បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt បណ្ដាស្ដេចទី១ ១:១-២២:៥៣
  • បណ្ដាស្ដេចទី១

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • បណ្ដាស្ដេចទី១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
បណ្ដាស្ដេចទី១

បណ្ដា​ស្ដេច​ទី​១

១ ស្ដេច​ដាវីឌ​មាន​វ័យ​កាន់​តែ​ចាស់​ណាស់​ហើយ។+ ទោះ​ជា​គេ​ដណ្ដប់​ផួយ​ឲ្យ​គាត់​ក្ដី ក៏​គាត់​មិន​កក់​ក្ដៅ​ដែរ។ ២ ដូច្នេះ ពួក​អ្នក​បម្រើ​ស្ដេច​បាន​និយាយ​ទៅ​កាន់​គាត់​ថា​៖ ​«​សូម​ឲ្យ​គេ​ស្វែង​រក​ស្រី​ក្រមុំ​បរិសុទ្ធ​ម្នាក់​ឲ្យ​លោក​ម្ចាស់ ដើម្បី​ឲ្យ​នាង​បម្រើ​ជា​អ្នក​មើល​ថែ​លោក។ នាង​នឹង​ដេក​ក្នុង​រង្វង់​ដៃ​លោក​ម្ចាស់ ដើម្បី​ឲ្យ​លោក​បាន​កក់​ក្ដៅ​»។ ៣ រួច​មក ពួក​គេ​បាន​ស្វែង​រក​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​ក្នុង​គ្រប់​តំបន់​នៅ​ស្រុក​អ៊ីស្រាអែល ហើយ​ពួក​គេ​បាន​រក​ឃើញ​អាប៊ីសាក+ជា​អ្នក​ក្រុង​ស៊ូណែម+ រួច​ពួក​គេ​បាន​នាំ​នាង​ចូល​ទៅ​ជួប​ស្ដេច។ ៤ នាង​មាន​សម្រស់​ស្រស់​ស្អាត​ខ្លាំង​ណាស់។ នាង​បាន​ក្លាយ​ទៅ​ជា​អ្នក​មើល​ថែ​ស្ដេច។ ប៉ុន្តែ ស្ដេច​មិន​បាន​រួម​ដំណេក​ជា​មួយ​នឹង​នាង​ទេ។

៥ នៅ​គ្រា​នោះ អាដូនីយ៉ា+ជា​កូន​ប្រុស​របស់​ហាគីត ចេះ​តែ​តម្កើង​ខ្លួន​ដោយ​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា​ស្ដេច!​»។ គាត់​ក៏​ឲ្យ​គេ​រៀប​រទេះ​មួយ​សម្រាប់​ខ្លួន អម​ដោយ​ទាហាន​សេះ​និង​បុរស​៥០​នាក់​រត់​នៅ​ខាង​មុខ​គាត់។+ ៦ ប៉ុន្តែ ឪពុក​របស់​គាត់​មិន​ដែល​ស្ដី​បន្ទោស​គាត់*សោះ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ?​»។ ម្យ៉ាង​ទៀត អាដូនីយ៉ា​មាន​រូប​រាង​សង្ហា​ណាស់ ហើយ​ម្ដាយ​របស់​គាត់​បាន​បង្កើត​គាត់​ក្រោយ​អាប់សាឡំ។ ៧ គាត់​បាន​ប្រឹក្សា​ជា​មួយ​នឹង​យ៉ូអាប់​ជា​កូន​សេរូយ៉ា និង​អាប៊ីយ៉ាថា+ជា​សង្ឃ។ ពួក​គេ​បាន​ជួយ​ជ្រោម​ជ្រែង​គាត់។+ ៨ ប៉ុន្តែ សេដុក+ជា​សង្ឃ បេនណាយ៉ា+ជា​កូន​យេហូយ៉ាដា ណាថាន់+ជា​អ្នក​ប្រកាស​ទំនាយ ស៊ីមម៉ាយ+ រ៉េអាយ និង​ទាហាន​ខ្លាំង​ក្លា​របស់​ដាវីឌ+ មិន​បាន​គាំទ្រ​អាដូនីយ៉ា​ទេ។

៩ នៅ​ពេល​មួយ អាដូនីយ៉ា​បាន​ជូន​គ្រឿង​បូជា+ ជា​ចៀម គោ និង​សត្វ​ធាត់​ៗ​នៅ​ក្បែរ​ថ្ម​សូហេលែត ដែល​នៅ​ជិត​អេនរ៉ូកេល។ គាត់​ក៏​បាន​អញ្ជើញ​កូន​ស្ដេច​ទាំង​អស់​ដែល​ជា​ប្អូន​ប្រុស​ៗ​របស់​គាត់ រួម​ទាំង​ពួក​បុរស​ទាំង​អស់​នៅ​ស្រុក​យូដា​ជា​អ្នក​បម្រើ​ស្ដេច​ផង​ដែរ។ ១០ ប៉ុន្តែ គាត់​មិន​បាន​អញ្ជើញ​ណាថាន់​ជា​អ្នក​ប្រកាស​ទំនាយ បេនណាយ៉ា និង​ពួក​ទាហាន​ខ្លាំង​ក្លា ឬ​សាឡូម៉ូន​ជា​ប្អូន​របស់​គាត់​ទេ។ ១១ រីឯ​ណាថាន់+បាន​និយាយ​ទៅ​កាន់​បាតសេបា+ជា​ម្ដាយ​សាឡូម៉ូន​ថា​៖+ ​«​អាដូនីយ៉ា+ជា​កូន​របស់​ហាគីត​បាន​ក្លាយ​ទៅ​ជា​ស្ដេច ហើយ​លោក​ម្ចាស់​ដាវីឌ​មិន​បាន​ជ្រាប​អំពី​រឿង​នេះ​ទេ។ តើ​អ្នក​មិន​បាន​ឮ​ទេ​ឬ? ១២ ដូច្នេះ សូម​មក ខ្ញុំ​សុំ​ជូន​យោបល់​អ្នក ដើម្បី​អ្នក​អាច​សង្គ្រោះ​ជីវិត​ខ្លួន​និង​ជីវិត​សាឡូម៉ូន​កូន​របស់​អ្នក។+ ១៣ សូម​ចូល​ទៅ​ជួប​ស្ដេច​ដាវីឌ ហើយ​និយាយ​ទៅ​កាន់​លោក​ថា​៖ ‹តើ​មិន​មែន​លោក​ម្ចាស់ ដែល​បាន​ស្បថ​នឹង​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​ថា​៖ ​«​សាឡូម៉ូន​កូន​អ្នក​នឹង​ក្លាយ​ទៅ​ជា​ស្ដេច​បន្ទាប់​ពី​ខ្ញុំ​»​ទេ​ឬ? ហើយ​តើ​លោក​ម្ចាស់​មិន​បាន​ប្រាប់​ថា​៖ ​«​គាត់​ជា​អ្នក​ដែល​នឹង​អង្គុយ​លើ​បល្ល័ង្ក​របស់​ខ្ញុំ​»​ទេ​ឬ?+ បើ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​អាដូនីយ៉ា​ក្លាយ​ជា​ស្ដេច​ទៅ​វិញ?›។ ១៤ កាល​ដែល​អ្នក​កំពុង​និយាយ​ជា​មួយ​នឹង​ស្ដេច​នៅ​ឡើយ នោះ​ខ្ញុំ​នឹង​ចូល​ទៅ​ក្រោយ​អ្នក ហើយ​និយាយ​បញ្ជាក់​ពាក្យ​សម្ដី​របស់​អ្នក​»។

១៥ ដូច្នេះ បាតសេបា​ចូល​ទៅ​ជួប​ស្ដេច​ក្នុង​បន្ទប់​សម្រាក​របស់​គាត់។ ស្ដេច​មាន​វ័យ​ចាស់​ណាស់​ហើយ រីឯ​អាប៊ីសាក+ជា​អ្នក​ស្រុក​ស៊ូណែម​កំពុង​បម្រើ​គាត់។ ១៦ រួច​មក បាតសេបា​បាន​លំឱន​កាយ​គោរព​ស្ដេច ហើយ​ស្ដេច​បាន​សួរ​ថា​៖ ​«​តើ​មាន​សំណូម​ពរ​អ្វី?​»។ ១៧ នាង​បាន​តប​ថា​៖ ​«​លោក​ម្ចាស់ គឺ​លោក​ដែល​បាន​ស្បថ​នឹង​នាង​ខ្ញុំ ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​លោក​ថា​៖ ‹សាឡូម៉ូន​កូន​អ្នក​នឹង​ក្លាយ​ទៅ​ជា​ស្ដេច​បន្ទាប់​ពី​ខ្ញុំ ហើយ​គាត់​ជា​អ្នក​ដែល​នឹង​អង្គុយ​លើ​បល្ល័ង្ក​របស់​ខ្ញុំ›។+ ១៨ ប៉ុន្តែ មើល! ឥឡូវ​អាដូនីយ៉ា​បាន​ក្លាយ​ជា​ស្ដេច​វិញ ហើយ​លោក​ម្ចាស់​មិន​បាន​ជ្រាប​រឿង​នេះ​ទេ។+ ១៩ គាត់​បាន​ជូន​គ្រឿង​បូជា ជា​ចៀម គោ និង​សត្វ​ធាត់​ៗ​ជា​ច្រើន ថែម​ទាំង​បាន​អញ្ជើញ​កូន​ប្រុស​ៗ​ទាំង​អស់​របស់​លោក​ម្ចាស់ រួម​ទាំង​អាប៊ីយ៉ាថា​ជា​សង្ឃ និង​យ៉ូអាប់​ជា​មេ​ទ័ព​ទៀត​ផង។+ ប៉ុន្តែ គាត់​មិន​បាន​អញ្ជើញ​សាឡូម៉ូន​កូន​លោក​ទេ។+ ២០ ហើយ​ឥឡូវ បណ្ដា​ជន​អ៊ីស្រាអែល​កំពុង​ទន្ទឹង​ចាំ​មើល​លោក​ម្ចាស់​ប្រាប់​ពួក​គេ​ឲ្យ​ដឹង​ថា អ្នក​ណា​នឹង​អង្គុយ​លើ​បល្ល័ង្ក​បន្ទាប់​ពី​លោក​ម្ចាស់។ ២១ បើ​មិន​ដូច្នោះ​ទេ ពេល​លោក​ម្ចាស់​ស្លាប់* ខ្ញុំ​និង​សាឡូម៉ូន​កូន​ខ្ញុំ​មុខ​ជា​ត្រូវ​រាប់​ជា​អ្នក​ក្បត់​ហើយ​»។

២២ កាល​ដែល​នាង​កំពុង​និយាយ​ទៅ​កាន់​ស្ដេច​នៅ​ឡើយ ណាថាន់​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ចូល​មក។+ ២៣ ខណៈ​នោះ មាន​គេ​មក​ជម្រាប​ស្ដេច​ថា​៖ ​«​ណាថាន់​ជា​អ្នក​ប្រកាស​ទំនាយ​បាន​មក​ដល់​ហើយ!​»។ រួច​មក ណាថាន់​បាន​ចូល​មក​លំឱន​កាយ​ក្រាប​គោរព​ស្ដេច។ ២៤ រួច​គាត់​និយាយ​ថា​៖ ​«​លោក​ម្ចាស់ តើ​លោក​បាន​និយាយ​ថា​៖ ‹អាដូនីយ៉ា​នឹង​ក្លាយ​ទៅ​ជា​ស្ដេច​បន្ទាប់​ពី​ខ្ញុំ ហើយ​គាត់​ជា​អ្នក​ដែល​នឹង​អង្គុយ​លើ​បល្ល័ង្ក​របស់​ខ្ញុំ›​ឬ?+ ២៥ ព្រោះ​គាត់​បាន​ទៅ​ជូន​គ្រឿង​បូជា+ ជា​ចៀម គោ និង​សត្វ​ធាត់​ៗ​ជា​ច្រើន ថែម​ទាំង​បាន​អញ្ជើញ​កូន​ប្រុស​ៗ​ទាំង​អស់​របស់​លោក​ម្ចាស់ រួម​ទាំង​ពួក​មេ​ទ័ព និង​អាប៊ីយ៉ាថា​ជា​សង្ឃ។+ ពួក​គេ​កំពុង​ពិសា​អាហារ​ពិសា​ស្រា​ជា​មួយ​នឹង​អាដូនីយ៉ា ហើយ​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ‹សូម​ឲ្យ​ស្ដេច​អាដូនីយ៉ា​មាន​អាយុ​យឺន​យូរ!›។ ២៦ ប៉ុន្តែ គាត់​មិន​បាន​អញ្ជើញ​ខ្ញុំ​បាទ ឬ​សេដុក​ជា​សង្ឃ ឬ​បេនណាយ៉ា+ជា​កូន​យេហូយ៉ាដា ឬ​សាឡូម៉ូន​កូន​លោក​ទេ។ ២៧ តើ​លោក​ម្ចាស់​បាន​អនុញ្ញាត​ឲ្យ​រឿង​នេះ​កើត​ឡើង​ឬ? ហេតុ​អ្វី​ក៏​លោក​ម្ចាស់​មិន​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​ថា​អ្នក​ណា​គួរ​គ្រប់​គ្រង​ជា​ស្ដេច​បន្ទាប់​ពី​លោក​ម្ចាស់?​»។

២៨ ខណៈ​នោះ ស្ដេច​ដាវីឌ​បាន​តប​ថា​៖ ​«​សូម​ហៅ​បាតសេបា​ចូល​មក​»។ នាង​ក៏​បាន​ចូល​មក​ជួប​ស្ដេច។ ២៩ រួច​ស្ដេច​ក៏​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ ជា​អ្នក​ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​រួច​ពី​ទុក្ខ​លំបាក​ទាំង​អស់+ ៣០ ថា​នៅ​ថ្ងៃ​នេះ​ឯង ខ្ញុំ​នឹង​ធ្វើ​ដូច​ខ្ញុំ​បាន​ស្បថ​នឹង​អ្នក​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ថា​៖ ‹សាឡូម៉ូន​កូន​របស់​អ្នក​នឹង​ក្លាយ​ជា​ស្ដេច​បន្ទាប់​ពី​ខ្ញុំ ហើយ​គាត់​ជា​អ្នក​ដែល​នឹង​អង្គុយ​លើ​បល្ល័ង្ក​ជំនួស​ខ្ញុំ!›​»។ ៣១ បន្ទាប់​មក បាតសេបា​បាន​លំឱន​កាយ​ក្រាប​មុខ​ដល់​ដី​នៅ​ចំពោះ​ស្ដេច រួច​និយាយ​ថា​៖ ​«​សូម​ឲ្យ​ស្ដេច​ដាវីឌ​ជា​ម្ចាស់​រស់​ជា​រៀង​រហូត!​»។

៣២ រំពេច​នោះ ស្ដេច​ដាវីឌ​បាន​និយាយ​ថា​៖ ​«​សូម​ហៅ​សេដុក​ជា​សង្ឃ ណាថាន់​ជា​អ្នក​ប្រកាស​ទំនាយ និង​បេនណាយ៉ា+ជា​កូន​យេហូយ៉ាដា+ ឲ្យ​ចូល​មក​»​ ដូច្នេះ ពួក​គេ​ក៏​ចូល​មក។ ៣៣ ស្ដេច​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​ចូរ​យក​ពួក​អង្គរក្ស* ហើយ​រៀបចំ​ឲ្យ​សាឡូម៉ូន​កូន​ខ្ញុំ​ជិះ​លា*របស់​ខ្ញុំ+ រួច​ដង្ហែ​គាត់​ចុះ​ទៅ​ឯ​គីហុន។+ ៣៤ នៅ​ទី​នោះ សេដុក​ជា​សង្ឃ​និង​ណាថាន់​ជា​អ្នក​ប្រកាស​ទំនាយ​នឹង​ចាក់​ប្រេង​តែង​តាំង​គាត់+ជា​ស្ដេច​លើ​ជន​ជាតិ​អ៊ីស្រាអែល រួច​ផ្លុំ​ស្នែង​ហើយ​ស្រែក​ឡើង​ថា​៖ ‹សូម​ឲ្យ​ស្ដេច​សាឡូម៉ូន​មាន​អាយុ​យឺន​យូរ!›។+ ៣៥ ក្រោយ​មក ចូរ​ដង្ហែ​គាត់​មក​វិញ ហើយ​គាត់​នឹង​ចូល​មក​អង្គុយ​លើ​បល្ល័ង្ក​ខ្ញុំ។ ខ្ញុំ​នឹង​តែង​តាំង​គាត់​ជា​អ្នក​ដឹក​នាំ​អ៊ីស្រាអែល​និង​យូដា ជា​ស្ដេច​ជំនួស​ខ្ញុំ​»។ ៣៦ ភ្លាម​នោះ បេនណាយ៉ា​ជា​កូន​យេហូយ៉ាដា​បាន​និយាយ​ទៅ​កាន់​ស្ដេច​ថា​៖ ​«​អាមេន! សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​លោក​ម្ចាស់​យល់​ស្រប​ដូច​នោះ​ដែរ។ ៣៧ ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​នៅ​ជា​មួយ​នឹង​លោក​ម្ចាស់ នោះ​សូម​ឲ្យ​លោក​នៅ​ជា​មួយ​នឹង​សាឡូម៉ូន​ដែរ+ ហើយ​សូម​ឲ្យ​លោក​ធ្វើ​ឲ្យ​ការ​គ្រប់​គ្រង*របស់​សាឡូម៉ូន​រុង​រឿង​ជាង​ការ​គ្រប់​គ្រង​របស់​ស្ដេច​ដាវីឌ​ជា​ម្ចាស់​»។+

៣៨ បន្ទាប់​មក សេដុក​ជា​សង្ឃ ណាថាន់​ជា​អ្នក​ប្រកាស​ទំនាយ បេនណាយ៉ា+ជា​កូន​យេហូយ៉ាដា ពួក​កេរ៉ែត​និង​ពួក​ពេលេធីម+បាន​ចុះ​ទៅ ហើយ​រៀបចំ​ឲ្យ​សាឡូម៉ូន​ជិះ​លា​របស់​ស្ដេច​ដាវីឌ+ រួច​ពួក​គេ​ដង្ហែ​គាត់​ទៅ​ដល់​គីហុន។+ ៣៩ សេដុក​ជា​សង្ឃ​បាន​យក​ស្នែង​ដាក់​ប្រេង+ពី​ត្រសាល​របស់​ព្រះ+ ហើយ​ចាក់​ប្រេង​តែង​តាំង​សាឡូម៉ូន។+ រួច​មក ពួក​គេ​ផ្លុំ​ស្នែង ហើយ​បណ្ដា​ជន​ទាំង​អស់​បាន​ស្រែក​ឡើង​ថា​៖ ​«​សូម​ឲ្យ​ស្ដេច​សាឡូម៉ូន​មាន​អាយុ​យឺន​យូរ!​»។ ៤០ ក្រោយ​មក បណ្ដា​ជន​ទាំង​អស់​បាន​ដង្ហែ​គាត់​ឡើង​ទៅ អម​ដោយ​សំឡេង​ខ្លុយ ហើយ​ពួក​គេ​អរ​សប្បាយ​ក្រៃ​លែង ដល់​ម្ល៉េះ​បាន​ជា​ដី​ញ័រ​រញ្ជួយ​ដោយ​សារ​សូរ​សំឡេង​អឺងកង។+

៤១ ចំណែក​ឯ​អាដូនីយ៉ា​និង​អស់​អ្នក​ដែល​គាត់​បាន​អញ្ជើញ ពួក​គេ​ក៏​បាន​ឮ​សំឡេង​នោះ​ដែរ ក្រោយ​ពី​ពិសា​អាហារ​រួច។+ លុះ​កាល​យ៉ូអាប់​បាន​ឮ​សំឡេង​ផ្លុំ​ស្នែង គាត់​សួរ​ថា​៖ ​«​ហេតុ​អ្វី​ក៏​មាន​សូរ​អឺងកង​នៅ​ក្នុង​ក្រុង​ដូច្នេះ?​»។ ៤២ កាល​ដែល​គាត់​កំពុង​និយាយ​នៅ​ឡើយ យ៉ូណាថាន+ជា​កូន​អាប៊ីយ៉ាថា​ជា​សង្ឃ បាន​មក​ដល់។ ភ្លាម​នោះ អាដូនីយ៉ា​បាន​និយាយ​ថា​៖ ​«​ចូល​មក ព្រោះ​អ្នក​ជា​មនុស្ស​ល្អ ហើយ​អ្នក​ច្បាស់​ជា​នាំ​ដំណឹង​ល្អ​មក​ហើយ​»។ ៤៣ ប៉ុន្តែ យ៉ូណាថាន​បាន​តប​ឆ្លើយ​ទៅ​អាដូនីយ៉ា​ថា​៖ ​«​ទេ! ស្ដេច​ដាវីឌ​ជា​ម្ចាស់​បាន​តែង​តាំង​សាឡូម៉ូន​ជា​ស្ដេច​ហើយ។ ៤៤ ស្ដេច​ដាវីឌ​បាន​ចាត់​សេដុក​ជា​សង្ឃ ណាថាន់​ជា​អ្នក​ប្រកាស​ទំនាយ បេនណាយ៉ា​ជា​កូន​យេហូយ៉ាដា រួម​ទាំង​ពួក​កេរ៉ែត​និង​ពួក​ពេលេធីម ហើយ​ពួក​គេ​បាន​រៀបចំ​ឲ្យ​សាឡូម៉ូន​ជិះ​លា​របស់​ស្ដេច។+ ៤៥ រួច​មក សេដុក​ជា​សង្ឃ​និង​ណាថាន់​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ចាក់​ប្រេង​តែង​តាំង​សាឡូម៉ូន​ជា​ស្ដេច​នៅ​ត្រង់​គីហុន។ ក្រោយ​មក ពួក​គេ​ឡើង​ពី​នោះ​មក​ទាំង​អរ​សប្បាយ ហើយ​មាន​សំឡេង​អឺងកង​ពេញ​ក្នុង​ក្រុង។ នោះ​ហើយ​ជា​សំឡេង​ដែល​អស់​លោក​បាន​ឮ។ ៤៦ ណា​មួយ​ទៀត សាឡូម៉ូន​ក៏​បាន​អង្គុយ​លើ​បល្ល័ង្ក​រួច​ហើយ​ដែរ។ ៤៧ ពួក​អ្នក​បម្រើ​ស្ដេច​បាន​ចូល​ទៅ​អបអរសាទរ​ស្ដេច​ដាវីឌ​ជា​ម្ចាស់ ដោយ​និយាយ​ថា​៖ ‹សូម​ព្រះ​របស់​លោក​ធ្វើ​ឲ្យ​នាម​របស់​សាឡូម៉ូន​ប្រសើរ​ជាង​នាម​របស់​លោក ហើយ​សូម​ព្រះ​ធ្វើ​ឲ្យ​ការ​គ្រប់​គ្រង*របស់​សាឡូម៉ូន​រុង​រឿង​ជាង​ការ​គ្រប់​គ្រង​របស់​លោក!›។ ឯ​ស្ដេច​ក៏​បាន​ឱន​កាយ​នៅ​លើ​គ្រែ។ ៤៨ រួច​ស្ដេច​ក៏​បាន​និយាយ​ថា​៖ ‹សូម​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ទទួល​ការ​សរសើរ​តម្កើង ព្រោះ​ថ្ងៃ​នេះ​លោក​បាន​ផ្ដល់​បុគ្គល​ម្នាក់​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​ខ្ញុំ ហើយ​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ឃើញ​ដោយ​ផ្ទាល់​ភ្នែក!›​»។

៤៩ ពេល​នោះ ភ្ញៀវ​ទាំង​អស់​របស់​អាដូនីយ៉ា​បាន​ភ័យ​ស្លុត ហើយ​បាន​ក្រោក​ឡើង រួច​ទៅ​តាម​ផ្លូវ​ពួក​គេ​រៀង​ៗ​ខ្លួន។ ៥០ អាដូនីយ៉ា​ក៏​ខ្លាច​សាឡូម៉ូន​ដែរ ដូច្នេះ គាត់​ក្រោក​ឡើង ហើយ​រត់​ទៅ​ចាប់​កាន់​ស្នែង​ទី​បូជា។+ ៥១ ប៉ុន្តែ មាន​គេ​ទៅ​ប្រាប់​សាឡូម៉ូន​ថា​៖ ​«​អាដូនីយ៉ា​ខ្លាច​លោក​ម្ចាស់ ហើយ​គាត់​រត់​ទៅ​ចាប់​កាន់​ស្នែង​ទី​បូជា ដោយ​និយាយ​ថា​៖ ‹សូម​ឲ្យ​ស្ដេច​សាឡូម៉ូន​ស្បថ​នឹង​ខ្ញុំ​សិន​ថា លោក​នឹង​មិន​សម្លាប់​ខ្ញុំ​ទេ›​»។ ៥២ នោះ​សាឡូម៉ូន​បាន​និយាយ​ថា​៖ ​«​បើ​គាត់​ប្រព្រឹត្ត​យ៉ាង​សម​គួរ នោះ​សូម្បី​តែ​សក់​មួយ​សរសៃ​របស់​គាត់​ក៏​មិន​ធ្លាក់​ដល់​ដី​ដែរ តែ​បើ​គាត់​ប្រព្រឹត្ត​អាក្រក់+ នោះ​គាត់​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​»។ ៥៣ ដូច្នេះ ស្ដេច​សាឡូម៉ូន​ចាត់​គេ​ឲ្យ​ទៅ​នាំ​គាត់​ចុះ​ពី​ទី​បូជា។ បន្ទាប់​មក គាត់​ចូល​មក​លំឱន​កាយ​ក្រាប​គោរព​ស្ដេច​សាឡូម៉ូន រួច​សាឡូម៉ូន​បាន​និយាយ​ថា​៖ ​«​ចូរ​ទៅ​លំនៅ​របស់​អ្នក​ចុះ​»។

២ កាល​ដែល​ដាវីឌ​ជិត​ស្លាប់ គាត់​បាន​ផ្ដាំ​ផ្ញើ​សាឡូម៉ូន​ជា​កូន​ថា​៖ ២ ​«​ពុក​រៀប​នឹង​ស្លាប់​ហើយ។ ដូច្នេះ ចូរ​កូន​រឹង​មាំ+និង​មាន​ចិត្ត​ក្លាហាន​ឡើង។+ ៣ កូន​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​កូន ដោយ​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​លោក ហើយ​កាន់​តាម​ច្បាប់​និង​បញ្ញត្តិ​របស់​លោក ថែម​ទាំង​គោរព​តាម​ការ​វិនិច្ឆ័យ និង​ធ្វើ​តាម​ការ​រំលឹក​របស់​លោក ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​ច្បាប់​ម៉ូសេ+ យ៉ាង​នោះ​កូន​នឹង​ទទួល​ជោគ​ជ័យ​ក្នុង​គ្រប់​ការ​ទាំង​អស់​ដែល​កូន​ធ្វើ ព្រម​ទាំង​គ្រប់​កន្លែង​ដែល​កូន​ទៅ។ ៤ ហើយ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​តាម​ពាក្យ​ដែល​លោក​បាន​សន្យា​ជា​មួយ​នឹង​ពុក​ថា​៖ ‹បើ​កូន​ៗ​របស់​អ្នក​ដើរ​តាម​ផ្លូវ​របស់​ខ្ញុំ​ជា​និច្ច ហើយ​យ៉ាង​ស្មោះ​អស់​ពី​ដួង​ចិត្ត និង​អស់​ពី​កម្លាំង*+ នោះ​តែង​នឹង​មាន​បុគ្គល​ម្នាក់​ពី​ពូជ​ពង្ស​របស់​អ្នក អង្គុយ​លើ​បល្ល័ង្ក​នៃ​អ៊ីស្រាអែល›។+

៥ ​«​កូន​ក៏​ដឹង​អ្វី​ដែល​យ៉ូអាប់​ជា​កូន​សេរូយ៉ា​បាន​ធ្វើ​ចំពោះ​ពុក និង​អ្វី​ដែល​គាត់​បាន​ធ្វើ​ចំពោះ​មេ​ទ័ព​ជន​ជាតិ​អ៊ីស្រាអែល​ពីរ​នាក់ គឺ​អាប់ណឺ+ជា​កូន​ណឺ និង​អាម៉េសា+ជា​កូន​យេធើ។ គាត់​បាន​សម្លាប់​ពួក​គេ នៅ​គ្រា​ដែល​គ្មាន​សង្គ្រាម ហើយ​ខ្សែ​ក្រវាត់​ចង្កេះ​និង​ស្បែក​ជើង​របស់​គាត់​បាន​ប្រឡាក់​ដោយ​ឈាម​នៃ​ចម្បាំង។+ ៦ កូន​ត្រូវ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា ហើយ​កុំ​ឲ្យ​គាត់​ស្លាប់*តាម​សម្រួល​ដោយ​ចាស់​ជរា​ឡើយ។+

៧ ​«​ប៉ុន្តែ កូន​គួរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​កូន​ៗ​របស់​បាស៊ីលឡាយ+ជា​អ្នក​មក​ពី​តំបន់​គីលាត ហើយ​ឲ្យ​ពួក​គេ​មាន​កិត្តិយស​បរិភោគ​នៅ​តុ​របស់​កូន ព្រោះ​ពួក​គេ​បាន​មក​ជួយ​ទំនុក​បម្រុង​ពុក+ កាល​ដែល​ពុក​រត់​គេច​ពី​អាប់សាឡំ​បង​កូន។+

៨ ​«​ឯ​បុគ្គល​ម្នាក់​ទៀត គឺ​ស៊ីមម៉ាយ​ជា​កូន​កេរ៉ា​ជា​ពួក​បេនយ៉ាមីន​ជា​អ្នក​ភូមិ​បាហ៊ូរីម។ គាត់​ជា​អ្នក​ដែល​បាន​ប្រទេច​ផ្ដាសា​ពុក+នៅ​ថ្ងៃ​ដែល​ពុក​កំពុង​ធ្វើ​ដំណើរ​ទៅ​ក្រុង​ម៉ាហាណែម។+ ប៉ុន្តែ ពេល​ដែល​គាត់​ចុះ​មក​ជួប​ពុក​នៅ​ទន្លេ​យ៉ូដាន់ ពុក​បាន​ស្បថ​នឹង​គាត់​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ថា​៖ ‹ខ្ញុំ​នឹង​មិន​សម្លាប់​អ្នក​ទេ›។+ ៩ ទោះ​ជា​ដូច្នោះ​ក៏​ដោយ កូន​កុំ​ឲ្យ​គាត់​រួច​ពី​ទោស​ឡើយ+ ព្រោះ​កូន​ជា​មនុស្ស​មាន​ប្រាជ្ញា កូន​ដឹង​ថា​គួរ​ធ្វើ​យ៉ាង​ណា​ចំពោះ​គាត់​ហើយ។ កូន​កុំ​ឲ្យ​គាត់​ស្លាប់​តាម​សម្រួល​ដោយ​ចាស់​ជរា​ឡើយ​»។+

១០ ក្រោយ​មក ដាវីឌ​បាន​ស្លាប់* ហើយ​គេ​បញ្ចុះ​សព​គាត់​ក្នុង​ក្រុង​ដាវីឌ។+ ១១ ដាវីឌ​បាន​គ្រប់​គ្រង​នៅ​ក្រុង​ហេប្រុន+អស់​រយៈ​ពេល​៧​ឆ្នាំ និង​នៅ​ក្រុង​យេរូសាឡិម*អស់​រយៈ​ពេល​៣៣​ឆ្នាំ+ សរុប​ទៅ​គាត់​គ្រប់​គ្រង​លើ​ស្រុក​អ៊ីស្រាអែល​អស់​រយៈ​ពេល​៤០​ឆ្នាំ។

១២ រួច​មក សាឡូម៉ូន​បាន​អង្គុយ​លើ​បល្ល័ង្ក​របស់​ដាវីឌ​ជា​ឪពុក ហើយ​អំណាច​គ្រប់​គ្រង​របស់​គាត់​កាន់​តែ​រឹង​មាំ​ឡើង​ៗ។+

១៣ ថ្ងៃ​មួយ អាដូនីយ៉ា​ជា​កូន​ហាគីត​បាន​ចូល​មក​ជួប​បាតសេបា​ជា​ម្ដាយ​សាឡូម៉ូន។ ខណៈ​នោះ នាង​បាន​សួរ​ថា​៖ ​«​តើ​អ្នក​មក​ក្នុង​បំណង​ល្អ​ឬ?​»។ គាត់​ឆ្លើយ​ថា​៖ ​«​បាទ ក្នុង​បំណង​ល្អ​ទេ​»។ ១៤ រួច​មក គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​រឿង​មួយ​ចង់​និយាយ​ជា​មួយ​នឹង​អ្នក​»។ ដូច្នេះ នាង​និយាយ​ថា​៖ ​«​និយាយ​មក​ចុះ​»។ ១៥ គាត់​បន្ត​ថា​៖ ​«​អ្នក​ដឹង​ហើយ​ថា​អំណាច​ជា​ស្ដេច​គួរ​តែ​ជា​របស់​ខ្ញុំ ហើយ​បណ្ដា​ជន​ទាំង​អស់​ក្នុង​ស្រុក​អ៊ីស្រាអែល​រំពឹង​ថា​ខ្ញុំ​នឹង​ក្លាយ​ជា​ស្ដេច+ ប៉ុន្តែ​អំណាច​គ្រប់​គ្រង​បាន​របូត​ពី​ដៃ​ខ្ញុំ​ទៅ ហើយ​ក្លាយ​ជា​របស់​ប្អូន​ខ្ញុំ​វិញ ព្រោះ​នោះ​ជា​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា។+ ១៦ ប៉ុន្តែ ខ្ញុំ​មក​នេះ​មាន​តែ​សំណូម​ពរ​មួយ​ប៉ុណ្ណោះ។ សូម​កុំ​បដិសេធ​នឹង​សំណូម​ពរ​របស់​ខ្ញុំ​ឡើយ​»។ ដូច្នេះ នាង​និយាយ​ទៅ​គាត់​ថា​៖ ​«​ចូរ​និយាយ​មក​ចុះ​»។ ១៧ រួច​គាត់​និយាយ​ថា​៖ ​«​សូម​អ្នក​ជួយ​សុំ​ស្ដេច​សាឡូម៉ូន​ឲ្យ​ប្រគល់​អាប៊ីសាក+ជា​អ្នក​ក្រុង​ស៊ូណែម​មក​ធ្វើ​ជា​ប្រពន្ធ​ខ្ញុំ​ផង ព្រោះ​ស្ដេច​មិន​បដិសេធ​នឹង​សំណើ​របស់​អ្នក​ទេ​»។ ១៨ បាតសេបា​តប​ថា​៖ ​«​បាន! ខ្ញុំ​នឹង​ជម្រាប​ស្ដេច​ឲ្យ​អ្នក​»។

១៩ ដូច្នេះ បាតសេបា​បាន​ចូល​ទៅ​ជួប​ស្ដេច​សាឡូម៉ូន ដើម្បី​ជម្រាប​ស្ដេច​នូវ​សំណូម​ពរ​របស់​អាដូនីយ៉ា។ ពេល​ឃើញ​ម្ដាយ ស្ដេច​ក៏​ក្រោក​ទៅ​ទទួល​ដោយ​លំឱន​កាយ​គោរព។ រួច​ស្ដេច​អង្គុយ​ចុះ​លើ​បល្ល័ង្ក​វិញ ថែម​ទាំង​ចាត់​គេ​ឲ្យ​រៀបចំ​បល្ល័ង្ក​មួយ​សម្រាប់​ម្ដាយ ដើម្បី​នាង​អាច​អង្គុយ​នៅ​ខាង​ស្ដាំ​គាត់។ ២០ បន្ទាប់​មក បាតសេបា​និយាយ​ថា​៖ ​«​ម្ដាយ​មាន​សំណូម​ពរ​តូច​មួយ។ សូម​កុំ​បដិសេធ​នឹង​សំណូម​ពរ​នេះ​ឡើយ​»។ ស្ដេច​និយាយ​ទៅ​នាង​ថា​៖ ​«​សូម​អ្នក​ម្ដាយ​មាន​ប្រសាសន៍​មក ខ្ញុំ​នឹង​មិន​បដិសេធ​ទេ​»។ ២១ នាង​និយាយ​ថា​៖ ​«​សូម​ប្រគល់​អាប៊ីសាក​ជា​អ្នក​ក្រុង​ស៊ូណែម​ទៅ​អាដូនីយ៉ា​បង​កូន ឲ្យ​ធ្វើ​ជា​ប្រពន្ធ​ទៅ​»។ ២២ រំពេច​នោះ ស្ដេច​សាឡូម៉ូន​តប​ទៅ​ម្ដាយ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​ម្ដាយ​សុំ​អាប៊ីសាក​ជា​អ្នក​ក្រុង​ស៊ូណែម​ឲ្យ​អាដូនីយ៉ា? ម្ដេច​ក៏​អ្នក​ម្ដាយ​មិន​សុំ​អំណាច​ជា​ស្ដេច​ឲ្យ​គាត់​ដែរ​ទៅ+ ព្រោះ​គាត់​ជា​បង​កូន+ ថែម​ទាំង​មាន​អាប៊ីយ៉ាថា​ជា​សង្ឃ​និង​យ៉ូអាប់+ជា​កូន​សេរូយ៉ា+ កំពុង​ជួយ​ជ្រោម​ជ្រែង​គាត់​ស្រាប់​ហើយ​»។

២៣ ស្ដេច​សាឡូម៉ូន​បាន​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ថា​៖ ​«​សូម​ឲ្យ​ព្រះ​ដាក់​ទោស​ខ្ញុំ​យ៉ាង​ធ្ងន់​ចុះ បើ​អាដូនីយ៉ា​មិន​បាន​ស្លាប់​ព្រោះ​តែ​សំណូម​ពរ​នេះ​ទេ។ ២៤ ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​មាន​ជីវិត​រស់​នៅ ដែល​បាន​តាំង​រាជ្យ​ខ្ញុំ​ឡើង​យ៉ាង​មាំ+តាម​ពាក្យ​សន្យា​របស់​លោក ហើយ​ដែល​បាន​ឲ្យ​ខ្ញុំ​អង្គុយ​លើ​បល្ល័ង្ក​របស់​ដាវីឌ​ជា​ឪពុក​ខ្ញុំ ថែម​ទាំង​ឲ្យ​ខ្ញុំ​មាន​តំណ​វង្ស+ គឺ​ខ្ញុំ​ស្បថ​ថា​នៅ​ថ្ងៃ​នេះ​អាដូនីយ៉ា​នឹង​ត្រូវ​ស្លាប់+ជា​មិន​ខាន​»។ ២៥ ភ្លាម​នោះ ស្ដេច​សាឡូម៉ូន​បាន​ចាត់​បេនណាយ៉ា+ជា​កូន​យេហូយ៉ាដា ឲ្យ​ទៅ​ប្រហារ​ជីវិត​អាដូនីយ៉ា ហើយ​គាត់​ក៏​ស្លាប់​ទៅ។

២៦ ស្ដេច​និយាយ​ទៅ​កាន់​អាប៊ីយ៉ាថា+ជា​សង្ឃ​ថា​៖ ​«​ចូរ​ទៅ​ស្រែ​ចម្ការ​របស់​អ្នក​នៅ​ឯ​អាណាថោត​ទៅ!+ តាម​ពិត អ្នក​សម​នឹង​ស្លាប់ តែ​ថ្ងៃ​នេះ​ខ្ញុំ​មិន​សម្លាប់​អ្នក​ទេ ពី​ព្រោះ​អ្នក​បាន​សែង​ហឹប​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត នៅ​ចំពោះ​ដាវីឌ​ជា​ឪពុក​ខ្ញុំ+ ហើយ​អ្នក​បាន​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​នឹង​ឪពុក​ខ្ញុំ​»។+ ២៧ ដូច្នេះ សាឡូម៉ូន​បាន​បណ្ដេញ​អាប៊ីយ៉ាថា​ចេញ​ពី​តំណែង​ជា​សង្ឃ​របស់​ព្រះ​យេហូវ៉ា ដើម្បី​ឲ្យ​ពាក្យ​របស់​ព្រះ​យេហូវ៉ា ដែល​លោក​បាន​មាន​ប្រសាសន៍​នៅ​ស៊ីឡូរ+ ទាស់​នឹង​ពូជ​ពង្ស​អេលី+ក្លាយ​ជា​ការ​ពិត។

២៨ ពេល​យ៉ូអាប់​បាន​ឮ​ដំណឹង​នោះ គាត់​បាន​រត់​ទៅ​ឯ​ត្រសាល​របស់​ព្រះ​យេហូវ៉ា+ ហើយ​ចាប់​កាន់​ស្នែង​ទី​បូជា។ យ៉ូអាប់​មិន​បាន​គាំទ្រ​អាប់សាឡំ​ទេ+ តែ​គាត់​បាន​ជួយ​ជ្រោម​ជ្រែង​អាដូនីយ៉ា។+ ២៩ បន្ទាប់​មក មាន​គេ​មក​ជម្រាប​ស្ដេច​សាឡូម៉ូន​ថា​៖ ​«​យ៉ូអាប់​បាន​រត់​ទៅ​ឯ​ត្រសាល​របស់​ព្រះ​យេហូវ៉ា ហើយ​គាត់​នៅ​ជិត​ទី​បូជា​»។ ដូច្នេះ សាឡូម៉ូន​បង្គាប់​បេនណាយ៉ា​ជា​កូន​យេហូយ៉ាដា​ថា​៖ ​«​ចូរ​ទៅ​ប្រហារ​ជីវិត​គាត់​ទៅ!​»។ ៣០ បេនណាយ៉ា​ក៏​ទៅ​ឯ​ត្រសាល​របស់​ព្រះ​យេហូវ៉ា ហើយ​និយាយ​ទៅ​កាន់​យ៉ូអាប់​ថា​៖ ​«​ស្ដេច​បាន​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​ចេញ​មក!›​»។ ប៉ុន្តែ គាត់​ឆ្លើយ​ថា​៖ ​«​ទេ! ខ្ញុំ​សុខ​ចិត្ត​ស្លាប់​នៅ​ទី​នេះ​»។ ដូច្នេះ បេនណាយ៉ា​ក៏​នាំ​ពាក្យ​របស់​យ៉ូអាប់​ទៅ​ជម្រាប​ស្ដេច​វិញ។ ៣១ រួច​មក ស្ដេច​និយាយ​ទៅ​បេនណាយ៉ា​ថា​៖ ​«​ធ្វើ​ដូច​សម្ដី​គាត់​ចុះ ចូរ​ប្រហារ​ជីវិត​គាត់ ហើយ​បញ្ចុះ​សព​គាត់​ទៅ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​និង​ពូជ​ពង្ស​ឪពុក​ខ្ញុំ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្នក​ដែល​យ៉ូអាប់​បាន​សម្លាប់​ដោយ​ឥត​ហេតុ​ឡើយ។+ ៣២ ព្រះ​យេហូវ៉ា​នឹង​ដាក់​ទោស​គាត់ ព្រោះ​គាត់​បាន​សម្លាប់​បុរស​ពីរ​នាក់​ដែល​សុចរិត​និង​ល្អ​ជាង​គាត់ គឺ​អាប់ណឺ+ជា​កូន​ណឺ ជា​មេ​ទ័ព​អ៊ីស្រាអែល+ និង​អាម៉េសា+ជា​កូន​យេធើ ជា​មេ​ទ័ព​យូដា+ តែ​ដាវីឌ​ឪពុក​ខ្ញុំ​មិន​បាន​ជ្រាប​សោះ។ ៣៣ បំណុល​ឈាម​នេះ​នឹង​ធ្លាក់​លើ​យ៉ូអាប់ និង​កូន​ចៅ​គាត់​ជា​រៀង​ដរាប។+ ប៉ុន្តែ សូម​ឲ្យ​ព្រះ​យេហូវ៉ា​ផ្ដល់​សេចក្ដី​សុខ​សាន្ត​ជា​រៀង​រហូត​ដល់​ដាវីឌ និង​កូន​ចៅ ព្រម​ទាំង​តំណ​វង្ស និង​ការ​គ្រប់​គ្រង*របស់​គាត់​»។ ៣៤ បន្ទាប់​មក បេនណាយ៉ា​ជា​កូន​យេហូយ៉ាដា​បាន​ទៅ​ប្រហារ​យ៉ូអាប់​ឲ្យ​ស្លាប់​ទៅ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្បែរ​ផ្ទះ​របស់​គាត់​ដែល​នៅ​តំបន់​ស្ងាត់​ជ្រងំ។ ៣៥ ស្ដេច​ក៏​បាន​តែង​តាំង​បេនណាយ៉ា+ជា​កូន​យេហូយ៉ាដា ឲ្យ​ធ្វើ​ជា​មេ​ទ័ព​ជំនួស​គាត់​វិញ ហើយ​ស្ដេច​បាន​ប្រគល់​តំណែង​របស់​អាប៊ីយ៉ាថា​ឲ្យ​ដល់​សេដុក+ជា​សង្ឃ។

៣៦ ក្រោយ​មក ស្ដេច​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ស៊ីមម៉ាយ+មក ហើយ​បង្គាប់​គាត់​ថា​៖ ​«​ចូរ​អ្នក​សង់​ផ្ទះ​មួយ​ក្នុង​ក្រុង​យេរូសាឡិម​ទៅ រួច​រស់​នៅ​ទី​នោះ ហើយ​កុំ​ចេញ​ពី​ក្រុង​ទៅ​កន្លែង​ណា​ទៀត​ឡើយ។ ៣៧ នៅ​ថ្ងៃ​ណា​ដែល​អ្នក​ចេញ ហើយ​ឆ្លង​ជ្រលង​គីដ្រុន+ អ្នក​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន។ អ្នក​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់​អ្នក​»។ ៣៨ ស៊ីមម៉ាយ​តប​ទៅ​ស្ដេច​ថា​៖ ​«​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍​គឺ​សម​គួរ​ណាស់។ ខ្ញុំ​ជា​អ្នក​បម្រើ​លោក​នឹង​ធ្វើ​តាម​ដូច​ដែល​លោក​ម្ចាស់​មាន​ប្រសាសន៍​»។ ដូច្នេះ ស៊ីមម៉ាយ​បាន​អាស្រ័យ​នៅ​ក្នុង​ក្រុង​យេរូសាឡិម​អស់​មួយ​រយៈ។

៣៩ លុះ​បី​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បម្រើ​ពីរ​នាក់​របស់​ស៊ីមម៉ាយ​បាន​រត់​ទៅ​ឯ​អាគីស+ជា​កូន​ម៉ាអាកា​ជា​ស្ដេច​ក្រុង​កាថ។ ថ្ងៃ​មួយ មាន​គេ​ប្រាប់​ស៊ីមម៉ាយ​ថា​៖ ​«​មើល! ខ្ញុំ​បម្រើ​របស់​អ្នក​នៅ​ក្នុង​ក្រុង​កាថ​»។ ៤០ ភ្លាម​នោះ ស៊ីមម៉ាយ​បាន​ចង​កែប​លា ហើយ​ទៅ​ជួប​អាគីស​នៅ​ក្រុង​កាថ ដើម្បី​ស្វែង​រក​ខ្ញុំ​បម្រើ​របស់​គាត់។ លុះ​ឃើញ​ហើយ ស៊ីមម៉ាយ​ក៏​នាំ​ខ្ញុំ​បម្រើ​ត្រឡប់​មក​វិញ។ ៤១ ពេល​នោះ មាន​គេ​ជម្រាប​សាឡូម៉ូន​ថា​៖ ​«​ស៊ីមម៉ាយ​បាន​ចេញ​ពី​ក្រុង​យេរូសាឡិម​ទៅ​ក្រុង​កាថ ហើយ​បាន​ត្រឡប់​មក​វិញ​ហើយ​»។ ៤២ ឮ​ដូច្នេះ ស្ដេច​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ស៊ីមម៉ាយ​មក ហើយ​ស្ដេច​សួរ​គាត់​ថា​៖ ​«​តើ​ខ្ញុំ​មិន​បាន​ឲ្យ​អ្នក​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា ហើយ​មិន​បាន​ព្រមាន​អ្នក​ទេ​ឬ​ថា​៖ ‹នៅ​ថ្ងៃ​ណា​ដែល​អ្នក​ចេញ​ពី​ទី​នេះ​ទៅ​កន្លែង​ណា​ទៀត អ្នក​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន›? ហើយ​តើ​អ្នក​មិន​បាន​និយាយ​មក​ខ្ញុំ​ទេ​ឬ​ថា​៖ ‹អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍​គឺ​សម​គួរ​ណាស់›? អ្នក​ថែម​ទាំង​និយាយ​ថា​៖ ‹ខ្ញុំ​នឹង​ធ្វើ​តាម›​មែន​ទេ?+ ៤៣ ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​មិន​គោរព​តាម​ពាក្យ​ដែល​អ្នក​បាន​ស្បថ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​តាម​បង្គាប់​ដែល​ខ្ញុំ​បាន​ឲ្យ​ដល់​អ្នក?​»។ ៤៤ បន្ទាប់​មក ស្ដេច​និយាយ​ទៅ​ស៊ីមម៉ាយ​ថា​៖ ​«​អ្នក​ដឹង​ក្នុង​ចិត្ត​ហើយ​ថា​អ្នក​បាន​ធ្វើ​អំពើ​អាក្រក់​ជា​ច្រើន​មក​លើ​ដាវីឌ​ឪពុក​ខ្ញុំ+ ឥឡូវ​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​អំពើ​អាក្រក់​ទាំង​នោះ​ធ្លាក់​លើ​អ្នក​វិញ។+ ៤៥ ប៉ុន្តែ ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​ដល់​ខ្ញុំ+ ហើយ​តាំង​បល្ល័ង្ក​របស់​ដាវីឌ​ឲ្យ​មាំ​ជា​រៀង​រហូត​»។ ៤៦ ក្រោយ​មក ស្ដេច​បាន​បញ្ជា​បេនណាយ៉ា​ជា​កូន​យេហូយ៉ាដា ឲ្យ​សម្លាប់​ស៊ីមម៉ាយ​ទៅ។+

រាជាណាចក្រ​របស់​សាឡូម៉ូន​ក៏​បាន​តាំង​ឡើង​យ៉ាង​មាំ​ក្រោម​ការ​គ្រប់​គ្រង​របស់​គាត់។+

៣ សាឡូម៉ូន​បាន​ចង​សម្ព័ន្ធភាព​នឹង​ផារ៉ូ​ស្ដេច​ស្រុក​អេហ្ស៊ីប ដោយ​រៀប​ការ​ជា​មួយ​នឹង​កូន​ស្រី​របស់​គាត់។+ សាឡូម៉ូន​បាន​នាំ​នាង​ទៅ​ស្នាក់​នៅ​ក្នុង​ក្រុង​ដាវីឌ+ ព្រោះ​វិមាន​ស្ដេច វិហារ​របស់​ព្រះ​យេហូវ៉ា និង​កំពែង​ក្រុង​យេរូសាឡិម​មិន​ទាន់​បាន​ត្រូវ​សង់​រួច​រាល់។+ ២ នៅ​គ្រា​នោះ បណ្ដា​ជន​នៅ​តែ​ជូន​គ្រឿង​បូជា​នៅ​លើ​ទី​ខ្ពស់​ពិសិដ្ឋ+ ដោយ​សារ​វិហារ​ដែល​តំណាង​នាម​ព្រះ​យេហូវ៉ា​មិន​ទាន់​បាន​ត្រូវ​សាង​សង់​នៅ​ឡើយ។+ ៣ សាឡូម៉ូន​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​តាម​ដំបូន្មាន​ដែល​ដាវីឌ​ជា​ឪពុក​បាន​ផ្ដែ​ផ្ដាំ។ ប៉ុន្តែ គាត់​នៅ​តែ​ដុត​និង​ជូន​គ្រឿង​បូជា​នៅ​លើ​ទី​ខ្ពស់​ពិសិដ្ឋ​នៅ​ឡើយ។+

៤ សាឡូម៉ូន​បាន​ទៅ​ឯ​គីបៀន​ដើម្បី​ជូន​គ្រឿង​បូជា​នៅ​ទី​នោះ ព្រោះ​ទី​នោះ​ជា​ទី​ខ្ពស់​ដែល​សំខាន់​បំផុត។+ គាត់​បាន​ជូន​សត្វ​១.០០០​ក្បាល​ជា​គ្រឿង​បូជា​ដុត​នៅ​លើ​ទី​បូជា​នោះ។+ ៥ នៅ​គីបៀន ព្រះ​យេហូវ៉ា​បាន​លេច​មក​ឲ្យ​សាឡូម៉ូន​ឃើញ​ក្នុង​សុបិន​នៅ​វេលា​យប់ ហើយ​ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​សុំ​អ្វី​ដែល​អ្នក​ចង់​បាន​ពី​ខ្ញុំ​ចុះ​»។+ ៦ ខណៈ​នោះ សាឡូម៉ូន​បាន​និយាយ​ថា​៖ ​«​លោក​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​ដាវីឌ​ជា​ឪពុក​របស់​ខ្ញុំ កាល​ដែល​គាត់​បាន​ដើរ​តាម​លោក​ដោយ​ស្មោះ​ត្រង់ ដោយ​សុចរិត និង​ដោយ​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ។ លោក​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ស្មោះ​ត្រង់​ដ៏​ធំ​ធេង​ដល់​គាត់​ជា​និច្ច​ដរាប​មក​ដល់​សព្វ​ថ្ងៃ ដោយ​ឲ្យ​គាត់​មាន​កូន​ប្រុស​មួយ​ស្នង​រាជ្យ​គាត់។+ ៧ ឥឡូវ ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ​អើយ! លោក​បាន​តែង​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ស្ដេច​បន្ទាប់​ពី​ដាវីឌ​ឪពុក​ខ្ញុំ ទោះ​ជា​ខ្ញុំ​នៅ​ក្មេង​ខ្វះ​បទ​ពិសោធន៍​ក្ដី។+ ៨ ខ្ញុំ​ជា​អ្នក​បម្រើ​លោក កំពុង​គ្រប់​គ្រង​លើ​បណ្ដា​ជន​ដែល​លោក​បាន​ជ្រើស​រើស+ គឺ​បណ្ដា​ជន​ដែល​មាន​ចំនួន​ច្រើន​ឥត​គណនា។ ៩ ម្ល៉ោះ​ហើយ សូម​ជួយ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ដែល​ចេះ​ស្ដាប់​បង្គាប់​លោក ដើម្បីវិនិច្ឆ័យ​បណ្ដា​ជន+ ព្រម​ទាំង​ចេះ​សម្គាល់​អ្វី​ល្អ​អ្វី​អាក្រក់​ផង។+ យ៉ាង​នេះ ខ្ញុំ​អាច​វិនិច្ឆ័យ​រាស្ត្រ​របស់​លោក​ដែល​មាន​ចំនួន​ដ៏​ច្រើន​នេះ​បាន​»។

១០ ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​សំណូម​ពរ​របស់​សាឡូម៉ូន​ណាស់។+ ១១ រួច​មក ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា​៖ ​«​ដោយ​ព្រោះ​អ្នក​មិន​បាន​សុំ​ឲ្យ​ខ្លួន​អ្នក​មាន​អាយុ​វែង ឬ​មាន​ទ្រព្យ​សម្បត្តិ ឬ​ក៏​សុំ​ឲ្យ​ពួក​សត្រូវ​អ្នក​ស្លាប់ តែ​បាន​សុំ​ឲ្យ​មាន​ការ​យល់​ដឹង​ដើម្បីវិនិច្ឆ័យ​ក្ដី​វិញ+ ១២ នោះ​ខ្ញុំ​នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​អ្នក+ ដោយ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​និង​សមត្ថភាព​យល់​ដឹង​ច្រើន​លើស​លប់+ ដល់​ម្ល៉េះ​បាន​ជា​នៅ​មុន​និង​ក្រោយ​អ្នក​មិន​ដែល​មាន​អ្នក​ណា​ដូច​អ្នក​ទេ។+ ១៣ លើស​ពី​នោះ ខ្ញុំ​ក៏​នឹង​ឲ្យ​អ្វី​ដែល​អ្នក​មិន​បាន​សុំ​ដែរ+ គឺ​ទាំង​ទ្រព្យ​សម្បត្តិ​ទាំង​កិត្តិយស​ផង។+ ហេតុ​នេះ នឹង​គ្មាន​ស្ដេច​ណា​ទៀត​ដូច​អ្នក​ក្នុង​គ្រា​របស់​អ្នក​ឡើយ។+ ១៤ បើ​អ្នក​ដើរ​តាម​ផ្លូវ​របស់​ខ្ញុំ​ដោយ​បន្ត​កាន់​តាម​បញ្ញត្តិ​និង​បង្គាប់​របស់​ខ្ញុំ​ទាំង​ប៉ុន្មាន ដូច​ដាវីឌ​ឪពុក​របស់​អ្នក+ នោះ​ខ្ញុំ​នឹង​ឲ្យ​អ្នក​មាន​ជីវិត​យូរ​អង្វែង​ផង​ដែរ​»។+

១៥ លុះ​ភ្ញាក់​ពី​ដំណេក សាឡូម៉ូន​ដឹង​ថា​នោះ​ជា​ការ​យល់​សប្ដិ​ទេ។ បន្ទាប់​មក គាត់​បាន​ទៅ​ក្រុង​យេរូសាឡិម ហើយ​ឈរ​នៅ​មុខ​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា រួច​ជូន​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​មេត្រី+ ហើយ​គាត់​រៀបចំ​ពិធី​ភោជនាហារ​យ៉ាង​ធំ​ឲ្យ​អ្នក​បម្រើ​ទាំង​អស់​របស់​គាត់។

១៦ កន្លង​ក្រោយ​មក មាន​ស្ត្រី​ពេស្យា​ពីរ​នាក់​ចូល​មក​ជួប​ស្ដេច។ ១៧ ស្ត្រី​ទី​១​បាន​និយាយ​ថា​៖ ​«​លោក​ម្ចាស់ ស្ត្រី​នេះ​និង​ខ្ញុំ​អាស្រ័យ​នៅ​ផ្ទះ​ជា​មួយ​គ្នា។ ខ្ញុំ​បាន​សម្រាល​កូន​កាល​ដែល​នាង​នៅ​ក្នុង​ផ្ទះ។ ១៨ លុះ​បី​ថ្ងៃ​ក្រោយ​មក ស្ត្រី​នេះ​ក៏​បាន​សម្រាល​កូន​ដែរ។ នាង​និង​ខ្ញុំ​នៅ​ជា​មួយ​គ្នា​តែ​ពីរ​នាក់ គ្មាន​អ្នក​ណា​ទៀត​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នឹង​យើង​ទេ។ ១៩ គាប់​ជួន​យប់​មួយ កូន​ប្រុស​របស់​ស្ត្រី​នេះ​បាន​ស្លាប់ ដោយ​សារ​នាង​ដេក​សង្កត់​លើ។ ២០ នៅ​កណ្ដាល​អធ្រាត្រ កាល​ខ្ញុំ​កំពុង​ដេក​លក់​ទាំង​មាន​កូន​នៅ​ក្បែរ នាង​បាន​ក្រោក​ឡើង​យក​កូន​ចេញ​ពី​ខ្ញុំ ហើយ​ដាក់​កូន​របស់​នាង​ដែល​ស្លាប់​មក​ជំនួស​វិញ។ ២១ លុះ​ព្រឹក​ឡើង ខ្ញុំ​បាន​ក្រោក​ពី​ដំណេក​ដើម្បី​បំបៅ​កូន ស្រាប់​តែ​ឃើញ​ថា​កូន​នោះ​បាន​ស្លាប់​ហើយ។ ខ្ញុំ​ក៏​ពិនិត្យ​មើល​យ៉ាង​ហ្មត់​ចត់ ហើយ​ឃើញ​ថា​កូន​នោះ​មិន​មែន​ជា​កូន​របស់​ខ្ញុំ​ទេ​»។ ២២ ប៉ុន្តែ ស្ត្រី​ទី​២​និយាយ​ថា​៖ ​«​ទេ! កូន​ដែល​នៅ​រស់​ជា​កូន​របស់​ខ្ញុំ ចំណែក​កូន​ដែល​ស្លាប់​ជា​កូន​របស់​អ្នក!​»។ ប៉ុន្តែ ស្ត្រី​ទី​១​និយាយ​ថា​៖ ​«​ទេ! កូន​ដែល​ស្លាប់​ជា​កូន​របស់​អ្នក ឯ​កូន​ដែល​នៅ​រស់​ជា​កូន​របស់​ខ្ញុំ​»។ ពួក​នាង​ចេះ​តែ​ប្រកែក​គ្នា​ដូច្នោះ នៅ​ចំពោះ​ស្ដេច។

២៣ នៅ​ទី​បំផុត ស្ដេច​បាន​និយាយ​ថា​៖ ​«​ស្ត្រី​ម្នាក់​នេះ​ថា​៖ ‹កូន​របស់​ខ្ញុំ​ជា​កូន​ដែល​នៅ​រស់ ឯ​កូន​ដែល​ស្លាប់​ជា​កូន​របស់​អ្នក!›។ ចំណែក​ស្ត្រី​ម្នាក់​នោះ​ថា​៖ ‹ទេ! កូន​របស់​អ្នក​ជា​កូន​ដែល​ស្លាប់ ឯ​កូន​ដែល​រស់​ជា​កូន​របស់​ខ្ញុំ!›​»។ ២៤ រួច​ស្ដេច​និយាយ​ថា​៖ ​«​ចូរ​យក​ដាវ​មួយ​ឲ្យ​ខ្ញុំ​»។ ដូច្នេះ គេ​បាន​យក​ដាវ​មួយ​មក​ជូន​ស្ដេច។ ២៥ ខណៈ​នោះ ស្ដេច​និយាយ​ថា​៖ ​«​ចូរ​កាត់​កូន​ដែល​រស់​នោះ​ជា​ពីរ​ទៅ ហើយ​ឲ្យ​មួយ​ចំណែក​ដល់​ស្ត្រី​ម្នាក់​នេះ ឯ​មួយ​ចំណែក​ទៀត​ឲ្យ​ដល់​ស្ត្រី​ម្នាក់​នោះ​»។ ២៦ ឮ​ដូច្នោះ ស្ត្រី​ជា​ម្ដាយ​មាន​ចិត្ត​អាណិត​អាសូរ​ដល់​កូន​របស់​នាង​ជា​ខ្លាំង ហើយ​ក៏​បាន​អង្វរ​ស្ដេច​ថា​៖ ​«​លោក​ម្ចាស់! សូម​ប្រគល់​កូន​ដែល​រស់​នោះ​ឲ្យ​នាង​ចុះ! សូម​កុំ​សម្លាប់​កូន​នោះ​អី!​»។ ប៉ុន្តែ ស្ត្រី​ទី​២​និយាយ​ថា​៖ ​«​កូន​នោះ​នឹង​មិន​ទៅ​ជា​របស់​អ្នក​ឬ​របស់​ខ្ញុំ​ទេ! ឲ្យ​គេ​កាប់​កូន​នោះ​ជា​ពីរ​ទៅ!​»។ ២៧ បន្ទាប់​មក ស្ដេច​និយាយ​ថា​៖ ​«​កុំ​សម្លាប់​កូន​នោះ​អី! ចូរ​ប្រគល់​កូន​ដែល​នៅ​រស់​ឲ្យ​ស្ត្រី​ទី​១​ទៅ! ព្រោះ​នាង​គឺ​ជា​ម្ដាយ​កូន​នោះ​ហើយ​»។

២៨ បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​បាន​ឮ​អំពី​ការ​វិនិច្ឆ័យ​ក្ដី​ដែល​ស្ដេច​បាន​ធ្វើ​នោះ ហើយ​ពួក​គេ​បាន​កោត​ស្ងើច​នឹង​ស្ដេច+ ព្រោះ​ពួក​គេ​យល់​ឃើញ​ថា​ព្រះ​បាន​ឲ្យ​ប្រាជ្ញា​ដល់​ស្ដេច​ដើម្បីវិនិច្ឆ័យ​ក្ដី​ដោយ​យុត្តិធម៌។+

៤ ស្ដេច​សាឡូម៉ូន​បាន​គ្រប់​គ្រង​លើ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល+ ២ ហើយ​គាត់​មាន​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ដូច​ត​ទៅ​៖ អាសារៀ​ជា​កូន​សេដុក+ មាន​តំណែង​ជា​សង្ឃ ៣ អេលីហូរែប​និង​អាហាយ៉ា​ជា​កូន​ស៊ីសសា មាន​តំណែង​ជា​លេខាធិការ+ យេហូសាផាត+ជា​កូន​អាហាយលូត មាន​តំណែង​ជា​អ្នក​កត់​ត្រា ៤ បេនណាយ៉ា+ជា​កូន​យេហូយ៉ាដា មាន​តំណែង​ជា​មេ​ទ័ព រីឯ​សេដុក​និង​អាប៊ីយ៉ាថា+មាន​តំណែង​ជា​សង្ឃ ៥ អាសារៀ​ជា​កូន​ណាថាន់+ គ្រប់​គ្រង​លើ​ពួក​អភិបាល សាប៊ុត​ជា​កូន​ណាថាន់ មាន​តំណែង​ជា​សង្ឃ ហើយ​គាត់​ជា​សម្លាញ់​របស់​ស្ដេច+ ៦ អាហាយសា​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​វិមាន​ស្ដេច ហើយ​អាដូណាយរ៉ាម+ជា​កូន​អាប់ដា មាន​តំណែង​ជា​មេ​កំណែន។+

៧ សាឡូម៉ូន​បាន​តែង​តាំង​អភិបាល​១២​នាក់​ឲ្យ​ត្រួត​ត្រា​លើ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល។ ពួក​គាត់​ផ្គត់​ផ្គង់​ស្បៀងអាហារ​ដល់​ស្ដេច​និង​ពួក​អ្នក​ដែល​នៅ​ក្នុង​វិមាន។ មួយ​ឆ្នាំ​ម្ដង ពួក​គាត់​ម្នាក់​ៗ​មាន​វេន​ទទួល​ខុស​ត្រូវ​ខាង​ការ​ផ្គត់​ផ្គង់​ស្បៀងអាហារ​អស់​មួយ​ខែ។+ ៨ ពួក​គាត់​មាន​ឈ្មោះ​ដូច​ត​ទៅ​៖ កូន​របស់​ហឺរ​ត្រួត​ត្រា​តំបន់​ភ្នំ​អេប្រាអ៊ីម ៩ កូន​របស់​ដេកឺ​ត្រួត​ត្រា​ក្រុង​ស្អាលប៊ីម+ ក្រុង​បេតសេមែស ក្រុង​អេឡូនបេតហេណាន និង​ម៉ា​កាស ១០ កូន​របស់​ហេសេត​ត្រួត​ត្រា​ក្រុង​អារូបូត (​គាត់​ត្រួត​ត្រា​ក្រុង​សូគរ​និង​ទូ​ទាំង​តំបន់​ហេផឺ​) ១១ កូន​របស់​អាប៊ីណាដាប​ត្រួត​ត្រា​តំបន់​ភ្នំ​នៅ​ក្រុង​ដោ (​គាត់​បាន​រៀប​ការ​នឹង​ថាផាត​កូន​ស្រី​សាឡូម៉ូន​) ១២ បាអាណា​ជា​កូន​អាហាយលូត ត្រួត​ត្រា​ក្រុង​ថេអាណាក ក្រុង​មេគីដោ+ និង​តំបន់​ជុំវិញ​ក្រុង​បេតសៀន+ ដែល​នៅ​ក្រោម​យេសរៀល ហើយ​នៅ​ក្បែរ​តំបន់​សារីថាន គឺ​ចាប់​ពី​ក្រុង​បេតសៀន​ដល់​ក្រុង​អេបិល​មិហូឡា រហូត​ទៅ​ដល់​តំបន់​យ៉ុកមៀម+ ១៣ កូន​របស់​កេបឺ​ត្រួត​ត្រា​រ៉ាម៉ូតគីលាត+ (​គាត់​ត្រួត​ត្រា​ភូមិ​ត្រសាល​របស់​យ៉ាអៀ+ជា​កូន​ម៉ាណាសេ នៅ​ស្រុក​គីលាត។+ គាត់​ក៏​ត្រួត​ត្រា​តំបន់​អាកុប+ដែល​នៅ​បាសាន+ គឺ​ក្រុង​ធំ​ៗ​៦០​ដែល​មាន​កំពែង​និង​រនុក​ស្ពាន់​) ១៤ អាហ៊ីនណាដាប់​ជា​កូន​អ៊ីតដូ ត្រួត​ត្រា​ក្រុង​ម៉ាហាណែម+ ១៥ អាហ៊ីមម៉ាអេស​ត្រួត​ត្រា​តំបន់​ណែបថាលី (​គាត់​បាន​រៀប​ការ​នឹង​បាសេម៉ាត​ជា​កូន​ស្រី​ម្នាក់​ទៀត​របស់​សាឡូម៉ូន​) ១៦ បាអាណា​ជា​កូន​ហ៊ូសាយ ត្រួត​ត្រា​តំបន់​អេស៊ើរ​និង​តំបន់​បេអាឡូត ១៧ យេហូសាផាត​ជា​កូន​ផារូអា ត្រួត​ត្រា​តំបន់​អ៊ីសាខារ ១៨ ស៊ីមម៉ាយ+ជា​កូន​អ៊ីឡា ត្រួត​ត្រា​តំបន់​បេនយ៉ាមីន+ ១៩ កេបឺ​ជា​កូន​យូរ៉ាយ ត្រួត​ត្រា​ស្រុក​គីលាត+ ជា​ស្រុក​របស់​ស៊ីហុន+ ស្ដេច​ជន​ជាតិ​អាម៉ូរី និង​ជា​ស្រុក​របស់​អុក+ ស្ដេច​តំបន់​បាសាន។ មាន​មន្ត្រី​មួយ​រូប​ដែល​គ្រប់​គ្រង​លើ​អភិបាល​ទាំង​នេះ។

២០ បណ្ដា​ជន​យូដា​និង​អ៊ីស្រាអែល​មាន​ចំនួន​ច្រើន​សន្ធឹក​ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។+ ពួក​គេ​មាន​អាហារ​ជា​បរិបូរ ហើយ​រស់​នៅ​យ៉ាង​សប្បាយ​រីក​រាយ។+

២១ សាឡូម៉ូន​បាន​គ្រប់​គ្រង​លើ​រាជាណាចក្រ​ទាំង​ប៉ុន្មាន ចាប់​ពី​ទន្លេ​អឺប្រាត+ទៅ​ដល់​ទឹក​ដី​របស់​ជន​ជាតិ​ភីលីស្ទីន ហើយ​រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​អេហ្ស៊ីប។ ពួក​គេ​បាន​ជូន​សួយ​អាករ​ដល់​សាឡូម៉ូន ហើយ​នៅ​ជា​ចំណុះ​គាត់​រហូត​ដល់​គាត់​ស្លាប់។+

២២ អាហារ​ប្រចាំ​ថ្ងៃ​សម្រាប់​ផ្គត់​ផ្គង់​ក្នុង​វិមាន​របស់​សាឡូម៉ូន មាន​ម្សៅ​ម៉ដ្ឋ​៣០​រង្វាល់* និង​ម្សៅ​ធម្មតា​៦០​រង្វាល់ ២៣ គោ​បំប៉ន​ធាត់​ៗ​១០​ក្បាល គោ​នៅ​វាល​២០​ក្បាល និង​ចៀម​១០០​ក្បាល រួម​ទាំង​ប្រើស ឈ្លូស ក្ដាន់ និង​សត្វ​ស្លាប​បំប៉ន​ធាត់​ៗ។ ២៤ សាឡូម៉ូន​បាន​គ្រប់​គ្រង​តំបន់​ទាំង​ប៉ុន្មាន​នៅ​ខាង​លិច​ទន្លេ​អឺប្រាត+ ចាប់​ពី​ធីបសា​ដល់​កា​សា។+ ឯ​ស្ដេច​នា​នា​ដែល​នៅ​ខាង​លិច​ទន្លេ​ក៏​នៅ​ជា​ចំណុះ​គាត់​ដែរ។ គ្រា​នោះ មាន​សន្តិភាព​គ្រប់​ទិស​ទី។+ ២៥ ក្រោម​ការ​គ្រប់​គ្រង​របស់​សាឡូម៉ូន បណ្ដា​ជន​យូដា​និង​អ៊ីស្រាអែល​បាន​រស់​នៅ​ដោយ​សុខ​សាន្ត ចាប់​ពី​ដាន់​រហូត​ដល់​បៀរសេបា គ្រប់​គ្នា​អង្គុយ​ក្រោម​ដើម​ទំពាំង​បាយ​ជូរ និង​ដើម​ល្វា​តូច​របស់​ខ្លួន។

២៦ សាឡូម៉ូន​មាន​ក្រោល​សេះ​ដែល​មាន​បន្ទប់​៤.០០០* សម្រាប់​ដាក់​សេះ​ដែល​ទឹម​រទេះ​ចម្បាំង ហើយ​មាន​សេះ*១២.០០០​ក្បាល។+

២៧ ពួក​អភិបាល​បាន​ផ្គត់​ផ្គង់​ស្បៀងអាហារ​ដល់​ស្ដេច​សាឡូម៉ូន និង​អស់​អ្នក​ដែល​បរិភោគ​នៅ​តុ​របស់​ស្ដេច។ អភិបាល​ម្នាក់​ៗ​បាន​មើល​ការ​ខុស​ត្រូវ​តាម​វេន​ក្នុង​ខែ​របស់​ខ្លួន មិន​ឲ្យ​ខ្វះ​ខាត​អ្វី​ឡើយ។+ ២៨ ពួក​គាត់​ក៏​បាន​ផ្ដល់​ស្រូវ*និង​ចំបើង​សម្រាប់​ហ្វូង​សេះ និង​សេះ​ទឹម​រទេះ​ចម្បាំង​ទៅ​តាម​កន្លែង​ដែល​គេ​ត្រូវ​ការ តាម​ដែល​ស្ដេច​បាន​កំណត់​ឲ្យ។

២៩ ព្រះ​បាន​ឲ្យ​សាឡូម៉ូន​មាន​ប្រាជ្ញា​ច្រើន​លើស​លប់ និង​សមត្ថភាព​វែក​ញែក​យ៉ាង​ពូកែ ព្រម​ទាំង​មាន​ការ​យល់​ដឹង​ទូលំ​ទូលាយ ដែល​គ្មាន​នរណា​អាច​វាស់​ស្ទង់​បាន​ឡើយ។*+ ៣០ សាឡូម៉ូន​មាន​ប្រាជ្ញា​លើស​អស់​អ្នក​ដែល​មក​ពី​ស្រុកខាងកើត និង​អស់​អ្នក​ដែល​នៅ​ស្រុក​អេហ្ស៊ីប។+ ៣១ គាត់​មាន​ប្រាជ្ញា​លើស​មនុស្ស​ឯ​ទៀត គឺ​មាន​ប្រាជ្ញា​ជាង​អ៊ីថាន+ជា​កូន​ចៅ​អែសរ៉ា និង​ហេម៉ាន+ កាល់កូល+ និង​ដាដា​ដែល​ជា​កូន​ម៉ាហូល។ កិត្តិ​នាម​របស់​សាឡូម៉ូន​ល្បី​រន្ទឺ​ដល់​គ្រប់​ប្រជា​ជាតិ​ដែល​នៅ​ជុំវិញ។+ ៣២ គាត់​បាន​និពន្ធ​សុភាសិត​៣.០០០​ខ+ ហើយ​តែង​ចម្រៀង+១.០០៥​បទ។ ៣៣ គាត់​បាន​ពណ៌នា​អំពី​ដើម​ឈើ​ផ្សេង​ៗ គឺ​ពី​ដើម​ស៊ីដារ*នៅ​តំបន់​ភ្នំ​លីបង់ រហូត​ដល់​ដើម​ហ៊ីសុប+ដែល​ដុះ​នៅ​លើ​កំពែង។ គាត់​ក៏​បាន​រៀប​រាប់​អំពី​សត្វ​ជើង​បួន+ សត្វ​ស្លាប+ សត្វ​លូន​វារ សត្វ​ល្អិត+ និង​ត្រី​ផង​ដែរ។ ៣៤ មនុស្ស​ពី​គ្រប់​ប្រជា​ជាតិ​បាន​មក​ស្ដាប់​សម្ដី​របស់​សាឡូម៉ូន​ដែល​ប្រកប​ដោយ​ប្រាជ្ញា។ ឯ​បណ្ដា​ស្ដេច​នៅ​ទូ​ទាំង​ផែនដី​ក៏​បាន​ឮ​អំពី​ប្រាជ្ញា​របស់​គាត់​ដែរ។+

៥ ហ៊ីរ៉ាម​ជា​ស្ដេច​ក្រុង​ទីរ៉ុស+ គាត់​ជា​មិត្ត​សម្លាញ់​របស់​ដាវីឌ​តាំង​ពី​យូរ​មក​ហើយ។ ពេល​គាត់​បាន​ឮ​ថា​សាឡូម៉ូន​បាន​ត្រូវ​តែង​តាំង​ជា​ស្ដេច​បន្ទាប់​ពី​ដាវីឌ គាត់​ក៏​បាន​ចាត់​អ្នក​បម្រើ​របស់​គាត់​ឲ្យ​ទៅ​ជួប​សាឡូម៉ូន។+ ២ សាឡូម៉ូន​ក៏​បាន​ផ្ញើ​សារ​ទៅ​ហ៊ីរ៉ាម​ថា​៖+ ៣ ​«​លោក​បាន​ជ្រាប​ហើយ​ថា​ដាវីឌ​ឪ​ពុក​ខ្ញុំ​មិន​អាច​សង់​វិហារ​សម្រាប់​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់​ទេ ព្រោះ​មាន​សត្រូវ​ពី​គ្រប់​ទិស​ទី​ធ្វើ​ចម្បាំង​នឹង​គាត់ រហូត​ទាល់​តែ​ព្រះ​យេហូវ៉ា​បាន​ដាក់​ពួក​សត្រូវ​ទាំង​នោះ​នៅ​ក្រោម​បាត​ជើង​របស់​គាត់។+ ៤ ប៉ុន្តែ ឥឡូវ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ បាន​ឲ្យ​ខ្ញុំ​មាន​សេចក្ដី​សុខ​សាន្ត​នៅ​គ្រប់​ទិស​ទី។+ គ្មាន​អ្នក​ណា​ម្នាក់​ប្រឆាំង​នឹង​ខ្ញុំ​ទេ ហើយ​ក៏​គ្មាន​ការ​អាក្រក់​កើត​ឡើង​ដែរ។+ ៥ ដូច្នេះ ខ្ញុំ​មាន​បំណង​សង់​វិហារ​សម្រាប់​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ ដូច​ព្រះ​យេហូវ៉ា​បាន​សន្យា​នឹង​ដាវីឌ​ឪ​ពុក​ខ្ញុំ​ថា​៖ ‹កូន​ប្រុស​របស់​អ្នក ដែល​ខ្ញុំ​នឹង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​អ្នក គាត់​ជា​អ្នក​ដែល​នឹង​សង់​វិហារ​សម្រាប់​នាម​ខ្ញុំ›។+ ៦ ឥឡូវ សូម​បង្គាប់​រាស្ដ្រ​លោក​ឲ្យ​កាត់​ដើម​ស៊ីដារ*នៅ​តំបន់​ភ្នំ​លីបង់+ឲ្យ​ខ្ញុំ។ ពួក​អ្នក​បម្រើ​ខ្ញុំ​នឹង​ធ្វើ​ការ​ជា​មួយ​នឹង​ពួក​អ្នក​បម្រើ​លោក ហើយ​ខ្ញុំ​នឹង​បង់​ថ្លៃ​ឈ្នួល​ឲ្យ​ពួក​អ្នក​បម្រើ​លោក តាម​តម្លៃ​ដែល​លោក​បាន​កំណត់ ព្រោះ​លោក​ជ្រាប​ហើយ​ថា​គ្មាន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ពួក​យើង​ចេះ​កាប់​ឈើ​ដូច​ពួក​ស៊ីដូន​ទេ​»។+

៧ ពេល​ហ៊ីរ៉ាម​ឮ​ពាក្យ​របស់​សាឡូម៉ូន​ហើយ គាត់​ត្រេក​អរ​ជា​ខ្លាំង រួច​និយាយ​ថា​៖ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​បាន​ទទួល​ការ​សរសើរ​តម្កើង​នៅ​ថ្ងៃ​នេះ ព្រោះ​លោក​បាន​ឲ្យ​ដាវីឌ​មាន​កូន​ប្រុស​ម្នាក់​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ឲ្យ​គ្រប់​គ្រង​លើ​រាស្ត្រ​ដ៏​ធំនេះ!​»។+ ៨ ដូច្នេះ ហ៊ីរ៉ាម​បាន​ផ្ញើ​សារ​ទៅ​សាឡូម៉ូន​ថា​៖ ​«​ខ្ញុំ​បាន​ទទួល​សារ​ដែល​លោក​ផ្ញើមក​ខ្ញុំ​ហើយ។ ខ្ញុំ​នឹង​ផ្ដល់​ឈើ​ស៊ីដារ​និង​ឈើ​យូនីពើ*តាម​បំណង​លោក​ទាំង​អស់។+ ៩ ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​នឹង​យក​ឈើ​ទាំង​នោះ​ចុះ​ពី​តំបន់​ភ្នំ​លីបង់​ទៅ​ដល់​សមុទ្រ ហើយ​ចង​ជា​ក្បូន​បណ្ដែត​តាម​សមុទ្រ​ដល់​កន្លែង​ដែល​លោក​បាន​កំណត់​ឲ្យ។ នៅ​ទី​នោះ ខ្ញុំ​នឹង​ឲ្យ​គេ​ស្រាយ​ឈើ​ទាំង​នោះ​ចេញ​ពី​គ្នា ដើម្បី​ឲ្យ​ពួក​លោក​យក​ទៅ​បាន។ ឯ​លោក​វិញ សូម​ផ្ដល់​ស្បៀងអាហារ​ដល់​ពួក​អ្នក​ផ្ទះ​ខ្ញុំ ដូច​ដែល​ខ្ញុំ​បាន​ស្នើ​នោះ​»។+

១០ ដូច្នេះ ហ៊ីរ៉ាម​បាន​ផ្ដល់​ឈើ​ស៊ីដារ​និង​ឈើ​យូនីពើ​តាម​បំណង​របស់​សាឡូម៉ូន។ ១១ បន្ទាប់​មក សាឡូម៉ូន​ឲ្យ​ហ៊ីរ៉ាម​នូវ​ស្រូវ​សាលី​២០.០០០​រង្វាល់* សម្រាប់​ផ្គត់​ផ្គង់​ពួក​អ្នក​ផ្ទះ​របស់​គាត់ ព្រម​ទាំង​ប្រេង​អូលីវ​សម្រាំង​២០​រង្វាល់។* ម្ល៉ោះ​ហើយ សាឡូម៉ូន​ឲ្យ​របស់​ទាំង​នេះ​ដល់​ហ៊ីរ៉ាម​រៀង​រាល់​ឆ្នាំ។+ ១២ ព្រះ​យេហូវ៉ា​ឲ្យ​ប្រាជ្ញា​ដល់​សាឡូម៉ូន ដូច​លោក​បាន​សន្យា​នឹង​គាត់។+ នៅ​គ្រា​នោះ​មាន​សេចក្ដី​សុខ​សាន្ត​រវាង​ហ៊ីរ៉ាម​និង​សាឡូម៉ូន ហើយ​ពួក​គាត់​ទាំង​ពីរ​នាក់​បាន​ចង​សម្ព័ន្ធភាព​នឹង​គ្នា។

១៣ ស្ដេច​សាឡូម៉ូន​បាន​កែន​បុរស​៣០.០០០​នាក់​ពី​បណ្ដា​ជន​អ៊ីស្រាអែល​មក​ធ្វើ​ការ​ឲ្យ​គាត់។+ ១៤ គាត់​បាន​ចាត់​ពួក​គេ​ទៅ​តំបន់​ភ្នំ​លីបង់​តាម​វេន គឺ​មួយ​ខែ​១០.០០០​នាក់។ ពួក​គេ​បាន​ចំណាយ​ពេល​មួយ​ខែ​ធ្វើ​ការ​នៅ​តំបន់​ភ្នំ​លីបង់ ពីរ​ខែ​ស្នាក់​នៅ​ផ្ទះ។ ឯ​អាដូណាយរ៉ាម+គឺ​ជា​អ្នក​ត្រួត​ពិនិត្យ​លើ​ពួក​កំណែន។ ១៥ សាឡូម៉ូន​មាន​កម្មករ​៧០.០០០​នាក់ និង​អ្នក​ដាប់​ថ្ម+នៅ​ភ្នំ​៨០.០០០​នាក់។+ ១៦ ក្រៅ​ពី​នោះ ក៏​មាន​ពួក​នាយក​៣.៣០០​នាក់+ធ្វើ​ជា​មេ​ត្រួត​ពិនិត្យ​លើ​ពួក​អ្នក​ធ្វើ​ការ​ដែរ។ ១៧ ស្ដេច​បាន​បង្គាប់​ពួក​គេ​ឲ្យ​ដាប់​ថ្ម​ធំ​ៗ​ជា​ថ្ម​មាន​តម្លៃ+ ដើម្បី​ធ្វើ​ជា​គ្រឹះ+វិហារ។+ ១៨ ដូច្នេះ ពួក​អ្នក​សាង​សង់​របស់​សាឡូម៉ូន និង​ពួក​អ្នក​សាង​សង់​របស់​ហ៊ីរ៉ាម ព្រម​ទាំង​ពួក​កេបាល+ បាន​កាត់​ថ្ម ហើយ​ពួក​គេ​បាន​រៀបចំ​ឈើ​និង​ថ្ម ត្រៀម​ទុក​សម្រាប់​សាង​សង់​វិហារ​របស់​ព្រះ។

៦ សាឡូម៉ូន​បាន​ចាប់​ផ្ដើម​សង់​វិហារ​របស់​ព្រះ​យេហូវ៉ា*+ នៅ​ឆ្នាំ​ទី​៤៨០ ក្រោយ​ពី​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេហ្ស៊ីប+ គឺ​នៅ​ខែ​ស៊ីវ*+ (​ជា​ខែ​ទី​២​) ក្នុង​ឆ្នាំ​ទី​៤​នៃ​ការ​គ្រប់​គ្រង​របស់​គាត់។ ២ វិហារ​ដែល​ស្ដេច​សាឡូម៉ូន​បាន​សង់​ជូន​ព្រះ​យេហូវ៉ា មាន​បណ្ដោយ​៦០​ហត្ថ* ទទឹង​២០​ហត្ថ និង​កំពស់​៣០​ហត្ថ។+ ៣ វិហារ​នោះ​មាន​សាល​មួយ+នៅ​ខាង​មុខ។ សាល​នោះ​បាន​ត្រូវ​សង់​ភ្ជាប់​នឹង​វិហារ ហើយ​មាន​ប្រវែង​២០​ហត្ថ ស្មើ​នឹង​ទទឹង​វិហារ។ សាល​នោះ​មាន​ទទឹង​១០​ហត្ថ បើ​គិត​ចាប់​ពី​ខាង​មុខ​វិហារ។

៤ គាត់​បាន​សង់​បង្អួច*+វិហារ ៥ ហើយ​សង់​អគារ​មួយ​ជាប់​នឹង​ជញ្ជាំង​វិហារ។ អគារ​នោះ​បាន​ត្រូវ​សង់​ព័ទ្ធ​ជុំវិញ​ជញ្ជាំង​កន្លែង​បរិសុទ្ធ*និង​កន្លែង​បរិសុទ្ធ​បំផុត។*+ ក្នុង​អគារ​នោះ គាត់​បាន​សង់​បន្ទប់​ផ្សេង​ៗ។+ ៦ បន្ទប់​ដែល​នៅ​ជាន់​ក្រោម មាន​ទទឹង​៥​ហត្ថ។ បន្ទប់​ដែល​នៅ​ជាន់​កណ្ដាល មាន​ទទឹង​៦​ហត្ថ ហើយ​បន្ទប់​ដែល​នៅ​ជាន់​លើ​បង្អស់ មាន​ទទឹង​៧​ហត្ថ។ គាត់​បាន​ធ្វើ​គន្លាក់​ជញ្ជាំង​សម្រាប់​ទ្រ​ធ្នឹម​ជុំវិញ​វិហារ ដូច្នេះ​គេ​មិន​ចាំ​បាច់​ចោះ​ជញ្ជាំង​វិហារ​ទេ។+

៧ វិហារ​របស់​ព្រះ​បាន​ត្រូវ​សាង​សង់​ដោយ​ប្រើ​ថ្ម​ដែល​គេ​ដាប់​និង​កាត់​ជា​ស្រេច+ ដើម្បី​កុំ​ឲ្យ​មាន​ឮ​សំឡេង​ញញួរ ពូថៅ ឬ​ឧបករណ៍​ដែក​ណា​ពេល​កំពុង​សាង​សង់។ ៨ នៅ​ចំហៀង​ខាង​ស្ដាំ*វិហារ មាន​ទ្វារ​មួយ​ចូល​ទៅ​បន្ទប់​ជាន់​ក្រោម​នៃ​អគារ+ ហើយ​មាន​ជណ្ដើរ​វង់​ឡើង​ទៅ​ជាន់​កណ្ដាល និង​ពី​ជាន់​កណ្ដាល​ទៅ​ជាន់​លើ​បង្អស់។ ៩ គាត់​បាន​ដំឡើង​ធ្នឹម​ដំបូល​ពី​ឈើ​ស៊ីដារ*និង​ដាក់​បន្ទះ​ឈើ​ស៊ីដារ​ជា​ពិតាន+ ហើយ​គាត់​បន្ត​សង់​វិហារ​រហូត​ដល់​បាន​រួច​រាល់។+ ១០ បន្ទប់​នា​នា​ដែល​គាត់​បាន​សង់​ជុំវិញ​វិហារ+ មាន​កម្ពស់​ប្រាំ​ហត្ថ ហើយ​បន្ទប់​ទាំង​នោះ​បាន​ត្រូវ​ភ្ជាប់​នឹង​វិហារ​ដោយ​បន្ទះ​ក្ដារ​ស៊ីដារ។

១១ គ្រា​នោះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​សាឡូម៉ូន​ថា​៖ ១២ ​«​បើ​អ្នក​ធ្វើ​តាម​ច្បាប់​និង​បញ្ញត្តិ ព្រម​ទាំង​គោរព​តាម​ការ​វិនិច្ឆ័យ​របស់​ខ្ញុំ+ នោះ​ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា​នឹង​ដាវីឌ​ឪពុក​អ្នក+ ស្ដី​អំពី​វិហារ​ដែល​អ្នក​កំពុង​សាង​សង់​នេះ។ ១៣ ខ្ញុំ​នឹង​នៅ​ជា​មួយ​បណ្ដា​ជន​អ៊ីស្រាអែល+ ហើយ​មិន​បោះ​បង់​ចោល​ប្រជា​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​ខ្ញុំ​ឡើយ​»។+

១៤ សាឡូម៉ូន​បាន​បន្ត​សាង​សង់​វិហារ​របស់​ព្រះ​រហូត​ដល់​ចប់​សព្វ​គ្រប់។ ១៥ គាត់​សាង​សង់​ជញ្ជាំង​ខាង​ក្នុង​វិហារ​ដោយ​ឈើ​ស៊ីដារ។ គាត់​ស្រោប​ជញ្ជាំង​ខាង​ក្នុង​ដោយ​បន្ទះ​ឈើ​ស៊ីដារ ចាប់​ពី​ក្រោម​ទៅ​ដល់​ពិតាន ហើយ​គាត់​យក​បន្ទះ​ក្ដារ​យូនីពើ*មក​ក្រាល​ជា​កម្រាល​វិហារ។+ ១៦ គាត់​ក៏​រៀបចំ​ផ្នែក​ខាង​ក្រោយ​វិហារ ដែល​មាន​ទំហំ​២០​ហត្ថ ទុក​ធ្វើ​ជា​បន្ទប់​ខាង​ក្នុង​បំផុត។+ គាត់​ស្រោប​បន្ទះ​ក្ដារ​ស៊ីដារ​ជុំវិញ​ក្នុង​បន្ទប់​នោះ ចាប់​ពី​ក្រោម​ទៅ​ដល់​ពិតាន។ បន្ទប់​នោះ​ជា​កន្លែង​បរិសុទ្ធ​បំផុត។+ ១៧ ចំណែក​ឯ​កន្លែង​បរិសុទ្ធ+ដែល​នៅ​ខាង​មុខ​កន្លែង​បរិសុទ្ធ​បំផុត មាន​បណ្ដោយ​៤០​ហត្ថ។ ១៨ នៅ​លើ​ជញ្ជាំង​ឈើ​ស៊ីដារ​ក្នុង​វិហារ​គេ​ឆ្លាក់​ជា​ក្បាច់​ផ្លែ​ឃ្លោក+ និង​ផ្កា​រីក។+ គ្រប់​ទាំង​អស់​សុទ្ធតែ​ជា​ឈើ​ស៊ីដារ ឥត​ឃើញ​ថ្ម​ឡើយ។

១៩ គាត់​ក៏​បាន​រៀបចំ​បន្ទប់​ខាង​ក្នុង​បំផុត+ក្នុង​វិហារ​ដើម្បី​ដាក់​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា។+ ២០ បន្ទប់​ខាង​ក្នុង​បំផុត​មាន​បណ្ដោយ​២០​ហត្ថ ទទឹង​២០​ហត្ថ និង​កម្ពស់​២០​ហត្ថ+ ហើយ​ស្រោប​ដោយ​មាស​សុទ្ធ។ គាត់​ក៏​ស្រោប​ទី​បូជា+ដោយ​ឈើ​ស៊ីដារ។ ២១ សាឡូម៉ូន​ស្រោប​ផ្នែក​ខាង​ក្នុង​វិហារ​ដោយ​មាស​សុទ្ធ+ ហើយ​គាត់​សន្ធឹង​ខ្សែ​ច្រវាក់​មាស​នៅ​មុខ​បន្ទប់​ខាង​ក្នុង​បំផុត។+ ២២ គាត់​បាន​ស្រោប​ខាង​ក្នុង​វិហារ​ទាំង​មូល​ដោយ​មាស។ គាត់​ក៏​ស្រោប​ទី​បូជា​ដែល​នៅ​ជិត​បន្ទប់​ខាង​ក្នុង​បំផុត ដោយ​មាស​ដែរ។+

២៣ ឯ​បន្ទប់​ខាង​ក្នុង​បំផុត គាត់​បាន​ធ្វើ​ចេរូប៊ីន​ពីរ+ដោយ​ឈើ​ស្រល់ ចេរូប៊ីន​នីមួយ​ៗ​មាន​កម្ពស់​១០​ហត្ថ។+ ២៤ ស្លាប​ម្ខាង​របស់​ចេរូប៊ីន​មាន​ប្រវែង​៥​ហត្ថ ហើយ​ស្លាប​ម្ខាង​ទៀត​មាន​ប្រវែង​៥​ហត្ថ ពី​ចុង​ស្លាប​ម្ខាង​ទៅ​ចុង​ស្លាប​ម្ខាង​ទៀត​មាន​ប្រវែង​១០​ហត្ថ។ ២៥ ចេរូប៊ីន​ទី​២​ក៏​មាន​ស្លាប​ប្រវែង​១០​ហត្ថ​ដែរ។ ចេរូប៊ីន​ទាំង​ពីរ​មាន​ទំហំ​និង​រូប​រាង​ដូច​គ្នា។ ២៦ ចេរូប៊ីន​មួយ​មាន​កម្ពស់​១០​ហត្ថ ឯ​ចេរូប៊ីន​មួយ​ទៀត​ក៏​មាន​កម្ពស់​ដូច​គ្នា​ដែរ។ ២៧ រួច​គាត់​ដាក់​ចេរូប៊ីន​ទាំង​ពីរ+ក្នុង​កន្លែង​បរិសុទ្ធ​បំផុត។ ចេរូប៊ីន​ទាំង​ពីរ​ត្រដាង​ស្លាប ចុង​ស្លាប​ចេរូប៊ីន​មួយ​ទល់​នឹង​ជញ្ជាំង​ម្ខាង ហើយ​ចុង​ស្លាប​ចេរូប៊ីន​មួយ​ទៀត​ទល់​នឹង​ជញ្ជាំង​ម្ខាង​ទៀត។ ចុង​ស្លាប​ម្ខាង​ទៀត​របស់​ចេរូប៊ីន​ទាំង​ពីរ​ទល់​គ្នា នៅ​ចំ​កណ្ដាល​បន្ទប់​នោះ។ ២៨ គាត់​បាន​ស្រោប​ចេរូប៊ីន​ទាំង​ពីរ​ដោយ​មាស។

២៩ គាត់​បាន​ឆ្លាក់​រូប​ចេរូប៊ីន+ ដើម​លម៉ើ+ និង​ផ្កា​រីក+ លើ​ជញ្ជាំង​ទាំង​អស់​ក្នុង​វិហារ គឺ​ជុំវិញ​បន្ទប់​ខាង​មុខ​និង​បន្ទប់​ខាង​ក្រោយ។ ៣០ គាត់​ស្រោប​កម្រាល​ឈើ​ក្នុង​វិហារ​ដោយ​មាស គឺ​ក្នុង​បន្ទប់​ខាង​មុខ​និង​បន្ទប់​ខាង​ក្រោយ។ ៣១ ចំណែក​ឯ​ទ្វារ​ចូល​បន្ទប់​ខាង​ក្នុង​បំផុត គាត់​បាន​ធ្វើ​ទ្វារ​ពី​ឈើ​ស្រល់ អម​សង​ខាង​ដោយ​សសរ និង​បង្គោល​ទ្វារ គឺ​ផ្នែក*ទី​៥។* ៣២ ទ្វារ​ពី​ឈើ​ស្រល់​នោះ​មាន​ពីរ​សន្លឹក។ លើ​សន្លឹក​ទ្វារ គាត់​បាន​ឆ្លាក់​រូប​ចេរូប៊ីន ដើម​លម៉ើ និង​ផ្កា​រីក ហើយ​គាត់​បាន​ស្រោប​ទ្វារ​ទាំង​នោះ​ដោយ​មាស។ គាត់​ក៏​ស្រោប​រូប​ចេរូប៊ីន​និង​ដើម​លម៉ើ​ដោយ​មាស​ដែរ។ ៣៣ ឯ​ទ្វារ​ចូល​កន្លែង​បរិសុទ្ធ​វិញ គាត់​ធ្វើ​បង្គោល​ទ្វារ​ពី​ឈើ​ស្រល់​ដែល​មាន​ទម្រង់​ដូច​គ្នា​ដែរ គឺ​ផ្នែក*ទី​៤។* ៣៤ គាត់​បាន​ធ្វើ​ទ្វារ​ពីរ​ផ្ទាំង ពី​ឈើ​យូនីពើ។ ទ្វារ​មួយ​ផ្ទាំង​មាន​ពីរ​សន្លឹក​ដែល​អាច​បត់​ចូល​គ្នា​បាន ហើយ​ទ្វារ​មួយ​ផ្ទាំង​ទៀត​ក៏​មាន​ពីរ​សន្លឹក​ដែល​អាច​បត់​ចូល​គ្នា​បាន​ដែរ។+ ៣៥ គាត់​ឆ្លាក់​រូប​ចេរូប៊ីន ដើម​លម៉ើ និង​ផ្កា​រីក ហើយ​ស្រោប​ចម្លាក់​ទាំង​នោះ​ដោយ​មាស។

៣៦ គាត់​បាន​សង់​របង​ជុំវិញ​ទី​ធ្លា​ខាង​ក្នុង+ ដោយ​ប្រើ​ថ្ម​ដាប់​បី​ជួរ ហើយ​ក៏​ដាក់​ក្ដារ​ស៊ីដារ​មួយ​ជួរ​ផង​ដែរ។+

៣៧ នៅ​ខែ​ស៊ីវ* ក្នុង​ឆ្នាំ​ទី​៤ វិហារ​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ដាក់​គ្រឹះ។+ ៣៨ នៅ​ខែ​ប៊ូល*​(​ជា​ខែ​ទី​៨​) ក្នុង​ឆ្នាំ​ទី​១១ វិហារ​របស់​ព្រះ​បាន​ត្រូវ​សាង​សង់​ចប់​សព្វ​គ្រប់ ស្រប​ទៅ​តាម​ប្លង់​វិហារ។+ ដូច្នេះ គាត់​បាន​ចំណាយ​ពេល​សាង​សង់​វិហារ​អស់​រយៈ​ពេល​៧​ឆ្នាំ។

៧ សាឡូម៉ូន​បាន​សាង​សង់​វិមាន​របស់​គាត់។+ គាត់​ចំណាយ​ពេល​អស់​១៣​ឆ្នាំ ដើម្បី​សាង​សង់​អគារ​ទាំង​អស់​ចប់​សព្វ​គ្រប់។+

២ គាត់​បាន​សង់​មន្ទីរ​ព្រៃ​លីបង់+ ដែល​មាន​បណ្ដោយ​១០០​ហត្ថ ទទឹង​៥០​ហត្ថ និង​កម្ពស់​៣០​ហត្ថ។ មន្ទីរ​នេះ​មាន​សសរ​បួន​ជួរ​ធ្វើ​ពី​ឈើ​ស៊ីដារ* ហើយ​លើ​សសរ​ទាំង​នោះ​មាន​ធ្នឹម​ធ្វើ​ពី​ឈើ​ស៊ីដារ​ដែរ។+ ៣ មន្ទីរ​នេះ​ធ្វើ​ពី​ឈើ​ស៊ីដារ ទ្រ​ដោយ​ធ្នឹម​លើ​សសរ។ នោះ*មាន​ចំនួន​៤៥​ដើម ដែល​តម្រៀប​ជា​ជួរ​ៗ ក្នុង​មួយ​ជួរ​មាន​១៥​ដើម។ ៤ មន្ទីរ​នោះ​មាន​បង្អួច*បី​ជាន់ ហើយ​បង្អួច​នីមួយ​ៗ​ទល់​មុខ​បង្អួច​នៅ​ម្ខាង​ទៀត។ ៥ ទ្វារ​ចូល​និង​ក្រប​ទ្វារ​ទាំង​អស់​សុទ្ធ​តែ​មាន​រាង​បួន​ជ្រុង​ស្មើ* ហើយ​បង្អួច​ដែល​បែរ​ទៅ​ខាង​ក្នុង​ទល់​មុខ​គ្នា​ទាំង​បី​ជាន់ ក៏​មាន​រាង​ដូច​នោះ​ដែរ។

៦ គាត់​ក៏​បាន​សង់​ល្វែង*មួយ​ដែល​មាន​ឈ្មោះ​ថា​ល្វែង​សសរ។ ល្វែង​នោះ​មាន​បណ្ដោយ​៥០​ហត្ថ ទទឹង​៣០​ហត្ថ ហើយ​នៅ​ជាប់​ខាង​មុខ​មាន​រោង​មួយ​ដែល​មាន​សសរ​និង​ដំបូល។

៧ បន្ថែម​ទៀត សាឡូម៉ូន​បាន​សង់​ល្វែង​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា​ល្វែង​បល្ល័ង្ក+ ល្វែង​នោះ​សម្រាប់​វិនិច្ឆ័យ​ក្ដី។+ គាត់​ស្រោប​ល្វែង​នោះ​ដោយ​ឈើ​ស៊ីដារ ចាប់​ពី​ក្រោម​រហូត​ដល់​ពិតាន។

៨ ឯ​វិមាន​ដែល​សាឡូម៉ូន​ស្នាក់​នៅ គាត់​បាន​សង់​តាម​លំនាំ​ស្រដៀង​គ្នា​ដែរ តែ​នៅ​ក្នុង​ទី​លាន​មួយ​ទៀត+ខាង​ក្រោយ​ល្វែង​បល្ល័ង្ក។ គាត់​ក៏​សង់​វិមាន​មួយ​ស្រដៀង​នឹង​ល្វែង​នេះ​ដែរ ឲ្យ​ដល់​កូន​ស្រី​របស់​ផារ៉ូ ដែល​គាត់​បាន​យក​ធ្វើ​ជា​ប្រពន្ធ។+

៩ សំណង់​ទាំង​នេះ​បាន​ត្រូវ​សង់​ពី​ថ្ម​ដែល​មាន​តម្លៃ+ ចាប់​ពី​គ្រឹះ​ឡើង​ដល់​ថ្ម​លើ​បំផុត រហូត​ដល់​ទី​លាន​ធំ។ ថ្ម​ទាំង​នោះ​បាន​ត្រូវ​ដាប់​តម្រូវ​តាម​ទំហំ ហើយ​អារ​តម្រឹម​ដោយ​ប្រដាប់​អារ​ថ្ម ទាំង​ក្នុង​ទាំង​ក្រៅ។+ ១០ គេ​បាន​ដាក់​គ្រឹះ​ដោយ​ថ្ម​ធំ​ៗ​ដែល​មាន​តម្លៃ ថ្ម​ខ្លះ​មាន​ទំហំ​១០​ហត្ថ ឯ​ខ្លះ​ទៀត​ទំហំ​៨​ហត្ថ។ ១១ គេ​យក​ថ្ម​មាន​តម្លៃ ដែល​បាន​ត្រូវ​ដាប់​តម្រូវ​តាម​ទំហំ ហើយ​យក​ឈើ​ស៊ីដារ​មក​សង់​ពី​លើ​គ្រឹះ​នោះ។ ១២ ឯ​ទី​ធ្លា​ធំ គេ​បាន​សង់​របង​ជុំវិញ​ដោយ​ប្រើ​ថ្ម​ដាប់​បី​ជួរ និង​ធ្នឹម​ឈើ​ស៊ីដារ​មួយ​ជួរ គឺ​សង់​តាម​លំនាំ​របង​ទី​ធ្លា​ខាង​ក្នុង+វិហារ​ព្រះ​យេហូវ៉ា​និង​សាល​ខាង​មុខ​វិហារ។+

១៣ ស្ដេច​សាឡូម៉ូន​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​ហ៊ីរ៉ាម+ជា​អ្នក​ក្រុង​ទីរ៉ុស​ឲ្យ​មក​ជួប​គាត់។ ១៤ ហ៊ីរ៉ាម​ជា​កូន​របស់​ស្ត្រី​មេម៉ាយ​ម្នាក់ មក​ពី​កុល​សម្ព័ន្ធ​ណែបថាលី។ ឪពុក​គាត់​ជា​អ្នក​ស្រុក​ទីរ៉ុស មាន​មុខ​របរ​ជា​ជាង​ស្ពាន់។+ ហ៊ីរ៉ាម​ជា​ជាង​ស្ពាន់​ដ៏​ជំនាញ និង​មាន​ការ​យល់​ដឹង+ ព្រម​ទាំង​មាន​ថ្វី​ដៃ​ខាង​ការ​ធ្វើ​គ្រឿង​គ្រប់​ប្រភេទ​ពី​ស្ពាន់។ គាត់​ក៏​បាន​ចូល​ទៅ​ជួប​ស្ដេច​សាឡូម៉ូន ហើយ​បាន​ធ្វើ​ការ​ទាំង​អស់​ឲ្យ​ស្ដេច។

១៥ ហ៊ីរ៉ាម​បាន​ធ្វើ​សសរ​ស្ពាន់​ពីរ+ សសរ​នីមួយ​ៗ​មាន​កម្ពស់​១៨​ហត្ថ ហើយ​បើ​យក​ខ្សែ​មក​វាស់​ជុំវិញ​សសរ​នីមួយ​ៗ ឃើញ​មាន​ប្រវែង​១២​ហត្ថ។+ ១៦ គាត់​ក៏​ធ្វើ​ក្បាល​សសរ​ពីរ ពី​ស្ពាន់​ដើម្បី​ដាក់​លើ​សសរ។ ក្បាល​សសរ​មួយ​មាន​កម្ពស់​ប្រាំ​ហត្ថ ក្បាល​សសរ​មួយ​ទៀត​ក៏​មាន​កម្ពស់​ប្រាំ​ហត្ថ​ដែរ។ ១៧ ក្បាល​សសរ​នីមួយ​ៗ មាន​កម្រង​ច្រវាក់​ប្រទាក់​គ្នា​ជា​ក្បាច់​ក្រឡា​អួន+ ៧​ជួរ​លើ​ក្បាល​សសរ​មួយ ៧​ជួរ​លើ​ក្បាល​សសរ​មួយ​ទៀត។ ១៨ គាត់​ធ្វើ​ផ្លែ​ទទឹម​ជា​ពីរ​ជួរ​ដាក់​លើ​ក្បាច់​ក្រឡា​អួន ដើម្បី​លម្អ​ក្បាល​សសរ​នោះ ហើយ​គាត់​ធ្វើ​ដូច​គ្នា​សម្រាប់​ក្បាល​សសរ​ទាំង​ពីរ។ ១៩ ក្បាល​សសរ​ដែល​នៅ​ខាង​មុខ​សាល មាន​ក្បាច់​ជា​ផ្កា​លីលី​ដែល​មាន​កម្ពស់​បួន​ហត្ថ។ ២០ ត្រង់​ផ្នែក​រីក​ធំ​នៃ​ក្បាល​សសរ​ទាំង​ពីរ​មាន​ក្បាច់​ក្រឡា​អួន និង​ផ្លែ​ទទឹម​ចំនួន​២០០ ដាក់​ជា​ជួរ​ជុំវិញ។+

២១ គាត់​បាន​ដាក់​បញ្ឈរ​សសរ​ទាំង​ពីរ​នៅ​មុខ​សាល​នៃ​វិហារ។+ មួយ​នៅ​ខាង​ស្ដាំ​ដៃ* គាត់​ឲ្យ​ឈ្មោះ​ថា​យ៉ាគីន* មួយ​នៅ​ខាង​ឆ្វេង​ដៃ* គាត់​ឲ្យ​ឈ្មោះ​ថា​បូអូស។*+ ២២ នៅ​ផ្នែក​ខាង​លើ​សសរ​ទាំង​ពីរ​មាន​ក្បាច់​ផ្កា​លីលី។ ដូច្នេះ ការ​ធ្វើ​សសរ​នោះ​បាន​ចប់​សព្វ​គ្រប់។

២៣ រួច​មក គាត់​បាន​ធ្វើ​អាង​ធំ​មួយ​ពី​ស្ពាន់។+ អាង​នោះ​មាន​រាង​មូល ពី​មាត់​ម្ខាង​ទៅ​មាត់​ម្ខាង​មាន​ប្រវែង​១០​ហត្ថ និង​កម្ពស់​៥​ហត្ថ ហើយ​បើ​យក​ខ្សែ​មក​វាស់​ជុំវិញ​អាង ឃើញ​មាន​ប្រវែង​៣០​ហត្ថ។+ ២៤ នៅ​ក្រោម​គែម​មាត់​អាង មាន​ក្បាច់​ផ្លែ​ឃ្លោក+ជុំវិញ ក្នុង​មួយ​ហត្ថ​មាន​ផ្លែ​ឃ្លោក​១០ ហើយ​មាន​ពីរ​ជួរ។ ក្បាច់​ទាំង​នោះ​បាន​ត្រូវ​ចាក់​ពុម្ព​ក្នុង​កាល​ដែល​គេ​ធ្វើ​អាង​នោះ​តែ​ម្ដង។ ២៥ អាង​នោះ​បាន​ត្រូវ​ដាក់​នៅ​លើ​រូប​គោ​ឈ្មោល​១២+ គោ​៣​បែរ​មុខ​ទៅ​ទិស​ខាង​ជើង គោ​៣​បែរ​មុខ​ទៅ​ទិស​ខាង​លិច គោ​៣​បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង និង​គោ​៣​បែរ​មុខ​ទៅ​ទិស​ខាង​កើត ហើយ​គោ​ទាំង​អស់​បែរ​គូទ​ចូល​គ្នា។ ២៦ អាង​នោះ​មាន​កម្រាស់​មួយ​ទះ* ហើយ​មាត់​វា​មាន​រាង​ដូច​មាត់​ពែង និង​ដូច​ផ្កា​លីលី។ អាង​នោះ​អាច​ដាក់​ទឹក​បាន​២.០០០​បាត។*

២៧ គាត់​ក៏​បាន​ធ្វើ​រទេះ*១០​ពី​ស្ពាន់។+ រទេះ​នីមួយ​ៗ​មាន​បណ្ដោយ​បួន​ហត្ថ ទទឹង​បួន​ហត្ថ និង​កម្ពស់​បី​ហត្ថ។ ២៨ រទេះ​ទាំង​នោះ​មាន​ទ្រង់​ទ្រាយ​ដូច​ត​ទៅ​៖ ទ្រុង​រទេះ​មាន​ចម្រឹង​កាត់​ខ្វែង​គ្នា ហើយ​មាន​បន្ទះ​ស្ពាន់​នៅ​លើ​ប្រឡោះ​ចម្រឹង​ទាំង​នោះ។ ២៩ លើ​បន្ទះ​ស្ពាន់​ក្នុង​ប្រឡោះ​ចម្រឹង​នីមួយ​ៗ​មាន​រូប​ឆ្លាក់​ជា​រូប​តោ+ រូប​គោ និង​ចេរូប៊ីន+ ហើយ​លើ​ផ្ទៃ​ចម្រឹង​ក៏​មាន​ក្បាច់​ដូច​គ្នា​ដែរ។ ខាង​លើ​និង​ខាង​ក្រោម​រូប​តោ និង​គោ មាន​ក្បាច់​រំយោល​លម្អ។ ៣០ រទេះ​នីមួយ​ៗ​មាន​កង់​បួន​ធ្វើ​ពី​ស្ពាន់ ភ្លៅ​រទេះ​ក៏​ធ្វើ​ពី​ស្ពាន់​ដែរ ហើយ​មេ​នៃ​ជ្រុង​ទាំង​បួន​ជួយ​ទប់​ភ្លៅ​និង​កង់​រទេះ។ ក្រោម​ចាន​ក្លាំ​មាន​ជើង​ទ្រ ហើយ​ជើង​ទ្រ​នោះ​ចាក់​ពុម្ព​ដោយ​ក្បាច់​រំយោល​នៅ​ជ្រុង​នីមួយ​ៗ។ ៣១ នៅ​លើ​ជើង​ទ្រ​មាន​កង​មួយ។ ឯ​ចាន​ក្លាំ​ដែល​ស៊ក​ចូល​ក្នុង​កង​ជើង​ទ្រ​នោះ មាត់​វា​មាន​រាង​មូល។ ពី​បាត​ចាន​ក្លាំ​ឡើង​ដល់​ត្រឹម​កង​នោះ​មាន​កម្ពស់​មួយ​ហត្ថ។ ពី​ផ្នែក​ខាង​ក្រោម​ជើង​ទ្រ​ឡើង​ដល់​កង​ខាង​លើ​មាន​កម្ពស់​មួយ​ហត្ថ​កន្លះ។ កង​ជើង​ទ្រ​មាន​ឆ្លាក់​ជា​ក្បាច់ ហើយ​មាន​បន្ទះ​ស្ពាន់​ខាង​ក្រៅ​រាង​បួន​ជ្រុង។ ៣២ នៅ​ក្រោម​រទេះ​មាន​កង់​បួន ហើយ​គ្រឿង​ទ្រ​របស់​កង់​បាន​ត្រូវ​ភ្ជាប់​នឹង​តួ​រទេះ។ កង់​នីមួយ​ៗ​មាន​កម្ពស់​មួយ​ហត្ថ​កន្លះ។ ៣៣ កង់​ទាំង​នោះ​មាន​រាង​ដូច​កង់​រទេះ​ចម្បាំង។ គ្រឿង​ទ្រ ខ្នង​កង់ កាំ និង​ដុំ​សុទ្ធ​តែ​ធ្វើ​ពី​ស្ពាន់​ទាំង​អស់។ ៣៤ នៅ​ជ្រុង​ទាំង​បួន​នៃ​រទេះ មាន​មេ​គ្រោង។ មេ​ទាំង​នោះ​បាន​ត្រូវ​ចាក់​ពុម្ព​ភ្ជាប់​នឹង​តួ​រទេះ​តែ​ម្ដង។ ៣៥ នៅ​ផ្នែក​ខាង​លើ​រទេះ​មាន​រង្វង់​មួយ​ដែល​មាន​កម្ពស់​កន្លះ​ហត្ថ ហើយ​មាន​ចម្រឹង​តូច​ៗ​និង​បន្ទះ​ស្ពាន់ ដែល​បាន​ត្រូវ​ចាក់​ពុម្ព​ភ្ជាប់​នឹង​រទេះ។ ៣៦ នៅ​លើ​ផ្ទៃ​ចម្រឹង​តូច​ៗ​និង​លើ​បន្ទះ​ស្ពាន់ ហ៊ីរ៉ាម​បាន​ឆ្លាក់​រូប​ចេរូប៊ីន រូប​តោ និង​ដើម​លម៉ើ ទៅ​តាម​ទំហំ​ចន្លោះ​នីមួយ​ៗ លម្អ​ដោយ​ក្បាច់​រំយោល​ជុំវិញ។+ ៣៧ គាត់​ធ្វើ​រទេះ​ទាំង​១០+តាម​របៀប​នោះ។ រទេះ​ទាំង​អស់​បាន​ត្រូវ​ធ្វើ​តាម​របៀប​ដូច​គ្នា+ មាន​ទំហំ និង​ទ្រង់​ទ្រាយ​ដូច​គ្នា។

៣៨ គាត់​បាន​ធ្វើ​ចាន​ក្លាំ​១០​ពី​ស្ពាន់+សម្រាប់​រទេះ​១០ គឺ​ចាន​មួយ​សម្រាប់​រទេះ​មួយ។ ចាន​នីមួយ​ៗ​អាច​ដាក់​ទឹក​បាន​៤០​បាត ហើយ​មាន​ប្រវែង​បួន​ហត្ថ។* ៣៩ រួច​គាត់​ដាក់​រទេះ​ប្រាំ​នៅ​ចំហៀង​ខាង​ស្ដាំ​វិហារ ហើយ​រទេះ​ប្រាំ​ទៀត​ដាក់​នៅ​ចំហៀង​ខាង​ឆ្វេង​វិហារ។ ឯ​អាង​ធំ​វិញ គាត់​ក៏​ដាក់​នៅ​ខាង​ស្ដាំ​វិហារ នៅ​ទិស​ខាង​ត្បូង​ឆៀង​ខាង​កើត។+

៤០ ហ៊ីរ៉ាម+ក៏​បាន​ធ្វើ​ចាន​ក្លាំ ប៉ែល+ និង​ចាន​គោម​ដែរ។+

ដូច្នេះ គាត់​បាន​ធ្វើ​កិច្ចការ​ទាំង​អស់​ឲ្យ​ស្ដេច​សាឡូម៉ូន​សម្រាប់​វិហារ​របស់​ព្រះ​យេហូវ៉ា​ចប់​សព្វ​គ្រប់។ ស្នា​ដៃ​ទាំង​នោះ​មាន​ដូច​ត​ទៅ​៖+ ៤១ សសរ​ពីរ​ដើម+ និង​ក្បាល​សសរ​មាន​រាង​ដូច​ចាន​ក្រឡូម ក្បាច់​ក្រឡា​អួន​លម្អ​លើ​ក្បាល​សសរ​នោះ+ ៤២ ផ្លែ​ទទឹម​៤០០+សម្រាប់​ដាក់​លើ​ក្បាច់​ក្រឡា​អួន​ទាំង​ពីរ ក្បាច់​ក្រឡា​អួន​នីមួយ​ៗ​មាន​ផ្លែ​ទទឹម​ពីរ​ជួរ ដើម្បី​លម្អ​លើ​ក្បាល​សសរ ៤៣ រទេះ​ទឹក​ចំនួន​១០+ និង​ចាន​ក្លាំ​ចំនួន​១០+ដាក់​លើ​រទេះ​ទាំង​នោះ ៤៤ អាង​ធំ+ និង​រូប​គោ​ឈ្មោល​១២​សម្រាប់​ទ្រ​អាង​នោះ ៤៥ ព្រម​ទាំង​ធុង​សម្រាប់​ដាក់​ផេះ ប៉ែល ចាន​គោម និង​របស់​របរ​ទាំង​អស់។ ហ៊ីរ៉ាម​បាន​ធ្វើ​របស់​ទាំង​នោះ​ពី​ស្ពាន់​ខាត់​យ៉ាង​ភ្លឺ ឲ្យ​ដល់​ស្ដេច​សាឡូម៉ូន​សម្រាប់​វិហារ​ព្រះ​យេហូវ៉ា។ ៤៦ ស្ដេច​បាន​ឲ្យ​គេ​ធ្វើ​របស់​របរ​ទាំង​នោះ​ក្នុង​ពុម្ព​ដី​ឥដ្ឋ នៅ​តំបន់​ទន្លេ​យ៉ូដាន់ ត្រង់​ចន្លោះ​សិកូត​និង​សារីថាន។

៤៧ សាឡូម៉ូន​មិន​បាន​ថ្លឹង​របស់​របរ​ទាំង​នោះ​ទេ ព្រោះ​មាន​ច្រើន​ក្រៃ​លែង។ ឯ​ទម្ងន់​ស្ពាន់​ទាំង​នោះ ក៏​គ្មាន​អ្នក​ណា​ដឹង​ដែរ។+ ៤៨ របស់​របរ​ទាំង​អស់​ដែល​សាឡូម៉ូន​ធ្វើ​សម្រាប់​វិហារ​ព្រះ​យេហូវ៉ា រួម​មាន​៖ ទី​បូជា+ពី​មាស តុ​មាស+សម្រាប់​ដាក់​នំ​ប៉័ង​តាំង​ទុក ៤៩ ជើង​ចង្កៀង+ពី​មាស​សុទ្ធ​ដែល​នៅ​មុខ​បន្ទប់​ខាង​ក្នុង​បំផុត គឺ​ប្រាំ​នៅ​ខាង​ស្ដាំ ប្រាំ​នៅ​ខាង​ឆ្វេង។ ឯ​ផ្កា+ ចង្កៀង និង​ប្រដាប់​ពន្លត់​ប្រឆេះ​ក៏​ធ្វើ​ពី​មាស​ដែរ+ ៥០ ចាន​ក្លាំ ប្រដាប់​កាត់​ប្រឆេះ+ ចាន​គោម ពែង+ និង​ប្រដាប់​ដាក់​រងើក​ភ្លើង+ សុទ្ធ​តែ​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់។ ឯ​កំណល់​ស៊ក​បង្គោល​ទ្វារ​នៃ​បន្ទប់​ខាង​ក្នុង+ឬ​កន្លែង​បរិសុទ្ធ​បំផុត និង​ទ្វារ​វិហារ ក៏​បាន​ត្រូវ​ធ្វើ​ពី​មាស​ដែរ។+

៥១ ដូច្នេះ ស្ដេច​សាឡូម៉ូន​បាន​បញ្ចប់​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​គាត់​ត្រូវ​ធ្វើ​សម្រាប់​វិហារ​ព្រះ​យេហូវ៉ា។ រួច​មក សាឡូម៉ូន​ក៏​នាំ​យក​របស់​របរ​ទាំង​ប៉ុន្មាន​ដែល​ដាវីឌ​ជា​ឪពុក​គាត់​បាន​ទុក​សម្រាប់​ជូន​ព្រះ+ ហើយ​បាន​ដាក់​មាស​ប្រាក់ និង​គ្រឿង​ផ្សេង​ៗ​ក្នុង​ឃ្លាំង​វិហារ​របស់​ព្រះ​យេហូវ៉ា។+

៨ នៅ​គ្រា​នោះ សាឡូម៉ូន​បាន​ឲ្យ​បុរស​ចាស់​ទុំ មេ​កុលសម្ព័ន្ធ​ទាំង​អស់ និង​មេ​គ្រួសារ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មក​ជួប​ជុំ​គ្នា​នៅ​ក្រុង​យេរូសាឡិម។+ ពួក​គេ​មក​ក្នុង​បំណង​នាំ​យក​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា​ពី​ក្រុង​ដាវីឌ+ គឺ​ស៊ីយ៉ូន។+ ២ ពួក​គេ​បាន​ជួប​ជុំ​គ្នា​នៅ​ចំពោះ​ស្ដេច​សាឡូម៉ូន​នា​ពិធី​បុណ្យ​ខ្ទម ដែល​ត្រូវ​ធ្វើ​ឡើង​ក្នុង​ខែ​អេថានីម* ជា​ខែ​ទី​៧។+ ៣ ពេល​បុរស​ចាស់​ទុំ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មក​ដល់ ពួក​សង្ឃ​បាន​លើក​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង។+ ៤ ពួក​គេ​បាន​សែង​ហឹប​នៃ​ព្រះ​យេហូវ៉ា និង​ត្រសាល​ជំនុំ+ រួម​ទាំង​របស់​របរ​បរិសុទ្ធ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ត្រសាល​នោះ។ ពួក​សង្ឃ​និង​ពួក​លេវី​ជា​អ្នក​នាំ​យក​របស់​ទាំង​នោះ​ឡើង​ទៅ។ ៥ ស្ដេច​សាឡូម៉ូន​និង​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ដែល​ស្ដេច​បាន​អញ្ជើញ​ឲ្យ​មក​ជួប​ជុំ​គ្នា បាន​ឈរ​នៅ​មុខ​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង។ ពួក​គេ​ជូន​គ្រឿង​បូជា​ជា​ចៀម​និង​គោ​យ៉ាង​ច្រើន​សន្ធឹក+ដែល​គ្មាន​អ្នក​ណា​អាច​រាប់​បាន​ឡើយ។

៦ រួច​មក ពួក​សង្ឃ​បាន​យក​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា​ចូល​ទៅ​វិហារ រួច​ចូល​ក្នុង​បន្ទប់​បរិសុទ្ធ​បំផុត។+ បន្ទាប់​មក ពួក​គេ​បាន​ដាក់​ហឹប​នៅ​កន្លែង​ដែល​បាន​បម្រុង​ទុក គឺ​ក្រោម​ស្លាប​ចេរូប៊ីន​ទាំង​ពីរ។+

៧ ចេរូប៊ីន​ទាំង​ពីរ​ត្រដាង​ស្លាប​លើ​កន្លែង​ដែល​តម្កល់​ទុក​ហឹប​នោះ។ ដូច្នេះ ចេរូប៊ីន​ទាំង​ពីរ​ចោល​ស្រមោល​ទៅ​លើ​ហឹប​និង​ដង​ឈើ​ស្នែង។+ ៨ ដង​ឈើ​ស្នែង+នៃ​ហឹប​នោះ​គឺ​វែង​ដល់​ម្ល៉េះ​បាន​ជា​គេ​អាច​ឃើញ​ចុង​ឈើ​ស្នែង​ពី​បន្ទប់​បរិសុទ្ធ​ដែល​នៅ​ខាង​មុខ​បន្ទប់​បរិសុទ្ធ​បំផុត តែ​គេ​មិន​អាច​មើល​ឃើញ​ពី​ខាង​ក្រៅ​ទេ។ របស់​ទាំង​នេះ​ស្ថិត​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។ ៩ នៅ​ក្នុង​ហឹប​គ្មាន​អ្វី​ក្រៅ​ពី​បន្ទះ​ថ្ម​ពីរ​ផ្ទាំង​ទេ។+ ពេល​នៅ​ភ្នំ​ហូរែប ម៉ូសេ​បាន​ដាក់​បន្ទះ​ថ្ម​ក្នុង​ហឹប​នោះ+ កាល​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង+ជា​មួយ​នឹង​បណ្ដា​ជន​អ៊ីស្រាអែល ក្រោយ​ពី​ពួក​គេ​ចេញ​ពី​ស្រុក​អេហ្ស៊ីប។+

១០ ពេល​ពួក​សង្ឃ​ចេញ​ពី​បន្ទប់​បរិសុទ្ធ​ភ្លាម ស្រាប់​តែ​មាន​ពពក+ពេញ​វិហារ​របស់​ព្រះ​យេហូវ៉ា។+ ១១ ដោយ​សារ​ពពក​នោះ ពួក​សង្ឃ​មិន​អាច​បំពេញ​កិច្ច​បម្រើ​បន្ត​ទៀត​បាន​ទេ ព្រោះ​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​មាន​ពេញ​វិហារ​ព្រះ​យេហូវ៉ា។+ ១២ ពេល​នោះ សាឡូម៉ូន​បាន​ថ្លែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​នៅ​ក្នុង​ពពក​ដ៏​ក្រាស់។+ ១៣ ខ្ញុំ​បាន​សង់​វិហារ​ដ៏​ឧត្តុង្គឧត្តម​សម្រាប់​លោក​រួច​រាល់​ជា​ស្ថាពរ​ហើយ គឺ​ជា​កន្លែង​ដែល​បាន​រៀបចំ​ឡើង​សម្រាប់​លោក​អាស្រ័យ​នៅ​ជា​រៀង​រហូត​»។+

១៤ រួច​មក ស្ដេច​បែរ​ទៅ​បណ្ដា​ជន​អ៊ីស្រាអែល​ដែល​កំពុង​ឈរ​ជុំ​គ្នា ហើយ​គាត់​ជូន​ពរ​ពួក​គេ។+ ១៥ សាឡូម៉ូន​បាន​និយាយ​ថា​៖ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ទទួល​ការ​សរសើរ​តម្កើង គឺ​លោក​ហើយ​ដែល​បាន​សន្យា​នឹង​ដាវីឌ​ឪពុក​ខ្ញុំ ថែម​ទាំង​បាន​ធ្វើ​តាម​សេចក្ដី​សន្យា​នោះ​ផង​ដែរ។* លោក​បាន​មាន​ប្រសាសន៍​ថា​៖ ១៦ ‹តាំង​ពី​ថ្ងៃ​ដែល​ខ្ញុំ​បាន​នាំ​អ៊ីស្រាអែល​ជា​រាស្ត្រ​ខ្ញុំ​ចេញ​ពី​ស្រុក​អេហ្ស៊ីប​មក ខ្ញុំ​មិន​បាន​ជ្រើស​រើស​ក្រុង​ណា​មួយ​ពី​កុលសម្ព័ន្ធ​ជន​ជាតិ​អ៊ីស្រាអែល សម្រាប់​សង់​វិហារ​ដើម្បី​ឲ្យ​នាម​របស់​ខ្ញុំ​ទទួល​ការ​សរសើរ​តម្កើង​នៅ​ទី​នោះ​ទេ+ តែខ្ញុំ​បាន​ជ្រើស​រើស​ដាវីឌ​ឲ្យ​គ្រប់​គ្រង​លើ​អ៊ីស្រាអែល​ជា​រាស្ត្រ​ខ្ញុំ​វិញ›។ ១៧ ដាវីឌ​ឪពុក​ខ្ញុំ​មាន​ចិត្ត​ចង់​សង់​វិហារ​មួយ សម្រាប់​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។+ ១៨ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ដាវីឌ​ឪពុក​ខ្ញុំ​ថា​៖ ‹អ្នក​មាន​ចិត្ត​ចង់​សង់​វិហារ​សម្រាប់​នាម​ខ្ញុំ នោះ​ជា​ការ​ល្អ​ប្រសើរ​ណាស់។ ១៩ ប៉ុន្តែ អ្នក​នឹង​មិន​អាច​សង់​វិហារ​នោះ​ទេ គឺ​កូន​របស់​អ្នក​ដែល​កើត​ក្រោយ​មក គាត់​នឹង​សង់​វិហារ​នោះ​សម្រាប់​នាម​ខ្ញុំ›។+ ២០ ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​ពាក្យ​ដែល​លោក​បាន​សន្យា​មែន លោក​បាន​ឲ្យ​ខ្ញុំ​គ្រប់​គ្រង​ជា​ស្ដេច​បន្ទាប់​ពី​ដាវីឌ​ឪពុក​ខ្ញុំ ហើយ​ខ្ញុំ​បាន​អង្គុយ​លើ​បល្ល័ង្ក​នៃ​អ៊ីស្រាអែល ដូច​ព្រះ​យេហូវ៉ា​បាន​សន្យា។ ខ្ញុំ​ក៏​បាន​សង់​វិហារ​សម្រាប់​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ដែរ+ ២១ ហើយ​បាន​រៀបចំ​កន្លែង​មួយ​នៅ​ទី​នោះ​សម្រាប់​ដាក់​ហឹប​ដែល​មាន​កិច្ច​ព្រម​ព្រៀង+ ជា​កិច្ច​ព្រម​ព្រៀង​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​យើង ក្រោយ​ពី​លោក​បាន​នាំ​ពួក​គាត់​ចេញ​ពី​ស្រុក​អេហ្ស៊ីប​»។

២២ បន្ទាប់​មក សាឡូម៉ូន​ឈរ​នៅ​មុខ​ទី​បូជា​របស់​ព្រះ​យេហូវ៉ា នៅ​ចំពោះ​មុខ​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់ គាត់​ក៏​បាន​លើក​ដៃ​ទៅ​លើ​មេឃ+ ២៣ ហើយ​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​អើយ គ្មាន​ព្រះ​ណា​ទៀត​ដូច​លោក​ឡើយ+ ទោះ​នៅ​លើ​មេឃ​ឬ​នៅ​ផែនដី​ក្ដី គឺ​លោក​ហើយ​ដែល​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង និង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់+ចំពោះ​អស់​អ្នក​ដែល​បម្រើ​លោក​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។+ ២៤ លោក​បាន​រក្សា​ពាក្យ​ដែល​លោក​បាន​សន្យា​នឹង​ដាវីឌ​ឪពុក​ខ្ញុំ។ លោក​បាន​សន្យា​ផ្ទាល់​មាត់ ហើយ​ថ្ងៃ​នេះ​លោក​បាន​ធ្វើ​តាម​សេចក្ដី​សន្យា​នោះ​មែន។*+ ២៥ ដូច្នេះ ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​អើយ សូម​លោក​រក្សា​ពាក្យ​ដែល​លោក​បាន​សន្យា​នឹង​ដាវីឌ​ឪពុក​ខ្ញុំ កាល​ដែល​លោក​មាន​ប្រសាសន៍​ថា​៖ ‹បើ​កូន​ៗ​របស់​អ្នក​ដើរ​តាម​ផ្លូវ​របស់​ខ្ញុំ​ជា​និច្ច ហើយ​យ៉ាង​ស្មោះ​អស់​ពី​ដួង​ចិត្ត ដូច​ដែល​អ្នក​បាន​ដើរ​តាម​ផ្លូវ​របស់​ខ្ញុំ នោះ​ពូជ​ពង្ស​របស់​អ្នក​នឹង​តែង​តែ​អង្គុយ​លើ​បល្ល័ង្ក​នៃ​អ៊ីស្រាអែល›។+ ២៦ ឱ​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​អើយ ឥឡូវ សូម​មេត្តា​ឲ្យ​ពាក្យ​ដែល​លោក​បាន​សន្យា​នឹង​ដាវីឌ​ឪពុក​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​លោក​ក្លាយ​ទៅ​ជា​ការ​ពិត​ផង។

២៧ ​«​ប៉ុន្តែ តើ​ព្រះ​នឹង​ស្នាក់​នៅ​ផែនដី​ពិត​មែន​ឬ?+ មើល! សូម្បី​តែ​មេឃ​និង​លំហ​អាកាស​ដ៏​ធំ​ធេង​ក៏​មិន​ធំ​ល្មម​សម្រាប់​ជា​លំនៅ​របស់​លោក​ទៅ​ហើយ+ ទម្រាំ​តែ​វិហារ​ដែល​ខ្ញុំ​បាន​សាង​សង់​នេះ តើ​លោក​អាច​អាស្រ័យ​នៅ​យ៉ាង​ដូច​ម្ដេច​បាន?+ ២៨ ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ​អើយ សូម​មេត្តា​ស្ដាប់​សេចក្ដី​អធិដ្ឋាន​និង​ពាក្យ​អង្វរ​សុំ​របស់​ខ្ញុំ​ជា​អ្នក​បម្រើ​លោក ហើយ​សូម​លោក​មេត្តា​ស្ដាប់​សម្រែក​សុំ​ជំនួយ និង​ពាក្យ​អធិដ្ឋាន​របស់​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​នៅ​ថ្ងៃ​នេះ​ផង។ ២៩ សូម​លោក​មើល​មក​វិហារ​នេះ​ទាំង​យប់​ទាំង​ថ្ងៃ ជា​កន្លែង​ដែល​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ‹ទី​នោះ​ជា​តំណាង​នាម​របស់​ខ្ញុំ›+ ហើយ​សូម​លោក​ស្ដាប់​ពាក្យ​ដែល​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​អធិដ្ឋាន​តម្រង់​មក​ទី​នេះ​ផង។+ ៣០ សូម​លោក​ស្ដាប់​ពាក្យ​អង្វរ​សុំ​របស់​ខ្ញុំ​ជា​អ្នក​បម្រើ​លោក និង​សំណូម​ពរ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​លោក កាល​ពួក​គេ​អធិដ្ឋាន​តម្រង់​មក​កន្លែង​នេះ។ សូម​លោក​មេត្តា​ស្ដាប់​ពី​ទី​អាស្រ័យ​នៅ​របស់​លោក​នៅ​ស្ថាន​សួគ៌+ ហើយ​អភ័យ​ទោស​ឲ្យ​ពួក​គេ​ផង។+

៣១ ​«​បើ​មនុស្ស​ម្នាក់​ធ្វើ​ខុស​នឹង​ម្នាក់​ទៀត រួច​គេ​បង្ខំ​ឲ្យ​អ្នក​នោះ​ស្បថ​ឲ្យ​ត្រូវ​បណ្ដាសា ហើយ​ក្រោយ​ពី​គាត់​បាន​ស្បថ​រួច គាត់​ក៏​ចូល​មក​ឈរ​នៅ​មុខ​ទី​បូជា​របស់​លោក​នៅ​ឯ​វិហារ​នេះ+ ៣២ សូម​លោក​មេត្តា​ស្ដាប់​ពី​ស្ថាន​សួគ៌ ហើយ​វិនិច្ឆ័យ​ពួក​អ្នក​បម្រើ​លោក ស្រប​តាម​ការ​ប្រព្រឹត្ត​របស់​ពួក​គេ ហើយ​សូម​សម្រេច​ក្ដី​ឲ្យ​មនុស្ស​ទុច្ចរិត​ជាប់​ទោស តែ​សូម​សម្រេច​ក្ដី​ឲ្យ​មនុស្ស​សុចរិត​ថា​គ្មាន​ទោស​វិញ ហើយ​ផ្ដល់​រង្វាន់​ស្រប​តាម​សេចក្ដី​សុចរិត​របស់​គាត់។+

៣៣ ​«​ពេល​បណ្ដា​ជន​អ៊ីស្រាអែល​ជា​រាស្ត្រ​លោក​ចាញ់​សត្រូវ ព្រោះ​ពួក​គេ​ចេះ​តែ​ធ្វើ​ខុស​នឹង​លោក+ ហើយ​បើ​ពួក​គេ​ត្រឡប់​មក​រក​លោក សរសើរ​តម្កើង​នាម​លោក+ ព្រម​ទាំង​អធិដ្ឋាន​សុំ​ក្ដី​មេត្តា​ពី​លោក​នៅ​វិហារ​នេះ+ ៣៤ សូម​លោក​ស្ដាប់​ពី​ស្ថាន​សួគ៌ ហើយ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​បណ្ដា​ជន​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​លោក​ផង ហើយ​សូម​លោក​នាំ​ពួក​គេ​ត្រឡប់​មក​ស្រុក​ដែល​លោក​បាន​ឲ្យ​ដល់​បុព្វ​បុរស​ពួក​គេ​វិញ។+

៣៥ ​«​កាល​ណា​ស្រុក​រាំង​ស្ងួត​គ្មាន​ភ្លៀង+ ដោយ​សារ​ពួក​គេ​ចេះ​តែ​ប្រព្រឹត្ត​ខុស​នឹង​លោក+ តែ​បើ​ពួក​គេ​អធិដ្ឋាន​តម្រង់​មក​កន្លែង​នេះ​ហើយ​តម្កើង​នាម​លោក ព្រម​ទាំង​ប្រែ​ចិត្ត​ពី​អំពើ​ខុស​ឆ្គង ព្រោះ​លោក​បាន​បន្ទាប​ពួក​គេ+ ៣៦ សូម​លោក​ស្ដាប់​ពី​ស្ថាន​សួគ៌ ហើយ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​អ្នក​បម្រើ​លោក គឺ​បណ្ដា​ជន​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​លោក ព្រោះ​លោក​នឹង​បង្រៀន​ពួក​គេ+អំពី​ផ្លូវ​ល្អ​ដែល​ពួក​គេ​គួរ​ដើរ ហើយ​សូម​បង្អុរ​ភ្លៀង​ទៅ​លើ​ស្រុក+ដែល​លោក​បាន​ឲ្យ​ដល់​រាស្ត្រ​របស់​លោក​ជា​មត៌ក​ផង។

៣៧ ​«​ប្រសិន​បើ​ស្រុក​មាន​ការ​អត់​ឃ្លាន+ រោគ​រាត​ត្បាត ដំណាំ​ក្រៀម​ស្វិត កើត​ផ្សិត+ ឬ​ហ្វូង​កណ្ដូប​ស៊ី​បំផ្លាញ ឬ​បើ​សត្រូវ​ឡោម​ព័ទ្ធ​ពួក​គេ​នៅ​ក្រុង​ណា​មួយ​ក្នុង​ស្រុក ឬ​បើ​មាន​សេចក្ដី​វេទនា​ឬ​ជំងឺ​ណា​មួយ​កើត​ឡើង+ ៣៨ ទោះ​បើ​បុគ្គល​ណា​ម្នាក់​ឬ​បណ្ដា​ជន​អ៊ីស្រាអែល​រាស្ត្រ​របស់​លោក (​ព្រោះ​បុគ្គល​ម្នាក់​ៗ​ដឹង​ទុក្ខ​វេទនា​ក្នុង​ចិត្ត​របស់​ខ្លួន​)+ អធិដ្ឋាន​ឬ​អង្វរ​សុំ​អ្វី​ក៏​ដោយ​ពី​លោក+ ហើយ​លើក​ដៃ​ឡើង​តម្រង់​មក​វិហារ​នេះ ៣៩ សូម​លោក​ស្ដាប់​ពី​ស្ថាន​សួគ៌​ពី​ទី​អាស្រ័យ​នៅ​របស់​លោក+ ហើយ​សូម​លោក​អភ័យ​ទោស​ឲ្យ+ ព្រម​ទាំង​ចាត់​វិធានការ ហើយ​ឲ្យ​រង្វាន់​ដល់​បុគ្គល​ម្នាក់​ៗ​តាម​ការ​ប្រព្រឹត្ត​របស់​ពួក​គេ+ ព្រោះ​លោក​ស្គាល់​ចិត្ត​របស់​ពួក​គេ (​មាន​តែ​លោក​ទេ​ដែល​ស្គាល់​ចិត្ត​របស់​មនុស្សជាតិ​យ៉ាង​ច្បាស់​)+ ៤០ ដើម្បី​ឲ្យ​ពួក​គេ​កោត​ខ្លាច​លោក​គ្រប់​វេលា​ដែល​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​ដែល​លោក​បាន​ឲ្យ​ដល់​បុព្វបុរស​របស់​យើង។

៤១ ​«​មួយ​វិញ​ទៀត ចំពោះ​ជន​បរទេស​ដែល​មិន​មែន​ជា​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​លោក ជា​អ្នក​មក​ពី​ស្រុក​ឆ្ងាយ ដោយ​សារ​កិត្តិ​នាម​របស់​លោក+ ៤២ (​ព្រោះ​ពួក​គេ​នឹង​ឮ​អំពី​នាម​ដ៏​ឧត្ដម​របស់​លោក+ និង​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​មហិមា​របស់​លោក​) បើ​គាត់​មក ហើយ​អធិដ្ឋាន​តម្រង់​មក​វិហារ​នេះ ៤៣ សូម​លោក​ស្ដាប់​ពី​ស្ថាន​សួគ៌ ជា​ទី​អាស្រ័យ​នៅ​របស់​លោក+ ហើយ​សូម​លោក​ធ្វើ​តាម​សំណូម​ពរ​ទាំង​ប៉ុន្មាន​របស់​ជន​បរទេស​នោះ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​ផែនដី​ស្គាល់​នាម​របស់​លោក ហើយ​កោត​ខ្លាច​លោក+ ដូច​បណ្ដា​ជន​អ៊ីស្រាអែល​ជា​រាស្ត្រ​លោក​ដែរ ហើយ​សូម​ឲ្យ​ពួក​គេ​ដឹង​ថា​វិហារ​ដែល​ខ្ញុំ​បាន​សាង​សង់​នេះ គឺ​តំណាង​នាម​លោក។

៤៤ ​«​បើ​រាស្ត្រ​របស់​លោក​ទៅ​ច្បាំង​នឹង​ពួក​សត្រូវ​តាម​បង្គាប់​លោក+ ហើយ​ពួក​គេ​អធិដ្ឋាន+ទៅ​ព្រះ​យេហូវ៉ា​តម្រង់​មក​ឯ​ក្រុង​ដែល​លោក​បាន​ជ្រើស​រើស+ និង​តម្រង់​មក​វិហារ​ដែល​ខ្ញុំ​បាន​សាង​សង់​សម្រាប់​នាម​លោក+ ៤៥ នោះ​សូម​លោក​ស្ដាប់​សេចក្ដី​អធិដ្ឋាន​និង​ពាក្យ​អង្វរ​សុំ​របស់​ពួក​គេ​ពី​ស្ថាន​សួគ៌ ហើយ​សូម​លោក​ជួយ​ពួក​គេ​ផង។

៤៦ ​«​បើ​ពួក​គេ​ធ្វើ​ខុស​នឹង​លោក (​ព្រោះ​គ្មាន​មនុស្ស​ណា​ម្នាក់​ដែល​មិន​ធ្វើ​ខុស​នោះ​ទេ​)+ ហើយ​លោក​ខឹង​នឹង​ពួក​គេ ព្រម​ទាំង​ប្រគល់​ពួក​គេ​ដល់​ពួក​សត្រូវ រួច​សត្រូវ​ចាប់​ពួក​គេ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​របស់​សត្រូវ ទោះ​នៅ​ជិត​ឬ​ឆ្ងាយ​ក្ដី+ ៤៧ ក្រោយ​មក បើ​ពួក​គេ​ភ្ញាក់​ខ្លួន​នៅ​ក្នុង​ស្រុក​ដែល​ពួក​គេ​បាន​ត្រូវ​នាំ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ+ ហើយ​ពួក​គេ​វិល​មក​រក​លោក​វិញ+ ថែម​ទាំង​អង្វរ​សុំ​សេចក្ដី​មេត្តា​ពី​លោក​នៅ​ក្នុង​ស្រុក​របស់​ពួក​អ្នក​ដែល​ចាប់​គេ+ ដោយ​និយាយ​ថា​៖ ‹យើង​បាន​ប្រព្រឹត្ត​ខុស​ឆ្គង​ហើយ យើង​ក៏​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ›។+ ៤៨ បើ​ពួក​គេ​វិល​ត្រឡប់​មក​រក​លោក​វិញ​ដោយ​អស់​ពី​ចិត្ត+អស់​ពី​កម្លាំង* នៅ​ក្នុង​ស្រុក​របស់​ពួក​សត្រូវ​ដែល​បាន​ចាប់​ពួក​គេ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ ហើយ​ពួក​គេ​អធិដ្ឋាន​ទៅ​លោក​ដោយ​បែរ​មក​ឯ​ស្រុក​ដែល​លោក​បាន​ឲ្យ​ដល់​បុព្វ​បុរស​របស់​ពួក​គេ ហើយ​ឆ្ពោះ​មក​ឯ​ក្រុង​ដែល​លោក​បាន​ជ្រើស​រើស ព្រម​ទាំង​តម្រង់​មក​វិហារ​ដែល​ខ្ញុំ​បាន​សាង​សង់​សម្រាប់​នាម​របស់​លោក+ ៤៩ នោះ​សូម​លោក​ស្ដាប់​សេចក្ដី​អធិដ្ឋាន​និង​ពាក្យ​អង្វរ​សុំ​របស់​ពួក​គេ​ពី​ស្ថាន​សួគ៌ ជា​ទី​អាស្រ័យ​នៅ​របស់​លោក+ ហើយ​សូម​លោក​ជួយ​ពួក​គេ​ផង ៥០ ហើយ​សូម​លោក​អភ័យ​ទោស​ឲ្យ​រាស្ត្រ​របស់​លោក​ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​លោក ថែម​ទាំង​អភ័យ​ទោស​ចំពោះ​ការ​រំលង​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​លោក​ដែរ។ លោក​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ចាប់​ពួក​គេ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ អាណិត​មេត្តា​ដល់​ពួក​គេ​វិញ+ ៥១ (​ព្រោះ​ពួក​គេ​ជា​រាស្ត្រ​ជា​មត៌ក​របស់​លោក+ ដែល​លោក​បាន​នាំ​ចេញ​ពី​ស្រុក​អេហ្ស៊ីប+ គឺ​ពី​ក្នុង​ឡ​រំលាយ​ដែក​)។*+ ៥២ សូម​លោក​មេត្តា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​អង្វរ​របស់​ខ្ញុំ​ជា​អ្នក​បម្រើ​លោក+ និង​ពាក្យ​អង្វរ​របស់​បណ្ដា​ជន​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​លោក ពេល​ដែល​ពួក​គេ​ហៅ​រក​លោក​ផង។+ ៥៣ ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​អើយ លោក​បាន​ញែក​ពួក​គេ​ចេញ​ពី​ប្រជាជាតិ​ទាំង​អស់​នៅ​ផែនដី​ទុក​ជា​មត៌ក+ ដូច​លោក​បាន​ប្រកាស​ប្រាប់​តាម​រយៈ​ម៉ូសេ​ជា​អ្នក​បម្រើ​លោក កាល​ដែល​លោក​នាំ​បុព្វ​បុរស​យើង​ចេញ​ពី​ស្រុក​អេហ្ស៊ីប​»។

៥៤ កាល​សាឡូម៉ូន​បាន​បញ្ចប់​សេចក្ដី​អធិដ្ឋាន​និង​ការ​អង្វរ​សុំ​សេចក្ដី​មេត្តា​ពី​ព្រះ​យេហូវ៉ា​រួច​រាល់​ហើយ ភ្លាម​នោះ​គាត់​ក៏​ក្រោក​ឡើង​ពី​មុខ​ទី​បូជា​របស់​ព្រះ​យេហូវ៉ា គឺ​ពី​កន្លែង​ដែល​គាត់​បាន​លុត​ជង្គង់ លើក​ដៃ​ទៅ​លើ​មេឃ។+ ៥៥ រួច​គាត់​ក៏​ក្រោក​ឈរ​ហើយ​ជូន​ពរ​ដល់​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ដែល​បាន​មក​ប្រជុំ​គ្នា ដោយ​បន្លឺ​សំឡេង​ថា​៖ ៥៦ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង ព្រោះ​លោក​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​លោក​មាន​សេចក្ដី​សុខសាន្តត្រាណ​ដូច​លោក​បាន​សន្យា។+ ឯ​សេចក្ដី​ល្អ​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​សន្យា គឺ​ឥត​មាន​ខ្វះ​ណា​មួយ​ឡើយ។+ ៥៧ សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​នៅ​ជា​មួយ​យើង ដូច​លោក​បាន​នៅ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​យើង​ដែរ។+ សូម​កុំ​ឲ្យ​លោក​ចាក​ចេញ​ពី​យើង​ឬ​បោះ​បង់​យើង​ចោល​ឡើយ។+ ៥៨ សូម​ឲ្យ​លោក​ទាញ​នាំ​ចិត្ត​យើង​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​លោក+ ហើយ​ធ្វើ​តាម​បញ្ញត្តិ ច្បាប់ និង​ការ​វិនិច្ឆ័យ​របស់​លោក ដែល​លោក​បាន​បង្គាប់​ដល់​បុព្វ​បុរស​របស់​យើង​ផង។ ៥៩ សូម​ឲ្យ​ព្រះ​យេហូវ៉ា​ចាំ​ជាប់​ទាំង​យប់​ទាំង​ថ្ងៃ​នូវ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​អង្វរ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង ដើម្បី​លោក​រក​យុត្តិធម៌​ឲ្យ​អ្នក​បម្រើ​លោក​និង​បណ្ដា​ជន​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​លោក​តាម​តម្រូវ​ការ​ជា​រៀង​រាល់​ថ្ងៃ ៦០ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​ផែនដី​ដឹង​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ពិត+ គឺ​គ្មាន​ព្រះ​ណា​ទៀត​ឡើយ!+ ៦១ ដូច្នេះ សូម​អ្នក​រាល់​គ្នា​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ+ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង ដោយ​កាន់​តាម​ច្បាប់​និង​បញ្ញត្តិ​របស់​លោក ដូច​អ្នក​រាល់​គ្នា​កំពុង​ធ្វើ​នៅ​ថ្ងៃ​នេះ​ដែរ​»។

៦២ ពេល​នោះ ស្ដេច​និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ដែល​នៅ​ជា​មួយ​នឹង​គាត់​បាន​ជូន​គ្រឿង​បូជា​យ៉ាង​ច្រើន​ដល់​ព្រះ​យេហូវ៉ា។+ ៦៣ សាឡូម៉ូន​បាន​ជូន​គ្រឿង​បូជា​នៃ​មេត្រី​ភាព+ដល់​ព្រះ​យេហូវ៉ា គឺ​គាត់​បាន​ជូន​គោ​ចំនួន​២២.០០០​ក្បាល និង​ចៀម​ចំនួន​១២០.០០០​ក្បាល។ យ៉ាង​នោះ ស្ដេច​និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​បាន​សម្ពោធ​វិហារ​របស់​ព្រះ​យេហូវ៉ា។+ ៦៤ នៅ​ថ្ងៃ​នោះ​ស្ដេច​ត្រូវ​ញែក​ទី​ធ្លា​កណ្ដាល ដែល​នៅ​មុខ​វិហារ​របស់​ព្រះ​យេហូវ៉ា​ទុក​ជា​បរិសុទ្ធ សម្រាប់​ជូន​គ្រឿង​បូជា​ដុត គ្រឿង​បូជា​ពី​ស្រូវ និង​ខ្លាញ់+នៃ​គ្រឿង​បូជា​នៃ​មេត្រី​ភាព ព្រោះ​ទី​បូជា​ធ្វើ​ពី​ស្ពាន់+ដែល​នៅ​មុខ​វិហារ​របស់​ព្រះ​យេហូវ៉ា គឺ​តូច​ពេក មិន​ល្មម​សម្រាប់​ជូន​គ្រឿង​បូជា​ទាំង​នោះ​ឡើយ។ ៦៥ នៅ​វេលា​នោះ សាឡូម៉ូន​បាន​ធ្វើ​ពិធី​បុណ្យ+ជា​មួយ​នឹង​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់ ជា​ក្រុម​ជំនុំ​យ៉ាង​ធំ។ ពួក​គេ​ទាំង​នោះ​បាន​មូល​មក​ចាប់​ពី​លេបូហាម៉ាត​រហូត​ដល់​ជ្រលង​អេហ្ស៊ីប។+ ពិធី​បុណ្យ​នោះ​បាន​ត្រូវ​ធ្វើ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង អស់​៧​ថ្ងៃ ហើយ​ថែម​៧​ថ្ងៃ​ទៀត សរុប​ទាំង​អស់​១៤​ថ្ងៃ។ ៦៦ នៅ​ថ្ងៃ​បន្ទាប់​នោះ* គាត់​បាន​ឲ្យ​បណ្ដា​ជន​ត្រឡប់​ទៅ​វិញ ហើយ​ពួក​គេ​បាន​ជូន​ពរ​ដល់​ស្ដេច រួច​ក៏​ទៅ​ផ្ទះ​របស់​ពួក​គេ​រៀង​ខ្លួន ទាំង​មាន​ចិត្ត​ត្រេក​អរ​និង​សប្បាយ​រីក​រាយ ចំពោះ​ការ​ល្អ​ទាំង​ប៉ុន្មាន+ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដល់​ដាវីឌ​ជា​អ្នក​បម្រើ​លោក និង​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​លោក។

៩ មិន​យូរ​ក្រោយ​ពី​សាឡូម៉ូន​បាន​សាង​សង់​វិហារ​របស់​ព្រះ​យេហូវ៉ា និង​វិមាន​របស់​គាត់+ ព្រម​ទាំង​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​មាន​បំណង​ចង់​សាង​សង់​បាន​រួច​រាល់​ហើយ+ ២ ព្រះ​យេហូវ៉ា​បាន​លេច​មក​ជួប​សាឡូម៉ូន​ជា​លើក​ទី​២ ដូច​កាល​ដែល​លោក​បាន​លេច​មក​ជួប​គាត់​នៅ​ឯ​គីបៀន​ដែរ។+ ៣ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា​៖ ​«​ខ្ញុំ​បាន​ឮ​សេចក្ដី​អធិដ្ឋាន​និង​ពាក្យ​អង្វរ​សុំ​ដែល​អ្នក​បាន​និយាយ​មក​ខ្ញុំ​ហើយ។ ខ្ញុំ​ក៏​បាន​ញែក​វិហារ​ដែល​អ្នក​បាន​សាង​សង់​នេះ​ទុក​ជា​បរិសុទ្ធ​សម្រាប់​នាម​ខ្ញុំ​នៅ​ទី​នេះ​រហូត​ត​ទៅ+ ហើយ​ខ្ញុំ​នឹង​ថែ​រក្សា​ការពារ​វិហារ​នេះ​ជា​និច្ច។+ ៤ ឯ​អ្នក​វិញ បើ​អ្នក​ដើរ​តាម​ខ្ញុំ​ដោយ​ស្មោះ​អស់​ពី​ចិត្ត+ និង​ដោយ​ទៀង​ត្រង់+ដូច​ដា​វី​ឌ​ឪ​ពុក​របស់​អ្នក+ ហើយ​កាន់​តាម​បង្គាប់​និង​បញ្ញត្តិ​របស់​ខ្ញុំ+ ព្រម​ទាំង​គោរព​តាម​ការ​វិនិច្ឆ័យ​របស់​ខ្ញុំ+ ៥ នោះ​ខ្ញុំ​នឹង​តាំង​បល្ល័ង្ក​នៃ​រាជាណាចក្រ​របស់​អ្នក​លើ​ប្រជា​ជាតិ​អ៊ីស្រាអែល​ឲ្យ​នៅ​ជាប់​ជា​រៀង​រហូត ដូច​ខ្ញុំ​បាន​សន្យា​នឹង​ដាវីឌ​ឪ​ពុក​អ្នក​ថា​៖ ‹ពូជ​ពង្ស​របស់​អ្នក​តែង​តែ​អង្គុយ​លើ​បល្ល័ង្ក​នៃ​អ៊ីស្រាអែល›។+ ៦ ប៉ុន្តែ បើ​អ្នក​និង​កូន​ៗ​របស់​អ្នក​ឈប់​ដើរ​តាម​ខ្ញុំ ហើយ​ឈប់​ធ្វើ​តាម​ច្បាប់​និង​បញ្ញត្តិ​ដែល​ខ្ញុំ​បាន​ឲ្យ​ដល់​អ្នក​រាល់​គ្នា ហើយ​បែរ​ទៅ​បម្រើ​ព្រះ​ឯ​ទៀត​និង​ក្រាប​គោរព​ដល់​ព្រះ​ទាំង​នោះ​វិញ+ ៧ នោះ​ខ្ញុំ​នឹង​កាត់​ប្រជា​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ទឹក​ដី​ដែល​ខ្ញុំ​បាន​ឲ្យ​ដល់​ពួក​គេ+ ហើយ​វិហារ​ដែល​ខ្ញុំ​បាន​ញែក​ជា​បរិសុទ្ធ​សម្រាប់​នាម​ខ្ញុំ នោះ​ខ្ញុំ​នឹង​បោះ​បង់​ចោល​ដែរ+ ហើយ​ប្រជា​ជាតិ​អ៊ីស្រាអែល​នឹង​ត្រូវ​ប្រជា​ជាតិ​ទាំង​ឡាយ​មើល​ងាយ​មើល​ថោក។+ ៨ វិហារ​នេះ​នឹង​ទៅ​ជា​គំនរ​បាក់​បែក។+ ឯ​មនុស្ស​គ្រប់​រូប​ដែល​ដើរ​ឆ្លង​កាត់​វិហារ​នោះ​នឹង​ស្រឡាំងកាំង ហើយ​នឹក​ហួស​ចិត្ត ទាំង​ពោល​ថា​៖ ‹ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ​យេហូវ៉ា​ធ្វើ​ដូច្នេះ​ចំពោះ​ស្រុក​និង​វិហារ​នេះ?›។+ ៩ រួច​មក អ្នក​ទាំង​នោះ​នឹង​និយាយ​ថា​៖ ‹នេះ​គឺ​មក​ពី​ពួក​គេ​បាន​បោះ​បង់​ចោល​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន ដែល​បាន​នាំ​បុព្វ​បុរស​ពួក​គេ​ចេញ​ពី​ស្រុក​អេហ្ស៊ីប​មក ហើយ​ពួក​គេ​បែរ​ទៅ​រក​ព្រះ​ឯ​ទៀត ព្រម​ទាំង​ក្រាប​គោរព​និង​បម្រើ​ព្រះ​ទាំង​នោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​ពួក​គេ​មាន​ទុក្ខ​វេទនា​បែប​នេះ›​»។+

១០ លុះ​ផុត​២០​ឆ្នាំ ក្រោយ​ពី​សាឡូម៉ូន​បាន​សាង​សង់​វិហារ​របស់​ព្រះ​យេហូវ៉ា និង​វិមាន​របស់​គាត់​រួច​រាល់​ហើយ+ ១១ ស្ដេច​សាឡូម៉ូន​បាន​ឲ្យ​ក្រុង​ចំនួន​២០​ក្នុង​ទឹក​ដី​កាលីឡេ​ដល់​ហ៊ីរ៉ាម+ជា​ស្ដេច​ក្រុង​ទីរ៉ុស។ គាត់​បាន​ឲ្យ ដោយ​សារ​ហ៊ីរ៉ាម​បាន​ផ្ដល់​ឈើ​ស៊ីដារ​និង​ឈើ​យូនីពើ*ឲ្យ​គាត់ ព្រម​ទាំង​មាស​ជា​ច្រើន​តាម​បំណង​គាត់។+ ១២ ប៉ុន្តែ ពេល​ហ៊ីរ៉ាម​ចេញ​ពី​ក្រុង​ទីរ៉ុស​ទៅ​មើល​ក្រុង​ដែល​សាឡូម៉ូន​បាន​ប្រគល់​ឲ្យ​នោះ គាត់​មិន​ពេញ​ចិត្ត​នឹង​ក្រុង​ទាំង​នោះ​ទេ។ ១៣ រួច​គាត់​បាន​ស្រដី​ថា​៖ ​«​ប្អូន​អើយ! ហេតុ​អ្វី​បាន​ជា​ប្រគល់​ក្រុង​បែប​នេះ​ឲ្យ​ខ្ញុំ?​»។ ដូច្នេះ គេ​បាន​ហៅ​កន្លែង​ទាំង​នោះ​ថា​ទឹក​ដី​កាបួល* រហូត​មក​ដល់​សព្វ​ថ្ងៃ។ ១៤ នៅ​គ្រា​នោះ ហ៊ីរ៉ាម​បាន​ផ្ញើ​មាស​១២០​ថាលិន*ឲ្យ​សាឡូម៉ូន។+

១៥ ស្ដេច​សាឡូម៉ូន​បាន​កែន​បណ្ដា​ជន​មក​ធ្វើ​ការ​ឲ្យ​គាត់+ គឺ​ដើម្បី​សាង​សង់​វិហារ​របស់​ព្រះ​យេហូវ៉ា+ វិមាន​របស់​គាត់ មិឡូ*+ កំពែង​ក្រុង​យេរូសាឡិម ក្រុង​ហាសោ+ ក្រុង​មេគីដោ+ និង​ក្រុង​គីសឺ។+ ១៦ (​ក្រុង​គីសឺ​បាន​ត្រូវ​ផារ៉ូ​ស្ដេច​ស្រុក​អេហ្ស៊ីប​ដណ្ដើម​យក ហើយ​ក្រោយ​មក គាត់​បាន​ដុត​បំផ្លាញ​ក្រុង​នោះ និង​បាន​សម្លាប់​ជន​ជាតិ​កាណាន+ដែល​រស់​នៅ​ក្រុង​នោះ។ ផារ៉ូ​ក៏​បាន​ឲ្យ​ក្រុង​នោះ​ជា​អំណោយ​ដល់​កូន​ស្រី​គាត់+ គឺ​ប្រពន្ធ​របស់​សាឡូម៉ូន​)។ ១៧ សាឡូម៉ូន​បាន​សង់​ក្រុង​គីសឺ​ឡើង​វិញ ព្រម​ទាំង​សង់​ក្រុង​បេតហូរ៉ុន​ផ្នែក​ខាង​ក្រោម+ ១៨ និង​ក្រុង​បាឡាថ+ ថែម​ទាំង​ក្រុង​ថេម៉ា​ដែល​នៅ​តំបន់​ស្ងាត់​ជ្រងំ​នៅ​ក្នុង​ស្រុក។ ១៩ បន្ថែម​ទៅ​ទៀត សាឡូម៉ូន​ក៏​បាន​សង់​ក្រុង​ខ្លះ​ទុក​ធ្វើ​ជា​ឃ្លាំង ក្រុង​ខ្លះ​ទុក​ដាក់​រទេះ​ចម្បាំង+ និង​ក្រុង​ខ្លះ​សម្រាប់​ពល​សេះ។ សាឡូម៉ូន​ក៏​បាន​សង់​អ្វី​ទាំង​អស់​តាម​បំណង​ប្រាថ្នា​របស់​គាត់ នៅ​ក្រុង​យេរូសាឡិម នៅ​តំបន់​ភ្នំ​លីបង់ និង​នៅ​ក្នុង​ស្រុក​ទាំង​អស់​ដែល​ជា​ចំណុះ​គាត់។ ២០ ចំណែក​ឯ​កូន​ចៅ​របស់​ជន​ជាតិ​មួយ​ចំនួន​ដែល​នៅ​សល់ គឺ​ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ហេត ជន​ជាតិ​ពេរិស៊ីត ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស+ ពួក​គេ​មិន​រាប់​បញ្ចូល​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​ទេ។+ ២១ សាឡូម៉ូន​បាន​កែន​ពួក​គេ​មក​ធ្វើ​ការ​ជា​ខ្ញុំ​បម្រើ​រហូត​ដល់​សព្វ​ថ្ងៃ គឺ​ពួក​អ្នក​ដែល​ជន​ជាតិ​អ៊ីស្រាអែល​មិន​អាច​បំផ្លាញ​ចោល​ពី​មុន។+ ២២ ប៉ុន្តែ សាឡូម៉ូន​មិន​តម្រូវ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ណា​ម្នាក់​ធ្វើ​ជា​ខ្ញុំ​បម្រើ​ទេ+ ព្រោះ​ពួក​គេ​ជា​ទាហាន​អង់អាច ជា​អ្នក​បម្រើ​របស់​ស្ដេច ជា​អភិបាល ជា​នាយ​ទាហាន ជា​មេ​កង​ពល​រទេះ​ចម្បាំង និង​មេ​កង​ពល​សេះ។ ២៣ ឯ​មេ​លើ​ពួក​អ្នក​ត្រួត​ពិនិត្យ​កិច្ចការ​ទាំង​ប៉ុន្មាន​របស់​សាឡូម៉ូន មាន​ចំនួន​៥៥០​នាក់ ពួក​គេ​ត្រួត​ត្រា​លើ​ពួក​កំណែន​ដែល​កំពុង​ធ្វើ​កិច្ចការ​សាង​សង់​នោះ។+

២៤ ក្រោយ​មក កូន​ស្រី​របស់​ផារ៉ូ+បាន​រើ​ចេញ​ពី​ក្រុង​ដាវីឌ+ទៅ​នៅ​វិមាន​ដែល​សាឡូម៉ូន​បាន​សង់​ឲ្យ​នាង។ រួច​មក​សាឡូម៉ូន​បាន​សង់​មិឡូ។*+

២៥ សាឡូម៉ូន​បាន​ជូន​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​នៃ​មេត្រី​ភាព ក្នុង​មួយ​ឆ្នាំ​បី​ដង+ នៅ​លើ​ទី​បូជា​ដែល​គាត់​បាន​សង់​ជូន​ព្រះ​យេហូវ៉ា។+ គាត់​ក៏​បាន​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ដែរ។ គាត់​បាន​សង់​វិហារ​របស់​ព្រះ​ចប់​សព្វ​គ្រប់។+

២៦ ម្យ៉ាង​ទៀត ស្ដេច​សាឡូម៉ូន​ក៏​បាន​ធ្វើ​សំពៅ​ជា​ច្រើន​នៅ​អេស៊ានកេបឺ+ ដែល​នៅ​ក្បែរ​អេឡូត នៅ​ឆ្នេរ​សមុទ្រក្រហម ក្នុង​ស្រុក​អេដំ។+ ២៧ ហ៊ីរ៉ាម​បាន​ចាត់​អ្នក​បម្រើ​របស់​គាត់​ដែល​ជា​អ្នក​ជំនាញ​ខាង​សមុទ្រ+ ឲ្យ​ទៅ​ធ្វើ​ការ​ជា​មួយ​នឹង​អ្នក​បម្រើ​របស់​សាឡូម៉ូន​ក្នុង​សំពៅ​ទាំង​នោះ។ ២៨ ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​អូភា+ រួច​បាន​នាំ​យក​មាស​៤២០​ថាលិន មក​ជូន​ដល់​ស្ដេច​សាឡូម៉ូន។

១០ មហា​ក្សត្រី​ស្រុក​សេបា​បាន​ឮ​អំពី​កិត្តិ​នាម​របស់​សាឡូម៉ូន។ កិត្តិ​នាម​នោះ​បាន​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង។+ នាង​ក៏​បាន​មក​ជួប​សាឡូម៉ូន​ដើម្បី​សួរ​សំណួរ​ជ្រៅ​ៗ។+ ២ នាង​បាន​មក​ដល់​ក្រុង​យេរូសាឡិម​ដោយ​ក្បួន​ដង្ហែ​យ៉ាង​អធិកអធម+ ទាំង​មាន​សត្វ​អូដ្ឋ​ដឹក​ប្រេង​ក្រអូប+ មាស​ជា​ច្រើន និង​ត្បូង​ដ៏​មាន​តម្លៃ។ នាង​ក៏​ចូល​ទៅ​ជួប​សាឡូម៉ូន ហើយ​សួរ​គាត់​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​នាង​ចង់​ដឹង។ ៣ សាឡូម៉ូន​បាន​ឆ្លើយ​សំណួរ​ទាំង​អស់​របស់​នាង ហើយ​គ្មាន​សំណួរ​ណា​មួយ​ដែល​ស្ដេច​ឆ្លើយ​មិន​រួច​នោះ​ទេ។

៤ មហា​ក្សត្រី​ស្រុក​សេបា​នឹក​អស្ចារ្យ​ក្នុង​ចិត្ត ពេល​ឃើញ​ថា​សាឡូម៉ូន​មាន​ប្រាជ្ញា​ដ៏​ឈ្លាស​វៃ+ និង​ឃើញ​វិមាន​ដែល​គាត់​បាន​សង់។+ ៥ នាង​កោត​ស្ញប់​ស្ញែង​យ៉ាង​ខ្លាំង ពេល​ឃើញ​អាហារ​នៅ​លើ​តុ​របស់​សាឡូម៉ូន+ ពួក​អ្នក​កាន់​ពែង របៀប​រៀបចំ​កន្លែង​អង្គុយ​របស់​ពួក​មន្ត្រី​គាត់ ព្រម​ទាំង​របៀប​បម្រើ​នៅ​តុ​និង​ឯកសណ្ឋាន​របស់​ពួក​អ្នក​បម្រើ។ នាង​ក៏​កោត​ស្ងើច​ដែរ ពេល​ឃើញ​គ្រឿង​បូជា​ដុត​ទាំង​ប៉ុន្មាន​ដែល​សាឡូម៉ូន​ជូន​ជា​ទៀង​ទាត់​នៅ​ឯ​វិហារ​របស់​ព្រះ​យេហូវ៉ា។ ៦ ម្ល៉ោះ​ហើយ នាង​បាន​និយាយ​ទៅ​កាន់​ស្ដេច​ថា​៖ ​«​ដំណឹង​ដែល​ខ្ញុំ​បាន​ឮ​នៅ​ឯ​ស្រុក​របស់​ខ្ញុំ អំពី​ប្រាជ្ញា​និង​អ្វី​ៗ​ដែល​លោក​បាន​សម្រេច គឺ​ពិត​ដូច​គេ​និយាយ​មែន។ ៧ ដំបូង​ខ្ញុំ​មិន​ជឿ​អ្វី​ដែល​គេ​ប្រាប់​នោះ​ទេ ទាល់​តែ​ខ្ញុំ​បាន​មក​ឃើញ​ដោយ​ផ្ទាល់​ភ្នែក ហើយ​មើល! អ្វី​ដែល​គេ​បាន​ប្រាប់​គឺ​មិន​ទាំង​ដល់​ពាក់​កណ្ដាល​ផង។ លោក​មាន​ប្រាជ្ញា​ដ៏​ឈ្លាស​វៃ​និង​ភាព​ចម្រុង​ចម្រើន លើស​ពី​អ្វី​ដែល​ខ្ញុំ​បាន​ឮ​ឆ្ងាយ​ណាស់។ ៨ រាស្ត្រ​របស់​លោក​ពិត​ជា​មាន​សុភមង្គល​ហើយ! ចំណែក​ពួក​អ្នក​បម្រើ​របស់​លោក ក៏​មាន​សុភមង្គល​ដែរ! ព្រោះ​ជា​រៀង​រាល់​ថ្ងៃ ពួក​គេ​បាន​ស្ដាប់​សម្ដី​របស់​លោក​ដែល​ប្រកប​ដោយ​ប្រាជ្ញា។+ ៩ សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​លោក​បាន​ទទួល​ការ​សរសើរ​តម្កើង+ ព្រោះ​ព្រះ​យេហូវ៉ា​បាន​ពេញ​ចិត្ត​ឲ្យ​លោក​អង្គុយ​លើ​បល្ល័ង្ក​នៃ​អ៊ីស្រាអែល ហើយ​ដោយ​សារ​ព្រះ​តែង​តែ​ស្រឡាញ់​ជន​ជាតិ​អ៊ីស្រាអែល នោះ​ព្រះ​បាន​តែង​តាំង​លោក​ឲ្យ​ធ្វើ​ជា​ស្ដេច គ្រប់​គ្រង​ដោយ​សុចរិត​យុត្តិធម៌​»។

១០ រួច​នាង​បាន​ជូន​ស្ដេច​នូវ​មាស​ទម្ងន់​១២០​ថាលិន* និង​ប្រេង​ក្រអូប*យ៉ាង​សន្ធឹក+ ព្រម​ទាំង​ត្បូង​ដ៏​មាន​តម្លៃ។+ តាំង​ពី​ពេល​នោះ​មក មិន​ដែល​មាន​អ្នក​ណា​យក​ប្រេង​ក្រអូប​យ៉ាង​សន្ធឹក​មក​ជូន​ស្ដេច​សាឡូម៉ូន ដូច​មហា​ក្សត្រី​ស្រុក​សេបា​ឡើយ។

១១ ក្រុម​សំពៅ​របស់​ហ៊ីរ៉ាម​ដែល​ដឹក​ជញ្ជូន​មាស​ពី​អូភា+ ក៏​នាំ​យក​ឈើ​អាល់កឹម*+យ៉ាង​ច្រើន រួម​ទាំង​ត្បូង​ដ៏​មាន​តម្លៃ​មក​ជា​មួយ​ដែរ។+ ១២ ស្ដេច​បាន​យក​ឈើ​អាល់កឹម​មក​ធ្វើ​ជា​គ្រឿង​រណប​ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា និង​វិមាន​របស់​ស្ដេច ព្រម​ទាំង​ធ្វើ​ពិណ​និង​ឧបករណ៍​ភ្លេង​មាន​ខ្សែ​សម្រាប់​លេង​អម​ជា​មួយ​នឹង​ពួក​អ្នក​ចម្រៀង។+ រហូត​ដល់​សព្វ​ថ្ងៃ គេ​មិន​ដែល​ឃើញ ឬ​ក៏​មាន​អ្នក​ណា​នាំ​យក​ឈើ​អាល់កឹម​ចូល​មក​ច្រើន​ដូច​នោះ​ឡើយ។

១៣ ស្ដេច​សាឡូម៉ូន​ក៏​បង្ហាញ​ចិត្ត​ទូលាយ​ដោយ​ជូន​អំណោយ​ដល់​មហា​ក្សត្រី​ស្រុក​សេបា​វិញ​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្វី​ណា​ក៏​ដោយ​ដែល​នាង​ចង់​បាន នោះ​គាត់​ក៏​ឲ្យ​ដល់​នាង។ រួច​មក នាង​បាន​ត្រឡប់​ទៅ​ស្រុក​នាង​វិញ​ជា​មួយ​នឹង​ពួក​អ្នក​បម្រើ​របស់​នាង។+

១៤ ក្នុង​មួយ​ឆ្នាំ​ៗ សាឡូម៉ូន​ទទួល​បាន​មាស​ទម្ងន់​៦៦៦​ថាលិន។+ ១៥ ក្រៅ​ពី​នោះ គាត់​ក៏​បាន​ទទួល​ប្រាក់​ចំណូល​ពី​ពួក​ឈ្មួញ ពី​ពួក​អភិបាល​ក្នុង​ស្រុក ព្រម​ទាំង​ពី​សួយ​អាករ​របស់​អ្នក​គ្រប់​គ្រង​ទាំង​ឡាយ​នៃ​ស្រុក​អារ៉ាប់។

១៦ ស្ដេច​សាឡូម៉ូន​បាន​ធ្វើ​ខែល​ធំ​ពី​មាស ចំនួន​២០០+ (​ខែល​ធំ​នីមួយ​ៗ​មាន​ធាតុ​មាស​ទម្ងន់​៦០០​ហ្សេគិល​)*+ ១៧ និង​ខែល​តូច*ពី​មាស ចំនួន​៣០០ (​ខែល​តូច​នីមួយ​ៗ​មាន​ធាតុ​មាស​ទម្ងន់​បី​មិណា​)។* រួច​មក ស្ដេច​យក​ខែល​ទាំង​នោះ​ទៅ​ដាក់​ក្នុង​មន្ទីរ​ព្រៃ​លីបង់។+

១៨ ស្ដេច​ក៏​ធ្វើ​បល្ល័ង្ក​ដ៏​ធំ​មួយ​ពី​ភ្លុក+ ហើយ​ស្រោប​ដោយ​មាស​សុទ្ធ។+ ១៩ បល្ល័ង្ក​នោះ​មាន​ដំបូល​តូច​រាង​មូល​នៅ​ពី​ក្រោយ ហើយ​មាន​ភ្នាក់ដៃ​សង​ខាង និង​មាន​រូប​តោ​ពីរ+ឈរ​អម​សង​ខាង​ភ្នាក់ដៃ ព្រម​ទាំង​មាន​ជណ្ដើរ​៦​កាំ​ចុះ​ពី​បល្ល័ង្ក។ ២០ មាន​រូប​តោ​១២​ឈរ​អម​សង​ខាង​ជណ្ដើរ​ទាំង​៦​កាំ​នោះ គឺ​នៅ​កាំ​នីមួយ​ៗ​មាន​រូប​តោ​ពីរ។ គ្មាន​រាជាណាចក្រ​ណា​ទៀត​មាន​បល្ល័ង្ក​ដូច​នេះ​ឡើយ។

២១ ពែង​ទាំង​ប៉ុន្មាន​របស់​ស្ដេច​សាឡូម៉ូន សុទ្ធតែ​ធ្វើ​ពី​មាស ហើយ​ប្រដាប់​ប្រដា​ក្នុង​មន្ទីរ​ព្រៃ​លីបង់+ ក៏​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់​ដែរ។ គ្មាន​អ្វី​ធ្វើ​ពី​ប្រាក់​ឡើយ ព្រោះ​នៅ​សម័យ​សាឡូម៉ូន​ប្រាក់​មិន​សូវ​មាន​តម្លៃ​ទេ។+ ២២ ស្ដេច​មាន​ក្រុម​សំពៅ​តើស៊ីស។+ សំពៅ​ទាំង​នោះ​និង​ក្រុម​សំពៅ​របស់​ហ៊ីរ៉ាម​ធ្វើ​ដំណើរ​តាម​សមុទ្រ​ជា​មួយ​គ្នា។ រៀង​រាល់​បី​ឆ្នាំ​ម្ដង ក្រុម​សំពៅ​តើស៊ីស​ត្រឡប់​មក​វិញ ដោយ​នាំ​យក​មាស ប្រាក់ ភ្លុក+ សត្វ​ស្វា​និង​ក្ងោក​មក​ជា​មួយ​ផង។

២៣ ស្ដេច​សាឡូម៉ូន​មាន​ទ្រព្យ​សម្បត្តិ​និង​ប្រាជ្ញា​លើស​អស់​ទាំង​ស្ដេច​នៅ​ផែនដី។+ ២៤ មនុស្ស​ទាំង​ឡាយ​នៅ​ផែនដី​ចង់​មក​ជួប​សាឡូម៉ូន ដើម្បី​ស្ដាប់​សម្ដី​របស់​គាត់​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ពី​ព្រះ។+ ២៥ រៀង​រាល់​ឆ្នាំ ពួក​គេ​ម្នាក់​ៗ​ក៏​នាំ​យក​អំណោយ​មក​ជូន​ស្ដេច។ អំណោយ​ទាំង​នោះ​មាន គ្រឿង​មាស គ្រឿង​ប្រាក់ គ្រឿង​ចម្បាំង សម្លៀក​បំពាក់ ប្រេង​ក្រអូប សេះ និង​លា។

២៦ សាឡូម៉ូន​បាន​ប្រមូល​រទេះ​ចម្បាំង​និង​សេះ*ជា​ច្រើន។ គាត់​មាន​រទេះ​ចម្បាំង​ចំនួន​១.៤០០​គ្រឿង និង​សេះ*ចំនួន​១២.០០០​ក្បាល។+ ស្ដេច​ទុក​មួយ​ចំនួន​នៅ​ក្រុង​យេរូសាឡិម និង​មួយ​ចំនួន​ទៀត​ទុក​នៅ​ក្រុង​នា​នា​សម្រាប់​ដាក់​រទេះ​ចម្បាំង។+

២៧ នៅ​សម័យ​សាឡូម៉ូន ក្រុង​យេរូសាឡិម​ប្រាក់​មាន​ចំនួន​ច្រើន​ដូច​ជា​ដុំ​ថ្ម ហើយ​មាន​ឈើ​ស៊ីដារ*ច្រើន​សន្ធឹក​ដូច​ជា​ដើម​ល្វា​ព្រៃ​នៅ​តំបន់​សេ​ភី​ឡា។+

២៨ សេះ​របស់​សាឡូម៉ូន​បាន​ត្រូវ​នាំ​ចូល​ពី​ស្រុក​អេហ្ស៊ីប ហើយ​ពួក​ឈ្មួញ​របស់​ស្ដេច​បាន​ទិញ​សេះ​ទាំង​ហ្វូង​ៗ តាម​តម្លៃ​កំណត់។+ ២៩ រទេះ​ចម្បាំង​នីមួយ​ៗ​ដែល​នាំ​ចូល​ពី​ស្រុក​អេហ្ស៊ីប​មាន​តម្លៃ​៦០០​កាក់​ធ្វើ​ពី​ប្រាក់ ហើយ​សេះ​នីមួយ​ៗ​មាន​តម្លៃ​១៥០​កាក់​ធ្វើ​ពី​ប្រាក់។ រួច​ពួក​ឈ្មួញ​ក៏​បាន​យក​សេះ​និង​រទេះ​ចម្បាំង​ទៅ​លក់​បន្ត​ឲ្យ​អ្នក​គ្រប់​គ្រង​ទាំង​ប៉ុន្មាន​នៃ​ជន​ជាតិ​ហេត+ និង​អ្នក​គ្រប់​គ្រង​ទាំង​ឡាយ​នៃ​ស្រុក​ស៊ីរី។

១១ ស្ដេច​សាឡូម៉ូន​បាន​ស្រឡាញ់​ស្ត្រី​ជន​ជាតិ​ដទៃ​ជា​ច្រើន​ទៀត+ ក្រៅ​ពី​កូន​ស្រី​របស់​ផារ៉ូ។+ ស្ត្រី​ទាំង​នោះ​រួម​មាន​៖ ជន​ជាតិ​ម៉ូអាប់+ ជន​ជាតិ​អាំម៉ូន+ ជន​ជាតិ​អេដំ ជន​ជាតិ​ស៊ីដូន+ និង​ជន​ជាតិ​ហេត។+ ២ ស្ត្រី​ទាំង​នោះ​មក​ពី​ជន​ជាតិ​ផ្សេង​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ហាម​ពួក​អ៊ីស្រាអែល​ថា​៖ ​«​អ្នក​មិន​ត្រូវ​រៀប​ការ​ជា​មួយ​នឹង​ពួក​គេ​ឡើយ ព្រោះ​ពួក​គេ​នឹង​បំបែរ​ចិត្ត​អ្នក​ទៅ​តាម​ព្រះ​របស់​ពួក​គេ​មិន​ខាន​»។+ ប៉ុន្តែ សាឡូម៉ូន​បាន​នៅ​ជិត​ស្និទ្ធ​នឹង​ពួក​គេ ហើយ​ស្រឡាញ់​ពួក​គេ។ ៣ គាត់​មាន​ភរិយា​ចំនួន​៧០០​នាក់​ជា​អ្នក​ដែល​មាន​ឋានៈ​ខ្ពស់ ហើយ​មាន​ភរិយា​បន្ទាប់​ចំនួន​៣០០​នាក់។ បន្តិច​ម្ដង​ៗ​ស្ត្រី​ទាំង​នោះ​បាន​បំបែរ​ចិត្ត​គាត់។ ៤ កាល​គាត់​ចាស់​ទៅ+ ភរិយា​ទាំង​នោះ​បាន​បំបែរ​ចិត្ត​គាត់​ឲ្យ​ទៅ​តាម​ព្រះ​ដទៃ។+ ខុស​ពី​ដាវីឌ​ជា​ឪពុក សាឡូម៉ូន​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់​ទាំង​ស្រុង​ទេ។ ៥ សាឡូម៉ូន​បាន​កាន់​តាម​ព្រះ​របស់​ជន​ជាតិ​ស៊ីដូន​ដែល​មាន​ឈ្មោះ​ថា​ព្រះ​នាង​អាសថារ៉ូត+ ព្រម​ទាំង​កាន់​តាម​ព្រះ​មីលខម+ជា​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​ដែល​ជន​ជាតិ​អាំម៉ូន​គោរព​បូជា។ ៦ សាឡូម៉ូន​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ហើយ​គាត់​មិន​បាន​កាន់​តាម​ព្រះ​យេហូវ៉ា​យ៉ាង​អស់​ពី​ចិត្ត​ដូច​ដាវីឌ​ជា​ឪពុក​នោះ​ទេ។+

៧ នៅ​គ្រា​នោះ សាឡូម៉ូន​បាន​សង់​ទី​ខ្ពស់+លើ​ភ្នំ​ដើម្បី​គោរព​បូជា​ដល់​ព្រះកេម៉ូស​របស់​ជន​ជាតិ​ម៉ូអាប់ និង​ព្រះ​ម៉ូឡេក+របស់​ជន​ជាតិ​អាំម៉ូន+ ដែល​សុទ្ធតែ​ជា​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម។ គាត់​បាន​សង់​ទី​ខ្ពស់​នោះ​នៅ​ទល់​មុខ​ក្រុង​យេរូសាឡិម។ ៨ គាត់​បាន​សង់​ទី​ខ្ពស់​ទាំង​នោះ​សម្រាប់​ភរិយា​ទាំង​ប៉ុន្មាន​របស់​គាត់​ដែល​ជា​ជន​ជាតិ​ដទៃ ទុក​ជា​កន្លែង​ដុត​គ្រឿង​បូជា*ដល់​ព្រះ​របស់​ពួក​គេ។

៩ ព្រះ​យេហូវ៉ា​ខឹង​នឹង​សាឡូម៉ូន​យ៉ាង​ខ្លាំង ដោយ​សារ​ចិត្ត​របស់​គាត់​បាន​បែរ​ចេញ​ពី​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល+ ដែល​បាន​លេច​មក​ឲ្យ​គាត់​ឃើញ​ពីរ​ដង+ ១០ ហើយ​នោះ​ជា​អ្វី​ដែល​លោក​បាន​ព្រមាន​គាត់​រួច​ហើយ​ថា​មិន​គួរ​កាន់​តាម​ព្រះ​ឯ​ទៀត​ឡើយ។+ ប៉ុន្តែ គាត់​មិន​បាន​ធ្វើ​តាម​បង្គាប់​ព្រះ​យេហូវ៉ា​ទេ។ ១១ ពេល​នោះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​សាឡូម៉ូន​ថា​៖ ​«​ដោយ​ព្រោះ​តែ​អ្នក​ធ្វើ​ដូច្នោះ ហើយ​មិន​បាន​កាន់​តាម​កិច្ច​ព្រម​ព្រៀង​និង​បញ្ញត្តិ​ដែល​ខ្ញុំ​បាន​បង្គាប់​ដល់​អ្នក នោះ​ខ្ញុំ​នឹង​ដក​ហូត​រាជាណាចក្រ​នោះ​ពី​អ្នក ហើយ​ប្រគល់​ឲ្យ​អ្នក​បម្រើ​ម្នាក់​របស់​អ្នក​វិញ។+ ១២ ប៉ុន្តែ ដោយ​យល់​ដល់​ដាវីឌ​ឪពុក​របស់​អ្នក ខ្ញុំ​នឹង​មិន​ដក​ហូត​រាជ្យ​នោះ​នៅ​គ្រា​របស់​អ្នក​ទេ។ ខ្ញុំ​នឹង​ដក​ហូត​រាជ្យ​នោះ​ពី​ដៃ​របស់​កូន​អ្នក​វិញ+ ១៣ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ខ្ញុំ​នឹង​មិន​ដក​ហូត​រាជ្យ​នោះ​ទាំង​មូល​ទេ។+ ខ្ញុំ​នឹង​ទុក​កុលសម្ព័ន្ធ​មួយ​ឲ្យ​កូន​របស់​អ្នក+ ព្រោះ​ខ្ញុំ​យល់​ដល់​ដាវីឌ​ជា​អ្នក​បម្រើ​របស់​ខ្ញុំ និង​យល់​ដល់​ក្រុង​យេរូសាឡិម​ជា​ក្រុង​ដែល​ខ្ញុំ​បាន​ជ្រើស​រើស​»។+

១៤ រួច​មក ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​មាន​អ្នក​ប្រឆាំង​នឹង​សាឡូម៉ូន+ គឺ​ហាដាត​ជា​ជន​ជាតិ​អេដំ ដែល​មក​ពី​វង្ស​ត្រកូល​ស្ដេច​នៅ​ស្រុក​អេដំ។+ ១៥ កាល​ដែល​ដាវីឌ​បាន​វាយ​ឈ្នះ​ស្រុក​អេដំ+ យ៉ូអាប់​ដែល​ជា​មេ​ទ័ព​បាន​ឡើង​ទៅ​បញ្ចុះ​សព​ពល​ទ័ព ហើយ​គាត់​បាន​ព្យាយាម​សម្លាប់​បុរស​ទាំង​អស់​នៅ​ស្រុក​អេដំ។ ១៦ (​យ៉ូអាប់​និង​ទ័ព​អ៊ីស្រាអែល​ទាំង​អស់​បាន​ស្នាក់​នៅ​ស្រុក​អេដំ​អស់​រយៈ​ពេល​៦​ខែ រហូត​ដល់​គាត់​បាន​សម្លាប់​បុរស​ទាំង​អស់​នៅ​ទី​នោះ​) ១៧ ប៉ុន្តែ ហាដាត​និង​អ្នក​បម្រើ​ខ្លះ​របស់​ឪពុក​គាត់​ដែល​ជា​ជន​ជាតិ​អេដំ​បាន​រត់​រួច​ទៅ​ស្រុក​អេហ្ស៊ីប។ គ្រា​នោះ ហាដាត​នៅ​ជា​កុមារ​នៅ​ឡើយ។ ១៨ ពួក​គេ​បាន​ចាក​ចេញ​ពី​ស្រុក​ម៉ាឌាន ទៅ​ដល់​ស្រុក​ប៉ារ៉ាន។ ពួក​គេ​បាន​នាំ​អ្នក​ស្រុក​ប៉ារ៉ាន+ខ្លះ​ទៅ​ជា​មួយ ហើយ​ឆ្ពោះ​ទៅ​ស្រុក​អេហ្ស៊ីប ទៅ​ឯ​ផារ៉ូ​ជា​ស្ដេច​ស្រុក​នោះ។ ផារ៉ូ​ក៏​បាន​ឲ្យ​ទី​លំនៅ ស្បៀងអាហារ និង​ដី​ធ្លី​ដល់​ហាដាត។ ១៩ ផារ៉ូ​ស្រឡាញ់​ពេញ​ចិត្ត​ហាដាត​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​គាត់​ឲ្យ​ប្អូន​ថ្លៃ​របស់​គាត់ ធ្វើ​ជា​ប្រពន្ធ​របស់​ហាដាត​ទៅ។ នាង​ជា​ប្អូន​របស់​ថាភេនីស​ភរិយា​របស់​ផារ៉ូ។ ២០ ក្រោយ​មក ប្អូន​របស់​ថាភេនីស​បាន​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​ហាដាត កូន​នោះ​ឈ្មោះ​កេនូបាត។ ថាភេនីស​បាន​ចិញ្ចឹម​អប់រំ​កូន​នោះ​នៅ​ក្នុង​វិមាន​របស់​ផារ៉ូ ហើយ​កេនូបាត​បាន​រស់​នៅ​ក្នុង​វិមាន​របស់​ផារ៉ូ​ជា​មួយ​នឹង​កូន​ៗ​របស់​ផារ៉ូ។

២១ នៅ​ស្រុក​អេហ្ស៊ីប ហាដាត​បាន​ឮ​ដំណឹង​ថា​ដាវីឌ​បាន​ស្លាប់ ហើយ​បាន​ត្រូវ​បញ្ចុះ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​គាត់។+ គាត់​ក៏​បាន​ឮ​ថា​យ៉ូអាប់​ជា​មេ​ទ័ព​បាន​ស្លាប់​ដែរ។+ ដូច្នេះ ហាដាត​បាន​និយាយ​ទៅ​កាន់​ផារ៉ូ​ថា​៖ ​«​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​កំណើត​ខ្ញុំ​វិញ​ផង​»។ ២២ ប៉ុន្តែ ផារ៉ូ​បាន​សួរ​គាត់​ថា​៖ ​«​កាល​ដែល​អ្នក​នៅ​ជា​មួយ​នឹង​ខ្ញុំ តើ​មាន​ខ្វះ​អ្វី​ខ្លះ​បាន​ជា​អ្នក​ចង់​ទៅ​ស្រុក​របស់​អ្នក​វិញ​ដូច្នេះ?​»។ ហាដាត​បាន​តប​ថា​៖ ​«​ពុំ​មាន​ខ្វះ​អ្វី​ទេ តែ​សូម​មេត្តា​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​វិញ​ផង​»។

២៣ គ្រា​នោះ ព្រះ​បាន​បណ្ដាល​ឲ្យ​មាន​បុគ្គល​ម្នាក់​ទៀត​ប្រឆាំង​នឹង​សាឡូម៉ូន។+ បុគ្គល​នោះ​ឈ្មោះ​រេសោន​ជា​កូន​ប្រុស​របស់​អេលាដា។ រេសោន​បាន​រត់​ចោល​ម្ចាស់​របស់​គាត់ ឈ្មោះ​ហាដាឌីសឺ+ជា​ស្ដេច​ស្រុក​សូបា។ ២៤ ពេល​ដាវីឌ​វាយ​ឈ្នះ​ទ័ព​នៅ​ស្រុក​សូបា រេសោន​បាន​ប្រមូល​បុរស​ខ្លះ​ឲ្យ​ទៅ​តាម​គាត់ ហើយ​គាត់​ក៏​បាន​ក្លាយ​ទៅ​ជា​មេ​ក្រុម​ចោរ​ប្លន់។+ ដូច្នេះ ពួក​គេ​បាន​រត់​ទៅ​រស់​នៅ​ក្រុង​ដាម៉ាស់+ ហើយ​ចាប់​ផ្ដើម​គ្រប់​គ្រង​លើ​ក្រុង​នោះ។ ២៥ គាត់​បាន​ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល​នៅ​គ្រា​ដែល​សាឡូម៉ូន​គ្រប់​គ្រង ហើយ​ក៏​បាន​បង្ក​ឲ្យ​មាន​បញ្ហា ដូច​ហាដាត​បាន​ធ្វើ​ដែរ។ រេសោន​ស្អប់​ជន​ជាតិ​អ៊ីស្រាអែល​យ៉ាង​ខ្លាំង ក្នុង​អំឡុង​ពេល​ដែល​គាត់​គ្រប់​គ្រង​លើ​ស្រុក​ស៊ីរី។

២៦ នៅ​គ្រា​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​យេរ៉ូបោម+ គាត់​ជា​កូន​របស់​ណេបាត​ជា​ពួក​អេប្រាអ៊ីម​ដែល​មក​ពី​ក្រុង​សេរេដា។ គាត់​ជា​អ្នក​បម្រើ​របស់​សាឡូម៉ូន+ ហើយ​មាន​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ​ឈ្មោះ​សេរូអា។ យេរ៉ូបោម​ក៏​តាំង​បះ​បោរ​ប្រឆាំង​នឹង​សាឡូម៉ូន​ដែរ។+ ២៧ មូលហេតុ​ដែល​យេរ៉ូបោម​បះ​បោរ​ប្រឆាំង​សាឡូម៉ូន គឺ​ដោយ​សារ​សាឡូម៉ូន​បាន​សង់​មិឡូ*+ ហើយ​បាន​ពង្រឹង​កំពែង​ក្រុង​ដាវីឌ​ជា​ក្រុង​របស់​ឪពុក​គាត់។+ ២៨ យេរ៉ូបោម​ជា​យុវជន​ម្នាក់​ដែល​មាន​សមត្ថភាព​ក្នុង​ការងារ។ ពេល​សាឡូម៉ូន​ឃើញ​ថា​គាត់​ឧស្សាហ៍​ធ្វើ​ការ សាឡូម៉ូន​ក៏​បាន​តែង​តាំង​គាត់​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ+លើ​កម្មករ​កំណែន​ដែល​មក​ពី​ពូជ​ពង្ស​របស់​យ៉ូសែប។ ២៩ ថ្ងៃ​មួយ យេរ៉ូបោម​បាន​ចេញ​ពី​ក្រុង​យេរូសាឡិម។ ឯ​អាហាយ៉ា​ជា​អ្នក​ប្រកាស​ទំនាយ+ដែល​មក​ពី​ស៊ីឡូរ គាត់​បាន​ជួប​យេរ៉ូបោម​នៅ​តាម​ផ្លូវ ហើយ​ពួក​គាត់​ទាំង​ពីរ​នាក់​នៅ​ឯ​វាល​ដាច់​ដោយ​ឡែក​ពី​គេ។ ពេល​នោះ អាហាយ៉ា​ពាក់​សម្លៀក​បំពាក់​ថ្មី ៣០ រួច​គាត់​ក៏​បាន​ហែក​អាវ​ថ្មី​នោះ ជា​១២​ចំណែក ៣១ ហើយ​និយាយ​ទៅ​កាន់​យេរ៉ូបោម​ថា​៖

​«​សូម​យក​១០​ចំណែក​ទុក​សម្រាប់​ខ្លួន​អ្នក​ចុះ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល បាន​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​នឹង​ដក​ហូត​រាជាណាចក្រ​នេះ​ចេញ​ពី​ដៃ​របស់​សាឡូម៉ូន ហើយ​ខ្ញុំ​នឹង​ឲ្យ​កុលសម្ព័ន្ធ​១០​ដល់​អ្នក។+ ៣២ ប៉ុន្តែ ខ្ញុំ​ទុក​កុលសម្ព័ន្ធ​មួយ​ឲ្យ​គាត់+ ព្រោះ​ខ្ញុំ​យល់​ដល់​ដាវីឌ​ជា​អ្នក​បម្រើ​របស់​ខ្ញុំ+ និង​យល់​ដល់​ក្រុង​យេរូសាឡិម​ជា​ក្រុង​ដែល​ខ្ញុំ​បាន​ជ្រើស​រើស​ចេញ​ពី​កុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជន​ជាតិ​អ៊ីស្រាអែល។+ ៣៣ ខ្ញុំ​នឹង​ធ្វើ​ដូច្នេះ ដោយ​សារ​រាស្ត្រ​របស់​ខ្ញុំ​បាន​បែរ​ចេញ​ពី​ខ្ញុំ+ ហើយ​ទៅ​ក្រាប​គោរព​ដល់​ព្រះ​នាង​អាសថារ៉ូត ជា​ព្រះ​របស់​ជន​ជាតិ​ស៊ីដូន។ ពួក​គេ​ក៏​គោរព​បូជា​ដល់​ព្រះ​កេម៉ូស​ជា​ព្រះ​របស់​ជន​ជាតិ​ម៉ូអាប់ និង​ដល់​ព្រះ​មីលខម​ជា​ព្រះ​របស់​ជន​ជាតិ​អាំម៉ូន​ដែរ។ ពួក​គេ​មិន​បាន​ដើរ​តាម​ផ្លូវ​របស់​ខ្ញុំ​ដោយ​ធ្វើ​អ្វី​ដែល​ខ្ញុំ​ពេញ​ចិត្ត ហើយ​មិន​បាន​កាន់​តាម​បញ្ញត្តិ និង​គោរព​តាម​ការ​វិនិច្ឆ័យ​របស់​ខ្ញុំ ដូច​ដាវីឌ​ជា​ឪពុក​របស់​សាឡូម៉ូន​ទេ។ ៣៤ ប៉ុន្តែ ខ្ញុំ​នឹង​មិន​ដក​ហូត​រាជាណាចក្រ​ទាំង​មូល​ពី​ដៃ​របស់​សាឡូម៉ូន​ទេ។ ខ្ញុំ​នឹង​ទុក​ឲ្យ​គាត់​គ្រប់​គ្រង​រហូត​ដល់​ស្លាប់ ដោយ​សារ​ខ្ញុំ​យល់​ដល់​ដាវីឌ​ជា​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស+ ព្រោះ​គាត់​បាន​ធ្វើ​តាម​ច្បាប់​និង​បញ្ញត្តិ​របស់​ខ្ញុំ។ ៣៥ ប៉ុន្តែ ខ្ញុំ​នឹង​ដក​ហូត​ការ​គ្រប់​គ្រង​នោះ​ពី​ដៃ​របស់​កូន​គាត់ ហើយ​ប្រគល់​ឲ្យ​អ្នក​វិញ គឺ​ខ្ញុំ​នឹង​ឲ្យ​អ្នក​គ្រប់​គ្រង​លើ​កុលសម្ព័ន្ធ​១០។+ ៣៦ ចំណែក​ឯ​កូន​របស់​គាត់​វិញ ខ្ញុំ​នឹង​ទុក​កុលសម្ព័ន្ធ​មួយ ដើម្បី​ឲ្យ​កូន​ចៅ​របស់​ដាវីឌ​ជា​អ្នក​បម្រើ​ខ្ញុំ គ្រប់​គ្រង​បន្ត​នៅ​ចំពោះ​មុខ​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម+ ជា​ក្រុង​ដែល​ខ្ញុំ​បាន​ជ្រើស​រើស​សម្រាប់​ខ្ញុំ និង​ជា​កន្លែង​ដែល​តាង​នាម​ខ្ញុំ។ ៣៧ ឯ​អ្នក​ជា​បុគ្គល​ដែល​ខ្ញុំ​នឹង​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ប្រជា​ជាតិ​អ៊ីស្រាអែល ហើយ​អ្នក​នឹង​គ្រប់​គ្រង​លើ​ទឹក​ដី​នេះ​តាម​បំណង​ប្រាថ្នា​របស់​អ្នក។ ៣៨ បើ​អ្នក​ធ្វើ​តាម​បង្គាប់​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ ហើយ​ដើរ​តាម​ផ្លូវ​របស់​ខ្ញុំ ព្រម​ទាំង​ធ្វើ​អ្វី​ដែល​ខ្ញុំ​ពេញ​ចិត្ត ដោយ​កាន់​តាម​ច្បាប់​និង​បញ្ញត្តិ​របស់​ខ្ញុំ ដូច​ដាវីឌ​ជា​អ្នក​បម្រើ​ខ្ញុំ+ នោះ​ខ្ញុំ​នឹង​នៅ​ជា​មួយ​អ្នក។ ខ្ញុំ​នឹង​តាំង​តំណ​វង្ស​របស់​អ្នក​ឲ្យ​នៅ​គង់​វង្ស ដូច​ដែល​ខ្ញុំ​បាន​តាំង​តំណ​វង្ស​របស់​ដាវីឌ​ដែរ+ ហើយ​ខ្ញុំ​នឹង​ប្រគល់​ប្រជា​ជាតិ​អ៊ីស្រាអែល​ឲ្យ​អ្នក។ ៣៩ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​កូន​ចៅ​របស់​ដាវីឌ​រង​ការ​អាម៉ាស់ ដោយ​សារ​ការ​ទាំង​នេះ+ តែ​មិន​មែន​រហូត​ទេ›​»។+

៤០ ហេតុ​នេះ​ហើយ​បាន​ជា​សាឡូម៉ូន​រក​សម្លាប់​យេរ៉ូបោម។ ប៉ុន្តែ យេរ៉ូបោម​បាន​រត់​ទៅ​សុំ​ជ្រក​កោន​ជា​មួយ​នឹង​ស៊ីសាក់+ជា​ស្ដេច​ស្រុក​អេហ្ស៊ីប+ ហើយ​គាត់​បាន​នៅ​ទី​នោះ​រហូត​ដល់​សាឡូម៉ូន​ស្លាប់។

៤១ រីឯ​ប្រាជ្ញា​របស់​សាឡូម៉ូន​និង​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​ស្ដេច​សាឡូម៉ូន។+ ៤២ សាឡូម៉ូន​បាន​គ្រប់​គ្រង​លើ​ស្រុក​អ៊ីស្រាអែល​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​៤០​ឆ្នាំ។ ៤៣ ក្រោយ​មក គាត់​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្រុង​របស់​ដាវីឌ​ជា​ឪពុក ហើយ​រេហូបោម+ជា​កូន​របស់​គាត់​បាន​ក្លាយ​ទៅ​ជា​ស្ដេច​បន្ទាប់​ពី​គាត់។

១២ រេហូបោម​បាន​ទៅ​ឯ​ក្រុង​ស៊ីគឹម+ ព្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​បាន​មក​ដើម្បី​លើក​គាត់​ឲ្យ​ធ្វើ​ជា​ស្ដេច។+ ២ មិន​យូរ​ក្រោយ​មក យេរ៉ូបោម​ដែល​ជា​កូន​ណេបាត​បាន​ឮ​អំពី​រឿង​នេះ (​ពេល​នោះ​គាត់​នៅ​ស្រុក​អេហ្ស៊ីប​នៅ​ឡើយ ព្រោះ​គាត់​បាន​រត់​គេច​ពី​ស្ដេច​សាឡូម៉ូន​ហើយ​បាន​រស់​នៅ​ក្នុង​ស្រុក​នោះ​)+ ៣ ហើយ​គេ​បាន​ចាត់​មនុស្ស​ឲ្យ​ទៅ​អញ្ជើញ​យេរ៉ូបោម​មក។ ក្រោយ​នោះ យេរ៉ូបោម​និង​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​បាន​មក​ជួប​ជុំ​គ្នា​នៅ​មុខ​រេហូបោម ហើយ​និយាយ​ថា​៖ ៤ ​«​ឪ​ពុក​របស់​លោ​ក​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​មក​លើ​យើង។*+ ប៉ុន្តែ បើ​លោក​ធ្វើ​ឲ្យ​នឹម​ដ៏​ធ្ងន់​នោះ​ទៅ​ជា​ស្រាល​ជាង ហើយ​ធ្វើ​ឲ្យ​តម្រូវ​ការ​ដ៏​ច្រើន​របស់​ឪពុក​លោក​ទៅ​ជាតិ​ច​ជាង នោះ​យើង​នឹង​បម្រើ​លោក​»។

៥ ខណៈ​នោះ រេហូបោម​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​ចូរ​ទៅ​សិន​ចុះ ចាំ​បី​ថ្ងៃ​ទៀត​សឹម​ត្រឡប់​មក​ជួប​ខ្ញុំ​វិញ​»។ ដូច្នេះ បណ្ដា​ជន​ក៏​ចាក​ចេញ​ទៅ។+ ៦ បន្ទាប់​មក ស្ដេច​រេហូបោម​បាន​ប្រឹក្សា​នឹង​ពួក​បុរស​ចាស់​ទុំ​ដែល​ធ្លាប់​បម្រើ​សាឡូម៉ូន​ជា​ឪពុក​កាល​ដែល​គាត់​នៅ​រស់។ រេហូបោម​សួរ​ពួក​គាត់​ថា​៖ ​«​តាម​យោបល់​អ្នក​រាល់​គ្នា តើ​ខ្ញុំ​គួរ​ឆ្លើយ​តប​យ៉ាង​ណា​នឹង​បណ្ដា​ជន​ទាំង​នេះ?​»។ ៧ ពួក​គាត់​ឆ្លើយ​ថា​៖ ​«​បើ​នៅ​ថ្ងៃ​នេះ លោក​បន្ទាប​ខ្លួន*ដោយ​ព្រម​ធ្វើ​តាម​សំណូម​ពរ​របស់​បណ្ដា​ជន ហើយ​ឆ្លើយ​ទៅ​ពួក​គេ ដោយ​សម្ដី​សប្បុរស នោះ​ពួក​គេ​នឹង​បម្រើ​លោក​រហូត​ត​ទៅ​»។

៨ ប៉ុន្តែ រេហូបោម​មិន​បាន​ធ្វើ​តាម​យោបល់​របស់​ពួក​បុរស​ចាស់​ទុំ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​សួរ​យោបល់​ពី​ពួក​បុរស​ដែល​ធំ​ឡើង​ជា​មួយ​គាត់ ហើយ​ពួក​គេ​ទាំង​នេះ​កំពុង​បម្រើ​គាត់។+ ៩ ដំបូង គាត់​ប្រាប់​ថា​៖ ​«​ពួក​បណ្ដា​ជន​បាន​ស្នើ​មក​ខ្ញុំ​ថា​៖ ‹សូម​លោក​ធ្វើ​ឲ្យ​នឹម​ដែល​ឪពុក​លោក​បាន​ដាក់​មក​លើ​យើង​ទៅ​ជា​ស្រាល​ជាង›​»។ រួច​គាត់​ក៏​សួរ​ពួក​បុរស​ទាំង​នោះ​ថា​៖ ​«​តាម​យោបល់​អ្នក​រាល់​គ្នា តើ​យើង​គួរ​ឆ្លើយ​តប​យ៉ាង​ណា​នឹង​ពួក​គេ?​»។ ១០ ដូច្នេះ ពួក​បុរស​ទាំង​នោះ​បាន​តប​ទៅ​គាត់​វិញ​ថា​៖ ​«​ចំពោះ​ពួក​បណ្ដា​ជន​ដែល​បាន​និយាយ​ថា​៖ ‹ឪពុក​របស់​លោក​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​មក​លើ​យើង តែ​លោក​គួរ​ធ្វើ​ឲ្យ​នឹម​នោះ​ទៅ​ជា​ស្រាល​ជាង› លោក​គួរ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ថា​៖ ‹កូន​ដៃ​របស់​ខ្ញុំ​នឹង​ទៅ​ជា​ធំ​ជាង​ត្រគាក​របស់​ឪពុក​ខ្ញុំ។ ១១ ឪពុក​ខ្ញុំ​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​មក​លើ​អ្នក​រាល់​គ្នា តែ​ខ្ញុំ​នឹង​បន្ថែម​ទម្ងន់​ទៅ​លើ​នឹម​នោះ​ឲ្យ​ធ្ងន់​ជាង។ ឪពុក​ខ្ញុំ​បាន​ដាក់​ទោស​អ្នក​រាល់​គ្នា​ដោយ​ខ្សែ​តី តែ​ខ្ញុំ​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ដោយ​ខ្សែ​តី​មុត​ស្រួច›​»។

១២ លុះ​ដល់​ថ្ងៃ​ទី​៣ យេរ៉ូបោម​និង​បណ្ដា​ជន​ទាំង​ឡាយ​បាន​ចូល​មក​ជួប​ស្ដេច​រេហូបោម ដូច​ដែល​ស្ដេច​បាន​បង្គាប់​ថា​៖ ​«​ចាំ​បី​ថ្ងៃ​ទៀត​សឹម​ត្រឡប់​មក​ជួប​ខ្ញុំ​វិញ​»។+ ១៣ ស្ដេច​មិន​បាន​ឆ្លើយ​តាម​យោបល់​របស់​ពួក​បុរស​ចាស់​ទុំ​ទេ តែ​បាន​ឆ្លើយ​តប​នឹង​បណ្ដា​ជន​យ៉ាង​តឹងរ៉ឹង​វិញ។ ១៤ គាត់​បាន​តប​ឆ្លើយ​ទៅ​បណ្ដា​ជន​តាម​យោបល់​របស់​ពួក​បុរស​អាយុ​ស្រករ​គាត់​ថា​៖ ​«​ឪពុក​ខ្ញុំ​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​មក​លើ​អ្នក​រាល់​គ្នា តែ​ខ្ញុំ​នឹង​បន្ថែម​ទម្ងន់​ទៅ​លើ​នឹម​នោះ​ឲ្យ​ធ្ងន់​ជាង។ ឪពុក​ខ្ញុំ​បាន​ដាក់​ទោស​អ្នក​រាល់​គ្នា​ដោយ​ខ្សែ​តី តែ​ខ្ញុំ​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ដោយ​ខ្សែ​តី​មុត​ស្រួច​»។ ១៥ ហេតុ​នេះ ស្ដេច​មិន​ព្រម​ស្ដាប់​តាម​បណ្ដា​ជន​ទេ ព្រោះ​ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​រឿង​នេះ​កើត​ឡើង+ ដើម្បី​ឲ្យ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ទៅ​កាន់​យេរ៉ូបោម​ជា​កូន​ណេបាត តាម​រយៈ​អាហាយ៉ា+ជា​អ្នក​ក្រុង​ស៊ីឡូរ បាន​ក្លាយ​ជា​ការ​ពិត។

១៦ ពេល​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​បាន​ឃើញ​ថា​ស្ដេច​មិន​ព្រម​ស្ដាប់​តាម​ពួក​គេ នោះ​ពួក​គេ​តប​ឆ្លើយ​ទៅ​ស្ដេច​ថា​៖ ​«​យើង​គ្មាន​ជាប់​សាច់​ឈាម​អ្វី​នឹង​ដាវីឌ​ទេ យើង​ក៏​គ្មាន​ចំណែក​មត៌ក​អ្វី​រួម​ជា​មួយ​កូន​របស់​អ៊ីសាយ​ដែរ។ ឱ​បណ្ដា​ជន​អ៊ីស្រាអែល​អើយ! ចូរ​ទៅ​តាម​ព្រះ​របស់​អ្នក​រាល់​គ្នា​ទៅ។ ឱ​ដាវីឌ​អើយ! ចូរ​មើល​ថែ​ពូជ​ពង្ស​របស់​លោក​ដោយ​ខ្លួន​លោក​ចុះ​»។ រួច​មក បណ្ដា​ជន​អ៊ីស្រាអែល​ក៏​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួក​គេ​វិញ។+ ១៧ ប៉ុន្តែ រេហូបោម​បាន​បន្ត​គ្រប់​គ្រង​លើ​បណ្ដា​ជន​អ៊ីស្រាអែល​ដែល​រស់​នៅ​ក្រុង​ផ្សេង​ៗ​ក្នុង​ទឹក​ដី​យូដា។+

១៨ បន្ទាប់​មក ស្ដេច​រេហូបោម​បាន​បង្គាប់​អាដូរ៉ាម+ដែល​ជា​មេ​លើ​ពួក​កំណែន ឲ្យ​ទៅ​ជួប​កូន​ចៅ​អ៊ីស្រាអែល តែ​ពួក​គេ​បាន​គប់​ដុំ​ថ្ម​សម្លាប់​គាត់។ ឃើញ​ដូច្នេះ ស្ដេច​រេហូបោម​ក៏​ប្រញាប់​ប្រញាល់​ឡើង​ជិះ​រទេះ​របស់​គាត់​រត់​គេច​ទៅ​ក្រុង​យេរូសាឡិម​វិញ។+ ១៩ ចាប់​ពី​ពេល​នោះ​មក បណ្ដា​ជន​អ៊ីស្រាអែល​បាន​បះ​បោរ​ប្រឆាំង+នឹង​ពូជ​ពង្ស​របស់​ដាវីឌ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

២០ មិន​យូរ​ក្រោយ​ពី​ប្រជា​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​បាន​ឮ​ថា​យេរ៉ូបោម​បាន​ត្រឡប់​មក​វិញ នោះ​ពួក​គេ​បាន​ជួប​ជុំ​គ្នា រួច​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​គាត់​មក ហើយ​លើក​គាត់​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ប្រជា​ជាតិ​អ៊ីស្រាអែល។+ ប៉ុន្តែ គ្មាន​អ្នក​ណា​គាំទ្រ​ពូជ​ពង្ស​ដាវីឌ​ទេ លើក​លែង​តែ​កុលសម្ព័ន្ធ​យូដា​ប៉ុណ្ណោះ។+

២១ កាល​រេហូបោម​ជា​កូន​សាឡូម៉ូន បាន​មក​ដល់​ក្រុង​យេរូសាឡិម​វិញ គាត់​ក៏​ប្រមូល​ទាហាន​ដ៏​អង់អាច​ដែល​ពូកែ​ច្បាំង​ចំនួន​១៨០.០០០​នាក់​ពី​ពូជ​ពង្ស​យូដា​និង​កុលសម្ព័ន្ធ​បេនយ៉ាមីន ដើម្បី​ទៅ​ច្បាំង​នឹង​ពូជ​ពង្ស​អ៊ីស្រាអែល ក្នុង​បំណង​ដណ្ដើម​យក​រាជ្យ​ទាំង​មូល​មក​វិញ។+ ២២ រួច​មក ព្រះ​ដ៏​ពិត​បាន​មាន​ប្រសាសន៍​ទៅ​កាន់​សិមម៉ាយ៉ា+ជា​តំណាង​លោក​ថា​៖ ២៣ ​«​ចូរ​ទៅ​ប្រាប់​រេហូបោម​កូន​សាឡូម៉ូន​ជា​ស្ដេច​ស្រុក​យូដា ព្រម​ទាំង​ប្រាប់​ពូជ​ពង្ស​យូដា​និង​ពូជ​ពង្ស​បេនយ៉ាមីន រួម​ទាំង​បណ្ដា​ជន​ទាំង​អស់​ថា​៖ ២៤ ‹ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល​ជា​បង​ប្អូន​របស់​ខ្លួន​ទេ។ អ្នក​រាល់​គ្នា​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ ព្រោះ​ខ្ញុំ​ទេ​ជា​អ្នក​បណ្ដាល​ឲ្យ​រឿង​នេះ​កើត​ឡើង​»​›​»។+ ដូច្នេះ ពួក​គេ​បាន​ធ្វើ​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា ហើយ​ក៏​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួក​គេ​វិញ ដូច​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ពួក​គេ។

២៥ ចំណែក​ឯ​យេរ៉ូបោម​វិញ គាត់​បាន​សង់​ក្រុង​ស៊ីគឹម+នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម​ឡើង​វិញ ហើយ​បាន​អាស្រ័យ​នៅ​ទី​នោះ។ បន្ទាប់​មក គាត់​បាន​ចេញ​ពី​ក្រុង​ស៊ីគឹម រួច​ទៅ​សង់​ក្រុង​ពេនួល​ទៀត។+ ២៦ យេរ៉ូបោម​បាន​រិះ​គិត​ក្នុង​ចិត្ត​ថា​៖ ​«​រាជាណាចក្រ​នេះ​នឹង​ត្រូវ​ប្រគល់​ទៅ​ពូជ​ពង្ស​របស់​ដាវីឌ​វិញ​មិន​ខាន+ ២៧ បើ​បណ្ដា​ជន​នៅ​តែ​ឡើង​ទៅ​ជូន​គ្រឿង​បូជា​នៅ​វិហារ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ក្រុង​យេរូសាឡិម​ទៀត។+ ពួក​គេ​នឹង​បែរ​ចិត្ត​ទៅ​គាំទ្រ​រេហូបោម​ជា​ស្ដេច​យូដា​ជា​ម្ចាស់​របស់​ពួក​គេ​វិញ ហើយ​ពួក​គេ​មុខ​ជា​សម្លាប់​ខ្ញុំ​ជា​មិន​ខាន​»។ ២៨ ក្រោយ​ពី​យេរ៉ូបោម​បាន​សុំ​យោបល់​ពី​ទី​ប្រឹក្សា​រួច គាត់​ក៏​បាន​ធ្វើ​រូប​កូន​គោ​មាស​ពីរ+ ហើយ​និយាយ​ទៅ​កាន់​បណ្ដា​ជន​ថា​៖ ​«​ឱ​បណ្ដា​ជន​អ៊ីស្រាអែល​អើយ! ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង​យេរូសាឡិម​នោះ គឺ​ពិបាក​ពេក​ណាស់។ នេះ​នែ៎! ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប​មក​»។+ ២៩ រួច​គាត់​ដាក់​រូប​កូន​គោ​មួយ​នៅ​ក្រុង​បេតអែល+ ឯ​មួយ​ទៀត​គាត់​ដាក់​នៅ​ក្រុង​ដាន់។+ ៣០ បណ្ដា​ជន​ធ្វើ​ដំណើរ​រហូត​ដល់​ក្រុង​ដាន់​ដើម្បី​គោរព​បូជា​រូប​កូន​គោ​នៅ​ទី​នោះ។ ជា​លទ្ធផល ពួក​គេ​ប្រព្រឹត្ត​ខុស​ឆ្គង។+

៣១ គាត់​ក៏​បាន​ធ្វើ​វិហារ​សម្រាប់​គោរព​បូជា​នៅ​លើ​ទី​ខ្ពស់​ពិសិដ្ឋ ហើយ​តែង​តាំង​បណ្ដា​ជន​ធម្មតា​ដែល​មិន​មែន​ជា​ពួក​លេវី​ឲ្យ​បម្រើ​ជា​សង្ឃ។+ ៣២ យេរ៉ូបោម​ក៏​បាន​កំណត់​យក​ថ្ងៃ​ទី​១៥ ក្នុង​ខែ​ទី​៨ ទុក​ធ្វើ​ពិធី​បុណ្យ​មួយ​ឲ្យ​ដូច​ជា​ពិធី​បុណ្យ​នៅ​ស្រុក​យូដា​ដែរ។+ គាត់​ជូន​គ្រឿង​បូជា​ដល់​រូប​កូន​គោ​មាស​ដែល​គាត់​បាន​ធ្វើ​នៅ​លើ​ទី​បូជា​ដែល​គាត់​បាន​សង់​នៅ​ក្រុង​បេតអែល។+ នៅ​ទី​នោះ គាត់​ក៏​តែង​តាំង​ពួក​សង្ឃ​ឲ្យ​បម្រើ​នៅ​ទី​ខ្ពស់​ពិសិដ្ឋ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ​ដែរ។ ៣៣ គាត់​ផ្ដើម​ជូន​គ្រឿង​បូជា​នៅ​លើ​ទី​បូជា​ដែល​គាត់​បាន​សង់​នៅ​ក្រុង​បេតអែល នៅ​ថ្ងៃ​ទី​១៥ ខែ​ទី​៨ គឺ​ជា​ខែ​ដែល​គាត់​បាន​កំណត់​ដោយ​ខ្លួន​គាត់។ គាត់​ផ្ដើម​ធ្វើ​ពិធី​បុណ្យ​មួយ​សម្រាប់​បណ្ដា​ជន​អ៊ីស្រាអែល ហើយ​គាត់​បាន​ឡើង​ទៅ​លើ​ទី​បូជា​ដើម្បី​ដុត​គ្រឿង​បូជា​ឲ្យ​មាន​ផ្សែង​ហុយ​ឡើង។

១៣ គ្រា​នោះ មាន​បុរស​ម្នាក់​ដែល​ជា​តំណាង​ព្រះ​យេហូវ៉ា+ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​យូដា​មក​ដល់​ក្រុង​បេតអែល តាម​បង្គាប់​របស់​លោក។ បុរស​នោះ​បាន​មក​ដល់ កាល​ដែល​យេរ៉ូបោម​កំពុង​ឈរ​ក្បែរ​ទី​បូជា+ ដើម្បី​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។ ២ រួច​មក បុរស​នោះ​បាន​ស្រែក​ឡើង​ទាស់​នឹង​ទី​បូជា​នោះ តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ថា​៖ ​«​ឱ​ទី​បូជា ទី​បូជា​អើយ! ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹មើល! នឹង​មាន​កូន​ប្រុស​ម្នាក់​កើត​ពី​ពូជ​ពង្ស​របស់​ដាវីឌ ឈ្មោះ​យ៉ូសៀស។+ គាត់​នឹង​យក​ពួក​សង្ឃ​នៃ​ទី​ខ្ពស់​ពិសិដ្ឋ មក​បូជា​នៅ​លើ​ឯង គឺ​ពួក​អ្នក​ដែល​ដុត​គ្រឿង​បូជា​លើ​ឯង​ឲ្យ​ផ្សែង​ហុយ​ឡើង ហើយ​គាត់​ក៏​នឹង​យក​ឆ្អឹង​មនុស្ស​មក​ដុត​នៅ​លើ​ឯង​ដែរ›​»។+ ៣ នៅ​ថ្ងៃ​នោះ បុរស​ដែល​ជា​តំណាង​ព្រះ​ក៏​ប្រកាស​ទៀត​ថា​៖ ​«​ព្រះ​យេហូវ៉ា​ផ្ដល់​សញ្ញា​សម្គាល់​មួយ ដើម្បី​បញ្ជាក់​ថា​លោក​ពិត​ជា​មាន​ប្រសាសន៍​មែន គឺ​ទី​បូជា​នេះ​នឹង​ត្រូវ​បំបែក​ទៅ ហើយ​ផេះ​ដែល​នៅ​លើ​ទី​បូជា​នេះ​នឹង​ត្រូវ​ខ្ចាយ​ចេញ​»។

៤ ក្រោយ​ពី​ស្ដេច​យេរ៉ូបោម​បាន​ឮ​ពាក្យ​របស់​បុរស​ដែល​ជា​តំណាង​ព្រះ​ពិត​ប្រកាស​អំពី​ទី​បូជា​នោះ យេរ៉ូបោម​ក៏​លា​ដៃ​ពី​លើ​ទី​បូជា ហើយ​បញ្ជា​ថា​៖ ​«​ចាប់​គាត់​ភ្លាម!​»។+ រំពេច​នោះ ដៃ​ដែល​គាត់​បាន​លា​នោះ​ក៏​បាន​ស្វិត​ទៅ ហើយ​គាត់​មិន​អាច​បត់​ដៃ​នោះ​មក​វិញ​បាន​ទេ។+ ៥ រួច​មក ទី​បូជា​នោះ​បាន​បាក់​បែក ហើយ​ផេះ​ក៏​បាន​ខ្ចាយ​ចេញ​ពី​ទី​បូជា ដូច​សញ្ញា​សម្គាល់​ដែល​តំណាង​ព្រះ​បាន​ប្រកាស​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។

៦ ពេល​នោះ ស្ដេច​បាន​មាន​ប្រសាសន៍​ទៅ​កាន់​តំណាង​ព្រះ​ពិត​ថា​៖ ​«​សូម​អ្នក​អធិដ្ឋាន​អង្វរ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ធ្វើ​ឲ្យ​ដៃ​ខ្ញុំ​ជា​ឡើង​វិញ​ផង​»។+ ដូច្នេះ បុរស​នោះ​បាន​អង្វរ​ព្រះ​យេហូវ៉ា រួច​មក​ដៃ​របស់​ស្ដេច​ក៏​បាន​ជា​ដូច​ដើម​វិញ។ ៧ បន្ទាប់​មក ស្ដេច​បាន​និយាយ​ទៅ​បុរស​នោះ​ថា​៖ ​«​សូម​អញ្ជើញ​មក​វិមាន​ខ្ញុំ ពិសា​អាហារ​សិន ហើយ​ខ្ញុំ​ចង់​ជូន​អំណោយ​ដល់​អ្នក​»។ ៨ ប៉ុន្តែ បុរស​ដែល​ជា​តំណាង​ព្រះ​ពិត​បាន​និយាយ​ទៅ​ស្ដេច​ថា​៖ ​«​ទោះ​បើ​លោក​ឲ្យ​ទ្រព្យ​សម្បត្តិ​ពាក់​កណ្ដាល​ដល់​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​មិន​ព្រម​ទៅ​ជា​មួយ​នឹង​លោក ហើយ​ពិសា​អាហារ*នៅ​ក្នុង​ក្រុង​នេះ​ដែរ។ ៩ ព្រោះ​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ខ្ញុំ​ថា​៖ ‹អ្នក​មិន​ត្រូវ​ពិសា​អាហារ ហើយ​ក៏​មិន​ត្រូវ​ត្រឡប់​ទៅ​តាម​ផ្លូវ​ដដែល​ជា​ដាច់​ខាត›​»។ ១០ ដូច្នេះ គាត់​បាន​ចាក​ចេញ​ទៅ​តាម​ផ្លូវ​មួយ​ទៀត ហើយ​គាត់​មិន​បាន​ត្រឡប់​ទៅ​វិញ​តាម​ផ្លូវ​ដែល​គាត់​បាន​ធ្វើ​ដំណើរ​មក​ក្រុង​បេតអែល​នោះ​ទេ។

១១ គ្រា​នោះ មាន​អ្នក​ប្រកាស​ទំនាយ​វ័យ​ចាស់​ម្នាក់​រស់​នៅ​ក្រុង​បេតអែល។ គាត់​បាន​ឮ​ដំណឹង​ពី​កូន​ប្រុស​ៗ​គាត់​អំពី​បុរស​ដែល​ជា​តំណាង​ព្រះ ពេល​ពួក​គេ​ត្រឡប់​មក​ផ្ទះ​វិញ។ ពួក​គេ​ក៏​ប្រាប់​គាត់​អំពី​សម្ដី​ដែល​បុរស​នោះ​បាន​និយាយ​ទៅ​កាន់​ស្ដេច​ដែរ។ លុះ​ស្ដាប់​រួច ១២ ឪពុក​នោះ​ក៏​សួរ​ពួក​គេ​ថា​៖ ​«​តើ​អ្នក​នោះ​បាន​ទៅ​តាម​ផ្លូវ​មួយ​ណា?​»។ ដូច្នេះ កូន​ប្រុស​ៗ​របស់​គាត់​បាន​ចង្អុល​បង្ហាញ​ផ្លូវ​ដែល​បុរស​នោះ​ធ្វើ​ដំណើរ​ចេញ​ទៅ។ ១៣ ឪពុក​នោះ​និយាយ​ទៅ​កូន​ប្រុស​ៗ​គាត់​ថា​៖ ​«​សូម​ចង​កែប​លា​ឲ្យ​ពុក​»។ ពួក​គេ​ក៏​ចង​កែប​លា​ឲ្យ​ឪពុក រួច​គាត់​ក៏​ឡើង​ជិះ​ធ្វើ​ដំណើរ​ទៅ។

១៤ បុរស​វ័យ​ចាស់​នោះ​បាន​ធ្វើ​ដំណើរ​ទៅ​តាម​បុរស​តំណាង​ព្រះ​ពិត ហើយ​ក៏​ឃើញ​គាត់​កំពុង​អង្គុយ​នៅ​ក្រោម​ដើម​ឈើ​ធំ​មួយ។ រួច​បុរស​វ័យ​ចាស់​បាន​និយាយ​ទៅ​កាន់​អ្នក​នោះ​ថា​៖ ​«​តើ​អ្នក​ជា​តំណាង​ព្រះ​ពិត ដែល​បាន​មក​ពី​ស្រុក​យូដា​ឬ?​»។+ អ្នក​នោះ​ឆ្លើយ​ថា​៖ ​«​គឺ​ខ្ញុំ​ហ្នឹង​ហើយ​»។ ១៥ បុរស​វ័យ​ចាស់​និយាយ​បន្ត​ទៀត​ថា​៖ ​«​សូម​អញ្ជើញ​ទៅ​ពិសា​អាហារ​នៅ​ផ្ទះ​ខ្ញុំ​សិន​»។ ១៦ ប៉ុន្តែ អ្នក​នោះ​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​មិន​អាច​ត្រឡប់​ទៅ​វិញ​ជា​មួយ​អ្នក ឬ​ទទួល​ការ​អញ្ជើញ​របស់​អ្នក​បាន​ទេ។ ខ្ញុំ​ក៏​មិន​អាច​ពិសា​អាហារ​ជា​មួយ​នឹង​អ្នក​នៅ​ក្នុង​ក្រុង​នេះ​ដែរ។ ១៧ ព្រោះ​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ខ្ញុំ​ថា​៖ ‹អ្នក​មិន​ត្រូវ​ពិសា​អាហារ​ឬ​ពិសា​ទឹក​នៅ​ទី​នេះ ហើយ​អ្នក​ក៏​មិន​ត្រូវ​ត្រឡប់​ទៅ​តាម​ផ្លូវ​ដដែល​ជា​ដាច់​ខាត›​»។ ១៨ ប៉ុន្តែ បុរស​វ័យ​ចាស់​បាន​និយាយ​ទៅ​បុរស​តំណាង​ព្រះ​ថា​៖ ​«​ខ្ញុំ​ក៏​ជា​អ្នក​ប្រកាស​ទំនាយ​ដូច​អ្នក​ដែរ។ ទេវតា​មួយ​រូប​បាន​នាំ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​មក​ប្រាប់​ខ្ញុំ​ថា​៖ ‹សូម​ទៅ​អញ្ជើញ​គាត់​មក​ផ្ទះ​របស់​អ្នក​ដើម្បី​គាត់​អាច​ពិសា​អាហារ​ពិសា​ទឹក›​»។ ការ​ពិត គាត់​និយាយ​កុហក​ទេ។ ១៩ ដូច្នេះ បុរស​តំណាង​ព្រះ​ក៏​ព្រម​ទៅ​ជា​មួយ ហើយ​ពិសា​អាហារ​នៅ​ផ្ទះ​របស់​បុរស​វ័យ​ចាស់​នោះ។

២០ កាល​ដែល​ពួក​គាត់​កំពុង​អង្គុយ​នៅ​តុ​នៅ​ឡើយ អ្នក​ប្រកាស​ទំនាយ​វ័យ​ចាស់​នោះ​បាន​ឮ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​មក​កាន់​គាត់។ ២១ រួច​គាត់​ប្រាប់​បុរស​តំណាង​ព្រះ​ពិត​ថា​៖ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹អ្នក​មិន​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា ហើយ​ក៏​មិន​បាន​ធ្វើ​តាម​បញ្ញត្តិ​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ឲ្យ​ដល់​អ្នក​ដែរ។ ២២ អ្នក​បាន​ត្រូវ​បង្គាប់​ហើយ​ថា​៖ ​«​កុំ​ពិសា​អាហារ​នៅ​ក្នុង​ក្រុង​នោះ​ឡើយ​»។ ប៉ុន្តែ អ្នក​បាន​ត្រឡប់​ទៅ​ពិសា​អាហារ​នៅ​ទី​នោះ​វិញ ហេតុ​នេះ សព​របស់​អ្នក​នឹង​មិន​ត្រូវ​បញ្ចុះ​នៅ​ក្នុង​ទី​បញ្ចុះ​សព​របស់​បុព្វ​បុរស​អ្នក​ឡើយ›​»។+

២៣ ក្រោយ​ពី​បុរស​តំណាង​ព្រះ​ពិត​បាន​ពិសា​អាហារ​រួច អ្នក​ប្រកាស​ទំនាយ​វ័យ​ចាស់​បាន​ចង​កែប​លា​ឲ្យ​គាត់។ ២៤ រួច​មក គាត់​ក៏​ចេញ​ដំណើរ​ទៅ។ ប៉ុន្តែ នៅ​តាម​ផ្លូវ គាត់​បាន​ប្រទះ​នឹង​តោ​មួយ ហើយ​វា​ក៏​សម្លាប់​គាត់​ទៅ។+ សព​គាត់​បាន​ធ្លាក់​ទៅ​លើ​ផ្លូវ ហើយ​លា​ឈរ​ក្បែរ​សព​នោះ។ ចំណែក​ឯ​តោ​វិញ វា​ក៏​ឈរ​ក្បែរ​សព​គាត់​ដែរ។ ២៥ មនុស្ស​ដែល​ដើរ​ឆ្លង​កាត់​ទី​នោះ​បាន​ឃើញ​សព​គាត់​នៅ​លើ​ផ្លូវ ទាំង​មាន​តោ​ឈរ​នៅ​ក្បែរ​សព​នោះ​ផង។ ពួក​គេ​បាន​ចូល​ទៅ​ក្នុង​ក្រុង​ដែល​អ្នក​ប្រកាស​ទំនាយ​វ័យ​ចាស់​នោះ​រស់​នៅ រួច​ក៏​រៀប​រាប់​ប្រាប់​រឿង​នោះ​ដល់​អ្នក​នៅ​ក្នុង​ក្រុង។

២៦ ពេល​អ្នក​ប្រកាស​ទំនាយ​វ័យ​ចាស់​ឮ​អំពី​រឿង​នោះ​ភ្លាម គាត់​ក៏​និយាយ​ថា​៖ ​«​បុរស​នោះ​គឺ​ជា​តំណាង​ព្រះ​ពិត​ហើយ។ ដោយ​សារ​គាត់​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា+ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ប្រគល់​គាត់​ឲ្យ​សត្វ​តោ​ខាំ​ត្របាក់​សម្លាប់​ទៅ គឺ​ដូច​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មែន​»។+ ២៧ បន្ទាប់​មក គាត់​និយាយ​ទៅ​កូន​ប្រុស​ៗ​គាត់​ថា​៖ ​«​សូម​ចង​កែប​លា​ឲ្យ​ពុក​»។ នោះ​ពួក​គេ​ក៏​ចង​ឲ្យ​គាត់។ ២៨ រួច​គាត់​ចេញ​ដំណើរ​ទៅ ហើយ​ឃើញ​សព​បុរស​នោះ​នៅ​លើ​ផ្លូវ ទាំង​មាន​លា​និង​តោ​ឈរ​ក្បែរ​សព​ផង។ ប៉ុន្តែ តោ​មិន​បាន​ស៊ី​សព​នោះ​ឬ​ខាំ​លា​ទេ។ ២៩ អ្នក​ប្រកាស​ទំនាយ​វ័យ​ចាស់​បាន​លើក​សព​បុរស​តំណាង​ព្រះ​ពិត​ដាក់​លើ​ខ្នង​លា ហើយ​ដឹក​ចូល​ទៅ​ក្នុង​ក្រុង​គាត់​វិញ ដើម្បី​ធ្វើ​ពិធី​កាន់​ទុក្ខ រួច​បញ្ចុះ​សព​បុរស​នោះ​ទៅ។ ៣០ ដូច្នេះ គាត់​បាន​បញ្ចុះ​សព​នោះ​នៅ​ក្នុង​ទី​បញ្ចុះ​សព​របស់​គាត់​ផ្ទាល់ ហើយ​គេ​ក៏​យំ​សោក​នឹង​សព​នោះ​ថា​៖ ​«​ស្ដាយ​ណាស់​ប្អូន​អើយ!​»។ ៣១ ក្រោយ​ពី​បញ្ចុះ​សព​រួច គាត់​បាន​ប្រាប់​កូន​ប្រុស​ៗ​គាត់​ថា​៖ ​«​ពេល​ពុក​ស្លាប់ កូន​ត្រូវ​បញ្ចុះ​សព​ពុក​នៅ​ក្នុង​ទី​បញ្ចុះ​សព​នេះ ជា​មួយ​នឹង​បុរស​តំណាង​ព្រះ​ពិត។ សូម​ដាក់​ឆ្អឹង​ពុក​នៅ​ក្បែរ​ឆ្អឹង​គាត់។+ ៣២ ព្រោះ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​គាត់​នឹង​កើត​ឡើង​ជាក់​ជា​ពុំ​ខាន ស្ដី​អំពី​ទី​បូជា​នៅ​ក្រុង​បេតអែល និង​វិហារ​សម្រាប់​គោរព​បូជា​នៅ​លើ​ទី​ខ្ពស់​ពិសិដ្ឋ+នៅ​ស្រុក​សាម៉ារី​»។+

៣៣ ទោះ​ជា​មាន​រឿង​នេះ​កើត​ឡើង​ហើយ​ក្ដី ក៏​យេរ៉ូបោម​មិន​បាន​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គាត់​ដែរ។ ផ្ទុយ​ទៅ​វិញ គាត់​នៅ​តែ​តែង​តាំង​បណ្ដា​ជន​ធម្មតា​ឲ្យ​ធ្វើ​ជា​ពួក​សង្ឃ​បម្រើ​នៅ​ទី​ខ្ពស់​ពិសិដ្ឋ​ដដែល។+ បើ​មាន​អ្នក​ណា​ម្នាក់​ចង់​ក្លាយ​ទៅ​ជា​សង្ឃ គាត់​នឹង​តែង​តាំង​គេ​ភ្លាម ដោយ​និយាយ​ថា​៖ ​«​ចូរ​ឲ្យ​គាត់​ធ្វើ​ជា​សង្ឃ​ម្នាក់​បម្រើ​នៅ​ទី​ខ្ពស់​ចុះ​»។+ ៣៤ ដោយ​សារ​អំពើ​ខុស​ឆ្គង​នេះ​ហើយ បាន​ជា​ពូជ​ពង្ស​របស់​យេរ៉ូបោម+បាន​ត្រូវ​បំផ្លាញ​ឲ្យ​សាប​សូន្យ​ចេញ​ពី​ផែនដី។+

១៤ គ្រា​នោះ អាប៊ីយ៉ា​ជា​កូន​ប្រុស​របស់​យេរ៉ូបោម​បាន​ធ្លាក់​ខ្លួន​ឈឺ។ ២ ដូច្នេះ យេរ៉ូបោម​បាន​និយាយ​ទៅ​កាន់​ភរិយា​គាត់​ថា​៖ ​«​សូម​ក្លែង​ខ្លួន​កុំ​ឲ្យ​គេ​ស្គាល់​អ្នក​ថា​ជា​ភរិយា​ខ្ញុំ រួច​ធ្វើ​ដំណើរ​ទៅ​ជួប​អាហាយ៉ា​ជា​អ្នក​ប្រកាស​ទំនាយ ដែល​រស់​នៅ​ក្រុង​ស៊ី​ឡូ​រ។ គាត់​នោះ​ហើយ​ជា​អ្នក​ដែល​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា​ស្ដេច​លើ​បណ្ដា​ជន​អ៊ីស្រាអែល។+ ៣ សូម​យក​នំ​ប៉័ង​១០​ដុំ និង​នំ​ខ្លះ ព្រម​ទាំង​ទឹក​ឃ្មុំ​មួយ​ថូ ហើយ​ទៅ​ជួប​គាត់។ គាត់​នឹង​ប្រាប់​អ្នក​ថា​កូន​យើង​នឹង​ជា​ឬ​មិន​ជា​»។

៤ រួច​មក នាង​ក៏​ធ្វើ​តាម​បង្គាប់​របស់​យេរ៉ូបោម​ជា​ស្វាមី។ នាង​ក្រោក​ឡើង​ធ្វើ​ដំណើរ​ទៅ​ក្រុង​ស៊ីឡូរ+ រួច​ក៏​ទៅ​ដល់​ផ្ទះ​របស់​អាហាយ៉ា។ ចំណែក​អាហាយ៉ា គាត់​ចាស់​ណាស់​ហើយ ភ្នែក​គាត់​ងងឹត​មើល​មិន​ឃើញ​អ្វី​ទេ។

៥ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ប្រាប់​អាហាយ៉ា​ថា​៖ ​«​ប្រពន្ធ​របស់​យេរ៉ូបោម​កំពុង​ធ្វើ​ដំណើរ​មក ដើម្បី​សួរ​អ្នក​អំពី​កូន​របស់​នាង​ដែល​កំពុង​ឈឺ។ ខ្ញុំ​នឹង​ប្រាប់​អ្នក​អំពី​អ្វី​ដែល​អ្នក​ត្រូវ​និយាយ​ទៅ​នាង។ នាង​មក​ដោយ​ក្លែង​ខ្លួន​កុំ​ឲ្យ​គេ​ស្គាល់​»។

៦ ពេល​អាហាយ៉ា​បាន​ឮ​សូរ​សម្រឹប​ជើង​នាង​មក​ដល់​មាត់​ទ្វារ ភ្លាម​នោះ​គាត់​ក៏និយាយ​ថា​៖ ​«​សូម​ចូល​មក​ប្រពន្ធ​យេរ៉ូបោម។ ហេតុ​អ្វី​បាន​ជា​អ្នក​ក្លែង​ខ្លួន​ដូច្នេះ? ព្រះ​បាន​បង្គាប់​ខ្ញុំ​ឲ្យ​ប្រាប់​ដំណឹង​ដ៏​អាក្រក់​មួយ​ដល់​អ្នក។ ៧ ចូរ​ទៅ​ប្រាប់​យេរ៉ូបោម​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បាន​ជ្រើស​រើស​អ្នក​ពី​ចំណោម​ពួក​បណ្ដា​ជន ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​លើ​ជន​ជាតិ​អ៊ីស្រាអែល​រាស្ត្រ​របស់​ខ្ញុំ។+ ៨ ខ្ញុំ​បាន​ដក​ហូត​រាជាណាចក្រ​ពី​ពូជ​ពង្ស​ដាវីឌ ហើយ​ប្រគល់​ដល់​អ្នក​វិញ។+ ប៉ុន្តែ អ្នក​មិន​ដូច​ដាវីឌ​អ្នក​បម្រើ​ខ្ញុំ​ទេ ព្រោះ​គាត់​តែង​តែ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ និង​ដើរ​តាម​ខ្ញុំ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ខ្ញុំ​ពេញ​ចិត្ត​ជា​និច្ច។+ ៩ ឯ​អ្នក​វិញ អ្នក​បាន​ប្រព្រឹត្ត​អាក្រក់​លើស​អ្នក​មុន​ៗ​ទៅ​ទៀត។ អ្នក​ក៏​បាន​ធ្វើ​ព្រះ​មួយ​ទៀត​សម្រាប់​ខ្លួន​អ្នក ថែម​ទាំង​ធ្វើ​រូប​ចម្លាក់​លោហៈ ក្នុង​បំណង​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង+ ហើយ​អ្នក​បាន​បែរ​ខ្នង​ដាក់​ខ្ញុំ​ទៀត​ផង។+ ១០ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​នឹង​នាំ​សេចក្ដី​វេទនា​មក​លើ​ពូជ​ពង្ស​របស់​យេរ៉ូបោម ហើយ​ខ្ញុំ​នឹង​បំផ្លាញ​កូន​ប្រុស​ៗ​ទាំង​អស់​របស់​យេរ៉ូបោម រួម​ទាំង​អ្នក​តូច​ទាប​ក្នុង​ស្រុក​អ៊ីស្រាអែល​ផង។ បន្ថែម​ទៀត ខ្ញុំ​នឹង​បោស​សម្អាត​ពូជ​ពង្ស​របស់​យេរ៉ូបោម​ឲ្យ​អស់+ ដូច​ជា​បុគ្គល​ម្នាក់​បោស​អាចម៍​សត្វ​ចេញ​ទាល់​តែ​អស់​រលីង! ១១ ក្នុង​ពូជ​ពង្ស​របស់​យេរ៉ូបោម អ្នក​ណា​ដែល​ស្លាប់​នៅ​ក្នុង​ក្រុង ឆ្កែ​នឹង​ហែក​ស៊ី។ ឯ​អ្នក​ណា​ដែល​ស្លាប់​នៅ​ឯ​ទី​វាល សត្វ​ហើរ​លើ​អាកាស​នឹង​ចឹក​ស៊ី ព្រោះ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ហើយ​»​›។

១២ ​«​ឥឡូវ ចូរ​អ្នក​ក្រោក​ឡើង​ត្រឡប់​ទៅ​ផ្ទះ​អ្នក​វិញ​ចុះ។ ពេល​ដែល​អ្នក​ឈាន​ជើង​ចូល​ក្នុង​ក្រុង កូន​នោះ​នឹង​ស្លាប់។ ១៣ បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​នឹង​យំ​ស្រណោះ​គាត់ រួច​មក​គេ​នឹង​បញ្ចុះ​សព​គាត់។ ក្នុង​ក្រុម​គ្រួសារ​យេរ៉ូបោម មាន​តែ​គាត់​ទេ​ដែល​នឹង​ត្រូវ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ ព្រោះ​មាន​តែ​គាត់​ប៉ុណ្ណោះ ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ឃើញ​មាន​សេចក្ដី​ល្អ​ខ្លះ។ ១៤ ព្រះ​យេហូវ៉ា​នឹង​តាំង​ស្ដេច​មួយ​ឡើង ឲ្យ​គ្រប់​គ្រង​លើ​ប្រជា​ជាតិ​អ៊ីស្រាអែល ហើយ​ស្ដេច​នោះ​នឹង​បំផ្លាញ​ពូជ​ពង្ស​យេរ៉ូបោម+ឲ្យ​សាប​សូន្យ​ទៅ​ពេល​ដែល​ថ្ងៃ​នោះ​មក​ដល់ ហើយ​សូម្បី​តែ​ឥឡូវ​នេះ​ផង។ ១៥ ព្រះ​យេហូវ៉ា​នឹង​វាយ​ពួក​អ៊ីស្រាអែល​ដូច​ជា​វាយ​ដើម​ត្រែង​ដែល​យោល​នៅ​លើ​ទឹក ហើយ​លោក​នឹង​ដក​រំលើង​ពួក​អ៊ីស្រាអែល​ចេញ​ពី​ទឹក​ដី​ដ៏​ល្អ​នេះ ដែល​លោក​បាន​ឲ្យ​ដល់​បុព្វ​បុរស​របស់​ពួក​គេ។+ លោក​នឹង​កម្ចាត់​កម្ចាយ​ពួក​គេ​ទៅ​ខាង​នាយ​ទន្លេ​អឺប្រាត+ ព្រោះ​ពួក​គេ​បាន​ធ្វើ​បង្គោល​ឈើ​ពិសិដ្ឋ*+ ដែល​បណ្ដាល​ឲ្យ​ព្រះ​យេហូវ៉ា​ខឹង​ជា​ខ្លាំង។ ១៦ បន្ថែម​ទៅ​ទៀត លោក​នឹង​បោះ​បង់​ពួក​អ៊ីស្រាអែល​ចោល ព្រោះ​តែ​អំពើ​ខុស​ឆ្គង​របស់​យេរ៉ូបោម ហើយ​ការ​នោះ​បាន​នាំ​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​»។+

១៧ លុះ​ស្ដាប់​រួច ភរិយា​របស់​យេរ៉ូបោម​បាន​ក្រោក​ឡើង​ចេញ​ទៅ ហើយ​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​ធើសា។ កាល​នាង​បាន​ឈាន​ជើង​ចូល​មាត់​ទ្វារ​វិមាន កូន​នោះ​ក៏​ស្លាប់​ទៅ។ ១៨ ដូច្នេះ គេ​បាន​បញ្ចុះ​សព​កូន​នោះ ហើយ​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​យំ​ស្រណោះ​គាត់ ដូច​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​តាម​រយៈ​អាហាយ៉ា​ជា​អ្នក​ប្រកាស​ទំនាយ។

១៩ ឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​យេរ៉ូបោម​បាន​ធ្វើ ដូច​ជា​ការ​ធ្វើ​ចម្បាំង+ និង​ការ​គ្រប់​គ្រង​របស់​គាត់ សុទ្ធតែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​នៅ​ស្រុក​អ៊ីស្រាអែល។ ២០ យេរ៉ូបោម​បាន​គ្រប់​គ្រង​អស់​រយៈ​ពេល​២២​ឆ្នាំ ក្រោយ​មក​គេ​បាន​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បុព្វ​បុរស​របស់​គាត់+ ហើយ​ណាដាប​ជា​កូន​បាន​គ្រប់​គ្រង​ជា​ស្ដេច​បន្ទាប់​ពី​គាត់។+

២១ នៅ​គ្រា​នោះ​ដែរ រេហូបោម​ជា​កូន​សាឡូម៉ូន​បាន​គ្រប់​គ្រង​ជា​ស្ដេច​នៅ​ស្រុក​យូដា។ រេហូបោម​បាន​ក្លាយ​ទៅ​ជា​ស្ដេច​ពេល​ដែល​គាត់​មាន​អាយុ​៤១​ឆ្នាំ ហើយ​គាត់​បាន​គ្រប់​គ្រង​អស់​រយៈ​ពេល​១៧​ឆ្នាំ​នៅ​ក្រុង​យេរូសាឡិម ជា​ក្រុង​ដែល​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស+ពី​កុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​អ៊ីស្រាអែល ជា​កន្លែង​សម្រាប់​តាង​នាម​លោក។+ ម្ដាយ​របស់​រេហូបោម​ឈ្មោះ​ណាអាម៉ា ជា​ជន​ជាតិ​អាំម៉ូន។+ ២២ ពួក​យូដា​ក៏​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។+ ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ជា​ច្រើន ហើយ​នោះ​បាន​បណ្ដាល​ឲ្យ​ព្រះ​ខឹង​នឹង​ពួក​គេ​ខ្លាំង​ជាង ខឹង​នឹង​បុព្វ​បុរស​របស់​ពួក​គេ​ទៅ​ទៀត។+ ២៣ ពួក​គេ​បាន​បន្ត​សង់​ទី​ខ្ពស់​ពិសិដ្ឋ​សម្រាប់​ខ្លួន​គេ រួម​ទាំង​ធ្វើ​បង្គោល​ថ្ម​និង​បង្គោល​ឈើ*+នៅ​លើ​ទួល​ខ្ពស់​ទាំង​ប៉ុន្មាន+ និង​នៅ​ក្រោម​ដើម​ឈើ​ខៀវ​ខ្ចី​ទាំង​អស់​ដើម្បី​គោរព​បូជា។+ ២៤ នៅ​ក្នុង​ស្រុក​នោះ ក៏​មាន​ពួក​បុរស​ដែល​បម្រើ​បុរស​ឯ​ទៀត​ខាង​ផ្លូវ​ភេទ​ក្នុង​វិហារ​ដែរ។+ បណ្ដា​ជន​បាន​ធ្វើ​តាម​អស់​ទាំង​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​ដែល​ជន​ជាតិ​ផ្សេង​ៗ​ប្រព្រឹត្ត ជា​ជន​ជាតិ​ដែល​ព្រះ​យេហូវ៉ា​បាន​បណ្ដេញ​ចេញ​ពី​មុខ​ជន​ជាតិ​អ៊ីស្រាអែល។

២៥ ក្នុង​ឆ្នាំ​ទី​៥​នៃ​រាជ្យ​រេហូបោម ស៊ីសាក់+ជា​ស្ដេច​ស្រុក​អេហ្ស៊ីប បាន​ឡើង​មក​ច្បាំង​នឹង​ក្រុង​យេរូសាឡិម។+ ២៦ ស៊ីសាក់​បាន​យក​របស់​មាន​តម្លៃ​ពី​វិហារ​របស់​ព្រះ​យេហូវ៉ា ហើយ​ក៏​បាន​យក​ទ្រព្យ​សម្បត្តិ​ពី​វិមាន​របស់​ស្ដេច​ដែរ។+ ស៊ីសាក់​បាន​យក​អ្វី​ៗ​ទាំង​អស់ រួម​ទាំង​ខែល​មាស​ទាំង​ប៉ុន្មាន​ដែល​សាឡូម៉ូន​បាន​ធ្វើ។+ ២៧ ដូច្នេះ ស្ដេច​រេហូបោម​បាន​ធ្វើ​ខែល​ស្ពាន់​ជំនួស​វិញ ហើយ​គាត់​បាន​ទុក​ឲ្យ​ពួក​មេ​លើ​អ្នក​យាម​ខ្លោង​ទ្វារ​វិមាន​របស់​ស្ដេច មើល​ថែ​រក្សា។ ២៨ កាល​ណា​ស្ដេច​ចូល​ទៅ​ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា អ្នក​យាម​នឹង​កាន់​ខែល​ទាំង​នោះ រួច​ពួក​គេ​យក​ទៅ​ទុក​ក្នុង​បន្ទប់​អ្នក​យាម​វិញ។

២៩ ឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​រេហូបោម​បាន​ធ្វើ សុទ្ធតែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​នៅ​ស្រុក​យូដា។+ ៣០ រេហូបោម​និង​យេរ៉ូបោម​តែង​តែ​ច្បាំង​គ្នា​ជា​និច្ច។+ ៣១ ក្រោយ​មក រេហូបោម​បាន​ស្លាប់ ហើយ​គេ​បញ្ចុះ​សព​គាត់​ក្នុង​ទី​បញ្ចុះ​សព​ជា​មួយ​នឹង​បុព្វ​បុរស​របស់​គាត់ នៅ​ក្រុង​ដាវីឌ។+ ម្ដាយ​របស់​គាត់​ឈ្មោះ​ណាអាម៉ា ជា​ជន​ជាតិ​អាំម៉ូន។+ បន្ទាប់​មក អាប៊ីយ៉ាម*+ជា​កូន​បាន​គ្រប់​គ្រង​ជា​ស្ដេច​បន្ទាប់​ពី​គាត់។

១៥ ក្នុង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​យេរ៉ូបោម+ជា​កូន​ណេបាត អាប៊ីយ៉ាម​បាន​ក្លាយ​ទៅ​ជា​ស្ដេច​លើ​ស្រុក​យូដា។+ ២ អាប៊ីយ៉ាម​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​បី​ឆ្នាំ។ ម្ដាយ​របស់​គាត់​ឈ្មោះ​ម៉ាអាកា+ជា​ចៅ​ស្រី​របស់​អាប៊ីសាឡម។* ៣ អាប៊ីយ៉ាម​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​គ្រប់​យ៉ាង តាម​គន្លង​ឪពុក​គាត់។ អាប៊ីយ៉ាម​មិន​ស្មោះ​ត្រង់​ទាំង​ស្រុង​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់ ដូច​ដាវីឌ​ជា​បុព្វ​បុរស​របស់​គាត់​ទេ។ ៤ ប៉ុន្តែ ដោយ​យល់​ដល់​ដាវីឌ+ ព្រះ​យេហូវ៉ា​បាន​ឲ្យ​កូន​ចៅ​របស់​គាត់​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម+ ហើយ​ឲ្យ​ក្រុង​នោះ​នៅ​ស្ថិតស្ថេរ​ជា​ដរាប ៥ ពី​ព្រោះ​ដាវីឌ​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ អស់​មួយ​ជីវិត​ដាវីឌ គាត់​ពុំ​បាន​បែរ​ចេញ​ពី​អ្វី​ដែល​ព្រះ​បាន​បង្គាប់​គាត់​ឡើយ លើក​លែង​តែ​រឿង​ទាក់​ទង​នឹង​អ៊ូរី​ជា​ជន​ជាតិ​ហេត​ប៉ុណ្ណោះ។+ ៦ ចំណែក​រេហូបោម​និង​យេរ៉ូបោម​វិញ អស់​មួយ​ជីវិត ពួក​គេ​តែង​តែ​ច្បាំង​គ្នា​ជា​និច្ច។+

៧ ឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អាប៊ីយ៉ាម​បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​នៅ​ស្រុក​យូដា។+ អាប៊ីយ៉ាម​ក៏​បាន​ធ្វើ​ចម្បាំង​នឹង​យេរ៉ូបោម​ដែរ។+ ៨ ក្រោយ​មក អាប៊ីយ៉ាម​ក៏​បាន​ស្លាប់​ទៅ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បុព្វ​បុរស​គាត់​នៅ​ក្រុង​ដាវីឌ។ រួច​មក អេសា+ជា​កូន​បាន​គ្រប់​គ្រង​ជា​ស្ដេច​បន្ទាប់​ពី​គាត់។+

៩ ក្នុង​ឆ្នាំ​ទី​២០​នៃ​រាជ្យ​យេរ៉ូបោម​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល អេសា​បាន​គ្រប់​គ្រង​លើ​ស្រុក​យូដា។ ១០ អេសា​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​៤១​ឆ្នាំ។ ជីដូន​របស់​គាត់​ឈ្មោះ​ម៉ាអាកា+ ជា​ចៅ​ស្រី​អាប៊ីសាឡម។ ១១ អេសា​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត+ ដូច​ដាវីឌ​ជា​បុព្វ​បុរស​របស់​គាត់។ ១២ គាត់​បណ្ដេញ​ពួក​បុរស​ដែល​បម្រើ​បុរស​ឯ​ទៀត​ខាង​ផ្លូវ​ភេទ​ក្នុង​វិហារ ចេញ​ពី​ស្រុក​ទៅ។+ គាត់​ក៏​យក​ចេញ​នូវ​អស់​ទាំង​រូប​ព្រះ​ដែល​គួរ​ឲ្យ​ស្អប់ខ្ពើម ដែល​បុព្វ​បុរស​របស់​គាត់​បាន​ធ្វើ។+ ១៣ គាត់​ក៏​ដក​ម៉ាអាកា+ជា​ជីដូន​របស់​គាត់ ចេញ​ពី​តំណែង​ជា​មាតា​ស្ដេច ដោយ​សារ​នាង​បាន​ធ្វើ​រូប​មួយ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​សម្រាប់​ការ​គោរព​បូជា​បង្គោល​ឈើ។*+ អេសា​កាប់​រំលំ​រូប​នោះ រួច​ដុត​ចោល​នៅ​ជ្រលង​គីដ្រុន។+ ១៤ ប៉ុន្តែ គាត់​មិន​បាន​បំបាត់​ទី​ខ្ពស់​ពិសិដ្ឋ​ចោល​ទេ។+ ទោះ​ជា​ដូច្នោះ​ក៏​ដោយ អេសា​មាន​ចិត្ត​ស្មោះ​ត្រង់​ទាំង​ស្រុង​ចំពោះ​ព្រះ​យេហូវ៉ា​រហូត​ដល់​ស្លាប់។ ១៥ បន្ថែម​ទៅ​ទៀត គាត់​បាន​យក​មាស ប្រាក់ និង​របស់​របរ​ផ្សេង​ៗ ដែល​គាត់​និង​ឪពុក​របស់​គាត់​បាន​ញែក​ជា​បរិសុទ្ធ ទៅ​ទុក​ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា។+

១៦ អេសា​ស្ដេច​ស្រុក​យូដា​និង​បាអាសា+ស្ដេច​ស្រុក​អ៊ីស្រាអែល ចេះ​តែ​ច្បាំង​គ្នា​ជា​និច្ច។ ១៧ ដូច្នេះ បាអាសា​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​ឡើង​ទៅ​ច្បាំង​នឹង​ស្ដេច​ស្រុក​យូដា ហើយ​គាត់​ក៏​បាន​សង់*ក្រុង​រ៉ាម៉ា+ ដើម្បី​រា​រាំង​កុំ​ឲ្យ​អ្នក​ណា​ចេញ​ឬ​ចូល​ទៅ​ខាង​អេសា​ស្ដេច​ស្រុក​យូដា​ឡើយ។+ ១៨ នៅ​គ្រា​នោះ អេសា​បាន​យក​មាស​ប្រាក់​ទាំង​អស់​ដែល​នៅ​សេស​សល់​ក្នុង​ឃ្លាំង​វិហារ​របស់​ព្រះ​យេហូវ៉ា និង​ក្នុង​ឃ្លាំង​វិមាន​របស់​ស្ដេច ទៅ​ប្រគល់​ដល់​ពួក​អ្នក​បម្រើ​របស់​គាត់។ រួច​ស្ដេច​អេសា​ចាត់​ពួក​គេ​ឲ្យ​យក​ទៅ​ជូន​បេនហាដាត​ជា​កូន​របស់​តាប៊្រីម៉ុន ដែល​ត្រូវ​ជា​កូន​របស់​ហេសៀន ជា​ស្ដេច​ស្រុក​ស៊ីរី+ ដែល​អាស្រ័យ​នៅ​ក្រុង​ដាម៉ាស់។ អេសា​ផ្ដាំ​ថា​៖ ១៩ ​«​អ្នក​និង​ខ្ញុំ​មាន​កិច្ច​ព្រម​ព្រៀង​រួច​ហើយ ដូច​ឪពុក​អ្នក​និង​ឪពុក​ខ្ញុំ​ដែរ។ ខ្ញុំ​ផ្ញើ​មាស​ប្រាក់​នេះ​ជា​អំណោយ​ដល់​អ្នក។ ដូច្នេះ សូម​ផ្ដាច់​កិច្ច​ព្រម​ព្រៀង​នឹង​ស្ដេច​បាអាសា​ទៅ ដើម្បី​ឲ្យ​គាត់​ដក​ថយ​ចេញ​ពី​ខ្ញុំ​»។ ២០ បេនហាដាត​ក៏​ធ្វើ​តាម​ស្ដេច​អេសា ហើយ​ចាត់​ពួក​មេ​ទ័ព​ឲ្យ​ទៅ​ច្បាំង​នឹង​បណ្ដា​ក្រុង​នៅ​ស្រុក​អ៊ីស្រាអែល។ ពួក​គេ​បាន​វាយ​ឈ្នះ​ក្រុង​អ៊ីយ៉ូន+ ក្រុង​ដាន់+ ក្រុង​អេបិលបេតម៉ាអាកា និង​តំបន់​គីនេរ៉េត​ទាំង​មូល ព្រម​ទាំង​ទឹក​ដី​ណែបថាលី​ទាំង​អស់។ ២១ ពេល​បាអាសា​ឮ​ដំណឹង​នេះ​ភ្លាម គាត់​ក៏​ឈប់​សង់*ក្រុង​រ៉ាម៉ា​ទៀត ហើយ​បន្ត​ស្នាក់​នៅ​ក្រុង​ធើសា។+ ២២ រួច​មក ស្ដេច​អេសា​បាន​ប្រមូល​ពួក​យូដា​ទាំង​អស់ មិន​លើក​លែង​អ្នក​ណា​ម្នាក់​ទេ ដើម្បី​ឲ្យ​ពួក​គេ​មក​លី​ថ្ម​និង​ឈើ​ពី​ក្រុង​រ៉ាម៉ា​ដែល​បាអាសា​បាន​ប្រើ​ដើម្បី​សង់​ក្រុង​នោះ។ ស្ដេច​អេសា​ក៏​បាន​យក​របស់​ទាំង​នោះ​ទៅ​សាង​សង់*ក្រុង​កេបា+ក្នុង​ទឹក​ដី​បេនយ៉ាមីន ព្រម​ទាំង​ក្រុង​មីសប៉ា។+

២៣ ឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អេសា​បាន​ធ្វើ ដូច​ជា​ភាព​ខ្លាំង​ពូកែ​របស់​គាត់ និង​បណ្ដា​ក្រុង​ដែល​គាត់​បាន​សង់* គឺ​សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​យូដា។ ពេល​គាត់​មាន​វ័យ​ចាស់ គាត់​មាន​ជំងឺ​ធ្ងន់​មួយ​នៅ​ជើង។+ ២៤ ក្រោយ​មក អេសា​ក៏​បាន​ស្លាប់​ទៅ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្រុង​ដាវីឌ​ជា​បុព្វ​បុរស​របស់​គាត់។ បន្ទាប់​មក យេហូសាផាត+ជា​កូន​ក៏​បាន​គ្រប់​គ្រង​ជា​ស្ដេច​បន្ទាប់​ពី​គាត់។

២៥ ចំណែក​ណាដាប+ជា​កូន​យេរ៉ូបោម គាត់​បាន​ក្លាយ​ទៅ​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ក្នុង​ឆ្នាំ​ទី​២​នៃ​រាជ្យ​អេសា​ជា​ស្ដេច​ស្រុក​យូដា។ ណាដាប​បាន​គ្រប់​គ្រង​លើ​ស្រុក​អ៊ីស្រាអែល​អស់​រយៈ​ពេល​ពីរ​ឆ្នាំ។ ២៦ គាត់​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។ គាត់​បាន​ដើរ​តាម​គន្លង​របស់​ឪពុក+ ហើយ​ក៏​បាន​ធ្វើ​អំពើ​ខុស​ឆ្គង​តាម​ឪពុក​គាត់​ដែរ។ ឪពុក​គាត់​នោះ​ហើយ​ដែល​បាន​នាំ​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។+ ២៧ ឯ​បាអាសា​ជា​កូន​អាហាយ៉ា ដែល​មក​ពី​ពូជ​ពង្ស​អ៊ីសាខារ បាន​ឃុប​ឃិត​ក្បត់​នឹង​ណាដាប។ បាអាសា​បាន​សម្លាប់​ណាដាប​នៅ​ក្រុង​គីបេថន+ជា​ក្រុង​របស់​ពួក​ភីលីស្ទីន កាល​ដែល​ណាដាប​និង​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​កំពុង​ឡោម​ព័ទ្ធ​ក្រុង​នោះ។ ២៨ ដូច្នេះ បាអាសា​បាន​សម្លាប់​ណាដាប​ក្នុង​ឆ្នាំ​ទី​៣​នៃ​រាជ្យ​អេសា​ជា​ស្ដេច​ស្រុក​យូដា រួច​មក​បាអាសា​បាន​ក្លាយ​ទៅ​ជា​ស្ដេច​បន្ទាប់​ពី​ណាដាប។ ២៩ ក្រោយ​ពី​គាត់​បាន​ក្លាយ​ទៅ​ជា​ស្ដេច​ភ្លាម គាត់​បាន​សម្លាប់​ពូជ​ពង្ស​ទាំង​អស់​របស់​យេរ៉ូបោម​ឲ្យ​សាប​សូន្យ​ទៅ ស្រប​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​អាហាយ៉ា​ដែល​មក​ពី​ក្រុង​ស៊ីឡូរ។+ ៣០ មូលហេតុ​គឺ​ដោយ​សារ​យេរ៉ូបោម​បាន​ធ្វើ​អំពើ​ខុស​ឆ្គង ហើយ​បាន​នាំ​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​ខុស​ឆ្គង​ដែរ។ ម្ល៉ោះ​ហើយ គាត់​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ខឹង​ជា​ខ្លាំង។ ៣១ ឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ណាដាប​បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​នៅ​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ៣២ អេសា​និង​បាអាសា​ចេះ​តែ​ច្បាំង​គ្នា​ជា​និច្ច។+

៣៣ ក្នុង​ឆ្នាំ​ទី​៣​នៃ​រាជ្យ​អេសា​ជា​ស្ដេច​ស្រុក​យូដា បាអាសា​ជា​កូន​អាហាយ៉ា បាន​ក្លាយ​ទៅ​ជា​ស្ដេច​នៅ​ក្រុង​ធើសា។ គាត់​បាន​គ្រប់​គ្រង​លើ​បណ្ដា​ជន​អ៊ី​ស្រា​អែ​ល​អស់​រយៈ​ពេល​២៤​ឆ្នាំ។+ ៣៤ គាត់​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។+ គាត់​បាន​ដើរ​តាម​គន្លង​របស់​យេរ៉ូបោម ហើយ​ក៏​បាន​ធ្វើ​អំពើ​ខុស​ឆ្គង​តាម​យេរ៉ូបោម​ដែរ។ យេរ៉ូបោម​នោះ​ហើយ​ដែល​បាន​នាំ​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។+

១៦ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទាស់​នឹង​បាអាសា តាម​រយៈ​យេហ៊ូ+ជា​កូន​ហាណាណៃ+ថា​៖ ២ ​«​ខ្ញុំ​បាន​លើក​អ្នក​ពី​ធូលី​ដី​មក ហើយ​ឲ្យ​អ្នក​គ្រប់​គ្រង​លើ​បណ្ដា​ជន​អ៊ីស្រាអែល។+ ប៉ុន្តែ អ្នក​បាន​ដើរ​តាម​គន្លង​របស់​យេរ៉ូបោម ហើយ​បាន​នាំ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ខ្ញុំ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មាន​កំហឹង​នឹង​ពួក​គេ។+ ៣ ដូច្នេះ ខ្ញុំ​នឹង​បំផ្លាញ​បាអាសា​និង​ពូជ​ពង្ស​ទាំង​អស់​របស់​គាត់​ឲ្យ​សាប​សូន្យ។ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពូជ​ពង្ស​របស់​គាត់​ដូច​ពូជ​ពង្ស​របស់​យេរ៉ូបោម+ជា​កូន​ណេបាត​ដែរ។ ៤ បើ​អ្នក​ណា​ម្នាក់​ពី​ពូជ​ពង្ស​របស់​បាអាសា​ស្លាប់​នៅ​ក្នុង​ក្រុង ឆ្កែ​នឹង​ហែក​ស៊ី ហើយ​បើ​ពូជ​ពង្ស​ណា​ម្នាក់​របស់​គាត់​ស្លាប់​នៅ​ឯ​ទី​វាល នោះ​សត្វ​ហើរ​លើ​អាកាស​នឹង​ចឹក​ស៊ី​»។

៥ ឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​បាអាសា​បាន​ធ្វើ រួម​ទាំង​ភាព​ខ្លាំង​ពូកែ​របស់​គាត់ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ៦ រួច​មក បាអាសា​បាន​ស្លាប់​ទៅ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្រុង​ធើសា។+ ក្រោយ​មក អេឡា​ជា​កូន​បាន​គ្រប់​គ្រង​ជា​ស្ដេច​បន្ទាប់​ពី​គាត់។ ៧ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទាស់​នឹង​បាអាសា​រួម​ទាំង​ពូជ​ពង្ស​របស់​គាត់ តាម​រយៈ​យេហ៊ូ​ជា​អ្នក​ប្រកាស​ទំនាយ ជា​កូន​របស់​ហាណាណៃ។ ពី​ព្រោះ​គាត់​បាន​ប្រព្រឹត្ត​អំពើ​គ្រប់​យ៉ាង​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ដែល​នាំ​ឲ្យ​លោក​ខឹង​នឹង​គាត់ ហើយ​គាត់​ក៏​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដូច​ពូជ​ពង្ស​របស់​យេរ៉ូបោម​ដែរ។ មួយ​វិញ​ទៀត គាត់​បាន​សម្លាប់​ណាដាប។*+

៨ ក្នុង​ឆ្នាំ​ទី​២៦​នៃ​រាជ្យ​អេសា​ជា​ស្ដេច​ស្រុក​យូដា អេឡា​ជា​កូន​បាអាសា បាន​ក្លាយ​ទៅ​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រាអែល​នៅ​ក្រុង​ធើសា ហើយ​គាត់​បាន​គ្រប់​គ្រង​អស់​រយៈ​ពេល​ពីរ​ឆ្នាំ។ ៩ អេឡា​មាន​អ្នក​បម្រើ​ម្នាក់​ឈ្មោះ​ស៊ីមរី គាត់​ជា​មេ​លើ​កង​រទេះ​ចម្បាំង​ចំនួន​ពាក់​កណ្ដាល។ ស៊ីមរី​បាន​ឃុប​ឃិត​ក្បត់​នឹង​អេឡា ពេល​អេឡា​កំពុង​ពិសា​ស្រា​ស្រវឹង​នៅ​ផ្ទះ​របស់​អាសា ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​ក្រុម​គ្រួសារ​របស់​ស្ដេច​នៅ​ក្រុង​ធើសា។ ១០ ស៊ីមរី​បាន​ចូល​ទៅ​សម្លាប់​អេឡា+ ហើយ​គាត់​បាន​ក្លាយ​ទៅ​ជា​ស្ដេច​ជំនួស​អេឡា​វិញ។ នេះ​កើត​ឡើង​ក្នុង​ឆ្នាំ​ទី​២៧​នៃ​រាជ្យ​អេសា​ជា​ស្ដេច​ស្រុក​យូដា។ ១១ ក្រោយ​ពី​គាត់​បាន​ក្លាយ​ទៅ​ជា​ស្ដេច​ភ្លាម គាត់​បាន​សម្លាប់​ពូជ​ពង្ស​ទាំង​អស់​របស់​បាអាសា។ គាត់​មិន​បាន​ប្រណី​ជីវិត​បុរស​ណា​ម្នាក់​ឡើយ សូម្បី​តែ​សាច់​ញាតិ ឬ​មិត្ត​ភក្ដិ​របស់​បាអាសា​ក៏​គាត់​មិន​ប្រណី​ដែរ។ ១២ យ៉ាង​នេះ ស៊ីមរី​បាន​បំផ្លាញ​ពូជ​ពង្ស​ទាំង​អស់​របស់​បាអាសា​ឲ្យ​សាប​សូន្យ គឺ​ដូច​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​តាម​រយៈ​យេហ៊ូ​ជា​អ្នក​ប្រកាស​ទំនាយ​មែន។+ ១៣ នេះ​គឺ​ដោយ​សារ​បាអាសា និង​អេឡា​ជា​កូន​របស់​គាត់ បាន​ធ្វើ​អំពើ​ខុស​ឆ្គង​ច្រើន​ក្រៃ​លែង ព្រម​ទាំង​នាំ​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ជា​ច្រើន​ដែរ។ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ខឹង​ពួក​គេ​ជា​ខ្លាំង ដោយ​សារ​ពួក​គេ​បាន​គោរព​បូជា​ដល់​រូប​ព្រះ​ឥត​ប្រយោជន៍។+ ១៤ ឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អេឡា​បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។

១៥ ក្នុង​ឆ្នាំ​ទី​២៧​នៃ​រាជ្យ​អេសា​ជា​ស្ដេច​ស្រុក​យូដា ស៊ីមរី​បាន​ក្លាយ​ទៅ​ជា​ស្ដេច គាត់​គ្រប់​គ្រង​បាន​៧​ថ្ងៃ​នៅ​ក្រុង​ធើសា។ គាត់​បាន​ក្លាយ​ទៅ​ជា​ស្ដេច ពេល​ដែល​ពល​ទ័ព​បោះ​ជំរំ​ដើម្បី​ច្បាំង​នឹង​ក្រុង​គីបេថន+ជា​ទឹក​ដី​របស់​ពួក​ភីលីស្ទីន។ ១៦ ក្រោយ​មក ពល​ទ័ព​ដែល​បោះ​ជំរំ​បាន​ឮ​ដំណឹង​ថា​៖ ​«​ស៊ីមរី​បាន​ក្បត់​ហើយ ថែម​ទាំង​បាន​សម្លាប់​ស្ដេច​ផង​»។ ដូច្នេះ បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​បាន​លើក​អំរី+ដែល​ជា​មេ​ទ័ព ឲ្យ​ធ្វើ​ជា​ស្ដេច​នៅ​ថ្ងៃ​នោះ​ក្នុង​ជំរំ​តែ​ម្ដង។ ១៧ អំរី​និង​បណ្ដា​ជន​អ៊ីស្រាអែល​បាន​ធ្វើ​ដំណើរ​ពី​ក្រុង​គីបេថន​ឡើង​ទៅ​ឡោម​ព័ទ្ធ​ក្រុង​ធើសា។ ១៨ រួច​ដណ្ដើម​យក​ក្រុង​នោះ ពេល​ស៊ីមរី​ឃើញ​ដូច្នោះ គាត់​ក៏​ចូល​ទៅ​ក្នុង​បន្ទប់​រឹង​មាំ​ក្នុង​វិមាន​ស្ដេច ហើយ​ដុត​វិមាន​នោះ រួច​គាត់​ក៏​ស្លាប់​ក្នុង​ភ្លើង​នោះ​ទៅ។+ ១៩ នេះ​គឺ​ដោយ​សារ​ស៊ីមរី​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​តាម​គន្លង​យេរ៉ូបោម គឺ​ជា​អំពើ​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។ ម្យ៉ាង​វិញ​ទៀត គាត់​ក៏​បាន​បណ្ដាល​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​តាម​គាត់​ដែរ។+ ២០ ឯ​កិច្ចការ​ទាំង​ប៉ុន្មាន​របស់​ស៊ីមរី និង​ការ​ក្បត់​របស់​គាត់ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។

២១ គ្រា​នោះ បណ្ដា​ជន​អ៊ីស្រាអែល​បាន​បែក​បាក់​គ្នា​ទៅ​ជា​ពីរ​ក្រុម។ បណ្ដា​ជន​មួយ​ក្រុម​បាន​គាំទ្រ​ធីបណាយ​ជា​កូន​គីណាត ហើយ​ពួក​គេ​ចង់​លើក​គាត់​ឡើង​ជា​ស្ដេច។ ឯ​មួយ​ក្រុម​ទៀត​បាន​គាំទ្រ​អំរី។ ២២ ប៉ុន្តែ បណ្ដា​ជន​ដែល​គាំទ្រ​អំរី​បាន​វាយ​ឈ្នះ​ពួក​អ្នក​ដែល​គាំទ្រ​ធីបណាយ​ជា​កូន​គីណាត។ ដូច្នេះ ធីបណាយ​បាន​ស្លាប់ ហើយ​អំរី​បាន​ក្លាយ​ទៅ​ជា​ស្ដេច។

២៣ ក្នុង​ឆ្នាំ​ទី​៣១​នៃ​រាជ្យ​អេសា​ជា​ស្ដេច​ស្រុក​យូដា អំរី​បាន​ក្លាយ​ទៅ​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ហើយ​គាត់​បាន​គ្រប់​គ្រង​អស់​រយៈ​ពេល​១២​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​ធើសា​អស់​រយៈ​ពេល​៦​ឆ្នាំ។ ២៤ គាត់​បាន​ទិញ​ភ្នំ​សាម៉ារី​ពី​សិមមើ​ក្នុង​តម្លៃ​ជា​ប្រាក់​ពីរ​ថាលិន* ហើយ​គាត់​បាន​សង់​ក្រុង​មួយ​នៅ​លើ​ភ្នំ​នោះ។ គាត់​បាន​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា​សាម៉ារី*+ តាម​ឈ្មោះ​សិមមើ​ជា​ម្ចាស់​ភ្នំ។ ២៥ អំរីតែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ហើយ​គាត់​បាន​ប្រព្រឹត្ត​អាក្រក់​លើស​អស់​អ្នក​ដែល​នៅ​មុន​ៗ​គាត់​ទៅ​ទៀត។+ ២៦ អំរី​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​តាមគន្លង​របស់​យេរ៉ូបោម​ជា​កូន​ណេបាត។ យេរ៉ូបោម​នោះ​ហើយ​ដែល​បាន​បណ្ដាល​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ពោល​គឺ​គោរព​បូជា​ដល់​រូប​ព្រះ​ឥត​ប្រយោជន៍ ជា​ហេតុ​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ខឹង​នឹង​ពួក​គេ​យ៉ាង​ខ្លាំង។+ ២៧ ឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អំរី​បាន​ធ្វើ និង​ភាព​ខ្លាំង​ក្លា​របស់​គាត់ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ២៨ ក្រោយ​មក អំរី​បាន​ស្លាប់​ទៅ ហើយ​គេ​បាន​បញ្ចុះ​គាត់​នៅ​ក្រុង​សាម៉ារី។ រួច​មក អាហាប់​ជា​កូន​របស់​គាត់+ ក៏​បាន​គ្រប់​គ្រង​ជា​ស្ដេច​បន្ទាប់​ពី​គាត់។

២៩ ក្នុង​ឆ្នាំ​ទី​៣៨​នៃ​រាជ្យ​អេសា​ជា​ស្ដេច​ស្រុក​យូដា អាហាប់​ជា​កូន​អំរី បាន​ក្លាយ​ទៅ​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រាអែល ហើយ​គាត់​គ្រប់​គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល​ក្នុង​ក្រុង​សាម៉ារី+អស់​រយៈ​ពេល​២២​ឆ្នាំ។ ៣០ អាហាប់​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត គឺ​អាក្រក់​លើស​អស់​អ្នក​ដែល​នៅ​មុន​ៗ​គាត់​ទៅ​ទៀត។+ ៣១ គាត់​មិន​គ្រាន់​តែ​បាន​ប្រព្រឹត្ត​តាម​អំពើ​ខុស​ឆ្គង​របស់​យេរ៉ូបោម+ជា​កូន​ណេបាត​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​យក​យេសិបិល+ជា​កូន​របស់​អេតបាល​ជា​ស្ដេច​ជន​ជាតិ​ស៊ីដូន+មក​ធ្វើ​ជា​ភរិយា ហើយ​បាន​ក្រាប​គោរព​និង​បម្រើ​ព្រះ​បាល​វិញ។+ ៣២ បន្ថែម​ទៅ​ទៀត គាត់​បាន​ធ្វើ​ទី​បូជា​សម្រាប់​ព្រះ​បាល+ នៅ​ឯ​វិហារ​ដែល​គាត់​បាន​សង់​សម្រាប់​ព្រះ​បាល​នៅ​ក្រុង​សាម៉ារី។ ៣៣ អាហាប់​ថែម​ទាំង​បាន​ធ្វើ​បង្គោល​ឈើ​ពិសិដ្ឋ*ដែរ។+ គាត់​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​លើស​អស់​ទាំង​ស្ដេច​ក្នុង​ស្រុក​អ៊ីស្រាអែល​ដែល​នៅ​មុន​ៗ​គាត់​ទៅ​ទៀត ហើយ​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ខឹង​ជា​ខ្លាំង។

៣៤ ក្នុង​រាជ្យ​អាហាប់ ហ៊ីអែល​ជា​អ្នក​មក​ពី​បេតអែល​បាន​សង់​ក្រុង​យេរីខូ​ឡើង​វិញ។ នៅ​ពេល​គាត់​ដាក់​គ្រឹះ​ក្រុង អាបាយរ៉ាម​ជា​កូន​ច្បង​របស់​គាត់​បាន​ស្លាប់ ហើយ​ពេល​គាត់​ដាក់​ទ្វារ​ក្រុង នោះ​សេកឺប​កូន​ពៅ​របស់​គាត់​បាន​ស្លាប់ ដូច​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​តាម​រយៈ​យ៉ូស្វេ​ជា​កូន​នុន។+

១៧ គ្រា​នោះ អេលីយ៉ា*+ជា​អ្នក​ភូមិ​ធេសប៊ី​ក្នុង​ស្រុក​គីលាត+ បាន​និយាយ​ទៅ​អាហាប់​ថា​៖ ​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ ហើយ​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ជា​ព្រះ​ដែល​ខ្ញុំ​កំពុង​បម្រើ​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​នឹង​គ្មាន​សន្សើម​ឬ​ភ្លៀង​ទេ លើក​លែង​តែ​ខ្ញុំ​បង្គាប់​ឲ្យ​មាន!​»។+

២ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អេលីយ៉ា​ថា​៖ ៣ ​«​ចូរ​ចេញ​ពី​ទី​នេះ​ទៅ​ទិស​ខាង​កើត ហើយ​លាក់​ខ្លួន​នៅ​ជ្រលង​កេរីត ដែល​នៅ​ខាង​កើត​ទន្លេយ៉ូដាន់។ ៤ នៅ​ទី​នោះ អ្នក​នឹង​ផឹក​ទឹក​ជ្រោះ​ពី​ជ្រលង​នោះ ហើយ​ខ្ញុំ​នឹង​បង្គាប់​ក្អែក​ឲ្យ​ពាំ​អាហារ​យក​ទៅ​ឲ្យ​អ្នក​»។+ ៥ ភ្លាម​នោះ គាត់​ក៏​បាន​ទៅ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា ហើយ​ស្នាក់​នៅ​ក្បែរ​ជ្រលង​កេរីត​ដែល​នៅ​ខាង​កើត​ទន្លេយ៉ូដាន់។ ៦ រាល់​ព្រឹក​រាល់​ល្ងាច ក្អែក​តែង​តែ​ពាំ​នំ​ប៉័ង​និង​សាច់​ឲ្យ​គាត់ ហើយ​គាត់​បាន​ផឹក​ទឹក​ពី​ជ្រោះ​នោះ។+ ៧ មិន​យូរ​ក្រោយ​មក ទឹក​ជ្រោះ​ក៏​រីង​អស់+ ព្រោះ​គ្មាន​ភ្លៀង​នៅ​ក្នុង​ស្រុក​នោះ​ទេ។

៨ រួច​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា​៖ ៩ ​«​ចូរ​ក្រោក​ឡើង​ទៅ​ក្រុង​សេរ៉ាផាត​ក្នុង​ទឹក​ដី​ស៊ីដូន ហើយ​ស្នាក់​នៅ​ទី​នោះ​ចុះ។ មើល! នៅ​ទី​នោះ​ខ្ញុំ​នឹង​បង្គាប់​ស្ត្រី​មេម៉ាយ​ម្នាក់​ឲ្យ​ផ្គត់​ផ្គង់​អាហារ​ដល់​អ្នក​»។+ ១០ ដូច្នេះ អេលីយ៉ា​ក៏​ក្រោក​ឡើង​ធ្វើ​ដំណើរ​ទៅ​ក្រុង​សេរ៉ាផាត។ ពេល​គាត់​ចូល​ទៅ​ដល់​ខ្លោង​ទ្វារ​ក្រុង គាត់​ឃើញ​ស្ត្រី​មេម៉ាយ​ម្នាក់​កំពុង​រើស​អុស។ ពេល​នោះ គាត់​បាន​និយាយ​ទៅ​នាង​ថា​៖ ​«​សូម​យក​ទឹក​ឲ្យ​ខ្ញុំ​ផឹក​បន្តិច​ផង​»។+ ១១ កាល​នាង​ទៅ​យក​ទឹក អេលីយ៉ា​បាន​ប្រាប់​ថា​៖ ​«​សូម​ឲ្យ​នំ​ប៉័ង​មួយ​ដុំ​ដល់​ខ្ញុំ​ផង​»។ ១២ ប៉ុន្តែ នាង​បាន​ឆ្លើយ​តប​ថា​៖ ​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​និង​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​ថា ខ្ញុំ​គ្មាន​នំ​ប៉័ង​ទេ មាន​តែ​ម្សៅ​មួយ​ក្ដាប់​នៅ​ក្នុង​ខាប់ និង​ប្រេង​បន្តិច​នៅ​ក្នុង​ថូ​ប៉ុណ្ណោះ។+ ឥឡូវ ខ្ញុំ​កំពុង​រើស​អុស ដើម្បី​ចម្អិន​អាហារ​សម្រាប់​ខ្ញុំ​និង​កូន​ប្រុស​ខ្ញុំ។ នេះ​ជា​អាហារ​ចុង​ក្រោយ​របស់​យើង អស់​ពី​នេះ​ទៅ​យើង​នឹង​ស្លាប់​ហើយ​»។

១៣ ប៉ុន្តែ អេលីយ៉ា​បាន​និយាយ​ទៅ​នាង​ថា​៖ ​«​កុំ​ខ្លាច​ឡើយ។ សូម​ចូល​ទៅ​ធ្វើ​ដូច​អ្នក​ប្រាប់​ចុះ តែ​ដំបូង​សូម​ធ្វើ​នំ​ប៉័ង​តូច​មួយ​ពី​ម្សៅ​ដែល​នៅ​សល់​នោះ​ឲ្យ​ខ្ញុំ​សិន។ រួច​សឹម​ធ្វើ​សម្រាប់​អ្នក​និង​កូន​អ្នក​ចុះ។ ១៤ ព្រោះ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ម្សៅ​ក្នុង​ខាប់​នឹង​មិន​អស់​ឡើយ ហើយ​ប្រេង​ក្នុង​ថូ​ក៏​មិន​រលស់​ដែរ រហូត​ដល់​ថ្ងៃ​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់​មក​លើ​ផែនដី›​»។+ ១៥ ដូច្នេះ នាង​ក៏​ចេញ​ទៅ ធ្វើ​តាម​ពាក្យ​ដែល​អេលីយ៉ា​បាន​ប្រាប់ រួច​នាង​និង​ក្រុម​គ្រួសារ ព្រម​ទាំង​អេលីយ៉ា​បាន​បរិភោគ​អស់​ជា​ច្រើន​ថ្ងៃ។+ ១៦ ម្សៅ​ក្នុង​ខាប់​មិន​បាន​អស់​ទេ ហើយ​ប្រេង​ក្នុង​ថូ​ក៏​មិន​បាន​រលស់​ដែរ ដូច​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​តាម​រយៈ​អេលីយ៉ា​មែន។

១៧ ក្រោយ​នោះ​មក កូន​ប្រុស​របស់​ស្ត្រី​មេម៉ាយ​ជា​ម្ចាស់​ផ្ទះ បាន​ធ្លាក់​ខ្លួន​ឈឺ។ ជំងឺ​របស់​កូន​នោះ​ធ្ងន់​ដល់​ម្ល៉េះ បាន​ជា​កូន​នោះ​ស្លាប់​ទៅ។+ ១៨ ពេល​នោះ នាង​បាន​និយាយ​ទៅ​អេលីយ៉ា​ថា​៖ ​«​ឱ​តំណាង​ព្រះ​ពិត​អើយ! តើ​អ្នក​មាន​រឿង​អ្វី​ទាស់​នឹង​ខ្ញុំ? តើ​អ្នក​មក​ទី​នេះ​ដើម្បី​រំលឹក​ខ្ញុំ​អំពី​ទោស​កំហុស​របស់​ខ្ញុំ ព្រម​ទាំង​ធ្វើ​ឲ្យ​កូន​របស់​ខ្ញុំ​ស្លាប់​ឬ?​»។+ ១៩ អេលីយ៉ា​បាន​និយាយ​ថា​៖ ​«​សូម​ប្រគល់​កូន​អ្នក​មក​ខ្ញុំ​»។ រួច​គាត់​ទទួល​កូន​នោះ​ពី​ដៃ​របស់​នាង ហើយ​បី​កូន​នោះ​ឡើង​ទៅ​បន្ទប់​ដែល​គាត់​ស្នាក់​នៅ​ខាង​លើ រួច​ផ្ដេក​កូន​នោះ​ទៅ​លើ​គ្រែ​របស់​គាត់។+ ២០ អេលីយ៉ា​បាន​បន្លឺ​សំឡេង​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ​អើយ!+ តើ​លោក​ក៏​នាំ​ទុក្ខ​ដល់​ស្ត្រី​មេម៉ាយ​ដែល​ខ្ញុំ​កំពុង​ស្នាក់​នៅ​ជា​មួយ ដោយ​ធ្វើ​ឲ្យ​កូន​ប្រុស​របស់​នាង​ស្លាប់​ដែរ​ឬ?​»។ ២១ បន្ទាប់​មក គាត់​បាន​ទ្រោប​ខ្លួន​ទៅ​លើ​កូន​នោះ​អស់​បីដង ហើយ​បន្លឺ​សំឡេង​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ​អើយ! សូម​ឲ្យ​កូន​នេះ​មាន​ជីវិត​វិញ​ផង​»។ ២២ ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​អេលីយ៉ា។+ រួច​មក កូន​នោះ​ក៏​មាន​ជីវិត​ឡើង​វិញ។+ ២៣ អេលីយ៉ា​បាន​បី​កូន​នោះ​ចុះ​ពី​បន្ទប់​ខាង​លើ ហើយ​ប្រគល់​គាត់​ឲ្យ​ម្ដាយ​វិញ។ រួច​អេលីយ៉ា​បាន​និយាយ​ថា​៖ ​«​មើល! កូន​ប្រុស​របស់​អ្នក​មាន​ជីវិត​វិញ​ហើយ​»។+ ២៤ ភ្លាម​នោះ ស្ត្រី​មេម៉ាយ​នោះ​បាន​និយាយ​ទៅ​អេលីយ៉ា​ថា​៖ ​«​ឥឡូវ ខ្ញុំ​ដឹង​ថា​អ្នក​ពិត​ជា​តំណាង​ព្រះ​មែន+ ហើយ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ដែល​អ្នក​បាន​ប្រាប់​គឺ​ជា​ការ​ពិត​មែន​»។

១៨ លុះ​ក្រោយ​មក នៅ​ឆ្នាំ​ទី​៣+ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​អេលីយ៉ា​ថា​៖ ​«​ចូរ​ទៅ​ជួប​អាហាប់ ហើយ​ខ្ញុំ​នឹង​បង្អុរ​ភ្លៀង​មក​លើ​ផ្ទៃ​ដី​»។+ ២ ដូច្នេះ អេលីយ៉ា​ក៏​បាន​ធ្វើ​ដំណើរ​ចេញ​ទៅ​ជួប​អាហាប់​នៅ​ស្រុក​សាម៉ា​រី ដែល​កំពុង​មាន​ភាព​អត់​ឃ្លាន​ជា​ខ្លាំង។+

៣ នៅ​ដំណាល​គ្នា​នោះ អាហាប់​បាន​ហៅ​អូបាឌា​ឲ្យ​មក​ជួប។ អូបាឌា​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​វិមាន​ស្ដេច (​គាត់​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា​យ៉ាង​ខ្លាំង ៤ ហើយ​កាល​ដែល​យេសិបិល+បាន​សម្លាប់​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា អូបាឌា​បាន​នាំ​ពួក​អ្នក​ប្រកាស​ទំនាយ​១០០​នាក់​ទៅ​លាក់​ខ្លួន​នៅ​ក្នុង​រអាង​ភ្នំ គឺ​ក្នុង​រអាង​មួយ​មាន​ចំនួន​៥០​នាក់។ គាត់​បាន​ផ្គត់​ផ្គង់​នំ​ប៉័ង​និង​ទឹក​ដល់​ពួក​គេ​)។ ៥ រួច​អាហាប់​បាន​និយាយ​ទៅ​កាន់​អូបាឌា​ថា​៖ ​«​ចូរ​ទៅ​មើល​តាម​ប្រភព​ទឹក​និង​ជ្រលង​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក ក្រែង​លោ​យើង​រក​បាន​ស្មៅ សម្រាប់​សេះ​និង​លា ដើម្បី​កុំ​ឲ្យ​ហ្វូង​សត្វ​ទាំង​អស់​នោះ​ងាប់​»។ ៦ ដូច្នេះ ពួក​គាត់​បាន​បែង​ចែក​តំបន់​គ្នា​ទៅ​រក​មើល។ អាហាប់​បាន​ទៅ​តាម​ផ្លូវ​មួយ ហើយ​អូបាឌា​បាន​ទៅ​តាម​ផ្លូវ​មួយ​ផ្សេង​ទៀត។

៧ កាល​អូបាឌា​កំពុង​ធ្វើ​ដំណើរ អេលីយ៉ា​បាន​មក​ជួប​គាត់។ ភ្លាម​នោះ​អូបាឌា​ស្គាល់​គាត់ ហើយ​ក៏​បាន​ក្រាប​មុខ​ដល់​ដី រួច​សួរ​បញ្ជាក់​ថា​៖ ​«​លោក​ម្ចាស់​អេលីយ៉ា! គឺ​លោក​មែន​ឬ?​»។+ ៨ អេលីយ៉ា​បាន​តប​ឆ្លើយ​ថា​៖ ​«​គឺ​ខ្ញុំ​ហើយ។ ចូរ​ទៅ​ប្រាប់​លោក​ម្ចាស់​របស់​អ្នក​ថា​៖ ‹អេលីយ៉ា​មក​ហើយ›​»។ ៩ ប៉ុន្តែ អូបាឌា​បាន​និយាយ​ថា​៖ ​«​តើ​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​អ្វី បាន​ជា​លោក​ឲ្យ​ខ្ញុំ​ស្លាប់​ក្រោម​ដៃ​ស្ដេច​អាហាប់​ដូច្នេះ? ១០ ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​ថា ស្ដេច​អាហាប់​បាន​ចាត់​គេ​ឲ្យ​ទៅ​ស្វែង​រក​លោក នៅ​គ្រប់​ប្រជា​ជាតិ គ្រប់​រាជាណាចក្រ។ បើ​ពួក​គេ​និយាយ​ថា​៖ ‹អេលីយ៉ា​មិន​នៅ​ទី​នេះ​ទេ› នោះ​ស្ដេច​អាហាប់​បាន​ឲ្យ​រាជាណាចក្រ​និង​ប្រជា​ជាតិ​នោះ​ស្បថ​ថា​ពួក​គេ​ពិត​ជា​មិន​បាន​ឃើញ​លោក​មែន។+ ១១ ឥឡូវ លោក​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​ទៅ​ប្រាប់​លោក​ម្ចាស់​របស់​អ្នក​ថា​៖ ​«​អេលីយ៉ា​មក​ហើយ​»​›។ ១២ ប៉ុន្តែ ពេល​ខ្ញុំ​ចេញ​ពី​លោក​ម្ចាស់​ទៅ ព្រះ​យេហូវ៉ា​នឹង​ប្រើ​ឫទ្ធានុភាព​របស់​លោក ដើម្បី​យក​លោក​ម្ចាស់​ទៅ+កន្លែង​ដែល​ខ្ញុំ​មិន​ស្គាល់។ រួច​ពេល​ខ្ញុំ​ប្រាប់​ស្ដេច​អាហាប់ ហើយ​គាត់​រក​លោក​ម្ចាស់​មិន​ឃើញ នោះ​គាត់​នឹង​សម្លាប់​ខ្ញុំ​ជា​មិន​ខាន។ ខ្ញុំ​ជា​អ្នក​បម្រើ​លោក​បាន​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា​តាំង​តែ​ពី​ក្មេង​មក​ម្ល៉េះ។ ១៣ កាល​ដែល​យេសិបិល​សម្លាប់​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា តើ​លោក​ម្ចាស់​មិន​បាន​ឮ​អំពី​ការ​ដែល​ខ្ញុំ​បាន​លាក់​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា​ចំនួន​១០០​នាក់ ដោយ​ដាក់​មួយ​ក្រុម​ៗ​៥០​នាក់​នៅ​ក្នុង​រអាង​ភ្នំ ហើយ​ផ្គត់​ផ្គង់​នំ​ប៉័ង​និង​ទឹក​ដល់​ពួក​គេ​ទេ​ឬ?+ ១៤ ប៉ុន្តែ ឥឡូវ​លោក​និយាយ​ថា​៖ ‹ចូរ​ទៅ​ប្រាប់​លោក​ម្ចាស់​របស់​អ្នក​ថា​៖ ​«​អេលីយ៉ា​មក​ហើយ​»​›។ ស្ដេច​អាហាប់​ប្រាកដ​ជា​សម្លាប់​ខ្ញុំ​មិន​ខាន​»។ ១៥ ប៉ុន្តែ អេលីយ៉ា​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ ហើយ​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​ដែល​ខ្ញុំ​កំពុង​បម្រើ​ថា ថ្ងៃ​នេះ​ខ្ញុំ​នឹង​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​អាហាប់​ជា​ប្រាកដ​»។

១៦ ដូច្នេះ អូបាឌា​បាន​ចេញ​ដំណើរ​ទៅ​ជួប​អាហាប់​ដើម្បី​ជម្រាប​គាត់។ បន្ទាប់​មក អាហាប់​ក៏​បាន​ទៅ​ជួប​អេលីយ៉ា។

១៧ ពេល​អាហាប់​បាន​ឃើញ​អេលីយ៉ា​ភ្លាម គាត់​និយាយ​ទៅ​អេលីយ៉ា​ថា​៖ ​«​គឺ​ជា​អ្នក​ហើយ ដែល​បាន​នាំ​ឲ្យ​មាន​ទុក្ខ​វេទនា​ជា​ខ្លាំង​មក​លើ​ស្រុក​អ៊ីស្រាអែល!​»។

១៨ អេលីយ៉ា​បាន​តប​ថា​៖ ​«​ខ្ញុំ​មិន​បាន​នាំ​ឲ្យ​មាន​ទុក្ខ​វេទនា​មក​លើ​ស្រុក​អ៊ីស្រាអែល​ទេ គឺ​លោក​និង​ពូជ​ពង្ស​របស់​ឪពុក​លោក​វិញ​ទេ​តើ ព្រោះ​ពួក​លោក​បាន​ឈប់​កាន់​តាម​បញ្ញត្តិ​របស់​ព្រះ​យេហូវ៉ា ហើយ​បាន​កាន់​តាម​ព្រះ​បាល​វិញ។+ ១៩ ឥឡូវ សូម​ប្រមូល​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ឲ្យ​ទៅ​ជួប​ខ្ញុំ​នៅ​ឯ​ភ្នំ​កើមែល។+ ម្យ៉ាង​ទៀត សូម​ហៅ​ពួក​អ្នក​ប្រកាស​ទំនាយ​៤៥០​នាក់​របស់​ព្រះ​បាល និង​ពួក​អ្នក​ប្រកាស​ទំនាយ​៤០០​នាក់​របស់​ព្រះ​អាសេរ៉ា*+ ដែល​បរិភោគ​នៅ​តុ​យេសេបិល​ឲ្យ​មក​ជា​មួយ​ដែរ​»។ ២០ ដូច្នេះ អាហាប់​បាន​ចាត់​គេ​ឲ្យ​ទៅ​ប្រមូល​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់ និង​ពួក​អ្នក​ប្រកាស​ទំនាយ​ទាំង​នោះ​ឲ្យ​មក​ឯ​ភ្នំ​កើមែល។

២១ រួច​មក អេលីយ៉ា​បាន​ចូល​ទៅ​ជិត​បណ្ដា​ជន​ទាំង​អស់ ហើយ​និយាយ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​នៅ​ស្ទាក់​ស្ទើរ​ដល់​កាល​ណា​ទៀត?+ បើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត ចូរ​កាន់​តាម​លោក​ចុះ+ តែ​បើ​ព្រះ​បាល​ជា​ព្រះ​ពិត ចូរ​កាន់​តាម​ទៅ!​»។ ប៉ុន្តែ បណ្ដា​ជន​មិន​បាន​តប​ឆ្លើយ​មក​គាត់​វិញ​ទេ សូម្បី​តែ​មួយ​ម៉ាត់។ ២២ រួច​មក អេលីយ៉ា​បាន​និយាយ​ទៅ​បណ្ដា​ជន​ថា​៖ ​«​ខ្ញុំ​ជា​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា​តែ​ម្នាក់​គត់​ដែល​នៅ​សល់។+ ឯ​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​បាល​វិញ គឺ​មាន​៤៥០​នាក់។ ២៣ សូម​យក​គោ​ស្ទាវ​ពីរ​ក្បាល​មក ហើយ​ឲ្យ​ពួក​គេ​រើស​យក​មួយ​ក្បាល កាប់​ជា​ដុំ​ៗ​តម្រៀប​លើ​អុស តែ​កុំ​ឲ្យ​ពួក​គេ​ដុត​ភ្លើង​ឡើយ។ ឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​កាប់​គោ​មួយ​ទៀត ដាក់​តម្រៀប​លើ​អុស ហើយ​ខ្ញុំ​ក៏​មិន​ដុត​ភ្លើង​ដែរ។ ២៤ បន្ទាប់​មក សូម​អ្នក​រាល់​គ្នា​ស្រែក​ហៅ​រក​ឈ្មោះ​ព្រះ​របស់​អ្នក​រាល់​គ្នា​ទៅ+ ហើយ​ខ្ញុំ​នឹង​ហៅ​រក​នាម​ព្រះ​យេហូវ៉ា។ បើ​ព្រះ​ណា​ដែល​ឆ្លើយ​មក ដោយ​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ គឺ​ព្រះ​នោះ​ហើយ​ជា​ព្រះ​ពិត​»។+ ឯ​បណ្ដា​ជន​ទាំង​អស់​ក៏​តប​មក​វិញ​ថា​៖ ​«​បាន! យើង​យល់​ព្រម​»។

២៥ ពេល​នោះ អេលីយ៉ា​បាន​និយាយ​ទៅ​កាន់​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​បាល​ថា​៖ ​«​សូម​អ្នក​រាល់​គ្នា​រើស​យក​គោ​ស្ទាវ​មួយ​រៀបចំ​ជា​មុន​ចុះ ព្រោះ​អ្នក​រាល់​គ្នា​មាន​គ្នា​ច្រើន។ រួច​ហៅ​រក​ឈ្មោះ​ព្រះ​របស់​អ្នក​រាល់​គ្នា​ទៅ តែ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ដុត​ភ្លើង​ឡើយ​»។ ២៦ ដូច្នេះ ពួក​គេ​យក​គោ​ស្ទាវ​មួយ​ក្បាល​ដែល​បាន​ត្រូវ​ជ្រើស​រើស មក​រៀបចំ ហើយ​បាន​ស្រែក​ហៅ​ឈ្មោះ​ព្រះ​បាល​តាំង​ពី​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់ ដោយ​ថា​៖ ​«​ឱ​ព្រះ​បាល​អើយ! សូម​ឆ្លើយ​មក​យើង​ផង​»។ ប៉ុន្តែ គ្មាន​ឮ​សំឡេង​ឬ​ចម្លើយ​ឆ្លើយ​មក​វិញ​សោះ។+ ពួក​គេ​ចេះ​តែ​លោត​ជុំវិញ​ទី​បូជា​ដែល​ពួក​គេ​បាន​ដំឡើង។ ២៧ លុះ​ដល់​ថ្ងៃ​ត្រង់ អេលីយ៉ា​បាន​ចំអក​ឲ្យ​ពួក​គេ​ថា​៖ ​«​សូម​ស្រែក​ឲ្យ​ខ្លាំង​ឡើង! ក្រែង​ព្រះ​បាល​ជា​ព្រះ​មែន​ទេ?+ ប្រហែល​ជា​គាត់​កំពុង​រំពឹង​គិត​ឬ​ទៅ​បន្ទោបង់* ឬ​មួយ​ក៏​គាត់​កំពុង​ដេក​លក់​ទេ​ដឹង? ដូច្នេះ ឲ្យ​អ្នក​ណា​ម្នាក់​ទៅ​ដាស់​គាត់​ទៅ!​»។ ២៨ ពួក​គេ​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ៗ រួច​យក​កាំបិត​មក​ឆូត​សាច់​តាម​ទម្លាប់​របស់​ពួក​គេ រហូត​ដល់​ហូរ​ឈាម​ពេញ​ខ្លួន។ ២៩ លុះ​ផុត​ថ្ងៃ​ត្រង់​ហើយ ពួក​គេ​នៅ​តែ​ធ្វើ​ដូច​នោះ​ដដែល រហូត​ដល់​ពេល​ជូន​គ្រឿង​បូជា​ពី​ស្រូវ​នៅ​ពេល​ល្ងាច។ ប៉ុន្តែ គ្មាន​ឮ​សំឡេង​ឬ​ចម្លើយ​តប​មក​វិញ​ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​ស្ដាប់​ដែរ។+

៣០ ក្រោយ​មក អេលីយ៉ា​បាន​និយាយ​ទៅ​បណ្ដា​ជន​ទាំង​អស់​ថា​៖ ​«​សូម​ចូល​មក​ជិត​ខ្ញុំ​»។ ដូច្នេះ បណ្ដា​ជន​ទាំង​អស់​ក៏​ចូល​ទៅ​ជិត​គាត់។ រួច​មក គាត់​បាន​ជួស​ជុល​ទី​បូជា​របស់​ព្រះ​យេហូវ៉ា​ដែល​គេ​បាន​រំលំ​ចោល​នោះ​ឡើង​វិញ។+ ៣១ បន្ទាប់​មក អេលីយ៉ា​បាន​យក​ថ្ម​១២​ដុំ តាម​ចំនួន​កុលសម្ព័ន្ធ​របស់​កូន​ប្រុស​យ៉ាកុប។ យ៉ាកុប​នោះ​ហើយ​ដែល​ព្រះ​យេហូវ៉ា​ធ្លាប់​ប្រាប់​ថា​៖ ​«​អ្នក​នឹង​មាន​ឈ្មោះ​ថា​អ៊ីស្រាអែល​»។+ ៣២ គាត់​ក៏​យក​ថ្ម​ទាំង​នោះ​ទៅ​សង់​ទី​បូជា+សម្រាប់​នាម​របស់​ព្រះ​យេហូវ៉ា។ រួច​មក គាត់​ជីក​ប្រឡាយ​ជុំវិញ​ទី​បូជា​នោះ ដែល​មាន​ទំហំ​ធំ​ល្មម​អាច​សាប​ព្រោះ​គ្រាប់​ពូជ​ចំនួន​ពីរ​រង្វាល់។* ៣៣ បន្ទាប់​មក គាត់​បាន​តម្រៀប​អុស​លើ​ទី​បូជា ហើយ​កាប់​គោ​ជា​ដុំ​ៗ​ដាក់​លើ​អុស​នោះ។+ លុះ​រៀបចំ​អស់​ហើយ គាត់​និយាយ​ថា​៖ ​«​ចូរ​ដង​ទឹក​បួន​ក្អម​មក ហើយ​យក​មក​ចាក់​លើ​គ្រឿង​បូជា​ដុត​និង​អុស​ទាំង​នេះ​»។ ៣៤ រួច​គាត់​ប្រាប់​ថា​៖ ​«​ចូរ​ចាក់​ទឹក​ម្ដង​ទៀត​»។ ដូច្នេះ គេ​ក៏​ចាក់​ទឹក​ម្ដង​ទៀត។ រួច​គាត់​ប្រាប់​ទៀត​ថា​៖ ​«​ចូរ​ចាក់​ទឹក​ជា​លើក​ទី​៣​»។ ដូច្នេះ គេ​ក៏​បាន​ចាក់​ជា​លើក​ទី​៣។ ៣៥ ទឹក​នោះ​បាន​ហូរ​ស្រោច​សព្វ​ទី​បូជា ហើយ​គាត់​ក៏​ចាក់​ទឹក​ពេញ​ប្រឡាយ​ដែរ។

៣៦ លុះ​ដល់​ពេល​ជូន​គ្រឿង​បូជា​ពី​ស្រូវ​នៅ​ពេល​ល្ងាច+ អេលីយ៉ា​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ចូល​ទៅ​ជិត​ទី​បូជា ហើយ​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា ជា​ព្រះ​របស់​អាប្រាហាំ+ អ៊ីសាក+ និង​អ៊ីស្រាអែល​អើយ! នៅ​ថ្ងៃ​នេះ សូម​បង្ហាញ​ឲ្យ​គេ​ដឹង​ថា លោក​ជា​ព្រះ​ពិត​ក្នុង​ស្រុក​អ៊ីស្រាអែល ហើយ​ថា​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​លោក។ សូម​ឲ្យ​គេ​ដឹង​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ តាម​ប្រសាសន៍​របស់​លោក។+ ៣៧ ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​ឆ្លើយ​តប​មក​ខ្ញុំ សូម​ឆ្លើយ​តប​មក​ខ្ញុំ​ផង ដើម្បី​ឲ្យ​បណ្ដា​ជន​ទាំង​នេះ​ដឹង​ថា ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ពិត ហើយ​ថា​លោក​កំពុង​បំបែរ​ចិត្ត​ពួក​គេ​ឲ្យ​មក​រក​លោក​វិញ​»។+

៣៨ ខណៈ​នោះ ភ្លើង​នៃ​ព្រះ​យេហូវ៉ា​ក៏​ធ្លាក់​ចុះ​មក​បញ្ឆេះ​គ្រឿង​បូជា+ អុស ថ្ម និង​ដី ថែម​ទាំង​ធ្វើ​ឲ្យ​ទឹក​ក្នុង​ប្រឡាយ​រីង​ស្ងួត​អស់​ទៅ។+ ៣៩ ពេល​បណ្ដា​ជន​បាន​ឃើញ​ដូច្នេះ ភ្លាម​នោះ​ពួក​គេ​ក្រាប​មុខ​ដល់​ដី ហើយ​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ពិត! ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ពិត!​»។ ៤០ រួច​អេលីយ៉ា​បាន​បង្គាប់​គេ​ថា​៖ ​«​ចូរ​ចាប់​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​បាល។ កុំ​ឲ្យ​អ្នក​ណា​ម្នាក់​រួច​ខ្លួន​ឡើយ!​»។ ភ្លាម​នោះ ពួក​គេ​ក៏​ចាប់​អ្នក​ទាំង​នោះ។ បន្ទាប់​មក អេលីយ៉ា​យក​អ្នក​ទាំង​នោះ​ចុះ​ទៅ​ឯ​ជ្រលង​គីសុន+ រួច​សម្លាប់​ពួក​គេ​នៅ​ទី​នោះ​ទៅ។+

៤១ ក្រោយ​មក អេលីយ៉ា​បាន​និយាយ​ទៅ​អាហាប់​ថា​៖ ​«​សូម​លោក​ឡើង​ទៅ​បរិភោគ​ចុះ ព្រោះ​មាន​ឮ​សូរ​សន្ធឹក​ភ្លៀង​យ៉ាង​ខ្លាំង​ធ្លាក់​មក​ហើយ​»។+ ៤២ ដូច្នេះ អាហាប់​ក៏​ឡើង​ទៅ​បរិភោគ។ ពេល​នោះ អេលីយ៉ា​ឡើង​ទៅ​លើ​កំពូល​ភ្នំ​កើមែល ហើយ​លុត​ជង្គង់​ក្រាប​ខ្លួន​ដល់​ដី។+ ៤៣ រួច​មក គាត់​បាន​និយាយ​ទៅ​អ្នក​បម្រើ​គាត់​ថា​៖ ​«​សូម​ឡើង​ទៅ ហើយ​មើល​ឆ្ពោះ​ទៅ​សមុទ្រ​»។ ដូច្នេះ អ្នក​បម្រើ​ក៏​ឡើង​ទៅ​មើល ហើយ​មក​ប្រាប់​គាត់​វិញ​ថា​៖ ​«​គ្មាន​ឃើញ​អ្វី​សោះ​»។ អេលីយ៉ា​បាន​ប្រាប់​អ្នក​បម្រើ​អស់​៧​ដង​ថា​៖ ​«​សូម​ទៅ​មើល​ម្ដង​ទៀត​»។ ៤៤ នៅ​លើក​ទី​៧ អ្នក​បម្រើ​របស់​គាត់​បាន​ប្រាប់​ថា​៖ ​«​មើល! មាន​ពពក​តូច​មួយ​ប៉ុន​បាត​ដៃ​ឡើង​ពី​សមុទ្រ​មក​»។ ដូច្នេះ អេលីយ៉ា​និយាយ​ថា​៖ ​«​ចូរ​ទៅ​ជម្រាប​ស្ដេច​អាហាប់​ថា​៖ ‹សូម​ទឹម​រទេះ​ហើយ​ធ្វើ​ដំណើរ​ចុះ​ទៅ​វិញ មុន​ភ្លៀង​ធ្លាក់​មក​បង្អាក់​ដំណើរ​លោក!›​»។ ៤៥ ដំណាល​គ្នា​នោះ ពពក​កាន់​តែ​ក្រាស់​ឡើង ហើយ​មេឃ​ចាប់​ផ្ដើម​ងងឹត ខ្យល់​ក៏​បក់​បោក​មក រួច​ភ្លៀង​បាន​ធ្លាក់​មក​យ៉ាង​ខ្លាំង។+ អាហាប់​ក៏​បន្ត​ដំណើរ​ទៅ​ក្រុង​យេសរៀល។+ ៤៦ ពេល​នោះ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​កម្លាំង​ពិសេស​ដល់​អេលីយ៉ា។ ដូច្នេះ គាត់​បាន​លើក​អាវ​វែង​មក​ចង​ក្រវាត់​នៅ​ចង្កេះ ហើយ​រត់​ហួស​ទៅ​មុន​អាហាប់ រហូត​ដល់​ក្រុង​យេសរៀល។

១៩ រួច​មក អាហាប់+បាន​ប្រាប់​យេសិបិល+នូវ​អ្វី​គ្រប់​យ៉ាង​ដែល​អេលីយ៉ា​បាន​ធ្វើ ព្រម​ទាំង​អំពី​ការ​ដែល​គាត់​សម្លាប់​ពួក​អ្នក​ប្រកាស​ទំនាយ​ទាំង​អស់។+ ២ ដូច្នេះ យេសិបិល​បាន​ចាត់​អ្នក​នាំ​សារ​ម្នាក់​ឲ្យ​ទៅ​ប្រាប់​អេលីយ៉ា​ថា​៖ ​«​ថ្ងៃ​ស្អែក​ថ្មើរ​នេះ បើ​ខ្ញុំ​មិន​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ដូច​អ្នក​ប្រព្រឹត្ត​ទៅ​លើ​ពួក​អ្នក​ប្រកាស​ទំនាយ​ទាំង​នោះ​ទេ នោះ​សូម​ឲ្យ​ព្រះ​ទាំង​ប៉ុន្មាន​ដាក់​ទោស​ខ្ញុំ​យ៉ាង​ធ្ងន់​ចុះ​»។ ៣ ពេល​ឮ​ដូច្នោះ អេលីយ៉ា​បាន​ក្រោក​ឡើង​រត់​គេច​ឲ្យ​រួច​ជីវិត ទាំង​ភ័យ​ខ្លាច​ជា​ខ្លាំង។+ គាត់​បាន​រត់​ទៅ​ដល់​បៀរសេបា+ជា​ទឹក​ដី​ស្រុក​យូដា+ ហើយ​គាត់​បាន​ទុក​អ្នក​បម្រើ​របស់​គាត់​ឲ្យ​នៅ​ទី​នោះ។ ៤ គាត់​បាន​ធ្វើ​ដំណើរ​ពេញ​មួយ​ថ្ងៃ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ ហើយ​បាន​អង្គុយ​សម្រាក​នៅ​ក្រោម​ដើម​ឈើ​មួយ។* បន្ទាប់​មក គាត់​បាន​អង្វរ​សុំ​ឲ្យ​ខ្លួន​គាត់​ស្លាប់ ដោយ​និយាយ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! ល្មម​ហើយ សូម​យក​ជីវិត​ខ្ញុំ​ទៅ+ ព្រោះ​ខ្ញុំ​មិន​វិសេស​ជាង​បុព្វ​បុរស​របស់​ខ្ញុំ​ទេ​»។

៥ បន្ទាប់​មក គាត់​បាន​ទម្រេត​ខ្លួន ហើយ​ដេក​លក់​ក្រោម​ដើម​ឈើ​នោះ​ទៅ។ ពេល​នោះ ស្រាប់​តែ​មាន​ទេវតា​មួយ​មក​ដាស់​គាត់+ ហើយ​និយាយ​ថា​៖ ​«​ចូរ​ក្រោក​ឡើង​បរិភោគ​សិន​»។+ ៦ ខណៈ​នោះ គាត់​ក៏​បើក​ភ្នែក​ឡើង ហើយ​ឃើញ​មាន​នំ​ដុត​មួយ​ដុំ​នៅ​លើ​ថ្ម​ក្ដៅ និង​ទឹក​មួយ​ក្អម​នៅ​ក្បែរ​ក្បាល​ដំណេក។ គាត់​បាន​ក្រោក​ឡើង​បរិភោគ​នំ​និង​ផឹក​ទឹក​នោះ រួច​ក៏​ដេក​ទៅ​វិញ។ ៧ ក្រោយ​មក ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​មក​វិញ​ជា​លើក​ទី​២ ហើយ​ដាស់​គាត់​ថា​៖ ​«​ចូរ​ក្រោក​ឡើង​បរិភោគ​សិន ព្រោះ​ផ្លូវ​ដែល​អ្នក​ត្រូវ​ធ្វើ​ដំណើរ​នោះ​ឆ្ងាយ​ហួស​ពី​កម្លាំង​របស់​អ្នក​»។ ៨ ដូច្នេះ អេលីយ៉ា​បាន​ក្រោក​ឡើង ហើយ​ក៏​បរិភោគ។ ដោយ​សារ​អាហារ​នោះ​គាត់​មាន​កម្លាំង​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​៤០​ថ្ងៃ​៤០​យប់ រហូត​ទៅ​ដល់​ភ្នំ​ហូរែប​ជា​ភ្នំ​របស់​ព្រះ​ពិត។+

៩ នៅ​ទី​នោះ គាត់​បាន​ចូល​ទៅ​សម្រាក​ក្នុង​រអាង​ភ្នំ​មួយ។+ នៅ​យប់​នោះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា​៖ ​«​អេលីយ៉ា តើ​អ្នក​មក​ទី​នេះ​ធ្វើ​អ្វី?​»។ ១០ គាត់​ក៏​បាន​ឆ្លើយ​តប​ថា​៖ ​«​ខ្ញុំ​មាន​ចិត្ត​ខ្នះ​ខ្នែង​ជា​ខ្លាំង​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌+ ព្រោះ​បណ្ដា​ជន​អ៊ីស្រាអែល​មិន​បាន​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង​របស់​លោក+ ហើយ​ក៏​បាន​បំបាក់​បំបែក​ទី​បូជា​របស់​លោក​ដែរ។ ឯ​អ្នក​ប្រកាស​ទំនាយ​របស់​លោក​វិញ ត្រូវ​គេ​សម្លាប់​អស់​ហើយ+ សល់​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ ហើយ​ឥឡូវ​ពួក​គេ​កំពុង​តាម​សម្លាប់​ខ្ញុំ​ទៀត​»។+ ១១ ប៉ុន្តែ ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ចេញ​ទៅ​ឈរ​លើ​ភ្នំ នៅ​ចំពោះ​ព្រះ​យេហូវ៉ា​»។ រំពេច​នោះ ព្រះ​យេហូវ៉ា​ឆ្លង​កាត់​មុខ​អេលីយ៉ា+ ហើយ​មាន​ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង​បំបាក់​បំបែក​ភ្នំ​និង​ផ្ទាំង​ថ្ម​ខ្ទេច​ខ្ទី​អស់​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។+ ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​នៅ​ក្នុង​ខ្យល់​នោះ​ទេ។ បន្ទាប់​ពី​ខ្យល់ ក៏​មាន​រញ្ជួយ​ដី+ តែ​ព្រះ​យេហូវ៉ា​មិន​នៅ​ក្នុង​ដី​ដែល​រញ្ជួយ​នោះ​ទេ។ ១២ ក្រោយ​ពី​រញ្ជួយ​ដី ក៏​មាន​ភ្លើង​ឆេះ+ តែ​ព្រះ​យេហូវ៉ា​មិន​នៅ​ក្នុង​ភ្លើង​នោះ​ទេ។ ក្រោយ​ពី​ភ្លើង ក៏​មាន​ឮ​សំឡេង​ស្រាល​ស្រទន់។+ ១៣ ក្រោយ​ពី​អេលីយ៉ា​បាន​ឮ​សំឡេង​នោះ​ភ្លាម គាត់​ក៏​បាន​ទាញ​អាវ*មក​បាំង​មុខ+ ហើយ​ចេញ​ទៅ​ឈរ​នៅ​មាត់​រអាង។ រួច​មាន​សំឡេង​មួយ​សួរ​គាត់​ថា​៖ ​«​អេលីយ៉ា តើ​អ្នក​មក​ទី​នេះ​ធ្វើ​អ្វី?​»។ ១៤ គាត់​ក៏​បាន​តប​ឆ្លើយ​វិញ​ថា​៖ ​«​ខ្ញុំ​មាន​ចិត្ត​ខ្នះ​ខ្នែង​ជា​ខ្លាំង​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ ព្រោះ​បណ្ដា​ជន​អ៊ីស្រាអែល​មិន​បាន​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង​របស់​លោក+ ហើយ​ក៏​បាន​បំបាក់​បំបែក​ទី​បូជា​របស់​លោក​ដែរ។ ឯ​អ្នក​ប្រកាស​ទំនាយ​របស់​លោក​វិញ ត្រូវ​គេ​សម្លាប់​អស់​ហើយ សល់​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ ហើយ​ឥឡូវ​ពួក​គេ​កំពុង​តាម​សម្លាប់​ខ្ញុំ​ទៀត​»។+

១៥ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា​៖ ​«​ចូរ​ត្រឡប់​ទៅ​វិញ ទៅ​តំបន់​ស្ងាត់​ជ្រងំ​នៃ​ក្រុង​ដាម៉ាស់។ ពេល​ទៅ​ដល់​ទី​នោះ ចូរ​ចាក់​ប្រេង​តែង​តាំង​ហាសេអែល+ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​ស៊ីរី។ ១៦ មួយ​ទៀត អ្នក​ត្រូវ​ចាក់​ប្រេង​តែង​តាំង​យេហ៊ូ+ជា​ចៅ​របស់​នីមសាយ ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រាអែល។ រួច​អ្នក​ត្រូវ​ចាក់​ប្រេង​តែង​តាំង​អេលីសេ*ជា​កូន​សាផាត​ពី​ក្រុង​អេបិល​មិហូឡា ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ទំនាយ​បន្ទាប់​ពី​អ្នក។+ ១៧ អ្នក​ណា​ដែល​គេច​រួច​ពី​ដាវ​របស់​ហាសេអែល+ នោះ​យេហ៊ូ​នឹង​សម្លាប់។+ ឯ​អ្នក​ណា​ដែល​គេច​រួច​ពី​ដាវ​របស់​យេហ៊ូ នោះ​អេលីសេ​នឹង​សម្លាប់។+ ១៨ ខ្ញុំ​នៅ​មាន​មនុស្ស​៧.០០០​នាក់​ទៀត​ក្នុង​ស្រុក​អ៊ីស្រាអែល+ ដែល​មិន​បាន​លុត​ជង្គង់​ក្រាប​គោរព​ដល់​រូប​ព្រះ​បាល+ និង​មិន​បាន​ថើប​រូប​នោះ​ឡើយ​»។+

១៩ ដូច្នេះ អេលីយ៉ា​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ទី​នោះ ហើយ​ឃើញ​អេលីសេ​ជា​កូន​សាផាត កំពុង​ភ្ជួរ​ស្រែ​ជា​មួយ​អ្នក​ឯ​ទៀត ដោយ​មាន​គោ​១២​នឹម​ភ្ជួរ​បន្ត​បន្ទាប់​គ្នា ហើយ​គាត់​ភ្ជួរ​នៅ​នឹម​ខាង​ក្រោយ​គេ​បង្អស់។ ដូច្នេះ អេលីយ៉ា​ដើរ​ទៅ​ជិត​អេលីសេ រួច​បំពាក់​អាវ*របស់​គាត់+ឲ្យ​អេលីសេ។ ២០ ភ្លាម​នោះ អេលីសេ​បាន​ទុក​គោ​របស់​គាត់​ចោល រួច​រត់​ទៅ​តាម​អេលីយ៉ា។ អេលីសេ​និយាយ​ថា​៖ ​«​សូម​ឲ្យ​ខ្ញុំ​ទៅ​ថើប​លា​ឪពុក​ម្ដាយ​របស់​ខ្ញុំ​សិន។ រួច​ខ្ញុំ​នឹង​ទៅ​តាម​លោក​»។ អេលីយ៉ា​តប​ទៅ​វិញ​ថា​៖ ​«​ចូរ​ទៅ​ចុះ ខ្ញុំ​មិន​ឃាត់​អ្នក​ទេ​»។ ២១ ដូច្នេះ គាត់​បាន​ត្រឡប់​ទៅ​វិញ រួច​យក​គោ​មួយ​នឹម​ជូន​ជា​គ្រឿង​បូជា។ គាត់​ក៏​យក​ឧបករណ៍​ភ្ជួរ​រាស់​ទៅ​ដុត​ដើម្បី​ស្ងោរ​សាច់​គោ​នោះ រួច​ចែក​ដល់​បណ្ដា​ជន​បរិភោគ។ ក្រោយ​នោះ គាត់​ក្រោក​ឡើង​ទៅ​តាម​អេលីយ៉ា ហើយ​បម្រើ​គាត់។+

២០ គ្រា​នោះ បេនហាដាត+ជា​ស្ដេច​ស្រុក​ស៊ីរី+បាន​ប្រមូល​ទ័ព​គាត់​ទាំង​អស់ រួម​ទាំង​ស្ដេច​៣២​រូប ព្រម​ទាំង​សេះ​និង​រទេះ​ចម្បាំង​របស់​ពួក​គេ។ បន្ទាប់​មក ពួក​គេ​បាន​ឡើង​ទៅ​ឡោម​ព័ទ្ធ​ច្បាំង+នឹង​ក្រុង​សាម៉ារី។+ ២ បេនហាដាត​ក៏​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជួប​អាហាប់+ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ អ្នក​នាំ​សារ​នោះ​បាន​និយាយ​ទៅ​កាន់​អាហាប់​ថា​៖ ​«​បេនហាដាត​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ៣ ‹មាស​ប្រាក់​របស់​អ្នក​ជា​របស់​ខ្ញុំ ហើយ​ប្រពន្ធ​ណា​ដែល​មាន​រូប​ឆោម​ស្រស់​និង​កូន​ប្រុស​ស្អាត​ៗ​របស់​អ្នក​ក៏​ជា​របស់​ខ្ញុំ​ដែរ›​»។ ៤ ស្ដេច​អ៊ីស្រាអែល​ក៏​បាន​តប​ទៅ​វិញ​ថា​៖ ​«​សូម​ឲ្យ​បាន​ដូច​ប្រសាសន៍​របស់​លោក​ម្ចាស់​ទៅ​ចុះ ខ្លួន​ខ្ញុំ​និង​របស់​សព្វសារពើ​ដែល​ខ្ញុំ​មាន សុទ្ធតែ​ជា​របស់​លោក​ទាំង​អស់​»។+

៥ ក្រោយ​មក អ្នក​នាំ​សារបាន​ត្រឡប់​មក​វិញ រួច​ប្រាប់​ថា​៖ ​«​បេនហាដាត​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ខ្ញុំ​បាន​ផ្ញើ​សារ​ទៅ​អ្នក​ថា​៖ ​«​អ្នក​ត្រូវ​ប្រគល់​មាស​ប្រាក់​និង​ប្រពន្ធ​កូន​ឲ្យ​ខ្ញុំ​»។ ៦ ប៉ុន្តែ ដល់​ថ្ងៃ​ស្អែក​ថ្មើរ​នេះ ខ្ញុំ​នឹង​ចាត់​ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​ឲ្យ​ទៅ​ឯ​អ្នក។ ពួក​គេ​នឹង​ពិនិត្យ​មើល​យ៉ាង​ហ្មត់​ចត់​ក្នុង​វិមាន​អ្នក និង​ក្នុង​ផ្ទះ​ពួក​អ្នក​បម្រើ​អ្នក។ ពួក​គេ​នឹង​ប្រមូល​យក​របស់​មាន​តម្លៃ​ទាំង​អស់›​»។

៧ ដូច្នេះ ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​កោះ​ហៅ​បុរស​ចាស់​ទុំ​ទាំង​អស់​ឲ្យ​មក ហើយ​និយាយ​ថា​៖ ​«​សូម​អស់​លោក​ជួយ​ពិចារណា​មើល បុគ្គល​នេះ​កំពុង​បង្ក​រឿង​នឹង​យើង​ហើយ ព្រោះ​គាត់​បាន​ទាម​ទារ​ប្រពន្ធ​កូន​ខ្ញុំ មាស​ប្រាក់​របស់​ខ្ញុំ ហើយ​ខ្ញុំ​មិន​បាន​បដិសេធ​នឹង​បង្គាប់​របស់​គាត់​ទេ​»។ ៨ រួច​មក ពួក​បុរស​ចាស់​ទុំ​និង​បណ្ដា​ជន​ទាំង​អស់​បាន​និយាយ​ទៅ​កាន់​ស្ដេច​ថា​៖ ​«​សូម​លោក​កុំ​ស្ដាប់​បង្គាប់​ពួក​គេ ហើយ​កុំ​យល់​ព្រម​ឡើយ​»។ ៩ ដូច្នេះ ស្ដេច​បាន​និយាយ​ទៅ​កាន់​អ្នក​នាំ​សារ​របស់​បេនហាដាត​ថា​៖ ​«​ចូរ​ទៅ​ប្រាប់​ស្ដេច​ជា​ម្ចាស់​របស់​ខ្ញុំ​ថា​៖ ‹ខ្ញុំ​នឹង​ធ្វើ​តាម​បង្គាប់​មុន​ទាំង​អស់។ ប៉ុន្តែ បង្គាប់​ក្រោយ​នេះ ខ្ញុំ​មិន​អាច​ធ្វើ​តាម​ទេ›​»។ អ្នក​នាំ​សារ​ក៏​បាន​ត្រឡប់​ទៅ​វិញ​ដោយ​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​បេនហាដាត។

១០ បេនហាដាត​ក៏​បាន​ផ្ញើ​សារ​ត្រឡប់​ទៅ​វិញ​ថា​៖ ​«​បើ​មាន​សល់​កម្ទេច​ក្រុង​សាម៉ារី​ល្មម​ឲ្យ​ដល់​ពួក​អ្នក​ដែល​មក​ជា​មួយ​ខ្ញុំ ម្នាក់​មួយ​ក្ដាប់ នោះ​សូម​ឲ្យ​អស់​ទាំង​ព្រះ​ដាក់​ទោស​ខ្ញុំ​យ៉ាង​ធ្ងន់​ទៅ​ចុះ!​»។ ១១ ឯ​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​តប​ទៅ​វិញ​ថា​៖ ​«​ចូរ​ប្រាប់​បេនហាដាត​ថា​៖ ‹មុន​ចម្បាំង​ចាប់​ផ្ដើម សូម​កុំ​អួត​ខ្លួន​ដូច​ជា​អ្នក​ដែល​បាន​ឈ្នះ​ចម្បាំង​ឡើយ›​»។+ ១២ អ្នក​នាំ​សារបាន​នាំ​ពាក្យ​ទាំង​នោះ​ទៅ​ប្រាប់​បេនហាដាត កាល​ដែល​គាត់​និង​ពួក​ស្ដេច​កំពុង​ពិសា​ស្រា​ក្នុង​ត្រសាល។ ពេល​ឮ​ភ្លាម បេនហាដាត​បាន​បញ្ជា​ពួក​អ្នក​បម្រើ​របស់​គាត់​ថា​៖ ​«​ចូរ​ត្រៀម​ខ្លួន​ទៅ​ប្រយុទ្ធ!​»។ ដូច្នេះ ពួក​គេ​បាន​ត្រៀម​ខ្លួន​ទៅ​វាយលុក​ក្រុង​សាម៉ារី។

១៣ ពេល​នោះ មាន​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ចូល​ទៅ​ជួប​ស្ដេច​អាហាប់+ ហើយ​ប្រាប់​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ‹តើ​អ្នក​ឃើញ​ក្រុម​មនុស្ស​ដ៏​ធំ​នេះទេ? នៅ​ថ្ងៃ​នេះ ខ្ញុំ​នឹង​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក នោះ​អ្នក​នឹង​ដឹងថាខ្ញុំគឺ​ជា​ព្រះ​យេហូវ៉ា›​»។+ ១៤ អាហាប់​បាន​សួរ​ថា​៖ ​«​តើ​លោក​នឹង​ប្រគល់​តាម​រយៈ​អ្នក​ណា?​»។ អ្នក​ប្រកាស​ទំនាយ​ក៏​តប​ទៅ​វិញ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹តាម​រយៈ​ពួក​អ្នក​បម្រើ​របស់​អភិបាល​ខេត្ត​ទាំង​ប៉ុន្មាន›​»។ ដូច្នេះ អាហាប់​បាន​សួរ​ថា​៖ ​«​តើ​អ្នក​ណា​នឹង​ច្បាំង​មុន?​»។ អ្នក​ប្រកាស​ទំនាយ​ឆ្លើយ​ថា​៖ ​«​គឺ​លោក!​»។

១៥ រួច​មក អាហាប់​បាន​រាប់​ពួក​អ្នក​បម្រើ​របស់​អភិបាល​ខេត្ត​ទាំង​ប៉ុន្មាន ហើយ​ឃើញ​ថា​ពួក​គេ​មាន​គ្នា​ចំនួន​២៣២​នាក់។ បន្ទាប់​ពី​នោះ គាត់​បាន​រាប់​បុរស​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ ហើយ​ឃើញ​ថា​មាន​ចំនួន​៧.០០០​នាក់។ ១៦ ពួក​គេ​បាន​ចេញ​ទៅ​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ កាល​ដែល​បេនហាដាត​កំពុង​ពិសា​ស្រា​ស្រវឹង​ក្នុង​ត្រសាល​ជា​មួយ​នឹង​ពួក​ស្ដេច​៣២​រូប​ដែល​រួម​ដៃ​នឹង​គាត់។ ១៧ កាល​ពួក​អ្នក​បម្រើ​របស់​អភិបាល​ខេត្ត​ទាំង​ប៉ុន្មាន​ចេញ​ពី​ក្រុង​មក បេនហាដាត​បាន​ចាត់​បុរស​ខ្លះ​ឲ្យ​ទៅ​មើល​ថា​មាន​អ្វី​កើត​ឡើង។ រួច​ពួក​គេ​បាន​មក​រាយ​ការណ៍​ដល់​គាត់​វិញ​ថា​៖ ​«​មាន​ពួក​បុរស​ចេញ​ពី​ក្រុង​សាម៉ារី​»។ ១៨ បេនហាដាត​បាន​បង្គាប់​ថា​៖ ​«​ទោះ​ជា​ពួក​គេ​ចេញ​មក​សុំ​ចុះ​ចូល ឬ​ចង់​មក​ច្បាំង​ក្ដី ចូរ​ចាប់​ពួក​គេ​ទាំង​រស់​»។ ១៩ ពេល​ពួក​អ្នក​បម្រើ​របស់​អភិបាល​ខេត្ត​ទាំង​ប៉ុន្មាន​បាន​ចេញ​ពី​ក្រុង ក៏​មាន​ពល​ទ័ព​ចេញ​មក​ជា​មួយ​ដែរ។ ២០ ពួក​គេ​ម្នាក់​ៗ​បាន​វាយ​សម្លាប់​ពួក​សត្រូវ។ ទ័ព​ស៊ីរី​បាន​បាក់​ទ័ព​រត់​បែក​ខ្ញែក​គ្នា+ ហើយ​ពួក​អ៊ីស្រាអែល​បាន​ដេញ​តាម​ពួក​គេ។ ឯ​បេនហាដាត​ជា​ស្ដេច​ស៊ីរី​វិញ គាត់​បាន​ឡើង​ជិះ​សេះ​រត់​ទៅ​ជា​មួយ​នឹង​ទ័ព​សេះ​ខ្លះ​ទៀត។ ២១ ពេល​នោះ ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​ចេញ​ទៅ​តាម​វាយ​ប្រហារ​ទាំង​ទ័ព​សេះ​ទាំង​ទ័ព​រទេះ​ចម្បាំង។ គាត់​បាន​សម្លាប់​ទាហាន​ស៊ីរី​យ៉ាង​សន្ធឹក។

២២ ក្រោយ​មក អ្នក​ប្រកាស​ទំនាយ+បាន​ចូល​ទៅ​ជួប​ស្ដេច​ស្រុក​អ៊ីស្រាអែល ហើយ​និយាយ​ទៅ​គាត់​ថា​៖ ​«​សូម​ទៅ​ពង្រឹង​កម្លាំង​ទ័ព ហើយ​គិត​អំពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ+ ព្រោះ​ដល់​ដើម​ឆ្នាំ​ក្រោយ ស្ដេច​ស្រុក​ស៊ីរី​នឹង​មក​ធ្វើ​ចម្បាំង​នឹង​អ្នក​ម្ដង​ទៀត​»។+

២៣ ឯ​ពួក​អ្នក​បម្រើ​របស់​ស្ដេច​ស្រុក​ស៊ីរី​បាន​ប្រាប់​បេនហាដាត​ថា​៖ ​«​ព្រះ​របស់​ពួក​គេ​គឺ​ជា​ព្រះ​នៃ​តំបន់​ភ្នំ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ឈ្នះ​យើង។ ប៉ុន្តែ បើ​យើង​ច្បាំង​នឹង​ពួក​គេ​នៅ​តំបន់​ទំនាប​វិញ យើង​ច្បាស់​ជា​ច្បាំង​ឈ្នះ​ពួក​គេ​មិន​ខាន។ ២៤ សូម​លោក​ធ្វើ​ដូច្នេះ គឺ​ឲ្យ​ពួក​អភិបាល​ដឹក​នាំ​ទ័ព​ក្នុង​ចម្បាំង​ជំនួស​ស្ដេច​ទាំង​នោះ​វិញ។+ ២៥ រួច​សូម​ប្រមូល​ទ័ព​ឲ្យ​ស្មើ​នឹង​ចំនួន​ទ័ព​ដែល​លោក​បាន​បាត់​បង់ ព្រម​ទាំង​ចំនួន​សេះ​និង​ចំនួន​រទេះ​ចម្បាំង​ឲ្យ​ស្មើ​នឹង​លើក​មុន​ដែរ។ ចូរ​យើង​ចេញ​ទៅ​ច្បាំង​ជា​មួយ​នឹង​ពួក​គេ​នៅ​តំបន់​ទំនាប​វិញ លើក​នេះ​យើង​ច្បាស់​ជា​ឈ្នះ​ពួក​គេ​មិន​ខាន​»។ ដូច្នេះ បេនហាដាត​បាន​ស្ដាប់​យោបល់​របស់​ពួក​អ្នក​បម្រើ​ទាំង​នោះ ហើយ​ធ្វើ​តាម​អ្វី​ដែល​ពួក​គេ​បាន​ប្រាប់។

២៦ នៅ​ដើម​ឆ្នាំ​បន្ទាប់* បេនហាដាត​បាន​ប្រមូល​ទ័ព​ស៊ីរី ហើយ​ឡើង​ទៅ​ក្រុង​អាផែក+ ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រាអែល។ ២៧ ឯ​ពួក​អ៊ីស្រាអែល​វិញ ពួក​គេ​ក៏​បាន​ត្រូវ​ប្រមូល​មក​ដែរ ហើយ​ពួក​គេ​បាន​ទទួល​ស្បៀងអាហារ។ រួច​មក ពួក​គេ​ចេញ​ទៅ​ច្បាំង​នឹង​ពួក​ស៊ីរី។ ពេល​ពួក​អ៊ីស្រាអែល​បោះ​ទ័ព​នៅ​មុខ​ជំរំ​ពួក​ស៊ីរី ពួក​គេ​ប្រៀប​ដូច​ជា​ពពែ​ពីរ​ហ្វូង​តូច​ៗ តែ​ពួក​ស៊ីរី​មាន​គ្នា​ច្រើន​ពេញ​ទឹក​ដី​នោះ។+ ២៨ បន្ទាប់​មក តំណាង​ព្រះ​ពិត​បាន​ចូល​ទៅ​ជួប​ស្ដេច​ស្រុក​អ៊ីស្រាអែល ហើយ​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ‹ដោយ​សារ​ពួក​ស៊ីរី​បាន​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​នៃ​តំបន់​ភ្នំ មិន​មែន​ជា​ព្រះ​នៃ​តំបន់​ទំនាប​ទេ​»​ នោះ​ខ្ញុំ​នឹង​ប្រគល់​ក្រុម​មនុស្ស​ដ៏​ធំ​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក+ ហើយ​អ្នក​នឹង​ដឹង​ច្បាស់​ថា​ខ្ញុំ​គឺ​ជា​ព្រះ​យេហូវ៉ា›​»។+

២៩ ពួក​គេ​ទាំង​សង​ខាង​បាន​បោះ​ជំរំ​ទល់​មុខ​គ្នា​អស់​រយៈ​ពេល​៧​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ទី​៧​ពួក​គេ​ចាប់​ផ្ដើម​ច្បាំង​គ្នា។ ពួក​អ៊ីស្រាអែល​បាន​សម្លាប់​ទ័ព​ថ្មើរ​ជើង​របស់​ពួក​ស៊ីរី​ចំនួន​១០០.០០០​នាក់​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ។ ៣០ ចំណែក​ឯ​ពួក​ស៊ីរី​ចំនួន​២៧.០០០​នាក់​ដែល​នៅ​សល់ ពួក​គេ​បាន​រត់​ចូល​ទៅ​ក្រុង​អាផែក។+ ប៉ុន្តែ កំពែង​ក្រុង​បាន​រលំ​សង្កត់​លើ​ពួក​គេ​ស្លាប់​អស់​ទៅ។ ពេល​នោះ បេនហាដាត​ក៏​បាន​រត់​ចូល​ក្រុង​នោះ​ដែរ ហើយ​ចូល​ទៅ​ពួន​ក្នុង​បន្ទប់​មួយ។

៣១ ខណៈ​នោះ ពួក​អ្នក​បម្រើ​របស់​បេនហាដាត​បាន​និយាយ​ទៅ​កាន់​គាត់​ថា​៖ ​«​យើង​ធ្លាប់​ឮ​ថា​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល មាន​មេត្តា​ករុណា។* ដូច្នេះ សូម​ឲ្យ​យើង​ស្លៀក​បាវ ហើយ​យក​ខ្សែ​ពួរ​មក​ចង​នៅ​ក្បាល រួច​ចេញ​ទៅ​ឯ​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ប្រហែល​ជា​គាត់​នឹង​ទុក​ជីវិត​ឲ្យ​លោក​»។+ ៣២ ដូច្នេះ ពួក​គេ​បាន​ស្លៀក​បាវ ហើយ​យក​ខ្សែ​ពួរ​មក​ចង​នៅ​ក្បាល រួច​ចេញ​ទៅ​ឯ​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ពួក​គេ​បាន​និយាយ​ទៅ​កាន់​ស្ដេច​ថា​៖ ​«​បេនហាដាត​ជា​អ្នក​បម្រើ​លោក បាន​មាន​ប្រសាសន៍​ថា​៖ ‹សូម​លោក​មេត្តា​ទុក​ជីវិត​ឲ្យ​ខ្ញុំ​ផង›​»។ រួច​មក អាហាប់​តប​វិញ​ថា​៖ ​«​តើ​គាត់​នៅ​រស់​ឬ? គាត់​ដូច​ជា​បង​ប្អូន​ខ្ញុំ​»។ ៣៣ ពួក​អ្នក​បម្រើ​ទាំង​នោះ​ចាត់​ទុក​ថា​នោះ​ជា​សញ្ញា​សម្គាល់​ល្អ ហើយ​ពួក​គេ​ក៏​ជឿ​សម្ដី​របស់​អាហាប់។ ដូច្នេះ​ពួក​គេ​បាន​និយាយ​ថា​៖ ​«​មែន បេនហាដាត​ដូច​ជា​បង​ប្អូន​លោក​»។ ខណៈ​នោះ អាហាប់​បាន​និយាយ​ថា​៖ ​«​ចូរ​ទៅ​អញ្ជើញ​គាត់​មក​»។ បន្ទាប់​មក បេនហាដាត​ក៏​ចេញ​ទៅ​ជួប​អាហាប់ ហើយ​អាហាប់​ឲ្យ​គាត់​ឡើង​ជិះ​រទេះ​ជា​មួយ។

៣៤ បេនហាដាត​បាន​និយាយ​ទៅ​អាហាប់​ថា​៖ ​«​ខ្ញុំ​នឹង​ប្រគល់​ក្រុង​ទាំង​ប៉ុន្មាន​ឲ្យ​លោក​វិញ ជា​ក្រុង​ដែល​ឪពុក​ខ្ញុំ​បាន​ដណ្ដើម​យក​ពី​ឪពុក​លោក។ លោក​អាច​បង្កើត​ផ្សារ*ក្នុង​ក្រុង​ដាម៉ាស់ ដូច​ឪពុក​ខ្ញុំ​បាន​បង្កើត​ក្នុង​ក្រុង​សាម៉ារី​ដែរ​»។

អាហាប់​បាន​តប​ថា​៖ ​«​តាម​ការ​ព្រម​ព្រៀង​នេះ ខ្ញុំ​នឹង​ឲ្យ​អ្នក​ទៅ​វិញ​»។

យ៉ាង​នោះ​ពួក​គាត់​បាន​ព្រម​ព្រៀង​គ្នា ហើយ​អាហាប់​បាន​ឲ្យ​បេនហាដាត​ទៅ​វិញ។

៣៥ គ្រា​នោះ មាន​បុរស​ម្នាក់​ជា​កូន​ចៅ​របស់​ពួក​អ្នក​ប្រកាស​ទំនាយ។*+ គាត់​បាន​ធ្វើ​តាម​បង្គាប់​ព្រះ​យេហូវ៉ា ដោយ​និយាយ​ទៅ​កាន់​មិត្ត​គាត់​ថា​៖ ​«​ចូរ​វាយ​ខ្ញុំ​មក!​»។ ប៉ុន្តែ អ្នក​នោះ​មិន​ព្រម​វាយ​គាត់​ទេ។ ៣៦ បុរស​នោះ​ក៏​ប្រាប់​មិត្ត​គាត់​ថា​៖ ​«​ដោយ​សារ​អ្នក​មិន​បាន​ស្ដាប់​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា ដូច្នេះ​នៅ​វេលា​ណា​ដែល​អ្នក​ចាក​ចេញ​ពី​ខ្ញុំ វេលា​នោះ​នឹង​មាន​តោ​មួយ​មក​សម្លាប់​អ្នក​»។ ក្រោយ​ពី​មិត្ត​នោះ​ចេញ​ទៅ គាត់​ក៏​ប្រទះ​នឹង​តោ​មួយ ហើយ​វា​សម្លាប់​គាត់​ទៅ។

៣៧ បន្ទាប់​ពី​នោះ​មក បុរស​ដដែល​នោះ​បាន​ជួប​បុរស​ម្នាក់​ទៀត ហើយ​និយាយ​ថា​៖ ​«​ចូរ​វាយ​ខ្ញុំ​មក!​»។ ដូច្នេះ អ្នក​នោះ​ក៏​បាន​វាយ​គាត់​ឲ្យ​របួស។

៣៨ រួច​មក បុរស​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​នោះ បាន​យក​ក្រណាត់​មក​រុំ​ភ្នែក​ដើម្បី​កុំ​ឲ្យ​គេ​ចំណាំ​គាត់​បាន ហើយ​ទៅ​ស្ទាក់​ចាំ​ជួប​ស្ដេច​អាហាប់​នៅ​តាម​ផ្លូវ។ ៣៩ កាល​ដែល​ស្ដេច​ធ្វើ​ដំណើរ​ឆ្លង​កាត់ បុរស​នោះ​បាន​ស្រែក​ឡើង​ថា​៖ ​«​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​បាន​ទៅ​ធ្វើ​សង្គ្រាម​ដ៏​ខ្លាំង​មួយ ហើយ​មាន​បុរស​ម្នាក់​នាំ​ឈ្លើយ​សឹក​ម្នាក់​មក​ប្រគល់​ឲ្យ​ខ្ញុំ ទាំង​ប្រាប់​ថា​៖ ‹ចូរ​យាម​បុរស​នេះ បើ​គាត់​រត់​រួច នោះ​ជីវិត​អ្នក​នឹង​ត្រូវ​ប្ដូរ​ជំនួស​គាត់​វិញ+ បើ​ពុំ​នោះ​ទេ​អ្នក​ត្រូវ​បង់​ប្រាក់​មួយ​ថាលិន›។* ៤០ ប៉ុន្តែ កាល​ដែល​ខ្ញុំ​កំពុង​រវល់​ធ្វើ​នេះ​ធ្វើ​នោះ ស្រាប់​តែ​ឈ្លើយ​សឹក​នោះ​រត់​បាត់​ទៅ​»។ រួច​ស្ដេច​អ៊ីស្រាអែល​បាន​និយាយ​ទៅ​គាត់​ថា​៖ ​«​អ្នក​បាន​វិនិច្ឆ័យ​ខ្លួន​ឯង​ហើយ អ្នក​សម​នឹង​ទទួល​ទោស​នោះ​មែន!​»។ ៤១ បន្ទាប់​មក គាត់​ស្រាយ​ក្រណាត់​រុំ​ភ្នែក​ចេញ។ ភ្លាម​នោះ ស្ដេច​អ៊ីស្រាអែល​ស្គាល់​ថា​គាត់​ជា​អ្នក​ប្រកាស​ទំនាយ​ម្នាក់។+ ៤២ គាត់​និយាយ​ទៅ​ស្ដេច​ថា​៖ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ដោយ​សារ​អ្នក​ឲ្យ​បុរស​នោះ​រួច​ពី​កណ្ដាប់​ដៃ​អ្នក គឺ​បុរស​ដែល​ខ្ញុំ​បាន​កាត់​ទោស​ឲ្យ​ស្លាប់+ នោះ​ជីវិត​អ្នក​នឹង​ត្រូវ​ប្ដូរ​ជំនួស​ជីវិត​គាត់+ ហើយ​ជីវិត​រាស្ត្រ​របស់​អ្នក​នឹង​ត្រូវ​ប្ដូរ​ជំនួសជីវិត​រាស្ត្រ​របស់​គាត់​វិញ›​»។+ ៤៣ ក្រោយ​ពី​ឮ​ដូច្នេះ ស្ដេច​អ៊ីស្រាអែល​ក៏​ត្រឡប់​ទៅ​វិមាន​នៅ​ក្រុង​សាម៉ារីវិញ+ ទាំង​មាន​ទឹក​មុខ​ស្រពោន​និង​អាក់​អន់​ចិត្ត។

២១ ក្រោយ​ពី​នោះ​មក នៅ​ក្រុង​យេសរៀល+មាន​ហេតុ​ការណ៍​មួយ​កើត​ឡើង ដែល​ទាក់​ទង​នឹង​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​បុរស​ម្នាក់​ឈ្មោះ​ណាបោត​ជា​អ្នក​ក្រុង​នោះ។ ចម្ការ​នោះ​នៅ​ជិត​វិមាន​របស់​អាហាប់​ជា​ស្ដេច​ស្រុក​សាម៉ារី។ ២ អាហាប់​បាន​និយាយ​ទៅ​កាន់​ណាបោត​ថា​៖ ​«​សូម​ប្រគល់​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​អ្នក​ឲ្យ​មក​ខ្ញុំ ដើម្បី​ខ្ញុំ​អាច​យក​ធ្វើ​ជា​សួន​បន្លែ ព្រោះ​ដី​នេះ​នៅ​ជិត​វិមាន​របស់​ខ្ញុំ​ស្រាប់។ រួច​មក ខ្ញុំ​នឹង​ប្ដូរ​ចម្ការ​ទំពាំង​បាយ​ជូរ​មួយ​ទៀត​ដែល​ល្អ​ជាង ឲ្យ​ដល់​អ្នក​វិញ។ បើ​អ្នក​ចង់​បាន​ជា​ប្រាក់ ខ្ញុំ​នឹង​បង់​ឲ្យ​តាម​តម្លៃ​ចម្ការ​នេះ​»។ ៣ ប៉ុន្តែ ណាបោត​បាន​តប​ថា​៖ ​«​ខ្ញុំ​មិន​អាច​ប្រគល់​មត៌ក​ពី​បុព្វ​បុរស​របស់​ខ្ញុំ​ឲ្យ​លោក​បាន​ទេ ពី​ព្រោះ​ព្រះ​យេហូវ៉ា​បាន​ហាម​ជា​ដាច់​ខាត​អំពី​រឿង​នេះ​»។+ ៤ ដូច្នេះ អាហាប់​ក៏​ចូល​ទៅ​ក្នុង​វិមាន​វិញ ដោយ​ខក​ចិត្ត​និង​ទឹក​មុខ​ក្រញូវ ព្រោះ​តែ​ពាក្យ​សម្ដី​របស់​ណាបោត​ជា​អ្នក​ក្រុង​យេសរៀល ដែល​ថា​៖ ​«​ខ្ញុំ​នឹង​មិន​ប្រគល់​មត៌ក​ពី​បុព្វ​បុរស​របស់​ខ្ញុំ​ឲ្យ​លោក​ទេ​»។ អាហាប់​ក៏​ទៅ​សម្រាន្ត​លើ​គ្រែ បែរ​មុខ​ទៅ​ជញ្ជាំង ហើយ​មិន​ព្រម​បរិភោគ​អាហារ​ឡើយ។

៥ ឯ​យេសិបិល+ជា​ភរិយា​របស់​អាហាប់​ក៏​ចូល​ទៅ​ជួប​គាត់ ហើយ​សួរ​ថា​៖ ​«​ម្ដេច​ក៏​លោក​មិន​សប្បាយ​ចិត្ត​រហូត​ដល់​មិន​ព្រម​ពិសា​អាហារ​ដូច្នេះ?​»។ ៦ អាហាប់​បាន​ឆ្លើយ​ថា​៖ ​«​ពី​ព្រោះ​ខ្ញុំ​បាន​និយាយ​ទៅ​ណាបោត​ជា​អ្នក​ក្រុង​យេសរៀល​ថា​៖ ‹សូម​លក់​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​អ្នក​មក​ឲ្យ​ខ្ញុំ ឬ​មួយ​ខ្ញុំ​ប្ដូរ​ចម្ការ​ទំពាំង​បាយ​ជូរ​មួយ​ទៀត​ឲ្យ​ដល់​អ្នក​វិញ​ក៏​បាន›។ ប៉ុន្តែ គាត់​បាន​និយាយ​ថា​៖ ‹ខ្ញុំ​មិន​ព្រម​ប្រគល់​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ខ្ញុំ​ឲ្យ​លោក​ទេ›​»។ ៧ យេសិបិល​ក៏​និយាយ​ថា​៖ ​«​ក្រែង​លោក​ជា​ស្ដេច​គ្រប់​គ្រង​លើ​ស្រុក​អ៊ីស្រាអែល មែន​ទេ? សូម​ក្រោក​ឡើង​ពិសា​អាហារ ហើយ​សប្បាយ​ចិត្ត​ចុះ។ ខ្ញុំ​នឹង​យក​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ណាបោត​ជា​អ្នក​ក្រុង​យេសរៀល មក​ឲ្យ​លោក​»។+ ៨ ដូច្នេះ នាង​បាន​សរសេរ​សំបុត្រ​ដោយ​ប្រើ​ឈ្មោះ​ស្ដេច ហើយ​យក​ត្រា​របស់​អាហាប់​បោះ​លើ​សំបុត្រ​ទាំង​នោះ+ រួច​ផ្ញើ​ទៅ​ពួក​បុរស​ចាស់​ទុំ+និង​ពួក​អភិជន​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​នឹង​ណាបោត។ ៩ នាង​បាន​សរសេរ​សំបុត្រ​ទាំង​នោះ​ថា​៖ ​«​ចូរ​ប្រកាស​ឲ្យ​បណ្ដា​ជន​តម​អាហារ ហើយ​ឲ្យ​ណាបោត​អង្គុយ​នៅ​កន្លែង​ខាង​មុខ​បណ្ដា​ជន។ ១០ រួច​ហៅ​មនុស្ស​ខិល​ខូច​ពីរ​នាក់​ឲ្យ​ចូល​មក​អង្គុយ​នៅ​មុខ​គាត់ ហើយ​ចោទ​ប្រកាន់​គាត់+ថា​៖ ‹អ្នក​ឯង​បាន​ប្រមាថ​ព្រះ​និង​ស្ដេច!›។+ បន្ទាប់​មក ចូរ​នាំ​គាត់​ចេញ​ទៅ​ក្រៅ ហើយ​គប់​ដុំ​ថ្ម​សម្លាប់​គាត់​ទៅ​»។+

១១ ដូច្នេះ ពួក​បុរស​ចាស់​ទុំ​និង​ពួក​អភិជន​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​នឹង​ណាបោត បាន​ធ្វើ​តាម​បង្គាប់​ក្នុង​សំបុត្រ​ដែល​យេសិបិល​បាន​ផ្ញើ​ទៅ​ឲ្យ​ពួក​គេ។ ១២ ពួក​គេ​ក៏​បាន​ប្រកាស​ឲ្យ​បណ្ដា​ជន​តម​អាហារ ហើយ​ឲ្យ​ណាបោត​អង្គុយ​នៅ​កន្លែង​ខាង​មុខ​បណ្ដា​ជន។ ១៣ រួច​មក មនុស្ស​ខិល​ខូច​ពីរ​នាក់​បាន​ចូល​មក​អង្គុយ​នៅ​មុខ​ណាបោត ហើយ​ចាប់​ផ្ដើម​ចោទ​ប្រកាន់​គាត់​នៅ​មុខ​បណ្ដា​ជន ដោយ​និយាយ​ថា​៖ ​«​ណាបោត​នេះ បាន​ប្រមាថ​ព្រះ​និង​ស្ដេច!​»។+ ក្រោយ​មក ពួក​គេ​បាន​យក​គាត់​ចេញ​ទៅ​ជាយ​ក្រុង ហើយ​គប់​ដុំ​ថ្ម​សម្លាប់​គាត់​ទៅ។+ ១៤ ពួក​គេ​ក៏​ផ្ញើ​សារ​ទៅ​យេសិបិល​ថា​៖ ​«​ណាបោត​ត្រូវ​គេ​គប់​ដុំ​ថ្ម​សម្លាប់​ហើយ​»។+

១៥ ក្រោយ​ពី​យេសិបិល​បាន​ឮ​ដំណឹង​នោះ​ភ្លាម នាង​និយាយ​ទៅ​អាហាប់​ថា​៖ ​«​សូម​លោក​ទៅ​យក​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ណាបោត​ជា​អ្នក​ក្រុង​យេសរៀល+ ដែល​មិន​ព្រម​លក់​ឲ្យ​លោក​នោះ​ទៅ ព្រោះ​គាត់​បាន​ស្លាប់​ហើយ​»។ ១៦ ឮ​ដូច្នោះ អាហាប់​ក៏​បាន​ក្រោក​ឡើង ហើយ​ចុះ​ទៅ​យក​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ណាបោត​ជា​អ្នក​ក្រុង​យេសរៀល ធ្វើ​ជា​កម្មសិទ្ធិ​របស់​គាត់។

១៧ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អេ​លី​យ៉ា+ជា​អ្នក​ភូមិ​ធេសប៊ី​ថា​៖ ១៨ ​«​ចូរ​ក្រោក​ឡើង​ហើយ​ចុះ​ទៅ​ជួប​អាហាប់​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ដែល​គ្រប់​គ្រង​នៅ​ក្រុង​សាម៉ារី។+ មើល! គាត់​កំពុង​នៅ​ឯ​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ណាបោត​ដែល​គាត់​បាន​យក​ធ្វើ​ជា​កម្មសិទ្ធិ។ ១៩ អ្នក​ត្រូវ​ប្រាប់​អាហាប់​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​អ្នក​បាន​សម្លាប់​បុរស​ម្នាក់+ ថែម​ទាំង​យក​ដី​របស់​គាត់ មែន​ទេ?​»​›។+ បន្ទាប់​មក ចូរ​និយាយ​ទៅ​គាត់​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​នៅ​កន្លែង​ដែល​ឆ្កែ​បាន​លិឍ​ឈាម​របស់​ណាបោត ឆ្កែ​ក៏​នឹង​លិឍ​ឈាម​របស់​អ្នក​ដែរ​»​›​»។+

២០ ពេល​ជួប​អេលីយ៉ា អាហាប់​បាន​និយាយ​ថា​៖ ​«​ឱ​សត្រូវ​ខ្ញុំ​អើយ! អ្នក​រក​ខ្ញុំ​ឃើញ​ហើយ​»។+ អេលីយ៉ា​បាន​តប​ថា​៖ ​«​ខ្ញុំ​រក​លោក​ឃើញ​ហើយ។ ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ‹ដោយ​សារ​អ្នក​បាន​តាំង​ចិត្ត​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត+ ២១ ខ្ញុំ​នឹង​នាំ​សេចក្ដី​អន្តរាយ​មក​លើ​អ្នក ហើយ​ខ្ញុំ​នឹង​បំផ្លាញ​ពូជ​ពង្ស​អ្នក​ឲ្យ​អស់​រលីង ពោល​គឺ​កូន​ប្រុស​ៗ​ទាំង​អស់​របស់​អ្នក+ រួម​ទាំង​អ្នក​តូច​ទាប​ក្នុង​ស្រុក​អ៊ីស្រាអែល​ផង​ដែរ។+ ២២ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពូជ​ពង្ស​អ្នក​បាន​ដូច​ពូជ​ពង្ស​របស់​យេរ៉ូបោម+ជា​កូន​ណេបាត និង​ពូជ​ពង្ស​របស់​បាអាសា+ជា​កូន​អាហាយ៉ា ព្រោះ​អ្នក​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង ហើយ​បាន​នាំ​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង›។ ២៣ ចំណែក​ឯ​យេសិបិល​វិញ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ‹ឆ្កែ​នឹង​ហែក​ស៊ី​យេសិបិល​នៅ​ទី​វាល​ក្នុង​ក្រុង​យេសរៀល។+ ២៤ ក្នុង​ពូជ​ពង្ស​របស់​អាហាប់ អ្នក​ណា​ដែល​ស្លាប់​ក្នុង​ក្រុង ឆ្កែ​នឹង​ហែក​ស៊ី។ ឯ​អ្នក​ណា​ដែល​ស្លាប់​នៅ​ឯ​ទី​វាល សត្វ​ហើរ​លើ​អាកាស​នឹង​ចឹក​ស៊ី។+ ២៥ អាហាប់​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​លើស​អស់​អ្នក​ដែល​នៅ​មុន​ៗ​គាត់​ទៅ​ទៀត+ ព្រោះ​គាត់​បាន​តាំង​ចិត្ត​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត តាម​ការ​ញុះញង់​របស់​យេសិបិល​ជា​ភរិយា។+ ២៦ គាត់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ខ្ពើម​រអើម​បំផុត ដោយ​គោរព​បូជា​ដល់​រូប​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​តាម​ជន​ជាតិ​អាម៉ូរី ដែល​ព្រះ​យេហូវ៉ា​បាន​បណ្ដេញ​ចេញ​ពី​មុខ​ជន​ជាតិ​អ៊ីស្រាអែល›​»។+

២៧ ក្រោយ​ពី​អាហាប់​ឮ​ពាក្យ​ទាំង​នោះ​ភ្លាម គាត់​ក៏​បាន​ហែក​អាវ ហើយ​ស្លៀក​បាវ រួច​តម​អាហារ។ ពេល​ទម្រេត​ខ្លួន គាត់​ក៏​ស្លៀក​បាវ​ដែរ ហើយ​ពេល​ដើរ គាត់​ក៏​ដើរ​មួយ​ៗ​ដោយ​អស់​សង្ឃឹម។ ២៨ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អេលីយ៉ា​ជា​អ្នក​ភូមិ​ធេសប៊ី​ថា​៖ ២៩ ​«​តើ​អ្នក​បាន​ឃើញ​អាហាប់​បន្ទាប​ខ្លួន​យ៉ាង​ណា​ទេ​ក្រោយ​ពី​ឮ​ពាក្យ​របស់​ខ្ញុំ?+ ដោយ​សារ​គាត់​បន្ទាប​ខ្លួន​នៅ​ចំពោះ​មុខ​ខ្ញុំ​ដូច្នេះ នោះ​ខ្ញុំ​នឹង​មិន​នាំ​អន្តរាយ​មក​លើ​គាត់​ក្នុង​ជំនាន់​គាត់​ទេ តែ​ខ្ញុំ​នឹង​នាំ​អន្តរាយ​មក​លើ​ពូជ​ពង្ស​គាត់​នៅ​ជំនាន់​កូន​គាត់​វិញ​»។+

២២ អស់​រយៈ​ពេល​បី​ឆ្នាំ ស្រុក​ស៊ីរី​និង​ស្រុក​អ៊ីស្រាអែល​មិន​មាន​ចម្បាំង​នឹង​គ្នា​ទេ។ ២ នៅ​ឆ្នាំ​ទី​៣ យេហូសាផាត+ស្ដេច​ស្រុក​យូដា បាន​ចុះ​ទៅ​ជួប​ស្ដេច​ស្រុក​អ៊ីស្រាអែល។+ ៣ ពេល​នោះ ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​និយាយ​ទៅ​កាន់​ពួក​អ្នក​បម្រើ​របស់​គាត់​ថា​៖ ​«​អ្នក​ទាំង​អស់​គ្នា​ដឹង​ហើយ​ថា​រ៉ាម៉ូតគីលាត+ជា​ទឹក​ដី​របស់​យើង មែន​ទេ? ប៉ុន្តែ យើង​បែរ​ជា​មិន​ហ៊ាន​ទៅ​ច្បាំង​ដណ្ដើម​យក​ពី​ស្ដេច​ស្រុក​ស៊ីរី​ទៅ​វិញ​»។ ៤ រួច​មក គាត់​បាន​និយាយ​ទៅ​យេហូសាផាត​ថា​៖ ​«​តើ​លោក​ចង់​ទៅ​ច្បាំង​ជា​មួយ​ខ្ញុំ​នៅ​រ៉ាម៉ូតគីលាត​ទេ?​»។ យេហូសាផាត​បាន​តប​ទៅ​ស្ដេច​ស្រុក​អ៊ីស្រាអែល​វិញ​ថា​៖ ​«​ខ្ញុំ​ក៏​ដូច​ជា​លោក ហើយ​រាស្ត្រ​ខ្ញុំ​ក៏​ដូច​ជា​រាស្ត្រ​របស់​លោក។ ឯ​សេះ​របស់​ខ្ញុំ​ក៏​ដូច​ជា​សេះ​របស់​លោក​ដែរ​»។+

៥ ប៉ុន្តែ យេហូសាផាត​បាន​និយាយ​ទៅ​ស្ដេច​ស្រុក​អ៊ីស្រាអែល​ថា​៖ ​«​ដំបូង សូម​ឲ្យ​យើង​សួរ+ព្រះ​យេហូវ៉ា​សិន​»។+ ៦ ដូច្នេះ ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​អញ្ជើញ​អ្នក​ប្រកាស​ទំនាយ​ប្រហែល​៤០០​នាក់​ឲ្យ​មក​ជុំ​គ្នា រួច​សួរ​ពួក​គេ​ថា​៖ ​«​តើ​ខ្ញុំ​គួរ​ទៅ​ច្បាំង​នៅ​ឯ​រ៉ាម៉ូតគីលាត ឬ​មិន​គួរ?​»។ ពួក​គេ​បាន​ឆ្លើយ​ថា​៖ ​«​សូម​លោក​ទៅ​ចុះ ព្រះ​យេហូវ៉ា​នឹង​ជួយ​លោក​ដណ្ដើម​យក​ទឹក​ដី​នោះ​មក​វិញ​»។

៧ បន្ទាប់​មក យេហូសាផាត​បាន​និយាយ​ថា​៖ ​«​តើ​នៅ​ទី​នេះ​មាន​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ? សូម​ឲ្យ​យើង​សួរ​គាត់​ដែរ​»។+ ៨ ពេល​នោះ ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​និយាយ​ទៅ​យេហូសាផាត​ថា​៖ ​«​នៅ​មាន​បុរស​ម្នាក់​ទៀត ដែល​យើង​អាច​សួរ​ព្រះ​យេហូវ៉ា​តាម​រយៈ​គាត់។+ ប៉ុន្តែ ខ្ញុំ​ស្អប់​គាត់​ណាស់+ ព្រោះ​គាត់​មិន​ដែល​ប្រកាស​ទំនាយ​ល្អ​អំពី​ខ្ញុំ​ទេ មាន​តែ​ទំនាយ​អាក្រក់​ប៉ុណ្ណោះ។+ គាត់​ឈ្មោះ​មីកាយ៉ា​ជា​កូន​អ៊ីមឡា​»។ ប៉ុន្តែ យេហូសាផាត​បាន​និយាយ​ទៅ​ស្ដេច​ថា​៖ ​«​លោក​មិន​គួរ​និយាយ​ដូច្នេះ​ទេ​»។

៩ ដូច្នេះ ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​ហៅ​មន្ត្រី​ម្នាក់ រួច​បង្គាប់​ថា​៖ ​«​ចូរ​ទៅ​នាំ​មីកាយ៉ា​ជា​កូន​អ៊ីមឡា​ឲ្យ​មក​ជា​ប្រញាប់​»។+ ១០ ពេល​នោះ ស្ដេច​ស្រុក​អ៊ីស្រាអែល​និង​យេហូសាផាត​ជា​ស្ដេច​ស្រុក​យូដា​បាន​ស្លៀក​សម្លៀក​បំពាក់​ស្ដេច ហើយ​អង្គុយ​លើ​បល្ល័ង្ក​រៀង​ខ្លួន។ ពួក​គាត់​នៅ​ទី​លាន​បញ្ជាន់​ស្រូវ ក្បែរ​ខ្លោង​ទ្វារ​ចូល​ក្រុង​សាម៉ារី ហើយ​មាន​ពួក​អ្នក​ប្រកាស​ទំនាយ​ទាំង​អស់​នៅ​ទី​នោះ កំពុង​ប្រកាស​ទំនាយ​នៅ​ចំពោះ​ស្ដេច។+ ១១ បន្ទាប់​មក សេដេគា​ជា​កូន​កេនេអាណា បាន​ធ្វើ​ស្នែង​ដែក ហើយ​បាន​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ដោយ​ឧបករណ៍​ទាំង​នេះ​ស្ដេច​នឹង​ប្រហារ​ពួក​ស៊ីរី​រហូត​ដល់​ពួក​គេ​វិនាស​អស់​ទៅ›​»។ ១២ ឯ​ពួក​អ្នក​ប្រកាស​ទំនាយ​ផ្សេង​ទៀត​ក៏​ប្រកាស​ស្រដៀង​នោះ​ដែរ ដោយ​ប្រាប់​ថា​៖ ​«​ចូរ​លោក​ឡើង​ទៅ​ឯ​រ៉ាម៉ូតគីលាត​ចុះ លោក​នឹង​ទទួល​ជ័យ​ជម្នះ​ពុំ​ខាន។ ព្រះ​យេហូវ៉ា​នឹង​ជួយ​លោក​ដណ្ដើម​យក​ទឹក​ដី​នោះ​មក​វិញ​»។

១៣ ពេល​នោះ អ្នក​នាំ​សារ​ដែល​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ហៅ​មីកាយ៉ា បាន​និយាយ​ទៅ​កាន់​គាត់​ថា​៖ ​«​មើល! ពួក​អ្នក​ប្រកាស​ទំនាយ​ទាំង​អស់​សុទ្ធតែ​និយាយ​រឿង​ល្អ​ៗ​ជម្រាប​ស្ដេច។ ដូច្នេះ សូម​អ្នក​និយាយ​រឿង​ល្អ​ជម្រាប​ស្ដេច​ដូច​ពួក​គេ​ចុះ​»។+ ១៤ ប៉ុន្តែ មីកាយ៉ា​បាន​តប​ទៅ​វិញ​ថា​៖ ​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​ថា បើ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​យ៉ាង​ណា ខ្ញុំ​នឹង​ប្រាប់​យ៉ាង​នោះ​»។ ១៥ រួច​មក គាត់​ក៏​ចូល​ទៅ​ជួប​ស្ដេច ហើយ​ស្ដេច​បាន​សួរ​គាត់​ថា​៖ ​«​មីកាយ៉ា តើ​យើង​គួរ​ទៅ​ច្បាំង​ដណ្ដើម​យក​រ៉ាម៉ូតគីលាត ឬ​មិន​គួរ?​»។ ភ្លាម​នោះ គាត់​ឆ្លើយ​ថា​៖ ​«​សូម​លោក​ទៅ​ចុះ លោក​នឹង​ទទួល​ជ័យ​ជម្នះ​ពុំ​ខាន។ ព្រះ​យេហូវ៉ា​នឹង​ជួយ​លោក​ដណ្ដើម​យក​ទឹក​ដី​នោះ​មក​វិញ​»។ ១៦ ពេល​នោះ ស្ដេច​បាន​និយាយ​ទៅ​គាត់​ថា​៖ ​«​តើ​ខ្ញុំ​ត្រូវ​ប្រាប់​អ្នក​ឲ្យ​ស្បថ​ប៉ុន្មាន​ដង​ទៀត​ថា អ្នក​ត្រូវ​ប្រាប់​ខ្ញុំ​តែ​ពាក្យ​ពិត​ក្នុង​នាម​ព្រះ​យេហូវ៉ា?​»។ ១៧ ដូច្នេះ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ឃើញ​ជន​ជាតិ​អ៊ីស្រាអែល​រត់​ខ្ចាត់​ខ្ចាយ​នៅ​លើ​ភ្នំ+ ប្រៀប​ដូច​ជា​ហ្វូង​ចៀម​គ្មាន​គង្វាល។ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ‹ពួក​គេ​លែង​មាន​ម្ចាស់​ទៀត​ហើយ។ ចូរ​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​ផ្ទះ​រៀង​ខ្លួន​ដោយ​សុខ​សាន្ត​ចុះ›​»។

១៨ រួច​មក ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​និយាយ​ទៅ​កាន់​យេហូសាផាត​ថា​៖ ​«​ដូច​ខ្ញុំ​បាន​ជម្រាប​លោក​ហើយ​ថា​៖ ‹គាត់​មិន​ដែល​ប្រកាស​ទំនាយ​ល្អ​អំពី​ខ្ញុំ​ទេ មាន​តែ​ទំនាយ​អាក្រក់​ប៉ុណ្ណោះ›​»។+

១៩ រួច​មីកាយ៉ា​បាន​និយាយ​ថា​៖ ​«​ដូច្នេះ សូម​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។ ខ្ញុំ​បាន​ឃើញ​ព្រះ​យេហូវ៉ា​អង្គុយ​លើ​បល្ល័ង្ក​របស់​លោក+ ដោយ​មាន​បណ្ដា​កង​ទ័ព​នៅ​ស្ថាន​សួគ៌​ឈរ​នៅ​ខាង​ឆ្វេង​និង​ខាង​ស្ដាំ​លោក។+ ២០ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ‹តើ​អ្នក​ណា​នឹង​ទៅ​បញ្ឆោត​អាហាប់​ឲ្យ​ឡើង​ទៅ​ច្បាំង​នៅ​ឯ​រ៉ាម៉ូតគីលាត ដើម្បី​ឲ្យ​គាត់​ស្លាប់​នៅ​ទី​នោះ?›។ មាន​ទេវតា​មួយ​រូប​ឆ្លើយ​យ៉ាង​នេះ មួយ​រូប​ឆ្លើយ​យ៉ាង​នោះ។ ២១ រួច​មក មាន​ទេវតា​មួយ​រូប+ចេញ​មក​ឈរ​នៅ​មុខ​ព្រះ​យេហូវ៉ា ហើយ​និយាយ​ថា​៖ ‹ខ្ញុំ​នឹង​ទៅ​បញ្ឆោត​គាត់›។ ព្រះ​យេហូវ៉ា​បាន​សួរ​ទេវតា​នោះ​ថា​៖ ‹តើ​អ្នក​នឹង​បញ្ឆោត​គាត់​យ៉ាង​ដូច​ម្ដេច?›។ ២២ ទេវតា​នោះ​បាន​ឆ្លើយ​ថា​៖ ‹ខ្ញុំ​នឹង​ទៅ​ដាក់​ពាក្យ​បញ្ឆោត​នៅ​ក្នុង​មាត់​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ទាំង​អស់​របស់​អាហាប់›។+ ដូច្នេះ ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​ទៅ​ធ្វើ​ដូច្នោះ​ចុះ អ្នក​នឹង​បញ្ឆោត​បាន​មែន›។ ២៣ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​បុគ្គល​វិញ្ញាណ​នោះ ទៅ​ធ្វើ​ឲ្យ​ពួក​អ្នក​ប្រកាស​ទំនាយ​ប្រាប់​ពាក្យ​កុហក​ដល់​លោក។+ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ប្រកាស​ថា​លោក​នឹង​ជួប​អន្តរាយ​មិន​ខាន​»។+

២៤ ពេល​នោះ សេដេគា​ជា​កូន​កេនេអាណា បាន​ចូល​មក​ទះ​កំផ្លៀង​មីកាយ៉ា ដោយ​និយាយ​ថា​៖ ​«​តើ​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​បាន​ចេញ​ពី​ខ្ញុំ​តាម​ផ្លូវ​ណា ទៅ​និយាយ​ជា​មួយ​នឹង​អ្នក?​»។+ ២៥ មីកាយ៉ា​បាន​ឆ្លើយ​ថា​៖ ​«​មើល! អ្នក​នឹង​ដឹង​នៅ​ថ្ងៃ​ដែល​អ្នក​ចូល​ទៅ​ពួន​ក្នុង​បន្ទប់​ខាង​ក្នុង​បំផុត​»។ ២៦ រួច​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​និយាយ​ថា​៖ ​«​ចូរ​នាំ​មីកាយ៉ា​ទៅ​ប្រគល់​ឲ្យ​អេម៉ុន​ជា​អភិបាល​ក្រុង​និង​យ៉ូអាស​ជា​កូន​ស្ដេច​ទៅ។ ២៧ ចូរ​ប្រាប់​ពួក​គេ​ថា​៖ ‹ស្ដេច​បាន​បង្គាប់​ដូច្នេះ​ថា​៖ ​«​ចូរ​ឃុំ​បុរស​នេះ​ក្នុង​គុក+ ហើយ​ឲ្យ​នំ​ប៉័ង​និង​ទឹក​ដល់​គាត់​តែ​បន្តិចបន្តួច​បាន​ហើយ រហូត​ដល់​ខ្ញុំ​ត្រឡប់​មក​វិញ​ដោយ​សុខ​សាន្ត​»​›​»។ ២៨ ប៉ុន្តែ មីកាយ៉ា​បាន​និយាយ​ថា​៖ ​«​បើ​ស្ដេច​ត្រឡប់​មក​វិញ​ដោយ​សុខ​សាន្ត នោះ​ព្រះ​យេហូវ៉ា​មិន​បាន​មាន​ប្រសាសន៍​តាម​រយៈ​ខ្ញុំ​ទេ​»។+ រួច​គាត់​បន្ថែម​ថា​៖ ​«​សូម​បណ្ដា​ជន​ទាំង​ឡាយ​ចាំ​មើល​អំពី​រឿង​នេះ​ចុះ​»។

២៩ ដូច្នេះ ស្ដេច​ស្រុក​អ៊ីស្រាអែល​និង​យេហូសាផាត​ជា​ស្ដេច​ស្រុក​យូដា បាន​ឡើង​ទៅ​ឯ​រ៉ាម៉ូតគីលាត។+ ៣០ ពេល​នោះ ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​និយាយ​ទៅ​កាន់​យេហូសាផាត​ថា​៖ ​«​ខ្ញុំ​នឹង​បន្លំ​ខ្លួន រួច​ចូល​ទៅ​ច្បាំង។ ចំណែក​ឯ​ខ្លួន​លោក​វិញ សូម​លោក​ស្លៀក​សម្លៀក​បំពាក់​ស្ដេច​ចុះ​»។ លុះ​និយាយ​ចប់​ហើយ ស្ដេច​ស្រុក​អ៊ីស្រាអែល​ក៏​បន្លំ​ខ្លួន​ចូល​ទៅ​ច្បាំង។+ ៣១ រីឯ​ស្ដេច​ស្រុក​ស៊ីរី​វិញ គាត់​បាន​បង្គាប់​ពួក​មេ​ទ័ព​រទេះ​ចម្បាំង​ទាំង​៣២​នាក់​ថា​៖ +​«​កុំ​ប្រយុទ្ធ​នឹង​អ្នក​ណា​ឡើយ ទោះ​ជា​កូន​ទាហាន​ឬ​មេ​ទាហាន​ក្ដី។ ចូរ​ប្រយុទ្ធ​តែ​ជា​មួយ​ស្ដេច​ស្រុក​អ៊ីស្រាអែល​ប៉ុណ្ណោះ​»។ ៣២ ពេល​ដែល​ពួក​មេ​ទ័ព​រទេះ​ចម្បាំង​បាន​ឃើញ​យេហូសាផាត​ភ្លាម ពួក​គេ​បាន​គិត​ថា​៖ ​«​នោះ​ច្បាស់​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ហើយ​»។ ដូច្នេះ ពួក​គេ​បាន​បែរ​ទៅ​ប្រយុទ្ធ​នឹង​យេហូសាផាត​វិញ ហើយ​យេហូសាផាត​បាន​ស្រែក​សុំ​ជំនួយ។ ៣៣ កាល​ដែល​ពួក​មេ​ទ័ព​រទេះ​ចម្បាំង​បាន​ឃើញ​ថា​អ្នក​ដែល​ពួក​គេ​កំពុង​ដេញ​តាម​មិន​មែន​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ទេ ភ្លាម​នោះ​ពួក​គេ​ក៏​ឈប់​ដេញ​តាម​ទៅ។

៣៤ ប៉ុន្តែ មាន​បុរស​ម្នាក់​យឹត​ធ្នូ​បាញ់​ព្រាវ​ទៅ ក៏​ចំ​ស្ដេច​ស្រុក​អ៊ីស្រាអែល ត្រូវ​ត្រង់​ប្រឡោះ​អាវ​ក្រោះ​របស់​គាត់។ ដូច្នេះ ស្ដេច​បាន​និយាយ​ទៅ​អ្នក​បរ​រទេះ​របស់​គាត់​ថា​៖ ​«​ចូរ​បក​ក្រោយ នាំ​ខ្ញុំ​ចេញ​ពី​ចម្បាំង​នេះ​ទៅ ព្រោះ​ខ្ញុំ​ត្រូវ​របួស​ធ្ងន់​ណាស់​»។+ ៣៥ ស្ថានភាព​ចម្បាំង​នៅ​ថ្ងៃ​នោះ​កាន់​តែ​ខ្លាំង​ឡើង ហើយ​ស្ដេច​ឈរ​ក្នុង​រទេះ​ចម្បាំង​ដោយ​មាន​អ្នក​គ្រាហ៍ បែរ​មុខ​ទៅ​ពួក​ស៊ីរី។ ឈាម​របួស​គាត់​ហូរ​ជោក​បាត​រទេះ លុះ​ដល់​ពេល​ល្ងាច​គាត់​ក៏​ស្លាប់​ទៅ។+ ៣៦ រួច​ដល់​ពេល​ថ្ងៃ​លិច មាន​សម្រែក​បង្គាប់​ទៅ​អ្នក​នៅ​ក្នុង​ជំរំ​ថា​៖ ​«​ចូរ​គ្រប់​គ្នា​ត្រឡប់​ទៅ​ក្រុង​និង​ស្រុក​របស់​ខ្លួន​វិញ​ទៅ!​»។+ ៣៧ យ៉ាង​នោះ ស្ដេច​បាន​ស្លាប់ ហើយ​គេ​បាន​យក​សព​គាត់​មក​ក្រុង​សាម៉ារី រួច​បញ្ចុះ​សព​ស្ដេច​នៅ​ក្រុង​នោះ។ ៣៨ កាល​ដែល​ពួក​គេ​យក​រទេះ​ចម្បាំង​នោះ​ទៅ​លាង​នៅ​អាង​ទឹក​ក្នុង​ក្រុង​សាម៉ារី ជា​កន្លែង​ដែល​ពួក​ស្ត្រី​ពេស្យា​ងូត​ទឹក នោះ​ឆ្កែ​ក៏​បាន​លិទ្ធ​ឈាម​របស់​ស្ដេច ដូច​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មែន។+

៣៩ ឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អាហាប់​បាន​ធ្វើ ព្រម​ទាំង​វិមាន​ភ្លុក+និង​ក្រុង​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​សង់ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ៤០ ក្រោយ​ពី​អាហាប់​បាន​ស្លាប់*+ អាហាស៊ីយ៉ា+ជា​កូន​បាន​គ្រប់​គ្រង​ជា​ស្ដេច​បន្ទាប់​ពី​គាត់។

៤១ យេហូសាផាត+ជា​កូន​អេសា​បាន​ក្លាយ​ទៅ​ជា​ស្ដេច​ស្រុក​យូដា នៅ​ឆ្នាំ​ទី​៤​នៃ​រាជ្យ​អាហាប់​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ៤២ ពេល​ដែល​យេហូសាផាត​បាន​ក្លាយ​ទៅ​ជា​ស្ដេច គាត់​មាន​អាយុ​៣៥​ឆ្នាំ ហើយ​បាន​គ្រប់​គ្រង​អស់​រយៈ​ពេល​២៥​ឆ្នាំ នៅ​ក្រុង​យេរូសាឡិម។ ម្ដាយ​របស់​គាត់​ឈ្មោះ​អាស៊ូបា ជា​កូន​របស់​ស៊ីលហាយ។ ៤៣ គាត់​បាន​ដើរ​តាម​គន្លង​របស់​អេសា+ជា​ឪពុក​របស់​គាត់ ឥត​ងាក​រេ​ឡើយ។ គាត់​បាន​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។+ ប៉ុន្តែ ទី​ខ្ពស់​ពិសិដ្ឋ​មិន​បាន​ត្រូវ​បំបាត់​ចោល​ទេ ហើយ​បណ្ដា​ជន​នៅ​តែ​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង នៅ​លើ​ទី​ខ្ពស់​ៗ​ទាំង​នោះ។+ ៤៤ យេហូសាផាត​នៅ​តែ​មាន​សម្ព័ន្ធភាព​ល្អ​ជា​មួយ​នឹង​ស្ដេច​ស្រុក​អ៊ីស្រាអែល។+ ៤៥ ឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​យេហូសាផាត​បាន​ធ្វើ ដូច​ជា​ស្នា​ដៃ​អស្ចារ្យ​និង​ចម្បាំង​ផ្សេង​ៗ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។ ៤៦ បន្ថែម​ទៅ​ទៀត គាត់​បាន​បណ្ដេញ​ពួក​បុរស​ដែល​បម្រើ​បុរស​ឯ​ទៀត​ខាង​ផ្លូវ​ភេទ​ក្នុង​វិហារ ចេញ​អស់​ពី​ស្រុក​ទៅ+ គឺ​ជា​ពួក​អ្នក​ដែល​នៅ​សេស​សល់​ពី​គ្រា​របស់​អេសា​ឪពុក​គាត់។+

៤៧ ចំណែក​ឯ​ស្រុក​អេដំ​វិញ+ នៅ​គ្រា​នោះ​គ្មាន​ស្ដេច​ទេ មាន​តែ​អភិបាល​ម្នាក់​ដែល​គ្រប់​គ្រង​ជា​ស្ដេច។+

៤៨ យេហូសាផាត​ក៏​បាន​ធ្វើ​សំពៅ​តើស៊ីស* ដើម្បី​ទៅ​ដឹក​ជញ្ជូន​មាស​ពី​អូភា។+ ប៉ុន្តែ សំពៅ​ទាំង​នោះ​មិន​បាន​ទៅ​ដល់​ទេ ព្រោះ​បាន​បាក់​បែក​ខូច​អស់ នៅ​អេស៊ានកេបឺ។+ ៤៩ នៅ​ពេល​នោះ អាហាស៊ីយ៉ា​ជា​កូន​អាហាប់​បាន​និយាយ​ទៅ​កាន់​យេហូសាផាត​ថា​៖ ​«​សូម​ឲ្យ​អ្នក​បម្រើ​របស់​ខ្ញុំ​ទៅ​ជា​មួយ​នឹង​អ្នក​បម្រើ​របស់​លោក​ក្នុង​សំពៅ​ទាំង​នោះ​ផង​»។ ប៉ុន្តែ យេហូសាផាត​មិន​បាន​យល់​ព្រម​ទេ។

៥០ លុះ​ក្រោយ​មក យេហូសាផាត​បាន​ស្លាប់+ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្រុង​ដាវីឌ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​គាត់។ បន្ទាប់​មក យេហូរ៉ាម+ជា​កូន​បាន​គ្រប់​គ្រង​ជា​ស្ដេច​បន្ទាប់​ពី​គាត់។

៥១ ឯ​អាហាស៊ីយ៉ា+ជា​កូន​អាហាប់​បាន​ក្លាយ​ទៅ​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​នៅ​ក្រុង​សាម៉ារី ក្នុង​ឆ្នាំ​ទី​១៧​នៃ​រាជ្យ​របស់​យេហូសាផាត​ជា​ស្ដេច​ស្រុក​យូដា ហើយ​អាហាស៊ីយ៉ា​បាន​គ្រប់​គ្រង​លើ​ស្រុក​អ៊ីស្រាអែល​បាន​ពីរ​ឆ្នាំ។ ៥២ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ហើយ​ដើរ​តាម​គន្លង​ឪពុក+និង​ម្ដាយ​របស់​គាត់+ និង​គន្លង​របស់​យេរ៉ូបោម​ជា​កូន​ណេបាត ជា​អ្នក​ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។+ ៥៣ គាត់​បាន​ក្រាប​គោរព​និង​បម្រើ​ព្រះ​បាល+តាម​គន្លង​ឪពុក​គាត់ ហើយ​ការ​ប្រព្រឹត្ត​នេះ​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល+ខឹង​នឹង​គាត់។

ឬ​«​ធ្វើ​ឲ្យ​គាត់​ឈឺ​ចិត្ត​»​

ន័យ​ត្រង់​«​បញ្ចុះ​ជា​មួយ​នឹង​បុព្វបុរស​»​

ន័យ​ត្រង់​«​ពួក​អ្នក​បម្រើ​ខ្ញុំ​»​

ន័យ​ត្រង់​«​លា​កាត់​»​

ន័យ​ត្រង់​«​បល្ល័ង្ក​»​

ន័យ​ត្រង់​«​បល្ល័ង្ក​»​

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ន័យ​ត្រង់​«​ផ្នូរ​»​ឬ​«​ហ្ស៊ីអូល​»​សំដៅ​លើ​ផ្នូរ​ទូទៅរបស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​

ន័យ​ត្រង់​«​បញ្ចុះ​ជា​មួយ​នឹង​បុព្វបុរស​»​

សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ហ៊្សេរុយសាឡិម

ន័យ​ត្រង់​«​បល្ល័ង្ក​»​

ន័យ​ត្រង់​«​គ័រ​»។ មួយ​គ័រ​ស្មើ​នឹង​២២០​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ១៤

តួ​លេខ​នេះ​មាន​នៅ​ក្នុង​ឯកសារ​បុរាណ​ខ្លះ ហើយ​ក៏​មាន​ក្នុង​កំណត់​ហេតុ​គម្ពីរ​ដែល​ស្រប​គ្នា​ផង​ដែរ។ ប៉ុន្តែ ឯកសារ​បុរាណ​ខ្លះ​ទៀត​ប្រាប់​ថា​៤០.០០០

ឬ​«​ទាហាន​សេះ​»​

ស្រូវ​ម្យ៉ាង​ដែល​ថោក​ជាង​ស្រូវ​សាលី

ន័យ​ត្រង់​«​ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ​»​

ដើម​ឈើ​ប្រណីត​ម្យ៉ាង

ដើម​ឈើ​ប្រណីត​ម្យ៉ាង

ដើម​ឈើ​ប្រណីត​ម្យ៉ាង

ន័យ​ត្រង់​«​គ័រ​»។ មួយ​គ័រ​ស្មើ​នឹង​២២០​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ន័យ​ត្រង់​«​គ័រ​»។ មួយ​គ័រ​ស្មើ​នឹង​២២០​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​៨

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥

មួយ​ហត្ថ​ស្មើ​នឹង​៤៤,៥​សង់ទីម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

បង្អួច​ទាំង​នោះ​មាន​រាង​បួន​ជ្រុង ហើយ​ជ្រុង​នីមួយ​ៗ​មាន​ជម្រាល​រួម​តូច

ន័យ​ត្រង់​«​វិហារ​»​

ន័យ​ត្រង់​«​បន្ទប់​ខាង​ក្នុង​បំផុត​»​

ឬ​«​ខាង​ត្បូង​»​

ដើម​ឈើ​ប្រណីត​ម្យ៉ាង

ដើម​ឈើ​ប្រណីត​ម្យ៉ាង

ប្រហែល​ជា​សំដៅ​លើ​ទំហំ​ទ្វារ ឬ​របៀប​ធ្វើ​ស៊ុម​ទ្វារ

ឬ​ប្រហែល​ជា​«​១​ភាគ​៥​»​

ប្រហែល​ជា​សំដៅ​លើ​ទំហំ​ទ្វារ ឬ​របៀប​ធ្វើ​ស៊ុម​ទ្វារ

ឬ​ប្រហែល​ជា​«​១​ភាគ​៤​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥

ដើម​ឈើ​ប្រណីត​ម្យ៉ាង

ប្រហែល​ជា​សំដៅ​លើ​ធ្នឹម

ឬ​«​បង្អួច​ដែល​មាន​ស៊ុម​»​

ឬ​«​បួន​ជ្រុង​រាង​ចតុកោណកែង​»​

ឬ​«​សាល​»​

ឬ​«​ទិស​ខាង​ត្បូង​»​

មាន​ន័យ​ថា​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​តាំង​ឡើង​យ៉ាង​មាំ​»​

ឬ​«​ទិស​ខាង​ជើង​»​

ប្រហែល​ជា​មាន​ន័យ​ថា​«​ដោយ​កម្លាំង​ខ្លាំង​ក្លា​»​

ប្រហែល​ជា៧,៤​សង់ទីម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

មួយ​បាត​ស្មើ​នឹង​២២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឬ​«​រទេះ​ដាក់​ទឹក​»​

ឬ​«​បួន​ហត្ថ​ជា​ប្រវែង​អង្កត់​ផ្ចិត​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥

ន័យ​ត្រង់​«​លោក​ធ្វើ​តាម​សេចក្ដី​សន្យា​នោះ​ដោយ​ដៃ​លោក​ផ្ទាល់​»​

ន័យ​ត្រង់​«​លោក​ធ្វើ​តាម​សេចក្ដី​សន្យា​នោះ​ដោយ​ដៃ​លោក​ផ្ទាល់​»​

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ឡ​រំលាយ​ដែក​គឺ​តំណាង​ការ​ជិះ​ជាន់​សង្កត់​សង្កិន​យ៉ាង​ខ្លាំង

ន័យ​ត្រង់​«​ថ្ងៃ​ទី​៨​»​នេះ​សំដៅ​លើ​ថ្ងៃ​បន្ទាប់​នៃ​អាទិត្យ​ទី​២

ដើម​ឈើ​ប្រណីត​ម្យ៉ាង

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ទឹក​ដី​ដែល​គ្មាន​ប្រយោជន៍​»​

មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឬ​«​ទួល​»។ ពាក្យ​ភាសា​ហេប្រឺ​«​មិឡូ​»​មាន​ន័យ​ថា​«​លើក​ដី​»​

ឬ​«​ទួល​»។ ពាក្យ​ភាសា​ហេប្រឺ​«​មិឡូ​»​មាន​ន័យ​ថា​«​លើក​ដី​»​

មួយថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឬ​«​ប្រេង​បាលសាម​»​

ដើម​ឈើ​ប្រណីត​ម្យ៉ាង

មួយហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ធម្មតា​ពល​ធ្នូ​កាន់​ខែល​តូច

ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ មួយ​មិណា​ស្មើ​នឹង​៥៧០​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឬ​«​ទាហាន​សេះ​»​

ឬ​«​ទាហាន​សេះ​»​

ដើម​ឈើ​ប្រណីត​ម្យ៉ាង

ឬ​«​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​»​

ឬ​«​ទួល​»។ ពាក្យ​ភាសា​ហេប្រឺ​«​មិឡូ​»​មាន​ន័យ​ថា​«​លើក​ដី​»​

ឬ​«​ឪពុក​របស់​លោក​បាន​គាប​សង្កត់​យើង​យ៉ាង​ខ្លាំង​»​

ន័យ​ត្រង់​«​សុខ​ចិត្ត​បម្រើ​»​

ន័យ​ត្រង់​«​នំ​ប៉័ង​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

ក៏​ហៅ​ថា​អាប៊ីយ៉ា​ដែរ

តាម​មើល​ទៅ​ជា​ឈ្មោះ​មួយ​ទៀត​របស់​អាប់សាឡំ

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

ឬ​«​ពង្រឹង​ឲ្យ​មាំ ឬ​សង់​ឡើង​វិញ​»​

ឬ​«​ពង្រឹង​ឲ្យ​មាំ ឬ​សង់​ឡើង​វិញ​»​

ឬ​«​ពង្រឹង​ឲ្យ​មាំ ឬ​សង់​ឡើង​វិញ​»​

ឬ​«​ពង្រឹង​ឲ្យ​មាំ ឬ​សង់​ឡើង​វិញ​»​

គាត់​ជា​កូន​របស់​យេរ៉ូបោម

មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

មាន​ន័យ​ថា​«​កម្មសិទ្ធិ​របស់​ក្រុម​គ្រួសារ​សិមមើ​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

មាន​ន័យ​ថា​«​ព្រះ​របស់​ខ្ញុំ​គឺ​យេហូវ៉ា​»​

ន័យត្រង់​«​របស់បង្គោល​ឈើពិសិដ្ឋ​»។ មើលនិយម​ន័យពាក្យ​«​បង្គោល​ឈើពិសិដ្ឋ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​លោក​បាន​ធ្វើ​ដំណើរ​ទៅ​បាត់​ហើយ​»​

ន័យ​ត្រង់​«​សៀ​»។ មួយ​សៀ​ស្មើ​នឹង​៧,៣៣​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ដើម​រ៉ូថែម​ដែល​ដុះ​នៅ​តំបន់​ស្ងាត់​ជ្រងំ

ឬ​«​អាវ​សម្រាប់​អ្នក​ប្រកាស​ទំនាយ​»​

មាន​ន័យ​ថា​«​ព្រះ​ជា​សេចក្ដី​សង្គ្រោះ​»​

ឬ​«​អាវ​សម្រាប់​អ្នក​ប្រកាស​ទំនាយ​»​

នេះ​ស្រប​តាម​ប្រតិទិន​របស់​ជន​ជាតិ​ហេប្រឺ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥

ឬ​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​»​

ឬ​«​ប្រើ​ផ្លូវ​»​

​«​កូន​ចៅ​របស់ពួក​អ្នក​ប្រកាស​ទំនាយ​»​ តាម​មើល​ទៅ​នេះ​សំដៅ​លើ​សាលា​មួយ​ដែល​បង្រៀន​ពួក​អ្នក​ប្រកាស​ទំនាយ ឬ​សំដៅ​លើ​ក្រុម​របស់​អ្នក​ប្រកាស​ទំនាយ

មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ន័យ​ត្រង់​«​បញ្ចុះ​ជា​មួយ​នឹង​បុព្វ​បុរស​»​

មើល​និយម​ន័យ​ពាក្យ​«​សំពៅ​តើស៊ីស​»​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក