ថ្ងៃសៅរ៍ ទី១៨ ខែតុលា
ចូរសុំឥតឈប់ នោះអ្នកនឹងទទួល ចូររកឥតឈប់ នោះអ្នកនឹងរកឃើញ ចូរគោះទ្វារឥតឈប់ នោះទ្វារនឹងត្រូវបើកឲ្យ។—លូក. ១១:៩
តើអ្នកត្រូវមានចិត្តអត់ធ្មត់ថែមទៀតឬទេ? បើដូច្នេះមែន ចូរអធិដ្ឋានឲ្យមានចិត្តអត់ធ្មត់។ ចិត្តអត់ធ្មត់គឺជាគុណសម្បត្តិមួយនៃផលដែលបង្កើតដោយឫទ្ធានុភាពរបស់ព្រះ។ (កាឡ. ៥:២២, ២៣) ដូច្នេះ យើងអាចអធិដ្ឋានទៅព្រះយេហូវ៉ាសុំឫទ្ធានុភាពបរិសុទ្ធនិងសុំលោកឲ្យជួយយើងមានផលដែលបង្កើតដោយឫទ្ធានុភាពនោះ។ បើយើងប្រឈមមុខនឹងស្ថានភាពណាមួយដែលសាកល្បងចិត្តអត់ធ្មត់របស់យើង យើងនឹង«សុំឥតឈប់»ឲ្យមានឫទ្ធានុភាពបរិសុទ្ធដើម្បីជួយយើងមានចិត្តអត់ធ្មត់។ (លូក. ១១:១៣) យើងក៏អាចសុំព្រះយេហូវ៉ាជួយយើងឲ្យមានទស្សនៈដូចលោកចំពោះរឿងផ្សេងៗ។ ក្រោយពីអធិដ្ឋាន យើងត្រូវខំអស់ពីសមត្ថភាពដើម្បីបង្ហាញចិត្តអត់ធ្មត់ជារៀងរាល់ថ្ងៃ។ កាលដែលយើងកាន់តែអធិដ្ឋានឲ្យមានចិត្តអត់ធ្មត់ ហើយព្យាយាមមានចិត្តអត់ធ្មត់ គុណសម្បត្តិនោះនឹងកាន់តែចាក់ឫសជ្រៅក្នុងចិត្តរបស់យើង ព្រមទាំងទៅជាផ្នែកមួយនៃបុគ្គលិកលក្ខណៈរបស់យើង។ ការរំពឹងគិតអំពីគំរូក្នុងគម្ពីរក៏ជួយដែរ។ គម្ពីរមានគំរូជាច្រើនអំពីមនុស្សដែលមានចិត្តអត់ធ្មត់។ ដោយរំពឹងគិតអំពីគំរូទាំងនោះ យើងអាចរៀនរបៀបបង្ហាញចិត្តអត់ធ្មត់។ w២៣.០៨ ទំ.២២-២៣ វ.១០-១១
ថ្ងៃអាទិត្យ ទី១៩ ខែតុលា
ចូរ . . . ទម្លាក់អួននៅទីនោះ។—លូក. ៥:៤
លោកយេស៊ូបានពង្រឹងទំនុកចិត្តរបស់សាវ័កពេត្រុសថាព្រះយេហូវ៉ានឹងផ្ដល់អ្វីដែលគាត់ត្រូវការ។ លោកយេស៊ូដែលបានត្រូវប្រោសឲ្យរស់ឡើងវិញបានធ្វើអព្ភូតហេតុឲ្យពេត្រុសនិងពួកសាវ័កឯទៀតរបស់លោកចាប់ត្រីឲ្យបានច្រើនម្ដងទៀត។ (យ៉ូន. ២១:៤-៦) អព្ភូតហេតុនេះច្បាស់ជាបានពង្រឹងទំនុកចិត្តពេត្រុសថា ការផ្គត់ផ្គង់អ្វីៗដែលគាត់ត្រូវការគឺមិនពិបាកសម្រាប់ព្រះយេហូវ៉ាទេ។ ប្រហែលជាសាវ័កពេត្រុសបាននឹកចាំអំពីប្រសាសន៍របស់លោកយេស៊ូដែលថា ព្រះយេហូវ៉ានឹងផ្គត់ផ្គង់ពួកអ្នកដែល‹បន្តស្វែងរករាជាណាចក្ររបស់ព្រះជាមុន›។ (ម៉ាថ. ៦:៣៣) អ្វីទាំងអស់នេះបានជួយពេត្រុសឲ្យចាត់ទុកកិច្ចការផ្សព្វផ្សាយថាសំខាន់បំផុតក្នុងជីវិតរបស់គាត់ មិនមែនមុខរបរនេសាទត្រីទេ។ គាត់បានផ្សព្វផ្សាយយ៉ាងក្លាហាននៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ហើយនេះបានជួយមនុស្សរាប់ពាន់នាក់ឲ្យទទួលយកដំណឹងល្អ។ (សកម្ម. ២:១៤, ៣៧-៤១) ក្រោយមក គាត់បានជួយជនជាតិសាម៉ារីនិងជនជាតិដទៃឲ្យរៀនអំពីគ្រិស្តនិងទៅជាអ្នកកាន់តាមលោក។ (សកម្ម. ៨:១៤-១៧; ១០:៤៤-៤៨) ព្រះយេហូវ៉ាពិតជាបានប្រើពេត្រុសតាមរបៀបដ៏អស្ចារ្យដើម្បីនាំមនុស្សគ្រប់ប្រភេទឲ្យចូលមកក្នុងក្រុមជំនុំ។ w២៣.០៩ ទំ.២០ វ.១; ទំ.២៣ វ.១១
ថ្ងៃច័ន្ទ ទី២០ ខែតុលា
បើអ្នករាល់គ្នាមិនអាចប្រាប់អំពីសុបិនរបស់ខ្ញុំ ហើយមិនអាចបកស្រាយសុបិននោះបានទេ នោះដៃជើងរបស់អ្នករាល់គ្នានឹងត្រូវកាត់ចេញ។—ដាន. ២:៥
ប្រហែលជាពីរឆ្នាំក្រោយពីជនជាតិបាប៊ីឡូនបានបំផ្លាញក្រុងយេរូសាឡិម ស្ដេចនេប៊ូក្នេសានៃស្រុកបាប៊ីឡូនបានយល់សប្ដិឃើញរូបធំសម្បើមមួយដែលនាំឲ្យគាត់ខ្វល់ចិត្ត។ គាត់បានគំរាមសម្លាប់ពួកអ្នកប្រាជ្ញទាំងអស់របស់គាត់រួមទាំងដានីយ៉ែលផងដែរ បើពួកគេមិនអាចប្រាប់គាត់អំពីអ្វីដែលគាត់បានយល់សប្ដិឃើញ និងបកស្រាយសុបិនរបស់គាត់បានទេ។ (ដាន. ២:៣-៥) ដានីយ៉ែលត្រូវចាត់វិធានការភ្លាមៗ។ បើពុំនោះទេ មនុស្សជាច្រើននឹងត្រូវស្លាប់។ គាត់«បានចូលទៅជួបស្ដេច ហើយសុំពេលដើម្បីបកស្រាយសុបិនជូនស្ដេច»។ (ដាន. ២:១៦) នេះត្រូវការចិត្តក្លាហាននិងជំនឿ។ គម្ពីរមិនចែងថាដានីយ៉ែលធ្លាប់បកស្រាយសុបិនពីមុនទេ។ គាត់បានសុំមិត្តភក្ដិរបស់គាត់ឲ្យ«អធិដ្ឋានដល់ព្រះនៃស្ថានសួគ៌ឲ្យលោកបង្ហាញក្ដីមេត្តានិងប្រាប់អំពីអាថ៌កំបាំងនៃសុបិននោះ»។ (ដាន. ២:១៨) ព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានទាំងនោះ។ ដោយមានជំនួយពីព្រះ ដានីយ៉ែលបានបកស្រាយសុបិនរបស់នេប៊ូក្នេសា។ ដានីយ៉ែលនិងមិត្តភក្ដិរបស់គាត់បានរួចជីវិត។ w២៣.០៨ ទំ.៣ វ.៤