ថ្ងៃអាទិត្យ ទី១៩ ខែតុលា
ចូរ . . . ទម្លាក់អួននៅទីនោះ។—លូក. ៥:៤
លោកយេស៊ូបានពង្រឹងទំនុកចិត្តរបស់សាវ័កពេត្រុសថាព្រះយេហូវ៉ានឹងផ្ដល់អ្វីដែលគាត់ត្រូវការ។ លោកយេស៊ូដែលបានត្រូវប្រោសឲ្យរស់ឡើងវិញបានធ្វើអព្ភូតហេតុឲ្យពេត្រុសនិងពួកសាវ័កឯទៀតរបស់លោកចាប់ត្រីឲ្យបានច្រើនម្ដងទៀត។ (យ៉ូន. ២១:៤-៦) អព្ភូតហេតុនេះច្បាស់ជាបានពង្រឹងទំនុកចិត្តពេត្រុសថា ការផ្គត់ផ្គង់អ្វីៗដែលគាត់ត្រូវការគឺមិនពិបាកសម្រាប់ព្រះយេហូវ៉ាទេ។ ប្រហែលជាសាវ័កពេត្រុសបាននឹកចាំអំពីប្រសាសន៍របស់លោកយេស៊ូដែលថា ព្រះយេហូវ៉ានឹងផ្គត់ផ្គង់ពួកអ្នកដែល‹បន្តស្វែងរករាជាណាចក្ររបស់ព្រះជាមុន›។ (ម៉ាថ. ៦:៣៣) អ្វីទាំងអស់នេះបានជួយពេត្រុសឲ្យចាត់ទុកកិច្ចការផ្សព្វផ្សាយថាសំខាន់បំផុតក្នុងជីវិតរបស់គាត់ មិនមែនមុខរបរនេសាទត្រីទេ។ គាត់បានផ្សព្វផ្សាយយ៉ាងក្លាហាននៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ហើយនេះបានជួយមនុស្សរាប់ពាន់នាក់ឲ្យទទួលយកដំណឹងល្អ។ (សកម្ម. ២:១៤, ៣៧-៤១) ក្រោយមក គាត់បានជួយជនជាតិសាម៉ារីនិងជនជាតិដទៃឲ្យរៀនអំពីគ្រិស្តនិងទៅជាអ្នកកាន់តាមលោក។ (សកម្ម. ៨:១៤-១៧; ១០:៤៤-៤៨) ព្រះយេហូវ៉ាពិតជាបានប្រើពេត្រុសតាមរបៀបដ៏អស្ចារ្យដើម្បីនាំមនុស្សគ្រប់ប្រភេទឲ្យចូលមកក្នុងក្រុមជំនុំ។ w២៣.០៩ ទំ.២០ វ.១; ទំ.២៣ វ.១១
ថ្ងៃច័ន្ទ ទី២០ ខែតុលា
បើអ្នករាល់គ្នាមិនអាចប្រាប់អំពីសុបិនរបស់ខ្ញុំ ហើយមិនអាចបកស្រាយសុបិននោះបានទេ នោះដៃជើងរបស់អ្នករាល់គ្នានឹងត្រូវកាត់ចេញ។—ដាន. ២:៥
ប្រហែលជាពីរឆ្នាំក្រោយពីជនជាតិបាប៊ីឡូនបានបំផ្លាញក្រុងយេរូសាឡិម ស្ដេចនេប៊ូក្នេសានៃស្រុកបាប៊ីឡូនបានយល់សប្ដិឃើញរូបធំសម្បើមមួយដែលនាំឲ្យគាត់ខ្វល់ចិត្ត។ គាត់បានគំរាមសម្លាប់ពួកអ្នកប្រាជ្ញទាំងអស់របស់គាត់រួមទាំងដានីយ៉ែលផងដែរ បើពួកគេមិនអាចប្រាប់គាត់អំពីអ្វីដែលគាត់បានយល់សប្ដិឃើញ និងបកស្រាយសុបិនរបស់គាត់បានទេ។ (ដាន. ២:៣-៥) ដានីយ៉ែលត្រូវចាត់វិធានការភ្លាមៗ។ បើពុំនោះទេ មនុស្សជាច្រើននឹងត្រូវស្លាប់។ គាត់«បានចូលទៅជួបស្ដេច ហើយសុំពេលដើម្បីបកស្រាយសុបិនជូនស្ដេច»។ (ដាន. ២:១៦) នេះត្រូវការចិត្តក្លាហាននិងជំនឿ។ គម្ពីរមិនចែងថាដានីយ៉ែលធ្លាប់បកស្រាយសុបិនពីមុនទេ។ គាត់បានសុំមិត្តភក្ដិរបស់គាត់ឲ្យ«អធិដ្ឋានដល់ព្រះនៃស្ថានសួគ៌ឲ្យលោកបង្ហាញក្ដីមេត្តានិងប្រាប់អំពីអាថ៌កំបាំងនៃសុបិននោះ»។ (ដាន. ២:១៨) ព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានទាំងនោះ។ ដោយមានជំនួយពីព្រះ ដានីយ៉ែលបានបកស្រាយសុបិនរបស់នេប៊ូក្នេសា។ ដានីយ៉ែលនិងមិត្តភក្ដិរបស់គាត់បានរួចជីវិត។ w២៣.០៨ ទំ.៣ វ.៤
ថ្ងៃអង្គារ ទី២១ ខែតុលា
អ្នកណាដែលស៊ូទ្រាំរហូតដល់ទីបញ្ចប់ អ្នកនោះនឹងត្រូវសង្គ្រោះ។—ម៉ាថ. ២៤:១៣
សូមគិតអំពីប្រយោជន៍ដែលមកពីការមានចិត្តអត់ធ្មត់។ ពេលយើងមានចិត្តអត់ធ្មត់ យើងសប្បាយចិត្តជាងនិងមានចិត្តស្ងប់ជាង។ ដូច្នេះ ចិត្តអត់ធ្មត់អាចជួយយើងឲ្យមានសុខភាពផ្លូវកាយនិងផ្លូវចិត្តល្អប្រសើរជាង។ ពេលយើងមានចិត្តអត់ធ្មត់នឹងអ្នកឯទៀត យើងមានទំនាក់ទំនងល្អជាង។ យ៉ាងនេះ ក្រុមជំនុំកាន់តែមានសាមគ្គីភាព។ បើមាននរណាម្នាក់ធ្វើអ្វីដែលអាចនាំឲ្យយើងខឹង ការយឺតនឹងខឹងអាចរារាំងយើងមិនធ្វើឲ្យស្ថានភាពនោះកាន់តែអាក្រក់។ (ចសព. ៣៧:៨, កំ.ស.; សុភ. ១៤:២៩) សំខាន់បំផុត យើងយកតម្រាប់បិតារបស់យើងដែលនៅស្ថានសួគ៌ ហើយចូលកាន់តែជិតលោកថែមទៀត។ ចិត្តអត់ធ្មត់ពិតជាគុណសម្បត្តិដ៏ថ្លៃថ្លាដែលផ្ដល់ប្រយោជន៍ដល់យើងទាំងអស់គ្នា! យើងមិនតែងតែស្រួលមានចិត្តអត់ធ្មត់ទេ តែដោយមានជំនួយពីព្រះយេហូវ៉ា យើងអាចបន្តមានគុណសម្បត្តិនេះថែមទៀត។ ម្យ៉ាងទៀត កាលដែលយើងរង់ចាំពិភពលោកថ្មីដោយចិត្តអត់ធ្មត់ យើងអាចមានទំនុកចិត្តថា«ភ្នែករបស់ព្រះយេហូវ៉ាតាមមើលអស់អ្នកដែលកោតខ្លាចលោក គឺអស់អ្នកដែលរង់ចាំទទួលសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោក»។ (ចសព. ៣៣:១៨) សូមយើងទាំងអស់គ្នាបន្ដតាំងចិត្តបំពាក់ខ្លួនដោយចិត្តអត់ធ្មត់។ w២៣.០៨ ទំ.២២ វ.៧; ទំ.២៥ វ.១៦-១៧