បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt ប្រវត្តិហេតុទី២ ១:១-៣៦:២៣
  • ប្រវត្តិហេតុទី២

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្រវត្តិហេតុទី២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ប្រវត្តិហេតុទី២

ប្រវត្តិ​ហេតុ​ទី​២

១ សាឡូម៉ូន​ជា​កូន​ដាវីឌ​មាន​អំណាច​គ្រប់​គ្រង​កាន់​តែ​រឹង​មាំ​ឡើង​ៗ។ ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​គាត់ ហើយ​លោក​បាន​ធ្វើ​ឲ្យ​គាត់​រុង​រឿង​ថ្កុំ​ថ្កើង។+

២ សាឡូម៉ូន​បាន​កោះ​ហៅ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ គឺ​ពួក​មេ​លើ​១.០០០​នាក់ ពួក​មេ​លើ​១០០​នាក់ ពួក​អ្នក​សម្រេច​ក្ដី និង​ពួក​មេ​កុលសម្ព័ន្ធ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។ ពួក​គេ​ទាំង​អស់​សុទ្ធតែ​ជា​ពួក​ប្រមុខ​លើ​វង្ស​ត្រកូល​នា​នា។ ៣ បន្ទាប់​មក សាឡូម៉ូន​និង​ពួក​អ្នក​ទាំង​នោះ បាន​ទៅ​ទី​ខ្ពស់​ពិសិដ្ឋ​នៅ​ឯ​ក្រុង​គីបៀន+ ព្រោះ​ទី​នោះ​មាន​ត្រសាល​ជំនុំ​របស់​ព្រះ​ពិត ជា​ត្រសាល​ដែល​ម៉ូសេ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​កាល​ដែល​នៅ​តំបន់​ស្ងាត់​ជ្រងំ។ ៤ រីឯ​ហឹប​របស់​ព្រះ​ពិត ដាវីឌ​បាន​នាំ​យក​ពី​ក្រុង​គារីអាតយារីម+ ទៅ​ដាក់​ក្នុង​ត្រសាល​ដែល​គាត់​បាន​រៀបចំ​ទុក​នៅ​ក្នុង​ក្រុង​យេរូសាឡិម* តាំង​ពី​សម័យ​គាត់​មក​ម្ល៉េះ។+ ៥ ឯ​ទី​បូជា​ធ្វើ​ពី​ស្ពាន់+ដែល​បេសាលែល+ជា​កូន​យូរ៉ាយ​ត្រូវ​ជា​ចៅ​របស់​ហឺរ​បាន​ធ្វើ​នោះ គេ​បាន​ដាក់​នៅ​មុខ​ត្រសាល​របស់​ព្រះ​យេហូវ៉ា។ សាឡូម៉ូន​និង​បណ្ដា​ជន​តែង​តែ​អធិដ្ឋាន​នៅ​មុខ​ទី​បូជា​នោះ។* ៦ សាឡូម៉ូន​បាន​ជូន​សត្វ​១.០០០​ក្បាល​ជា​គ្រឿង​បូជា​ដុត​ជូន​ព្រះ​យេហូវ៉ា នៅ​លើ​ទី​បូជា​ធ្វើ​ពី​ស្ពាន់+ ខាង​មុខ​ត្រសាល​ជំនុំ។

៧ នៅ​យប់​នោះ ព្រះ​បាន​លេច​មក​ជួប​សាឡូម៉ូន ហើយ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​សុំ​អ្វី​ដែល​អ្នក​ចង់​បាន​ពី​ខ្ញុំ​ចុះ​»។+ ៨ ខណៈ​នោះ សាឡូម៉ូន​បាន​ឆ្លើយ​ថា​៖ ​«​លោក​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​ដាវីឌ​ជា​ឪពុក​ខ្ញុំ+ ហើយ​លោក​បាន​ឲ្យ​ខ្ញុំ​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។+ ៩ ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​ឲ្យ​ពាក្យ​ដែល​លោក​បាន​សន្យា​ជា​មួយ​នឹង​ដាវីឌ​ឪពុក​ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​ការ​ពិត​ផង+ ព្រោះ​លោក​បាន​លើក​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​បណ្ដា​ជន​ដែល​មាន​ចំនួន​ច្រើន​ឥត​គណនា​ដូច​លម្អង​ធូលី។+ ១០ សូម​ឲ្យ​ខ្ញុំ​មាន​ចំណេះ​និង​ប្រាជ្ញា+ ដើម្បី​ខ្ញុំ​អាច​ដឹក​នាំ​បណ្ដា​ជន​ទាំង​នេះ​បាន។ បើ​មិន​ដូច្នោះ​ទេ តើ​ខ្ញុំ​នឹង​វិនិច្ឆ័យ​រាស្ត្រ​របស់​លោក​ដែល​មាន​ចំនួន​ដ៏​ច្រើន​យ៉ាង​នេះ​ដូច​ម្ដេច​បាន?​»។+

១១ រួច​មក ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​សាឡូម៉ូន​ថា​៖ ​«​ដោយ​សារ​នេះ​ជា​បំណង​ចិត្ត​របស់​អ្នក ហើយ​អ្នក​មិន​បាន​សុំ​ឲ្យ​មាន​អាយុ​វែង ឬ​សុំ​ឲ្យ​មាន​ទ្រព្យ​សម្បត្តិ​និង​កិត្តិយស ឬ​ក៏​សុំ​ឲ្យ​ពួក​សត្រូវ​អ្នក​ស្លាប់​ទេ តែ​អ្នក​បាន​សុំ​ឲ្យ​មាន​ចំណេះ​និង​ប្រាជ្ញា​វិញ ដើម្បី​វិនិច្ឆ័យ​រាស្ត្រ​របស់​ខ្ញុំ​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​អ្នក+ ១២ នោះ​ខ្ញុំ​នឹង​ឲ្យ​ចំណេះ​និង​ប្រាជ្ញា​ដល់​អ្នក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ខ្ញុំ​ក៏​នឹង​ឲ្យ​អ្នក​មាន​កិត្តិយស​និង​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​លើស​លប់​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​នៅ​មុន​អ្នក​និង​ក្រោយ​អ្នក​មិន​ដែល​មាន​ស្ដេច​ណា​ដូច​អ្នក​ឡើយ​»។+

១៣ ដូច្នេះ សាឡូម៉ូន​បាន​ចេញ​ពី​ខាង​មុខ​ត្រសាល​ជំនុំ​នៅ​ទី​ខ្ពស់​ពិសិដ្ឋ​នៅ​ឯ​ក្រុង​គីបៀន+ ហើយ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ។ គាត់​បាន​គ្រប់​គ្រង​លើ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល។ ១៤ សាឡូម៉ូន​បាន​ប្រមូល​រទេះ​ចម្បាំង​និង​សេះ*ជា​ច្រើន។ គាត់​មាន​រទេះ​ចម្បាំង​ចំនួន​១.៤០០​គ្រឿង និង​សេះ*ចំនួន​១២.០០០​ក្បាល។+ ស្ដេច​ទុក​មួយ​ចំនួន​នៅ​ក្រុង​យេរូសាឡិម+ និង​មួយ​ចំនួន​ទៀត​គាត់​បាន​ទុក​នៅ​ក្រុង​នា​នា​ដែល​សម្រាប់​ដាក់​រទេះ​ចម្បាំង។+ ១៥ នៅ​សម័យ​ស្ដេច​សាឡូម៉ូន ក្រុង​យេរូសាឡិម​មាន​មាស​ប្រាក់​សម្បូរ​ហូរហៀរ​ដូច​ជា​ដុំ​ថ្ម+ ហើយ​មាន​ឈើ​ស៊ីដារ*ច្រើន​សន្ធឹក​ដូច​ជា​ដើម​ល្វា​ព្រៃ​នៅ​តំបន់​សេភីឡា។+ ១៦ សេះ​របស់​ស្ដេច​សាឡូម៉ូន​បាន​ត្រូវ​នាំ​ចូល​មក​ពី​ស្រុក​អេហ្ស៊ីប+ ហើយ​ពួក​ឈ្មួញ​របស់​គាត់​បាន​ទិញ​សេះ​ទាំង​ហ្វូង​ៗ​ តាម​តម្លៃ​កំណត់។+ ១៧ រទេះ​ចម្បាំង​នីមួយ​ៗ​ដែល​នាំ​ចូល​មក​ពី​ស្រុក​អេហ្ស៊ីប​មាន​តម្លៃ​៦០០​កាក់​ធ្វើ​ពី​ប្រាក់ ហើយ​សេះ​មួយ​ក្បាល​មាន​តម្លៃ​១៥០​កាក់​ធ្វើ​ពី​ប្រាក់។ រួច​ពួក​ឈ្មួញ​ក៏​បាន​យក​សេះ​និង​រទេះ​ចម្បាំង​ទៅ​លក់​បន្ត​ឲ្យ​អ្នក​គ្រប់​គ្រង​ទាំង​ប៉ុន្មាន​នៃ​ជន​ជាតិ​ហេត និង​អ្នក​គ្រប់​គ្រង​ទាំង​ឡាយ​នៃ​ស្រុក​ស៊ីរី។

២ ក្រោយ​មក សាឡូម៉ូន​បាន​ចេញ​បញ្ជា​ឲ្យ​គេ​សាង​សង់​វិហារ​សម្រាប់​នាម​ព្រះ​យេហូវ៉ា+ និង​វិមាន​របស់​គាត់។+ ២ សាឡូម៉ូន​មាន​កម្មករ​ចំនួន​៧០.០០០​នាក់ អ្នក​ដាប់​ថ្ម​នៅ​ភ្នំ​ចំនួន​៨០.០០០​នាក់+ និង​ពួក​អ្នក​ត្រួត​ពិនិត្យ​ចំនួន​៣.៦០០​នាក់​មើល​ការ​ខុស​ត្រូវ​លើ​ពួក​គេ។+ ៣ សាឡូម៉ូន​ក៏​បាន​ផ្ញើ​សារ​ទៅ​ហ៊ីរ៉ាម+ស្ដេច​ក្រុង​ទីរ៉ុស​ថា​៖ ​«​សូម​អ្នក​ផ្ញើ​ឈើ​ស៊ីដារ​ឲ្យ​ខ្ញុំ ដូច​ដែល​អ្នក​បាន​ផ្ញើ​ឲ្យ​ដាវីឌ​ឪពុក​ខ្ញុំ កាល​ដែល​គាត់​សង់​វិមាន​របស់​គាត់។+ ៤ ខ្ញុំ​មាន​គម្រោង​សង់​វិហារ​មួយ​សម្រាប់​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ​ទុក​ប្រគល់​ជូន​លោក ដើម្បី​ដុត​គ្រឿង​ក្រអូប+ និង​ដាក់​នំ​ប៉័ង​តាំង​ទុក+ ហើយ​ដើម្បី​ជូន​គ្រឿង​បូជា​ដុត​ជា​រៀង​រាល់​ព្រឹក​រៀង​រាល់​ល្ងាច+នៅ​ថ្ងៃ​ឈប់​សម្រាក+ នៅ​ថ្ងៃ​បុណ្យ​ចូល​ខែ​ថ្មី+ និង​ថ្ងៃ​បុណ្យ​ផ្សេង​ៗ​+តាម​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់។ នេះ​ជា​បង្គាប់​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​ធ្វើ​ជា​រៀង​រហូត​ត​ទៅ។ ៥ វិហារ​ដែល​ខ្ញុំ​មាន​គម្រោង​សង់​នេះ នឹង​ទៅ​ជា​វិហារ​រុង​រឿង​អស្ចារ្យ ព្រោះ​ព្រះ​របស់​យើង​ខ្ពង់​ខ្ពស់​ជាង​ព្រះ​ណា​ទាំង​អស់។ ៦ តើ​អ្នក​ណា​មាន​សមត្ថភាព​សាង​សង់​វិហារ​ជូន​លោក​បាន? មេឃ​និង​លំហ​អាកាស​ដ៏​ធំ​ធេង​មិន​ធំ​ល្មម​សម្រាប់​ជា​លំនៅ​របស់​លោក​បាន​ផង។+ ចុះ​ខ្ញុំ​ជា​អ្នក​ណា? ខ្ញុំ​គ្មាន​សមត្ថភាព​សង់​វិហារ​ជូន​លោក​ទេ មាន​តែ​សង់​ទុក​ជា​កន្លែង​សម្រាប់​ដុត​គ្រឿង​បូជា*ជូន​លោក​ប៉ុណ្ណោះ។ ៧ សូម​អ្នក​បញ្ជូន​ជាង​ជំនាញ​ម្នាក់​មក​ឯ​ខ្ញុំ ជា​អ្នក​ដែល​មាន​ថ្វី​ដៃ​ធ្វើ​គ្រឿង​មាស គ្រឿង​ប្រាក់ គ្រឿង​ស្ពាន់+ និង​គ្រឿង​ដែក ព្រម​ទាំង​ចេះ​ជ្រលក់​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ខៀវ ហើយ​ចេះ​ឆ្លាក់​ក្បាច់​គ្រប់​ប្រភេទ។ គាត់​នឹង​ធ្វើ​ការ​នៅ​ស្រុក​យូដា និង​ក្រុង​យេរូសាឡិម ជា​មួយ​នឹង​ជាង​ជំនាញ​ៗ ដែល​ដាវីឌ​ឪពុក​ខ្ញុំ​បាន​ត្រៀម​ទុក។+ ៨ សូម​អ្នក​ផ្ញើ​ឈើ​ស៊ីដារ ឈើ​យូនីពើ+ និង​ឈើ​អាល់កឹម*+ ពី​ភ្នំ​លីបង់​មក​ឲ្យ​ខ្ញុំ ព្រោះ​ខ្ញុំ​ដឹង​ថា​ពួក​អ្នក​បម្រើ​របស់​អ្នក​ពូកែ​ខាង​កាប់​ឈើ​នៅ​ភ្នំ​លីបង់។+ ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​នឹង​ធ្វើ​ការ​ជា​មួយ​ពួក​អ្នក​បម្រើ​របស់​អ្នក+ ៩ ដើម្បី​ត្រៀម​ឈើ​យ៉ាង​ច្រើន​ទុក​សម្រាប់​សង់​វិហារ ព្រោះ​វិហារ​ដែល​ខ្ញុំ​មាន​គម្រោង​សង់​នោះ នឹង​ទៅ​ជា​វិហារ​រុង​រឿង​អស្ចារ្យ។ ១០ ចំណែក​ខ្ញុំ​វិញ ខ្ញុំ​នឹង​ផ្គត់​ផ្គង់​ពួក​អ្នក​បម្រើ​របស់​អ្នក+ដែល​ជា​អ្នក​កាប់​ឈើ ដោយ​ឲ្យ​ស្រូវ​សាលី​ចំនួន​២០.០០០​រង្វាល់* ស្រូវ​បាលី*ចំនួន​២០.០០០​រង្វាល់* ស្រា​ចំនួន​២០.០០០​រង្វាល់* និង​ប្រេង​អូលីវ​ចំនួន​២០.០០០​រង្វាល់​»។

១១ ក្រោយ​មក ហ៊ីរ៉ាម​ជា​ស្ដេច​ក្រុង​ទីរ៉ុស​បាន​ផ្ញើ​សារ​មក​សាឡូម៉ូន​វិញ​ថា​៖ ​«​ដោយ​សារ​ព្រះ​យេហូវ៉ា​ស្រឡាញ់​រាស្ត្រ​របស់​លោក នោះ​លោក​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ពួក​គេ​»។ ១២ ហ៊ីរ៉ាម​ក៏​បន្ថែម​ទៀត​ថា​៖ ​«​ព្រះ​យេហូវ៉ាជាព្រះ​ដែល​បាន​បង្កើត​មេឃ​និង​ផែនដី និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល សូម​ឲ្យ​លោក​ទទួល​ការ​សរសើរ​តម្កើង ព្រោះ​លោក​បាន​ឲ្យ​ដាវីឌ​នូវ​កូន​ប្រុស​ម្នាក់​ដែល​មាន​ប្រាជ្ញា+ មាន​ការ​យល់​ដឹង​និង​ចេះ​ពិចារណា។+ គាត់​នឹង​សង់​វិហារ​មួយ​ជូន​ព្រះ​យេហូវ៉ា ថែម​ទាំង​សង់​វិមាន​សម្រាប់​ខ្លួន​គាត់​ដែរ។ ១៣ ខ្ញុំ​នឹង​ចាត់​ហ៊ីរ៉ាមអេបាយ​ឲ្យ​ទៅ​ឯ​អ្នក គាត់​ជា​ជាង​ជំនាញ​និង​ប៉ិន​ប្រសប់។+ ១៤ គាត់​ជា​កូន​របស់​ស្ត្រី​ម្នាក់ មក​ពី​កុលសម្ព័ន្ធ​ដាន់ ហើយ​ឪពុក​គាត់​ជា​អ្នក​ក្រុង​ទីរ៉ុស។ ហ៊ីរ៉ាមអេបាយ​មាន​ថ្វី​ដៃ​ខាង​ការ​ធ្វើ​គ្រឿង​មាស គ្រឿង​ប្រាក់ គ្រឿង​ស្ពាន់ គ្រឿង​ដែក ថ្ម​និង​ឈើ ព្រម​ទាំង​ចេះ​ជ្រលក់​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ខៀវ និង​ធ្វើ​ក្រណាត់​សាច់​ល្អ។+ គាត់​ចេះ​ឆ្លាក់​ក្បាច់​គ្រប់​ប្រភេទ និង​ចេះ​កែ​ច្នៃ​តាម​គម្រោង​ណា​ដែល​គេ​ឲ្យ។+ គាត់​នឹង​ធ្វើ​ការ​ជា​មួយ​នឹង​ជាង​ជំនាញ​ៗ​របស់​អ្នក និង​ពួក​ជាង​ជំនាញ​ដែល​លោក​ម្ចាស់​ដាវីឌ​ជា​ឪពុក​អ្នក​បាន​ត្រៀម​ទុក។ ១៥ ដូច្នេះ សូម​អ្នក​ផ្ញើ​ស្រូវ​បាលី ស្រូវ​សាលី ប្រេង​អូលីវ និង​ស្រា ដូច​ដែល​អ្នក​បាន​សន្យា​ចុះ។+ ១៦ រីឯ​ពួក​អ្នក​បម្រើ​ខ្ញុំ​វិញ ពួក​គេ​នឹង​កាប់​ឈើ​ពី​ភ្នំ​លីបង់+ តាម​សេចក្ដី​ត្រូវ​ការ​របស់​អ្នក។ ពួក​គេ​នឹង​ចង​ឈើ​ទាំង​នោះ​ជា​ក្បូន​បណ្ដែត​តាម​សមុទ្រ​រហូត​ដល់​យ៉ុបប៉ា។+ រួច​ពួក​អ្នក​បម្រើ​របស់​អ្នក​អាច​ដឹក​ជញ្ជូន​យក​ទៅ​ក្រុង​យេរូសាឡិម​បាន​»។+

១៧ សាឡូម៉ូន​បាន​រាប់​ចំនួន​ជន​បរទេស​ទាំង​អស់​ដែល​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល+ ដូច​ដាវីឌ​ជា​ឪពុក​គាត់​បាន​ធ្វើ​ដែរ។+ គាត់​ឃើញ​មាន​ចំនួន​១៥៣.៦០០​នាក់។ ១៨ ដូច្នេះ សាឡូម៉ូន​បាន​បែង​ចែក​ពួក​គេ​ឲ្យ​ធ្វើ​ការងារ​ផ្សេង​ៗ គឺ​មាន​កម្មករ​ចំនួន​៧០.០០០​នាក់ ពួក​អ្នក​ដាប់​ថ្ម+នៅ​ភ្នំ​ចំនួន​៨០.០០០​នាក់ ហើយ​គាត់​តែង​តាំង​ពួក​អ្នក​ត្រួត​ពិនិត្យ​ចំនួន​៣.៦០០​នាក់​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ពួក​គេ។+

៣ បន្ទាប់​មក សាឡូម៉ូន​ចាប់​ផ្ដើម​សាង​សង់​វិហារ​ជូន​ព្រះ​យេហូវ៉ា+នៅ​ក្រុង​យេរូសាឡិម​លើ​ភ្នំ​ម៉ូរីយ៉ា+ ជា​កន្លែង​ដែល​ព្រះ​យេហូវ៉ា​បាន​លេច​មក​ជួប​ដាវីឌ​ជា​ឪពុក​គាត់+ គឺ​កន្លែង​ដែល​ដាវីឌ​បាន​រៀបចំ​ទុក​នៅ​ទី​លាន​បញ្ជាន់​ស្រូវ​របស់​អូណាន+ជា​ជន​ជាតិ​យេប៊ូស។ ២ គាត់​បាន​ចាប់​ផ្ដើម​សង់​វិហារ​នៅ​ថ្ងៃ​ទី​២ ខែ​ទី​២ ក្នុង​ឆ្នាំ​ទី​៤​នៃ​រាជ្យ​របស់​គាត់។ ៣ គាត់​បាន​សង់​វិហារ​របស់​ព្រះ​ពិត​នៅ​លើ​គ្រឹះ​ដែល​មាន​បណ្ដោយ​៦០​ហត្ថ ទទឹង​២០​ហត្ថ+ តាម​ខ្នាត​ប្រវែង​ចាស់។* ៤ សាល​ដែល​នៅ​ជាប់​ខាង​មុខ​វិហារ​មាន​បណ្ដោយ​២០​ហត្ថ ស្មើ​ប្រវែង​ទទឹង​វិហារ ហើយ​មាន​កម្ពស់​២០​ហត្ថ។* នៅ​ផ្នែក​ខាង​ក្នុង​សាល គាត់​បាន​ស្រោប​ដោយ​មាស​សុទ្ធ។+ ៥ គាត់​ស្រោប​វិហារ​ដោយ​ក្ដារ​យូនីពើ ហើយ​ពី​លើ​ក្ដារ​នោះ​គាត់​ស្រោប​ដោយ​មាស​សុទ្ធ។+ បន្ទាប់​មក គាត់​ឆ្លាក់​ក្បាច់​ដើម​លម៉ើ+និង​លម្អ​ដោយ​ខ្សែ​ច្រវាក់​មាស។+ ៦ បន្ថែម​ទៀត គាត់​បាន​ដាំ​ត្បូង​មាន​តម្លៃ+នៅ​ក្នុង​វិហារ។ ឯ​មាស+ដែល​គាត់​បាន​ប្រើ​នោះ គេ​បាន​យក​មក​ពី​ស្រុក​ផាវែម។ ៧ គាត់​បាន​ស្រោប​វិហារ​ដោយ​មាស រួម​ទាំង​ធ្នឹម ជញ្ជាំង ទ្វារ និង​ក្ដារ​កំណល់​ទ្វារ។+ គាត់​ក៏​បាន​ឆ្លាក់​រូប​ចេរូប៊ីន​នៅ​លើ​ជញ្ជាំង​ទាំង​នោះ​ដែរ។+

៨ គាត់​បាន​ធ្វើ​បន្ទប់​បរិសុទ្ធ​បំផុត+ ដែល​មាន​បណ្ដោយ​ស្មើ​នឹង​ទទឹង​វិហារ​គឺ​២០​ហត្ថ ហើយ​ក៏​មាន​ទទឹង​២០​ហត្ថ​ដែរ។ គាត់​ស្រោប​បន្ទប់​នោះ​ដោយ​មាស​សុទ្ធ​៦០០​ថាលិន។*+ ៩ ឯ​ទម្ងន់​មាស​ដែល​ប្រើ​សម្រាប់​ធ្វើ​ដែក​គោល គឺ​៥០​ហ្សេគិល។* ចំណែក​បន្ទប់​ខាង​លើ​វិញ ក៏​បាន​ត្រូវ​ស្រោប​ដោយ​មាស​ដែរ។

១០ បន្ទាប់​មក គាត់​បាន​ធ្វើ​រូប​ចេរូប៊ីន​ពីរ សម្រាប់​ដាក់​នៅ​ក្នុង​បន្ទប់​បរិសុទ្ធ​បំផុត ហើយ​គាត់​ស្រោប​ចេរូប៊ីន​ទាំង​នោះ​ដោយ​មាស។+ ១១ ប្រវែង​ស្លាប​របស់​ចេរូប៊ីន​ទាំង​ពីរ+ គឺ​២០​ហត្ថ។ ស្លាប​ម្ខាង​របស់​ចេរូប៊ីន​ទី​១​មាន​ប្រវែង​ប្រាំ​ហត្ថ ហើយ​ចុង​ស្លាប​ម្ខាង​របស់​ចេរូប៊ីន​នោះ​ទល់​នឹង​ជញ្ជាំង។ ឯ​ស្លាប​ម្ខាង​ទៀត​ក៏​មាន​ប្រវែង​ប្រាំ​ហត្ថ​ដែរ ហើយ​ចុង​ស្លាប​ចេរូប៊ីន​នោះ​ទល់​នឹង​ចុង​ស្លាប​ម្ខាង​ទៀត​របស់​ចេរូប៊ីន​ទី​២។ ១២ ស្លាប​ម្ខាង​របស់​ចេរូប៊ីន​ទី​២​មាន​ប្រវែង​ប្រាំ​ហត្ថ ហើយ​ចុង​ស្លាប​ម្ខាង​របស់​ចេរូប៊ីន​នោះ​ទល់​នឹង​ជញ្ជាំង។ ឯ​ស្លាប​ម្ខាង​ទៀត​ក៏​មាន​ប្រវែង​ប្រាំ​ហត្ថ​ដែរ ហើយ​ចុង​ស្លាប​ចេរូប៊ីន​នោះ​ទល់​នឹង​ចុង​ស្លាប​ម្ខាង​ទៀត​របស់​ចេរូប៊ីន​ទី​១។ ១៣ រូប​ចេរូប៊ីន​ទាំង​ពីរ​ឈរ​ត្រដាង​ស្លាប ដែល​មាន​ប្រវែង​សរុប​២០​ហត្ថ ហើយ​មុខ​ចេរូប៊ីន​ទាំង​នោះ​បែរ​ទៅ​បន្ទប់​បរិសុទ្ធ។

១៤ គាត់​ក៏​ធ្វើ​វាំងនន+ពី​ក្រណាត់​ពណ៌​ខៀវ ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពី​ក្រណាត់​សាច់​ល្អ ហើយ​ប៉ាក់​រូប​ចេរូប៊ីន​នៅ​លើ​វាំងនន​នោះ។+

១៥ បន្ទាប់​មក គាត់​ក៏​ធ្វើ​សសរ​ស្ពាន់​ពីរ+សម្រាប់​ដាក់​បញ្ឈរ​នៅ​មុខ​វិហារ។ សសរ​នីមួយ​ៗ​មាន​ប្រវែង​៣៥​ហត្ថ ហើយ​ក្បាល​សសរ​នីមួយ​ៗ​មាន​ប្រវែង​ប្រាំ​ហត្ថ។+ ១៦ គាត់​បាន​ធ្វើ​កម្រង​ច្រវាក់​ដាក់​លើ​ក្បាល​សសរ ហើយ​ធ្វើ​ផ្លែ​ទទឹម​១០០ ដាក់​លើ​កម្រង​ច្រវាក់​នោះ។ ១៧ គាត់​បាន​ដាក់​បញ្ឈរ​សសរ​ទាំង​ពីរ​នៅ​មុខ​វិហារ។ មួយ​នៅ​ខាង​ស្ដាំ​ដៃ* គាត់​ឲ្យ​ឈ្មោះ​ថា​យ៉ាគីន* មួយ​នៅ​ខាង​ឆ្វេង​ដៃ* គាត់​ឲ្យ​ឈ្មោះ​ថា​បូអូស។*

៤ បន្ទាប់​មក គាត់​បាន​ធ្វើ​ទី​បូជា​ពី​ស្ពាន់+ ដែល​មាន​បណ្ដោយ​២០​ហត្ថ ទទឹង​២០​ហត្ថ និង​កម្ពស់​១០​ហត្ថ។

២ គាត់​បាន​ធ្វើ​អាង​ធំ+មួយ​ពី​ស្ពាន់។ អាង​នោះ​មាន​រាង​មូល មាត់​វា​ពី​ម្ខាង​ទៅ​ម្ខាង​មាន​ប្រវែង​១០​ហត្ថ និង​កម្ពស់​៥​ហត្ថ ហើយ​បើ​យក​ខ្សែ​មក​វាស់​ជុំវិញ​អាង ឃើញ​មាន​ប្រវែង​៣០​ហត្ថ។+ ៣ នៅ​ក្រោម​គែម​មាត់​អាង មាន​ក្បាច់​ផ្លែ​ឃ្លោក+ជុំវិញ ក្នុង​មួយ​ហត្ថ​មាន​ផ្លែ​ឃ្លោក​១០ ហើយ​មាន​ពីរ​ជួរ។ ក្បាច់​ទាំង​នោះ​បាន​ត្រូវ​ចាក់​ពុម្ព​ក្នុង​កាល​ដែល​គេ​ធ្វើ​អាង​នោះ​តែ​ម្ដង។ ៤ អាង​នោះ​បាន​ត្រូវ​ដាក់​នៅ​លើ​រូប​គោ​១២+ គោ​៣​បែរ​មុខ​ទៅ​ទិស​ខាង​ជើង គោ​៣​បែរ​មុខ​ទៅ​ទិស​ខាង​លិច គោ​៣​បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង និង​គោ​៣​បែរ​មុខ​ទៅ​ទិស​ខាង​កើត ហើយ​គោ​ទាំង​អស់​បែរ​គូទ​ចូល​គ្នា។ ៥ អាង​នោះ​មាន​កម្រាស់​មួយ​ទះ* ហើយ​មាត់​វា​មាន​រាង​ដូច​មាត់​ពែង និង​ដូច​ផ្កា​លីលី​រីក។ អាង​នោះ​មាន​ចំណុះ​៣.០០០​បាត។*

៦ បន្ថែម​ទៀត គាត់​បាន​ធ្វើ​ចាន​ក្លាំ​១០ ហើយ​យក​៥​ដាក់​នៅ​ចំហៀង​ខាង​ស្ដាំ​វិហារ ៥​ទៀត​ដាក់​នៅ​ចំហៀង​ខាង​ឆ្វេង។+ គេ​ប្រើ​ទឹក​ក្នុង​ចាន​ក្លាំ​នោះ​ដើម្បី​លាង​សម្អាត​អ្វី​ៗ​ដែល​ទាក់​ទង​នឹង​គ្រឿង​បូជា​ដុត។+ ឯ​ទឹក​ក្នុង​អាង​ធំ​វិញ គឺ​សម្រាប់​ពួក​សង្ឃ​លាង​សម្អាត​ខ្លួន។+

៧ រួច​មក គាត់​បាន​ធ្វើ​ជើង​ចង្កៀង​១០​ពី​មាស+ ស្រប​តាម​ការ​ណែនាំ​ដែល​គាត់​បាន​ទទួល។+ គាត់​បាន​ដាក់​ជើង​ចង្កៀង​ទាំង​នោះ​នៅ​ក្នុង​វិហារ គឺ​៥​នៅ​ខាង​ស្ដាំ និង​៥​នៅ​ខាង​ឆ្វេង។+

៨ គាត់​ក៏​បាន​ធ្វើ​តុ​១០​សម្រាប់​ដាក់​ក្នុង​វិហារ គឺ​គាត់​ដាក់​៥​នៅ​ខាង​ស្ដាំ ៥​នៅ​ខាង​ឆ្វេង។+ រួច​មក គាត់​បាន​ធ្វើ​ចាន​គោម​មាស​ចំនួន​១០០។

៩ គាត់​បាន​សង់​ទី​ធ្លា+សម្រាប់​ពួក​សង្ឃ+ និង​ទី​ធ្លា​ធំ។+ គាត់​ក៏​បាន​ធ្វើ​ទ្វារ​របង​ទី​ធ្លា​ដែរ ហើយ​ស្រោប​ទ្វារ​ទាំង​នោះ​ដោយ​ស្ពាន់។ ១០ គាត់​បាន​ដាក់​អាង​ធំ​នៅ​ខាង​ស្ដាំ​វិហារ នា​ទិស​ខាង​ត្បូង​ឆៀង​ខាង​កើត។+

១១ ហ៊ីរ៉ាម​ក៏​បាន​ធ្វើ​ធុង​សម្រាប់​ដាក់​ផេះ ប៉ែល និង​ចាន​គោម​ដែរ។+

ដូច្នេះ គាត់​បាន​ធ្វើ​កិច្ចការ​ទាំង​អស់​ឲ្យ​ស្ដេច​សាឡូម៉ូន​សម្រាប់​វិហារ​របស់​ព្រះ​ពិត​ចប់​សព្វ​គ្រប់។ ស្នា​ដៃ​ទាំង​នោះ​មាន​ដូច​ត​ទៅ​៖+ ១២ សសរ​ពីរ​ដើម+ និង​ក្បាល​សសរ​ទាំង​ពីរ​ដែល​មាន​រាង​ដូច​ចាន​ក្រឡូម ក្បាច់​ក្រឡា​អួន+ដែល​លម្អ​លើ​ក្បាល​សសរ​ទាំង​ពីរ​នោះ ១៣ ផ្លែ​ទទឹម​៤០០+សម្រាប់​ដាក់​លើ​ក្បាច់​ក្រឡា​អួន​ទាំង​ពីរ ក្បាច់​ក្រឡា​អួន​នីមួយ​ៗ​មាន​ផ្លែ​ទទឹម​ពីរ​ជួរ ដើម្បី​លម្អ​លើ​ក្បាល​សសរ​ទាំង​ពីរ​នោះ+ ១៤ រទេះ​ទឹក​ចំនួន​១០ និង​ចាន​ក្លាំ​ចំនួន​១០​ដាក់​លើ​រទេះ​ទាំង​នោះ+ ១៥ អាង​ធំ និង​រូប​គោ​ឈ្មោល​១២​ដែល​ទ្រ​អាង​នោះ+ ១៦ ព្រម​ទាំង​ធុង​សម្រាប់​ដាក់​ផេះ ប៉ែល សម+ និង​របស់​របរ​ទាំង​អស់។ ហ៊ីរ៉ាមអេបៀវ+បាន​ធ្វើ​របស់​ទាំង​នោះ​ពី​ស្ពាន់​ខាត់​យ៉ាង​ភ្លឺ ជូន​ស្ដេច​សាឡូម៉ូន​សម្រាប់​វិហារ​ព្រះ​យេហូវ៉ា។ ១៧ ស្ដេច​បាន​ឲ្យ​គេ​ធ្វើ​របស់​របរ​ទាំង​នោះ​ក្នុង​ពុម្ព​ដី​ឥដ្ឋ នៅ​តំបន់​ទន្លេយ៉ូដាន់ ត្រង់​ចន្លោះ​សិកូត+និង​សេរេដា។ ១៨ សាឡូម៉ូន​បាន​ធ្វើ​របស់​របរ​ទាំង​នោះ​យ៉ាង​ច្រើន​ក្រៃ​លែង។ ឯ​ទម្ងន់​ស្ពាន់​ដែល​គេ​ធ្វើ​របស់​ទាំង​នោះ គ្មាន​អ្នក​ណា​ដឹង​ទេ។+

១៩ សាឡូម៉ូន​បាន​ធ្វើ​របស់​របរ​ទាំង​អស់+សម្រាប់​វិហារ​ព្រះ​ពិត រួម​មាន​៖ ទី​បូជា​ធ្វើ​ពី​មាស+ តុ+សម្រាប់​ដាក់​នំ​ប៉័ង​តាំង​ទុក+ ២០ ចង្កៀង​និង​ជើង​ចង្កៀង​ពី​មាស​សុទ្ធ+ សម្រាប់​ដុត​នៅ​មុខ​បន្ទប់​ខាង​ក្នុង​បំផុត ស្រប​តាម​ការ​ណែនាំ។ ២១ ឯ​ផ្កា ចង្កៀង និង​ប្រដាប់​ពន្លត់​ប្រឆេះ​ក៏​ធ្វើ​ពី​មាស​សុទ្ធ​ដែរ។ ២២ ប្រដាប់​កាត់​ប្រឆេះ ចាន​គោម ពែង និង​ប្រដាប់​ដាក់​រងើក​ភ្លើង សុទ្ធតែ​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់។ ឯ​ទ្វារ​ចូល​វិហារ និង​ទ្វារ​ចូល​បន្ទប់​បរិសុទ្ធ​បំផុត+ ក៏​ធ្វើ​ពី​មាស​ដែរ។+

៥ ដូច្នេះ ស្ដេច​សាឡូម៉ូន​បាន​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​គាត់​ត្រូវ​ធ្វើ​សម្រាប់​វិហារ​របស់​ព្រះ​យេហូវ៉ា​ចប់​សព្វ​គ្រប់។+ រួច​មក សាឡូម៉ូន​ក៏​បាន​នាំ​យក​របស់​របរ​ទាំង​ប៉ុន្មាន​ដែល​ដាវីឌ​ជា​ឪពុក​គាត់​បាន​ទុក​សម្រាប់​ជូន​ព្រះ​ពិត+ ទៅ​ដាក់​ក្នុង​ឃ្លាំង​វិហារ​របស់​ព្រះ។ គាត់​ក៏​បាន​ដាក់​មាស​ប្រាក់ និង​គ្រឿង​ផ្សេង​ៗ​ក្នុង​ឃ្លាំង​នោះ​ដែរ។+ ២ នៅ​គ្រា​នោះ សាឡូម៉ូន​បាន​ឲ្យ​ពួក​បុរស​ចាស់​ទុំ មេ​កុលសម្ព័ន្ធ​ទាំង​អស់ និង​ពួក​ប្រមុខ​លើ​វង្ស​ត្រកូល​នៃ​ជន​ជាតិ​អ៊ីស្រាអែល មក​ជួប​ជុំ​គ្នា​នៅ​ក្រុង​យេរូសាឡិម។ ពួក​គេ​មក​ក្នុង​បំណង​នាំ​យក​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា​ពី​ក្រុង​ដាវីឌ+ គឺ​ស៊ីយ៉ូន។+ ៣ ពួក​គេ​បាន​ជួប​ជុំ​គ្នា​នៅ​ចំពោះ​ស្ដេច​សាឡូម៉ូន​នា​ពិធី​បុណ្យ​ខ្ទម ដែល​ត្រូវ​ធ្វើ​ឡើង​ក្នុង​ខែ​ទី​៧។+

៤ ពួក​បុរស​ចាស់​ទុំ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ក៏​បាន​មក ហើយ​ពួក​លេវី​បាន​លើក​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង។+ ៥ ពួក​គេ​បាន​សែង​ហឹប និង​ត្រសាល​ជំនុំ+ រួម​ទាំង​របស់​របរ​បរិសុទ្ធ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ត្រសាល​នោះ។ ពួក​សង្ឃ​និង​ពួក​លេវី​ជា​អ្នក​នាំ​យក​របស់​ទាំង​នោះ​ឡើង​ទៅ។ ៦ ស្ដេច​សាឡូម៉ូន ព្រម​ទាំង​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ដែល​ស្ដេច​បាន​អញ្ជើញ​ឲ្យ​មក​ជួប​ជុំ​គ្នា​នោះ បាន​ឈរ​នៅ​មុខ​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង។ ពួក​គេ​បាន​ជូន​គ្រឿង​បូជា​ជា​ចៀម​និង​គោ+យ៉ាង​ច្រើន​សន្ធឹក​ដែល​គ្មាន​អ្នក​ណា​អាច​រាប់​បាន​ឡើយ។ ៧ រួច​មក ពួក​សង្ឃ​បាន​យក​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា​ចូល​ទៅ​វិហារ រួច​ចូល​ក្នុង​បន្ទប់​បរិសុទ្ធ​បំផុត។ បន្ទាប់​មក ពួក​គេ​បាន​ដាក់​ហឹប​នៅ​កន្លែង​ដែល​គេ​បាន​បម្រុង​ទុក គឺ​ក្រោម​ស្លាប​ចេរូប៊ីន​ទាំង​ពីរ។+ ៨ ចេរូប៊ីន​ទាំង​ពីរ​ត្រដាង​ស្លាប​លើ​កន្លែង​ដែល​តម្កល់​ទុក​ហឹប​នោះ ហើយ​ចេរូប៊ីន​ទាំង​ពីរ​ចោល​ស្រមោល​លើ​ហឹប​និង​ឈើ​ស្នែង។+ ៩ ឈើ​ស្នែង​ហឹប​នោះ​គឺ​វែង​ដល់​ម្ល៉េះ បាន​ជា​គេ​អាច​ឃើញ​ចុង​ឈើ​ស្នែង​ពី​បន្ទប់​បរិសុទ្ធ​ដែល​នៅ​ខាង​មុខ​បន្ទប់​បរិសុទ្ធ​បំផុត តែ​ពី​ខាង​ក្រៅ​គេ​មិន​អាច​មើល​ឃើញ​ទេ។ អ្វី​ទាំង​នោះ​ស្ថិត​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។ ១០ នៅ​ក្នុង​ហឹប​គ្មាន​អ្វី​ក្រៅ​ពី​បន្ទះ​ថ្ម​ពីរ​ផ្ទាំង​ទេ។ ពេល​នៅ​ភ្នំ​ហូរែប+ ម៉ូសេ​បាន​ដាក់​បន្ទះ​ថ្ម​ក្នុង​ហឹប​នោះ កាល​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង+ជា​មួយ​នឹង​បណ្ដា​ជន​អ៊ីស្រាអែល ក្រោយ​ពី​ពួក​គេ​ចេញ​ពី​ស្រុក​អេហ្ស៊ីប។+

១១ ឯ​ពួក​សង្ឃ ពួក​គេ​ទាំង​អស់​គ្នា​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ+ ទោះ​ជា​ពួក​គេ​នៅ​ក្នុង​ក្រុម​ណា​ក៏​ដោយ។+ ពេល​ដែល​ពួក​គេ​ចេញ​ពី​បន្ទប់​បរិសុទ្ធ​មក ១២ ពួក​លេវី​ដែល​ជា​អ្នក​ចម្រៀង+ កំពុង​ឈរ​នៅ​ខាង​កើត​ទី​បូជា ហើយ​ស្លៀក​សម្លៀក​បំពាក់​ក្រណាត់​សាច់​ល្អ ទាំង​កាន់​ឆាប ពិណ និង​ឧបករណ៍​ភ្លេង​មាន​ខ្សែ។ ពួក​គេ​ឈរ​ជា​មួយ​នឹង​ពួក​សង្ឃ​១២០​នាក់​ទៀត ដែល​កំពុង​ផ្លុំ​ត្រែ។+ ពួក​លេវី​ទាំង​នោះ​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​អេសាភ+ ហេម៉ាន+ យេឌូថិន+ ព្រម​ទាំង​កូន​ចៅ​និង​បង​ប្អូន​របស់​ពួក​គេ។ ១៣ អ្នក​ផ្លុំ​ត្រែ​និង​អ្នក​ចម្រៀង​ក៏​ចាប់​ផ្ដើម​សរសើរ​និង​អរគុណ​ព្រះ​យេហូវ៉ា​យ៉ាង​ស្រុះ​គ្នា អម​ដោយ​សំឡេង​ត្រែ ឆាប និង​ឧបករណ៍​ភ្លេង​ឯ​ទៀត ដោយ​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ព្រោះ​លោក​ល្អ សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិតស្ថេរ​ជា​ដរាប​»។+ ខណៈ​នោះ ក៏​មាន​ពពក​ពេញ​វិហារ​ព្រះ​យេហូវ៉ា។+ ១៤ ដោយ​សារ​ពពក​នោះ ពួក​សង្ឃ​មិន​អាច​បំពេញ​កិច្ច​បម្រើ​ទៀត​បាន​ទេ ព្រោះ​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ពិត​មាន​ពេញ​វិហារ​របស់​លោក។+

៦ នៅ​ពេល​នោះ សាឡូម៉ូន​បាន​ថ្លែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​លោក​នឹង​នៅ​ក្នុង​ពពក​យ៉ាង​ក្រាស់។+ ២ ឯ​វិហារ​ដ៏​ឧត្តុង្គឧត្តម​របស់លោក ខ្ញុំ​បាន​សង់​ជូន​លោក​រួច​រាល់​ជា​ស្ថាពរ​ហើយ គឺ​ជា​កន្លែង​ដែល​បាន​រៀបចំ​ឡើង​សម្រាប់​លោក​អាស្រ័យ​នៅ​ជា​រៀង​រហូត​»។+

៣ រួច​មក ស្ដេច​បែរ​ទៅ​ពួក​ជំនុំ​អ៊ីស្រាអែល​ដែល​កំពុង​ឈរ​ជុំ​គ្នា ហើយ​លោក​ជូន​ពរ​ពួក​គេ។+ ៤ សាឡូម៉ូន​បាន​មាន​ប្រសាសន៍​ថា​៖ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ទទួល​ការ​សរសើរ​តម្កើង លោក​ជា​អ្នក​ដែល​បាន​សន្យា​ជា​មួយ​នឹង​ដាវីឌ​ឪពុក​ខ្ញុំ ហើយ​លោក​បាន​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​នោះ​បាន​សម្រេច​ដោយ​ដៃ​របស់​លោក​ផ្ទាល់។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ៥ ‹តាំង​ពី​ថ្ងៃ​ដែល​ខ្ញុំ​បាន​នាំ​អ៊ីស្រាអែល​ជា​រាស្ត្រ​ខ្ញុំ​ចេញ​ពី​ស្រុក​អេហ្ស៊ីប​មក ខ្ញុំ​មិន​បាន​ជ្រើស​រើស​ក្រុង​ណា​មួយ​ពី​កុលសម្ព័ន្ធ​នៃ​ជន​ជាតិ​អ៊ីស្រាអែល សម្រាប់​សង់​វិហារ​ដើម្បី​ឲ្យ​នាម​របស់​ខ្ញុំ​ទទួល​ការ​លើក​តម្កើង​នៅ​ទី​នោះ​ទេ+ ហើយ​ខ្ញុំ​ក៏​មិន​បាន​ជ្រើស​រើស​បុគ្គល​ណា​ម្នាក់​ឲ្យ​គ្រប់​គ្រង​លើ​អ៊ីស្រាអែល​ជា​រាស្ត្រ​ខ្ញុំ​ដែរ។ ៦ ប៉ុន្តែ ខ្ញុំ​បាន​ជ្រើស​រើស​ក្រុង​យេរូសាឡិម+ដើម្បី​ឲ្យ​នាម​ខ្ញុំ​ទទួល​ការ​លើក​តម្កើង​នៅ​ទី​នោះ ហើយ​ខ្ញុំ​បាន​ជ្រើស​រើស​ដាវីឌ​ឲ្យ​គ្រប់​គ្រង​លើ​អ៊ីស្រាអែល​ជា​រាស្ដ្រ​ខ្ញុំ›។+ ៧ ដាវីឌ​ឪពុក​ខ្ញុំ​មាន​បំណង​ចង់​សាង​សង់​វិហារ​មួយ​សម្រាប់​នាម​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។+ ៨ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ដាវីឌ​ឪពុក​ខ្ញុំ​ថា​៖ ‹អ្នក​មាន​បំណង​ចង់​សង់​វិហារ​សម្រាប់​នាម​ខ្ញុំ នោះ​ជា​បំណង​ដ៏​ប្រសើរ​ណាស់។ ៩ ប៉ុន្តែ អ្នក​នឹង​មិន​សង់​វិហារ​នោះ​ទេ គឺ​កូន​ដែល​នឹង​កើត​ពី​អ្នក នឹង​សង់​វិហារ​សម្រាប់​នាម​ខ្ញុំ​វិញ›។+ ១០ ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​ពាក្យ​ដែល​លោក​បាន​សន្យា​មែន ព្រោះ​លោក​បាន​ឲ្យ​ខ្ញុំ​ស្នង​រាជ្យ​ពី​ដាវីឌ​ឪពុក​ខ្ញុំ ហើយ​ខ្ញុំ​បាន​អង្គុយ​លើ​បល្ល័ង្ក​នៃ​អ៊ីស្រាអែល+ ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា។+ ខ្ញុំ​ក៏​បាន​សង់​វិហារ​សម្រាប់​នាម​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ដែរ ១១ ហើយ​បាន​រៀបចំ​កន្លែង​មួយ​នៅ​ទី​នោះ​សម្រាប់​ដាក់​ហឹប​ដែល​មាន​កិច្ច​ព្រម​ព្រៀង+ ជា​កិច្ច​ព្រម​ព្រៀង​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ជា​មួយ​នឹង​ប្រជាជាតិ​អ៊ីស្រាអែល​»។

១២ បន្ទាប់​មក សាឡូម៉ូន​ឈរ​នៅ​មុខ​ទី​បូជា​របស់​ព្រះ​យេហូវ៉ា និង​នៅ​មុខ​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់ ហើយ​លើក​ដៃ​ទៅ​លើ​មេឃ។+ ១៣ (​ពេល​នោះ សាឡូម៉ូន​ឈរ​លើ​វេទិកា​មួយ។ វេទិកា​នោះ គាត់​បាន​ធ្វើ​ពី​ស្ពាន់ ហើយ​គាត់​ដាក់​នៅ​កណ្ដាល​ទី​ធ្លា​វិហារ។+ វេទិកា​នោះ​មាន​បណ្ដោយ​ប្រាំ​ហត្ថ* ទទឹង​ប្រាំ​ហត្ថ និង​កម្ពស់​បី​ហត្ថ​)។ គាត់​បាន​លុត​ជង្គង់​នៅ​មុខ​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់ ហើយ​លើក​ដៃ​ទៅ​លើ​មេឃ+ ១៤ ហើយ​គាត់​មាន​ប្រសាសន៍​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​អើយ! គ្មាន​ព្រះ​ណា​ទៀត​ដូច​លោក​ឡើយ ទោះ​នៅ​លើ​មេឃ*ឬ​នៅ​ផែនដី​ក៏​ដោយ គឺ​លោក​ហើយ​ដែល​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង និង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​អស់​អ្នក​ដែល​បម្រើ​លោក​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។+ ១៥ លោក​បាន​ធ្វើ​តាម​ពាក្យ​ដែល​លោក​បាន​សន្យា​នឹង​ដាវីឌ​ឪពុក​របស់​ខ្ញុំ។+ លោក​បាន​សន្យា​ផ្ទាល់​មាត់ ហើយ​នៅ​ថ្ងៃ​នេះ​លោក​បាន​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​នោះ​បាន​សម្រេច​ដោយ​ដៃ​របស់​លោក​ផ្ទាល់។+ ១៦ ដូច្នេះ ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​អើយ! សូម​លោក​ធ្វើ​តាម​ពាក្យ​ដែល​លោក​បាន​សន្យា​នឹង​ដាវីឌ​ឪពុក​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​លោក កាល​ដែល​លោក​មាន​ប្រសាសន៍​ថា​៖ ‹បើ​កូន​ៗ​របស់​អ្នក​តែង​តែ​ដើរ​តាម​ផ្លូវ​របស់​ខ្ញុំ+ ដោយ​ស្មោះ​អស់​ពី​ដួង​ចិត្ត ដូច​ដែល​អ្នក​បាន​ដើរ​តាម​ផ្លូវ​របស់​ខ្ញុំ+ នោះ​នឹង​មាន​បុគ្គល​ម្នាក់​ពី​ពូជ​ពង្ស​របស់​អ្នក អង្គុយ​លើ​បល្ល័ង្ក​នៃ​អ៊ីស្រាអែល​ជា​និច្ច›។ ១៧ ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​អើយ! សូម​មេត្តា​ឲ្យ​ពាក្យ​ដែល​លោក​បាន​សន្យា​នឹង​ដាវីឌ​ឪពុក​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​លោក​ក្លាយ​ទៅ​ជា​ការ​ពិត​ផង។

១៨ ​«​ប៉ុន្តែ តើ​ព្រះ​នឹង​ស្នាក់​នៅ​ផែនដី​ពិត​មែន​ឬ?+ មើល! សូម្បី​តែ​មេឃ​និង​លំហ​អាកាស​ដ៏​ធំ​ធេង​ក៏​មិន​ធំ​ល្មម​សម្រាប់​ជា​លំនៅ​របស់​លោក​ផង+ ទម្រាំ​តែ​វិហារ​នេះ​ដែល​ខ្ញុំ​បាន​សាង​សង់ តើ​លោក​អាច​អាស្រ័យ​នៅ​យ៉ាង​ដូច​ម្ដេច​បាន?+ ១៩ ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ​អើយ! សូម​មេត្តា​ស្ដាប់​សេចក្ដី​អធិដ្ឋាន​និង​ពាក្យ​អង្វរ​សុំ​របស់​ខ្ញុំ​ជា​អ្នក​បម្រើ​លោក ហើយ​សូម​លោក​មេត្តា​ស្ដាប់​សម្រែក​សុំ​ជំនួយ និង​ពាក្យ​អធិដ្ឋាន​របស់​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​នៅ​ថ្ងៃ​នេះ​ផង។ ២០ សូម​លោក​មើល​មក​វិហារ​នេះ​ទាំង​យប់​ទាំង​ថ្ងៃ ជា​កន្លែង​ដែល​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ‹ទី​នេះ​ជា​តំណាង​នាម​របស់​ខ្ញុំ›+ ហើយ​សូម​លោក​ស្ដាប់​ពាក្យ​ដែល​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​អធិដ្ឋាន​តម្រង់​មក​ទី​នេះ​ផង។ ២១ សូម​លោក​ស្ដាប់​ពាក្យ​អង្វរ​សុំ​របស់​ខ្ញុំ​ជា​អ្នក​បម្រើ​លោក និង​សំណូម​ពរ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​លោក កាល​ដែល​ពួក​គេ​អធិដ្ឋាន​តម្រង់​មក​កន្លែង​នេះ។+ សូម​លោក​មេត្តា​ស្ដាប់​ពី​ទី​អាស្រ័យ​នៅ​របស់​លោក​ពី​ស្ថាន​សួគ៌+ ហើយ​សូម​អភ័យ​ទោស​ឲ្យ​ផង។+

២២ ​«​បើ​មនុស្ស​ម្នាក់​ប្រព្រឹត្ត​ខុស​នឹង​ម្នាក់​ទៀត រួច​គេ​បង្ខំ​ឲ្យ​អ្នក​នោះ​ស្បថ​ឲ្យ​ត្រូវ​បណ្ដាសា ហើយ​ក្រោយ​ពី​គាត់​បាន​ស្បថ​រួច គាត់​ក៏​ចូល​មក​ឈរ​នៅ​មុខ​ទី​បូជា​របស់​លោក​នៅ​ឯ​វិហារ​នេះ+ ២៣ សូម​លោក​មេត្តា​ស្ដាប់​ពី​ស្ថាន​សួគ៌ ហើយ​វិនិច្ឆ័យ​ពួក​អ្នក​បម្រើ​លោក ស្រប​តាម​ការ​ប្រព្រឹត្ត​របស់​ពួក​គេ ហើយ​សូម​សម្រេច​ក្ដី​ឲ្យ​មនុស្ស​ទុច្ចរិត​ជាប់​ទោស+ តែ​សូម​សម្រេច​ក្ដី​ឲ្យ​មនុស្ស​សុចរិត​ថា​គ្មាន​ទោស​វិញ ហើយ​ផ្ដល់​រង្វាន់​ដល់​គាត់​ស្រប​តាម​អំពើ​សុចរិត​របស់​គាត់។+

២៤ ​«​បើ​បណ្ដា​ជន​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​លោក​ចាញ់​សត្រូវ ដោយ​សារ​ពួក​គេ​ចេះ​តែ​ប្រព្រឹត្ត​ខុស​ចំពោះ​លោក+ ហើយ​បើ​ពួក​គេ​ត្រឡប់​មក​រក​លោក​វិញ ព្រម​ទាំង​សរសើរ​តម្កើង​នាម​លោក+ និង​អធិដ្ឋាន+សុំ​សេចក្ដី​មេត្តា​ពី​លោក​នៅ​វិហារ​នេះ+ ២៥ សូម​លោក​ស្ដាប់​ពី​ស្ថាន​សួគ៌+ ហើយ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​បណ្ដា​ជន​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​លោក​ផង ហើយ​សូម​លោក​នាំ​ពួក​គេ​ត្រឡប់​មក​ស្រុក​ដែល​លោក​បាន​ឲ្យ​ដល់​បុព្វ​បុរស​របស់​ពួក​គេ​វិញ។+

២៦ ​«​កាល​ណា​ស្រុក​រាំង​ស្ងួត​គ្មាន​ភ្លៀង+ ដោយ​សារ​ពួក​គេ​ចេះ​តែ​ប្រព្រឹត្ត​ខុស​ចំពោះ​លោក+ បើ​ពួក​គេ​អធិដ្ឋាន​តម្រង់​មក​កន្លែង​នេះ​ហើយ​តម្កើង​នាម​លោក ព្រម​ទាំង​ប្រែ​ចិត្ត​ពី​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ ដោយ​សារ​លោក​បាន​បន្ទាប​ពួក​គេ+ ២៧ សូម​លោក​ស្ដាប់​ពី​ស្ថាន​សួគ៌ ហើយ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​អ្នក​បម្រើ​លោក គឺ​បណ្ដា​ជន​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​លោក ព្រោះ​លោក​នឹង​បង្រៀន​ពួក​គេ​អំពី​ផ្លូវ​ល្អ​ដែល​ពួក​គេ​គួរ​ដើរ+ ហើយ​សូម​បង្អុរ​ភ្លៀង+មក​លើ​ស្រុក​ដែល​លោក​បាន​ឲ្យ​ដល់​រាស្ត្រ​របស់​លោក​ជា​មត៌ក​ផង។

២៨ ​«​ប្រសិន​បើ​ស្រុក​មាន​ការ​អត់​ឃ្លាន+ រោគ​រាត​ត្បាត+ ផល​ដំណាំ​ក្រៀម​ស្វិត មាន​ផ្សិត+ ឬ​ហ្វូង​កណ្ដូប​ស៊ី​បំផ្លាញ+ ឬ​បើ​សត្រូវ​របស់​ពួក​គេ​ឡោម​ព័ទ្ធ​ពួក​គេ​នៅ​ក្រុង​ណា​មួយ​ក្នុង​ស្រុក+ ឬ​បើ​មាន​សេចក្ដី​វេទនា​ឬ​ជំងឺ​ណា​មួយ​កើត​ឡើង+ ២៩ ទោះ​បើ​បុគ្គល​ណា​ម្នាក់​ឬ​បណ្ដា​ជន​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​លោក (​ព្រោះ​បុគ្គល​ម្នាក់​ៗ​ដឹង​នូវ​ទុក្ខ​វេទនា​ក្នុង​ចិត្ត​របស់​ខ្លួន​)+ លើក​ដៃ​ឡើង​តម្រង់​មក​វិហារ​នេះ+ ហើយ​អធិដ្ឋាន+ឬ​អង្វរ​សុំ​អ្វី​ក៏​ដោយ​ពី​លោក+ ៣០ សូម​លោក​ស្ដាប់​ពី​ស្ថាន​សួគ៌ ពី​ទី​អាស្រ័យ​នៅ​របស់​លោក+ ហើយ​សូម​លោក​អភ័យ​ទោស​ឲ្យ+ ព្រម​ទាំង​ឲ្យ​រង្វាន់​ដល់​បុគ្គល​ម្នាក់​ៗ​តាម​ការ​ប្រព្រឹត្ត​របស់​គេ ព្រោះ​លោក​ស្គាល់​ចិត្ត​របស់​គេ (​មាន​តែ​លោក​ទេ​ដែល​ស្គាល់​ចិត្ត​របស់​មនុស្សជាតិ​យ៉ាង​ច្បាស់​)+ ៣១ ដើម្បី​ឲ្យ​ពួក​គេ​កោត​ខ្លាច​លោក ហើយ​ដើរ​តាម​ផ្លូវ​របស់​លោក​នៅ​គ្រប់​វេលា​ដែល​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​ដែល​លោក​បាន​ឲ្យ​ដល់​បុព្វ​បុរស​របស់​យើង។

៣២ ​«​ម្យ៉ាង​វិញ​ទៀត ចំពោះ​ជន​បរទេស​ដែល​មិន​មែន​ជា​ជន​ជាតិ​អ៊ីស្រាអែល ជា​អ្នក​មក​ពី​ស្រុក​ឆ្ងាយ ដោយ​សារ​បាន​ឮ​អំពី​នាម​ដ៏​ឧត្ដម​របស់​លោក+ និង​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​មហិមា​របស់​លោក បើ​គាត់​មក ហើយ​អធិដ្ឋាន​តម្រង់​មក​វិហារ​នេះ+ ៣៣ សូម​លោក​ស្ដាប់​ពី​ស្ថាន​សួគ៌ ជា​ទី​អាស្រ័យ​នៅ​របស់​លោក ហើយ​សូម​លោក​ធ្វើ​តាម​សំណូម​ពរ​ទាំង​ប៉ុន្មាន​របស់​ជន​បរទេស​នោះ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​ផែនដី​ស្គាល់​នាម​របស់​លោក+ ហើយ​កោត​ខ្លាច​លោក ដូច​បណ្ដា​ជន​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​លោក​ដែរ ហើយ​សូម​ឲ្យ​ពួក​គេ​ដឹង​ថា​វិហារ​ដែល​ខ្ញុំ​បាន​សាង​សង់​នេះ គឺ​តំណាង​នាម​លោក។

៣៤ ​«​បើ​រាស្ត្រ​របស់​លោក​ទៅ​ច្បាំង​នឹង​សត្រូវ​របស់​ពួក​គេ​តាម​បង្គាប់​លោក+ ហើយ​ពួក​គេ​អធិដ្ឋាន+ទៅ​លោក​តម្រង់​មក​ឯ​ក្រុង​ដែល​លោក​បាន​ជ្រើស​រើស និង​តម្រង់​មក​វិហារ​ដែល​ខ្ញុំ​បាន​សាង​សង់​សម្រាប់​នាម​របស់​លោក+ ៣៥ នោះ​សូម​លោក​ស្ដាប់​ពី​ស្ថាន​សួគ៌​នូវ​សេចក្ដី​អធិដ្ឋាន​និង​ពាក្យ​អង្វរ​សុំ​របស់​ពួក​គេ ហើយ​សូម​លោក​ជួយ​ពួក​គេ​ផង។+

៣៦ ​«​បើ​ពួក​គេ​ប្រព្រឹត្ត​ខុស​ចំពោះ​លោក (​ព្រោះ​គ្មាន​មនុស្ស​ណា​ម្នាក់​ដែល​មិន​ចេះ​ធ្វើ​ខុស​នោះ​ទេ​)+ ហើយ​លោក​ខឹង​នឹង​ពួក​គេ ព្រម​ទាំង​ប្រគល់​ពួក​គេ​ដល់​ពួក​ខ្មាំង​សត្រូវ រួច​ពួក​គេ​ត្រូវ​គេ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​របស់​សត្រូវ​នោះ ទោះ​នៅ​ជិត​ឬ​ឆ្ងាយ​ក្ដី+ ៣៧ ក្រោយ​មក បើ​ពួក​គេ​ភ្ញាក់​ខ្លួន​នៅ​ក្នុង​ស្រុក​ដែល​ស​ត្រូវ​ចាប់​ពួក​គេ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ ហើយ​វិល​មក​រក​លោក​វិញ ថែម​ទាំង​អង្វរ​សុំ​សេចក្ដី​មេត្តា​ពី​លោក​នៅ​ក្នុង​ស្រុក​នោះ ដោយ​និយាយ​ថា​៖ ‹យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស​ឆ្គង​ហើយ យើង​ខ្ញុំ​ក៏​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ›។+ ៣៨ បើ​ពួក​គេ​វិល​ត្រឡប់​មក​រក​លោក​វិញ​ដោយ​អស់​ពី​ចិត្ត+ អស់​ពី​កម្លាំង* នៅ​ក្នុង​ស្រុក​របស់​ពួក​សត្រូវ​ដែល​បាន​ចាប់​ពួក​គេ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ+ ហើយ​ពួក​គេ​អធិដ្ឋាន​ទៅ​លោក​ដោយ​បែរ​មក​ឯ​ស្រុក​ដែល​លោក​បាន​ឲ្យ​ដល់​បុព្វ​បុរស​របស់​ពួក​គេ ហើយ​ឆ្ពោះ​មក​ឯ​ក្រុង​ដែល​លោក​បាន​ជ្រើស​រើស+ ព្រម​ទាំង​តម្រង់​មក​វិហារ​ដែល​ខ្ញុំ​បាន​សាង​សង់​សម្រាប់​នាម​របស់​លោក ៣៩ នោះ​សូម​លោក​ស្ដាប់​សេចក្ដី​អធិដ្ឋាន​និង​ពាក្យ​អង្វរ​សុំ​របស់​ពួក​គេ ពី​ស្ថាន​សួគ៌​ជា​ទី​អាស្រ័យ​នៅ​របស់​លោក ហើយ​សូម​លោក​ជួយ​ពួក​គេ​ផង+ ថែម​ទាំង​អភ័យ​ទោស​ឲ្យ​រាស្ត្រ​របស់​លោក​ដែល​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​លោក​ផង។

៤០ ​«​ឱ​ព្រះ​របស់​ខ្ញុំ​អើយ! សូម​លោក​មើល​មក ហើយ​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​បម្រើ​លោក​ដែល​មក​អធិដ្ឋាន​នៅ​ទី​នេះ​ផង។+ ៤១ ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​លោក​មក​ជា​មួយ​នឹង​ហឹប​នៃ​ឫទ្ធានុភាព​របស់​លោក ហើយ​អាស្រ័យ​នៅ​ក្នុង​ទី​សម្រាក​នេះ​ចុះ។+ ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​ឲ្យ​សង្ឃ​របស់​លោក​បង្ហាញ​ថា​សេចក្ដី​សង្គ្រោះ​គឺ​មក​ពី​លោក ហើយ​សូម​ឲ្យ​ពួក​អ្នក​ដែល​មាន​ភក្ដី​ភាព​ចំពោះ​លោក អរ​សប្បាយ​នឹង​គុណធម៌​របស់​លោក​ផង។+ ៤២ ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​លោក​កុំ​បោះ​បង់​បុគ្គល​ដែល​លោក​បាន​រើស​តាំង​ឡើយ។+ សូម​លោក​ចង​ចាំ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ ដែល​លោក​បាន​បង្ហាញ​ចំពោះ​ដាវីឌ​ជា​អ្នក​បម្រើ​លោក​ផង​»។+

៧ ក្រោយ​ពី​សាឡូម៉ូន​បាន​អធិដ្ឋាន​ចប់​ភ្លាម+ ព្រះ​បាន​ធ្វើ​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ+មក​បញ្ឆេះ​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​ឯ​ទៀត។ ពេល​នោះ សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​មាន​ពេញ​វិហារ​លោក។+ ២ ដូច្នេះ ពួក​សង្ឃ​មិន​អាច​ចូល​ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា​បាន​ទេ ព្រោះ​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​មាន​ពេញ​វិហារ​របស់​ព្រះ​យេហូវ៉ា។+ ៣ ខណៈ​នោះ បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ក៏​បាន​ឃើញ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ និង​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​លើ​វិហារ​ដែរ។ ពួក​គេ​លំឱន​កាយ​ក្រាប​មុខ​ដល់​ដី ហើយ​បាន​អរគុណ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ព្រោះ​លោក​ល្អ សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិតស្ថេរ​ជា​ដរាប​»។

៤ រួច​មក ស្ដេច​និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ បាន​ជូន​គ្រឿង​បូជា​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។+ ៥ ស្ដេច​សាឡូម៉ូន​បាន​ជូន​គ្រឿង​បូជា​ជា​គោ​ចំនួន​២២.០០០​ក្បាល និង​ចៀម​ចំនួន​១២០.០០០​ក្បាល។ យ៉ាង​នេះ ស្ដេច​និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​បាន​សម្ពោធ​វិហារ​របស់​ព្រះ​ពិត។+ ៦ ពួក​សង្ឃ​បាន​ឈរ​តាម​កន្លែង​របស់​ពួក​គេ​រៀង​ខ្លួន ហើយ​ពួក​លេវី​ដែល​កាន់​ឧបករណ៍​ភ្លេង​ផ្សេង​ៗ​ក៏​ឈរ​ដែរ ដើម្បី​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា។+ (​ស្ដេច​ដាវីឌ​បាន​ធ្វើ​ឧបករណ៍​ភ្លេង​ទាំង​នោះ​ដើម្បី​ថ្លែង​អំណរ​គុណ​ព្រះ​យេហូវ៉ា ដោយ​ច្រៀង​ថា​៖ ​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិតស្ថេរ​ជា​ដរាប​»។ ដាវីឌ​ច្រៀង​សរសើរ​ព្រះ ដោយ​លេង​ឧបករណ៍​ភ្លេង​ទាំង​នេះ​)។* ពួក​សង្ឃ​បាន​ផ្លុំ​ត្រែ​យ៉ាង​ឮ+នៅ​ខាង​មុខ​ពួក​លេវី កាល​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​កំពុង​ឈរ។

៧ នៅ​ថ្ងៃ​នោះ សាឡូម៉ូន​បាន​ញែក​ផ្នែក​កណ្ដាល​នៃ​ទី​ធ្លា ដែល​នៅ​មុខ​វិហារ​របស់​ព្រះ​យេហូវ៉ា​ទុក​ជា​បរិសុទ្ធ សម្រាប់​ជូន​គ្រឿង​បូជា​ដុត+ គ្រឿង​បូជា​ពី​ស្រូវ+ និង​ខ្លាញ់​នៃ​គ្រឿង​បូជា​នៃ​មេត្រី​ភាព+ ព្រោះ​ទី​បូជា​ស្ពាន់+ដែល​នៅ​មុខ​វិហារ គឺ​តូច​ពេក មិន​ល្មម​សម្រាប់​ជូន​គ្រឿង​បូជា​ទាំង​នោះ​ឡើយ។ ៨ នៅ​ពេល​នោះ សាឡូម៉ូន​បាន​ធ្វើ​ពិធី​បុណ្យ​អស់​៧​ថ្ងៃ+ជា​មួយ​នឹង​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់ ជា​ក្រុម​ជំនុំ​យ៉ាង​ធំ ដែល​មូល​មក​ចាប់​ពី​លេបូហាម៉ាត​រហូត​ដល់​ជ្រលង​អេហ្ស៊ីប។+ ៩ ពួក​គេ​បាន​ធ្វើ​ពិធី​សម្ពោធ​ទី​បូជា​អស់​៧​ថ្ងៃ និង​ពិធី​បុណ្យ*អស់​៧​ថ្ងៃ​ទៀត។ ប៉ុន្តែ នៅ​ថ្ងៃ​ទី៨* ពួក​គេ​បាន​ធ្វើ​ពិធី​ប្រជុំ​ពិសេស​មួយ។+ ១០ នៅ​ថ្ងៃ​ទី​២៣ ខែ​ទី​៧ សាឡូម៉ូន​បាន​ឲ្យ​បណ្ដា​ជន​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួក​គេ​រៀង​ខ្លួន។ ពួក​គេ​ត្រឡប់​ទៅ​វិញ​ដោយ​មាន​ចិត្ត​ត្រេក​អរ+និង​សប្បាយ​រីក​រាយ ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​គុណធម៌​ចំពោះ​ដាវីឌ សាឡូម៉ូន និង​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​លោក។+

១១ សាឡូម៉ូន​បាន​សាង​សង់​វិហារ​របស់​ព្រះ​យេហូវ៉ា និង​វិមាន​របស់​គាត់​ចប់​ជា​ស្ថាពរ+ ហើយ​អ្វី​ៗ​ដែល​គាត់​មាន​បំណង​ចង់​ធ្វើ​ស្ដី​អំពី​វិហារ​របស់​ព្រះ​យេហូវ៉ា​និង​វិមាន​របស់​គាត់ ក៏​ធ្វើ​ចប់​រួច​រាល់​ដែរ។+ ១២ នៅ​យប់​មួយ ព្រះ​យេហូវ៉ា​បាន​លេច​មក​ឲ្យ​សាឡូម៉ូន​ឃើញ+ ហើយ​លោក​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា​៖ ​«​ខ្ញុំ​បាន​ឮ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ហើយ។ ខ្ញុំ​បាន​ជ្រើស​រើស​កន្លែង​នេះ​ទុក​ជា​វិហារ​សម្រាប់​ជូន​គ្រឿង​បូជា​ដល់​ខ្ញុំ។+ ១៣ ពេល​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​ស្រុក​រាំង​ស្ងួត​គ្មាន​ភ្លៀង ធ្វើ​ឲ្យ​ហ្វូង​កណ្ដូប​ស៊ី​បំផ្លាញ​ផល​ដំណាំ​ក្នុង​ស្រុក ហើយ​នាំ​ឲ្យ​មាន​រោគ​រាត​ត្បាត​ដល់​រាស្ត្រ​ខ្ញុំ ១៤ បើ​រាស្ត្រ​តំណាង​នាម​ខ្ញុំ+បន្ទាប​ខ្លួន+ ហើយ​អធិដ្ឋាន​ស្វែង​រក​ខ្ញុំ ព្រម​ទាំង​លះ​ចោល​ផ្លូវ​អាក្រក់​របស់​ខ្លួន+ នោះ​ខ្ញុំ​នឹង​ស្ដាប់​ពួក​គេ​ពី​ស្ថាន​សួគ៌ ហើយ​អភ័យ​ទោស​ឲ្យ​ពួក​គេ ថែម​ទាំង​ធ្វើ​ឲ្យ​ស្រុក​របស់​ពួក​គេ​ល្អ​ឡើង​វិញ​ដែរ។+ ១៥ ចាប់​ពី​ពេល​នេះ​ទៅ ភ្នែក​ខ្ញុំ​នឹង​សម្លឹង​ទៅ​វិហារ​នេះ ហើយ​ត្រចៀក​ខ្ញុំ​នឹង​ប្រុង​ស្ដាប់​ពាក្យ​ដែល​គេ​អធិដ្ឋាន​នៅ​ទី​នេះ។+ ១៦ ខ្ញុំ​បាន​ជ្រើស​រើស​វិហារ​នេះ ហើយ​ញែក​ជា​បរិសុទ្ធ​ដើម្បី​ជា​តំណាង​នាម​ខ្ញុំ​ជា​រៀង​រហូត។+ ខ្ញុំ​នឹង​ថែ​រក្សា​ការពារ​វិហារ​នេះ​ជា​និច្ច។+

១៧ ​«​ឯ​អ្នក​វិញ បើ​អ្នក​ដើរ​តាម​ខ្ញុំ​ដូច​ដាវីឌ​ឪ​ពុក​របស់​អ្នក ដោយ​ធ្វើ​តាម​បង្គាប់​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ ព្រម​ទាំង​ធ្វើ​តាម​បញ្ញត្តិ និង​ការ​វិនិច្ឆ័យ​របស់​ខ្ញុំ+ ១៨ នោះ​ខ្ញុំ​នឹង​តាំង​បល្ល័ង្ក​នៃ​ការ​គ្រប់​គ្រង​របស់​អ្នក+ ដូច​ខ្ញុំ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ដាវីឌ​ឪ​ពុក​អ្នក+ ដែល​ថា​៖ ‹នឹង​មាន​បុគ្គល​ម្នាក់​ពី​ពូជ​ពង្ស​របស់​អ្នក គ្រប់​គ្រង​លើ​ប្រជាជាតិ​អ៊ីស្រាអែល​ជា​និច្ច›។+ ១៩ ប៉ុន្តែ បើ​អ្នក​ឈប់​ដើរ​តាម​ខ្ញុំ ហើយ​ឈប់​កាន់​តាម​ច្បាប់​និង​បញ្ញត្តិ​ដែល​ខ្ញុំ​បាន​ឲ្យ​ដល់​អ្នក ហើយ​បែរ​ទៅ​បម្រើ​ព្រះ​ឯ​ទៀត​និង​ក្រាប​គោរព​ដល់​ព្រះ​ទាំង​នោះ​វិញ+ ២០ នោះ​ខ្ញុំ​នឹង​កាត់​ប្រជា​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ទឹក​ដី​ដែល​ខ្ញុំ​បាន​ឲ្យ​ដល់​ពួក​គេ+ ឯ​វិហារ​ដែល​ខ្ញុំ​បាន​ញែក​ជា​បរិសុទ្ធ​សម្រាប់​នាម​ខ្ញុំ នោះ​ខ្ញុំ​ក៏​នឹង​បោះ​បង់​ចោល​ដែរ ហើយ​ធ្វើ​ឲ្យ​វិហារ​នោះ​រង​ការ​ប្រមាថ​មើល​ងាយ​ពី​ប្រជា​ជាតិ​ទាំង​ឡាយ។+ ២១ វិហារ​នេះ​នឹង​ទៅ​ជា​គំនរ​បាក់​បែក។ ឯ​មនុស្ស​គ្រប់​រូប​ដែល​ដើរ​ឆ្លង​កាត់​វិហារ​នោះ​នឹង​ស្រឡាំងកាំង ហើយ​នឹក​ហួស​ចិត្ត+ ទាំង​ពោល​ថា​៖ ‹ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ​យេហូវ៉ា​ធ្វើ​ដូច្នេះ​ចំពោះ​ស្រុក​និង​វិហារ​នេះ?›។+ ២២ រួច​មក អ្នក​ទាំង​នោះ​នឹង​និយាយ​ថា​៖ ‹នេះ​មក​ពី​ពួក​គេ​បាន​បោះ​បង់​ចោល​ព្រះ​យេហូវ៉ា+ជា​ព្រះ​របស់​ពួក​គេ ជា​ព្រះ​ដែល​បាន​នាំ​បុព្វ​បុរស​របស់​ពួក​គេ​ចេញ​ពី​ស្រុក​អេហ្ស៊ីប​មក+ តែ​ពួក​គេ​បែរ​ទៅ​រក​ព្រះ​ឯ​ទៀត ព្រម​ទាំង​ក្រាប​គោរព​និង​បម្រើ​ព្រះ​ទាំង​នោះ​វិញ។+ ហេតុ​នេះ​ហើយ​បាន​ជា​លោក​នាំ​ឲ្យ​ពួក​គេ​មាន​អន្តរាយ​យ៉ាង​នេះ›​»។+

៨ សាឡូម៉ូន​បាន​ចំណាយ​ពេល​អស់​២០​ឆ្នាំ ដើម្បី​សាង​សង់​វិហារ​ព្រះ​យេហូវ៉ា និង​វិមាន​របស់​គាត់។+ ២ ក្រោយ​មក សាឡូម៉ូន​បាន​សង់​ឡើង​វិញ​នូវ​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ហ៊ីរ៉ាម+បាន​ប្រគល់​ឲ្យ​គាត់។ រួច​មក គាត់​បាន​ចាត់​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​ទៅ​រស់​នៅ​ទី​នោះ។ ៣ បន្ថែម​ទៅ​ទៀត សាឡូម៉ូន​បាន​ទៅ​ច្បាំង​ដណ្ដើម​យក​តំបន់​ហាម៉ាតសូបា។ ៤ បន្ទាប់​មក គាត់​បាន​សង់*ក្រុង​ថាត់ម៉ោរ​នៅ​តំបន់​ស្ងាត់​ជ្រងំ ហើយ​គាត់​ក៏​បាន​សង់​ក្រុង​នា​នា​ក្នុង​ទឹក​ដី​ហាម៉ាត+ទុក​ធ្វើ​ជា​ឃ្លាំង។+ ៥ គាត់​បាន​ពង្រឹង​ក្រុង​បេតហូរ៉ុន​ប៉ែក​ខាង​ក្រោម+និង​ខាង​លើ+ ដោយ​សង់​កំពែង ទ្វារ និង​រនុក។ ៦ សាឡូម៉ូន​ក៏​បាន​សង់​ក្រុង​បាឡាថ+ និង​ក្រុង​ខ្លះ​សម្រាប់​ធ្វើ​ជា​ឃ្លាំង ក្រុង​ខ្លះ​សម្រាប់​ដាក់​រទេះ​ចម្បាំង+ និង​ក្រុង​ខ្លះ​សម្រាប់​ទ័ព​សេះ។ បន្ថែម​ទៅ​ទៀត សាឡូម៉ូន​បាន​សង់​អ្វី​ៗ​ទាំង​អស់​តាម​បំណង​ចិត្ត​គាត់ នៅ​ក្នុង​ក្រុង​យេរូសាឡិម ក្នុង​តំបន់​ភ្នំ​លីបង់ និង​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​គាត់។

៧ ចំណែក​ឯ​ជន​ជាតិ​មួយ​ចំនួន​ដែល​នៅ​សល់ ពី​ចំណោម​ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ហេត ជន​ជាតិ​ពេរិស៊ីត ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស+ ពួក​គេ​មិន​បាន​ត្រូវ​រាប់​បញ្ចូល​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​ទេ។+ ៨ សាឡូម៉ូន​បាន​កែន​កូន​ចៅ​របស់​ពួក​គេ​មក​ធ្វើ​ការ​ជា​ខ្ញុំ​បម្រើ​រហូត​ដល់​សព្វ​ថ្ងៃ។+ ពួក​គេ​ជា​អ្នក​ដែល​ជន​ជាតិ​អ៊ីស្រាអែល​មិន​បាន​បំផ្លាញ​ចោល។+ ៩ ប៉ុន្តែ សាឡូម៉ូន​មិន​តម្រូវ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ណា​ម្នាក់​ធ្វើ​ជា​ខ្ញុំ​បម្រើ​ទេ+ ព្រោះ​ពួក​គេ​សុទ្ធតែ​ជា​ទាហាន​អង់អាច ជា​នាយ​ទាហាន ជា​មេ​កង​ពល​រទេះ​ចម្បាំង និង​មេ​លើ​កង​ពល​សេះ។+ ១០ ស្ដេច​សាឡូម៉ូន​បាន​តែង​តាំង​មេ​លើ​ពួក​អ្នក​ត្រួត​ពិនិត្យ​ចំនួន​២៥០​នាក់ ឲ្យ​ត្រួត​ត្រា​លើ​ពួក​កំណែន។+

១១ ក្រោយ​មក សាឡូម៉ូន​បាន​នាំ​កូន​ស្រី​របស់​ផារ៉ូ+ពី​ក្រុង​ដាវីឌ​ទៅ​នៅ​វិមាន​ដែល​គាត់​បាន​សង់​ឲ្យ​នាង+ ព្រោះ​គាត់​ប្រាប់​ថា​៖ ​«​ទោះ​នាង​ជា​ភរិយា​ខ្ញុំ​ក៏​ដោយ នាង​មិន​គួរ​អាស្រ័យ​នៅ​ក្នុង​វិមាន​ស្ដេច​ដាវីឌ​ទេ ព្រោះ​កន្លែង​ដែល​មាន​ហឹប​របស់​ព្រះ​យេហូវ៉ា​ជា​កន្លែង​បរិសុទ្ធ​»។+

១២ បន្ទាប់​មក សាឡូម៉ូន​បាន​ជូន​គ្រឿង​បូជា​ដុត+ដល់​ព្រះ​យេហូវ៉ា នៅ​លើ​ទី​បូជា+របស់​ព្រះ​យេហូវ៉ា ដែល​គាត់​បាន​សង់​នៅ​មុខ​សាល​វិហារ។+ ១៣ គាត់​បាន​ជូន​គ្រឿង​បូជា​ជា​រៀង​រាល់​ថ្ងៃ ហើយ​គាត់​ជូន​គ្រឿង​បូជា​ស្រប​តាម​បង្គាប់​របស់​ម៉ូសេ សម្រាប់​ថ្ងៃ​ឈប់​សម្រាក+ ថ្ងៃ​បុណ្យ​ចូល​ខែ​ថ្មី+ និង​បុណ្យ​បី​ដង​ក្នុង​មួយ​ឆ្នាំ+ ពោល​គឺ​បុណ្យ​នំ​ប៉័ង​ឥត​ដំបែ+ បុណ្យ​អាទិត្យ​ទី​៧+ និង​បុណ្យ​ខ្ទម។+ ១៤ បន្ថែម​ទៅ​ទៀត សាឡូម៉ូន​បាន​បែង​ចែក​ពួក​សង្ឃ​ជា​ក្រុម​ៗ​+ ឲ្យ​បំពេញ​កិច្ច​បម្រើ​របស់​ពួក​គេ​ស្រប​តាម​ការ​ណែនាំ​របស់​ដាវីឌ​ឪពុក​គាត់។ គាត់​ក៏​បាន​ចាត់​ចែង​ពួក​លេវី​ឲ្យ​ឈរ​តាម​កន្លែង​របស់​ពួក​គេ​រៀង​ៗ​ខ្លួន ដើម្បី​សរសើរ​ព្រះ+និង​បម្រើ​លោក​ជា​មួយ​នឹង​ពួក​សង្ឃ តាម​ទម្លាប់​ប្រចាំ​ថ្ងៃ។ គាត់​ក៏​បាន​បែង​ចែក​ក្រុម​អ្នក​យាម​ទ្វារ ឲ្យ​យាម​ទ្វារ​ផ្សេង​ៗ​+ ស្រប​តាម​បង្គាប់​ដាវីឌ​ជា​តំណាង​ព្រះ​ពិត។ ១៥ ដូច្នេះ គេ​បាន​ធ្វើ​តាម​បង្គាប់​ទាំង​ប៉ុន្មាន ដែល​ស្ដេច​បាន​ឲ្យ​ដល់​ពួក​សង្ឃ​និង​ពួក​លេវី ស្ដី​អំពី​ឃ្លាំង​នានា និង​រឿង​ផ្សេង​ទៀត។ ១៦ ស្ដេច​សាឡូម៉ូន​បាន​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន​យ៉ាង​រៀប​រយ តាំង​ពី​ថ្ងៃ​ដែល​ដាក់​គ្រឹះ​វិហារ​របស់​ព្រះ​យេហូវ៉ា+ រហូត​ដល់​ថ្ងៃ​សង់​រួច​រាល់។ ដូច្នេះ វិហារ​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​សង់​ចប់​ជា​ស្ថាពរ។+

១៧ នៅ​គ្រា​នោះ ស្ដេច​សាឡូម៉ូន​បាន​ធ្វើ​ដំណើរ​ទៅ​អេស៊ានកេបឺ+ និង​អេឡូត+ ដែល​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ក្នុង​ស្រុក​អេដំ។+ ១៨ ហ៊ីរ៉ាម+បាន​ចាត់​អ្នក​បម្រើ​របស់​គាត់​ឲ្យ​នាំ​យក​សំពៅ​ទៅ​ឲ្យ​សាឡូម៉ូន ហើយ​ក៏​ចាត់​អ្នក​ស្ទាត់​ជំនាញ​ខាង​សមុទ្រ​ឲ្យ​ទៅ​ដែរ។ ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​អូភា+ជា​មួយ​នឹង​អ្នក​បម្រើ​របស់​សាឡូម៉ូន រួច​បាន​នាំ​យក​មាស​៤៥០​ថាលិន*+ មក​ជូន​ស្ដេច​សាឡូម៉ូន។+

៩ មហា​ក្សត្រី​ស្រុក​សេបា+បាន​ឮ​អំពី​កិត្តិ​នាម​របស់​សាឡូម៉ូន។ ដូច្នេះ នាង​បាន​មក​ជួប​សាឡូម៉ូន​ដើម្បី​សួរ​សំណួរ​ជ្រៅ​ៗ។ នាង​បាន​មក​ដល់​ក្រុង​យេរូសាឡិម​ដោយ​ក្បួន​ដង្ហែ​យ៉ាង​អធិកអធម មាន​ទាំង​សត្វ​អូដ្ឋ​ដឹក​ប្រេង​ក្រអូប* និង​ដឹក​មាស​ជា​ច្រើន+ ព្រម​ទាំង​ត្បូង​ដ៏​មាន​តម្លៃ​មក​ជា​មួយ​ផង។ នាង​ក៏​ចូល​ទៅ​ជួប​សាឡូម៉ូន ហើយ​សួរ​គាត់​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​នាង​ចង់​ដឹង។+ ២ សាឡូម៉ូន​បាន​ឆ្លើយ​សំណួរ​ទាំង​អស់​របស់​នាង ហើយ​គ្មាន​សំណួរ​ណា​មួយ​ដែល​គាត់​ឆ្លើយ​មិន​រួច​ឡើយ។

៣ មហា​ក្សត្រី​ស្រុក​សេបា​នឹក​អស្ចារ្យ​ក្នុង​ចិត្ត ពេល​ឃើញ​ថា​សាឡូម៉ូន​មាន​ប្រាជ្ញា​ដ៏​ឈ្លាស​វៃ+ និង​ឃើញ​វិមាន​ដែល​គាត់​បាន​សង់។+ ៤ នាង​កោត​ស្ញប់​ស្ញែង​យ៉ាង​ខ្លាំង ពេល​ឃើញ​អាហារ​នៅ​លើ​តុ​របស់​សាឡូម៉ូន+ ពួក​អ្នក​កាន់​ពែង របៀប​រៀបចំ​កន្លែង​អង្គុយ​របស់​ពួក​មន្ត្រី ព្រម​ទាំង​របៀប​បម្រើ​នៅ​តុ​និង​ឯកសណ្ឋាន​របស់​ពួក​អ្នក​បម្រើ និង​គ្រឿង​បូជា​ដុត​ទាំង​ប៉ុន្មាន​ដែល​សាឡូម៉ូន​បាន​ជូន​ជា​ទៀង​ទាត់​នៅ​ឯ​វិហារ​របស់​ព្រះ​យេហូវ៉ា។+ អ្វី​ៗ​ទាំង​នេះ ធ្វើ​ឲ្យ​នាង​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ក្រៃ​លែង។ ៥ ម្ល៉ោះ​ហើយ នាង​បាន​និយាយ​ទៅ​កាន់​ស្ដេច​ថា​៖ ​«​ដំណឹង​ដែល​ខ្ញុំ​បាន​ឮ​នៅ​ឯ​ស្រុក​របស់​ខ្ញុំ អំពី​ប្រាជ្ញា​និង​អ្វី​ៗ​ដែល​លោក​បាន​សម្រេច គឺ​ពិត​ដូច​ជា​គេ​និយាយ​មែន។ ៦ ដំបូង​ឡើយ​ខ្ញុំ​មិន​ជឿ​អ្វី​ដែល​គេ​ប្រាប់​នោះ​ទេ ទាល់​តែ​ខ្ញុំ​បាន​មក​ឃើញ​ដោយ​ផ្ទាល់​ភ្នែក+ ហើយ​មើល! អ្វី​ដែល​គេ​បាន​ប្រាប់​គឺ​មិន​ទាំង​ដល់​ពាក់​កណ្ដាល​ផង។+ លោក​មាន​ប្រាជ្ញា​ដ៏​ឈ្លាស​វៃ​និង​មាន​ភាព​ចម្រុង​ចម្រើន លើស​ពី​អ្វី​ដែល​ខ្ញុំ​បាន​ឮ​ឆ្ងាយ​ណាស់។+ ៧ រាស្ត្រ​របស់​លោក​ពិត​ជា​មាន​សុភមង្គល​ហើយ! ចំណែក​ពួក​អ្នក​បម្រើ​របស់​លោក ក៏​មាន​សុភមង្គល​ដែរ! ព្រោះ​ជា​រៀង​រាល់​ថ្ងៃ ពួក​គេ​អាច​ស្ដាប់​សម្ដី​របស់​លោក​ដែល​ប្រកប​ដោយ​ប្រាជ្ញា។ ៨ សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​លោក​បាន​ទទួល​ការ​សរសើរ​តម្កើង ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​លោក​ពេញ​ចិត្ត​ឲ្យ​លោក​គ្រប់​គ្រង​ជា​ស្ដេច​តាង​នាម​លោក។ ដោយ​សារ​ព្រះ​របស់​លោក​ស្រឡាញ់​ជន​ជាតិ​អ៊ីស្រាអែល+ ហើយ​ចង់​ឲ្យ​ពួក​គេ​នៅ​គង់​វង្ស​ជា​រៀង​រហូត នោះ​ព្រះ​បាន​តែង​តាំង​លោក​ឲ្យ​ធ្វើ​ជា​ស្ដេច​គ្រប់​គ្រង​ដោយ​សុចរិត​យុត្តិធម៌​»។

៩ រួច​នាង​បាន​ជូន​ស្ដេច​នូវ​មាស​ទម្ងន់​១២០​ថាលិន*+ និង​ប្រេង​ក្រអូប​យ៉ាង​សន្ធឹក ព្រម​ទាំង​ត្បូង​ដ៏​មាន​តម្លៃ។ តាំង​ពី​ពេល​នោះ​មក មិន​ដែល​មាន​អ្នក​ណា​យក​ប្រេង​ក្រអូប​យ៉ាង​សន្ធឹក​មក​ជូន​ស្ដេច​សាឡូម៉ូន ដូច​មហា​ក្សត្រី​ស្រុក​សេបា​ឡើយ។+

១០ បន្ថែម​ទៅ​ទៀត ពួក​អ្នក​បម្រើ​របស់​ហ៊ីរ៉ាម​និង​អ្នក​បម្រើ​សាឡូម៉ូន​បាន​ដឹក​ជញ្ជូន​មាស​ពី​អូភា+ ហើយ​នាំ​យក​ឈើ​អាល់កឹម*ជា​ច្រើន រួម​ទាំង​ត្បូង​ដ៏​មាន​តម្លៃ​មក​ជា​មួយ​ដែរ។+ ១១ ស្ដេច​បាន​យក​ឈើ​អាល់កឹម​មក​ធ្វើ​ជា​ជណ្ដើរ​សម្រាប់​វិហារ​របស់​ព្រះ​យេហូវ៉ា+ និង​វិមាន​របស់​គាត់។+ ស្ដេច​ក៏​យក​ឈើ​នោះ​ទៅ​ធ្វើ​ពិណ​និង​ឧបករណ៍​ភ្លេង​មាន​ខ្សែ​សម្រាប់​លេង​អម​ជា​មួយ​នឹង​ពួក​អ្នក​ចម្រៀង។+ តាំង​ពី​មុន​មក មិន​ដែល​ឃើញ​មាន​ឈើ​អាល់កឹម​នៅ​ក្នុង​ស្រុក​យូដា​ច្រើន​ដូច​នេះ​ឡើយ។

១២ ស្ដេច​សាឡូម៉ូន​ក៏​បង្ហាញ​ចិត្ត​ទូលាយ​ដោយ​ជូន​អំណោយ​ដល់​មហា​ក្សត្រី​ស្រុក​សេបា​នូវ​អ្វី​ៗ​ក៏​ដោយ​ដែល​នាង​ចង់​បាន គឺ​ច្រើន​ជាង​អំណោយ​ដែល​នាង​បាន​យក​មក​ជូន​សាឡូម៉ូន​ទៅ​ទៀត។ រួច​មក នាង​បាន​ត្រឡប់​ទៅ​ស្រុក​របស់​នាង​វិញ​ជា​មួយ​នឹង​ពួក​អ្នក​បម្រើ​របស់​នាង។+

១៣ ក្នុង​មួយ​ឆ្នាំ​ៗ សាឡូម៉ូន​ទទួល​បាន​មាស​ទម្ងន់​៦៦៦​ថាលិន។+ ១៤ ក្រៅ​ពី​នោះ គាត់​បាន​ទទួល​ប្រាក់​ចំណូល​ពី​ពួក​ឈ្មួញ និង​ប្រាក់​ចំណេញ​ពី​ការ​ធ្វើ​ជំនួញ ព្រម​ទាំង​ពី​សួយសារអាករ​របស់​អ្នក​គ្រប់​គ្រង​ទាំង​ឡាយ​នៃ​ស្រុក​អារ៉ាប់។ បន្ថែម​ទៅ​ទៀត ពួក​អភិបាល​ក្នុង​ស្រុក​ក៏​នាំ​យក​មាស​ប្រាក់​មក​ប្រគល់​ឲ្យ​សាឡូម៉ូន​ដែរ។+

១៥ ស្ដេច​សាឡូម៉ូន​បាន​យក​មាស​ធ្វើ​ខែល​ធំ+ចំនួន​២០០ (​ខែល​ធំ​នីមួយ​ៗ​មាន​ធាតុ​មាស​ទម្ងន់​៦០០​ហ្សេគិល​)*+ ១៦ និង​ខែល​តូច*ពី​មាស​ចំនួន​៣០០ (​ខែល​តូច​នីមួយ​ៗ​មាន​ធាតុ​មាស​ទម្ងន់​បី​មិណា​)។* រួច​មក ស្ដេច​យក​ខែល​ទាំង​នោះ​ទៅ​ដាក់​ក្នុង​មន្ទីរ​ព្រៃ​លីបង់។+

១៧ ស្ដេច​ក៏​ធ្វើ​បល្ល័ង្ក​ដ៏​ធំ​មួយ​ពី​ភ្លុក ហើយ​ស្រោប​ដោយ​មាស​សុទ្ធ។+ ១៨ បល្ល័ង្ក​នោះ​មាន​ភ្នាក់ដៃ​សង​ខាង មាន​រូប​តោ​ពីរ+ឈរ​នៅ​សង​ខាង​ភ្នាក់ដៃ និង​មាន​កំណល់​ជើង​ធ្វើ​ពី​មាស​ដែល​នៅ​ជាប់​បល្ល័ង្ក ព្រម​ទាំង​មាន​ជណ្ដើរ​៦​កាំ​ចុះ​ពី​បល្ល័ង្ក។ ១៩ មាន​រូប​តោ​១២+ឈរ​អម​សង​ខាង​ជណ្ដើរ​ទាំង​៦​កាំ​នោះ គឺ​នៅ​កាំ​នីមួយ​ៗ​មាន​រូប​តោ​២។ គ្មាន​រាជាណាចក្រ​ណា​ទៀត​មាន​បល្ល័ង្ក​ដូច​នេះ​ឡើយ។ ២០ ឯ​ពែង​ទាំង​ប៉ុន្មាន​របស់​ស្ដេច​សាឡូម៉ូន គឺ​សុទ្ធតែ​ធ្វើ​ពី​មាស ហើយ​ប្រដាប់​ប្រដា​ក្នុង​មន្ទីរ​ព្រៃ​លីបង់ ក៏​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់​ដែរ។ គ្មាន​អ្វី​ធ្វើ​ពី​ប្រាក់​ឡើយ ព្រោះ​នៅ​គ្រា​សាឡូម៉ូន​គេ​មិន​ចាត់​ទុក​ប្រាក់​ថា​មាន​តម្លៃ​ទេ។+ ២១ ព្រោះ​ស្ដេច​មាន​សំពៅ​មួយ​ចំនួន ហើយ​ពួក​អ្នក​បម្រើ​ស្ដេច​ជិះ​សំពៅ​ទាំង​នោះ​ធ្វើ​ដំណើរ​ទៅ​តើស៊ីស+ជា​មួយ​នឹង​អ្នក​បម្រើ​របស់​ហ៊ីរ៉ាម។+ រៀង​រាល់​បី​ឆ្នាំ​ម្ដង ក្រុម​សំពៅ​តើស៊ីស​ត្រឡប់​មក​វិញ ដោយ​នាំ​យក​មាស​ប្រាក់ ភ្លុក+ ស្វា និង​ក្ងោក​មក​ផង។

២២ ស្ដេច​សាឡូម៉ូន​មាន​ទ្រព្យ​សម្បត្តិ​និង​ប្រាជ្ញា​លើស​អស់​ទាំង​ស្ដេច​នៅ​ផែនដី។+ ២៣ ស្ដេច​នា​នា​នៅ​ផែនដី​បាន​មក​ជួប​សាឡូម៉ូន ដើម្បី​ស្ដាប់​សម្ដី​របស់​គាត់​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ពី​ព្រះ​ពិត។+ ២៤ រៀង​រាល់​ឆ្នាំ ពួក​គេ​ម្នាក់​ៗ​ក៏​នាំ​យក​អំណោយ​មក​ជូន​ស្ដេច។ អំណោយ​ទាំង​នោះ​រួម​មាន​៖ គ្រឿង​មាស គ្រឿង​ប្រាក់ គ្រឿង​ចម្បាំង សម្លៀក​បំពាក់+ ប្រេង​ក្រអូប* សេះ និង​លា។ ២៥ សាឡូម៉ូន​មាន​ទ្រុង​៤.០០០ សម្រាប់​ដាក់​សេះ​ដែល​ទឹម​រទេះ​ចម្បាំង ហើយ​មាន​សេះ*១២.០០០​ក្បាល។+ គាត់​បាន​ទុក​មួយ​ចំនួន​នៅ​ក្រុង​យេរូសាឡិម និង​មួយ​ចំនួន​ទៀត​គាត់​បាន​ទុក​នៅ​ក្រុង​នា​នា​ដែល​សម្រាប់​ដាក់​រទេះ​ចម្បាំង។+ ២៦ សាឡូម៉ូន​បាន​គ្រប់​គ្រង​លើ​រាជាណាចក្រ​ទាំង​ប៉ុន្មាន ចាប់​ពី​ទន្លេ​អឺប្រាត​ទៅ​ដល់​ទឹក​ដី​របស់​ជន​ជាតិ​ភីលីស្ទីន ហើយ​រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​អេហ្ស៊ីប។+ ២៧ នៅ​សម័យ​សាឡូម៉ូន ក្រុង​យេរូសាឡិម​មាន​ប្រាក់​សម្បូរ​ហូរហៀរ​ដូច​ជា​ដុំ​ថ្ម ហើយ​មាន​ឈើ​ស៊ីដារ*ច្រើន​សន្ធឹក​ដូច​ជា​ដើម​ល្វា​ព្រៃ​នៅ​តំបន់​សេភីឡា។+ ២៨ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គេ​បាន​នាំ​យក​សេះ​ពី​ស្រុក​អេហ្ស៊ីប+និង​ស្រុក​នា​នា មក​ជូន​សាឡូម៉ូន។

២៩ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​សាឡូម៉ូន+បាន​ធ្វើ​ពី​ដើម​ដល់​ចប់ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​របស់​ណាថាន់+ជា​អ្នក​ប្រកាស​ទំនាយ ក្នុង​សៀវភៅ​ទំនាយ​របស់​អាហាយ៉ា+ជា​អ្នក​ក្រុង​ស៊ីឡូរ។ នោះ​ក៏​បាន​ត្រូវ​កត់​ក្នុង​សៀវភៅ​របស់​អ៊ីតដូ+ជា​អ្នក​មើល​ធ្លុះ។ គាត់​បាន​កត់​ត្រា​អ្វី​ដែល​គាត់​បាន​ឃើញ​ក្នុង​គំនិត​ស្ដី​អំពី​យេរ៉ូបោម+ជា​កូន​ណេបាត។ ៣០ សាឡូម៉ូន​បាន​គ្រប់​គ្រង​ក្នុង​ក្រុង​យេរូសាឡិម​លើ​ជន​ជាតិ​អ៊ីស្រាអែល អស់​រយៈ​ពេល​៤០​ឆ្នាំ។ ៣១ ក្រោយ​មក គាត់​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បុព្វ​បុរស​គាត់​នៅ​ក្រុង​របស់​ដាវីឌ​ជា​ឪពុក+ ហើយ​រេហូបោម​ជា​កូន​របស់​គាត់​បាន​ក្លាយ​ទៅ​ជា​ស្ដេច​បន្ទាប់​ពី​គាត់។+

១០ រេហូបោម​បាន​ទៅ​ឯ​ក្រុង​ស៊ីគឹម+ ព្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​បាន​មក​ដើម្បី​លើក​គាត់​ឲ្យ​ធ្វើ​ជា​ស្ដេច។+ ២ រីឯ​យេរ៉ូបោម+ជា​កូន​ណេបាត​វិញ ពេល​គាត់​បាន​ឮ​អំពី​រឿង​នេះ គាត់​ក៏​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប​ត្រឡប់​មក​វិញ (​ពេល​នោះ​គាត់​នៅ​ស្រុក​អេហ្ស៊ីប​នៅ​ឡើយ ព្រោះ​គាត់​បាន​រត់​គេច​ពី​ស្ដេច​សាឡូម៉ូន​)។+ ៣ បន្ទាប់​មក បណ្ដា​ជន​អ៊ីស្រាអែល​បាន​អញ្ជើញ​យេរ៉ូបោម​ឲ្យ​មក​ជួប​ពួក​គេ ហើយ​គាត់​និង​បណ្ដា​ជន​ទាំង​អស់​បាន​ទៅ​ជួប​ជុំ​គ្នា​នៅ​មុខ​រេហូបោម ហើយ​និយាយ​ថា​៖ ៤ ​«​ឪពុក​របស់​លោក​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​មក​លើ​យើង។+ ប៉ុន្តែ បើ​លោក​ធ្វើ​ឲ្យ​នឹម​ដ៏​ធ្ងន់​នោះ​ទៅ​ជា​ស្រាល​ជាង ហើយ​ធ្វើ​ឲ្យ​តម្រូវ​ការ​ដ៏​ច្រើន​របស់​ឪពុក​លោក​ទៅ​ជា​តិច​ជាង នោះ​យើង​នឹង​បម្រើ​លោក​»។

៥ ខណៈ​នោះ រេហូបោម​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​ចូរ​ទៅ​សិន​ចុះ ចាំ​បី​ថ្ងៃ​ទៀត​សឹម​ត្រឡប់​មក​ជួប​ខ្ញុំ​វិញ​»។ ដូច្នេះ បណ្ដា​ជន​ក៏​ចាក​ចេញ​ទៅ។+ ៦ បន្ទាប់​មក ស្ដេច​រេហូបោម​បាន​ប្រឹក្សា​ជា​មួយ​នឹង​ពួក​បុរស​ចាស់​ទុំ​ដែល​ធ្លាប់​បម្រើ​សាឡូម៉ូន​ជា​ឪពុក​កាល​ដែល​គាត់​នៅ​រស់។ រេហូបោម​បាន​សួរ​ពួក​គាត់​ថា​៖ ​«​តាម​យោបល់​អ្នក​រាល់​គ្នា តើ​ខ្ញុំ​គួរ​ឆ្លើយ​តប​នឹង​បណ្ដា​ជន​ទាំង​នេះ​យ៉ាង​ណា?​»។ ៧ ពួក​គាត់​បាន​ឆ្លើយ​ថា​៖ ​«​បើ​លោក​ធ្វើ​ល្អ​ចំពោះ​បណ្ដា​ជន​នេះ ហើយ​ព្រម​ធ្វើ​តាម​សំណូម​ពរ​របស់​ពួក​គេ នោះ​ពួក​គេ​នឹង​បម្រើ​លោក​រហូត​ត​ទៅ​»។

៨ ប៉ុន្តែ រេហូបោម​មិន​បាន​ធ្វើ​តាម​យោបល់​របស់​ពួក​បុរស​ចាស់​ទុំ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​សួរ​យោបល់​ពី​ពួក​បុរស​ដែល​ធំ​ឡើង​ជា​មួយ​គាត់ ហើយ​ពួក​គេ​ជា​អ្នក​បម្រើ​របស់​គាត់​ផ្ទាល់។+ ៩ ដំបូង គាត់​ប្រាប់​ថា​៖ ​«​ពួក​បណ្ដា​ជន​បាន​ស្នើ​មក​ខ្ញុំ​ថា​៖ ‹សូម​លោក​ធ្វើ​ឲ្យ​នឹម​ដែល​ឪពុក​លោក​បាន​ដាក់​មក​លើ​យើង​ទៅ​ជា​ស្រាល​ជាង›​»។ រួច​គាត់​ក៏​សួរ​អ្នក​បម្រើ​ទាំង​នោះ​ថា​៖ ​«​តាម​យោបល់​អ្នក​រាល់​គ្នា តើ​យើង​គួរ​ឆ្លើយ​តប​នឹង​ពួក​គេ​យ៉ាង​ណា?​»។ ១០ ដូច្នេះ ពួក​គេ​បាន​តប​ទៅ​គាត់​វិញ​ថា​៖ ​«​ចំពោះ​សម្ដី​របស់​ពួក​បណ្ដា​ជន​ដែល​ថា​៖ ‹ឪពុក​របស់​លោក​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​មក​លើ​យើង តែ​លោក​គួរ​ធ្វើ​ឲ្យ​នឹម​នោះ​ទៅ​ជា​ស្រាល​ជាង› លោក​គួរ​តប​ទៅ​វិញ​ថា​៖ ‹កូន​ដៃ​របស់​ខ្ញុំ​នឹង​ទៅ​ជា​ធំ​ជាង​ត្រគាក​របស់​ឪពុក​ខ្ញុំ។ ១១ ឪពុក​ខ្ញុំ​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​មក​លើ​អ្នក​រាល់​គ្នា តែ​ខ្ញុំ​នឹង​បន្ថែម​ទម្ងន់​ទៅ​លើ​នឹម​នោះ​ឲ្យ​កាន់​តែ​ធ្ងន់។ ឪពុក​ខ្ញុំ​បាន​ដាក់​ទោស​អ្នក​រាល់​គ្នា​ដោយ​ខ្សែ​តី តែ​ខ្ញុំ​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ដោយ​ខ្សែ​តី​មុត​ស្រួច​វិញ›​»។

១២ លុះ​ដល់​ថ្ងៃ​ទី​៣ យេរ៉ូបោម​និង​បណ្ដា​ជន​ទាំង​ឡាយ​បាន​ចូល​មក​ជួប​ស្ដេច​រេហូបោម ដូច​ដែល​ស្ដេច​បាន​បង្គាប់​ថា​៖ ​«​ចាំ​បី​ថ្ងៃ​ទៀត​សឹម​ត្រឡប់​មក​ជួប​ខ្ញុំ​វិញ​»។+ ១៣ ស្ដេច​មិន​បាន​ឆ្លើយ​តាម​យោបល់​របស់​ពួក​បុរស​ចាស់​ទុំ​ទេ តែ​បាន​ឆ្លើយ​តប​នឹង​បណ្ដា​ជន​យ៉ាង​តឹងរ៉ឹង​វិញ។ ១៤ គាត់​បាន​តប​ឆ្លើយ​ទៅ​បណ្ដា​ជន​តាម​យោបល់​របស់​ពួក​អ្នក​បម្រើ​គាត់​ដែល​មាន​អាយុ​ស្រករ​គ្នា​ថា​៖ ​«​ឪពុក​ខ្ញុំ​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​មក​លើ​អ្នក​រាល់​គ្នា តែ​ខ្ញុំ​នឹង​បន្ថែម​ទម្ងន់​ទៅ​លើ​នឹម​នោះ​ឲ្យ​កាន់​តែ​ធ្ងន់។ ឪពុក​ខ្ញុំ​បាន​ដាក់​ទោស​អ្នក​រាល់​គ្នា​ដោយ​ខ្សែ​តី តែ​ខ្ញុំ​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ដោយ​ខ្សែ​តី​មុត​ស្រួច​វិញ​»។ ១៥ ដូច្នេះ ស្ដេច​មិន​ព្រម​ស្ដាប់​តាម​បណ្ដា​ជន​ទេ ព្រោះ​ព្រះ​ពិត​បាន​បណ្ដាល​ឲ្យ​រឿង​នេះ​កើត​ឡើង+ ដើម្បី​ឲ្យ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ទៅ​កាន់​យេរ៉ូបោម​ជា​កូន​ណេបាត តាម​រយៈ​អាហាយ៉ា+ជា​អ្នក​ក្រុង​ស៊ីឡូរ បាន​ក្លាយ​ជា​ការ​ពិត។

១៦ ពេល​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​បាន​ឃើញ​ថា​ស្ដេច​មិន​ព្រម​ស្ដាប់​តាម​ពួក​គេ នោះ​ពួក​គេ​បាន​តប​ឆ្លើយ​ទៅ​ស្ដេច​ថា​៖ ​«​យើង​គ្មាន​អ្វី​ទាក់​ទង​នឹង​ដាវីឌ​ទេ យើង​ក៏​គ្មាន​ចំណែក​មត៌ក​អ្វី​រួម​ជា​មួយ​នឹង​កូន​របស់​អ៊ីសាយ​ដែរ។ ឱ​បណ្ដា​ជន​អ៊ីស្រាអែល​អើយ! ចូរ​ទៅ​តាម​ព្រះ​របស់​អ្នក​រាល់​គ្នា​រៀង​ខ្លួន​ទៅ។ ឱ​ដាវីឌ​អើយ!+ ចូរ​មើល​ថែ​ពូជ​ពង្ស​របស់​លោក​ដោយ​ខ្លួន​លោក​ចុះ​»។ រួច​មក បណ្ដា​ជន​អ៊ីស្រាអែល​ក៏​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួក​គេ​វិញ។+

១៧ ប៉ុន្តែ រេហូបោម​បាន​បន្ត​គ្រប់​គ្រង​លើ​បណ្ដា​ជន​អ៊ីស្រាអែល​ដែល​រស់​នៅ​ក្រុង​ផ្សេង​ៗ​ក្នុង​ទឹក​ដី​យូដា។+

១៨ ក្រោយ​មក ស្ដេច​រេហូបោម​បាន​ចាត់​ហាតដូរ៉ាម+ដែល​ជា​មេ​លើ​ពួក​កំណែន ឲ្យ​ទៅ​ជួប​កូន​ចៅ​អ៊ីស្រាអែល តែ​ពួក​គេ​បាន​យក​ថ្ម​គប់​សម្លាប់​គាត់​ចោល។ ស្ដេច​រេហូបោម​ក៏​ប្រញាប់​ប្រញាល់​ឡើង​ជិះ​រទេះ​គាត់​រត់​គេច​ទៅ​ក្រុង​យេរូសាឡិម​វិញ។+ ១៩ ចាប់​ពី​ពេល​នោះ​មក បណ្ដា​ជន​អ៊ីស្រាអែល​បាន​បះ​បោរ​ប្រឆាំង​នឹង​ពូជ​ពង្ស​របស់​ដាវីឌ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

១១ ពេល​រេហូបោម​បាន​មក​ដល់​ក្រុង​យេរូសាឡិម​វិញ ភ្លាម​នោះ​គាត់​បាន​ប្រមូល​ទាហាន​ដ៏​អង់អាច​ដែល​ពូកែ​ច្បាំង​ចំនួន​១៨០.០០០​នាក់​ពី​ពូជ​ពង្ស​យូដា​និង​ពូជ​ពង្ស​បេនយ៉ាមីន+ ដើម្បី​ទៅ​ច្បាំង​នឹង​ពូជ​ពង្ស​អ៊ីស្រាអែល ក្នុង​បំណង​ដណ្ដើម​រាជ្យ​ទាំង​មូល​មក​វិញ។+ ២ រួច​មក ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត​បាន​មាន​ប្រសាសន៍​ទៅ​កាន់​សិមម៉ាយ៉ា+ជា​តំណាង​លោក​ថា​៖ ៣ ​«​ចូរ​ទៅ​ប្រាប់​រេហូបោម​ជា​ស្ដេច​យូដា​ដែល​ជា​កូន​សាឡូម៉ូន ព្រម​ទាំង​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ដែល​មក​ពី​កុលសម្ព័ន្ធ​យូដា​និង​កុលសម្ព័ន្ធ​បេនយ៉ាមីន​ថា​៖ ៤ ‹ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​បង​ប្អូន​របស់​ខ្លួន​ទេ។ អ្នក​រាល់​គ្នា​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ ព្រោះ​ខ្ញុំ​ទេ​ជា​អ្នក​បណ្ដាល​ឲ្យ​រឿង​នេះ​កើត​ឡើង​»​›​»។+ ដូច្នេះ ពួក​គេ​បាន​ស្ដាប់​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា ដោយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​មិន​បាន​ទៅ​ច្បាំង​នឹង​យេរ៉ូបោម​ទេ។

៥ ឯ​រេហូបោម​វិញ គាត់​រស់​នៅ​ក្នុង​ក្រុង​យេរូសាឡិម ហើយ​គាត់​បាន​សង់​ក្រុង​ដ៏​រឹង​មាំ​មួយ​ចំនួន​នៅ​ក្នុង​ទឹក​ដី​យូដា ៦ គឺ​ក្រុង​បេថ្លេហិម+ ក្រុង​អេតាម ក្រុង​ថេកូអា+ ៧ ក្រុង​បេតស៊ើ ក្រុង​សូគរ+ ក្រុង​អាឌូឡាម+ ៨ ក្រុង​កាថ+ ក្រុង​ម៉ារីសារ ក្រុង​ស៊ីភ+ ៩ ក្រុង​អាដូរេម ក្រុង​ឡាគីស+ ក្រុង​អាសេកា+ ១០ ក្រុង​សូរ៉ា ក្រុង​អៃយ៉ាឡូន+ និង​ក្រុង​ហេប្រុន។+ ក្រុង​ទាំង​នោះ​ជា​ក្រុង​ដែល​មាន​កំពែង​រឹង​មាំ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​យូដា​និង​ទឹក​ដី​បេនយ៉ាមីន។ ១១ លើស​ពី​នេះ គាត់​បាន​ពង្រឹង​ក្រុង​ទាំង​នោះ ហើយ​ដាក់​អ្នក​ដឹក​នាំ​ខ្លះ​ឲ្យ​នៅ​ទី​នោះ។ គាត់​ក៏​ផ្គត់​ផ្គង់​ស្បៀង​អាហារ ប្រេង និង​ស្រា​ដល់​ពួក​គេ។ ១២ រេហូបោម​ក៏​បាន​ផ្ដល់​លំពែង​និង​ខែល​ធំ​ៗ​ដល់​អ្នក​ក្រុង​ទាំង​នោះ​ដើម្បី​ឲ្យ​ក្រុង​ទាំង​នោះ​ទៅ​ជា​ក្រុង​ខ្លាំង​ក្លា។ គ្រា​នោះ ទឹក​ដី​យូដា​និង​ទឹក​ដី​បេនយ៉ាមីន នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​គាត់។

១៣ ចំណែក​ពួក​សង្ឃ​និង​ពួក​លេវី ដែល​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​ទាំង​មូល ពួក​គេ​បាន​ចាក​ចេញ​ពី​ទឹក​ដី​របស់​ពួក​គេ​ដើម្បី​មក​គាំទ្រ​រេហូបោម។ ១៤ ពួក​លេវី​បាន​បោះ​បង់​ចោល​កេរ​អាករ​និង​វាល​ចិញ្ចឹម​សត្វ​របស់​ពួក​គេ+ ហើយ​ធ្វើ​ដំណើរ​មក​ស្រុក​យូដា​និង​ក្រុង​យេរូសាឡិម ព្រោះ​យេរ៉ូបោម​និង​កូន​ៗ​របស់​គាត់​បាន​បញ្ឈប់​ពួក​គេ​ពី​មុខ​ងារ​ជា​សង្ឃ​របស់​ព្រះ​យេហូវ៉ា។+ ១៥ ក្រោយ​មក យេរ៉ូបោម​បាន​តែង​តាំង​ឲ្យ​មាន​ពួក​សង្ឃ ដើម្បី​ឲ្យ​បម្រើ​នៅ​ទី​ខ្ពស់​ពិសិដ្ឋ+ និង​ដើម្បី​គោរព​បូជា​រូប​ពពែ​ឈ្មោល+ ព្រម​ទាំង​រូប​កូន​គោ​ដែល​គាត់​បាន​ធ្វើ។+ ១៦ ចំណែក​បណ្ដា​ជន​ពី​គ្រប់​កុលសម្ព័ន្ធ​នៃ​អ៊ីស្រាអែល​ដែល​តាំង​ចិត្ត​ស្វែង​រក​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ពួក​គេ​បាន​តាម​ពួក​លេវី​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ។+ ១៧ អស់​បី​ឆ្នាំ​ពួក​គេ​បាន​ពង្រឹង​រាជាណាចក្រ​យូដា ហើយ​បាន​គាំទ្រ​រេហូបោម​ជា​កូន​សាឡូម៉ូន ព្រោះ​ពួក​គេ​បាន​ដើរ​តាម​គន្លង​របស់​ដាវីឌ​និង​សាឡូម៉ូន​អស់​បី​ឆ្នាំ។

១៨ ក្រោយ​មក រេហូបោម​បាន​យក​ម៉ាហាឡាត​ធ្វើ​ជា​ប្រពន្ធ។ នាង​ជា​កូន​ស្រី​របស់​យេរីម៉ូត​ជា​កូន​ដាវីឌ។ ម្ដាយ​របស់​ម៉ាហាឡាត​ឈ្មោះ​អាបឺហេល ត្រូវ​ជា​កូន​ស្រី​របស់​អេលាប ហើយ​ត្រូវ​ជា​ចៅ​របស់​អ៊ីសាយ។+ ១៩ នាង​បង្កើត​បាន​កូន​ប្រុស​ៗ​គឺ យេអឺស សិមម៉ារៀ និង​សេហាំ។ ២០ រេហូបោម​ក៏​យក​ប្រពន្ធ​ម្នាក់​ទៀត​ឈ្មោះ​ម៉ាអាកា។ នាង​ជា​ចៅ​ស្រី​របស់​អាប់សាឡំ។+ ក្រោយ​មក នាង​បាន​បង្កើត​កូន​ឲ្យ​គាត់​គឺ អាប៊ីយ៉ា+ អាតថាយ សៀសា និង​សេឡូមីត។ ២១ រេហូបោម​ស្រឡាញ់​នាង​ម៉ាអាកា​ជា​ចៅ​ស្រី​អាប់សាឡំ ខ្លាំង​ជាង​ប្រពន្ធ​ឯ​ទៀត​របស់​គាត់។+ រេហូបោម​មាន​ប្រពន្ធ​១៨​នាក់ និង​ប្រពន្ធ​បន្ទាប់​៦០​នាក់។ គាត់​មាន​កូន​ប្រុស​២៨​នាក់ និង​កូន​ស្រី​៦០​នាក់។ ២២ រេហូបោម​បាន​តែង​តាំង​អាប៊ីយ៉ា​ជា​កូន​ម៉ាអាកា​ឲ្យ​ធ្វើ​ជា​មេ​លើ​បង​ប្អូន​គាត់​ទាំង​អស់ ព្រោះ​រេហូបោម​មាន​បំណង​តែង​តាំង​គាត់​ឲ្យ​ធ្វើ​ជា​ស្ដេច។ ២៣ ប៉ុន្តែ គាត់​បាន​ប្រព្រឹត្ត​ដោយ​ឈ្លាស​វៃ​ចំពោះ​កូន​ប្រុស​ៗ​ឯ​ទៀត​របស់​គាត់ ដោយ​ចាត់​ពួក​គេ​ឲ្យ​ទៅ​គ្រប់​គ្រង​នៅ​តំបន់​ផ្សេង​ៗ​ក្នុង​ទឹក​ដី​យូដា​និង​ទឹក​ដី​បេនយ៉ាមីន និង​ក្នុង​ក្រុង​នា​នា​ដែល​មាន​កំពែង​រឹង​មាំ។+ គាត់​ផ្គត់​ផ្គង់​ស្បៀងអាហារ​ដល់​ពួក​គេ​យ៉ាង​បរិបូរ ហើយ​រក​ប្រពន្ធ​ជា​ច្រើន​ឲ្យ​ពួក​គេ។

១២ ក្រោយ​ពី​រេហូបោម​បាន​តាំង​អំណាច​គ្រប់​គ្រង​យ៉ាង​រឹង​មាំ​ហើយ+ គាត់​បាន​ឈប់​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា។+ ឯ​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ក៏​តាម​គាត់​ដែរ។ ២ នៅ​ឆ្នាំ​ទី​៥​នៃ​រាជ្យ​រេហូបោម ស៊ីសាក់+ជា​ស្ដេច​ស្រុក​អេហ្ស៊ីប​បាន​ឡើង​មក​ច្បាំង​នឹង​ក្រុង​យេរូសាឡិម។ ការ​នេះ​បាន​កើត​ឡើង​ដោយ​សារ​ជន​ជាតិ​អ៊ីស្រាអែល​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។ ៣ ស៊ីសាក់​បាន​មក​ច្បាំង​ដោយ​មាន​រទេះ​ចម្បាំង​ចំនួន​១.២០០​គ្រឿង និង​ទ័ព​សេះ​ចំនួន​៦០.០០០​នាក់ រួម​ទាំង​កង​ទ័ព​អេហ្ស៊ីប​ជា​ច្រើន ព្រម​ទាំង​ទ័ព​លីប៊ី ទ័ព​ស៊ូគាម និង​ទ័ព​អេត្យូពី។+ ៤ គាត់​បាន​ចាប់​យក​ក្រុង​នា​នា​ក្នុង​ស្រុក​យូដា​ដែល​មាន​កំពែង​រឹង​មាំ ហើយ​ក្រោយ​មក​គាត់​ក៏​មក​ដល់​ក្រុង​យេរូសាឡិម។

៥ គ្រា​នោះ រេហូបោម​និង​ពួក​អ្នក​គ្រប់​គ្រង​ក្នុង​ស្រុក​យូដា​បាន​ជួប​ជុំ​គ្នា​នៅ​ក្រុង​យេរូសាឡិម ដោយ​ព្រោះ​តែ​ខ្លាច​ស៊ីសាក់។ ឯ​សិមម៉ាយ៉ា+ជា​អ្នក​ប្រកាស​ទំនាយ​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​ពួក​គេ​នៅ​ទី​នោះ ហើយ​គាត់​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ‹អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​ខ្ញុំ ដូច្នេះ ខ្ញុំ​ក៏​បោះ​បង់​ចោល​អ្នក​រាល់​គ្នា​ដែរ+ ហើយ​ខ្ញុំ​នឹង​ប្រគល់​អ្នក​រាល់​គ្នា​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស៊ីសាក់›​»។ ៦ ពេល​នោះ ស្ដេច​និង​ពួក​អ្នក​គ្រប់​គ្រង​ទាំង​នោះ​បាន​បន្ទាប​ខ្លួន+ ហើយ​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​គឺ​សុចរិត​»។ ៧ ពេល​ព្រះ​យេហូវ៉ា​ឃើញ​ពួក​គេ​បន្ទាប​ខ្លួន​ដូច្នោះ ព្រះ​យេហូវ៉ា​ក៏​ប្រាប់​សិមម៉ាយ៉ា​ថា​៖ ​«​ពួក​គេ​បាន​បន្ទាប​ខ្លួន​ហើយ ខ្ញុំ​នឹង​មិន​បំផ្លាញ​ពួក​គេ​ទេ។+ បន្តិច​ទៀត ខ្ញុំ​នឹង​សង្គ្រោះ​ពួក​គេ។ ខ្ញុំ​នឹង​មិន​បញ្ចេញ​កំហឹង​ទៅ​លើ​ក្រុង​យេរូសាឡិម តាម​រយៈ​ស៊ីសាក់​ឡើយ។ ៨ ប៉ុន្តែ ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​របស់​ស៊ីសាក់ ដើម្បី​ឲ្យ​ពួក​គេ​ដឹង​ថា​ការ​បម្រើ​ខ្ញុំ​និង​ការ​បម្រើ​ស្ដេច​នា​នា​នៅ​ស្រុក​ឯ​ទៀត គឺ​ខុស​គ្នា​យ៉ាង​ណា​»។

៩ ដូច្នេះ ស៊ីសាក់​ជា​ស្ដេច​ស្រុក​អេហ្ស៊ីប​បាន​ឡើង​ទៅ​ច្បាំង​នឹង​ក្រុង​យេរូសាឡិម។ គាត់​បាន​យក​របស់​របរ​មាន​តម្លៃ​ពី​វិហារ​របស់​ព្រះ​យេហូវ៉ា+ ហើយ​ក៏​បាន​យក​ទ្រព្យ​សម្បត្តិ​ពី​វិមាន​របស់​ស្ដេច​ដែរ។ ស៊ីសាក់​បាន​យក​អ្វី​ៗ​ទាំង​អស់ រួម​ទាំង​ខែល​មាស​ទាំង​ប៉ុន្មាន​ដែល​សាឡូម៉ូន​បាន​ធ្វើ។+ ១០ ដូច្នេះ ស្ដេច​រេហូបោម​បាន​ធ្វើ​ខែល​ស្ពាន់​ជំនួស​វិញ ហើយ​គាត់​បាន​ប្រគល់​ឲ្យ​ពួក​មេ​អ្នក​យាម​ខ្លោង​ទ្វារ​វិមាន​របស់​ស្ដេច មើល​ថែ​រក្សា។ ១១ កាល​ណា​ស្ដេច​ចូល​ទៅ​ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា អ្នក​យាម​នឹង​កាន់​ខែល​ទាំង​នោះ ក្រោយ​មក​ពួក​គេ​ទុក​ខែល​ទាំង​នោះ​ទៅ​ក្នុង​បន្ទប់​អ្នក​យាម​វិញ។ ១២ ដោយ​សារ​ស្ដេច​បាន​បន្ទាប​ខ្លួន នោះ​ព្រះ​យេហូវ៉ា​លែង​ខឹង​នឹង​គាត់+ ហើយ​លោក​មិន​បាន​បំផ្លាញ​ពួក​គេ​ទាំង​ស្រុង​ឡើយ។+ ម្យ៉ាង​ទៀត ដោយ​សារ​លោក​ឃើញ​មាន​សេចក្ដី​ល្អ​ខ្លះ​នៅ​ក្នុង​ស្រុក​យូដា។+

១៣ ស្ដេច​រេហូបោម​បាន​ពង្រឹង​អំណាច​គ្រប់​គ្រង​របស់​គាត់​នៅ​ក្រុង​យេរូសាឡិម។ រេហូបោម​បាន​ក្លាយ​ទៅ​ជា​ស្ដេច​ពេល​ដែល​គាត់​មាន​អាយុ​៤១​ឆ្នាំ ហើយ​គាត់​បាន​គ្រប់​គ្រង​អស់​រយៈ​ពេល​១៧​ឆ្នាំ​នៅ​ក្រុង​យេរូសាឡិម ជា​ក្រុង​ដែល​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​ពី​កុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​អ៊ីស្រាអែល ជា​កន្លែង​ដែល​តាំង​នាម​លោក។ ម្ដាយ​របស់​រេហូបោម​ឈ្មោះ​ណាអាម៉ា ជា​ជន​ជាតិ​អាំម៉ូន។+ ១៤ ប៉ុន្តែ រេហូបោម​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ព្រោះ​គាត់​មិន​បាន​តាំង​ចិត្ត​ស្វែង​រក​ព្រះ​យេហូវ៉ា​ទេ។+

១៥ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​រេហូបោម​បាន​ធ្វើ​តាំង​ពី​ដើម​ដល់​ចប់ បាន​ត្រូវ​សិមម៉ាយ៉ា+ជា​អ្នក​ប្រកាស​ទំនាយ និង​អ៊ីតដូ+ដែល​ជា​អ្នក​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ កត់​ត្រា​ទុក​ក្នុង​បញ្ជី​គ្រួសារ​អ៊ីស្រាអែល។ រេហូបោម​និង​យេរ៉ូបោម​តែង​តែ​ច្បាំង​គ្នា​ជា​និច្ច។+ ១៦ រួច​មក រេហូបោម​បាន​ស្លាប់ ហើយ​គេ​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បុព្វ​បុរស​គាត់​នៅ​ក្រុង​ដាវីឌ។+ ក្រោយ​មក អាប៊ីយ៉ា+ជា​កូន​របស់​គាត់​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។

១៣ ក្នុង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​យេរ៉ូបោម អាប៊ីយ៉ា​បាន​ក្លាយ​ទៅ​ជា​ស្ដេច​លើ​ស្រុក​យូដា។+ ២ អាប៊ីយ៉ា​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​បី​ឆ្នាំ។ ម្ដាយ​របស់​គាត់​ឈ្មោះ​មីកាយ៉ា+ជា​កូន​ស្រី​របស់​យូរាល ជា​អ្នក​ក្រុង​គីបៀ។+ គ្រា​នោះ មាន​ចម្បាំង​រវាង​អាប៊ីយ៉ា​និង​យេរ៉ូបោម។+

៣ អាប៊ីយ៉ា​បាន​នាំ​ទាហាន​ដ៏​ពូកែ​អង់អាច​ចំនួន​៤០០.០០០​នាក់ ទៅ​ប្រយុទ្ធ​នឹង​យេរ៉ូបោម។+ ឯ​យេរ៉ូបោម​ក៏​លើក​ទ័ព​៨០០.០០០​នាក់ ដែល​សុទ្ធតែ​ជា​ទាហាន​ដ៏​ពូកែ​អង់អាច ទៅ​ត​ទល់​នឹង​អាប៊ីយ៉ា។ ៤ អាប៊ីយ៉ា​បាន​ឈរ​លើ​ភ្នំ​សេម៉ារេម ដែល​នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម ហើយ​គាត់​និយាយ​ថា​៖ ​«​ឱ​យេរ៉ូបោម​និង​បណ្ដា​ជន​អ៊ីស្រាអែល​អើយ! ចូរ​ស្ដាប់​ចុះ។ ៥ ដូច​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល បាន​ឲ្យ​ដាវីឌ​និង​កូន​ចៅ​របស់​គាត់​មាន​អំណាច​គ្រប់​គ្រង​លើ​ស្រុក​អ៊ីស្រាអែល​ជា​រៀង​រហូត+ តាម​រយៈ​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​ស្ថិតស្ថេរ​ជា​ដរាប។*+ ៦ ប៉ុន្តែ យេរ៉ូបោម+ជា​កូន​ណេបាត ដែល​ជា​អ្នក​បម្រើ​របស់​សាឡូម៉ូន​កូន​ដាវីឌ បាន​បះ​បោរ​ប្រឆាំង​នឹង​ម្ចាស់​របស់​ខ្លួន។+ ៧ ឯ​មនុស្ស​ពាល​និង​មនុស្ស​មិន​បាន​ការ ពួក​គេ​បាន​ទៅ​ចូល​ដៃ​ជា​មួយ​គាត់។ ក្រុម​ពួក​គេ​ខ្លាំង​ជាង​រេហូបោម​ជា​កូន​សាឡូម៉ូន ព្រោះ​រេហូបោម​នៅ​វ័យ​ក្មេង​ខ្វះ​ចិត្ត​ក្លាហាន ហើយ​មិន​អាច​ត​ទល់​នឹង​ពួក​គេ​បាន​ទេ។

៨ ​«​ឥឡូវ​ដោយ​សារ​តែ​អ្នក​រាល់​គ្នា​មាន​ទ័ព​ច្រើន​សន្ធឹក និង​មាន​រូប​កូន​គោ​មាស​ដែល​យេរ៉ូបោម​បាន​ធ្វើ​ទុក​ជា​ព្រះ​សម្រាប់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​គិត​ថា​ខ្លួន​អាច​ប្រយុទ្ធ​ឈ្នះ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​ក្រោម​អំណាច​គ្រប់​គ្រង​របស់​កូន​ចៅ​ដាវីឌ​បាន។+ ៩ អ្នក​រាល់​គ្នា​បាន​បណ្ដេញ​ពួក​សង្ឃ​របស់​ព្រះ​យេហូវ៉ា+ ជា​កូន​ចៅ​អេរ៉ុន​និង​ពួក​លេវី ហើយ​បាន​ជ្រើស​រើស​ពួក​សង្ឃ​តាម​របៀប​ជន​ជាតិ​ដទៃ មែន​ទេ?+ អ្នក​ណា​ក៏​ដោយ​ដែល​នាំ​យក​គោ​ឈ្មោល​មួយ​ក្បាល និង​ចៀម​ឈ្មោល​៧​ក្បាល​មក នោះ​អ្នក​នឹង​តែង​តាំង​គេ​ឲ្យ​ធ្វើ​ជា​សង្ឃ​បម្រើ​អ្វី​ដែល​មិន​មែន​ជា​ព្រះ។ ១០ ចំណែក​យើង​វិញ យើង​មាន​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង+ ហើយ​យើង​មិន​បាន​បោះ​បង់​ចោល​លោក​ទេ។ យើង​មាន​ពួក​សង្ឃ​ជា​កូន​ចៅ​អេរ៉ុន​កំពុង​បម្រើ​ព្រះ​យេហូវ៉ា ហើយ​ក៏​មាន​ពួក​លេវី​ជួយ​កិច្ចការ​នោះ​ដែរ។ ១១ រៀង​រាល់​ព្រឹក​រៀង​រាល់​ល្ងាច ពួក​គេ​តែង​តែ​ជូន​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា+ ព្រម​ទាំង​ដុត​គ្រឿង​ក្រអូប​ជូន​លោក​ផង។+ ពួក​គេ​ក៏​ដាក់​នំ​ប៉័ង​តាំង​ទុក+នៅ​លើ​តុ​មាស​សុទ្ធ​ដែរ។ ពួក​គេ​អុជ​ចង្កៀង​ដាក់​លើ​ជើង​ចង្កៀង​មាស+រៀង​រាល់​ល្ងាច។+ យើង​ធ្វើ​ដូច្នេះ​ដោយ​សារ​យើង​យក​ចិត្ត​ទុក​ដាក់​បំពេញ​ភារកិច្ច​របស់​យើង​ជូន​ព្រះ​យេហូវ៉ា។ ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​លោក​ហើយ។ ១២ មើល! ព្រះ​ពិត​នៅ​ជា​មួយ​នឹង​យើង ហើយ​នាំ​មុខ​យើង ទាំង​មាន​ពួក​សង្ឃ​របស់​លោក​នៅ​ជា​មួយ​ដែរ។ ពួក​គេ​កំពុង​កាន់​ត្រែ​ដើម្បី​ផ្លុំ​ជា​សំឡេង​សញ្ញា​ត្រៀម​ច្បាំង​នឹង​អ្នក​រាល់​គ្នា​ហើយ។ ដូច្នេះ ឱ​បណ្ដា​ជន​អ៊ីស្រាអែល​អើយ! ចូរ​កុំ​ច្បាំង​នឹង​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​អ្នក​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​នឹង​មិន​ឈ្នះ​ទេ​»។+

១៣ ប៉ុន្តែ យេរ៉ូបោម​បាន​ចាត់​ទ័ព​ខ្លះ​របស់​គាត់​ឲ្យ​ទៅ​ត្រៀម​វាយ​ឆ្មក់​ពី​ក្រោយ​ទ័ព​យូដា។ ដូច្នេះ ទ័ព​អ៊ីស្រាអែល​មាន​នៅ​ខាង​មុខ​ទ័ព​យូដា​ផង​និង​ខាង​ក្រោយ​ផង។ ១៤ ពេល​ទ័ព​យូដា​ក្រឡេក​មើល​ទៅ ឃើញ​មាន​ទ័ព​អ៊ីស្រាអែល​ពី​ខាង​ក្រោយ​ផង​ពី​ខាង​មុខ​ផង ពួក​គេ​ក៏​ស្រែក​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។+ ដំណាល​គ្នា​នោះ ពួក​សង្ឃ​ផ្លុំ​ត្រែ​ឡើង​លាន់​ឮ​យ៉ាង​រំពង។ ១៥ ឯ​ទ័ព​យូដា​ក៏​បាន​បន្លឺ​សម្រែក​ចូល​ច្បាំង។ ពេល​នោះ ព្រះ​ពិត​បាន​វាយ​ប្រហារ​យេរ៉ូបោម​និង​ពួក​ទ័ព​អ៊ីស្រាអែល​ទាំង​អស់ នៅ​ចំពោះ​មុខ​អាប៊ីយ៉ា​និង​ទ័ព​យូដា។ ១៦ ដូច្នេះ ទ័ព​អ៊ីស្រាអែល​បាន​បាក់​ទ័ព​រត់​គេច​ពី​ទ័ព​យូដា​ទៅ។ យ៉ាង​នេះ ព្រះ​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​យូដា។ ១៧ អាប៊ីយ៉ា​និង​ទ័ព​របស់​គាត់​បាន​សម្លាប់​ទ័ព​អ៊ីស្រាអែល​ជា​ច្រើន អស់​ចំនួន​៥០០.០០០​នាក់ គឺ​សុទ្ធតែ​ជា​អ្នក​ពូកែ​ច្បាំង។ ១៨ នៅ​ពេល​នោះ​ពួក​អ៊ីស្រាអែល​បាន​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង ដោយ​សារ​ចាញ់​ចម្បាំង​នោះ។ ពួក​យូដា​ខ្លាំង​ជាង​ពួក​អ៊ីស្រាអែល ដោយ​សារ​ពួក​គេ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ។+ ១៩ អាប៊ីយ៉ា​ក៏​បាន​ដេញ​តាម​វាយ​ប្រហារ​យេរ៉ូបោម ហើយ​បាន​ដណ្ដើម​យក​ក្រុង​បេតអែល+និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំវិញ ក្រុង​យេសាណា​និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំវិញ ព្រម​ទាំង​ក្រុង​អេប្រាអ៊ីន+និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំវិញ។ ២០ នៅ​គ្រា​ដែល​អាប៊ីយ៉ា​គ្រប់​គ្រង យេរ៉ូបោម​លែង​មាន​អំណាច​ខ្លាំង​ក្លា​ដូច​មុន​ទៀត។ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ប្រហារ​យេរ៉ូបោម ហើយ​គាត់​ក៏​ស្លាប់​ទៅ។+

២១ ចំណែក​អាប៊ីយ៉ា​វិញ គាត់​កាន់​តែ​មាន​អំណាច​ខ្លាំង​ឡើង​ៗ។ គាត់​មាន​ប្រពន្ធ​១៤​នាក់+ មាន​កូន​ប្រុស​២២​នាក់ និង​កូន​ស្រី​១៦​នាក់។ ២២ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អាប៊ីយ៉ា​បាន​ធ្វើ រួម​ទាំង​ពាក្យ​សម្ដី​របស់​គាត់ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​កំណត់​ត្រា​របស់​អ៊ីតដូ​ជា​អ្នក​ប្រកាស​ទំនាយ។+

១៤ ក្រោយ​មក អាប៊ីយ៉ា​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បុព្វ​បុរស​គាត់​នៅ​ក្រុង​ដាវីឌ។+ រួច​មក អេសា​ជា​កូន​របស់​គាត់ ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។ នៅ​គ្រា​ដែល​គាត់​គ្រប់​គ្រង ស្រុក​មាន​សេចក្ដី​សុខ​សាន្ត​អស់​រយៈ​ពេល​១០​ឆ្នាំ។

២ អេសា​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់​ពេញ​ចិត្ត។ ៣ គាត់​បាន​បំផ្លាញ​ទី​បូជា​របស់​ព្រះ​នៃ​ជន​ជាតិ​ដទៃ+ ព្រម​ទាំង​ទី​ខ្ពស់​ពិសិដ្ឋ​នា​នា។ គាត់​ក៏​បំបាក់​បំបែក​បង្គោល​ថ្ម​ពិសិដ្ឋ*+ និង​កាប់​រំលំ​បង្គោល​ឈើ​ពិសិដ្ឋ*ដែរ។+ ៤ បន្ថែម​ទៅ​ទៀត គាត់​បាន​លើក​ទឹក​ចិត្ត​បណ្ដា​ជន​យូដា​ឲ្យ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ ហើយ​ឲ្យ​កាន់​តាម​ច្បាប់​និង​បញ្ញត្តិ​របស់​លោក។ ៥ គាត់​បាន​បំផ្លាញ​ចោល​ទី​ខ្ពស់​ពិសិដ្ឋ​និង​កន្លែង​ដុត​គ្រឿង​ក្រអូប អស់​ពី​ក្រុង​នា​នា​ក្នុង​ស្រុក​យូដា។+ រាជាណាចក្រ​របស់​គាត់​មាន​សេចក្ដី​សុខសាន្តត្រាណ។ ៦ ក្នុង​គ្រា​ដែល​គ្មាន​សង្គ្រាម គាត់​បាន​សង់​ក្រុង​នា​នា​ដ៏​រឹង​មាំ​ក្នុង​ស្រុក​យូដា+ ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ជួយ​ឲ្យ​មាន​សេចក្ដី​សុខសាន្តត្រាណ។+ ៧ គាត់​បាន​និយាយ​ទៅ​កាន់​បណ្ដា​ជន​យូដា​ថា​៖ ​«​ចូរ​ឲ្យ​យើង​សង់​ក្រុង​ទាំង​នេះ ហើយ​សង់​កំពែង​ព័ទ្ធ​ជុំវិញ ដោយ​មាន​ប៉ម+ ទ្វារ និង​រនុក​ផង។ ស្រុក​នេះ​ជា​របស់​យើង​ហើយ ព្រោះ​យើង​បាន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង ហើយ​លោក​បាន​ជួយ​យើង​ឲ្យ​មាន​សេចក្ដី​សុខសាន្តត្រាណ​»។ ម្ល៉ោះ​ហើយ ពួក​គេ​បាន​សាង​សង់​ក្រុង​ទាំង​នោះ​រួច​រាល់​ជា​ស្ថាពរ។+

៨ អេសា​មាន​ទ័ព​៣០០.០០០​នាក់​ពី​កុលសម្ព័ន្ធ​យូដា ពួក​គេ​ប្រដាប់​ដោយ​ខែល​ធំ​និង​លំពែង។ គាត់​ក៏​មាន​ទ័ព​២៨០.០០០​នាក់​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដែរ ពួក​គេ​សុទ្ធតែ​ជា​ទាហាន​ពូកែ​អង់អាច និង​ជា​អ្នក​កាន់​ខែល​តូច*និង​ធ្នូ។+

៩ ក្រោយ​មក សេរ៉ា​ជា​ជន​ជាតិ​អេត្យូពី​បាន​លើក​ទ័ព​១.០០០.០០០​នាក់ និង​រទេះ​ចម្បាំង​៣០០​គ្រឿង មក​ប្រយុទ្ធ​នឹង​ពួក​យូដា។+ ពេល​គាត់​មក​ដល់​ក្រុង​ម៉ារីសារ+ ១០ អេសា​ក៏​លើក​ទ័ព​ទៅ​ត​ទល់​នឹង​គាត់​វិញ ហើយ​ពួក​គេ​តម្រៀប​ទ័ព​នៅ​ជ្រលង​ភ្នំ​សេផាថា នៅ​ក្រុង​ម៉ារីសារ។ ១១ បន្ទាប់​មក អេសា​បាន​អង្វរ​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា+ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! ទោះ​ជា​យើង​ខ្លាំង*ឬ​ខ្សោយ​ក៏​ដោយ ក៏​លោក​អាច​ជួយ​យើង​យក​ឈ្នះ​បាន​ដែរ។+ ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​អើយ! សូម​ជួយ​យើង​ផង ព្រោះ​យើង​ទុក​ចិត្ត​លើ​លោក​ហើយ។+ យើង​ចេញ​ទៅ​ច្បាំង​នឹង​ពួក​គេ​ក្នុង​នាម​លោក។+ ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​អើយ! សូម​កុំ​ឲ្យ​មនុស្ស​ឈ្នះ​លោក​ឡើយ​»។+

១២ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ជួយ​អេសា​យក​ឈ្នះ​លើ​ពួក​អេត្យូពី ហើយ​ពួក​អេត្យូពី​បាន​បាក់​ទ័ព​រត់​ពី​ពួក​យូដា​ទៅ។+ ១៣ អេសា​និង​ទ័ព​យូដា​បាន​ដេញ​តាម​ពួក​អេត្យូពី រហូត​ដល់​តំបន់​ខេរ៉ា។+ ពួក​អេត្យូពី​បាន​ស្លាប់​ទាំង​អស់​គ្មាន​សល់ ព្រោះ​ព្រះ​យេហូវ៉ា​និង​កង​ទ័ព​របស់​លោក​បាន​បំផ្លាញ​ពួក​គេ។ ក្រោយ​មក ពួក​គេ​ប្រមូល​យក​របស់​របរ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។ ១៤ បន្ថែម​ទៅ​ទៀត ទ័ព​យូដា​បាន​ទៅ​វាយ​ប្រហារ​លើ​ក្រុង​នា​នា​នៅ​តំបន់​ខេរ៉ា ហើយ​ពួក​គេ​បាន​ឈ្នះ​ក្រុង​ទាំង​នោះ ដោយ​សារ​អ្នក​នៅ​ក្រុង​ទាំង​នោះ​ភ័យ​ខ្លាច​ព្រះ​យេហូវ៉ា​យ៉ាង​ខ្លាំង។ បន្ទាប់​មក ពួក​យូដា​បាន​ប្រមូល​យក​របស់​របរ​ជា​ច្រើន។ ១៥ ពួក​គេ​ក៏​វាយលុក​ជំរំ​របស់​ពួក​គង្វាល ហើយ​ចាប់​យក​សត្វ​ចៀម​និង​សត្វ​អូដ្ឋ​ជា​ច្រើន។ ក្រោយ​មក ពួក​យូដា​ក៏​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ។

១៥ នៅ​ថ្ងៃ​មួយ ឫទ្ធានុភាព​របស់​ព្រះ​បាន​ដឹក​នាំ​អាសារៀ​ជា​កូន​អូដេត ២ ឲ្យ​ទៅ​ជួប​អេសា ហើយ​និយាយ​ថា​៖ ​«​ឱ​អេសា ពួក​យូដា និង​ពួក​បេនយ៉ាមីន​អើយ! សូម​ស្ដាប់​ខ្ញុំ​ចុះ។ ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ដរាប​ណា​អ្នក​រាល់​គ្នា​នៅ​ជា​មួយ​នឹង​លោក។+ បើ​អ្នក​រាល់​គ្នា​ស្វែង​រក​លោក នោះ​លោក​នឹង​ឲ្យ​អ្នក​រាល់​គ្នា​រក​លោក​ឃើញ។+ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​លោក នោះ​លោក​ក៏​នឹង​បោះ​បង់​ចោល​អ្នក​រាល់​គ្នា​ដែរ។+ ៣ អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ ស្រុក​អ៊ីស្រាអែល​គ្មាន​ព្រះ​ពិត គ្មាន​ច្បាប់​របស់​លោក និង​គ្មាន​ពួក​សង្ឃ​សម្រាប់​បង្ហាត់​បង្រៀន​បណ្ដា​ជន​ទេ។+ ៤ ប៉ុន្តែ ពេល​ពួក​គេ​ជួប​ទុក្ខ​លំបាក ពួក​គេ​ត្រឡប់​មក​រក​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​វិញ។ ពួក​គេ​បាន​ស្វែង​រក​លោក ហើយ​លោក​បាន​ឲ្យ​ពួក​គេ​រក​លោក​ឃើញ។+ ៥ នៅ​គ្រា​នោះ គ្មាន​អ្នក​ណា​អាច​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព​ទេ ព្រោះ​មាន​ភាព​ចលាចល​ពេញ​ក្នុង​ស្រុក។ ៦ បណ្ដា​ជន*មួយ​បំផ្លាញ​បណ្ដា​ជន​មួយ ហើយ​ក្រុង​មួយ​បំផ្លាញ​ក្រុង​មួយ​ទៀត។ ព្រះ​បាន​បណ្ដាល​ឲ្យ​ពួក​គេ​ជួប​ទុក្ខ​លំបាក​សព្វ​បែប​យ៉ាង។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​មាន​ភាព​ចលាចល​បែប​នោះ។+ ៧ ប៉ុន្តែ ចំណែក​អ្នក​រាល់​គ្នា​វិញ ចូរ​រឹង​មាំ​ឡើង ហើយ​កុំ​ធ្លាក់​ទឹក​ចិត្ត​ឡើយ+ ព្រោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​ចំពោះ​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ជា​មិន​ខាន​»។

៨ ក្រោយ​ពី​អេសា​បាន​ស្ដាប់​ពាក្យ​ទាំង​នេះ​និង​ទំនាយ​របស់​អូដេត​ភ្លាម គាត់​ក៏​មាន​ចិត្ត​ក្លាហាន ហើយ​ចាត់​វិធានការ​បំផ្លាញ​រូប​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​ទាំង​អស់ ចេញ​ពី​ទឹក​ដី​យូដា+និង​ពី​ទឹក​ដី​បេនយ៉ាមីន ព្រម​ទាំង​ពី​ក្រុង​នា​នា​នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម​ដែល​គាត់​បាន​ដណ្ដើម​យក​ផង។ បន្ថែម​ទៅ​ទៀត គាត់​បាន​ជួស​ជុល​ទី​បូជា​របស់​ព្រះ​យេហូវ៉ា​ឡើង​វិញ គឺ​ទី​បូជា​ដែល​ស្ថិត​នៅ​ខាង​មុខ​សាល​វិហារ​របស់​ព្រះ​យេហូវ៉ា។+ ៩ អេសា​បាន​កោះ​ហៅ​បណ្ដា​ជន​ឲ្យ​មក​ជួប​ជុំ​គ្នា ក្នុង​នោះ​មាន​ពួក​យូដា ពួក​បេនយ៉ាមីន និង​ជន​ជាតិ​ដទៃ​ដែល​រស់​នៅ​ស្រុក​អ៊ីស្រាអែល។ ពួក​ជន​ជាតិ​ដទៃ​ទាំង​នេះ​ធ្វើ​ដំណើរ​មក​ពី​ទឹក​ដី​អេប្រាអ៊ីម ទឹក​ដី​ម៉ាណាសេ និង​ទឹក​ដី​ស៊ីម្មាន។+ ពួក​គេ​ជា​ច្រើន​នាក់​បាន​មក​ចុះ​ចូល​នឹង​អេសា ព្រោះ​ពួក​គេ​ឃើញ​ថា​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​គាត់។ ១០ ដូច្នេះ ពួក​គេ​ក៏​មក​ជួប​ជុំ​គ្នា​នៅ​ក្រុង​យេរូសាឡិម នា​ខែ​ទី​៣ ក្នុង​ឆ្នាំ​ទី​១៥​នៃ​រាជ្យ​អេសា។ ១១ នៅ​ពេល​នោះ ពួក​គេ​បាន​យក​គោ​៧០០​ក្បាល​និង​ចៀម​៧.០០០​ក្បាល ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា។ សត្វ​ទាំង​នោះ​ពួក​គេ​ចាប់​យក​បាន​ពេល​ឈ្នះ​ចម្បាំង។ ១២ ពួក​គេ​ក៏​ធ្វើ​កិច្ច​ព្រម​ព្រៀង​ដោយ​សន្យា​បម្រើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ យ៉ាង​អស់​ពី​កម្លាំង​កាយ*ចិត្ត។+ ១៣ បើ​អ្នក​ណា​ម្នាក់​មិន​បម្រើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល អ្នក​នោះ​ត្រូវ​ស្លាប់​ជា​មិន​ខាន ទោះ​ជា​អ្នក​តូច​ឬ​អ្នក​ធំ ជា​ប្រុស​ឬ​ស្រី​ក្ដី។+ ១៤ ដូច្នេះ ពួក​គេ​បាន​ស្បថ​នឹង​ព្រះ​យេហូវ៉ា​ដោយ​បន្លឺ​សំឡេង ដោយ​អរ​សប្បាយ ជា​មួយ​នឹង​សំឡេង​ផ្លុំ​ត្រែ​និង​ផ្លុំ​ស្នែង។ ១៥ ពួក​យូដា​ទាំង​អស់​ពេញ​ចិត្ត​ស្បថ​យ៉ាង​នោះ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ហើយ​បាន​ខំ​ព្យាយាម​ស្វែង​រក​ព្រះ​យេហូវ៉ា។ ម្ល៉ោះ​ហើយ លោក​បាន​ឲ្យ​ពួក​គេ​រក​លោក​ឃើញ។+ លោក​បន្ត​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខសាន្តត្រាណ​នៅ​គ្រប់​ទិស​ទី។+

១៦ ស្ដេច​អេសា​ក៏​បាន​ដក​ម៉ាអាកា+ជា​ជីដូន​របស់​គាត់ ចេញ​ពី​តំណែង​ជា​មាតា​ស្ដេច ដោយ​សារ​នាង​បាន​ធ្វើ​រូប​មួយ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម សម្រាប់​គោរព​បូជា​នៅ​ចំពោះ​បង្គោល​ឈើ។*+ អេសា​បាន​កាប់​បំផ្លាញ​រូប​នោះ ហើយ​កិន​កម្ទេច រួច​ដុត​នៅ​ជ្រលង​គីដ្រុន។+ ១៧ ប៉ុន្តែ គាត់​មិន​បាន​បំបាត់​ទី​ខ្ពស់​ពិសិដ្ឋ+ពី​ស្រុក​អ៊ីស្រាអែល​ទេ។+ ទោះ​ជា​ដូច្នោះ​ក៏​ដោយ អេសា​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​អស់​មួយ​ជីវិត។+ ១៨ បន្ថែម​ទៅ​ទៀត គាត់​បាន​យក​មាស​ប្រាក់ និង​ប្រដាប់​ប្រដា​ផ្សេង​ៗ ទៅ​ទុក​ក្នុង​វិហារ​របស់​ព្រះ​ពិត គឺ​ប្រដាប់​ប្រដា​ដែល​គាត់​និង​ឪពុក​របស់​គាត់​បាន​ញែក​ជា​បរិសុទ្ធ​សម្រាប់​ជូន​ព្រះ។+ ១៩ នៅ​គ្រា​នោះ ស្រុក​គ្មាន​សង្គ្រាម​ទេ រហូត​ដល់​ឆ្នាំ​ទី​៣៥​នៃ​រាជ្យ​អេសា។+

១៦ នៅ​ឆ្នាំ​ទី​៣៦​នៃ​រាជ្យ​អេសា បាអាសា+ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​ឡើង​មក​ច្បាំង​នឹង​ស្ដេច​ស្រុក​យូដា ហើយ​គាត់​ក៏​បាន​សង់*ក្រុង​រ៉ាម៉ា+ ដើម្បី​រា​រាំង​មិន​ឲ្យ​អ្នក​ណា​ចេញ​ឬ​ចូល​ទៅ​ខាង​អេសា​ស្ដេច​ស្រុក​យូដា​ឡើយ។+ ២ នៅ​គ្រា​នោះ អេសា​បាន​យក​មាស​ប្រាក់​ពី​ឃ្លាំង​វិហារ​របស់​ព្រះ​យេហូវ៉ា+ និង​ពី​ឃ្លាំង​វិមាន​របស់​ស្ដេច រួច​ចាត់​ពួក​អ្នក​បម្រើ​របស់​គាត់​ឲ្យ​យក​ទៅ​ជូន​បេនហាដាត​ជា​ស្ដេច​ស្រុក​ស៊ីរី+ ដែល​អាស្រ័យ​នៅ​ក្រុង​ដាម៉ាស់។ អេសា​បាន​និយាយ​ថា​៖ ៣ ​«​អ្នក​និង​ខ្ញុំ​មាន​កិច្ច​ព្រម​ព្រៀង​រួច​ហើយ ដូច​ឪពុក​អ្នក​និង​ឪពុក​ខ្ញុំ​ដែរ។ ខ្ញុំ​បាន​ផ្ញើ​មាស​ប្រាក់​ជា​អំណោយ​ដល់​អ្នក។ ដូច្នេះ សូម​ផ្ដាច់​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ស្ដេច​បាអាសា​ទៅ ដើម្បី​ឲ្យ​គាត់​ដក​ថយ​ចេញ​ពី​ខ្ញុំ​»។

៤ បេនហាដាត​ក៏​បាន​ធ្វើ​តាម​ស្ដេច​អេសា ហើយ​បាន​ចាត់​ពួក​មេ​ទ័ព​ឲ្យ​ទៅ​ច្បាំង​នឹង​បណ្ដា​ក្រុង​នៅ​ស្រុក​អ៊ីស្រាអែល។ ពួក​គេ​បាន​វាយ​ឈ្នះ​ក្រុង​អ៊ីយ៉ូន+ ក្រុង​ដាន់+ ក្រុង​អេបិលម៉េម និង​ក្រុង​ទាំង​អស់​ដែល​ជា​ឃ្លាំង​ក្នុង​ទឹក​ដី​ណែបថាលី។+ ៥ ពេល​បាអាសា​បាន​ឮ​ដំណឹង​នេះ ភ្លាម​នោះ​គាត់​ក៏​ឈប់​សង់​ក្រុង​រ៉ាម៉ា។ ៦ រួច​មក ស្ដេច​អេសា​បាន​ប្រមូល​ពួក​យូដា​ទាំង​អស់​ឲ្យ​មក​លី​ថ្ម​និង​ឈើ​ពី​ក្រុង​រ៉ាម៉ា+ដែល​បាអាសា​បាន​ប្រើ​ដើម្បី​សាង​សង់។+ ស្ដេច​អេសា​ក៏​បាន​យក​របស់​ទាំង​នោះ​ទៅ​សាង​សង់*ក្រុង​កេបា+និង​ក្រុង​មីសប៉ា។+

៧ នៅ​ពេល​នោះ ហាណាណៃ+ជា​អ្នក​មើល​ធ្លុះ​បាន​ទៅ​ជួប​អេសា​ជា​ស្ដេច​ស្រុក​យូដា ហើយ​ប្រាប់​គាត់​ថា​៖ ​«​ដោយ​សារ​អ្នក​បាន​ពឹង​ផ្អែក​លើ​ស្ដេច​ស្រុក​ស៊ីរី​ជា​ជាង​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នោះ​កង​ទ័ព​ស៊ីរី​បាន​រួច​ពី​កណ្ដាប់​ដៃ​អ្នក​ហើយ។+ ៨ នៅ​ចាំ​ទេ ពួក​អេត្យូពី​និង​ពួក​លីប៊ី​មាន​កង​ទ័ព​ដ៏​ធំ រួម​ទាំង​រទេះ​ចម្បាំង​និង​ទាហាន​សេះ​ជា​ច្រើន។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក ព្រោះ​អ្នក​បាន​ពឹង​ផ្អែក​លើ​លោក។+ ៩ ព្រោះ​ព្រះ​យេហូវ៉ា​មើល​ជុំវិញ​ផែនដី+ ហើយ​ប្រើ​កម្លាំង​របស់​លោក​ដើម្បី​ជួយ​អស់​អ្នក​ដែល​បម្រើ​លោក​ដោយ​ស្មោះ​អស់​ពី​ចិត្ត។+ នៅ​លើក​នេះ​អ្នក​បាន​ប្រព្រឹត្ត​ល្ងង់​ខ្លៅ​ណាស់ ដូច្នេះ ចាប់​ពី​ពេល​នេះ​ត​ទៅ ស្រុក​អ្នក​នឹង​មាន​សង្គ្រាម​ជា​និច្ច​»។+

១០ លុះ​ឮ​ដូច្នោះ អេសា​បាន​ខឹង​យ៉ាង​ខ្លាំង ហើយ​ក៏​បញ្ជា​គេ​ឲ្យ​ចាប់​ហាណាណៃ​ដាក់​គុក។ នៅ​គ្រា​នោះ អេសា​បាន​ធ្វើ​បាប​បណ្ដា​ជន​ទាំង​ឡាយ។ ១១ ឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អេសា​បាន​ធ្វើ​តាំង​ពី​ដើម​ដល់​ចប់ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នៃ​បណ្ដា​ស្ដេច​ស្រុក​យូដា​និង​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។+

១២ នៅ​ឆ្នាំ​ទី​៣៩​នៃ​រាជ្យ​អេសា គាត់​មាន​ជំងឺ​ធ្ងន់​ធ្ងរ​នៅ​ជើង។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គាត់​មិន​បាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ទេ តែ​បែរ​ជា​រក​ពួក​គ្រូ​ដើម្បី​ព្យាបាល​វិញ។ ១៣ ក្រោយ​មក អេសា​បាន​ស្លាប់+នៅ​ឆ្នាំ​ទី​៤១​នៃ​រាជ្យ​របស់​គាត់ ហើយ​គាត់​បាន​ត្រូវ​បញ្ចុះ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​គាត់។ ១៤ គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្នុង​ផ្នូរ​ប្រណីត​ដ៏​ធំ​មួយ​ដែល​គាត់​បាន​ឲ្យ​គេ​ដាប់​នៅ​ក្រុង​ដាវីឌ+ ហើយ​គេ​បាន​តម្កល់​សព​គាត់​នៅ​លើ​គ្រែ​ដែល​មាន​ពេញ​ដោយ​គ្រឿង​ក្រអូប​និង​ប្រេង​ក្រអូប។+ បន្ថែម​ទៅ​ទៀត គេ​បាន​ដុត​គ្រឿង​ក្រអូប​ជា​ច្រើន​នៅ​ក្នុង​ពិធី​បុណ្យ​សព​របស់​គាត់។

១៧ ក្រោយ​មក យេហូសាផាត+ជា​កូន​អេសា​ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់ ហើយ​គាត់​បាន​ពង្រឹង​អំណាច​គ្រប់​គ្រង​លើ​អ៊ីស្រាអែល។ ២ គាត់​បាន​ដាក់​ទ័ព​នៅ​ក្នុង​ក្រុង​ដ៏​រឹង​មាំ​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា ហើយ​គាត់​សង់​បន្ទាយ​នៅ​ស្រុក​នោះ​ដែរ។ គាត់​ក៏​សង់​បន្ទាយ​នៅ​ក្រុង​នា​នា​ក្នុង​ទឹក​ដី​អេប្រាអ៊ីម ដែល​អេសា​ដណ្ដើម​យក​បាន។+ ៣ ព្រះ​យេហូវ៉ា​តែង​តែ​នៅ​ជា​មួយ​នឹង​យេហូសាផាត ព្រោះ​គាត់​បាន​ដើរ​តាម​គន្លង​របស់​ដាវីឌ​ជា​បុព្វ​បុរស​របស់​គាត់+ ហើយ​មិន​បាន​ស្វែង​រក​ព្រះ​បាល​ទេ។ ៤ គាត់​ក៏​មិន​បាន​ធ្វើ​តាម​ការ​ប្រព្រឹត្ត​របស់​ពួក​អ៊ីស្រាអែល​ដែរ។+ ផ្ទុយ​ទៅ​វិញ គាត់​បាន​គោរព​ប្រណិប័តន៍​ព្រះ​របស់​ឪពុក​គាត់+ ហើយ​កាន់​តាម​បញ្ញត្តិ​របស់​លោក។ ៥ ព្រះ​យេហូវ៉ា​បាន​ពង្រឹង​អំណាច​គ្រប់​គ្រង​របស់​យេហូសាផាត​ឲ្យ​រឹង​មាំ។+ បណ្ដា​ជន​យូដា​ទាំង​អស់​តែង​តែ​យក​អំណោយ​មក​ជូន​គាត់។ យ៉ាង​នេះ គាត់​មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ និង​កិត្តិយស​រុង​រឿង។+ ៦ គាត់​មាន​ចិត្ត​មោះ​មុត​ដើរ​តាម​ផ្លូវ​របស់​ព្រះ​យេហូវ៉ា។ គាត់​បាន​បំផ្លាញ​ចោល​ទី​ខ្ពស់​ពិសិដ្ឋ+និង​បង្គោល​ឈើ​ពិសិដ្ឋ*+ ឲ្យ​អស់​ពី​ស្រុក​យូដា។

៧ នៅ​ឆ្នាំ​ទី​៣​នៃ​រាជ្យ​យេហូសាផាត គាត់​បាន​ចាត់​មន្ត្រី​មួយ​ចំនួន​ឲ្យ​ទៅ​បង្រៀន​បណ្ដា​ជន​ក្នុង​ក្រុង​នា​នា​នៅ​ស្រុក​យូដា។ មន្ត្រី​ទាំង​នោះ​មាន បេនហែល អូបាឌា សាការី នេថានេល និង​មីកាយ៉ា។ ៨ ពួក​សង្ឃ​ក៏​ទៅ​ជា​មួយ​ដែរ គឺ​អេលីសាម៉ា​និង​យេហូរ៉ាម ហើយ​ក៏​មាន​ពួក​លេវី​ដែរ ក្នុង​នោះ​មាន​សិមម៉ាយ៉ា នេថានៀ សេបបាឌា អាសាអែល សិមមីរ៉ាម៉ត យេហូណាថាន អាដូនីយ៉ា ថូបាយយ៉ា និង​ថូបេតដូណៃយ៉ា។+ ៩ ពួក​គេ​បាន​ទៅ​បង្រៀន​បណ្ដា​ជន​នៅ​ក្រុង​នា​នា​ពេញ​ក្នុង​ស្រុក​យូដា ដោយ​ប្រើ​សៀវភៅ​ច្បាប់​របស់​ព្រះ​យេហូវ៉ា។+

១០ ឯ​រាជាណាចក្រ​នា​នា​ដែល​នៅ​ជុំវិញ​ស្រុក​យូដា ពួក​គេ​ខ្លប​ខ្លាច​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់ ដូច្នេះ​ហើយ​បាន​ជា​ពួក​គេ​មិន​ហ៊ាន​មក​ច្បាំង​នឹង​យេហូសាផាត​ទេ។ ១១ ពួក​ភីលីស្ទីន​បាន​នាំ​យក​អំណោយ​មក​ជូន​យេហូសាផាត ព្រម​ទាំង​យក​ប្រាក់​មក​បង់​ជា​សួយ​អាករ​ផង។ ឯ​ពួក​អារ៉ាប់​បាន​នាំ​យក​ចៀម​ឈ្មោល​៧.៧០០​ក្បាល និង​ពពែ​ឈ្មោល​៧.៧០០​ក្បាល​មក​ជូន​គាត់​ដែរ។

១២ យេហូសាផាត​កាន់​តែ​មាន​អំណាច​រឹង​មាំ​ឡើង​ៗ។+ គាត់​បាន​សង់​បន្ទាយ​ផ្សេង​ៗ​ដ៏​រឹង​មាំ+ និង​ក្រុង​នា​នា​ទុក​ធ្វើ​ជា​ឃ្លាំង+ នៅ​ក្នុង​ស្រុក​យូដា។ ១៣ គាត់​បាន​សម្រេច​សមិទ្ធ​ផល​ធំ​ៗ​ក្នុង​បណ្ដា​ក្រុង​នៅ​ស្រុក​យូដា។ គាត់​ក៏​មាន​កង​ទ័ព​និង​ទាហាន​ដ៏​ពូកែ​អង់អាច​ជា​ច្រើន​នៅ​ក្រុង​យេរូសាឡិម​ដែរ។ ១៤ ពួក​ទាហាន​ទាំង​នោះ​បាន​ត្រូវ​បែង​ចែក​ជា​ក្រុម តាម​វង្ស​ត្រកូល​របស់​ពួក​គេ គឺ​ពី​វង្ស​ត្រកូល​យូដា មាន​ពួក​មេ​លើ​១.០០០​នាក់។ ក្នុង​នោះ​មាន​អេណា​ជា​មេ​ដឹក​នាំ​លើ​ទាហាន​ដ៏​ពូកែ​អង់អាច​ចំនួន​៣០០.០០០​នាក់។+ ១៥ បន្ទាប់​ពី​គាត់ មាន​យេហូហេណាន ហើយ​គាត់​ជា​មេ​លើ​ទាហាន​ដ៏​ពូកែ​អង់អាច​ចំនួន​២៨០.០០០​នាក់។ ១៦ ក្រោម​អេណា មាន​អាម៉ាស៊ា​ជា​កូន​ស៊ីកក្រាយ។ អាម៉ាស៊ា​តែង​ស្ម័គ្រ​ចិត្ត​បំពេញ​កិច្ច​បម្រើ​ជូន​ព្រះ​យេហូវ៉ា ហើយ​គាត់​ជា​មេ​លើ​ទាហាន​ដ៏​ពូកែ​អង់អាច​ចំនួន​២០០.០០០​នាក់។ ១៧ ពី​វង្ស​ត្រកូល​បេនយ៉ាមីន+ មាន​អេលាដា​ជា​ទាហាន​ដ៏​ពូកែ​អង់អាច។ នៅ​ក្រោម​គាត់​មាន​ទាហាន​២០០.០០០​នាក់ ដែល​សុទ្ធតែ​ជា​អ្នក​កាន់​ខែល​និង​ធ្នូ។+ ១៨ បន្ទាប់​ពី​គាត់ មាន​យេហូសាបាត​ជា​មេ​លើ​ទាហាន​១៨០.០០០​នាក់ ទាហាន​ទាំង​នោះ​សុទ្ធតែ​ជា​អ្នក​ដែល​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចូល​ច្បាំង។ ១៩ ពួក​បុរស​ទាំង​នេះ​សុទ្ធតែ​ជា​អ្នក​ចាំ​បម្រើ​ស្ដេច។ ស្ដេច​ក៏​បាន​ដាក់​ពួក​មេ​ទាហាន​ឯ​ទៀត ឲ្យ​ប្រចាំ​ការ​នៅ​ក្រុង​ដ៏​រឹង​មាំ​ទាំង​ប៉ុន្មាន​ទូ​ទាំង​ស្រុក​យូដា។+

១៨ ស្ដេច​យេហូសាផាត​មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ និង​កិត្តិយស​រុង​រឿង។+ ប៉ុន្តែ គាត់​បាន​ចង​សម្ព័ន្ធភាព​ជា​មួយ​នឹង​អាហាប់ តាម​រយៈ​ចំណង​អាពាហ៍​ពិពាហ៍។+ ២ លុះ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក យេហូសាផាត​បាន​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​អាហាប់​នៅ​ក្រុង​សាម៉ារី។+ ពេល​នោះ អាហាប់​បាន​សម្លាប់​ចៀម​និង​គោ​ជា​ច្រើន* ដើម្បី​ទទួល​យេហូសាផាត និង​អស់​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​គាត់។ ក្រោយ​មក អាហាប់​បាន​បបួល​យេហូសាផាត​ទៅ​ច្បាំង​នឹង​ក្រុង​រ៉ាម៉ូតគីលាត។+ ៣ អាហាប់​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​និយាយ​ទៅ​កាន់​យេហូសាផាត​ស្ដេច​ស្រុក​យូដា​ថា​៖ ​«​តើ​លោក​ព្រម​ទៅ​ច្បាំង​ជា​មួយ​ខ្ញុំ​នៅ​រ៉ាម៉ូតគីលាត​ទេ?​»។ យេហូសាផាត​បាន​តប​ទៅ​វិញ​ថា​៖ ​«​ខ្ញុំ​ក៏​ដូច​ជា​លោក ហើយ​រាស្ត្រ​ខ្ញុំ​ក៏​ដូច​ជា​រាស្ត្រ​របស់​លោក។ ខ្ញុំ​នឹង​ជួយ​លោក​ក្នុង​ចម្បាំង​នេះ​»។

៤ ប៉ុន្តែ យេហូសាផាត​បាន​និយាយ​ទៅ​កាន់​ស្ដេច​ស្រុក​អ៊ីស្រាអែល​ថា​៖ ​«​ដំបូង សូម​ឲ្យ​យើង​សួរ​ព្រះ​យេហូវ៉ា​សិន​»។+ ៥ ដូច្នេះ ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​អញ្ជើញ​អ្នក​ប្រកាស​ទំនាយ​៤០០​នាក់​ឲ្យ​មក​ជួប​ជុំ​គ្នា រួច​សួរ​ពួក​គេ​ថា​៖ ​«​តើ​ខ្ញុំ​គួរ​ទៅ​ច្បាំង​នៅ​ឯ​រ៉ាម៉ូតគីលាត ឬ​មិន​គួរ?​»។ ពួក​គេ​បាន​ឆ្លើយ​ថា​៖ ​«​សូម​លោក​ទៅ​ចុះ ព្រះ​ពិត​នឹង​ប្រគល់​ទឹក​ដី​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​លោក​»។

៦ បន្ទាប់​មក យេហូសាផាត​បាន​និយាយ​ថា​៖ ​«​តើ​នៅ​ទី​នេះ​មាន​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ?+ សូម​ឲ្យ​យើង​សួរ​គាត់​ដែរ​»។+ ៧ ពេល​នោះ ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​និយាយ​ទៅ​កាន់​យេហូសាផាត​ថា​៖ ​«​នៅ​មាន​បុរស​ម្នាក់​ទៀត+ ដែល​យើង​អាច​សួរ​ព្រះ​យេហូវ៉ា​តាម​រយៈ​គាត់។ ប៉ុន្តែ ខ្ញុំ​ស្អប់​គាត់​ណាស់ ព្រោះ​គាត់​មិន​ដែល​ប្រកាស​ទំនាយ​ល្អ​អំពី​ខ្ញុំ​ទេ គាត់​ប្រកាស​តែ​ទំនាយ​អាក្រក់​ប៉ុណ្ណោះ។+ គាត់​ឈ្មោះ​មីកាយ៉ា​ជា​កូន​អ៊ីមឡា​»។ ប៉ុន្តែ យេហូសាផាត​បាន​និយាយ​ទៅ​កាន់​ស្ដេច​ថា​៖ ​«​លោក​មិន​គួរ​និយាយ​ដូច្នេះ​ទេ​»។

៨ ដូច្នេះ ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​ហៅ​មន្ត្រី​ម្នាក់ រួច​បង្គាប់​ថា​៖ ​«​ចូរ​ទៅ​នាំ​មីកាយ៉ា​ជា​កូន​អ៊ីមឡា​ឲ្យ​មក​ជា​ប្រញាប់​»។+ ៩ ពេល​នោះ ស្ដេច​ស្រុក​អ៊ីស្រាអែល​និង​យេហូសាផាត​ជា​ស្ដេច​ស្រុក​យូដា​កំពុង​អង្គុយ​លើ​បល្ល័ង្ក​រៀង​ខ្លួន​ដោយ​ស្លៀក​សម្លៀក​បំពាក់​ស្ដេច។ ពួក​គាត់​នៅ​ទី​លាន​បញ្ជាន់​ស្រូវ ក្បែរ​ខ្លោង​ទ្វារ​ចូល​ក្រុង​សាម៉ារី ហើយ​ពួក​អ្នក​ប្រកាស​ទំនាយ​ទាំង​អស់​ដែល​នៅ​ទី​នោះ កំពុង​ប្រកាស​ទំនាយ​នៅ​ចំពោះ​មុខ​ស្ដេច។ ១០ បន្ទាប់​មក សេដេគា​ជា​កូន​កេនេអាណា បាន​ធ្វើ​ស្នែង​ដែក ហើយ​បាន​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ដោយ​ឧបករណ៍​ទាំង​នេះ​ស្ដេច​នឹង​វាយ​ប្រហារ​ពួក​ស៊ីរី​រហូត​ដល់​ពួក​គេ​វិនាស​អស់​ទៅ›​»។ ១១ ឯ​ពួក​អ្នក​ប្រកាស​ទំនាយ​ផ្សេង​ទៀត​ក៏​ប្រកាស​ស្រដៀង​នោះ​ដែរ ដោយ​ប្រាប់​ថា​៖ ​«​ចូរ​លោក​ឡើង​ទៅ​ឯ​រ៉ាម៉ូតគីលាត​ចុះ លោក​នឹង​ទទួល​ជ័យ​ជម្នះ​ជា​ពុំ​ខាន។+ ព្រះ​យេហូវ៉ា​នឹង​ប្រគល់​ទឹក​ដី​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​លោក​»។

១២ ពេល​នោះ អ្នក​នាំ​សារ​ដែល​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ហៅ​មីកាយ៉ា បាន​និយាយ​ទៅ​កាន់​គាត់​ថា​៖ ​«​មើល! ពួក​អ្នក​ប្រកាស​ទំនាយ​សុទ្ធតែ​និយាយ​រឿង​ល្អ​ៗ​ជម្រាប​ស្ដេច។ ដូច្នេះ សូម​អ្នក​និយាយ​រឿង​ល្អ​ជម្រាប​ស្ដេច​ដូច​ពួក​គេ​ចុះ​»។+ ១៣ ប៉ុន្តែ មីកាយ៉ា​បាន​តប​ទៅ​វិញ​ថា​៖ ​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​ថា បើ​លោក​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​យ៉ាង​ណា ខ្ញុំ​នឹង​ប្រាប់​យ៉ាង​នោះ​»។+ ១៤ រួច​មក គាត់​ក៏​ចូល​ទៅ​ជួប​ស្ដេច ហើយ​ស្ដេច​បាន​សួរ​គាត់​ថា​៖ ​«​មីកាយ៉ា តើ​យើង​គួរ​ទៅ​ច្បាំង​ដណ្ដើម​យក​រ៉ាម៉ូតគីលាត ឬ​មិន​គួរ?​»។ ភ្លាម​នោះ គាត់​ឆ្លើយ​តប​ថា​៖ ​«​សូម​លោក​ទៅ​ចុះ លោក​នឹង​ទទួល​ជ័យ​ជម្នះ។ ព្រះ​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​លោក​ពុំ​ខាន​»។ ១៥ ពេល​នោះ ស្ដេច​បាន​និយាយ​ទៅ​កាន់​គាត់​ថា​៖ ​«​តើ​ខ្ញុំ​ត្រូវ​ប្រាប់​អ្នក​ឲ្យ​ស្បថ​ប៉ុន្មាន​ដង​ទៀត​ថា អ្នក​ត្រូវ​ប្រាប់​ខ្ញុំ​តែ​ពាក្យ​ពិត​ក្នុង​នាម​ព្រះ​យេហូវ៉ា?​»។ ១៦ ដូច្នេះ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ឃើញ​ជន​ជាតិ​អ៊ីស្រាអែល​រត់​ខ្ចាត់​ខ្ចាយ​នៅ​លើ​ភ្នំ ប្រៀប​ដូច​ជា​ហ្វូង​ចៀម​គ្មាន​គង្វាល។+ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ‹ពួក​គេ​លែង​មាន​ម្ចាស់​ទៀត​ហើយ។ ចូរ​ឲ្យ​គ្រប់​គ្នា​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​ដោយ​សុខ​សាន្ត​ចុះ›​»។

១៧ រួច​មក ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​និយាយ​ទៅ​កាន់​យេហូសាផាត​ថា​៖ ​«​ដូច​ខ្ញុំ​បាន​ជម្រាប​លោក​ហើយ​ថា​៖ ‹គាត់​មិន​ប្រកាស​ទំនាយ​ល្អ​អំពី​ខ្ញុំ​ទេ ប្រកាស​តែ​ទំនាយ​អាក្រក់​ប៉ុណ្ណោះ›​»។+

១៨ រួច​មីកាយ៉ា​បាន​និយាយ​ថា​៖ ​«​ដូច្នេះ សូម​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។ ខ្ញុំ​បាន​ឃើញ​ព្រះ​យេហូវ៉ា​អង្គុយ​លើ​បល្ល័ង្ក​របស់​លោក+ ដោយ​មាន​បណ្ដា​កង​ទ័ព​ទាំង​អស់​នៅ​ស្ថាន​សួគ៌+ឈរ​នៅ​ខាង​ឆ្វេង​និង​ខាង​ស្ដាំ​លោក។+ ១៩ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ‹តើ​អ្នក​ណា​នឹង​ទៅ​បញ្ឆោត​អាហាប់​ឲ្យ​ឡើង​ទៅ​ច្បាំង​នៅ​ឯ​រ៉ាម៉ូតគីលាត ដើម្បី​ឲ្យ​គាត់​ស្លាប់​នៅ​ទី​នោះ?›។ មាន​ទេវតា​មួយ​ឆ្លើយ​យ៉ាង​នេះ ទេវតា​មួយ​ឆ្លើយ​យ៉ាង​នោះ។ ២០ រួច​មក មាន​ទេវតា​មួយ​រូប+ចេញ​មក​ឈរ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​និយាយ​ថា​៖ ‹ខ្ញុំ​នឹង​ទៅ​បញ្ឆោត​គាត់›។ ព្រះ​យេហូវ៉ា​បាន​សួរ​គាត់​វិញ​ថា​៖ ‹តើ​អ្នក​នឹង​បញ្ឆោត​គាត់​ដូច​ម្ដេច?›។ ២១ គាត់​បាន​ឆ្លើយ​ថា​៖ ‹ខ្ញុំ​នឹង​ទៅ​ដាក់​ពាក្យ​បញ្ឆោត​នៅ​ក្នុង​មាត់​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ទាំង​អស់›។ ដូច្នេះ ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​ទៅ​ធ្វើ​ដូច្នោះ​ចុះ អ្នក​នឹង​ធ្វើ​បាន​សម្រេច​មែន›។ ២២ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​បុគ្គល​វិញ្ញាណ​នោះ ទៅ​ធ្វើ​ឲ្យ​ពួក​អ្នក​ប្រកាស​ទំនាយ​ប្រាប់​ពាក្យ​កុហក​ដល់​លោក។+ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ប្រកាស​ថា​លោក​នឹង​ជួប​អន្តរាយ​មិន​ខាន​»។

២៣ ពេល​នោះ សេដេគា+ជា​កូន​កេនេអាណា បាន​ចូល​មក​ទះ​កំផ្លៀង​មីកាយ៉ា+ ដោយ​និយាយ​ថា​៖ ​«​តើ​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​បាន​ចេញ​ពី​ខ្ញុំ​តាម​ផ្លូវ​ណា ទៅ​និយាយ​ជា​មួយ​នឹង​អ្នក?​»។+ ២៤ មីកាយ៉ា​បាន​ឆ្លើយ​ថា​៖ ​«​មើល! អ្នក​នឹង​ដឹង​នៅ​ថ្ងៃ​ដែល​អ្នក​ចូល​ទៅ​ពួន​ក្នុង​បន្ទប់​ខាង​ក្នុង​បំផុត​»។ ២៥ រួច​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​និយាយ​ថា​៖ ​«​ចូរ​នាំ​មីកាយ៉ា​ទៅ​ប្រគល់​ឲ្យ​អេម៉ុន​ជា​អភិបាល​ក្រុង​និង​យ៉ូអាស​ជា​កូន​ស្ដេច​ទៅ។ ២៦ ចូរ​ប្រាប់​ពួក​គេ​ថា​៖ ‹ស្ដេច​បាន​បង្គាប់​ដូច្នេះ​ថា​៖ ​«​ចូរ​ឃុំ​បុរស​នេះ​ក្នុង​គុក+ ហើយ​ឲ្យ​នំ​ប៉័ង​និង​ទឹក​ដល់​គាត់​តែ​បន្តិចបន្តួច​បាន​ហើយ ចាំ​រហូត​ដល់​ខ្ញុំ​ត្រឡប់​មក​វិញ​ដោយ​សុខ​សាន្ត​»​›​»។ ២៧ ប៉ុន្តែ មីកាយ៉ា​បាន​និយាយ​ថា​៖ ​«​បើ​ស្ដេច​ត្រឡប់​មក​វិញ​ដោយ​សុខ​សាន្ត នោះ​ព្រះ​យេហូវ៉ា​មិន​បាន​មាន​ប្រសាសន៍​តាម​រយៈ​ខ្ញុំ​ទេ​»។+ រួច​គាត់​បន្ថែម​ថា​៖ ​«​សូម​បណ្ដា​ជន​ទាំង​ឡាយ​ចាំ​មើល​អំពី​រឿង​នេះ​ចុះ​»។

២៨ ដូច្នេះ ស្ដេច​ស្រុក​អ៊ីស្រាអែល​និង​យេហូសាផាត​ជា​ស្ដេច​ស្រុក​យូដា បាន​ឡើង​ទៅ​ឯ​រ៉ាម៉ូតគីលាត។+ ២៩ ពេល​នោះ ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​និយាយ​ទៅ​កាន់​យេហូសាផាត​ថា​៖ ​«​ខ្ញុំ​នឹង​បន្លំ​ខ្លួន​ចូល​ទៅ​ច្បាំង។ ចំណែក​លោក​វិញ សូម​លោក​ស្លៀក​សម្លៀក​បំពាក់​ស្ដេច​ចុះ​»។ ដូច្នេះ ស្ដេច​ស្រុក​អ៊ីស្រាអែល​ក៏​បន្លំ​ខ្លួន ហើយ​ចូល​ច្បាំង​ទៅ។ ៣០ រីឯ​ស្ដេច​ស្រុក​ស៊ីរី​វិញ គាត់​បាន​បង្គាប់​ពួក​មេ​ទ័ព​រទេះ​ចម្បាំង​របស់​គាត់​ថា​៖ ​«​កុំ​ប្រយុទ្ធ​នឹង​អ្នក​ណា​ឡើយ ទោះ​ជា​កូន​ទាហាន​ឬ​មេ​ទាហាន*ក្ដី។ ចូរ​ប្រយុទ្ធ​តែ​ជា​មួយ​ស្ដេច​ស្រុក​អ៊ីស្រាអែល​ប៉ុណ្ណោះ​»។ ៣១ ពេល​ដែល​ពួក​មេ​ទ័ព​រទេះ​ចម្បាំង​បាន​ឃើញ​យេហូសាផាត ភ្លាម​នោះ​ពួក​គេ​បាន​គិត​ថា​៖ ​«​នោះ​ច្បាស់​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ហើយ​»។ ដូច្នេះ ពួក​គេ​បាន​បែរ​ទៅ​ប្រយុទ្ធ​នឹង​យេហូសាផាត​វិញ ហើយ​យេហូសាផាត​បាន​ស្រែក​សុំ​ជំនួយ។+ ពេល​នោះ ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់ ហើយ​បង្វែរ​ពួក​សត្រូវ​ចេញ​ពី​គាត់​ភ្លាម។ ៣២ កាល​ដែល​ពួក​មេ​ទ័ព​រទេះ​ចម្បាំង​បាន​ឃើញ​ថា​អ្នក​ដែល​ពួក​គេ​កំពុង​តាម​មិន​មែន​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ទេ ភ្លាម​នោះ​ពួក​គេ​ក៏​ឈប់​ដេញ​តាម​ទៅ។

៣៣ ក្នុង​ចម្បាំង​នោះ មាន​ទាហាន​ម្នាក់​យឹត​ធ្នូ​បាញ់​ព្រាវ​ទៅ ក៏​ចំ​ស្ដេច​ស្រុក​អ៊ីស្រាអែល ត្រូវ​ត្រង់​ប្រឡោះ​អាវ​ក្រោះ​គាត់។ ដូច្នេះ ស្ដេច​បាន​និយាយ​ទៅ​កាន់​អ្នក​បរ​រទេះ​របស់​គាត់​ថា​៖ ​«​ចូរ​បក​ក្រោយ នាំ​ខ្ញុំ​ចេញ​ពី​ចម្បាំង​នេះ​ទៅ ព្រោះ​ខ្ញុំ​ត្រូវ​របួស​ធ្ងន់​ណាស់​»។+ ៣៤ ស្ថានភាព​ចម្បាំង​នៅ​ថ្ងៃ​នោះ​កាន់​តែ​ខ្លាំង​ឡើង​ៗ ហើយ​ស្ដេច​ឈរ​បែរ​មុខ​ទៅ​ពួក​ស៊ីរី ក្នុង​រទេះ​ចម្បាំង​ដោយ​មាន​អ្នក​គ្រាហ៍។ លុះ​ដល់​ថ្ងៃ​លិច​ស្ដេច​ក៏​ស្លាប់​ទៅ។+

១៩ ក្រោយ​មក យេហូសាផាត​ជា​ស្ដេច​ស្រុក​យូដា​បាន​ត្រឡប់+ទៅ​វិមាន​របស់​គាត់​នៅ​ក្រុង​យេរូសាឡិម​វិញ​ដោយ​សុវត្ថិភាព។ ២ គ្រា​នោះ យេហ៊ូ+ជា​កូន​ហាណាណៃ+ជា​អ្នក​ដែល​បាន​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ បាន​ទៅ​ជួប​ស្ដេច​យេហូសាផាត ហើយ​ប្រាប់​គាត់​ថា​៖ ​«​តើ​ជា​ការ​ត្រឹម​ត្រូវ​ទេ​ដែល​លោក​ទៅ​ជួយ​មនុស្ស​អាក្រក់+ ហើយ​ស្រឡាញ់​អ្នក​ដែល​ស្អប់​ព្រះ​យេហូវ៉ា?+ ការ​នេះ​បណ្ដាល​ឲ្យ​ព្រះ​យេហូវ៉ា​ខឹង​នឹង​លោក​ជា​ខ្លាំង។ ៣ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​បាន​ឃើញ​សេចក្ដី​ល្អ​ខ្លះ​នៅ​ក្នុង​លោក+ ព្រោះ​លោក​បាន​បំបាត់​ចោល​បង្គោល​ឈើ​ពិសិដ្ឋ*ចេញ​អស់​ពី​ក្នុង​ស្រុក ហើយ​លោក​បាន​តាំង​ចិត្ត​ស្វែង​រក​ព្រះ​ពិត​»។+

៤ យេហូសាផាត​បាន​បន្ត​ស្នាក់​នៅ​ក្នុង​ក្រុង​យេរូសាឡិម។ នៅ​ថ្ងៃ​មួយ គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​បណ្ដា​ជន​ចាប់​ពី​បៀរសេបា​រហូត​ដល់​តំបន់​ភ្នំ​អេប្រាអ៊ីម+ ដើម្បី​នាំ​ពួក​គេ​ឲ្យ​ត្រឡប់​មក​រក​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ​វិញ។+ ៥ គាត់​ក៏​បាន​តែង​តាំង​អ្នក​សម្រេច​ក្ដី​នៅ​ក្រុង​ដ៏​រឹង​មាំ​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា។+ ៦ គាត់​ក៏​ប្រាប់​ទៅ​ពួក​អ្នក​សម្រេច​ក្ដី​ទាំង​នោះ​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​វិនិច្ឆ័យ​ក្ដី​ដោយ​ប្រុង​ប្រយ័ត្ន ព្រោះ​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​មិន​មែន​វិនិច្ឆ័យ​តាង​នាម​មនុស្ស​ណា​ម្នាក់​ទេ តែ​តាង​នាម​ព្រះ​វិញ។+ ៧ ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​កោត​ខ្លាច​ព្រះ​យេហូវ៉ា។+ ចូរ​ប្រយ័ត្ន​ចំពោះ​ការ​ប្រព្រឹត្ត​របស់​អ្នក​រាល់​គ្នា ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង លោក​ប្រព្រឹត្ត​ដោយ​យុត្តិធម៌+ មិន​លម្អៀង+ ហើយ​មិន​ទទួល​សំណូក​ទេ​»។+

៨ នៅ​ក្រុង​យេរូសាឡិម យេហូសាផាត​តែង​តាំង​ពួក​សង្ឃ​និង​ពួក​លេវី​មួយ​ចំនួន ព្រម​ទាំង​ពួក​ប្រមុខ​លើ​វង្ស​ត្រកូល​នៃ​ជន​ជាតិ​អ៊ីស្រាអែល ឲ្យ​ធ្វើ​ជា​អ្នក​សម្រេច​ក្ដី​តាង​នាម​ព្រះ​យេហូវ៉ា និង​វិនិច្ឆ័យ​ក្ដី​ឲ្យ​បណ្ដា​ជន​ក្នុង​ក្រុង។+ ៩ គាត់​បាន​បង្គាប់​ពួក​គេ​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដោយ​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា ដោយ​ចិត្ត​ស្មោះ​ត្រង់​និង​អស់​ពី​ចិត្ត។ ១០ ពេល​ណា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ដែល​រស់​នៅ​ក្រុង​នានា យក​រឿង​ក្ដី​ដែល​ទាក់​ទង​នឹង​ឃាតកម្ម+ ឬ​ជម្លោះ​ស្ដី​អំពី​ច្បាប់ បញ្ញត្តិ ក្រឹត្យ​វិន័យ ឬ​ការ​វិនិច្ឆ័យ​ណា​មួយ អ្នក​រាល់​គ្នា​ត្រូវ​ព្រមាន​ពួក​គេ​កុំ​ឲ្យ​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះ​យេហូវ៉ា។ បើ​ពុំ​នោះ​ទេ លោក​នឹង​ខឹង​អ្នក​រាល់​គ្នា​និង​ពួក​គេ​ដែរ។ នេះ​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ ដើម្បី​កុំ​ឲ្យ​មាន​ទោស។ ១១ ឯ​អាម៉ារៀ​ជា​សង្ឃនាយក គាត់​ទទួល​ខុស​ត្រូវ​លើ​រឿង​រ៉ាវ​ដែល​ទាក់​ទង​នឹង​ព្រះ​យេហូវ៉ា។+ សេបបាឌា​ដែល​ជា​កូន​អ៊ីសម៉ាអែល គាត់​ជា​មេ​ដឹក​នាំ​ម្នាក់​លើ​ពូជ​ពង្ស​យូដា ហើយ​ទទួល​ខុស​ត្រូវ​លើ​រឿង​រ៉ាវ​ដែល​ទាក់​ទង​នឹង​ស្ដេច។ ចំណែក​ពួក​លេវី​វិញ ពួក​គេ​បំពេញ​មុខ​ងារ​ជា​មន្ត្រី។ ដូច្នេះ ចូរ​បំពេញ​ភារកិច្ច​ដោយ​ចិត្ត​ក្លាហាន​ចុះ។ សូម​ឲ្យ​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​អស់​អ្នក​ដែល​ប្រព្រឹត្ត​ត្រឹម​ត្រូវ​»។+

២០ លុះ​ក្រោយ​មក ពួក​ម៉ូអាប់+និង​ពួក​អាំម៉ូន+បាន​រួម​ដៃ​ជា​មួយ​ពួកអាម៉ូនីម* មក​ធ្វើ​ចម្បាំង​នឹង​យេហូសាផាត។ ២ ដូច្នេះ មាន​គេ​មក​ប្រាប់​យេហូសាផាត​ថា​៖ ​«​មាន​ទ័ព​មួយ​កង​យ៉ាង​ធំ​មក​ច្បាំង​នឹង​លោក​ហើយ។ ពួក​គេ​មក​ពី​តំបន់​ក្បែរ​សមុទ្រ*នៅ​ស្រុក​អេដំ+ ហើយ​ពួក​គេ​បាន​មក​ដល់​ហាសាសូនថេម៉ា គឺ​ក្រុង​អេនកេឌី​»។+ ៣ ក្រោយ​ពី​បាន​ឮ​ភ្លាម យេហូសាផាត​ក៏​បាន​ភ័យ​ខ្លាច ហើយ​តាំង​ចិត្ត​ស្វែង​រក​ព្រះ​យេហូវ៉ា+ ហើយ​ប្រកាស​ឲ្យ​មាន​ការ​តម​អាហារ​ពេញ​ក្នុង​ស្រុក​យូដា។ ៤ បន្ទាប់​មក បណ្ដា​ជន​យូដា​ទាំង​អស់​បាន​មក​ជួប​ជុំ​គ្នា ដើម្បី​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។+ ពួក​គេ​បាន​ធ្វើ​ដំណើរ​មក​ពី​ក្រុង​នា​នា​ក្នុង​ស្រុក​យូដា ដើម្បី​សុំ​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា។

៥ រួច​មក យេហូសាផាត​បាន​ក្រោក​ឈរ​ឡើង នៅ​មុខ​បណ្ដា​ជន​យូដា​ទាំង​នោះ​និង​អ្នក​ក្រុង​យេរូសាឡិម ក្នុង​វិហារ​ព្រះ​យេហូវ៉ា​ខាង​មុខ​ទី​ធ្លា​ថ្មី។ ៦ គាត់​បាន​និយាយ​ថា​៖

​«​ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​យើង​អើយ! លោក​ជា​ព្រះ​នៃ​ស្ថាន​សួគ៌។+ លោក​គ្រប់​គ្រង​លើ​រាជាណាចក្រ​ទាំង​អស់។+ លោក​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា ហើយ​គ្មាន​អ្នក​ណា​ម្នាក់​អាច​ត​ទល់​នឹង​លោក​បាន​ទេ។+ ៧ ឱ​ព្រះ​យើង​អើយ! លោក​បាន​បណ្ដេញ​ពួក​អ្នក​ដែល​រស់​នៅ​លើ​ទឹក​ដី​នេះ ចេញ​ពី​មុខ​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​លោក ហើយ​បាន​ឲ្យ​ទឹក​ដី​នេះ​ទុក​ជា​មត៌ក ដល់​កូន​ចៅ​អាប្រាហាំ​ជា​សម្លាញ់​លោក។+ ៨ រួច​មក រាស្ត្រ​លោក​បាន​អាស្រ័យ​នៅ​លើ​ទឹក​ដី​នេះ ហើយ​ពួក​គេ​បាន​សង់​ទី​បរិសុទ្ធ​មួយ​សម្រាប់​នាម​លោក+ ដោយ​និយាយ​ថា​៖ ៩ ‹បើ​យើង​ជួប​ទុក្ខ​វេទនា ទោះ​ជា​ដោយ​សារ​សង្គ្រាម ការ​ទទួល​ទណ្ឌកម្ម រោគ​រាត​ត្បាត ឬ​ការ​អត់​ឃ្លាន​ក៏​ដោយ សូម​ឲ្យ​យើង​ឈរ​នៅ​ចំពោះ​មុខ​លោក​ខាង​មុខ​វិហារ​នេះ (​ព្រោះ​វិហារ​នេះ​ជា​តំណាង​នាម​លោក​)+ ហើយ​ស្រែក​សុំ​ជំនួយ​ពី​លោក។ សូម​លោក​មេត្តា​ស្ដាប់ ហើយ​ជួយ​សង្គ្រោះ​យើង​ផង›។+ ១០ ឥឡូវ ពួក​អាំម៉ូន ពួក​ម៉ូអាប់ និង​ពួក​អ្នក​រស់​នៅ​តំបន់​ភ្នំ​សៀ+ បាន​មក​ប្រឆាំង​នឹង​យើង​ហើយ។ លោក​បាន​ហាម​ជន​ជាតិ​អ៊ីស្រាអែល មិន​ឲ្យ​យក​ទឹក​ដី​ពី​ពួក​អ្នក​ទាំង​នេះ​ក្នុង​កាល​ដែល​ពួក​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេហ្ស៊ីប។ ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​ក៏​ធ្វើ​តាម​បង្គាប់​លោក ហើយ​មិន​បាន​បំផ្លាញ​ពួក​គេ​ទេ។+ ១១ ឥឡូវ ពួក​គេ​ចង់​តប​ស្នង​យើង​ដោយ​មក​បណ្ដេញ​យើង​ចេញ​ពី​ទឹក​ដី ដែល​លោក​បាន​ឲ្យ​ដល់​យើង​ជា​មត៌ក។+ ១២ ឱ​ព្រះ​យើង​អើយ! សូម​លោក​មេត្តា​វិនិច្ឆ័យ​ទោស​ពួក​គេ​ផង។+ យើង​មិន​អាច​ត​ទល់​នឹង​កង​ទ័ព​ដ៏​ធំ​នេះ​បាន​ឡើយ។ យើង​មិន​ដឹង​ថា​គួរ​ធ្វើ​យ៉ាង​ណា​ទេ+ មាន​តែ​ពឹង​ផ្អែក​លើ​លោក​ប៉ុណ្ណោះ​»។+

១៣ ឯ​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​វិញ ពួក​គេ​ឈរ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ដោយ​មាន​ប្រពន្ធ​កូន*នៅ​ជា​មួយ​ដែរ។

១៤ ក្នុង​ពេល​ប្រជុំ​គ្នា​នោះ ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​ក៏​មក​សណ្ឋិត​លើ​យ៉ាហេសែល​ជា​កូន​សាការី សាការី​ជា​កូន​បេនណាយ៉ា បេនណាយ៉ា​ជា​កូន​យេអែល និង​យេអែល​ជា​កូន​ម៉ាថានៀ ម៉ាថានៀ​ជា​កូន​អេសាភ ដែល​មក​ពី​កុលសម្ព័ន្ធ​លេវី។ ១៥ ពេល​នោះ យ៉ាហេសែល​បាន​និយាយ​ថា​៖ ​«​ឱ​ស្ដេច​យេហូសាផាត បណ្ដា​ជន​យូដា​ទាំង​អស់ និង​អ្នក​ក្រុង​យេរូសាឡិម​អើយ ចូរ​ស្ដាប់​ចុះ! ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​អ្នក​រាល់​គ្នា​ថា​៖ ‹ចូរ​កុំ​ភ័យ​តក់​ស្លុត​ដោយ​សារ​តែ​កង​ទ័ព​ដ៏​ធំ​នេះ​ឡើយ ព្រោះ​នេះ​មិន​មែន​ជា​ចម្បាំង​របស់​អ្នក​រាល់​គ្នា​ទេ តែ​ជា​ចម្បាំង​របស់​ព្រះ​វិញ។+ ១៦ នៅ​ថ្ងៃ​ស្អែក ចូរ​ទៅ​ត​ទល់​នឹង​ពួក​គេ​ចុះ។ ពួកគេនឹងធ្វើ​ដំណើរ​មក​តាម​ផ្លូវ​ច្រក​ស៊ីស ហើយ​អ្នក​រាល់​គ្នា​នឹង​ជួប​ពួក​គេ​នៅ​ខាង​ចុង​ជ្រលង​ក្បែរ​តំបន់​ស្ងាត់​ជ្រងំ​យេរួល។ ១៧ អ្នក​រាល់​គ្នា​មិន​ចាំ​បាច់​ច្បាំង​ទេ គ្រាន់​តែ​តម្រៀប​គ្នា ឈរ​ស្ងៀម+ ហើយ​ចាំ​មើល​ព្រះ​យេហូវ៉ា​សង្គ្រោះ​អ្នក​រាល់​គ្នា​ចុះ។+ ឱ​បណ្ដា​ជន​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​អើយ! ចូរ​កុំ​ភ័យ​តក់​ស្លុត​ឡើយ។+ នៅ​ថ្ងៃ​ស្អែក ចូរ​ទៅ​ត​ទល់​នឹង​ពួក​គេ​ចុះ។ ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​រាល់​គ្នា​ជា​មិន​ខាន›​»។+

១៨ ភ្លាម​នោះ យេហូសាផាត​បាន​ឱន​កាយ​ក្រាប​ក្បាល​ដល់​ដី​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​បណ្ដា​ជន​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​ក៏​បាន​ធ្វើ​ដូច្នោះ​ដែរ ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ១៩ បន្ទាប់​មក ពួក​លេវី​ដែល​មក​ពី​វង្ស​ត្រកូល​កូហាត​និង​វង្ស​ត្រកូល​កូរ៉ា+ បាន​ក្រោក​ឡើង​បន្លឺ​សំឡេង​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។+

២០ លុះ​ស្អែក​ឡើង ពួក​គេ​បាន​ក្រោក​ពី​ព្រលឹម ហើយ​ធ្វើ​ដំណើរ​ទៅ​តំបន់​ស្ងាត់​ជ្រងំ​ក្បែរ​ក្រុង​ថេកូអា។+ មុន​ពេល​ពួក​គេ​ចេញ​ទៅ យេហូសាផាត​បាន​ឈរ​នៅ​មុខ​ពួក​គេ ហើយ​និយាយ​ថា​៖ ​«​ឱ​បណ្ដា​ជន​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​អើយ! សូម​ស្ដាប់​ខ្ញុំ។ ចូរ​មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​កាន់​ជំហរ​មាំ​មួន។* ចូរ​មាន​ជំនឿ​លើ​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​លោក​ចុះ+ ហើយ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​នឹង​សម្រេច​ទាំង​អស់​»។

២១ ក្រោយ​ពី​យេហូសាផាត​បាន​ពិគ្រោះ​គ្នា​ជា​មួយ​នឹង​បណ្ដា​ជន គាត់​ក៏​បាន​តែង​តាំង​អ្នក​ខ្លះ​ឲ្យ​ច្រៀង+សរសើរ​ព្រះ​យេហូវ៉ា។ ពួក​គេ​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​បរិសុទ្ធ ដើរ​នាំ​មុខ​កង​ទ័ព ហើយ​ច្រៀង​ថា​៖ ​«​ចូរ​អរគុណ​ព្រះ​យេហូវ៉ា ព្រោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិតស្ថេរ​ជា​រៀង​រហូត​»។+

២២ កាល​ដែល​ពួក​គេ​ចាប់​ផ្ដើម​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា​ដោយ​អំណរ លោក​បាន​ធ្វើ​ឲ្យ​ពួក​សត្រូវ​ដែល​មក​ឈ្លានពាន​ទឹក​ដី​យូដា វាយ​ប្រហារ​គ្នា​ឯង។ ពួក​គេ​ទាំង​នោះ​គឺ​ពួក​អាំម៉ូន ពួក​ម៉ូអាប់ និង​ពួក​អ្នក​រស់​នៅ​តំបន់​ភ្នំ​សៀ។+ ២៣ ដំបូង​ពួក​អាំម៉ូន​និង​ពួក​ម៉ូអាប់ បាន​ពួត​ដៃ​គ្នា​វាយ​ប្រហារ​ពួក​អ្នក​តំបន់​ភ្នំ​សៀ+ឲ្យ​ស្លាប់​អស់​គ្មាន​សល់។ រួច​មក ពួក​អាំម៉ូន​និង​ពួក​ម៉ូអាប់​ក៏​សម្លាប់​គ្នា​ឯង​ទៅ។+

២៤ ពេល​ពួក​យូដា​បាន​ទៅ​ដល់​ប៉ម​យាម​នៅ​តំបន់​ស្ងាត់​ជ្រងំ+ ពួក​គេ​មើល​ទៅ​ទី​តាំង​ទ័ព​សត្រូវ ឃើញ​សុទ្ធតែ​សាក​សព​ពេញ​ពាស​លើ​ដី+ គ្មាន​អ្នក​ណា​ម្នាក់​នៅ​រស់​ឡើយ។ ២៥ ដូច្នេះ យេហូសាផាត​និង​ទ័ព​របស់​គាត់​បាន​ចូល​ទៅ​ប្រមូល​យក​ជ័យ​ភណ្ឌ ហើយ​ដោះ​យក​សម្លៀក​បំពាក់​និង​របស់​របរ​មាន​តម្លៃ​ពី​សាក​សព។ របស់​ទាំង​នោះ​មាន​ច្រើន​ក្រៃ​លែង។+ ហេតុ​នេះ ពួក​គេ​បាន​ចំណាយ​ពេល​អស់​បី​ថ្ងៃ ទើប​អាច​ប្រមូល​យក​ទាំង​អស់​បាន។ ២៦ នៅ​ថ្ងៃ​ទី​៤ ពួក​គេ​បាន​ជួប​ជុំ​គ្នា​នៅ​ជ្រលង​បេរ៉ាកា។ នៅ​ទី​នោះ ពួក​គេ​បាន​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា។ ហេតុ​នេះ​ហើយ​គេ​បាន​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា​ជ្រលង​បេរ៉ាកា*+ រហូត​ដល់​សព្វ​ថ្ងៃ។

២៧ បន្ទាប់​មក យេហូសាផាត​បាន​នាំ​មុខ​ពួក​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​ដោយ​អរ​សប្បាយ ព្រោះ​ព្រះ​យេហូវ៉ា​បាន​ជួយ​ពួក​គេ​ឲ្យ​ទទួល​ជ័យ​ជម្នះ​លើ​ពួក​សត្រូវ។+ ២៨ ដូច្នេះ ពួក​គេ​ចូល​ក្នុង​ក្រុង​យេរូសាឡិម អម​ដោយ​សំឡេង​ពិណ+ ត្រែ+ និង​ឧបករណ៍​ភ្លេង​ផ្សេង​ទៀត ហើយ​ធ្វើ​ដំណើរ​តម្រង់​ទៅ​វិហារ​របស់​ព្រះ​យេហូវ៉ា។+ ២៩ រីឯ​រាជាណាចក្រ​ទាំង​ឡាយ​វិញ ពួក​គេ​បាន​ខ្លប​ខ្លាច​ព្រះ​យេហូវ៉ា​ជា​ខ្លាំង ក្រោយ​ពី​បាន​ឮ​ថា​លោក​បាន​ច្បាំង​នឹង​សត្រូវ​ជំនួស​ជន​ជាតិ​អ៊ីស្រាអែល។+ ៣០ ហេតុ​នេះ រាជាណាចក្រ​របស់​យេហូសាផាត​មាន​សន្តិភាព ហើយ​ព្រះ​បាន​ជួយ​គាត់​ឲ្យ​មាន​សេចក្ដី​សុខសាន្តត្រាណ​នៅ​គ្រប់​ទិស​ទី។+

៣១ យេហូសាផាត​បាន​បន្ត​គ្រប់​គ្រង​លើ​ស្រុក​យូដា។ គាត់​បាន​ក្លាយ​ទៅ​ជា​ស្ដេច​ពេល​គាត់​មាន​អាយុ​៣៥​ឆ្នាំ ហើយ​គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​២៥​ឆ្នាំ។ ម្ដាយ​របស់​គាត់​ឈ្មោះ​អាស៊ូបា​ជា​កូន​ស៊ីលហាយ។+ ៣២ គាត់​តែង​តែ​ដើរ​តាម​គន្លង​របស់​អេសា​ជា​ឪពុក​គាត់+ ឥត​ងាក​បែរ​ចេញ​ឡើយ។ គាត់​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។+ ៣៣ ប៉ុន្តែ គាត់​មិន​បាន​បំបាត់​ចោល​ទី​ខ្ពស់​ពិសិដ្ឋ​ទេ+ ហើយ​បណ្ដា​ជន​មិន​ទាន់​ត្រៀម​ចិត្ត​ស្វែង​រក​ព្រះ​នៃ​បុព្វបុរស​របស់​ពួក​គេ​ឡើយ។+

៣៤ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​យេហូសាផាត​បាន​ធ្វើ​តាំង​ពី​ដើម​ដល់​ចប់ យេហ៊ូ+ជា​កូន​ហាណាណៃ+បាន​កត់​ទុក​ក្នុង​សៀវភៅ​របស់​គាត់ ហើយ​នោះ​បាន​ត្រូវ​ដាក់​បញ្ចូល​ក្នុង​សៀវភៅ​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ៣៥ ក្រោយ​មក យេហូសាផាត​ជា​ស្ដេច​ស្រុក​យូដា​បាន​ចង​សម្ព័ន្ធភាព​ជា​មួយ​នឹង​អាហាស៊ីយ៉ា​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់។+ ៣៦ ពួក​គេ​បាន​រួម​គ្នា​ធ្វើ​សំពៅ​ទៅ​ស្រុក​តើស៊ីស។+ ពួក​គេ​បាន​ធ្វើ​សំពៅ​ទាំង​នោះ​នៅ​ក្រុង​អេស៊ានកេបឺ។+ ៣៧ ប៉ុន្តែ អេលាស៊ើរ​ជា​កូន​ដូអាវ៉ាហ៊ូ​ជា​អ្នក​ក្រុង​ម៉ារីសា បាន​ប្រកាស​ទុក​ជា​មុន​ទាស់​នឹង​យេហូសាផាត​ថា​៖ ​«​ដោយ​សារ​អ្នក​បាន​ចង​សម្ព័ន្ធមិត្ត​ជា​មួយ​នឹង​អាហាស៊ីយ៉ា នោះ​ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​កិច្ចការ​របស់​អ្នក​»។+ ដូច្នេះ សំពៅ​ទាំង​នោះ​បាន​ខូច+ ហើយ​ពួក​គេ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ស្រុក​តើស៊ីស​បាន​ទេ។

២១ ក្រោយ​មក យេហូសាផាត​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បុព្វ​បុរស​គាត់​នៅ​ក្រុង​ដាវីឌ។ រួច​មក យេហូរ៉ាម​ជា​កូន​ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។+ ២ យេហូរ៉ាម​មាន​ប្អូន​ប្រុស​ៗ​ដូច​ត​ទៅ​៖ អាសារៀ យេហែល សាកា​រី អាសារៀ មីកែល និង​សេផាធា។ ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​ជា​កូន​របស់​យេហូសាផាត​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ៣ យេហូសាផាត​បាន​ចែក​មាស​ប្រាក់ និង​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ឲ្យ​ពួក​គេ ព្រម​ទាំង​ឲ្យ​ពួក​គេ​គ្រប់​គ្រង​នៅ​ក្រុង​រឹង​មាំ​ទាំង​ឡាយ​ក្នុង​ស្រុក​យូដា។+ ប៉ុន្តែ គាត់​បាន​ប្រគល់​រាជាណាចក្រ​យូដា​ឲ្យ​យេហូរ៉ាម+គ្រប់​គ្រង​វិញ ព្រោះ​យេហូរ៉ាម​ជា​កូន​ច្បង។

៤ ពេល​យេហូរ៉ាម​ចាប់​ផ្ដើម​គ្រប់​គ្រង​លើ​រាជាណាចក្រ​យូដា គាត់​បាន​សម្លាប់​ប្អូន​ប្រុស​គាត់​ទាំង​អស់+ រួម​ទាំង​អភិបាល​ខ្លះ​ក្នុង​ស្រុក​អ៊ីស្រាអែល ដើម្បី​ពង្រឹង​អំណាច​របស់​គាត់។ ៥ យេហូរ៉ាម​បាន​ក្លាយ​ទៅ​ជា​ស្ដេច​ពេល​គាត់​មាន​អាយុ​៣២​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​៨​ឆ្នាំ។+ ៦ គាត់​បាន​ដើរ​តាម​គន្លង​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល+ដូច​ពូជ​ពង្ស​អាហាប់​ដែរ ដោយ​សារ​គាត់​បាន​រៀប​ការ​ជា​មួយ​នឹង​កូន​ស្រី​របស់​អាហាប់។+ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។ ៧ ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​បាន​បំផ្លាញ​ពូជ​ពង្ស​ដាវីឌ​ឲ្យ​សាប​សូន្យ​ទេ ដោយ​យល់​ដល់​កិច្ច​ព្រម​ព្រៀង​ដែល​លោក​បាន​ធ្វើ​ជា​មួយ​នឹង​ដាវីឌ+ ព្រោះ​លោក​បាន​សន្យា​ថា ពូជ​ពង្ស*របស់​គាត់​នឹង​គ្រប់​គ្រង​ជា​រៀង​រហូត។+

៨ ក្នុង​រាជ្យ​យេហូរ៉ាម ពួក​អេដំ​បាន​បះ​បោរ​ប្រឆាំង​នឹង​ពួក​យូដា+ ហើយ​ពួក​គេ​បាន​តែង​តាំង​ស្ដេច​ឲ្យ​គ្រប់​គ្រង​លើ​ពួក​គេ។+ ៩ ដូច្នេះ យេហូរ៉ាម​និង​ពួក​មេ​ទ័ព​ទាំង​អស់​បាន​ធ្វើ​ដំណើរ​ទៅ​បង្ក្រាប​ពួក​អេដំ។ រួច​គាត់​បាន​ក្រោក​ឡើង​ទាំង​យប់ ទៅ​វាយ​ប្រហារ​ពួក​អេដំ​ដែល​មក​ឡោម​ព័ទ្ធ​គាត់​និង​ពួក​មេ​ទ័ព​រទេះ​ចម្បាំង ដោយ​ទទួល​ជ័យ​ជម្នះ។ ១០ ប៉ុន្តែ ពួក​អេដំ​នៅ​តែ​បះ​បោរ​ប្រឆាំង​នឹង​ពួក​យូដា​រហូត​មក​ដល់​សព្វ​ថ្ងៃ។ នៅ​គ្រា​នោះ ក្រុង​លិបណា+ក៏​បាន​បះ​បោរ​ប្រឆាំង​នឹង​ស្ដេច​យេហូរ៉ាម​ដែរ។ នោះ​បាន​កើត​ឡើង​ដោយ​សារ​តែ​យេហូរ៉ាម​បាន​លះ​ចោល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​គាត់។+ ១១ គាត់​ក៏​បាន​ធ្វើ​ទី​ខ្ពស់​ពិសិដ្ឋ+នៅ​លើ​ភ្នំ​នា​នា​ក្នុង​ស្រុក​យូដា ដែល​នាំ​ឲ្យ​អ្នក​ក្រុង​យេរូសាឡិម​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​នឹង​ព្រះ* ហើយ​នាំ​ឲ្យ​បណ្ដា​ជន​យូដា​បែរ​ចេញ​ពី​លោក។

១២ ក្រោយ​មក អេលីយ៉ា+ជា​អ្នក​ប្រកាស​ទំនាយ​បាន​ផ្ញើ​សារ​ទៅ​យេហូរ៉ាម។ សារ​នោះ​មាន​សេចក្ដី​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ដាវីឌ​ជា​បុព្វ​បុរស​របស់​អ្នក លោក​មាន​ប្រសាសន៍​ថា​៖ ‹អ្នក​មិន​បាន​ដើរ​តាម​គន្លង​របស់​យេហូសាផាត+ជា​ឪពុក​របស់​អ្នក ឬ​តាម​គន្លង​របស់​អេសា+ជា​ស្ដេច​ស្រុក​យូដា​ឡើយ។ ១៣ ប៉ុន្តែ អ្នក​បាន​ដើរ​តាម​គន្លង​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល​វិញ+ ហើយ​បាន​ធ្វើ​ឲ្យ​បណ្ដា​ជន​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​នឹង​ព្រះ* ដោយ​គោរព​បូជា​ដល់​ព្រះ​មិន​ពិត+តាម​ពូជ​ពង្ស​របស់​អាហាប់។+ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ក៏​បាន​សម្លាប់​ប្អូន​ប្រុស​ៗ​របស់​អ្នក+ ដែល​ជា​មនុស្ស​ប្រសើរ​ជាង​អ្នក។ ១៤ ហេតុ​នេះ ព្រះ​យេហូវ៉ា​នឹង​វាយ​ប្រហារ​រាស្ត្រ​របស់​អ្នក ប្រពន្ធ​កូន​អ្នក ព្រម​ទាំង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ទាំង​អស់​ផង​ដែរ។ ១៥ ឯ​ចំណែក​អ្នក​វិញ អ្នក​នឹង​រង​ទុក្ខ​ដោយ​ជំងឺ​ជា​ច្រើន រួម​ទាំង​ជំងឺ​ពោះ​វៀន​ផង។ អ្នក​នឹង​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​ដោយ​សារ​ជំងឺ​នោះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រហូត​ដល់​ពោះ​វៀន​ចេញ​មក​ក្រៅ›​»។

១៦ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ+ជន​ជាតិ​ភីលីស្ទីន+ និង​ជន​ជាតិ​អារ៉ាប់+ដែល​នៅ​ក្បែរ​ជន​ជាតិ​អេត្យូពី ប្រឆាំង​នឹង​យេហូរ៉ាម។ ១៧ ដូច្នេះ ពួក​គេ​បាន​មក​ឈ្លានពាន​ទឹក​ដី​យូដា ហើយ​ប្រមូល​យក​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ពី​វិមាន​ស្ដេច+ ព្រម​ទាំង​ចាប់​ប្រពន្ធ​កូន​ទាំង​អស់​របស់​យេហូរ៉ាម​យក​ទៅ​ជា​មួយ​ដែរ ទុក​ឲ្យ​នៅ​សល់​តែ​យេហូអាហាស*+ជា​កូន​ពៅ​ប៉ុណ្ណោះ។ ១៨ ក្រោយ​ពី​រឿង​ទាំង​នោះ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​គាត់​រង​ទុក្ខ​វេទនា​ដោយ​ជំងឺ​ពោះ​វៀន​ដែល​មិន​អាច​ព្យាបាល​បាន។+ ១៩ លុះ​ពីរ​ឆ្នាំ​ក្រោយ​មក ពោះ​វៀន​គាត់​ធ្លាយ​ចេញ​មក​ក្រៅ ដោយ​សារ​ជំងឺ​នោះ​មាន​សភាព​ធ្ងន់​ធ្ងរ ហើយ​គាត់​ក៏​ស្លាប់​ទៅ​ទាំង​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ ប្រជារាស្ត្រ​របស់​គាត់​មិន​បាន​ធ្វើ​ពិធី​ដុត​គ្រឿង​ក្រអូប​សម្រាប់​គាត់ ដូច​ជា​បាន​ធ្វើ​សម្រាប់​បុព្វ​បុរស​របស់​គាត់​នោះ​ទេ។+ ២០ ពេល​គាត់​បាន​ក្លាយ​ទៅ​ជា​ស្ដេច​គាត់​មាន​អាយុ​៣២​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​៨​ឆ្នាំ។ ពេល​គាត់​ស្លាប់​គ្មាន​អ្នក​ណា​ម្នាក់​ស្ដាយ​ស្រណោះ​គាត់​ឡើយ។ គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្រុង​ដាវីឌ+ តែ​មិន​មែន​នៅ​ទី​បញ្ចុះ​សព​របស់​បណ្ដា​ស្ដេច​ទេ។+

២២ បន្ទាប់​មក ពួក​អ្នក​ក្រុង​យេរូសាឡិម​បាន​លើក​អាហាស៊ីយ៉ា​ជា​កូន​ពៅ​យេហូរ៉ាម ឲ្យ​ឡើង​ធ្វើ​ជា​ស្ដេច​គ្រប់​គ្រង​លើ​ស្រុក​យូដា។ ពេល​មុន ជន​ជាតិ​អារ៉ាប់​បាន​ចូល​មក​វាយលុក​ស្រុក​យូដា ហើយ​ក្រុម​ចោរ​ប្លន់​ដែល​មក​ជា​មួយ​នឹង​ពួក​គេ បាន​សម្លាប់​បង​ៗ​របស់​អាហាស៊ីយ៉ា​ទាំង​អស់។+ ហេតុ​នេះ​ហើយ​បាន​ជា​គេ​លើក​អាហាស៊ីយ៉ា​ឲ្យ​ធ្វើ​ជា​ស្ដេច។+ ២ ពេល​អាហាស៊ីយ៉ា​បាន​ក្លាយ​ជា​ស្ដេច​គាត់​មាន​អាយុ​២២​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​បាន​មួយ​ឆ្នាំ។ ម្ដាយ​របស់​គាត់​ឈ្មោះ​អាថាលៀ+ជា​ចៅ​របស់​អំរី។+

៣ គាត់​បាន​ដើរ​តាម​គន្លង​ពូជ​ពង្ស​របស់​អាហាប់+ ដោយ​សារ​ម្ដាយ​របស់​គាត់​ជា​អ្នក​ផ្ដល់​គំនិត​ឲ្យ​គាត់​ធ្វើ​អំពើ​អាក្រក់។ ៤ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ដូច​ពូជ​ពង្ស​អាហាប់​បាន​ប្រព្រឹត្ត​ដែរ ព្រោះ​ក្រោយ​ពេល​ឪពុក​គាត់​ស្លាប់ ពួក​អ្នក​ទាំង​នោះ​ជា​ទី​ប្រឹក្សា​គាត់។ ជា​លទ្ធផល គាត់​បាន​ទទួល​សេចក្ដី​ហិន​វិនាស។ ៥ អាហាស៊ីយ៉ា​បាន​ធ្វើ​តាម​ឱវាទ​របស់​ទី​ប្រឹក្សា​គាត់ ហើយ​ទៅ​ជា​មួយ​នឹង​យេហូរ៉ាម​ជា​កូន​អាហាប់​ស្ដេច​ស្រុក​អ៊ីស្រាអែល ដើម្បី​ធ្វើ​ចម្បាំង​នឹង​ហាសេអែល+ស្ដេច​ស្រុក​ស៊ីរី​នៅ​ឯ​ក្រុង​រ៉ាម៉ូតគីលាត។+ នៅ​ទី​នោះ​ពល​ធ្នូ​បាន​បាញ់​ត្រូវ​យេហូរ៉ាម ហើយ​គាត់​ក៏​រង​របួស​ធ្ងន់។ ៦ ដូច្នេះ ស្ដេច​យេហូរ៉ាម​បាន​ត្រឡប់​ទៅ​ក្រុង​យេសរៀល​វិញ+ ដើម្បី​ព្យាបាល​របួស​របស់​គាត់។+ គាត់​បាន​រង​របួស​ពេល​ដែល​ច្បាំង​នឹង​ហាសេអែល​ជា​ស្ដេច​ស្រុក​ស៊ីរី+នៅ​ក្រុង​រ៉ាម៉ា។

ឯ​អាហាស៊ីយ៉ា*ជា​កូន​យេហូរ៉ាម+ស្ដេច​ស្រុក​យូដា គាត់​បាន​ចុះ​ទៅ​ក្រុង​យេសរៀល​ដើម្បី​សួរ​សុខ​ទុក្ខ​យេហូរ៉ាម+ជា​កូន​អាហាប់។ ៧ ប៉ុន្តែ ព្រះ​បាន​ប្រើ​ឱកាស​នោះ ដើម្បី​ឲ្យ​អាហាស៊ីយ៉ា​ជួប​អន្តរាយ។ ពេល​អាហាស៊ីយ៉ា​ទៅ​ដល់​ក្រុង​យេសរៀល គាត់​និង​យេហូរ៉ាម​បាន​ចេញ​ទៅ​ជួប​យេហ៊ូ+ជា​ចៅ​នីមសាយ។ យេហ៊ូ​នេះ​ហើយ​ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ឲ្យ​បំផ្លាញ​ពូជ​ពង្ស​អាហាប់​ឲ្យ​សាប​សូន្យ​ទៅ។+ ៨ កាល​ដែល​យេហ៊ូ​ចាត់​វិធានការ​ដាក់​ទោស​ពូជ​ពង្ស​អាហាប់ គាត់​បាន​ឃើញ​ពួក​អភិបាល​នៃ​ស្រុក​យូដា ក្មួយ​ៗ​អាហាស៊ីយ៉ា និង​ពួក​មន្ត្រី​របស់​អាហាស៊ីយ៉ា ហើយ​គាត់​ក៏​សម្លាប់​ពួក​គេ​ទាំង​អស់​ទៅ។+ ៩ បន្ទាប់​មក យេហ៊ូ​បាន​ឲ្យ​គេ​ទៅ​ស្វែង​រក​អាហាស៊ីយ៉ា។ គេ​បាន​រក​ឃើញ​អាហាស៊ីយ៉ា​កំពុង​លាក់​ខ្លួន​នៅ​ក្រុង​សាម៉ារី ហើយ​គេ​បាន​ចាប់​គាត់​យក​ទៅ​ឲ្យ​យេហ៊ូ។ រួច​មក​គេ​បាន​សម្លាប់​គាត់ ហើយ​យក​សព​គាត់​ទៅ​បញ្ចុះ+ ព្រោះ​គេ​និយាយ​ថា​៖ ​«​គាត់​ជា​ចៅ​របស់​យេហូសាផាត​ដែល​ជា​អ្នក​ស្វែង​រក​ព្រះ​យេហូវ៉ា​យ៉ាង​អស់​ពី​ចិត្ត​»។+ ក្នុង​ពូជ​ពង្ស​អាហាស៊ីយ៉ា​គ្មាន​អ្នក​ណា​ម្នាក់​មាន​សមត្ថភាព​គ្រប់​គ្រង​រាជាណាចក្រ​យូដា​ទេ។

១០ ឯ​អាថាលៀ+ជា​ម្ដាយ​របស់​ស្ដេច​អាហាស៊ីយ៉ា ពេល​ដែល​ដឹង​ថា​អាហាស៊ីយ៉ា​បាន​ស្លាប់ នាង​ក៏​ចាត់​វិធានការ​សម្លាប់​កូន​ស្ដេច​ទាំង​អស់​ក្នុង​ពូជ​ពង្ស​យូដា។+ ១១ ប៉ុន្តែ យេហូសាបៀរ​ជា​កូន​ស្រី​ស្ដេច​យេហូរ៉ាម+ បាន​លួច​យក​យេហូអាស+ជា​កូន​អាហាស៊ីយ៉ា​ពី​ចំណោម​កូន​ប្រុស​ទាំង​អស់​ដែល​នឹង​ត្រូវ​គេ​សម្លាប់ ហើយ​នាង​លាក់​ទុក​កូន​នោះ​ក្នុង​បន្ទប់​ខាង​ក្នុង​មួយ​ជា​មួយ​នឹង​មេ​ដោះ​ដែល​មើល​ថែ​ទាំ​គាត់។ យេហូសាបៀរ​ជា​បង​ស្រី​របស់​អាហាស៊ីយ៉ា និង​ត្រូវ​ជា​ប្រពន្ធ​យេហូយ៉ាដា+ជា​សង្ឃ។ នាង​បាន​លាក់​យេហូអាស​មិន​ឲ្យ​អាថាលៀ​ឃើញ​ទេ ដើម្បី​កុំ​ឲ្យ​នាង​សម្លាប់​គាត់។+ ១២ យេហូអាស​បាន​ត្រូវ​លាក់​បំពួន​នៅ​ក្នុង​វិហារ​ព្រះ​ពិត​អស់​រយៈ​ពេល​៦​ឆ្នាំ កាល​ដែល​អាថាលៀ​គ្រប់​គ្រង​លើ​ស្រុក​យូដា។

២៣ លុះ​ដល់​ឆ្នាំ​ទី​៧ យេហូយ៉ាដា​បាន​ចាត់​វិធានការ​យ៉ាង​ក្លាហាន ដោយ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ពួក​មេ​លើ​១០០​នាក់+ ពោល​គឺ​អាសារៀ​ជា​កូន​យេរ៉ូហាំ អ៊ីសម៉ាអែល​ជា​កូន​យេហូហេណាន អាសារៀ​ជា​កូន​អូបិឌ ម៉ាអាសៀ​ជា​កូន​អាដាយ៉ា និង​អេលីសាផាត​ជា​កូន​ស៊ីកក្រាយ។ ២ បន្ទាប់​មក ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ទាំង​ឡាយ​ក្នុង​ស្រុក​យូដា ដើម្បី​ប្រមូល​ពួក​លេវី+និង​ពួក​ប្រមុខ​លើ​វង្ស​ត្រកូល​នៃ​អ៊ីស្រាអែល ឲ្យ​មក​ជួប​ជុំ​គ្នា។ ពេល​ពួក​គេ​ទាំង​អស់​បាន​មក​ដល់​ក្រុង​យេរូសាឡិម ៣ ពួក​គេ​ធ្វើ​កិច្ច​ព្រម​ព្រៀង+ជា​មួយ​នឹង​ស្ដេច នៅ​ក្នុង​វិហារ​របស់​ព្រះ​ពិត។ ក្រោយ​មក​យេហូយ៉ាដា​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖

​«​មើល! កូន​របស់​ស្ដេច​នឹង​ឡើង​គ្រប់​គ្រង ដូច​ជា​ព្រះ​យេហូវ៉ា​បាន​សន្យា​ស្ដី​អំពី​កូន​ចៅ​ដាវីឌ។+ ៤ ចូរ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ត​ទៅ​៖ ចូរ​បែង​ចែក​ពួក​សង្ឃ​និង​ពួក​លេវី​ដែល​មាន​ភារកិច្ច+នៅ​ថ្ងៃ​ឈប់​សម្រាក ជា​បី​ក្រុម។ ក្រុម​មួយ​ឲ្យ​ធ្វើ​ជា​អ្នក​យាម​ទ្វារ+ ៥ ក្រុម​មួយ​ទៀត​យាម​នៅ​វិមាន​ស្ដេច+ និង​ក្រុម​មួយ​ទៀត​យាម​នៅ​ខ្លោង​ទ្វារគ្រឹះ។ ឯ​បណ្ដា​ជន​ទាំង​អស់ ពួក​គេ​ស្ថិត​នៅ​ទី​ធ្លា​វិហារ​របស់​ព្រះ​យេហូវ៉ា។+ ៦ ចូរ​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ចូល​ក្នុង​វិហារ​ព្រះ​យេហូវ៉ា​ឡើយ លើក​លែង​តែ​ពួក​សង្ឃ​និង​ពួក​លេវី​ដែល​បម្រើ​នៅ​ទី​នោះ​ប៉ុណ្ណោះ។+ ពួក​គេ​អាច​ចូល​បាន ដោយ​សារ​ពួក​គេ​ជា​ក្រុម​បរិសុទ្ធ។ ចំណែក​បណ្ដា​ជន​វិញ ពួក​គេ​ទាំង​អស់​គ្នា​ត្រូវ​ធ្វើ​តាម​ភារកិច្ច​របស់​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា។ ៧ ពួក​លេវី​ត្រូវ​កាន់​អាវុធ​ការពារ​ជុំវិញ​ស្ដេច ហើយ​ត្រូវ​នៅ​ជាប់​ជា​មួយ​នឹង​ស្ដេច​ជា​និច្ច។ បើ​មាន​អ្នក​ណា​ចូល​ក្នុង​វិហារ ចូរ​សម្លាប់​អ្នក​នោះ​ចោល​ទៅ​»។

៨ ពួក​លេវី​និង​បណ្ដា​ជន​យូដា​ទាំង​អស់ បាន​ធ្វើ​តាម​បង្គាប់​យេហូយ៉ាដា​ជា​សង្ឃ។ ដូច្នេះ ពួក​មេ​ក្រុម​បាន​ដឹក​នាំ​ក្រុម​រៀង​ៗ​ខ្លួន គឺ​ទាំង​អ្នក​ដែល​មាន​វេន​យាម​នៅ​ថ្ងៃ​ឈប់​សម្រាក ទាំង​អ្នក​ដែល​មាន​វេន​យាម​នៅ​ថ្ងៃ​ផ្សេង+ ព្រោះ​យេហូយ៉ាដា​ជា​សង្ឃ​មិន​ឲ្យ​ក្រុម​ណា​មួយ+ទំនេរ​ឡើយ។ ៩ បន្ទាប់​មក យេហូយ៉ាដា​ជា​សង្ឃ​បាន​យក​ខែល​និង​លំពែង​របស់​ដាវីឌ+ពី​វិហារ​ព្រះ​ពិត+ ទៅ​ចែក​ឲ្យ​ពួក​មេ​លើ​១០០​នាក់។+ ១០ រួច​គាត់​ឲ្យ​ពួក​គេ​ទាំង​អស់​គ្នា​កាន់​អាវុធ​ឈរ​យាម​ចាប់​ពី​ខាង​ឆ្វេង​រហូត​ដល់​ខាង​ស្ដាំ​វិហារ នៅ​ក្បែរ​ទី​បូជា និង​ក្បែរ​វិហារ ដើម្បី​ឈរ​ជុំវិញ​ការពារ​ស្ដេច។ ១១ បន្ទាប់​មក យេហូយ៉ាដា​បាន​នាំ​យេហូអាស​ជា​កូន​ស្ដេច+ចេញ​មក ហើយ​បំពាក់​មកុដ​ឲ្យ​គាត់ រួច​ក៏​យក​រមូរ​ដែល​មាន​ច្បាប់​ព្រះ+ មក​ដាក់​លើ​ក្បាល​គាត់​ដែរ។ រួច​យេហូយ៉ាដា​និង​កូន​ៗ​របស់​គាត់​បាន​ចាក់​ប្រេង​តែង​តាំង​យេហូអាស​ឲ្យ​ធ្វើ​ជា​ស្ដេច ហើយ​ពួក​គេ​និយាយ​ថា​៖ ​«​សូម​ឲ្យ​ស្ដេច​មាន​អាយុ​វែង!​»។+

១២ ឯ​អាថាលៀ​វិញ ពេល​នាង​បាន​ឮ​សំឡេង​បណ្ដា​ជន​លើក​តម្កើង​ស្ដេច និង​សំឡេង​រត់​ឈូឆរ នាង​ក៏​ប្រញាប់​ទៅ​មើល​ថា​មាន​អ្វី​កើត​ឡើង​នៅ​ឯ​វិហារ​ព្រះ​យេហូវ៉ា។+ ១៣ ពេល​ទៅ​ដល់ នាង​ក៏​ឃើញ​ស្ដេច​កំពុង​ឈរ​នៅ​ក្បែរ​សសរ​ខាង​មុខ​ទ្វារ​ចូល​វិហារ។ ពួក​អ្នក​ដឹក​នាំ+និង​ពួក​អ្នក​ផ្លុំ​ត្រែ​បាន​ឈរ​អម​ស្ដេច ហើយ​បណ្ដា​ជន​ទាំង​អស់​បាន​ផ្លុំ​ត្រែ​ដោយ​អរ​សប្បាយ។+ ពួក​អ្នក​ចម្រៀង​និង​អ្នក​លេង​ភ្លេង​បាន​នាំ​មុខ​ច្រៀង​សរសើរ​តម្កើង​ព្រះ។ ភ្លាម​នោះ អាថាលៀ​ក៏​ហែក​អាវ ហើយ​ស្រែក​ឡើង​ថា​៖ ​«​នេះ​ជា​ការ​ក្បត់! នេះ​ជា​ការ​ក្បត់​ហើយ!​»។ ១៤ ពេល​នោះ យេហូយ៉ាដា​ជា​សង្ឃ​បាន​បញ្ជា​ពួក​មេ​លើ​១០០​នាក់​ដែល​ត្រួត​ត្រា​ក្រុម​ទាហាន​ថា​៖ ​«​ចូរ​ចាប់​នាង​ចេញ​ពី​ទី​នេះ​ទៅ។ បើ​អ្នក​ណា​តាម​នាង ចូរ​សម្លាប់​អ្នក​នោះ​ចោល​ដែរ!​»។ យេហូយ៉ាដា​ក៏​ប្រាប់​ទៀត​ថា​៖ ​«​កុំ​សម្លាប់​នាង​នៅ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា​ឡើយ​»។ ១៥ ដូច្នេះ ពួក​គេ​ក៏​ចាប់​នាង ហើយ​ពេល​នាំ​ទៅ​ដល់​ខ្លោង​ទ្វារសេះ​ចូល​វិមាន​ស្ដេច ពួក​គេ​ក៏​សម្លាប់​នាង​ចោល​ទៅ។

១៦ យេហូយ៉ាដា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​រវាង​គាត់​និង​ស្ដេច​រួម​ទាំង​បណ្ដា​ជន គឺ​ថា​ពួក​គេ​នឹង​បន្ត​ធ្វើ​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។+ ១៧ ក្រោយ​មក បណ្ដា​ជន​ទាំង​អស់​ចូល​ទៅ​វាយ​បំផ្លាញ​វិហារ+ និង​ទី​បូជា​របស់​ព្រះ​បាល ថែម​ទាំង​បំផ្លាញ​រូប​សំណាក​ទាំង​ឡាយ​របស់​ព្រះ​បាល។+ ពួក​គេ​ក៏​បាន​សម្លាប់​ម៉ាថាន​ជា​សង្ឃ​របស់​ព្រះ​បាល+ នៅ​មុខ​ទី​បូជា​ទាំង​នោះ​ដែរ។ ១៨ បន្ទាប់​មក យេហូយ៉ាដា​បាន​តែង​តាំង​ពួក​សង្ឃ​និង​ពួក​លេវី​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​វិហារ​ព្រះ​យេហូវ៉ា។ ពួក​គេ​ជា​អ្នក​ដែល​ដាវីឌ​បាន​បែង​ចែក​ជា​ក្រុម​ៗ ឲ្យ​បំពេញ​ភារកិច្ច​នៅ​វិហារ​ព្រះ​យេហូវ៉ា ដើម្បី​ជូន​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា+ ស្រប​ទៅ​តាម​ច្បាប់​ម៉ូសេ។+ ពួក​គេ​បំពេញ​ភារកិច្ច​នោះ​ដោយ​អរ​សប្បាយ​និង​ច្រៀង​ចម្រៀង​តាម​ការ​ណែនាំ​ពី​ដាវីឌ។ ១៩ បន្ថែម​ទៅ​ទៀត យេហូយ៉ាដា​បាន​ដាក់​ពួក​អ្នក​យាម+ ឲ្យ​យាម​ទ្វារ​វិហារ​ព្រះ​យេហូវ៉ា ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដែល​មិន​ស្អាត​បរិសុទ្ធ​ចូល​បាន​ឡើយ។ ២០ គាត់​បាន​បង្គាប់​ពួក​មេ​លើ​១០០​នាក់+ ពួក​អ្នក​មាន​ឋានៈ​ខ្ពស់ និង​ពួក​អ្នក​គ្រប់​គ្រង​លើ​បណ្ដា​ជន ព្រម​ទាំង​បណ្ដា​ជន​ទាំង​អស់​ឲ្យ​ចូល​រួម​ដង្ហែ​ស្ដេច​ពី​វិហារ​ព្រះ​យេហូវ៉ា​មក​វិមាន។ ក្បួន​ដង្ហែ​នោះ​ធ្វើ​ដំណើរ​ចូល​វិមាន តាម​ខ្លោង​ទ្វារ​ខាង​លើ។ ពេល​មក​ដល់​វិមាន ស្ដេច​ក៏​ឡើង​អង្គុយ​លើ​បល្ល័ង្ក។+ ២១ ដូច្នេះ បណ្ដា​ជន​ទាំង​អស់​បាន​អរ​សប្បាយ​ក្រៃ​លែង។ ក្នុង​ក្រុង​មាន​សេចក្ដី​សុខ​សាន្ត ព្រោះ​គេ​បាន​សម្លាប់​អាថាលៀ​ហើយ។

២៤ ពេល​យេហូអាស​បាន​ក្លាយ​ទៅ​ជា​ស្ដេច គាត់​មាន​អាយុ​៧​ឆ្នាំ។+ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​៤០​ឆ្នាំ។ ម្ដាយ​របស់​គាត់​ឈ្មោះ​ស៊ីបបៀ​ជា​អ្នក​ក្រុង​បៀរសេបា។+ ២ យេហូអាស​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ក្នុង​គ្រា​ដែល​យេហូយ៉ាដា​ជា​សង្ឃ​នៅ​រស់។+ ៣ យេហូយ៉ាដា​បាន​ជ្រើស​រើស​ស្ត្រី​ពីរ​នាក់​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​យេហូអាស ហើយ​យេហូអាស​ក៏​មាន​កូន​ប្រុស​ស្រី​ជា​ច្រើន។

៤ ក្រោយ​មក យេហូអាស​មាន​បំណង​ចិត្ត​ជួស​ជុល​វិហារ​ព្រះ​យេហូវ៉ា។+ ៥ ដូច្នេះ គាត់​បាន​កោះ​ហៅ​ពួក​សង្ឃ​និង​ពួក​លេវី​ឲ្យ​មក​ជួប​ជុំ​គ្នា ហើយ​ប្រាប់​ពួក​គេ​ថា​៖ ​«​ចូរ​ចេញ​ទៅ​ក្រុង​នា​នា​ក្នុង​ស្រុក​យូដា ហើយ​ប្រមូល​ប្រាក់​ពី​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់ យក​មក​ជួស​ជុល​វិហារ​របស់​ព្រះ​នៃ​អ្នក​រាល់​គ្នា។+ ចូរ​ធ្វើ​ដូច្នោះ​ជា​រៀង​រាល់​ឆ្នាំ។ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​កិច្ចការ​នេះ​ជា​ប្រញាប់​»។ ប៉ុន្តែ ពួក​លេវី​មិន​បាន​ធ្វើ​កិច្ចការ​នេះ​ភ្លាម​ៗ​ទេ។+ ៦ ដូច្នេះ ស្ដេច​យេហូអាស​បាន​ហៅ​យេហូយ៉ាដា​ជា​សម្ដេច​សង្ឃ​មក ហើយ​និយាយ​ថា​៖+ ​«​ពី​មុន​ម៉ូសេ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​បាន​បង្គាប់​បណ្ដា​ជន ឲ្យ​បង់​ពន្ធ​ពិសិដ្ឋ​សម្រាប់​ត្រសាល​បរិសុទ្ធ+ដែល​មាន​ហឹប​នៃ​សេចក្ដី​រំលឹក។+ ហេតុ​អ្វី​អ្នក​មិន​តម្រូវ​ឲ្យ​ពួក​លេវី​ទារ​ពន្ធ​នោះ​ពី​បណ្ដា​ជន​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​ដូច្នេះ? ៧ កូន​ប្រុស​ៗ​របស់​អាថាលៀ+ដែល​ជា​ស្ត្រី​អាក្រក់​នោះ បាន​គាស់​ទ្វារ​វិហារ​របស់​ព្រះ​យេហូវ៉ា+ ហើយ​យក​របស់​របរ​បរិសុទ្ធ​ក្នុង​វិហារ​លោក ទៅ​ប្រើ​សម្រាប់​គោរព​បូជា​ដល់​ព្រះ​បាល​វិញ​»។ ៨ បន្ទាប់​មក ស្ដេច​បាន​បង្គាប់​ឲ្យ​គេ​ធ្វើ​ហឹប​មួយ+ដាក់​នៅ​ខាង​ក្រៅ ក្បែរ​ខ្លោង​ទ្វារ​វិហារ​ព្រះ​យេហូវ៉ា។+ ៩ ក្រោយ​មក មាន​ចេញ​សេចក្ដី​ប្រកាស​មួយ​នៅ​ទូ​ទាំង​ស្រុក​យូដា​និង​ក្រុង​យេរូសាឡិម ឲ្យ​បណ្ដា​ជន​មក​បង់​ពន្ធ​ពិសិដ្ឋ​ជូន​ព្រះ​យេហូវ៉ា+ គឺ​ជា​ពន្ធ​ដែល​ម៉ូសេ​ជា​អ្នក​បម្រើ​ព្រះ​ពិត បាន​បង្គាប់​បណ្ដា​ជន​អ៊ីស្រាអែល​ឲ្យ​បង់ កាល​ដែល​ពួក​គេ​នៅ​តំបន់​ស្ងាត់​ជ្រងំ។ ១០ ក្រោយ​ពី​ឮ​សេចក្ដី​ប្រកាស​នោះ ពួក​អ្នក​គ្រប់​គ្រង​ទាំង​អស់​និង​បណ្ដា​ជន​ទាំង​ឡាយ​នាំ​គ្នា​យក​វិភាគទាន​មក​ដាក់​ពេញ​ក្នុង​ហឹប*ដោយ​ចិត្ត​អរ​សប្បាយ។+

១១ ពួក​លេវី​មាន​ភារកិច្ច​យក​ហឹប​នោះ​ទៅ​ប្រគល់​ជូន​ស្ដេច ហើយ​រាល់​ដង​ពួក​គេ​ឃើញ​មាន​ប្រាក់​ពេញ​ក្នុង​ហឹប។ រួច​លេខា​ស្ដេច​និង​ជំនួយ​ការ​សង្ឃនាយក​ក៏​មក​ប្រមូល​ប្រាក់+ ហើយ​យក​ហឹប​ទៅ​ដាក់​នៅ​កន្លែង​ដើម​វិញ។ ពួក​គេ​បាន​ធ្វើ​ដូច្នេះ​ជា​រៀង​រាល់​ថ្ងៃ ហើយ​បាន​ប្រមូល​ប្រាក់​ជា​ច្រើន។ ១២ ក្រោយ​មក ស្ដេច​និង​យេហូយ៉ាដា​បាន​ប្រគល់​ប្រាក់​ឲ្យ​ពួក​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​កិច្ចការ​ជួស​ជុល​វិហារ​ព្រះ​យេហូវ៉ា។ បន្ទាប់​មក អ្នក​ទាំង​នោះ​ក៏​ជួល​ជាង​កាត់​ថ្ម​និង​ជាង​ចម្លាក់​ឲ្យ​មក​ធ្វើ​ការ​ជួស​ជុល​នៅ​វិហារ​ព្រះ​យេហូវ៉ា+ ថែម​ទាំង​ជួល​ជាង​ដែក និង​ជាង​ស្ពាន់​ឲ្យ​មក​ជួស​ជុល​វិហារ​ព្រះ​យេហូវ៉ា​ផង​ដែរ។ ១៣ អ្នក​មើល​ការ​ខុស​ត្រូវ​ទាំង​នោះ​ក៏​បាន​ចាប់​ផ្ដើម​បំពេញ​កិច្ចការ​របស់​ពួក​គេ​ទៅ។ ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ពួក​គេ កិច្ចការ​ជួស​ជុល​បាន​ដំណើរ​ការ​យ៉ាង​រលូន។ ដូច្នេះ វិហារ​របស់​ព្រះ​ពិត​ក៏​បាន​រឹង​មាំ​ហើយ​មាន​ស្ថានភាព​ដូច​មុន។ ១៤ ក្រោយ​ពី​ពួក​គេ​បញ្ចប់​កិច្ចការ​ជួស​ជុល​រួច ពួក​គេ​ក៏​យក​ប្រាក់​ដែល​នៅ​សេស​សល់​ទៅ​ប្រគល់​ជូន​ស្ដេច​និង​យេហូយ៉ាដា។ បន្ទាប់​មក ពួក​គេ​បាន​ប្រើ​ប្រាក់​ទាំង​នោះ​ធ្វើ​ជា​ប្រដាប់​ប្រដា​សម្រាប់​វិហារ​ព្រះ​យេហូវ៉ា។ ប្រដាប់​ប្រដា​ទាំង​នោះ​មាន​ដូច​ជា ប្រដាប់​ប្រដា​ធ្វើ​ពី​មាស​ពី​ប្រាក់+ ប្រដាប់​ប្រដា​សម្រាប់​ជូន​គ្រឿង​បូជា​និង​សម្រាប់​កិច្ច​បម្រើ។ ពួក​គេ​បាន​ជូន​គ្រឿង​បូជា​ដុត+ជា​ទៀង​ទាត់​នៅ​វិហារ​ព្រះ​យេហូវ៉ា នៅ​គ្រា​ដែល​យេហូយ៉ាដា​នៅ​រស់។

១៥ ពេល​យេហូយ៉ាដា​អាយុ​បាន​១៣០​ឆ្នាំ គាត់​ក៏​ស្លាប់​ទៅ ហើយ​គាត់​ស្កប់​ស្កល់​នឹង​អាយុ​ខ្លួន។ ១៦ ដូច្នេះ គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្រុង​ដាវីឌ​ជា​មួយ​នឹង​បណ្ដា​ស្ដេច+ ដោយ​សារ​គាត់​បាន​ធ្វើ​កិច្ចការ​ល្អ​ជា​ច្រើន​សម្រាប់​ព្រះ​ពិត សម្រាប់​វិហារ​របស់​លោក និង​បណ្ដា​ជន​អ៊ីស្រាអែល។+

១៧ ក្រោយ​យេហូយ៉ាដា​ស្លាប់ ពួក​អ្នក​គ្រប់​គ្រង​នៅ​ស្រុក​យូដា​បាន​ចូល​មក​លំឱន​កាយ​គោរព​ស្ដេច។ តាំង​ពី​ពេល​នោះ​មក ស្ដេច​ក៏​បាន​ធ្វើ​តាម​សំណើ​របស់​ពួក​គេ។ ១៨ ពួក​គេ​បាន​បោះ​បង់​ចោល​វិហារ​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ ហើយ​ចាប់​ផ្ដើម​គោរព​បូជា​ដល់​រូប​ព្រះ​និង​បង្គោល​ឈើ​ពិសិដ្ឋ។* អំពើ​ខុស​ឆ្គង​នោះ​បាន​ធ្វើ​ឲ្យ​ព្រះ​ខឹង​ជា​ខ្លាំង​នឹង​ពួក​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម។ ១៩ ព្រះ​យេហូវ៉ា​បាន​ចាត់​ពួក​អ្នក​ប្រកាស​ទំនាយ​ឲ្យ​ទៅ​ព្រមាន​បណ្ដា​ជន​ម្ដង​ហើយ​ម្ដង​ទៀត ដើម្បី​ឲ្យ​ពួក​គេ​ត្រឡប់​មក​រក​លោក​វិញ។ ប៉ុន្តែ បណ្ដា​ជន​មិន​ព្រម​ស្ដាប់​តាម​ការ​ព្រមាន​នោះ​ទេ។+

២០ គ្រា​នោះ សាការី​កូន​យេហូយ៉ាដា+ជា​សង្ឃ បាន​ទទួល​ឫទ្ធានុភាព​ពី​ព្រះ ហើយ​គាត់​បាន​ឈរ​នៅ​មុខ​បណ្ដា​ជន រួច​និយាយ​ថា​៖ ​«​ព្រះ​ពិត​បាន​មាន​ប្រសាសន៍​ថា​៖ ‹ហេតុ​អ្វី​អ្នក​រាល់​គ្នា​មិន​កាន់​តាម​បញ្ញត្តិ​ព្រះ​យេហូវ៉ា​ដូច្នេះ? អ្នក​នឹង​នាំ​ឲ្យ​ខ្លួន​អន្តរាយ​មិន​ខាន! ដោយ​សារ​អ្នក​រាល់​គ្នា​លះ​ចោល​ព្រះ​យេហូវ៉ា នោះ​លោក​នឹង​លះ​ចោល​អ្នក​រាល់​គ្នា​វិញ›​»។+ ២១ ក្រោយ​ពី​ស្ដាប់​រួច បណ្ដា​ជន​បាន​រួម​គំនិត​គ្នា​ប្រឆាំង​នឹង​សាការី+ ហើយ​នាំ​គ្នា​គប់​សម្លាប់​គាត់​នឹង​ថ្ម​តាម​បង្គាប់​របស់​ស្ដេច នៅ​ទី​ធ្លា​វិហារ​ព្រះ​យេហូវ៉ា។+ ២២ តាម​របៀប​នេះ​ហើយ ដែល​យេហូអាស​បាន​សម្លាប់​សាការី​ជា​កូន​យេហូយ៉ាដា។ យេហូអាស​មិន​បាន​ចាំ​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ដែល​យេហូយ៉ាដា​បាន​បង្ហាញ​ចំពោះ​គាត់​ទេ។ មុន​ស្លាប់ សាការី​បាន​និយាយ​ថា​៖ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​ដាក់​ទោស​អ្នក​ចំពោះ​ការ​ប្រព្រឹត្ត​របស់​អ្នក​ចុះ​»។+

២៣ នៅ​ដើម​ឆ្នាំ ពួក​ទ័ព​ស៊ីរី​បាន​ឡើង​ទៅ​ច្បាំង​នឹង​យេហូអាស ហើយ​បាន​ទន្ទ្រាន​ចូល​ស្រុក​យូដា​និង​ក្រុង​យេរូសាឡិម។+ បន្ទាប់​មក ពួក​គេ​បាន​សម្លាប់​ពួក​អ្នក​គ្រប់​គ្រង​ទាំង​អស់+ ហើយ​យក​របស់​របរ​ទាំង​អស់​ដែល​ពួក​គេ​រឹប​អូស​បាន ផ្ញើ​ទៅ​ឲ្យ​ស្ដេច​ក្រុង​ដាម៉ាស់។ ២៤ ទោះ​ជា​ទ័ព​ស៊ីរី​មាន​ចំនួន​តិច​ក៏​ដោយ ក៏​ព្រះ​យេហូវ៉ា​ឲ្យ​ពួក​គេ​មាន​ជ័យ​ជម្នះ​លើ​ទ័ព​យេហូអាស​ដែល​មាន​ចំនួន​យ៉ាង​ច្រើន+ ព្រោះ​ពួក​យូដា​បាន​លះ​ចោល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ។ គឺ​យ៉ាង​នេះ​ហើយ​ដែល​ព្រះ​បាន​ប្រើ​ពួក​ស៊ីរី​ដើម្បី​ដាក់​ទោស​យេហូអាស។ ២៥ ក្រោយ​មក ពួក​ទ័ព​ស៊ីរី​បាន​ដក​ទ័ព​ចេញ​ទៅ។ ក្នុង​ចម្បាំង​នោះ​យេហូអាស​មាន​របួស​ជា​ទម្ងន់ ហើយ​ពួក​អ្នក​បម្រើ​របស់​យេហូអាស​បាន​រួម​គំនិត​គ្នា​ក្បត់​នឹង​គាត់ ដោយ​សារ​គាត់​បាន​សម្លាប់​កូន​របស់​យេហូយ៉ាដា+ជា​សង្ឃ។ អ្នក​បម្រើ​ទាំង​នោះ​សម្លាប់​គាត់​នៅ​លើ​គ្រែ​ដេក​របស់​គាត់​តែ​ម្ដង។+ រួច​មក គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្រុង​ដាវីឌ។+ ប៉ុន្តែ គេ​មិន​បាន​បញ្ចុះ​គាត់​នៅ​ក្នុង​ទី​បញ្ចុះ​សព​របស់​បណ្ដា​ស្ដេច​ឡើយ។+

២៦ អ្នក​ដែល​រួម​គំនិត​ក្បត់+គាត់​មាន សាបាត​ជា​កូន​នាង​ស៊ីមៀត​ជា​ជន​ជាតិ​អាំម៉ូន និង​យេហូសាបាត​ជា​កូន​នាង​ស៊ីមរីត​ជា​ជន​ជាតិ​ម៉ូអាប់។ ២៧ ឯ​កិច្ចការ​ជួស​ជុល​វិហារ​របស់​ព្រះ​ពិត+ និង​ព័ត៌មាន​អំពី​កូន​ៗ​របស់​យេហូអាស ព្រម​ទាំង​ការ​ប្រកាស​ជា​ច្រើន​ដែល​ផ្ដន្ទា​ទោស​គាត់+ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នៃ​បណ្ដា​ស្ដេច។ ក្រោយ​មក អាម៉ាស៊ា​ជា​កូន​របស់​គាត់ បាន​ឡើង​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។

២៥ ពេល​អាម៉ាស៊ា​បាន​ក្លាយ​ទៅ​ជា​ស្ដេច គាត់​មាន​អាយុ​២៥​ឆ្នាំ ហើយ​គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​២៩​ឆ្នាំ។ ម្ដាយ​របស់​គាត់​ឈ្មោះ​យេហូអាដាន​ជា​អ្នក​ក្រុង​យេរូសាឡិម។+ ២ គាត់​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត តែ​មិន​ស្មោះ​អស់​ពី​ចិត្ត​ទេ។ ៣ កាល​ដែល​រាជាណាចក្រ​របស់​គាត់​បាន​រឹង​មាំ​ហើយ គាត់​បាន​ប្រហារ​ជីវិត​ពួក​អ្នក​បម្រើ ដែល​បាន​សម្លាប់​ឪពុក​គាត់។+ ៤ ក៏​ប៉ុន្តែ គាត់​មិន​បាន​សម្លាប់​កូន​ៗ​របស់​ពួក​អ្នក​ទាំង​នោះ​ទេ ព្រោះ​គាត់​បាន​ធ្វើ​តាម​បញ្ញត្តិ​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ច្បាប់​របស់​ម៉ូសេ ដែល​ថា​៖ ​«​ឪពុក​មិន​គួរ​ស្លាប់​ដោយ​សារ​អំពើ​ខុស​ឆ្គង​របស់​កូន​ទេ ហើយ​កូន​ក៏​មិន​គួរ​ស្លាប់​ដោយ​សារ​អំពើ​ខុស​ឆ្គង​របស់​ឪពុក​ដែរ។ ប៉ុន្តែ បុគ្គល​ម្នាក់​ៗ​ត្រូវ​ស្លាប់​ដោយ​សារ​អំពើ​ខុស​ឆ្គង​របស់​ខ្លួន​វិញ​»។+

៥ អាម៉ាស៊ា​បាន​កោះ​ហៅ​ពួក​យូដា គឺ​ពួក​បុរស​ពី​កុលសម្ព័ន្ធ​យូដា​និង​កុលសម្ព័ន្ធ​បេនយ៉ាមីន ឲ្យ​មក​ជួប​ជុំ​គ្នា។ គាត់​បាន​ឲ្យ​ពួក​គេ​ឈរ​ជា​ក្រុម​ៗ​តាម​វង្ស​ត្រកូល ហើយ​ដឹក​នាំ​ដោយ​ពួក​មេ​លើ​១.០០០​នាក់ និង​ពួក​មេ​លើ​១០០​នាក់។+ រួច​មក គាត់​បាន​ចុះ​ឈ្មោះ​ពួក​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​២០​ឆ្នាំ​ឡើង​ទៅ+ ហើយ​ឃើញ​ថា​មាន​ទាហាន​ពូកែ​អង់អាច​ចំនួន​៣០០.០០០​នាក់ ដែល​អាច​ចូល​ទៅ​ច្បាំង​បាន។ ពួក​គេ​សុទ្ធតែ​ជា​អ្នក​ដែល​ចេះ​ប្រើ​ខែល​និង​លំពែង។ ៦ បន្ថែម​ទៅ​ទៀត គាត់​បាន​ចំណាយ​ប្រាក់​១០០​ថាលិន* ដើម្បី​ជួល​ទាហាន​អង់អាច​ក្លាហាន​ពី​ស្រុក​អ៊ីស្រាអែល​ចំនួន​១០០.០០០​នាក់។ ៧ ប៉ុន្តែ ពេល​នោះ​មាន​តំណាង​ម្នាក់​របស់​ព្រះ​ពិត​មក​ប្រាប់​គាត់​ថា​៖ ​«​ឱ​ស្ដេច​អាម៉ាស៊ា​អើយ! សូម​កុំ​ឲ្យ​ទ័ព​អ៊ីស្រាអែល​ទៅ​ច្បាំង​ជា​មួយ​នឹង​លោក​អី ព្រោះ​ព្រះ​យេហូវ៉ា​មិន​ជួយ​ពួក​អ៊ីស្រាអែល​ទេ+ គឺ​លោក​មិន​ជួយ​ពួក​អេប្រាអ៊ីម​ឡើយ។ ៨ សូម​លោក​មាន​ចិត្ត​ក្លាហាន ហើយ​ទៅ​ច្បាំង​តែ​ពួក​លោក​បាន​ហើយ ព្រោះ​ព្រះ​ពិត​មាន​ឫទ្ធានុភាព​ជួយ​លោក​បាន+ តែ​បើ​លោក​មិន​ធ្វើ​ដូច្នោះ​ទេ ព្រះ​អាច​ធ្វើ​ឲ្យ​លោក​ចាញ់​ពួក​សត្រូវ​»។ ៩ ក្រោយ​ពី​ស្ដាប់​រួច អាម៉ាស៊ា​បាន​និយាយ​ទៅ​កាន់​តំណាង​ព្រះ​ពិត​ថា​៖ ​«​ចុះ​ប្រាក់​១០០​ថាលិន​ដែល​ខ្ញុំ​បាន​ជួល​ទ័ព​អ៊ីស្រាអែល​នោះ មិន​ខាត​បង់​ទៅ​ហើយ​ឬ?​»។ តំណាង​ព្រះ​ពិត​បាន​តប​ឆ្លើយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​អាច​ផ្ដល់​ឲ្យ​លោក​ច្រើន​ជាង​នោះ​ទៅ​ទៀត​»។+ ១០ ដូច្នេះ អាម៉ាស៊ា​ក៏​បាន​ឲ្យ​ទ័ព​អេប្រាអ៊ីម​ត្រឡប់​ទៅ​ទី​លំនៅ​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​វិញ។ ពួក​អ្នក​ទាំង​នោះ​មាន​កំហឹង​ជា​ខ្លាំង​នឹង​ពួក​យូដា ហើយ​ក៏​ត្រឡប់​ទៅ​វិញ ទាំង​មាន​ចិត្ត​ក្ដៅ​ក្រហាយ។

១១ បន្ទាប់​មក អាម៉ាស៊ា​តាំង​ចិត្ត​ក្លាហាន ហើយ​ដឹក​នាំ​ទ័ព​គាត់​ទៅ​ជ្រលង​អំបិល+ រួច​ប្រហារ​ពួក​អ្នក​ស្រុក​សៀ​អស់​១០.០០០​នាក់។+ ១២ ទ័ព​យូដា​ចាប់​បាន​១០.០០០​នាក់ ហើយ​នាំ​ពួក​គេ​ទៅ​គែម​ភ្នំ បន្ទាប់​មក​ច្រាន​ទម្លាក់​ពួក​គេ​ពី​ទី​នោះ​ឲ្យ​ស្លាប់​អស់​ទៅ។ សព​របស់​ពួក​គេ​បាន​បែក​ខ្ទេច​ខ្ទី។ ១៣ ឯ​ពួក​ទាហាន​ដែល​អាម៉ាស៊ា​បាន​ឲ្យ​ត្រឡប់​ទៅ​វិញ+ ពួក​គេ​បាន​វាយលុក​បណ្ដា​ក្រុង​ក្នុង​ស្រុក​យូដា គឺ​ចាប់​ពី​ក្រុង​សាម៉ារី+រហូត​ដល់​ក្រុង​បេតហូរ៉ុន។+ ពួក​គេ​បាន​សម្លាប់​បណ្ដា​ជន​យូដា​អស់​៣.០០០​នាក់ ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ជា​ច្រើន។

១៤ ក្រោយ​ពី​អាម៉ាស៊ា​បាន​មក​ពី​ធ្វើ​ចម្បាំង​នឹង​ពួក​អេដំ គាត់​នាំ​យក​រូប​ព្រះ​របស់​ពួក​អ្នក​ស្រុក​សៀ មក​តម្កល់​ធ្វើ​ជា​ព្រះ​របស់​គាត់។+ គាត់​ក៏​បាន​ក្រាប​គោរព​ចំពោះ​រូប​ព្រះ​ទាំង​នោះ ហើយ​ជូន​គ្រឿង​បូជា*ដល់​រូប​ទាំង​នោះ​ដែរ។ ១៥ ហេតុ​នេះ​ហើយ​ព្រះ​យេហូវ៉ា​ខឹង​នឹង​អាម៉ាស៊ា​ជា​ខ្លាំង រួច​លោក​បាន​ចាត់​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ឲ្យ​ទៅ​សួរ​គាត់​ថា​៖ ​«​ហេតុ​អ្វី​អ្នក​គោរព​បូជា​រូប​ព្រះ​របស់​ពួក​គេ ជា​ព្រះ​ដែល​មិន​ទាំង​អាច​ជួយ​សង្គ្រោះ​ពួក​គេ​ពី​កណ្ដាប់​ដៃ​អ្នក​បាន​ផង?​»។+ ១៦ ពេល​នោះ ស្ដេចក៏​បាន​និយាយ​កាត់​ថា​៖ ​«​តើ​អ្នក​ណា​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ទី​ប្រឹក្សា​ខ្ញុំ?+ បើ​អ្នក​មិន​ចង់​ស្លាប់ ឈប់​និយាយ​ទៅ!​»។+ ប៉ុន្តែ មុន​នឹង​ឈប់​និយាយ អ្នក​ប្រកាស​ទំនាយ​បាន​បន្ថែម​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​ព្រះ​បាន​សម្រេច​នាំ​អន្តរាយ​មក​លើ​អ្នក ព្រោះ​អ្នក​បាន​ធ្វើ​ដូច្នេះ ហើយ​មិន​បាន​ស្ដាប់​តាម​ឱវាទ​របស់​ខ្ញុំ​»។+

១៧ ក្រោយ​មក អាម៉ាស៊ា​បាន​ពិគ្រោះ​គ្នា​ជា​មួយ​នឹង​ទី​ប្រឹក្សា​គាត់ ហើយ​គាត់​ចាត់​អ្នក​នាំ​សារ​ទៅ​ជួប​យេហូអាស​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ត្រូវ​ជា​កូន​យេហូអាហាស​និង​ជា​ចៅ​យេហ៊ូ។ អ្នក​នោះ​នាំ​ពាក្យ​ថា​៖ ​«​ចូរ​ចេញ​មក​ប្រយុទ្ធ​គ្នា​»។+ ១៨ ក្រោយ​ពី​ស្ដាប់​រួច យេហូអាស​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ក៏​បាន​ផ្ញើ​សារ​ត្រឡប់​ទៅ​អាម៉ាស៊ា​ជា​ស្ដេច​ស្រុក​យូដា​វិញ​ថា​៖ ​«​គុម្ព​បន្លា​នៅ​ភ្នំ​លីបង់​បាន​ផ្ញើ​សារ​ទៅ​ដើម​ស៊ីដារ​នៅ​ភ្នំ​លីបង់​ថា​៖ ‹ចូរ​លើក​កូន​ស្រី​អ្នក​ឲ្យ​កូន​ប្រុស​ខ្ញុំ›។ ប៉ុន្តែ សត្វ​ព្រៃ​មួយ​ក្បាល​នៅ​ភ្នំ​លីបង់​បាន​ដើរ​កាត់ ហើយ​ជាន់​គុម្ព​បន្លា​នោះ​ឲ្យ​ខ្ទេច​ខ្ទី​អស់។ ១៩ អ្នក​បាន​និយាយ​ថា​៖ ‹ខ្ញុំ​បាន​វាយ​ឈ្នះ​ពួក​អេដំ›។+ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​មាន​អំណួត ហើយ​ចង់​ទទួល​ការ​សរសើរ​តម្កើង។ ចូរ​អ្នក​នៅ​ក្នុង​វិមាន​របស់​ខ្លួន​ចុះ។ ហេតុ​អ្វី​ក៏​អ្នក​ចង់​នាំ​ឲ្យ​ស្រុក​យូដា​ជួប​អន្តរាយ​ជា​មួយ​នឹង​អ្នក​ដូច្នេះ?​»។

២០ ប៉ុន្តែ អាម៉ាស៊ា​មិន​ព្រម​ស្ដាប់​តាម​ទេ+ ព្រោះ​ព្រះ​ពិត​បាន​បណ្ដាល​ឲ្យ​រឿង​នេះ​កើត​ឡើង ដើម្បី​ប្រគល់​ពួក​យូដា​ទៅ​ក្នុង​កណ្ដាប់​ដៃ​សត្រូវ។+ នេះ​គឺ​ដោយ​សារ​តែ​ពួក​គេ​បាន​គោរព​បូជា​រូប​ព្រះ​របស់​ពួក​អេដំ។+ ២១ ដូច្នេះ យេហូអាស​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល បាន​ឡើង​ទៅ​ច្បាំង​នឹង​អាម៉ាស៊ា​ជា​ស្ដេច​ស្រុក​យូដា នៅ​ក្រុង​បេតសេមែស+ជា​ទឹក​ដី​ស្រុក​យូដា។ ២២ ក្នុង​ចម្បាំង​នោះ ពួក​យូដា​បាន​ចាញ់​ពួក​អ៊ីស្រាអែល ហើយ​ពួក​គេ​បាន​រត់​ទៅ​លំនៅ​របស់​គេ​រៀង​ៗ​ខ្លួន។ ២៣ នៅ​ក្រុង​បេតសេមែស យេហូអាស​ស្ដេច​ស្រុក​អ៊ីស្រាអែល បាន​ចាប់​អាម៉ាស៊ា​ស្ដេច​ស្រុក​យូដា ជា​កូន​យេហូអាស ត្រូវ​ជា​ចៅ​យេហូអាហាស។* បន្ទាប់​មក ពួក​គេ​បាន​ទៅ​ក្រុង​យេរូសាឡិម ហើយ​យេហូអាស​បាន​វាយ​រំលំ​កំពែង​ក្រុង​យេរូសាឡិម ចាប់​ពី​ទ្វារអេប្រាអ៊ីម+ទៅ​ដល់​ទ្វារជ្រុងកំពែង+ អស់​ប្រវែង​៤០០​ហត្ថ។* ២៤ រួច​យេហូអាស​បាន​ប្រមូល​យក​មាស​ប្រាក់​និង​ប្រដាប់​ប្រដា​ទាំង​អស់​ពី​វិហារ​ព្រះ ដែល​នៅ​ក្រោម​ការ​មើល​ខុស​ត្រូវ​របស់​អូបិឌអេដំ។ យេហូអាស​ក៏​បាន​ប្រមូល​ទ្រព្យ​ពី​ឃ្លាំង​វិមាន​ស្ដេច​ផង​ដែរ។+ គាត់​បាន​ចាប់​បណ្ដា​ជន​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​សឹក។ បន្ទាប់​មក គាត់​ក៏​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។

២៥ ក្រោយ​ពី​យេហូអាស+ជា​កូន​យេហូអាហាស​ស្ដេច​ស្រុក​អ៊ីស្រាអែល+បាន​ស្លាប់ អាម៉ាស៊ា+ជា​កូន​យេហូអាស​ស្ដេច​ស្រុក​យូដា​រស់​នៅ​បាន​១៥​ឆ្នាំ​ទៀត។ ២៦ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អាម៉ាស៊ា​បាន​ធ្វើ​តាំង​ពី​ដើម​ដល់​ចប់ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នៃ​បណ្ដា​ស្ដេច​ស្រុក​យូដា​និង​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ២៧ តាំង​ពី​ពេល​ដែល​អាម៉ាស៊ា​បាន​ឈប់​កាន់​តាម​ព្រះ​យេហូវ៉ា មាន​គេ​ឃុប​ឃិត​គ្នា​ក្បត់+នឹង​គាត់​នៅ​ក្រុង​យេរូសាឡិម។ ដូច្នេះ គាត់​ក៏​បាន​រត់​ទៅ​ក្រុង​ឡាគីស។ ប៉ុន្តែ​គេ​បាន​ចាត់​បុរស​ខ្លះ​ឲ្យ​ទៅ​តាម​គាត់​នៅ​ក្រុង​នោះ ហើយ​បាន​សម្លាប់​គាត់​ចោល​ទៅ។ ២៨ ដូច្នេះ គេ​បាន​ដាក់​សព​គាត់​លើ​រទេះ​សេះ ហើយ​នាំ​យក​មក​បញ្ចុះ​ជា​មួយ​នឹង​បុព្វ​បុរស​គាត់​នៅ​ក្នុង​ក្រុង​នៃ​ស្រុក​យូដា។

២៦ ក្រោយ​មក បណ្ដា​ជន​យូដា​ទាំង​អស់​បាន​លើក​អូសៀស+ឲ្យ​ធ្វើ​ជា​ស្ដេច​បន្ទាប់​ពី​អាម៉ាស៊ា​ជា​ឪពុក​គាត់ ពេល​នោះ​គាត់​មាន​អាយុ​១៦​ឆ្នាំ។+ ២ ក្រោយ​ពី​ឪពុក​គាត់​បាន​ស្លាប់ អូសៀស​បាន​សង់​ក្រុង​អេឡូត+ឡើង​វិញ ហើយ​ដាក់​ឲ្យ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ពួក​យូដា​ដូច​ពី​មុន។+ ៣ ពេល​អូសៀស+បាន​ក្លាយ​ទៅ​ជា​ស្ដេច គាត់​មាន​អាយុ​១៦​ឆ្នាំ ហើយ​គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​៥២​ឆ្នាំ។ ម្ដាយ​របស់​គាត់​ឈ្មោះ​យេកូលា​ជា​អ្នក​ក្រុង​យេរូសាឡិម។+ ៤ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ដូច​អាម៉ាស៊ា​ឪពុក​គាត់​ដែរ។+ ៥ គាត់​បាន​បម្រើ*ព្រះ​កាល​ដែល​សាការី​នៅ​រស់ ព្រោះ​សាការី​បាន​បង្រៀន​គាត់​ឲ្យ​កោត​ខ្លាច​ព្រះ​ពិត។ នៅ​គ្រា​ដែល​អូសៀស​បម្រើ​ព្រះ​យេហូវ៉ា លោក​បាន​ឲ្យ​គាត់​ចម្រុង​ចម្រើន។+

៦ ពេល​មួយ អូសៀស​បាន​ទៅ​ធ្វើ​ចម្បាំង​នឹង​ពួក​ភីលីស្ទីន+ ហើយ​គាត់​បាន​ទម្លាយ​កំពែង​ក្រុង​កាថ+ កំពែង​ក្រុង​យ៉ាបនេ+ និង​កំពែង​ក្រុង​អាសូត។+ រួច​មក គាត់​បាន​សង់​ក្រុង​មួយ​ចំនួន​នៅ​ក្បែរ​ក្រុង​អាសូត និង​ក្នុង​ទឹក​ដី​ពួក​ភីលីស្ទីន។ ៧ ព្រះ​ពិត​ក៏​បាន​បន្ត​ជួយ​គាត់​ច្បាំង​ឈ្នះ​ពួក​ភីលីស្ទីន ពួក​អារ៉ាប់+ដែល​នៅ​តំបន់​គើបាល និង​ពួក​មេយូនីម​ដែរ។ ៨ ឯ​ជន​ជាតិ​អាំម៉ូន​វិញ+ ពួក​គេ​បាន​យក​សួយ​អាករ​មក​ជូន​អូសៀស។ នៅ​គ្រា​នោះ គាត់​មាន​អំណាច​ខ្លាំង​ក្លា ហើយ​កេរ្ដិ៍​ឈ្មោះ​គាត់​ល្បី​រន្ទឺ​រហូត​ដល់​ស្រុក​អេហ្ស៊ីប។ ៩ បន្ថែម​ទៅ​ទៀត អូសៀស​បាន​សង់​ប៉ម​ផ្សេង​ៗ​ឲ្យ​រឹង​មាំ+ក្នុង​ក្រុង​យេរូសាឡិម នៅ​ជិត​ទ្វារជ្រុងកំពែង+ ទ្វារច្រកភ្នំ+ និង​ជិត​សសរ​ទ្រ។ ១០ គាត់​ថែម​ទាំង​បាន​សង់​ប៉ម​នា​នា+នៅ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ ហើយ​ជីក​អណ្ដូង​ជា​ច្រើន ព្រោះ​គាត់​មាន​ហ្វូង​សត្វ​ច្រើន​សន្ធឹក។ គាត់​ក៏​បាន​ធ្វើ​ដូច្នេះ​នៅ​តំបន់​សេភីឡា​និង​តំបន់​ទំនាប​ដែរ។ គាត់​មាន​កសិករ​និង​អ្នក​មើល​ថែ​ចម្ការ​ទំពាំង​បាយ​ជូរ​នៅ​ភ្នំ​នា​នា​និង​នៅ​ភ្នំ​កើមែល ព្រោះ​គាត់​ចូល​ចិត្ត​កសិកម្ម។

១១ លើស​ពី​នោះ​ទៅ​ទៀត អូសៀស​មាន​កង​ទ័ព​ដែល​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចេញ​ទៅ​ច្បាំង។ ទ័ព​ទាំង​នោះ​តែង​តែ​ចេញ​ទៅ​ច្បាំង ដោយ​មាន​ការ​បែង​ចែក​ជា​ក្រុម​ៗ។ យេអែល​ជា​លេខាធិការ+និង​ម៉ាអាសៀ​ជា​មន្ត្រី បាន​រាប់​ចំនួន​ពួក​គេ​ហើយ​ចុះ​បញ្ជី+ តាម​បង្គាប់​របស់​ហាណានា​ជា​មន្ត្រី​ស្ដេច។ ១២ ឯ​ពួក​ប្រមុខ​លើ​វង្ស​ត្រកូល​ទាំង​អស់​ដែល​ដឹក​នាំ​ទាហាន​ពូកែ​អង់អាច​ទាំង​នោះ ពួក​គេ​មាន​ចំនួន​២.៦០០​នាក់។ ១៣ ទាហាន​ដែល​នៅ​ក្រោម​បង្គាប់​របស់​ប្រមុខ​ទាំង​នោះ​មាន​ចំនួន​៣០៧.៥០០​នាក់ ហើយ​សុទ្ធតែ​ជា​អ្នក​ដែល​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចេញ​ច្បាំង។ ពួក​គេ​ជា​ទាហាន​ខ្លាំង​ក្លា ដើម្បី​ជួយ​ស្ដេច​ប្រយុទ្ធ​នឹង​សត្រូវ។+ ១៤ អូសៀស​បាន​ឲ្យ​ទាហាន​របស់​គាត់​នូវ​ខែល លំពែង+ មួក​ការពារ អាវ​ក្រោះ+ ធ្នូ និង​ថ្ម​រលីង។+ ១៥ បន្ថែម​ទៅ​ទៀត គាត់​បាន​ឲ្យ​ពួក​វិស្វករ​ធ្វើ​គ្រឿង​យន្ត​ចម្បាំង​ទុក​នៅ​ក្រុង​យេរូសាឡិម។ ពួក​គេ​បាន​ដាក់​គ្រឿង​ទាំង​នោះ​នៅ​លើ​ប៉ម+ និង​លើ​ជ្រុង​កំពែង ដើម្បី​អាច​បាញ់​ព្រួញ​និង​ថ្ម​ធំ​ៗ។ គាត់​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​សុសសាយ​ដល់​ទី​ជិត​ឆ្ងាយ ព្រោះ​គាត់​មាន​ជំនួយ​ពី​ព្រះ ហើយ​គាត់​ក៏​ចាប់​ផ្ដើម​មាន​អំណាច​ខ្លាំង​ក្លា។

១៦ មិន​យូរ​ក្រោយ​ពី​គាត់​មាន​អំណាច​ខ្លាំង​ក្លា គាត់​ក៏​ចាប់​ផ្ដើម​មាន​អំណួត ហើយ​នេះ​បាន​នាំ​ឲ្យ​ខ្លួន​គាត់​វិនាស។ គាត់​បាន​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់ គឺ​គាត់​បាន​ចូល​ក្នុង​វិហារ​ព្រះ​យេហូវ៉ា​ដើម្បី​ដុត​គ្រឿង​ក្រអូប​នៅ​លើ​ទី​បូជា។*+ ១៧ ភ្លាម​នោះ អាសារៀ​ជា​សង្ឃ​និង​សង្ឃ​ដ៏​ក្លាហាន​ឯ​ទៀត​របស់​ព្រះ​យេហូវ៉ា​ចំនួន​៨០​នាក់ បាន​ចូល​ទៅ​តាម​អូសៀស។ ១៨ ពួក​គេ​បាន​ឈរ​ខាង​មុខ​ស្ដេច​អូសៀស ហើយ​និយាយ​ថា​៖ ​«​ស្ដេច​អូសៀស គឺ​មិន​ត្រឹម​ត្រូវ​ទេ​ដែល​លោក​ដុត​គ្រឿង​ក្រអូប​ជូន​ព្រះ​យេហូវ៉ា!+ នេះ​ជា​ភារកិច្ច​របស់​ពួក​សង្ឃ ព្រោះ​ពួក​គេ​ជា​កូន​ចៅ​របស់​អេរ៉ុន+ ដែល​បាន​ត្រូវ​ញែក​ជា​បរិសុទ្ធ។ ចូរ​លោក​ចេញ​ពី​ទី​បរិសុទ្ធ​នេះ​ទៅ ព្រោះ​លោក​បាន​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ហើយ។ លោក​នឹង​មិន​ទទួល​កិត្តិយស​ពី​ព្រះ​យេហូវ៉ា​ចំពោះ​ការ​នេះ​ទេ​»។

១៩ ពេល​ឮ​ដូច្នោះ អូសៀស​បាន​ផ្ទុះ​កំហឹង+នឹង​ពួក​សង្ឃ ភ្លាម​នោះ​ស្រាប់​តែ​គាត់​កើត​រោគ​ឃ្លង់+ពេញ​ថ្ងាស​នៅ​ចំពោះ​មុខ​ពួក​សង្ឃ។ ពេល​នោះ គាត់​កំពុង​ឈរ​នៅ​ក្បែរ​ទី​បូជា*ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា ទាំង​កាន់​ប្រដាប់​ដុត​គ្រឿង​ក្រអូប។ ២០ ពេល​អាសារៀ​ជា​សង្ឃ​នាយក និង​ពួក​សង្ឃ​ទាំង​អស់​បាន​មើល​ទៅ​គាត់ ពួក​គេ​បាន​ឃើញ​រោគ​ឃ្លង់​ពេញ​ថ្ងាស​របស់​គាត់។ ដូច្នេះ ពួក​គេ​ប្រញាប់​យក​គាត់​ចេញ​ពី​ទី​នោះ។ អូសៀស​ក៏​រូត​រះ​ចេញ​ទៅ​ដែរ ព្រោះ​ព្រះ​យេហូវ៉ា​បាន​ដាក់​ទោស​គាត់។

២១ ស្ដេច​អូសៀស​បាន​កើត​រោគ​ឃ្លង់​រហូត​ដល់​ថ្ងៃ​ស្លាប់។ ក្រោយ​ពី​កើត​រោគ​ឃ្លង់ គាត់​បាន​ស្នាក់​នៅ​ផ្ទះ​មួយ​ដោយ​ឡែក​ពី​គេ+ ហើយ​គាត់​មិន​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​វិហារ​ព្រះ​យេហូវ៉ា​ទៀត​ឡើយ។ ចំណែក​យ៉ូថាម​ជា​កូន​របស់​ស្ដេច​អូសៀស គាត់​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​វិមាន​ស្ដេច ថែម​ទាំង​វិនិច្ឆ័យ​ក្ដី​ឲ្យ​បណ្ដា​ជន​នៅ​ក្នុង​ស្រុក។+

២២ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អូសៀស​បាន​ធ្វើ​តាំង​ពី​ដើម​ដល់​ចប់ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ដោយ​អេសាយ+ជា​អ្នក​ប្រកាស​ទំនាយ ត្រូវ​ជា​កូន​អាម៉ុស។ ២៣ ក្រោយ​មក អូសៀស​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បុព្វ​បុរស​គាត់។ ប៉ុន្តែ គេ​បាន​បញ្ចុះ​សព​គាត់​នៅ​វាល​បញ្ចុះ​សព​ដែល​ជា​កម្មសិទ្ធិ​របស់​ស្ដេច ព្រោះ​គេ​បាន​និយាយ​ថា​៖ ​«​គាត់​ជា​អ្នក​កើត​រោគ​ឃ្លង់​»។ រួច​មក យ៉ូថាម+ជា​កូន​របស់​គាត់ ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។

២៧ ពេល​យ៉ូថាម+បាន​ក្លាយ​ទៅ​ជា​ស្ដេច គាត់​មាន​អាយុ​២៥​ឆ្នាំ ហើយ​គាត់​បាន​គ្រប់​គ្រង​ក្នុង​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​១៦​ឆ្នាំ។ ម្ដាយ​របស់​គាត់​ឈ្មោះ​យេរូសា​ជា​កូន​សេដុក។+ ២ គាត់​បន្ត​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ដូច​អូសៀស​ជា​ឪពុក​ដែរ+ តែ​គាត់​មិន​បាន​បំពាន​ចូល​វិហារ​ព្រះ​យេហូវ៉ា​ទេ។+ នៅ​គ្រា​ដែល​គាត់​គ្រប់​គ្រង បណ្ដា​ជន​នៅ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់​ដដែល។ ៣ គាត់​បាន​សង់​ខ្លោង​ទ្វារ​ខាង​លើ​នៃ​វិហារ​ព្រះ​យេហូវ៉ា+ ហើយ​គាត់​ក៏​បាន​ពង្រឹង​កំពែង​នៅ​អូផែល​ដែរ។+ ៤ បន្ថែម​ទៅ​ទៀត គាត់​បាន​សង់​ក្រុង​នា​នា+នៅ​តំបន់​ភ្នំ​ក្នុង​ស្រុក​យូដា+ ព្រម​ទាំង​សង់​បន្ទាយ​មាំ​មួន+និង​ប៉ម​ផ្សេង​ៗ​+នៅ​តាម​ព្រៃ​ទៀត​ផង។ ៥ គាត់​បាន​ធ្វើ​ចម្បាំង​ជា​មួយ​នឹង​ស្ដេច​ស្រុក​អាំម៉ូន+ ហើយ​គាត់​ក៏​បាន​ឈ្នះ​ពួក​គេ។ នៅ​ឆ្នាំ​នោះ ពួក​អាំម៉ូន​បាន​ជូន​គាត់​នូវ​ប្រាក់​១០០​ថាលិន* ស្រូវ​សាលី​១០.០០០​រង្វាល់* និង​ស្រូវ​បាលី​១០.០០០​រង្វាល់។ នៅ​ឆ្នាំ​ទី​២​និង​ទី​៣ ពួក​អាំម៉ូន​ក៏​បាន​ជូន​របស់​ទាំង​នោះ​ដែរ។+ ៦ ដូច្នេះ យ៉ូថាម​កាន់​តែ​មាន​អំណាច​រឹង​មាំ​ឡើង​ៗ ព្រោះ​គាត់​បាន​តាំង​ចិត្ត​ដើរ​តាម​ផ្លូវ​របស់​ព្រះ​យេហូវ៉ា​ជា​និច្ច។

៧ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​យ៉ូថាម​បាន​ធ្វើ និង​ការ​ធ្វើ​ចម្បាំង រួម​ទាំង​សកម្មភាព​របស់​គាត់ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នៃ​បណ្ដា​ស្ដេច​ស្រុក​យូដា​និង​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។+ ៨ ពេល​យ៉ូថាម​បាន​ក្លាយ​ទៅ​ជា​ស្ដេច គាត់​មាន​អាយុ​២៥​ឆ្នាំ ហើយ​គាត់​បាន​គ្រប់​គ្រង​ក្នុង​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​១៦​ឆ្នាំ។+ ៩ ក្រោយ​មក យ៉ូថាម​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្រុង​ដាវីឌ។+ រួច​មក អេហាស​ជា​កូន​របស់​គាត់ ក៏​បាន​ស្នង​រាជ្យ​ពី​គាត់។+

២៨ ពេល​អេហាស+បាន​ទៅ​ជា​ស្ដេច​គាត់​មាន​អាយុ​២០​ឆ្នាំ ហើយ​គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​១៦​ឆ្នាំ។ គាត់​មិន​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ដូច​ដាវីឌ​ជា​បុព្វ​បុរស​របស់​គាត់​ទេ។+ ២ ផ្ទុយ​ទៅ​វិញ គាត់​បាន​ដើរ​តាម​គន្លង​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល+ ហើយ​ថែម​ទាំង​ធ្វើ​រូប​ព្រះ​បាល​ពី​លោហៈ+ទៀត​ផង។ ៣ បន្ថែម​ទៅ​ទៀត គាត់​បាន​ជូន​គ្រឿង​បូជា*នៅ​ជ្រលង​ហ៊ីណំ* ហើយ​គាត់​បាន​ដុត​កូន​ៗ​របស់​គាត់​ជូន​ជា​គ្រឿង​បូជា​ផង​ដែរ។+ គាត់​បាន​ធ្វើ​តាម​ការ​ប្រព្រឹត្ត​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​របស់​ប្រជា​ជាតិ​នា​នា+ ដែល​ព្រះ​យេហូវ៉ា​បាន​បណ្ដេញ​ចេញ​ពី​មុខ​ជន​ជាតិ​អ៊ីស្រាអែល។ ៤ គាត់​ក៏​បាន​ជូន​គ្រឿង​បូជា និង​ដុត​គ្រឿង​បូជា*នៅ​លើ​ទី​ខ្ពស់​ពិសិដ្ឋ+ នៅ​ទី​ទួល និង​នៅ​ក្រោម​ដើម​ឈើ​ខៀវ​ខ្ចី។+

៥ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ប្រគល់​គាត់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​ស្រុក​ស៊ីរី។+ ហេតុ​នេះ​ហើយ​បាន​ជា​ទ័ព​ស៊ីរី​វាយ​ឈ្នះ​ទ័ព​យូដា រួច​ចាប់​យក​ពួក​យូដា​ទៅ​ក្រុង​ដាម៉ាស់​ធ្វើ​ជា​ឈ្លើយ​សឹក។+ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ព្រះ​បាន​ប្រគល់​គាត់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​ស្រុក​អ៊ីស្រាអែល។ គ្រា​នោះ ពួក​អ៊ីស្រាអែល​បាន​សម្លាប់​ពួក​យូដា​យ៉ាង​ច្រើន​សន្ធឹក។ ៦ ក្នុង​ចម្បាំង​នោះ ភេកា+ជា​កូន​រេម៉ាលៀ​បាន​សម្លាប់​ពួក​យូដា​អស់​ចំនួន​១២០.០០០​នាក់​ក្នុង​មួយ​ថ្ងៃ ដែល​សុទ្ធតែ​ជា​ទាហាន​អង់អាច។ នេះ​បាន​កើត​ឡើង​ដោយ​សារ​ពួក​យូដា​បាន​លះ​ចោល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ។+ ៧ ឯ​ស៊ីកក្រាយ​ដែល​មក​ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម គាត់​ជា​ទាហាន​ខ្លាំង​ពូកែ​ម្នាក់។ គាត់​បាន​សម្លាប់​ម៉ាអាសៀ​ជា​កូន​ស្ដេច និង​អាសរ៉ាយខាម​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​វិមាន​ស្ដេច ព្រម​ទាំង​អេលកាណា​ជា​អ្នក​ដែល​មាន​ឋានៈ​បន្ទាប់​ពី​ស្ដេច។ ៨ ម្យ៉ាង​ទៀត ពួក​អ៊ីស្រាអែល​បាន​ចាប់​ពួក​យូដា​ចំនួន​២០០.០០០​នាក់ ដែល​ជា​បង​ប្អូន​របស់​ពួក​គេ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​សឹក គឺ​មាន​ស្ត្រី​និង​ក្មេង​ប្រុស​ក្មេង​ស្រី។ ពួក​គេក៏​បាន​នាំ​យក​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៅ​ក្រុង​សាម៉ារី​ដែរ។+

៩ គ្រា​នោះ អ្នក​ប្រកាស​ទំនាយ​ម្នាក់​របស់​ព្រះ​យេហូវ៉ា​ឈ្មោះ​អូដេត​នៅ​ទី​នោះ។ ពេល​គាត់​ឃើញ​ទ័ព​អ៊ីស្រាអែល​ត្រឡប់​មក​ក្រុង​សាម៉ារី​វិញ គាត់​ក៏​ចេញ​ទៅ​ជួប​ពួក​គេ ហើយ​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​បាន​ឲ្យ​អ្នក​រាល់​គ្នា​វាយ​ឈ្នះ​ពួក​យូដា គឺ​ដោយ​សារ​លោក​មាន​សេចក្ដី​ក្រោធ​នឹង​ពួក​គេ។+ ប៉ុន្តែ អ្នក​រាល់​គ្នា​បែរ​ជា​សម្លាប់​ពួក​គេ​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ ឮ​រហូត​ទៅ​ដល់​ស្ថាន​សួគ៌។ ១០ ឥឡូវ អ្នក​រាល់​គ្នា​ថែម​ទាំង​ចង់​យក​ពួក​យូដា​និង​ពួក​អ្នក​ក្រុង​យេរូសាឡិម​មក​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​រាល់​គ្នា​ទៀត។+ អ្នក​រាល់​គ្នា​ក៏​មាន​ទោស​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ដែរ មែន​ទេ? ១១ ឥឡូវ! សូម​ស្ដាប់​តាម​ខ្ញុំ ហើយ​ដោះ​លែង​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ឲ្យ​ត្រឡប់​ទៅ​វិញ​ទៅ ព្រោះ​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​ក្រោធ​នឹង​អ្នក​រាល់​គ្នា​ជា​ខ្លាំង​»។

១២ ក្រោយ​ពី​ឮ​ដូច្នោះ ពួក​មេ​ៗ​ដែល​ជា​ពួក​អេប្រាអ៊ីម​បាន​ប្រឆាំង​នឹង​អ្វី​ដែល​ពួក​ទ័ព​អ៊ីស្រាអែល​បាន​ធ្វើ។ ពួក​គេ​រួម​មាន អាសារៀ​ជា​កូន​យេហូហេណាន បេរេគា​ជា​កូន​មេស៊ីលេម៉ត យេហ៊ីគា​ជា​កូន​សាលូម និង​អាម៉េសា​ជា​កូន​ហាតឡាយ។ ១៣ ពួក​មេ​ទាំង​នោះ​បាន​និយាយ​ទៅ​កាន់​ទ័ព​អ៊ីស្រាអែល​ថា​៖ ​«​ចូរ​កុំ​នាំ​យក​ឈ្លើយ​សឹក​ចូល​មក​ក្រុង​នេះ​ឲ្យ​សោះ ព្រោះ​នេះ​នឹង​នាំ​ឲ្យ​យើង​មាន​ទោស​កាន់​តែ​ធ្ងន់​ចំពោះ​ព្រះ​យេហូវ៉ា។ យើង​កំពុង​មាន​ទោស​ធំ​ស្រាប់​ហើយ ព្រះ​ក៏​ខឹង​នឹង​ពួក​អ៊ីស្រាអែល​ជា​ខ្លាំង​ដែរ​»។ ១៤ ដូច្នេះ ពួក​ទ័ព​អ៊ីស្រាអែល​យក​របស់​ដែល​រឹប​អូស​បាន​និង​ពួក​ឈ្លើយ​សឹក+ ទៅ​ប្រគល់​ឲ្យ​ពួក​អ្នក​គ្រប់​គ្រង​និង​ពួក​ជំនុំ​ទាំង​មូល។ ១៥ បន្ទាប់​មក ពួក​គេ​បាន​ជ្រើស​រើស​បុរស​ខ្លះ​ឲ្យ​ជួយ​ថែ​រក្សា​ពួក​ឈ្លើយ​សឹក។ បុរស​ទាំង​នោះ​បាន​យក​សម្លៀក​បំពាក់​ពី​របស់​របរ​ដែល​ពួក​គេ​រឹប​អូស​បាន ឲ្យ​ដល់​អស់​អ្នក​ដែល​គ្មាន​សម្លៀក​បំពាក់។ រួច​មក បុរស​ទាំង​នោះ​បាន​ឲ្យ​ពួក​គេ​នូវ​ស្បែក​ជើង អាហារ​និង​ទឹក ព្រម​ទាំង​ប្រេង​សម្រាប់​លាប​លើ​ស្បែក​ពួក​គេ​ដែរ។ ក្រោយ​មក បុរស​ទាំង​នោះ​បាន​នាំ​ពួក​ឈ្លើយ​សឹក​ទៅ​ក្រុង​យេរីខូ​ជា​ក្រុង​ដើម​លម៉ើ ដើម្បី​ឲ្យ​ពួក​គេ​ជួប​ជុំ​បង​ប្អូន​របស់​ខ្លួន​វិញ។ ឯ​អ្នក​ដែល​ខ្សោយ​ដើរ​មិន​រួច ពួក​គេ​បាន​ដាក់​ឲ្យ​ជិះ​លើ​ខ្នង​លា។ ក្រោយ​បញ្ចប់​កិច្ចការ​នោះ​ហើយ បុរស​ទាំង​នោះ​បាន​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។

១៦ គ្រា​នោះ ស្ដេច​អេហាស​បាន​សុំ​ជំនួយ​ពី​បណ្ដា​ស្ដេច​ស្រុក​អាស៊ីរី។+ ១៧ ចំណែក​ពួក​អេដំ​វិញ ពួក​គេ​បាន​ចូល​មក​វាយ​ប្រហារ​ពួក​យូដា​ម្ដង​ទៀត ហើយ​បាន​ចាប់​ពួក​គេ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​សឹក។ ១៨ ឯ​ពួក​ភីលីស្ទីន+ ពួក​គេ​បាន​ចូល​វាយលុក​បណ្ដា​ក្រុង​នៅ​តំបន់​សេភីឡា+ និង​តំបន់​ណេកេប​ក្នុង​ទឹក​ដី​យូដា។ ពួក​គេ​បាន​ដណ្ដើម​យក ក្រុង​បេតសេមែស+ ក្រុង​អៃយ៉ាឡូន+ ក្រុង​កេដេរ៉ូត ក្រុង​សូគរ​និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំវិញ ក្រុង​ធីមណា+និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំវិញ ព្រម​ទាំង​ក្រុង​គីមសូ​និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំវិញ។ ក្រោយ​មក ពួក​ភីលីស្ទីន​ក៏​តាំង​ទី​លំនៅ​នៅ​ទី​នោះ។ ១៩ ព្រះ​យេហូវ៉ា​បាន​បន្ទាប​ពួក​យូដា ដោយ​សារ​តែ​អេហាស​ជា​ស្ដេច​អ៊ីស្រាអែល​បាន​បណ្ដែត​បណ្ដោយ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​តាម​តែ​អំពើ​ចិត្ត។ ជា​លទ្ធផល ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ចំពោះ​ព្រះ​យេហូវ៉ា។

២០ ធីលកាតភីនីសឺ+ជា​ស្ដេច​ស្រុក​អាស៊ីរី​មិន​បាន​មក​ជួយ​ស្ដេច​អេហាស​ទេ តែ​បែរ​ជា​មក​ឈ្លានពាន​ទឹក​ដី​យូដា ហើយ​បង្ក​ទុក្ខ​លំបាក+ដល់​គាត់​ទៅ​វិញ។ ២១ អេហាស​បាន​ប្រមូល​យក​របស់​របរ​មាន​តម្លៃ​ពី​វិមាន​គាត់ ពី​វិហារ​ព្រះ​យេហូវ៉ា+ និង​ពី​ផ្ទះ​ពួក​អភិបាល ដើម្បី​ជូន​ជា​អំណោយ​ដល់​ស្ដេច​ស្រុក​អាស៊ីរី តែ​ការ​ធ្វើ​ដូច្នោះ​គ្មាន​ប្រយោជន៍​ទេ។ ២២ ទោះ​ជា​ស្ដេច​អេហាស​មាន​ទុក្ខ​លំបាក​យ៉ាង​នោះ​ក៏​ដោយ គាត់​បាន​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​លើស​ពី​មុន​ទៅ​ទៀត។ ២៣ គាត់​បាន​ចាប់​ផ្ដើម​ជូន​គ្រឿង​បូជា​ដល់​ព្រះ​របស់​ពួក​អ្នក​ក្រុង​ដាម៉ាស់+ដែល​បាន​វាយ​ឈ្នះ​គាត់។+ អេហាស​បាន​និយាយ​ថា​៖ ​«​ព្រះ​របស់​បណ្ដា​ស្ដេច​ស្រុក​ស៊ីរី​បាន​ជួយ​ពួក​គេ ដូច្នេះ​ខ្ញុំ​នឹង​ជូន​គ្រឿង​បូជា​ដល់​ព្រះ​របស់​ពួក​គេ ដើម្បី​ឲ្យ​ព្រះ​ទាំង​នោះ​ជួយ​ខ្ញុំ​ដែរ​»។+ ប៉ុន្តែ ការ​ប្រព្រឹត្ត​បែប​នេះ​បាន​នាំ​ឲ្យ​គាត់​និង​បណ្ដា​ជន​អ៊ីស្រាអែល​មាន​អន្តរាយ​ទៅ​វិញ។ ២៤ លើស​ពី​នោះ​ទៅ​ទៀត អេហាស​បាន​ប្រមូល​ប្រដាប់​ប្រដា​ពី​វិហារ​ព្រះ​ពិត យក​ទៅ​កាត់​ជា​បំណែក​ៗ​+ ហើយ​បិទ​ទ្វារ​វិហារ​ព្រះ​យេហូវ៉ា។+ គាត់​ថែម​ទាំង​ធ្វើ​ទី​បូជា​ផ្សេង​ៗ​សម្រាប់​ខ្លួន​នៅ​គ្រប់​ទី​កន្លែង*ក្នុង​ក្រុង​យេរូសាឡិម។ ២៥ នៅ​បណ្ដា​ក្រុង​ទាំង​អស់​ក្នុង​ស្រុក​យូដា គាត់​ក៏​បាន​ធ្វើ​ទី​ខ្ពស់​ពិសិដ្ឋ​នា​នា​សម្រាប់​ជូន​គ្រឿង​បូជា*ដល់​ព្រះ​ដទៃ+ ហើយ​នោះ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​គាត់​មាន​កំហឹង​ជា​ខ្លាំង។

២៦ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អេហាស​បាន​ធ្វើ​តាំង​ពី​ដើម​ដល់​ចប់ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នៃ​បណ្ដា​ស្ដេច​ស្រុក​យូដា និង​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។+ ២៧ ក្រោយ​មក អេហាស​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បុព្វ​បុរស​គាត់​នៅ​ក្រុង​យេរូសាឡិម តែ​គេ​មិន​បាន​បញ្ចុះ​សព​គាត់​នៅ​ទី​បញ្ចុះ​សព​ស្ដេច​អ៊ីស្រាអែល​ទេ។+ រួច​មក ហេសេគា​ជា​កូន​របស់​គាត់ ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។

២៩ ពេល​ហេសេគា+បាន​ទៅ​ជា​ស្ដេច គាត់​មាន​អាយុ​២៥​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​២៩​ឆ្នាំ។ ម្ដាយ​គាត់​ឈ្មោះ​អាប៊ីយ៉ា​ជា​កូន​សាការី។+ ២ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត+ ដូច​ដាវីឌ​ជា​បុព្វ​បុរស​របស់​គាត់​ដែរ។+ ៣ នៅ​ខែ​ទី​១ ក្នុង​ឆ្នាំ​ទី​១​នៃ​រាជ្យ​របស់​គាត់ គាត់​បាន​បើក​ទ្វារ​វិហារ​ព្រះ​យេហូវ៉ា ហើយ​បាន​ជួស​ជុល​ទ្វារ​ទាំង​នោះ​ឡើង​វិញ។+ ៤ រួច​មក គាត់​បាន​កោះ​ហៅ​ពួក​សង្ឃ​និង​ពួក​លេវី​ឲ្យ​មក​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ខាង​កើត។ ៥ ហេសេគា​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​ពួក​លេវី​ទាំង​ឡាយ​អើយ! ចូរ​ស្ដាប់​ខ្ញុំ។ ឥឡូវ​ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ជា​បរិសុទ្ធ+ ហើយ​ញែក​វិហារ​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​ជា​បរិសុទ្ធ និង​ដក​យក​អ្វី​ដែល​មិន​បរិសុទ្ធ​ចេញ​ពី​កន្លែង​បរិសុទ្ធ​ចុះ។+ ៦ ព្រោះ​បុព្វ​បុរស​របស់​យើង​បាន​ប្រព្រឹត្ត​ដោយ​មិន​ស្មោះ​ត្រង់ ហើយ​ធ្វើ​អំពើ​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​មិន​ពេញ​ចិត្ត។+ ពួក​គេ​បាន​លះ​ចោល​ព្រះ​យេហូវ៉ា ហើយ​មិន​បង្ហាញ​ការ​គោរព​ចំពោះ​ត្រសាល​របស់​លោក ថែម​ទាំង​មិន​អើពើ​ចំពោះ​លោក​ទៀត​ផង។+ ៧ ម្យ៉ាង​ទៀត ពួក​គេ​ក៏​បាន​បិទ​ទ្វារ​វិហារ*+និង​ពន្លត់​ចង្កៀង+ ហើយ​ឈប់​ដុត​គ្រឿង​ក្រអូប+និង​ឈប់​ជូន​គ្រឿង​បូជា​ដុត+នៅ​ទី​បរិសុទ្ធ​ដល់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ទៀត។ ៨ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​ខឹង​នឹង​ពួក​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម។+ លោក​បាន​ធ្វើ​ឲ្យ​ពួក​គេ​រង​ការ​ប្រមាថ​មាក់ងាយ​ពី​ជន​ជាតិ​ដទៃ អ្នក​ឯ​ទៀត​មើល​ក្រុង​នោះ​ដោយ​តក់​ស្លុត ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ស្រាប់។+ ៩ បុព្វ​បុរស​យើង​បាន​ស្លាប់​ដោយ​ដាវ+ ហើយ​ប្រពន្ធ​កូន​យើង​បាន​ត្រូវ​គេ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​សឹក។+ ១០ ឥឡូវ ខ្ញុំ​មាន​ចិត្ត​ចង់​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា+ ដើម្បី​ឲ្យ​លោក​ឈប់​ខឹង​នឹង​យើង​ទៀត។ ១១ ឱ​រាស្ត្រ​ខ្ញុំ​អើយ! ឥឡូវ​នេះ​មិន​មែន​ជា​ពេល​ដែល​ត្រូវ​សម្រាក​ទេ ព្រោះ​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា​ឲ្យ​បំពេញ​កិច្ច​បម្រើ​នៅ​ចំពោះ​លោក+ និង​ជូន​គ្រឿង​បូជា*ដល់​លោក​»។+

១២ នៅ​ពេល​នោះ ពួក​លេវី​ក៏​ចាប់​ផ្ដើម​បំពេញ​កិច្ចការ​របស់​ពួក​គេ​ទៅ។ ពួក​គេ​មាន​ដូច​ត​ទៅ​៖ ពី​កូន​ចៅ​កូហាត+មាន ម៉ាហាត​ជា​កូន*អាម៉េសាយ និង​យ៉ូអែល​ជា​កូន​អាសារៀ។ ពី​កូន​ចៅ​មេរេរ៉ាយ+មាន គីស​ជា​កូន​អាប់ដាយ និង​អាសារៀ​ជា​កូន​យេហាឡេលែល។ ពី​កូន​ចៅ​គើសុន+មាន យ៉ូអា​ជា​កូន​ស៊ីមម៉ា និង​អេដែន​ជា​កូន​យ៉ូអា។ ១៣ ពី​កូន​ចៅ​អេលីសាផាន​មាន ស៊ីមរ៉ាយ​និង​យេអ៊ូល។ ពី​កូន​ចៅ​អេសាភ+មាន សាការី​និង​ម៉ាថានៀ។ ១៤ ពី​កូន​ចៅ​ហេម៉ាន+មាន យេហែល​និង​ស៊ីមម៉ាយ។ ពី​កូន​ចៅ​យេឌូថិន+មាន សិមម៉ាយ៉ា​និង​អូសៀល។ ១៥ បន្ទាប់​មក ពួក​គេ​បាន​ប្រមូល​បង​ប្អូន​របស់​ពួក​គេ​ឲ្យ​មក​ជួប​ជុំ​គ្នា ហើយ​ញែក​ខ្លួន​ជា​បរិសុទ្ធ ដើម្បី​ចូល​ទៅ​សម្អាត​វិហារ​របស់​ព្រះ​យេហូវ៉ា ដូច​ដែល​ស្ដេច​បាន​បង្គាប់​ស្រប​តាម​ប្រសាសន៍​ព្រះ​យេហូវ៉ា។+ ១៦ ពួក​សង្ឃ​ក៏​បាន​ចូល​ទៅ​សម្អាត​វិហារ​របស់​ព្រះ​យេហូវ៉ា ហើយ​ប្រមូល​របស់​របរ​ដែល​មិន​ស្អាត​បរិសុទ្ធ​ពី​ក្នុង​វិហារ​ព្រះ​យេហូវ៉ា យក​ទៅ​ដាក់​នៅ​ទី​ធ្លា+នៃ​វិហារ​ព្រះ​យេហូវ៉ា។ រួច​មក ពួក​លេវី​ក៏​ជញ្ជូន​របស់​របរ​ទាំង​នោះ​យក​ទៅ​បោះ​ចោល​នៅ​ជ្រលង​គីដ្រុន។+ ១៧ នៅ​ថ្ងៃ​ទី​១ ខែ​ទី​១​ពួក​គេ​ចាប់​ផ្ដើម​សម្អាត ហើយ​នៅ​ថ្ងៃ​ទី​៨ ពួក​គេ​បាន​សម្អាត​ដល់​សាល​វិហារ​ព្រះ​យេហូវ៉ា។+ អស់​៨​ថ្ងៃ ពួក​គេ​ញែក​វិហារ​របស់​ព្រះ​យេហូវ៉ា​ជា​បរិសុទ្ធ ហើយ​នៅ​ថ្ងៃ​ទី​១៦ ខែ​ទី​១ វិហារ​ទាំង​មូល​បាន​ស្អាត​បរិសុទ្ធ។

១៨ ក្រោយ​ពី​បំពេញ​កិច្ចការ​នោះ​ហើយ ពួក​គេ​ក៏​បាន​ទៅ​ជម្រាប​ស្ដេច​ហេសេគា​ថា​៖ ​«​យើង​បាន​សម្អាត​វិហារ​ព្រះ​យេហូវ៉ា​ទាំង​មូល​រួច​ហើយ ទាំង​ទី​បូជា​សម្រាប់​ដុត​គ្រឿង​បូជា+និង​ប្រដាប់​ប្រដា​ទាំង​អស់​ដែល​ត្រូវ​ប្រើ​ប្រាស់​ជា​មួយ+ ទាំង​តុ​ដាក់​នំ​ប៉័ង​តាំង​ទុក+និង​ប្រដាប់​ប្រដា​ទាំង​អស់​ដែល​ត្រូវ​ប្រើ​ប្រាស់​ជា​មួយ។ ១៩ ឯ​របស់​របរ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​អេហាស​បាន​ទុក​ចោល កាល​ដែល​គាត់​បាន​ប្រព្រឹត្ត​ដោយ​មិន​ស្មោះ​ត្រង់+ ក្នុង​គ្រា​ដែល​គាត់​គ្រប់​គ្រង​នោះ ពួក​យើង​ខ្ញុំ​បាន​យក​មក​សម្អាត​សម្រាប់​ទុក​ប្រើ​ប្រាស់​វិញ+ ហើយ​ដាក់​នៅ​មុខ​ទី​បូជា​របស់​ព្រះ​យេហូវ៉ា​»។

២០ ស្ដេច​ហេសេគា​បាន​ក្រោក​ពី​ព្រលឹម ហើយ​បាន​កោះ​ហៅ​ពួក​អ្នក​គ្រប់​គ្រង​នៅ​ក្នុង​ក្រុង​ឲ្យ​មក​ជួប​ជុំ​គ្នា។ បន្ទាប់​មក ស្ដេច​និង​ពួក​គេ​បាន​ឡើង​ទៅ​វិហារ​ព្រះ​យេហូវ៉ា។ ២១ ស្ដេច​និង​ពួក​គេ​បាន​នាំ​យក​គោ​ឈ្មោល​៧​ក្បាល ចៀម​ឈ្មោល​៧​ក្បាល កូន​ចៀម​ឈ្មោល​៧​ក្បាល និង​ពពែ​ឈ្មោល​៧​ក្បាល ដើម្បី​ធ្វើ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​នៃ​ពូជ​ពង្ស​ស្ដេច និង​ពួក​យូដា ព្រម​ទាំង​សម្រាប់​ទី​បរិសុទ្ធ។+ បន្ទាប់​មក ស្ដេច​បាន​ប្រាប់​ពួក​សង្ឃ​ជា​កូន​ចៅ​អេរ៉ុន ឲ្យ​ជូន​គ្រឿង​បូជា​ទាំង​នោះ​នៅ​លើ​ទី​បូជា​របស់​ព្រះ​យេហូវ៉ា។ ២២ ដំបូង គេ​បាន​សម្លាប់​គោ+ រួច​ពួក​សង្ឃ​យក​ឈាម​នោះ​ទៅ​ប្រោះ​នៅ​លើ​ទី​បូជា។+ បន្ទាប់​មក គេ​បាន​សម្លាប់​ចៀម​ឈ្មោល រួច​យក​ឈាម​ទៅ​ប្រោះ​នៅ​លើ​ទី​បូជា​ដែរ។ ក្រោយ​ពី​នោះ គេ​បាន​សម្លាប់​កូន​ចៀម រួច​យក​ឈាម​ទៅ​ប្រោះ​នៅ​លើ​ទី​បូជា។ ២៣ ក្រោយ​មក គេ​បាន​យក​ពពែ​ឈ្មោល​សម្រាប់​គ្រឿង​បូជា​នៃ​អំពើ​ខុស​ឆ្គង ទៅ​ដាក់​នៅ​ចំពោះ​ស្ដេច​និង​ពួក​ជំនុំ រួច​ពួក​គេ​បាន​ដាក់​ដៃ​លើ​ពពែ​ទាំង​នោះ។ ២៤ ពួក​សង្ឃ​បាន​សម្លាប់​ពពែ​ទាំង​នោះ ហើយ​យក​ទៅ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង។ បន្ទាប់​មក ពួក​គេ​បាន​យក​ឈាម​របស់​ពពែ​ទាំង​នោះ​ទៅ​ដាក់​លើ​ទី​បូជា ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​របស់​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់។ ពួក​គេ​បាន​ធ្វើ​ដូច្នោះ ដោយ​សារ​ស្ដេច​បាន​និយាយ​ថា​គ្រឿង​បូជា​ដុត និង​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​ត្រូវ​ជូន​សម្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់។

២៥ នៅ​ពេល​ដំណាល​គ្នា​នោះ ស្ដេច​បាន​ចាត់​ពួក​លេវី​ឲ្យ​ឈរ​នៅ​វិហារ​ព្រះ​យេហូវ៉ា ដោយ​កាន់​ពិណ ឆាប និង​ឧបករណ៍​ភ្លេង​មាន​ខ្សែ។+ ពួក​គេ​បាន​ធ្វើ​ដូច្នេះ តាម​ការ​ណែនាំ​របស់​ដាវីឌ+និង​កាដ+ជា​អ្នក​ដែល​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ និង​ណាថាន់+ជា​អ្នក​ប្រកាស​ទំនាយ ព្រោះ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ការ​ណែនាំ​តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​លោក។ ២៦ ដូច្នេះ ពួក​លេវី​បាន​ឈរ​កាន់​ឧបករណ៍​ភ្លេង​របស់​ដាវីឌ ហើយ​ពួក​សង្ឃ​កាន់​ត្រែ។+

២៧ បន្ទាប់​មក ហេសេគា​បាន​បង្គាប់​ឲ្យ​ជូន​គ្រឿង​បូជា​ដុត​នៅ​លើ​ទី​បូជា។+ ពេល​ដែល​ពួក​គេ​ចាប់​ផ្ដើម​ដុត​គ្រឿង​បូជា អ្នក​ចម្រៀង​ក៏​ចាប់​ផ្ដើម​ច្រៀង​ជូន​ព្រះ​យេហូវ៉ា អម​ដោយ​សំឡេង​ត្រែ និង​ឧបករណ៍​ភ្លេង​របស់​ដាវីឌ​ដែល​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ២៨ កាល​ដែល​គេ​កំពុង​ច្រៀង​និង​ផ្លុំ​ត្រែ​នៅ​ឡើយ ពួក​ជំនុំ​បាន​លំឱន​កាយ​ក្រាប​ចុះ ហើយ​ពួក​គេ​ក៏​បន្ត​ធ្វើ​ដូច្នោះ​រហូត​ដល់​ការ​ជូន​គ្រឿង​បូជា​ដុត​បាន​ចប់​សព្វ​គ្រប់។ ២៩ ក្រោយ​ពី​ជូន​គ្រឿង​បូជា​ដុត​រួច ភ្លាម​នោះ​ស្ដេច​និង​ពួក​ជំនុំ​ទាំង​អស់​បាន​លំឱន​កាយ​ក្រាប​ចុះ។ ៣០ បន្ទាប់​មក ស្ដេច​ហេសេគា​និង​ពួក​អ្នក​គ្រប់​គ្រង បាន​បង្គាប់​ពួក​លេវី​ឲ្យ​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា ដោយ​ច្រៀង​ទំនុក​របស់​ដាវីឌ+និង​ទំនុក​របស់​អេសាភ+ជា​អ្នក​ដែល​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ។ ដូច្នេះ ពួក​គេ​បាន​ច្រៀង​សរសើរ​ដោយ​អរ​សប្បាយ ហើយ​លំឱន​កាយ​ក្រាប​ចុះ។

៣១ រួច​មក ហេសេគា​បាន​និយាយ​ថា​៖ ​«​ពួក​អ្នក​រាល់​គ្នា​បាន​ត្រូវ​ញែក​ជា​បរិសុទ្ធ​សម្រាប់​ព្រះ​យេហូវ៉ា​រួច​ហើយ ដូច្នេះ ចូរ​នាំ​យក​គ្រឿង​បូជា​សម្រាប់​អរគុណ​និង​គ្រឿង​បូជា​ឯ​ទៀត មក​ឯ​វិហារ​ព្រះ​យេហូវ៉ា​ចុះ​»។ ពួក​ជំនុំ​ក៏​បាន​នាំ​យក​គ្រឿង​បូជា​សម្រាប់​អរគុណ​និង​គ្រឿង​បូជា​ឯ​ទៀត​មក ហើយ​អស់​អ្នក​ដែល​ស្ម័គ្រ​ចិត្ត ក៏​ជូន​សត្វ​ជា​គ្រឿង​បូជា​ដុត​ដែរ។+ ៣២ គ្រឿង​បូជា​ដុត​ដែល​ពួក​ជំនុំ​បាន​យក​មក​ជូន​ព្រះ​យេហូវ៉ា មាន​គោ​៧០​ក្បាល ចៀម​ឈ្មោល​១០០​ក្បាល និង​កូន​ចៀម​ឈ្មោល​២០០​ក្បាល។+ ៣៣ ឯ​គ្រឿង​បូជា​បរិសុទ្ធ​មាន​គោ​៦០០​ក្បាល និង​ចៀម​៣.០០០​ក្បាល។ ៣៤ ប៉ុន្តែ ដោយ​សារ​ពួក​សង្ឃ​មាន​គ្នា​តិច​ពេក នោះ​ពួក​គេ​មិន​អាច​ពន្លាត់​ស្បែក​សត្វ​ទាំង​អស់​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​ដុត​បាន​ទេ។ ហេតុ​នេះ ពួក​លេវី​ជា​បង​ប្អូន​របស់​ពួក​គេ​បាន​មក​ជួយ​ដែរ។+ ពួក​គេ​បាន​ជួយ​រហូត​ដល់​កិច្ចការ​ទាំង​នោះ​ចប់​សព្វ​គ្រប់ ហើយ​រហូត​ដល់​ពួក​សង្ឃ​ញែក​ខ្លួន​ជា​បរិសុទ្ធ+ ព្រោះ​ពួក​លេវី​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ញែក​ខ្លួន​ជា​បរិសុទ្ធ ច្រើន​ជាង​ពួក​សង្ឃ។ ៣៥ បន្ថែម​ពី​លើ​គ្រឿង​បូជា​ដុត​ជា​ច្រើន​នោះ+ ក៏​មាន​ខ្លាញ់​សម្រាប់​គ្រឿង​បូជា​នៃ​មេត្រី​ភាព+ និង​គ្រឿង​បូជា​ជា​ស្រា​ដែល​ច្រួច​លើ​គ្រឿង​បូជា​ដុត​ផង​ដែរ។+ យ៉ាង​នេះ កិច្ច​បម្រើ​នៅ​វិហារ​ព្រះ​យេហូវ៉ា ចាប់​ផ្ដើម​មាន​ឡើង​វិញ។ ៣៦ ដូច្នេះ ស្ដេច​ហេសេគា​និង​បណ្ដា​ជន​ទាំង​អស់​មាន​អំណរ​ជា​ខ្លាំង ព្រោះ​ព្រះ​ពិត​បាន​ជួយ​ពួក​គេ​ឲ្យ​សម្រេច​កិច្ចការ​នេះ+បាន​ក្នុង​រយៈ​ពេល​យ៉ាង​ខ្លី។

៣០ ហេសេគា​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​អញ្ជើញ​បណ្ដា​ជន​ទាំង​អស់​ក្នុង​ស្រុក​អ៊ីស្រាអែល+ និង​ក្នុង​ស្រុក​យូដា។ គាត់​ថែម​ទាំង​ផ្ញើ​សារ​ទៅ​កុលសម្ព័ន្ធ​អេប្រាអ៊ីម និង​កុលសម្ព័ន្ធ​ម៉ាណាសេ+ ឲ្យ​មក​វិហារ​ព្រះ​យេហូវ៉ា​នៅ​ក្រុង​យេរូសាឡិម ដើម្បី​ធ្វើ​បុណ្យ​រំលង​ជូន​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។+ ២ ប៉ុន្តែ ស្ដេច​និង​ពួក​អ្នក​គ្រប់​គ្រង ព្រម​ទាំង​ពួក​ជំនុំ​ក្នុង​ក្រុង​យេរូសាឡិម បាន​សម្រេច​ចិត្ត​ធ្វើ​បុណ្យ​រំលង​នៅ​ខែ​ទី​២​វិញ។+ ៣ ពួក​គេ​មិន​អាច​ធ្វើ​បុណ្យ​រំលង​តាម​ពេល​កំណត់​ទេ+ ព្រោះ​គ្មាន​សង្ឃ​គ្រប់​គ្រាន់​ដែល​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ+ ហើយ​បណ្ដា​ជន​ក៏​មិន​ទាន់​មក​មូល​គ្នា​នៅ​ក្រុង​យេរូសាឡិម​ដែរ។ ៤ ដូច្នេះ ស្ដេច​និង​ពួក​ជំនុំ​ទាំង​មូល​បាន​យល់​ស្រប​គ្នា​ចំពោះ​ការ​លើក​ថ្ងៃ​បុណ្យ​រំលង​នេះ។ ៥ រួច​មក ស្ដេច​និង​ពួក​ជំនុំ​បាន​សម្រេច​ចេញ​សេចក្ដី​ប្រកាស​ទូ​ទាំង​ស្រុក​អ៊ីស្រាអែល ចាប់​តាំង​ពី​ក្រុង​បៀរសេបា​រហូត​ដល់​ក្រុង​ដាន់+ អញ្ជើញ​បណ្ដា​ជន​មក​ក្រុង​យេរូសាឡិម​ដើម្បី​ធ្វើ​បុណ្យ​រំលង​ជូន​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ព្រោះ​ពួក​គេ​មិន​បាន​ធ្វើ​បុណ្យ​នោះ​ជា​ក្រុម​ស្រប​តាម​ការ​ណែនាំ​ពី​ព្រះ​ទេ។+

៦ បន្ទាប់​មក ពួក​អ្នក​នាំ​សារបាន​យក​សំបុត្រ​របស់​ស្ដេច​និង​ពួក​អ្នក​គ្រប់​គ្រង ទៅ​ប្រកាស​ទូ​ទាំង​ស្រុក​អ៊ីស្រាអែល​និង​ស្រុក​យូដា។ ក្នុង​សំបុត្រ​នោះ ស្ដេច​បាន​បង្គាប់​ថា​៖ ​«​ឱ​បណ្ដា​ជន​អ៊ីស្រាអែល​អើយ! ចូរ​ត្រឡប់​មក​រក​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អាប្រាហាំ អ៊ីសាក និង​អ៊ីស្រាអែល​វិញ​ចុះ ដើម្បី​ឲ្យ​លោក​ត្រឡប់​មក​រក​ពួក​អ្នក​ដែល​នៅ​សេស​សល់ ដែល​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​បណ្ដា​ស្ដេច​ស្រុក​អាស៊ីរី។+ ៧ ចូរ​កុំ​ធ្វើ​តាម​បុព្វ​បុរស​និង​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ឡើយ ព្រោះ​ពួក​គេ​បាន​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​គេ។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ធ្វើ​ឲ្យ​ពួក​គេ​មាន​អន្តរាយ ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​ស្រាប់​ហើយ។+ ៨ ចូរ​កុំ​មាន​ចិត្ត​រឹង​រូស​ដូច​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​ឡើយ។+ ចូរ​ចុះ​ចូល​នឹង​ព្រះ​យេហូវ៉ា ហើយ​មក​ឯ​ទី​បរិសុទ្ធ+ជា​កន្លែង​ដែល​លោក​បាន​ញែក​ជា​បរិសុទ្ធ​ជា​ដរាប​ចុះ។ ចូរ​បម្រើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ ដើម្បី​ឲ្យ​លោក​ឈប់​ខឹង​នឹង​អ្នក​រាល់​គ្នា។+ ៩ ពេល​អ្នក​រាល់​គ្នា​ត្រឡប់​មក​រក​ព្រះ​យេហូវ៉ា​វិញ នោះ​បង​ប្អូន​និង​កូន​ៗ​របស់​អ្នក​រាល់​គ្នា​នឹង​ទទួល​សេចក្ដី​មេត្តា​ពី​ពួក​អ្នក​ដែល​បាន​ចាប់​ពួក​គេ​ជា​ឈ្លើយ+ ហើយ​អ្នក​ទាំង​នោះ​នឹង​ឲ្យ​ពួក​គេ​ត្រឡប់​មក​ទឹក​ដី​នេះ​វិញ។+ នេះ​គឺ​ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា មាន​ចិត្ត​អាណិត​អាសូរ​និង​សេចក្ដី​មេត្តា​ករុណា។+ បើ​អ្នក​រាល់​គ្នា​ត្រឡប់​មក​រក​លោក​វិញ លោក​នឹង​មិន​ព្រងើយ​កន្តើយ*នឹង​អ្នក​រាល់​គ្នា​ឡើយ​»។+

១០ ក្រោយ​មក ពួក​អ្នក​នាំ​សារបាន​យក​សំបុត្រ​ទៅ​គ្រប់​ក្រុង​ទូ​ទាំង​ទឹក​ដី​អេប្រាអ៊ីម​និង​ម៉ាណាសេ+ ថែម​ទាំង​ទឹក​ដី​សេប៊ូឡូន​ផង​ដែរ។ ប៉ុន្តែ បណ្ដា​ជន​នៅ​ទី​នោះ​បាន​មើល​ងាយ​សើច​ចំអក​ឲ្យ​ពួក​គេ។+ ១១ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ក៏​មាន​បណ្ដា​ជន​ខ្លះ​ពី​ទឹក​ដី​អេស៊ើរ ម៉ាណាសេ និង​សេប៊ូឡូន បាន​បន្ទាប​ខ្លួន ហើយ​ធ្វើ​ដំណើរ​មក​ក្រុង​យេរូសាឡិម។+ ១២ នៅ​ពេល​នោះ ព្រះ​យេហូវ៉ា​បាន​ជួយ​ពួក​គេ​ឲ្យ​មាន​សាមគ្គី​ភាព​ក្នុង​ស្រុក​យូដា ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​តាម​បង្គាប់​របស់​ស្ដេច​និង​ពួក​អ្នក​គ្រប់​គ្រង ស្រប​តាម​ប្រសាសន៍​របស់​ព្រះ​ពិត។

១៣ នៅ​ខែ​ទី​២+ មាន​បណ្ដា​ជន​យ៉ាង​ច្រើន​សន្ធឹក​បាន​ធ្វើ​ដំណើរ​ហូរហែ​មក​ជួប​ជុំ​គ្នា​នៅ​ក្រុង​យេរូសាឡិម ដើម្បី​ធ្វើ​បុណ្យ​នំ​ប៉័ង​ឥត​ដំបែ។+ ១៤ បណ្ដា​ជន​ទាំង​នោះ​បាន​នាំ​គ្នា​រំលំ​ទី​បូជា​ផ្សេង​ៗ​របស់​ព្រះ​មិន​ពិត​ដែល​មាន​នៅ​ក្រុង​យេរូសាឡិម+ ព្រម​ទាំង​ទី​បូជា​សម្រាប់​ដុត​គ្រឿង​ក្រអូប+ រួច​ពួក​គេ​យក​ទៅ​បោះ​ចោល​នៅ​ជ្រលង​គីដ្រុន។ ១៥ នៅ​ថ្ងៃ​ទី​១៤ ខែ​ទី​២ គេ​បាន​សម្លាប់​សត្វ​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​ពិធី​បុណ្យ​រំលង។ ឯ​ពួក​សង្ឃ​និង​ពួក​លេវី ពួក​គេ​មាន​អារម្មណ៍​ខ្មាស​ខ្លួន​ឯង ដូច្នេះ​ពួក​គេ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ ហើយ​យក​គ្រឿង​បូជា​ដុត​មក​ជូន​នៅ​វិហារ​ព្រះ​យេហូវ៉ា។ ១៦ ពួក​គេ​បាន​បំពេញ​តួ​នាទី​តាម​កន្លែង​រៀង​ៗ​ខ្លួន ស្រប​តាម​ច្បាប់​ម៉ូសេ​ដែល​ជា​តំណាង​ព្រះ​ពិត។ រួច​មក ពួក​សង្ឃ​បាន​ទទួល​ឈាម​សត្វ​ពី​ដៃ​ពួក​លេវី យក​ទៅ​ប្រោះ​នៅ​លើ​ទី​បូជា។+ ១៧ ក្នុង​ពិធី​បុណ្យ​នោះ មាន​បណ្ដា​ជន​ជា​ច្រើន​មិន​ទាន់​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ។ ដូច្នេះ ពួក​លេវី​ក៏​បាន​សម្លាប់​សត្វ​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​បុណ្យ​រំលង​ឲ្យ​អ្នក​ទាំង​នោះ+ ដើម្បី​ញែក​ពួក​អ្នក​ទាំង​នោះ​ជា​បរិសុទ្ធ​សម្រាប់​ព្រះ​យេហូវ៉ា ១៨ ព្រោះ​ពួក​គេ​ជា​ច្រើន​នាក់ ជា​ពិសេស​បណ្ដា​ជន​ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម កុលសម្ព័ន្ធ​ម៉ាណាសេ+ កុលសម្ព័ន្ធ​អ៊ីសាខារ និង​កុលសម្ព័ន្ធ​សេប៊ូឡូន មិន​បាន​សម្អាត​ខ្លួន​ឲ្យ​បរិសុទ្ធ​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​គេ​នៅ​តែ​បរិភោគ​អាហារ​បុណ្យ​រំលង​ដដែល។ ទង្វើ​នេះ​ខុស​នឹង​ច្បាប់​ដែល​បាន​ត្រូវ​កត់​ទុក។ ដូច្នេះ ហេសេគា​បាន​អធិដ្ឋាន​ឲ្យ​ពួក​គេ​ថា​៖ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​ល្អ+ អភ័យ​ទោស​ឲ្យ ១៩ អស់​អ្នក​ដែល​បាន​ត្រៀម​ចិត្ត​ស្វែង​រក​ព្រះ​យេហូវ៉ា+ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ​ផង ទោះ​ជា​ពួក​គេ​មិន​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ ស្រប​តាម​ខ្នាត​តម្រា​បរិសុទ្ធ​ក៏​ដោយ​»។+ ២០ ព្រះ​យេហូវ៉ា​ក៏​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​ហេសេគា ហើយ​អភ័យ​ទោស​ឲ្យ​បណ្ដា​ជន​ទាំង​នោះ។

២១ ដូច្នេះ ពួក​អ៊ីស្រាអែល​ដែល​នៅ​ក្រុង​យេរូសាឡិម បាន​ធ្វើ​ពិធី​បុណ្យ​នំ​ប៉័ង​ឥត​ដំបែ+អស់​៧​ថ្ងៃ​ដោយ​អរ​សប្បាយ។+ រីឯ​ពួក​សង្ឃ​និង​ពួក​លេវី​បាន​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ជា​រៀង​រាល់​ថ្ងៃ ដោយ​ប្រគំ​ភ្លេង​យ៉ាង​រំពង​ជូន​ព្រះ​យេហូវ៉ា។+ ២២ បន្ថែម​ទៅ​ទៀត ហេសេគា​បាន​និយាយ​លើក​ទឹក​ចិត្ត​ពួក​លេវី​ទាំង​អស់ ដែល​បាន​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ក្នុង​កិច្ច​បម្រើ​ជូន​ព្រះ​យេហូវ៉ា។ ក្នុង​អំឡុង​ពេល​បុណ្យ​អស់​៧​ថ្ងៃ​នោះ ពួក​គេ​បាន​បរិភោគ​អាហារ+ ហើយ​ជូន​គ្រឿង​បូជា​នៃ​មេត្រី​ភាព+ ព្រម​ទាំង​ថ្លែង​អំណរ​គុណ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ។

២៣ រួច​មក ពួក​ជំនុំ​ទាំង​អស់​បាន​មូល​មតិ​គ្នា​ធ្វើ​ពិធី​បុណ្យ​នោះ​ថែម​៧​ថ្ងៃ​ទៀត។ ពួក​គេ​ក៏​បាន​ធ្វើ​ដូច្នោះ​ដោយ​អរ​សប្បាយ។+ ២៤ ក្នុង​ពិធី​បុណ្យ​នោះ ហេសេគា​ជា​ស្ដេច​ស្រុក​យូដា​បាន​ផ្ដល់​ឲ្យ​ពួក​ជំនុំ​នូវ​គោ​ឈ្មោល​ចំនួន​១.០០០​ក្បាល​និង​ចៀម​ចំនួន​៧.០០០​ក្បាល។ ឯ​ពួក​អ្នក​គ្រប់​គ្រង​វិញ ពួក​គេ​ក៏​បាន​ផ្ដល់​ឲ្យ​ពួក​ជំនុំ​នូវ​គោ​ឈ្មោល​ចំនួន​១.០០០​ក្បាល​និង​ចៀម​ចំនួន​១០.០០០​ក្បាល​ដែរ+ ហើយ​នៅ​ពេល​នោះ​ពួក​សង្ឃ​ជា​ច្រើន​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ។+ ២៥ ក្នុង​ពិធី​បុណ្យ​នោះ ពួក​យូដា​ទាំង​អស់​ព្រម​ទាំង​ពួក​សង្ឃ​និង​ពួក​លេវី និង​បណ្ដា​ជន​ដែល​មក​ពី​ស្រុក​អ៊ីស្រាអែល+ មាន​អំណរ​ជា​ខ្លាំង។ ចំណែក​ឯ​ជន​បរទេស+ដែល​មក​ពី​ស្រុក​អ៊ីស្រាអែល​និង​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​យូដា ពួក​គេ​ក៏​មាន​អំណរ​ក្រៃ​លែង​ដែរ។ ២៦ នៅ​ពេល​នោះ បណ្ដា​ជន​ទាំង​អស់​ក្នុង​ក្រុង​យេរូសាឡិម​មាន​ចិត្ត​រីក​រាយ​និង​ត្រេក​អរ​ជា​ខ្លាំង ព្រោះ​តាំង​ពី​គ្រា​សាឡូម៉ូន​កូន​ដាវីឌ​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​មក មិន​ដែល​មាន​ពិធី​បុណ្យ​ដូច​នេះ​ក្នុង​ក្រុង​យេរូសាឡិម​ឡើយ។+ ២៧ ក្រោយ​មក ពួក​សង្ឃ​ពី​កុលសម្ព័ន្ធ​លេវី​បាន​ក្រោក​ឡើង​ជូន​ពរ​បណ្ដា​ជន+ ហើយ​ព្រះ​បាន​ឮ​សំឡេង​និង​សេចក្ដី​អធិដ្ឋាន​របស់​ពួក​គេ ពី​លំនៅ​បរិសុទ្ធ​របស់​លោក​នៅ​ស្ថាន​សួគ៌។

៣១ ក្រោយ​ពី​ធ្វើ​ពិធី​បុណ្យ​នោះ​រួច ពួក​អ៊ីស្រាអែល​ទាំង​អស់​ដែល​បាន​មក​ចូល​រួម បាន​ចេញ​ទៅ​បំផ្លិច​បំផ្លាញ​បង្គោល​ថ្ម+និង​បង្គោល​ឈើ​ពិសិដ្ឋ*+ ព្រម​ទាំង​ទី​ខ្ពស់​ពិសិដ្ឋ+និង​ទី​បូជា​ទាំង​ឡាយ+ដែល​មាន​នៅ​បណ្ដា​ក្រុង​ក្នុង​ទឹក​ដី​យូដា ទឹក​ដី​បេនយ៉ាមីន ទឹក​ដី​អេប្រាអ៊ីម​និង​ទឹក​ដី​ម៉ាណាសេ។+ ពួក​គេ​បាន​បំផ្លាញ​រហូត​អស់​គ្មាន​សល់។ ក្រោយ​មក ពួក​គេ​ក៏​ត្រឡប់​ទៅ​លំនៅ​រៀង​ៗ​ខ្លួន​តាម​ក្រុង​នានា​វិញ។

២ ស្ដេច​ហេសេគា​បាន​បែង​ចែក​ពួក​សង្ឃ​និង​ពួក​លេវី​ជា​ក្រុម+ ដើម្បី​ឲ្យ​ពួក​គេ​បំពេញ​ភារកិច្ច​តាម​ក្រុម​រៀង​ៗ​ខ្លួន។+ ភារកិច្ច​នោះ​រួម​មាន ការ​ជូន​គ្រឿង​បូជា​ដុត ការ​ជូន​គ្រឿង​បូជា​នៃ​មេត្រី​ភាព ការ​ធ្វើ​កិច្ចការ​ជូន​ព្រះ ការ​ថ្លែង​អំណរ​គុណ​និង​ការ​សរសើរ​តម្កើង​ព្រះ នៅ​ខ្លោង​ទ្វារ​ទី​ធ្លា​នៃ​វិហារ​ព្រះ​យេហូវ៉ា។+ ៣ ស្ដេច​ក៏​បាន​ឲ្យ​ទ្រព្យ​របស់​គាត់​មួយ​ចំណែក​ទុក​សម្រាប់​គ្រឿង​បូជា​ដុត+ ដែល​ត្រូវ​ជូន​នៅ​ពេល​ព្រឹក នៅ​ពេល​ល្ងាច+ នៅ​ថ្ងៃ​ឈប់​សម្រាក+ នៅ​ថ្ងៃ​ចូល​ខែ​ថ្មី+ និង​នៅ​ថ្ងៃ​បុណ្យ​ផ្សេង​ៗ​+ ស្រប​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​ត្រូវ​កត់​ទុក។

៤ បន្ថែម​ទៅ​ទៀត ស្ដេច​បាន​បង្គាប់​បណ្ដា​ជន​ដែល​រស់​នៅ​ក្រុង​យេរូសាឡិម ឲ្យ​ប្រគល់​ភោគ​ផល​របស់​ខ្លួន​មួយ​ចំណែក​ដល់​ពួក​សង្ឃ​និង​ពួក​លេវី​តាម​ចំនួន​ដែល​បាន​ត្រូវ​កំណត់​ឲ្យ+ ដើម្បី​ឲ្យ​ពួក​គេ​អាច​ផ្ដោត​អារម្មណ៍​ទាំង​ស្រុង​ទៅ​លើ​ច្បាប់​របស់​ព្រះ​យេហូវ៉ា។ ៥ ក្រោយ​ពី​ស្ដេច​បាន​ចេញ​បង្គាប់​រួច បណ្ដា​ជន​អ៊ីស្រាអែល​ក៏​បាន​នាំ​យក​ទ្រព្យ​ជា​ផល​ដំបូង​យ៉ាង​ច្រើន​សន្ធឹក​មក​ជូន​គឺ ស្រូវ ស្រា​ថ្មី ប្រេង+ ទឹក​ឃ្មុំ និង​ផល​ដំណាំ​គ្រប់​មុខ។+ ពួក​គេ​បាន​នាំ​យក​១​ភាគ​១០​នៃ​អ្វី​ៗ​គ្រប់​យ៉ាង។+ ៦ ពួក​អ៊ីស្រាអែល​និង​ពួក​យូដា​ដែល​រស់​នៅ​តាម​ក្រុង​នា​នា​ក្នុង​ស្រុក​យូដា បាន​នាំ​យក​១​ភាគ​១០​នៃ​ហ្វូង​គោ និង​ហ្វូង​ចៀម ព្រម​ទាំង​១​ភាគ​១០​នៃ​អ្វី​បរិសុទ្ធ+ដែល​ត្រូវ​ញែក​ទុក​ជូន​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​គេ។ ពួក​គេ​បាន​យក​អ្វី​ទាំង​នោះ​មក​ជូន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។ ៧ នៅ​ខែ​ទី​៣+ ពួក​គេ​បាន​នាំ​គ្នា​យក​អ្វី​ទាំង​នោះ​មក​ជូន ហើយ​ដាក់​ជា​គំនរ រួច​រហូត​ដល់​ខែ​ទី​៧+ពួក​គេ​ក៏​ឈប់​ធ្វើ​ដូច្នេះ។ ៨ ពេល​ហេសេគា​និង​ពួក​អ្នក​គ្រប់​គ្រង​ចូល​ទៅ​ឃើញ​អំណោយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ទាំង​នោះ ពួក​គាត់​ក៏​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា ហើយ​ជូន​ពរ​បណ្ដា​ជន​អ៊ីស្រាអែល។

៩ ពេល​នោះ ហេសេគា​បាន​សួរ​ពួក​សង្ឃ​និង​ពួក​លេវី​អំពី​វិភាគទាន​ដ៏​ច្រើន​សន្ធឹក​នោះ។ ១០ ឯ​អាសារៀ​ជា​សង្ឃនាយក​ដែល​មក​ពី​វង្ស​ត្រកូល​សេដុក​បាន​ឆ្លើយ​ទៅ​កាន់​ស្ដេច​ថា​៖ ​«​ចាប់​តាំង​ពី​ថ្ងៃ​ដែល​បណ្ដា​ជន​បាន​នាំ​យក​វិភាគទាន​មក​ឯ​វិហារ​ព្រះ​យេហូវ៉ា+ ពួក​គេ​នៅ​តែ​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូរ ព្រោះ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​រាស្ដ្រ​លោក ហើយ​គំនរ​ទាំង​នេះ​គឺ​ជា​អ្វី​ដែល​នៅ​សល់​ទេ​»។+

១១ ក្រោយ​ពី​ឮ​ដូច្នោះ ហេសេគា​បាន​ប្រាប់​ពួក​គេ​ឲ្យ​រៀបចំ​ឃ្លាំង+នៅ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា។ ដូច្នេះ ពួក​គេ​ក៏​ធ្វើ​តាម​បង្គាប់​ស្ដេច។ ១២ រួច​មក ពួក​គេ​បាន​នាំ​យក​អំណោយ​ផ្សេង​ៗ អំណោយ​១​ភាគ​១០+ និង​អ្វី​ដែល​បរិសុទ្ធ​យក​មក​ជូន​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ ឯ​កូណានា​ជា​ពួក​លេវី គាត់​ទទួល​ភារកិច្ច​មើល​ការ​ខុស​ត្រូវ​លើ​កិច្ចការ​ទាំង​នោះ ហើយ​ស៊ីមម៉ាយ​ប្អូន​គាត់​ធ្វើ​ជា​ជំនួយ​ការ។ ១៣ ស្ដេច​ហេសេគា​បាន​តែង​តាំង យេហែល អាសាសៀ ណាហាត អាសាអែល យេរីម៉ូត យ៉ូសាបាត អេលៀល អ៊ីសម៉ាឃា ម៉ាហាត និង​បេនណាយ៉ា ឲ្យ​ធ្វើ​ជា​អ្នក​ចាត់​ចែង​ដើម្បី​ជួយ​កូណានា​និង​ស៊ីមម៉ាយ​ជា​ប្អូន​គាត់។ ឯ​អាសាសៀ​គាត់​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​វិហារ​ព្រះ​ពិត។ ១៤ ចំណែក​កូរ៉េ​ជា​កូន​អ៊ីមណា​ដែល​ជា​ពួក​លេវី គាត់​មាន​ភារកិច្ច​យាម​ទ្វារ​នៅ​ទិស​ខាង​កើត+ ហើយ​ក៏​ទទួល​ខុស​ត្រូវ​លើ​គ្រឿង​បូជា​ដែល​គេ​យក​មក​ជូន​ព្រះ​ពិត​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដែរ។+ បន្ថែម​ទៅ​ទៀត គាត់​មាន​ភារកិច្ច​ចែក​ចាយ​អំណោយ​ដែល​គេ​យក​មក​ជូន​ព្រះ​យេហូវ៉ា+ ហើយ​គាត់​ចែក​ចាយ​អ្វី​ដែល​បរិសុទ្ធ​បំផុត។+ ១៥ ឯ​ពួក​អ្នក​ដែល​នៅ​ក្រោម​បង្គាប់​កូរ៉េ​មាន អេដែន មីណាយអាមីន យេសួ សិមម៉ាយ៉ា អាម៉ារៀ និង​សេកានៀ។ ពួក​គេ​បំពេញ​ភារកិច្ច​នៅ​បណ្ដា​ក្រុង​របស់​ពួក​សង្ឃ+ដោយ​ស្មោះ​ត្រង់ ក្នុង​ការ​ចែក​ស្បៀងអាហារ​ដល់​បង​ប្អូន​របស់​ខ្លួន​ដោយ​ស្មើ​ភាព​គ្នា+ ទោះ​ជា​អ្នក​ធំ​ឬ​អ្នក​តូច​ក៏​ដោយ។ ១៦ បន្ថែម​ទៅ​ទៀត ពួក​គេ​បាន​ចែក​ស្បៀងអាហារ​ដល់​ប្រុស​ៗ​ដែល​មក​បម្រើ​នៅ​វិហារ​ព្រះ​យេហូវ៉ា​តាម​វេន​តាម​ក្រុម​របស់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ ព្រម​ទាំង​កូន​ប្រុស​របស់​ពួក​គេ​ដែល​មាន​អាយុ​ចាប់​ពី​បី​ឆ្នាំ​ឡើង​ទៅ ពោល​គឺ​អស់​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី។

១៧ ឯ​ពួក​សង្ឃ​វិញ ពួក​គេ​បាន​ត្រូវ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​តាម​វង្ស​ត្រកូល​ពួក​គេ+ ហើយ​ពួក​លេវី​ដែល​មាន​អាយុ​ចាប់​ពី​២០​ឆ្នាំ​ឡើង​ទៅ+ ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​ទៅ​តាម​ភារកិច្ច​ក្នុង​ក្រុម​ពួក​គេ​រៀង​ៗ​ខ្លួន។+ ១៨ ចំណែក​ប្រពន្ធ​កូន​របស់​ពួក​គេ ពោល​គឺ​ក្រុម​គ្រួសារ​ទាំង​មូល​ក៏​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​នោះ​ដែរ។ នេះ​គឺ​ដោយ​សារ​ពួក​គេ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ​ដើម្បី​បំពេញ​ភារកិច្ច​ពិសិដ្ឋ​របស់​ពួក​គេ​យ៉ាង​ស្មោះ​ត្រង់។ ១៩ រីឯ​កូន​ចៅ​អេរ៉ុន​ជា​ពួក​សង្ឃ​ដែល​រស់​នៅ​តំបន់​វាល​ស្មៅ​ជុំវិញ​ក្រុង​នា​នា ពួក​គេ​ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​នោះ​ដែរ។+ ក្នុង​បណ្ដា​ក្រុង​ទាំង​ប៉ុន្មាន មាន​បុរស​ខ្លះ​បាន​ត្រូវ​តែង​តាំង​ឲ្យ​ធ្វើ​ជា​អ្នក​ចែក​ចាយ​ស្បៀងអាហារ​ដល់​ប្រុស​ៗ​ក្នុង​ក្រុម​គ្រួសារ​ពួក​សង្ឃ និង​ដល់​ពួក​លេវី​គ្រប់​គ្នា​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី។

២០ ហេសេគា​បាន​ធ្វើ​ដូច្នេះ​នៅ​ទូ​ទាំង​ស្រុក​យូដា។ គាត់​តែង​តែ​ប្រព្រឹត្ត​ល្អ​និង​ត្រឹម​ត្រូវ ហើយ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់​ជា​និច្ច។ ២១ កិច្ចការ​ណា​ក៏​ដោយ​ដែល​គាត់​ធ្វើ​ដើម្បី​បម្រើ​ព្រះ​ពិត ទោះ​ជា​ទាក់​ទង​នឹង​កិច្ច​បម្រើ​នៅ​វិហារ​របស់​លោក+ ឬ​ទាក់​ទង​នឹង​ច្បាប់​និង​បញ្ញត្ដិ​របស់​លោក​ក្ដី គាត់​តែង​តែ​ធ្វើ​យ៉ាង​អស់​ពី​ចិត្ត ហើយ​បាន​សម្រេច​ទាំង​អស់។

៣២ ក្រោយ​ពី​ស្ដេច​ហេសេគា​បាន​សម្រេច​កិច្ចការ​ទាំង​នេះ​យ៉ាង​ស្មោះ​ត្រង់+ សានហេរីប​ជា​ស្ដេច​ស្រុក​អាស៊ីរី​បាន​ចូល​មក​ឈ្លានពាន​ស្រុក​យូដា។ គាត់​បាន​ឡោម​ព័ទ្ធ​បណ្ដា​ក្រុង​ដ៏​រឹង​មាំ ក្នុង​បំណង​ទម្លាយ​កំពែង​ក្រុង​ដើម្បី​ដណ្ដើម​យក​ក្រុង​ទាំង​នោះ។+

២ ពេល​ដែល​ហេសេគា​ឃើញ​ថា​សានហេរីប​បាន​មក ដោយ​មាន​បំណង​ច្បាំង​នឹង​ក្រុង​យេរូសាឡិម​ដូច្នេះ ៣ គាត់​ក៏​បាន​ប្រឹក្សា​ជា​មួយ​នឹង​ពួក​អ្នក​គ្រប់​គ្រង​និង​ទាហាន​ពូកែ​អង់អាច​របស់​គាត់។ ក្នុង​ការ​ប្រឹក្សា​នោះ ហេសេគា​សម្រេច​ចិត្ត​បិទ​ប្រភព​ទឹក​ដែល​នៅ​ខាង​ក្រៅ​ក្រុង+ ហើយ​ពួក​អ្នក​ទាំង​នោះ​បាន​គាំទ្រ​គាត់។ ៤ ក្រោយ​មក បណ្ដា​ជន​ជា​ច្រើន​បាន​ប្រមូល​គ្នា​មក​ដើម្បី​បិទ​ប្រភព​ទឹក​ទាំង​អស់​ដែល​ហូរ​កាត់​ស្រុក។ ពួក​គេ​និយាយ​ថា​៖ ​«​យើង​មិន​ឲ្យ​ពួក​ស្ដេច​ស្រុក​អាស៊ីរី​មាន​ទឹក​ប្រើ​ទេ​»។

៥ បន្ថែម​ទៅ​ទៀត គាត់​បាន​តាំង​ចិត្ត​សង់​កំពែង​ដែល​បាក់​បែក​ឡើង​វិញ ហើយ​សង់​ប៉ម​ពី​លើ​កំពែង​នោះ ថែម​ទាំង​សង់​កំពែង​ខាង​ក្រៅ​មួយ​ជាន់​ទៀត។ គាត់​ក៏​បាន​ឲ្យ​គេ​ជួស​ជុល​មិឡូ*+នៅ​ក្រុង​ដាវីឌ​ឡើង​វិញ​ដែរ ហើយ​គាត់​ឲ្យ​គេ​ធ្វើ​ខែល​និង​លំពែង​ជា​ច្រើន​ថែម​ទៀត។ ៦ គាត់​បាន​តែង​តាំង​ពួក​មេ​ទាហាន​ខ្លះ​ឲ្យ​ត្រួត​លើ​បណ្ដា​ជន ហើយ​ឲ្យ​ពួក​គេ​មក​ជួប​ជុំ​គ្នា​នៅ​ទី​លាន​សាធារណៈ​នៅ​ក្បែរ​ទ្វារ​ក្រុង។ ស្ដេច​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ថា​៖ ៧ ​«​ចូរ​មាន​ចិត្ត​ក្លាហាន​ហើយ​រឹង​មាំ​ឡើង។ ចូរ​កុំ​ភ័យ​តក់​ស្លុត​ឬ​ខ្លាច​ស្ដេច​ស្រុក​អាស៊ីរី+និង​កង​ទ័ព​ដ៏​ច្រើន​របស់​គាត់​ឡើយ ព្រោះ​ខាង​យើង​មាន​គ្នា​ច្រើន​ជាង​ខាង​គាត់​ទៅ​ទៀត។+ ៨ នៅ​ខាង​គាត់​មាន​តែ​កម្លាំង​មនុស្ស​ប៉ុណ្ណោះ តែ​នៅ​ខាង​យើង​មាន​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង លោក​នឹង​ជួយ​ច្បាំង​ជំនួស​យើង​»។+ ក្រោយ​ពី​បណ្ដា​ជន​ឮ​ពាក្យ​លើក​ទឹក​ចិត្ត​របស់​ហេសេគា​ជា​ស្ដេច​ស្រុក​យូដា ពួក​គេ​ក៏​មាន​ចិត្ត​ក្លាហាន​ឡើង។+

៩ នៅ​ពេល​នោះ សានហេរីប​ជា​ស្ដេច​ស្រុក​អាស៊ីរី​និង​ទាហាន​ដ៏​ខ្លាំង​ពូកែ​ទាំង​អស់​របស់​គាត់​កំពុង​នៅ​ក្រុង​ឡាគីស។+ ដំណាល​គ្នា​នោះ គាត់​ក៏​បាន​ចាត់​ពួក​អ្នក​បម្រើ​របស់​គាត់ ឲ្យ​ទៅ​ជួប​ហេសេគា​ជា​ស្ដេច​ស្រុក​យូដា​និង​បណ្ដា​ជន​យូដា​ទាំង​អស់​នៅ​ក្នុង​ក្រុង​យេរូសាឡិម។+ ពួក​គេ​បាន​នាំ​ពាក្យ​គាត់​ថា​៖

១០ ​«​សានហេរីប​ជា​ស្ដេច​ស្រុក​អាស៊ីរី​បាន​មាន​ប្រសាសន៍​ថា​៖ ‹តើ​អ្នក​រាល់​គ្នា​អាង​លើ​អ្វី បាន​ជា​ចង់​បន្ត​នៅ​ក្នុង​ក្រុង​យេរូសាឡិម​ទៀត កាល​ដែល​មាន​ការ​ឡោម​ព័ទ្ធ?+ ១១ ហេសេគា​បាន​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​ច្បាស់​ជា​ជួយ​សង្គ្រោះ​យើង​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស៊ីរី​»។ ចូរ​កុំ​ជឿ​ពាក្យ​បញ្ឆោត​នេះ​ឲ្យ​សោះ ព្រោះ​គាត់​នឹង​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ស្លាប់​ដោយ​ការ​អត់​ឃ្លាន​ជា​មិន​ខាន។+ ១២ គឺ​ហេសេគា​នោះ​ហើយ ដែល​បាន​បំបាត់​ចោល​ទី​ខ្ពស់​ពិសិដ្ឋ+និង​ទី​បូជា​នា​នា+នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា មែន​ទេ? គឺ​គាត់​នោះ​ហើយ​ដែល​បាន​និយាយ​ទៅ​កាន់​បណ្ដា​ជន​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​ថា​៖ ​«​អ្នក​រាល់​គ្នា​គួរ​ក្រាប​គោរព​នៅ​ចំពោះ​ទី​បូជា​តែ​មួយ​ប៉ុណ្ណោះ ហើយ​អ្នក​រាល់​គ្នា​គួរ​ដុត​គ្រឿង​បូជា*នៅ​លើ​ទី​នេះ​វិញ​»​ មែន​ទេ?+ ១៣ តើ​អ្នក​រាល់​គ្នា​មិន​បាន​ដឹង​ថា​ខ្ញុំ​និង​បុព្វ​បុរស​របស់​ខ្ញុំ បាន​ធ្វើ​យ៉ាង​ណា​ចំពោះ​បណ្ដា​ជន​នៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន​ទេ​ឬ?+ តើ​បណ្ដា​ព្រះ​នៃ​ប្រជា​ជាតិ​ទាំង​នោះ​អាច​ជួយ​សង្គ្រោះ​ពួក​គេ​ពី​កណ្ដាប់​ដៃ​របស់​ខ្ញុំ​បាន​ឬ?+ ១៤ ក្នុង​ចំណោម​បណ្ដា​ព្រះ​នៃ​ប្រជា​ជាតិ​ទាំង​នោះ តើ​មាន​ព្រះ​មួយ​ណា​ដែល​អាច​សង្គ្រោះ​ប្រជា​ជាតិ​របស់​ពួក​គេ​កុំ​ឲ្យ​បុព្វ​បុរស​របស់​ខ្ញុំ​បំផ្លាញ​ចោល​បាន​ទៅ? បើ​ដូច្នេះ តើ​ព្រះ​របស់​អ្នក​រាល់​គ្នា​អាច​សង្គ្រោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ខ្ញុំ​ម្ដេច​នឹង​បាន?+ ១៥ ម្ល៉ោះ​ហើយ ចូរ​កុំ​ឲ្យ​ហេសេគា​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​សោះ!+ ចូរ​កុំ​ជឿ​គាត់​ជា​ដាច់​ខាត បើ​ព្រះ​នៃ​ប្រជា​ជាតិ​នា​នា មិន​អាច​សង្គ្រោះ​រាស្ត្រ​គេ​ពី​កណ្ដាប់​ដៃ​របស់​ខ្ញុំ​និង​បុព្វ​បុរស​ខ្ញុំ​បាន​ទៅ​ហើយ ចុះ​ទម្រាំ​តែ​ព្រះ​របស់​អ្នក​រាល់​គ្នា តើ​អាច​សង្គ្រោះ​អ្នក​រាល់​គ្នា​ពី​កណ្ដាប់​ដៃ​ខ្ញុំ​ម្ដេច​នឹង​បាន​ទៅ?›​»។+

១៦ ពួក​អ្នក​បម្រើ​របស់​សានហេរីប​ថែម​ទាំង​និយាយ​ប្រមាថ​មើល​ងាយ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត និង​ចំអក​ឲ្យ​ហេសេគា​ជា​អ្នក​បម្រើ​របស់​លោក​ទៀត​ផង។ ១៧ បន្ថែម​ទៀត សានហេរីប​បាន​សរសេរ​សំបុត្រ+ប្រមាថ​មើល​ងាយ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល+ថា​៖ ​«​បើ​បណ្ដា​ព្រះ​នៃ​ប្រជា​ជាតិ​នា​នា​មិន​អាច​ជួយ​សង្គ្រោះ​ប្រជារាស្ត្រ​ពួក​គេ​ពី​កណ្ដាប់​ដៃ​ខ្ញុំ​បាន​ផង+ នោះ​ព្រះ​របស់​ហេសេគា​ច្បាស់​ជា​មិន​អាច​សង្គ្រោះ​រាស្ត្រ​របស់​ខ្លួន​ពី​កណ្ដាប់​ដៃ​ខ្ញុំ​បាន​ឡើយ​»។ ១៨ ពួក​អ្នក​បម្រើ​សានហេរីប បាន​ស្រែក​ប្រកាស​យ៉ាង​ខ្លាំង​ៗ​ជា​ភាសា​យូដា ទៅ​កាន់​បណ្ដា​ជន​នៅ​ក្រុង​យេរូសាឡិម​ដែល​កំពុង​ឈរ​នៅ​លើ​កំពែង ដើម្បី​បំភ័យ​ពួក​គេ​ឲ្យ​ស្រយុត​ចិត្ត ក្នុង​បំណង​ដណ្ដើម​យក​ក្រុង​នោះ។+ ១៩ ពួក​គេ​បាន​និយាយ​ប្រមាថ​មើល​ងាយ​ព្រះ​នៃ​ក្រុង​យេរូសាឡិម ដូច​ពួក​គេ​ប្រមាថ​ដល់​បណ្ដា​ព្រះ​នៃ​ប្រជា​ជាតិ​នា​នា ដែល​សុទ្ធតែ​ជា​ស្នា​ដៃ​របស់​មនុស្ស។ ២០ ក្រោយ​ពី​ឮ​ដូច្នោះ ស្ដេច​ហេសេគា​និង​អេសាយ+ជា​កូន​អាម៉ុស​ជា​អ្នក​ប្រកាស​ទំនាយ បាន​អធិដ្ឋាន​ឥត​ឈប់​អំពី​រឿង​នេះ ហើយ​ស្រែក​សុំ​ជំនួយ​ពី​ព្រះ​នៃ​ស្ថាន​សួគ៌។+

២១ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​ចាត់​ទេវតា​មួយ​រូប​ឲ្យ​ទៅ​ប្រហារ​ពួក​ទាហាន​ខ្លាំង​ពូកែ+របស់​ស្ដេច​ស្រុក​អាស៊ីរី​ទាំង​អស់ ទាំង​មេ​ទ័ព ទាំង​មេ​កង។ ការ​នេះ​នាំ​ឲ្យ​ស្ដេច​នោះ​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ​ដោយ​អាម៉ាស់​មុខ។ ក្រោយ​មក មាន​ថ្ងៃ​មួយ​គាត់​បាន​ចូល​ទៅ​វិហារ​នៃ​ព្រះ​របស់​គាត់ ពេល​នោះ​កូន​ប្រុស​ខ្លះ​របស់​គាត់​បាន​សម្លាប់​គាត់​ចោល​ទៅ។+ ២២ យ៉ាង​នេះ ព្រះ​យេហូវ៉ា​បាន​ជួយ​សង្គ្រោះ​ហេសេគា​និង​អ្នក​ក្រុង​យេរូសាឡិម​ពី​កណ្ដាប់​ដៃ​សានហេរីប​ជា​ស្ដេច​ស្រុក​អាស៊ីរី​និង​ពី​សត្រូវ​ឯ​ទៀត។ ជា​លទ្ធផល ពួក​គេ​មាន​សេចក្ដី​សុខសាន្តត្រាណ​នៅ​គ្រប់​ទិស​ទី។ ២៣ មនុស្ស​ជា​ច្រើន​បាន​នាំ​យក​អំណោយ​មក​ជូន​ព្រះ​យេហូវ៉ា​នៅ​ក្រុង​យេរូសាឡិម។ ពួក​គេ​ក៏​បាន​យក​របស់​របរ​មាន​តម្លៃ​មក​ជូន​ហេសេគា​ជា​ស្ដេច​ស្រុក​យូដា​ដែរ។+ ចាប់​តាំង​ពី​ពេល​នោះ​មក ហេសេគា​បាន​ទទួល​ការ​គោរព​រាប់​អាន​ពី​ប្រជា​ជាតិ​នា​នា។

២៤ លុះ​ក្រោយ​មក ហេសេគា​បាន​ធ្លាក់​ខ្លួន​ឈឺ ហៀបនឹង​ស្លាប់។ ពេល​នោះ គាត់​បាន​អធិដ្ឋាន​អង្វរ​ព្រះ​យេហូវ៉ា+ ហើយ​លោក​ក៏​ធ្វើ​តាម​សេចក្ដី​អធិដ្ឋាន​របស់​គាត់ ដោយ​ផ្ដល់​សញ្ញា​សម្គាល់​មួយ។+ ២៥ ប៉ុន្តែ ហេសេគា​មិន​បាន​ដឹង​គុណ​ព្រះ​ដែល​បាន​ប្រព្រឹត្ត​ល្អ​នឹង​គាត់​ទេ ព្រោះ​គាត់​ចាប់​ផ្ដើម​មាន​អំណួត។ ហេតុ​នេះ ព្រះ​ខឹង​នឹង​គាត់ ព្រម​ទាំង​ពួក​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​ផង​ដែរ។ ២៦ ក៏​ប៉ុន្តែ ហេសេគា​និង​អ្នក​ក្រុង​យេរូសាឡិម​បាន​បន្ទាប​ខ្លួន។+ ដូច្នេះ ព្រះ​យេហូវ៉ា​មិន​បាន​ដាក់​ទោស​ពួក​គេ​នៅ​គ្រា​ដែល​ហេសេគា​គ្រប់​គ្រង​ទេ។+

២៧ ហេសេគា​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​និង​ទ្រព្យ​សម្បត្តិ​ជា​ច្រើន។+ ដូច្នេះ គាត់​បាន​ធ្វើ​ឃ្លាំង​ផ្សេង​ៗ​+ដើម្បី​ដាក់​មាស​ប្រាក់ ត្បូង​មាន​តម្លៃ ប្រេង​ក្រអូប* ខែល និង​របស់​របរ​មាន​តម្លៃ​ឯ​ទៀត។ ២៨ គាត់​បាន​ធ្វើ​ឃ្លាំង​សម្រាប់​ដាក់​ស្រូវ ប្រេង និង​ស្រា​ថ្មី។ គាត់​ក៏​បាន​ធ្វើ​ក្រោល​សម្រាប់​ដាក់​ហ្វូង​សត្វ​ផ្សេង​ៗ និង​ក្រោល​សម្រាប់​ដាក់​ហ្វូង​ចៀម​ដែរ។ ២៩ គាត់​បាន​សង់​ក្រុង​ផ្សេង​ៗ ហើយ​គាត់​មាន​ហ្វូង​សត្វ ហ្វូង​ចៀម ហ្វូង​គោ​យ៉ាង​ច្រើន​សន្ធឹក ព្រោះ​ព្រះ​បាន​ឲ្យ​គាត់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ក្រៃ​លែង។ ៣០ ហេសេគា​បាន​ទប់​ប្រភព​ទឹក+គីហុន+ប៉ែក​ខាង​លើ រួច​បង្វែរ​ផ្លូវ​ទឹក​ឲ្យ​ហូរ​ចុះ​ទៅ​ក្រុង​ដាវីឌ+ប៉ែក​ខាង​លិច។ កិច្ចការ​ណា​ដែល​ហេសេគា​ធ្វើ សុទ្ធតែ​បាន​សម្រេច​ទាំង​អស់។ ៣១ នៅ​គ្រា​មួយ ពួក​អ្នក​គ្រប់​គ្រង​នៅ​ស្រុក​បាប៊ីឡូន​បាន​ចាត់​ពួក​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជួប​ហេសេគា ដើម្បី​សួរ​អំពី​សញ្ញា​សម្គាល់+ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ស្រុក​គាត់។+ ពេល​នោះ ព្រះ​ពិត​បាន​ទុក​ឲ្យ​គាត់​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង ដើម្បី​ល្បង​ល​មើល​ចិត្ត​របស់​គាត់។+

៣២ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ហេសេគា​បាន​ធ្វើ និង​ការ​ប្រព្រឹត្ត​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​គាត់+ បាន​ត្រូវ​អេសាយ+ជា​អ្នក​ប្រកាស​ទំនាយ​ដែល​ជា​កូន​អាម៉ុស កត់​ទុក​ក្នុង​កំណត់​ត្រា​ស្ដី​អំពី​អ្វី​ដែល​គាត់​បាន​ឃើញ​ក្នុង​គំនិត។ កំណត់​ត្រា​នោះ​មាន​នៅ​ក្នុង​សៀវភៅ​នៃ​បណ្ដា​ស្ដេច​ស្រុក​យូដា​និង​ស្រុក​អ៊ីស្រាអែល។+ ៣៣ ក្រោយ​មក ហេសេគា​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បុព្វ​បុរស​គាត់ នៅ​ជម្រាល​ភ្នំ​ឡើង​ទៅ​ទី​បញ្ចុះ​សព​របស់​កូន​ចៅ​ដាវីឌ។+ បណ្ដា​ជន​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​បាន​ធ្វើ​ពិធី​បុណ្យ​សព​ដោយ​លើក​កិត្តិយស​គាត់។ រួច​មក ម៉ាណាសេ​ជា​កូន ក៏​បាន​គ្រប់​គ្រង​បន្ទាប់​ពី​គាត់។

៣៣ ពេល​ម៉ាណាសេ+បាន​ទៅ​ជា​ស្ដេច គាត់​មាន​អាយុ​១២​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​៥៥​ឆ្នាំ។+

២ គាត់​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត គឺ​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម តាម​ប្រជា​ជាតិ​នា​នា​ដែល​ព្រះ​យេហូវ៉ា​បាន​បណ្ដេញ​ចេញ​ពី​មុខ​ជន​ជាតិ​អ៊ីស្រាអែល។+ ៣ គាត់​បាន​សង់​ទី​ខ្ពស់​ពិសិដ្ឋ​នៅ​កន្លែង​ផ្សេង​ៗ​ឡើង​វិញ គឺ​ជា​ទី​ខ្ពស់​ដែល​ហេសេគា​ឪពុក​គាត់​បាន​បំផ្លាញ​ចោល។+ គាត់​ក៏​បាន​សង់​ទី​បូជា​សម្រាប់​ព្រះ​បាល ហើយ​ធ្វើ​បង្គោល​ឈើ​ពិសិដ្ឋ។* គាត់​ថែម​ទាំង​បាន​ក្រាប​គោរព​ចំពោះ​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ​ទៀត​ផង។+ ៤ គាត់​ក៏​បាន​សង់​ទី​បូជា​នា​នា​នៅ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា​នៅ​ក្រុង​យេរូសាឡិម+ ជា​កន្លែង​ដែល​ព្រះ​យេហូវ៉ា​ធ្លាប់​មាន​ប្រសាសន៍​ថា​៖ ​«​ទី​នេះ​ជា​តំណាង​នាម​ខ្ញុំ​ជា​ដរាប​»។+ ៥ បន្ថែម​ទៅ​ទៀត គាត់​បាន​សង់​ទី​បូជា​ផ្សេង​ៗ​សម្រាប់​គោរព​បូជា​ដល់​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ ក្នុង​ទី​ធ្លា​ទាំង​ពីរ​នៃ​វិហារ​ព្រះ​យេហូវ៉ា។+ ៦ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​បាន​ដុត​កូន​ប្រុស​ៗ​របស់​គាត់​ជូន​ជា​គ្រឿង​បូជា+នៅ​ជ្រលង​ហ៊ីណំ។*+ គាត់​ថែម​ទាំង​មើល​ប្រផ្នូល ប្រើ​វេទមន្ត+ ហើយ​តែង​តាំង​គ្រូ​ខាប​និង​គ្រូ​ទាយ​ទៀត​ផង។+ គាត់​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ច្រើន​ក្រៃ​លែង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​នេះ​បាន​ធ្វើ​ឲ្យ​លោក​មាន​កំហឹង​ជា​ខ្លាំង។

៧ គាត់​បាន​ឲ្យ​គេ​ឆ្លាក់​រូប​ព្រះ ហើយ​យក​ទៅ​ដាក់​ក្នុង​វិហារ​របស់​ព្រះ​ពិត+ ជា​កន្លែង​ដែល​ព្រះ​បាន​ប្រាប់​ដាវីឌ​និង​សាឡូម៉ូន​កូន​គាត់​ថា​៖ ​«​ខ្ញុំ​បាន​ញែក​វិហារ​នេះ​និង​ក្រុង​យេរូសាឡិម ទុក​ជា​បរិសុទ្ធ​សម្រាប់​នាម​ខ្ញុំ​រហូត​ត​ទៅ។ កន្លែង​នេះ​ខ្ញុំ​បាន​ជ្រើស​រើស​ពី​ចំណោម​កុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​អ៊ីស្រាអែល។+ ៨ បើ​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​តាម​យ៉ាង​ដិត​ដល់ នូវ​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ និង​ការ​សម្រេច​ក្ដី ហើយ​គ្រប់​ទាំង​ច្បាប់​ដែល​ម៉ូសេ​ជា​អ្នក​បម្រើ​ខ្ញុំ​ឲ្យ​ពួក​គេ នោះ​ខ្ញុំ​នឹង​មិន​ឲ្យ​ពួក​គេ​ខ្ចាត់​ព្រាត់​ចេញ​ពី​ទឹក​ដី​ដែល​ខ្ញុំ​បាន​ឲ្យ​ដល់​បុព្វ​បុរស​របស់​ពួក​គេ​ទៀត​ឡើយ​»។ ៩ ប៉ុន្តែ ម៉ាណាសេ​ចេះ​តែ​នាំ​ឲ្យ​ពួក​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​បែរ​ចេញ​ពី​ព្រះ ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​ក្រៃ​លែង​លើស​ប្រជា​ជាតិ​នា​នា​ដែល​ព្រះ​យេហូវ៉ា​បាន​បំផ្លាញ​ពី​មុខ​ពួក​គេ​ទៅ​ទៀត។+

១០ ព្រះ​យេហូវ៉ា​តែង​តែ​ព្រមាន​ម៉ាណាសេ​និង​បណ្ដា​ជន តែ​ពួក​គេ​មិន​បាន​ស្ដាប់​តាម​ទេ។+ ១១ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​ពួក​មេ​ទ័ព​ស្ដេច​ស្រុក​អាស៊ីរី មក​ច្បាំង​នឹង​ពួក​យូដា។ ពេល​នោះ គេ​ចាប់​បាន​ម៉ាណាសេ ហើយ​ដាក់​កន្លុះ*គាត់ ព្រម​ទាំង​ដាក់​ខ្នោះ​ស្ពាន់ រួច​នាំ​យក​ទៅ​ស្រុក​បាប៊ីឡូន។ ១២ ក្នុង​គ្រា​ដែល​គាត់​មាន​ទុក្ខ​វេទនា គាត់​បាន​អង្វរ​សុំ​សេចក្ដី​មេត្តា​ពី​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់ ហើយ​គាត់​បាន​បន្ទាប​ខ្លួន​យ៉ាង​ខ្លាំង​នៅ​ចំពោះ​មុខ​ព្រះ​នៃ​បុព្វ​បុរស​របស់​គាត់។ ១៣ គាត់​បាន​អធិដ្ឋាន​អង្វរ​ព្រះ​ឥត​ឈប់ ដូច្នេះ​លោក​បាន​បង្ហាញ​សេចក្ដី​អាណិត​មេត្តា​ចំពោះ​គាត់ ហើយ​ធ្វើ​តាម​ពាក្យ​អង្វរ​សុំ​របស់​គាត់។ បន្ទាប់​មក លោក​បាន​ឲ្យ​គាត់​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ហើយ​ឲ្យ​គាត់​គ្រប់​គ្រង​ជា​ស្ដេច​ម្ដង​ទៀត។+ ពេល​នោះ​ហើយ​ដែល​ម៉ាណាសេ​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ដ៏​ពិត។+

១៤ ក្រោយ​មក គាត់​បាន​សង់​កំពែង​យ៉ាង​ខ្ពស់​នៅ​ក្រៅ​ក្រុង​ដាវីឌ+នា​ប៉ែក​ខាង​លិច​នៃ​ប្រភព​ទឹក​គីហុន+ក្នុង​ជ្រលង​ភ្នំ រហូត​ទៅ​ដល់​ទ្វារត្រី។+ គាត់​ក៏​បាន​សង់​កំពែង​ចាប់​ពី​ទ្វារត្រី រហូត​ទៅ​ដល់​អូផែល​ដែរ។+ បន្ថែម​ទៅ​ទៀត គាត់​បាន​ដាក់​ពួក​មេ​ទ័ព​ឲ្យ​ប្រចាំ​ការ​នៅ​បណ្ដា​ក្រុង​ដ៏​រឹង​មាំ​ក្នុង​ស្រុក​យូដា។ ១៥ បន្ទាប់​មក គាត់​បាន​យក​រូប​ព្រះ​របស់​ជន​ជាតិ​ដទៃ​និង​រូប​ឆ្លាក់ ចេញ​ពី​វិហារ​ព្រះ​យេហូវ៉ា។+ គាត់​ក៏​បាន​បំផ្លាញ​ទី​បូជា​នា​នា​ដែល​គាត់​បាន​សង់​នៅ​ក្រុង​យេរូសាឡិម និង​នៅ​លើ​ភ្នំ​ដែល​មាន​វិហារ​ព្រះ​យេហូវ៉ា។+ រួច​គាត់​បាន​ឲ្យ​គេ​ជញ្ជូន​យក​ទៅ​បោះ​ចោល​នៅ​ក្រៅ​ក្រុង។ ១៦ គាត់​ក៏​បាន​សង់​ទី​បូជា​របស់​ព្រះ​យេហូវ៉ា​ឡើង​វិញ+ ហើយ​ចាប់​ផ្ដើម​ជូន​គ្រឿង​បូជា​នៃ​មេត្រី​ភាព+ និង​គ្រឿង​បូជា​សម្រាប់​អរគុណ+នៅ​លើ​ទី​បូជា​នោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​ក៏​បាន​ប្រាប់​ពួក​យូដា​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​សា​ជា​ថ្មី។ ១៧ ដូច្នេះ បណ្ដា​ជន​ក៏​ចាប់​ផ្ដើម​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ តែ​ពួក​គេ​ធ្វើ​ដូច្នោះ​នៅ​លើ​ទី​ខ្ពស់​ពិសិដ្ឋ​ដូច​ពី​មុន​ដដែល។

១៨ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ម៉ាណាសេ​បាន​ធ្វើ និង​សេចក្ដី​អធិដ្ឋាន​របស់​គាត់ ព្រម​ទាំង​ពាក្យ​សម្ដី​របស់​ពួក​អ្នក​ដែល​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ​ដែល​បាន​និយាយ​ទៅ​កាន់​គាត់​ក្នុង​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល គឺ​សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នៃ​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ១៩ ក្នុង​នោះ​ក៏​មាន​សេចក្ដី​អធិដ្ឋាន​របស់​ម៉ាណាសេ+ និង​របៀប​ដែល​ព្រះ​បាន​បំពេញ​តាម​ការ​អង្វរ​សុំ​របស់​គាត់ ព្រម​ទាំង​រាល់​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​និង​គ្រប់​ទង្វើ​មិន​ស្មោះ​ត្រង់​របស់​គាត់+ ហើយ​ក៏​មាន​ការ​បញ្ជាក់​អំពី​កន្លែង​ផ្សេង​ៗ​ដែល​គាត់​បាន​សង់​ទី​ខ្ពស់​ពិសិដ្ឋ រួម​ទាំង​ការ​ដំឡើង​បង្គោល​ឈើ​ពិសិដ្ឋ*+ និង​ការ​ឆ្លាក់​រូប​ព្រះ​មិន​ពិត​មុន​គាត់​បាន​បន្ទាប​ខ្លួន។ អ្វី​ៗ​ទាំង​អស់​នេះ​សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​របស់​ពួក​អ្នក​ដែល​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ។ ២០ ក្រោយ​មក ម៉ាណាសេ​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​នៅ​វិមាន​របស់​គាត់។ រួច​មក អេម៉ុន​ជា​កូន បាន​គ្រប់​គ្រង​បន្ទាប់​ពី​គាត់។+

២១ ពេល​អេម៉ុន+បាន​ទៅ​ជា​ស្ដេច គាត់​មាន​អាយុ​២២​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​ពីរ​ឆ្នាំ។+ ២២ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ដូច​ម៉ាណាសេ​ឪពុក​គាត់​បាន​ប្រព្រឹត្ត​ដែរ។+ គាត់​បាន​ជូន​គ្រឿង​បូជា​ដល់​រូប​ព្រះ​ទាំង​ប៉ុន្មាន​ដែល​ម៉ាណាសេ​បាន​ឲ្យ​គេ​ឆ្លាក់+ ហើយ​គាត់​គោរព​បម្រើ​ដល់​រូប​ព្រះ​ទាំង​នោះ​ជា​និច្ច។ ២៣ ប៉ុន្តែ គាត់​មិន​បាន​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ​យេហូវ៉ា+ ដូច​ឪពុក​គាត់​ទេ។+ ផ្ទុយ​ទៅ​វិញ គាត់​បាន​ធ្វើ​ឲ្យ​ខ្លួន​មាន​ទោស​កាន់​តែ​ខ្លាំង។ ២៤ ក្រោយ​មក ពួក​អ្នក​បម្រើ​របស់​អេម៉ុន​បាន​ឃុប​ឃិត​គ្នា​ក្បត់​នឹង​គាត់+ ហើយ​ក៏​សម្លាប់​គាត់​នៅ​ក្នុង​វិមាន​គាត់​ទៅ។ ២៥ ប៉ុន្តែ បណ្ដា​ជន​បាន​សម្លាប់​ពួក​អ្នក​ក្បត់​ទាំង​នោះ​ចោល។+ រួច​មក ពួក​គេ​ក៏​បាន​តែង​តាំង​យ៉ូសៀស+ជា​កូន​របស់​អេម៉ុន ឲ្យ​គ្រប់​គ្រង​បន្ទាប់​ពី​គាត់។

៣៤ ពេល​យ៉ូសៀស+បាន​ទៅ​ជា​ស្ដេច គាត់​មាន​អាយុ​៨​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​៣១​ឆ្នាំ។+ ២ គាត់​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ហើយ​គាត់​បាន​ដើរ​តាម​គន្លង​របស់​ដាវីឌ​ជា​បុព្វ​បុរស​របស់​គាត់ ឥត​ងាក​រេ​ឡើយ។*

៣ នៅ​ឆ្នាំ​ទី​៨​នៃ​រាជ្យ​យ៉ូសៀស កាល​ដែល​គាត់​នៅ​ក្មេង​នៅ​ឡើយ គាត់​បាន​ចាប់​ផ្ដើម​ស្វែង​រក​ព្រះ​របស់​ដាវីឌ។+ ក្រោយ​មក នៅ​ឆ្នាំ​ទី​១២ គាត់​បាន​ចាប់​ផ្ដើម​សម្អាត​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា+ ដោយ​បំបាត់​ចោល​នូវ​ទី​ខ្ពស់​ពិសិដ្ឋ+ និង​បង្គោល​ឈើ​ពិសិដ្ឋ* ព្រម​ទាំង​រូប​ចម្លាក់​នា​នា+ និង​រូប​ព្រះ​ដែល​ធ្វើ​ពី​លោហៈ​ទាំង​អស់។ ៤ បន្ថែម​ទៅ​ទៀត គាត់​បាន​រំលំ​ទី​បូជា​ទាំង​ប៉ុន្មាន​របស់​ព្រះ​បាល ហើយ​កាប់​បំផ្លាញ​ជើង​តាំង​សម្រាប់​ដុត​គ្រឿង​ក្រអូប​ដែល​នៅ​លើ​ទី​បូជា​ទាំង​នោះ។ គាត់​ក៏​បាន​បំបាក់​បង្គោល​ឈើ​ពិសិដ្ឋ* និង​រូប​ចម្លាក់​នា​នា ថែម​ទាំង​រូប​ព្រះ​ដែល​ធ្វើ​ពី​លោហៈ​ទៀត​ផង។ រួច​គាត់​ក៏​វាយ​បំបែក​ឲ្យ​ហ្មត់​ខ្ទេច​ខ្ទី​អស់​ទៅ។ បន្ទាប់​មក គាត់​បាន​យក​កម្ទេច​ទាំង​នោះ​ទៅ​បាច​នៅ​លើ​ផ្នូរ​ពួក​អ្នក​ដែល​ធ្លាប់​ជូន​គ្រឿង​បូជា​ដល់​រូប​ទាំង​នោះ។+ ៥ គាត់​ថែម​ទាំង​យក​ឆ្អឹង​ខ្មោច​របស់​ពួក​សង្ឃ​ទៅ​ដុត​លើ​ទី​បូជា​របស់​ពួក​គេ។+ យ៉ាង​នេះ គាត់​បាន​សម្អាត​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា​ទាំង​មូល។

៦ ឯ​នៅ​ក្នុង​ក្រុង​នា​នា​ក្នុង​ទឹក​ដី​ម៉ាណាសេ ទឹក​ដី​អេប្រាអ៊ីម+ ទឹក​ដី​ស៊ីម្មាន រហូត​ដល់​ទឹក​ដី​ណែបថាលី និង​កន្លែង​បាក់​បែក​ដែល​នៅ​ជុំវិញ​ក្រុង​ទាំង​នោះ ៧ គាត់​ក៏​បាន​រំលំ​ទី​បូជា​ទាំង​ប៉ុន្មាន ហើយ​បំផ្លាញ​បង្គោល​ឈើ​ពិសិដ្ឋ និង​វាយ​បំបែក​រូប​ចម្លាក់+ឲ្យ​ហ្មត់​ខ្ទេច​ខ្ទី​អស់​ទៅ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​ក៏​បាន​កាប់​បំផ្លាញ​ជើង​តាំង​សម្រាប់​ដុត​គ្រឿង​ក្រអូប​ឲ្យ​អស់​ពី​ស្រុក​អ៊ីស្រាអែល។+ រួច​មក គាត់​បាន​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ។

៨ នៅ​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​យ៉ូសៀស ក្រោយ​ពី​គាត់​បាន​សម្អាត​វិហារ​និង​ទឹក​ដី​ទាំង​មូល​រួច​រាល់​ហើយ គាត់​ក៏​ចាត់​សាផាន+ជា​កូន​អាសាលៀ ម៉ាអាសៀ​ជា​អភិបាល​ក្រុង និង​យ៉ូអា​ជា​អ្នក​កត់​ត្រា​ត្រូវ​ជា​កូន​យ៉ូអាហាស ឲ្យ​ទៅ​ជួស​ជុល​វិហារ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់​ឡើង​វិញ។+ ៩ ដូច្នេះ ពួក​គេ​ក៏​ទៅ​ជួប​ហ៊ីលគីយ៉ា​ជា​សម្ដេច​សង្ឃ ហើយ​ឲ្យ​គាត់​នូវ​ប្រាក់​ដែល​បណ្ដា​ជន​យក​មក​ជូន​ព្រះ​នៅ​ឯ​វិហារ គឺ​ប្រាក់​ដែល​ពួក​លេវី​ជា​អ្នក​យាម​ទ្វារ​បាន​ទទួល​ពី​បណ្ដា​ជន​ដែល​មក​ពី​កុលសម្ព័ន្ធ​ម៉ាណាសេ កុលសម្ព័ន្ធ​អេប្រាអ៊ីម និង​ពី​កុលសម្ព័ន្ធ​ឯ​ទៀត​ក្នុង​ស្រុក​អ៊ីស្រាអែល+ ព្រម​ទាំង​ពី​បណ្ដា​ជន​ដែល​មក​ពី​កុលសម្ព័ន្ធ​យូដា កុលសម្ព័ន្ធ​បេនយ៉ាមីន និង​ពី​អ្នក​ក្រុង​យេរូសាឡិម។ ១០ រួច​មក ពួក​គេ​បាន​ប្រគល់​ប្រាក់​នោះ​ឲ្យ​ដល់​ពួក​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​ការ​ជួស​ជុល​វិហារ​ព្រះ​យេហូវ៉ា។ បន្ទាប់​មក អ្នក​ទាំង​នោះ​បាន​ប្រើ​ប្រាក់​នោះ​ដើម្បី​ជួស​ជុល​វិហារ​ព្រះ​យេហូវ៉ា​ឡើង​វិញ។ ១១ អ្នក​ទាំង​នោះ​ក៏​បាន​ប្រគល់​ប្រាក់​ដល់​ជាង​ចម្លាក់​និង​ជាង​សំណង់​ដើម្បី​ឲ្យ​ពួក​គេ​ទិញ​ថ្ម​ដាប់ ហើយ​ទិញ​ឈើ​យក​មក​ធ្វើ​ជា​ផ្ទោង*និង​ធ្នឹម​សម្រាប់​សង់​អគារ​ដែល​បណ្ដា​ស្ដេច​ស្រុក​យូដា​បាន​ទុក​ឲ្យ​ខូច​បង់។+

១២ ពួក​គេ​បាន​ធ្វើ​ការ​នោះ​យ៉ាង​ស្មោះ​ត្រង់។+ ឯ​ពួក​លេវី​ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ​មាន យ៉ាហាត​និង​អូបាឌា​ជា​កូន​ចៅ​មេរេរ៉ាយ+ ព្រម​ទាំង​សាការី​និង​មេស៊ូឡាម​ជា​កូន​ចៅ​កូហាត។+ ចំណែក​ពួក​លេវី​ឯ​ទៀត​ដែល​ពូកែ​លេង​ភ្លេង+ ១៣ ពួក​គេ​មើល​ការ​ខុស​ត្រូវ​លើ​កម្មករ​លី​សែង និង​កម្មករ​ឯ​ទៀត​ដែល​ធ្វើ​ការ​គ្រប់​យ៉ាង។ ឯ​ពួក​លេវី​ខ្លះ​ទៀត ពួក​គេ​ជា​លេខាធិការ ជា​អាជ្ញាធរ និង​ជា​អ្នក​យាម​ទ្វារ។+

១៤ នៅ​ថ្ងៃ​មួយ ពេល​គេ​កំពុង​ប្រមូល​ប្រាក់​ដែល​បណ្ដា​ជន​យក​មក​ជូន​នៅ​វិហារ​ព្រះ​យេហូវ៉ា+ ហ៊ីលគីយ៉ា​ជា​សម្ដេច​សង្ឃ​បាន​រក​ឃើញ​សៀវភៅ​ច្បាប់+ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​តាម​រយៈ​ម៉ូសេ។+ ១៥ នៅ​ពេល​នោះ ហ៊ីលគីយ៉ា​ជា​សម្ដេច​សង្ឃ​បាន​ប្រាប់​សាផាន​ជា​លេខាធិការ​ថា​៖ ​«​ខ្ញុំ​បាន​រក​ឃើញ​សៀវភៅ​ច្បាប់​នៅ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា​»។ រួច​ហ៊ីលគីយ៉ា​បាន​ប្រគល់​សៀវភៅ​នោះ​ទៅ​ឲ្យ​សាផាន។ ១៦ បន្ទាប់​មក សាផាន​បាន​ចូល​ទៅ​ជួប​ស្ដេច ហើយ​ជម្រាប​ថា​៖ ​«​ពួក​អ្នក​បម្រើ​របស់​លោក​កំពុង​ធ្វើ​កិច្ចការ​ដែល​លោក​បាន​បង្គាប់​ហើយ។ ១៧ ពួក​គេ​បាន​ប្រមូល​ប្រាក់​ពី​វិហារ​ព្រះ​យេហូវ៉ា រួច​ប្រគល់​ដល់​ពួក​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​ការ​ជួស​ជុល​វិហារ​និង​ដល់​ពួក​ជាង​»។ ១៨ ខណៈ​នោះ សាផាន​ក៏​បាន​ប្រាប់​ស្ដេច​ដែរ​ថា​៖ ​«​ហ៊ីលគីយ៉ា​ជា​សង្ឃ​បាន​រក​ឃើញ​សៀវភៅ​មួយ ហើយ​គាត់​បាន​ប្រគល់​ឲ្យ​ខ្ញុំ​»។+ រួច​មក សាផាន​បាន​អាន​សៀវភៅ​នោះ​ឲ្យ​ស្ដេច​ស្ដាប់។+

១៩ ពេល​ដែល​ស្ដេច​បាន​ឮ​ពាក្យ​ក្នុង​សៀវភៅ​នោះ គាត់​ក៏​ចាប់​ហែក​អាវ។+ ២០ ពេល​នោះ ស្ដេច​បាន​បង្គាប់​ហ៊ីលគីយ៉ា អាហាយខាម+ជា​កូន​សាផាន អាប់ដូន​ជា​កូន​មីកាយ៉ា សាផាន​ជា​លេខាធិការ និង​អាសាយ៉ា​ជា​អ្នក​បម្រើ​របស់​ស្ដេច​ថា​៖ ២១ ​«​សូម​អស់​លោក​ទៅ​សួរ​ព្រះ​យេហូវ៉ា ឲ្យ​ខ្ញុំ​និង​បណ្ដា​ជន​ទាំង​អស់​ដែល​នៅ​សេស​សល់​ក្នុង​ស្រុក​យូដា​និង​ស្រុក​អ៊ីស្រាអែល​ផង ថា​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​សៀវភៅ​ដែល​ទើប​តែ​រក​ឃើញ​នោះ​មាន​ន័យ​យ៉ាង​ណា។ ព្រះ​យេហូវ៉ា​ខឹង​នឹង​យើង​ជា​ខ្លាំង​ហើយ ព្រោះ​បុព្វ​បុរស​របស់​យើង​មិន​បាន​ធ្វើ​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា ដោយ​កាន់​តាម​បញ្ញត្តិ​ទាំង​ប៉ុន្មាន​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នោះ​ទេ​»។+

២២ ដូច្នេះ ហ៊ីលគីយ៉ា​និង​អស់​អ្នក​ដែល​ស្ដេច​បាន​ចាត់ ក៏​បាន​ទៅ​ជួប​ហ៊ូលដា​ជា​ស្ត្រី​ប្រកាស​ទំនាយ។+ ហ៊ូលដា​គឺ​ជា​ប្រពន្ធ​សាលូម​ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​ខាង​សម្លៀក​បំពាក់ ត្រូវ​ជា​កូន​ធីកវ៉ា និង​ជា​ចៅ​ហាហាក់។ នាង​រស់​នៅ​ក្នុង​សង្កាត់​ថ្មី​ក្នុង​ក្រុង​យេរូសាឡិម។ ពេល​ទៅ​ដល់​ទី​នោះ ពួក​គេ​បាន​សួរ​នាង​តាម​ពាក្យ​ដែល​ស្ដេច​បង្គាប់។+ ២៣ នាង​ក៏​ឆ្លើយ​តប​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​ទៅ​ប្រាប់​អ្នក​ដែល​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​មក​ឯ​ខ្ញុំ​វិញ​ថា​៖ ២៤ ​«​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ខ្ញុំ​នឹង​នាំ​ឲ្យ​មាន​អន្តរាយ​នៅ​ទី​នេះ រួម​ទាំង​បណ្ដា​ជន​ក្នុង​ស្រុក​នេះ+ ស្រប​តាម​ពាក្យ*ទាំង​ប៉ុន្មាន​ក្នុង​សៀវភៅ+ដែល​គេ​បាន​អាន​ឲ្យ​ស្ដេច​ស្រុក​យូដា​ស្ដាប់។ ២៥ ព្រោះ​ពួក​គេ​បាន​លះ​ចោល​ខ្ញុំ+ ហើយ​បាន​ដុត​គ្រឿង​បូជា*ជូន​ព្រះ​ឯ​ទៀត។ ការ​ប្រព្រឹត្ត​របស់​ពួក​គេ​បាន​បណ្ដាល​ឲ្យ​ខ្ញុំ​ខឹង​ជា​ខ្លាំង។+ ដូច្នេះ ខ្ញុំ​នឹង​បំផ្លាញ​ក្រុង​នេះ​ឲ្យ​សាប​សូន្យ ប្រៀប​ដូច​ជា​ភ្លើង​កំពុង​ឆាប​ឆេះ​ដែល​ពន្លត់​មិន​បាន​ឡើយ›​»។+ ២៦ ចំណែក​ឯ​ស្ដេច​ស្រុក​យូដា​ដែល​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​មក​សួរ​ព្រះ​យេហូវ៉ា សូម​ទៅ​ប្រាប់​គាត់​វិញ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មាន​ប្រសាសន៍​ថា​៖ ‹អ្នក​បាន​ឮ​ពាក្យ​ក្នុង​សៀវភៅ​នោះ​ហើយ។+ ២៧ អ្នក​បាន​បន្ទន់​ចិត្ត​និង​មាន​ចិត្ត​រាប​ទាប​នៅ​ចំពោះ​ព្រះ កាល​ដែល​អ្នក​បាន​ឮ​ពាក្យ​ដែល​ខ្ញុំ​ទាស់​នឹង​ក្រុង​នេះ ព្រម​ទាំង​ទាស់​នឹង​បណ្ដា​ជន​ក្នុង​ក្រុង​នេះ។ ម្យ៉ាង​ទៀត អ្នក​បាន​បន្ទាប​ខ្លួន ហើយ​ហែក​អាវ ថែម​ទាំង​យំ​នៅ​ចំពោះ​ខ្ញុំ។ ខ្ញុំ​ក៏​បានឮ​អ្នក​ដែរ។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ២៨ ហេតុ​នេះ អ្នក​នឹង​មិន​ឃើញ​អន្តរាយ​ដែល​ខ្ញុំ​នឹង​នាំ​មក​លើ​ក្រុង​នេះ​ឡើយ។ អ្នក​នឹង​ស្លាប់​ដោយ​សុខ​សាន្ត ហើយ​នឹង​ត្រូវ​បញ្ចុះ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​អ្នក›​»​›​»។+

ក្រោយ​ពី​ស្ដាប់​រួច ពួក​គេ​ក៏​នាំ​ពាក្យ​ទាំង​នោះ​ទៅ​ជម្រាប​ស្ដេច​វិញ។ ២៩ ពេល​ដែល​ស្ដេច​បាន​ឮ​ពាក្យ​ទាំង​នោះ ស្ដេច​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​បុរស​ចាស់​ទុំ​ទាំង​អស់​នៅ​ក្រុង​យេរូសាឡិម និង​ពី​ស្រុក​យូដា​ទាំង​មូល ឲ្យ​មក​ជួប​គាត់។+ ៣០ បន្ទាប់​មក ស្ដេច​បាន​ឡើង​ទៅ​ឯ​វិហារ​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​ពួក​អ្នក​ស្រុក​យូដា រួម​ទាំង​អ្នក​ដែល​រស់​នៅ​ក្រុង​យេរូសាឡិម និង​បណ្ដា​សង្ឃ ព្រម​ទាំង​ពួក​លេវី ពោល​គឺ​គ្រប់​គ្នា​ទាំង​អស់ ចាប់​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ។ រួច​មក ស្ដេច​បាន​អាន​សៀវភៅ​នៃ​កិច្ចព្រម​ព្រៀង ដែល​គេ​បាន​រក​ឃើញ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា ឲ្យ​ពួក​គេ​ស្ដាប់។+ ៣១ ស្ដេច​បាន​ឈរ​នៅ​កន្លែង​គាត់ ហើយ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង*+ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ថា​គាត់​នឹង​ដើរ​តាម​ព្រះ​យេហូវ៉ា ហើយ​កាន់​តាម​ច្បាប់ បញ្ញត្តិ និង​សេចក្ដី​រំលឹក​ទាំង​ប៉ុន្មាន​របស់​លោក​យ៉ាង​អស់​ពី​កម្លាំង​កាយ​ចិត្ត+ ដោយ​ខំ​ព្យាយាម​ធ្វើ​តាម​ពាក្យ​ក្នុង​កិច្ច​ព្រម​ព្រៀង​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នោះ។+ ៣២ បន្ថែម​ទៅ​ទៀត គាត់​បាន​ណែនាំ​ឲ្យ​បណ្ដា​ជន​ទាំង​អស់​នៅ​ក្រុង​យេរូសាឡិម​និង​នៅ​ទឹក​ដី​បេនយ៉ាមីន​ឲ្យ​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង​នោះ​ដែរ។ អ្នក​ក្រុង​យេរូសាឡិម​បាន​ប្រព្រឹត្ត​ស្រប​តាម​កិច្ច​ព្រម​ព្រៀង​ដែល​ពួក​គេ​បាន​ធ្វើ​ជា​មួយ​នឹង​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ។+ ៣៣ បន្ទាប់​មក យ៉ូសៀស​បាន​បំបាត់​ចោល​រូប​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម ចេញ​អស់​ពី​ស្រុក​អ៊ីស្រាអែល។+ គាត់​បាន​បំផុស​ទឹក​ចិត្ត​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​គេ។ ក្នុង​អំឡុង​ពេល​ដែល​គាត់​នៅ​រស់ បណ្ដា​ជន​មិន​បាន​បែរ​ចេញ​ពី​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ​ទេ។

៣៥ យ៉ូសៀស​បាន​ធ្វើ​ពិធី​បុណ្យ​រំលង+ជូន​ព្រះ​យេហូវ៉ា​នៅ​ក្រុង​យេរូសាឡិម។ នៅ​ថ្ងៃ​ទី​១៤ ខែ​ទី​១+ គេ​បាន​សម្លាប់​សត្វ​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​ពិធី​បុណ្យ​រំលង​នោះ។+ ២ គាត់​បាន​ចាត់​ចែង​ឲ្យ​ពួក​សង្ឃ​បំពេញ​ភារកិច្ច​រៀង​ៗ​ខ្លួន ហើយ​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​បំពេញ​កិច្ច​បម្រើ​នៅ​វិហារ​ព្រះ​យេហូវ៉ា។+ ៣ ចំណែក​ពួក​លេវី​ដែល​ជា​អ្នក​បង្ហាត់​បង្រៀន​បណ្ដា​ជន​អ៊ីស្រាអែល+ និង​ជា​អ្នក​បរិសុទ្ធ​ចំពោះ​ព្រះ​យេហូវ៉ា យ៉ូសៀស​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​ចូរ​ដាក់​ហឹប​បរិសុទ្ធ​ក្នុង​វិហារ​ដែល​សាឡូម៉ូន​ជា​កូន​ដាវីឌ​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​សង់​ចុះ។+ អ្នក​រាល់​គ្នា​មិន​ចាំ​បាច់​សែង​ហឹប​នេះ​ទៀត​ឡើយ។+ ចាប់​ពី​ពេល​នេះ​ត​ទៅ អ្នក​រាល់​គ្នា​ត្រូវ​បម្រើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា និង​បម្រើ​បណ្ដា​ជន​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​លោក។ ៤ ចូរ​អ្នក​រាល់​គ្នា​ត្រៀម​ខ្លួន តាម​ក្រុម​តាម​វង្ស​ត្រកូល​នីមួយ​ៗ ស្រប​តាម​ការ​ណែនាំ​ដែល​បាន​ត្រូវ​កត់​ទុក​ដោយ​ដាវីឌ+ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល និង​ដោយ​សាឡូម៉ូន​ជា​កូន​របស់​គាត់។+ ៥ ចូរ​ឈរ​នៅ​កន្លែង​បរិសុទ្ធ​តាម​វង្ស​ត្រកូល ដើម្បី​បម្រើ​បណ្ដា​ជន​តាម​វង្ស​ត្រកូល​គ្រួសារ ស្រប​តាម​ភារកិច្ច​ដែល​ខ្លួន​បាន​ទទួល។ ៦ ចូរ​សម្លាប់​សត្វ​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​ពិធី​បុណ្យ​រំលង​ចុះ។+ ចូរ​ញែក​ខ្លួន​អ្នក​រាល់​គ្នា​ជា​បរិសុទ្ធ ហើយ​ធ្វើ​ការ​រៀបចំ​ឲ្យ​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ចុះ ដើម្បី​បំពេញ​តាម​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​ម៉ូសេ​»។

៧ យ៉ូសៀស​បាន​ឲ្យ​កូន​ចៀម​ឈ្មោល និង​កូន​ពពែ​ឈ្មោល ចំនួន​៣០.០០០​ក្បាល និង​គោ​ចំនួន​៣.០០០​ក្បាល​ពី​ហ្វូង​សត្វ​របស់​គាត់​ផ្ទាល់ ដើម្បី​ជូន​ជា​គ្រឿង​បូជា​ក្នុង​ពិធី​បុណ្យ​រំលង​សម្រាប់​បណ្ដា​ជន​ទាំង​អស់​ដែល​បាន​មក​ចូល​រួម។+ ៨ ឯ​ពួក​អភិបាល​វិញ ពួក​គេ​ក៏​បាន​ឲ្យ​វិភាគទាន​ជា​គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត សម្រាប់​បណ្ដា​ជន សម្រាប់​ពួក​សង្ឃ​និង​ពួក​លេវី​ដែរ។ ចំណែក​ហ៊ីលគីយ៉ា+ សាការី និង​យេហែល ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​វិហារ​របស់​ព្រះ​ពិត ពួក​គេ​ក៏​បាន​ឲ្យ​ចៀម​និង​ពពែ​ចំនួន​២.៦០០​ក្បាល ព្រម​ទាំង​គោ​ចំនួន​៣០០​ក្បាល ដល់​ពួក​សង្ឃ​សម្រាប់​ជា​គ្រឿង​បូជា​នៃ​ពិធី​បុណ្យ​រំលង។ ៩ ឯ​កូណានា សិមម៉ាយ៉ា​និង​នេថានេល​ជា​បង​ប្អូន​របស់​គាត់ រួម​ទាំង​ហាសាបៀ យេអែល​និង​យ៉ូសាបាត​ដែល​ជា​មេ​លើ​ពួក​លេវី ពួក​គេ​ទាំង​នោះ​បាន​ឲ្យ​ពួក​លេវី​នូវ​ចៀម​និង​ពពែ​ចំនួន​៥.០០០​ក្បាល និង​គោ​ចំនួន​៥០០​ក្បាល ជា​គ្រឿង​បូជា​សម្រាប់​ពិធី​បុណ្យ​រំលង។

១០ ដូច្នេះ ពិធី​បុណ្យ​នោះ​បាន​ត្រូវ​រៀបចំ​ជា​ស្រេច ហើយ​ពួក​សង្ឃ​បាន​បំពេញ​ភារកិច្ច​តាម​កន្លែង​របស់​ពួក​គេ​រៀង​ខ្លួន។+ ឯ​ពួក​លេវី​ក៏​បាន​បំពេញ​ភារកិច្ច​តាម​ក្រុម​របស់​ពួក​គេ​ដែរ ដូច​ដែល​ស្ដេច​បាន​បង្គាប់។ ១១ ពួក​លេវី​បាន​សម្លាប់​សត្វ​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​ពិធី​បុណ្យ​រំលង+ រួច​យក​ឈាម​សត្វ​ទៅ​ប្រគល់​ឲ្យ​ពួក​សង្ឃ។ បន្ទាប់​មក ពួក​សង្ឃ​បាន​យក​ឈាម​នោះ​ទៅ​ប្រោះ​នៅ​លើ​ទី​បូជា+ ហើយ​ពួក​លេវី​ឯ​ទៀត​ក៏​ពន្លាត់​ស្បែក​សត្វ​នៅ​ពេល​នោះ​ដែរ។+ ១២ បន្ទាប់​ពី​នោះ ពួក​លេវី​បាន​រៀបចំ​គ្រឿង​បូជា​ដុត ដើម្បី​បែង​ចែក​ដល់​បណ្ដា​ជន​តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ។ យ៉ាង​នេះ បណ្ដា​ជន​អាច​ជូន​ទៅ​ព្រះ​យេហូវ៉ា ដូច​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ម៉ូសេ។ ពួក​គេ​ក៏​ធ្វើ​ដូច្នោះ​ដែរ​ចំពោះ​សត្វ​គោ​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា។ ១៣ ពួក​គេ​ចម្អិន*សាច់​សត្វ​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​ពិធី​បុណ្យ​រំលង​នៅ​លើ​ភ្លើង ស្រប​តាម​ទំនៀម​ទម្លាប់+ ហើយ​ក៏​បាន​ចម្អិន​គ្រឿង​បូជា​បរិសុទ្ធ​នៅ​ក្នុង​ឆ្នាំង ក្នុង​ថ្លាង​ដែក និង​ខ្ទះ។ ក្រោយ​មក ពួក​គេ​ប្រញាប់​យក​សាច់​នោះ​ទៅ​ឲ្យ​បណ្ដា​ជន។ ១៤ រួច​មក ពួក​គេ​បាន​រៀបចំ​អាហារ​សម្រាប់​ខ្លួន និង​សម្រាប់​ពួក​សង្ឃ ដោយ​សារ​ពួក​សង្ឃ​ដែល​ជា​កូន​ចៅ​អេរ៉ុន កំពុង​ជាប់​រវល់​ជូន​គ្រឿង​បូជា​ដុត​និង​ខ្លាញ់​នៃ​គ្រឿង​បូជា រហូត​ដល់​យប់។

១៥ ឯ​ពួក​អ្នក​ចម្រៀង​ជា​កូន​ចៅ​អេសាភ+ ពួក​គេ​បំពេញ​ភារកិច្ច​នៅ​តាម​កន្លែង​រៀង​ៗ​ខ្លួន​ស្រប​តាម​ការ​ណែនាំ​របស់​ដាវីឌ+ តាម​ការ​ណែនាំ​ពី​អេសាភ+ ហេម៉ាន និង​យេឌូថិន+ជា​អ្នក​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ​ដើម្បី​ណែនាំ​ស្ដេច។ ចំណែក​អ្នក​យាម​ទ្វារ ពួក​គេ​យាម​នៅ​ទ្វារ​ផ្សេង​ៗ។+ ពួក​គេ​មិន​ចាំ​បាច់​ចាក​ចេញ​ពី​កន្លែង​ធ្វើ​ការ​របស់​ខ្លួន​ទេ ព្រោះ​ពួក​លេវី​ជា​បង​ប្អូន​របស់​ពួក​គេ​បាន​រៀបចំ​អាហារ​ឲ្យ​ហើយ។ ១៦ ដូច្នេះ នៅ​ថ្ងៃ​នោះ ពួក​គេ​បាន​បង្ហើយ​ការ​រៀបចំ​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ាបាន​តម្រូវ​សម្រាប់​ធ្វើ​ពិធី​បុណ្យ​រំលង+ និង​ដើម្បី​ជូន​គ្រឿង​បូជា​ដុត​នៅ​លើ​ទី​បូជា​របស់​ព្រះ​យេហូវ៉ា ស្រប​តាម​បង្គាប់​របស់​ស្ដេច​យ៉ូសៀស។+

១៧ ឯ​បណ្ដា​ជន​អ៊ីស្រាអែល​ដែល​មាន​វត្តមាន​នៅ​ទី​នោះ ពួក​គេ​បាន​ធ្វើ​បុណ្យ​រំលង ហើយ​ធ្វើ​បុណ្យ​នំ​ប៉័ង​ឥត​ដំបែ​អស់​៧​ថ្ងៃ។+ ១៨ តាំង​ពី​គ្រា​សាំយូអែល​ជា​អ្នក​ប្រកាស​ទំនាយ​មក មិន​ដែល​មាន​បុណ្យ​រំលង​ណា​ដូច​បុណ្យ​រំលង​នេះ​ទេ ហើយ​តាំង​ពី​គ្រា​ស្ដេច​ស្រុក​អ៊ីស្រាអែល​មក ក៏​មិន​ដែល​មាន​ស្ដេច​ណា​ដែល​បាន​ធ្វើ​ពិធី​បុណ្យ​រំលង​ដូច​ស្ដេច​យ៉ូសៀស+បាន​ធ្វើ​ដែរ។ ក្នុង​ពិធី​បុណ្យ​នេះ​បណ្ដា​សង្ឃ ពួក​លេវី បណ្ដា​ជន​អ៊ីស្រាអែល បណ្ដា​ជន​យូដា និង​អ្នក​ក្រុង​យេរូសាឡិម​ទាំង​អស់ បាន​សហការ​គ្នា​ប្រារព្ធ​ពិធី​នេះ​ឡើង​យ៉ាង​អធិកអធម។ ១៩ ពិធី​បុណ្យ​រំលង​នេះ​បាន​ត្រូវ​ធ្វើ​ឡើង​នៅ​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​យ៉ូសៀស។

២០ ក្រោយ​ពី​យ៉ូសៀស​បាន​ធ្វើ​ពិធី​បុណ្យ​នេះ​និង​បាន​រៀបចំ​វិហារ​ព្រះ​រួច មាន​ថ្ងៃ​មួយ នេកូ+ជា​ស្ដេច​ស្រុក​អេហ្ស៊ីប​បាន​មក​ច្បាំង​នៅ​ឯ​កាកេមីស ដែល​នៅ​ក្បែរ​ទន្លេ​អឺប្រាត។ ពេល​នោះ យ៉ូសៀស​បាន​ឡើង​ទៅ​ច្បាំង​នឹង​នេកូ។+ ២១ ដូច្នេះ នេកូ​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​យ៉ូសៀស​ថា​៖ ​«​ឱ​ស្ដេច​ស្រុក​យូដា​អើយ! តើ​អ្នក​និង​ខ្ញុំ​មាន​រឿង​អ្វី​នឹង​គ្នា? ថ្ងៃ​នេះ ខ្ញុំ​មិន​មែន​មក​ច្បាំង​នឹង​អ្នក​ទេ តែ​ទៅ​ច្បាំង​នឹង​រាជាណាចក្រ​ផ្សេង​ទៀត​ទេ​តើ ហើយ​ព្រះ​បាន​បង្គាប់​ឲ្យ​ខ្ញុំ​ទៅ​ជា​ប្រញាប់។ បើ​ចង់​សុខ​ខ្លួន កុំ​មក​ប្រឆាំង​នឹង​ព្រះ​ដែល​កំពុង​គាំទ្រ​ខ្ញុំ​ឡើយ ពុំ​នោះ​ទេ​លោក​នឹង​ធ្វើ​ឲ្យ​អ្នក​វិនាស​ជា​មិន​ខាន​»។ ២២ ប៉ុន្តែ យ៉ូសៀស​មិន​បាន​ស្ដាប់​សម្ដី​របស់​នេកូ ដែល​ជា​ប្រសាសន៍​របស់​ព្រះ​នោះ​ទេ ហើយ​ក៏​មិន​បាន​ដក​ថយ​ពី​នេកូ​ដែរ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​បន្លំ​ខ្លួន+ចូល​ទៅ​ច្បាំង​នឹង​នេកូ​នៅ​វាល*មេគីដោ។+

២៣ ក្នុង​ចម្បាំង​នោះ ពល​ធ្នូ​បាន​បាញ់​ត្រូវ​ស្ដេច​យ៉ូសៀស។ រួច​យ៉ូសៀស​ក៏​ប្រាប់​ពួក​អ្នក​បម្រើ​គាត់​ថា​៖ ​«​ចូរ​នាំ​ខ្ញុំ​ចេញ​ពី​ទី​នេះ​ជា​ប្រញាប់ ព្រោះ​ខ្ញុំ​ត្រូវ​របួស​ធ្ងន់​ណាស់​»។ ២៤ ដូច្នេះ ពួក​អ្នក​បម្រើ​របស់​គាត់​បាន​យក​គាត់​ចេញ​ពី​រទេះ​ចម្បាំង​ដែល​គាត់​កំពុង​ជិះ ហើយ​ដាក់​គាត់​នៅ​រទេះ​ចម្បាំង​មួយ​ទៀត* រួច​នាំ​គាត់​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ។ យ៉ូសៀស​ក៏​បាន​ស្លាប់​ទៅ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្នុង​ផ្នូរ​ជា​មួយ​នឹង​បុព្វ​បុរស​គាត់។+ បណ្ដា​ជន​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​បាន​យំ​ស្រណោះ​គាត់។ ២៥ យេរេមា+បាន​ស្មូត​បទ​ទំនួញ​រំលឹក​អំពី​យ៉ូសៀស ហើយ​អ្នក​ចម្រៀង​ទាំង​អស់​ទាំង​ប្រុស​ទាំង​ស្រី+ បាន​ច្រៀង​បទ​ទំនួញ​រំលឹក​អំពី​គាត់​រហូត​ដល់​សព្វ​ថ្ងៃ។ ពួក​គេ​បាន​សម្រេច​ច្រៀង​បទ​ទំនួញ​នោះ​នៅ​ស្រុក​អ៊ីស្រាអែល ហើយ​គេ​ក៏​បាន​កត់​ទុក​បទ​ទំនួញ​នោះ​ជា​មួយ​នឹង​បទ​ទំនួញ​ឯ​ទៀត​ដែរ។

២៦ ឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​យ៉ូសៀស​បាន​ធ្វើ និង​ទង្វើ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ ក្នុង​ការ​កាន់​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា ២៧ ព្រម​ទាំង​ការ​ប្រព្រឹត្ត​ទាំង​អស់​របស់​គាត់​តាំង​ពី​ដើម​ដល់​ចប់ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នៃ​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល និង​បណ្ដា​ស្ដេច​ស្រុក​យូដា។+

៣៦ រួច​មក បណ្ដា​ជន​បាន​លើក​យេហូអាហាស+ជា​កូន​យ៉ូសៀស ឲ្យ​ឡើង​ធ្វើ​ជា​ស្ដេច​បន្ទាប់​ពី​ឪពុក​គាត់។+ ២ ពេល​យេហូអាហាស​បាន​ទៅ​ជា​ស្ដេច គាត់​មាន​អាយុ​២៣​ឆ្នាំ។ គាត់​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​បាន​បី​ខែ។ ៣ ក្រោយ​មក ស្ដេច​ស្រុក​អេហ្ស៊ីប​បាន​ទម្លាក់​គាត់​ពី​តំណែង​ជា​ស្ដេច​នៅ​ក្រុង​យេរូសាឡិម ហើយ​បាន​តម្រូវ​ឲ្យ​បណ្ដា​ជន​ស្រុក​យូដា​បង់​សួយ​អាករ​ជា​ប្រាក់​ចំនួន​១០០​ថាលិន* និង​មាស​ចំនួន​១​ថាលិន។+ ៤ រួច​មក នេកូ​ជា​ស្ដេច​ស្រុក​អេហ្ស៊ីប​បាន​តែង​តាំង​អេលាគីម​ជា​ប្អូន​ប្រុស​របស់​យេហូអាហាស ឲ្យ​ឡើង​ធ្វើ​ជា​ស្ដេច​លើ​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា​ជំនួស​វិញ ហើយ​គាត់​បាន​ប្ដូរ​ឈ្មោះ​អេលាគីម​ទៅ​ជា​យេហូយ៉ាគីម។ ចំណែក​ឯ​យេហូអាហាស​វិញ នេកូ+បាន​នាំ​យក​ទៅ​ស្រុក​អេហ្ស៊ីប។+

៥ ពេល​យេហូយ៉ាគីម+បាន​ទៅ​ជា​ស្ដេច គាត់​មាន​អាយុ​២៥​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​១១​ឆ្នាំ។ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។+ ៦ នៅ​គ្រា​មួយ នេប៊ូក្នេសា+ជា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​លើក​ទ័ព​មក​ច្បាំង​នឹង​គាត់ ហើយ​ចាប់​គាត់​ដាក់​ខ្នោះ​ស្ពាន់ រួច​នាំ​គាត់​ទៅ​ស្រុក​បាប៊ីឡូន។+ ៧ នេប៊ូក្នេសា​ក៏​បាន​ប្រមូល​យក​ប្រដាប់​ប្រដា​ខ្លះ​ពី​វិហារ​ព្រះ​យេហូវ៉ា​ទៅ​ស្រុក​បាប៊ីឡូន ហើយ​យក​ប្រដាប់​ប្រដា​ទាំង​នោះ​ទៅ​ដាក់​ក្នុង​វិមាន​របស់​គាត់។+ ៨ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​យេហូយ៉ាគីម​បាន​ធ្វើ និង​ការ​ប្រព្រឹត្ត​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​របស់​គាត់ ព្រម​ទាំង​ទោស​កំហុស​ទាំង​ប៉ុន្មាន​របស់​គាត់ គឺ​សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នៃ​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល​និង​បណ្ដា​ស្ដេច​ស្រុក​យូដា។ ក្រោយ​មក យេហូយ៉ាគីន​ជា​កូន​របស់​គាត់ ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។+

៩ ពេល​យេហូយ៉ាគីន+បាន​ទៅ​ជា​ស្ដេច គាត់​មាន​អាយុ​១៨​ឆ្នាំ។ គាត់​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​បាន​៣​ខែ​១០​ថ្ងៃ។ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។+ ១០ នៅ​ដើម​ឆ្នាំ* ស្ដេច​នេប៊ូក្នេសា​បាន​ចាត់​ទ័ព​របស់​គាត់ ឲ្យ​ទៅ​ចាប់​យេហូយ៉ាគីន​យក​ទៅ​ស្រុក​បាប៊ីឡូន+ ថែម​ទាំង​ឲ្យ​ប្រមូល​យក​របស់​របរ​មាន​តម្លៃ​ពី​វិហារ​ព្រះ​យេហូវ៉ា​ទៅ​ជា​មួយ​ផង​ដែរ។+ បន្ទាប់​មក នេប៊ូក្នេសា​បាន​តែង​តាំង​សេដេគា​ជា​ឪពុកមា​របស់​យេហូយ៉ាគីន ឲ្យ​ឡើង​ធ្វើ​ជា​ស្ដេច​លើ​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា។+

១១ ពេល​សេដេគា+បាន​ទៅ​ជា​ស្ដេច គាត់​មាន​អាយុ​២១​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​១១​ឆ្នាំ។+ ១២ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។ គាត់​មិន​បាន​បន្ទាប​ខ្លួន​ទេ កាល​ដែល​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ​ទៅ​ព្រមាន​គាត់+ ស្រប​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា។ ១៣ បន្ថែម​ទៅ​ទៀត គាត់​បាន​បះ​បោរ​ប្រឆាំង​នឹង​ស្ដេច​នេប៊ូក្នេសា+ ជា​អ្នក​ដែល​បាន​ឲ្យ​គាត់​ស្បថ​ក្នុង​នាម​ព្រះ។ សេដេគា​នៅ​តែ​មាន​ចិត្ត​រឹង​រូស ហើយ​មិន​ព្រម​បែរ​មក​រក​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ទេ។ ១៤ រីឯ​បណ្ដា​សង្ឃនាយក​និង​បណ្ដា​ជន​ទាំង​អស់ ពួក​គេ​កាន់​តែ​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ថែម​ទៀត។ ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​តាម​ប្រជា​ជាតិ​នា​នា ថែម​ទាំង​បន្ទាប​បន្ថោក​វិហារ​ព្រះ​យេហូវ៉ា+ក្នុង​ក្រុង​យេរូសាឡិម​ទៀត​ផង គឺ​ជា​វិហារ​ដែល​លោក​បាន​ញែក​ជា​បរិសុទ្ធ។

១៥ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ តែង​តែ​ព្រមាន​ពួក​គេ​ម្ដង​ហើយ​ម្ដង​ទៀត តាម​រយៈ​ពួក​អ្នក​នាំ​សារ​របស់​លោក ពី​ព្រោះ​លោក​អាណិត​មេត្តា​ដល់​រាស្ត្រ​លោក ហើយ​គិត​ដល់​វិហារ​របស់​លោក។* ១៦ ក៏​ប៉ុន្តែ ពួក​គេ​តែង​តែ​សើច​ចំអក​ឲ្យ​ពួក​អ្នក​នាំ​សារ​របស់​ព្រះ​ពិត+ ហើយ​មិន​ព្រម​ស្ដាប់​ប្រសាសន៍​របស់​លោក​ទេ។+ ពួក​គេ​ថែម​ទាំង​ប្រមាថ​មើល​ងាយ​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា+ជា​ច្រើន​លើក​ច្រើន​សា រហូត​ដល់​លោក​ខឹង​នឹង​ពួក​គេ​ជា​ខ្លាំង។+ លោក​កែ​តម្រង់​ពួក​គេ​លែង​បាន​ហើយ។

១៧ ហេតុ​នេះ ព្រះ​បាន​បណ្ដាល​ឲ្យ​ស្ដេច​នៃ​ពួក​ខាល់ដេ​លើក​ទ័ព​មក​ច្បាំង​នឹង​ពួក​គេ។+ ស្ដេច​នោះ​បាន​សម្លាប់​ពួក​យុវជន+ក្នុង​វិហារ+ដោយ​គ្មាន​មេត្តា ហើយ​ក៏​បាន​ប្រហារ​ពួក​ស្រី​ក្រមុំ មនុស្ស​ចាស់​ជរា និង​ពួក​អ្នក​ទន់​ខ្សោយ ដោយ​ឥត​ត្រា​ប្រណី​ដែរ។+ ព្រះ​បាន​ប្រគល់​ពួក​គេ​និង​អ្វី​ៗ​ទាំង​អស់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​នោះ។+ ១៨ ស្ដេច​នៃ​ពួក​ខាល់ដេ​ក៏​បាន​ប្រមូល​យក​ប្រដាប់​ប្រដា​ទាំង​អស់ ទាំង​តូច​ទាំង​ធំ​ពី​វិហារ​របស់​ព្រះ​ពិត។ បន្ថែម​ទៅ​ទៀត គាត់​បាន​ប្រមូល​យក​ទ្រព្យ​សម្បត្តិ​ពី​វិហារ​ព្រះ​យេហូវ៉ា ពី​វិមាន​ស្ដេច​និង​ផ្ទះ​របស់​ពួក​អភិបាល យក​ទៅ​ស្រុក​បាប៊ីឡូន។+ ១៩ គាត់​ក៏​បាន​ដុត​បំផ្លាញ​វិហារ​របស់​ព្រះ​ពិត+ និង​ប៉ម​រឹង​មាំ​ទាំង​អស់ ហើយ​រំលំ​កំពែង​ក្រុង​យេរូសាឡិម+ ព្រម​ទាំង​បំផ្លាញ​របស់​របរ​ដែល​មាន​តម្លៃ​ផង​ដែរ។+ ២០ បន្ទាប់​មក គាត់​បាន​ចាប់​ពួក​អ្នក​ដែល​នៅ​រស់ យក​ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​គាត់​និង​កូន​ចៅ​គាត់​នៅ​ស្រុក​បាប៊ីឡូន។+ ពួក​អ្នក​ទាំង​នោះ​បន្ត​ធ្វើ​ជា​ខ្ញុំ​បម្រើ​ពួក​គេ+ រហូត​ដល់​រាជាណាចក្រ​ពើស៊ី​ចាប់​ផ្ដើម​គ្រប់​គ្រង។+ ២១ នេះ​បាន​កើត​ឡើង​ស្រប​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​យេរេមា។+ ទឹក​ដី​បាន​ត្រូវ​ទុក​ចោល​រហូត​ដល់​គម្រប់​ពេល​ដែល​ទឹក​ដី​នោះ​មិន​បាន​សម្រាក+ គឺ​បាន​ត្រូវ​ទុក​ចោល​អស់​រយៈ​ពេល​៧០​ឆ្នាំ​គត់ ជា​រយៈ​ពេល​ដែល​ពួក​គេ​មិន​បាន​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​ដោយ​ទុក​ឲ្យ​ដី​សម្រាក​ទេ។+

២២ នៅ​ឆ្នាំ​ទី​១​ក្នុង​រាជ្យ​ស៊ីរូស+ជា​ស្ដេច​ស្រុក​ពើស៊ី ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​ចិត្ត​គាត់​ចេញ​សេចក្ដី​ប្រកាស​មួយ​នៅ​ទូ​ទាំង​រាជាណាចក្រ​របស់​គាត់។+ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ប្រសាសន៍​របស់​លោក​តាម​រយៈ​យេរេមា+បាន​ក្លាយ​ជា​ការ​ពិត។ សេចក្ដី​ប្រកាស​នោះ​មាន​ដូច​ត​ទៅ​៖ ២៣ ​«​ស្ដេច​ស៊ីរូស​ជា​ស្ដេច​ស្រុក​ពើស៊ី​បាន​មាន​ប្រសាសន៍​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន​សួគ៌​បាន​ប្រគល់​រាជាណាចក្រ​ទាំង​អស់​នៅ​ផែនដី+ មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ ហើយ​លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​សង់​វិហារ​មួយ​ជូន​លោក នៅ​ក្រុង​យេរូសាឡិម​ក្នុង​ស្រុក​យូដា។+ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​ជា​រាស្ត្រ​របស់​លោក ចូរ​ទៅ​ក្រុង​យេរូសាឡិម​វិញ។ សូម​ឲ្យ​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​ពួក​គេ›​»។+

សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ហ៊្សេរុយសាឡិម

ឬ​«​សុំ​ការ​ណែនាំ​ពី​លោក​នៅ​ទី​នោះ​»​

ឬ​«​ទាហាន​សេះ​»​

ឬ​«​ទាហាន​សេះ​»​

ដើម​ឈើ​ប្រណីត​ម្យ៉ាង

ឬ​«​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​»​

ឈើ​ទាំង​នេះ​សុទ្ធ​តែ​ជា​ឈើ​ប្រណីត

ន័យ​ត្រង់​«​គ័រ​»។ មួយ​គ័រ​ស្មើ​នឹង​២២០​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ស្រូវ​ម្យ៉ាង​ដែល​ថោក​ជាង​ស្រូវ​សាលី

ន័យ​ត្រង់​«​គ័រ​»។ មួយ​គ័រ​ស្មើ​នឹង​២២០​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ន័យ​ត្រង់​«​បាត​»។ មួយ​បាត​ស្មើ​នឹង​២២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

តាម​ធម្មតា​មួយ​ហត្ថ​ស្មើ​នឹង​៤៤,៥​សង់ទីម៉ែត្រ។ ប៉ុន្តែ អ្នក​ខ្លះ​គិត​ថា​«​ខ្នាត​ប្រវែង​នៅ​សម័យ​មុន​»​ សំដៅ​លើ​មួយ​ហត្ថ​វែង ដែល​ស្មើ​នឹង​៥១,៨​សង់ទីម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

រមូរ​ឯកសារ​បុរាណ​ខ្លះ​ដាក់​ថា​«១២០» រីឯ​រមូរ​ផ្សេង​ទៀត​និង​ការ​បក​ប្រែ​មួយ​ចំនួន​ដាក់​ថា​«២០​ហត្ថ»

មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

មួយ​ហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឬ​«​ទិស​ខាង​ត្បូង​»​

មាន​ន័យ​ថា​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​តាំង​ឡើង​យ៉ាង​មាំ​»​

ឬ​«​ទិស​ខាង​ជើង​»​

ប្រហែល​ជា​មាន​ន័យ​ថា​«​ដោយ​កម្លាំង​ខ្លាំង​ក្លា​»​

ប្រហែល​ជា​៧,៤​សង់ទីម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

មួយ​បាត​ស្មើ​នឹង​២២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

មួយ​ហត្ថ​ស្មើ​នឹង​៤៤,៥​សង់ទីម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឬ​«​ស្ថាន​សួគ៌​»​

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ឬ​«​ដាវីឌ​ច្រៀង​សរសើរ​ព្រះ​ជា​មួយ​នឹង​ពួក​គេ​»។ នេះ​ប្រហែល​ជា​សំដៅ​លើ​ពួក​លេវី

នេះ​សំដៅ​លើ​បុណ្យ​ខ្ទម

បន្ទាប់​ពី​ពិធី​ទាំង​ពីរ ឬ​ថ្ងៃ​ទី​១៥

ឬ​«​សង់​ឡើង​វិញ​»​

មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឬ​«​ប្រេង​បាលសាម​»​

មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ដើម​ឈើ​ប្រណីត​ម្យ៉ាង

មួយ​ហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ធម្មតា​ពល​ធ្នូ​កាន់​ខែល​តូច

ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ មួយ​មិណា​ស្មើ​នឹង​៥៧០​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឬ​«​ប្រេង​បាលសាម​»​

ឬ​«​ទាហាន​សេះ​»​

ដើម​ឈើ​ប្រណីត​ម្យ៉ាង

ន័យ​ត្រង់​«​កិច្ច​ព្រម​ព្រៀង​អំបិល​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ថ្ម​ពិសិដ្ឋ​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

ធម្មតា​ពល​ធ្នូ​កាន់​ខែល​តូច

ន័យ​ត្រង់​«​មាន​គ្នា​ច្រើន​»​

ន័យ​ត្រង់​«​ប្រជា​ជាតិ​»​

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

ឬ​«​ពង្រឹង​ឲ្យ​មាំ ឬ​សង់​ឡើង​វិញ​»​

ឬ​«​ពង្រឹង​ឲ្យ​មាំ ឬ​សង់​ឡើង​វិញ​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

ឬ​«​អាហាប់​បាន​ជូន​ចៀម​និង​គោ​ជា​ច្រើន​ជា​គ្រឿង​បូជា​»​

ន័យ​ត្រង់​«​អ្នក​តូច​ឬ​អ្នក​ធំ​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ពួក​មេយូនីម​»​

តាម​មើល​ទៅ​នេះ​សំដៅ​លើ​«​សមុទ្រ​ស្លាប់​»​

​«​កូន​»​ក៏​រួម​បញ្ចូល​ទារក​ដែរ

ឬ​«​ស៊ូ​ទ្រាំ​»​

មាន​ន័យ​ថា​«​ពរ​»​

ន័យ​ត្រង់​«​ចង្កៀង​»​

ឬ​«​ប្រព្រឹត្ត​អំពើ​ប្រាក​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។ មើល​និយម​ន័យ​ពាក្យ​«​ស្រី​ពេស្យា​»​

ឬ​«​ប្រព្រឹត្ត​អំពើ​ប្រាក​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។ មើល​និយម​ន័យ​ពាក្យ​«​ស្រី​ពេស្យា​»​

គាត់​ក៏​មាន​ឈ្មោះ​ថា​អាហាស៊ីយ៉ា

ក្នុង​ឯកសារ​បុរាណ​ខ្លះ​ជា​ភាសា​ហេប្រឺ គាត់​បាន​ត្រូវ​ហៅ​ថា​«​អាសារៀ​»​

ឬ​ប្រហែល​ជាមាន​ន័យ​ថា​«​រហូត​ដល់​ពួក​គេ​ទាំង​អស់​បាន​បង់​ពន្ធ​គ្រប់​ៗ​គ្នា​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើពិសិដ្ឋ​»​

មួយថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឬ​«​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​»​

គាត់​ក៏​មាន​ឈ្មោះ​ថា​អាហាស៊ីយ៉ា

ប្រហែល​ជា​ប្រវែង​១៧៨​ម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ន័យ​ត្រង់​«​ខំ​ស្វែង​រក​»​

នេះ​ជា​ទី​បូជា​សម្រាប់​ដុត​គ្រឿង​ក្រអូប

នេះ​ជា​ទី​បូជា​សម្រាប់​ដុត​គ្រឿង​ក្រអូប

មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ន័យ​ត្រង់​«​គ័រ​»។ មួយ​គ័រ​ស្មើ​នឹង​២២០​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែកខ​១៤

ឬ​«​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​»​

មើល​និយម​ន័យ​ពាក្យ​«​កេហេណា​»​

ឬ​«​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​»​

ន័យ​ត្រង់​«​គ្រប់​កែង​ផ្លូវ​»​

ឬ​«​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​»​

សំដៅ​លើ​ទ្វារ​សាល​ដែល​នៅ​ខាង​មុខ​វិហារ

ឬ​«​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​»​

ក្នុង​គម្ពីរ​ពាក្យ​«​កូន​»​ឬ​«​បុត្រ​»​អាច​សំដៅ​លើ​អ្នក​ណា​ក៏​ដោយ​ដែល​កើត​ក្នុង​វង្ស​ត្រកូល

ន័យ​ត្រង់​«​បែរ​មុខ​ចេញ​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

ប្រហែល​ជា​មាន​ន័យ​ថា​«​បន្ទាយ​»​

ឬ​«​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​»​

ឬ​«​ប្រេង​បាលសាម​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

មើល​និយម​ន័យ​ពាក្យ​«​កេហេណា​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​គេ​ចាប់​ម៉ាណាសេ​ពី​ក្នុង​ក្រហែង​ថ្ម​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

ន័យ​ត្រង់​«​ឥត​បែរ​ទៅ​ខាង​ឆ្វេង​ឬ​ខាង​ស្ដាំ​ឡើយ​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

ឈ្មោះ​គ្រឿង​មួយ​មុខ​សម្រាប់​ទ្រ​ផ្លាន​ផ្ទះ

ន័យ​ត្រង់​«​បណ្ដាសា​»​

ឬ​«​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​»​

ឬ​«​ធ្វើ​កិច្ច​ព្រម​ព្រៀង​សា​ជា​ថ្មី​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​អាំង​»​

ឬ​«​ជ្រលង​ភ្នំ​»​

ឬ​«​រទេះ​ចម្បាំង​មួយ​ទៀត​របស់​ស្ដេច​»​

មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ប្រហែល​ជា​អំឡុង​ខែ​មេសា​និង​ឧសភា។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥

ន័យ​ត្រង់​«​ទី​អាស្រ័យ​នៅ​របស់​លោក​»​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក