បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt បទទំនួញ ១:១-៥:២២
  • បទទំនួញ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • បទទំនួញ
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
បទទំនួញ

បទ​ទំនួញ

א [​អាល់ឡេហ្វ​]*

១ ពី​មុន​នាង​ជា​ក្រុង​ដែល​មាន​មនុស្ស​ច្រើន​កុះ​ករ ឥឡូវ​នាង​បែរ​ជា​អង្គុយ​នៅ​ឯកា!+

នាង​ធ្លាប់​តែ​មាន​បណ្ដា​ជន​ច្រើន បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ប្រជា​ជាតិ​ឯ​ទៀត តែ​នាង​បាន​ក្លាយ​ជា​ស្ត្រី​មេម៉ាយ​វិញ!+

នាង​ធ្លាប់​ជា​ម្ចាស់​ក្សត្រី​ក្នុង​ចំណោម​ខេត្ត​ទាំង​ឡាយ តែ​នាង​បែរ​ជា​ត្រូវ​គេ​បង្ខំ ឲ្យ​ធ្វើ​ការ​យ៉ាង​លំបាក!+

ב [​បេត​]

 ២ នៅ​ពេល​យប់​នាង​យំ​ឥត​ឈប់+ ទឹក​ភ្នែក​នាង​ហូរ​ជោក​ថ្ពាល់។

ឥត​មាន​គូ​ស្នេហ៍​ណា​ម្នាក់​របស់​នាង មក​សម្រាល​ទុក្ខ​នាង​ឡើយ។+

មិត្ត​សម្លាញ់​ទាំង​អស់​បាន​ក្បត់​នាង+ ពួក​គេ​ក្លាយ​ជា​សត្រូវ​របស់​នាង។

ג [​គីមេល​]

 ៣ យូដា​បាន​ត្រូវ​ចាប់​យក​ទៅ​ជា​ឈ្លើយ+ នាង​រង​ទុក្ខ​វេទនា ហើយ​ក្លាយ​ជា​ខ្ញុំ​បម្រើ​ដែល​ត្រូវ​គេ​ធ្វើ​បាប​យ៉ាង​សាហាវ។+

នាង​ត្រូវ​ស្នាក់​អាស្រ័យ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា+ នាង​គ្មាន​សេចក្ដី​សុខ​ទាល់​តែ​សោះ។

ពួក​អ្នក​បៀត​បៀន​ទាំង​អស់​បាន​ដេញ​ទាន់​នាង​ក្នុង​ពេល​ដែល​នាង​រង​ទុក្ខ​លំបាក។

ד [​ដាលេត​]

 ៤ ផ្លូវ​ទៅ​កាន់​ស៊ីយ៉ូន​កំពុង​កើត​ទុក្ខ ព្រោះ​តែ​គ្មាន​អ្នក​ណា​មក​ពិធី​បុណ្យ។+

គ្រប់​ទាំង​ទ្វារ​របស់​នាង​បាន​បាក់​បែក+ ឯ​ពួក​សង្ឃ​កំពុង​ដក​ដង្ហើម​ធំ។

ពួក​ស្ត្រី​វ័យ​ក្មេង*របស់​នាង​កំពុង​សោកសង្រេង​ហើយ​នាង​ឈឺ​ចាប់​ខ្លាំង​ណាស់។

ה [​ហេ​]

 ៥ ពួក​សត្រូវ​របស់​នាង ឥឡូវ​បាន​ក្លាយ​ជា​ម្ចាស់​នាង​វិញ។ ពួក​ខ្មាំង​របស់​នាង​គ្មាន​ទុក្ខ​ព្រួយ​ឡើយ។+

ព្រោះ​ព្រះ​យេហូវ៉ា​បាន​នាំ​ឲ្យ​នាង​ជួប​ទុក្ខ​វេទនា ដោយ​សារ​នាង​បាន​ប្រព្រឹត្ត​អំពើ​រំលង​ជា​ច្រើន។+

កូន​របស់​នាង​បាន​ត្រូវ​ពួក​ខ្មាំង​សត្រូវ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ។+

ו [​វ៉ោ​]

 ៦ ភាព​រុង​រឿង​ទាំង​អស់​បាន​ចេញ​ពី​កូន​ស្រី​ស៊ីយ៉ូន​ហើយ។+

ពួក​មន្ត្រី​របស់​នាង​ប្រៀប​ដូច​ជា​ក្ដាន់​ដែល​រក​វាល​ស្មៅ​មិន​បាន

ហើយ​ពួក​គេ​ដើរ​ទៅ​ទាំង​អស់​កម្លាំង កាល​ដែល​គេច​ខ្លួន​ពី​ពួក​អ្នក​ដែល​ដេញ​តាម​ពួក​គេ។

ז [​ហ្សាយីន​]

 ៧ ក្នុង​ថ្ងៃ​ដែល​យេរូសាឡិម*ជួប​ទុក្ខ​វេទនា ហើយ​គ្មាន​ផ្ទះ​សម្បែង

នោះ​នាង​ក៏​នឹក​ដល់​វត្ថុ​ទ្រព្យ​មាន​តម្លៃ​ទាំង​ប៉ុន្មាន​ដែល​នាង​ធ្លាប់​មាន​ជា​យូរ​យារ​មក​ហើយ។+

ពេល​បណ្ដា​រាស្ត្រ​របស់​នាង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​សត្រូវ នោះ​គ្មាន​អ្នក​ណា​ជួយ​នាង​ទេ។+

ពួក​សត្រូវ​បាន​សើច​ចំអក​ឲ្យ​នាង ពេល​ឃើញ​នាង​ដួល​ចុះ។+

ח [​ហេត​]

 ៨ យេរូសាឡិម​បាន​ធ្វើ​អំពើ​ខុស​ឆ្គង​ច្រើន​ក្រៃ​លែង។+

ហេតុ​នេះ នាង​ក្លាយ​ជា​របស់​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម។

អស់​អ្នក​ដែល​ធ្លាប់​គោរព​នាង ឥឡូវ​បែរ​ជា​ប្រមាថ​មើល​ងាយ​នាង​ព្រោះ​ពួក​គេ​ឃើញ​នាង​អាក្រាត។+

នាង​ថ្ងូរ​សោកសៅ+ ហើយ​បែរ​ចេញ​ដោយ​អាម៉ាស់។

ט [​ថេត​]

 ៩ សំពត់​របស់​នាង​ស្មោក​គ្រោក

នាង​មិន​បាន​គិត​ដល់​អនាគត​របស់​នាង​ទេ។+

នាង​ដួល​ចុះ​ក្នុង​ស្ថានភាព​ដ៏​គួរ​ឲ្យ​រន្ធត់។ គ្មាន​អ្នក​ណា​មក​សម្រាល​ទុក្ខ​នាង​ឡើយ។

ឱ​ព្រះ​យេហូវ៉ា សូម​មេត្តា​មើល​ទុក្ខ​វេទនា​របស់​ខ្ញុំ​ផង​ព្រោះ​សត្រូវ​បាន​លើក​តម្កើង​ខ្លួន​ហើយ។+

י [​យ៉ូដ​]

១០ សត្រូវ​បាន​រឹប​យក​ទ្រព្យ​មាន​តម្លៃ​ទាំង​អស់​របស់​នាង។+

នាង​បាន​ឃើញ​ប្រជា​ជាតិ​នា​នា​ចូល​ក្នុង​ទី​បរិសុទ្ធ​របស់​នាង+

ពួក​គេ​ជា​អ្នក​ដែល​លោក​បាន​បង្គាប់​មិន​ឲ្យ​ចូល​ក្នុង​ចំណោម​រាស្ត្រ​របស់​លោក។

כ [​កាប​]

១១ បណ្ដា​រាស្ត្រ​របស់​នាង​កំពុង​ដក​ដង្ហើម​ធំ ពួក​គេ​ស្វែង​រក​អាហារ​បរិភោគ។+

ពួក​គេ​បាន​ឲ្យ​របស់​មាន​តម្លៃ​ដូរ​យក​អាហារ​ដើម្បី​រស់​ត​ទៅ​ទៀត។

ឱ​ព្រះ​យេហូវ៉ា​អើយ សូម​មើល! ខ្ញុំ​បាន​ក្លាយ​ជា​ស្ត្រី*ដែល​ឥត​បាន​ការ។

ל [​ឡាមេត​]

១២ អស់​អ្នក​ដែល​ដើរ​កាត់​ផ្លូវ​នេះ តើ​ពួក​អ្នក​គ្មាន​អារម្មណ៍​អ្វី​សោះ​ឬ?

ចូរ​មើល​ទៅ! តើ​មាន​អ្នក​ណា​ឈឺ​ចាប់​ដូច​ខ្ញុំ​ទេ?

ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រង​ទុក្ខ​វេទនា​ក្នុង​ថ្ងៃ​នៃ​កំហឹង​របស់​លោក។+

מ [​មេម​]

១៣ លោក​បាន​ចាត់​ភ្លើង​ពី​ស្ថាន​សួគ៌​ឲ្យ​មក​ឆេះ​ឆ្អឹង+ទាំង​អស់​របស់​ខ្ញុំ។

លោក​លាត​សំណាញ់​សម្រាប់​ទាក់​ជើង​ខ្ញុំ។ លោក​បង្ខំ​ខ្ញុំ​ឲ្យ​ត្រឡប់​ទៅ​វិញ។

លោក​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​ស្ត្រី​ដែល​គេ​បោះ​បង់​ចោល។

ខ្ញុំ​ឈឺ​ពេញ​មួយ​ថ្ងៃ។

נ [​នុន​]

១៤ ការ​រំលង​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​នឹម លោក​បាន​ចង​ដោយ​ដៃ​របស់​លោក​ផ្ទាល់។

រួច​លោក​ដាក់​នឹម​នោះ​លើ ក​ខ្ញុំ ហើយ​កម្លាំង​របស់​ខ្ញុំ​ក៏​ខ្សោះ​អស់​ទៅ។

ព្រះ​យេហូវ៉ា​បាន​ប្រគល់​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​ដែល​ខ្ញុំ​មិន​អាច​ត​ស៊ូ​បាន។+

ס [​សាមេក​]

១៥ ព្រះ​យេហូវ៉ា​បាន​កម្ចាយ​ពួក​បុរស​ខ្លាំង​ក្លា​របស់​ខ្ញុំ​ឲ្យ​ចេញ​អស់​ពី​ខ្ញុំ។+

លោក​បាន​កោះ​ហៅ​ក្រុម​មនុស្ស​ឲ្យ​មក​ប្រហារ​ពួក​យុវជន​របស់​ខ្ញុំ។+

ព្រះ​យេហូវ៉ា​បាន​ជញ្ជ្រំ​កូន​ក្រមុំ​បរិសុទ្ធ​នៃ​យូដា* គឺ​លោក​ជញ្ជ្រំ​ពួក​នាង​នៅ​កន្លែង​សម្រាប់​ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ​យក​ទឹក​ធ្វើ​ស្រា។+

ע [​អាយីន​]

១៦ ខ្ញុំ​យំ​ដោយ​សារ​អ្វី​ៗ​ទាំង​នេះ+ ទឹក​ភ្នែក​ខ្ញុំ​ហូរ​សស្រាក់។

ព្រោះ​មនុស្ស​ដែល​អាច​សម្រាល​ទុក្ខ​ខ្ញុំ ឬ​អាច​ផ្ដល់​កម្លាំង​ដល់​ខ្ញុំ ក៏​នៅ​ឆ្ងាយ​ពី​ខ្ញុំ។

កូន​ប្រុស​ៗ​របស់​ខ្ញុំ​អស់​សង្ឃឹម ដោយ​សារ​តែ​សត្រូវ​បាន​វាយ​ឈ្នះ។

פ [​ភេ​]

១៧ ស៊ីយ៉ូន​បាន​លាត​ដៃ​ទៅ+ តែ​គ្មាន​អ្នក​ណា​ម្នាក់​សម្រាល​ទុក្ខ​នាង​ទេ។

ព្រះ​យេហូវ៉ា​បាន​បង្គាប់​សត្រូវ​ទាំង​អស់​ដែល​នៅ​ជុំវិញ​យ៉ាកុប​ឲ្យ​វាយ​ប្រហារ​គាត់។+

យេរូសាឡិម​បាន​ក្លាយ​ទៅ​ជា​អ្វី​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម​ចំពោះ​ពួក​គេ។+

צ [​សាដេ​]

១៨ ព្រះ​យេហូវ៉ា​ធ្វើ​ដូច្នោះ​គឺ​សុចរិត+ ដោយ​សារ​ខ្ញុំ​មិន​បាន​ធ្វើ​តាម​បង្គាប់​លោក។+

ជន​ជាតិ​ទាំង​ឡាយ​អើយ ចូរ​ស្ដាប់ ហើយ​មើល​ការ​ឈឺ​ចាប់​របស់​ខ្ញុំ​ផង។

ពួក​ស្ត្រី​វ័យ​ក្មេង*និង​ពួក​យុវជន​របស់​ខ្ញុំ​បាន​ត្រូវ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​ហើយ។+

ק [​ឃូហ្វ​]

១៩ ខ្ញុំ​បាន​ស្រែក​រក​គូ​ស្នេហ៍​របស់​ខ្ញុំ តែ​ពួក​គេ​បាន​ក្បត់​ខ្ញុំ។+

ពួក​សង្ឃ​និង​ពួក​បុរស​ចាស់​ទុំ​របស់​ខ្ញុំ​បាន​ស្លាប់​នៅ​ក្នុង​ក្រុង

អំឡុង​ពេល​ដែល​ពួក​គេ​ស្វែង​រក​អាហារ​ដើម្បី​រស់​ត​ទៅ​ទៀត។+

ר [​រ៉េស​]

២០ ឱ​ព្រះ​យេហូវ៉ា សូម​មេត្តា​មើល​ចុះ ខ្ញុំ​រង​ទុក្ខ​ពន់​ពេក​ក្រៃ។

ក្នុង​ខ្លួន​ខ្ញុំ*រមួល​នៅ​មិន​សុខ។

ចិត្ត​ខ្ញុំ​សែន​ឈឺ​រក​ថ្លែង​ពុំ​បាន ព្រោះ​ខ្ញុំ​ពិត​ជា​បាន​បះ​បោរ​ប្រឆាំង​យ៉ាង​ខ្លាំង។+

នៅ​ខាង​ក្រៅ​ផ្ទះ​មាន​ដាវ​ចាំ​សម្លាប់+ ឯ​នៅ​ខាង​ក្នុង​ផ្ទះ​ក៏​មាន​សេចក្ដី​ស្លាប់​ដែរ។

ש [​ស៊ីន​]

២១ មនុស្ស​បាន​ឮ​ខ្ញុំ​ដក​ដង្ហើម​ធំ តែ​គ្មាន​អ្នក​ណា​មក​សម្រាល​ទុក្ខ​ខ្ញុំ​ទេ។

សត្រូវ​ទាំង​អស់​បាន​ឮ​អំពី​អន្តរាយ​របស់​ខ្ញុំ។

ពួក​គេ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដោយ​សារ​លោក​នាំ​ឲ្យ​ខ្ញុំ​ជួប​រឿង​បែប​នេះ។+

ប៉ុន្តែ គង់​មាន​ថ្ងៃ​មួយ​ដែល​លោក​នឹង​ធ្វើ​ចំពោះ​ពួក​គេ​ដូច​ដែល​លោក​បាន​ប្រកាស​ទុក។+ នៅ​ថ្ងៃ​នោះ​ពួក​គេ​នឹង​បាន​ដូច​ជា​ខ្ញុំ។+

ת [​ថាវ​]

២២ សូម​លោក​មើល​ទង្វើ​អាក្រក់​ទាំង​អស់​របស់​ពួក​គេ ហើយ​សូម​លោក​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់+

ដូច​ដែល​លោក​បាន​ធ្វើ​ចំពោះ​ខ្ញុំ ដោយ​សារ​ការ​រំលង​ទាំង​អស់​របស់​ខ្ញុំ។

ខ្ញុំ​ដក​ដង្ហើម​ធំ​ច្រើន​ដង ហើយ​ចិត្ត​របស់​ខ្ញុំ​ឈឺ​ផ្សា​ខ្លាំង​ណាស់។

א [​អាល់ឡេហ្វ​]

២ ពពក​នៃ​កំហឹង​របស់​ព្រះ​យេហូវ៉ា​បាន​គ្រប​លើ​កូន​ស្រី​នៃ​ស៊ីយ៉ូន*ហើយ!

លោក​បាន​បោះ​សិរី​រុង​រឿង​របស់​អ៊ីស្រាអែល​ពី​ស្ថាន​សួគ៌​មក​ផែនដី។+

នៅ​ថ្ងៃ​នៃ​កំហឹង​របស់​លោក លោក​មិន​បាន​ចង​ចាំ​កំណល់​ជើង+​របស់​លោក​ទេ។

ב [​បេត​]

 ២ ព្រះ​យេហូវ៉ា​បាន​បំផ្លាញ​អស់​ទាំង​ទី​អាស្រ័យ​នៅ​របស់​យ៉ាកុប​ដោយ​ឥត​ត្រា​ប្រណី។

ព្រោះ​តែ​កំហឹង​របស់​លោក លោក​បាន​បំបាក់​បំបែក​បន្ទាយ​មាំ​មួន​ទាំង​ប៉ុន្មាន​របស់​កូន​ស្រី​នៃ​យូដា។*+

លោក​បាន​បង្អាប់​បង្អោន ហើយ​ផ្ដួល​រំលំ​រាជាណាចក្រ+និង​ពួក​មន្ត្រី​របស់​នាង។+

ג [​គីមេល​]

 ៣ ពេល​កំហឹង​របស់​លោក​ឆួល​ឡើង លោក​បាន​កាត់​ផ្ដាច់​កម្លាំង*ទាំង​អស់​របស់​អ៊ីស្រាអែល។

