្ឃនាយក​និង​ពួក​អ្នក​គ្រប់​គ្រង​របស់​យើង បាន​ប្រគល់​លោក​ទៅ​ឲ្យ​គេ​កាត់​ទោស​ប្រហារ​ជីវិត+ ហើយ​បាន​ព្យួរ​លោក​លើ​បង្គោល។* ២១ ប៉ុន្តែ យើង​ធ្លាប់​សង្ឃឹម​ថា បុរស​នោះ​ជា​អ្នក​ដែល​នឹង​មក​សង្គ្រោះ​អ៊ីស្រាអែល។+ ក្រៅ​ពី​ការ​ទាំង​នោះ នេះ​ជា​ថ្ងៃ​ទី​៣​តាំង​ពី​ហេតុ​ការណ៍​ទាំង​នេះ​បាន​កើត​ឡើង។ ២២ ម្យ៉ាង​ទៀត ស្ត្រី​ខ្លះ​ពី​ចំណោម​ពួក​យើង​បាន​ធ្វើ​ឲ្យ​យើង​ងឿង​ឆ្ងល់​ជា​ខ្លាំង ពី​ព្រោះ​ពួក​នាង​បាន​ទៅ​ទី​បញ្ចុះ​សព​តាំង​ពី​ព្រលឹម+ ២៣ តែ​ពួក​នាង​មិន​បាន​ឃើញ​សព​លោក​ឡើយ។ ពួក​នាង​ប្រាប់​ថា​បាន​ឃើញ​ទេវតា ហើយ​ទេវតា​ប្រាប់​ពួក​នាង​ថា​លោក​កំពុង​រស់​នៅ។ ២៤ បន្ទាប់​មក អ្នក​ខ្លះ​ពី​ចំណោម​យើង​បាន​ចេញ​ទៅ​ទី​បញ្ចុះ​សព+ ហើយ​បាន​ឃើញ​ទី​បញ្ចុះ​សព​នៅ​ទទេ​ដូច​ស្ត្រី​ទាំង​នោះ​បាន​ប្រាប់ ហើយ​ពួក​គាត់​ក៏​មិន​បាន​ឃើញ​សព​លោក​ដែរ​»។

២៥ ដូច្នេះ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ឱ​មនុស្ស​ដែល​មិន​ព្រម​ពិចារណា ហើយ​យឺត​នឹង​ជឿ​ពាក្យ​ទាំង​អស់​របស់​អ្នក​ប្រកាស​ទំនាយ​អើយ! ២៦ គ្រិស្ត​ត្រូវ​រង​ទុក្ខ​ដូច្នេះ+ ដើម្បី​បាន​សិរី​រុង​រឿង​ដែល​លោក​ត្រូវ​ទទួល មែន​ទេ?​»។+ ២៧ រួច​លោក​ចាប់​ផ្ដើម​បក​ស្រាយ​ប្រាប់​ពួក​គាត់​នូវ​អ្វី​ៗ​ស្ដី​អំពី​លោក​ក្នុង​បទ​គម្ពីរ​ទាំង​ឡាយ ចាប់​តាំង​ពី​ម៉ូសេ​និង​ពួក​អ្នក​ប្រកាស​ទំនាយ​គ្រប់​រូប។+

២៨ លុះ​មក​ជិត​ដល់​ភូមិ​ដែល​ពួក​គាត់​ចង់​ទៅ លោក​ក៏​ធ្វើ​ដូច​ជា​ដើរ​ហួស​ពី​កន្លែង​នោះ។ ២៩ ប៉ុន្តែ ពួក​គាត់​បាន​បង្ខំ​លោក​ថា​៖ ​«​ចូរ​ស្នាក់​នៅ​ជា​មួយ​នឹង​យើង​សិន ពី​ព្រោះ​ជិត​ល្ងាច​ហើយ ថែម​ទាំង​ថ្ងៃ​ក៏​ទាប​ណាស់​ផង​»។ ដូច្នេះ លោក​បាន​ចូល​ទៅ​ក្នុង​នៅ​ជា​មួយ​នឹង​ពួក​គាត់។ ៣០ រួច​កាល​ដែល​លោក​កំពុង​អង្គុយ​រួម​តុ​ជា​មួយ​នឹង​ពួក​គាត់ លោក​យក​នំ​ប៉័ង​មួយ​ដុំ អធិដ្ឋាន កាច់​នំ​ប៉័ង​នោះ ហើយ​ចាប់​ផ្ដើម​ឲ្យ​ដល់​ពួក​គាត់។+ ៣១ ពេល​នោះ​ពួក​គាត់​ក៏​ដឹង​ច្បាស់​ថា​គឺ​ជា​លោក​យេស៊ូ ស្រាប់​តែ​លោក​បាត់​ភ្លាម​ពី​មុខ​ពួក​គាត់។+ ៣២ រួច​ពួក​គាត់​និយាយ​គ្នា​ថា​៖ ​«​យើង​បាន​រំភើប​ចិត្ត​ជា​ខ្លាំង កាល​ដែល​លោក​មាន​ប្រសាសន៍​មក​យើង​តាម​ផ្លូវ ហើយ​បាន​ពន្យល់​បទ​គម្ពីរ​យ៉ាង​អស់​សេចក្ដី​ឲ្យ​យើង​យល់ មែន​ទេ?​»។ ៣៣ នៅ​ម៉ោង​នោះ​ឯង ពួក​គាត់​បាន​ក្រោក​ឡើង​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ រួច​ឃើញ​សាវ័ក​ទាំង​១១​នាក់​និង​អ្នក​កាន់​តាម​ឯ​ទៀត​នៅ​ជុំ​គ្នា ៣៤ កំពុង​និយាយ​ថា​៖ ​«​លោក​ម្ចាស់​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ពិត​មែន! ហើយ​លោក​បាន​លេច​មក​ជួប​ស៊ីម៉ូន!​»។+ ៣៥ រួច​មក អ្នក​កាន់​តាម​ទាំង​ពីរ​នោះ​រៀប​រាប់​ប្រាប់​អំពី​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​តាម​ផ្លូវ និង​អំពី​របៀប​ដែល​ពួក​គាត់​បាន​ស្គាល់​លោក​ពេល​លោក​កាច់​នំ​ប៉័ង។+

៣៦ កាល​ដែល​ពួក​គាត់​កំពុង​និយាយ​អំពី​ការ​ទាំង​នេះ លោក​បាន​លេច​មក​ក្នុង​ចំណោម​ពួក​គាត់ ក៏​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​»។+ ៣៧ ប៉ុន្តែ ពួក​គាត់​រន្ធត់ ហើយ​ភ័យ​ខ្លាច ព្រោះ​នឹក​ស្មានថា​ពួក​គាត់​កំពុង​មើល​ឃើញ​វិញ្ញាណ​មួយ។ ៣៨ ដូច្នេះ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​ភ័យ​ខ្លាច? ហើយ​ហេតុ​អ្វី​បាន​ជា​សង្ស័យ​ក្នុង​ចិត្ត? ៣៩ ចូរ​មើល​ដៃ​និង​ជើង​របស់​ខ្ញុំ គឺ​ខ្ញុំ​ពិត​មែន។ ចូរ​ពាល់​ខ្ញុំ ហើយ​មើល​ចុះ ពី​ព្រោះ​វិញ្ញាណ​មិន​មាន​សាច់​និង​ឆ្អឹង​ដូច​អ្នក​ឃើញ​ថា​ខ្ញុំ​មាន​នោះ​ទេ​»។ ៤០ កាល​ដែល​កំពុង​មាន​ប្រសាសន៍ លោក​បាន​បង្ហាញ​ដៃ​និង​ជើង​របស់​លោក​ឲ្យ​ពួក​គាត់​ឃើញ។ ៤១ ពួក​គាត់​ក៏​ត្រេក​អរ​ក្រៃ​លែង ហើយ​ភ្ញាក់​ផ្អើល​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​ពួក​គាត់​ពិបាក​ជឿ​ថា​នោះ​ជា​ការ​ពិត ដូច្នេះ​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​តើ​នៅ​ទី​នេះ​មាន​អ្វី​បរិភោគ​ទេ?​»។ ៤២ ពួក​គាត់​ក៏​ហុច​ត្រី​អាំង​មួយ​ដុំ​ជូន​លោក ៤៣ ហើយ​លោក​យក​មក​ពិសា​នៅ​មុខ​ពួក​គាត់។

៤៤ បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ចូរ​នឹក​ឃើញ​សម្ដី​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​កាល​ដែល​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​នៅ​ឡើយ+ គឺ​អ្វី​ៗ​ទាំង​អស់​ដែល​បាន​ត្រូវ​សរសេរ​អំពី​ខ្ញុំ​ក្នុង​ច្បាប់​ម៉ូសេ ក្នុង​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ប្រកាស​ទំនាយ និង​ក្នុង​ចម្រៀង​សរសើរ​ព្រះ ត្រូវ​តែ​កើត​ឡើង​យ៉ាង​ពិតប្រាកដ​»។+ ៤៥ រួច​លោក​បាន​ជួយ​ពួក​គាត់​ឲ្យ​យល់​យ៉ាង​ពេញ​លេញ​នូវ​អត្ថន័យ​នៃ​បទ​គម្ពីរ+ ៤៦ ហើយ​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​បទ​គម្ពីរ​បាន​ចែង​ដូច្នេះ​ថា គ្រិស្ត​នឹង​រង​ទុក្ខ រួច​នៅ​ថ្ងៃ​ទី​៣​លោក​នឹង​រស់​ឡើង​វិញ​ពី​ចំណោម​មនុស្ស​ស្លាប់+ ៤៧ ហើយ​នឹង​មាន​ការ​ផ្សព្វ​ផ្សាយ​ដល់​គ្រប់​ប្រជា​ជាតិ​ថា+ ពួក​គេ​ត្រូវ​ប្រែ​ចិត្ត​ដើម្បី​ទទួល​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង+ ដោយ​សារ​នាម​របស់​លោក។ ការ​ផ្សព្វ​ផ្សាយ​នេះ​នឹង​ចាប់​ផ្ដើម​ពី​ក្រុង​យេរូសាឡិម។+ ៤៨ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ជា​សាក្សី​អំពី​ការ​ទាំង​នេះ។+ ៤៩ មើល! ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​អ្វី​ដែល​បិតា​ខ្ញុំ​បាន​សន្យា​ថា​នឹង​ឲ្យ​អ្នក។ ប៉ុន្តែ ចូរ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ក្រុង​រហូត​ដល់​អ្នក​រាល់​គ្នា​ទទួល​ឫទ្ធានុភាព​ពី​ស្ថាន​លើ​»។+

៥០ បន្ទាប់​មក លោក​បាន​នាំ​ពួក​គាត់​ចេញ​ទៅ​រហូត​ដល់​ភូមិ​បេថានី រួច​លោក​លើក​ដៃ​ឡើង​ឲ្យ​ពរ​ពួក​គាត់។ ៥១ កាល​ដែល​លោក​កំពុង​ឲ្យ​ពរ លោក​ចាក​ចេញ​ពី​ពួក​គាត់ ហើយ​ព្រះ​យក​លោក​ឡើង​ទៅ​ស្ថាន​សួគ៌។+ ៥២ ពួក​គាត់​បាន​លំឱន​កាយ​គោរព​លោក រួច​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​ដោយ​មាន​អំណរ​ពន់​ពេក។+ ៥៣ ក្រោយ​ពី​នោះ ពួក​គាត់​សរសើរ​តម្កើង​ព្រះ​ក្នុង​វិហារ​ជា​និច្ច។+

ឬ​«​អ្វី​ដែល​គេ​បង្រៀន​អ្នក​ដោយ​មាត់​ទទេ​»​

មើល​និយម​ន័យ​ពាក្យ​«​ហេរ៉ូឌ​»​

ន័យ​ត្រង់​«​កូន​ស្រី​របស់​អេរ៉ុន​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឬ​«​ទំនៀម​ទម្លាប់​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឬ​«​តាំង​ពី​មិន​ទាន់​កើត​មក​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឬ​«​អ្វី​មួយ​ដែល​ព្រះ​បាន​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​»​

ឬ​«​កិច្ច​បម្រើ​សាធារណៈ​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ន័យ​ត្រង់​«​ឪពុក​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ន័យ​ត្រង់​«​ពូជ​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​និយម​ន័យ​ពាក្យ​«​ការ​កាត់​ចុង​ស្បែក​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឬ​«​ស្នែង​»។ មើល​និយម​ន័យ​ពាក្យ​«​ស្នែង​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​និយម​ន័យ​ពាក្យ​«​សេសារ​»​

ន័យ​ត្រង់​«​ឲ្យ​មនុស្ស​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី​»​

ន័យ​ត្រង់​«​ម៉ារៀ​ដែល​បាន​រៀប​ការ​ជា​មួយ​នឹង​គាត់​ដូច​ដែល​បាន​សន្យា​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​និយម​ន័យ​ពាក្យ​«​គ្រិស្ត​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​និយម​ន័យ​ពាក្យ​«​ការ​កាត់​ចុង​ស្បែក​»​

សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ហ៊្សេរុយសាឡិម

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

សំដៅ​លើ​ច្បាប់​សម្រាប់​កូន​ប្រុស​ច្បង

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឬ​«​ចុះ​ចូល​នឹង​»​

មើល​និយម​ន័យ​ពាក្យ​«​សេសារ​»​

នេះ​សំដៅ​លើ​ហេរ៉ូឌ​អាន់ទីប៉ាស។ មើល​និយម​ន័យ​ពាក្យ​«​ហេរ៉ូឌ​»​

ការ​ជ្រមុជ​ទឹក​ជា​ពិធី​សាសនា

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឬ​«​ប្រមូល​»​

ឬ​«​យក​ប្រាក់​គេ​ដោយ​បង្ខំ​»​

ឬ​«​ប្រាក់​ឈ្នួល​»​

មើល​និយម​ន័យ​ពាក្យ​«​គ្រិស្ត​»​

ឬ​«​កាន់​ប៉ែល​រោយ​ស្រូវ​»​

ក្នុង​គម្ពីរ​ពាក្យ​«​កូន​»​ឬ​«​បុត្រ​»​អាច​សំដៅ​លើ​អ្នក​ណា​ក៏​ដោយ​ដែល​កើត​ក្នុង​វង្ស​ត្រកូល

ភាសា​ក្រិច​«​ឌីអាបូឡូស​»​មាន​ន័យ​ថា​«​អ្នក​បង្កាច់​បង្ខូច​»​

ឬ​«​អាហារ​»​

ឬ​«​អាហារ​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឬ​«​ប៉ម​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

កន្លែង​ដែល​ជនជាតិ​យូដា​ជួប​ជុំ​ដើម្បី​អធិដ្ឋាន​ហើយ​អាន​បទ​គម្ពីរ

មើល​និយម​ន័យ​ពាក្យ​«​ថ្ងៃ​ឈប់​សម្រាក​»​

មើល​និយម​ន័យ​ពាក្យ​«​រមូរ​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ភាសា​ក្រិច​«​ដាយម៉ូនីអន​»​សំដៅ​លើ​ពួក​ទេវតា​អាក្រក់

នេះ​សំដៅ​លើ​សមុទ្រ​កាលីឡេ

ផារិស៊ី​គឺ​ជា​និកាយ​ដ៏​ធំ​មួយ​នៃ​សាសនា​យូដា​នៅ​សតវត្សរ៍​ទី​១ គ.ស.

នេះ​សំដៅ​លើ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ក្នុង​ខ​នេះ ពាក្យ​ថា​«​មក​តាម​ខ្ញុំ​»​សំដៅ​លើ​ការ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ

នេះ​សំដៅ​លើ​ត្រសាល

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ភាសា​ក្រិច​«​អាប៉ូស្តូឡូស​»​មាន​ន័យ​ថា​«​អ្នក​ដែល​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ​»​

នេះ​សំដៅ​លើ​ការ​ខ្ចី​ដោយ​មិន​យក​ការ

ឬ​«​បន្ត​ឲ្យ​អ្នក​ឯ​ទៀត​រួច​ខ្លួន​»​

ឬ​«​នោះ​ព្រះ​នឹង​ឲ្យ​អ្នក​រួច​ខ្លួន​ដែរ​»​

ឬ​«​អ្នក​កាន់​តាម​»​

ផ្លែ​ឈើ​ម្យ៉ាង​ដែល​មាន​តម្លៃ​ខ្ពស់​នៅ​សម័យ​ដែល​គេ​សរសេរ​គម្ពីរ ពេល​ផ្លែ​នោះ​ទុំ​មិន​កើត​មាន​មមង់​នៅ​ក្នុង​ផ្លែ​នោះ​ទេ

ន័យ​ត្រង់​«​អ្នក​ណា​ដែល​គ្មាន​ហេតុ​ជំពប់​ដួល​ដោយ​សារ​ខ្ញុំ​»​

ឬ​«​សម្លៀក​បំពាក់​ប្រណីត​»​

នេះ​សំដៅ​លើ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ

ឬ​«​ការ​ណែនាំ​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ន័យ​ត្រង់​«​បាន​អភ័យ​ទោស​ឲ្យ​ពួក​គេ​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​»​

ភាសា​ក្រិច​«​ឌីអាបូឡូស​»​មាន​ន័យ​ថា​«​អ្នក​បង្កាច់​បង្ខូច​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​អស់​ពេល​យ៉ាង​យូរ​»​

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

នេះ​សំដៅ​លើ​ហេរ៉ូឌ​អាន់ទីប៉ាស។ មើល​និយម​ន័យ​ពាក្យ​«​ហេរ៉ូឌ​»​

ន័យ​ត្រង់​«​ឲ្យ​ពរ​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ទារុណកម្ម​»​

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ន័យ​ត្រង់​«​បាន​ពិភព​លោក​ទាំង​មូល​»​

ន័យ​ត្រង់​«​គ្មាន​កន្លែង​កើយ​ទេ​»​

ក្នុង​ខ​នេះ ពាក្យ​ថា​«​មក​តាម​ខ្ញុំ​»​សំដៅ​លើ​ការ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ

ឬ​«​កុំ​ឱប​សួរ​សុខ​ទុក្ខ​»​

សំដៅ​លើ​ផ្ទះ​របស់​អ្នក​ដែល​ចង់​បាន​សេចក្ដី​សុខ

ឬ​«​ហាដេស​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​

ភាសា​ក្រិច​«​សាថាណាស​»​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ឬ​«​សត្រូវ​»​

នេះ​សំដៅ​លើ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឬ​«​ចំណែក​ល្អ​បំផុត​»​

ន័យ​ត្រង់​«​នំ​ប៉័ង​»​

ន័យ​ត្រង់​«​អស់​អ្នក​ដែល​ជំពាក់​បំណុល​យើង​»​

ឈ្មោះ​មួយ​ដែល​សំដៅ​លើ​សាថាន

ភាសា​ក្រិច​«​សាថាណាស​»​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ឬ​«​សត្រូវ​»​

ឬ​«​ប្រដាប់​វាល់​ស្រូវ​»​

ន័យ​ត្រង់​«​ភ្នែក​របស់​អ្នក​គឺ​ទុច្ចរិត​»​

នេះ​ជា​ការ​លាង​ដៃ​តាម​ប្រពៃណី​សាសនា

រុក្ខជាតិ​ម្យ៉ាង​ដែល​ប្រើ​ជា​ថ្នាំ​ឬ​ដើម្បី​បង្កើន​រស​ជាតិ​ម្ហូប​អាហារ

ឬ​«​បន្លែ​»​

ន័យ​ត្រង់​«​ចំពោះ​ការ​បង្ហូរ​ឈាម​»​

មើល​និយម​ន័យ​ពាក្យ​«​កេហេណា​»​

ន័យ​ត្រង់​«​ពីរ​អាសេរីយ៉ូន​»​ គឺ​១​ភាគ​១៦​នៃ​ប្រាក់​ឈ្នួល​មួយ​ថ្ងៃ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ទៅ​មុខ​សាលា​ប្រជុំ​»​

ឬ​«​ចិត្ត​ច្រណែន​ចង់​បាន​របស់​អ្នក​ដទៃ​»​

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ន័យ​ត្រង់​«​សូម្បី​តែ​មួយ​ហត្ថ​»។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឬ​«​ប្រជា​ជាតិ​នា​នា​»។ សំដៅ​លើ​អស់​អ្នក​ដែល​មិន​បម្រើ​ព្រះ​ពិត

ន័យ​ត្រង់​«​ចូរ​ចុក​ក្បិន​»​

ន័យ​ត្រង់​«​លោក​នឹង​ចុក​ក្បិន​»​

ប្រហែល​ពី​ម៉ោង​៩​យប់​ដល់​ពាក់​កណ្ដាល​អធ្រាត្រ

ពី​ពាក់​កណ្ដាល​អធ្រាត្រ​ប្រហែល​ដល់​ម៉ោង​បី​ព្រឹក

ឬ​«​អ្នក​ចាត់​ចែង​កិច្ច​ការ​ផ្ទះ​»​

ឬ​«​មាន​ប្រាជ្ញា​»​

ឬ​«​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​»​

ន័យ​ត្រង់​«​គ្មាន​ខ្វះ​មួយ​ឡិបតុន​»។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ផ្លែ​ឈើ​ម្យ៉ាង​ដែល​មាន​តម្លៃ​ខ្ពស់​នៅ​សម័យ​ដែល​គេ​សរសេរ​គម្ពីរ ពេល​ផ្លែ​នោះ​ទុំ​មិន​កើត​មាន​មមង់​នៅ​ក្នុង​ផ្លែ​នោះ​ទេ

ភាសា​ក្រិច​«​សាថាណាស​»​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ឬ​«​សត្រូវ​»​

គ្រាប់​ពូជ​តូច​ល្អិត​ម្យ៉ាង​ដែល​មាន​នៅ​ស្រុក​ប៉ាឡេស្ទីន អាច​ដុះ​បែក​មែក​សាខា ហើយ​មាន​កម្ពស់​ដល់​បួន​ម៉ែត្រ

ន័យ​ត្រង់​«​រង្វាល់​សៀ​»។ មួយ​សៀ​ស្មើ​នឹង​៧,៣៣​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ន័យ​ត្រង់​«​សត្វ​កញ្ជ្រោង​»​ ជា​សត្វ​ឆ្លាត​មួយ​នៅ​ស្រុក​អ៊ីស្រាអែល

ន័យ​ត្រង់​«​ផ្ទះ​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

នេះ​សំដៅ​លើ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ

ន័យ​ត្រង់​«​តែ​មិន​ស្អប់​»​

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ទារុណកម្ម​»​

ន័យ​ត្រង់​«​កាក់​ដ្រាកម៉ា​»។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ន័យ​ត្រង់​«​ធ្វើ​ខុស​នឹង​ស្ថាន​សួគ៌​»​

ន័យ​ត្រង់​«​ធ្វើ​ខុស​នឹង​ស្ថាន​សួគ៌​»​

ន័យ​ត្រង់​«​ដោយ​មាន​សុខភាព​ល្អ​»​

ឬ​«​មាន​អ្នក​បម្រើ​»​

ឬ​«​បាស​»។ មួយ​បាស​ស្មើ​នឹង​២២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឬ​«​បាស​»។ មួយ​បាស​ស្មើ​នឹង​២២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ន័យ​ត្រង់​«​ទ្រព្យ​ទុច្ចរិត​»​

ន័យ​ត្រង់​«​ទ្រព្យ​ទុច្ចរិត​»​

នេះ​សំដៅ​លើ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ

ន័យ​ត្រង់​«​ជិត​ដើម​ទ្រូង​»​

ឬ​«​ហាដេស​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​

ន័យ​ត្រង់​«​ជិត​ដើម​ទ្រូង​»​

គ្រាប់​ពូជ​តូច​ល្អិត​ម្យ៉ាង​ដែល​មាន​នៅ​ស្រុក​ប៉ាឡេស្ទីន អាច​ដុះ​បែក​មែក​សាខា ហើយ​មាន​កម្ពស់​ដល់​បួន​ម៉ែត្រ

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៣

មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​

ឬ​«​ដោយ​ចោទ​ប្រកាន់​គេ​មិន​ពិត​»​

មួយ​មិណា​របស់​ក្រិច​មាន​ទម្ងន់​៣៤០​ក្រាម ហើយ​មាន​តម្លៃ​ស្មើ​នឹង​១០០​ដ្រាកម៉ា។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឬ​«​ដាក់​ធនាគារ​»​

ន័យ​ត្រង់​«​មក​ត្រួត​ពិនិត្យ​មើល​»​

ការ​ជ្រមុជ​ទឹក​ជា​ពិធី​សាសនា

សំដៅ​លើ​ដុំ​ថ្ម​ដែល​ដាក់​នៅ​ជំនួប​ជញ្ជាំង​ពីរ​នៅ​កែង​ឬ​ជ្រុង​សំណង់

ន័យ​ត្រង់​«​អធិរាជ​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឬ​«​យុគសម័យ​»។ មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ន័យ​ត្រង់​«​ត្របាក់​ស៊ី​ផ្ទះ​របស់​ស្ត្រី​មេម៉ាយ​»​

ន័យ​ត្រង់​«​ពីរ​ឡិបតា​»។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឬ​«​ក្រី​ក្រ​»​

ឬ​«​ស្ថាន​សួគ៌​»​

ឬ​«​ជន​ជាតិ​ដទៃ​»​

ភាសា​ក្រិច​«​សាថាណាស​»​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ឬ​«​សត្រូវ​»​

ន័យ​ត្រង់​«​ក្បត់​»​

ឬ​«​បញ្ជូន​លោក​»​

​«​អ្នក​មាន​គុណ​»​ជា​ឋានៈ​ស័ក្ដិ​យស​មួយ

ពាក្យ​«​ពែង​»​ជា​តំណាង​បំណង​ប្រាថ្នា​របស់​ព្រះ​សម្រាប់​លោក​យេស៊ូ គឺ​អនុញ្ញាត​ឲ្យ​លោក​ស្លាប់​ដោយ​ត្រូវ​គេ​ចោទ​ប្រកាន់​មិន​ពិត​ថា​បាន​ប្រមាថ​ព្រះ

សំដៅ​លើ​ការ​ពោល​ពាក្យ​ប្រមាថ​ព្រះ​ឬ​អ្វី​ដែល​ពិសិដ្ឋ

តុលាការ​កំពូល​របស់​ជនជាតិ​យូដា

ន័យ​ត្រង់​«​អធិរាជ​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៣

ឬ​«​សម្លាប់​អ្នក​នោះ​លើ​បង្គោល​ទៅ! សម្លាប់​អ្នក​នោះ​លើ​បង្គោល​ទៅ!​»​

ឬ​«​សម្លាប់​លោក​លើ​បង្គោល​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ទារុណកម្ម​»​

ឬ​«​គេ​បោះ​ដែក​គោល​ភ្ជាប់​លោក​នឹង​បង្គោល​ឈើ​»។ មើល​និយម​ន័យ​ពាក្យ​«​បង្គោល​»​

ន័យ​ត្រង់​«​ពេល​ដែល​លោក​ចូល​រាជាណាចក្រ​របស់​លោក​»​

ប្រហែល​ជា​ម៉ោង​១២​ថ្ងៃ​ត្រង់

ប្រហែល​ជា​ម៉ោង​បី​រសៀល

វាំងនន​នេះ​ជា​របាំង​រវាង​បន្ទប់​បរិសុទ្ធ​និង​បន្ទប់​បរិសុទ្ធ​បំផុត

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

សំដៅ​លើ​មួយ​ថ្ងៃ​មុន​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​សប្ដាហ៍។ នៅ​ថ្ងៃ​នោះ​ជនជាតិ​យូដា​រៀបចំ​សម្រាប់​ថ្ងៃ​ឈប់​សម្រាក

ន័យ​ត្រង់​«​៦០​ស្ដាដ​»។ មួយ​ស្ដាដ​ស្មើ​នឹង​១៨៥​ម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​តើ​អ្នក​មក​លេង​ក្រុង​យេរូសាឡិម​ឬ បាន​ជា​មិន​ដឹង​»​

ឬ​«​បាន​បោះ​ដែក​គោល​ភ្ជាប់​លោក​នឹង​បង្គោល​ឈើ​»។ មើល​និយម​ន័យ​ពាក្យ​«​បង្គោល​»​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក