ថ្ងៃសុក្រ ទី១៧ ខែតុលា
ចូរបន្តរស់នៅជាកូននៃពន្លឺ។—អេភ. ៥:៨
យើងត្រូវការជំនួយពីឫទ្ធានុភាពបរិសុទ្ធរបស់ព្រះដើម្បីយើងអាចបន្តប្រព្រឹត្តជា«កូននៃពន្លឺ»។ ហេតុអ្វី? ពីព្រោះគឺពិបាកឲ្យរក្សាភាពស្អាតស្អំក្នុងពិភពលោកដែលប្រាសចាកសីលធម៌នេះ។ (១ថែ. ៤:៣-៥, ៧, ៨) ឫទ្ធានុភាពបរិសុទ្ធអាចជួយយើងឲ្យតយុទ្ធនឹងរបៀបគិតគូររបស់ពិភពលោកនេះ រួមមានទស្សនវិជ្ជានិងផ្នត់គំនិតដែលប្រឆាំងនឹងរបៀបគិតគូររបស់ព្រះ។ ឫទ្ធានុភាពបរិសុទ្ធក៏អាចជួយយើងឲ្យមាន‹គុណធម៌និងសេចក្ដីសុចរិតគ្រប់យ៉ាង›។ (អេភ. ៥:៩) របៀបមួយដែលយើងអាចទទួលឫទ្ធានុភាពបរិសុទ្ធគឺដោយអធិដ្ឋានសុំ។ លោកយេស៊ូបានមានប្រសាសន៍ថាព្រះយេហូវ៉ានឹង«ផ្ដល់ឫទ្ធានុភាពបរិសុទ្ធរបស់លោកដល់អ្នកដែលសុំពីលោក»។ (លូក. ១១:១៣) ម្យ៉ាងទៀត ពេលយើងរួមគ្នាសរសើរព្រះយេហូវ៉ានៅកិច្ចប្រជុំគ្រិស្តសាសនិក យើងក៏ទទួលឫទ្ធានុភាពបរិសុទ្ធដែរ។ (អេភ. ៥:១៩, ២០) ឥទ្ធិពលល្អដែលឫទ្ធានុភាពបរិសុទ្ធរបស់ព្រះមានមកលើយើងនឹងជួយយើងឲ្យរស់នៅតាមរបៀបដែលព្រះពេញចិត្ត។ w២៤.០៣ ទំ.២៣-២៤ វ.១៣-១៥
ថ្ងៃសៅរ៍ ទី១៨ ខែតុលា
ចូរសុំឥតឈប់ នោះអ្នកនឹងទទួល ចូររកឥតឈប់ នោះអ្នកនឹងរកឃើញ ចូរគោះទ្វារឥតឈប់ នោះទ្វារនឹងត្រូវបើកឲ្យ។—លូក. ១១:៩
តើអ្នកត្រូវមានចិត្តអត់ធ្មត់ថែមទៀតឬទេ? បើដូច្នេះមែន ចូរអធិដ្ឋានឲ្យមានចិត្តអត់ធ្មត់។ ចិត្តអត់ធ្មត់គឺជាគុណសម្បត្តិមួយនៃផលដែលបង្កើតដោយឫទ្ធានុភាពរបស់ព្រះ។ (កាឡ. ៥:២២, ២៣) ដូច្នេះ យើងអាចអធិដ្ឋានទៅព្រះយេហូវ៉ាសុំឫទ្ធានុភាពបរិសុទ្ធនិងសុំលោកឲ្យជួយយើងមានផលដែលបង្កើតដោយឫទ្ធានុភាពនោះ។ បើយើងប្រឈមមុខនឹងស្ថានភាពណាមួយដែលសាកល្បងចិត្តអត់ធ្មត់របស់យើង យើងនឹង«សុំឥតឈប់»ឲ្យមានឫទ្ធានុភាពបរិសុទ្ធដើម្បីជួយយើងមានចិត្តអត់ធ្មត់។ (លូក. ១១:១៣) យើងក៏អាចសុំព្រះយេហូវ៉ាជួយយើងឲ្យមានទស្សនៈដូចលោកចំពោះរឿងផ្សេងៗ។ ក្រោយពីអធិដ្ឋាន យើងត្រូវខំអស់ពីសមត្ថភាពដើម្បីបង្ហាញចិត្តអត់ធ្មត់ជារៀងរាល់ថ្ងៃ។ កាលដែលយើងកាន់តែអធិដ្ឋានឲ្យមានចិត្តអត់ធ្មត់ ហើយព្យាយាមមានចិត្តអត់ធ្មត់ គុណសម្បត្តិនោះនឹងកាន់តែចាក់ឫសជ្រៅក្នុងចិត្តរបស់យើង ព្រមទាំងទៅជាផ្នែកមួយនៃបុគ្គលិកលក្ខណៈរបស់យើង។ ការរំពឹងគិតអំពីគំរូក្នុងគម្ពីរក៏ជួយដែរ។ គម្ពីរមានគំរូជាច្រើនអំពីមនុស្សដែលមានចិត្តអត់ធ្មត់។ ដោយរំពឹងគិតអំពីគំរូទាំងនោះ យើងអាចរៀនរបៀបបង្ហាញចិត្តអត់ធ្មត់។ w២៣.០៨ ទំ.២២-២៣ វ.១០-១១
ថ្ងៃអាទិត្យ ទី១៩ ខែតុលា
ចូរ . . . ទម្លាក់អួននៅទីនោះ។—លូក. ៥:៤
លោកយេស៊ូបានពង្រឹងទំនុកចិត្តរបស់សាវ័កពេត្រុសថាព្រះយេហូវ៉ានឹងផ្ដល់អ្វីដែលគាត់ត្រូវការ។ លោកយេស៊ូដែលបានត្រូវប្រោសឲ្យរស់ឡើងវិញបានធ្វើអព្ភូតហេតុឲ្យពេត្រុសនិងពួកសាវ័កឯទៀតរបស់លោកចាប់ត្រីឲ្យបានច្រើនម្ដងទៀត។ (យ៉ូន. ២១:៤-៦) អព្ភូតហេតុនេះច្បាស់ជាបានពង្រឹងទំនុកចិត្តពេត្រុសថា ការផ្គត់ផ្គង់អ្វីៗដែលគាត់ត្រូវការគឺមិនពិបាកសម្រាប់ព្រះយេហូវ៉ាទេ។ ប្រហែលជាសាវ័កពេត្រុសបាននឹកចាំអំពីប្រសាសន៍របស់លោកយេស៊ូដែលថា ព្រះយេហូវ៉ានឹងផ្គត់ផ្គង់ពួកអ្នកដែល‹បន្តស្វែងរករាជាណាចក្ររបស់ព្រះជាមុន›។ (ម៉ាថ. ៦:៣៣) អ្វីទាំងអស់នេះបានជួយពេត្រុសឲ្យចាត់ទុកកិច្ចការផ្សព្វផ្សាយថាសំខាន់បំផុតក្នុងជីវិតរបស់គាត់ មិនមែនមុខរបរនេសាទត្រីទេ។ គាត់បានផ្សព្វផ្សាយយ៉ាងក្លាហាននៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ហើយនេះបានជួយមនុស្សរាប់ពាន់នាក់ឲ្យទទួលយកដំណឹងល្អ។ (សកម្ម. ២:១៤, ៣៧-៤១) ក្រោយមក គាត់បានជួយជនជាតិសាម៉ារីនិងជនជាតិដទៃឲ្យរៀនអំពីគ្រិស្តនិងទៅជាអ្នកកាន់តាមលោក។ (សកម្ម. ៨:១៤-១៧; ១០:៤៤-៤៨) ព្រះយេហូវ៉ាពិតជាបានប្រើពេត្រុសតាមរបៀបដ៏អស្ចារ្យដើម្បីនាំមនុស្សគ្រប់ប្រភេទឲ្យចូលមកក្នុងក្រុមជំនុំ។ w២៣.០៩ ទំ.២០ វ.១; ទំ.២៣ វ.១១