រ៉ូម
១២ បងប្អូនអើយ ហេតុនេះខ្ញុំសូមអង្វរអ្នករាល់គ្នាដោយសេចក្ដីមេត្ដាករុណារបស់ព្រះ ឲ្យប្រគល់រូបកាយរបស់ខ្លួនជាគ្រឿងបូជាដែលមានជីវិត ក៏បរិសុទ្ធ ហើយគាប់ចិត្តព្រះ ធ្វើដូច្នេះអ្នករាល់គ្នានឹងបំពេញកិច្ចបម្រើពិសិដ្ឋដោយប្រើសមត្ថភាពរិះគិត។ ២ ហើយឈប់យកតម្រាប់តាមរបៀបរបបពិភពលោកនេះ តែចូរទទួលការកែប្រែទាំងស្រុង ដោយផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូររបស់អ្នករាល់គ្នាវិញ ដើម្បីឲ្យអ្នករាល់គ្នាពិសោធមើលដោយខ្លួនអ្នកឲ្យដឹងនូវបំណងប្រាថ្នាដ៏ប្រសើរ សមរម្យ និងល្អឥតខ្ចោះរបស់ព្រះ។
៣ ព្រោះតាមរយៈគុណដ៏វិសេសលើសលប់ដែលខ្ញុំបានទទួល ខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នានៅទីនោះថា កុំគិតថាខ្លួនមានតម្លៃលើសពីអ្វីដែលត្រូវគិត តែចូរមានគំនិតសមហេតុសមផល តាមដែលព្រះបានផ្ដល់ជំនឿមួយកម្រិតដល់អ្នករាល់គ្នាម្នាក់ៗ។ ៤ ព្រោះដូចយើងមានរូបកាយមួយដែលមានអវយវៈជាច្រើន តែអវយវៈនីមួយៗមានមុខងារខុសៗគ្នា ៥ នោះយើងក៏ជារូបកាយតែមួយរួមជាមួយនឹងគ្រិស្ត ទោះជាយើងមានគ្នាច្រើនក៏ដោយ តែជាអវយវៈដែលត្រូវការគ្នាទៅវិញទៅមក។ ៦ ម្ល៉ោះហើយ ដោយសារយើងបានអំណោយផ្សេងៗពីគ្នា ស្របទៅតាមគុណដ៏វិសេសលើសលប់ដែលបានត្រូវផ្ដល់ឲ្យយើង ទោះបីជាការប្រកាសទំនាយក៏ដោយ ចូរបន្តប្រកាសទំនាយ ស្របទៅតាមជំនឿដែលបានត្រូវផ្ដល់ឲ្យយើង ៧ ឬទោះជាកិច្ចបម្រើក៏ដោយ ចូរបន្តបំពេញកិច្ចបម្រើនោះ ឬក៏អ្នកណាដែលបង្រៀន ចូរឲ្យអ្នកនោះបន្តបង្រៀនចុះ ៨ ឬអ្នកណាដែលបំផុសទឹកចិត្ត ចូរឲ្យអ្នកនោះបន្តបំផុសទឹកចិត្តទៅ ឯអ្នកណាដែលចែកចាយ ចូរឲ្យអ្នកនោះចែកចាយដោយចិត្តទូលាយ ហើយអ្នកណាដែលដឹកនាំ ចូរឲ្យអ្នកនោះដឹកនាំយ៉ាងអស់ពីចិត្ត ឯអ្នកណាដែលបង្ហាញសេចក្ដីមេត្ដាករុណា ចូរឲ្យអ្នកនោះបង្ហាញដោយចិត្តរីករាយចុះ។
៩ ចូរបង្ហាញសេចក្ដីស្រឡាញ់ដោយគ្មានពុតត្បុត។ ចូរស្អប់ខ្ពើមអ្វីៗដែលទុច្ចរិត ហើយកាន់ខ្ជាប់អ្វីៗដែលល្អ។ ១០ ចូរស្រឡាញ់គ្នាជាបងប្អូនដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ។ ក្នុងការលើកកិត្ដិយសគ្នាទៅវិញទៅមក ចូរលើកកិត្ដិយសគេមុន។ ១១ កុំខ្ជិលក្នុងកិច្ចការរបស់អ្នកឡើយ។ ចូរមានចិត្តពុះកញ្ជ្រោលដោយសកម្មពល* របស់ព្រះ។ ចូរខំធ្វើការដូចជាខ្ញុំបម្រើដើម្បីព្រះយេហូវ៉ា។ ១២ ចូរអរសប្បាយនឹងសេចក្ដីសង្ឃឹម។ ចូរស៊ូទ្រាំសេចក្ដីវេទនា។ ចូរតស៊ូក្នុងការអធិដ្ឋាន។ ១៣ ចូរចែកឲ្យពួកអ្នកបរិសុទ្ធតាមសេចក្ដីត្រូវការរបស់ពួកគាត់។ ចូរមានទម្លាប់ទទួលអ្នកឯទៀតដោយរាក់ទាក់។ ១៤ ចូរឲ្យពរអ្នកដែលបៀតបៀន។ ចូរឲ្យពរ ហើយកុំដាក់បណ្ដាសាឡើយ។ ១៥ ចូរអរសប្បាយជាមួយនឹងអ្នកដែលកំពុងអរសប្បាយ។ ចូរយំជាមួយនឹងអ្នកដែលកំពុងយំ។ ១៦ ចូរមានទស្សនៈចំពោះអ្នកឯទៀត ដូចទស្សនៈដែលអ្នកមានចំពោះខ្លួនឯង។ កុំមានគំនិតអួតខ្លួន តែចូរឲ្យគំនិតរាបទាបដឹកនាំអ្នកវិញ។ កុំគិតថាខ្លួនជាអ្នកដែលចេះពិចារណាឡើយ។
១៧ កុំតបស្នងការអាក្រក់ដល់អ្នកណាដែលធ្វើអាក្រក់ចំពោះអ្នកឲ្យសោះ។ ចូរធ្វើអ្វីដែលមនុស្សទាំងអស់ចាត់ទុកជាការល្អប្រសើរ។ ១៨ ចូរខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យមានសន្ដិភាពជាមួយនឹងមនុស្សទាំងអស់ ប្រសិនបើអាចធ្វើទៅបាន។ ១៩ បងប្អូនជាទីស្រឡាញ់ កុំសងសឹកដោយខ្លួនអ្នកឡើយ តែចូរទុកឲ្យព្រះបង្ហាញសេចក្ដីក្រោធរបស់លោកចំពោះអំពើខុសឆ្គង ព្រោះបទគម្ពីរចែងថា៖ «ព្រះយេហូវ៉ាមានប្រសាសន៍ថា ការសងសឹកជារបស់ខ្ញុំ ខ្ញុំនឹងសងគេវិញ»។ ២០ ប៉ុន្តែ«ប្រសិនបើសត្រូវរបស់អ្នកឃ្លាន ចូរឲ្យអាហារគាត់បរិភោគ ហើយប្រសិនបើគាត់ស្រេក ចូរឲ្យគាត់ផឹកចុះ ព្រោះបើធ្វើដូច្នេះ អ្នកនឹងគររងើកភ្លើងនៅលើក្បាលគាត់»។ ២១ កុំឲ្យសេចក្ដីអាក្រក់ឈ្នះអ្នកឡើយ តែចូរបន្តឈ្នះសេចក្ដីអាក្រក់ដោយសេចក្ដីល្អវិញ។