ថ្ងៃពុធ ទី២២ ខែតុលា
ប្រសិនបើមានជំនឿ តែគ្មានការប្រព្រឹត្ត ជំនឿនោះគឺស្លាប់ហើយ។—យ៉ា. ២:១៧
យ៉ាកុបលើកឡើងថាបុគ្គលណាម្នាក់ប្រហែលជាអះអាងថាខ្លួនមានជំនឿ ប៉ុន្តែការប្រព្រឹត្តរបស់គាត់គឺផ្ទុយស្រឡះ។ (យ៉ា. ២:១-៥, ៩) យ៉ាកុបក៏បានលើកឡើងដែរអំពីបុគ្គលដែលបានឃើញ«បងប្អូនប្រុសឬបងប្អូនស្រីណាម្នាក់គ្មានសម្លៀកបំពាក់ ឬអាហារគ្រប់គ្រាន់» ប៉ុន្តែមិនបានផ្ដល់ជំនួយទេ។ ទោះជាបុគ្គលនោះអះអាងថាគាត់មានជំនឿក្ដី ការប្រព្រឹត្តរបស់គាត់បានបង្ហាញថាគាត់គ្មានជំនឿឡើយ។ (យ៉ា. ២:១៤-១៦) យ៉ាកុបបានលើកឡើងថារ៉ាហាបជាគំរូដ៏ល្អស្ដីអំពីជំនឿដែលមានការប្រព្រឹត្ត។ (យ៉ា. ២:២៥, ២៦) រ៉ាហាបបានឮអំពីព្រះយេហូវ៉ា ហើយបានទទួលស្គាល់ថាលោកកំពុងគាំទ្រជនជាតិអ៊ីស្រាអែល។ (យ៉ូស. ២:៩-១១) គាត់បានបង្ហាញជំនឿដោយការប្រព្រឹត្ត ពោលគឺគាត់បានការពារអ្នកស៊ើបការណ៍ជនជាតិអ៊ីស្រាអែលពីរនាក់ពេលដែលពួកគេស្ថិតក្នុងគ្រោះថ្នាក់។ ជាលទ្ធផល ស្ត្រីមិនល្អឥតខ្ចោះដែលមិនមែនជាជនជាតិអ៊ីស្រាអែលនេះបានត្រូវចាត់ទុកជាមនុស្សសុចរិត ដូចដែលអាប្រាហាំបានត្រូវចាត់ទុកដែរ។ គំរូរបស់ស្ត្រីនោះបញ្ជាក់ថាជំនឿដែលមានការប្រព្រឹត្តគឺសំខាន់ណាស់។ w២៣.១២ ទំ.៥-៦ វ.១២-១៣
ថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា
សូមឲ្យអ្នករាល់គ្នាបានចាក់ឫស ហើយបានតាំងឡើងលើគ្រឹះមាំមួន។—អេភ. ៣:១៧
ក្នុងនាមជាគ្រិស្តសាសនិក យើងមិនគ្រាន់តែចង់យល់សេចក្ដីបង្រៀនបឋមនៃគម្ពីរប៉ុណ្ណោះទេ។ យើងក៏ចង់រៀន«សូម្បីតែសេចក្ដីជ្រាលជ្រៅរបស់ព្រះ» ដោយមានជំនួយពីឫទ្ធានុភាពបរិសុទ្ធរបស់លោក។ (១កូ. ២:៩, ១០) សូមរៀបចំធ្វើការសិក្សាផ្ទាល់ខ្លួនដែលនឹងធ្វើឲ្យអ្នកចូលកាន់តែជិតព្រះយេហូវ៉ា។ ជាឧទាហរណ៍ អ្នកអាចធ្វើការស្រាវជ្រាវអំពីរបៀបដែលលោកបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកបម្រើរបស់លោកនៅសម័យបុរាណ និងរបៀបដែលនោះបង្ហាញថាលោកស្រឡាញ់អ្នកដែរ។ អ្នកអាចពិនិត្យមើលការរៀបចំរបស់ព្រះយេហូវ៉ាដើម្បីគោរពប្រណិប័តន៍លោកនៅស្រុកអ៊ីស្រាអែលសម័យបុរាណ ហើយប្រៀបធៀបនោះទៅនឹងការរៀបចំរបស់គ្រិស្តសាសនិកនៅសព្វថ្ងៃ ឬប្រហែលជាអ្នកអាចសិក្សាយ៉ាងជ្រាលជ្រៅអំពីទំនាយដែលលោកយេស៊ូបានសម្រេចក្នុងអំឡុងជីវិតនិងកិច្ចបម្រើរបស់លោកនៅផែនដី។ អ្នកអាចអរសប្បាយសិក្សាប្រធានបទបែបនេះ ដោយមានជំនួយពីសៀវភៅជំនួយស្រាវជ្រាវសម្រាប់សាក្សីព្រះយេហូវ៉ា។ ការសិក្សាគម្ពីរយ៉ាងស៊ីជម្រៅអាចពង្រឹងជំនឿរបស់អ្នក ហើយជួយអ្នកឲ្យ«រកឃើញចំណេះអំពីព្រះ»។—សុភ. ២:៤, ៥ w២៣.១០ ទំ.១៨-១៩ វ.៣-៥
ថ្ងៃសុក្រ ទី២៤ ខែតុលា
ជាពិសេស ចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យខ្លាំង ពីព្រោះសេចក្ដីស្រឡាញ់គ្របបាំងការខុសឆ្គងជាច្រើន។—១ពេ. ៤:៨
ពាក្យ«ឲ្យខ្លាំង»ដែលសាវ័កពេត្រុសបានប្រើមានន័យត្រង់ថាលាតសន្ធឹង។ ផ្នែកទី២នៃខនេះរៀបរាប់អំពីឥទ្ធិពលដែលសេចក្ដីស្រឡាញ់ខ្លាំងអាចមាន។ នោះគឺគ្របបាំងការខុសឆ្គងរបស់បងប្អូន។ ជាឧទាហរណ៍ សូមស្រមៃគិតអំពីតុមួយដែលមានស្នាមជាច្រើន។ យើងអាចយកផ្ទាំងក្រណាត់មួយលាតសន្ធឹងលើតុនោះដើម្បីមិនគ្រាន់តែបិទបាំងស្នាមមួយឬពីរប៉ុណ្ណោះទេ តែស្នាមជាច្រើន។ ស្រដៀងគ្នាដែរ បើយើងស្រឡាញ់បងប្អូនរបស់យើងឲ្យខ្លាំង យើងអាចគ្របបាំងឬអភ័យទោសមិនគ្រាន់តែភាពមិនល្អឥតខ្ចោះមួយឬពីរប៉ុណ្ណោះទេ តែ«ការខុសឆ្គងជាច្រើន»។ សេចក្ដីស្រឡាញ់របស់យើងចំពោះបងប្អូនរួមជំនឿគួរខ្លាំងល្មមដែលយើងអាចអភ័យទោសចំពោះភាពមិនល្អឥតខ្ចោះរបស់ពួកគេ ទោះជានោះគឺពិបាកខ្លាំងណាស់ក្ដី។ (កូឡ. ៣:១៣) ពេលយើងអភ័យទោសឲ្យអ្នកឯទៀត យើងបង្ហាញថាសេចក្ដីស្រឡាញ់របស់យើងគឺខ្លាំង ហើយថាយើងចង់ទទួលការពេញចិត្តពីព្រះយេហូវ៉ា។ w២៣.១១ ទំ.១១-១២ វ.១៣-១៥