ពេល​សត្រូវ​សម្រុក​ចូល​មក​ប្រយុទ្ធ​នឹង​អ៊ីស្រាអែល លោក​បាន​ដក​ដៃ​ស្ដាំ​របស់​លោក​ចេញ+

ហើយ​លោក​នៅ​តែ​ខឹង​យ៉ាកុប ដូច​ជា​ភ្លើង​ដែល​ឆេះ​បន្សុស​អ្វី​ៗ​ទាំង​អស់​ដែល​នៅ​ជុំវិញ។+

ד [​ដាលេត​]

 ៤ លោក​បាន​យឹត​ធ្នូ​ដូច​ជា​សត្រូវ ហើយ​ដៃ​ស្ដាំ​របស់​លោក​ប្រុង​ប្រៀប​ប្រយុទ្ធ​ដូច​ជា​ខ្មាំង។+

លោក​បន្ត​សម្លាប់​អស់​អ្នក​ដែល​ជា​ទី​គាប់​ចិត្ត។+

លោក​បាន​បញ្ចេញ​កំហឹង​ដូច​ជា​ភ្លើង+មក​លើ​ត្រសាល​របស់​កូន​ស្រី​នៃ​ស៊ីយ៉ូន។+

ה [​ហេ​]

 ៥ ព្រះ​យេហូវ៉ា​ប្រៀប​ដូច​ជា​សត្រូវ​នឹង​យើង+

លោក​បាន​ធ្វើ​ឲ្យ​អ៊ីស្រាអែល​វិនាស​អន្តរាយ។

លោក​បាន​លេប​អស់​ទាំង​ប៉ម​របស់​នាង។

លោក​បាន​បំផ្លាញ​បន្ទាយ​មាំ​មួន​ទាំង​អស់​ចោល

ហើយ​លោក​នាំ​ឲ្យ​មាន​ការ​សោកសង្រេង​និង​ការ​ទួញ​យំ​នៅ​ពាស​ពេញ​ក្នុង​យូដា។*

ו [​វ៉ោ​]

 ៦ លោក​កម្ទេច​ខ្ទម​របស់​លោក+ ដូច​កម្ទេច​រោង​នៅ​សួន។

លោក​បាន​បញ្ចប់*បុណ្យ​របស់​លោក។+

ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មនុស្ស​នៅ​ស៊ីយ៉ូន​លែង​នឹក​ចាំ​អំពី​បុណ្យ​នោះ​និង​ថ្ងៃ​ឈប់​សម្រាក​ទៀត

ហើយ​លោក​លែង​អើពើ​នឹង​ស្ដេច​ឬ​សង្ឃ​ទៀត​ដោយ​សារ​លោក​ខឹង​យ៉ាង​ខ្លាំង។+

ז [​ហ្សាយីន​]

 ៧ ព្រះ​យេហូវ៉ា​មិន​ទទួល​ស្គាល់​ទី​បូជា​របស់​លោក​ទេ។

លោក​លែង​ទទួល​ស្គាល់​ទី​បរិសុទ្ធ​របស់​លោក​ទៀត។+

លោក​បាន​ប្រគល់​កំពែង​នៃ​បន្ទាយ​មាំ​មួន​របស់​នាង​ទៅ​ក្នុង​កណ្ដាប់​ដៃ​សត្រូវ។+

ពួក​គេ​បាន​ស្រែក​ហ៊ោ​នៅ​ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា+​ដូច​ស្រែក​ហ៊ោ​នៅ​ថ្ងៃ​បុណ្យ។

ח [​ហេត​]

 ៨ ព្រះ​យេហូវ៉ា​បាន​តាំង​ចិត្ត​បំផ្លាញ​កំពែង​របស់​កូន​ស្រី​នៃ​ស៊ីយ៉ូន។+

លោក​បាន​ទាញ​ខ្សែ​វាស់​រួច​ហើយ។+

លោក​មិន​ស្ទាក់​ស្ទើរ​នាំ​សេចក្ដី​ហិន​វិនាស​មក​លើ​នាង​ទេ។

លោក​ធ្វើ​ឲ្យ​របាំង​ការ​ពារ​និង​កំពែង​របស់​នាង​កើត​ទុក្ខ

ហើយ​ធ្វើ​ឲ្យ​ពួក​វា​បាត់​បង់​កម្លាំង។

ט [​ថេត​]

 ៩ ទ្វារ​កំពែង​របស់​នាង​បាន​ស្រុត​ចុះ​ទៅ​ក្នុង​ដី។+

លោក​បាន​បំផ្លាញ​និង​បំបាក់​រនុក​ទ្វារ​របស់​នាង។

ចំណែក​ឯ​ស្ដេច​និង​ពួក​មន្ត្រី​របស់​នាង​ត្រូវ​ទៅ​រស់​នៅ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា។+

នៅ​ទី​នោះ​លែង​មាន​ច្បាប់*ទៀត។ សូម្បី​តែ​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​នាង​ក៏​មិន​បាន​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ​យេហូវ៉ា​ដែរ។+

י [​យ៉ូដ​]

១០ ពួក​បុរស​ចាស់​ទុំ​របស់​កូន​ស្រី​នៃ​ស៊ីយ៉ូន​អង្គុយ​លើ​ដី​យ៉ាង​ស្ងៀម​ស្ងាត់។+

ពួក​គេ​ដាក់​ដី​លើ​ក្បាល ហើយ​ស្លៀក​បាវ។+

ពួក​ស្រី​ក្រមុំ​បរិសុទ្ធ​នៃ​យេរូសាឡិម​បាន​ក្រាប​ក្បាល​ដល់​ដី។

כ [​កាប​]

១១ ភ្នែក​របស់​ខ្ញុំ​ខ្សោយ​ទៅ​ដោយ​សារ​ទឹក​ភ្នែក​ខ្ញុំ​ហូរ​ឥត​ឈប់។+

ក្នុង​ខ្លួន​ខ្ញុំ*រមួល​នៅ​មិន​សុខ។

ចិត្ត​របស់​ខ្ញុំ​ខ្ទេច​ខ្ទាំ​អស់​ហើយ* ព្រោះ​តែ​ឃើញ​កូន​ស្រី​របស់*រាស្ត្រ​ខ្ញុំ​ជួប​សេចក្ដី​ហិន​វិនាស+

និង​ព្រោះ​តែ​ឃើញ​កូន​ក្មេង​និង​ទារក​ជិត​សន្លប់​នៅ​តាម​ទី​លាន​សាធារណៈ​ក្នុង​ក្រុង។+

ל [​ឡាមេត​]

១២ កាល​ដែល​ពួក​គេ​ជិត​សន្លប់ ដូច​ជា​មនុស្ស​ដែល​ត្រូវ​របួស​នៅ​ទី​លាន​សាធារណៈ​ក្នុង​ក្រុង

និង​កាល​ដែល​ពួក​គេ​ជិត​ផុត​ដង្ហើម​ក្នុង​រង្វង់​ដៃ​ម្ដាយ

ពួក​គេ​ប្រាប់​ម្ដាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ​«​ម៉ែ កូន​ឃ្លាន​ខ្លាំង​ណាស់!​»។*+

מ [​មេម​]

១៣ ឱ​កូន​ស្រី​នៃ​យេរូសាឡិម​អើយ តើ​ខ្ញុំ​អាច​យក​អ្វី​មក​ធ្វើ​ជា​សាក្សី​បាន?

តើ​ខ្ញុំ​អាច​ប្រដូច​នាង​នឹង​អ្វី?

ឱ​កូន​ក្រមុំ​បរិសុទ្ធ​នៃ​ក្រុង​ស៊ីយ៉ូន​អើយ តើ​ខ្ញុំ​អាច​ប្រៀប​ធៀប​នាង​នឹង​អ្វី​ដើម្បី​សម្រាល​ទុក្ខ​នាង?

ព្រោះ​សេចក្ដី​ហិន​វិនាស​របស់​នាង​គឺ​ធំ​ធេង​ដូច​មហា​សមុទ្រ។+ តើ​អ្នក​ណា​អាច​ជួយ​នាង​ឲ្យ​ល្អ​ឡើង​វិញ?+

נ [​នុន​]

១៤ អ្វី​ដែល​អ្នក​ប្រកាស​ទំនាយ​ឃើញ​ក្នុង​គំនិត រួច​យក​មក​ប្រាប់​នាង​គឺ​សុទ្ធ​តែ​មិន​ពិត​និង​គ្មាន​ប្រយោជន៍+

ហើយ​ពួក​គេ​មិន​បាន​ជួយ​ឲ្យ​នាង​ដឹង​អំពី​កំហុស​របស់​នាង​ដើម្បី​ឲ្យ​នាង​រួច​ខ្លួន​ពី​ការ​ចាប់​យក​ទៅ​ជា​ឈ្លើយ​ទេ+

ប៉ុន្តែ ពួក​គេ​ចេះ​តែ​ប្រាប់​នាង​អំពី​រឿង​មិន​ពិត​និង​រឿង​បោក​ប្រាស់។+

ס [​សាមេក​]

១៥ អស់​អ្នក​ដែល​ធ្វើ​ដំណើរ​កាត់​ផ្លូវ​នោះ ទះ​ដៃ​ចំអក​ឲ្យ​នាង។+

ពួក​គេ​ហួច​ឡកឡឺយ+ ហើយ​គ្រវី​ក្បាល​ដាក់​កូន​ស្រី​នៃ​យេរូសាឡិម​ទាំង​និយាយ​ថា​៖

​«​តើ​នេះ​ឬ​ជា​ក្រុង​ដែល​គេ​ពោល​ថា​៖ ‹ក្រុង​នេះ​រុង​រឿង​អស្ចារ្យ​ហើយ​នាំ​អំណរ​មក​ឲ្យ​ផែនដី​ទាំង​មូល›?​»។+

פ [​ភេ​]

១៦ សត្រូវ​ទាំង​អស់​របស់​នាង​បាន​និយាយ​មើល​ងាយ​នាង។

ពួក​គេ​ហួច​និង​សង្កៀត​ធ្មេញ រួច​ពោល​ថា​៖ ​«​ពួក​យើង​បំផ្លាញ​នាង​បាន​ហើយ។+

ពួក​យើង​ទន្ទឹង​ចាំ​ថ្ងៃ​នេះ​យូរ​មក​ហើយ!+ ថ្ងៃ​នេះ​ក៏​បាន​មក​ដល់​ឥឡូវ​ពួក​យើង​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក!​»។+

ע [​អាយីន​]

១៧ ព្រះ​យេហូវ៉ា​បាន​សម្រេច​គោល​បំណង​របស់​លោក។+ លោក​បាន​ធ្វើ​ឲ្យ​ប្រសាសន៍​របស់​លោក​ក្លាយ​ជា​ការ​ពិត+

ដូច​ដែល​លោក​បាន​ចេញ​បង្គាប់​យូរ​មក​ហើយ។+

លោក​បាន​បំផ្លាញ​នាង​ដោយ​ឥត​ត្រា​ប្រណី។+

លោក​បាន​អនុញ្ញាត​ឲ្យ​សត្រូវ​របស់​នាង​អរ​សប្បាយ​ដែល​បាន​ឈ្នះ​នាង។ លោក​បាន​ធ្វើ​ឲ្យ​ពួក​ខ្មាំង​មាន​កម្លាំង*កាន់​តែ​ខ្លាំង។

צ [​សាដេ​]

១៨ ឱ​កំពែង​របស់​កូន​ស្រី​នៃ​ស៊ីយ៉ូន បណ្ដា​ជន​ស្រែក​រក​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត។

ចូរ​ឲ្យ​ទឹក​ភ្នែក​ហូរ​ទាំង​យប់​ទាំង​ថ្ងៃ ដូច​ជា​ទឹក​ស្ទឹង​ហូរ​ឥត​ឈប់។

កុំ​សម្រាក​ឲ្យ​សោះ កុំ​ឈប់​យំ​ឡើយ។

ק [​ឃូហ្វ​]

១៩ ចូរ​ក្រោក​ឡើង! ចូរ​ស្រែក​រក​ព្រះ​ពេញ​មួយ​យប់។

ចូរ​ជម្រាប​ព្រះ​យេហូវ៉ា​យ៉ាង​អស់​ពី​ចិត្ត ប្រៀប​ដូច​ជា​ចាក់​ទឹក​នៅ​ចំពោះ​មុខ​លោក។

ចូរ​លើក​ដៃ​អង្វរ​លោក​ដើម្បី​ជីវិត​កូន​ៗ​របស់​នាង

ដែល​ជិត​សន្លប់​នៅ​តាម​កាច់​ជ្រុង​ផ្លូវ ដោយ​សារ​ការ​អត់​ឃ្លាន។+

ר [​រ៉េស​]

២០ ឱ​ព្រះ​យេហូវ៉ា សូម​លោក​មើល​មក​អ្នក​ដែល​លោក​បាន​ដាក់​ទោស​យ៉ាង​ធ្ងន់​ធ្ងរ។

តើ​គួរ​ទុក​ឲ្យ​ពួក​ស្ត្រី​បរិភោគ​កូន​ដែល​ខ្លួន​បាន​បង្កើត​មក​ឬ?+

តើ​គួរ​បណ្ដោយ​ឲ្យ​គេ​សម្លាប់​ពួក​សង្ឃ​និង​ពួក​អ្នក​ប្រកាស​ទំនាយ​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ឬ?+

ש [​ស៊ីន​]

២១ ទាំង​កូន​ក្មេង​ទាំង​មនុស្ស​ចាស់​ដេក​ស្លាប់​នៅ​តាម​ផ្លូវ។+

ពួក​ស្ត្រី​វ័យ​ក្មេង*និង​ពួក​យុវជន​របស់​ខ្ញុំ​បាន​ដួល​ស្លាប់​ដោយ​ដាវ។+

លោក​បាន​សម្លាប់​ពួក​គេ​នៅ​ថ្ងៃ​នៃ​កំហឹង​របស់​លោក។ លោក​បាន​ប្រហារ​ជីវិត​ពួក​គេ​ដោយ​គ្មាន​មេត្តា។+

ת [​ថាវ​]

២២ លោក​កោះ​ហៅ​ការ​ភ័យ​រន្ធត់​ឲ្យ​មក​ពី​គ្រប់​ទិស​ទី​ដូច​ហៅ​មនុស្ស​ឲ្យ​មក​ចូល​រួម​ថ្ងៃ​បុណ្យ។+

ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ​យេហូវ៉ា គ្មាន​នរណា​ម្នាក់​អាច​គេច​ខ្លួន​ឬ​រួច​ជីវិត​ទេ។+

កូន​ៗ​ដែល​ខ្ញុំ​បាន​បង្កើត​និង​ចិញ្ចឹម​បី​បាច់ បែរ​ជា​ត្រូវ​ពួក​ខ្មាំង​សម្លាប់​ចោល​អស់។+

א [​អាល់ឡេហ្វ​]

៣ ខ្ញុំ​ជា​មនុស្ស​ដែល​បាន​ឃើញ​ទុក្ខ​វេទនា​ដោយ​សារ​តែ​ដំបង​នៃ​កំហឹង​របស់​លោក។

 ២ លោក​បាន​បណ្ដេញ​ខ្ញុំ​ចេញ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ដើរ​ក្នុង​ភាព​ងងឹត​មិន​មែន​ក្នុង​ពន្លឺ​ទេ។+

 ៣ លោក​ប្រឆាំង​ខ្ញុំ​ម្ដង​ហើយ​ម្ដង​ទៀត​ពេញ​មួយ​ថ្ងៃ។+

ב [​បេត​]

 ៤ លោក​បាន​ធ្វើ​ឲ្យ​ស្បែក​និង​រូប​កាយ​របស់​ខ្ញុំ​ខ្សោយ​ទៅ​ៗ។

លោក​បាន​បំបាក់​ឆ្អឹង​របស់​ខ្ញុំ។

 ៥ លោក​បាន​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​ខ្ញុំ។ លោក​បាន​ធ្វើ​ឲ្យ​រុក្ខជាតិ​ពុល+ដុះ​ឡោម​ព័ទ្ធ​ខ្ញុំ​ហើយ​លោក​បាន​ឲ្យ​ទុក្ខ​លំបាក​ហ៊ុម​ខ្ញុំ​ជុំ​ជិត។

 ៦ លោក​បង្ខំ​ខ្ញុំ​ឲ្យ​អង្គុយ​ក្នុង​ទី​ងងឹត ដូច​ជា​មនុស្ស​ដែល​ស្លាប់​យូរ​មក​ហើយ។

ג [​គីមេល​]

 ៧ លោក​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​អាច​គេច​ខ្លួន​បាន។

លោក​បាន​យក​ខ្នោះ​ស្ពាន់​យ៉ាង​ធ្ងន់​មក​ដាក់​ខ្ញុំ។+

 ៨ ពេល​ខ្ញុំ​ខំ​ស្រែក​អង្វរ​សុំ​លោក​ឲ្យ​ជួយ លោក​បដិសេធ*សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ។+

 ៩ លោក​បាន​ដាក់​ថ្ម​ធំ​ៗ​រាំង​ផ្លូវ​ខ្ញុំ។ លោក​បាន​ធ្វើ​ឲ្យ​ផ្លូវ​របស់​ខ្ញុំ​ពិបាក​ដើរ។+

ד [​ដាលេត​]

១០ លោក​ពួន​ចាំ​ប្រហារ​ខ្ញុំ​ដូច​ជា​ខ្លា​ឃ្មុំ និង​ដូច​ជា​តោ​ដែល​កំពុង​លប​ចាំ​សង្គ្រុប​ខ្ញុំ។+

១១ លោក​បាន​បណ្ដេញ​ខ្ញុំ​ចេញ​ពី​ផ្លូវ ហើយ​ហែក​ខ្ញុំ​ឲ្យ​ខ្ទេច​ខ្ទី។*

លោក​បាន​ធ្វើ​ឲ្យ​គេ​បោះ​បង់​ខ្ញុំ​ចោល។+

១២ លោក​យឹត​ធ្នូ ហើយ​យក​ខ្ញុំ​ទុក​ជា​គោល​ដៅ​បាញ់​សម្រាប់​ព្រួញ​របស់​លោក។

ה [​ហេ​]

១៣ លោក​បាន​យក​ព្រួញ​ពី​ក្នុង​បំពង់ មក​បាញ់​ទម្លុះ​តម្រង​នោម​របស់​ខ្ញុំ។

១៤ មនុស្ស​ទាំង​អស់​សើច​ចំអក​ឲ្យ​ខ្ញុំ ហើយ​ពួក​គេ​ច្រៀង​ឡកឡឺយ​ឲ្យ​ខ្ញុំ​ពេញ​មួយ​ថ្ងៃ។

១៥ លោក​បាន​ចម្អែត​ខ្ញុំ​ដោយ​អ្វី​ៗ​ដែល​ជូរ​ចត់ ហើយ​ឲ្យ​ខ្ញុំ​ផឹក​ពី​ដើម​ឈើ​ល្វីង​រហូត​ដល់​ឆ្អែត។+

ו [​វ៉ោ​]

១៦ លោក​ឲ្យ​ខ្ញុំ​ទំពា​ក្រួស​រហូត​ដល់​បាក់​ធ្មេញ លោក​ធ្វើ​ឲ្យ​ខ្ញុំ​ក្រាប​ចុះ​ក្នុង​ផេះ។+

១៧ លោក​ដក​យក​សេចក្ដី​សុខ​ចេញ​ពី​ខ្ញុំ។ ខ្ញុំ​បាន​ភ្លេច​អស់​នូវ​អ្វី​ល្អ​ៗ។

១៨ ដូច្នេះ ខ្ញុំ​និយាយ​ថា​៖ ​«​ភាព​រុង​រឿង​របស់​ខ្ញុំ​បាន​វិនាស​បាត់​ទៅ​ហើយ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​លើ​ព្រះ​យេហូវ៉ា​ក៏​រលាយ​ទៅ​ដែរ​»។

ז [​ហ្សាយីន​]

១៩ សូម​ចាំ​ថា​ខ្ញុំ​កំពុង​រង​ទុក្ខ​វេទនា​និង​គ្មាន​ផ្ទះ​សម្បែង+ ហើយ​ត្រូវ​បរិភោគ​ដើម​ល្វីង​និង​រុក្ខជាតិ​ពុល។+

២០ លោក​ប្រាកដ​ជា​នឹង​ចង​ចាំ​ខ្ញុំ ហើយ​នឹង​ឱន​មក​ឯ​ខ្ញុំ។+

២១ ខ្ញុំ​នឹក​ឃើញ​រឿង​នោះ​នៅ​ក្នុង​ចិត្ត។ ហេតុ​នេះ ខ្ញុំ​នឹង​អត់​ធ្មត់​រង់​ចាំ​លោក​ត​ទៅ​ទៀត។+

ח [​ហេត​]

២២ នេះ​ដោយ​សារ​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ទើប​បាន​ជា​យើង​មិន​វិនាស​សូន្យ​បាត់+

ហើយ​សេចក្ដី​មេត្តា​ករុណា​របស់​លោក​មិន​ដែល​កន្លង​ផុត​ឡើយ។+

២៣ រៀង​រាល់​ព្រឹក សេចក្ដី​មេត្តា​ករុណា​របស់​លោក​រមែង​ថ្មី​ជា​និច្ច។+ សេចក្ដី​ស្មោះ​ត្រង់​របស់​លោក​មាន​ជា​បរិបូរ។+

២៤ ខ្ញុំ​បាន​និយាយ​ហើយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ចំណែក​របស់​ខ្ញុំ។+ ហេតុ​នេះ ខ្ញុំ​នឹង​អត់​ធ្មត់​រង់​ចាំ​លោក​ត​ទៅ​ទៀត​»។+

ט [​ថេត​]

២៥ ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ល្អ​ចំពោះ​អ្នក​ដែល​សង្ឃឹម​លើ​លោក+​និង​ចំពោះ​អ្នក​ដែល​បន្ត​ស្វែង​រក​លោក។+

២៦ ជា​ការ​ល្អ​ប្រសើរ​ដែល​អត់​ធ្មត់*+រង់​ចាំ​សេចក្ដី​សង្គ្រោះ​ពី​ព្រះ​យេហូវ៉ា។+

២៧ ជា​ការ​ល្អ​ប្រសើរ​ដែល​មនុស្ស​ពាក់​នឹម​ក្នុង​កាល​ដែល​នៅ​វ័យ​ក្មេង។+

י [​យ៉ូដ​]

២៨ ចូរ​ឲ្យ​គាត់​អង្គុយតែ​ម្នាក់​ឯង ហើយ​នៅ​ស្ងៀម ពេល​លោក​ដាក់​នឹម​លើ​គាត់។+

២៩ ចូរ​ឲ្យ​គាត់​ក្រាប​មុខ​ដល់​ដី។+ បើ​ធ្វើ​ដូច្នេះ គាត់​ប្រហែល​ជា​នៅ​តែ​មាន​សេចក្ដី​សង្ឃឹម។+

៣០ ចូរ​ឲ្យ​គាត់​ហុច​ថ្ពាល់​ទៅ​ឲ្យ​អ្នក​ដែល​កំពុង​វាយ​ប្រហារ​គាត់។ ចូរ​ឲ្យ​គាត់​រង​ការ​ជេរ​ប្រមាថ​យ៉ាង​ខ្លាំង។

כ [​កាប​]

៣១ ព្រោះ​ព្រះ​យេហូវ៉ា​នឹង​មិន​បោះ​បង់​ចោល​យើង​រហូត​ទេ។+

៣២ ទោះ​ជា​លោក​ធ្វើ​ឲ្យ​យើង​រង​ទុក្ខ​លំបាក​ក៏​ដោយ ក៏​លោក​នឹង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ស្រប​តាម​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ជា​បរិបូរ​របស់​លោក​ដែរ។+

៣៣ ពី​ព្រោះ​លោក​មិន​ដែល​សប្បាយ​ចិត្ត​ធ្វើ​ឲ្យ​មនុស្ស​រង​ទុក្ខ​វេទនា​ឬ​រង​ទុក្ខ​លំបាក​ឡើយ។+

ל [​ឡាមេត​]

៣៤ ការ​ធ្វើ​ទុក្ខ​បៀត​បៀន​អ្នក​ដែល​ជាប់​គុក​ទាំង​អស់​នៅ​ផែនដី+

៣៥ ការ​មិន​ផ្ដល់​យុត្តិធម៌​ដល់​មនុស្ស​នៅ​ចំពោះ​មុខ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត+

៣៦ ការ​កាត់​ក្ដី​ដោយ​អយុត្តិធម៌

ព្រះ​យេហូវ៉ា​មិន​ត្រា​ប្រណី​ចំពោះ​ការ​ប្រព្រឹត្ត​បែប​នោះ​ឡើយ។

מ [​មេម​]

៣៧ ដូច្នេះ ប្រសិន​បើ​ព្រះ​យេហូវ៉ា​មិន​ចេញ​បង្គាប់​ឲ្យ​អ្វី​មួយ​កើត​ឡើង​ទេ តើ​អ្នក​ណា​អាច​បង្គាប់​ឲ្យ​កើត​ឡើង​បាន?

៣៨ អ្វី​អាក្រក់​និង​អ្វី​ល្អ​មិន​ចេញ​មក​ជា​មួយ​គ្នា​ពី​មាត់​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ទេ។

៣៩ មនុស្ស​ដែល​មាន​ជីវិត​មិន​គួរ​ត្អូញត្អែរ​អំពី​ផល​វិបាក​ដែល​មក​ពី​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​របស់​ខ្លួន​ឡើយ។+

נ [​នុន​]

៤០ ចូរ​យើង​ត្រិះរិះ​ពិចារណា​យ៉ាង​ដិត​ដល់​អំពី​ការ​ប្រព្រឹត្ត​របស់​យើង+​ហើយ​ត្រឡប់​មក​ឯ​ព្រះ​យេហូវ៉ា​វិញ។+

៤១ ចូរ​យើង​អង្វរ​ព្រះ​នៅ​ស្ថាន​សួគ៌​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទាំង​លើ​ក​ដៃ​ទៅ​លោក​ដោយ​ពោល​ថា​៖+

៤២ ​«​យើង​បាន​ធ្វើ​ខុស ហើយ​បាន​បះ​បោរ​ប្រឆាំង​លោក។+ លោក​មិន​អភ័យ​ទោស​ឲ្យ​យើង​ទេ។+

ס [​សាមេក​]

៤៣ លោក​មិន​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង​ទេ ដោយ​សារ​លោក​ខឹង​យើង។+

លោក​បាន​ដេញ​តាម​ហើយ​សម្លាប់​យើង​ដោយ​គ្មាន​មេត្តា។+

៤៤ លោក​ដាក់​ពពក​ឃាំង​ដើម្បី​កុំ​ឲ្យ​សេចក្ដី​អធិដ្ឋាន​របស់​យើង​បាន​ទៅ​ដល់​លោក។+

៤៥ លោក​បាន​ធ្វើ​ឲ្យ​ប្រជា​ជាតិ​នា​នា​ចាត់​ទុក​យើង​ដូច​ជា​សំរាម​និង​ជា​អ្វី​ដ៏​គួរ​ឲ្យ​ខ្ពើម​រអើម​»។

פ [​ភេ​]

៤៦ សត្រូវ​ទាំង​អស់​របស់​យើង​បាន​និយាយ​មើល​ងាយ​យើង។+

៤៧ យើង​ជួប​តែ​ការ​ភ័យ​ខ្លាច​និង​អន្ទាក់+ ហើយ​ជួប​តែ​អន្តរាយ​និង​ត្រូវ​គេ​បោះ​បង់​ចោល។+

៤៨ ទឹក​ភ្នែក​ខ្ញុំ​ហូរ​រហាម​ដូច​ទឹក​ហូរ ព្រោះ​តែ​អន្តរាយ​របស់​កូន​ស្រី​នៃ​រាស្ត្រ​ខ្ញុំ។+

ע [​អាយីន​]

៤៩ ខ្ញុំ​យំ​ឥត​ល្ហែ ទឹក​ភ្នែក​ខ្ញុំ​ហូរ​ឥត​ឈប់។+

៥០ ខ្ញុំ​យំ​រហូត​ដល់​ព្រះ​យេហូវ៉ា​ឱន​មើល​ពី​ស្ថាន​សួគ៌​មក។+

៥១ ខ្ញុំ​វេទនា​ចិត្ត​ខ្លាំង​ណាស់ ពេល​ឃើញ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​កូន​ស្រី​នៃ​ក្រុង​របស់​ខ្ញុំ។+

צ [​សាដេ​]

៥២ ពួក​សត្រូវ​ដេញ​តាម​ប្រមាញ់​ខ្ញុំ​ដោយ​គ្មាន​មូលហេតុ ដូច​គេ​ប្រមាញ់​សត្វ​ស្លាប។

៥៣ ពួក​គេ​ព្យាយាម​បញ្ចប់​ជីវិត​ខ្ញុំ​ក្នុង​រណ្ដៅ។ ពួក​គេ​យក​ថ្ម​គប់​ខ្ញុំ​ឥត​ឈប់​ឈរ។

៥៤ ទឹក​ហូរ​លិច​ក្បាល​ខ្ញុំ ហើយ​ខ្ញុំ​ពោល​ថា​៖ ​«​ខ្ញុំ​មុខ​ជា​ស្លាប់​មិន​ខាន!​»។

ק [​ឃូហ្វ​]

៥៥ ឱ​ព្រះ​យេហូវ៉ា​អើយ ខ្ញុំ​បាន​ស្រែក​រក​នាម​របស់​លោក​ពី​រណ្ដៅ​ដ៏​ជ្រៅ។+

៥៦ សូម​លោក​មេត្តា​ស្ដាប់​សំឡេង​ខ្ញុំ ហើយ​សូម​កុំ​បិទ​ត្រចៀក​ឡើយ​ពេល​ខ្ញុំ​ស្រែក​សុំ​លោក​ឲ្យ​ជួយ។

៥៧ នៅ​ថ្ងៃ​ដែល​ខ្ញុំ​ហៅ​រក​លោក លោក​បាន​ចូល​មក​ជិត​ខ្ញុំ ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​កុំ​ភ័យ​ខ្លាច​ឡើយ​»។

ר [​រ៉េស​]

៥៨ ឱ​ព្រះ​យេហូវ៉ា លោក​បាន​ការ​ពារ​ក្ដី​ឲ្យ​ខ្ញុំ ហើយ​លោក​បាន​លោះ​ជីវិត​ខ្ញុំ។+

៥៩ ឱ​ព្រះ​យេហូវ៉ា​អើយ លោក​បាន​ឃើញ​ហើយ​ថា គេ​បាន​ធ្វើ​ខុស​ចំពោះ​ខ្ញុំ​សូម​លោក​ផ្ដល់​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង។+

៦០ លោក​បាន​ឃើញ​ការ​សង​សឹក​និង​គម្រោង​ទាំង​អស់​ដែល​ពួក​គេ​បាន​រៀបចំ​ប្រឆាំង​នឹង​ខ្ញុំ។

ש [​ស៊ីន​] ឬ [​ហ្ស៊ីន​]

៦១ ឱ​ព្រះ​យេហូវ៉ា លោក​បាន​ឮ​ការ​ប្រមាថ​មើល​ងាយ​របស់​ពួក​គេ​និង​គម្រោង​ទាំង​អស់​ដែល​ពួក​គេ​បាន​រៀបចំ​ប្រឆាំង​នឹង​ខ្ញុំ។+

៦២ លោក​បាន​ឮ​ពួក​អ្នក​ដែល​ប្រឆាំង​ពេប​ជ្រាយ​ឲ្យ​ខ្ញុំ ហើយ​ឮ​ពួក​គេ​ខ្សឹបខ្សៀវ​គ្នា​ទាស់​នឹង​ខ្ញុំ​ពេញ​មួយ​ថ្ងៃ។

៦៣ សូម​មើល​ពួក​គេ​ចុះ។ ទោះ​ជា​ពួក​គេ​អង្គុយ​ឬ​ឈរ​ក៏​ដោយ ពួក​គេ​ច្រៀង​ឡកឡឺយ​ឲ្យ​ខ្ញុំ!

ת [​ថាវ​]

៦៤ ឱ​ព្រះ​យេហូវ៉ា លោក​នឹង​សង​ពួក​គេ​ស្រប​តាម​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។

៦៥ លោក​នឹង​ដាក់​បណ្ដាសា​ឲ្យ​ពួក​គេ​មាន​ចិត្ត​រឹង​ចចេស។

៦៦ ដោយ​សារ​កំហឹង ព្រះ​យេហូវ៉ា​នឹង​ដេញ​តាម​ពួក​គេ ហើយ​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស​អស់​ពី​ផែនដី។

א [​អាល់ឡេហ្វ​]

៤ មាស​សុទ្ធ​ដែល​ធ្លាប់​តែ​ភ្លឺ​បាន​ប្រែ​ទៅ​ជា​ស្រអាប់​ហើយ!+

ថ្ម​បរិសុទ្ធ+នៅ​រាត់​រាយ​គ្រប់​ជ្រុង​ផ្លូវ!+

ב [​បេត​]

 ២ រីឯ​កូន​ប្រុស​នៃ​ស៊ីយ៉ូន​ដែល​ធ្លាប់​តែ​មាន​តម្លៃ​ដូច​មាស​សុទ្ធ

ឥឡូវ​បែរ​ជា​ត្រូវ​គេ​ចាត់​ទុក​ជា​ក្អម​ដី

ដែល​ជា​ស្នា​ដៃ​របស់​ជាង​ស្មូន​ទៅ​វិញ!

ג [​គីមេល​]

 ៣ សូម្បី​តែ​ឆ្កែ​ព្រៃ​ក៏​នៅ​បំបៅ​កូន​របស់​ពួក​វា​ដែរ

ចុះ​ម្ដេច​បាន​ជា​កូន​ស្រី​របស់​រាស្ត្រ​ខ្ញុំ បែរ​ជា​មាន​ចិត្ត​ព្រៃ​ផ្សៃ+​ដូច​សត្វ​អូទ្រីស​នៅ​តំបន់​ស្ងាត់​ជ្រងំ​ដូច្នេះ!+

ד [​ដាលេត​]

 ៤ កូន​ក្មេង​ដែល​មិន​ទាន់​ឈប់​បៅ ស្រេក​ទឹក​រហូត​ដល់​អណ្ដាត​ជាប់​នឹង​ក្រអូម​មាត់។

ក្មេង​ៗ​សុំ​ទាន​អាហារ+ តែ​គ្មាន​អ្នក​ណា​ម្នាក់​ឲ្យ​អ្វី​ដល់​ពួក​គេ​ទេ។+

ה [​ហេ​]

 ៥ អស់​អ្នក​ដែល​ធ្លាប់​តែ​បរិភោគ​អាហារ​ល្អ​ៗ បែរ​ជា​ដេក​ទាំង​ស្រេក​ឃ្លាន​នៅ​តាម​ផ្លូវ។+

ចំណែក​ឯ​អស់​អ្នក​ដែល​ធ្លាប់​តែ​ស្លៀក​សម្លៀក​បំពាក់​ប្រណីត​ៗ​*+​តាំង​ពី​ក្មេង​មក បែរ​ជា​ត្រូវ​ដេក​លើ​គំនរ​ផេះ​ទៅ​វិញ។

ו [​វ៉ោ​]

 ៦ ទោស*កូន​ស្រី​របស់​រាស្ត្រ​ខ្ញុំ គឺ​ធ្ងន់​ជាង​ទោស​របស់​ក្រុង​សូដុម+

ជា​ក្រុង​ដែល​បាន​ត្រូវ​បំផ្លាញ​ចោល​ក្នុង​មួយ​រំពេច​ហើយ​គ្មាន​អ្នក​ណា​ជួយ​នាង​ទេ។+

ז [​ហ្សាយីន​]

 ៧ ពួក​ណាសារីត+របស់​នាង​គឺ​ស្អាត​បរិសុទ្ធ​ជាង​ព្រិល និង​ស​ជាង​ទឹក​ដោះ។

ពួក​គេ​មាន​សាច់​ឈាម​ភ្លឺ​ថ្លា​ជាង​ត្បូង*ថ្លៃ​ៗ។ ពួក​គេ​ប្រៀប​ដូច​ជា​ត្បូង​កណ្ដៀង​ដែល​បាន​ត្រូវ​ខាត់​យ៉ាង​ភ្លឺ។

ח [​ហេត​]

 ៨ មុខ​របស់​ពួក​គេ​បាន​ទៅ​ជា​ខ្មៅ​ជាង​ម្រែង​ភ្លើង​ទៅ​ទៀត។

នៅ​តាម​ផ្លូវ​គ្មាន​អ្នក​ណា​មើល​ពួក​គេ​ស្គាល់​ទេ។

ពួក​គេ​សល់​តែ​ស្បែក​ដណ្ដប់​ឆ្អឹង+ ហើយ​ស្បែក​របស់​ពួក​គេ​ប្រៀប​ដូច​ជា​ឈើ​ស្ងួត។

ט [​ថេត​]

 ៩ ពួក​អ្នក​ដែល​ស្លាប់​ដោយ​ដាវ​ប្រសើរ​ជាង​ពួក​អ្នក​ដែល​ស្លាប់​ដោយ​ការ​អត់​ឃ្លាន+

ជា​ពួក​អ្នក​ដែល​អស់​កម្លាំង​រហិត​រហៃ ដោយ​សារ​តែ​គ្មាន​អាហារ​បរិភោគ ប្រៀប​ដូច​ជា​ត្រូវ​គេ​ចាក់​ទម្លុះ​ដោយ​ដាវ។

י [​យ៉ូដ​]

១០ ពួក​ស្ត្រី​ដែល​ធ្លាប់​តែ​មាន​ចិត្ត​មេត្តា​ករុណា បែរ​ជា​ស្ងោរ​កូន​របស់​ខ្លួន​បរិភោគ។+

កូន​ក្មេង​ទាំង​នោះ​បាន​ទៅ​ជា​អាហារ*របស់​ពួក​នាង​ក្នុង​អំឡុង​ពេល​ដែល​កូន​ស្រី​របស់​រាស្ត្រ​ខ្ញុំ​ជួប​អន្តរាយ។+

כ [​កាប​]

១១ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ក្រេវ​ក្រោធ​របស់​លោក។

លោក​បាន​ចាក់​កំហឹង​របស់​លោក​ទាំង​អស់​ចេញ​មក។+

លោក​បាន​បង្កាត់​ភ្លើង​ដុត​ស៊ីយ៉ូន​ឲ្យ​ឆេះ​អស់​ទាំង​គ្រឹះ​របស់​នាង។+

ל [​ឡាមេត​]

១២ បណ្ដា​ស្ដេច​នៅ​ផែនដី​និង​មនុស្ស​គ្រប់​គ្នា​ក្នុង​ស្រុក​ដែល​សម្បូរ​ភោគ​ផល មិន​ជឿ​ទេ​ថា

ពួក​ខ្មាំង​សត្រូវ​នឹង​អាច​ទន្ទ្រាន​ចូល​ទ្វារ​កំពែង​ក្រុង​យេរូសាឡិម​បាន។+

מ [​មេម​]

១៣ នេះ​កើត​ឡើង​ដោយ​សារ​តែ​អំពើ​ខុស​ឆ្គង​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​និង​កំហុស​របស់​ពួក​សង្ឃ+

ដែល​បាន​សម្លាប់​មនុស្ស​សុចរិត​នៅ​ក្នុង​ក្រុង​នោះ។+

נ [​នុន​]

១៤ ពួក​គេ​ដើរ​ចុះ​ឡើង​នៅ​តាម​ផ្លូវ​ដូច​មនុស្ស​ខ្វាក់។+

ខ្លួន​ប្រាណ​ពួក​គេ​ប្រឡាក់​សុទ្ធ​តែ​ឈាម+

បាន​ជា​គ្មាន​អ្នក​ណា​ហ៊ាន​ប៉ះ​សម្លៀក​បំពាក់​របស់​ពួក​គេ​ទេ។

ס [​សាមេក​]

១៥ ពួក​គេ​ស្រែក​ប្រាប់​អ្នក​ឯ​ទៀត​ថា​៖ ​«​ចេញ​ឲ្យ​ឆ្ងាយ! យើង​ស្មោក​គ្រោក! ចេញ​ឲ្យ​ឆ្ងាយ! ចេញ​ឲ្យ​ឆ្ងាយ! កុំ​ប៉ះ​យើង​ឲ្យ​សោះ!​»​

ព្រោះ​ពួក​គេ​គ្មាន​ផ្ទះ​សម្បែង ហើយ​ចេះ​តែ​ដើរ​ត្រុក​ៗ។

ប្រជា​ជាតិ​នា​នា​បាន​និយាយ​ថា​៖ ​«​ពួក​គេ​មិន​អាច​ស្នាក់​នៅ​ជា​មួយ​នឹង​យើង​បាន​ទៀត​ឡើយ។+

פ [​ភេ​]

១៦ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ពួក​គេ​ខ្ចាត់​ខ្ចាយ​ទៅ។+

លោក​លែង​ពេញ​ចិត្ត​នឹង​ពួក​គេ​ទៀត។

គ្មាន​អ្នក​ណា​គោរព​ពួក​សង្ឃ+ ឬ​ពេញ​ចិត្ត​ពួក​បុរស​ចាស់​ទុំ​ទៀត​ទេ​»។+

ע [​អាយីន​]

១៧ យើង​ទន្ទឹង​ចាំ​មើល​ជំនួយ​រហូត​ដល់​ស្រវាំង​ភ្នែក តែ​គ្មាន​អ្នក​ណា​មក​ជួយ​យើង​សោះ។+

យើង​ខំ​ប្រឹង​រក​ជំនួយ​ពី​ប្រជា​ជាតិ​មួយ​ដែល​មិន​អាច​សង្គ្រោះ​យើង​បាន​ឡើយ។+

צ [​សាដេ​]

១៨ ពួក​គេ​ដេញ​ប្រមាញ់​យើង​គ្រប់​ជំហាន+ ហេតុ​នេះ​ហើយ​បាន​ជា​យើង​មិន​អាច​ដើរ​ក្នុង​ទី​លាន​សាធារណៈ​បាន។

យើង​ជិត​ដល់​ចុង​បញ្ចប់​ហើយ។ ថ្ងៃ​របស់​យើង​បាន​មក​ដល់​ទី​បញ្ចប់​ព្រោះ​យើង​បាន​មក​ដល់​ចុង​បំផុត។

ק [​ឃូហ្វ​]

១៩ ពួក​អ្នក​ដែល​ដេញ​តាម​យើង ពួក​គេ​លឿន​ជាង​ឥន្ទ្រី​នៅ​លើ​មេឃ​ទៅ​ទៀត។+

ពួក​គេ​ប្រដេញ​យើង​នៅ​តាម​ភ្នំ។ ពួក​គេ​លប​ចាំ​សង្គ្រុប​យើង​នៅ​តំបន់​ស្ងាត់​ជ្រងំ។

ר [​រ៉េស​]

២០ អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង+ ប្រៀប​ដូច​ជា​ដង្ហើម​របស់​យើង​តែ​គាត់​បាន​ត្រូវ​ជាប់​ក្នុង​រណ្ដៅ​ធំ​របស់​ពួក​គេ។+

យើង​ធ្លាប់​និយាយ​ទៅ​គាត់​ថា​៖ ​«​បើ​មាន​លោក​ការ​ពារ​យើង*​នោះ​យើង​ប្រាកដ​ជា​នឹង​បាន​រស់​នៅ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា​»។

ש [​ស៊ីន​]

២១ ឱ​កូន​ស្រី​នៃ​អេដំ*+អើយ ចូរ​សប្បាយ​រីករាយ​ឡើង​នៅ​ក្នុង​ស្រុក​អ៊ូស​ជា​ស្រុក​ដែល​អ្នក​កំពុង​រស់​នៅ។

ប៉ុន្តែ អ្នក​នឹង​ត្រូវ​ផឹក​ពី​ពែង​នោះ​ដែរ+ រួច​អ្នក​នឹង​ស្រវឹង ហើយ​អាក្រាត​កាយ។+

ת [​ថាវ​]

២២ ឱ​កូន​ស្រី​នៃ​ស៊ីយ៉ូន​អើយ ទោស​ដែល​អ្នក​បាន​ទទួល​ពី​កំហុស​របស់​អ្នក​បាន​ចប់​សព្វ​គ្រប់​ហើយ។

លោក​នឹង​មិន​ឲ្យ​អ្នក​ជាប់​ជា​ឈ្លើយ​ម្ដង​ទៀត​ឡើយ។+

ប៉ុន្តែ​កូន​ស្រី​នៃ​អេដំ​អើយ លោក​នឹង​បែរ​មក​ពិចារណា​ពី​កំហុស​ឆ្គង​របស់​អ្នក។

លោក​នឹង​លាត​ត្រដាង​កំហុស​របស់​អ្នក។+

៥ ឱ​ព្រះ​យេហូវ៉ា សូម​លោក​នឹក​ចាំ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​មក​លើ​យើង។

សូម​លោក​មើល​សេចក្ដី​អាម៉ាស់​របស់​យើង។+

 ២ មត៌ក​របស់​យើង​បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​អ្នក​ដទៃ ហើយ​ផ្ទះ​របស់​យើង​ក៏​ធ្លាក់​ទៅ​ក្នុង​ដៃ​ជន​បរទេស​ដែរ។+

 ៣ យើង​បាន​ក្លាយ​ជា​កូន​កំព្រា​ឪពុក ហើយ​ម្ដាយ​របស់​យើង​បាន​ក្លាយ​ជា​ស្ត្រី​មេម៉ាយ។+

 ៤ យើង​ត្រូវ​ទិញ​ទឹក​របស់​យើង​មក​ផឹក+ និង​ត្រូវ​ទិញ​អុស​របស់​យើង​មក​ប្រើ។

 ៥ ពួក​សត្រូវ​ដេញ​តាម​យើង​យ៉ាង​ប្រកិត

យើង​ហត់​នឿយ​ខ្លាំង​ណាស់ តែ​យើង​មិន​អាច​ឈប់​សម្រាក​បាន​ទេ។+

 ៦ យើង​ពឹង​ផ្អែក​លើ​ពួក​អេហ្ស៊ីប+និង​ពួក​អាស៊ីរី+​ដើម្បី​បាន​អាហារ​បរិភោគ​គ្រប់​គ្រាន់។

 ៧ បុព្វ​បុរស​របស់​យើង​ដែល​បាន​ធ្វើ​អំពើ​ខុស​ឆ្គង ពួក​គេ​ស្លាប់​អស់​ហើយ​តែ​យើង​ត្រូវ​ទទួល​ទោស​ជំនួស​ពួក​គេ​វិញ។

 ៨ ឥឡូវ ពួក​អ្នក​បម្រើ​គ្រប់​គ្រង​លើ​យើង។ គ្មាន​អ្នក​ណា​សង្គ្រោះ​យើង​ចេញ​ពី​កណ្ដាប់​ដៃ​របស់​ពួក​គេ​ទេ។

 ៩ យើង​ប្រថុយ​ជីវិត​ដើម្បី​បាន​អាហារ+ ដោយ​សារ​មាន​មនុស្ស​កាន់​ដាវ​នៅ​តំបន់​ស្ងាត់​ជ្រងំ។

១០ ស្បែក​របស់​យើង​ក្ដៅ​ដូច​ឡ ដោយ​សារ​យើង​ស្រេក​ឃ្លាន​ខ្លាំង​ពេក។+

១១ នៅ​ស៊ីយ៉ូន ពួក​គេ​បាន​រំលោភ*ពួក​ស្ត្រី​ដែល​មាន​ប្ដី និង​រំលោភ​ពួក​ស្រី​ក្រមុំ​បរិសុទ្ធ​នៅ​ក្នុង​ក្រុង​នា​នា​របស់​យូដា។+

១២ ពួក​គេ​បាន​ចង​ដៃ​ពួក​មន្ត្រី​ព្យួរ+ ហើយ​មើល​ងាយ​ពួក​បុរស​ចាស់​ទុំ។+

១៣ ពួក​យុវជន​លើក​ត្បាល់​កិន ឯ​ក្មេង​ប្រុស​ៗ​ជំពប់​ដួល ពី​ព្រោះ​លី​អុស​ធ្ងន់​ពេក។

១៤ ពួក​បុរស​ចាស់​ទុំ​លែង​នៅ​ទ្វារ​កំពែង​ក្រុង​ទៀត។+ ពួក​យុវជន​ក៏​ឈប់​លេង​ភ្លេង​ដែរ។+

១៥ យើង​លែង​មាន​អំណរ​ក្នុង​ចិត្ត​ទៀត។ ការ​រាំ​សប្បាយ​របស់​យើង​ប្រែ​ទៅ​ជា​ការ​សោកសង្រេង​វិញ។+

១៦ មកុដ​បាន​ធ្លាក់​ពី​ក្បាល​របស់​យើង។ វេទនា​ហើយ​យើង ព្រោះ​យើង​បាន​ធ្វើ​អំពើ​ខុស​ឆ្គង!

១៧ ដោយ​សារ​រឿង​នេះ យើង​ពិបាក​ចិត្ត​ខ្លាំង​ណាស់+

ហើយ​ដោយ​សារ​អ្វី​ទាំង​នេះ ភ្នែក​របស់​យើង​ចាប់​ផ្ដើម​ងងឹត+

១៨ ដោយ​សារ​ភ្នំ​ស៊ីយ៉ូន​បាន​ត្រូវ​បោះ​បង់​ចោល+​ឥឡូវ​សត្វ​កញ្ជ្រោង​ដើរ​ចុះ​ឡើង​លើ​ភ្នំ​នោះ។

១៩ ចំណែក​លោក​វិញ ឱ​ព្រះ​យេហូវ៉ា លោក​អង្គុយ​លើ​បល្ល័ង្ក​ជា​រៀង​រហូត។

បល្ល័ង្ក​របស់​លោក​ស្ថិត​ស្ថេរ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ។+

២០ តើ​លោក​នឹង​ភ្លេច​យើង​ជា​រៀង​រហូត​ឬ? ហេតុ​អ្វី​បាន​ជា​លោក​បោះ​បង់​ចោល​យើង​យូរ​យ៉ាង​នេះ?+

២១ ឱ​ព្រះ​យេហូវ៉ា​អើយ សូម​លោក​នាំ​យើង​ត្រឡប់​មក​ឯ​លោក​វិញ ហើយ​យើង​នឹង​ប្រញាប់​ត្រឡប់​មក​ឯ​លោក។+

សូម​ឲ្យ​អ្វី​ៗ​ទាំង​អស់​បាន​ដូច​ដើម​វិញ។+

២២ ប៉ុន្តែ លោក​បាន​បោះ​បង់​ចោល​យើង​ដោយ​ឥត​អាល័យ។

លោក​នៅ​តែ​ខឹង​យើង​យ៉ាង​ខ្លាំង។+

ជំពូក​ទី​១​-​៤ ជា​បទ​ទំនួញ​ឬ​ជា​កំណាព្យ​ដែល​ផ្ដើម​ដោយ​តួ​អក្សរ​ហេប្រឺ

ឬ​«​ស្រី​ក្រមុំ​បរិសុទ្ធ​»​

សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ហ៊្សេរុយសាឡិម

នេះ​សំដៅ​លើ​យេរូសាឡិម

នេះ​សំដៅ​លើ​ស្រុក​យូដា

ឬ​«​ស្រី​ក្រមុំ​បរិសុទ្ធ​»​

ន័យ​ត្រង់​«​ពោះ​វៀន​ខ្ញុំ​»​

នេះ​សំដៅ​លើ​ក្រុង​ស៊ីយ៉ូន

នេះ​សំដៅ​លើ​ស្រុក​យូដា

ន័យ​ត្រង់​«​ស្នែង​»​

ន័យ​ត្រង់​«​ក្នុង​កូន​ស្រី​នៃ​យូដា​»​

ឬ​«​បំផ្លាញ​»​

ឬ​«​ការ​ណែនាំ​»​

ន័យ​ត្រង់​«​ពោះ​វៀន​ខ្ញុំ​»​

ន័យ​ត្រង់​«​ថ្លើម​របស់​ខ្ញុំ​បាន​ត្រូវ​ចាក់​មក​លើ​ដី​»​

ជា​ពាក្យ​កាព្យ​ដែល​ប្រហែល​ជា​បញ្ជាក់​អំពី​ការ​អាណិត​អាសូរ

ន័យ​ត្រង់​«​តើ​ស្រូវ​និង​ស្រា​នៅ​ឯ​ណា?​»​

ន័យ​ត្រង់​«​ស្នែង​»​

ឬ​«​ស្រី​ក្រមុំ​បរិសុទ្ធ​»​

ឬ​«​រា​រាំង ឬ​បិទ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ដេក​ស្ងៀម​មិន​កម្រើក​»​

ឬ​«​នៅ​ស្ងៀម​»​

ន័យ​ត្រង់​«​សម្លៀក​បំពាក់​ក្រហម​ឆ្អៅ​»​

ន័យ​ត្រង់​«​កំហុស​»​

ន័យ​ត្រង់​«​ផ្កា​ថ្ម​»។ មើល​និយម​ន័យ​ពាក្យ​«​ផ្កា​ថ្ម​»​

ឬ​«​អាហារ​កាន់​ទុក្ខ​»​

ន័យ​ត្រង់​«​ក្នុង​ម្លប់​របស់​លោក​»​

នេះ​សំដៅ​លើ​ស្រុក​អេដំ

ឬ​«​បំផ្លាញ​កិត្តិយស​»​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក