យ៉ូស្វេ
១ ក្រោយពីម៉ូសេដែលជាអ្នកបម្រើរបស់ព្រះយេហូវ៉ា បានទទួលមរណភាព ព្រះយេហូវ៉ាមានប្រសាសន៍ទៅយ៉ូស្វេ*+ជាកូនប្រុសនុន និងជាជំនួយការ+របស់ម៉ូសេថា៖ ២ «ម៉ូសេអ្នកបម្រើរបស់ខ្ញុំបានស្លាប់ហើយ។+ ឥឡូវ ចូរអ្នកក្រោកឡើង ហើយនាំបណ្ដាជនអ៊ីស្រាអែលទាំងអស់នេះឆ្លងទន្លេយ៉ូដាន់ ចូលទៅស្រុកដែលខ្ញុំនឹងប្រគល់ឲ្យពួកគេ។+ ៣ ទឹកដីណាដែលអ្នករាល់គ្នាឈានជើងចូល ខ្ញុំនឹងប្រគល់ឲ្យទាំងអស់ ដូចខ្ញុំបានសន្យានឹងម៉ូសេ។+ ៤ ទឹកដីរបស់អ្នករាល់គ្នានឹងលាតសន្ធឹងចាប់ពីតំបន់ស្ងាត់ជ្រងំរហូតដល់ស្រុកលីបង់ ហើយរហូតដល់ទន្លេធំអឺប្រាត គឺទឹកដីទាំងអស់របស់ជនជាតិហេត។+ ទឹកដីរបស់អ្នករាល់គ្នាក៏នឹងលាតសន្ធឹងរហូតដល់សមុទ្រធំ*នៅទិសខាងលិចដែរ។+ ៥ អស់មួយជីវិតរបស់អ្នក គ្មានអ្នកណាម្នាក់អាចច្បាំងឈ្នះអ្នកបានឡើយ។+ ខ្ញុំនឹងនៅជាមួយនឹងអ្នក ដូចខ្ញុំធ្លាប់នៅជាមួយនឹងម៉ូសេដែរ។+ ខ្ញុំមិនចាកចេញពីអ្នកទេ ហើយក៏មិនបោះបង់ចោលអ្នកដែរ។+ ៦ ចូរមានចិត្តក្លាហានហើយរឹងមាំឡើង+ ព្រោះអ្នកនឹងនាំមុខបណ្ដាជនទាំងនេះ ចូលទៅរស់នៅក្នុងទឹកដីដែលពួកគេនឹងទទួលជាមត៌ក ដូចខ្ញុំបានស្បថនឹងបុព្វបុរសរបស់ពួកគេ។+
៧ «សំខាន់អ្នកត្រូវមានចិត្តក្លាហានហើយរឹងមាំខ្លាំងក្លា ព្រមទាំងយកចិត្តទុកដាក់ធ្វើតាមច្បាប់ទាំងមូលដែលម៉ូសេជាអ្នកបម្រើខ្ញុំបានបង្គាប់ដល់អ្នក កុំខានធ្វើតាមច្បាប់ណាមួយឲ្យសោះ។+ យ៉ាងនោះ អ្នកអាចប្រព្រឹត្តដោយប្រាជ្ញាក្នុងគ្រប់ការទាំងអស់។+ ៨ អ្នកត្រូវបន្តនិយាយអំពីច្បាប់ទាំងនោះ។+ អ្នកត្រូវអាននិងរំពឹងគិតអំពីច្បាប់ទាំងនោះ*ទាំងយប់ទាំងថ្ងៃ ដើម្បីឲ្យអ្នកធ្វើតាមច្បាប់ទាំងអស់នោះយ៉ាងដិតដល់។+ បើអ្នកធ្វើដូច្នោះ អ្នកនឹងប្រព្រឹត្តដោយប្រាជ្ញា ហើយជីវិតរបស់អ្នកនឹងបានជោគជ័យ។+ ៩ ឥឡូវ ខ្ញុំបង្គាប់អ្នកម្ដងទៀតថា ចូរមានចិត្តក្លាហានហើយរឹងមាំឡើង។ កុំភ័យខ្លាចឬតក់ស្លុតឡើយ ព្រោះព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅជាមួយនឹងអ្នកគ្រប់កន្លែងដែលអ្នកទៅ»។+
១០ រួចមក យ៉ូស្វេបានបញ្ជាពួកមេបណ្ដាជនថា៖ ១១ «ចូរទៅបង្គាប់បណ្ដាជនក្នុងជំរំទាំងមូលថា៖ ‹ចូរត្រៀមស្បៀងអាហារ ដោយសារបីថ្ងៃទៀត យើងទាំងអស់គ្នានឹងឆ្លងទន្លេយ៉ូដាន់ ដើម្បីចូលទៅចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់យើងរាល់គ្នាឲ្យជាមត៌ក›»។+
១២ យ៉ូស្វេនិយាយទៅកាន់កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេ ដោយប្រាប់ថា៖ ១៣ «សូមកុំភ្លេចអ្វីដែលម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ា បានបង្គាប់ដល់អ្នករាល់គ្នាថា៖+ ‹ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាបានឲ្យស្រុកនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចរស់នៅដោយសុខសាន្តក្នុងស្រុកនេះ។* ១៤ ចំណែកឯប្រពន្ធរបស់អ្នករាល់គ្នា កូនរបស់អ្នករាល់គ្នា ហ្វូងសត្វរបស់អ្នករាល់គ្នា នឹងអាស្រ័យនៅក្នុងស្រុកដែលម៉ូសេបានឲ្យអ្នករាល់គ្នា គឺស្រុកដែលនៅត្រើយខាងនេះ*ទន្លេយ៉ូដាន់។+ ប៉ុន្តែ អ្នកទាំងអស់គ្នាដែលជាអ្នកចម្បាំងដ៏ខ្លាំងក្លា+ សូមដើរជាក្បួនទ័ពឆ្លងនាំមុខបងប្អូនរបស់អ្នករាល់គ្នា។+ អ្នករាល់គ្នាត្រូវជួយពួកគេ ១៥ រហូតដល់ព្រះយេហូវ៉ាជួយពួកគេឲ្យរស់នៅដោយសុខសាន្ត ដូចដែលលោកបានជួយអ្នករាល់គ្នាឲ្យរស់នៅដោយសុខសាន្តដែរ ហើយរហូតដល់ពួកគេចាប់យកទឹកដីដែលព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាបានឲ្យដល់ពួកគេ។ រួចមក ចូរអ្នករាល់គ្នាត្រឡប់ទៅកាន់កាប់ស្រុកនៅខាងកើតទន្លេយ៉ូដាន់វិញចុះ គឺស្រុកដែលម៉ូសេជាអ្នកបម្រើព្រះយេហូវ៉ាបានឲ្យអ្នករាល់គ្នា›»។+
១៦ ពួកគេតបទៅយ៉ូស្វេថា៖ «យើងនឹងធ្វើតាមបង្គាប់ទាំងអស់របស់អ្នក ហើយយើងនឹងទៅកន្លែងណាដែលអ្នកចាត់យើងឲ្យទៅ។+ ១៧ យើងនឹងធ្វើតាមបង្គាប់របស់អ្នក ដូចយើងបានធ្វើតាមបង្គាប់ទាំងអស់របស់ម៉ូសេដែរ។ សូមឲ្យព្រះយេហូវ៉ាជាព្រះរបស់អ្នកនៅជាមួយនឹងអ្នក ដូចលោកធ្លាប់នៅជាមួយនឹងម៉ូសេ។+ ១៨ បើអ្នកណាហ៊ានបះបោរប្រឆាំងអ្នក ហើយមិនធ្វើតាមបង្គាប់ទាំងអស់របស់អ្នក អ្នកនោះនឹងត្រូវសម្លាប់ចោល។+ ចំណែកអ្នកវិញ សូមអ្នកមានចិត្តក្លាហានហើយរឹងមាំឡើង»។+
២ ក្រោយមក យ៉ូស្វេកូនប្រុសនុនចាត់បុរសពីរនាក់ដោយសម្ងាត់ពីស៊ីទីម+ឲ្យទៅស៊ើបការណ៍។ គាត់ប្រាប់ពួកគេថា៖ «ចូរទៅស៊ើបការណ៍នៅក្នុងស្រុកនោះ ជាពិសេសក្រុងយេរីខូ»។ ដូច្នេះ ពួកគេក៏ធ្វើដំណើរចេញទៅ ហើយបានទៅដល់ផ្ទះរបស់ស្ត្រីពេស្យាម្នាក់ឈ្មោះរ៉ាហាប។+ ពួកគេក៏ស្នាក់នៅទីនោះ។ ២ ពេលនោះ មានមនុស្សទៅរាយការណ៍ប្រាប់ស្ដេចក្រុងយេរីខូថា៖ «លោកម្ចាស់! យប់នេះ មានបុរសជនជាតិអ៊ីស្រាអែលបានចូលមកស៊ើបការណ៍នៅស្រុករបស់យើង»។ ៣ ឮដូច្នោះ ស្ដេចក្រុងយេរីខូចាត់មនុស្សឲ្យទៅប្រាប់រ៉ាហាបថា៖ «ចូរនាំពួកបុរសដែលស្នាក់នៅផ្ទះរបស់នាងចេញមក ព្រោះពួកគេបានចូលមកស៊ើបការណ៍នៅស្រុកយើងទាំងមូល»។
៤ ប៉ុន្តែ រ៉ាហាបបាននាំបុរសទាំងពីរនាក់នោះទៅលាក់ខ្លួនរួចហើយ។ ដូច្នេះ ពេលមនុស្សរបស់ស្ដេចមកជួបនាង នាងនិយាយថា៖ «ចាស ពួកគេបានមកផ្ទះខ្ញុំមែន តែខ្ញុំមិនដឹងថាពួកគេមកពីណាទេ។ ៥ លុះព្រលប់ មុននឹងទ្វារកំពែងក្រុងត្រូវបិទ ពួកគេបានចេញទៅបាត់ហើយ។ ខ្ញុំមិនដឹងថាពួកគេទៅឯណាទេ ប៉ុន្តែបើពួកលោកឆាប់ចេញទៅតាមពួកគេ ពួកលោកនឹងដេញតាមពួកគេទាន់»។ ៦ (តាមពិត នាងបាននាំពួកគេឡើងទៅលើដំបូល ហើយឲ្យពួកគេលាក់ខ្លួននៅក្នុងគំនរដើមផ្លេច*ដែលតម្រៀបជាជួរនៅទីនោះ)។ ៧ ម្ល៉ោះហើយ មនុស្សរបស់ស្ដេចក៏ចេញទៅតាមរកបុរសពីរនាក់នោះ។ ពួកគេទៅតាមផ្លូវឆ្ពោះទៅទន្លេយ៉ូដាន់ ទៅកន្លែងដែលអាចលុយទឹកបាន។+ ក្រោយពីពួកគេចេញផុត ទ្វារកំពែងក្រុងបានត្រូវបិទភ្លាម។
៨ មុនពេលបុរសពីរនាក់នោះដេកលក់ រ៉ាហាបឡើងមកជួបពួកគេនៅលើដំបូល។ ៩ នាងនិយាយទៅពួកគេថា៖ «ខ្ញុំដឹងថាព្រះយេហូវ៉ានឹងឲ្យស្រុកនេះទៅពួកលោក+ ហើយយើងភ័យខ្លាចពួកលោក។+ ពួកលោកធ្វើឲ្យមនុស្សគ្រប់គ្នាក្នុងស្រុកនេះស្លុតចិត្តខ្លាំងណាស់+ ១០ ព្រោះយើងបានឮអំពីរបៀបដែលព្រះយេហូវ៉ាបានធ្វើឲ្យទឹកសមុទ្រក្រហមរីងស្ងួតនៅចំពោះមុខពួកលោក ពេលដែលពួកលោកចេញពីស្រុកអេហ្ស៊ីប។+ យើងក៏បានឮដែរអំពីអ្វីដែលពួកលោកបានធ្វើទៅលើស្ដេចស៊ីហុន+ និងស្ដេចអុក+ដែលជាស្ដេចរបស់ជនជាតិអាម៉ូរីនៅត្រើយម្ខាង*នៃទន្លេយ៉ូដាន់ គឺពួកលោកបានសម្លាប់ពួកគេចោល។ ១១ ពេលយើងឮអំពីរឿងទាំងនេះ យើងគ្រប់គ្នាបាត់បង់ចិត្តក្លាហាន ហើយតាំងភ័យខ្លាចពួកលោក ដោយសារព្រះយេហូវ៉ាជាព្រះរបស់ពួកលោក គឺជាព្រះតែមួយនៅស្ថានសួគ៌និងលើផែនដី។+ ១២ ឥឡូវ សូមពួកលោកមេត្តាស្បថដោយនូវនាមព្រះយេហូវ៉ាថា ពួកលោកនឹងជួយ*ក្រុមគ្រួសាររបស់ឪពុកខ្ញុំ ដោយសារខ្ញុំបានជួយពួកលោក ហើយពួកលោកត្រូវឲ្យសញ្ញាសម្គាល់មួយដល់ខ្ញុំដើម្បីខ្ញុំអាចទុកចិត្តបាន។ ១៣ ពួកលោកត្រូវទុកជីវិតឲ្យឪពុកម្ដាយខ្ញុំ បងប្អូនប្រុសស្រីរបស់ខ្ញុំ ព្រមទាំងមនុស្សគ្រប់គ្នាដែលនៅក្នុងក្រុមគ្រួសាររបស់ពួកគាត់។ ពួកលោកត្រូវជួយសង្គ្រោះជីវិត*របស់ពួកយើង»។+
១៤ បុរសទាំងពីរនោះបានតបទៅនាងវិញថា៖ «យើងសូមយកជីវិតមកធានាចំពោះនាង! បើនាងមិនប្រាប់រឿងរបស់យើងដល់អ្នកឯទៀត នោះយើងនឹងជួយនាង ហើយបង្ហាញសេចក្ដីស្មោះត្រង់និងសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះនាង ពេលដែលព្រះយេហូវ៉ាប្រគល់ស្រុកនេះឲ្យពួកយើង»។ ១៥ បន្ទាប់មក នាងដាក់ខ្សែពួរឲ្យបុរសពីរនាក់នោះចុះតាមបង្អួច ព្រោះផ្ទះរបស់នាងនៅលើកំពែងក្រុង។+ ១៦ រួចមក នាងនិយាយទៅកាន់បុរសពីរនាក់នោះថា៖ «សូមទៅតំបន់ភ្នំ ហើយលាក់ខ្លួននៅទីនោះបីថ្ងៃសិន ដើម្បីកុំឲ្យពួកគេរកពួកលោកឃើញ។ ចាំដល់ពួកគេត្រឡប់មកវិញ សឹមពួកលោកបន្តដំណើរទៅទៀត»។
១៧ បុរសពីរនាក់នោះនិយាយទៅកាន់នាងថា៖ «យើងនឹងធ្វើតាមពាក្យសម្បថដែលនាងបានសុំឲ្យយើងស្បថ ដើម្បីកុំឲ្យយើងត្រូវជាប់ទោស។+ ១៨ ប៉ុន្តែ ពេលយើងចូលមកក្នុងស្រុកនេះ នាងត្រូវចងខ្សែពួរក្រហមនេះនៅនឹងបង្អួច ដែលនាងបានដាក់ឲ្យយើងចុះ។ នាងក៏ត្រូវនាំឪពុកម្ដាយ បងប្អូនរបស់នាង និងមនុស្សគ្រប់គ្នាដែលនៅក្នុងក្រុមគ្រួសាររបស់ឪពុកនាង មកក្នុងផ្ទះនេះ។+ ១៩ ក៏ប៉ុន្តែ បើមានអ្នកណាម្នាក់ចេញពីទ្វារផ្ទះរបស់នាង អ្នកនោះត្រូវទទួលខុសត្រូវចំពោះជីវិតរបស់ខ្លួន យើងមិនទទួលខុសត្រូវឡើយ។ តែបើមានអន្តរាយកើតឡើងចំពោះអ្នកណាម្នាក់ដែលនៅក្នុងផ្ទះរបស់នាង យើងនឹងទទួលខុសត្រូវ។ ២០ ប៉ុន្តែ បើនាងប្រាប់រឿងរបស់យើងដល់អ្នកឯទៀត+ យើងនឹងរួចពីសម្បថដែលនាងបានសុំឲ្យយើងស្បថ»។ ២១ នាងឆ្លើយថា៖ «ខ្ញុំនឹងធ្វើតាមសម្ដីរបស់ពួកលោក»។
រួចនាងឲ្យពួកគេចេញទៅ។ បន្ទាប់មក នាងចងខ្សែពួរក្រហមនៅនឹងបង្អួច។ ២២ ដូច្នេះ ពួកគេបានឡើងទៅតំបន់ភ្នំ ហើយលាក់ខ្លួននៅទីនោះអស់រយៈពេលបីថ្ងៃ រហូតដល់ពួកអ្នកដែលដេញតាមពួកគេត្រឡប់ទៅវិញ។ ពួកអ្នកទាំងនោះបានស្វែងរកពួកគេគ្រប់ច្រកល្ហក តែរកមិនឃើញទេ។ ២៣ ក្រោយមក បុរសពីរនាក់នោះបានចុះពីតំបន់ភ្នំ ហើយឆ្លងទន្លេមកជួបយ៉ូស្វេជាកូនប្រុសនុន។ ពួកគេរៀបរាប់រឿងរ៉ាវទាំងអស់ដែលបានកើតឡើងចំពោះពួកគេ ឲ្យយ៉ូស្វេស្ដាប់។ ២៤ ពួកគេប្រាប់យ៉ូស្វេទៀតថា៖ «ព្រះយេហូវ៉ាបានប្រគល់ទឹកដីទាំងមូលមកក្នុងកណ្ដាប់ដៃយើងហើយ។+ តាមពិត បណ្ដាជនទាំងអស់ក្នុងស្រុកនោះភ័យខ្លាចពួកយើងខ្លាំងណាស់»។+
៣ ក្រោយមក យ៉ូស្វេក្រោកពីព្រលឹម។ គាត់និងបណ្ដាជនអ៊ីស្រាអែលទាំងអស់បានចាកចេញពីស៊ីទីម+ ហើយមកដល់ទន្លេយ៉ូដាន់។ ពេលយប់ ពួកគេស្នាក់នៅទីនោះមុននឹងឆ្លងទន្លេ។
២ បីថ្ងៃកន្លងផុតទៅ ពួកមេបណ្ដាជន+បានទៅជំរំទាំងមូល ៣ ហើយបញ្ជាបណ្ដាជនថា៖ «កាលណាអ្នករាល់គ្នាឃើញពួកសង្ឃលេវីសែងហឹបនៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ា+ ជាព្រះរបស់អ្នករាល់គ្នា ចូរអ្នករាល់គ្នាប្រញាប់ចាកចេញពីកន្លែងដែលអ្នករាល់គ្នាស្នាក់នៅ ហើយដើរតាមហឹបនោះទៅ។ ៤ ប៉ុន្តែ ចូរនៅឲ្យឆ្ងាយពីហឹបនោះប្រហែល២.០០០ហត្ថ* ហើយមិនត្រូវចូលទៅជិតជាងនេះឡើយ។ យ៉ាងនេះ អ្នករាល់គ្នាអាចស្គាល់ផ្លូវដែលត្រូវទៅ ព្រោះអ្នករាល់គ្នាមិនធ្លាប់ធ្វើដំណើរតាមផ្លូវនេះពីមុនទេ»។
៥ យ៉ូស្វេនិយាយទៅកាន់បណ្ដាជនថា៖ «ចូរអ្នករាល់គ្នាត្រៀមខ្លួន*+ ព្រោះនៅថ្ងៃស្អែកព្រះយេហូវ៉ានឹងធ្វើការអស្ចារ្យឲ្យអ្នករាល់គ្នាឃើញ»។+
៦ រួចមក យ៉ូស្វេនិយាយទៅកាន់ពួកសង្ឃថា៖ «ចូរសែងហឹប+នៃកិច្ចព្រមព្រៀង ហើយដើរនាំមុខបណ្ដាជន»។ ដូច្នេះ ពួកគេក៏សែងហឹបនៃកិច្ចព្រមព្រៀង ហើយដើរនាំមុខបណ្ដាជន។
៧ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍ទៅយ៉ូស្វេថា៖ «ថ្ងៃនេះ ខ្ញុំនឹងតម្កើងអ្នកនៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងអស់+ ដើម្បីឲ្យពួកគេដឹងថា ខ្ញុំនៅជាមួយនឹងអ្នក+ ដូចខ្ញុំបាននៅជាមួយនឹងម៉ូសេដែរ។+ ៨ អ្នកត្រូវបង្គាប់ពួកសង្ឃដែលសែងហឹបនៃកិច្ចព្រមព្រៀងថា៖ ‹ពេលពួកអ្នកទៅដល់មាត់ទន្លេយ៉ូដាន់ ពួកអ្នកត្រូវដើរទៅឈរនៅក្នុងទន្លេនោះ›»។+
៩ រួចយ៉ូស្វេនិយាយទៅបណ្ដាជនអ៊ីស្រាអែលថា៖ «ចូរមកទីនេះ ហើយស្ដាប់ប្រសាសន៍ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា»។ ១០ បន្ទាប់មក យ៉ូស្វេនិយាយថា៖ «អ្នករាល់គ្នានឹងដឹងថាព្រះដែលមានជីវិតរស់នៅ គឺនៅជាមួយនឹងអ្នករាល់គ្នា+ ហើយអ្នករាល់គ្នានឹងដឹងថាលោកនឹងបណ្ដេញជនជាតិកាណាន ជនជាតិហេត ជនជាតិហេវី ជនជាតិពេរិស៊ីត ជនជាតិកឺកាស៊ី ជនជាតិអាម៉ូរី និងជនជាតិយេប៊ូស ឲ្យចេញពីមុខអ្នករាល់គ្នា។+ ១១ មើល! ហឹបនៃកិច្ចព្រមព្រៀងរបស់ម្ចាស់ផែនដីទាំងមូល នឹងនាំមុខអ្នករាល់គ្នាឆ្លងទន្លេយ៉ូដាន់។ ១២ ឥឡូវ ចូរជ្រើសរើសបុរស១២នាក់ពីកុលសម្ព័ន្ធផ្សេងៗនៃជនជាតិអ៊ីស្រាអែល គឺយកម្នាក់ពីកុលសម្ព័ន្ធនីមួយៗ។+ ១៣ រួចកាលណាពួកសង្ឃដែលសែងហឹបនៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ាជាម្ចាស់ផែនដីទាំងមូល ដាក់ជើងចូលទៅក្នុងទឹកទន្លេយ៉ូដាន់ភ្លាម នោះទឹកទន្លេដែលហូរមកពីលើនឹងឈប់ ហើយនៅនឹងថ្កល់ មើលទៅដូចជាជញ្ជាំង»។+
១៤ ដូច្នេះ ពេលដែលបណ្ដាជនចាកចេញពីត្រសាល ហៀបនឹងឆ្លងទន្លេយ៉ូដាន់ ពួកសង្ឃដែលសែងហឹប+នៃកិច្ចព្រមព្រៀង បានដើរនាំមុខពួកគេ។ ១៥ កាលពួកសង្ឃដែលសែងហឹបបានមកដល់ទន្លេយ៉ូដាន់ ហើយឈានជើងចូលមាត់ទន្លេ (ទឹកទន្លេយ៉ូដាន់តែងឡើងលិចច្រាំងទន្លេ+ពេញមួយរដូវច្រូតកាត់) ១៦ ភ្លាមនោះ ទឹកទន្លេដែលហូរមកពីលើក៏ឈប់ ហើយច្រាលឡើងដូចជាជញ្ជាំងដែលនៅឆ្ងាយពីពួកគេ គឺឈប់នៅត្រង់ក្រុងអាដាមជាក្រុងដែលនៅជិតសារីថាន។ ទឹកដែលហូរចុះទៅសមុទ្រអារ៉ាបាគឺសមុទ្រអំបិល* ក៏ហូររីងអស់ទៅ។ រួចមក បណ្ដាជនក៏នាំគ្នាដើរឆ្លងទន្លេយ៉ូដាន់នៅខាងមុខក្រុងយេរីខូ។ ១៧ ពួកសង្ឃដែលសែងហឹបនៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ា បានបន្តឈរលើដីស្ងួត+នៅកណ្ដាលទន្លេយ៉ូដាន់ រហូតដល់ប្រជាជាតិអ៊ីស្រាអែលទាំងមូលនាំគ្នាដើរឆ្លងផុតទន្លេយ៉ូដាន់។+
៤ ក្រោយពីប្រជាជាតិទាំងមូលដើរឆ្លងផុតទន្លេយ៉ូដាន់ភ្លាម ព្រះយេហូវ៉ាមានប្រសាសន៍ទៅយ៉ូស្វេថា៖ ២ «ចូរហៅបុរស១២នាក់ដែលបានជ្រើសរើសពីកុលសម្ព័ន្ធនីមួយៗមក+ ៣ ហើយបង្គាប់ពួកគេថា៖ ‹ចូរយកថ្ម១២ដុំពីកណ្ដាលទន្លេយ៉ូដាន់ត្រង់កន្លែងដែលពួកសង្ឃឈរ+ រួចលីថ្មទាំងនោះដើរឆ្លងទៅជាមួយ ហើយដាក់នៅកន្លែងដែលអ្នករាល់គ្នានឹងស្នាក់នៅនាពេលយប់›»។+
៤ ដូច្នេះ យ៉ូស្វេហៅបុរស១២នាក់ដែលគាត់បានជ្រើសរើសពីកុលសម្ព័ន្ធនីមួយៗនៃជនជាតិអ៊ីស្រាអែលឲ្យមក ៥ ហើយគាត់ប្រាប់ពួកគេថា៖ «ចូរដើរទៅកណ្ដាលទន្លេយ៉ូដាន់ខាងមុខហឹបនៃព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាត្រូវលីថ្មម្នាក់មួយដុំមក តាមកុលសម្ព័ន្ធរៀងៗខ្លួន។ ៦ ថ្មទាំងនេះនឹងរំលឹកអ្នករាល់គ្នាអំពីអ្វីដែលព្រះបានធ្វើសម្រាប់អ្នករាល់គ្នា។ បើនៅថ្ងៃមុខ កូនចៅរបស់អ្នករាល់គ្នាសួរថា៖ ‹ហេតុអ្វីមានថ្មទាំងនេះ?›+ ៧ នោះអ្នករាល់គ្នាត្រូវឆ្លើយប្រាប់ពួកគេថា៖ ‹ព្រោះទឹកទន្លេយ៉ូដាន់បានឈប់ហូរនៅមុខហឹប+នៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ា។ ពេលសង្ឃដែលសែងហឹបនោះឆ្លងទន្លេយ៉ូដាន់ ទឹកទន្លេបានឈប់ទ្រឹង។ ថ្មទាំងនេះនឹងរំលឹកជនជាតិអ៊ីស្រាអែលជារៀងរហូត›»។+
៨ ដូច្នេះ ជនជាតិអ៊ីស្រាអែលបានធ្វើតាមបង្គាប់របស់យ៉ូស្វេ។ ពួកគេបានយកថ្ម១២ដុំពីកណ្ដាលទន្លេយ៉ូដាន់ តាមចំនួនកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល ដូចព្រះយេហូវ៉ាបានបង្គាប់យ៉ូស្វេ។ ពួកគេបានលីថ្មទាំងនោះទៅកន្លែងដែលពួកគេស្នាក់នៅនាពេលយប់ ហើយដាក់នៅទីនោះ។
៩ ម្យ៉ាងទៀត យ៉ូស្វេបានដាំថ្ម១២ដុំនៅកណ្ដាលទន្លេយ៉ូដាន់ ត្រង់កន្លែងដែលពួកសង្ឃសែងហឹបនៃកិច្ចព្រមព្រៀងឈរ។+ ថ្មទាំងនោះបាននៅទីនោះរហូតមកដល់សព្វថ្ងៃ។
១០ ពួកបណ្ដាជនប្រញាប់នាំគ្នាឆ្លងទន្លេយ៉ូដាន់ កាលដែលពួកសង្ឃសែងហឹបបន្តឈរនៅកណ្ដាលទន្លេ។ ពួកសង្ឃនៅឈរទីនោះរហូតដល់ពួកគេបានធ្វើអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានបង្គាប់យ៉ូស្វេ ហើយបានធ្វើអ្វីដែលម៉ូសេបានបង្គាប់យ៉ូស្វេដែរ។ ១១ ក្រោយពីពួកបណ្ដាជនបានឆ្លងផុតទាំងអស់គ្នាភ្លាម ពួកសង្ឃដែលសែងហឹបរបស់ព្រះយេហូវ៉ា ក៏ដើរឆ្លងទន្លេដែរ ហើយពួកបណ្ដាជនកំពុងមើល។+ ១២ កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេ បាននាំគ្នាដើរជាក្បួនទ័ព+នាំមុខពួកបណ្ដាជនអ៊ីស្រាអែលឆ្លងទន្លេ ដូចដែលម៉ូសេបានបង្គាប់។+ ១៣ ពួកទាហានប្រមាណ៤០.០០០នាក់ប្រដាប់ដោយគ្រឿងចម្បាំង បានឆ្លងទន្លេនោះទៅដល់តំបន់ស្ងាត់ជ្រងំជិតក្រុងយេរីខូ ហើយព្រះយេហូវ៉ានៅជាមួយនឹងពួកគេ។
១៤ នៅថ្ងៃនោះ ព្រះយេហូវ៉ាបានតម្កើងយ៉ូស្វេនៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងអស់+ ហើយពួកគេគោរពគាត់យ៉ាងជ្រាលជ្រៅរហូតអស់មួយជីវិតរបស់គាត់ ដូចដែលពួកគេធ្លាប់គោរពម៉ូសេយ៉ាងជ្រាលជ្រៅដែរ។+
១៥ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍ទៅយ៉ូស្វេថា៖ ១៦ «ចូរបញ្ជាពួកសង្ឃដែលសែងហឹប+នៃសេចក្ដីរំលឹក* ឲ្យដើរឆ្លងទន្លេយ៉ូដាន់ចេញមក»។ ១៧ ម្ល៉ោះហើយ យ៉ូស្វេបញ្ជាពួកសង្ឃថា៖ «ចូរដើរឆ្លងទន្លេយ៉ូដាន់ចេញមក»។ ១៨ ពេលពួកសង្ឃដែលសែងហឹប+នៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ា ដើរឆ្លងពីកណ្ដាលទន្លេយ៉ូដាន់មកជាន់មាត់ច្រាំងភ្លាម ទឹកទន្លេយ៉ូដាន់ក៏ចាប់ផ្ដើមហូរ រហូតដល់លិចច្រាំងទន្លេ+ដូចដើមវិញ។
១៩ នៅថ្ងៃទី១០ ខែទី១ បណ្ដាជនបានឆ្លងទន្លេយ៉ូដាន់ ហើយពួកគេបានបោះជំរំនៅឯក្រុងគីលកាល+ ដែលស្ថិតនៅព្រំប្រទល់ខាងកើតនៃក្រុងយេរីខូ។
២០ ចំណែកឯថ្ម១២ដុំដែលពួកគេបានយកពីទន្លេយ៉ូដាន់ យ៉ូស្វេបានយកទៅដាំនៅក្រុងគីលកាល។+ ២១ រួចមក គាត់ប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ «នៅថ្ងៃមុខ បើកូនចៅរបស់អ្នករាល់គ្នាសួរថា៖ ‹តើថ្មទាំងនេះមានន័យដូចម្ដេច?›+ ២២ នោះអ្នករាល់គ្នាត្រូវពន្យល់ថា៖ ‹ជនជាតិអ៊ីស្រាអែលបានដើរឆ្លងលើដីស្ងួតក្នុងទន្លេយ៉ូដាន់+ ២៣ ពេលដែលព្រះយេហូវ៉ាធ្វើឲ្យទន្លេយ៉ូដាន់រីងស្ងួតនៅចំពោះមុខពួកគេ រហូតដល់ពួកគេឆ្លងផុតទន្លេនោះ ដូចព្រះយេហូវ៉ាបានធ្វើឲ្យសមុទ្រក្រហមរីងស្ងួតនៅចំពោះមុខពួកយើង រហូតដល់ពួកយើងឆ្លងផុតដែរ។+ ២៤ ព្រះយេហូវ៉ាធ្វើដូច្នេះ ដើម្បីឲ្យមនុស្សទាំងអស់នៅផែនដីដឹងថា លោកមានឫទ្ធានុភាពខ្លាំងក្លាណាស់+ និងដើម្បីឲ្យអ្នករាល់គ្នាគោរពកោតខ្លាចព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នារហូតតទៅ›»។
៥ ស្ដេចទាំងអស់របស់ជនជាតិអាម៉ូរី+ដែលនៅខាងលិចទន្លេយ៉ូដាន់ និងស្ដេចទាំងអស់របស់ជនជាតិកាណាន+ដែលនៅជិតសមុទ្រ បានបាត់បង់ចិត្តក្លាហាន ហើយគ្រប់គ្នាតាំងភ័យខ្លាចជនជាតិអ៊ីស្រាអែល ពេលឮថាព្រះយេហូវ៉ាបានធ្វើឲ្យទឹកទន្លេយ៉ូដាន់រីងស្ងួតនៅចំពោះមុខជនជាតិអ៊ីស្រាអែល រហូតដល់ពួកគេឆ្លងផុតទន្លេនោះ។+
២ នៅពេលនោះ ព្រះយេហូវ៉ាមានប្រសាសន៍ទៅយ៉ូស្វេថា៖ «ចូរអ្នកយកថ្មសំលៀងធ្វើជាកាំបិត ហើយកាត់ចុងស្បែក+បុរសជនជាតិអ៊ីស្រាអែលជាលើកទី២»។ ៣ លុះធ្វើកាំបិតរួច យ៉ូស្វេក៏យកកាំបិតនោះទៅកាត់ចុងស្បែកបុរសជនជាតិអ៊ីស្រាអែល នៅគីបៀតហារ៉ាឡុត។*+ ៤ មូលហេតុដែលយ៉ូស្វេកាត់ចុងស្បែកពួកគេ មានដូចតទៅ៖ ពួកបុរសចម្បាំង*ទាំងអស់ដែលបានចាកចេញពីស្រុកអេហ្ស៊ីប បានស្លាប់នៅតំបន់ស្ងាត់ជ្រងំ។+ ៥ បុរសទាំងអស់នោះដែលបានចាកចេញពីស្រុកអេហ្ស៊ីប បានត្រូវកាត់ចុងស្បែករួចហើយ។ ប៉ុន្តែ ពួកអ្នកដែលកើតនៅតំបន់ស្ងាត់ជ្រងំមិនទាន់កាត់ចុងស្បែកទេ។ ៦ ជនជាតិអ៊ីស្រាអែលបានដើរអស់៤០ឆ្នាំ+ក្នុងតំបន់ស្ងាត់ជ្រងំ រហូតដល់ប្រជាជាតិទាំងមូលបានស្លាប់អស់ គឺពួកបុរសចម្បាំងដែលមិនស្ដាប់បង្គាប់ព្រះយេហូវ៉ា ក្រោយចាកចេញពីស្រុកអេហ្ស៊ីប។+ ព្រះយេហូវ៉ាបានស្បថនឹងពួកគេថា លោកមិនឲ្យពួកគេឃើញស្រុក+ដែលព្រះយេហូវ៉ាបានស្បថនឹងបុព្វបុរសរបស់ពួកគេថានឹងប្រគល់ឲ្យរាស្ត្ររបស់លោក*+ គឺស្រុកដែលមានទឹកដោះនិងទឹកឃ្មុំច្រើនហូរហៀរ។+ ៧ ដូច្នេះ លោកបាននាំកូនៗរបស់ពួកគេចូលក្នុងស្រុកនោះជំនួសពួកគេវិញ+ គឺកូនៗទាំងនេះហើយដែលយ៉ូស្វេបានកាត់ចុងស្បែកឲ្យ ពីព្រោះអំឡុងពេលធ្វើដំណើរពួកគេមិនទាន់បានកាត់ចុងស្បែកនៅឡើយទេ។
៨ ពេលប្រជាជាតិទាំងមូលបានត្រូវកាត់ចុងស្បែករួចរាល់ហើយ ពួកគេបន្តនៅក្នុងជំរំ រហូតទាល់តែបានជាសះស្បើយឡើងវិញ។
៩ រួចមក ព្រះយេហូវ៉ាមានប្រសាសន៍ទៅយ៉ូស្វេថា៖ «ថ្ងៃនេះ ខ្ញុំបានដកការតិះដៀលរបស់ជនជាតិអេហ្ស៊ីបចេញពីអ្នករាល់គ្នា»។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថាក្រុងគីលកាល*+ រហូតមកដល់សព្វថ្ងៃ។
១០ ជនជាតិអ៊ីស្រាអែលបន្តនៅក្នុងជំរំនៅឯគីលកាលត្រង់តំបន់ស្ងាត់ជ្រងំជិតក្រុងយេរីខូ ហើយពួកគេបានធ្វើបុណ្យរំលងនៅល្ងាចថ្ងៃទី១៤នៃខែនោះឯង។+ ១១ នៅថ្ងៃបន្ទាប់ពីបុណ្យរំលង គឺនៅថ្ងៃនោះឯង ពួកគេបរិភោគនំប៉័ងឥតដំបែ+ និងលាជ ដែលជាភោគផលរបស់ស្រុកកាណាន។ ១២ តាំងពីថ្ងៃនោះមក នំម៉ាណាលែងមានទៀត។ ជនជាតិអ៊ីស្រាអែលមិនមាននំម៉ាណាបរិភោគទៀតទេ។+ ដូច្នេះនៅឆ្នាំនោះ ពួកគេចាប់ផ្ដើមបរិភោគភោគផលរបស់ស្រុកកាណានវិញ។+
១៣ នៅថ្ងៃមួយ ពេលយ៉ូស្វេនៅជិតក្រុងយេរីខូ គាត់ងើបមុខទៅឃើញបុរសម្នាក់+កំពុងឈរកាន់ដាវ។+ យ៉ូស្វេដើរទៅជិតបុរសនោះ ហើយសួរថា៖ «តើអ្នកនៅខាងយើង ឬនៅខាងសត្រូវរបស់យើង?»។ ១៤ បុរសនោះឆ្លើយថា៖ «ទេ ខ្ញុំមកក្នុងនាមជាមេទ័ពរបស់ព្រះយេហូវ៉ា»។+ ពេលយ៉ូស្វេឮដូច្នោះ គាត់ក្រាបខ្លួនដល់ដីបង្ហាញការគោរព ហើយនិយាយថា៖ «តើលោកម្ចាស់មានអ្វីចង់ប្រាប់ខ្ញុំជាអ្នកបម្រើទេ?»។ ១៥ មេទ័ពរបស់ព្រះយេហូវ៉ាតបទៅយ៉ូស្វេថា៖ «ចូរដោះស្បែកជើងចេញ ព្រោះកន្លែងដែលអ្នកឈរគឺបរិសុទ្ធ»។ យ៉ូស្វេក៏ប្រញាប់ដោះស្បែកជើងចេញ។+
៦ ចំណែកនៅក្រុងយេរីខូវិញ ទ្វារក្រុងបានត្រូវបិទយ៉ាងជាប់ មិនមានអ្នកណាចេញចូលក្រុងនោះឡើយ ដោយសារតែខ្លាចជនជាតិអ៊ីស្រាអែល។+
២ ព្រះយេហូវ៉ាមានប្រសាសន៍ទៅយ៉ូស្វេថា៖ «មើល! ខ្ញុំបានប្រគល់ក្រុងយេរីខូ ពួកទាហានខ្លាំងក្លា និងស្ដេចនៃក្រុងនោះ ទៅក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។+ ៣ ចូរឲ្យពួកអ្នកចម្បាំងនៃជនជាតិអ៊ីស្រាអែលទាំងអស់ដើរជុំវិញក្រុងនោះរយៈពេល៦ថ្ងៃ គឺមួយថ្ងៃដើរមួយជុំ។ ៤ ចូរចាត់សង្ឃ៧នាក់ឲ្យដើរខាងមុខហឹប ទាំងកាន់ស្នែងចៀមឈ្មោលម្នាក់មួយៗ។ លុះដល់ថ្ងៃទី៧ អ្នករាល់គ្នាត្រូវដើរជុំវិញក្រុងនោះ៧ជុំ ហើយពួកសង្ឃត្រូវផ្លុំស្នែង។+ ៥ ពេលឮសំឡេងផ្លុំស្នែងភ្លាម ចូរឲ្យកងទ័ពទាំងអស់ស្រែកសម្រែកសង្គ្រាមយ៉ាងខ្លាំង នោះកំពែងក្រុងនឹងដួលរលំ+ រួចឲ្យពួកគេសម្រុកចូលក្រុងនោះតាមខាងរៀងៗខ្លួន»។
៦ ដូច្នេះ យ៉ូស្វេជាកូនប្រុសនុនបានហៅពួកសង្ឃឲ្យមកជួបជុំគ្នា ហើយប្រាប់ពួកគេថា៖ «ចូរយកហឹបនៃកិច្ចព្រមព្រៀង ហើយសង្ឃ៧នាក់ត្រូវដើរខាងមុខហឹបនៃព្រះយេហូវ៉ា ទាំងកាន់ស្នែងចៀមឈ្មោលម្នាក់មួយៗ»។+ ៧ បន្ទាប់មក យ៉ូស្វេប្រាប់កងទ័ពថា៖ «ចូរដើរជាក្បួនជុំវិញក្រុងនោះ។ កងទ័ពដែលកាន់គ្រឿងចម្បាំង+ត្រូវដើរនាំមុខហឹបនៃព្រះយេហូវ៉ា»។ ៨ ក្រោយពីយ៉ូស្វេបានបង្គាប់កងទ័ពរួចស្រេចបាច់ សង្ឃ៧នាក់ដែលកាន់ស្នែងម្នាក់មួយៗក៏ដើរបណ្ដើរផ្លុំស្នែងបណ្ដើរនៅចំពោះមុខព្រះយេហូវ៉ា ហើយពួកសង្ឃដែលសែងហឹបនៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ាដើរតាមក្រោយពួកគេ។ ៩ ចំណែកកងទ័ពកាន់គ្រឿងចម្បាំងបានដើរខាងមុខពួកសង្ឃដែលផ្លុំស្នែង ហើយមានកងទ័ពដើរការពារពីក្រោយហឹប ខណៈដែលពួកសង្ឃផ្លុំស្នែងឥតឈប់។
១០ មិនត្រឹមតែប៉ុណ្ណោះ យ៉ូស្វេបានបញ្ជាកងទ័ពថា៖ «អ្នករាល់គ្នាមិនត្រូវស្រែកឬបញ្ចេញសំឡេងឡើយ។ អ្នករាល់គ្នាមិនត្រូវនិយាយអ្វីទាល់តែសោះ រហូតដល់ថ្ងៃដែលខ្ញុំប្រាប់ថា៖ ‹ចូរស្រែក!› នោះសឹមស្រែកចុះ»។ ១១ យ៉ូស្វេបានឲ្យពួកសង្ឃសែងហឹបនៃព្រះយេហូវ៉ាដើរជុំវិញក្រុងនោះមួយជុំ។ រួចមក ពួកគេវិលត្រឡប់មកជំរំវិញ ហើយសម្រាកនៅទីនោះនាពេលយប់។
១២ លុះថ្ងៃបន្ទាប់ យ៉ូស្វេបានក្រោកពីព្រលឹម។ ពួកសង្ឃបានយកហឹប+នៃព្រះយេហូវ៉ា ១៣ ហើយសង្ឃ៧នាក់ផ្លុំស្នែងឥតឈប់ដើរខាងមុខហឹបនៃព្រះយេហូវ៉ា មានទាំងកងទ័ពកាន់គ្រឿងចម្បាំងដើរខាងមុខពួកគេ មានទាំងកងទ័ពដើរការពារពីក្រោយហឹបនៃព្រះយេហូវ៉ា។ ១៤ នៅថ្ងៃទី២ ពួកគេបានដើរជុំវិញក្រុងនោះមួយជុំ រួចពួកគេវិលមកជំរំវិញ។ ពួកគេធ្វើដូច្នេះអស់រយៈពេល៦ថ្ងៃ។+
១៥ នៅថ្ងៃទី៧ ពួកគេបានក្រោកពីព្រលឹម ហើយពួកគេដើរជុំវិញក្រុងនោះ៧ជុំ។ គឺនៅថ្ងៃនេះប៉ុណ្ណោះដែលពួកគេដើរជុំវិញក្រុង៧ជុំ។+ ១៦ លុះដល់ជុំទី៧ ពេលពួកសង្ឃផ្លុំស្នែង យ៉ូស្វេបង្គាប់កងទ័ពថា៖ «ចូរស្រែកឡើង+ ព្រោះព្រះយេហូវ៉ាបានប្រគល់ក្រុងនេះមកឲ្យអ្នករាល់គ្នាហើយ! ១៧ ចូរបំផ្លាញក្រុងនិងអ្វីៗទាំងអស់ក្នុងក្រុងនេះចោល។+ អ្វីៗទាំងអស់នោះជារបស់ព្រះយេហូវ៉ា។ ប៉ុន្តែ ចូរទុកជីវិតឲ្យរ៉ាហាប+ជាស្ត្រីពេស្យា និងមនុស្សទាំងអស់ដែលនៅក្នុងផ្ទះនាង ព្រោះនាងបានជួយលាក់ពួកអ្នកស៊ើបការណ៍របស់យើង។+ ១៨ ម្យ៉ាងទៀត កុំចូលទៅជិតរបស់ដែលព្រះបង្គាប់ឲ្យបំផ្លាញចោលឡើយ+ ក្រែងលោអ្នករាល់គ្នាមានចិត្តចង់បានរបស់ណាមួយ ហើយយករបស់នោះ។+ បើអ្នកណាម្នាក់ធ្វើដូច្នេះ អ្នកនោះនឹងនាំអន្តរាយមកលើជំរំរបស់ជនជាតិអ៊ីស្រាអែល ដោយធ្វើឲ្យជនជាតិអ៊ីស្រាអែលត្រូវបំផ្លាញចោលដែរ។+ ១៩ ប៉ុន្តែ ប្រាក់ទាំងអស់និងមាសទាំងអស់ ព្រមទាំងគ្រឿងទាំងប៉ុន្មានដែលធ្វើពីស្ពាន់និងដែក ជាអ្វីដែលបរិសុទ្ធចំពោះព្រះយេហូវ៉ា។+ ចូរយកអ្វីទាំងនោះទៅដាក់ក្នុងឃ្លាំងទ្រព្យនៅត្រសាលរបស់ព្រះយេហូវ៉ា»។+
២០ រួចមក ពេលឮសំឡេងផ្លុំស្នែង កងទ័ពបានស្រែកសម្រែកសង្គ្រាមយ៉ាងខ្លាំង។+ ពេលដែលពួកគេស្រែកឡើងភ្លាម កំពែងក្រុងក៏ដួលរលំទៅ។+ រួចពួកគេសម្រុកចូលក្រុងតាមខាងរៀងៗខ្លួន ហើយចាប់យកក្រុងនោះ។ ២១ ពួកគេបានបំផ្លាញអ្វីៗទាំងអស់ក្នុងក្រុងនោះដោយដាវ។ ពួកគេសម្លាប់ទាំងចាស់ទាំងក្មេង ទាំងប្រុសទាំងស្រី ថែមទាំងសត្វគោឈ្មោល សត្វចៀម និងសត្វលាផងដែរ។+
២២ យ៉ូស្វេនិយាយទៅបុរសពីរនាក់ដែលបានទៅស៊ើបការណ៍នៅស្រុកនោះថា៖ «ចូរទៅផ្ទះរបស់ស្ត្រីពេស្យានោះ ហើយនាំនាងនិងមនុស្សទាំងអស់ដែលនៅជាមួយនឹងនាងមក ដូចដែលពួកអ្នកបានស្បថនឹងនាង»។+ ២៣ ដូច្នេះ យុវជនស៊ើបការណ៍ពីរនាក់នោះបានទៅផ្ទះរ៉ាហាប ហើយនាំនាង ឪពុកម្ដាយនាង បងប្អូននាង និងមនុស្សទាំងអស់ដែលនៅជាមួយនឹងនាងចេញពីក្រុងនោះដោយសុវត្ថិភាព។ ពួកគេនាំក្រុមគ្រួសារទាំងមូលរបស់នាង+ទៅកន្លែងមួយដែលនៅខាងក្រៅជំរំរបស់ជនជាតិអ៊ីស្រាអែល។
២៤ បន្ទាប់មក ពួកអ៊ីស្រាអែលក៏ដុតក្រុងនិងអ្វីៗទាំងអស់ក្នុងក្រុងនោះ។ ចំណែកឯប្រាក់ មាស និងគ្រឿងដែលធ្វើពីស្ពាន់និងដែកវិញ ពួកគេទុកក្នុងឃ្លាំងទ្រព្យនៅត្រសាលរបស់ព្រះយេហូវ៉ា។+ ២៥ ក៏ប៉ុន្តែ យ៉ូស្វេបានទុកជីវិតឲ្យរ៉ាហាបជាស្ត្រីពេស្យា ពួកអ្នកផ្ទះរបស់ឪពុកនាង និងមនុស្សទាំងអស់ដែលនៅជាមួយនឹងនាង+ ដោយសារនាងបានជួយលាក់បុរសពីរនាក់ដែលយ៉ូស្វេចាត់ឲ្យទៅស៊ើបការណ៍នៅក្រុងយេរីខូ។+ ម្ល៉ោះហើយ នាងរស់នៅក្នុងស្រុកអ៊ីស្រាអែលរហូតមកដល់សព្វថ្ងៃ។+
២៦ នៅពេលនោះ យ៉ូស្វេបានប្រកាសពាក្យសម្បថ*ថា៖ «អ្នកណាដែលហ៊ានសង់ក្រុងយេរីខូឡើងវិញ អ្នកនោះនឹងត្រូវបណ្ដាសានៅចំពោះមុខព្រះយេហូវ៉ា។ ពេលណាគាត់ចាក់គ្រឹះក្រុងនេះ ពេលនោះកូនច្បងរបស់គាត់នឹងត្រូវស្លាប់ ហើយពេលណាគាត់ដាក់ទ្វារក្រុង ពេលនោះកូនពៅរបស់គាត់នឹងបាត់បង់ជីវិត»។+
២៧ ព្រះយេហូវ៉ាបាននៅជាមួយនឹងយ៉ូស្វេ+ ហើយយ៉ូស្វេមានកេរ្ដិ៍ឈ្មោះល្បីល្បាញទូទាំងផែនដី។+
៧ ក៏ប៉ុន្តែ ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តដោយមិនស្មោះត្រង់ ស្ដីអំពីរបស់ដែលពួកគេត្រូវបំផ្លាញចោល។ ពីព្រោះបុរសម្នាក់ឈ្មោះអេកាន+ដែលមកពីកុលសម្ព័ន្ធយូដា គាត់ជាកូនកាម៉ាយ កាម៉ាយជាកូនសាប់ដាយ សាប់ដាយជាកូនសេរ៉ា គាត់បានលួចរបស់ខ្លះដែលត្រូវបំផ្លាញចោល+ ជាហេតុធ្វើឲ្យព្រះយេហូវ៉ាខឹងនឹងជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង។+
២ ក្រោយមក យ៉ូស្វេបានចាត់មនុស្សពីក្រុងយេរីខូឲ្យទៅក្រុងអៃ+ ជាក្រុងដែលនៅជិតក្រុងបេតអាវេន និងនៅខាងកើតក្រុងបេតអែល។+ យ៉ូស្វេបង្គាប់ពួកគេថា៖ «ចូរឡើងទៅស៊ើបការណ៍នៅក្រុងនោះ»។ ដូច្នេះ ពួកគេក៏ចេញទៅស៊ើបការណ៍នៅក្រុងអៃ។ ៣ ពេលពួកគេត្រឡប់មកវិញ ពួកគេប្រាប់យ៉ូស្វេថា៖ «មិនចាំបាច់ឲ្យទាហានទាំងអស់ឡើងទៅច្បាំងទេ។ គ្រាន់តែទាហានប្រមាណ២.០០០ ឬ៣.០០០នាក់ក៏ល្មមវាយឈ្នះពួកអ្នកក្រុងអៃដែរ ព្រោះពួកអ្នកក្រុងនោះមិនសូវមានគ្នាច្រើនទេ ដូច្នេះមិនចាំបាច់ឲ្យទាហានទាំងអស់ចេញទៅច្បាំងនាំតែបង់កម្លាំងឡើយ»។
៤ ម្ល៉ោះហើយ ទាហានអ៊ីស្រាអែលប្រមាណ៣.០០០នាក់បានចេញទៅក្រុងអៃ តែពួកគេបានច្បាំងចាញ់ ហើយរត់បាក់ទ័ព។+ ៥ ពួកអ្នកក្រុងអៃបានសម្លាប់ទាហានអ៊ីស្រាអែលអស់៣៦នាក់។ ពួកអ្នកក្រុងនោះដេញតាមប្រហារពួកគេ តាំងពីខាងក្រៅទ្វារកំពែងក្រុងរហូតដល់សេបារិម* ហើយសម្លាប់ពួកគេត្រង់ផ្លូវចុះពីក្រុងនោះ។ នេះបានធ្វើឲ្យចិត្តក្លាហានរបស់ជនជាតិអ៊ីស្រាអែលរលាយបាត់អស់ទៅ។*
៦ យ៉ូស្វេនិងពួកបុរសចាស់ទុំនៃជនជាតិអ៊ីស្រាអែលបានហែកអាវ រួចលំឱនកាយដល់ដីនៅខាងមុខហឹបរបស់ព្រះយេហូវ៉ារហូតដល់ល្ងាច ព្រមទាំងដាក់ដីលើក្បាលទៀតផង។ ៧ យ៉ូស្វេនិយាយថា៖ «ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតអើយ! ហេតុអ្វីបានជាលោកនាំបណ្ដាជនទាំងអស់នេះឆ្លងទន្លេយ៉ូដាន់ ឲ្យពួកយើងត្រូវស្លាប់ក្នុងកណ្ដាប់ដៃរបស់ជនជាតិអាម៉ូរីដូច្នេះ? បើពួកយើងស្កប់ចិត្តនៅត្រើយម្ខាង*ទន្លេយ៉ូដាន់ នោះជាការល្អជាង! ៨ ឱព្រះយេហូវ៉ាអើយ! ការដែលជនជាតិអ៊ីស្រាអែលបរាជ័យរត់បាក់ទ័ពនៅចំពោះមុខពួកសត្រូវយ៉ាងនេះ ខ្ញុំមិនដឹងនិយាយយ៉ាងណាទេ។ ៩ ពេលជនជាតិកាណាននិងជនជាតិឯទៀតទាំងអស់ដែលរស់នៅស្រុកនោះឮអំពីរឿងនេះ ពួកគេមុខជាមកឡោមព័ទ្ធយើង ហើយសម្លាប់យើងទាំងអស់គ្មានសល់ឡើយ។* បើដូច្នេះ តើលោកនឹងធ្វើដូចម្ដេចដើម្បីការពារនាមដ៏អស្ចារ្យរបស់លោក?»។+
១០ ព្រះយេហូវ៉ាតបទៅយ៉ូស្វេថា៖ «ចូរក្រោកឡើង! ហេតុអ្វីបានជាអ្នកក្រាបមុខដូច្នេះ? ១១ បណ្ដាជនអ៊ីស្រាអែលបានប្រព្រឹត្តអំពើខុសឆ្គង។ ពួកគេបានល្មើសកិច្ចព្រមព្រៀង+ដែលខ្ញុំបានបង្គាប់ពួកគេ។ ពួកគេបានលួច+របស់ខ្លះដែលត្រូវបំផ្លាញចោល+ ទៅលាក់ក្នុងអីវ៉ាន់របស់ពួកគេ។+ ១២ ហេតុនេះហើយបានជាជនជាតិអ៊ីស្រាអែលមិនអាចតទល់នឹងពួកសត្រូវបាន។ ពួកគេនឹងរត់បាក់ទ័ពចាញ់ពួកសត្រូវរហូត ដោយសារពួកគេបានត្រូវចាត់ទុកជារបស់ដែលត្រូវបំផ្លាញចោល។ ខ្ញុំនឹងមិននៅជាមួយនឹងអ្នករាល់គ្នាទៀតទេ លុះត្រាតែអ្នករាល់គ្នាកម្ចាត់របស់ដែលត្រូវបំផ្លាញចោលជាមុនសិន។+ ១៣ ចូរក្រោកឡើង ហើយឲ្យបណ្ដាជនសម្អាតខ្លួនឲ្យស្អាតបរិសុទ្ធ!+ ចូរប្រាប់ពួកគេថា៖ ‹ចូរអ្នករាល់គ្នាសម្អាតខ្លួនឲ្យស្អាតបរិសុទ្ធសម្រាប់ថ្ងៃស្អែក។ ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ឱអ៊ីស្រាអែលអើយ! ក្នុងចំណោមអ្នករាល់គ្នា មានរបស់ដែលត្រូវបំផ្លាញចោល។ បើអ្នករាល់គ្នាមិនកម្ចាត់របស់ទាំងនោះទេ នោះអ្នករាល់គ្នាគ្មានថ្ងៃឈ្នះពួកសត្រូវបានឡើយ។ ១៤ នៅពេលព្រឹក អ្នករាល់គ្នាត្រូវមកជួបជុំគ្នាតាមកុលសម្ព័ន្ធ។ កុលសម្ព័ន្ធណាដែលព្រះយេហូវ៉ាជ្រើសរើស+ កុលសម្ព័ន្ធនោះត្រូវចូលមកតាមវង្សត្រកូល។ វង្សត្រកូលណាដែលព្រះយេហូវ៉ាជ្រើសរើស វង្សត្រកូលនោះត្រូវចូលមកតាមក្រុមគ្រួសារ។ ក្រុមគ្រួសារណាដែលព្រះយេហូវ៉ាជ្រើសរើស ក្រុមគ្រួសារនោះត្រូវចូលមកម្នាក់ម្ដងៗ។ ១៥ ពេលជ្រើសរើសចំអ្នកដែលបានយករបស់ដែលត្រូវបំផ្លាញ ចូរសម្លាប់អ្នកនោះ ហើយដុតគាត់+និងអ្វីៗទាំងអស់ដែលជាកម្មសិទ្ធិរបស់គាត់ ដោយសារគាត់បានល្មើសកិច្ចព្រមព្រៀង+របស់ព្រះយេហូវ៉ា និងដោយសារគាត់បានប្រព្រឹត្តអំពើដ៏គួរឲ្យអាម៉ាស់ខ្មាសក្នុងស្រុកអ៊ីស្រាអែល»›»។
១៦ លុះស្អែកឡើង យ៉ូស្វេក្រោកពីព្រលឹម ហើយឲ្យជនជាតិអ៊ីស្រាអែលទាំងអស់ចូលមកតាមកុលសម្ព័ន្ធម្ដងមួយៗ។ រួចមក កុលសម្ព័ន្ធយូដាបានត្រូវជ្រើសរើស។ ១៧ យ៉ូស្វេបានឲ្យកុលសម្ព័ន្ធយូដាចូលមកតាមវង្សត្រកូល ហើយវង្សត្រកូលសេរ៉ា+បានត្រូវជ្រើសរើស។ បន្ទាប់មក គាត់ឲ្យមេគ្រួសារពីវង្សត្រកូលសេរ៉ាចូលមកម្នាក់ម្ដងៗ ហើយសាប់ដាយបានត្រូវជ្រើសរើស។ ១៨ នៅទីបំផុត យ៉ូស្វេបានឲ្យក្រុមគ្រួសារសាប់ដាយចូលមកម្នាក់ម្ដងៗ ហើយអេកានបានត្រូវជ្រើសរើស។ អេកានជាកូនកាម៉ាយ កាម៉ាយជាកូនសាប់ដាយ សាប់ដាយជាកូនសេរ៉ាពីកុលសម្ព័ន្ធយូដា។+ ១៩ យ៉ូស្វេនិយាយទៅអេកានថា៖ «កូនប្រុសអើយ សូមលើកកិត្តិយសព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល។ សូមសារភាពកំហុសប្រាប់លោក។ សូមប្រាប់ខ្ញុំ តើកូនបានធ្វើអ្វី? កុំលាក់ពីខ្ញុំឡើយ»។
២០ អេកានឆ្លើយទៅយ៉ូស្វេថា៖ «មែន ខ្ញុំជាអ្នកដែលបានធ្វើខុសចំពោះព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល។ នេះជាអ្វីដែលខ្ញុំបានធ្វើ ២១ នៅក្នុងរបស់របរដែលរឹបអូសបាន ខ្ញុំបានឃើញអាវដ៏ប្រណីតមួយពីស្រុកស៊ីណើរ+ និងប្រាក់២០០ហ្សេគិល* ព្រមទាំងមាសមួយដុំទម្ងន់៥០ហ្សេគិល ពេលនោះខ្ញុំកើតចិត្តចង់បានវា ដូច្នេះខ្ញុំក៏យកវាទៅ។ ខ្ញុំបានកប់របស់ទាំងនោះក្នុងត្រសាលរបស់ខ្ញុំ ដោយដាក់មាសប្រាក់នៅពីក្រោម»។
២២ ឮដូច្នោះ យ៉ូស្វេប្រញាប់ចាត់មនុស្សឲ្យទៅត្រសាលរបស់អេកាន។ ពួកគេបានរកឃើញអាវកប់នៅទីនោះមែន មានទាំងមាសប្រាក់នៅពីក្រោមផង។ ២៣ ពួកគេបានយករបស់ទាំងនោះមកប្រគល់ឲ្យយ៉ូស្វេនិងជនជាតិអ៊ីស្រាអែលទាំងអស់ ហើយដាក់របស់ទាំងនោះនៅចំពោះមុខព្រះយេហូវ៉ា។ ២៤ យ៉ូស្វេនិងជនជាតិអ៊ីស្រាអែលទាំងអស់បាននាំអេកាន+កូនចៅសេរ៉ា ហើយយកប្រាក់ អាវប្រណីត និងមាសមួយដុំ+ ព្រមទាំងនាំយកកូនប្រុសកូនស្រី រួមទាំងសត្វគោឈ្មោល សត្វលា ហ្វូងចៀម ត្រសាល និងអ្វីៗទាំងអស់ដែលជារបស់គាត់ ទៅជ្រលងភ្នំអាគ័រ។+ ២៥ យ៉ូស្វេនិយាយថា៖ «ហេតុអ្វីបានជាអ្នកនាំអន្តរាយមកលើយើងរាល់គ្នា?+ នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងនាំអន្តរាយទៅលើអ្នកវិញ»។ រួចមក ជនជាតិអ៊ីស្រាអែលទាំងអស់បានគប់ថ្មសម្លាប់គាត់+និងក្រុមគ្រួសាររបស់គាត់ ហើយដុតពួកគេក្នុងភ្លើង។+ ២៦ បន្ទាប់មក ជនជាតិអ៊ីស្រាអែលយកថ្មជាច្រើនមកគរពីលើធាតុគាត់ ហើយគំនរថ្មនោះនៅរហូតមកដល់សព្វថ្ងៃ។ យ៉ាងនេះ កំហឹងរបស់ព្រះយេហូវ៉ាក៏រសាយទៅ។+ ហេតុនេះហើយបានជាគេដាក់ឈ្មោះកន្លែងនោះថាជ្រលងភ្នំអាគ័រ* រហូតមកដល់សព្វថ្ងៃ។
៨ ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់យ៉ូស្វេថា៖ «កុំភ័យខ្លាចឬតក់ស្លុតឡើយ។+ ចូរអ្នកនាំកងទ័ពទាំងអស់ឡើងទៅច្បាំងនឹងក្រុងអៃ។ មើល! ខ្ញុំបានប្រគល់ក្រុងអៃ ស្ដេច ប្រជារាស្ត្រ និងស្រុកនោះ ទៅក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។+ ២ ចូរចាត់ការក្រុងអៃនិងស្ដេចក្រុងនោះ ដូចដែលអ្នកបានចាត់ការក្រុងយេរីខូនិងស្ដេចក្រុងនោះដែរ។+ ប៉ុន្តែ លើកនេះអ្នករាល់គ្នាអាចយកជ័យភណ្ឌនិងហ្វូងសត្វពីក្រុងនោះទុកសម្រាប់ខ្លួនបាន។ ចូរពួនចាំវាយឆ្មក់នៅខាងក្រោយក្រុងនោះ»។
៣ ដូច្នេះ យ៉ូស្វេនិងកងទ័ពទាំងអស់បានឡើងទៅ ដើម្បីច្បាំងនឹងក្រុងអៃ។ យ៉ូស្វេបានជ្រើសរើសពួកអ្នកចម្បាំងដ៏ខ្លាំងក្លាចំនួន៣ម៉ឺននាក់ ហើយចាត់ពួកគេឲ្យចេញទៅនៅពេលយប់។ ៤ គាត់បានបង្គាប់ពួកគេថា៖ «ចូរអ្នករាល់គ្នាទៅពួនចាំវាយឆ្មក់នៅខាងក្រោយក្រុងនោះ តែកុំទៅឆ្ងាយពីក្រុងពេក។ ចូរអ្នកទាំងអស់គ្នាប្រុងប្រៀបខ្លួនជាស្រេច។ ៥ រីឯខ្ញុំនិងកងទ័ពទាំងអស់ដែលនៅជាមួយនឹងខ្ញុំ យើងនឹងចូលទៅជិតក្រុងនោះ។ ពេលដែលពួកគេចេញមកច្បាំងនឹងយើងដូចលើកមុន+ យើងនឹងដកថយពីពួកគេ។ ៦ ពេលនោះ ពួកគេនឹងដេញតាមយើង ព្រោះពួកគេគិតថា៖ ‹ពួកសត្រូវដកថយដូចលើកមុនដែរ›។+ តាមពិត យើងដកថយក្នុងបំណងបញ្ឆោតពួកគេឲ្យចេញឆ្ងាយពីក្រុងនោះ។ ៧ បន្ទាប់មក ចូរអ្នករាល់គ្នាចេញពីកន្លែងលាក់ខ្លួន ហើយទៅចាប់យកក្រុងនោះទៅ។ ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នានឹងប្រគល់ក្រុងនោះឲ្យអ្នករាល់គ្នា។ ៨ ក្រោយពីចាប់បានក្រុងនោះភ្លាម អ្នករាល់គ្នាត្រូវដុតក្រុងនោះចោល។+ អ្នករាល់គ្នាត្រូវធ្វើតាមប្រសាសន៍របស់ព្រះយេហូវ៉ា។ មើល! ខ្ញុំបានបង្គាប់អ្នករាល់គ្នារួចរាល់ហើយ»។
៩ រួចមក យ៉ូស្វេចាត់កងទ័ពវាយឆ្មក់ឲ្យចេញទៅ។ ពួកគេក៏ធ្វើដំណើរទៅខាងលិចក្រុងអៃ ហើយលាក់ខ្លួននៅខាងក្រោយក្រុងនោះ គឺនៅរវាងក្រុងបេតអែលនិងក្រុងអៃ។ នៅយប់នោះ យ៉ូស្វេសម្រាកជាមួយនឹងកងទ័ពដែលនៅសល់។
១០ យ៉ូស្វេបានក្រោកពីព្រលឹម ហើយឲ្យកងទ័ពមកជួបជុំគ្នា។ រួចគាត់និងពួកបុរសចាស់ទុំនៃជនជាតិអ៊ីស្រាអែល នាំមុខពួកគេឡើងទៅក្រុងអៃ។ ១១ កងទ័ពទាំងអស់+ដែលនៅជាមួយនឹងយ៉ូស្វេ ធ្វើដំណើរទៅដល់ខាងមុខក្រុងអៃ ហើយបោះទ័ពនៅខាងជើងក្រុងនោះ។ នៅទីនោះមានជ្រលងភ្នំនៅកណ្ដាលពួកគេនិងក្រុងអៃ។ ១២ ពេលនោះដែរ កងទ័ពវាយឆ្មក់ប្រហែល៥.០០០នាក់ដែលគាត់បានចាត់នោះ+ ពួកគេបានទៅលាក់ខ្លួននៅខាងលិចក្រុងអៃ គឺនៅរវាងក្រុងបេតអែល+និងក្រុងអៃ។ ១៣ ដូច្នេះ កងទ័ពទាំងអស់ដែលនៅជាមួយនឹងយ៉ូស្វេ ពួកគេនៅខាងជើងក្រុង+ ហើយកងទ័ពវាយឆ្មក់បានលាក់ខ្លួននៅខាងលិចក្រុង។+ នៅយប់នោះ យ៉ូស្វេបានចេញទៅកណ្ដាលជ្រលងភ្នំ។
១៤ ពេលស្ដេចក្រុងអៃឃើញដូច្នោះ គាត់និងពួកទាហានស្រូតចេញពីព្រលឹម ដើម្បីទៅច្បាំងនឹងកងទ័ពអ៊ីស្រាអែលនៅកន្លែងមួយដែលអាចមើលទៅឃើញតំបន់ស្ងាត់ជ្រងំ។ ប៉ុន្តែ គាត់មិនដឹងថាមានកងទ័ពសត្រូវលាក់ខ្លួនចាំវាយឆ្មក់នៅខាងក្រោយក្រុងទេ។ ១៥ ពេលយ៉ូស្វេនិងកងទ័ពអ៊ីស្រាអែលទាំងអស់ឃើញពួកទាហានក្រុងអៃចេញមកច្បាំងនឹងពួកគេ នោះពួកគេក៏នាំគ្នាគេចខ្លួនទៅតាមផ្លូវឆ្ពោះទៅតំបន់ស្ងាត់ជ្រងំ។+ ១៦ រួចមក ពួកទាហានក្រុងអៃដែលនៅសល់ក្នុងក្រុងក៏បានត្រូវហៅឲ្យទៅដេញតាមកងទ័ពអ៊ីស្រាអែលដែរ។ ពួកទាហានក្រុងអៃបានដេញតាមយ៉ូស្វេ កាន់តែឆ្ងាយទៅៗពីក្រុងរបស់ពួកគេ។ ១៧ ពួកគេទាំងអស់បានដេញតាមកងទ័ពអ៊ីស្រាអែល មិនមានសល់ទាហានណាម្នាក់នៅក្នុងក្រុងអៃនិងក្រុងបេតអែលឡើយ។ ពួកគេបានចេញទៅដោយទុកទ្វារក្រុងឲ្យនៅចំហ។
១៨ ពេលនោះ ព្រះយេហូវ៉ាប្រាប់យ៉ូស្វេថា៖ «ចូរលើកលំពែងខ្លីតម្រង់ទៅក្រុងអៃ+ ព្រោះខ្ញុំនឹងប្រគល់ក្រុងនោះទៅក្នុងកណ្ដាប់ដៃរបស់អ្នក»។+ ដូច្នេះ យ៉ូស្វេក៏លើកលំពែងខ្លីតម្រង់ទៅក្រុងនោះ។ ១៩ ពេលកងទ័ពវាយឆ្មក់ឃើញយ៉ូស្វេលើកលំពែងភ្លាម ពួកគេក៏ស្ទុះចេញពីកន្លែងលាក់ខ្លួន ទៅចាប់យកក្រុងនោះ។ បន្ទាប់មក ពួកគេក៏ដុតក្រុងនោះចោលភ្លាមៗ។+
២០ ពេលពួកទាហានក្រុងអៃងាកក្រោយ ពួកគេឃើញផ្សែងហុយទ្រលោមចេញពីក្រុងរបស់ពួកគេ។ ពួកគេក៏លែងមានកម្លាំងរត់គេចខ្លួនទៅខាងណាឡើយ។ ពេលឃើញដូច្នោះ កងទ័ពអ៊ីស្រាអែលដែលរត់តាមផ្លូវឆ្ពោះទៅតំបន់ស្ងាត់ជ្រងំ ក៏បែរមកវាយពួកអ្នកដែលដេញតាមពួកគេវិញ ២១ គឺពេលយ៉ូស្វេនិងកងទ័ពអ៊ីស្រាអែលទាំងអស់ឃើញកងទ័ពវាយឆ្មក់ដណ្ដើមបានក្រុងអៃ ហើយឃើញផ្សែងហុយចេញពីក្រុងនោះ ពួកគេបានបែរមកវាយលុកពួកទាហានក្រុងអៃវិញ។ ២២ រីឯកងទ័ពវាយឆ្មក់ ពួកគេក៏បានចេញពីក្រុងអៃមកវាយលុកពួកទាហានក្រុងអៃដែរ ធ្វើឲ្យពួកទាហានក្រុងអៃជាប់នៅកណ្ដាល ព្រោះមានកងទ័ពអ៊ីស្រាអែលទាំងខាងមុខទាំងខាងក្រោយ។ កងទ័ពអ៊ីស្រាអែលបានសម្លាប់ពួកគេអស់គ្មានសល់សូម្បីតែម្នាក់។+ ២៣ ប៉ុន្តែ កងទ័ពអ៊ីស្រាអែលបានចាប់ស្ដេចក្រុងអៃ+ទាំងរស់ ហើយនាំទៅជួបយ៉ូស្វេ។
២៤ ក្រោយពីកងទ័ពអ៊ីស្រាអែលបានសម្លាប់ពួកទាហានក្រុងអៃទាំងអស់ដែលដេញតាមពួកគេនៅតំបន់ស្ងាត់ជ្រងំរួចហើយ កងទ័ពអ៊ីស្រាអែលទាំងអស់បានត្រឡប់ទៅក្រុងអៃ ហើយសម្លាប់មនុស្សដែលនៅសល់ទាំងប៉ុន្មានក្នុងក្រុងនោះ។ ២៥ នៅថ្ងៃនោះ ពួកអ្នកក្រុងអៃទាំងប្រុសទាំងស្រីដែលបានត្រូវសម្លាប់ គឺមានចំនួន១២.០០០នាក់។ ២៦ យ៉ូស្វេមិនបានដាក់លំពែងចុះឡើយ+ ទាល់តែពួកអ្នកក្រុងអៃទាំងអស់បានត្រូវសម្លាប់គ្មានសល់។+ ២៧ ក៏ប៉ុន្តែ ជនជាតិអ៊ីស្រាអែលបានយកហ្វូងសត្វនិងជ័យភណ្ឌពីក្រុងនោះទុកសម្រាប់ខ្លួន ស្របតាមបង្គាប់ដែលព្រះយេហូវ៉ាបានឲ្យដល់យ៉ូស្វេ។+
២៨ រួចមក យ៉ូស្វេបានដុតបំផ្លាញក្រុងអៃឲ្យទៅជាគំនរបាក់បែក+ ហើយគំនរនោះនៅរហូតមកដល់សព្វថ្ងៃ។ ២៩ យ៉ូស្វេបានសម្លាប់ស្ដេចក្រុងអៃ ហើយយកសាកសពទៅព្យួរលើបង្គោលមួយរហូតដល់ពេលល្ងាច។ ពេលថ្ងៃហៀបលិច គាត់ឲ្យគេយកសាកសពនោះចុះមកវិញ។+ រួចមក ពួកគេបោះសាកសពនោះទៅមាត់ច្រកទ្វារកំពែងក្រុង ហើយយកថ្មជាច្រើនមកគរពីលើសាកសពនោះ ហើយគំនរថ្មនោះនៅរហូតមកដល់សព្វថ្ងៃ។
៣០ ក្រោយមក យ៉ូស្វេបានសង់ទីបូជាមួយនៅលើភ្នំអេបាល+ជូនព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល ៣១ ដូចដែលម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានបង្គាប់ជនជាតិអ៊ីស្រាអែល និងដូចដែលបានកត់ទុកក្នុងសៀវភៅច្បាប់+ម៉ូសេថា៖ «ចូរសង់ទីបូជាមួយធ្វើពីដុំថ្ម ដោយមិនដាប់ដុំថ្មទាំងនោះឡើយ»។*+ នៅលើទីបូជានោះ ពួកគេបានជូនគ្រឿងបូជាដុតនិងគ្រឿងបូជានៃមេត្រីភាពទៅព្រះយេហូវ៉ា។+
៣២ រួចមក យ៉ូស្វេបានសរសេរច្បាប់ម៉ូសេនៅលើថ្មទាំងនោះ គឺជាច្បាប់+ដែលម៉ូសេបានសរសេរនៅចំពោះមុខជនជាតិអ៊ីស្រាអែល។+ ៣៣ ជនជាតិអ៊ីស្រាអែលគ្រប់រូប រួមទាំងពួកបុរសចាស់ទុំ ពួកអ្នកនាំមុខ និងពួកអ្នកសម្រេចក្ដី ពួកគេទាំងអស់គ្នាបានឈរអមសងខាងពួកសង្ឃលេវីដែលកំពុងសែងហឹបនៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ា ទាំងបែរមុខទៅពួកសង្ឃ។ ពួកជនបរទេសក៏នៅទីនោះជាមួយនឹងជនជាតិអ៊ីស្រាអែលដែរ។+ បណ្ដាជនពាក់កណ្ដាលឈរនៅមុខភ្នំកេរិស៊ីម ហើយពាក់កណ្ដាលទៀតឈរនៅមុខភ្នំអេបាល+ (ដូចដែលម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានបង្គាប់)+ ដើម្បីឲ្យពរដល់បណ្ដាជនអ៊ីស្រាអែល។ ៣៤ បន្ទាប់មក យ៉ូស្វេអានដោយសំឡេងឮៗនូវគ្រប់បញ្ញត្តិទាំងអស់+ រួមទាំងពរ+ ទាំងបណ្ដាសា+ ដែលបានកត់ទុកក្នុងសៀវភៅច្បាប់ម៉ូសេ។ ៣៥ យ៉ូស្វេអានគ្រប់ពាក្យដែលម៉ូសេបានបង្គាប់ គ្មានខ្វះពាក្យណាមួយឡើយ។ គាត់បានអានឮៗនៅចំពោះមុខបណ្ដាជនអ៊ីស្រាអែលទាំងអស់+ រួមទាំងស្រីៗ កូនក្មេង និងពួកជនបរទេស+ដែលរស់នៅក្នុងចំណោមពួកគេផង។+
៩ ពេលស្ដេចទាំងអស់ដែលនៅខាងលិចទន្លេយ៉ូដាន់+ គឺនៅតំបន់ភ្នំ នៅតំបន់សេភីឡា នៅតាមបណ្ដោយឆ្នេរសមុទ្រធំ*+ និងនៅទល់មុខស្រុកលីបង់ គឺស្ដេចជនជាតិហេត ស្ដេចជនជាតិអាម៉ូរី ស្ដេចជនជាតិកាណាន ស្ដេចជនជាតិពេរិស៊ីត ស្ដេចជនជាតិហេវី និងស្ដេចជនជាតិយេប៊ូស បានឮអំពីអ្វីដែលកើតឡើង+ ២ ពួកគេបានរួមដៃគ្នា ដើម្បីច្បាំងនឹងយ៉ូស្វេនិងជនជាតិអ៊ីស្រាអែល។+
៣ ពួកអ្នកក្រុងគីបៀន+ក៏បានឮអំពីអ្វីដែលយ៉ូស្វេបានធ្វើទៅលើក្រុងយេរីខូ+និងក្រុងអៃដែរ។+ ៤ ប៉ុន្តែ ពួកគេបានប្រព្រឹត្តដោយប្រាជ្ញា គឺពួកគេដាក់ស្បៀងអាហារក្នុងបាវចាស់ដាចសឹក រួចផ្ទុកលើសត្វលា ព្រមទាំងយកថង់ស្បែកចាស់មានបំណះសម្រាប់ដាក់ស្រាទៅជាមួយផង។ ៥ ពួកគេស្លៀកសម្លៀកបំពាក់រហែក ពាក់ស្បែកជើងសង្រែកចាស់មានបំណះ ហើយក៏យកនំប៉័ងក្រៀមផុយទៅជាមួយដែរ។ ៦ រួចមក ពួកគេបានធ្វើដំណើរទៅជួបយ៉ូស្វេនៅជំរំជិតក្រុងគីលកាល។+ ពេលទៅដល់ ពួកគេនិយាយទៅកាន់យ៉ូស្វេនិងពួកបុរសជនជាតិអ៊ីស្រាអែលថា៖ «យើងខ្ញុំមកពីស្រុកឆ្ងាយ ដើម្បីសុំពួកលោកចុះកិច្ចព្រមព្រៀងជាមួយនឹងយើងខ្ញុំ»។ ៧ ប៉ុន្តែ ពួកបុរសជនជាតិអ៊ីស្រាអែលនិយាយទៅពួកបុរសជនជាតិហេវី*+ថា៖ «ប្រហែលជាពួកអ្នកនៅស្រុកជិតនេះទេដឹង។ តើឲ្យយើងចុះកិច្ចព្រមព្រៀងជាមួយនឹងពួកអ្នកដូចម្ដេចបាន?»។+ ៨ ពួកគេឆ្លើយទៅយ៉ូស្វេថា៖ «យើងខ្ញុំជាអ្នកបម្រើ*របស់លោក»។
យ៉ូស្វេសួរពួកគេថា៖ «តើពួកអ្នកជានរណា ហើយមកពីណា?»។ ៩ ពួកគេឆ្លើយថា៖ «យើងខ្ញុំមកពីស្រុកឆ្ងាយណាស់+ ព្រោះយើងខ្ញុំបានឮអំពីកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ព្រះយេហូវ៉ាជាព្រះរបស់លោក និងអំពីការទាំងប៉ុន្មានដែលព្រះរបស់លោកបានធ្វើនៅស្រុកអេហ្ស៊ីប+ ១០ ព្រមទាំងអំពីការទាំងអស់ដែលព្រះរបស់លោកបានធ្វើចំពោះស្ដេចទាំងពីររបស់ជនជាតិអាម៉ូរី ដែលនៅត្រើយម្ខាង*ទន្លេយ៉ូដាន់ គឺស៊ីហុន+ស្ដេចក្រុងហែសបូន និងអុក+ស្ដេចតំបន់បាសាននៅក្រុងអាសថារ៉ូត។ ១១ ម្ល៉ោះហើយ ពួកបុរសចាស់ទុំនិងបណ្ដាជនទាំងអស់ក្នុងស្រុករបស់យើងខ្ញុំ បានប្រាប់យើងខ្ញុំថា៖ ‹ចូរយកស្បៀងអាហារធ្វើដំណើរទៅជួបពួកគេ ហើយប្រាប់ពួកគេថា៖ «សូមមេត្តាចុះកិច្ចព្រមព្រៀងជាមួយនឹងយើងខ្ញុំ+ នោះយើងខ្ញុំសុខចិត្តធ្វើជាអ្នកបម្រើរបស់ពួកលោក»›។+ ១២ សូមមើលនំប៉័ងដែលយើងខ្ញុំបានយកមកនេះ។ នៅថ្ងៃដែលយើងខ្ញុំចេញពីផ្ទះមកជួបលោក នំប៉័ងនៅក្ដៅនៅឡើយ។ តែមើល! ឥឡូវវាក្រៀមផុយអស់ហើយ។+ ១៣ រីឯថង់ស្បែកទាំងនេះនៅថ្មីទេ ពេលដែលយើងខ្ញុំចាក់ស្រាចូល។ តែមើល! ឥឡូវវាដាចធ្លុះធ្លាយអស់ហើយ។+ ចំណែកសម្លៀកបំពាក់និងស្បែកជើងក៏ចាស់សឹកអស់ដែរ ដោយសារយើងខ្ញុំធ្វើដំណើរមកពីឆ្ងាយ»។
១៤ ពួកបុរសជនជាតិអ៊ីស្រាអែលយកនំប៉័ងខ្លះមកពិនិត្យមើល តែពួកគេមិនបានសួរព្រះយេហូវ៉ាទេ។+ ១៥ ដូច្នេះ យ៉ូស្វេបានចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងពួកគេ+ ហើយទុកជីវិតឲ្យពួកគេទាំងអស់។ ពួកមេបណ្ដាជនក៏បានស្បថនឹងពួកគេយ៉ាងដូច្នោះដែរ។+
១៦ នៅចុងថ្ងៃទី៣ ក្រោយពីបានចុះកិច្ចព្រមព្រៀងជាមួយនឹងពួកគេហើយ ទើបពួកអ៊ីស្រាអែលទទួលដំណឹងថា ការពិតពួកគេជាអ្នករស់នៅស្រុកជិតៗនេះទេ។ ១៧ រួចមក ពួកអ៊ីស្រាអែលធ្វើដំណើរចេញទៅក្រុងទាំងប៉ុន្មានរបស់ពួកគេ ហើយបានទៅដល់នៅថ្ងៃទី៣។ ក្រុងទាំងនោះមានក្រុងគីបៀន+ ក្រុងកេភីរ៉ា ក្រុងបៀរ៉ូត និងក្រុងគារីអាតយារីម។+ ១៨ ប៉ុន្តែ ពួកបណ្ដាជនអ៊ីស្រាអែលមិនបានវាយប្រហារពួកគេទេ ដោយសារពួកមេបណ្ដាជនបានស្បថនឹងពួកគេដោយនូវនាមព្រះយេហូវ៉ា+ជាព្រះនៃជនជាតិអ៊ីស្រាអែលរួចហើយ។ ដូច្នេះ បណ្ដាជនអ៊ីស្រាអែលទាំងអស់ក៏តាំងរអ៊ូរទាំនឹងពួកមេបណ្ដាជនទាំងនោះ។ ១៩ ម្ល៉ោះហើយ ពួកមេទាំងអស់បាននិយាយទៅកាន់បណ្ដាជនទាំងមូលថា៖ «យើងបានស្បថនឹងពួកគេដោយនូវនាមព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលរួចហើយ។ ហេតុនេះ យើងគ្មានសិទ្ធិធ្វើបាបពួកគេទេ។ ២០ ប៉ុន្តែ យើងត្រូវធ្វើយ៉ាងនេះវិញ គឺយើងត្រូវទុកជីវិតឲ្យពួកគេ ដើម្បីកុំឲ្យព្រះទាស់ចិត្តនឹងយើង ព្រោះយើងបានស្បថនឹងពួកគេហើយ»។+ ២១ ពួកមេទាំងនោះនិយាយថែមទៀតថា៖ «យើងមិនត្រូវសម្លាប់ពួកគេទេ តែយើងទុកឲ្យពួកគេកាប់ប្រមូលអុស និងដងទឹកឲ្យពួកយើងទាំងអស់គ្នាវិញ»។ នេះជាពាក្យសន្យារបស់ពួកមេទាំងនោះចំពោះបណ្ដាជន។
២២ យ៉ូស្វេបានហៅពួកគេមក រួចសួរថា៖ «ហេតុអ្វីពួកអ្នកបញ្ឆោតយើង ដោយនិយាយថា៖ ‹យើងខ្ញុំមកពីស្រុកឆ្ងាយណាស់›? ប៉ុន្តែ តាមពិតពួកអ្នករស់នៅជិតៗនេះសោះ។+ ២៣ ចាប់ពីពេលនេះទៅ ពួកអ្នកត្រូវបណ្ដាសាហើយ។+ ពួកអ្នកនឹងធ្វើជាខ្ញុំបម្រើរហូតតទៅ គឺពួកអ្នកត្រូវកាប់ប្រមូលអុស និងដងទឹកឲ្យវិហារ*ព្រះរបស់ខ្ញុំ»។ ២៤ ពួកគេតបទៅយ៉ូស្វេថា៖ «យើងខ្ញុំធ្វើដូច្នេះ ព្រោះយើងខ្ញុំបានឮយ៉ាងល្អិតល្អន់ថា ព្រះយេហូវ៉ាជាព្រះរបស់លោក បានបង្គាប់ម៉ូសេឲ្យប្រគល់ទឹកដីទាំងអស់នេះដល់ពួកលោក ហើយឲ្យកម្ចាត់មនុស្សទាំងអស់ចេញពីទឹកដីទាំងនេះ។+ យើងខ្ញុំខ្លាចអ្នករាល់គ្នាសម្លាប់យើងខ្ញុំ+ បានជាយើងខ្ញុំធ្វើបែបនេះ។+ ២៥ ឥឡូវយើងខ្ញុំនៅក្នុងដៃរបស់ពួកលោកហើយ សូមធ្វើអ្វីដែលពួកលោកគិតថាល្អចុះ»។ ២៦ យ៉ូស្វេបានធ្វើដូច្នេះចំពោះពួកគេ គឺដើម្បីជួយពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់បណ្ដាជនអ៊ីស្រាអែល។ ដូច្នេះ បណ្ដាជនអ៊ីស្រាអែលមិនបានសម្លាប់ពួកគេទេ។ ២៧ ចាប់ពីថ្ងៃនោះមក យ៉ូស្វេបានឲ្យពួកគេកាប់ប្រមូលអុស និងដងទឹកសម្រាប់បណ្ដាជនអ៊ីស្រាអែល+ និងសម្រាប់ប្រើនៅទីបូជារបស់ព្រះយេហូវ៉ា នៅកន្លែងដែលលោកបានជ្រើសរើស។+ ពួកគេធ្វើកិច្ចការទាំងនោះរហូតដល់សព្វថ្ងៃ។+
១០ នៅពេលនោះអាដូណាយសេដិកជាស្ដេចក្រុងយេរូសាឡិម* គាត់បានឮថា យ៉ូស្វេបានចាប់យកក្រុងអៃ និងបំផ្លាញក្រុងនោះខ្ទេចខ្ទីអស់។ យ៉ូស្វេបានប្រព្រឹត្តចំពោះក្រុងអៃនិងស្ដេចក្រុងនោះ+ ដូចដែលគាត់បានប្រព្រឹត្តចំពោះក្រុងយេរីខូនិងស្ដេចក្រុងនោះដែរ។+ មិនត្រឹមតែប៉ុណ្ណោះ គាត់បានឮដែរថាពួកអ្នកក្រុងគីបៀនបានចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងជនជាតិអ៊ីស្រាអែល+ ថែមទាំងរស់នៅក្នុងចំណោមពួកគេទៀតផង។ ២ ពេលអាដូណាយសេដិកឮដូច្នោះភ្លាម គាត់ភ័យខ្លាចយ៉ាងខ្លាំង+ ដោយសារក្រុងគីបៀនជាក្រុងធំមួយ ដូចក្រុងដែលមានស្ដេចគ្រប់គ្រងដែរ។ ក្រុងគីបៀនធំជាងក្រុងអៃ+ ហើយពួកបុរសទាំងអស់ក្នុងក្រុងនោះសុទ្ធតែជាអ្នកចម្បាំងខ្លាំងពូកែ។ ៣ ម្ល៉ោះហើយ អាដូណាយសេដិកស្ដេចក្រុងយេរូសាឡិមបានផ្ញើសារទៅហូហាំស្ដេចក្រុងហេប្រុន+ ពីរ៉ាមស្ដេចក្រុងយ៉ាមុត យ៉ាភាអាស្ដេចក្រុងឡាគីស និងដេបៀរស្ដេចក្រុងអេកឡូន ដោយប្រាប់ថា៖+ ៤ «សូមមកជួយខ្ញុំទៅច្បាំងនឹងពួកអ្នកក្រុងគីបៀន ពីព្រោះពួកគេបានចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងយ៉ូស្វេ និងជនជាតិអ៊ីស្រាអែល»។+ ៥ ដូច្នេះ ស្ដេចទាំងប្រាំរបស់ជនជាតិអាម៉ូរី+ គឺស្ដេចក្រុងយេរូសាឡិម ស្ដេចក្រុងហេប្រុន ស្ដេចក្រុងយ៉ាមុត ស្ដេចក្រុងឡាគីស និងស្ដេចក្រុងអេកឡូន ពួកគេបានជួបជុំគ្នានាំទាហានចេញទៅបោះទ័ព ដើម្បីប្រយុទ្ធនឹងពួកអ្នកក្រុងគីបៀន។
៦ រួចមក ពួកបុរសក្រុងគីបៀនបានចាត់គេឲ្យទៅប្រាប់យ៉ូស្វេនៅជំរំជិតក្រុងគីលកាលថា៖+ «សូមកុំបោះបង់ចោលយើងខ្ញុំដែលជាខ្ញុំបម្រើរបស់លោកឡើយ។+ សូមមេត្តាប្រញាប់មកជួយសង្គ្រោះយើងខ្ញុំផង! ព្រោះស្ដេចទាំងប៉ុន្មានរបស់ជនជាតិអាម៉ូរីពីតំបន់ភ្នំ បានប្រមូលគ្នាមកប្រយុទ្ធនឹងយើងខ្ញុំ»។ ៧ ឮដូច្នោះ យ៉ូស្វេនិងកងទ័ព រួមទាំងពួកទាហានខ្លាំងក្លាទាំងអស់ បាននាំគ្នាធ្វើដំណើរចេញពីក្រុងគីលកាល។+
៨ ពេលនោះ ព្រះយេហូវ៉ាមានប្រសាសន៍ទៅយ៉ូស្វេថា៖ «កុំភ័យខ្លាចឡើយ+ ព្រោះខ្ញុំបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់អ្នក។+ គ្មានអ្នកណាម្នាក់អាចឈ្នះអ្នកបានទេ»។+ ៩ យ៉ូស្វេបានធ្វើដំណើរពេញមួយយប់ពីក្រុងគីលកាលដើម្បីប្រយុទ្ធនឹងពួកគេ ដោយមិនឲ្យពួកគេដឹងខ្លួនជាមុន។ ១០ លុះទៅដល់ហើយ ព្រះយេហូវ៉ាបានធ្វើឲ្យពួកសត្រូវច្របូកច្របល់នៅមុខកងទ័ពអ៊ីស្រាអែល។+ កងទ័ពអ៊ីស្រាអែលបានសម្លាប់ពួកគេយ៉ាងរង្គាលនៅក្រុងគីបៀន និងដេញប្រហារពួកគេតាមផ្លូវឡើងទៅក្រុងបេតហូរ៉ុន ហើយសម្លាប់ពួកគេរហូតដល់ក្រុងអាសេកា និងក្រុងម៉ាកេដា។ ១១ កាលដែលពួកគេរត់គេចពីកងទ័ពអ៊ីស្រាអែលតាមផ្លូវចុះពីក្រុងបេតហូរ៉ុន នោះព្រះយេហូវ៉ាបានទម្លាក់ដុំទឹកកកយ៉ាងច្រើនពីលើមេឃមកសម្លាប់ពួកគេ រហូតដល់ក្រុងអាសេកា។ អ្នកដែលស្លាប់ដោយសារដុំទឹកកក មានចំនួនច្រើនជាងអ្នកដែលស្លាប់ដោយសារដាវរបស់កងទ័ពអ៊ីស្រាអែលទៅទៀត។
១២ នៅថ្ងៃនោះឯង ព្រះយេហូវ៉ាធ្វើឲ្យជនជាតិអាម៉ូរីរត់បាក់ទ័ពពីមុខកងទ័ពអ៊ីស្រាអែល។ ពេលនោះ យ៉ូស្វេនិយាយទៅព្រះយេហូវ៉ានៅចំពោះមុខកងទ័ពអ៊ីស្រាអែលថា៖
«សូមឲ្យដួងអាទិត្យនៅទ្រឹង+លើក្រុងគីបៀន+
ហើយសូមឲ្យដួងខែនៅទ្រឹងលើជ្រលងភ្នំ*ជិតក្រុងអៃយ៉ាឡូន!»។
១៣ ដូច្នេះ ដួងអាទិត្យបាននៅទ្រឹង ហើយដួងខែនៅនឹងថ្កល់ រហូតដល់ប្រជាជាតិអ៊ីស្រាអែលបានច្បាំងឈ្នះសត្រូវ។ រឿងនេះបានត្រូវសរសេរទុកក្នុងសៀវភៅយ៉ាសា។+ នៅថ្ងៃនោះ ដួងអាទិត្យបាននៅទ្រឹងកណ្ដាលមេឃ ហើយនៅភ្លឺរហូតស្ទើរតែពេញមួយថ្ងៃ។ ១៤ មិនដែលមានថ្ងៃណាដូចថ្ងៃនោះឡើយ គឺមានតែថ្ងៃនោះប៉ុណ្ណោះដែលព្រះយេហូវ៉ាធ្វើការអស្ចារ្យបែបនោះតាមសំណូមពររបស់បុរសម្នាក់+ ព្រោះព្រះយេហូវ៉ាបានច្បាំងដើម្បីអ៊ីស្រាអែល។+
១៥ ក្រោយមក យ៉ូស្វេនិងកងទ័ពអ៊ីស្រាអែលទាំងអស់ត្រឡប់ទៅទីបោះទ័ពជិតក្រុងគីលកាលវិញ។+
១៦ ស្របពេលនោះដែរ ស្ដេចទាំងប្រាំរបស់ជនជាតិអាម៉ូរីបានរត់ទៅលាក់ខ្លួនក្នុងរូងភ្នំនៅក្រុងម៉ាកេដា។+ ១៧ ក្រោយមក មានគេទៅរាយការណ៍ប្រាប់យ៉ូស្វេថា៖ «ស្ដេចទាំងប្រាំនោះកំពុងលាក់ខ្លួនក្នុងរូងភ្នំនៅក្រុងម៉ាកេដា»។+ ១៨ ដូច្នេះ យ៉ូស្វេបង្គាប់ថា៖ «ចូរប្រមៀលថ្មធំៗទៅបិទមាត់រូងភ្នំនោះទៅ ហើយឲ្យបុរសខ្លះនៅចាំយាមពួកគេ។ ១៩ ចំណែកឯអ្នករាល់គ្នាដែលនៅសល់ ត្រូវបន្តដេញតាមសម្លាប់ពួកសត្រូវ។+ កុំឲ្យពួកគេចូលទៅក្នុងក្រុងរបស់ពួកគេឡើយ ព្រោះព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ»។
២០ យ៉ូស្វេនិងកងទ័ពអ៊ីស្រាអែលសម្លាប់ពួកសត្រូវយ៉ាងសន្ធឹកសន្ធាប់ស្ទើរតែទាំងអស់ មានតែមួយចំនួនប៉ុណ្ណោះដែលរួចជីវិត ដោយសារអ្នកទាំងនោះបានរត់ចូលទៅក្នុងក្រុងផ្សេងៗដែលមានកំពែងរឹងមាំ។ ២១ រួចកងទ័ពទាំងអស់ត្រឡប់មកវិញដោយសុវត្ថិភាព ហើយទៅជួបយ៉ូស្វេនៅជំរំជិតក្រុងម៉ាកេដាវិញ ហើយគ្មានអ្នកណាម្នាក់ហ៊ាននិយាយប្រឆាំងនឹងជនជាតិអ៊ីស្រាអែលឡើយ។ ២២ បន្ទាប់មក យ៉ូស្វេនិយាយថា៖ «ចូរទៅបើកមាត់រូងភ្នំ ហើយនាំស្ដេចទាំងប្រាំនោះចេញមកជួបខ្ញុំ»។ ២៣ ដូច្នេះ ពួកគេនាំស្ដេចទាំងប្រាំនោះចេញពីរូងភ្នំមក គឺស្ដេចក្រុងយេរូសាឡិម ស្ដេចក្រុងហេប្រុន ស្ដេចក្រុងយ៉ាមុត ស្ដេចក្រុងឡាគីស និងស្ដេចក្រុងអេកឡូន។+ ២៤ ពេលពួកគេនាំស្ដេចទាំងប្រាំនោះមក យ៉ូស្វេកោះហៅបុរសជនជាតិអ៊ីស្រាអែលទាំងអស់ឲ្យមកជួបជុំគ្នា រួចបង្គាប់ពួកមេបញ្ជាការកងទ័ពដែលបានទៅជាមួយនឹងគាត់ថា៖ «ចូរនាំគ្នាចូលមក ហើយជាន់កពួកស្ដេចទាំងនេះទៅ»។ ពួកគេក៏ចូលមក ហើយជាន់កពួកស្ដេចទាំងនោះ។+ ២៥ យ៉ូស្វេនិយាយទៅកាន់ពួកគេថា៖ «កុំភ័យខ្លាចឬតក់ស្លុតឡើយ។+ ចូរមានចិត្តក្លាហានហើយរឹងមាំឡើង ព្រោះព្រះយេហូវ៉ានឹងធ្វើដូច្នេះចំពោះសត្រូវទាំងអស់ដែលច្បាំងនឹងអ្នករាល់គ្នា»។+
២៦ រួចមក យ៉ូស្វេសម្លាប់ពួកស្ដេចទាំងប្រាំនោះ ហើយព្យួរសពពួកគេលើបង្គោលទុករហូតដល់ល្ងាច។ ២៧ ពេលថ្ងៃលិច យ៉ូស្វេបញ្ជាឲ្យគេយកសពស្ដេចទាំងនោះចុះពីបង្គោល+ ហើយបោះទៅក្នុងរូងភ្នំដែលស្ដេចទាំងនោះធ្លាប់លាក់ខ្លួន រួចឲ្យគេយកថ្មធំៗទៅបិទមាត់រូងភ្នំនោះ។ ថ្មទាំងនោះនៅរហូតដល់សព្វថ្ងៃ។
២៨ នៅថ្ងៃនោះឯង យ៉ូស្វេបានចាប់យកក្រុងម៉ាកេដា+ ហើយបានសម្លាប់ពួកអ្នកក្រុងនោះចោល។ គាត់បានសម្លាប់ស្ដេចនិងមនុស្សគ្រប់គ្នាក្នុងក្រុងនោះ មិនទុកអ្នកណាម្នាក់ឲ្យនៅរស់ឡើយ។+ យ៉ូស្វេបានប្រព្រឹត្តចំពោះស្ដេចក្រុងម៉ាកេដា+ ដូចគាត់បានប្រព្រឹត្តចំពោះស្ដេចក្រុងយេរីខូដែរ។
២៩ បន្ទាប់មក យ៉ូស្វេនិងកងទ័ពអ៊ីស្រាអែលទាំងអស់ចេញពីក្រុងម៉ាកេដាទៅក្រុងលិបណា ហើយធ្វើសង្គ្រាមនឹងអ្នកក្រុងនោះ។+ ៣០ ព្រះយេហូវ៉ាក៏បានប្រគល់ក្រុងលិបណានិងស្ដេចក្រុងនោះ+ទៅក្នុងកណ្ដាប់ដៃរបស់ពួកអ៊ីស្រាអែលដែរ។ ពួកគេបានវាយប្រហារក្រុងនោះ និងសម្លាប់មនុស្សទាំងអស់ក្នុងក្រុងនោះ មិនទុកអ្នកណាម្នាក់ឲ្យនៅរស់ឡើយ។ ពួកគេប្រព្រឹត្តចំពោះស្ដេចក្រុងលិបណា ដូចពួកគេបានប្រព្រឹត្តចំពោះស្ដេចក្រុងយេរីខូដែរ។+
៣១ បន្ទាប់មក យ៉ូស្វេនិងកងទ័ពអ៊ីស្រាអែលទាំងអស់ចេញពីក្រុងលិបណាទៅក្រុងឡាគីស+ ហើយបោះទ័ពនៅទីនោះ រួចច្បាំងនឹងក្រុងនោះ។ ៣២ ព្រះយេហូវ៉ាបានប្រគល់ក្រុងឡាគីសទៅក្នុងកណ្ដាប់ដៃពួកអ៊ីស្រាអែល ហើយនៅថ្ងៃទី២ ពួកគេបានចាប់យកក្រុងនោះ។ ពួកគេបានវាយប្រហារក្រុងនោះ និងសម្លាប់មនុស្សទាំងអស់ក្នុងក្រុងនោះ+ ដូចពួកគេបានប្រព្រឹត្តចំពោះក្រុងលិបណាដែរ។
៣៣ ពេលនោះ ហូរ៉ាមជាស្ដេចក្រុងគីសឺ+បានធ្វើដំណើរឡើងមកជួយក្រុងឡាគីស។ ប៉ុន្តែ យ៉ូស្វេបានសម្លាប់ហូរ៉ាមនិងទាហានរបស់គាត់ មិនទុកអ្នកណាម្នាក់ឲ្យនៅរស់ឡើយ។
៣៤ បន្ទាប់មកទៀត យ៉ូស្វេនិងកងទ័ពអ៊ីស្រាអែលទាំងអស់ចេញពីក្រុងឡាគីសទៅក្រុងអេកឡូន+ ហើយបោះទ័ពនៅទីនោះ រួចច្បាំងនឹងក្រុងនោះ។ ៣៥ នៅថ្ងៃនោះ ពួកគេបានចាប់យកក្រុងអេកឡូន ហើយវាយប្រហារក្រុងនោះ។ ពួកគេសម្លាប់មនុស្សទាំងអស់ក្នុងក្រុងនោះចោល ដូចពួកគេបានប្រព្រឹត្តចំពោះក្រុងឡាគីសដែរ។+
៣៦ ក្រោយមក យ៉ូស្វេនិងកងទ័ពអ៊ីស្រាអែលទាំងអស់ចេញពីក្រុងអេកឡូនទៅក្រុងហេប្រុន+ ហើយប្រយុទ្ធនឹងក្រុងនោះ។ ៣៧ ពួកគេបានចាប់យកក្រុងហេប្រុន ហើយវាយប្រហារក្រុងនោះ និងក្រុងទាំងប៉ុន្មានដែលនៅជុំវិញក្រុងនោះ ព្រមទាំងសម្លាប់ស្ដេចនិងមនុស្សទាំងអស់ក្នុងក្រុងនោះ មិនទុកអ្នកណាម្នាក់ឲ្យរួចជីវិត*ឡើយ។ យ៉ូស្វេបានបំផ្លាញនិងសម្លាប់មនុស្សគ្រប់គ្នាក្នុងក្រុងហេប្រុន ដូចគាត់បានធ្វើនៅក្រុងអេកឡូនដែរ។
៣៨ លុះក្រោយមក យ៉ូស្វេនិងកងទ័ពអ៊ីស្រាអែលទាំងអស់បានធ្វើដំណើរបកទៅក្រុងដេបៀរ+ ហើយច្បាំងនឹងក្រុងនោះ។ ៣៩ គាត់បានចាប់យកក្រុងដេបៀរ ស្ដេចក្រុងនោះ និងក្រុងទាំងប៉ុន្មានដែលនៅជុំវិញក្រុងនោះ ព្រមទាំងសម្លាប់មនុស្សទាំងអស់ចោល+ មិនទុកអ្នកណាម្នាក់ឲ្យរួចជីវិតឡើយ។+ យ៉ូស្វេបានធ្វើចំពោះក្រុងដេបៀរនិងស្ដេចក្រុងនោះ ដូចគាត់បានធ្វើចំពោះក្រុងហេប្រុននិងក្រុងលិបណា ព្រមទាំងស្ដេចក្រុងទាំងនោះដែរ។
៤០ យ៉ូស្វេបានដណ្ដើមយកទឹកដីទាំងអស់ដែលនៅតំបន់ភ្នំ តំបន់ណេកេប តំបន់សេភីឡា+ ព្រមទាំងតំបន់ជម្រាលភ្នំផង។ គាត់បានច្បាំងឈ្នះស្ដេចគ្រប់រូបនៅតំបន់ទាំងនោះ មិនទុកអ្នកណាម្នាក់ឲ្យនៅរស់ឡើយ។ គាត់សម្លាប់មនុស្សទាំងអស់ចោល*+ ដូចព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលបានបង្គាប់។+ ៤១ យ៉ូស្វេបានច្បាំងឈ្នះហើយដណ្ដើមយកទឹកដីរបស់ពួកគេ ចាប់ពីកាដេសបានា+ រហូតដល់ក្រុងកាសា+ និងក្រុងកូសែនទាំងមូល+ រហូតដល់ក្រុងគីបៀន។+ ៤២ យ៉ូស្វេបានចាប់ស្ដេចទាំងអស់នោះ ហើយដណ្ដើមយកទឹកដីរបស់ពួកគេក្នុងពេលតែមួយ ព្រោះព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលបានច្បាំងដើម្បីពួកគេ។+ ៤៣ ក្រោយមក យ៉ូស្វេនិងកងទ័ពអ៊ីស្រាអែលទាំងអស់ត្រឡប់ទៅជំរំជិតក្រុងគីលកាលវិញ។+
១១ ពេលដែលយ៉ាប៊ីនជាស្ដេចក្រុងហាសោបានឮអំពីរឿងនោះភ្លាម គាត់ក៏ផ្ញើសារទៅយ៉ូបាបស្ដេចក្រុងម៉ាដូន+ ទៅស្ដេចក្រុងស៊ីមរ៉ុន ទៅស្ដេចក្រុងអាកសាប+ ២ ទៅពួកស្ដេចដែលនៅតំបន់ភ្នំខាងជើង ទៅពួកស្ដេចដែលនៅវាលទំនាបខាងត្បូង*គីនេរ៉េត ទៅពួកស្ដេចនៅតំបន់សេភីឡា និងទៅពួកស្ដេចនៅជម្រាលភ្នំខាងលិចក្រុងដោ។+ ៣ គាត់ក៏បានផ្ញើសារទៅជនជាតិកាណាន+ដែលនៅខាងកើតនិងនៅខាងលិច ទៅជនជាតិអាម៉ូរី+ ទៅជនជាតិហេត ទៅជនជាតិពេរិស៊ីត ទៅជនជាតិយេប៊ូសដែលនៅតំបន់ភ្នំ និងទៅជនជាតិហេវី+ដែលនៅជើងភ្នំហឺម៉ូន+ក្នុងតំបន់មីសប៉ា។ ៤ ដូច្នេះ ពួកគេនិងកងទ័ពទាំងអស់បានលើកគ្នាចេញទៅ មានចំនួនច្រើនឥតគណនាប្រៀបដូចជាគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ ហើយមានទាំងសេះទាំងរទេះចម្បាំងជាច្រើនផង។ ៥ ស្ដេចទាំងអស់នោះបានសន្យាជួបជុំគ្នា ហើយពួកគេក៏បានមកជួបគ្នានៅឯធនធានទឹករបស់ក្រុងមេរ៉ុម រួចបោះទ័ពនៅទីនោះ ដើម្បីប្រយុទ្ធនឹងជនជាតិអ៊ីស្រាអែល។
៦ ព្រះយេហូវ៉ាមានប្រសាសន៍ទៅយ៉ូស្វេថា៖ «កុំភ័យខ្លាចពួកគេឡើយ+ ព្រោះថ្ងៃស្អែកវេលាថ្មើរនេះ ខ្ញុំនឹងប្រគល់ពួកគេទាំងអស់ឲ្យស្លាប់ក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែល។ អ្នកត្រូវកាត់សរសៃជើងសេះ+ ហើយដុតរទេះចម្បាំងរបស់ពួកគេចោល»។ ៧ រួចមក យ៉ូស្វេនិងកងទ័ពទាំងអស់បានសម្រុកចូលទៅវាយប្រហារពួកគេនៅតាមផ្លូវធនធានទឹករបស់ក្រុងមេរ៉ុម។ ៨ ព្រះយេហូវ៉ាប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃកងទ័ពអ៊ីស្រាអែល។+ កងទ័ពអ៊ីស្រាអែលបានច្បាំងឈ្នះពួកគេ ហើយដេញតាមពួកគេរហូតដល់ស៊ីដូនជាក្រុងដ៏ធំ+ តំបន់មីសរីផូតម៉េម+ និងជ្រលងភ្នំមីសពេភាគខាងកើត ហើយសម្លាប់ពួកគេចោលទាំងអស់ គ្មានសល់អ្នកណាម្នាក់ឡើយ។+ ៩ រួចមក យ៉ូស្វេបានធ្វើដូចដែលព្រះយេហូវ៉ាបានបង្គាប់គាត់ គឺគាត់កាត់សរសៃជើងសេះ ហើយដុតរទេះចម្បាំងរបស់ពួកគេចោល។+
១០ បន្ទាប់មក យ៉ូស្វេបានត្រឡប់ទៅចាប់យកក្រុងហាសោ រួចសម្លាប់ស្ដេចក្រុងនោះចោល+ ព្រោះក្រុងហាសោធ្លាប់ជាក្រុងដ៏សំខាន់របស់រាជាណាចក្រទាំងអស់នេះ។ ១១ កងទ័ពអ៊ីស្រាអែលបានសម្លាប់មនុស្សទាំងអស់ក្នុងក្រុងនោះ+ សូម្បីតែម្នាក់ក៏មិនទុកឲ្យនៅរស់ដែរ។+ រួចមក យ៉ូស្វេដុតក្រុងហាសោចោល។ ១២ យ៉ូស្វេបានច្បាំងឈ្នះស្ដេចទាំងអស់នោះ ហើយដណ្ដើមយកក្រុងទាំងប៉ុន្មានរបស់ពួកគេ។+ គាត់ប្រហារជីវិតពួកគេ+តាមបង្គាប់របស់ម៉ូសេជាអ្នកបម្រើព្រះយេហូវ៉ា។ ១៣ ក៏ប៉ុន្តែ ពួកអ៊ីស្រាអែលមិនបានដុតក្រុងណាមួយដែលនៅលើទួលទេ លើកលែងតែក្រុងហាសោប៉ុណ្ណោះដែលយ៉ូស្វេបានដុត។ ១៤ ពួកអ៊ីស្រាអែលបានយកជ័យភណ្ឌទាំងអស់ រួមទាំងហ្វូងសត្វពីក្នុងក្រុងទាំងប៉ុន្មាននោះ ទុកសម្រាប់ខ្លួន។+ ចំណែកឯមនុស្សទាំងអស់ក្នុងក្រុងទាំងនោះ ពួកអ៊ីស្រាអែលសម្លាប់ចោល+គ្មានសល់អ្នកណាម្នាក់ឡើយ។+ ១៥ ព្រះយេហូវ៉ាបានបង្គាប់ដល់ម៉ូសេជាអ្នកបម្រើលោកយ៉ាងណា ម៉ូសេក៏បង្គាប់ដល់យ៉ូស្វេ+យ៉ាងនោះដែរ។ ដូច្នេះ យ៉ូស្វេបានធ្វើតាមអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានបង្គាប់ដល់ម៉ូសេ។+
១៦ យ៉ូស្វេច្បាំងយកបានទឹកដីទាំងអស់នេះ ទាំងតំបន់ភ្នំស្រុកយូដា តំបន់ណេកេបទាំងមូល+ ក្រុងកូសែនទាំងមូល តំបន់សេភីឡា+ តំបន់អារ៉ាបា+ រួមទាំងតំបន់ភ្នំស្រុកអ៊ីស្រាអែល និងដីទំនាបនៃតំបន់ភ្នំនោះ ១៧ ចាប់ពីភ្នំហាឡាក ត្រង់កន្លែងដែលឡើងទៅតំបន់ភ្នំសៀ និងរហូតដល់ក្រុងបាលកាដ+នៅជ្រលងភ្នំស្រុកលីបង់នៅឯជើងភ្នំហឺម៉ូន។+ យ៉ូស្វេបានច្បាំងឈ្នះស្ដេចទាំងអស់នោះ ហើយចាប់ពួកគេ រួចសម្លាប់ចោល។ ១៨ យ៉ូស្វេបានធ្វើសង្គ្រាមនឹងស្ដេចទាំងប៉ុន្មាននោះ អស់រយៈពេលយ៉ាងយូរ។ ១៩ មិនមានក្រុងណាមួយដែលបានធ្វើកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងជនជាតិអ៊ីស្រាអែលឡើយ មានតែជនជាតិហេវីដែលរស់នៅក្រុងគីបៀនប៉ុណ្ណោះ។+ ក្រៅពីក្រុងនោះ ជនជាតិអ៊ីស្រាអែលច្បាំងដណ្ដើមយកទាំងអស់។+ ២០ ក្រុងទាំងនោះធ្វើសង្គ្រាមប្រឆាំងនឹងពួកអ៊ីស្រាអែល ពីព្រោះព្រះយេហូវ៉ាបានឲ្យចិត្តពួកគេទៅជារឹងចចេស+ ដើម្បីលោកអាចបំផ្លាញពួកគេចោលដោយឥតប្រណី។+ ពួកគេបានត្រូវបំផ្លាញឲ្យវិនាសហិនហោច ដូចព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។+
២១ នៅពេលនោះ យ៉ូស្វេបានសម្លាប់កូនចៅអេណាគីម+ទាំងអស់ពីតំបន់ភ្នំ ពីក្រុងហេប្រុន ពីក្រុងដេបៀរ ពីក្រុងអាណាប ពីតំបន់ភ្នំទាំងមូលនៃស្រុកយូដា និងពីតំបន់ភ្នំទាំងមូលនៃស្រុកអ៊ីស្រាអែល។ យ៉ូស្វេបានសម្លាប់ពួកគេ ហើយបំផ្លាញក្រុងផ្សេងៗរបស់ពួកគេខ្ទេចខ្ទីអស់។+ ២២ លែងមានកូនចៅអេណាគីមក្នុងទឹកដីរបស់ជនជាតិអ៊ីស្រាអែលទៀត នៅសល់+តែក្នុងក្រុងកាសា+ ក្រុងកាថ+ និងក្រុងអាសូតប៉ុណ្ណោះ។+ ២៣ ដូច្នេះ យ៉ូស្វេបានគ្រប់គ្រងទឹកដីទាំងអស់ ដូចព្រះយេហូវ៉ាបានសន្យានឹងម៉ូសេ។+ យ៉ូស្វេបានប្រគល់ទឹកដីជាមត៌កទាំងអស់នោះឲ្យជនជាតិអ៊ីស្រាអែលតាមកុលសម្ព័ន្ធ និងតាមចំណែករបស់ពួកគេ។+ រួចមក ទឹកដីទាំងនោះក៏លែងមានសង្គ្រាមទៀត។+
១២ ជនជាតិអ៊ីស្រាអែលបានច្បាំងឈ្នះស្ដេចទាំងប៉ុន្មានដែលនៅខាងកើតទន្លេយ៉ូដាន់ ហើយគ្រប់គ្រងទឹកដីរបស់ពួកគេ ចាប់ពីជ្រលងអើណូន+ លាតសន្ធឹងដល់ភ្នំហឺម៉ូន+ និងផ្នែកខាងកើតតំបន់អារ៉ាបាទាំងមូល។ ស្ដេចដែលជនជាតិអ៊ីស្រាអែលបានច្បាំងឈ្នះមានដូចតទៅ៖+ ២ ស៊ីហុន+ស្ដេចជនជាតិអាម៉ូរីដែលរស់នៅក្រុងហែសបូន គាត់បានគ្រប់គ្រងចាប់ពីក្រុងអារ៉ូអ៊ើរ+ ដែលនៅលើច្រាំងជ្រលងអើណូន+ គឺចាប់ពីពាក់កណ្ដាលជ្រលងអើណូន និងមួយចំហៀងស្រុកគីលាត រហូតដល់ជ្រលងយ៉ាបុក ដែលជាព្រំប្រទល់ស្រុកអាំម៉ូន។ ៣ ស៊ីហុនក៏បានគ្រប់គ្រងតំបន់អារ៉ាបា រហូតដល់ខាងកើតសមុទ្រគីនេរ៉េត*+ និងដល់សមុទ្រនៃតំបន់អារ៉ាបាគឺសមុទ្រអំបិល* ហើយតាមផ្លូវទៅខាងកើតបេតយេស៊ីម៉ូត និងខាងត្បូងនៃជើងភ្នំពីសកា។+
៤ រីឯអុក+ជាស្ដេចតំបន់បាសានវិញ គាត់ជាបុរសម្នាក់ក្នុងពួករេផែមដែលនៅសល់ចុងក្រោយ+ ហើយគាត់រស់នៅក្រុងអាសថារ៉ូតនិងក្រុងអេទ្រី។ ៥ គាត់គ្រប់គ្រងនៅតំបន់ភ្នំហឺម៉ូន នៅក្រុងសាលកា និងនៅតំបន់បាសានទាំងមូល+ រហូតដល់ព្រំប្រទល់ស្រុកកេសឺ និងស្រុកម៉ាអាកាត+ ហើយពាក់កណ្ដាលស្រុកគីលាត រហូតដល់តំបន់របស់ស៊ីហុនស្ដេចក្រុងហែសបូន។+
៦ ម៉ូសេជាអ្នកបម្រើព្រះយេហូវ៉ា ព្រមទាំងជនជាតិអ៊ីស្រាអែល បានច្បាំងឈ្នះពួកគេ។+ ក្រោយមក ម៉ូសេជាអ្នកបម្រើព្រះយេហូវ៉ាបានប្រគល់ទឹកដីទាំងនោះឲ្យកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេ។+
៧ យ៉ូស្វេនិងជនជាតិអ៊ីស្រាអែលបានច្បាំងឈ្នះស្ដេចទាំងប៉ុន្មានដែលនៅខាងលិចទន្លេយ៉ូដាន់ ហើយដណ្ដើមយកទឹកដីចាប់ពីក្រុងបាលកាដ+នៅជ្រលងភ្នំស្រុកលីបង់+ រហូតដល់ភ្នំហាឡាក+ ត្រង់កន្លែងដែលឡើងទៅតំបន់ភ្នំសៀ។+ ក្រោយមក យ៉ូស្វេបានប្រគល់ទឹកដីទាំងនោះឲ្យកុលសម្ព័ន្ធផ្សេងៗនៃជនជាតិអ៊ីស្រាអែលតាមចំណែករបស់ពួកគេ។+ ៨ ទឹកដីទាំងនោះគឺនៅតំបន់ភ្នំ នៅតំបន់សេភីឡា នៅតំបន់អារ៉ាបា នៅជម្រាលភ្នំ នៅតំបន់ស្ងាត់ជ្រងំ និងនៅតំបន់ណេកេប+ ដែលជាទឹកដីរបស់ជនជាតិហេត ជនជាតិអាម៉ូរី+ ជនជាតិកាណាន ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។+
៩ ស្ដេចទាំងប៉ុន្មាននោះ គឺស្ដេចក្រុងយេរីខូ+ ស្ដេចក្រុងអៃ+ដែលនៅក្បែរក្រុងបេតអែល
១០ ស្ដេចក្រុងយេរូសាឡិម ស្ដេចក្រុងហេប្រុន+
១១ ស្ដេចក្រុងយ៉ាមុត ស្ដេចក្រុងឡាគីស
១២ ស្ដេចក្រុងអេកឡូន ស្ដេចក្រុងគីសឺ+
១៣ ស្ដេចក្រុងដេបៀរ+ ស្ដេចក្រុងកេដឺ
១៤ ស្ដេចក្រុងហោម៉ា ស្ដេចក្រុងអេរ៉ាត
១៥ ស្ដេចក្រុងលិបណា+ ស្ដេចក្រុងអាឌូឡាម
១៦ ស្ដេចក្រុងម៉ាកេដា+ ស្ដេចក្រុងបេតអែល+
១៧ ស្ដេចក្រុងតេពួរ ស្ដេចក្រុងហេផឺ
១៨ ស្ដេចក្រុងអាផែក ស្ដេចក្រុងឡាសារ៉ុន
១៩ ស្ដេចក្រុងម៉ាដូន ស្ដេចក្រុងហាសោ+
២០ ស្ដេចក្រុងស៊ីមរ៉ុនមេរ៉ុន ស្ដេចក្រុងអាកសាប
២១ ស្ដេចក្រុងថេអាណាក ស្ដេចក្រុងមេគីដោ
២២ ស្ដេចក្រុងកេដេស ស្ដេចក្រុងយ៉ុកនាម+នៅភ្នំកើមែល
២៣ ស្ដេចក្រុងដោនៅជម្រាលភ្នំដោ+ ស្ដេចស្រុកកូអ៊ីមនៅក្រុងគីលកាល
២៤ និងស្ដេចក្រុងធើសា។ សរុបទាំងអស់មានស្ដេច៣១នាក់។
១៣ ឥឡូវ យ៉ូស្វេកាន់តែចាស់ ហើយអាយុក៏ច្រើនណាស់ដែរ។+ ដូច្នេះ ព្រះយេហូវ៉ាមានប្រសាសន៍ទៅគាត់ថា៖ «អ្នកចាស់ណាស់ហើយ រស់មិនបានយូរទៀតទេ តែនៅមានទឹកដីជាច្រើនទៀតដែលមិនទាន់បានច្បាំងយក។ ២ ទឹកដីដែលអ្នកមិនទាន់បានច្បាំងយក មានដូចតទៅ៖+ តំបន់ទាំងមូលរបស់ជនជាតិភីលីស្ទីន និងរបស់ជនជាតិកេសឺ+ ៣ (ចាប់ពីដៃទន្លេនីល*ដែលនៅខាងកើត*ស្រុកអេហ្ស៊ីប លាតសន្ធឹងដល់ព្រំប្រទល់ក្រុងអេក្រុនដែលនៅខាងជើង។ ពីមុន គេចាត់ទុកតំបន់នោះជាទឹកដីរបស់ជនជាតិកាណាន)+ រួមបញ្ចូលទឹកដីរបស់ពួកមេដឹកនាំទាំងប្រាំរបស់ជនជាតិភីលីស្ទីន+គឺ ក្រុងកាសា ក្រុងអាសូត+ ក្រុងអាសកាឡូន+ ក្រុងកាថ+ និងក្រុងអេក្រុន+ ក៏មានទាំងទឹកដីរបស់ពួកអាវីម+ ៤ ដែលនៅភាគខាងត្បូងដែរ ព្រមទាំងទឹកដីទាំងអស់របស់ជនជាតិកាណាន ក្រុងម៉ាអារ៉ាដែលជាទឹកដីរបស់ពួកអ្នកក្រុងស៊ីដូន+ ហើយលាតសន្ធឹងដល់ក្រុងអាផែកនិងដល់ព្រំប្រទល់របស់ជនជាតិអាម៉ូរី ៥ ហើយមានទឹកដីក្រុងកេបាល+ និងផ្នែកខាងកើតនៃស្រុកលីបង់ទាំងមូល គឺចាប់ពីក្រុងបាលកាដដែលនៅជើងភ្នំហឺម៉ូន លាតសន្ធឹងដល់លេបូហាម៉ាត*+ ៦ ព្រមទាំងទឹកដីទាំងប៉ុន្មានរបស់ពួកអ្នកដែលរស់នៅតំបន់ភ្នំ គឺចាប់ពីស្រុកលីបង់+រហូតដល់មីសរីផូតម៉េម+ និងទឹកដីទាំងអស់របស់ពួកអ្នកក្រុងស៊ីដូន។+ ខ្ញុំនឹងបណ្ដេញពួកគេចេញពីមុខជនជាតិអ៊ីស្រាអែល។+ ចំណែកអ្នកវិញ អ្នកគ្រាន់តែប្រគល់ទឹកដីជាមត៌កនេះឲ្យជនជាតិអ៊ីស្រាអែលប៉ុណ្ណោះ ដូចខ្ញុំបានបង្គាប់អ្នក។+ ៧ អ្នកត្រូវចែកទឹកដីជាមត៌កនេះដល់៩កុលសម្ព័ន្ធ និងដល់ពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេ»។+
៨ រីឯកុលសម្ព័ន្ធម៉ាណាសេពាក់កណ្ដាលទៀត និងកុលសម្ព័ន្ធរូបេន ព្រមទាំងកុលសម្ព័ន្ធកាដ ពួកគេបានទទួលទឹកដីជាមត៌កដែលម៉ូសេបានឲ្យពួកគេនៅខាងកើតទន្លេយ៉ូដាន់។ តាមបង្គាប់ម៉ូសេជាអ្នកបម្រើព្រះយេហូវ៉ា ទឹកដីដែលពួកគេបានទទួលមានដូចតទៅ៖+ ៩ ចាប់ពីក្រុងអារ៉ូអ៊ើរ+ដែលស្ថិតនៅលើច្រាំងជ្រលងអើណូន+ និងក្រុងដែលនៅកណ្ដាលជ្រលងនោះ រួមទាំងខ្ពង់រាបមេដេបាទាំងមូល រហូតដល់ក្រុងឌីបូន ១០ និងក្រុងទាំងអស់របស់ស៊ីហុនជាស្ដេចរបស់ជនជាតិអាម៉ូរី ដែលគ្រប់គ្រងនៅក្រុងហែសបូន រហូតដល់ព្រំប្រទល់ជនជាតិអាំម៉ូន។+ ១១ ម្យ៉ាងទៀត ពួកគេបានទទួលទឹកដីស្រុកគីលាត តំបន់របស់ជនជាតិកេសឺ តំបន់របស់ជនជាតិម៉ាអាកាត+ ភ្នំហឺម៉ូនទាំងមូល និងតំបន់បាសានទាំងអស់+រហូតដល់ក្រុងសាលកា+ ១២ រួមទាំងរាជាណាចក្រទាំងមូលរបស់ស្ដេចអុកនៅតំបន់បាសាន។ អុកគ្រប់គ្រងនៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី (គាត់ជាបុរសម្នាក់ក្នុងពួករេផែមដែលនៅសល់ចុងក្រោយ)។+ ម៉ូសេបានវាយឈ្នះពួកគេ ហើយបណ្ដេញពួកគេចេញ។+ ១៣ ប៉ុន្តែ ជនជាតិអ៊ីស្រាអែលមិនបានបណ្ដេញ+ជនជាតិកេសឺ និងជនជាតិម៉ាអាកាតចេញទេ។ ហេតុនេះហើយបានជាពួកគេរស់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែលរហូតមកដល់សព្វថ្ងៃ។
១៤ ប៉ុន្តែ មានតែកុលសម្ព័ន្ធលេវីប៉ុណ្ណោះដែលម៉ូសេមិនបានចែកដីជាមត៌កឲ្យ+ ព្រោះមត៌កដែលព្រះបានសន្យាឲ្យពួកគេគឺ គ្រឿងបូជាដុតដែលបណ្ដាជនជូនព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល។+
១៥ រួចមក ម៉ូសេបានប្រគល់មត៌កឲ្យកុលសម្ព័ន្ធរូបេន តាមវង្សត្រកូលរបស់ពួកគេ។ ១៦ ទឹកដីរបស់ពួកគេគឺចាប់ពីក្រុងអារ៉ូអ៊ើរដែលនៅលើច្រាំងជ្រលងអើណូន និងក្រុងដែលនៅកណ្ដាលជ្រលងនោះ ព្រមទាំងខ្ពង់រាបទាំងអស់ដែលនៅជិតក្រុងមេដេបា ១៧ ក្រុងហែសបូន និងក្រុងទាំងអស់+ដែលនៅលើតំបន់ខ្ពង់រាប ក្រុងឌីបូន ក្រុងបាម៉ូតបាល ក្រុងបេតបាលមេអន+ ១៨ ក្រុងយេហាស+ ក្រុងកេដេម៉ូត+ ក្រុងមេផ្អាត+ ១៩ ក្រុងគារីអាតថេម ក្រុងស៊ីបម៉ា+ និងសេរ៉ែតសាហាដែលស្ថិតនៅលើភ្នំនៃវាលទំនាប ២០ ថែមទាំងបេតពេអរ ជម្រាលភ្នំពីសកា+ បេតយេស៊ីម៉ូត+ ២១ ក្រុងទាំងអស់នៅតំបន់ខ្ពង់រាប និងរាជាណាចក្រទាំងមូលរបស់ស៊ីហុនជាស្ដេចជនជាតិអាម៉ូរី ដែលគ្រប់គ្រងនៅក្រុងហែសបូន។+ ម៉ូសេបានច្បាំងឈ្នះស្ដេចស៊ីហុន+ និងពួកមេរបស់ជនជាតិម៉ាឌានគឺ អេវ៉ាយ រេខេម សឺរ ហឺរ និងរេបា។+ ពួកមេទាំងនោះរស់នៅក្នុងទឹកដីដែលនៅក្រោមចំណុះរបស់ស៊ីហុន។ ២២ រីឯបាឡាម+កូនប្រុសរបស់បេអ័រ គាត់ជាគ្រូទាយ។+ គាត់ក៏បានត្រូវជនជាតិអ៊ីស្រាអែលសម្លាប់ចោលដែរ។ ២៣ ព្រំប្រទល់របស់កុលសម្ព័ន្ធរូបេនគឺទន្លេយ៉ូដាន់។ នេះជាទឹកដីដែលកុលសម្ព័ន្ធរូបេនបានទទួលជាមត៌កតាមវង្សត្រកូលរបស់ពួកគេ ដែលរួមបញ្ចូលក្រុងនិងភូមិទាំងប៉ុន្មានផង។
២៤ ម្យ៉ាងទៀត ម៉ូសេបានឲ្យទឹកដីជាមត៌កដល់កុលសម្ព័ន្ធកាដ គឺកូនចៅកាដតាមវង្សត្រកូលរបស់ពួកគេ។ ២៥ ទឹកដីរបស់ពួកគេរួមបញ្ចូលក្រុងយ៉ាសឺ+ ក្រុងទាំងអស់របស់ស្រុកគីលាត និងទឹកដីពាក់កណ្ដាលរបស់ជនជាតិអាំម៉ូន+ លាតសន្ធឹងដល់ក្រុងអារ៉ូអ៊ើរដែលនៅទល់មុខក្រុងរ៉ាបា+ ២៦ ហើយចាប់ពីក្រុងហែសបូន+រហូតដល់ក្រុងរ៉ាម៉ាតមីសប៉ា ក្រុងបេថូនីម និងចាប់ពីក្រុងម៉ាហាណែម+រហូតដល់ព្រំប្រទល់ក្រុងដេបៀរ ២៧ ថែមទាំងទឹកដីនៅតំបន់វាលទំនាបដែលមានក្រុងបេតហារ៉ាម ក្រុងបេតនីមរ៉ា+ ក្រុងសិកូត+ ក្រុងសាផូន និងទឹកដីដែលនៅសល់ក្នុងរាជាណាចក្រស៊ីហុនជាស្ដេចក្រុងហែសបូន+ ដោយមានទន្លេយ៉ូដាន់ជាព្រំប្រទល់ គឺចាប់ពីចុងសមុទ្រគីនេរ៉េត*+ដែលនៅខាងកើតទន្លេយ៉ូដាន់។ ២៨ នេះជាមត៌ករបស់កូនចៅកាដតាមវង្សត្រកូលរបស់ពួកគេ ដែលរួមបញ្ចូលក្រុងនិងភូមិទាំងប៉ុន្មានផង។
២៩ បន្ថែមទៅទៀត ម៉ូសេបានប្រគល់ទឹកដីជាមត៌កឲ្យទៅពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេ តាមវង្សត្រកូលរបស់ពួកគេ។+ ៣០ ទឹកដីរបស់ពួកគេគ្របដណ្ដប់តំបន់បាសានទាំងមូល និងចាប់ពីក្រុងម៉ាហាណែម+ ព្រមទាំងរាជាណាចក្រទាំងមូលរបស់អុកជាស្ដេចតំបន់បាសាន និងភូមិត្រសាលទាំងប៉ុន្មានរបស់យ៉ាអៀ+ក្នុងតំបន់បាសាន សរុបមាន៦០ក្រុង។ ៣១ រីឯទឹកដីស្រុកគីលាតពាក់កណ្ដាល ក្រុងអាសថារ៉ូត និងក្រុងអេទ្រី+ ដែលសុទ្ធសឹងតែជាក្រុងនៃរាជាណាចក្ររបស់អុកស្ដេចតំបន់បាសាន ម៉ូសេបានប្រគល់ទៅឲ្យកូនចៅម៉ាគា+ដែលជាកូនរបស់ម៉ាណាសេ គឺឲ្យដល់ពាក់កណ្ដាលកូនចៅម៉ាគាតាមវង្សត្រកូលរបស់ពួកគេ។
៣២ នោះហើយជាមត៌កដែលម៉ូសេបានប្រគល់ឲ្យពួកគេ ពេលដែលពួកគេនៅតំបន់ស្ងាត់ជ្រងំស្រុកម៉ូអាប់ដែលនៅខាងនាយទន្លេយ៉ូដាន់ ដែលស្ថិតនៅខាងកើតក្រុងយេរីខូ។+
៣៣ ប៉ុន្តែសម្រាប់កុលសម្ព័ន្ធលេវីវិញ ម៉ូសេមិនបានឲ្យទឹកដីជាមត៌កដល់ពួកគេទេ+ ពីព្រោះព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល លោកជាមត៌ករបស់ពួកគេដូចដែលលោកបានសន្យា។+
១៤ នេះជាទឹកដីក្នុងស្រុកកាណានដែលជនជាតិអ៊ីស្រាអែលបានទទួលជាមត៌ក។ អេលាសារជាសង្ឃ យ៉ូស្វេជាកូនប្រុសនុន និងពួកប្រមុខលើវង្សត្រកូលនានានៃកុលសម្ព័ន្ធជនជាតិអ៊ីស្រាអែល បានប្រគល់ទឹកដីទាំងនេះឲ្យពួកគេ។+ ២ ដូចព្រះយេហូវ៉ាបានបង្គាប់តាមរយៈម៉ូសេ មត៌កទាំងនេះបានចែកឲ្យ៩កុលសម្ព័ន្ធ និងពាក់កណ្ដាលកុលសម្ព័ន្ធមួយទៀត+ ដោយការចាប់ឆ្នោត។+ ៣ ចំណែកឯពីរកុលសម្ព័ន្ធនិងពាក់កណ្ដាលកុលសម្ព័ន្ធមួយទៀត ម៉ូសេបានចែកមត៌កនៅត្រើយម្ខាង*ទន្លេយ៉ូដាន់ឲ្យពួកគេរួចហើយ។+ ប៉ុន្តែ ម៉ូសេមិនបានចែកមត៌កឲ្យកុលសម្ព័ន្ធលេវីទេ។+ ៤ កូនចៅយ៉ូសែបបានត្រូវចាត់ទុកជា២កុលសម្ព័ន្ធ+ គឺកុលសម្ព័ន្ធម៉ាណាសេនិងកុលសម្ព័ន្ធអេប្រាអ៊ីម។+ រីឯកុលសម្ព័ន្ធលេវី ពួកគេមិនបានទទួលទឹកដីជាមត៌កឡើយ។ ពួកគេបានទទួលតែក្រុងមួយចំនួន+ដើម្បីរស់នៅ រួមទាំងវាលស្មៅសម្រាប់ហ្វូងសត្វ និងទ្រព្យសម្បត្តិរបស់ពួកគេប៉ុណ្ណោះ។+ ៥ ម្ល៉ោះហើយ ពួកកូនចៅអ៊ីស្រាអែលបានចែកទឹកដី ដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។
៦ ក្រោយមក ពួកបុរសយូដាបានមកជួបយ៉ូស្វេនៅក្រុងគីលកាល។+ ពេលនោះ កាលែប+ជាកូនប្រុសយេផុនណាដែលជាគេនិស៊ីតបាននិយាយទៅយ៉ូស្វេថា៖ «ដូចអ្នកបានដឹងច្បាស់ហើយ នៅកាដេសបានា+ព្រះយេហូវ៉ាបានមានប្រសាសន៍+ទៅម៉ូសេជាតំណាងព្រះពិត+ អំពីអ្នកនិងខ្ញុំ។ ៧ ខ្ញុំមានអាយុ៤០ឆ្នាំ ពេលដែលម៉ូសេជាអ្នកបម្រើព្រះយេហូវ៉ាបានចាត់ខ្ញុំពីកាដេសបានាឲ្យមកស៊ើបការណ៍នៅស្រុកនេះ+ ហើយខ្ញុំត្រឡប់មកវិញដោយប្រាប់នូវរបាយការណ៍ពិត។+ ៨ ទោះបីជាបងប្អូនដែលធ្វើដំណើរទៅស៊ើបការណ៍ជាមួយនឹងខ្ញុំ បានប្រាប់ព័ត៌មានដែលធ្វើឲ្យបណ្ដាជនបាត់បង់ចិត្តក្លាហានក៏ដោយ តែខ្ញុំបានធ្វើតាមបង្គាប់ព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំយ៉ាងស្មោះអស់ពីចិត្ត។+ ៩ នៅថ្ងៃនោះ ម៉ូសេបានស្បថថា៖ ‹ទឹកដីណាដែលអ្នកឈានជើងចូល ទឹកដីនោះនឹងក្លាយជាមត៌ករបស់អ្នកនិងកូនចៅអ្នកតរៀងទៅ ដោយសារអ្នកបានធ្វើតាមបង្គាប់ព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំយ៉ាងស្មោះអស់ពីចិត្ត›។+ ១០ សែសិបប្រាំឆ្នាំមុន ព្រះយេហូវ៉ាបានសន្យានឹងម៉ូសេដូច្នោះ ពេលដែលជនជាតិអ៊ីស្រាអែលដើរនៅតំបន់ស្ងាត់ជ្រងំ+ ហើយព្រះយេហូវ៉ាបានរក្សាជីវិតខ្ញុំរហូតមកដល់ឥឡូវនេះ+ ដូចលោកបានសន្យា។+ ឥឡូវខ្ញុំមានអាយុ៨៥ឆ្នាំហើយ។ ១១ សព្វថ្ងៃ ខ្ញុំនៅតែមានកម្លាំងដូចពេលដែលម៉ូសេបានចាត់ខ្ញុំឲ្យទៅស៊ើបការណ៍នោះ។ ខ្ញុំនៅមានកម្លាំងចេញទៅធ្វើសង្គ្រាម និងធ្វើកិច្ចការផ្សេងៗទៀតដូចមុនដែរ។ ១២ ដូច្នេះ សូមអ្នកឲ្យទឹកដីតំបន់ភ្នំនេះមកខ្ញុំ តាមដែលព្រះយេហូវ៉ាបានសន្យានៅថ្ងៃនោះ។ នៅថ្ងៃនោះ អ្នកក៏បានឮដែរថានៅទឹកដីនោះមានពួកអេណាគីម+ និងមានក្រុងធំៗដែលមានកំពែងរឹងមាំ។+ ប៉ុន្តែ ព្រះយេហូវ៉ាច្បាស់ជានៅជាមួយនឹងខ្ញុំ+ បានជាខ្ញុំអាចបណ្ដេញពួកគេចេញ ដូចដែលព្រះយេហូវ៉ាបានសន្យា»។+
១៣ យ៉ូស្វេបានឲ្យពរដល់កាលែបជាកូនប្រុសយេផុនណា ព្រមទាំងឲ្យក្រុងហេប្រុនទៅគាត់ទុកជាមត៌ក។+ ១៤ ដោយសារមូលហេតុនោះ ក្រុងហេប្រុនបានទៅជាកម្មសិទ្ធិរបស់កាលែបជាកូនប្រុសយេផុនណាដែលជាជនជាតិគេនិស៊ីត ទុកជាមត៌ករហូតដល់សព្វថ្ងៃ ព្រោះគាត់បានធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលយ៉ាងស្មោះអស់ពីចិត្ត។+ ១៥ កាលពីដើម ក្រុងហេប្រុនមានឈ្មោះថាក្រុងគារីអាតអាបា+ (ពួកអេណាគីមចាត់ទុកអាបាជាមនុស្សឧត្ដមបំផុតក្នុងចំណោមពួកគេ)។ តាំងពីពេលនោះមក ទឹកដីនោះក៏ស្ងប់សង្គ្រាម។+
១៥ ទឹកដី*+ដែលជាចំណែករបស់កុលសម្ព័ន្ធយូដានិងពូជពង្សរបស់ពួកគេ គឺចប់ត្រឹមព្រំប្រទល់ស្រុកអេដំ+ តំបន់ស្ងាត់ជ្រងំស៊ីង និងខាងត្បូងបំផុតនៃតំបន់ណេកេប។ ២ ព្រំប្រទល់ភាគខាងត្បូងរបស់ពួកគេចាប់ពីចុងបំផុតនៃសមុទ្រអំបិល*+ គឺចាប់ពីឈូងសមុទ្រដែលបែរទៅខាងត្បូង ៣ ចុះទៅខាងត្បូងទៀតរហូតដល់អាក្រាប៊ីម+ ហើយទៅដល់ស៊ីង រួចឡើងពីខាងត្បូងទៅកាដេសបានា+ដល់ក្រុងហេស្រុន ហើយឡើងទៅដល់ក្រុងអាតដា ហើយវាងទៅខាកា។ ៤ រួចទៅដល់អាសម៉ូន+ តទៅជ្រលងនៃស្រុកអេហ្ស៊ីប+ ហើយចប់ត្រឹមសមុទ្រធំ។* នោះជាព្រំប្រទល់ភាគខាងត្បូងរបស់ពួកគេ។
៥ ព្រំប្រទល់ខាងកើតគឺសមុទ្រអំបិល*ឡើងទៅចុងបំផុតនៃទន្លេយ៉ូដាន់ ហើយព្រំប្រទល់ខាងជើងគឺឈូងសមុទ្រដែលនៅចុងបំផុតនៃទន្លេយ៉ូដាន់+ ៦ រួចព្រំប្រទល់នោះឡើងទៅក្រុងបេតហុកឡា+ ទៅខាងជើងក្រុងបេតអារ៉ាបា+ ហើយទៅដល់ថ្មធំរបស់បូហាន+ដែលជាកូនចៅរូបេន ៧ ថែមទាំងឡើងទៅដេបៀរនៅជ្រលងភ្នំ*អាគ័រ+ រួចមកបែរទៅភាគខាងជើងសំដៅទៅក្រុងគីលកាល+ ដែលនៅមុខច្រកភ្នំអាឌូមីម ជាច្រកភ្នំដែលនៅខាងត្បូងជ្រលង។ ក្រោយមកព្រំប្រទល់ទៅដល់ធនធានទឹកអេនសេមែស+ ហើយចប់ត្រឹមអេនរ៉ូកេល+ ៨ រួចឡើងទៅជ្រលងហ៊ីណំ*+ រហូតដល់ជម្រាលភ្នំរបស់ក្រុងជនជាតិយេប៊ូស+នៅខាងត្បូង គឺក្រុងយេរូសាឡិម+ ហើយតទៅកំពូលភ្នំទល់មុខជ្រលងហ៊ីណំនៅខាងលិច គឺនៅចុងជ្រលងភ្នំរេផែមនៅខាងជើង។ ៩ ព្រំប្រទល់របស់ពួកគេ គឺចាប់ពីកំពូលភ្នំនោះទៅដល់ប្រភពទឹកណេថូអា+ ហើយលាតសន្ធឹងទៅដល់ក្រុងផ្សេងៗដែលនៅលើភ្នំអេប្រុន និងទៅដល់ក្រុងបាឡា គឺក្រុងគារីអាតយារីម។+ ១០ រួចវាងពីខាងលិចក្រុងបាឡាទៅដល់ភ្នំសៀ ហើយទៅជម្រាលភ្នំយៀរីមខាងជើង នោះគឺក្រុងកេសាឡូន និងចុះទៅក្រុងបេតសេមែស+ រួចទៅដល់ធីមណា។+ ១១ ព្រំប្រទល់នោះលាតសន្ធឹងពីធីមណាដល់ជម្រាលភ្នំខាងជើងក្រុងអេក្រុន+ ហើយចាប់ពីស៊ីក្រុនទៅភ្នំបាឡារហូតដល់យ៉ាបនៀល ហើយចប់ត្រឹមសមុទ្រ។
១២ ព្រំប្រទល់ខាងលិចគឺនៅឆ្នេរសមុទ្រធំ។*+ នោះជាព្រំប្រទល់ទាំងប៉ុន្មានរបស់កូនចៅយូដាតាមពូជពង្សរបស់ពួកគេ។
១៣ ពេលដែលយ៉ូស្វេបានចែកទឹកដីឲ្យកូនចៅយូដា កាលែប+កូនប្រុសយេផុនណាក៏បានទទួលទឹកដីមួយចំណែកតាមបង្គាប់របស់ព្រះយេហូវ៉ាដែរ។ ទឹកដីនោះគឺក្រុងគារីអាតអាបា (អាបាជាឪពុករបស់អេណាក់) ឬហៅថាក្រុងហេប្រុន។+ ១៤ កាលែបបានបណ្ដេញកូនចៅបីនាក់របស់អេណាក់ចេញពីទឹកដីនោះគឺ+ សេសាយ អាហាយមេន និងតាល់ម៉ាយ។+ ១៥ រួចមក កាលែបធ្វើដំណើរពីទីនោះទៅច្បាំងនឹងពួកអ្នកក្រុងដេបៀរ+ (ពីមុនក្រុងដេបៀរមានឈ្មោះថា ក្រុងគារីអាតស៊ីផឺ)។ ១៦ កាលែបនិយាយថា៖ «បើអ្នកណាម្នាក់អាចច្បាំងដណ្ដើមយកបានក្រុងគារីអាតស៊ីផឺ នោះខ្ញុំនឹងលើកអាកសាកូនស្រីខ្ញុំឲ្យធ្វើជាប្រពន្ធរបស់អ្នកនោះ»។ ១៧ អុតនាល+ជាកូនប្រុសកេណាស+ និងត្រូវជាក្មួយរបស់កាលែប បានដណ្ដើមយកក្រុងនោះ។ ដូច្នេះ កាលែបបានលើកអាកសាកូនស្រីគាត់+ឲ្យធ្វើជាប្រពន្ធរបស់អុតនាល។ ១៨ កាលដែលអាកសាកំពុងធ្វើដំណើរទៅផ្ទះប្ដីរបស់នាង នាងក៏ប្រាប់ប្ដីឲ្យសុំដីមួយកន្លែងពីឪពុកនាង។ ពេលនាងចុះពីលើខ្នងលា* កាលែបសួរនាងថា៖ «តើកូនចង់បានអ្វី?»។+ ១៩ នាងឆ្លើយថា៖ «សូមលោកឪពុកឲ្យពរខ្ញុំ គឺឲ្យកូឡូតម៉េម*ជាអំណោយសម្រាប់ខ្ញុំ ព្រោះដីដែលលោកឪពុកឲ្យខ្ញុំនៅខាងត្បូង*នោះជាដីស្ងួត»។ កាលែបក៏ឲ្យកូឡូតខាងលើ និងកូឡូតខាងក្រោមទៅនាង។
២០ នេះជាមត៌ករបស់កុលសម្ព័ន្ធយូដាតាមវង្សត្រកូលរបស់ពួកគេ។
២១ ក្រុងទាំងប៉ុន្មានរបស់កុលសម្ព័ន្ធយូដាដែលនៅខាងត្បូងបំផុតជិតព្រំប្រទល់ស្រុកអេដំ+គឺ ក្រុងកាបសៀល ក្រុងអ៊ីឌើរ ក្រុងយេគើ ២២ ក្រុងគីណា ក្រុងឌីម៉ូណា ក្រុងអាដាដា ២៣ ក្រុងកេដេស ក្រុងហាសោ ក្រុងអ៊ីតណាន ២៤ ក្រុងស៊ីប ក្រុងថេលេម ក្រុងបេអាឡូត ២៥ ក្រុងហាសោហាដាថា ក្រុងកេរីយ៉ុតហេស្រុន គឺក្រុងហាសោ ២៦ ក្រុងអាម៉ាម ក្រុងសិមម៉ា ក្រុងម៉ូឡាដា+ ២៧ ក្រុងហាសាកាដា ក្រុងហែសម៉ូន ក្រុងបេតផេលែត+ ២៨ ក្រុងហាសាស៊ូអាល ក្រុងបៀរសេបា+ ក្រុងប៊ីសយ៉ូថាយ៉ា ២៩ ក្រុងបាឡា ក្រុងអ៊ីយីម ក្រុងអ៊ីសែម ៣០ ក្រុងអែលថូឡាត ក្រុងកេស៊ីល ក្រុងហោម៉ា+ ៣១ ក្រុងស៊ីកឡាក់+ ក្រុងម៉ាតម៉ាណា ក្រុងសានសាណា ៣២ ក្រុងឡាបេអូត ក្រុងស៊ីលហ៊ីម ក្រុងអៃយីន និងក្រុងរីម៉ូន។+ សរុបទាំងអស់មាន២៩ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង។
៣៣ រីឯនៅតំបន់សេភីឡាវិញ+ មានក្រុងអែសថោល ក្រុងសូរ៉ា+ ក្រុងអាសណា ៣៤ ក្រុងសាណូអា ក្រុងអេនកានីម ក្រុងតេពួរ ក្រុងអេណាម ៣៥ ក្រុងយ៉ាមុត ក្រុងអាឌូឡាម+ ក្រុងសូគរ ក្រុងអាសេកា+ ៣៦ ក្រុងស្អារេម+ ក្រុងអាឌីថេម ក្រុងកេដេរ៉ា និងក្រុងកេដេរ៉ូថេម។* សរុបទាំងអស់មាន១៤ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង។
៣៧ ក្រុងសេណាន ក្រុងហាដាសា ក្រុងមីកដាលកាដ ៣៨ ក្រុងឌីលាន ក្រុងមីសពេ ក្រុងយ៉ុកធាល ៣៩ ក្រុងឡាគីស+ ក្រុងបូសកាត ក្រុងអេកឡូន ៤០ ក្រុងកាបូន ក្រុងឡាម៉ាម ក្រុងគីតលីស ៤១ ក្រុងកេដេរ៉ូត ក្រុងបេតដាកុន ក្រុងណាអាម៉ា និងក្រុងម៉ាកេដា។+ សរុបទាំងអស់មាន១៦ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង។
៤២ ក្រុងលិបណា+ ក្រុងអេធើ ក្រុងអេសាន+ ៤៣ ក្រុងអ៊ីបថា ក្រុងអាសណា នេស៊ីប ៤៤ ក្រុងកៃឡា ក្រុងអាក់ស៊ីប និងក្រុងម៉ារីសារ។ សរុបទាំងអស់មាន៩ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង។
៤៥ ក្រុងអេក្រុន និងក្រុងតូចៗដែលនៅជុំវិញ ថែមទាំងភូមិទាំងប៉ុន្មានដែរ ៤៦ ហើយពីក្រុងអេក្រុនទៅប៉ែកខាងលិច គឺក្រុងទាំងអស់ដែលនៅជិតក្រុងអាសូត និងភូមិទាំងប៉ុន្មានផង។
៤៧ ក្រុងអាសូត+ និងក្រុងតូចៗដែលនៅជុំវិញ ថែមទាំងភូមិទាំងប៉ុន្មានដែរ។ ក្រុងកាសា+ និងក្រុងតូចៗដែលនៅជុំវិញ ថែមទាំងភូមិទាំងប៉ុន្មានទៀត រហូតដល់ជ្រលងនៃស្រុកអេហ្ស៊ីប សមុទ្រធំ* និងតំបន់ដែលនៅក្បែរនោះ។+
៤៨ ចំណែកនៅតំបន់ភ្នំវិញ មានក្រុងសាមៀ ក្រុងយ៉ាទៀ+ ក្រុងសូគរ ៤៩ ក្រុងដាណា ក្រុងគារីអាតសានណាដែលហៅថាក្រុងដេបៀរ ៥០ ក្រុងអាណាប ក្រុងអែសធេម៉ូ+ ក្រុងអានីម ៥១ ក្រុងកូសែន+ ក្រុងហូឡូន និងក្រុងគីឡោ។+ សរុបទាំងអស់មាន១១ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង។
៥២ ក្រុងអារ៉ាប់ ក្រុងឌូម៉ា ក្រុងអេសែន ៥៣ ក្រុងយ៉េណឹម ក្រុងបេតតេពួរ ក្រុងអាផេកា ៥៤ ក្រុងហិមតា ក្រុងគារីអាតអាបាឬក្រុងហេប្រុន+ និងក្រុងស៊ីអោ។ សរុបទាំងអស់មាន៩ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង។
៥៥ ក្រុងម៉ាអន+ ក្រុងកើមែល ក្រុងស៊ីប+ ក្រុងយូថា ៥៦ ក្រុងយេសរៀល ក្រុងយ៉ុកឌាម ក្រុងសាណូអា ៥៧ ក្រុងកែន ក្រុងគីបៀ និងក្រុងធីមណា។+ សរុបទាំងអស់មាន១០ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង។
៥៨ ក្រុងហាលហ៊ុល ក្រុងបេតស៊ើ ក្រុងកេឌ័រ ៥៩ ក្រុងម៉ាអារ៉ាត ក្រុងបេតអាណូត និងក្រុងអែលទិកុន។ សរុបទាំងអស់មាន៦ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង។
៦០ ក្រុងគារីអាតបាលដែលហៅថាក្រុងគារីអាតយារីម+ និងក្រុងរ៉ាបា។ សរុបទាំងអស់មានពីរក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង។
៦១ នៅតំបន់ស្ងាត់ជ្រងំ មានក្រុងបេតអារ៉ាបា+ មីឌីន ក្រុងសេកាកា ៦២ ក្រុងនីបសាន ក្រុងអំបិល និងក្រុងអេនកេឌី។+ សរុបទាំងអស់មាន៦ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង។
៦៣ កុលសម្ព័ន្ធយូដាមិនអាចបណ្ដេញ+ជនជាតិយេប៊ូស+ដែលរស់នៅក្នុងក្រុងយេរូសាឡិម+ចេញបានទេ។ ហេតុនេះ នៅតែមានជនជាតិយេប៊ូសរស់នៅក្នុងចំណោមកុលសម្ព័ន្ធយូដា ក្នុងក្រុងយេរូសាឡិមរហូតដល់សព្វថ្ងៃ។
១៦ ទឹកដីដែលជាចំណែក*+របស់កូនចៅយ៉ូសែប+ គឺចាប់ពីទន្លេយ៉ូដាន់នៅក្រុងយេរីខូ រហូតដល់ធនធានទឹកខាងកើតក្រុងយេរីខូ កាត់តំបន់ស្ងាត់ជ្រងំឡើងពីក្រុងយេរីខូចូលទៅតំបន់ភ្នំនៃក្រុងបេតអែល+ ២ ហើយលាតសន្ធឹងពីក្រុងបេតអែលដែលនៅជិតក្រុងលូស រហូតដល់ព្រំប្រទល់របស់ពួកអើគីនៅក្រុងអាថារ៉ូត។ ៣ រួចចុះទៅប៉ែកខាងលិចដល់ព្រំប្រទល់របស់ពួកយ៉ាផ្លេត រហូតដល់ព្រំប្រទល់ក្រុងបេតហូរ៉ុនខាងក្រោម+និងក្រុងគីសឺ+ ហើយចប់ត្រឹមសមុទ្រ។
៤ ពូជពង្សម៉ាណាសេនិងអេប្រាអ៊ីមដែលជាកូនចៅរបស់យ៉ូសែប+ បានចូលគ្រប់គ្រងទឹកដីរបស់ពួកគេ។+ ៥ ព្រំប្រទល់របស់កូនចៅអេប្រាអ៊ីមតាមពូជពង្សរបស់ពួកគេមានដូចតទៅ៖ ព្រំប្រទល់នៅខាងកើតគឺចាប់ពីក្រុងអាថារ៉ូតអាតដា+ រហូតដល់ក្រុងបេតហូរ៉ុនខាងលើ+ ៦ ហើយលាតសន្ធឹងដល់សមុទ្រ។ ព្រំប្រទល់ខាងជើងគឺចាប់ពីមីកមេថាត+ ហើយវាងទៅខាងកើតដល់ថេអាណាតស៊ីឡូ ទៅដល់យ៉ាណូអា។ ៧ រួចចុះពីយ៉ាណូអាទៅក្រុងអាថារ៉ូតនិងក្រុងណាអារ៉ា រហូតដល់ក្រុងយេរីខូ+និងទន្លេយ៉ូដាន់ ៨ និងចាប់ពីក្រុងតេពួរ+ ទៅខាងលិចដល់ជ្រលងខាណា រួចចប់ត្រឹមសមុទ្រ។+ នោះជាទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីមតាមពូជពង្សរបស់ពួកគេ ៩ ដែលរួមបញ្ចូលក្រុងនិងភូមិទាំងអស់ ដែលកូនចៅអេប្រាអ៊ីមមាននៅក្នុងទឹកដីរបស់កុលសម្ព័ន្ធម៉ាណាសេដែរ។+
១០ ប៉ុន្តែ កូនចៅអេប្រាអ៊ីមមិនបានបណ្ដេញជនជាតិកាណានដែលរស់នៅក្នុងក្រុងគីសឺចេញទេ។+ ហេតុនេះ នៅតែមានជនជាតិកាណានរស់នៅក្នុងចំណោមកូនចៅអេប្រាអ៊ីមរហូតដល់សព្វថ្ងៃ+ ហើយជនជាតិកាណានបានត្រូវដាក់ឲ្យធ្វើការងារយ៉ាងលំបាក។+
១៧ ក្រោយមក កុលសម្ព័ន្ធម៉ាណាសេ+បានទទួលទឹកដី*ជាមត៌ក+ ដោយសារម៉ាណាសេជាកូនច្បងរបស់យ៉ូសែប។+ រីឯម៉ាគា+ជាកូនច្បងរបស់ម៉ាណាសេ និងជាឪពុករបស់គីលាត គាត់បានទទួលស្រុកគីលាតនិងតំបន់បាសានជាមត៌ក ព្រោះគាត់ជាអ្នកចម្បាំងមួយរូប។+ ២ ចំណែកឯកូនចៅឯទៀតរបស់ម៉ាណាសេ ពួកគេក៏បានទទួលទឹកដីតាមវង្សត្រកូលរបស់ពួកគេដែរ។ ពួកគេជាកូនរបស់អាប៊ីអ៊ីសឺ+ កូនរបស់ហេលេក កូនរបស់អាសរៀល កូនរបស់ស៊ីគឹម កូនរបស់ហេផឺ និងកូនរបស់សិមមីដា។ ពួកកូនប្រុសទាំងនោះជាកូនចៅម៉ាណាសេដែលជាកូនរបស់យ៉ូសែប។+ ៣ ចំណែកស្លូផិហាត+ គាត់គ្មានកូនប្រុសទេ មានតែកូនស្រីប៉ុណ្ណោះ។ ស្លូផិហាតជាកូនហេផឺ ហេផឺជាកូនគីលាត គីលាតជាកូនម៉ាគា ម៉ាគាជាកូនម៉ាណាសេ។ កូនស្រីៗរបស់ស្លូផិហាតឈ្មោះ ម៉ាឡា ណូអេ ហុកឡា មីលកា និងធើសា។ ៤ ពួកនាងមកជួបអេលាសារ+ជាសង្ឃ យ៉ូស្វេជាកូនប្រុសនុន និងពួកមេបណ្ដាជន រួចនិយាយទៅពួកគាត់ថា៖ «ព្រះយេហូវ៉ាបានបង្គាប់ម៉ូសេឲ្យចែកមត៌កដល់យើងខ្ញុំដូចសាច់ញាតិរបស់យើងខ្ញុំបានទទួលដែរ»។+ ដូច្នេះ យ៉ូស្វេក៏ចែកមត៌កឲ្យពួកនាងជាមួយនឹងសាច់ញាតិបងប្អូនរបស់ឪពុកពួកនាង តាមបង្គាប់របស់ព្រះយេហូវ៉ា។+
៥ មិនត្រឹមតែប៉ុណ្ណោះ កុលសម្ព័ន្ធម៉ាណាសេបានទទួលទឹកដី១០ចំណែកថែមទៀត ពីលើទឹកដីស្រុកគីលាតនិងតំបន់បាសាន ដែលនៅត្រើយម្ខាង*ទន្លេយ៉ូដាន់+ ៦ ដោយសារពួកកូនស្រីរបស់កុលសម្ព័ន្ធម៉ាណាសេក៏បានទទួលមត៌កជាមួយនឹងពួកកូនប្រុសដែរ។ ទឹកដីស្រុកគីលាតបានក្លាយជាកម្មសិទ្ធិរបស់កូនចៅឯទៀតរបស់ម៉ាណាសេ។
៧ ព្រំប្រទល់របស់កុលសម្ព័ន្ធម៉ាណាសេ គឺចាប់ពីទឹកដីកុលសម្ព័ន្ធអេស៊ើរទៅដល់មីកមេថាត+ ដែលនៅទល់មុខក្រុងស៊ីគឹម+ ហើយបន្តឆ្ពោះទៅខាងត្បូងដល់ទឹកដីរបស់ពួកអ្នកក្រុងអេនតេពួរ។ ៨ ពិតមែនតែទឹកដីតេពួរ+ជារបស់កុលសម្ព័ន្ធម៉ាណាសេ តែក្រុងតេពួរដែលនៅព្រំប្រទល់កុលសម្ព័ន្ធម៉ាណាសេ ជារបស់កូនចៅអេប្រាអ៊ីមវិញ។ ៩ ព្រំប្រទល់នោះចុះទៅខាងត្បូងជ្រលងខាណា ហើយក៏មានក្រុងខ្លះរបស់កុលសម្ព័ន្ធអេប្រាអ៊ីមនៅក្នុងទឹកដីរបស់កុលសម្ព័ន្ធម៉ាណាសេដែរ។+ ព្រំប្រទល់កុលសម្ព័ន្ធម៉ាណាសេគឺនៅខាងជើងជ្រលង រួចចប់ត្រឹមសមុទ្រធំ។*+ ១០ ហេតុនេះ ទឹកដីដែលនៅខាងត្បូងជារបស់កុលសម្ព័ន្ធអេប្រាអ៊ីម ហើយទឹកដីដែលនៅខាងជើងជារបស់កុលសម្ព័ន្ធម៉ាណាសេ និងមានសមុទ្រធំជាព្រំប្រទល់របស់ពួកគេ។+ ទឹកដីខាងជើងរបស់ពួកគេ*លាតសន្ធឹងដល់ទឹកដីរបស់កុលសម្ព័ន្ធអេស៊ើរ ហើយទឹកដីខាងកើតលាតសន្ធឹងដល់ទឹកដីរបស់កុលសម្ព័ន្ធអ៊ីសាខារ។
១១ កុលសម្ព័ន្ធម៉ាណាសេក៏បានទទួលក្រុងមួយចំនួននិងក្រុងតូចៗដែលនៅជុំវិញ ក្នុងទឹកដីរបស់កុលសម្ព័ន្ធអ៊ីសាខារនិងកុលសម្ព័ន្ធអេស៊ើរដែរ គឺក្រុងបេតសៀន ក្រុងអ៊ីបលាម+ ក្រុងដោ+ ក្រុងអេនដោ+ ក្រុងថេអាណាក+ និងក្រុងមេគីដោ គឺក្រុងបីនោះនៅលើទួល។
១២ ប៉ុន្តែ កូនចៅម៉ាណាសេមិនអាចបណ្ដេញពួកអ្នករស់នៅក្នុងក្រុងទាំងប៉ុន្មាននោះបានទេ។ ជនជាតិកាណានប្ដេជ្ញាបន្តរស់នៅក្នុងទឹកដីនោះតទៅទៀត។+ ១៣ ពេលកូនចៅអ៊ីស្រាអែលមានអំណាចកាន់តែរឹងមាំ ពួកគេបង្ខំជនជាតិកាណានឲ្យធ្វើការយ៉ាងលំបាក+ តែពួកគេមិនបានបណ្ដេញជនជាតិកាណានចេញឲ្យអស់ពីក្រុងទាំងនោះឡើយ។+
១៤ កូនចៅយ៉ូសែបនិយាយទៅកាន់យ៉ូស្វេថា៖ «ហេតុអ្វីបានជាអ្នកឲ្យមត៌ក*តែមួយចំណែក+មកយើងដូច្នេះ? យើងមានគ្នាច្រើនណាស់ ព្រោះព្រះយេហូវ៉ាបានឲ្យពរយើងរហូតមកដល់ឥឡូវ»។+ ១៥ យ៉ូស្វេតបទៅពួកគេថា៖ «បើពួកអ្នកមានគ្នាច្រើនយ៉ាងនោះ ហើយតំបន់ភ្នំនៅស្រុកអេប្រាអ៊ីម+មិនល្មមគ្រប់គ្រាន់សម្រាប់អ្នករាល់គ្នាទេ ចូរឡើងទៅតំបន់ព្រៃរបស់ពួកពេរិស៊ីត+និងពួករេផែម+ ហើយកាប់ឆ្ការព្រៃយកដីសម្រាប់អ្នករាល់គ្នាចុះ»។ ១៦ កូនចៅយ៉ូសែបនិយាយថា៖ «តំបន់ភ្នំនោះមិនល្មមសម្រាប់ពួកយើងទេ។ ម្យ៉ាងទៀត ជនជាតិកាណានទាំងអស់ដែលរស់នៅជិតជ្រលង* គឺនៅក្រុងបេតសៀន+និងក្រុងតូចៗដែលនៅជុំវិញ ព្រមទាំងនៅជ្រលង*ក្រុងយេសរៀល+ ពួកគេមានរទេះចម្បាំង+ដែលមានដែកវែងមុតស្រួចចេញពីដុំកង់រទេះ»។ ១៧ ឮដូច្នេះ យ៉ូស្វេនិយាយទៅកូនចៅយ៉ូសែប គឺកូនចៅអេប្រាអ៊ីមនិងកូនចៅម៉ាណាសេ ថា៖ «ពួកអ្នកមានគ្នាច្រើនណាស់ ថែមទាំងមានអំណាចខ្លាំងក្លាទៀតផង។ ដូច្នេះ ពួកអ្នកនឹងទទួលទឹកដីថែមទៀត។+ ១៨ ប៉ុន្តែ ពួកអ្នកក៏ត្រូវយកតំបន់ភ្នំទាំងមូលនោះដែរ។+ ពិតមែនតែវាជាតំបន់ព្រៃ តែពួកអ្នកត្រូវកាប់ឆ្ការ ហើយរស់នៅទីនោះទៅ។ ពួកអ្នកនឹងបណ្ដេញជនជាតិកាណានចេញបាន ទោះជាពួកគេខ្លាំងក្លានិងមានរទេះចម្បាំងដែលមានដែកវែងមុតស្រួចចេញពីដុំកង់រទេះក៏ដោយ»។+
១៨ ក្រោយមក ជនជាតិអ៊ីស្រាអែលទាំងអស់បានមកជួបជុំគ្នានៅក្រុងស៊ីឡូរ។+ ពួកគេក៏ដំឡើងត្រសាលជំនុំនៅទីនោះ+ ព្រោះពួកគេបានកាន់កាប់ទឹកដីរួចហើយ។+ ២ ប៉ុន្តែ ជនជាតិអ៊ីស្រាអែលនៅសល់កុលសម្ព័ន្ធ៧ទៀត ដែលមិនទាន់បានទទួលទឹកដីជាមត៌ក។ ៣ យ៉ូស្វេសួរជនជាតិអ៊ីស្រាអែលថា៖ «តើដល់ពេលណាទើបអ្នករាល់គ្នាចូលទៅយកទឹកដីដែលព្រះយេហូវ៉ាជាព្រះរបស់បុព្វបុរសអ្នករាល់គ្នាបានឲ្យ?+ ៤ ក្នុងកុលសម្ព័ន្ធនីមួយៗចូរជ្រើសរើសបុរសបីនាក់។ ខ្ញុំនឹងចាត់ពួកគេឲ្យទៅពិនិត្យមើលទឹកដីនោះទាំងមូល ហើយធ្វើប្លង់ដីតាមមត៌ករបស់ពួកគេ រួចពួកគេត្រូវមកជួបខ្ញុំវិញ។ ៥ ពួកគេត្រូវចែកទឹកដីនោះជា៧ចំណែក។+ កុលសម្ព័ន្ធយូដានឹងបន្តរស់នៅក្នុងទឹកដីរបស់ពួកគេដែលនៅខាងត្បូង+ ហើយកូនចៅយ៉ូសែបនឹងបន្តរស់នៅក្នុងទឹកដីរបស់ពួកគេដែលនៅខាងជើង។+ ៦ រីឯអ្នករាល់គ្នាវិញ ចូរទៅធ្វើប្លង់ដី ហើយចែកទឹកដីនោះជា៧ចំណែក រួចសឹមយកមកឲ្យខ្ញុំនៅទីនេះ។ ខ្ញុំនឹងចាប់ឆ្នោត+ឲ្យអ្នករាល់គ្នានៅចំពោះមុខព្រះយេហូវ៉ាជាព្រះរបស់យើង។ ៧ ប៉ុន្តែ កុលសម្ព័ន្ធលេវីនឹងមិនបានមត៌កទេ+ ព្រោះការបម្រើជាសង្ឃរបស់ព្រះយេហូវ៉ា គឺជាមត៌ករបស់ពួកគេហើយ។+ ចំណែកឯកុលសម្ព័ន្ធកាដ កុលសម្ព័ន្ធរូបេន និងពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេ+ ពួកគេបានទទួលមត៌កនៅខាងកើតទន្លេយ៉ូដាន់រួចហើយ តាមដែលម៉ូសេជាអ្នកបម្រើព្រះយេហូវ៉ាបានចែកឲ្យពួកគេ»។
៨ ដូច្នេះ ពួកបុរសទាំងនោះក៏រៀបចំធ្វើដំណើរ ហើយយ៉ូស្វេបង្គាប់ពួកអ្នកដែលត្រូវធ្វើប្លង់ដីថា៖ «ចូរទៅពិនិត្យមើលទឹកដីនោះទាំងមូល ហើយធ្វើប្លង់ដី រួចត្រឡប់មកជួបខ្ញុំវិញ។ ខ្ញុំនឹងចាប់ឆ្នោតឲ្យអ្នករាល់គ្នានៅចំពោះមុខព្រះយេហូវ៉ានៅក្រុងស៊ីឡូរនេះ»។+ ៩ រួចមក ពួកបុរសទាំងនោះក៏បានធ្វើដំណើរចេញទៅពិនិត្យមើលទឹកដីទាំងមូល ហើយធ្វើប្លង់ដីក្រុងនានាជា៧ប្លង់ រួចកត់ទុកក្នុងសៀវភៅមួយ។ បន្ទាប់មក ពួកគេត្រឡប់មកជួបយ៉ូស្វេក្នុងជំរំនៅក្រុងស៊ីឡូរវិញ។ ១០ យ៉ូស្វេចាប់ឆ្នោតឲ្យពួកគេនៅក្រុងស៊ីឡូរនៅចំពោះមុខព្រះយេហូវ៉ា។+ គាត់បានចែកទឹកដីឲ្យជនជាតិអ៊ីស្រាអែលតាមចំណែករបស់ពួកគេ។+
១១ ឆ្នោតទី១បានទៅលើកុលសម្ព័ន្ធបេនយ៉ាមីនតាមវង្សត្រកូលរបស់ពួកគេ។ ទឹកដីដែលពួកគេបានទទួល គឺនៅរវាងទឹកដីរបស់កូនចៅយូដា+និងទឹកដីរបស់កូនចៅយ៉ូសែប។+ ១២ នៅខាងជើង ព្រំប្រទល់របស់ពួកគេគឺចាប់ពីទន្លេយ៉ូដាន់ឡើងទៅខាងជើងជម្រាលភ្នំក្រុងយេរីខូ+ តទៅប៉ែកខាងលិចរហូតដល់ភ្នំ ហើយលាតសន្ធឹងទៅដល់តំបន់ស្ងាត់ជ្រងំជិតក្រុងបេតអាវេន+ ១៣ រួចតទៅខាងត្បូងជម្រាលភ្នំក្រុងលូសគឺក្រុងបេតអែល+ ហើយទៅដល់ក្រុងអាថារ៉ូតអាតដា+លើភ្នំ ដែលនៅខាងត្បូងក្រុងបេតហូរ៉ុនខាងក្រោម។+ ១៤ រីឯនៅខាងលិច ព្រំប្រទល់របស់ពួកគេវាងទៅដល់ខាងត្បូង ចាប់ពីភ្នំដែលនៅទល់មុខក្រុងបេតហូរ៉ុនខាងត្បូង ហើយចប់ត្រឹមក្រុងគារីអាតបាល គឺក្រុងគារីអាតយារីម+ដែលជាក្រុងរបស់កូនចៅយូដា។ នោះជាព្រំប្រទល់ខាងលិច។
១៥ នៅខាងត្បូង ព្រំប្រទល់គឺចាប់ពីចុងបំផុតនៃក្រុងគារីអាតយារីម ទៅប៉ែកខាងលិចរហូតដល់ប្រភពទឹកណេថូអា+ ១៦ រួចតទៅជើងភ្នំទល់មុខជ្រលងហ៊ីណំ*+ដែលនៅខាងជើងជ្រលងភ្នំរេផែម+ ចុះតាមជ្រលងហ៊ីណំដល់ជម្រាលភ្នំរបស់ក្រុងជនជាតិយេប៊ូស+នៅខាងត្បូង ហើយទៅដល់អេនរ៉ូកេល+ ១៧ រួចតទៅខាងជើងដល់អេនសេមែសចេញទៅកេលីឡូតដែលនៅខាងមុខច្រកភ្នំអាឌូមីម+ ចុះទៅដល់ថ្មធំ+របស់បូហាន+ដែលជាកូនចៅរូបេន ១៨ ហើយបន្តទៅខាងជើងជម្រាលភ្នំនៅខាងមុខតំបន់អារ៉ាបា រួចទៅដល់តំបន់អារ៉ាបា។ ១៩ ព្រំប្រទល់របស់ពួកគេតទៅខាងជើងជម្រាលភ្នំក្រុងបេតហុកឡា+ ហើយចប់ត្រឹមខាងជើងឈូងសមុទ្រអំបិល*+ ដែលនៅចុងខាងត្បូងទន្លេយ៉ូដាន់។ នោះជាព្រំប្រទល់ខាងត្បូង។ ២០ ព្រំប្រទល់ខាងកើតគឺទន្លេយ៉ូដាន់។ ព្រំប្រទល់ទាំងអស់នោះជាមត៌ករបស់កូនចៅបេនយ៉ាមីនតាមវង្សត្រកូលរបស់ពួកគេ។
២១ ក្រុងផ្សេងៗរបស់កុលសម្ព័ន្ធបេនយ៉ាមីនតាមវង្សត្រកូលរបស់ពួកគេ មានដូចតទៅ៖ ក្រុងយេរីខូ ក្រុងបេតហុកឡា ក្រុងអេមាក់កេសីស ២២ ក្រុងបេតអារ៉ាបា+ ក្រុងសេម៉ារេម ក្រុងបេតអែល+ ២៣ ក្រុងអាវីម ក្រុងផារ៉ា ក្រុងអូប្រា ២៤ ក្រុងកេផាអាម៉ូនី ក្រុងអូបនី និងក្រុងកេបា។+ សរុបទាំងអស់មាន១២ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង។
២៥ ក្រុងគីបៀន+ ក្រុងរ៉ាម៉ា ក្រុងបៀរ៉ូត ២៦ ក្រុងមីសពេ ក្រុងកេភីរ៉ា ក្រុងម៉ូសារ ២៧ ក្រុងរេខេម ក្រុងអឺភាល ក្រុងថារ៉ាឡា ២៨ ក្រុងស៊ីឡា+ ក្រុងហាអ៊ីលិប ក្រុងយេប៊ូសឬក្រុងយេរូសាឡិម+ ក្រុងគីបៀ+ និងក្រុងគារីអាត។ សរុបទាំងអស់មាន១៤ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង។
នោះជាមត៌ករបស់កូនចៅបេនយ៉ាមីនតាមវង្សត្រកូលរបស់ពួកគេ។
១៩ ឆ្នោតទី២+បានទៅលើកុលសម្ព័ន្ធស៊ីម្មាន+តាមវង្សត្រកូលរបស់ពួកគេ។ ទឹកដីដែលពួកគេបានទទួលជាមត៌ក គឺនៅក្នុងទឹកដីរបស់កុលសម្ព័ន្ធយូដា។+ ២ ទឹកដីរបស់ពួកគេរួមមាន ក្រុងបៀរសេបា+ជាមួយនឹងសេបា ក្រុងម៉ូឡាដា+ ៣ ក្រុងហាសាស៊ូអាល+ ក្រុងបាឡារ ក្រុងអ៊ីសែម+ ៤ ក្រុងអែលថូឡាត+ ក្រុងបេធូល ក្រុងហោម៉ា ៥ ក្រុងស៊ីកឡាក់+ ក្រុងបេតម៉ាកាបូត ក្រុងហាសាស៊ូសា ៦ ក្រុងបេតឡាបេអូត+ និងក្រុងសារូហែន។ សរុបទាំងអស់មាន១៣ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង។ ៧ ពួកគេក៏មានក្រុងអៃយីន ក្រុងរីម៉ូន ក្រុងអេធើ និងក្រុងអេសានដែរ។+ សរុបទាំងអស់មានបួនក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង ៨ រួមបញ្ចូលភូមិទាំងប៉ុន្មានដែលនៅជុំវិញក្រុងទាំងនោះ រហូតទៅដល់ក្រុងបាឡាថបៀ គឺក្រុងរ៉ាម៉ានៅខាងត្បូង។ នោះជាមត៌ករបស់កុលសម្ព័ន្ធស៊ីម្មានតាមវង្សត្រកូលរបស់ពួកគេ។ ៩ ឯទឹកដីរបស់កូនចៅស៊ីម្មានបានត្រូវដកយកពីទឹកដីរបស់កុលសម្ព័ន្ធយូដា ព្រោះទឹកដីរបស់កុលសម្ព័ន្ធយូដាធំពេក ពួកគេនៅមិនអស់ទេ។ ហេតុនេះហើយបានជាកូនចៅស៊ីម្មានបានទទួលមត៌កមួយចំណែកក្នុងទឹកដីរបស់កុលសម្ព័ន្ធយូដា។+
១០ ឆ្នោតទី៣+បានទៅលើកូនចៅសេប៊ូឡូន+តាមវង្សត្រកូលរបស់ពួកគេ។ ព្រំប្រទល់របស់ពួកគេចាប់ពីក្រុងសារីត ១១ រួចឡើងទៅប៉ែកខាងលិចដល់ម៉ារ៉ាឡា ឆ្ពោះទៅក្រុងដាបាសែត ហើយតទៅជ្រលងនៅខាងមុខក្រុងយ៉ុកនាម។ ១២ រួចពីក្រុងសារីតទៅទិសខាងកើតដល់ព្រំប្រទល់ក្រុងគីសាឡូតថេបោ ចេញទៅក្រុងដាប្រាត+ ហើយឡើងទៅយ៉ាភាអា ១៣ តទៅខាងកើតដល់ក្រុងកាថហេផឺ+ ឆ្ពោះទៅអែតកាស៊ីន ហើយទៅក្រុងរីម៉ូន លាតសន្ធឹងដល់ក្រុងនៀ។ ១៤ ឯព្រំប្រទល់ខាងជើងវាងទៅដល់ក្រុងហាណាថូន ចប់ត្រឹមជ្រលងភ្នំយីបថាអែល ១៥ ថែមទាំងមានក្រុងកាថាត ក្រុងណាហាឡា ក្រុងស៊ីមរ៉ុន+ ក្រុងអ៊ីដាឡា និងក្រុងបេថ្លេហិម។+ សរុបទាំងអស់មាន១២ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង។ ១៦ ដូច្នេះ ក្រុងនិងភូមិទាំងអស់នោះជាមត៌ករបស់កូនចៅសេប៊ូឡូនតាមវង្សត្រកូលរបស់ពួកគេ។+
១៧ ឆ្នោតទី៤+បានទៅលើកូនចៅអ៊ីសាខារ+តាមវង្សត្រកូលរបស់ពួកគេ។ ១៨ ព្រំប្រទល់របស់ពួកគេរួមមាន ក្រុងយេសរៀល+ ក្រុងគីសាឡូត ក្រុងស៊ូណែម+ ១៩ ហាផារេម ក្រុងសៃអន ក្រុងអាណាហារ៉ាត ២០ រ៉ាប៊ីត ក្រុងគីសយ៉ូន ក្រុងអេបែស ២១ ក្រុងរេមេត ក្រុងអេនកានីម+ ក្រុងអេនហាដា ក្រុងបេតផាសេ ២២ រហូតដល់ភ្នំថេបោ+ លាតសន្ធឹងដល់សាហាស៊ីម៉ានិងក្រុងបេតសេមែស ហើយចប់ត្រឹមទន្លេយ៉ូដាន់។ សរុបទាំងអស់មាន១៦ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង។ ២៣ ដូច្នេះ ក្រុងនិងភូមិទាំងអស់នោះជាមត៌ករបស់កុលសម្ព័ន្ធអ៊ីសាខារតាមវង្សត្រកូលរបស់ពួកគេ។+
២៤ ឆ្នោតទី៥+បានទៅលើកុលសម្ព័ន្ធអេស៊ើរ+តាមវង្សត្រកូលរបស់ពួកគេ។ ២៥ ព្រំប្រទល់របស់ពួកគេរួមមាន ក្រុងហេលកាត+ ក្រុងហាលី ក្រុងបេថែន ក្រុងអាកសាប ២៦ ក្រុងអាឡាមេលេក ក្រុងអាម៉ាដ និងក្រុងមីសាល។ រួចលាតសន្ធឹងទៅប៉ែកខាងលិចដល់ភ្នំកើមែល+ និងទៅដល់ទន្លេស៊ីហូលីបណាត ២៧ ហើយវាងទៅទិសខាងកើតដល់ក្រុងបេតដាកុន រហូតដល់ព្រំប្រទល់ទឹកដីរបស់កុលសម្ព័ន្ធសេប៊ូឡូន និងទៅដល់ខាងជើងជ្រលងភ្នំយីបថាអែល រួចតទៅក្រុងបេតអេមែកនិងក្រុងណាអែល រហូតដល់ខាងឆ្វេងក្រុងកាបួល ២៨ ហើយទៅដល់ក្រុងអេប្រុន ក្រុងរេហុប ក្រុងហាំម៉ូន ក្រុងខាណា និងលាតសន្ធឹងដល់ស៊ីដូនជាក្រុងដ៏ធំ។+ ២៩ ព្រំប្រទល់របស់ពួកគេបន្តទៅដល់ក្រុងរ៉ាម៉ា ឆ្ពោះទៅទីរ៉ុសជាក្រុងដែលមានកំពែងរឹងមាំ។+ រួចទៅដល់ក្រុងហូសា ហើយចប់ត្រឹមសមុទ្រនៅតំបន់ទឹកដីក្រុងអាក់ស៊ីប ៣០ ក្រុងអ៊ូម៉ា ក្រុងអាផែក+ និងក្រុងរេហុប។+ សរុបទាំងអស់មាន២២ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង។ ៣១ ដូច្នេះ ក្រុងនិងភូមិទាំងអស់នោះជាមត៌ករបស់កុលសម្ព័ន្ធអេស៊ើរតាមវង្សត្រកូលរបស់ពួកគេ។+
៣២ ឆ្នោតទី៦+បានទៅលើកូនចៅណែបថាលីតាមវង្សត្រកូលរបស់ពួកគេ។ ៣៣ ព្រំប្រទល់របស់ពួកគេគឺ ចាប់ពីហេឡែបនិងដើមឈើធំនៅសាអាណានីម+ ហើយចេញទៅអាដាមីនេកេបនិងយ៉ាបនៀល រហូតដល់ឡាគូម រួចចប់ត្រឹមទន្លេយ៉ូដាន់។ ៣៤ បន្ទាប់មក តទៅប៉ែកខាងលិចដល់ក្រុងអាសណូតថេបោ ហើយចាប់ពីទីនោះចេញទៅក្រុងហ៊ូកុក រហូតដល់ព្រំប្រទល់ខាងត្បូងរបស់កុលសម្ព័ន្ធសេប៊ូឡូន និងទៅប៉ែកខាងលិចដល់ព្រំប្រទល់របស់កុលសម្ព័ន្ធអេស៊ើរ។ ឯព្រំប្រទល់ខាងកើតគឺ ព្រំប្រទល់របស់កុលសម្ព័ន្ធយូដាដែលនៅខាងកើតទន្លេយ៉ូដាន់។ ៣៥ បន្ថែមទៀត កូនចៅណែបថាលីក៏មានក្រុងផ្សេងៗដែលមានកំពែងមាំមួនដែរ។ ក្រុងទាំងនោះគឺ ក្រុងស៊ីឌីម ក្រុងសឺ ក្រុងហាម៉ាត+ ក្រុងរ៉ាកាត ក្រុងគីនេរ៉េត ៣៦ ក្រុងអាដាម៉ា ក្រុងរ៉ាម៉ា ក្រុងហាសោ+ ៣៧ ក្រុងកេដេស+ ក្រុងអេទ្រី ក្រុងអេនហេសោ ៣៨ ក្រុងយីរ៉ូន ក្រុងមីកដាលអែល ក្រុងហូរែម ក្រុងបេតអាណាត និងក្រុងបេតសេមែស។+ សរុបទាំងអស់មាន១៩ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង។ ៣៩ ដូច្នេះ ក្រុងនិងភូមិទាំងអស់នោះជាមត៌ករបស់កុលសម្ព័ន្ធណែបថាលីតាមវង្សត្រកូលរបស់ពួកគេ។+
៤០ ឆ្នោតទី៧+បានទៅលើកុលសម្ព័ន្ធដាន់+តាមវង្សត្រកូលរបស់ពួកគេ។ ៤១ ព្រំប្រទល់របស់ពួកគេរួមមាន ក្រុងសូរ៉ា+ ក្រុងអែសថោល ក្រុងអឺសេមេស ៤២ ក្រុងស្អាឡាប៊ីន+ ក្រុងអៃយ៉ាឡូន+ ក្រុងអ៊ីតឡា ៤៣ ក្រុងអ៊ីឡន ក្រុងធីមណា+ ក្រុងអេក្រុន+ ៤៤ ក្រុងអែលទិកា ក្រុងគីបេថន+ ក្រុងបាឡាថ ៤៥ យេហ៊ូត ក្រុងបេនេបេរ៉ាក ក្រុងកាថរីម៉ូន+ ៤៦ មេយ៉ាកុន និងក្រុងរ៉ាកុន ដោយមានព្រំប្រទល់នៅទល់មុខក្រុងយ៉ុបប៉ា។+ ៤៧ ប៉ុន្តែ ទឹកដីរបស់កុលសម្ព័ន្ធដាន់គឺតូចពេកសម្រាប់ពួកគេ។+ ម្ល៉ោះហើយ ពួកគេនាំគ្នាឡើងទៅច្បាំងដណ្ដើមយកក្រុងលេសែម+ ហើយសម្លាប់ពួកអ្នកក្រុងនោះ។ ក្រោយពីចាប់យកក្រុងនោះបាន ពួកគេក៏រស់នៅក្នុងក្រុងនោះ ហើយពួកគេប្ដូរឈ្មោះក្រុងលេសែមទៅជាក្រុងដាន់ តាមឈ្មោះបុព្វបុរសរបស់ពួកគេវិញ។+ ៤៨ ដូច្នេះ ក្រុងនិងភូមិទាំងអស់នោះជាមត៌ករបស់កុលសម្ព័ន្ធដាន់តាមវង្សត្រកូលរបស់ពួកគេ។
៤៩ ក្រោយពីជនជាតិអ៊ីស្រាអែលបានបែងចែកទឹកដីជាមត៌កតាមតំបន់ផ្សេងៗរួចរាល់ហើយ ពួកគេបានប្រគល់ទឹកដីមួយចំណែកឲ្យទៅយ៉ូស្វេជាកូនប្រុសនុន។ ៥០ តាមបង្គាប់របស់ព្រះយេហូវ៉ា ពួកគេបានឲ្យក្រុងធីមណាតសេរ៉ា+នៅតំបន់ភ្នំស្រុកអេប្រាអ៊ីមតាមសំណូមពររបស់យ៉ូស្វេ។ ក្រោយមក យ៉ូស្វេបានសង់ក្រុងនោះឡើងវិញ រួចចូលទៅរស់នៅក្រុងនោះ។
៥១ នោះជាមត៌កទាំងប៉ុន្មានដែលអេលាសារជាសង្ឃ យ៉ូស្វេកូនប្រុសនុន និងពួកប្រមុខលើវង្សត្រកូលនានានៃកុលសម្ព័ន្ធជនជាតិអ៊ីស្រាអែល បានចាប់ឆ្នោតចែក+នៅចំពោះមុខព្រះយេហូវ៉ានៅឯក្រុងស៊ីឡូរ+ ត្រង់ច្រកចូលត្រសាលជំនុំ។+ នៅទីបំផុត ពួកគេបានបែងចែកទឹកដីចប់សព្វគ្រប់។
២០ ក្រោយមក ព្រះយេហូវ៉ាមានប្រសាសន៍ទៅយ៉ូស្វេថា៖ ២ «ចូរទៅប្រាប់ជនជាតិអ៊ីស្រាអែលថា៖ ‹អ្នករាល់គ្នាត្រូវជ្រើសរើសក្រុងខ្លះធ្វើជាក្រុងពំនាក់+ ដូចដែលខ្ញុំបានបង្គាប់អ្នករាល់គ្នាតាមរយៈម៉ូសេ។ ៣ ក្រុងទាំងនោះគឺសម្រាប់អ្នកណាដែលបានសម្លាប់មនុស្សដោយគ្មានចេតនា ឬដោយចៃដន្យ។ អ្នកនោះអាចរត់ទៅជ្រកកោននៅក្រុងទាំងនោះ។ ក្រុងទាំងនោះនឹងទៅជាក្រុងពំនាក់សម្រាប់គាត់ ដើម្បីឲ្យគាត់រួចផុតពីអ្នកដែលមានសិទ្ធិសងសឹក។*+ ៤ គាត់អាចរត់ទៅក្រុងពំនាក់ណាមួយក៏បាន+ ហើយគាត់ត្រូវឈរត្រង់មាត់ទ្វារក្រុងនោះ+ ដើម្បីប្រាប់ពួកបុរសចាស់ទុំក្នុងក្រុងនោះអំពីរឿងរ៉ាវរបស់គាត់។ បន្ទាប់មក ពួកបុរសចាស់ទុំត្រូវទទួលគាត់ចូលក្នុងក្រុង ហើយឲ្យស្នាក់នៅទីនោះ។ ៥ បើអ្នកដែលសងសឹកតាមរកគាត់ ពួកបុរសចាស់ទុំមិនត្រូវប្រគល់គាត់ទៅឲ្យអ្នកនោះទេ ព្រោះគាត់បានសម្លាប់អ្នកឯទៀតដោយគ្មានចេតនា ហើយគាត់ក៏មិនបានស្អប់អ្នកស្លាប់នោះដែរ។+ ៦ គាត់ត្រូវអាស្រ័យនៅក្រុងពំនាក់រហូតដល់គាត់បានត្រូវវិនិច្ឆ័យនៅមុខពួកជំនុំ+ ហើយត្រូវបន្តនៅទីនោះរហូតដល់សម្ដេចសង្ឃនៅគ្រានោះទទួលមរណភាព។+ រួចមក គាត់អាចត្រឡប់ទៅផ្ទះនិងក្រុងរបស់គាត់វិញបាន›»។+
៧ ដូច្នេះ ជនជាតិអ៊ីស្រាអែលក៏កំណត់ក្រុងមួយចំនួនធ្វើជាក្រុងពិសិដ្ឋគឺ ក្រុងកេដេស+ក្នុងស្រុកកាលីឡេនៅតំបន់ភ្នំរបស់កុលសម្ព័ន្ធណែបថាលី និងក្រុងស៊ីគឹម+នៅតំបន់ភ្នំរបស់កុលសម្ព័ន្ធអេប្រាអ៊ីម ព្រមទាំងក្រុងគារីអាតអាបា+ គឺក្រុងហេប្រុន នៅតំបន់ភ្នំរបស់កុលសម្ព័ន្ធយូដា។ ៨ ចំណែកឯតំបន់ទន្លេយ៉ូដាន់ខាងកើតក្រុងយេរីខូវិញ ពួកគេបានយកក្រុងបេសឺ+នៅតំបន់ស្ងាត់ជ្រងំ ដែលស្ថិតនៅតាមខ្ពង់រាបរបស់កុលសម្ព័ន្ធរូបេន និងក្រុងរ៉ាម៉ូត+នៅស្រុកគីលាតរបស់កុលសម្ព័ន្ធកាដ ព្រមទាំងក្រុងកូឡាន+នៅតំបន់បាសានរបស់កុលសម្ព័ន្ធម៉ាណាសេ។+
៩ ក្រុងទាំងនោះបានត្រូវទុកសម្រាប់ជនជាតិអ៊ីស្រាអែលទាំងអស់ និងជនបរទេសដែលរស់នៅក្នុងចំណោមពួកគេ។ ម្ល៉ោះហើយ បើអ្នកណាម្នាក់បានសម្លាប់មនុស្សដោយគ្មានចេតនា អ្នកនោះអាចរត់ទៅជ្រកកោននៅក្រុងទាំងនោះបាន។+ យ៉ាងនេះ អ្នកនោះអាចរួចជីវិតពីអ្នកដែលមានសិទ្ធិសងសឹក* មុនដែលអ្នកនោះបានទទួលការវិនិច្ឆ័យនៅមុខពួកជំនុំ។+
២១ ពួកប្រមុខលើវង្សត្រកូលនានានៃកុលសម្ព័ន្ធលេវីបានទៅជួបអេលាសារ+ជាសង្ឃ យ៉ូស្វេកូនប្រុសនុន និងពួកប្រមុខលើវង្សត្រកូលនៃកុលសម្ព័ន្ធឯទៀតរបស់ជនជាតិអ៊ីស្រាអែល ២ ហើយនិយាយទៅពួកគេនៅក្រុងស៊ីឡូរ+ស្រុកកាណានថា៖ «តាមរយៈម៉ូសេ ព្រះយេហូវ៉ាបានបង្គាប់ថា យើងនឹងទទួលក្រុងផ្សេងៗដើម្បីអាស្រ័យនៅ ព្រមទាំងវាលស្មៅសម្រាប់សត្វរបស់យើងផងដែរ»។+ ៣ ដូច្នេះ តាមបង្គាប់របស់ព្រះយេហូវ៉ា ជនជាតិអ៊ីស្រាអែលបានចែកក្រុងផ្សេងៗ+ និងវាលស្មៅរបស់ក្រុងទាំងនោះដែលពួកគេបានទទួលជាមត៌ក ឲ្យដល់កុលសម្ព័ន្ធលេវី។+
៤ ពេលគេចាប់ឆ្នោត ឆ្នោតដំបូងបានធ្លាក់ទៅលើវង្សត្រកូលនានារបស់កូនចៅកូហាត+ គឺទៅលើកុលសម្ព័ន្ធលេវីដែលជាកូនចៅរបស់អេរ៉ុនជាសង្ឃ។ ពួកគេបានទទួល១៣ក្រុង ជាក្រុងរបស់កុលសម្ព័ន្ធយូដា+ កុលសម្ព័ន្ធស៊ីម្មាន+ និងកុលសម្ព័ន្ធបេនយ៉ាមីន។+
៥ ចំណែកកូនចៅដែលនៅសល់ក្នុងវង្សត្រកូលកូហាត ពួកគេបានទទួល១០ក្រុង ជាក្រុងរបស់វង្សត្រកូលនានានៃកុលសម្ព័ន្ធអេប្រាអ៊ីម+ កុលសម្ព័ន្ធដាន់ និងពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេ។+
៦ រីឯកូនចៅគើសុន+ ពួកគេបានទទួល១៣ក្រុង ជាក្រុងរបស់វង្សត្រកូលនានានៃកុលសម្ព័ន្ធអ៊ីសាខារ កុលសម្ព័ន្ធអេស៊ើរ កុលសម្ព័ន្ធណែបថាលី និងពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេនៅតំបន់បាសាន។+
៧ ចំណែកឯវង្សត្រកូលរបស់កូនចៅមេរេរ៉ាយ+ ពួកគេបានទទួល១២ក្រុង ជាក្រុងរបស់កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធសេប៊ូឡូន។+
៨ ដូច្នេះ ជនជាតិអ៊ីស្រាអែលបានប្រគល់ក្រុងទាំងនោះ និងវាលស្មៅរបស់ក្រុងទាំងនោះដល់កុលសម្ព័ន្ធលេវីដោយការចាប់ឆ្នោត ដូចព្រះយេហូវ៉ាបានបង្គាប់តាមរយៈម៉ូសេ។+
៩ នេះជាឈ្មោះក្រុងផ្សេងៗដែលកុលសម្ព័ន្ធយូដានិងកុលសម្ព័ន្ធស៊ីម្មានបានឲ្យ+ ១០ ដល់កូនចៅអេរ៉ុនក្នុងវង្សត្រកូលរបស់កូហាតដែលជាកូនរបស់លេវី ព្រោះឆ្នោតទី១បានទៅលើពួកគេ។ ១១ ពួកគេបានទទួលក្រុងគារីអាតអាបា+ (អាបាជាឪពុករបស់អេណាក់) ឬហៅថាក្រុងហេប្រុន+ ដែលស្ថិតនៅតំបន់ភ្នំរបស់កុលសម្ព័ន្ធយូដា ព្រមទាំងវាលស្មៅដែលនៅជុំវិញក្រុងនោះផង។ ១២ ប៉ុន្តែ ដីវាលនិងភូមិផ្សេងៗរបស់ក្រុងនោះ បានត្រូវប្រគល់ឲ្យកាលែបជាកូនប្រុសយេផុនណា។+
១៣ កូនចៅអេរ៉ុនដែលជាសង្ឃបានទទួលក្រុងពំនាក់ជាក្រុងសម្រាប់ឲ្យអ្នកដែលសម្លាប់គេ រត់ទៅជ្រកកោន+ ពោលគឺក្រុងហេប្រុន+និងវាលស្មៅក្រុងនោះ។ ពួកគេក៏បានទទួលក្រុងលិបណា+និងវាលស្មៅក្រុងនោះ ១៤ ក្រុងយ៉ាទៀ+និងវាលស្មៅក្រុងនោះ ក្រុងអែសធេម័រ+និងវាលស្មៅក្រុងនោះ ១៥ ក្រុងហូឡូន+និងវាលស្មៅក្រុងនោះ ក្រុងដេបៀរ+និងវាលស្មៅក្រុងនោះ ១៦ ក្រុងអៃយីន+និងវាលស្មៅក្រុងនោះ ក្រុងយូថា+និងវាលស្មៅក្រុងនោះ ព្រមទាំងក្រុងបេតសេមែសនិងវាលស្មៅក្រុងនោះ។ សរុបទាំងអស់មាន៩ក្រុង ជាក្រុងដែលបានមកពីកុលសម្ព័ន្ធយូដានិងកុលសម្ព័ន្ធស៊ីម្មាន។
១៧ កុលសម្ព័ន្ធបេនយ៉ាមីនបានឲ្យក្រុងគីបៀន+និងវាលស្មៅក្រុងនោះ ក្រុងកេបានិងវាលស្មៅក្រុងនោះ+ ១៨ ក្រុងអាណាថោត+និងវាលស្មៅក្រុងនោះ ព្រមទាំងក្រុងអាលម៉ូននិងវាលស្មៅក្រុងនោះ។ សរុបទាំងអស់មានបួនក្រុង។
១៩ ពួកសង្ឃដែលជាកូនចៅអេរ៉ុនបានទទួលក្រុងសរុបចំនួន១៣ក្រុង និងវាលស្មៅក្រុងទាំងនោះ។+
២០ រីឯកូនចៅកូហាតដែលនៅសល់ក្នុងវង្សត្រកូលលេវី ពួកគេបានទទួលក្រុង*មួយចំនួនពីកុលសម្ព័ន្ធអេប្រាអ៊ីម។ ២១ ពួកគេបានទទួលក្រុងពំនាក់ជាក្រុងសម្រាប់ឲ្យអ្នកដែលសម្លាប់គេរត់ទៅជ្រកកោន+ ពោលគឺក្រុងស៊ីគឹម+និងវាលស្មៅក្រុងនោះ ដែលស្ថិតនៅតំបន់ភ្នំរបស់កុលសម្ព័ន្ធអេប្រាអ៊ីម។ ពួកគេក៏បានទទួលក្រុងគីសឺ+និងវាលស្មៅក្រុងនោះ ២២ ក្រុងគីបសែមនិងវាលស្មៅក្រុងនោះ ព្រមទាំងក្រុងបេតហូរ៉ុន+និងវាលស្មៅក្រុងនោះ។ សរុបទាំងអស់មានបួនក្រុង។
២៣ កុលសម្ព័ន្ធដាន់បានឲ្យក្រុងអែលទិកានិងវាលស្មៅក្រុងនោះ ក្រុងគីបេថននិងវាលស្មៅក្រុងនោះ ២៤ ក្រុងអៃយ៉ាឡូន+និងវាលស្មៅក្រុងនោះ ព្រមទាំងក្រុងកាថរីម៉ូននិងវាលស្មៅក្រុងនោះ។ សរុបទាំងអស់មានបួនក្រុង។
២៥ ពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេបានឲ្យក្រុងថេអាណាក+និងវាលស្មៅក្រុងនោះ ព្រមទាំងក្រុងកាថរីម៉ូននិងវាលស្មៅក្រុងនោះ។ សរុបទាំងអស់មានពីរក្រុង។
២៦ ដូច្នេះ កូនចៅដែលនៅសល់ក្នុងវង្សត្រកូលកូហាតបានទទួលក្រុងទាំងអស់ សរុបចំនួន១០ក្រុងនិងវាលស្មៅក្រុងទាំងនោះផង។
២៧ ចំណែកឯកូនចៅគើសុន+ក្នុងវង្សត្រកូលលេវី ពួកគេបានទទួលក្រុងខ្លះពីពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេ។ ក្រុងមួយជាក្រុងពំនាក់សម្រាប់ឲ្យអ្នកដែលសម្លាប់គេរត់ទៅជ្រកកោន ពោលគឺក្រុងកូឡាន+នៅតំបន់បាសាននិងវាលស្មៅក្រុងនោះ។ ក្រុងមួយទៀតគឺក្រុងបេអេសត្រានិងវាលស្មៅក្រុងនោះ។ សរុបទាំងអស់មានពីរក្រុង។
២៨ កុលសម្ព័ន្ធអ៊ីសាខារ+បានឲ្យក្រុងគីសយ៉ូននិងវាលស្មៅក្រុងនោះ ក្រុងដាប្រាត+និងវាលស្មៅក្រុងនោះ ២៩ ក្រុងយ៉ាមុតនិងវាលស្មៅក្រុងនោះ ព្រមទាំងក្រុងអេនកានីមនិងវាលស្មៅក្រុងនោះ។ សរុបទាំងអស់មានបួនក្រុង។
៣០ កុលសម្ព័ន្ធអេស៊ើរ+បានឲ្យក្រុងមីសាលនិងវាលស្មៅក្រុងនោះ ក្រុងអាប់ដូននិងវាលស្មៅក្រុងនោះ ៣១ ក្រុងហេលកាត+និងវាលស្មៅក្រុងនោះ ព្រមទាំងក្រុងរេហុប+និងវាលស្មៅក្រុងនោះ។ សរុបទាំងអស់មានបួនក្រុង។
៣២ កុលសម្ព័ន្ធណែបថាលីបានឲ្យក្រុងពំនាក់+ជាក្រុងសម្រាប់ឲ្យអ្នកដែលសម្លាប់គេរត់ទៅជ្រកកោន ពោលគឺក្រុងកេដេស+នៅស្រុកកាលីឡេនិងវាលស្មៅក្រុងនោះ។ ពួកគេក៏បានឲ្យក្រុងហាម៉ូតដោនិងវាលស្មៅក្រុងនោះ ព្រមទាំងក្រុងខាថាននិងវាលស្មៅក្រុងនោះ។ សរុបទាំងអស់មានបីក្រុង។
៣៣ ដូច្នេះ កូនចៅគើសុនតាមវង្សត្រកូលរបស់ពួកគេបានទទួលក្រុងទាំងអស់ សរុបចំនួន១៣ក្រុងនិងវាលស្មៅក្រុងទាំងនោះផង។
៣៤ ឯកូនចៅក្នុងវង្សត្រកូលមេរេរ៉ាយ+ គឺកូនចៅដែលនៅសល់ក្នុងវង្សត្រកូលលេវី ពួកគេបានទទួលក្រុងមួយចំនួនពីកុលសម្ព័ន្ធសេប៊ូឡូន។+ ក្រុងទាំងនោះរួមមាន ក្រុងយ៉ុកនាម+និងវាលស្មៅក្រុងនោះ ក្រុងខាថានិងវាលស្មៅក្រុងនោះ ៣៥ ក្រុងឌីមណានិងវាលស្មៅក្រុងនោះ ព្រមទាំងក្រុងណាហាឡា+និងវាលស្មៅក្រុងនោះ។ សរុបទាំងអស់មានបួនក្រុង។
៣៦ កុលសម្ព័ន្ធរូបេនបានឲ្យក្រុងបេសឺ+និងវាលស្មៅក្រុងនោះ ក្រុងយេហាសនិងវាលស្មៅក្រុងនោះ+ ៣៧ ក្រុងកេដេម៉ូតនិងវាលស្មៅក្រុងនោះ ព្រមទាំងក្រុងមេផ្អាតនិងវាលស្មៅក្រុងនោះ។ សរុបទាំងអស់មានបួនក្រុង។
៣៨ កុលសម្ព័ន្ធកាដ+បានឲ្យក្រុងពំនាក់ជាក្រុងសម្រាប់ឲ្យអ្នកដែលសម្លាប់គេរត់ទៅជ្រកកោន ពោលគឺក្រុងរ៉ាម៉ូតនៅស្រុកគីលាត+និងវាលស្មៅក្រុងនោះ។ ពួកគេក៏បានឲ្យក្រុងម៉ាហាណែម+និងវាលស្មៅក្រុងនោះ ៣៩ ក្រុងហែសបូន+និងវាលស្មៅក្រុងនោះ ព្រមទាំងក្រុងយ៉ាសឺ+និងវាលស្មៅក្រុងនោះ។ សរុបទាំងអស់មានបួនក្រុង។
៤០ ដូច្នេះ កូនចៅក្នុងវង្សត្រកូលមេរេរ៉ាយ គឺកូនចៅដែលនៅសល់ក្នុងវង្សត្រកូលលេវីបានទទួលក្រុងទាំងអស់ សរុបចំនួន១២ក្រុង។
៤១ ក្រុងទាំងអស់ដែលកុលសម្ព័ន្ធលេវីបានទទួលពីក្នុងទឹកដីរបស់ជនជាតិអ៊ីស្រាអែល មានចំនួន៤៨ក្រុង ព្រមទាំងវាលស្មៅរបស់ក្រុងទាំងនោះផងដែរ។+ ៤២ ក្រុងនីមួយៗសុទ្ធតែមានវាលស្មៅនៅជុំវិញ។ គ្មានក្រុងមួយណាដែលមិនមានវាលស្មៅឡើយ។
៤៣ ព្រះយេហូវ៉ាបានឲ្យទឹកដីទាំងអស់ដល់ជនជាតិអ៊ីស្រាអែល តាមពាក្យដែលលោកបានស្បថថានឹងឲ្យដល់បុព្វបុរសរបស់ពួកគេ។+ ហេតុនេះ ពួកគេបានចូលទៅគ្រប់គ្រង ហើយរស់នៅក្នុងទឹកដីទាំងនោះ។+ ៤៤ មិនត្រឹមតែប៉ុណ្ណោះ ព្រះយេហូវ៉ាបានឲ្យពួកគេមានសេចក្ដីសុខសាន្តគ្រប់ទិសទី ដូចដែលលោកបានសន្យានឹងបុព្វបុរសរបស់ពួកគេ។+ ម្យ៉ាងទៀត គ្មានសត្រូវណាម្នាក់អាចយកឈ្នះពួកគេបានឡើយ+ ព្រោះព្រះយេហូវ៉ាបានប្រគល់សត្រូវទាំងអស់ទៅក្នុងកណ្ដាប់ដៃរបស់ពួកគេ។+ ៤៥ ក្នុងចំណោមសេចក្ដីសន្យាដ៏ប្រសើរទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានធ្វើជាមួយនឹងកូនចៅអ៊ីស្រាអែល លោកបានធ្វើឲ្យសេចក្ដីសន្យាទាំងអស់ក្លាយជាការពិត។ គ្មានសេចក្ដីសន្យាណាមួយដែលមិនកើតឡើងឡើយ។+
២២ ក្រោយមក យ៉ូស្វេបានហៅកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេឲ្យមកជួបគាត់។ ២ គាត់និយាយទៅពួកគេថា៖ «អ្នករាល់គ្នាបានធ្វើតាមអ្វីៗទាំងអស់ដែលម៉ូសេជាអ្នកបម្រើព្រះយេហូវ៉ាបានបង្គាប់ដល់អ្នករាល់គ្នា+ ហើយអ្នករាល់គ្នាក៏បានធ្វើតាមបង្គាប់ទាំងអស់របស់ខ្ញុំដែរ។+ ៣ តាំងពីមុនរហូតដល់សព្វថ្ងៃ អ្នករាល់គ្នាមិនបានចាកចេញពីបងប្អូនរបស់អ្នករាល់គ្នាទេ+ អ្នករាល់គ្នាតែងតែធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាជានិច្ច។+ ៤ នៅបច្ចុប្បន្ន ព្រះយេហូវ៉ាដែលជាព្រះរបស់អ្នករាល់គ្នា លោកបានឲ្យបងប្អូនអ្នករាល់គ្នាបានសេចក្ដីសុខសាន្តដូចដែលលោកសន្យា។+ ដូច្នេះ ឥឡូវនេះអ្នករាល់គ្នាអាចត្រឡប់ទៅទឹកដីនៅត្រើយម្ខាង*ទន្លេយ៉ូដាន់ ដែលម៉ូសេជាអ្នកបម្រើព្រះយេហូវ៉ាបានឲ្យអ្នករាល់គ្នា។+ ៥ សូមអ្នករាល់គ្នាយកចិត្តទុកដាក់ធ្វើតាមបញ្ញត្តិ និងច្បាប់ដែលម៉ូសេជាអ្នកបម្រើព្រះយេហូវ៉ាបានឲ្យអ្នករាល់គ្នា+ គឺដោយស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា+ ដោយប្រើជីវិតតាមផ្លូវរបស់លោក+ ដោយបន្តធ្វើតាមបញ្ញត្តិរបស់លោក+ ដោយនៅជាប់ជាមួយនឹងលោក+ និងដោយបម្រើលោក+អស់ពីដួងចិត្តនិងអស់មួយជីវិត»។*+
៦ រួចមក យ៉ូស្វេបានឲ្យពរពួកគេ ហើយឲ្យពួកគេត្រឡប់ទៅទឹកដីរបស់ពួកគេវិញ។ ៧ រីឯពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេវិញ ម៉ូសេបានចែកទឹកដីនៅតំបន់បាសាន+ឲ្យពួកគេរួចហើយ។ ដូច្នេះ ពាក់កណ្ដាលកុលសម្ព័ន្ធទៀតដែលនៅសល់ យ៉ូស្វេបានឲ្យទឹកដីនៅខាងលិចទន្លេយ៉ូដាន់+ទៅពួកគេនិងបងប្អូនរបស់ពួកគេ។ រួចមក យ៉ូស្វេឲ្យពួកគេត្រឡប់ទៅទឹកដីរបស់ពួកគេ ហើយបានឲ្យពរពួកគេ ៨ ថែមទាំងនិយាយថា៖ «សូមត្រឡប់ទៅទឹកដីរបស់អ្នករាល់គ្នាវិញចុះ ដោយនាំយកទ្រព្យសម្បត្តិយ៉ាងច្រើនក្រៃ មានមាស ប្រាក់ ស្ពាន់ ដែក សម្លៀកបំពាក់ជាច្រើន និងហ្វូងសត្វច្រើនសន្ធឹកទៅជាមួយផង។+ សូមយកជ័យភណ្ឌដែលអ្នករាល់គ្នាបានរឹបអូស+ពីពួកសត្រូវ ចែកជាមួយនឹងបងប្អូនរបស់អ្នករាល់គ្នាចុះ»។
៩ បន្ទាប់មក កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេពាក់កណ្ដាល បានចាកចេញពីជនជាតិអ៊ីស្រាអែលឯទៀត គឺពីក្រុងស៊ីឡូរក្នុងស្រុកកាណាន ត្រឡប់ទៅស្រុកគីលាត+ជាទឹកដីដែលពួកគេបានតាំងលំនៅ ដូចដែលព្រះយេហូវ៉ាបានបង្គាប់តាមរយៈម៉ូសេ។+ ១០ ពេលដែលកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេបានមកដល់តំបន់ទន្លេយ៉ូដាន់ក្នុងស្រុកកាណាន ពួកគេបានសង់ទីបូជាដ៏ធំសម្បើមមួយនៅជិតទន្លេយ៉ូដាន់។ ១១ ក្រោយមក ពេលជនជាតិអ៊ីស្រាអែលឯទៀតបានឮអំពីរឿងនោះ+ ពួកគេនិយាយគ្នាថា៖ «មើល! កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេ បានសង់ទីបូជានៅព្រំប្រទល់ទឹកដីស្រុកកាណាននៃតំបន់ទន្លេយ៉ូដាន់ដែលនៅខាងពួកយើង»។ ១២ ពេលឮដូច្នោះ ជនជាតិអ៊ីស្រាអែលទាំងអស់ក៏មកជួបជុំគ្នានៅក្រុងស៊ីឡូរ+ ដើម្បីចេញទៅច្បាំងនឹងពួកគេ។
១៣ រួចមក ជនជាតិអ៊ីស្រាអែលបានចាត់ភីនេហាស+កូនប្រុសរបស់អេលាសារជាសង្ឃ ឲ្យទៅជួបកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេនៅក្នុងទឹកដីស្រុកគីលាត ១៤ មានមេ១០នាក់ទៅជាមួយនឹងគាត់ដែរ។ ពួកគេទាំងនោះជាប្រមុខលើវង្សត្រកូលនានានៃកុលសម្ព័ន្ធជនជាតិអ៊ីស្រាអែល ហើយពួកគេម្នាក់ៗជាប្រមុខលើជនជាតិអ៊ីស្រាអែលរាប់ពាន់នាក់។+ ១៥ ពេលពួកគេបានមកជួបកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេនៅក្នុងទឹកដីស្រុកគីលាត ពួកគេនិយាយថា៖
១៦ «បណ្ដាជនទាំងអស់របស់ព្រះយេហូវ៉ាចង់សួរថា៖ ‹ហេតុអ្វីបានជាពួកអ្នកប្រព្រឹត្តមិនស្មោះត្រង់+ចំពោះព្រះនៃជនជាតិអ៊ីស្រាអែលដូច្នេះ? ថ្ងៃនេះ ពួកអ្នកបានបែរចេញពីព្រះយេហូវ៉ា ដោយសង់ទីបូជាដើម្បីបះបោរប្រឆាំងព្រះយេហូវ៉ា។+ ១៧ តើអំពើខុសឆ្គងនៅពេអរមិនទាន់គ្រប់គ្រាន់សម្រាប់យើងទេឬ? តើពួកអ្នកភ្លេចទុក្ខវេទនាដែលបានកើតឡើងចំពោះបណ្ដាជនរបស់ព្រះយេហូវ៉ាហើយឬ? រហូតមកដល់ពេលនេះ យើងមិនទាន់បានស្អាតបរិសុទ្ធនៅឡើយទេ។+ ១៨ ឥឡូវពួកអ្នកហ៊ានបែរចេញពីព្រះយេហូវ៉ាទៀត! បើថ្ងៃនេះពួកអ្នកប្រឆាំងព្រះយេហូវ៉ា នោះថ្ងៃស្អែកលោកនឹងខឹងបណ្ដាជនអ៊ីស្រាអែលទាំងអស់។+ ១៩ ប្រសិនបើពួកអ្នកគិតថាទឹកដីរបស់ពួកអ្នកមិនស្អាតបរិសុទ្ធនៅចំពោះព្រះទេ ចូរឆ្លងមកទឹកដីរបស់ព្រះយេហូវ៉ា+ដែលមានត្រសាលនៃព្រះយេហូវ៉ា+ ហើយមករស់នៅជាមួយនឹងពួកយើងចុះ។ ប៉ុន្តែ សូមកុំបះបោរប្រឆាំងព្រះយេហូវ៉ាឡើយ។ យើងរាល់គ្នាមានទីបូជានៃព្រះយេហូវ៉ារួចហើយ ដូច្នេះកុំនាំឲ្យពួកយើងជាប់ឈ្មោះជាអ្នកបះបោរប្រឆាំង ដោយសារពួកអ្នកសង់ទីបូជាមួយទៀត។+ ២០ ពេលដែលអេកាន+កូនប្រុសសេរ៉ាបានប្រព្រឹត្តមិនស្មោះត្រង់ដោយលួចរបស់ដែលត្រូវបំផ្លាញចោល តើព្រះមិនបានខឹងបណ្ដាជនអ៊ីស្រាអែលទាំងអស់ទេឬ?+ មិនមែនតែគាត់ម្នាក់ទេដែលស្លាប់នោះ តែអ្នកឯទៀតក៏ស្លាប់ដោយសារកំហុសរបស់គាត់ដែរ›»។+
២១ ពេលឮដូច្នោះ កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេ បានឆ្លើយទៅពួកប្រមុខនៃជនជាតិអ៊ីស្រាអែល*ថា៖+ ២២ «ព្រះយេហូវ៉ាជាព្រះលើអស់ទាំងព្រះ! ព្រះយេហូវ៉ាជាព្រះលើអស់ទាំងព្រះ!+ លោកដឹងមូលហេតុដែលពួកយើងសង់ទីបូជានោះ ហើយពួកយើងក៏ចង់ឲ្យជនជាតិអ៊ីស្រាអែលដឹងដែរ។ បើពួកយើងបះបោរ ហើយមិនស្មោះត្រង់ចំពោះព្រះយេហូវ៉ា សូមលោកកុំទុកជីវិតឲ្យពួកយើងនៅថ្ងៃនេះឡើយ។ ២៣ បើពួកយើងសង់ទីបូជានោះដើម្បីបះបោរប្រឆាំងព្រះយេហូវ៉ា ហើយដើម្បីជូនគ្រឿងបូជាដុត គ្រឿងបូជាពីស្រូវ និងគ្រឿងបូជានៃមេត្រីភាព នោះព្រះយេហូវ៉ានឹងវិនិច្ឆ័យទោសពួកយើង។+ ២៤ ប៉ុន្តែ មិនមែនដូច្នោះទេ យើងសង់ទីបូជានោះ ព្រោះយើងគិតថា៖ ‹នៅថ្ងៃមុខ បើកូនចៅពួកអ្នកសួរកូនចៅពួកយើងថា៖ «តើអ្នករាល់គ្នាពាក់ព័ន្ធអ្វីនឹងព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល? ២៥ ព្រោះព្រះយេហូវ៉ាបានដាក់ទន្លេយ៉ូដាន់ធ្វើជាព្រំប្រទល់ខណ្ឌរវាងពួកយើង និងអ្នករាល់គ្នាដែលជាកូនចៅរូបេននិងកូនចៅកាដ។ ដូច្នេះ អ្នករាល់គ្នាមិនពាក់ព័ន្ធអ្វីនឹងព្រះយេហូវ៉ាទេ»។ រួចមក កូនចៅរបស់ពួកអ្នកនឹងរារាំងកូនចៅរបស់ពួកយើងមិនឲ្យគោរពប្រណិប័តន៍ព្រះយេហូវ៉ា›។
២៦ «ម្ល៉ោះហើយ យើងនិយាយគ្នាថា៖ ‹ចូរយើងសង់ទីបូជាមួយ មិនមែនដើម្បីជូនគ្រឿងបូជាដុត ឬគ្រឿងបូជាផ្សេងៗទេ។ ២៧ ប៉ុន្តែ ពួកយើងសង់ទីបូជានោះដើម្បីជាភ័ស្តុតាងបញ្ជាក់រវាងពួកអ្នកនិងពួកយើង+ និងកូនចៅជំនាន់ក្រោយថា ពួកយើងក៏មានសិទ្ធិគោរពប្រណិប័តន៍ព្រះយេហូវ៉ា ដោយជូនគ្រឿងបូជាដុត គ្រឿងបូជានៃមេត្រីភាព និងគ្រឿងបូជាផ្សេងៗដល់លោកដែរ។+ ដូច្នេះ នៅថ្ងៃមុខ កូនចៅរបស់ពួកអ្នកមិនអាចនិយាយមកកូនចៅរបស់ពួកយើងថា៖ «អ្នករាល់គ្នាមិនពាក់ព័ន្ធនឹងព្រះយេហូវ៉ាទេ»›។ ២៨ ហេតុនេះហើយបានជាយើងនិយាយគ្នាថា៖ ‹បើថ្ងៃក្រោយ ពួកគេនិយាយមកពួកយើងនិងកូនចៅពួកយើងយ៉ាងដូច្នោះ នោះពួកយើងនឹងនិយាយថា៖ «សូមមើលទីបូជាដែលបុព្វបុរសរបស់យើងបានធ្វើទុក មានរូបរាងដូចទីបូជារបស់ព្រះយេហូវ៉ា តែមិនមែនដើម្បីជូនគ្រឿងបូជាដុត ឬគ្រឿងបូជាផ្សេងៗទេ។ ទីបូជានេះជាភ័ស្តុតាងបញ្ជាក់ថា ពួកយើងជាអ្នកបម្រើព្រះដូចពួកអ្នកដែរ»›។ ២៩ ដូច្នេះ មិនអាចទៅរួចទេដែលពួកយើងបះបោរប្រឆាំងព្រះយេហូវ៉ា ហើយបែរចេញពីព្រះយេហូវ៉ា+ ដោយសង់ទីបូជាមួយទៀតដើម្បីជូនគ្រឿងបូជាដុត គ្រឿងបូជាពីស្រូវ និងគ្រឿងបូជាផ្សេងៗ ក្រៅពីទីបូជានៃព្រះយេហូវ៉ាជាព្រះរបស់យើងដែលនៅមុខត្រសាលរបស់លោក!»។+
៣០ ពេលភីនេហាសជាសង្ឃ និងពួកមេដឹកនាំបណ្ដាជនដែលជាប្រមុខលើជនជាតិអ៊ីស្រាអែលរាប់ពាន់នាក់ បានឮពាក្យសម្ដីរបស់កូនចៅរូបេន កូនចៅកាដ និងកូនចៅម៉ាណាសេ នោះពួកគេក៏ពេញចិត្ត។+ ៣១ ពេលនោះភីនេហាសកូនប្រុសអេលាសារជាសង្ឃ បាននិយាយទៅកូនចៅរូបេន កូនចៅកាដ និងកូនចៅម៉ាណាសេថា៖ «នៅថ្ងៃនេះ យើងដឹងច្បាស់ថា ព្រះយេហូវ៉ានៅជាមួយនឹងយើងទាំងអស់គ្នាពិតមែន ព្រោះពួកអ្នកមិនបានធ្វើអ្វីដែលមិនស្មោះត្រង់ចំពោះព្រះយេហូវ៉ាទេ។ ដូច្នេះ ព្រះយេហូវ៉ានឹងមិនដាក់ទោសយើងទាំងអស់គ្នាឡើយ»។
៣២ រួចមក ភីនេហាសកូនប្រុសអេលាសារដែលជាសង្ឃនិងពួកមេដឹកនាំ ក៏ចាកចេញពីកុលសម្ព័ន្ធរូបេននិងកុលសម្ព័ន្ធកាដក្នុងទឹកដីស្រុកគីលាត ត្រឡប់ទៅស្រុកកាណានវិញ។ ពួកគេក៏បានមករាយការណ៍ប្រាប់ជនជាតិអ៊ីស្រាអែលឯទៀត។ ៣៣ បណ្ដាជនអ៊ីស្រាអែលទាំងឡាយពេញចិត្តដំណឹងនោះ។ ពួកគេនាំគ្នាសរសើរព្រះ ហើយឈប់និយាយអំពីរឿងទៅច្បាំងបំផ្លាញទឹកដីរបស់កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដទៀត។
៣៤ ក្រោយមក កុលសម្ព័ន្ធរូបេននិងកុលសម្ព័ន្ធកាដបានដាក់ឈ្មោះទីបូជា*នេះ។ ពួកគេនិយាយថា៖ «ទីបូជានេះជាសាក្សីរបស់ពួកយើងថា ព្រះយេហូវ៉ាជាព្រះពិត»។
២៣ អស់ជាច្រើនឆ្នាំ ព្រះយេហូវ៉ាឲ្យជនជាតិអ៊ីស្រាអែលមានសេចក្ដីសុខក្សេមក្សាន្ត+ ដោយគ្មានការវាយប្រហារពីសត្រូវជិតខាងទាំងអស់។ រីឯយ៉ូស្វេ គាត់មានអាយុច្រើនហើយ។+ ២ យ៉ូស្វេបានហៅបណ្ដាជនអ៊ីស្រាអែលទាំងអស់+ឲ្យមកជួបគាត់ ពោលគឺពួកបុរសចាស់ទុំ ពួកមេដឹកនាំ ពួកអ្នកសម្រេចក្ដី និងពួកមន្ត្រី។+ គាត់និយាយទៅពួកគេថា៖ «ខ្ញុំកាន់តែចាស់ ហើយអាយុក៏ច្រើនណាស់ដែរ។ ៣ អ្នករាល់គ្នាបានឃើញការគ្រប់យ៉ាងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា បានធ្វើទៅលើប្រជាជាតិទាំងអស់នោះដើម្បីអ្នករាល់គ្នា គឺព្រះយេហូវ៉ាជាអ្នកដែលបានច្បាំងដើម្បីអ្នករាល់គ្នា។+ ៤ មើល! ខ្ញុំបានចាប់ឆ្នោតចែកទឹកដីឲ្យអ្នករាល់គ្នា+តាមកុលសម្ព័ន្ធនីមួយៗ គឺទឹកដីរបស់ប្រជាជាតិដែលខ្ញុំបានច្បាំងដណ្ដើមយក+ និងទឹកដីរបស់ប្រជាជាតិដែលខ្ញុំមិនទាន់បានច្បាំងដណ្ដើមយក+ ចាប់ពីទន្លេយ៉ូដាន់រហូតដល់ខាងលិចសមុទ្រធំ។* ៥ ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា លោកជាអ្នកដែលបានកម្ចាត់កម្ចាយប្រជាជាតិនានាចេញពីមុខអ្នករាល់គ្នា+ ហើយលោកបណ្ដេញពួកគេដើម្បីអ្នករាល់គ្នា។ រួចមក អ្នករាល់គ្នាបានចូលទៅយកទឹកដីរបស់ពួកគេ ដូចដែលព្រះយេហូវ៉ាបានសន្យា។+
៦ «ឥឡូវ ចូរមានចិត្តក្លាហាន ហើយប្ដេជ្ញាចិត្តធ្វើតាមអ្វីទាំងអស់ដែលបានកត់ទុកក្នុងសៀវភៅច្បាប់+ម៉ូសេ។ កុំបំពានលើច្បាប់នោះឲ្យសោះ+ ៧ និងកុំសេពគប់ប្រជាជាតិនានា+ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា។ កុំបម្រើឬលំឱនកាយគោរពព្រះរបស់ពួកគេឡើយ+ សូម្បីតែឈ្មោះរបស់ព្រះទាំងនោះ ក៏អ្នករាល់គ្នាមិនត្រូវនិយាយ+ ឬស្បថដោយនូវឈ្មោះរបស់ព្រះទាំងនោះដែរ។ ៨ ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវនៅជាប់នឹងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា+ ដូចអ្នករាល់គ្នាបាននៅជាប់នឹងលោករហូតមកដល់សព្វថ្ងៃ។ ៩ ព្រះយេហូវ៉ានឹងបណ្ដេញប្រជាជាតិផ្សេងៗដែលមានអំណាចខ្លាំងក្លា ចេញពីមុខអ្នករាល់គ្នា។+ រហូតមកដល់ពេលនេះ គ្មានអ្នកណាអាចច្បាំងឈ្នះអ្នករាល់គ្នាទេ។+ ១០ សូម្បីតែម្នាក់ពីចំណោមអ្នករាល់គ្នា ក៏អាចដេញមនុស្ស១.០០០នាក់បានដែរ+ ព្រោះព្រះយេហូវ៉ានឹងច្បាំងដើម្បីអ្នករាល់គ្នា+ ដូចលោកបានសន្យា។+ ១១ អ្នករាល់គ្នាត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា+ ព្រោះការធ្វើដូច្នេះនឹងការពារជីវិតរបស់អ្នករាល់គ្នាជានិច្ច។+
១២ «ប៉ុន្តែ បើអ្នករាល់គ្នាបែរចេញពីលោក ហើយលាយឡំខ្លួន*ជាមួយនឹងប្រជាជាតិនានាដែលនៅសល់+ក្នុងចំណោមអ្នករាល់គ្នា ទៅរៀបការ+ជាមួយនឹងពួកគេ ហើយទៅសេពគប់ពួកគេ ១៣ អ្នករាល់គ្នាត្រូវចាំទុកថា ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នានឹងមិនបណ្ដេញប្រជាជាតិទាំងនោះ ចេញពីមុខអ្នករាល់គ្នាទៀតឡើយ។+ ពួកគេនឹងដូចជាអន្ទាក់ឬអង្គប់សម្រាប់អ្នករាល់គ្នា ហើយពួកគេនឹងដូចជារំពាត់វាយខ្នង+ និងដូចជាបន្លាក្នុងភ្នែកអ្នករាល់គ្នា រហូតដល់អ្នករាល់គ្នាវិនាសបាត់ពីទឹកដីដ៏ល្អនេះដែលព្រះយេហូវ៉ាបានឲ្យអ្នករាល់គ្នា។
១៤ «មើល! ខ្ញុំជិតស្លាប់ហើយ។ ឯអ្នករាល់គ្នាក៏ដឹងច្បាស់ក្នុងចិត្តថា សេចក្ដីសន្យាដ៏ប្រសើរទាំងអស់ដែលព្រះយេហូវ៉ាបានមានប្រសាសន៍ទៅអ្នករាល់គ្នា គ្មានប្រសាសន៍ណាមួយដែលមិនកើតឡើងឡើយ។ សេចក្ដីសន្យាទាំងអស់បានសម្រេច គ្មានពាក្យណាមួយដែលមិនក្លាយជាការពិតទេ។+ ១៥ បើព្រះយេហូវ៉ាធ្វើឲ្យសេចក្ដីសន្យាដ៏ប្រសើរទាំងអស់ ដែលលោកបានមានប្រសាសន៍កើតឡើងដល់អ្នករាល់គ្នាបាន+ ព្រះយេហូវ៉ាក៏នឹងធ្វើឲ្យកើតមានទុក្ខវេទនាមកលើអ្នករាល់គ្នាដូចលោកបានសន្យាដែរ ហើយបំផ្លាញអ្នករាល់គ្នាចេញពីទឹកដីដ៏ល្អដែលព្រះយេហូវ៉ាបានឲ្យដល់អ្នករាល់គ្នា។+ ១៦ បើអ្នករាល់គ្នាបំពានលើកិច្ចព្រមព្រៀងដែលព្រះយេហូវ៉ាបានបង្គាប់អ្នករាល់គ្នាឲ្យធ្វើតាម ហើយទៅបម្រើនិងលំឱនកាយគោរពព្រះដទៃ នោះព្រះយេហូវ៉ានឹងខឹងអ្នករាល់គ្នាយ៉ាងខ្លាំង+ ហើយអ្នករាល់គ្នានឹងវិនាសសូន្យទៅយ៉ាងឆាប់ពីទឹកដីដ៏ល្អដែលលោកបានឲ្យដល់អ្នករាល់គ្នា»។+
២៤ ក្រោយមក យ៉ូស្វេបានហៅកុលសម្ព័ន្ធទាំងអស់នៃជនជាតិអ៊ីស្រាអែល ឲ្យមកជួបជុំគ្នានៅក្រុងស៊ីគឹម ថែមទាំងហៅពួកបុរសចាស់ទុំនៃជនជាតិអ៊ីស្រាអែល ពួកមេដឹកនាំ ពួកអ្នកសម្រេចក្ដី និងពួកមន្ត្រី+ ឲ្យមកជួបជុំគ្នានៅចំពោះមុខព្រះពិត។ ២ យ៉ូស្វេនិយាយទៅកាន់ពួកគេទាំងអស់គ្នាថា៖ «ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖ ‹នៅសម័យមុន+ បុព្វបុរសរបស់អ្នករាល់គ្នា+គឺ ថេរ៉ាដែលជាឪពុករបស់អាប្រាហាំនិងជាឪពុករបស់ណេឃ័រ បានអាស្រ័យនៅត្រើយម្ខាងទន្លេ* ហើយធ្លាប់បម្រើព្រះដទៃ។+
៣ «‹ក្រោយមក ខ្ញុំបាននាំអាប្រាហាំជាបុព្វបុរសរបស់អ្នករាល់គ្នា+ចេញពីត្រើយម្ខាងទន្លេ* ហើយឲ្យគាត់ដើរពេញទឹកដីស្រុកកាណាន រួចខ្ញុំឲ្យគាត់មានអ៊ីសាក+ និងកូនចៅ*យ៉ាងច្រើន។+ ៤ ខ្ញុំឲ្យអ៊ីសាកមានយ៉ាកុបនិងអេសាវ។+ បន្ទាប់មក ខ្ញុំឲ្យភ្នំសៀទៅអេសាវទុកជាមត៌ក។+ ចំណែកឯយ៉ាកុបនិងកូនចៅរបស់គាត់ ពួកគេបានទៅនៅស្រុកអេហ្ស៊ីប។+ ៥ កន្លងក្រោយមក ខ្ញុំចាត់ម៉ូសេនិងអេរ៉ុន+ឲ្យទៅស្រុកអេហ្ស៊ីប ហើយខ្ញុំបានដាក់ទោសស្រុកនោះឲ្យកើតមានទុក្ខវេទនា+ រួចខ្ញុំនាំអ្នករាល់គ្នាចេញពីស្រុកនោះ។ ៦ ពេលដែលខ្ញុំនាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីប+មកដល់សមុទ្រ ពេលនោះពួកអេហ្ស៊ីបបានដេញតាមពីក្រោយពួកគេរហូតដល់សមុទ្រក្រហម ទាំងមានរទេះចម្បាំងនិងទាហានសេះផង។+ ៧ បុព្វបុរសរបស់អ្នករាល់គ្នាស្រែកសុំព្រះយេហូវ៉ាឲ្យជួយ។+ ដូច្នេះ ខ្ញុំបានដាក់ភាពងងឹតរវាងអ្នករាល់គ្នានិងពួកអេហ្ស៊ីប ហើយធ្វើឲ្យទឹកសមុទ្របាក់ធ្លាក់សម្លាប់ពួកអេហ្ស៊ីប។+ អ្នករាល់គ្នាបានឃើញដោយផ្ទាល់ភ្នែកនូវអ្វីៗដែលខ្ញុំបានធ្វើនៅស្រុកអេហ្ស៊ីប។+ លុះក្រោយមក អ្នករាល់គ្នាស្នាក់នៅតំបន់ស្ងាត់ជ្រងំអស់ជាច្រើនឆ្នាំ។+
៨ «‹រួចមក ខ្ញុំបាននាំអ្នករាល់គ្នាចូលក្នុងទឹកដីរបស់ជនជាតិអាម៉ូរីដែលនៅត្រើយម្ខាង*ទន្លេយ៉ូដាន់ ហើយពួកគេលើកគ្នាមកច្បាំងនឹងអ្នករាល់គ្នា។+ ប៉ុន្តែ ខ្ញុំបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចយកទឹកដីរបស់ពួកគេ ហើយខ្ញុំបានបំផ្លាញពួកគេឲ្យបាត់អស់ពីមុខអ្នករាល់គ្នា។+ ៩ ក្រោយមកទៀត បាឡាក់ស្ដេចស្រុកម៉ូអាប់ជាកូនប្រុសស៊ីបព័រ គាត់បានតាំងចិត្តទាស់ប្រឆាំងនឹងជនជាតិអ៊ីស្រាអែល។ ដូច្នេះ ស្ដេចបាឡាក់បានហៅបាឡាមជាកូនប្រុសបេអ័រ ឲ្យមកដាក់បណ្ដាសាអ្នករាល់គ្នា។+ ១០ ប៉ុន្តែ ខ្ញុំមិនព្រមស្ដាប់បាឡាមទេ។+ ផ្ទុយទៅវិញ ខ្ញុំបានធ្វើឲ្យគាត់ជូនពរអ្នករាល់គ្នាម្ដងហើយម្ដងទៀត។+ យ៉ាងនេះ ខ្ញុំបានសង្គ្រោះអ្នករាល់គ្នាពីកណ្ដាប់ដៃរបស់គាត់។+
១១ «‹បន្ទាប់មក អ្នករាល់គ្នាឆ្លងទន្លេយ៉ូដាន់+មកក្រុងយេរីខូ។+ ពេលមកដល់ ពួកមេដឹកនាំ*របស់ក្រុងយេរីខូ ព្រមទាំងជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិកាណាន ជនជាតិហេត ជនជាតិកឺកាស៊ី ជនជាតិហេវី និងជនជាតិយេប៊ូស បានចេញមកច្បាំងអ្នករាល់គ្នា តែខ្ញុំបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា។+ ១២ មុនអ្នករាល់គ្នាមកដល់ ខ្ញុំធ្វើឲ្យពួកគេបាក់ទឹកចិត្ត។* ការបាក់ទឹកចិត្តនោះនាំឲ្យពួកគេរត់ចេញពីមុខអ្នករាល់គ្នា+ ដូចស្ដេចទាំងពីររបស់ជនជាតិអាម៉ូរីបានរត់ចេញដែរ។ នេះមិនមែនដោយសារដាវឬធ្នូរបស់អ្នករាល់គ្នាឡើយ។+ ១៣ តាមរបៀបនេះ ខ្ញុំបានឲ្យអ្នករាល់គ្នានូវទឹកដីដែលអ្នករាល់គ្នាមិនបានធ្វើការនឿយហត់ ហើយឲ្យអ្នករាល់គ្នាចូលទៅរស់នៅក្នុងក្រុងដែលអ្នករាល់គ្នាមិនបានសង់។+ អ្នករាល់គ្នាបរិភោគផ្លែទំពាំងបាយជូរនិងផ្លែអូលីវពីចម្ការដែលអ្នករាល់គ្នាមិនបានទាំងដាំផង›។+
១៤ «ហេតុនេះ ចូរគោរពកោតខ្លាចព្រះយេហូវ៉ា ហើយបម្រើលោកដោយចិត្តស្មោះឥតងាករេ*និងដោយចិត្តស្មោះត្រង់។*+ ចូរបំបាត់ចោលព្រះទាំងឡាយដែលបុព្វបុរសរបស់អ្នករាល់គ្នា ធ្លាប់គោរពបូជានៅត្រើយម្ខាងទន្លេ*និងនៅស្រុកអេហ្ស៊ីប+ ហើយចូរបម្រើព្រះយេហូវ៉ា។ ១៥ ឥឡូវបើអ្នករាល់គ្នាមិនចង់បម្រើព្រះយេហូវ៉ាទេ សូមជ្រើសរើសនៅថ្ងៃនេះថាអ្នករាល់គ្នាចង់បម្រើព្រះមួយណា+ តើចង់បម្រើព្រះដែលបុព្វបុរសរបស់អ្នករាល់គ្នាធ្លាប់គោរពបូជានៅត្រើយម្ខាងទន្លេ*+ ឬចង់បម្រើព្រះរបស់ជនជាតិអាម៉ូរីក្នុងទឹកដីដែលអ្នករាល់គ្នាកំពុងរស់នៅ?+ ប៉ុន្តែ ចំណែកខ្ញុំនិងពួកអ្នកផ្ទះរបស់ខ្ញុំ ពួកយើងនឹងបម្រើព្រះយេហូវ៉ា»។
១៦ ពួកបណ្ដាជនទាំងអស់ឆ្លើយថា៖ «ពួកយើងគ្មានថ្ងៃបោះបង់ចោលព្រះយេហូវ៉ា ហើយទៅបម្រើព្រះដទៃទេ។ ១៧ ព្រះយេហូវ៉ាជាព្រះរបស់ពួកយើង លោកជាអ្នកដែលនាំពួកយើងនិងបុព្វបុរសរបស់ពួកយើងចេញពីស្រុកអេហ្ស៊ីប+ ឲ្យរួចផុតពីជីវិតជាខ្ញុំបម្រើ+ ហើយលោកជាអ្នកដែលធ្វើការអស្ចារ្យផ្សេងៗនៅចំពោះមុខពួកយើង។+ លោកតែងតែការពារពួកយើងនៅតាមផ្លូវដែលពួកយើងធ្វើដំណើរ ថែមទាំងការពារពួកយើងនៅពេលដើរឆ្លងកាត់ទឹកដីរបស់ជនជាតិនានា។+ ១៨ ព្រះយេហូវ៉ាបានបណ្ដេញជនជាតិទាំងប៉ុន្មាន រួមទាំងជនជាតិអាម៉ូរី គឺជនជាតិទាំងអស់ដែលរស់នៅក្នុងទឹកដីនេះមុនពួកយើងចូលមករស់នៅ។ ម្ល៉ោះហើយ ពួកយើងក៏នឹងបម្រើព្រះយេហូវ៉ាដែរ ព្រោះលោកជាព្រះរបស់ពួកយើង»។
១៩ រួចយ៉ូស្វេក៏និយាយទៅពួកគេថា៖ «អ្នករាល់គ្នាមិនអាចបម្រើព្រះយេហូវ៉ាបានទេ ព្រោះលោកជាព្រះបរិសុទ្ធ+ ហើយលោកជាព្រះដែលតម្រូវឲ្យមានភក្ដីភាពផ្ដាច់មុខចំពោះលោក។+ បើអ្នករាល់គ្នាធ្វើខុស ហើយបះបោរប្រឆាំងលោក នោះលោកនឹងមិនអភ័យទោសឲ្យអ្នករាល់គ្នាឡើយ។+ ២០ ពិតមែនតែព្រះយេហូវ៉ាបានធ្វើល្អចំពោះអ្នករាល់គ្នា តែបើអ្នករាល់គ្នាបោះបង់ចោលលោក ហើយទៅបម្រើព្រះរបស់ជនជាតិដទៃ នោះលោកក៏នឹងបែរមកប្រឆាំងអ្នករាល់គ្នាដែរ ព្រមទាំងបំផ្លាញអ្នករាល់គ្នាចោលទៀតផង»។+
២១ ពួកគេឆ្លើយទៅយ៉ូស្វេវិញថា៖ «ទេ ពួកយើងនឹងបម្រើព្រះយេហូវ៉ា!»។+ ២២ ដូច្នេះ យ៉ូស្វេប្រាប់ពួកគេថា៖ «សម្ដីរបស់អ្នករាល់គ្នាជាសាក្សីបញ្ជាក់ថា អ្នករាល់គ្នាបានជ្រើសរើសដោយខ្លួនឯងថាបម្រើព្រះយេហូវ៉ា»។+ ពួកគេឆ្លើយថា៖ «មែនហើយ ពួកយើងបានជ្រើសរើសដោយខ្លួនឯង»។
២៣ យ៉ូស្វេនិយាយថា៖ «បើដូច្នេះ ចូរបំបាត់ចោលព្រះរបស់ជនជាតិដទៃពីចំណោមអ្នករាល់គ្នា ហើយចូរបម្រើព្រះយេហូវ៉ាជាព្រះរបស់ជនជាតិអ៊ីស្រាអែលឲ្យអស់ពីចិត្ត»។ ២៤ ពួកគេឆ្លើយទៅយ៉ូស្វេថា៖ «ពួកយើងនឹងបម្រើព្រះយេហូវ៉ាជាព្រះរបស់ពួកយើង ហើយពួកយើងនឹងធ្វើតាមប្រសាសន៍របស់លោក!»។
២៥ ដូច្នេះ យ៉ូស្វេបានចុះកិច្ចព្រមព្រៀងជាមួយនឹងពួកគេនៅថ្ងៃនោះឯង ហើយគាត់បានចេញបញ្ញត្តិនិងច្បាប់ឲ្យពួកគេនៅក្រុងស៊ីគឹម។ ២៦ រួចមក យ៉ូស្វេបានសរសេរពាក្យទាំងនោះក្នុងសៀវភៅច្បាប់របស់ព្រះ+ ហើយយកថ្មធំមួយ+ទៅបញ្ឈរក្រោមដើមឈើធំនៅក្បែរទីបរិសុទ្ធរបស់ព្រះយេហូវ៉ា។
២៧ យ៉ូស្វេនិយាយថែមទៀតថា៖ «មើល! ថ្មនេះនឹងត្រូវទុកជាភ័ស្តុតាងសម្រាប់ពួកយើង+ ដោយសារថ្មនេះបានឮពាក្យទាំងប៉ុន្មានដែលព្រះយេហូវ៉ាមានប្រសាសន៍មកពួកយើង។ បើអ្នករាល់គ្នាមិនទទួលស្គាល់ព្រះទេ ថ្មនេះជាភ័ស្តុតាងថ្កោលទោសអ្នករាល់គ្នា»។ ២៨ ពេលនិយាយចប់ហើយ យ៉ូស្វេក៏ឲ្យពួកគេត្រឡប់ទៅទឹកដីរបស់ពួកគេរៀងៗខ្លួនវិញ។+
២៩ ក្រោយពីព្រឹត្តការណ៍ទាំងនោះ យ៉ូស្វេជាកូនប្រុសនុននិងជាអ្នកបម្រើរបស់ព្រះយេហូវ៉ា គាត់បានទទួលមរណភាពក្នុងអាយុ១១០ឆ្នាំ។+ ៣០ ពួកគេបានបញ្ចុះសពគាត់នៅទឹកដីជាមត៌ករបស់គាត់ គឺក្នុងក្រុងធីមណាតសេរ៉ា+នៃតំបន់ភ្នំស្រុកអេប្រាអ៊ីមដែលនៅខាងជើងភ្នំកាអាស។ ៣១ ជនជាតិអ៊ីស្រាអែលបានបន្តបម្រើព្រះយេហូវ៉ា អស់មួយជីវិតរបស់យ៉ូស្វេ និងអស់មួយជីវិតរបស់ពួកបុរសចាស់ទុំដែលមានអាយុវែងជាងយ៉ូស្វេ គឺពួកបុរសចាស់ទុំដែលបានឃើញគ្រប់ការទាំងអស់ដែលព្រះយេហូវ៉ាបានធ្វើដើម្បីជនជាតិអ៊ីស្រាអែល។+
៣២ ចំណែកឯឆ្អឹងយ៉ូសែប+ដែលជនជាតិអ៊ីស្រាអែលបានយកពីស្រុកអេហ្ស៊ីបមក ពួកគេបានបញ្ចុះនៅក្រុងស៊ីគឹមក្នុងដីវាល ដែលយ៉ាកុបបានទិញពីពួកកូនប្រុសរបស់ហេម័រ+ដែលជាឪពុកស៊ីគឹម ក្នុងតម្លៃ១០០កាក់ប្រាក់។+ ដូច្នេះ ដីវាលនោះបានទៅជាមត៌ករបស់កូនចៅយ៉ូសែប។+
៣៣ អេលាសារកូនប្រុសអេរ៉ុនក៏បានទទួលមរណភាពដែរ។+ ពួកគេបានបញ្ចុះសពអេលាសារលើទួលរបស់ភីនេហាសជាកូនប្រុសគាត់។+ នោះជាទួលដែលភីនេហាសបានទទួលនៅតំបន់ភ្នំស្រុកអេប្រាអ៊ីម។
ឬ«យេហូស្វេ»មានន័យថា«ព្រះយេហូវ៉ាជាសេចក្ដីសង្គ្រោះ»
នេះសំដៅលើសមុទ្រមេឌីទែរ៉ានេ
ឬ«អ្នកត្រូវអានច្បាប់ទាំងនោះដោយសំឡេងតិចៗ»
ន័យត្រង់«ដើម្បីឲ្យអ្នករាល់គ្នាសម្រាក»
នេះសំដៅលើខាងកើត
ដើមម្យ៉ាងដែលគេដាំតាំងពីសម័យបុរាណ។ គេយកសរសៃវាទៅធ្វើជាក្រណាត់
នេះសំដៅលើខាងកើត
ន័យត្រង់«នឹងបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះ»
មើលនិយមន័យពាក្យ«ជីវិត»
ប្រហែលជា៨៩០ម៉ែត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ឬ«សម្អាតខ្លួនឲ្យស្អាតបរិសុទ្ធ»
នេះសំដៅលើសមុទ្រស្លាប់
ឬ«ហឹបនៃកិច្ចព្រមព្រៀង»
មានន័យថា«ទួលនៃចុងស្បែក»
ឬ«ពួកបុរសដែលគ្រប់អាយុចូលបម្រើកងទ័ព»
ន័យត្រង់«ឲ្យយើង»
មានន័យថា«ប្រមៀលចេញឆ្ងាយ»
ឬប្រហែលជាមានន័យថា«យ៉ូស្វេបានឲ្យបណ្ដាជនធ្វើពាក្យសម្បថ»
មានន័យថា«កន្លែងយកថ្ម»
ន័យត្រង់«ចិត្តបណ្ដាជនរលាយ ហើយទៅជាដូចទឹក»
នេះសំដៅលើខាងកើត
ន័យត្រង់«ហើយកាត់ឈ្មោះយើងចេញពីផែនដី»
មួយហ្សេគិលស្មើនឹង១១,៤ក្រាម។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មានន័យថា«អន្តរាយ»
ន័យត្រង់«ដោយមិនប្រើឧបករណ៍ដែកឡើយ»
នេះសំដៅលើសមុទ្រមេឌីទែរ៉ានេ
នៅគ្រានោះជនជាតិហេវីរស់នៅក្រុងគីបៀន
ឬ«ខ្ញុំបម្រើ»
នេះសំដៅលើខាងកើត
ន័យត្រង់«ផ្ទះ»
សព្វថ្ងៃនេះហៅថាហ៊្សេរុយសាឡិម
ឬ«វាលទំនាប»
មើលនិយមន័យពាក្យ«ជីវិត»
ន័យត្រង់«គាត់សម្លាប់អ្វីទាំងអស់ដែលមានដង្ហើម»
ឬ«អារ៉ាបា»
នេះសំដៅលើបឹងកេណិសារ៉ែតឬសមុទ្រកាលីឡេ
នេះសំដៅលើសមុទ្រស្លាប់
ឬ«ចាប់ពីស៊ីហូ»
ន័យត្រង់«នៅខាងមុខនៃ»
ឬ«ដល់ច្រកចូលក្រុងហាម៉ាត»
នេះសំដៅលើបឹងកេណិសារ៉ែតឬសមុទ្រកាលីឡេ
នេះសំដៅលើខាងកើត
ន័យត្រង់«ទឹកដីដែលបានត្រូវចាប់ឆ្នោត»
នេះសំដៅលើសមុទ្រស្លាប់
នេះសំដៅលើសមុទ្រមេឌីទែរ៉ានេ
នេះសំដៅលើសមុទ្រស្លាប់
ឬ«វាលទំនាប»
ន័យត្រង់«ជ្រលងរបស់កូនចៅហ៊ីណំ»
នេះសំដៅលើសមុទ្រមេឌីទែរ៉ានេ
ឬប្រហែលជាមានន័យថា«នាងទះដៃកាលដែលអង្គុយលើខ្នងលា»
មានន័យថា«អាងទឹក»
ឬ«ណេកេប»
ឬប្រហែលជាមានន័យថា«ក្រុងកេដេរ៉ា រួមទាំងក្រោលចៀមរបស់ក្រុងនោះ»
នេះសំដៅលើសមុទ្រមេឌីទែរ៉ានេ
ន័យត្រង់«ទឹកដីដែលបានត្រូវចាប់ឆ្នោត»
ន័យត្រង់«ទឹកដីដែលបានត្រូវចាប់ឆ្នោត»
នេះសំដៅលើខាងកើត
នេះសំដៅលើសមុទ្រមេឌីទែរ៉ានេ
នេះសំដៅលើកុលសម្ព័ន្ធម៉ាណាសេ ឬទឹកដីរបស់កុលសម្ព័ន្ធម៉ាណាសេ
ន័យត្រង់«ទឹកដីដែលបានត្រូវចាប់ឆ្នោត»
ឬ«វាលទំនាប»
ឬ«វាលទំនាប»
ន័យត្រង់«ជ្រលងរបស់កូនចៅហ៊ីណំ»
នេះសំដៅលើសមុទ្រស្លាប់
ន័យត្រង់«អ្នកដែលសងសឹកឲ្យឈាម»
ន័យត្រង់«អ្នកដែលសងសឹកឲ្យឈាម»
ន័យត្រង់«ក្រុងដែលបានត្រូវចាប់ឆ្នោត»
នេះសំដៅលើខាងកើត
មើលនិយមន័យពាក្យ«ជីវិត»
ន័យត្រង់«ពួកប្រមុខនៃជនជាតិអ៊ីស្រាអែលរាប់ពាន់នាក់»
តាមការពន្យល់ ទីបូជានោះទំនងជាបានត្រូវដាក់ឈ្មោះថាសាក្សី
នេះសំដៅលើសមុទ្រមេឌីទែរ៉ានេ
ន័យត្រង់«ហើយភ្ជាប់ខ្លួន»
នេះសំដៅលើទន្លេអឺប្រាត
នេះសំដៅលើទន្លេអឺប្រាត
ន័យត្រង់«ពូជ»
នេះសំដៅលើខាងកើត
ឬប្រហែលជាមានន័យថា«ពួកអ្នកកាន់កាប់ទឹកដី»
ឬប្រហែលជាមានន័យថា«តក់ស្លុត ឬភ័យខ្លាច»
ឬ«ដោយគ្មានកន្លែងបន្ទោស»
ឬ«ដោយសេចក្ដីពិត»
នេះសំដៅលើទន្លេអឺប្រាត
នេះសំដៅលើទន្លេអឺប្រាត